មូលដ្ឋានគ្រឹះដែលអ្នកមូស្លីមត្រូវដឹង
សៀវភៅ «មូលដ្ឋានគ្រឹះដែលអ្នកមូស្លីមត្រូវដឹង» គឺជាស្នាដៃដ៏ឧត្តុង្គឧត្តមមួយដែលត្រូវបានចងក្រងឡើងដោយចំណេះដឹង និងការអធិប្បាយយ៉ាងក្បោះក្បាយ។ សៀវភៅនេះបានចងក្រងនូវមូលដ្ឋានគ្រឹះសំខាន់ៗដែលមូស្លីមគ្រប់រូបមិនអាចខ្វះបាន ចាប់តាំងពីមូលដ្ឋានគ្រឹះនៃជំនឿ (អាគីហ្ទះ), ច្បាប់វិន័យឥស្លាម(ស្ហារីអាត់) រហូតដល់ក្រមសីលធម៌ដ៏ល្អប្រពៃ។ តាមរយៈរចនាបថតែងនិពន្ធដ៏ជំនាញ ស្នាដៃនេះបានជួយបំភ្លឺបញ្ញាស្មារតី និងផ្ដល់ភាពស្ងប់សុខដល់ដួងចិត្ត ព្រមទាំងដុសខាត់ការយល់ដឹង និងកែតម្រង់នូវការប្រព្រឹត្តឲ្យបានត្រឹមត្រូវ។ ហេតុដូច្នេះហើយ ទើបសៀវភៅនេះត្រូវបានចាត់ទុកថាជា "កូនសោនៃសេចក្ដីសង្គ្រោះ"…
These files are generated automatically from the book's text; their layout may differ from the printed edition.
មូលដ្ឋានគ្រឹះដែលអ្នកមូស្លីមត្រូវដឹង
សេចក្តីផ្តើម
រាល់ការសរសើរទាំងឡាយ គឺសម្រាប់អល់ឡោះជាម្ចាស់នៃពិភពទាំងអស់។ សូមពរជ័យ និងសន្តិភាពកើតមានដល់អ្នកដែលត្រូវបានចាត់បញ្ជូនមកជាក្តីមេត្តាករុណាសម្រាប់ពិភពទាំងឡាយ ព្រមទាំងក្រុមគ្រួសាររបស់លោក បណ្តាសហការីរបស់លោក និងបណ្តាអ្នកដែលប្រតិបត្តិតាមមាគ៌ារបស់លោក ហើយដើរតាមការចង្អុលបង្ហាញរបស់លោក រហូតដល់ថ្ងៃជំនុំជម្រះ។ ជាបន្តមកទៀត៖
នេះគឺជាសារលិខិតដ៏សង្ខេបដែលផ្ទុកទៅដោយប្រការសំខាន់ៗបំផុតដែលជនមូស្លីមត្រូវការនៅក្នុងជំនឿ ការគោរពសក្ការៈ និងការប្រាស្រ័យទាក់ទងរបស់ខ្លួន។ យើងបានចងក្រងសារនេះសម្រាប់អ្នកទាំងឡាយដែលបានមកទស្សនកិច្ចវិហារដ៏ពិសិដ្ឋទាំងពីរ ដើម្បីឱ្យពួកគេមានចំណេះដឹង និងការយល់ដឹងច្បាស់លាស់ទាក់ទងនឹងកិច្ចការសាសនារបស់ខ្លួន។ យើងខ្ញុំសូមបួងសួងដល់ព្រះជាម្ចាស់ដ៏មហាឧត្តុង្គឧត្តម សូមឱ្យសារលិខិតនេះផ្ដល់នូវអត្ថប្រយោជន៍ និងសូមឲ្យកិច្ចការនេះក្លាយជាទង្វើកុសលដែលធ្វើឡើងប្រកបដោយសទ្ធាជ្រះថ្លាចំពោះទ្រង់តែមួយអង្គគត់។ ពិតប្រាកដណាស់ ទ្រង់គឺជាម្ចាស់ដ៏ប្រសើរបំផុតដែលគេទូលសូម និងជាម្ចាស់ដ៏ប្រសើរបំផុតដែលគេសង្ឃឹម។
គណៈកម្មការវិទ្យាសាស្ត្រទទួលបន្ទុកកិច្ចការសាសនាប្រចាំម៉ាស្ជិតអាល់ហារ៉ម និងម៉ាស្ជិតអាន់ណាហ្ពាវី
بسم الله الرحمن الرحيم
ផ្នែកទីមួយ
ស្តីអំពីគោលជំនឿ(អាគីហ្ទះ)
ជំពូកទី១៖ អត្ថន័យ និងគោលគ្រឹះនៃសាសនាអ៊ីស្លាម
អ៊ីស្លាម គឺជាការចុះចូលចំពោះអល់ឡោះជាម្ចាស់តាមរយៈការទទួលស្គាល់នូវឯកទេវនិយមរបស់ទ្រង់ ស្តាប់បង្គាប់ចំពោះទ្រង់ដោយការគោរពប្រតិបត្តិ ព្រមទាំងចាកឆ្ងាយពីអំពើពហុទេវនិយម និងប្រការដែលពាក់ព័ន្ធនឹងអំពើនេះ។
គោលគ្រឹះនៃសាសនាអ៊ីស្លាមមានប្រាំ៖
ទីមួយ៖ ធ្វើសាក្សីថា គ្មានព្រះជាម្ចាស់ឯណាដែលត្រូវគោរពសក្ការៈដ៏ពិតប្រាកដ ក្រៅពីអល់ឡោះឡើយ ហើយមូហាំម៉ាត់ គឺជាអ្នកនាំសាររបស់អល់ឡោះ។
ទីពីរ៖ ប្រតិបត្តិសឡាត
ទីបី៖ បរិច្ចាគហ្សាកាត់
ទីបួន៖ បួសក្នុងខែរ៉ម៉ាហ្ទន
ទីប្រាំ៖ ធ្វើធម្មយាត្រាហាជ្ជីនៅឯពៃតុលឡោះ(ក្រុងម៉ាក្កះ) សម្រាប់អ្នកដែលមានលទ្ធភាព។
សារៈសំខាន់នៃជំនឿលើអល់ឡោះជាម្ចាស់តែមួយ(តាវហេទ)
ចូរជ្រាបថា អល់ឡោះជាម្ចាស់ទ្រង់បានបង្កើតសត្វលោកមកដើម្បីឱ្យពួកគេគោរពសក្ការៈចំពោះទ្រង់ ហើយមិនត្រូវយកអ្វីមួយធ្វើជាដៃគូរួមជាមួយទ្រង់ឡើយ។ ទ្រង់បានមានបន្ទូលថា៖ “ហើយយើងមិនបានបង្កើតជិន(អមនុស្ស) និងមនុស្សលោកនោះឡើយ លើកលែងតែដើម្បីឱ្យពួកគេគោរពសក្ការៈ(មកចំពោះយើងតែមួយគត់)ប៉ុណ្ណោះ”។ [គម្ពីរគួរអាន ៥១:៥៦] ហើយគេមិនអាចស្គាល់ការគោរពសក្ការៈនេះបានឡើយ លុះត្រាតែគេមានចំណេះដឹង ដូចដែលអល់ឡោះជាម្ចាស់ទ្រង់បានមានបន្ទូលថា៖ “ដូច្នេះ ចូរអ្នក(ឱអ្នកនាំសារមូហាំម៉ាត់)ដឹងចុះថា៖ ពិតប្រាកដណាស់ គ្មានព្រះជាម្ចាស់ឯណាដែលត្រូវគេគោរពសក្ការៈដ៏ពិតប្រាកដក្រៅពីអល់ឡោះឡើយ។ ហើយចូរអ្នកសុំការអភ័យទោសចំពោះបាបកម្មរបស់អ្នក និង(សុំការអភ័យទោស)ដល់បណ្តាអ្នកមានជំនឿ ទាំងប្រុស ទាំងស្រី។ ហើយអល់ឡោះទ្រង់ដឹងបំផុតពីសកម្មភាពរបស់ពួកអ្នក និងកន្លែងស្នាក់នៅរបស់ពួកអ្នក”។ [គម្ពីរគួរអាន ៤៧:១៩] នៅក្នុងវាក្យខណ្ឌខាងលើនេះ អល់ឡោះជាម្ចាស់ទ្រង់បានចាប់ផ្តើមដោយចំណេះដឹង មុននឹងការនិយាយ និងការអនុវត្ត។ ដូចនេះ ប្រការដ៏សំខាន់បំផុតដែលអ្នកមូស្លីមត្រូវរៀនសូត្រ គឺជំនឿលើអល់ឡោះជាម្ចាស់តែមួយ(ឯកទេវនិយម ឬតាវហេទ) ព្រោះវាគឺជាស្នូល និងជាគ្រឹះនៃសាសនាអ៊ីស្លាម។ សាសនាអ៊ីស្លាមមិនអាចតាំងនៅបានឡើយ លុះត្រាតែមានឯកទេវនិយម(តាវហេទ) ហើយនេះគឺជាកាតព្វកិច្ចដំបូងបង្អស់សម្រាប់អ្នកមូស្លីម និងក៏ជាកាតព្វកិច្ចចុងក្រោយបង្អស់ផងដែរ។ ឯកទេវនិយម ឬតាវហេទ គឺជាគោលគ្រឹះទីមួយក្នុងចំណោមគោលគ្រឹះនៃសាសនាអ៊ីស្លាម ដែលចាំបាច់លើជនមូស្លីមគ្រប់រូបត្រូវស្គាល់ និងអនុវត្តវា។ សាសនាអ៊ីស្លាម មានគោលគ្រឹះចំនួនប្រាំ ដូចដែលមានក្នុងហាទីស្ហ អាប់ទុលឡោះ កូន អ៊ូមើរ (សូមអល់ឡោះសព្វព្រះទ័យចំពោះគាត់) បាននិយាយថា៖ ខ្ញុំបានឮអ្នកនាំសាររបស់អល់ឡោះ (សូមសន្តិភាពកើតមានដល់លោក) លោកបានមានប្រសាសន៍ថា៖ “គេស្ថាបនាអ៊ីស្លាមលើមូលដ្ឋានគ្រឹះប្រាំគឺ៖ ធ្វើសាក្សីថា គ្មានព្រះជាម្ចាស់ឯណាដែលត្រូវគេគោរពសក្ការៈដ៏ពិតប្រាកដក្រៅពីអល់ឡោះឡើយ ហើយមូហាំម៉ាត់ គឺជាអ្នកនាំសាររបស់អល់ឡោះ ប្រតិបត្ដិសឡាត បរិច្ចាគហ្សាកាត់ ធ្វើធម្មយាត្រាហាជ្ជី និងបួសខែរ៉ម៉ាហ្ទន”។ [១] [១] រាយការណ៍ដោយ អាល់ពូខរី:៨
អាស្រ័យហេតុនេះ ចាំបាច់លើជនមូស្លីមត្រូវសិក្សាស្វែងយល់ពីអត្ថន័យនៃតាវហេទ ពោលគឺត្រូវគោរពសក្ការៈចំពោះអល់ឡោះជាម្ចាស់តែមួយគត់។ ដូចនេះ មិនត្រូវយកនរណាម្នាក់ធ្វើជាដៃគូរួមជាមួយអល់ឡោះជាម្ចាស់នៅក្នុងការគោរពសក្ការៈជាដាច់ខាត មិនថាអ្នកនោះជាទេវតា(ម៉ាឡាអ៊ីកាត់)ដែលមានឋានៈខ្ពង់ខ្ពស់ ឬជាព្យាការីដែលត្រូវបានគេបញ្ជូនមកនោះឡើយ។
អត្ថន័យនៃការធ្វើសាក្សីថា គ្មានព្រះជាម្ចាស់ឯណាដែលត្រូវគោរពសក្ការៈដ៏ពិតប្រាកដក្រៅពីអល់ឡោះ
គឺការដែលខ្ញុំបម្រើម្នាក់ទទួលស្គាល់ចេញពីការជឿជាក់យ៉ាងដាច់ខាតថា គ្មានព្រះជាម្ចាស់ឯណាដែលត្រូវគោរពសក្ការៈដ៏ពិតប្រាកដ ក្រៅពីអល់ឡោះជាម្ចាស់ឡើយ។ ដូចនេះ គេត្រូវគោរពសក្ការៈចំពោះអល់ឡោះជាម្ចាស់តែមួយគត់ ហើយថ្វាយនូវការគោរពសក្ការៈគ្រប់ប្រភេទទាំងអស់ចំពោះតែទ្រង់មួយអង្គគត់ ដូចជាការបួងសួង ការកោតខ្លាច ការសង្ឃឹម ការប្រគល់ការទុកចិត្ត និងផ្សេងៗទៀត។
ពាក្យសក្ខីកម្ម(ស្ហាហាហ្ទះ)នេះមិនអាចសម្រេចបានឡើយ លុះត្រាតែមានគោលគ្រឹះពីរគឺ៖
ទីមួយ៖ បដិសេធនូវការគោរពសក្ការៈចំពោះអ្វីផ្សេងក្រៅពីអល់ឡោះ រួមមានបដិមា ព្រះក្លែងក្លាយ និងអ្វីទាំងឡាយដែលគេគោរពសក្ការៈក្រៅពីអល់ឡោះ(តហ្គូត)។
ទីពីរ៖ ទទួលស្គាល់នូវភាពជាព្រះជាម្ចាស់ដែលត្រូវគេគោរពសក្ការៈ ហើយនិងការគោរពសក្ការៈដ៏ពិតប្រាកដចំពោះតែអល់ឡោះជាម្ចាស់មួយគត់ ដោយគ្មានអ្វីផ្សេងក្រៅពីទ្រង់ឡើយ។ អល់ឡោះជាម្ចាស់ទ្រង់បានមានបន្ទូលថា៖ “ហើយជាការពិតណាស់ យើងបានតែងតាំងទៅកាន់រាល់ប្រជាជាតិនីមួយៗនូវអ្នកនាំសារម្នាក់ ដោយប្រើឲ្យពួកគេគោរពសក្ការៈចំពោះអល់ឡោះ(តែមួយគត់) និងចៀសឆ្ងាយពីអ្វីដែលគេគោរពសក្ការៈផ្សេងក្រៅពីអល់ឡោះ”។ [គម្ពីរគួរអាន ១៦:៣៦]
ចំណែកឯលក្ខខណ្ឌនៃពាក្យសក្ខីកម្ម (គ្មានព្រះជាម្ចាស់ឯណាដែលត្រូវគោរពសក្ការៈដ៏ពិតប្រាកដក្រៅពីអល់ឡោះ)វិញគឺ៖
ទីមួយ៖ ត្រូវមានចំណេះដឹង ផ្ទុយពីការមិនដឹង។
ទីពីរ៖ ត្រូវមានជឿជាក់យ៉ាងមុតមាំ ផ្ទុយនឹងការសង្ស័យ។
ទីបី៖ ត្រូវមានភាពជ្រះថ្លាបរិសុទ្ធ ផ្ទុយនឹងអំពើពហុទេវនិយម។
ទីបួន៖ ត្រូវមានភាពទៀងត្រង់ ផ្ទុយនឹងការកុហក។
ទីប្រាំ៖ ត្រូវមានក្តីស្រឡាញ់ ផ្ទុយនឹងការមិនពេញចិត្ត ឬស្អប់ខ្ពើម។
ទីប្រាំមួយ៖ ត្រូវតែអនុវត្តតាម ផ្ទុយនឹងការបោះបង់។
ទីប្រាំពីរ៖ ត្រូវតែទទួលយក ផ្ទុយនឹងការបដិសេធ។
ទីប្រាំបី៖ ប្រឆាំងចំពោះអ្វីដែលត្រូវបានគេគោរពសក្ការៈក្រៅពីអល់ឡោះជាម្ចាស់។
ចាំបាច់ត្រូវអនុវត្តតាមលក្ខខណ្ឌទាំងនេះ ហើយដែលត្រូវបានចងក្រងជាឃ្លាកំណាព្យជាភាសាអារ៉ាប់ចំនួនពីរឃ្លាដូចខាងក្រោម៖
ចំណេះដឹង ការជឿជាក់យ៉ាងមុតមាំ ភាពជ្រះថ្លា និងភាពទៀងត្រង់របស់អ្នក ព្រមជាមួយនឹងក្តីស្រឡាញ់ ការអនុវត្តតាម និងការទទួលយកចំពោះលក្ខខណ្ឌទាំងនេះ។
ហើយលក្ខខណ្ឌទីប្រាំបីដែលត្រូវបានបន្ថែម គឺការប្រឆាំងរបស់អ្នកចំពោះអ្វីទាំងឡាយដែលត្រូវបានគេគោរពសក្ការៈក្រៅពីអល់ឡោះជាម្ចាស់។
ការសម្រេចបាននូវពាក្យសក្ខីកម្មនេះ គឺតាមរយៈការគោរពសក្ការៈចំពោះអល់ឡោះជាម្ចាស់តែមួយគត់ ព្រមទាំងមានភាពជ្រះថ្លាក្នុងការគោរពសក្ការៈចំពោះទ្រង់តែមួយ។ ដូចនេះ គេមិនបួងសួងសុំពីអ្នកណាផ្សេងក្រៅពីអល់ឡោះឡើយ។ គេមិនប្រគល់ការទុកចិត្តលើអ្នកណាផ្សេងក្រៅពីទ្រង់ឡើយ។ គេមិនសង្ឃឹមពីអ្នកណាក្រៅពីទ្រង់ មិនថ្វាយបង្គំ(សឡាត)ចំពោះអ្នកណាក្រៅពីចំពោះទ្រង់ ហើយក៏មិនសំឡេះសត្វថ្វាយចំពោះអ្នកណាក្រៅពីចំពោះទ្រង់តែមួយគត់នោះដែរ។
ចំណែកឯទង្វើដែលមនុស្សមួយចំនួនប្រព្រឹត្ត ដូចជាការដើរប្រទក្សិណជុំវិញផ្នូរ ការសុំជំនួយពីអ្នកស្លាប់ និងបួងសួងសុំពីពួកគេក្រៅពីអល់ឡោះ គឺជាអំពើពហុទេវនិយម(ស្ហ៊ីរិក)នៅក្នុងការគោរពសក្ការៈ។ ដូច្នេះ ចាំបាច់ត្រូវប្រុងប្រយ័ត្នចំពោះរឿងនេះ និងព្រមានអំពីវា ព្រោះទាំងនេះ គឺសុទ្ធសឹងជាទង្វើរបស់ពួកពហុទេវនិយម ដោយពួកគេគោរពបូជារូបសំណាក ដុំថ្ម និងដើមឈើក្រៅពីអល់ឡោះជាម្ចាស់។ ហើយវាគឺជាអំពើពហុទេវនិយម(ស្ហ៊ីរិក)ដែលអល់ឡោះជាម្ចាស់ទ្រង់បានបញ្ចុះព្រះគម្ពីរនានា និងបានបញ្ជូនអ្នកនាំសារទាំងឡាយមកដើម្បីព្រមាន និងហាមឃាត់អំពីវា។
អត្ថន័យនៃការធ្វើសាក្សីថា មូហាំម៉ាត់ គឺជាអ្នកនាំសាររបស់អល់ឡោះ
ត្រូវប្រតិបត្តិតាមលោកនូវអ្វីដែលលោកបានបង្គាប់ប្រើ ជឿជាក់លើលោកចំពោះអ្វីដែលលោកបានប្រាប់ ជៀសវាងនូវអ្វីដែលលោកបានហាមឃាត់និងព្រមាន ហើយត្រូវគោរពសក្ការៈចំពោះអល់ឡោះស្របទៅតាមអ្វីដែលលោកបានបញ្ញត្តិ។ ជនមូស្លីមទទួលស្គាល់ថា មូហាំម៉ាត់ កូនរបស់លោក អាប់ទុលឡោះ ជាជនជាតិគូរ៉ស្ហ និងស្ថិតក្នុងត្រកូលហាស្ហ៊ិម គឺជាអ្នកនាំសាររបស់អល់ឡោះជាម្ចាស់ទៅកាន់សត្វលោកទាំងអស់ ទាំងជិន និងមនុស្សលោក ដូចដែលអល់ឡោះជាម្ចាស់ទ្រង់បានមានបន្ទូលថា៖ “ចូរអ្នក(ឱអ្នកនាំសារមូហាំម៉ាត់)ពោលចុះថា៖ ឱមនុស្សលោកទាំងឡាយ! ជាការពិតណាស់ រូបខ្ញុំ គឺជាអ្នកនាំសាររបស់អល់ឡោះមកកាន់ពួកអ្នកទាំងអស់គ្នា...”។ [គម្ពីរគួរអាន ៧:១៥៨]
ហើយទទួលស្គាល់ថា អល់ឡោះទ្រង់បានបញ្ជូនលោកមក គឺដើម្បីផ្សព្វផ្សាយសាសនារបស់ទ្រង់ និងចង្អុលបង្ហាញដល់មនុស្សលោក ដូចដែលទ្រង់បានមានបន្ទូលថា៖ “ហើយយើងមិនបានបញ្ជូនអ្នកនោះឡើយ លើកលែងតែទៅកាន់មនុស្សលោកទូទៅដើម្បីផ្តល់ដំណឹងរីករាយ និងដាស់តឿនព្រមាន។ ក៏ប៉ុន្តែ មនុស្សលោកភាគច្រើនមិនបានដឹងនោះឡើយ”។ [គម្ពីរគួរអាន ៣៤:២៨] ទ្រង់បានមានបន្ទូលទៀតថា៖ “ហើយយើងមិនបានបញ្ជូនអ្នកមកនោះឡើយ លើកលែងតែដើម្បីជាក្តីមេត្តាករុណាចំពោះពិភពលោកប៉ុណ្ណោះ”។ [គម្ពីរគួរអាន ២១:១០៧]
អ្វីដែលពាក្យសក្ខីកម្មនេះទាមទារគឺ មិនត្រូវមានជំនឿថា អ្នកនាំសាររបស់អល់ឡោះ (សូមសន្តិភាពកើតមានដល់លោក) មានចំណែកណាមួយនៅក្នុងភាពជាព្រះជាម្ចាស់នៃការបង្កើត និងចាត់ចែងចក្រវាល ឬក៏មានចំណែកក្នុងការទទួលបានការគោរពសក្ការៈនោះឡើយ។ ផ្ទុយទៅវិញ ព្យាការីមូហាំម៉ាត់ គឺជាខ្ញុំបម្រើរបស់អល់ឡោះដែលគេមិនត្រូវគោរពសក្ការៈ និងជាអ្នកនាំសារដែលគេមិនត្រូវបដិសេធ។ ហើយលោកក៏មិនអាចផ្តល់ផលប្រយោជន៍ ឬបង្កគ្រោះថ្នាក់អ្វីនោះដែរ មិនថាចំពោះខ្លួនលោកផ្ទាល់ ឬក៏អ្នកដទៃ លើកលែងតែអ្វីដែលអល់ឡោះទ្រង់មានចេតនាប៉ុណ្ណោះ ដូចដែលទ្រង់បានមានបន្ទូលថា៖ “ចូរអ្នក(ឱអ្នកនាំសារមូហាំម៉ាត់)ពោលចុះថា៖ ខ្ញុំមិនដែលប្រាប់ពួកអ្នកថា ខ្ញុំមានឃ្លាំង(នៃលាភសក្ការៈ)របស់អល់ឡោះនោះឡើយ ហើយខ្ញុំក៏មិនដឹងនូវប្រការអាថ៌កំបាំងនោះដែរ។ ខ្ញុំក៏មិនដែលប្រាប់ពួកអ្នកដែរថា ពិតប្រាកដណាស់ រូបខ្ញុំគឺជាទេវតា(ម៉ាឡាអ៊ីកាត់)នោះ។ តាមពិត ខ្ញុំគ្រាន់តែដើរតាមអ្វីដែលគេបានផ្តល់ជាសារ(វ៉ាហ៊ី)មកកាន់ខ្ញុំប៉ុណ្ណោះ...”។ [គម្ពីរគួរអាន ៦:៥០]
ជំពូកទីពីរ៖ អត្ថន័យ និងគោលគ្រឹះនៃជំនឿ(អ៊ីម៉ាន់)
ជំនឿ គឺជាការជឿជាក់នៅក្នុងចិត្ត ពោលដោយអណ្តាត ហើយប្រព្រឹត្តដោយចិត្តនិងអវយវៈ។ ជំនឿកើនឡើងដោយការគោរពប្រតិបត្តិ ហើយថយចុះដោយការប្រព្រឹត្តល្មើស។
ជំនឿ ឬអ៊ីម៉ាន់ គឺជាលក្ខខណ្ឌសម្រាប់ភាពត្រឹមត្រូវ និងការទទួលយកនូវកិច្ចគោរពសក្ការៈទាំងឡាយ។ ចំណែកឯអំពើពហុទេវនិយម(ស្ហ៊ីរិក) និងភាពគ្មានជំនឿវិញ គឺធ្វើឲ្យរាល់ការគោរពប្រតិបត្តិទាំងអស់ក្លាយជាអសារបង់។ ដូចដែលអល់ឡោះជាម្ចាស់ទ្រង់មិនទទួលយកការសឡាតដោយគ្មានវូហ្ទុ ក៏ដូចគ្នាដែរ ទ្រង់ក៏មិនទទួលយកកិច្ចគោរពសក្ការៈដោយគ្មានជំនឿនោះដែរ។ ទ្រង់បានមានបន្ទូលថា៖ “ហើយជនណាដែលបានសាងទង្វើកុសល មិនថាបុរស ឬស្ត្រី ហើយគេជាអ្នកមានជំនឿទៀតនោះ ពិតប្រាកដណាស់ ពួកគេនឹងបានចូលឋានសួគ៌ ហើយពួកគេនឹងមិនត្រូវបានគេបំពានសូម្បីតែបន្តិចនោះឡើយ”។ [គម្ពីរគួរអាន ៤:១២៤]
ទ្រង់ក៏បានបញ្ជាក់ផងដែរថា ជាការពិតណាស់ អំពើពហុទេវនិយម គឺធ្វើឲ្យទង្វើកុសលទាំងឡាយក្លាយជាអសារបង់ ដូចដែលទ្រង់បានមានបន្ទូលថា៖ “ហើយជាការពិតណាស់ គេបានផ្តល់វ៉ាហ៊ីទៅកាន់អ្នក(ឱអ្នកនាំសារមូហាំម៉ាត់) និងទៅកាន់អ្នកជំនាន់មុនអ្នកថា៖ ប្រសិនបើអ្នកធ្វើអំពើពហុទេវនិយម(មកចំពោះយើង) នោះទង្វើកុសលរបស់អ្នកពិតជានឹងរលាយសាបសូន្យ ហើយអ្នកប្រាកដជានឹងស្ថិតក្នុងចំណោមពួកដែលខាតបង់ជាមិនខាន”។ [គម្ពីរគួរអាន ៣៩:៦៥]
គោលគ្រឹះនៃជំនឿ(រូកុនអ៊ីម៉ាន)មានប្រាំមួយគឺ៖ មានជំនឿចំពោះអល់ឡោះ បណ្តាទេវតា(ម៉ាឡាអ៊ីកាត់)របស់ទ្រង់ បណ្តាគម្ពីររបស់ទ្រង់ បណ្តាអ្នកនាំសាររបស់ទ្រង់ មានជំនឿចំពោះថ្ងៃបរលោក និងមានជំនឿចំពោះវាសនាល្អអាក្រក់។
១) ជំនឿចំពោះអល់ឡោះ ហើយជំនឿនេះផ្ទុកទៅដោយបីប្រការ៖
១. ជឿចំពោះភាពជាម្ចាស់នៃការបង្កើត(រូពូពីយ៉ះ)
គឺជាការទទួលយកអល់ឡោះជាម្ចាស់តែមួយគត់ចំពោះសកម្មភាពរបស់ទ្រង់ ដូចជា ការបង្កើត ការប្រទានលាភសក្ការៈ ការផ្តល់ជីវិត និងការដកយកជីវិត។ ដូចនេះ គ្មានអ្នកបង្កើតណាផ្សេងក្រៅពីអល់ឡោះ គ្មានអ្នកប្រទានលាភសក្ការៈណាផ្សេងក្រៅពីអល់ឡោះ គ្មានអ្នកផ្តល់ជីវិតឲ្យរស់រានណាផ្សេងក្រៅពីអល់ឡោះ គ្មានអ្នកដកយកជីវិតណាផ្សេងក្រៅពីអល់ឡោះ ហើយក៏គ្មានអ្នកចាត់ចែងនៅក្នុងចក្រវាលណាផ្សេងក្រៅពីអល់ឡោះនោះដែរ។
គេមិនដែលធ្លាប់បានដឹងឡើយថា មាននរណាម្នាក់ក្នុងចំណោមសត្វលោកបដិសេធចំពោះភាពជាព្រះជាម្ចាស់របស់អល់ឡោះនោះ លើកលែងតែបុគ្គលនោះជាអ្នកមានអំនួត(មានៈ)ដែលនិយាយចេញមកទាំងខ្លួនឯងមិនទាំងជឿជាក់លើអ្វីដែលខ្លួនបាននិយាយផងនោះ ដូចអ្វីដែលបានកើតឡើងចំពោះហ្វៀរអោន ខណៈដែលគេបាននិយាយទៅកាន់ក្រុមរបស់គេថា៖ “យើងគឺជាព្រះជាម្ចាស់របស់ពួកអ្នកដ៏មហាខ្ពង់ខ្ពស់”។ [គម្ពីរគួរអាន ៧៩:២៤] ក៏ប៉ុន្តែនោះមិនមែនកើតចេញពីជំនឿក្នុងចិត្តរបស់គេនោះឡើយ ដូចដែលអល់ឡោះជាម្ចាស់ទ្រង់បានមានបន្ទូលប្រាប់ពីសម្តីរបស់ព្យាការីមូសាថា៖ “គាត់បានតបវិញថា៖ ជាការពិតណាស់ រូបអ្នក(ឱហ្វៀរអោន)ពិតជាបានដឹងច្បាស់ថា គ្មាននរណាម្នាក់ដែលអាចបញ្ចុះនូវសញ្ញាភស្តុតាងទាំងនេះក្រៅពីព្រះជាម្ចាស់នៃមេឃានិងផែនដីនោះឡើយ។ ហើយពិតប្រាកដណាស់ ខ្ញុំដឹងច្បាស់ថា ឱហ្វៀរអោន រូបអ្នក គឺជាអ្នកដែលត្រូវវិនាសអន្តរាយ”។ [គម្ពីរគួរអាន ១៧:១០២] ទ្រង់បានមានបន្ទូលទៀតថា ៖ “ហើយពួកគេបានប្រឆាំងនឹងវា(សញ្ញាភស្តុតាងទាំងនោះ)ទាំងបំពាន និងក្អេងក្អាង ខណៈដែលខ្លួនរបស់ពួកគេផ្ទាល់ដឹងយ៉ាងច្បាស់អំពីវា...”។ [គម្ពីរគួរអាន ២៧:១៤]
ពិតប្រាកដណាស់ គ្រប់ភាវៈដែលត្រូវបានបង្កើតទាំងនេះ ចាំបាច់ត្រូវតែមានអ្នកបង្កើត ត្បិតវាមិនអាចកើតមានឡើងដោយខ្លួនឯងបានឡើយ ដោយសារតែគ្មានអ្វីមួយដែលអាចបង្កើតខ្លួនឯងនោះឡើយ ហើយក៏មិនអាចកើតឡើងដោយចៃដន្យនោះដែរ ពីព្រោះគ្រប់អ្វីៗដែលកើតឡើង គឺត្រូវតែមានអ្នកបង្កើត។ ហើយដោយសារតែអត្ថិភាពនៃសាកលលោកនេះស្ថិតនៅលើប្រព័ន្ធដ៏អស្ចារ្យ និងមានសណ្តាប់ធ្នាប់ប្រទាក់ក្រឡាគ្នាយ៉ាងសុខដុមរមនាបែបនេះ វាមិនអាចទៅរួចឡើយដែលថា អ្វីៗទាំងនេះកើតឡើងដោយចៃដន្យនោះ។ ដូចនេះ ចាំបាច់ត្រូវតែមានអ្នកបង្កើត ហើយអ្នកដែលបង្កើតនោះ គឺអល់ឡោះដែលជាព្រះជាម្ចាស់គ្រប់គ្រងពិភពទាំងអស់។ ទ្រង់បានមានបន្ទូលថា៖ “តើពួកទាំងនោះត្រូវបានគេបង្កើតមកដោយគ្មានអ្នកបង្កើត ឬមួយក៏ពួកគេជាអ្នកបង្កើត(ខ្លួនឯង)? ឬមួយពួកគេបានបង្កើតមេឃជាច្រើនជាន់និងផែនដី? ផ្ទុយទៅវិញ ពួកគេមិនជឿជាក់ឡើយ”។ [គម្ពីរគួរអាន ៥២:៣៥-៣៦]
ជាការពិតណាស់ ពួកពហុទេវនិយម គឺពួកគេបានទទួលស្គាល់នូវភាពជាព្រះជាម្ចាស់របស់អល់ឡោះដែលជាអ្នកបង្កើត ប៉ុន្តែពួកគេប្រព្រឹត្តអំពើពហុទេវនិយមជាមួយទ្រង់នៅក្នុងភាពជាព្រះជាម្ចាស់ដែលត្រូវគោរពបូជា។ ហេតុដូច្នេះហើយ ការទទួលស្គាល់ត្រឹមតែភាពជាព្រះជាម្ចាស់ដែលជាអ្នកបង្កើតនោះ មិនទាន់អាចធ្វើឱ្យពួកគេក្លាយទៅជាជនមូស្លីមបានឡើយ។ ការព្យាការីមូហាំម៉ាត់ប្រយុទ្ធនឹងពួកគេ និងបានចាត់ទុកអាយុជីវិត និងទ្រព្យសម្បត្តិរបស់ពួកគេជារឿងដែលត្រូវបានអនុញ្ញាតនោះ ក៏ព្រោះពួកគេបានប្រព្រឹត្តអំពើពហុទេវនិយមនៅក្នុងការគោរពសក្ការៈ ដោយពួកគេបានគោរពសក្ការៈចំពោះអ្វីផ្សេងក្រៅពីអល់ឡោះ ដូចជារូបបដិមា ទេវតា(ម៉ាឡាអ៊ីកាត់) និងអ្វីផ្សេងៗទៀតរួមជាមួយទ្រង់។
២. ជឿចំពោះភាពជាព្រះជាម្ចាស់ដែលត្រូវគោរពសក្ការៈ
ការជឿចំពោះភាពជាព្រះជាម្ចាស់ដែលត្រូវគោរពសក្ការៈរបស់អល់ឡោះ គឺការជឿថា ទ្រង់តែមួយគត់ជាព្រះជាម្ចាស់ដែលត្រូវគោរពសក្ការៈដ៏ពិតប្រាកដ គ្មានដៃគូសម្រាប់ទ្រង់ឡើយ។ ពាក្យថាព្រះជាម្ចាស់ គឺជាអ្នកដែលត្រូវគេគោរពសក្ការៈដោយក្តីស្រឡាញ់ លើកតម្កើង និងឱនលំទោន។
អល់ឡោះជាម្ចាស់ទ្រង់បានមានបន្ទូលថា៖ “ហើយព្រះជាម្ចាស់របស់ពួកអ្នកដែលត្រូវគោរពសក្ការៈដ៏ពិតប្រាកដនោះ គឺមានតែមួយអង្គគត់។ គ្មានព្រះជាម្ចាស់ឯណាដែលត្រូវគេគោរពសក្ការៈដ៏ពិតប្រាកដក្រៅពីទ្រង់ដែលមហាសប្បុរស មហាអាណិតស្រលាញ់នោះឡើយ”។ [គម្ពីរគួរអាន ២:១៦៣]
រាល់ជនណាដែលយកអ្វីផ្សេងមកគោរពសក្ការៈរួមជាមួយអល់ឡោះនោះ ភាពជាព្រះរបស់វា គឺមិនត្រឹមត្រូវឡើយ(ជាព្រះក្លែងក្លាយ)។ ទ្រង់បានមានបន្ទូលថា៖ “នោះក៏ព្រោះតែអល់ឡោះ ទ្រង់គឺជាព្រះជាម្ចាស់ដ៏ពិតប្រាកដ ហើយអ្វីដែលពួកគេគោរពសក្ការៈក្រៅពីទ្រង់នោះ គឺជាប្រការមិនត្រឹមត្រូវ។ ហើយពិតប្រាកដណាស់ អល់ឡោះជាម្ចាស់មហាខ្ពង់ខ្ពស់ មហាធំធេង”។ [គម្ពីរគួរអាន ២២:៦២]
ដោយហេតុនេះហើយទើបបណ្តាអ្នកនាំសារទាំងឡាយ ចាប់តាំងពីព្យាការីនួហ រហូតដល់ព្យាការីមូហាំម៉ាត់ (សូមសន្តិភាពកើតមានដល់លោក) បានអំពាវនាវក្រុមរបស់ពួកលោកទៅកាន់ការទទួលយកអល់ឡោះតែមួយគត់ជាព្រះជាម្ចាស់ និងគោរពសក្ការៈចំពោះទ្រង់តែមួយគត់ ដោយគ្មានអ្វីផ្សេងក្រៅពីទ្រង់ឡើយ។ ជាការពិតណាស់ អល់ឡោះជាម្ចាស់ដ៏មហាខ្ពង់ខ្ពស់បានបដិសេធ និងបញ្ជាក់ពីមោឃៈភាព(ឥតន័យ)នៃទង្វើរបស់ពួកពហុទេវនិយមដែលបានយកអាទិទេពផ្សេងៗមកគោរពបូជាទន្ទឹមនឹងអល់ឡោះជាម្ចាស់ ដោយពួកគេទូលសូមជំនួយ និងសុំការសង្គ្រោះពីអាទិទេពទាំងនោះ។ ការបដិសេធនេះ គឺផ្អែកលើភស្តុតាងតាមបែបសតិបញ្ញាចំនួនពីរយ៉ាង៖
ទីមួយ៖ បណ្ដាអាទិទេពដែលពួកគេយកមកគោរពបូជាទាំងនោះ មិនមានលក្ខណៈសម្បត្តិណាមួយនៃភាពជាព្រះទាល់តែសោះ។ ពួកវាគ្រាន់តែជាសត្វលោក(អ្វីដែលត្រូវបានគេបង្កើតមក)ប៉ុណ្ណោះ។ ពួកវាមិនអាចបង្កើតអ្វីបានឡើយ ហើយក៏មិនអាចផ្ដល់ផលប្រយោជន៍ ឬការពារគ្រោះថ្នាក់ណាមួយដល់អ្នកដែលគោរពបូជាពួកវាបានដែរ។ លើសពីនេះទៅទៀត ពួកវាក៏មិនមានអំណាចលើជីវិត លើសេចក្ដីស្លាប់ ឬលើការប្រោសឲ្យរស់ឡើងវិញ(នៅថ្ងៃបរលោក)នោះដែរ ដូចដែលអល់ឡោះជាម្ចាស់ទ្រង់បានមានបន្ទូលថា៖ “តែពួកគេបានយកអ្នកផ្សេងក្រៅពីទ្រង់ធ្វើជាព្រះដែលពួកវាមិនអាចបង្កើតអ្វីមួយទាល់តែសោះ តែពួកវាទៅវិញទេដែលត្រូវបានគេបង្កើតនោះ។ ហើយពួកវាគ្មានសមត្ថភាពអាចការពារពីគ្រោះថ្នាក់ ឬផ្តល់ផលប្រយោជន៍ដល់ខ្លួនឯងឡើយ។ ពួកវាគ្មានសមត្ថភាពផ្តល់សេចក្តីស្លាប់ មិនអាចផ្តល់ជីវិត ហើយក៏គ្មានសមត្ថភាពក្នុងការបង្កើតឲ្យរស់សាជាថ្មីនោះដែរ”។ [គម្ពីរគួរអាន ២៥:៣]
ទីពីរ៖ អ្នកដែលប្រព្រឹត្តអំពើពហុទេពទាំងនោះ ពួកគេក៏បានទទួលស្គាល់ដែរថា អល់ឡោះជាម្ចាស់ គឺជាអ្នកបង្កើត និងជាអ្នកចាត់ចែងតែមួយគត់ដោយគ្មានអ្នកផ្សេងក្រៅពីទ្រង់ឡើយ ហើយការណ៍នេះទាមទារឲ្យពួកគេត្រូវតែគោរពសក្ការៈចំពោះទ្រង់តែមួយគត់ ដូចដែលពួកគេបានទទួលស្គាល់ទ្រង់តែមួយគត់ក្នុងភាពជាព្រះជាម្ចាស់នៃការបង្កើតដែរ ដូចដែលទ្រង់បានមានបន្ទូលថា៖ “ចូរអ្នក(ឱអ្នកនាំសារមូហាំម៉ាត់)ពោលថា៖ តើផែនដី និងអ្វីដែលមាននៅក្នុងវាជាកម្មសិទ្ធិរបស់អ្នកណា ប្រសិនបើពួកអ្នកបានដឹងមែននោះ? ពួកគេនឹងឆ្លើយថា៖ គឺជាកម្មសិទ្ធិរបស់អល់ឡោះ។ ចូរអ្នកតបថា៖ បើដូច្នេះ តើពួកអ្នកមិនភ្ញាក់រលឹកទេឬ? ចូរអ្នកពោលថា៖ តើអ្នកណាជាព្រះជាម្ចាស់នៃមេឃទាំងប្រាំពីរជាន់ និងជាព្រះជាម្ចាស់នៃរាជបល្ល័ង្គ(អារ៉ស្ហ)ដ៏ធំធេងនោះ? ពួកគេនឹងឆ្លើយថា៖ គឺជាកម្មសិទ្ធិរបស់អល់ឡោះ។ ចូរអ្នកតបថា៖ បើដូច្នោះ តើពួកអ្នកមិនកោតខ្លាច(អល់ឡោះ)ទេឬ? ចូរអ្នកពោលទៀតថា៖ តើអ្នកណាដែលអំណាចគ្រប់គ្រងអ្វីៗទាំងអស់ស្ថិតក្នុងព្រះហស្តរបស់ទ្រង់ ហើយជាអ្នកជួយសង្រ្គោះ និងគ្មាននរណាម្នាក់អាចជួយសង្គ្រោះអ្នកដែលទ្រង់ចង់បំផ្លាញនោះឡើយ ប្រសិនបើពួកអ្នកបានដឹងមែននោះ? ពួកគេនឹងឆ្លើយថា៖ គឺជាកម្មសិទ្ធិរបស់អល់ឡោះ។ ចូរអ្នកតបថា៖ បើដូច្នេះ តើពួកអ្នកត្រូវបានគេបោកបញ្ឆោតយ៉ាងដូចម្តេច? [គម្ពីរគួរអាន ២៣:៨៤-៨៩] ដូច្នេះ នៅពេលដែលពួកគេទទួលស្គាល់នូវភាពជាព្រះជាម្ចាស់តែមួយគត់របស់អល់ឡោះដែលជាអ្នកបង្កើត(តាវហេទរូពូពីយ៉ះ) ចាំបាច់លើពួកគេត្រូវតែគោរពសក្ការៈចំពោះទ្រង់តែមួយអង្គគត់ ហើយមិនត្រូវយកនរណាម្នាក់ធ្វើជាដៃគូជាមួយនឹងទ្រង់ក្នុងការគោរពសក្ការៈនោះឡើយ។
៣. ជឿចំពោះបណ្តាព្រះនាម និងលក្ខណៈសម្បត្តិរបស់ទ្រង់
គឺទទួលស្គាល់នូវអ្វីដែលអល់ឡោះជាម្ចាស់ទ្រង់បានទទួលស្គាល់សម្រាប់អង្គទ្រង់នៅក្នុងគម្ពីររបស់ទ្រង់ ឬក៏អ្នកនាំសាររបស់អល់ឡោះបានទទួលស្គាល់សម្រាប់ទ្រង់នៅក្នុងស៊ុណ្ណះរបស់លោក នៃបណ្តាព្រះនាម និងលក្ខណៈសម្បត្តិទាំងឡាយក្នុងលក្ខណៈដែលសក្តិសមសម្រាប់អល់ឡោះជាម្ចាស់ ដោយគ្មានការកែប្រែ គ្មានការបដិសេធ គ្មានការកំណត់លក្ខណៈ ហើយក៏គ្មានការប្រៀបប្រដូចនោះដែរ។ អល់ឡោះជាម្ចាស់ទ្រង់បានមានបន្ទូលថា៖ “ហើយសម្រាប់អល់ឡោះជាម្ចាស់ ទ្រង់មានព្រះនាមដ៏ល្អប្រពៃជាច្រើន។ ហេតុនេះ ចូរពួកអ្នកបួងសួងសុំពីទ្រង់តាមរយៈព្រះនាមទាំងនោះចុះ។ ហើយចូរពួកអ្នកបោះបង់ពួកដែលកែប្រែព្រះនាមរបស់ទ្រង់ចុះ។ គេនឹងតបស្នងដល់ពួកទាំងនោះដោយសារតែអ្វីដែលពួកគេធ្លាប់បានប្រព្រឹត្ត”។ [គម្ពីរគួរអាន ៧:១៨០] ទ្រង់បានមានបន្ទូលទៀតថា ៖ “គ្មានអ្វីមួយអាចប្រដូចនឹងទ្រង់បានឡើយ។ ហើយទ្រង់មហាឮ មហាឃើញបំផុត”។ [គម្ពីរគួរអាន ៤២:១១]
ប្រភេទទាំងបីនៃអំពើពហុទេវនិយម(ស្ហ៊ីរិក)
១. ពហុទេវនិយមកម្រិតធ្ងន់(ស្ហ៊ីរិកធំ)
២. ពហុទេវនិយមកម្រិតស្រាល(ស្ហ៊ីរិកតូច)
៣. ពហុទេវនិយមដោយលាក់បាំង(ស្ហ៊ីរិកលាក់កំបាំង)
១. ពហុទេវនិយមកម្រិតធ្ងន់ ឬស្ហ៊ីរិកធំ
និយមន័យ៖ គឺការដាក់អ្នកដទៃស្មើនឹងអល់ឡោះជាម្ចាស់ចំពោះអ្វីដែលជាលក្ខណៈពិសេសសម្រាប់តែអល់ឡោះជាម្ចាស់ ដូចដែលទ្រង់បានមានបន្ទូលថា៖ “ខណៈដែលពួកយើងបានឱ្យតម្លៃពួកឯង(ព្រះនានា)ស្មើនឹងព្រះជាម្ចាស់នៃពិភពទាំងឡាយ”។ [គម្ពីរគួរអាន ២៦:៩៨]
ក្នុងនោះរួមមាន ការបង្វែរនូវការគោរពសក្ការៈណាមួយទៅកាន់អ្នកផ្សេងក្រៅពីអល់ឡោះជាម្ចាស់ ឬបង្វែរផ្នែកខ្លះនៃការគោរពសក្ការៈនោះទៅកាន់អ្នកផ្សេងក្រៅពីអល់ឡោះ ដូចជាការបួងសួង ការសុំជួយសង្គ្រោះ ការសច្ចាបង់(ណាហ្សើរ) ការសំឡេះសត្វ ក៏ដូចជាប្រភេទនៃការគោរពសក្ការៈផ្សេងៗទៀត
ឬមួយក៏ចាត់ទុកថាជារឿងដែលត្រូវបានអនុញ្ញាត(ហាឡាល់)នូវអ្វីដែលអល់ឡោះជាម្ចាស់ទ្រង់បានដាក់បម្រាមហាមឃាត់(ហារ៉ាំ) ឬហាមឃាត់នូវអ្វីដែលទ្រង់បានអនុញ្ញាត ឬក៏បដិសេធនូវអ្វីដែលអល់ឡោះជាម្ចាស់ទ្រង់បានដាក់ជាកាតព្វកិច្ច ដូចជាការចាត់ទុកថា វាជាប្រការដែលច្បាប់អនុញ្ញាតចំពោះអ្វីដែលគេដឹងច្បាស់នៅក្នុងសាសនាថាជាប្រការដែលច្បាប់ហាមឃាត់ ដូចជាអំពើសហាយស្មន់ ផឹកស្រា អកតញ្ញូចំពោះឪពុកម្តាយ និងការប្រាក់ជាដើម។
ឬហាមឃាត់នូវរបស់ល្អៗដែលអល់ឡោះជាម្ចាស់បានអនុញ្ញាត ឬក៏បដិសេធនូវអ្វីដែលអល់ឡោះបានដាក់ជាកាតព្វកិច្ច ដូចជាការមានជំនឿថា សឡាតមិនមែនជាកាតព្វកិច្ច ឬថាការបួសមិនមែនជាកាតព្វកិច្ច ឬថាហ្សាកាត់មិនមែនជាកាតព្វកិច្ច។
ពហុទេវនិយមកម្រិតធ្ងន់ ឬស្ហ៊ីរិកធំ ធ្វើឲ្យទង្វើកុសលទាំងឡាយក្លាយជាអសារបង់ ហើយនិងត្រូវទទួលនូវអមតភាពនៅក្នុងឋាននរក សម្រាប់ជនណាដែលបានស្លាប់ក្នុងស្ថានភាពបែបនេះ ដូចដែលអល់ឡោះជាម្ចាស់ទ្រង់បានមានបន្ទូលថា៖ “តែប្រសិនបើពួកគេបានប្រព្រឹត្តអំពើពហុទេវនិយមវិញនោះ ទង្វើកុសលទាំងឡាយដែលពួកគេធ្លាប់បានសាងនឹងត្រូវចាត់ទុកជាអសារបង់ជាមិនខាន”។ [គម្ពីរគួរអាន ៦:៨៨]
ជនណាដែលស្លាប់ដោយនាំទៅជាមួយនូវអំពើពហុទេវនិយមនេះ អល់ឡោះជាម្ចាស់នឹងមិនលើកលែងទោសឱ្យជននោះជាដាច់ខាត ហើយឋានសួគ៌ គឺត្រូវបានហាមឃាត់សម្រាប់រូបគេ ដូចដែលទ្រង់បានមានបន្ទូលថា៖ “ពិតប្រាកដណាស់ អល់ឡោះជាម្ចាស់ទ្រង់មិនលើកលែងទោសឱ្យអ្នកដែលប្រព្រឹត្តអំពើពហុទេវនិយមចំពោះទ្រង់ឡើយ តែទ្រង់នឹងលើកលែងទោសឱ្យចំពោះបាបកម្មផ្សេងពីនេះ ចំពោះជនណាដែលទ្រង់មានចេតនា...”។ [គម្ពីរគួរអាន ៤:៤៨] ទ្រង់បានមានបន្ទូលទៀតថា៖ “ជាការពិតណាស់ ជនណាហើយដែលបានប្រព្រឹត្តអំពើពហុទេវនិយមនឹងអល់ឡោះ អល់ឡោះជាម្ចាស់ពិតជាបានដាក់បម្រាមលើរូបគេមិនឱ្យចូលឋានសួគ៌ ហើយកន្លែងស្នាក់អាស្រ័យរបស់ជននោះ គឺឋាននរក...”។ [គម្ពីរគួរអាន ៥:៧២]
២. ពហុទេវនិយមកម្រិតស្រាល ឬស្ហ៊ីរិកតូច
វាជាអ្វីដែលមានភស្តុតាងពីការឲ្យឈ្មោះវាថា ជាអំពើពហុទេវនិយម(ស្ហ៊ីរិក) ប៉ុន្តែមិនឈានដល់កម្រិតអំពើពហុទេវនិយមកម្រិតធ្ងន់(ស្ហ៊ីរិកធំ)ឡើយ។ ដូចនេះហើយទើបគេហៅវាថា ពហុទេវនិយមកម្រិតស្រាល ឬស្ហ៊ីរិកតូច។ ឧទាហរណ៍៖ ការស្បថនឹងអ្វីផ្សេងក្រៅពីអល់ឡោះជាម្ចាស់ ដូចជា ស្បថនឹងកាក់ហ្ពះ ស្បថនឹងបណ្តាព្យាការីទាំងឡាយ ស្បថនឹងភាពទៀងត្រង់(អាម៉ាណះ) ឬស្បថនឹងជីវិតរបស់នរណាម្នាក់ជាដើម ដូចដែលព្យាការី (សូមសន្តិភាពកើតមានដល់លោក) លោកបានមានប្រសាសន៍ថា៖ “ជនណាដែលបានស្បថនឹងអ្វីផេ្សងក្រៅពីអល់ឡោះ ជននោះពិតជាបានបោះបង់ជំនឿ(កាហ្វៀរ) ឬបានធ្វើអំពើពហុទេវនិយម(ស្ហ៊ីរិក)ហើយ”។ [២] [២] រាយការណ៍ដោយអះម៉ាត់នៅក្នុងសៀវភៅមុសណាត់របស់គាត់ លេខ៦០៧២, អាត់តៀរមីហ្ស៊ី លេខ១៥៣៥ ហើយគាត់បាននិយាយថា៖ វាជាហាទីស្ហហាសាន់។
អំពើពហុទេវនិយមកម្រិតស្រាល(ស្ហ៊ីរិកតូច) អាចនឹងក្លាយជាពហុទេវនិយមកម្រិតធ្ងន់(ស្ហ៊ីរិកធំ)បាន អាស្រ័យទៅតាមអ្វីដែលមាននៅក្នុងចិត្តជនដែលប្រព្រឹត្តនោះ។ ដូច្នេះ ប្រសិនបើក្នុងចិត្តអ្នកដែលស្បថនឹងព្យាការី ឬក៏បុគ្គលណាម្នាក់ជឿថា អ្នកទាំងនោះមានឋានៈស្មើនឹងអល់ឡោះ ឬជឿថា គេអាចបួងសួងសុំពីបុគ្គលទាំងនោះក្រៅពីអល់ឡោះបាន ឬជឿថាពួកគេមានអំណាចចាត់ចែងក្នុងសាកលលោកនេះ នោះវានឹងក្លាយជាអំពើពហុទេវនិយមកម្រិតធ្ងន់(ស្ហ៊ីរិកធំ)។ តែប្រសិនបើគេស្បថនឹងអ្វីផ្សេងក្រៅពីអល់ឡោះដោយមិនមានចេតនាបែបនេះឡើយ ដោយវាគ្រាន់តែជាពាក្យដែលនិយាយចេញមកតាមទម្លាប់របស់ខ្លួនប៉ុណ្ណោះ នោះវាជាពហុទេវនិយមកម្រិតស្រាល(ស្ហ៊ីរិកតូច)។ ប្រការទាំងនេះ គឺកំពុងកើតមានឡើងយ៉ាងច្រើននៅក្នុងតំបន់មួយចំនួន។ ដូច្នេះ ចាំបាច់ត្រូវមានការប្រុងប្រយ័ត្នខ្ពស់ និងត្រូវធ្វើការព្រមានឱ្យបានច្បាស់លាស់អំពីបញ្ហានេះដើម្បីការពារគោលជំនឿឯកទេវនិយម(តាវហេទ)។
៣. ពហុទេវនិយមដោយលាក់បាំង(ស្ហ៊ីរិកលាក់កំបាំង)
គឺការធ្វើអ្វីមួយដោយគ្រាន់តែចង់ឱ្យគេដឹងឮ(រីយ៉ាក)។ ដូចជាអ្នកដែលសឡាត ឬសូត្រគម្ពីរគួរអានក្នុងបំណងឲ្យមនុស្សមើលឃើញ ឬសរសើរតម្កើងដល់អល់ឡោះ(តាសពេស្ហ) ឬក៏បរិច្ចាគទានដើម្បីឲ្យមនុស្សកោតសរសើរ។ ការធ្វើល្អដើម្បីគ្រាន់តែបង្ហាញឲ្យអ្នកដទៃបានឃើញបែបនេះ ធ្វើឲ្យទង្វើដែលគេប្រព្រឹត្តនោះក្លាយជាអសារបង់ តែមិនរាប់បញ្ចូលទង្វើផ្សេងទៀតដែលគេបានធ្វើវាដោយចិត្តជ្រះថ្លាចំពោះអល់ឡោះជាម្ចាស់នោះទេ។
ព្យាការី (សូមសន្តិភាពកើតមានដល់លោក) លោកបានមានប្រសាសន៍ថា៖ “អំពើពហុទេវនិយម(ស្ហ៊ីរិក)នៅក្នុងប្រជាជាតិនេះ គឺមានភាពលាក់កំបាំងបំផុតជាងស្នូរជើងស្រមោចខ្មៅដែលវាលើផ្ទាំងថ្មខ្មៅនៅក្នុងភាពងងឹតស្លុបនៃពេលរាត្រីទៅទៀត។ ហើយការលុបលាងបាបកម្មចំពោះវា គឺត្រូវពោលថា៖ “ឱអល់ឡោះជាម្ចាស់! ពិតប្រាកដណាស់ ខ្ញុំសូមជ្រកកោននឹងទ្រង់ពីការប្រព្រឹត្តអំពើពហុទេវនិយមចំពោះទ្រង់នឹងអ្វីមួយដោយរូបខ្ញុំដឹង ហើយខ្ញុំសូមអភ័យទោសពីទ្រង់ចំពោះបាបកម្មដែលខ្ញុំមិនបានដឹង”។ [៣] [៣] រាយការណ៍ អាល់ពូខរី ក្នុងសៀវភៅ អាល់អាហ្ទាប់ អាល់មុហ្វរ៉ត់:៧១៦, អះម៉ាត់ ក្នុងសៀវភៅ អាល់មុសណាត់:១៩៦០៦, និង អាត់ទីយ៉ាក អាល់មឹក្កទីស៊ី ក្នុងសៀវភៅ អាល់អាហាទីស្ហ អាល់មួខតើររ៉ោះ (១/១៥០) ហើយអ៊ីម៉ាំ អាល់ហ្ពានី បានចាត់ទុកជាហាទីស្ហសហេស ក្នុងសៀវភៅ សហេស អាល់ជើមៀក អាសស៏ហ្គៀរ:៣៧៣១។
ប្រភេទនៃភាពគ្មានជំនឿ(កាហ្វៀរ)
ប្រភេទទីមួយ៖ ភាពគ្មានជំនឿកម្រិតធ្ងន់ ឬកាហ្វៀរធំ
គឺជាអំពើទាំងឡាយណាដែលនាំឲ្យបុគ្គលនោះស្ថិតនៅជាអមតៈក្នុងឋាននរក។ ភាពគ្មានជំនឿកម្រិតធ្ងន់ ឬកាហ្វៀរធំនេះ មានប្រាំប្រភេទគឺ៖
១. គ្មានជំនឿដោយការបដិសេធ
គឺជាការជឿថា អ្នកនាំសារទាំងឡាយជាមនុស្សភូតភរ។ ប្រភេទនេះ គឺមានតិចតួចណាស់ចំពោះពួកគ្មានជំនឿ ពីព្រោះអល់ឡោះជាម្ចាស់ទ្រង់បានពង្រឹងបណ្តាអ្នកនាំសាររបស់ទ្រង់នូវសញ្ញាភស្តុតាងដ៏ច្បាស់លាស់ជាច្រើន។ តាមពិត ស្ថានភាពរបស់ពួកដែលបដិសេធទាំងនោះ គឺដូចដែលអល់ឡោះជាម្ចាស់ទ្រង់បានពិពណ៌នាអំពីពួកគេថា៖ “ហើយពួកគេបានប្រឆាំងនឹងវា(សញ្ញាភស្តុតាងទាំងនោះ)ទាំងបំពាន និងក្អេងក្អាង ខណៈដែលខ្លួនរបស់ពួកគេផ្ទាល់ដឹងយ៉ាងច្បាស់អំពីវា...”។ [គម្ពីរគួរអាន ២៧:១៤]
២. គ្មានជំនឿដោយភាពមានះ និងក្រអឺតក្រទម
ករណីនេះ គឺប្រៀបដូចជាការប្រឆាំងរបស់អ៊ិព្លីសដែរ ត្បិតវាមិនបានបដិសេធ ឬមិនទទួលស្គាល់ចំពោះបញ្ជារបស់អល់ឡោះឡើយ ប៉ុន្តែវាបានតបតទៅនឹងបញ្ជានោះដោយភាពមានះ រឹងរូស(មិនព្រមធ្វើតាម) និងភាពក្រអឺតក្រទមតែប៉ុណ្ណោះ។ អល់ឡោះជាម្ចាស់ទ្រង់បានមានបន្ទូលថា៖ “ហើយ(ចូរអ្នករំឮកដល់មនុស្សលោក)នៅពេលដែលយើងបានមានបន្ទូលទៅកាន់ម៉ាឡាអ៊ីកាត់ថា៖ ចូរពួកអ្នកស៊ូជោត(ក្រាបគោរព)ទៅចំពោះអាហ្ទាំ។ ពេលនោះ ពួកគេក៏បានស៊ូជោតទាំងអស់គ្នា លើកលែងតែអ៊ិព្លីសប៉ុណ្ណោះដែលបានបដិសេធ និងមានអំនួត។ ហេតុនេះ វាក៏ស្ថិតក្នុងចំណោមពួកដែលប្រឆាំង(នឹងអល់ឡោះជាម្ចាស់)”។ [គម្ពីរគួរអាន ២:៣៤]
៣. គ្មានជំនឿដោយការបែរចេញ
ករណីនោះ គឺតាមរយៈការដែលបុគ្គលម្នាក់បានបង្វែរត្រចៀក និងបេះដូងរបស់គេចេញពីការដើរតាមសេចក្តីពិត ដោយគេមិនខ្វល់ខ្វាយចំពោះសេចក្តីពិតនោះ ហើយក៏មិនយកចិត្តទុកដាក់នឹងវានោះដែរ។ អល់ឡោះជាម្ចាស់ទ្រង់បានមានបន្ទូលថា៖ “ហើយគ្មាននរណាដែលបំពានជាងពួកដែលត្រូវបានគេទូន្មានដោយវាក្យខណ្ឌទាំងឡាយរបស់ព្រះជាម្ចាស់របស់គេ ក្រោយមក គេបែរជាងាកចេញពីវាទៅវិញនោះឡើយ។ ពិតប្រាកដណាស់ យើងគឺជាអ្នកផ្តន្ទាទោសដល់ពួកឧក្រិដ្ឋជនទាំងឡាយ”។ [គម្ពីរគួរអាន ៣២:២២]
ចំណែកឯការងាកចេញត្រឹមមួយផ្នែក(មិនមែនទាំងស្រុង)វិញ វាជាអំពើទុច្ចរិត(ហ្វាស៊ិក) មិនមែនជាភាពគ្មានជំនឿ(កាហ្វៀរ)ឡើយ ដូចជាអ្នកដែលងាកចេញ(ព្រងើយកន្តើយ)ពីការរៀនសូត្រនូវកាតព្វកិច្ចមួយចំនួនក្នុងសាសនា ដូចជាច្បាប់វិន័យនៃការបួស ឬការធ្វើហាជ្ជីជាដើម។
៤. គ្មានជំនឿដោយការមន្ទិលសង្ស័យ
ករណីនេះ គឺតាមរយៈការដែលបុគ្គលម្នាក់មានភាពរារែកក្នុងចិត្ត ដោយគេមិនមានជំនឿចិត្តមុតមាំទៅលើសេចក្តីពិតឡើយ ពោលគឺគេមានការសង្ស័យចំពោះសេចក្តីពិតនោះ ដូចមាននៅក្នុងបន្ទូលរបស់អល់ឡោះជាម្ចាស់ដែលទ្រង់បានមានបន្ទូលថា៖ “ហើយបុរសនោះបានចូលទៅក្នុងចម្ការរបស់ខ្លួន ខណៈដែលរូបគេជាអ្នកបំពានលើខ្លួនឯង។ គេបាននិយាយថា៖ ខ្ញុំមិនគិតថា ចម្ការនេះនឹងត្រូវវិនាសអន្តរាយនោះឡើយ។ ហើយខ្ញុំក៏មិនគិតថា ថ្ងៃបរលោកនឹងកើតឡើងនោះដែរ។ តែប្រសិនបើវាកើតឡើងមែន ហើយខ្ញុំនឹងត្រូវបានគេនាំត្រឡប់ទៅកាន់ព្រះជាម្ចាស់របស់ខ្ញុំវិញនោះ ខ្ញុំពិតជានឹងទទួលបាននូវកន្លែងវិលត្រឡប់មួយដែលល្អប្រសើរជាងចម្ការនេះទៅទៀត”។ [គម្ពីរគួរអាន ១៨:៣៥-៣៦]
៥. គ្មានជំនឿដោយភាពពុតត្បុត
គឺជាការស្តែងចេញមកក្រៅនូវសេចក្តីជំនឿដោយអណ្តាត តែលាក់ទុកនូវការបដិសេធនៅក្នុងចិត្ត។ អល់ឡោះជាម្ចាស់ទ្រង់បានមានបន្ទូលថា៖ “ហើយក្នុងចំណោមមនុស្សលោក គឺមានអ្នកដែលនិយាយថា៖ ពួកយើងមានជំនឿចំពោះអល់ឡោះ និងថ្ងៃបរលោក ខណៈដែល(ធាតុពិត)ពួកគេពុំមែនជាអ្នកដែលមានជំនឿឡើយ”។ [គម្ពីរគួរអាន ២:៨]
ទាំងនេះ សុទ្ធសឹងជាប្រភេទនៃភាពគ្មានជំនឿកម្រិតធ្ងន់(កាហ្វៀរធំ)ដែលធ្វើឱ្យចេញពីសាសនា។
ប្រភេទទីពីរ៖ ភាពគ្មានជំនឿកម្រិតស្រាល(កាហ្វៀរតូច)
ភាពគ្មានជំនឿប្រភេទនេះមិននាំឲ្យបុគ្គលនោះស្ថិតនៅជាអមតៈក្នុងឋាននរកនោះទេ។ វាគឺជាប្រការទាំងឡាយដែលមានចែងនៅក្នុងគម្ពីរគួរអាន និងស៊ុណ្ណះ ដោយហៅឈ្មោះវាថាជា “ភាពគ្មានជំនឿ(كفر)” ក្នុងទម្រង់ជានាមសាធារណ៍(نكرة)ដែលមិនមាន "ال" នៅពីមុខឡើយ។ (“ال” សម្រាប់បញ្ជាក់ន័យច្បាស់លាស់) ។ ឧទាហរណ៍ដែលបញ្ជាក់ពីបញ្ហានេះមានច្រើន ក្នុងនោះមានដូចជា៖ ឧទាហរណ៍ដែលបញ្ជាក់ពីបញ្ហានេះមានច្រើន ក្នុងនោះមានដូចជា៖ “លក្ខណៈពីរយ៉ាងនៅក្នុងខ្លួនមនុស្សដែលជាទង្វើរបស់ពួកគ្មានជំនឿ គឺការដៀលពូជ និងការយំទួញសោកចំពោះសព”។ [៤] [៤] រាយការណ៍ដោយ មូស្លីម:១២១ និងអះម៉ាត់ នៅក្នុងសៀវភៅមុសណាត់:១០៤៣៤
២. ជឿចំពោះទេវតា(ម៉ាឡាអ៊ីកាត់)ទាំងឡាយ
ទេវតា ឬម៉ាឡាអ៊ីកាត់ គឺជាភាវៈអាថ៌កំបាំងមួយ។ អល់ឡោះជាម្ចាស់ទ្រង់បានបង្កើតពួកគេពីពន្លឺ។ ហើយពួកគេគោរពសក្ការៈចំពោះអល់ឡោះជាម្ចាស់ដ៏ខ្ពង់ខ្ពស់។ ពួកគេពុំមានលក្ខណៈពិសេសអ្វីមួយនៃភាពជាព្រះជាម្ចាស់ និងភាពជាព្រះជាម្ចាស់ដែលត្រូវគេគោរពសក្ការៈនោះឡើយ។ ពួកគេមិនប្រព្រឹត្តផ្ទុយនឹងបទបញ្ជាទាំងឡាយដែលអល់ឡោះជាម្ចាស់បានបង្គាប់ប្រើពួកគេឡើយ។ ហើយពួកគេប្រតិបត្ដិនូវអ្វីដែលអល់ឡោះបានដាក់បទបញ្ជា។ ទេវតា ឬម៉ាឡាអ៊ីកាត់មានចំនួនច្រើនលើសលប់ដែលគ្មាននរណាអាចរាប់ចំនួនពួកគេបានឡើយ លើកលែងតែអល់ឡោះជាម្ចាស់ប៉ុណ្ណោះ។
ជំនឿចំពោះពពួកទេវតា(ម៉ាឡាអ៊ីកាត់)ផ្ទុកនូវបួនប្រការ៖
១. ជឿលើអត្ថិភាពរបស់ពួកគេ។
២. ជឿចំពោះទេវតាមួយចំនួនដែលយើងបានស្គាល់ឈ្មោះរបស់ពួកគេ ដូចជា ជីព្រីល មីកាអេល អ៊ីសរ៉ហ្វេល ក៏ដូចជាទេវតាផ្សេងទៀត។ ចំណែកឯទេវតាទាំងឡាយណាដែលយើងមិនស្គាល់ឈ្មោះពួកគេ គឺចាំបាច់លើយើងត្រូវមានជំនឿលើពួកគេជាលក្ខណៈរួម។
៣. មានជំនឿចំពោះអ្វីដែលយើងបានដឹងពីលក្ខណៈរបស់ពួកគេដែលមានភស្តុតាងបញ្ជាក់នៅក្នុងគម្ពីរគួរអាន និងស៊ុណ្ណះ ដូចជាលក្ខណៈរបស់ទេវតាជីព្រីល ព្យាការី (សូមសន្តិភាពកើតមានដល់លោក) លោកបានប្រាប់ថា ពិតប្រាកដណាស់ លោកបានឃើញទេវតាជីព្រីលក្នុងរូបរាងពិតដែលអល់ឡោះជាម្ចាស់បានបង្កើតគាត់មក។ គាត់មានស្លាបចំនួនប្រាំមួយរយដែលបាំងជិតជើងមេឃ។
៤. មានជំនឿចំពោះអ្វីដែលយើងបានដឹងពីតួនាទី ឬការងាររបស់ពួកគេ ដូចជាការសរសើរតម្កើងដល់អល់ឡោះជាម្ចាស់ និងគោរពសក្ការៈចំពោះអល់ឡោះជាម្ចាស់ទាំងយប់ ទាំងថ្ងៃដោយគ្មានការធុញទ្រាន់ និងការនឿយណាយ។
ឧទាហរណ៍ដូចជា ទេវតាជីព្រីល ជាអ្នកទទួលបន្ទុកនាំសារ(វ៉ាហ៊ី)ពីអល់ឡោះជាម្ចាស់។
អ៊ីសរ៉ហ្វេល៖ ជាអ្នកដែលទទួលបន្ទុកលើការផ្លុំត្រែ(នៅថ្ងៃបរលោក)។
ម៉ាលីគុលម៉ោត(មច្ចុរាជ)៖ ជាទេវតាដែលទទួលបន្ទុកដកយកព្រលឹងទាំងឡាយនៅពេលស្លាប់។
ម៉ាលិក៖ ជាឆ្មាំនរក។ ចំណែកឯ រីដវ៉ាន គឺជាឆ្មាំឋានសួគ៌ ក៏ដូចជាទេវតាផ្សេងៗទៀត។
៣. ជឿចំពោះបណ្តាព្រះគម្ពីរទាំងឡាយ
ពាក្យថា “ព្រះគម្ពីរ” នៅទីនេះ គឺសំដៅលើព្រះគម្ពីរទាំងឡាយដែលអល់ឡោះជាម្ចាស់ទ្រង់បានបញ្ចុះពីមេឃាទៅកាន់អ្នកនាំសារទាំងឡាយរបស់ទ្រង់ ជាការចង្អុលបង្ហាញ និងជាក្តីមេត្តាករុណាចំពោះមនុស្សជាតិដើម្បីឱ្យពួកគេទទួលបាននូវសុភមង្គលក្នុងលោកទាំងពីរ(លោកិយ និងបរលោក)។
ជំនឿលើព្រះគម្ពីរទាំងឡាយផ្ទុកទៅដោយបួនប្រការ៖
១. ជឿថា ព្រះគម្ពីរទាំងនោះ ពិតជាត្រូវបានបញ្ចុះមកពីអល់ឡោះជាម្ចាស់យ៉ាងពិតប្រាកដ។
២. ជឿចំពោះគម្ពីរទាំងឡាយដែលយើងបានស្គាល់ឈ្មោះរបស់វា ដូចជា គម្ពីរគួរអានដែលត្រូវបានបញ្ចុះមកកាន់ព្យាការីមូហាំម៉ាត់ (សូមសន្តិភាពកើតមានដល់លោក) គម្ពីរតាវរ៉ត ដែលត្រូវបានបញ្ចុះទៅកាន់ព្យាការីមូសា គម្ពីរអ៊ិញ្ជីលដែលបានបញ្ចុះទៅកាន់ព្យាការីអ៊ីសា និងគម្ពីរហ្សាពួរដែលបានបញ្ចុះទៅកាន់ព្យាការី ហ្ទាវូទ។
ចំណែកឯព្រះគម្ពីរទាំងឡាយដែលយើងមិនស្គាល់ឈ្មោះ ចាំបាច់លើយើងត្រូវមានជំនឿលើព្រះគម្ពីរទាំងនោះជាលក្ខណៈរួម។
៣. ជឿជាក់ចំពោះដំណឹង ឬព័ត៌ទាំងឡាយដែលព្រះគម្ពីរទាំងនោះបានប្រាប់ ដូចជាដំណឹងដែលបានរៀបរាប់ប្រាប់ដោយគម្ពីរគួរអាន និងដំណឹងទាំងឡាយដែលមិនត្រូវបានគេកែប្រែនៅក្នុងបណ្តាព្រះគម្ពីរមុនៗ។
៤. ត្រូវអនុវត្តតាមក្បួនច្បាប់ទាំងឡាយដែលមានចែងក្នុងព្រះគម្ពីរដែលមិនត្រូវបានលុបចោល ព្រមទាំងត្រូវពេញចិត្ត និងប្រគល់ខ្លួន(ចុះចូល)តាមបញ្ជារបស់វា ទោះបីជាយើងយល់ពីគតិបណ្ឌិត(ហេតុផល)នៃច្បាប់នោះ ឬមិនយល់ក៏ដោយ។ បណ្តាព្រះគម្ពីរមុនៗទាំងអស់ គឺត្រូវបាននិរាករណ៍(ជំនួស)ដោយព្រះគម្ពីរគួរអាន។ ដូចនេះ គេមិនអនុញ្ញាតឱ្យអនុវត្តតាមបញ្ញត្តិណាមួយនៃដែលមានចែងក្នុងព្រះគម្ពីរមុនៗនោះឡើយ លើកលែងតែអ្វីដែលត្រឹមត្រូវចេញពីគម្ពីរទាំងនោះ ហើយដែលត្រូវបានគម្ពីរគួរអាន ឬស៊ុណ្ណះបានបញ្ជាក់ទទួលស្គាល់។
៤. ជឿចំពោះបណ្តាអ្នកនាំសារ
អ្នកនាំសារ ឬរ៉សូល គឺជាមនុស្សដែលត្រូវបានអល់ឡោះបញ្ចុះឲ្យនូវច្បាប់បញ្ញត្តិ ហើយត្រូវបានបង្គាប់ប្រើឱ្យផ្សព្វផ្សាយបន្ត។ អ្នកនាំសារដំបូងគេបង្អស់ គឺព្យាការីនួហ (សូមសន្តិភាពកើតមានដល់លោក)។ ចំណែកឯអ្នកនាំសារចុងក្រោយបង្អស់ គឺព្យាការីមូហាំម៉ាត់ (សូមសន្តិភាពកើតមានដល់លោក)។ អ្នកនាំសារទាំងអស់ គឺជាមនុស្សលោក។ ពួកគាត់គ្មានលក្ខណៈនៃភាពជាព្រះជាម្ចាស់ដែលជាអ្នកបង្កើត ឬភាពជាព្រះជាម្ចាស់ដែលត្រូវគេគោរពសក្ការៈអ្វីបន្តិចណាឡើយ។
ជំនឿចំពោះបណ្តាអ្នកនាំសារផ្ទុកទៅដោយ៖
១. ជឿថា សាររបស់ពួកគាត់ គឺជាសេចក្តីពិតមកពីអល់ឡោះជាម្ចាស់។ ដូចនេះ ជនណាដែលបដិសេធសាររបស់អ្នកនាំសារណាម្នាក់ គឺគេពិតជាបានបដិសេធអ្នកនាំសារទាំងអស់។
២. មានជំនឿចំពោះអ្នកនាំសារទាំងឡាយដែលយើងបានស្គាល់ឈ្មោះរបស់ពួកគាត់ ដូចជា ព្យាការីមូហាំម៉ាត់ ព្យាការីអ៊ីព្រហ៊ីម ព្យាការីមូសា ព្យាការីអ៊ីសា(យេស៊ូ) និងព្យាការីនួហ(សូមសុខសន្តិភាពកើតមានដល់ពួកលោក)។ អ្នកនាំសារទាំងនេះ គឺជាអ្នកនាំសារដែលមានឆន្ទៈមុតមាំ(អ៊ូលុលអាហ្សមី)។
ចំណែកឯអ្នកនាំសារទាំងឡាយដែលយើងមិនបានស្គាល់ឈ្មោះពួកគាត់ទេនោះ គឺចាំបាច់លើយើងត្រូវមានជំនឿជាលក្ខណៈរួម។ អល់ឡោះជាម្ចាស់ទ្រង់បានមានបន្ទូលថា៖ “ហើយជាការពិតណាស់ យើងបានបញ្ជូនអ្នកនាំសារជាច្រើនមុនអ្នក(ឱអ្នកនាំសារមូហាំម៉ាត់)។ ក្នុងចំណោមពួកគេ មានអ្នកខ្លះយើងបាននិទានប្រាប់អ្នក(នូវរឿងរ៉ាវរបស់ពួកគេ) ហើយមានអ្នកខ្លះទៀត យើងមិនបាននិទានប្រាប់អ្នក(នូវរឿងរ៉ាវរបស់ពួកគេ)ឡើយ...”។ [គម្ពីរគួរអាន ៤០:៧៨]
៣. ជឿជាក់ចំពោះដំណឹងទាំងឡាយដែលត្រឹមត្រូវពីពួកគាត់។
៤. ប្រតិបត្តិតាមច្បាប់បញ្ញត្តិរបស់អ្នកនាំសារដែលគេបានបញ្ជូនមកកាន់យើង ពោលគឺព្យាការីមូហាំម៉ាត់ (សូមសន្តិភាពកើតមានដល់លោក) ដែលជាអ្នកនាំសារចុងក្រោយបង្អស់។
៥. ជឿចំពោះថ្ងៃបរលោក
ថ្ងៃបរលោក គឺជាថ្ងៃដែលមនុស្សលោកទាំងអស់នឹងត្រូវគេប្រោសឱ្យរស់ឡើងវិញដើម្បីជំនុំជម្រះ និងទទួលការតបស្នង។ គេហៅថ្ងៃបរលោកថា ជាថ្ងៃចុងក្រោយ ពីព្រោះគ្មានថ្ងៃណាបន្ទាប់ពីថ្ងៃនោះទៀតឡើយ ខណៈដែលអ្នកឋានសួគ៌នឹងស្ថិតនៅក្នុងលំនៅឋានរបស់ខ្លួន ហើយអ្នកឋាននរកក៏នឹងស្ថិតនៅក្នុងកន្លែងស្នាក់អាស្រ័យរបស់ខ្លួនដែរ។
ជំនឿចំពោះថ្ងៃបរលោក ផ្ទុកទៅដោយបីប្រការ៖
ក. ជឿចំពោះការប្រោសឲ្យរស់ឡើងវិញ
គឺជាការប្រោសអ្នកស្លាប់ទាំងអស់ឲ្យរស់ឡើងវិញ នៅពេលដែលគេផ្លុំត្រែជាលើកទីពីរ។ នៅពេលនោះ មនុស្សលោកនឹងឈរនៅចំពោះព្រះភក្ត្រនៃព្រះជាម្ចាស់ដែលគ្រប់គ្រងពិភពទាំងអស់ ដោយគ្មានស្បែកជើងពាក់ អាក្រាតកាយគ្មានសម្លៀកបំពាក់បិទបាំង និងមិនកាត់ស្បែកអង្គជាតិ(ខតាន់)ឡើយ។ អល់ឡោះជាម្ចាស់ទ្រង់បានមានបន្ទូលថា៖ “ដូចដែលយើងបានផ្តើមបង្កើតពួកគេកាលពីដំបូងនោះដែរ យើងនឹងបង្កើតពួកគេម្តងទៀត។ ជាការសន្យារបស់យើងដ៏ពិតប្រាកដ។ ជាការពិតណាស់ យើងគឺជាអ្នកដែលធ្វើ(តាមការសន្យា)”។ [គម្ពីរគួរអាន ២១:១០៤]
ខ. ជឿចំពោះការជំនុំជម្រះ និងការតបសស្នង
ពោលគឺគេនឹងធ្វើការជំនុំជម្រះខ្ញុំបម្រើទាំងឡាយរបស់អល់ឡោះចំពោះទង្វើទាំងឡាយដែលរូបគេបានសាង ហើយគេនឹងផ្តល់ការតបស្នងចំពោះទង្វើទាំងនោះ។ អល់ឡោះជាម្ចាស់ទ្រង់បានមានបន្ទូលថា៖ ពិតប្រាកដណាស់ ការវិលត្រឡប់របស់ពួកគេ គឺឆ្ពោះមកកាន់យើង(តែមួយគត់)។ បន្ទាប់មក ការជំនុំជម្រះរបស់ពួកគេ គឺជាតួនាទីរបស់យើង(តែមួយគត់)។ [គម្ពីរគួរអាន ៨៨:២៥-២៦]
គ. ជឿចំពោះឋានសួគ៌ និងឋាននរក
ឋានទាំងពីរនេះ គឺជាគោលដៅចុងក្រោយដ៏នៅអមតៈសម្រាប់សត្វលោកទាំងឡាយ។ ឋានសួគ៌ គឺជាឋានបរមសុខដែលអល់ឡោះជាម្ចាស់ទ្រង់បានរៀបចំសម្រាប់បណ្តាអ្នកមានជំនឿដែលគោរពកោតខ្លាចទ្រង់ និងអ្នកទាំងឡាយដែលគោរពប្រតិបត្តិតាមអល់ឡោះ និងអ្នកនាំសាររបស់ទ្រង់ (សូមសន្តិភាពកើតមានដល់លោក)។ នៅទីនេះ មាននូវអ្វីគ្រប់យ៉ាងដែលភ្នែកមិនដែលបានឃើញ ត្រចៀកមិនដែលធ្លាប់ឮ ហើយចិត្តមនុស្សក៏មិនធ្លាប់គិតដល់។
ចំណែកឯឋាននរកវិញ គឺជាឋានរងទណ្ឌកម្ម ដែលអល់ឡោះជាម្ចាស់ទ្រង់បានរៀបចំសម្រាប់ពួកដែលប្រឆាំងនឹងអល់ឡោះ ហើយបានប្រព្រឹត្តល្មើសនឹងអ្នកនាំសារទាំងឡាយរបស់ទ្រង់។ នៅក្នុងនោះ មានទណ្ឌកម្មដ៏ធ្ងន់ធ្ងរជាច្រើនប្រភេទដែលចិត្តមនុស្សមិនអាចស្រមៃដល់។
៦. ជឿចំពោះការកំណត់វាសនាល្អ និងអាក្រក់
អត្ថន័យការកំណត់ព្រេងវាសនា គឺជាការកំណត់របស់អល់ឡោះជាម្ចាស់ចំពោះអ្វីដែលនឹងត្រូវកើតឡើងទៅតាមចំណេះដឹងដែលទ្រង់ជ្រាបដឹងជាមុន និងស្របទៅតាមគតិបណ្ឌិតរបស់ទ្រង់។
ជំនឿលើការកំណត់ព្រេងវាសនាផ្ទុកទៅដោយបួនប្រការ៖
១. ចំណេះដឹង៖ គឺការមានជំនឿចំពោះការដឹងរបស់អល់ឡោះជាម្ចាស់ និងជឿថា ទ្រង់ជាអ្នកដឹងនូវអ្វីដែលបានកើតឡើង អ្វីដែលនឹងកើតឡើង និងរបៀបដែលវាកើតឡើង ទាំងជាលក្ខណៈរួម និងលក្ខណៈពិស្តា តាំងពីដើមរៀងមក និងជារៀងរហូត។ ហើយទ្រង់ជាម្ចាស់ដែលដឹងបំផុតនូវអ្វីដែលមិនបានកើតឡើង ថាប្រសិនបើវាកើតឡើង តើវានឹងទៅជាយ៉ាងណា។ ដូចដែលទ្រង់បានមានបន្ទូលថា៖ “ហើយបើទោះជាពួកគេត្រូវបានគេឲ្យវិលត្រឡប់(ទៅកាន់ជីវិតលោកិយវិញ)ក៏ដោយ ក៏ពួកគេពិតជានឹងត្រឡប់ទៅប្រព្រឹត្តនូវអ្វីដែលគេបានហាមឃាត់ពួកគេដដែល”។ [គម្ពីរគួរអាន ៦:២៨]
២. ការកត់ត្រា៖ គឺការជឿថា ជាការពិតណាស់ អល់ឡោះជាម្ចាស់ទ្រង់បានកត់ត្រាព្រេងវាសនានៃអ្វីៗគ្រប់យ៉ាង រហូតដល់ថ្ងៃបរលោក។ ដូចដែលទ្រង់បានមានបន្ទូលថា៖ “តើអ្នក(ឱអ្នកនាំសារមូហាំម៉ាត់)មិនបានដឹងទេឬថា ពិតប្រាកដណាស់ អល់ឡោះទ្រង់ដឹងបំផុតនូវអ្វីដែលមាននៅលើមេឃ និងផែនដីនោះ? ពិតប្រាកដណាស់ ទាំងអស់នោះ គឺមាននៅក្នុងគម្ពីរកំណត់ត្រា។ ពិតប្រាកដណាស់ រឿងទាំងនោះ គឺជារឿងងាយស្រួលបំផុតសម្រាប់អល់ឡោះ”។ [គម្ពីរគួរអាន ២២:៧០]
៣. ចេតនា៖ គឺជាការមានជំនឿថា គ្មានអ្វីកើតឡើងនៅក្នុងចក្រវាលនេះឡើយ លើកលែងតែអ្វីដែលអល់ឡោះជាម្ចាស់មានចេតនាឲ្យវាកើតឡើងប៉ុណ្ណោះ។ ទ្រង់បានមានបន្ទូលថា៖ “ហើយព្រះជាម្ចាស់របស់អ្នកទ្រង់បង្កើត និងជ្រើសរើសនូវអ្វីដែលទ្រង់មានចេតនា...”។ [គម្ពីរគួរអាន ២៨:៦៨] មនុស្សលោកក៏មានចេតនាដែរ តែចេតនារបស់ពួកគេមិនអាចចេញផុតពីចេតនារបស់អល់ឡោះបានឡើយ ដូចដែលអល់ឡោះជាម្ចាស់ទ្រង់បានមានបន្ទូលថា៖ “ហើយពួកអ្នកមិនអាចមានចេតនានោះឡើយ លើកលែងតែអល់ឡោះជាព្រះជាម្ចាស់នៃពិភពទាំងឡាយទ្រង់មានចេតនាប៉ុណ្ណោះ”។ [គម្ពីរគួរអាន ៨១:២៩]
៤. ការបង្កើត៖ គឺការមានជំនឿថា អល់ឡោះជាម្ចាស់បានបង្កើតភាវៈទាំងឡាយ ព្រមទាំងបានបង្កើតនូវសកម្មភាពរបស់ពួកគេ និងទង្វើរបស់ពួកគេ ទាំងល្អ និងអាក្រក់។ ទ្រង់បានមានបន្ទូលថា៖ “អល់ឡោះជាម្ចាស់ជាអ្នកដែលបង្កើតរាល់អ្វីៗទាំងអស់។ ហើយទ្រង់ជាអ្នកថែរក្សានូវរាល់អ្វីៗទាំងអស់”។ [គម្ពីរគួរអាន ៣៩:៦២]
លំដាប់ទាំងនេះត្រូវបានចងក្រងជាឃ្លាកំណាព្យជាភាសាអារ៉ាប់ចំនួនមួយឃ្លាដូចខាងក្រោម៖
ចំណេះដឹង ការកត់ត្រារបស់ព្រះជាម្ចាស់នៃយើង ចេតនារបស់ទ្រង់ និងការបង្កើតរបស់ទ្រង់ ដែលជាការធ្វើឱ្យកើតមាន និងការបង្កើតរូបរាង។
ជំពូកទីបី៖ អៀហសាន(អំពើល្អ)
អៀហសាន មានគោលគ្រឹះ(រូកុន)តែមួយគត់គឺ អ្នកត្រូវគោរពសក្ការៈចំពោះអល់ឡោះហាក់បីដូចជាអ្នកមើលឃើញទ្រង់។ តែទោះបីអ្នកមិនឃើញទ្រង់ក៏ដោយ ក៏ជាក់ស្តែង ទ្រង់កំពុងតែទតឃើញអ្នក។
ពោលគឺ បុគ្គលម្នាក់ប្រតិបត្តិនូវការគោរពសក្ការៈចំពោះអល់ឡោះ ហាក់ដូចជារូបគេកំពុងឈរនៅចំពោះព្រះភក្ត្រអល់ឡោះជាម្ចាស់ដ៏មហាខ្ពង់ខ្ពស់។ ហើយនោះ គឺតម្រូវឱ្យមាននូវសេចក្ដីកោតខ្លាច និងការវិលត្រឡប់ទៅរកអល់ឡោះជាម្ចាស់ដោយភាពពេញលេញបំផុត ហើយនោះ គឺតម្រូវឱ្យមាននូវសេចក្ដីកោតខ្លាច និងការវិលត្រឡប់ទៅរកអល់ឡោះជាម្ចាស់ដោយភាពពេញលេញបំផុត
អៀហសាន(អំពើល្អ) មានពីរកម្រិត ហើយអ្នកដែលអនុវត្តអៀហសាន (المحسن) គឺស្ថិតក្នុងកម្រិតពីរខុសប្លែកពីគ្នា៖
កម្រិតទីមួយ៖ វាជាកម្រិតខ្ពស់ជាងគេបំផុត នោះគឺកម្រិតនៃការមើលឃើញ។ ពោលគឺ ខ្ញុំបម្រើអល់ឡោះអនុវត្តកិច្ចការ(គោរពបូជា) ក្នុងលក្ខណៈហាក់បីដូចជាគេកំពុងឃើញអល់ឡោះជាម្ចាស់ដោយបេះដូងរបស់គេ។ នៅពេលនោះ ដួងចិត្តនឹងត្រូវបានបំភ្លឺដោយពន្លឺនៃសេចក្តីជំនឿ(អ៊ីម៉ាន) រហូតដល់ប្រការអាថ៌កំបាំង(ដែលភ្នែកមើលមិនឃើញ) ប្រែក្លាយជាហាក់បីដូចជាកំពុងស្ថិតនៅចំពោះមុខភ្នែកយ៉ាងច្បាស់ដូច្នោះដែរ។
កម្រិតទីពីរ៖ កម្រិតនៃភាពជ្រះថ្លា និងការដឹងខ្លួនថាមានអ្នកឃ្លាំមើល ពោលគឺ គឺការដែលខ្ញុំបម្រើអល់ឡោះអនុវត្តការងារ(គោរពបូជា)ដោយការដាស់ស្មារតីឱ្យដឹងខ្លួនជានិច្ចថា អល់ឡោះកំពុងតែសម្លឹងមើលមកកាន់គេ និងជ្រាបដឹងយ៉ាងច្បាស់នូវរាល់អ្វីៗទាំងអស់អំពីគេ។ នៅពេលដែលគេដាស់ស្មារតីឱ្យដឹងខ្លួនបែបនេះហើយ នោះមានន័យថា គេគឺជាអ្នកដែលមានភាពជ្រះថ្លា(អៀខ្លើស)ចំពោះអល់ឡោះជាម្ចាស់ហើយ។
ជំពូកទីបួន៖ សេចក្ដីសង្ខេបអំពីគោលការណ៍គ្រឹះរបស់អះលុស្ស៊ុណ្ណះ វ៉ាល់ជើម៉ាអះ
ទីមួយ៖ អនុវត្តតាមនូវអ្វីដែលនាំមកដោយគម្ពីរគួរអាន និងស៊ុណ្ណះ ទាំងខាងក្នុង ទាំងខាងក្រៅ ហើយមិនលើកតម្កើង ឬឲ្យតម្លៃពាក្យសម្តីរបស់នរណាម្នាក់ខ្ពស់ជាងពាក្យបន្ទូលរបស់អល់ឡោះ និងប្រសាសន៍អ្នកនាំសាររបស់ទ្រង់ (សូមសន្តិភាពកើតមានដល់លោក) នោះឡើយ។
ទីពីរ៖ ដួងចិត្ត និងអណ្ដាតរបស់ពួកគេ គឺស្អាតស្អំចំពោះសហការី(សហាហ្ពាត់)របស់អ្នកនាំសាររបស់អល់ឡោះ (សូមសន្តិភាពកើតមានដល់លោក)។ ហើយពួកគេយល់ឃើញថា មេដឹកនាំកំពូលអ៊ីស្លាម(ខលីហ្វះ)បន្ទាប់ពីអ្នកនាំសាររបស់អល់ឡោះ (សូមសន្តិភាពកើតមានដល់លោក) គឺ អាពូហ្ពាកើរ។ បន្ទាប់មក អ៊ូមើរ។ បន្ទាប់មក អ៊ូស្មាន និងបន្ទាប់មកទៀត គឺអាលី (សូមអល់ឡោះសព្វព្រះទ័យចំពោះពួកគាត់) ។
ទីបី៖ មានក្តីស្រឡាញ់ចំពោះក្រុមគ្រួសារអ្នកនាំសាររបស់អល់ឡោះ (សូមសន្តិភាពកើតមានដល់លោក) និងផ្ដល់ភក្ដីភាពចំពោះពួកគេ។ ក្រុមគ្រួសារអ្នកនាំសាររបស់អល់ឡោះ (សូមសន្តិភាពកើតមានដល់លោក) គឺសំដៅជាពិសេសទៅលើអ្នកដែលសាងទង្វើកុសលក្នុងចំណោមពួកគេ។
ទីបួន៖ មិនត្រូវបះបោរប្រឆាំងនឹងមេដឹកនាំ និងថ្នាក់ដឹកនាំឡើយ ទោះបីជាពួកគេប្រព្រឹត្តអយុត្តិធម៌ក៏ដោយ និងបួងសួងឲ្យថ្នាក់ដឹកនាំទទួលបាននូវសេចក្តីល្អ និងភាពសុខសាន្ត។ ហើយមិនបួងសួងដាក់បណ្តាសាថ្នាក់ដឹកនាំឡើយ។ ហើយការគោរពតាមថ្នាក់ដឹកនាំ គឺជាកាតព្វកិច្ចមួយនៃការគោរពប្រតិបត្តិតាមអល់ឡោះ ដរាបណាមេដឹកនាំនោះមិនបង្គាប់ឲ្យប្រព្រឹត្តអំពើល្មើស(ចំពោះអល់ឡោះ)។ តែប្រសិនបើថ្នាក់ដឹកនាំបង្គាប់ឲ្យប្រព្រឹត្តនូវប្រការណាមួយដែលជាអំពើល្មើស(ចំពោះអល់ឡោះ) គឺមិនត្រូវស្តាប់បង្គាប់ពួកគេក្នុងរឿងនោះឡើយ។ ប៉ុន្តែការគោរពតាមថ្នាក់ដឹកនាំចំពោះប្រការល្អ(ដែលមិនផ្ទុយនឹងច្បាប់អ៊ីស្លាម) គឺនៅតែជាកាតព្វកិច្ចនៅក្នុងរឿងផ្សេងទៀត។
ទីប្រាំ៖ ជឿជាក់ចំពោះបារមី(ការ៉ម៉ាត់)របស់បណ្តាអ្នកដែលមានជំនឿស្មោះត្រង់ចំពោះអល់ឡោះ(វ៉ើលីអល់ឡោះ)។ បារមី ឬការ៉ម៉ាត់ គឺជាអ្វីដែលកើតឡើងខុសពីធម្មតា(អស្ចារ្យលើសពីសមត្ថភាពមនុស្សទូទៅ) ដែលអល់ឡោះទ្រង់បណ្តាលឲ្យកើតមានឡើងតាមរយៈពួកគេ។
ទីប្រាំមួយ៖ ពួកគេមិនវិនិច្ឆ័យចំពោះអ្នកដែលសឡាតបែរទៅរកគិបឡាត់(អ្នកមូស្លីម)ថាជាអ្នកគ្មានជំនឿ(កាហ្វៀរ)ដោយសារអំពើល្មើស និងបាបកម្មធំៗដែលអ្នកទាំងនោះប្រព្រឹត្ត ដូចដែលក្រុម ខវ៉ារិច្ច ធ្វើនោះឡើយ។ ផ្ទុយទៅវិញ ភាពជាបងប្អូនរួមជំនឿនៅតែមានជានិច្ច ទោះបីជាអ្នកទាំងនោះប្រព្រឹត្តអំពើល្មើសក៏ដោយ។ ហើយពួកគេចាត់ទុកអ្នកដែលប្រព្រឹត្តអំពើល្មើសទាំងនោះថា ជននោះជាអ្នកដែលមានជំនឿដោយសារតែសេចក្តីជំនឿរបស់គេ តែជាជនទុច្ចរិត(ហ្វាស៊ិក)ដោយសារតែអំពើបាបធំៗរបស់គេ។
ផ្នែកទីពីរ ក្បួនច្បាប់ទាក់ទងនឹងការគោរពសក្ការៈ(អ៊ីហ្ពាហ្ទាត់)
ជំពូកទីមួយ ការជម្រះសម្អាត
ការជម្រះសម្អាតតាមន័យភាសា៖ គឺសំដៅលើភាពស្អាតបាត និងការកម្ចាត់ចោលនូវរាល់ភាពកខ្វក់ទាំងឡាយ មិនថាជាភាពកខ្វក់រូបី(មើលឃើញនឹងភ្នែក) ឬភាពកខ្វក់អរូបី(ផ្លូវចិត្ត/ជំនឿ)។
ចំណែកឯតាមន័យសាសនាវិញ៖ គឺជាការបំបាត់នូវភាពកខ្វក់អរូបីលើរាងកាយ(ហាហ្ទាស) និងជម្រះនូវភាពកខ្វក់(ណាជិស)។ ហើយការជម្រះសម្អាត គឺជាកូនសោនៃសឡាត។ អាស្រ័យហេតុនេះ ការសិក្សាអំពីការជម្រះសម្អាត គឺជាកិច្ចការសាសនាដ៏សំខាន់បំផុតមួយដែលចាំបាច់លើជនមូស្លីមគ្រប់រូបត្រូវសិក្សា និងយកចិត្តទុកដាក់។
ទីមួយ៖ ប្រភេទទឹក
១. ទឹកស្អាត៖ គឺអាចយកមកធ្វើការជម្រះសម្អាតអ្វីផ្សេងបាន ទោះបីជាវានៅរក្សាភាពដើម(លក្ខណៈធម្មជាតិ)របស់វា ដូចជាទឹកភ្លៀង ឬទឹកទន្លេ ឬទឹកសមុទ្រ ឬក៏វាត្រូវបានលាយឡំជាមួយនឹងវត្ថុស្អាតដទៃទៀតដែលមិនលប់លើលក្ខណៈនៃទឹកនោះ និងមិនធ្វើឱ្យវាបាត់បង់ឈ្មោះជាទឹក។
២. ទឹកកខ្វក់៖ មិនអនុញ្ញាតឲ្យប្រើប្រាស់នោះឡើយ។ ដូចនេះ វាមិនអាចបំបាត់នូវភាពកខ្វក់អរូបីលើរាងកាយ(ហាហ្ទាស) ហើយក៏មិនអាចបំបាត់ភាពកខ្វក់(ណាជិស)នោះដែរ។ វាគឺជាទឹកដែលបានប្រែប្រួលពណ៌ ឬក្លិន ឬរសជាតិរបស់វាដោយសារធាតុកខ្វក់។
ទីពីរ៖ ភាពកខ្វក់(ណាជិស)
ភាពកខ្វក់(ណាជិស) គឺជាភាពកខ្វក់ស្មោគគ្រោកជាក់លាក់(ដែលកំណត់ដោយច្បាប់អ៊ីស្លាម) ដែលរារាំងមិនឲ្យប្រតិបត្តិសឡាត ដូចជា ទឹកនោម លាមក ឈាមជាដើម ហើយវាកើតមាននៅលើខ្លួនប្រាណ ទីកន្លែង និងនៅលើសម្លៀកបំពាក់។
ជាគោលការណ៍ អ្វីគ្រប់យ៉ាង គឺត្រូវបានអនុញ្ញាត(ហាឡាល់) និងមានភាពជ្រះស្អាត។ ដូចនេះ ជនណាដែលអះអាងថា វត្ថុណាមួយកខ្វក់ គឺចាំបាច់លើជននោះត្រូវមានភស្តុតាងបញ្ជាក់។ ចំពោះកំហាក ញើសរបស់មនុស្ស និងញើសរបស់សត្វលា ទាំងនេះមិនមែនជារបស់កខ្វក់ឡើយ។ ផ្ទុយទៅវិញ វាមានភាពជ្រះស្អាត ទោះបីជាវាជារបស់ដែលគគ្រិចក៏ដោយ។ គ្រប់របស់ដែលកខ្វក់(ណាជិស) សុទ្ធតែជារបស់ដែលស្មោកគ្រោក តែពុំមែនរាល់របស់ដែលស្មោកគ្រោក សុទ្ធតែជារបស់ដែលកខ្វក់នោះឡើយ។
ភាពកខ្វក់មានបីកម្រិត៖
ទីមួយ៖ ភាពកខ្វក់កម្រិតធ្ងន់
ដូចជា ភាពកខ្វក់នៃវត្ថុដែលឆ្កែបានលិទ្ធ។ វិធីសម្អាត គឺត្រូវលាងសម្អាតវាចំនួនប្រាំពីរដង ដោយនៅលើកទីមួយ ត្រូវលាងនឹងដី។
ទីពីរ៖ ភាពកខ្វក់កម្រិតស្រាល
ដូចជាទឹកនោមរបស់ទារកប្រុសដែលប្រឡាក់សម្លៀកបំពាក់ជាដើម។ វិធីសម្អាត គឺត្រូវប្រោះទឹកពីលើកន្លែងដែលប្រឡាក់នោះឱ្យសព្វ(ឱ្យជោក)ជាការស្រេច ដោយមិនចាំបាច់ធ្វើការដុសលាង ឬច្របាច់ពូតនោះឡើយ។
ទីបី៖ ភាពកខ្វក់កម្រិតមធ្យម
ដូចជា ទឹកនោម និងលាមកមនុស្ស ហើយនិងភាពកខ្វក់ភាគច្រើន នៅពេលដែលវាប្រឡាក់ទៅលើដី ឬសម្លៀកបំពាក់ជាដើម។ របៀបសម្អាត៖ ត្រូវបំបាត់របស់កខ្វក់នោះចេញ(ប្រសិនបើវាមានរូបរាងជាក់ស្ដែង) និងសម្អាតកន្លែងដែលប្រឡាក់នោះដោយទឹក ឬសារធាតុជម្រះសម្អាតផ្សេងទៀត។
ក្នុងចំណោមរបស់ដែលមានភស្តុតាងបញ្ជាក់ពីភាពកខ្វក់របស់វា៖
១. ទឹកនោម និងលាមកមនុស្ស។
២. ទឹករំអិល និងទឹកវ៉ាទី[៥] [៥] ទឹករំអិល៖ គឺជាសារធាតុរាវ គ្មានពណ៌ដែលចេញមកនៅពេលស្ទាបអង្អែល ឬគិតដល់ការរួមមេត្រី ឬមានបំណងចង់រួមមេត្រី ឬសម្លឹងមើលអ្វីដែលនាំឲ្យមានចំណង់ផ្លូវភេទ ឬក៏មូលហេតុផ្សេងៗទៀត។ វាចេញមកក្នុងទម្រង់ជាដំណក់ៗ ហើយជួនកាលអាចនឹងមិនមានអារម្មណ៍ដឹងពីការចេញរបស់វាឡើយ។ ទឹកវ៉ាទី៖ គឺជាសារធាតុខាប់ៗ មានពណ៌ស ដែលចេញមកតាមពីក្រោយទឹកនោម ឬនៅពេលលើករបស់ធ្ងន់។
៣. លាមកសត្វដែលគេមិនបរិភោគសាច់
៤. ឈាមរដូវ និងឈាមឆ្លងទន្លេ
៥. ទឹកមាត់ឆ្កែ
៦. សាកសពស្លាប់តៃហោង លើកលែងតែ៖
ក. ខ្មោចមនុស្ស
ខ. ខ្មោចត្រី និងកណ្ដូប
គ. ខ្មោចសត្វដែលគ្មានឈាម ដូចជា សត្វរុយ ស្រមោច និងឃ្មុំជាដើម។
ឃ. ឆ្អឹង ស្នែង ក្រចក រោម និងរោមស្លាបសត្វងាប់
របៀបសម្អាតប្រការកខ្វក់(ណាជីស)គឺ៖
១. ដោយប្រើទឹក ហើយវាគឺជាសារធាតុដើមក្នុងការជម្រះសម្អាតភាពកខ្វក់។ ហេតុនេះ មិនត្រូវប្រើរបស់ផ្សេងនោះឡើយ(ប្រសិនបើមានទឹក)។
២. អ្វីដែលច្បាប់អ៊ីស្លាមបានកំណត់នូវវិធីសាស្ត្រសម្រាប់សម្អាតសារធាតុកខ្វក់ ឬវត្ថុដែលប្រឡាក់សារធាតុកខ្វក់នោះ៖
ក. ចំពោះស្បែកសត្វងាប់ ត្រូវធ្វើការសម្អាតដោយការសម្លាប់ស្បែក(ស្មាក់)។
ខ. ចំពោះសម្ភារៈប្រើប្រាស់ដែលត្រូវឆ្កែលិទ្ធ គឺត្រូវលាងវាចំនួនប្រាំពីរដង ដោយនៅលើកទីមួយត្រូវលាងនឹងដី។
គ. ចំពោះសម្លៀកបំពាក់ដែលប្រឡាក់ឈាមរដូវ គឺត្រូវកោសកំណកឈាមនោះចេញ។ បន្ទាប់មក បោកទឹកលាងជម្រះ និងពូតវាឱ្យស្អាត។ ប្រសិនបើនៅសល់ស្នាមឈាមបន្ទាប់ពីនោះ ក៏មិនជាអ្វីដែរ។
ឃ. ចំពោះជាយសម្លៀកបំពាក់ស្ត្រីដែលដើរអូសប្រឡាក់ដីកខ្វក់ គឺត្រូវដើរនៅកន្លែងដែលមានដីស្អាតវិញ។
ង. ចំពោះសម្លៀកបំពាក់ដែលប្រឡាក់ទឹកនោមទារក(កូនប្រុស)ដែលបំបៅដោះម្តាយតែមួយមុខគត់ គឺត្រូវប្រោះទឹកនៅកន្លែងដែលប្រឡាក់នោះ ប៉ុន្តែត្រូវបោកសម្អាត ប្រសិនបើប្រឡាក់ទឹកនោមទារិកា(កូនស្រី)។
ច. ចំពោះសម្លៀកបំពាក់ដែលប្រឡាក់ទឹករំអិល គឺត្រូវប្រោះទឹកនៅលើកន្លែងដែលប្រឡាក់។
ឆ. ចំពោះបាតស្បែកជើងដែលប្រឡាក់ គឺត្រូវត្រដុសវាទៅនឹងដីស្អាត។
ជ. ចំណែកឯការសម្អាតដីដែលប្រឡាក់របស់កខ្វក់ គឺត្រូវចាក់ទឹកមួយធុងពីលើកន្លែងនោះ ឬទុកវាចោលរហូតដល់របស់កខ្វក់នោះស្ងួតដោយសារកម្ដៅថ្ងៃ ឬខ្យល់។ នៅពេលដែលស្លាកស្នាមនៃប្រការកខ្វក់បានបាត់អស់ គឺដីនោះក្លាយជាជ្រះស្អាតវិញហើយ។
ទីបី៖ ប្រការដែលគេហាមឃាត់ចំពោះអ្នកដែលមានភាពកខ្វក់អរូបីលើរាងកាយ(ហាហ្ទាស)
គឺជាប្រការទាំងឡាយដែលគេហាមឃាត់ចំពោះអ្នកដែលមានភាពកខ្វក់អរូបីលើរាងកាយ(ហាហ្ទាស)មិនឲ្យធ្វើ ទាំងភាពកខ្វក់អរូបីកម្រិតស្រាល(ហាហ្ទាសតូច) ទាំងភាពកខ្វក់អរូបីកម្រិតធ្ងន់(ហាហ្ទាសធំ)៖
១. សឡាតកាតព្វកិច្ច(ហ្វើរទូ) ឬសឡាតស្ម័គ្រចិត្ត(ស៊ូណិត) ដូចដែលមានក្នុងសេចក្តីរាយការណ៍អំពី អ៊ិពនូអ៊ូមើរ (សូមអល់ឡោះសព្វព្រះទ័យចំពោះគាត់) ពិតណាស់ ព្យាការី (សូមសន្តិភាពកើតមានដល់លោក) លោកបានមានប្រសាសន៍ថា៖ “អល់ឡោះជាម្ចាស់មិនទទួលយកការសឡាតដោយគ្មានភាពជ្រះស្អាតឡើយ”។ [៦] [៦] រាយការណ៍ដោយ មូស្លីម:២២៤
២. ប៉ះគម្ពីរគួរអាន ដូចដែលមានចែងក្នុងលិខិតដែលអ្នកនាំសាររបស់អល់ឡោះ (សូមសន្តិភាពកើតមានដល់លោក) ផ្ញើទៅកាន់លោក អាំរូ កូន ហាហ្សាំ ដោយនៅក្នុងនោះ លោកបានមានប្រសាសន៍ថា៖ «គ្មានអ្នកណាអាចប៉ះគម្ពីរគួរអានបានឡើយ លើកលែងតែអ្នកដែលស្អាតស្អំប៉ុណ្ណោះ»។ [៧] [៧] រាយការណ៍ដោយ ម៉ាលិក នៅក្នុងសៀវភៅមូវ៉ាត់តក់ លេខ៦៨០ និង ២១៩, អាត់ទើរីមី:៣១២, អាប់ទុលរ៉ហ្សាក នៅក្នុងសៀវភៅមុសណាហ្វរបស់គាត់ លេខ១៣២៨ ហើយអ៊ីម៉ាំអាល់ហ្ពានីបានបញ្ជាក់ថា ជាហាទីស្ហសហេស នៅក្នុងសៀវភៅ អៀរវ៉ាក អាល់ហ្គលីល លេខ១២២។
៣. ដើប្រទក្សិណ(តវ៉ាហ្វ)ជុំវិញកាក់ហ្ពះ ដោយយោងតាមប្រសាសន៍របស់ព្យាការី (សូមសន្តិភាពកើតមានដល់លោក) ថា៖ «ការដើរប្រទក្សិណ(តវ៉ាហ្វ)ជុំវិញកាក់ហ្ពះ គឺជាការសឡាត គ្រាន់តែអល់ឡោះអនុញ្ញាតឱ្យនិយាយស្តីក្នុងពេលនោះបាន»។ [៨] ជាការពិតណាស់ ព្យាការី (សូមសន្តិភាពកើតមានដល់លោក) លោកបានយកវូហ្ទុសម្រាប់ធ្វើការប្រទក្សិណជុំវិញកាក់ហ្ពះនេះ។ មានភស្តុតាងត្រឹមត្រូវពីព្យាការី (សូមសន្តិភាពកើតមានដល់លោក) ថា ជាការពិតណាស់ លោកបានហាមឃាត់ស្ត្រីមករដូវមិនឱ្យដើរប្រទក្សិណជុំវិញកាក់ហ្ពះឡើយ លុះត្រាតែនាងបានជ្រះស្អាត។ [៨] រាយការណ៍ដោយ អាន់ណាសាអ៊ី:១២៨០៨, អះម៉ាត់:១៥៤២៣ ហើយអ៊ីម៉ាំអាល់ហ្ពានីបានបញ្ជាក់ថា ជាហាទីស្ហសហេស នៅក្នុងសៀវភៅ អៀរវ៉ាក អាល់ហ្គលីល:១២១។
ចំណែកឯប្រការដែលគេហាមឃាត់ដោយឡែកតែចំពោះអ្នកដែលមានភាពកខ្វក់អរូបីលើរាងកាយកម្រិតធ្ងន់(ហាហ្ទាសធំ) មានដូចជា៖
១. សូត្រគម្ពីរគួរអាន ដោយយោងតាមហាទីស្ហអាលី (សូមអល់ឡោះសព្វព្រះទ័យចំពោះគាត់) ថា៖ គ្មានអ្វីដែលរារាំងលោក(ព្យាការីមូហាំម៉ាត់)ពីគម្ពីរគួរអានឡើយ លើកលែងតែការមានជូនុបប៉ុណ្ណោះ។ [៩] [៩] រាយការណ៍ដោយ អ៊ិពនូម៉ាហ្ជះ:៥៩៤, អ៊ិពនូហ៊ិបហ្ពាន:៧៩៩ ហើយអ៊ីម៉ាំអាល់ហ្ពានីបានបញ្ជាក់ថា ជាហាទីស្ហទអ៊ីហ្វ នៅក្នុងសៀវភៅ ទអ៊ីហ្វស៊ូណាន់ អាត់តៀរមីហ្ស៊ី:១៤៦
២. ស្ថិតក្នុងម៉ាស្ជិតដោយគ្មានវូហ្ទុ យោងតាមបន្ទូលរបស់អល់ឡោះជាម្ចាស់ដែលទ្រង់បានមានបន្ទូលថា៖ “ឱបណ្ដាអ្នកដែលមានជំនឿ! ចូរពួកអ្នកកុំប្រតិបត្តិសឡាតខណៈពេលដែលពួកអ្នកស្រវឹង រហូតទាល់តែពួកអ្នកដឹងនូវអ្វីដែលពួកអ្នកកំពុងនិយាយ ហើយកុំសឡាត(និងកុំចូលម៉ាស្ជិត)ក្នុងពេលដែលពួកអ្នកមានជូនុប លើកលែងតែការដើរកាត់ប៉ុណ្ណោះ រហូតទាល់តែពួកអ្នកងូតទឹកសម្អាតខ្លួនសិន...”។ [គម្ពីរគួរអាន ៤:៤៣]
ប្រសិនបើអ្នកដែលមានភាពកខ្វក់អរូបីលើរាងកាយកម្រិតធ្ងន់(ហាហ្ទាសធំ)បានយកវូហ្ទុ គឺគេអនុញ្ញាតឱ្យជនស្នាក់នៅក្នុងម៉ាស្ជិតបាន។ ម្យ៉ាងទៀត គេក៏អនុញ្ញាតឱ្យអ្នកដែលមានភាពកខ្វក់អរូបីលើរាងកាយកម្រិតធ្ងន់ដើរឆ្លងកាត់ម៉ាស្ជិតដោយមិនអង្គុយនៅក្នុងនោះបាន។
ទីបួន៖ សុជីវធម៌នៃការបន្ទោបង់
ប្រការដែលគប្បីធ្វើ(ស៊ូណិត)នៅពេលបន្ទោបង់៖
១. ចាកឆ្ងាយ និងបិទបាំងខ្លួនប្រាណពីក្រសែភ្នែកមនុស្ស
២. នៅពេលឈានជើងចូលកន្លែងបន្ទោបង់ ត្រូវសូត្រថា៖ اللَّهُمَّ إِنِّي أَعُوذُ بِكَ مِنَ الْخُبْثِ وَالْخَبَائِثِ មានន័យថា៖ “ឱអល់ឡោះជាម្ចាស់! ខ្ញុំសុំពីទ្រង់បញ្ចៀសរូបខ្ញុំពីអំពើអាក្រក់នៃបណ្តាស្ហៃតនប្រុស និងស្ហៃតនស្រី”។ [១០] [១០] រាយការណ៍ដោយ អាល់ពូខរី:១៤២, មូស្លីម:១២២
នៅពេលបន្ទោបង់ ចាំបាច់ត្រូវ៖
១. ជៀសវាងពីការប្រឡាក់ទឹកនោម
២. បិតបាំងរាងកាយ(អាវរ៉ាត់)
ប្រការដែលគេហាមឃាត់នៅពេលបន្ទោបង់មានដូចជា៖
១. បែរមុខ ឬបែរខ្នងទៅកាន់ទិសគិបឡាត់
២. បន្ទោបង់នៅតាមដងផ្លូវ និងទីសាធារណៈ
៣. បត់ជើងតូចក្នុងកន្លែងដែលទឹកមិនហូរ
ប្រការដែលមិនគួរធ្វើក្នុងពេលបន្ទោបង់៖
១. ប៉ះប្រដាប់ភេទដោយដៃស្តាំ
២. សម្អាតបន្ទាប់ពីបន្ទោបង់រួចដោយដៃស្ដាំ។
៣. មិនគប្បីនិយាយគ្នានៅពេលកំពុងបន្ទោបង់ឡើយ ជាពិសេសគឺការរលឹកដល់អល់ឡោះជាម្ចាស់(ហ្ស៊ីកៀរ)។
ទីប្រាំ៖ ក្បួនច្បាប់នៃការសម្អាតក្រោយបន្ទោបង់រួចដោយប្រើទឹក និងដោយមិនប្រើទឹក
គេអាចសម្អាតភាពកខ្វក់ក្រោយបន្ទោបង់រួចដោយប្រើទឹក
ឬដោយមិនប្រើទឹក ដូចជាប្រើដុំថ្ម និងក្រដាសអនាម័យ(កិត)។
លក្ខខណ្ឌនៃវត្ថុដែលប្រើសម្រាប់កិត
១. ត្រូវតែជារបស់ដែលគេអនុញ្ញាត(មូហ្ពាស)។
២. ត្រូវមានភាពជ្រះស្អាត
៣. មានភាពស្អាតបាត
៤. មិនមែនជាឆ្អឹង ឬលាមក
៥. មិនត្រូវធ្វើឡើងជាមួយនឹងវត្ថុដែលគេគោរព ដូចជាសន្លឹកក្រដាសដែលមានព្រះនាមអល់ឡោះជាម្ចាស់នៅក្នុងនោះ។
គេអនុញ្ញាតឲ្យសម្អាតដោយប្រើត្រឹមការកិត(មិនប្រើទឹកសោះ) តែត្រូវមានលក្ខខណ្ឌពីរ៖
១. អ្វីដែលចេញមកមិនរាលដាលហួសពីកន្លែងធម្មតា
២. ត្រូវកិតដោយប្រើដុំថ្មចាប់ពីបីដុំឡើងទៅដែលអាចសម្អាតបានស្អាតល្អ។
ទីប្រាំមួយ៖ ក្បួនច្បាប់ទាក់ទងនឹងការយកវូហ្ទុ
ចាំបាច់ត្រូវយកទឹកវូហ្ទុសម្រាប់កិច្ចសក្ការៈ(អ៊ីហ្ពាហ្ទាត់)ចំនួនបី៖
១. ការសឡាត ទោះបីជាសឡាតដែលជាកាតព្វកិច្ច(ហ្វើរទូ) ឬសឡាតស្ម័គ្រចិត្ត(ស៊ូណិត)
២. ប៉ះគម្ពីរគួរអាន
៣. ប្រទក្សិណ(តវ៉ាហ្វ)ជុំវិញកាក់ហ្ពះ
លក្ខខណ្ឌនៃវូហ្ទុ
១. អ៊ីស្លាម
២. មានសតិបញ្ញា
៣. ចេះដឹងខុសត្រូវ
៤. ចេតនា(នៀត)៖ ចេតនា ឬនៀតគឺនៅក្នុងចិត្ត ហើយការបញ្ចេញសំឡេង គឺជាប្រការដែលគេបង្កើតថ្មី(ពិទអះ)។ រាល់បុគ្គលដែលមានបំណងចង់យកវូហ្ទុ នោះបានន័យថា គេបាននៀតហើយ។ ចំណែកឯការលាងសម្អាតអវយវៈដែលត្រូវយកវូហ្ទុក្នុងគោលបំណងធ្វើឲ្យត្រជាក់ ឬសម្អាតខ្លួនប្រាណ គឺមិនមែនជាវូហ្ទុឡើយ។
៥. បន្តចេតនាជម្រះសម្អាត(វូហ្ទុ)ដោយមិនផ្លាស់ប្តូរចិត្ត រហូតដល់ការជម្រះសម្អាតនោះបានចប់សព្វគ្រប់។
៦. ជ្រះស្រឡះពីប្រការដែលតម្រូវឲ្យចាំបាច់ត្រូវយកវូហ្ទុ លើកលែងតែអ្នកដែលមានបញ្ហាដើរខ្យល់ ឬហៀរទឹកនោមជាប់ជានិច្ច និងស្ត្រីដែលមានឈាមជំងឺ។
៧. ត្រូវសម្អាតឲ្យបានស្អាតជាមុនសិន(មិនថាដោយប្រើទឹក ឬដោយអ្វីផ្សេង) ចំពោះអ្នកដែលបានបត់ជើងតូច ឬបត់ជើងធំ។
៨. ទឹកដែលប្រើសម្រាប់យកវូហ្ទុនោះមានភាពជ្រះស្អាត និងជាទឹកដែលអាចប្រើបាន(មូហ្ពាស)។
៩. ជម្រះនូវអ្វីដែលរារាំងទឹកមិនឱ្យទៅដល់ស្បែក
១០. ចូលដល់ពេលវេលាសឡាត ចំពោះអ្នកដែលមានភាពកខ្វក់អរូបីលើរាងកាយ(ហាហ្ទាស)ជាប់ជានិច្ច។
កាតព្វកិច្ចនៃវូហ្ទុ
១. លាងមុខ រួមបញ្ចូលទាំងការខ្ពុរមាត់ បឺតទឹកចូលច្រមុះ ហើយបញ្ចេញមកវិញ
២. លាងដៃទាំងពីរ រហូតដល់កែងដៃ
៣. ជូតក្បាលទាំងមូល រូមនឹងស្លឹកត្រចៀកទាំងពីរ
៤. លាងជើងទាំងពីរ រហូតដល់ភ្នែកគោល
៥. លំដាប់លំដោយរវាងអវយវៈនៃវូហ្ទុ
៦. ប្រព្រឹត្តទៅបន្តបន្ទាប់គ្នា ពោលគឺមិនត្រូវទុកគម្លាតរយៈពេលយូររវាងអវយវៈនីមួយៗនោះឡើយ។
របៀបយកវូហ្ទុ
១. រំលឹកនាមអល់ឡោះ (សូត្រ بسم الله)
២. លាងប្រអប់ដៃទាំងពីរចំនួនបីដង
៣. លាងមុខចំនួនបីដង រួមបញ្ចូលទាំងការខ្ពុរមាត់ បឺតទឹកចូលច្រមុះ ហើយបញ្ចេញមកវិញ
៤. លាងដៃទាំងពីររហូតដល់កែងដៃចំនួនបីដង ដោយចាប់ផ្តើមពីដៃស្តាំមុន បន្ទាប់មក ដៃឆ្វេង។
៥. ជូតក្បាល រួមជាមួយនឹងស្លឹកត្រចៀកទាំងពីរ
៦. លាងជើងទាំងពីររហូតដល់ភ្នែកគោលចំនួនបីដង ដោយចាប់ផ្ដើមពីជើងស្ដាំ បន្ទាប់មក ជើងឆ្វេង។
ប្រការដែលនាំឲ្យខូចទឹកវូហ្ទុ
១. អ្វីដែលចេញពីផ្លូវទាំងពីរ(ទ្វារមុខ និងទ្វារក្រោយ) ដូចជា ទឹកនោម ផោម និងលាមក។
២. ចេញនូវសារធាតុកខ្វក់(ណាជិស)ច្រើនហួសប្រមាណពីរាងកាយ(ក្រៅពីតាមផ្លូវទាំងពីរ)។
៣. បាត់បង់សតិបញ្ញា ដោយការដេកលក់ ឬក្រៅពីនេះ។
៤. ប៉ះប្រដាប់ភេទ ឬរន្ធគូទដោយផ្ទាល់ដៃ(គ្មានអ្វីទ្រាប់)
៥. បរិភោគសាច់សត្វអដ្ឋ
៦. ចេញពីសាសនាអ៊ីស្លាម(មួរតាត់)។ សូមអល់ឡោះមេត្តាការពារពួកយើង និងអ្នកមូស្លីមទាំងឡាយឱ្យរួចផុតពីទង្វើបែបនេះផងចុះ។
ទីប្រាំពីរ៖ ក្បួនច្បាប់ទាក់ទងនឹងការជូតលើស្បែកជើងឃ្លុប និងស្រោមជើង
១. ស្បែកជើងឃ្លុប គឺជាអ្វីដែលគេពាក់ស្រោបលើប្រអប់ជើងទាំងពីរដែលត្រូវបានផលិតពីស្បែក និងវត្ថុធាតុផ្សេងៗទៀតដែលមានលក្ខណៈប្រហាក់ប្រហែលគ្នា។
២. ស្រោមជើង គឺជាអ្វីដែលគេពាក់ស្រោបលើប្រអប់ជើងទាំងពីរដែលត្រូវបានផលិតពីរោមចៀម ឬកប្បាស និងអ្វីផ្សេងៗទៀតជាដើម។
លក្ខខណ្ឌនៃការជូតលើស្បែកជើងឃ្លុប និងស្រោមជើង
១. ត្រូវពាក់វាបន្ទាប់ពីមានភាពជ្រះស្អាតពេញលេញ(យកវូហ្ទុរួច)។
២. បិទបាំងជើងទាំងពីរ រួមទាំងភ្នែកគោល
៣. ត្រូវមានភាពជ្រះស្អាត
៤. ត្រូវជូតក្នុងរយៈពេលដែលបានកំណត់
៥. អាចជូតបានសម្រាប់តែការយកវូហ្ទុប៉ុណ្ណោះ មិនសម្រាប់ការងូតទឹកឡើយ។
៦. ស្បែកជើងឃ្លុបឬស្រោមជើងនោះ ត្រូវតែជារបស់ដែលគេអនុញ្ញាត(ស្របច្បាប់)។ ដូចនេះ ប្រសិនបើវាជារបស់ដែលបានមកពីការលួច ឬក៏ជាក្រណាត់សូត្រ(ចំពោះបុរស) នោះមិនអនុញ្ញាតឲ្យជូតលើវាឡើយ ពីព្រោះរបស់ដែលត្រូវហាមឃាត់ មិនអាចធ្វើឱ្យការអនុគ្រោះ(ក្នុងសាសនា)ក្លាយជារឿងដែលគេអនុញ្ញាតបានឡើយ។
រយៈពេលនៃការជូត
មួយថ្ងៃមួយយប់សម្រាប់អ្នកមិនធ្វើដំណើរ និងបីថ្ងៃបីយប់អ្នកដែលធ្វើដំណើរ។
របៀបជូត
ត្រូវផ្សើមដៃនឹងទឹក រួចជូតលើផ្នែកខាងលើនៃស្រោមជើង ឬស្បែកជើងឃ្លុបពីម្រាមជើង រហូតដល់ស្មងជើង ចំនួនមួយដង។
ប្រការដែលនាំឲ្យខូចដល់ការជូត
១. ផុតរយៈពេលនៃការជូត
២. ដោះស្រោមជើង ឬស្បែកជើងឃ្លុបចេញ
៣. កើតមានភាពកខ្វក់អរូបីលើរាយកាយកម្រិតធ្ងន់(ហាហ្ទាសធំ)។
ច្បាប់នៃការជូតលើស្បែកជើងឃ្លុប
វាគឺជាការអនុគ្រោះមួយ ហើយការអនុវត្តវា គឺប្រសើរជាងការដោះស្បែកជើងឃ្លុបចេញរួចលាងជើង ព្រោះជាការទទួលយកការអនុគ្រោះរបស់អល់ឡោះ ជាការយកគំរូតាមព្យាការី (សូមសន្តិភាពកើតមានដល់លោក) និងជាការធ្វើផ្ទុយនឹងពួកដែលបង្កើតថ្មី(ពិទអះ)។
ការជូតលើប្រដាប់អបឆ្អឹង បង់រុំ និងស្កុតបិទរបួស
ប្រដាប់អបឆ្អឹង គឺជាឧបករណ៍ដែលដាក់អបនៅកន្លែងបាក់ឆ្អឹង ដូចជា ប៉ង់ស៊ីម៉ង់ត៍ ឬព្រួលជាដើម។
បង់រុំ គឺជាអ្វីដែលគេយកមករុំ ឬចងនៅពីលើមុខរបួស កន្លែងដែលមានស្នាមជាំ ឬរលាក ដែលធ្វើឡើងពីក្រណាត់ ឬវត្ថុធាតុផ្សេងៗដែលមានលក្ខណៈប្រហាក់ប្រហែល។
ស្កុតបិទរបួស គឺជាអ្វីដែលគេយកមកបិទពីលើដំបៅ ឬបូសដើម្បីព្យាបាល(ឲ្យឆាប់ជា)។
ច្បាប់នៃការជូតលើវា
ត្រូវបានអនុញ្ញាត(ឱ្យជូតពីលើបាន) ក្នុងករណីដែលមានភាពចាំបាច់ត្រូវរក្សាវាទុក(នៅលើរាងកាយ) ដោយមានលក្ខខណ្ឌថា វត្ថុដែលយកមកអប ឬរុំនោះ មិនត្រូវលើសហួសពីកន្លែងដែលចាំបាច់(នៃមុខរបួស)នោះឡើយ។
មិនត្រូវបានអនុញ្ញាត(ឱ្យបន្តការជូតលើវា)ឡើយ ប្រសិនបើភាពចាំបាច់ក្នុងការរក្សាវាទុកត្រូវបានបញ្ចប់(ដូចជាសះស្បើយ) ឬប្រសិនបើការដោះវាចេញមិនបង្កឱ្យមានភាពលំបាកខ្លាំង ឬមិនបង្កគ្រោះថ្នាក់អ្វី(ដល់មុខរបួស)ទេនោះ។
របៀបជូត
ត្រូវលាងសម្អាតផ្ទៃ(សាច់ដែលស្អាត)នៅជុំវិញរបួសនោះ ហើយជូតពីលើ(បង់រុំ)ឱ្យសព្វគ្រប់ជ្រុងទាំងអស់។ ហើយក៏មិនត្រូវជូតលើសពីទីតាំងត្រូវយកវូហ្ទុដែរ។
ទីប្រាំបី៖ ក្បួនច្បាប់នៃការតាយ៉ាំមុម
តាយ៉ាំមុម គឺជាការជូតមុខនិងប្រអប់ដៃទាំងពីរដោយដីស្អាតក្នុងគោលបំណងជម្រះខ្លួនតាមរបៀបជាក់លាក់។
ច្បាប់របស់វា
ចាំបាច់ត្រូវធ្វើការតាយ៉ាំមុមជំនួសការយកវូហ្ទុ និងការងូតទឹក នៅពេលដែលគ្មានទឹក ឬមិនអាចប្រើប្រាស់ទឹកបាន។
បុព្វហេតុនៃការបញ្ញត្តិឲ្យធ្វើតាយ៉ាំមុម
តាយ៉ាំមុម គឺជាលក្ខណៈពិសេសមួយរបស់ប្រជាជាតិមូហាំម៉ាត់ (សូមសន្តិភាពកើតមានដល់លោក) ។ តាយ៉ាំមុមនេះមិនត្រូវបានគេស្គាល់ចំពោះប្រជាជាតិមុនៗនោះឡើយ។ នេះជាការផ្តល់ភាពងាយស្រួលពីអល់ឡោះចំពោះប្រជាជាតិនេះ និងជាការប្រោសប្រទានមួយពីទ្រង់ចំពោះពួកគេ។
ករណីដែលច្បាប់បង្គាប់ឲ្យធ្វើតាយ៉ាំមុម
១. នៅពេលដែលគ្មានទឹក មិនថានៅនឹងកន្លែង ឬកំពុងធ្វើដំណើរ ទោះជាស្វែងរកទឹកយ៉ាងណា ក៏រកមិនបាន។
២. ប្រសិនបើគេមានទឹកដែលត្រូវការសម្រាប់ផឹក ឬដាំស្ល ហើយប្រសិនបើគេយកទឹកនោះមកធ្វើការជម្រះសម្អាត វានឹងបង្កផលប៉ះពាល់ដល់តម្រូវការចាំបាច់របស់គេ(ដោយបារម្ភខ្លាចមានការស្រេកឃ្លានដល់ខ្លួនឯង ឬដល់អ្នកដទៃ មិនថាជាមនុស្ស ឬសត្វពាហនៈដែលច្បាប់សាសនាការពារ។
៣. ប្រសិនបើគេខ្លាចថា ការប្រើប្រាស់ទឹកនឹងបង្កគ្រោះថ្នាក់ដល់រាងកាយរបស់ខ្លួន ដោយសារតែជំងឺ ឬធ្វើឱ្យការជាសះស្បើយយឺតយ៉ាវ។
៤. ក្នុងពេលដែលគេមិនអាចប្រើប្រាស់ទឹកបានដោយសារជំងឺដែលធ្វើឲ្យគេមិនអាចកម្រើកខ្លួនបានគ្មានអ្នកជួយយកវូហ្ទុឲ្យ ហើយខ្លាចផុតពេលសឡាត។
៥. ប្រសិនបើខ្លាចត្រជាក់នៅពេលប្រើប្រាស់ទឹក ហើយមិនអាចរកអ្វីមកកម្តៅទឹកនោះបាន គឺអាចធ្វើតាយ៉ាំមុម ហើយប្រតិបត្តិសឡាត។
របៀបតាយ៉ាំមុម
លាបាតដៃទាំងពីរ រួចទះទៅនឹងដី។ បន្ទាប់មក យកបាតម្រាមដៃមកជូតលើផ្ទៃមុខ។ បន្ទាប់មកទៀត យកផ្ទៃបាតដៃមកជូតខ្នងដៃទាំងពីរ។ ត្រូវជូតឱ្យសព្វផ្ទៃមុខ និងប្រអប់ដៃទាំងសងខាង។
ប្រការដែលនាំឲ្យខូចតាយ៉ាំមុម
១. មានទឹកឡើងវិញ ប្រសិនបើការតាយុំាមុមនោះធ្វើឡើងដោយសារតែគ្មានទឹក ឬមានលទ្ធភាពប្រើប្រាស់ទឹកឡើងវិញ ប្រសិនបើការតាយ៉ាំមុមនោះដោយសារតែមិនអាចប្រើប្រាស់ទឹកបាន។
២. តាយ៉ាំមុមត្រូវខូចដោយសារប្រការណាមួយក្នុងចំណោមប្រការដែលនាំឲ្យខូចទឹកវូហ្ទុ ឬដោយសារប្រការណាមួយដែលចាំបាច់ត្រូវងូតទឹក ដូចជាការមានជូនុប ការមករដូវ និងការធ្លាក់ឈាមក្រោយសម្រាលកូន។
ច្បាប់បញ្ញត្តិចំពោះអ្នកដែលមិនអាចប្រើប្រាស់ទឹក និងធ្វើតាយ៉ាំមុមបាន
អ្នកដែលគ្មានទឹក និងដី ឬស្ថិតក្នុងស្ថានភាពដែលមិនអាចឲ្យទឹក ឬដីប៉ះនឹងស្បែកបាន គឺគេត្រូវសឡាតទៅតាមស្ថានភាពរបស់គេ ដោយមិនចាំបាច់យកវូហ្ទុ និងមិនចាំបាច់ធ្វើតាយ៉ាំមុមឡើយ ពីព្រោះអល់ឡោះជាម្ចាស់ទ្រង់មិនដាក់បន្ទុកលើបុគ្គលណាម្នាក់ហួសពីលទ្ធភាពដែលគេមានឡើយ។ ហើយទោះបីជាក្រោយមក គេបានរកឃើញទឹកនិងដី ឬក៏អាចប្រើប្រាស់វាទាំងពីរបានវិញហើយក៏ដោយ ក៏មិនតម្រូវឱ្យរូបគេប្រតិបត្តិសឡាតដែលបានធ្វើរួចហើយនោះឡើងវិញដែរ ព្រោះរូបគេបានបំពេញនូវអ្វីដែលច្បាប់បានបង្គាប់បញ្ជារួចហើយ ដោយយោងតាមបន្ទូលរបស់អល់ឡោះជាម្ចាស់ដែលទ្រង់បានមានបន្ទូលថា៖ “ចូរពួកអ្នកកោតខ្លាចអល់ឡោះតាមលទ្ធភាពរបស់ពួកអ្នក”។ [គម្ពីរគួរអាន ៦៤:១៦] និងប្រសាសន៍របស់ព្យាការី (សូមសន្តិភាពកើតមានដល់លោក) ថា៖ «នៅពេលដែលខ្ញុំបានបង្គាប់ពួកអ្នកនូវបទបញ្ជាណាមួយ ចូរពួកអ្នកធ្វើវាទៅតាមលទ្ធភាពរបស់ពួកអ្នក»។ [១១] [១១] រាយការណ៍ដោយ អាល់ពូខរី:៧២៨៨, មូស្លីម:៦០៦៦
ចំណុចសំខាន់៖ ប្រសិនបើគេធ្វើតាយ៉ាំមុមសម្រាប់ជូនុប ក្រោយមក គេរកទឹកបានវិញ គឺចាំបាច់ត្រូវងូតទឹក។
ទីប្រាំបួន៖ ក្បួនច្បាប់ទាក់ទងនឹងឈាមរដូវ និងឈាមឆ្លងទន្លេ
ទីមួយ៖ ឈាមរដូវ
គឺជាឈាមធម្មជាតិដែលហូរចេញពីផ្នែកខាងក្នុងនៃស្បូនស្ត្រីក្នុងពេលវេលាជាក់លាក់។ ជាទូទៅ ការមករដូវមានរយៈពេល ៦ថ្ងៃ ឬ ៧ថ្ងៃ ក្នុងមួយខែ ហើយវាអាចលើសនេះ ឬតិចជាងនេះ។ វដ្តរដូវរបស់ស្ត្រីអាចវែង ឬខ្លី អាស្រ័យទៅតាមធម្មជាតិដែលអល់ឡោះជាម្ចាស់បានបង្កើត។
ក្បួនច្បាប់សម្រាប់ស្ត្រីមានរដូវ
១. ស្ត្រីដែលមានរដូវ មិនត្រូវសឡាត និងបួសទេក្នុងអំឡុងពេលមករដូវ ហើយបើទោះជានាងប្រតិបត្តិវា ក៏មិនត្រឹមត្រូវដែរ។
២. ស្ត្រីមានរដូវត្រូវបួសសង តែមិនតម្រូវឲ្យសឡាតសងទេ នៅពេលនាងជ្រះស្អាត។
៣. ស្ត្រីដែលមានរដូវមិនត្រូវបានអនុញ្ញាតឱ្យដើរប្រទក្សិណ(តវ៉ាហ្វ)ជុំវិញកាក់ហ្ពះ មិនត្រូវសូត្រគម្ពីរគួរអាន និងមិនត្រូវអង្គុយនៅក្នុងម៉ាស្ជិតឡើយ។ ៤. មិនអនុញ្ញាតឲ្យស្វាមីរួមមេត្រីជាមួយភរិយាតាមទ្វារមាសឡើយ រហូតដល់អស់ឈាមរដូវ និងបានងូតទឹកសម្អាតខ្លួន។
៥. អនុញ្ញាតឲ្យស្វាមីទាញយកភាពរីករាយពីភរិយារបស់ខ្លួនដែលមករដូវក្រៅពីការរួមមេត្រីតាមទ្វារមាស ដូចជាការឱប ថើប ការស្ទាបអង្អែល និងផ្សេងៗទៀត។
៦. មិនអនុញ្ញាតឲ្យស្វាមីលែងលះភរិយារបស់ខ្លួនក្នុងអំឡុងពេលនាងមករដូវឡើយ។
ភាពជ្រះស្អាត គឺការដែលឈាមឈប់មក។ ដូច្នេះ នៅពេលដែលឈាមឈប់មក បានន័យថា ស្ត្រីនោះបានជ្រះស្អាត ហើយរយៈពេលនៃរដូវរបស់នាងបានបញ្ចប់។ ដូចនេះ ចាំបាច់លើនាងត្រូវងូតទឹកសម្អាតខ្លួន។ បន្ទាប់មក នាងអាចប្រតិបត្តិឡើងវិញនូវអ្វីដែលត្រូវបានហាមឃាត់ដោយសារតែការមករដូវ។
ប្រសិនបើស្ត្រីឃើញឈាមពណ៌ក្រហមស្រាល និងពណ៌ល្អក់ក្រោយពេលជ្រះស្អាត គឺមិនត្រូវចាត់ទុកជាឈាមរដូវឡើយ។
ទីពីរ៖ ឈាមឆ្លងទន្លេ
គឺជាឈាមដែលស្បូនបញ្ចេញមកនៅអំឡុងពេល និងក្រោយពេលសម្រាលកូន។ វាគឺជាសំណល់ឈាមដែលត្រូវបានរក្សាទុក(ក្នុងស្បូន)ក្នុងអំឡុងពេលនៃការពពោះ។
ឈាមឆ្លងទន្លេ គឺដូចជាឈាមរដូវដែរចំពោះអ្វីដែលត្រូវបានអនុញ្ញាត ដូចជាការស្វែងរកភាពរីករាយជាមួយនាងក្នុងកម្រិតក្រៅពីការរួមមេត្រី។
ចំពោះប្រការដែលត្រូវបានហាមឃាត់វិញនោះមានដូចជា ការរួមមេត្រីតាមទ្វារមាស និងហាមឃាត់ពីការបួស សឡាត ការលែងលះ ការដើរតវ៉ាហ្វ ការសូត្រគម្ពីរគូរអាន និងការស្នាក់នៅក្នុងម៉ាស្ជិត។ ចាំបាច់ត្រូវងូតទឹកសម្អាតកាយនៅពេលអស់ឈាម ដូចទៅនឹងស្ត្រីដែលមានរដូវដែរ។
ហើយស្ត្រីត្រូវបួសសងវិញ តែមិនតម្រូវឲ្យសឡាតសងនោះទេ ដូចទៅនឹងស្ត្រីដែលមានរដូវដែរ។
រយៈពេលយូរបំផុតនៃឈាមឆ្លងទន្លេ គឺសែសិបថ្ងៃ។ ដូចនេះ ប្រសិនបើឈាមឈប់មកមុនសែសិបថ្ងៃ នោះការមកឈាមឆ្លងទន្លេរបស់នាងបានបញ្ចប់ ហើយនាងត្រូវងូតទឹកសម្អាតខ្លួន ប្រតិបត្តិសឡាត និងអនុវត្តឡើងវិញនូវអ្វីដែលនាងត្រូវបានហាមឃាត់ដោយសារតែឈាមឆ្លងទន្លេនោះ។
ជំពូកទីពីរ សឡាត
ទីមួយ៖ ក្បួនច្បាប់នៃអាហ្សាន និងអ៊ីក៏ម៉ះ
អាហ្សាន ត្រូវបានបញ្ញត្តិឡើងនៅក្នុងឆ្នាំទីមួយនៃចំណាកស្រុករបស់ព្យាការីមូហាំម៉ាត់ (សូមសន្តិភាពកើតមានដល់លោក) ។ មូលហេតុនៃការបញ្ញត្តិបង្គាប់ឲ្យអាហ្សាន គឺដោយសារតែនៅពេលដែលបណ្តាសាវ័ក(សហាហ្ពាត់)មានការលំបាកក្នុងការដឹងពីពេលវេលាសឡាត ពួកគេក៏បានពិភាក្សាគ្នាដើម្បីកំណត់នូវសញ្ញាប្រាប់ដំណឹងណាមួយសម្រាប់ពេលវេលាទាំងនោះ។ អាប់ទុលឡោះ កូនប្រុសរបស់ ហ្សេទ (សូមអល់ឡោះសព្វព្រះទ័យចំពោះគាត់) បានយល់សប្តិឃើញការអាហ្សាននេះ ហើយវិវរណៈ(វ៉ាហ៊ី)បានបញ្ជាក់ទទួលស្គាល់នូវការយល់សប្តិនោះ។
អាហ្សាន គឺជាការប្រកាសឲ្យដឹងពីការចូលមកដល់នៃពេលវេលាសឡាត។ អ៊ីក៏ម៉ះ គឺជាការប្រកាសឲ្យដឹងពីការចាប់ផ្តើមសឡាត។
អាហ្សាន និងអ៊ីក៏ម៉ះ គឺជាកាតព្វកិច្ចសមូហភាព(ហ្វើរទូគីហ្វាយ៉ះ)ចំពោះក្រុមបុរសសម្រាប់ការសឡាតដែលជាកាតព្វកិច្ចទាំងប្រាំពេល។ ហើយអាហ្សាន និងអ៊ីក៏ម៉ះ គឺជាអត្តសញ្ញាណដ៏លេចធ្លោមួយរបស់សាសនាអ៊ីស្លាម។ ហេតុនេះ គេមិនអនុញ្ញាតឲ្យបោះបង់ចោលវានោះឡើយ។
លក្ខខណ្ឌនៃការអាហ្សាន
១. អ្នកអាហ្សានត្រូវជាបុរស
២. ត្រូវតែអាហ្សានតាមលំដាប់លំដោយ
៣. ត្រូវតែអាហ្សានជាបន្តបន្ទាប់គ្នា(មិនឲ្យដាច់គ្នា ឬឃ្លាតគ្នាយូរ)
៤. ត្រូវអាហ្សានបន្ទាប់ពីចូលដល់ពេលវេលាសឡាត ប៉ុន្តែត្រូវបានលើកលែងចំពោះអាហ្សានទីមួយនៃសឡាតស៊ូពុស និងអាហ្សានទីមួយនៃសឡាតជុមអាត់។
ប្រការគួរធ្វើ(ស៊ូណិត)នៃអាហ្សាន
១. យកម្រាមដៃញ៉ុកត្រចៀក
២. អាហ្សាននៅដើមម៉ោងសឡាត(នៅពេលដែលពេលវេលាសឡាតចូលមកដល់ភ្លាម)
៣. ងាកមុខទៅខាងស្តាំ និងទៅខាងឆ្វេង នៅនៅត្រង់ “حي على الصلاة” និង “حي على الفلاح”។
៤. អ្នកអាហ្សានជាអ្នកដែលមានសំឡេងពិរោះ
៥. ពោលពាក្យពេចន៍អាហ្សានមួយៗ ដោយមិនត្រូវបង្អូសសំឡេងវែងហួសហេតុ ឬបន្ទន់សំឡេងដែលនាំឱ្យខូចន័យ(ឬខុសក្បួនអក្ខរាវិរុទ្ធ)នោះឡើយ។
៦. ត្រូវឈប់(សម្រាកដកដង្ហើម)នៅចុងឃ្លានីមួយៗនៃអាហ្សាន
៧. តម្រង់ទៅកាន់គិបឡាត់នៅពេលអាហ្សាន។
ការអាហ្សានមានដប់ប្រាំឃ្លា ដូចដែលពីឡាល (សូមអល់ឡោះសព្វព្រះទ័យចំពោះគាត់) ធ្លាប់បានអាហ្សាននៅចំពោះមុខអ្នកនាំសាររបស់អល់ឡោះ (សូមសន្តិភាពកើតមានដល់លោក) ជានិច្ច។
ពាក្យពេចន៍អាហ្សាន៖
“اللهُ أكْبَرُ” (អល់ឡោះមហាធំ)៖ បួនដង
“أشهد أن لا إله إلا الله” (ខ្ញុំសូមធ្វើសាក្សីថា គ្មានព្រះជាម្ចាស់ឯណាដែលត្រូវគោរពសក្ការៈដ៏ពិតប្រាកដ ក្រៅពីអល់ឡោះ) ៖ ពីរដង។
“أشهد أن محمدًا رسول الله” (ខ្ញុំសូមធ្វើសាក្សីថា មូហាំម៉ាត់ គឺជាអ្នកនាំសាររបស់អល់ឡោះ)៖ ពីរដង។
“حي على الصلاة” (តស់! នាំគ្នាមកសឡាត)៖ ពីរដង
“حَيَّ عَلَى الْفَلَاحِ” (តស់! នាំគ្នាមកមកកាន់ភាពជោគជ័យ)៖ ពីរដង
បន្ទាប់មក ត្រូវសូត្រថា៖ «الله أكبر» ចំនួនពីរដង។
បន្ទាប់មក បិទបញ្ចប់ដោយ “لا إله إلا الله” (គ្មានព្រះជាម្ចាស់ឯណាដែលត្រូវគោរពសក្ការៈដ៏ពិតប្រាកដ ក្រៅពីអល់ឡោះ)៖ មួយដង។
ចំពោះអាហ្សានស៊ូពុស បន្ទាប់ពីពោលថា៖ «حَيَّ عَلَى الْفَلَاحِ» រួច ត្រូវបន្ថែមថា៖ «الصَّلَاةُ خَيْرٌ مِنَ النَّوْمِ» (សឡាតប្រសើរជាងដេក) ចំនួនពីរដង។ ពីព្រោះ វាគឺជាពេលវេលាដែលមនុស្សម្នាជាទូទៅនាំគ្នាសម្រាន្ត។
ចំណែកឯអ៊ីក៏ម៉ះវិញ គឺមានដប់មួយឃ្លា ដែលត្រូវពោលឱ្យបានលឿន (ញាប់)។ នេះក៏ព្រោះតែវាជាការផ្ដល់ដំណឹងដល់អ្នកដែលកំពុងមានវត្តមាន(នៅក្នុងវិហារស្រាប់)។ ដូច្នេះ វាមិនមានតម្រូវការក្នុងបង្អូសវែងៗ(ដូចអាហ្សាន)ឡើយ។
ចំពោះទម្រង់នៃអ៊ីក៏ម៉ះមានដូចខាងក្រោម៖
“اللهُ أكْبَرُ” ៖ ពីរដង
“أَشْهَدُ أَنْ لاَ إِلَهَ إِلاَّ الله” ៖ មួយដង។
“أشهد أن محمدًا رسول الله” ៖ មួយដង។
“حي على الصلاة” ៖ មួយដង។
“حَيَّ عَلَى الْفَلَاحِ” ៖ មួយដង។
“قد قامت الصلاة”៖ ពីរដង។
“اللهُ أكْبَرُ” ៖ ពីរដង។
“لا إله إلا الله” ៖ មួយដង។
ចំពោះអ្នកដែលបានឮសំឡេងអាហ្សាន គប្បីសូត្រដូចអ្វីដែលអ្នកអាហ្សានបានសូត្រ លើកលែងតែនៅត្រង់ឃ្លា “حي على الصلاة” និង “حي على الفلاح” ប៉ុណ្ណោះដែលគេត្រូវសូត្រថា៖ “لا حول ولا قوة إلا بالله” ។ បន្ទាប់មក ត្រូវសឡាវ៉ាតលើណាពី (សូមសន្តិភាពកើតមានដល់លោក) ។ បន្ទាប់មកទៀត សូត្រថា៖ »اللهمَّ رَبَّ هَذِهِ الدَّعْوَةِ التَّامَّةِ، وَالصَّلاةِ القَائِمَةِ، آتِ مُحَمَّدًا الوَسِيلَةَ وَالفَضِيلَةَ، وَابْعَثْهُ مَقَامًا مَحْمُودًا الَّذِي وَعَدْتَهُ، إِنَّكَ لَا تُخْلِفُ الْمِيعَادَ« «ឱអល់ឡោះជាម្ចាស់! ទ្រង់ជាព្រះជាម្ចាស់នៃការអាហ្សានដ៏ពេញលេញ និងសឡាតដែលគេបញ្ឈរឡើង។ សូមទ្រង់ផ្ដល់ឲ្យមូហាំម៉ាត់នូវតំណែងដ៏ខ្ពង់ខ្ពស់ និងពិសេសបំផុត ហើយសូមទ្រង់មេត្តាតែងតាំងលោកនៅទីកន្លែងដែលត្រូវគេកោតសរសើរដែលទ្រង់បានសន្យាចំពោះលោកផងចុះ។ ពិតប្រាកដណាស់ ទ្រង់មិនធ្វើខុសសន្យាឡើយ»។ [១២] [១២] សាសនវិទូអ៊ីស្លាម សៀខ អាប់ទុលអាហ្ស៊ីស ពិន ហ្ពាស (សូមអល់ឡោះប្រទាននូវក្តីមេត្តាករុណាដល់គាត់) បានលើកឡើងក្នុងសៀវភៅ “ម៉ាច្ចមួកហ្វាតាវ៉ា” របស់គាត់ (ភាគ២៩ ទំព័រ១៤១)ថា៖ អាល់ពៃហាគី បានកត់ត្រាបន្ថែមដោយមានខ្សែបណ្តាញអ្នករាយការណ៍ក្នុងកម្រិតល្អ (إسناد جيد) ពីជើពៀរ នូវឃ្លា “إنك لا تخلف الميعاد” (ពិតប្រាកដណាស់ ទ្រង់មិនធ្វើខុសសន្យាឡើយ) បន្ទាប់ពីពាក្យថា៖ “الذي وعدته” (ដែលទ្រង់បានសន្យាចំពោះលោកផងចុះ)។
ហើយសូត្រថា៖ «رَضِيتُ بِاللَّهِ رَبًّا، وَبِالْإِسْلَامِ دِينًا، وَبِمُحَمَّدٍ ﷺ نَبِيًّا» (ខ្ញុំពេញចិត្តទទួលយកអល់ឡោះធ្វើជាព្រះជាម្ចាស់ អ៊ីស្លាមធ្វើជាសាសនា ហើយមូហាំម៉ាត់ (សូមសន្តិភាពកើតមានដល់លោក) ជាព្យាការី)។ [១៣] [១៣] រាយការណ៍ដោយ អាត់តៀរមីហ្ស៊ី:២៦៣៥
ហាមឃាត់ចំពោះការចេញពីម៉ាស្ជិតបន្ទាប់ពីគេអាហ្សានរួចដោយគ្មានភាពចាំបាច់ ឬមានបំណងត្រឡប់មកវិញ។
ក្នុងករណីមានការផ្តុំសឡាត(ជម៉ក់) គឺគេអាហ្សានតែមួយដងប៉ុណ្ណោះ និងអ៊ីក៏ម៉ះពីរដង។
ទីពីរ៖ ឋានៈ និងឧត្តមភាពនៃសឡាត
សឡាត ឬការថ្វាយបង្គំ គឺជាគោលគ្រឹះដ៏សំខាន់បំផុតនៃសាសនាអ៊ីស្លាមបន្ទាប់ពីពាក្យសក្ខីកម្ម(ស្ហាហាហ្ទះ)ទាំងពីរ ហើយក៏មានឋានៈដ៏ពិសេសផងដែរ ដោយអល់ឡោះជាម្ចាស់ទ្រង់បានដាក់កាតព្វកិច្ចនេះលើអ្នកនាំសាររបស់ទ្រង់ (សូមសន្តិភាពកើតមានដល់លោក) នៅក្នុងយប់មៀករ៉ច នៅឯលើមេឃ។ នេះជាភស្តុតាងបញ្ជាក់យ៉ាងច្បាស់ពីភាពធំធេង ភាពចាំបាច់ និងឋានៈរបស់វានៅចំពោះអល់ឡោះជាម្ចាស់។
ជាការពិតណាស់ មានហាទីស្ហជាច្រើនដែលបានលើកឡើងពីឧត្តមភាព និងភាពជាកាតព្វកិច្ចនៃសឡាតលើបុគ្គលម្នាក់ៗ។ ភាពជាកាតព្វកិច្ចនៃសឡាត គឺជាចំណេះដឹងមូលដ្ឋានគ្រឹះនៅក្នុងសាសនាអ៊ីស្លាម។
ក្នុងចំណោមភស្តុតាងដែលបញ្ជាក់អំពីភាពជាកាតព្វកិច្ចនៃសឡាត និងការសង្កត់ធ្ងន់ចំពោះកាតព្វកិច្ចសឡាតនេះ គឺមានច្រើន ទាំងនៅក្នុងគម្ពីរគួរអាន និងស៊ុណ្ណះ ក្នុងនោះមានដូចជា៖
១. បន្ទូលរបស់អល់ឡោះជាម្ចាស់ដែលទ្រង់បានមានបន្ទូលថា៖ “ពិតប្រាកដណាស់ សឡាត គឺជាកាតព្វកិច្ចមួយទៅលើបណ្ដាអ្នកមានជំនឿដោយមានពេលវេលាកំណត់ច្បាស់លាស់”។ [គម្ពីរគួរអាន ៤:១០៣] ពោលគឺ ត្រូវបានគេដាក់ជាកាតព្វកិច្ចនៅតាមពេលវេលាដែលអ្នកនាំសាររបស់អល់ឡោះ (សូមសន្តិភាពកើតមានដល់លោក) លោកបានបញ្ជាក់។
២. ទ្រង់បានមានបន្ទូលទៀតថា៖ “ហើយគេមិនបានប្រើពួកគេនោះឡើយ ក្រៅតែពីឲ្យពួកគេគោរពសក្ការៈចំពោះអល់ឡោះដោយស្មោះសចំពោះសាសនា(របស់ទ្រង់) និងចៀសវាងពីអំពើពហុទេវនិយម ព្រមទាំងប្រតិបត្ដិសឡាត...”។ [គម្ពីរគួរអាន ៩៨:៥]
៣. ទ្រង់បានមានបន្ទូលផងដែរថា៖ “ហើយប្រសិនបើពួកគេសារភាពកំហុស និងប្រតិបត្តិសឡាត ព្រមទាំងបានបរិច្ចាគហ្សាកាត់នោះ ពិតប្រាកដណាស់ ពួកគេគឺជាបងប្អូនរួមសាសនារបស់ពួកអ្នក...”។ [គម្ពីរគួរអាន ៩:១១]
៤. អំពី ជើពៀរ (សូមអល់ឡោះសព្វព្រះទ័យចំពោះគាត់) ពិតណាស់ អ្នកនាំសាររបស់ឡោះ (សូមសន្តិភាពកើតមានដល់លោក) លោកបានមានប្រសាសន៍ថា៖ “ភាពខុសគ្នារវាងអ្នកអ៊ីស្លាម និងអំពើពហុទេវនិយម ហើយនិងភាពគ្មានជំនឿ គឺការបោះបង់សឡាត”។ [១៤] [១៤] រាយការណ៍ដោយ មូស្លីម:៨២
៥. អំពី ពូរ៉យហ្ទះ (សូមអល់ឡោះសព្វព្រះទ័យចំពោះគាត់) បាននិយាយថា៖ អ្នកនាំសាររបស់អល់ឡោះ (សូមសន្តិភាពកើតមានដល់លោក) លោកបានមានប្រសាសន៍ថា៖ “ការបែងចែករវាងពួកយើងនិងពួកគេ គឺការសឡាត។ ហេតុនេះ ជនណាបោះបង់សឡាត គេពិតជាក្លាយជាអ្នកបោះបង់ជំនឿ(កាហ្វៀរ)”។ [១៥] [១៥] រាយការណ៍ដោយ អាត់តៀរមីហ្ស៊ី លេខ៖២៦៥ ហើយគាត់បាននិយាយថា៖ ជាហាទីស្ហហាសាន់ សហេស ហ្គរីប។ ហើយអ៊ីម៉ាំអាល់ហ្ពានី បានបញ្ជាក់ថាជាហាទីស្ហសហេស ក្នុងសៀវភៅ សហេស អាត់តើរហ្គីប វ៉ាត់តើរហ៊ីប។
សាសនវិទូអ៊ីស្លាមបានឯកភាពគ្នាថា អ្នកដែលបដិសេធនូវភាពជាកាតព្វកិច្ចនៃសឡាតនឹងក្លាយជាអ្នកដែលគ្មានជំនឿ(កាហ្វៀរ)។ ចំណែកឯអ្នកដែលបោះបង់សឡាតដោយខ្ជិលច្រអូស និងធ្វេសប្រហែសវិញ យោងតាមទស្សនៈដែលត្រឹមត្រូវបំផុតគឺ ក៏ក្លាយជាអ្នកដែលគ្មានជំនឿ(កាហ្វៀរ)ដែរ ដោយយោងទៅលើហាទីសត្រឹមត្រូវ(សហេស)ដែលបានរៀបរាប់កន្លងមក និងការឯកភាពគ្នារបស់សហការីរបស់ព្យាការី(សហាហ្ពាត់)លើបញ្ហានេះ។
ទីបី៖ លក្ខខណ្ឌនៃសឡាត
១. ចូលដល់ពេលវេលាសឡាត
យោងតាមបន្ទូលរបស់អល់ឡោះជាម្ចាស់ដែលទ្រង់បានមានបន្ទូលថា៖ “ពិតប្រាកដណាស់ សឡាត គឺជាកាតព្វកិច្ចមួយទៅលើបណ្ដាអ្នកមានជំនឿដោយមានពេលវេលាកំណត់ច្បាស់លាស់”។ [គម្ពីរគួរអាន ៤:១០៣] ពោលគឺត្រូវបានគេដាក់ជាកាតព្វកិច្ចនៅក្នុងពេលវេលាដែលបានកំណត់។
ពេលវេលានៃសឡាតដែលជាកាតព្វកិច្ច(សឡាតហ្វើរទូ)មានដូចខាងក្រោម៖
ក. សឡាតស៊ូពុស៖ ចាប់ពីពេលសេតារុណរះ(ហ្វាជើរ) រហូតដល់ថ្ងៃរះ។
ខ. សឡាតហ្ស៊ូហូរ៖ ចាប់ពីពេលថ្ងៃជ្រេ រហូតដល់ស្រមោលនៃវត្ថុមួយមានប្រវែងស្មើនឹងប្រវែងពិតនៃវត្ថុនោះ។
គ. សឡាតអាសើរ៖ ចាប់ពីពេលផុតពេលវេលាសឡាតហ្ស៊ូហូរ រហូតដល់ពេលដែលព្រះអាទិត្យប្រែជាពណ៌លឿង។ ក្នុងករណីចាំបាច់ អាចអូសបន្លាយរហូតដល់ថ្ងៃលិច។
ឃ. សឡាតម៉ាហ្គ្រិប៖ ចាប់ពីពេលថ្ងៃលិច រហូតដល់បាត់អស់ពន្លឺពណ៌ក្រហម(នៅជើងមេឃទិសខាងលិច)។
ង. សឡាតអ៊ីស្ហា៖ ចាប់ពីពេលផុតពេលវេលាសឡាតម៉ាហ្គ្រិប រហូតដល់ពាក់កណ្តាលអាធ្រាត្រ។
២. បិទបាំងកេរខ្មាស(អាវរ៉ាត់)
គឺជាផ្នែកនៃរាងកាយដែលចាំបាច់ត្រូវបិទបាំង ហើយវាជាការមិនសមរម្យក្នុងការបង្ហាញឱ្យឃើញ និងជាអ្វីដែលនាំឱ្យមានភាពអៀនខ្មាស(ប្រសិនបើត្រូវលាតត្រដាង)។ កេរខ្មាសរបស់បុរស គឺពីផ្ចិត រហូតដល់ក្បាលជង្គង់។ ចំណែកឯស្ត្រីវិញ នៅក្នុងពេលសឡាត រាងកាយទាំងមូលរបស់ស្ត្រី គឺជាកេរខ្មាស លើកលែងតែផ្ទៃមុខរបស់នាង។ ស្ត្រីចាំបាច់ត្រូវគ្របមុខនៅពេលដែលនាងនៅចំពោះមុខបុរសដទៃដែលអាចរៀបការនឹងគ្នាបាន(ពោលគឺអ្នកដែលមិនមែនជាម៉ះរ៉មរបស់នាង)។
៣. ចៀសវាងពីប្រការកខ្វក់(ណាជីស)
ភាពកខ្វក់(ណាជិស) គឺជាប្រការស្មោកគ្រោកជាក់លាក់ដែលរារាំងមិនឲ្យប្រតិបត្តិសឡាត ដូចជាទឹកនោម លាមក ឈាម និងផ្សេងៗទៀត ហើយវាអាចមាននៅលើខ្លួនប្រាណ កន្លែងសឡាត និងសម្លៀកបំពាក់។
៤. តម្រង់ទៅកាន់គិបឡាត់
គិបឡាត់ គឺកាក់ពះ។ គេហៅវាថាគិបឡាត់ ព្រោះមនុស្សទាំងឡាយតម្រង់ទៅកាន់វា។
ការសឡាតមិនត្រឹមត្រូវឡើយប្រសិនបើគេមិនបានតម្រង់ទៅកាន់គិបឡាត់ យោងតាមបន្ទូលរបស់អល់ឡោះជាម្ចាស់ដែលទ្រង់បានមានបន្ទូលថា៖ “ហើយទោះបីជាពួកអ្នកស្ថិតនៅទីកន្លែងណាក៏ដោយ ចូរពួកអ្នកតម្រង់មុខរបស់ពួកអ្នកទៅកាន់ទិសនោះចុះ(នៅពេលប្រតិបត្តិសឡាត)”។ [គម្ពីរគួរអាន ២:១៤៤]
៥. នៀត(ចេតនា)
តាមន័យភាសា នៀត គឺជាគោលបំណង និងចេតនា។ តាមន័យបច្ចេកទេសសាសនា គឺជាការតាំងចិត្តធ្វើកិច្ចគោរពសក្ការៈ ដើម្បីបញ្ជិតខ្លួនទៅចំពោះអល់ឡោះ។ គេត្រូវនៀតនៅក្នុងចិត្តដោយមិនចាំបាច់បញ្ចេញសំលេងឡើយ។ ផ្ទុយទៅវិញ ការនៀតដោយបញ្ចេញសំឡេង វាជាប្រការដែលគេបង្កើតថ្មី(ពិទអះ)។
ទីបួន៖ គោលគ្រឹះនៃសឡាត
គោលគ្រឹះ ឬរូកុនសឡាតមាន១៤គឺ៖
គោលគ្រឹះទីមួយ៖ ឈរនៅពេលមានលទ្ធភាព
យោងតាមបន្ទូលរបស់អល់ឡោះជាម្ចាស់ដែលទ្រង់បានមានបន្ទូលថា៖ “ហើយចូរពួកអ្នកឈរសឡាតចំពោះអល់ឡោះដោយការគោរពតាមប្រកបដោយភាពនឹងនរ”។ [គម្ពីរគួរអាន ២:២៣៨] និងហាទីស្ហអំពី អ៊ិមរ៉ន (សូមអល់ឡោះសព្វព្រះទ័យចំពោះគាត់) ដែលព្យាការីបានលើកឡើងថា៖ “ចូរអ្នកសឡាតដោយឈរ។ ប្រសិនបើគ្មានលទ្ធភាព ចូរសឡាតដោយអង្គុយ។ ហើយប្រសិនបើអ្នកគ្មានលទ្ធភាពទៀត ចូរសឡាតដោយដេកផ្អៀង”។ [១៦] [១៦] រាយការណ៍ដោយ អាល់ពូខរី:១១១៧
ដូចនេះ ប្រសិនបើគេគ្មានលទ្ធភាពឈរដោយសារជំងឺ គឺអាចសឡាតអាស្រ័យទៅតាមស្ថានភាពរបស់ខ្លួន ដោយអង្គុយ ឬដោយដេកផ្អៀង។ ដូចទៅនឹងករណីអ្នកជំងឺដែរ គឺអ្នកដែលមានការភ័យខ្លាច(មិនសុវត្ថិភាព) អ្នកដែលគ្មានសម្លៀកបំពាក់បិទបាំងរាងកាយ និងអ្នកដែលចាំបាច់ត្រូវអង្គុយ ឬដេកផ្អៀងដើម្បីព្យាបាលជំងឺដែលតម្រូវមិនឲ្យក្រោកឈរបាន។ ដូចគ្នានេះដែរ អ្នកដែលសឡាតនៅពីក្រោយអ៊ីម៉ាំដែលត្រូវបានតែងតាំងដែលគ្មានលទ្ធភាពឈរ គឺត្រូវបានលើកលែងពីការឈរ។ ដូច្នេះ ប្រសិនបើអ៊ីម៉ាំនោះសឡាតដោយអង្គុយ អ្នកដែលនៅពីក្រោយគាត់ក៏ត្រូវសឡាតដោយអង្គុយដែរ ដោយធ្វើតាមអ៊ីម៉ាំរបស់ខ្លួន។ ហើយគេអនុញ្ញាតឲ្យសឡាតស៊ូណិតដោយអង្គុយ ទោះបីជាមានលទ្ធភាពឈរក៏ដោយ ប៉ុន្តែផលបុណ្យ គឺមិនដូចនឹងអ្នកដែលឈរនោះឡើយ។
គោលគ្រឹះទីពីរ៖ តឹកពៀរ៉តុលអៀហរ៉មនៅពេលចាប់ផ្តើមសឡាត
យោងតាមប្រសាសន៍របស់ព្យាការី (សូមសន្តិភាពកើតមានដល់លោក) ថា៖ “បន្ទាប់មក ចូរតម្រង់ទៅកាន់គិបឡាត់ ហើយតឹកពៀរ”។ [១៧] [១៧] រាយការណ៍ដោយ អាល់ពូខរី:៦២៥១ និងមូស្លីម:៨៨៤
ទម្រង់នៃពាក្យតឹកពៀរ គឺការពោលថា៖ “الله أكبر” ហើយមិនអាចជំនួសដោយពាក្យផ្សេងបានឡើយ។
គោលគ្រឹះទីបី៖ សូត្រជំពូក អាល់ហ្វាទីហះ
យោងតាមប្រសាសន៍របស់ព្យាការី (សូមសន្តិភាពកើតមានដល់លោក) ថា៖ “គ្មានទេការសឡាតសម្រាប់អ្នកដែលមិនសូត្រជំពូកអាល់ហ្វាទីហះ”។ [១៨] [១៨] រាយការណ៍ដោយ អាល់ពូខរី:៧៥៦ និងមូស្លីម:៨៧២
គោលគ្រឹះទីបួន៖ ឱនរូកុនៅក្នុងគ្រប់រ៉ក្អាត់
យោងតាមបន្ទូលរបស់អល់ឡោះជាម្ចាស់ដែលទ្រង់បានមានបន្ទូលថា៖ “ឱបណ្តាអ្នកដែលមានជំនឿ! ចូរពួកអ្នកឱនរូកុ និងក្រាបស៊ូជោត...”។ [គម្ពីរគួរអាន ២២:៧៧]
គោលគ្រឹះទីប្រាំ និងទីប្រាំមួយ៖
ងើបពីរូកុវិញ ហើយឈរឲ្យត្រង់ខ្លួនដូចមុនពេលរូកុ ព្រោះព្យាការី (សូមសន្តិភាពកើតមានដល់លោក) លោកតែងអនុវត្តបែបនេះជានិច្ច។
ព្យាការី (សូមសន្តិភាពកើតមានដល់លោក) លោកបានមានប្រសាសន៍ទៅកាន់អ្នកដែលសឡាតមិនត្រឹមត្រូវថា៖ “បន្ទាប់មក ចូរងើបឡើង(ពីរូកុ) រហូតដល់អ្នកឈរត្រង់ខ្លួន”។ [១៩] [១៩] រាយការណ៍ដោយ អាល់ពូខរី:៧៩៣ និងមូស្លីម:៣៩៨
គោលគ្រឹះទីប្រាំពីរ៖ ក្រាបស៊ូជោតលើអវយវៈទាំងប្រាំពីរ
គឺថ្ងាសរួមនឹងច្រមុះ បាតដៃទាំងពីរ ក្បាលជង្គង់ទាំងពីរ និងចុងជើងទាំងពីរ យោងតាមប្រសាសន៍របស់ព្យាការី (សូមសន្តិភាពកើតមានដល់លោក) ថា៖ “ពួកយើងត្រូវបានគេបញ្ជាឱ្យក្រាបស៊ូជោតលើអវយវៈទាំងប្រាំពីរគឺ ថ្ងាស ហើយលោកបានចង្អុលទៅកាន់ច្រមុះរបស់លោក បាតដៃទាំងពីរ ក្បាលជង្គង់ទាំងពីរ និងចុងជើងទាំងពីរ”។ [២០] [២០] រាយការណ៍ដោយ អាល់ពូខរី:៨១២ និងមូស្លីម:៤៩០
គោលគ្រឹះទីប្រាំបី៖ ងើបពីស៊ូជោត និងអង្គុយចន្លោះរវាងស៊ូជោតទាំងពីរ
យោងតាមហាទីស្ហអាអ៊ីស្ហះ (សូមអល់ឡោះសព្វព្រះទ័យចំពោះគាត់) ថា៖ «នៅពេលដែលព្យាការី (សូមសន្តិភាពកើតមានដល់លោក) ងើបក្បាលពីស៊ូជោត លោកមិនស៊ូជោត(ជាលើកទីពីរ)ឡើយ លុះត្រាតែលោកអង្អុយត្រង់ខ្លួនសិន»។ [២១] [២១] រាយការណ៍ដោយ មូស្លីម:៤៩៨
គោលគ្រឹះទីប្រាំបួន៖ មានលំនឹង(តម៉ាក់នីណះ)គ្រប់គោលគ្រឹះទាំងអស់
ពោលគឺការនៅស្ងៀម ទោះបីជាបន្តិចបន្តួចក្តី ដោយយោងតាមប្រសាសន៍របស់ព្យាការី (សូមសន្តិភាពកើតមានដល់លោក) ទៅកាន់បុរសដែលសឡាតមិនត្រឹមត្រូវនោះថា៖ “រហូតដល់អ្នកមានលំនឹង”។ [២២] [២២] រាយការណ៍ដោយ អាល់ពូខរី:៧២៤ និងមូស្លីម:៣៩៨
គោលគ្រឹះទីដប់ និងទីដប់មួយ
សូត្រតះយិតចុងក្រោយ និងអង្គុយដើម្បីសូត្រតះយិតចុងក្រោយ យោងតាមហាទីស្ហរបស់ អ៊ិពនូម៉ាស៊្អូទ (សូមអល់ឡោះសព្វព្រះទ័យចំពោះគាត់) ដែលព្យាការីបានលើកឡើងថា៖ «នៅពេលដែលនរណាម្នាក់ក្នុងចំណោមពួកអ្នកសឡាត ចូរឲ្យគេពោលថា៖ التَّحِيَّاتُ لِلَّهِ وَالصَّلَوَاتُ وَالطَّيِّبَاتُ، السَّلَامُ عَلَيْكَ أَيُّهَا النَّبِيُّ وَرَحْمَةُ اللَّهِ وَبَرَكَاتُهُ، السَّلاَمُ عَلَيْنَا وَعَلَى عِبَادِ اللَّهِ الصَّالِحِينَ، أَشْهَدُ أَنْ لَا إِلٰهَ إِلَّا اللَّهُ وَأَشْهَدُ أَنَّ مُحَمَّدًا عَبْدُهُ وَرَسُولُهُ (ការគោរពតម្កើង គឺសម្រាប់អល់ឡោះ ហើយការប្រតិបត្តិសឡាត និងសេចក្តីល្អទាំងឡាយ(ក៏សម្រាប់ទ្រង់ដែរ)។ សូមសេចក្តីសុខ ក្តីមេត្តាករុណារបស់អល់ឡោះ និងពរជ័យរបស់ទ្រង់កើតមានដល់លោក ឱព្យាការី(មូហាំម៉ាត់)។ សូមសេចក្តីសុខកើតមានដល់ពួកយើង និងបណ្តាខ្ញុំបម្រើរបស់អល់ឡោះដែលជាអ្នកសាងទង្វើកុសល។ ខ្ញុំសូមធ្វើសាក្សីថា គ្មានព្រះជាម្ចាស់ឯណាដែលត្រូវគេគោរពសក្ការៈដ៏ពិតប្រាកដក្រៅពីអល់ឡោះឡើយ ហើយខ្ញុំសូមធ្វើសាក្សីទៀតថា ពិតណាស់ មូហាំម៉ាត់ គឺជាខ្ញុំបម្រើ និងជាអ្នកនាំសាររបស់ទ្រង់)។ [២៣] [២៣] រាយការណ៍ដោយ អាល់ពូខរី:៧៩៧, មូស្លីម:៤០២
គោលគ្រឹះទីដប់ពីរ៖ សឡាវ៉ាតលើណាពី (សូមសន្តិភាពកើតមានដល់លោក) ក្នុងតះយិតចុងក្រោយ
ដោយសូត្រថា៖ «اللَّهُمَّ صَلِّ عَلَى مُحَمَّدٍ» (ឱអល់ឡោះជាម្ចាស់! សូមទ្រង់មេត្តាសឡាវ៉ាត(ប្រសិទ្ធិពរជ័យ)ដល់ព្យាការីមូហាំម៉ាត់ផង)។ [២៤] ប្រសិនបើគេសូត្រលើសពីនោះ គឺជាស៊ុណ្ណះ។ [២៤] រាយការណ៍ដោយ អាត់តៀរមីហ្ស៊ី៖៨៣៩
គោលគ្រឹះទីដប់បី៖ លំដាប់លំដោយរវាងគោលគ្រឹះទាំងឡាយ
ព្រោះព្យាការី (សូមសន្តិភាពកើតមានដល់លោក) លោកតែងធ្វើវាតាមលំដាប់លំដោយ។ ហើយលោកបានមានប្រសាសន៍ថា៖ “ចូរពួកអ្នកសឡាត ដូចដែលពួកអ្នកបានឃើញខ្ញុំសឡាត”។ [២៥] ជាការពិតណាស់ ព្យាការី (សូមសន្តិភាពកើតមានដល់លោក) លោកបានបង្រៀនបុរសដែលសឡាតមិនបានត្រឹមត្រូវនោះតាមលំដាប់ដោយប្រើពាក្យថា៖ “បន្ទាប់មក”។ [២៥] រាយការណ៍ដោយ អាល់ពូខរី:៦០០៨
គោលគ្រឹះទីដប់បួន៖ ឲ្យសាឡាម
យោងតាមប្រសាសន៍របស់ព្យាការី (សូមសន្តិភាពកើតមានដល់លោក) ថា៖ “ហើយចុងបញ្ចប់របស់វា(សឡាត) គឺការឲ្យសាឡាម”។ លោកបានមានប្រសាសន៍ទៀតថា៖ «ហើយការបញ្ចប់របស់វា គឺការឱ្យសឡាម»។ [២៦] [២៦] រាយការណ៍ដោយ អាល់ពូខរី:១១១០
ទីប្រាំ៖ ប្រការចាំបាច់(វ៉ាជិប)នៃសឡាត
មានប្រាំបីប្រការ៖
១. គ្រប់តឹកពៀរទាំងអស់ ក្រៅពីតឹកពៀរ៉តុលអៀហរ៉ម
២. សូត្រថា៖ "سُبْحَانَ ربِّي العظيمِ" ចំនួនមួយដងនៅក្នុងពេលរូកុ ហើយស៊ូណិត គប្បីបន្ថែមយ៉ាងហោចណាស់ឲ្យបីដង និងរហូតដល់ដប់ដង ដែលជាកម្រិតល្អជាងគេបំផុត។
៣. សូត្រថា៖ "سَمِعَ اللَّهُ لِمَنْ حَمِدَهُ" នៅពេលងើបពីរូកុ សម្រាប់អ៊ីម៉ាំ និងអ្នកសឡាតម្នាក់ឯង។
៤. សូត្រថា៖ "رَبَّنَا وَلَكَ الْحَمْدُ" នៅពេលឈរត្រង់បន្ទាប់ពីងើបពីរូកុ។
៥. សូត្រថា៖ "سُبْحَانَ رَبِّيَ الْأَعْلَى" ចំនួនមួយដងនៅក្នុងពេលស៊ូជោត។ ហើយស៊ូណិត គប្បីបន្ថែមរហូតដល់បីដង។
៦. សូត្រថា៖ "رَبِّ اغْفِرْ لِي" ចំនួនមួយដងនៅចន្លោះរវាងស៊ូជោតទាំងពីរ ហើយស៊ូណិត គប្បីបន្ថែមរហូតដល់បីដង។
៧. សូត្រតះយិតទីមួយ ដោយសូត្រថា៖ »التَّحِيَّاتُ لِلَّهِ وَالصَّلَوَاتُ وَالطَّيِّبَاتُ، السَّلَامُ عَلَيْكَ أَيُّهَا النَّبِيُّ وَرَحْمَةُ اللَّهِ وَبَرَكَاتُهُ، السَّلاَمُ عَلَيْنَا وَعَلَى عِبَادِ اللَّهِ الصَّالِحِينَ، أَشْهَدُ أَنْ لَا إِلٰهَ إِلَّا اللَّهُ وَأَشْهَدُ أَنَّ مُحَمَّدًا عَبْدُهُ وَرَسُولُهُ [២៧] « [២៧] រាយការណ៍ដោយ អាល់ពូខរី:៨៣៥
៨. អង្គុយដើម្បីសូត្រតះយិតទីមួយ
ទីប្រាំមួយ៖ ប្រការគប្បីធ្វើ(ស៊ូណិត)នៃសឡាត
ប្រការគប្បីធ្វើ(ស៊ូណិត)នៃសឡាត គឺជាប្រការទាំងឡាយដែលមិនធ្វើឲ្យសឡាតខូចឡើយប្រសិនបើគេបោះបង់វា។ វាមានពីរប្រភេទគឺ ប្រការស៊ូណិតដែលទាក់ទងនឹងពាក្យសម្ដី និងប្រការស៊ូណិតដែលទាក់ទងនឹងកាយវិការ។
ទីមួយ៖ ប្រការស៊ូណិតដែលទាក់ទងនឹងពាក្យសម្ដី
១. ទូអាអ៊ិសទីហ្វតះ។ វាមានច្រើនទម្រង់ ក្នុងចំណោមនោះគឺ៖ سُبْحَانَكَ اللَّهُمَّ وَبِحَمْدِكَ، وَتَبَارَكَ اسْمُكَ، وَتَعَالَى جَدُّكَ، وَلَا إِلَهَ غَيْرُكَ (ឱអល់ឡោះ! ទ្រង់ដ៏មហាបរិសុទ្ធ ហើយការសរសើរទាំងឡាយ គឺសម្រាប់ទ្រង់។ ព្រះនាមទ្រង់ប្រកបដោយពរជ័យ ហើយភាពអស្ចារ្យរបស់ទ្រង់ គឺខ្ពង់ខ្ពស់បំផុត។ គ្មានព្រះជាម្ចាស់ឯណាដែលត្រូវគោរពសក្ការៈដ៏ពិតប្រាកដក្រៅពីទ្រង់ឡើយ)។ [២៨] [២៨] រាយការណ៍ដោយ អាល់ពូខរី:៧៤៣, មូស្លីម:៣៩៩
២. សុំការបញ្ចៀសពីអល់ឡោះ មុនសូត្រជំពូកអាល់ហ្វាទីហះ គឺសូត្រថា៖ "أَعُوذُ بِاللهِ مِنَ الشَّيْطَانِ الرَّجِيمِ" (ខ្ញុំសូមការបញ្ចៀសពីអល់ឡោះអំពីស្ហៃតនដែលត្រូវគេដាក់បណ្តាសា)។
៣. សូត្រ "بسم الله الرحمن الرحيم" មុនពេលសូត្រជំពូកអាល់ហ្វាទីហះ ដែលមានន័យថា ក្នុងព្រះនាមអល់ឡោះមហាសប្បុរស មហាអាណិតស្រឡាញ់។
៤. សូត្របន្ថែមលើសពីមួយដងទៅលើការសូត្រក្នុងពេលរូកុ និងពេលស៊ូជោត
៥. សូត្របន្ថែមលើសពីមួយដងនូវពាក្យ៖ «رَبِّ اغْفِرْ لِي» នៅចន្លោះរវាងស៊ូជោតទាំងពីរ។
៦. សូត្រថា៖ «مَلْءَ السَّمَاوَاتِ، وَمَلْءَ الْأَرْضِ، وَمَلْءَ مَا بَيْنَهُمَا، وَمَلْءَ مَا شِئْتَ مِنْ شَيْءٍ بَعْدُ» បន្ទាប់ពីសូត្រថា៖ »رَبَّنَا ولَكَ الحَمْدُ [២៩] « [២៩] រាយការណ៍ដោយ អាត់តៀរមីហ្ស៊ី:២៦៦
៧. សូត្រអ្វីមួយនៃគម្ពីរគួរអានបន្ទាប់ពីសូត្រអាល់ហ្វាទីហះរួច
៨. សូត្រថា៖ »اللَّهُمَّ إِنِّي أَعُوذُ بِكَ مِنْ عَذَابِ جَهَنَّمَ، وَمِنْ عَذَابِ الْقَبْرِ، وَمِنْ فِتْنَةِ الْمَحْيَا وَالْمَمَاتِ، وَمِنْ فِتْنَةِ الْمَسِيحِ الدَّجَّال« (ឱអល់ឡោះជាម្ចាស់! ពិតប្រាកដណាស់ ខ្ញុំសុំពីទ្រង់មេត្ដាបញ្ចៀសខ្ញុំពីទណ្ឌកម្មឋាននរក ទណ្ឌកម្មនៅក្នុងផ្នូរ ភាពវឹកវរនៅក្នុងជីវិតរស់នៅ និងពេលស្លាប់ ព្រមទាំងភាពវឹកវរបណ្ដាលមកពីម៉ាសៀហអាត់ហ្ទាច់ហ្ជាលផងចុះ»។ [៣០] ក៏ដូចជាពាក្យបួងសួង(ទូអា)ផ្សេងទៀតបន្ថែមពីលើនេះ នៅក្នុងតះយិតចុងក្រោយ។ [៣០] រាយការណ៍ដោយ មូស្លីម:៥៨៨
ទីពីរ៖ ប្រការស៊ូណិតដែលទាក់ទងនឹងកាយវិការ
១. លើកដៃទាំងពីរត្រឹមស្មាទាំងពីរ ឬស្លឹកត្រចៀកទាំងពីរនៅបួនទីតាំង៖
ក. ក្នុងពេលតឹកពៀរ៉តុលអៀហរ៉ម
ខ. ពេលឱនចុះទៅរូកុ
គ. ពេលងើបពីរូកុ។
ឃ. នៅពេលក្រោកឈរបន្តទៅរ៉ក្អាត់ទីបី
២. ដាក់ដៃស្តាំលើដៃឆ្វេងនៅលើទ្រូងក្នុងអំឡុងពេលឈរ ទាំងមុនពេលរូកុ និងក្រោយពេលងើបពីរូកុ។
៣. សម្លឺងមើលទៅកន្លែងស៊ូជោត
៤. ញែកដើមដៃទាំងពីរចេញពីចំហៀងខ្លួនក្នុងពេលស៊ូជោត
៥. បើកពោះឲ្យឃ្លាតពីភ្លៅទាំងពីរក្នុងពេលស៊ូជោតទាំងពីរ
៦. អង្គុយលើបាតជើងឆ្វេងក្នុងគ្រប់ពេលអង្គុយទាំងអស់នៃសឡាត លើកលែងតែក្នុងពេលអង្គុយសូត្រតះយិតទីពីរនៃសឡាតដែលមានបីរ៉ក្អាត់ និងសឡាតដែលមានបួនរ៉ក្អាត់។
៧. អង្គុយដាក់គូទដល់ដីនៅក្នុងតះយិតទីពីរនៃសឡាតដែលមានបីរ៉ក្អាត់ ឬបួនរ៉ក្អាត់។
ទីប្រាំពីរ៖ របៀបសឡាត
១. អ្នកនាំសាររបស់អល់ឡោះ (សូមសន្តិភាពកើតមានដល់លោក) កាលណាលោកឈរដើម្បីសឡាត គឺលោកតម្រង់ទៅកាន់ទិសគិបឡាត់ ហើយលើកដៃទាំងពីររបស់លោក ដោយលាបាតដៃទៅកាន់ទិសគិបឡាត ហើយសូត្រថា៖ “الله أكبر”
២. បន្ទាប់មក លោកចាប់ដៃឆ្វេងដោយដៃស្តាំ និងដាក់ដៃទាំងពីរលើទ្រូង។
៣. បន្ទាប់មក លោកសូត្រទូអាអ៊ិសទីហ្វតះ។ លោកមិនសូត្រតែមួយទម្រង់ជាប់ជានិច្ចនោះឡើយ។ គ្រប់ទម្រង់នៃទូអាអ៊ិសទីហ្វតះដែលមានភស្តុតាងបញ្ជាក់ត្រឹមត្រូវពីព្យាការី គឺអាចសូត្របានទាំងអស់ ហើយក្នុងចំណោមនោះគឺ៖ سُبْحَانَكَ اللَّهُمَّ وَبِحَمْدِكَ، وَتَبَارَكَ اسْمُكَ، وَتَعَالَى جَدُّكَ، وَلَا إِلَهَ غَيْرُكَ
៤. បន្ទាប់មកសូត្រថា៖ «أَعُوذُ بِاللَّهِ مِنَ الشَّيْطَانِ الرَّجِيمِ، بِسْمِ اللَّهِ الرَّحْمَٰنِ الرَّحِيمِ»
៥. បន្ទាប់មកសូត្រជំពូកអាល់ហ្វាទីហះ។ នៅពេលសូត្រចប់ ត្រូវពោលថា៖ «آمين»។
៦. បន្ទាប់មកទៀត សូត្រអ្វីដែលងាយស្រួលអំពីគម្ពីរគួរអានដែលខ្លួនបានចាំ។ ត្រូវសូត្រឮៗក្នុងសឡាតស៊ូពុស ក៏ដូចជាពីររ៉ក្អាត់ដំបូងនៃសឡាតម៉ាហ្គ្រិប និងសឡាតអ៊ីស្ហា។ រីឯក្រៅពីនោះ គឺត្រូវសូត្រតិចៗ។ ចំពោះរ៉ក្អាត់ទីមួយគប្បីឲ្យយូរជាងរ៉ក្អាត់ទីពីរ។
៧. បន្ទាប់មក លើកដៃទាំងពីរដូចក្នុងពេលសូត្រចាប់ផ្តើមសឡាត។ បន្ទាប់មកទៀត សូត្រថា៖ «الله أكبر» ហើយឱនចុះទៅរូកុ ដោយដាក់ដៃទាំងពីរលើជង្គង់ ញែកម្រាមដៃចេញពីគ្នា ហើយចាប់ក្បាលជង្គង់ឲ្យជាប់ និងត្រូវសន្ធឹងខ្នងឲ្យបានស្មើ ព្រមទាំងដាក់ក្បាលឲ្យស្មើនឹងខ្នង ដោយមិនត្រូវងើយឡើងពេក ឬឱនចុះក្រោមពេកនោះឡើយ ហើយសូត្រថា៖ «سُبْحَانَ رَبِّيَ الْعَظِيمِ» ចំនួនមួយដង និងយ៉ាងហោច ឲ្យបានបីដង ដូចដែលបានលើកឡើងកន្លងមក។
៨. បន្ទាប់មក ងើបក្បាលពីរូកុមកវិញ ដោយសូត្រថា៖ «سَمِعَ اللَّهُ لِمَنْ حَمِدَهُ» ហើយលើកដៃទាំងពីរ ដូចពេលចុះទៅរូកុ។
៩. នៅពេលឈរត្រង់ខ្លួន ត្រូវសូត្រថា៖ »اللَّهُمَّ رَبَّنَا وَلَكَ الْحَمْدُ، حَمْدًا كَثِيرًا طَيِّبًا مُبَارَكًا فِيهِ، مَلْءَ السَّمَاءِ، وَمَلْءَ الْأَرْضِ، وَمَلْءَ مَا بَيْنَهُمَا، وَمَلْءَ مَا شِئْتَ مِنْ شَيْءٍ بَعْدُ، أَهْلَ الثَّنَاءِ وَالْمَجْدِ، أَحَقُّ مَا قَالَ الْعَبْدُ، وَكُلُّنَا لَكَ عَبْدٌ، لَا مَانِعَ لِمَا أَعْطَيْتَ، وَلَا مُعْطِيَ لِمَا مَنَعْتَ، وَلَا يَنْفَعُ ذَا الْجَدِّ مِنْكَ الْجَدُّ«. [៣១] ព្យាការី (សូមសន្តិភាពកើតមានដល់លោក) លោកតែងឈរឲ្យបានយូរបន្តិចនៅត្រង់នេះ។ [៣១] រាយការណ៍ដោយ អាពូហ្ទាវូទ:៥១៦៨
១០. បន្ទាប់មកទៀត ត្រូវតឹកពៀរ និងចុះទៅស៊ូជោត ដោយមិនលើកដៃទាំងពីរឡើយ។ ត្រូវស៊ូជោតលើថ្ងាសរួមនឹងច្រមុះ ដៃទាំងពីរ ក្បាលជង្គង់ទាំងពីរ និងចុងជើងទាំងពីរ ហើយតម្រង់ម្រាមដៃ និងម្រាមជើងទៅកាន់គិបឡាត់។ ត្រូវស៊ូជោតឲ្យត្រង់ខ្លួន ត្រូវដាក់ថ្ងាស និងច្រមុះឱ្យជាប់នឹងដីឱ្យបានល្អ ទប់លំនឹងដោយផ្អែកលើបាតដៃទាំងពីរ ព្រមទាំងលើកកែងដៃឱ្យផុតពីដី បើកក្លៀកឲ្យឃ្លាតដើមដៃពីចំហៀងខ្លួន លើកពោះឱ្យផុតពីភ្លៅ និងលើកភ្លៅឱ្យផុតពីពីកំភួនជើង ហើយសូត្រនៅក្នុងស៊ូជោតនោះថា៖ «سُبْحَانَ رَبِّيَ الأَعْلَى» ចំនួនមួយដង និងហោចណាស់ឲ្យបានបីដង ដូចដែលបានលើកឡើងកន្លងមក។ ហើយអាចបួងសួង(ទូអា)តាមអ្វីដែលមានភស្តុតាងបញ្ជាក់។
១១. បន្ទាប់មក ងើបក្បាលពីស៊ូជោតមកវិញដោយសូត្រថា៖ "الله أكبر" ។ បន្ទាប់មក លាជើងឆ្វេង ហើយអង្គុយពីលើ និងបញ្ឈរជើងស្តាំ ដាក់ដៃទាំងពីរលើភ្លៅទាំងពីរ បន្ទាប់មក សូត្រថា៖ [៣២] «اللَّهُمَّ اغْفِرْ لِي، وَارْحَمْنِي، وَاجْبُرْنِي، وَاهْدِنِي، وَارْزُقْنِي» [៣២] រាយការណ៍ដោយ អាត់តៀរមីហ្ស៊ី:២៨៤
១២. បន្ទាប់មកទៀត ត្រូវតឹកពៀរចុះទៅស៊ូជោតជាលើកទីពីរ ដោយត្រូវធ្វើដូចលើកទីមួយដែរ។
១៣. បន្ទាប់មកទៀត ត្រូវងើបក្បាលឡើងដោយសូត្រថា “الله أكبر” ហើយក្រោកឈរឡើងដោយផ្អែកលើចុងម្រាមជើងទាំងពីរ ព្រមទាំងទប់លំនឹងដោយផ្អែកលើជង្គង់ និងភ្លៅរបស់ខ្លួន។
១៤. លុះឈរត្រង់ខ្លួនហើយ ត្រូវសូត្រជំពូកអាល់ហ្វាទីហះ។ ត្រូវសឡាតនៅរ៉ក្អាត់ទីពីរដូចក្នុងរ៉ក្អាត់ទីមួយដែរ។
១៥. បន្ទាប់មក ត្រូវអង្គុយដើម្បីសូត្រតះយិតទីមួយ ដោយអង្គុយលើបាតជើងឆ្វេង ដូចរបៀបដែលអង្គុយនៅចន្លោះរវាងស៊ូជោតទាំងពីរដែរ។ ដាក់ដៃស្តាំនៅលើភ្លៅស្តាំ និងដៃឆ្វេងនៅលើភ្លៅឆ្វេង ដាក់ចុងម្រាមមេដៃនៃដៃស្តាំភ្ជាប់នឹងចុងម្រាមកណ្តាលឱ្យមានរាងដូចជារង្វង់។ ចំណែកម្រាមចង្អុល ត្រូវចង្អុលទៅមុខ និងត្រូវសម្លឹងមើលទៅកាន់ម្រាមចង្អុលនោះ ហើយសូត្រថា៖ »التَّحِيَّاتُ لِلَّهِ وَالصَّلَوَاتُ وَالطَّيِّبَاتُ، السَّلَامُ عَلَيْكَ أَيُّهَا النَّبِيُّ وَرَحْمَةُ اللَّهِ وَبَرَكَاتُهُ، السَّلَامُ عَلَيْنَا وَعَلَى عِبَادِ اللَّهِ الصَّالِحِينَ، أَشْهَدُ أَنْ لَا إِلٰهَ إِلَّا اللَّهُ وَحْدَهُ لَا شَرِيكَ لَهُ، وَأَشْهَدُ أَنَّ مُحَمَّدًا عَبْدُهُ وَرَسُولُهُ« ព្យាការី (សូមសន្តិភាពកើតមានដល់លោក) តែងអង្គុយតះយិតនេះក្នុងរយៈពេលខ្លី(មិនបង្អង់យូរឡើយ)។
១៦. បន្ទាប់មក ត្រូវក្រោកឈរឡើងដោយតឹកពៀរ រួចសឡាតរ៉ក្អាត់ទីបីនិងទីបួនដោយធ្វើខ្លីៗជាងពីររ៉ក្អាត់ដំបូង ហើយសូត្រជំពូកអាល់ហ្វាទីហះនៅក្នុងរ៉ក្អាត់ទាំងពីរនោះ។
១៧. បន្ទាប់មក ត្រូវអង្គុយសូត្រតះយិតចុងក្រោយដោយអង្គុយដាក់គូទផ្ទាល់ដី។ ការអង្គុយដាក់គូទផ្ទាល់ដី គឺដាក់ជើងខាងឆ្វេងរាបស្មើ ហើយបញ្ចេញវាមកចំហៀងខាងស្តាំ និងបញ្ឈរជើងស្តាំ រួចដាក់គូទលើដី។
១៨. បន្ទាប់មកទៀត ត្រូវសូត្រតះយិតចុងក្រោយដូចតះយិតទីមួយដែរ ហើយបន្ថែមថា៖ اللَّهُمَّ صَلِّ عَلَى مُحَمَّدٍ وَعَلَى آلِ مُحَمَّدٍ، كَمَا صَلَّيْتَ عَلَى آلِ إِبْرَاهِيمَ، إِنَّكَ حَمِيدٌ مَجِيدٌ، وَبَارِكْ عَلَى مُحَمَّدٍ وَعَلَى آلِ مُحَمَّدٍ، كَمَا بَارَكْتَ عَلَى آلِ إِبْرَاهِيمَ، إِنَّكَ حَمِيدٌ مَجِيدٌ.«
១៩. សុំការបញ្ចៀសពីអល់ឡោះពីទណ្ឌកម្មនៃនរកជើហាន់ណាំ ទណ្ឌកម្មនៅក្នុងផ្នូរ ភាពវឹកវរនៅក្នុងជីវិតរស់នៅនិងពេលស្លាប់ និងពីភាពវឹកវរដែលបណ្ដាលមកពីម៉ាសៀហហ្ទាច់ហ្ជាល។ ហើយគេអាចបួងសួងសុំនូវពាក្យបួងសួង(ទូអា)ដែលមានក្នុងគម្ពីរគួរអាន និងស៊ុណ្ណះ។
២០. បន្ទាប់មក ឲ្យសាឡាមទៅខាងស្តាំដោយសូត្រថា៖ «السَّلاَمُ عَلَيْكُمْ وَرَحْمَةُ اللَّهِ» ហើយឲ្យសាឡាមទៅខាងឆ្វេងដូចគ្នាដែរ។ ចាប់ផ្តើមឲ្យសាឡាមនៅពេលមុខបែរចំទៅកាន់គិបឡាត់ ហើយត្រូវបញ្ចប់ពាក្យសឡាមនោះ នៅពេលដែលងាកក្បាលទៅផុត(ទៅខាងស្តាំ ឬខាងឆ្វេង)។
ទីប្រាំបី. ទង្វើដែលមិនគួរធ្វើ(ម៉ាក្រុះ)នៅក្នុងសឡាត
១. ងាកឆ្វេងស្តាំដោយគ្មានការចាំបាច់
២. សម្លឹងមើលទៅលើមេឃ
៣. បិទភ្នែកទាំងសងខាងដោយគ្មានការចាំបាច់
៤. សណ្តូកកំភួនដៃទាំងពីរក្នុងពេលស៊ូជោត
៥. ខ្ទប់មាត់និងច្រមុះដោយគ្មានការចាំបាច់
៦. សឡាតក្នុងពេលកំពុងទ្រាំបត់ជើងតូច ឬបត់ជើងធំ ឬនៅពេលមានអាហារដែលខ្លួនចង់បរិភោគនៅចំពោះមុខ។
៧. ជូតថ្ងាស និងច្រមុះពីអ្វីដែលជាប់ប្រឡាក់ក្នុងពេលស៊ូជោត តែគ្មានបញ្ហាអ្វីឡើយ ប្រសិនបើជូតបន្ទាប់ពីបញ្ចប់ការសឡាតរួច។
៨. ផ្អែកខ្លួនទៅនឹងជញ្ជាំង ឬអ្វីផ្សេងទៀតនៅពេលឈរដោយគ្មានការចាំបាច់។
ទីប្រាំបួន. ប្រការដែលនាំឲ្យខូចសឡាត
១. បរិភោគ និងផឹក
២. និយាយស្តីក្រៅពីពាក្យពេចន៍ក្នុងសឡាត
៣. សើច និងបញ្ចេញសំណើចឮៗ
៤. បោះបង់គោលគ្រឹះ(រូកុន)ណាមួយ ឬប្រការចាំបាច់(វ៉ាជិប)ណាមួយដោយចេតនា
៥. បន្ថែមគោលគ្រឹះ(រូកុន) ឬ រ៉ក្អាត់ដោយចេតនា
៦. ឲ្យសាឡាមមុនអ៊ីម៉ាំដោយចេតនា
៧. ធ្វើចលនាច្រើនបន្តបន្ទាប់គ្នាដែលមិនមែនជាកាយវិការរបស់សឡាត ដោយគ្មានការចាំបាច់។
៨. ប្រព្រឹត្តនូវប្រការដែលផ្ទុយនឹងលក្ខខណ្ឌណាមួយនៃសឡាត ដូចជា ដាច់ទឹកវូហ្ទុ បង្ហាញកេរខ្មាស(អាវរ៉ាត់)ដោយចេតនា ងាកដងខ្លួនចេញពីទិសគិបឡាត់ខ្លាំងពេកដោយគ្មានការចាំបាច់ និងការផ្ដាច់នៀត។
ទីដប់៖ ស៊ូជោតសះវី
សះវី មានន័យថា ភ្លេចភ្លាំង។ ព្យាការី (សូមសន្តិភាពកើតមានដល់លោក) លោកក៏ធ្លាប់បានភ្លេចភ្លាំងនៅក្នុងការសឡាតដែរ ពីព្រោះការភ្លេចភ្លាំង គឺជាលក្ខណៈធម្មជាតិរបស់មនុស្ស។ ហើយការភ្លេចភ្លាំងរបស់ព្យាការី (សូមសន្តិភាពកើតមានដល់លោក) គឺជាចំណែកមួយនៃភាពពេញលេញនៃការប្រោសប្រទានរបស់អល់ឡោះចំពោះប្រជាជាតិរបស់លោក និងជាការធ្វើឱ្យសាសនារបស់ពួកគេមានភាពពេញលេញ ក្នុងគោលបំណងឱ្យពួកគេយកតម្រាប់តាមលោកនូវអ្វីដែលលោកបានចែងជាច្បាប់ឱ្យពួកគេអនុវត្ត នៅពេលមានការភ្លេចភ្លាំងកើតឡើង។
មូលហេតុដែលច្បាប់អ៊ីស្លាមតម្រូវឱ្យស៊ូជោតសះវី៖
១. ករណីទីមួយ៖
មានការបន្ថែមទៅក្នុងសឡាត អាចជាការបន្ថែមកាយវិការ(ទង្វើ) ឬក៏បន្ថែមនូវពាក្យពេចន៍៖
ក. ការបន្ថែមកាយវិការ៖ ប្រសិនបើគេបានបន្ថែមនូវកាយវិការ(ទង្វើ)ណាមួយដែលជាកាយវិការនៃសឡាត ដូចជាការឈរនៅកន្លែងដែលត្រូវអង្គុយ ការអង្គុយនៅកន្លែងដែលត្រូវឈរ ឬក៏បន្ថែមនូវរូកុ ឬស៊ូជោត ដោយការភ្លេចភ្លាំង(អចេតនា) នោះត្រូវស៊ូជោតសះវី។
ខ. ការបន្ថែមនូវពាក្យពេចន៍ ដូចជាការសូត្រគម្ពីរគួរអានក្នុងពេលរូកុ និងពេលស៊ូជោត។ ប្រសិនបើគេធ្វើដូច្នោះ គប្បីលើគេស៊ូជោតសះវី។
២. ករណីទីពីរ៖
មានការខ្វះចន្លោះក្នុងសឡាតដោយការភ្លេចភ្លាំង។ វាមានពីរករណី៖
ក. បោះបង់គោលគ្រឹះនៃសឡាត(រូកុន)៖ ប្រសិនបើគោលគ្រឹះនោះ គឺជាតឹកពៀរ៉តុលអៀហរ៉ម នោះសឡាតរបស់គេមិនត្រឹមត្រូវនោះទេ(សឡាតត្រូវខូច) ហើយការស៊ូជូតសះវីមិនអាចប៉ះប៉ូវបានឡើយ។ តែប្រសិនបើវាជាគោលគ្រឹះផ្សេងក្រៅពីតឹកពៀរ៉តុលអៀហរ៉ម ដូចជារូកុ ឬស៊ូជោត ហើយគេបាននឹកឃើញថាខ្លួនភ្លេចមិនបានធ្វើវាមុននឹងចាប់ផ្តើមការសូត្រនៅរ៉ក្អាត់បន្ទាប់ គឺគេចាំបាច់ត្រូវបកក្រោយវិញ ហើយបំពេញគោលគ្រឹះនោះ និងអ្វីដែលបន្ទាប់ពីវាឡើងវិញ។
តែប្រសិនបើគេនឹកឃើញក្រោយពីបានចាប់ផ្តើមសូត្រនៅរ៉ក្អាត់បន្ទាប់ហើយនោះ រ៉ក្អាត់ដែលគេធ្វើខ្វះនោះត្រូវចាត់ទុកជាមោឃៈ ហើយរ៉ក្អាត់ដែលគេកំពុងធ្វើនោះ នឹងជំនួសរ៉ក្អាត់ដែលគេធ្វើខ្វះនោះវិញ។
ខ. បោះបង់ប្រការចាំបាច់នៃសឡាត(វ៉ាជិប) ដូចជាភ្លេចសូត្រតះយិតទីមួយ ឬភ្លេចសូត្រ “سبحان ربي العظيم” នៅពេលរូកុ ក្នុងស្ថានភាពបែបនេះ គឺគេត្រូវស៊ូជោតសះវី។
៣. ករណីទីបី៖ ការសង្ស័យ
ឧទាហរណ៍៖ ប្រសិនបើគេមានការសង្ស័យថា តើសឡាតបានបីរ៉ក្អាត់ ឬបានបួនរ៉ក្អាត់ចំពោះសឡាតហ្ស៊ូហូរ។ ក្នុងករណីនេះ៖
ក. ប្រសិនបើគេមានទំនោរទៅរកករណីមួយណាច្រើនជាង(ឧទាហរណ៍៖ គិតថាបានបីរ៉ក្អាត់ច្រើនជាង) គឺគេត្រូវធ្វើតាមនោះ ហើយស៊ូជោតសះវី។
ខ. គេមិនមានទំនោរទៅរកករណីណាមួយច្បាស់លាស់ឡើយ(ពោលគឺ ៥០/៥០)។ ក្នុងករណីនេះ ត្រូវយោងលើអ្វីដែលច្បាស់លាស់ ហើយស៊ូជោតសះវី។
តែប្រសិនបើការសង្ស័យនោះកើតឡើងក្រោយពេលសឡាត ឬក៏រូបគេជាមនុស្សដែលតែងតែមានការសង្ស័យច្រើន គឺគេមិនត្រូវយកចិត្តទុកដាក់ចំពោះការសង្ស័យនោះឡើយ។
ចំណុចសំខាន់៖ ការស៊ូជោតសះវីត្រូវធ្វើមុនពេលឲ្យសាឡាម ប្រសិនបើវាកើតឡើងដោយសារការខ្វះចន្លោះ(ធ្វើមិនគ្រប់) ឬដោយសារការសង្ស័យ ហើយគ្មានអ្វីដែលប្រាកដក្នុងចិត្ត។ ហើយត្រូវស៊ូជោតបន្ទាប់ពីឲ្យសាឡាម ក្នុងករណីដែលបណ្តាលមកពីការធ្វើលើស ឬដោយការសង្ស័យដែលគេបានអនុវត្តតាមអ្វីដែលប្រាកដជាង។ បញ្ហានេះ គឺមានភាពទូលំទូលាយ إن شاء الله تعالى (ប្រសិនបើអល់ឡោះជាម្ចាស់មានចេតនា)។
ទីដប់មួយ៖ ពេលវេលាដែលគេហាមឃាត់មិនឲ្យសឡាត
ជាគោលការណ៍ គឺគេអនុញ្ញាតឲ្យសឡាតបានគ្រប់ពេលវេលាទាំងអស់ ក៏ប៉ុន្តែច្បាប់អ៊ីស្លាមបានដាក់បម្រាមហាមឃាត់មិនឲ្យសឡាតនៅក្នុងពេលវេលាមួយចំនួន។ ពេលវេលាទាំងនោះមានដូចជា៖
១. បន្ទាប់ពីសឡាតស៊ូពុសរួច រហូតដល់ថ្ងៃរះ ពោលគឺរហូតដល់វារះខ្ពស់បានកម្ពស់មួយថ្នោល។
២. នៅពេលដែលព្រះអាទិត្យស្ថិតនៅចំកណ្តាលផ្ទៃមេឃ(ត្រង់ពីលើក្បាល) រហូតដល់ថ្ងៃជ្រេ។ វាជាពេលវេលាហាមឃាត់ដែលខ្លីជាងគេ។
៣. បន្ទាប់ពីសឡាតអាសើរ រហូតដល់ថ្ងៃលិច ហើយវាជាពេលវេលាហាមឃាត់ដែលវែងជាងគេ។
សឡាតដែលច្បាប់អនុញ្ញាតឲ្យសឡាតបាន ទោះជាក្នុងពេលវេលាដែលគេហាមមិនឲ្យសឡាត៖
១. សឡាតសងចំពោះសឡាតដែលជាកាតព្វកិច្ច(ហ្វើរទូ)ដែលគេបានខកខាន
២. សឡាតដែលមានមូលហេតុច្បាស់លាស់ ដូចជា សឡាតតះយ៉ាតុលម៉ាស្ជិត សឡាតពីររ៉ក្អាត់បន្ទាប់ពីតវ៉ាហ្វ សឡាតសូរ្យគ្រាស និងសឡាតឲ្យសព។
៣. សឡាតសងចំពោះសឡាតស៊ូណិតមុនស៊ូពុស ក្រោយពេលសឡាតស៊ូពុស។
ទីដប់ពីរ៖ សឡាតរួមគ្នា
ជាអត្តសញ្ញាណដ៏ធំធេងមួយក្នុងចំណោមអត្តសញ្ញាណទាំងឡាយនៃសាសនាអ៊ីស្លាម នោះគឺសឡាតរួមគ្នា(ជើម៉ាអះ)នៅក្នុងម៉ាស្ជិត។ អ្នកមូស្លីមទាំងអស់បានឯកភាពគ្នាថា ការប្រតិបត្តិសឡាតទាំងប្រាំពេលនៅក្នុងម៉ាស្ជិត គឺស្ថិតក្នុងចំណោមការគោរពប្រតិបត្តិដ៏ចម្បងបំផុត និងជាការបញ្ជិតខ្លួនទៅចំពោះអល់ឡោះដ៏ប្រសើរបំផុត។ មិនតែប៉ុណ្ណោះ វាគឺជាអត្តសញ្ញាណដ៏ធំធេងបំផុតមួយនៃសាសនាអ៊ីស្លាម។
១. ច្បាប់នៃការសឡាតរួមគ្នា
សឡាតរួមគ្នា(ជើម៉ាអះ)នៅម៉ាស្ជិតចំពោះសឡាតដែលជាកាតព្វកិច្ចទាំងប្រាំពេល គឺជាកាតព្វកិច្ចលើបុរសគ្រប់រូបដែលមានសមត្ថភាព ទាំងក្នុងពេលមិនធ្វើដំណើរ និងក្នុងពេលធ្វើដំណើរ ទាំងក្នុងស្ថានភាពសុខសាន្ត និងស្ថានភាពភ័យខ្លាច ជាកាតព្វកិច្ចចាំបាច់សម្រាប់បុគ្គលម្នាក់ៗ។
ជាការពិតណាស់ ភស្តុតាងដែលបញ្ជាក់ពីកាតព្វកិច្ចនៃសឡាតរួមគ្នា គឺគម្ពីរគួរអាន និងស៊ុណ្ណះ និងការប្រតិបត្តិរបស់ជនមូស្លីមពីមួយជំនាន់ទៅមួយជំនាន់ជាបន្តបន្ទាប់។
ចំពោះភស្តុតាងពីគម្ពីរគួរអាន គឺបន្ទូលរបស់អល់ឡោះជាម្ចាស់ដែលទ្រង់បានមានបន្ទូលថា៖ “ហើយកាលណាអ្នក(ឱអ្នកនាំសារមូហាំម៉ាត់)ស្ថិតក្នុងចំណោមពួកគេ(ក្នុងពេលកំពុងប្រយុទ្ធនឹងសត្រូវ) ហើយអ្នកចង់ដឹកនាំពួកគេសឡាតនោះ ចូរឲ្យមួយក្រុមក្នុងចំណោមពួកគេឈរសឡាតជាមួយអ្នក...”។ [គម្ពីរគួរអាន ៤:១០២] វាក្យខណ្ឌនេះ បានសង្កត់ធ្ងន់លើភាពជាកាតព្វកិច្ចនៃការសឡាតរួមគ្នា ដោយអ្នកមូស្លីមមិនត្រូវបានអនុញ្ញាតឲ្យបោះបង់សឡាតរួមគ្នាក្នុងស្ថានភាពដែលមានការភ័យខ្លាចឡើយ។ ប្រសិនបើការសឡាតរួមគ្នាមិនមែនជាកាតព្វកិច្ចទេនោះ ម្ល៉េះសមការភ័យខ្លាច(ក្នុងសមរភូមិ) គឺជាមូលហេតុដ៏សមស្របបំផុតក្នុងចំណោមមូលហេតុទាំងឡាយសម្រាប់ការអនុគ្រោះឱ្យបោះបង់ការសឡាតរួមគ្នា។ ការបោះបង់សឡាតរួមគ្នា និងការខ្ជិលច្រអូសចំពោះវា គឺស្ថិតក្នុងចំណោមលក្ខណៈសម្បត្តិដ៏ពេញនិយមរបស់ពួកពុតត្បុត(មូណាហ្វិក)។
ភស្តុតាងពីស៊ុណ្ណះ៖ មានហាទីស្ហជាច្រើន ក្នុងចំណោមនោះ៖
គឺអ្វីដែលបានរាយការណ៍នៅក្នុងសៀវភៅសហេស មូស្លីម មានបុរសពិការភ្នែកម្នាក់បាននិយាយថា៖ ឱអ្នកនាំសាររបស់អល់ឡោះ! ខ្ញុំគ្មានអ្នកនាំផ្លូវទៅម៉ាស្ជិតទេ ដោយគាត់បានសុំលោកលើកលែងឲ្យគាត់សឡាតនៅផ្ទះ។ ពេលនោះ លោកក៏បានអនុញ្ញាតឲ្យគាត់។ នៅពេលដែលបុរសនោះបែរត្រឡប់ទៅវិញ លោកក៏បានហៅគាត់ ហើយសួរថា៖ «តើអ្នកមានឮការប្រកាសហៅ(អាហ្សាន)ដែរឬទេ?» គាត់បានឆ្លើយថា៖ បាទឮ។ លោកក៏បានមានប្រសាសន៍ថា៖ «បើដូច្នេះ ចូរអ្នកឆ្លើយតប»។ [៣៣] [៣៣] រាយការណ៍ដោយ មូស្លីម:១៤៨៤
ជាការពិតណាស់ ព្យាការី (សូមសន្តិភាពកើតមានដល់លោក) បានបង្គាប់ប្រើបុរសនោះឲ្យទៅម៉ាស្ជិតដើម្បីសឡាតរួមគ្នា និងឆ្លើយតបចំពោះការប្រកាសហៅ(អាហ្សាន) ទោះបីជាគាត់ជាជនពិការភ្នែក និងទោះបីជាគាត់ប្រឈមនឹងការលំបាកក៏ដោយ។ ដូចនេះ វាគឺជាភស្តុតាងដែលបញ្ជាក់ពីភាពជាកាតព្វកិច្ចនៃការសឡាតរួមគ្នា។
២. អ្វីដែលគេចាត់ទុកថាបានទាន់សឡាតរួមគ្នា
ត្រូវបានចាត់ទុកថាបានទាន់សឡាតរួមគ្នា(ជើម៉ាអះ) ដោយការបានទាន់សឡាតមួយរ៉ក្អាត់ជាមួយអ៊ីម៉ាំ យោងតាមប្រសាសន៍របស់ព្យាការី (សូមសន្តិភាពកើតមានដល់លោក) ថា៖ «ជនណាបានទាន់សឡាតមួយរ៉ក្អាត់ គឺចាត់ទុកថាបានទាន់សឡាតនោះ»។ [៣៤] [៣៤] រាយការណ៍ដោយ អាល់ពូខរី:៦០៩, មូស្លីម:៦០២
៣. អ្វីដែលគេចាត់ទុកថាបានទាន់រ៉ក្អាត់
ត្រូវបានចាត់ទុកថាបានទាន់រ៉ក្អាត់ ដោយការបានទាន់រូកុជាមួយអ៊ីម៉ាំ។ ដូចនេះ ប្រសិនបើអ្នកដែលមកយឺតបានមកទាន់អ៊ីម៉ាំកំពុងរូកុ គឺចាំបាច់លើគេត្រូវតឹកពៀរ៉តុលអៀហរ៉មខណៈដែលកំពុងឈរ បន្ទាប់មក ត្រូវតឹកពៀរម្តងទៀតដើម្បីឱនរូកុ។ ហើយប្រសិនបើគេធ្វើបានត្រឹមតែតឹកពៀរ៉តុលអៀហរ៉មនៅពេលឈរ ក៏គ្រប់គ្រាន់ជំនួសឲ្យការតឹកពៀរសម្រាប់រូកុដែរ។
៤. មូលហេតុដែលគេអនុញ្ញាតឲ្យបោះបង់សឡាតរួមគ្នា
១. ជំងឺ៖ ប្រសិនបើជំងឺនោះធ្វើឱ្យគេមានការលំបាកក្នុងការទៅចូលរួមសឡាតថ្ងៃសុក្រ(សឡាតជុមអាត់) និងសឡាតរួមគ្នា។
២. ការទប់បត់ជើងតូច ឬបត់ជើងធំ៖ ព្រោះវាធ្វើឱ្យបាត់បង់ភាពស្មឹងស្មាធ(ឃូស្ហុ)ក្នុងសឡាត ហើយវាក៏បង្កគ្រោះថ្នាក់ដល់រាងកាយផងដែរ។
៣. នៅពេលដែលអាហារត្រូវបានលើកមកដល់ ខណៈដែលគេកំពុងតែឃ្លាន ឬចង់បរិភោគអាហារនោះ៖ តែមិនត្រូវធ្វើជាទម្លាប់ ឬជាលេសដើម្បីខកខានពីការសឡាតរួមគ្នាឡើយ។
៤. ការភ័យខ្លាចដែលកើតឡើងពិតប្រាកដចំពោះអាយុជីវិត ទ្រព្យសម្បត្តិ ឬអ្វីផ្សេងទៀត។
ទីដប់បី៖ ការសឡាតក្នុងពេលភ័យខ្លាច
ការសឡាតក្នុងពេលភ័យខ្លាចត្រូវបានបញ្ញត្តិនៅក្នុងគ្រប់ការប្រយុទ្ធដែលត្រូវបានអនុញ្ញាត ដូចជាការប្រយុទ្ធនឹងពួកគ្មានជំនឿ ពួកបះបោរ និងពួកបង្កសង្រ្គាម ដោយយោងតាមបន្ទូលរបស់អល់ឡោះជាម្ចាស់ដែលទ្រង់បានមានបន្ទូលថា៖ “...ប្រសិនបើពួកអ្នកខ្លាចពួកដែលប្រឆាំងវាយប្រហារមកលើពួកអ្នក...”។ [គម្ពីរគួរអាន ៤:១០១] ត្រូវបានរាប់បញ្ចូលក្នុងករណីនេះដែរចំពោះគ្រប់អ្នកដែលច្បាប់អនុញ្ញាតឲ្យប្រយុទ្ធប្រឆាំងនឹងពួកគេ។
ការសឡាតក្នុងពេលភ័យខ្លាចត្រូវបានបញ្ញត្តិដោយមានលក្ខខណ្ឌពីរ៖
១. បុគ្គលនោះត្រូវតែជាសត្រូវដែលច្បាប់អនុញ្ញាតឲ្យប្រយុទ្ធជាមួយ
២. មានការព្រួយបារម្ភខ្លាចទទួលរងនូវការវាយប្រហារមកលើជនមូស្លីមនៅពេលកំពុងសឡាត។
របៀបសឡាតក្នុងពេលភ័យខ្លាច
របៀបសឡាតក្នុងពេលភ័យខ្លាច គឺមានច្រើនរបៀប ហើយរបៀបសឡាតដែលល្បីសុសសាយជាងគេ គឺដូចមានក្នុងសេចក្តីរាយការណ៍នៅក្នុងហាទីស្ហរបស់លោក សះល៍ (សូមអល់ឡោះសព្វព្រះទ័យចំពោះគាត់) ថា៖ “ពិតប្រាកដណាស់ មួយក្រុមតម្រៀបជួរសឡាតជាមួយព្យាការី (សូមសន្តិភាពកើតមានដល់លោក)។ ចំណែកឯមួយក្រុមទៀតប្រឈមមុខនឹងសត្រូវ។ ពេលនោះ លោកបានសឡាត(ធ្វើជាអ៊ីម៉ាំ)ជាមួយក្រុមដែលនៅជាមួយលោកចំនួនមួយរ៉ក្អាត់។ បន្ទាប់មក លោកឈរនៅស្ងៀម ហើយពួកគេក៏បំពេញ(រ៉ក្អាត់ដែលនៅសល់)រៀងៗខ្លួន។ បន្ទាប់មក ពួកគេបានចាកចេញ ហើយតម្រៀបជួរប្រឈមមុខនឹងសត្រូវ ហើយក្រុមផ្សេងទៀត(ក្រុមទីពីរ)ក៏មកដល់ រួចលោកបានដឹកនាំពួកគេសឡាតនូវរ៉ក្អាត់ដែលនៅសល់នៃសឡាតរបស់លោក។ បន្ទាប់មក លោកអង្គុយនៅស្ងៀម ហើយពួកគេក៏បានបំពេញ(រ៉ក្អាត់ដែលនៅសល់)រៀងៗខ្លួន។ បន្ទាប់មក លោកបានឱ្យសាឡាមជាមួយនឹងពួកគេ”។ [៣៥] [៣៥] រាយការណ៍ដោយ អាល់ពូខរី:៤១៣០, មូស្លីម:៨៤២
ខ្លឹមសារអប់រំដែលទទួលបានពីការសឡាតក្នុងពេលភ័យខ្លាច
១. បង្ហាញពីសារៈសំខាន់នៃសឡាតនៅក្នុងសាសនាអ៊ីស្លាម និងសារៈសំខាន់នៃសឡាតរួមគ្នា(ជើម៉ាអះ) ដោយវាមិនត្រូវបានលើកលែងឡើយ សូម្បីនៅក្នុងស្ថានភាពដ៏លំបាកទាំងនេះ។
២. ដកចេញនូវការលំបាកចំពោះប្រជាជាតិមួយនេះ ភាពអនុគ្រោះនៃច្បាប់បញ្ញត្តិអ៊ីស្លាម និងភាពសមស្របនៃច្បាប់សាសនានេះសម្រាប់គ្រប់សម័យកាល និងគ្រប់ទីកន្លែង។
៣. បញ្ជាក់ពីភាពពេញលេញនៃច្បាប់បញ្ញត្តិអ៊ីស្លាមដែលបានបញ្ញត្តិសម្រាប់គ្រប់ស្ថានភាពនូវច្បាប់ដែលសមស្របនឹងស្ថានភាពនោះ។
ទីដប់បួន៖ សឡាតជុមអាត់
ទីមួយ៖ ច្បាប់នៃសឡាតជុមអាត់
សឡាតជុមអាត់ គឺជាកាតព្វកិច្ចលើបុរសមូស្លីមគ្រប់រូប ដែលគ្រប់អាយុ មានសតិបញ្ញា ជាអ្នករស់នៅនឹងកន្លែង និងគ្មានឧបសគ្គរារាំង
ដោយតាមបន្ទូលរបស់អល់ឡោះជាម្ចាស់ដែលទ្រង់បានមានបន្ទូលថា៖ “ឱបណ្ដាអ្នកដែលមានជំនឿ! នៅពេលដែលគេ(អាហ្សាន)ប្រកាសហៅទៅកាន់ការប្រតិបត្តិសឡាតនៅថ្ងៃសុក្រ ចូរពួកអ្នករួសរាន់ទៅកាន់ការរំលឹកអល់ឡោះ(ស្តាប់ឃុតហ្ពះ និងសឡាតជុមអាត់) ហើយចូរពួកអ្នកបោះបង់នូវការលក់ដូរ។ នោះគឺជាការប្រសើរបំផុតសម្រាប់ពួកអ្នក ប្រសិនបើពួកអ្នកបានដឹង”។ [គម្ពីរគួរអាន ៦២:៩]
និងយោងតាមប្រសាសន៍របស់ព្យាការី (សូមសន្តិភាពកើតមានដល់លោក) ថា៖ “ចូរឲ្យក្រុមទាំងឡាយដែលបោះបង់ជុមអាត់ត្រូវតែបពា្ឈប់សកម្មភាពនេះ។ បើមិនដូច្នោះទេ អល់ឡោះជាម្ចាស់នឹងបោះត្រាភ្ជិតទៅលើដួងចិត្ដរបស់ពួកគេ។ ក្រោយមក ពួកគេប្រាកដជានឹងក្លាយជាអ្នកព្រងើយកន្ដើយជាមិនខាន”។ [៣៦] [៣៦] រាយការណ៍ដោយ មូស្លីម:៨៦៥
ទី២៖ លក្ខខណ្ឌនៃភាពត្រឹមត្រូវនៃសឡាតជុមអាត់
ក) ពេលវេលា៖ ពេលវេលារបស់វា គឺដូចពេលវេលាសឡាតហ្ស៊ូហូរ។ ដូចនេះ សឡាតជុមអាត់នឹងមិនត្រឹមត្រូវឡើយ ប្រសិនបើគេប្រតិបត្តិមុនពេលរបស់វា ហើយក៏មិនត្រឹមត្រូវដែរ ប្រសិនបើគេប្រតិបត្តិបន្ទាប់ពីផុតពេលវេលារបស់វា។
២. ត្រូវធ្វើឡើងជាលក្ខណៈរួមគ្នា(ជើម៉ាអះ) ដែលយ៉ាងហោចបំផុត គឺបីនាក់ យោងតាមទស្សនៈដែលត្រឹមត្រូវជាងគេ។ ដូចនេះ សឡាតជុមអាត់នឹងមិនត្រឹមត្រូវនោះឡើយ ប្រសិនបើគេប្រតិបត្តិវាតែម្នាក់ឯង ហើយក៏មិនមិនត្រឹមត្រូវនោះដែរ ប្រសិនបើគេប្រតិបត្តិវាតែពីរនាក់។
៣) អ្នកដែលចូលរួមសឡាតត្រូវតែជាអ្នកដែលស្នាក់នៅជាអចិន្ត្រៃយ៍ក្នុងលំនៅឋានដែលសង់តាមទម្លាប់ទូទៅ ទោះបីវាធ្វើពីបេតុង ឬពីថ្ម ឬពីដីឥដ្ឋ និងវត្ថុផ្សេងៗទៀតក៏ដោយ។ ហេតុនេះហើយ ការសឡាតជុមអាត់ គឺមិនត្រឹមត្រូវឡើយ ចំពោះអ្នកដែលរស់នៅតាមវាលខ្សាច់ (អ្នកបោះជំរំ)ដែលរស់នៅក្នុងតង់ ឬផ្ទះធ្វើពីស្បែកសត្វដែលពួកគេមិនមានទីលំនៅថេរ(ជាចរកជន) ពោលគឺពួកគេតែងផ្លាស់ទីកន្លែងដើម្បីស្វែងរកវាលស្មៅសម្រាប់ហ្វូងសត្វពាហនៈរបស់ពួកគេ។
៤. ត្រូវមានការថ្លែងឃុតហ្ពះ(ធម្មទេសនា)ជាមុន ព្រោះព្យាការី (សូមសន្តិភាពកើតមានដល់លោក) លោកតែងអនុវត្តបែបនេះជាប់ជានិច្ច។
ទី៣៖ គោលគ្រឹះនៃឃុតហ្ពះជុមអាត់(រូកុនឃុតហ្ពះ)
១. ថ្លែងសរសើរអល់ឡោះ និងពោលពាក្យសក្ខីកម្ម(ស្ហាហាហ្ទះ)ទាំងពីរ
២. សឡាវ៉ាតលើណាពី (សូមសន្តិភាពកើតមានដល់លោក)
៣. ផ្តែផ្តាំឱ្យមានការកោតខ្លាចចំពោះអល់ឡោះ
៤. សូត្រអ្វីមួយពីគម្ពីរគួរអាន
៥. ណែនាំ ផ្តល់ដំបូន្មាន
ទី៤៖ ប្រការដែលគួរមានសម្រាប់ឃុតហ្ពះជុមអាត់(ស៊ូណិតឃុតហ្ពះ)
១. ថ្លែងឃុតហ្ពះលើវេទិកា(មិមពើរ)
២. ខណ្ឌចែករវាងឃុតហ្ពះទាំងពីរដោយការអង្គុយមួយភ្លែត ៣. បួងសួងដល់ជនមូស្លីមទាំងឡាយ និងដល់ថ្នាក់ដឹកនាំរបស់ខ្លួន
៤. កុំសូត្រឃុតហ្ពះទាំងពីរវែងពេក(ធ្វើខ្លីៗ)
៥. ចំពោះអ្នកសូត្រឃុតហ្ពះ(ខទីប)ត្រូវឲ្យសាឡាមទៅកាន់មនុស្សម្នានៅពេលឡើងដល់វេទិកា(មិមពើរ)។
ទី៥. ប្រការដែលគួរគប្បីធ្វើនៅថ្ងៃសុក្រ
១. ប្រើស៊ីវ៉ាក(ឈើម្យ៉ាងសម្រាប់ដុសធ្មេញ)
២. ប្រើប្រាស់គ្រឿងក្រអូប ប្រសិនបើមាន
៣. រួសរាន់ទៅសឡាតជុមអាត់
៤. ធ្វើដំណើរទៅកាន់ម៉ាស្ជិតដោយដើរថ្មើជើងដោយមិនជិះយានជំនិះ
៥. នៅឲ្យបានកៀកនឹងអ៊ីម៉ាំ
៦. បួងសួងឲ្យបានច្រើន
៧. សូត្រជំពូក អាល់កះហ្វី
៨. សឡាវ៉ាតលើណាពី (សូមសន្តិភាពកើតមានដល់លោក)
ទី៦៖ ប្រការដែលគេហាមឃាត់សម្រាប់អ្នកចូលរួមសឡាតជុមអាត់
១. មិនត្រូវនិយាយគ្នាក្នុងខណៈដែលអ៊ីម៉ាំកំពុងសូត្រឃុតហ្ពះនោះឡើយ ព្រោះព្យាការី (សូមសន្តិភាពកើតមានដល់លោក) លោកបានមានប្រសាសន៍ថា៖ “ប្រសិនបើអ្នកនិយាយទៅកាន់មិត្តភក្តិរបស់អ្នកនៅថ្ងៃសុក្រ ខណៈដែលអ៊ីម៉ាំកំពុងតែសូត្រឃុតហ្ពះថា៖ “ចូរអ្នកនៅស្ងៀម” នោះអ្នកប្រាកដជាបាត់បង់ផលបុណ្យពីជុមអាត់នោះហើយ”។ [៣៧] ពោលគឺ និយាយនូវពាក្យសម្តីឥតប្រយោជន៍ ហើយពាក្យសម្តីឥតប្រយោជន៍ គឺមានន័យថា អំពើបាប។ [៣៧] រាយការណ៍ដោយ អាល់ពូខរី:៩៣៤, មូស្លីម:៨៥១
២. មិនគប្បីដើររំលងគេឯង(ដើម្បីបានទៅជួរខាងមុខ) លើកលែងតែសម្រាប់បុគ្គលដែលជាអ៊ីម៉ាំ ឬក៏ដើររំលងដើម្បីទៅបំពេញចន្លោះទំនេរដែលមិនអាចទៅដល់បាន ទាល់តែធ្វើបែបនេះ។
ការទាន់សឡាតជុមអាត់
ជនណាដែលបានទាន់រូកុជាមួយអ៊ីម៉ាំនៅក្នុងរ៉ក្អាត់ទីពីរនៃសឡាតជុមអាត់ គឺចាត់ទុកថាបានទាន់សឡាតជុមអាត់ ហើយត្រូវបំពេញវាឲ្យគ្រប់ពីររ៉ក្អាត់។ តែប្រសិនបើគេមិនទាន់រូកុនៃរ៉ក្អាត់ទីពីរជាមួយអ៊ីម៉ាំទេនោះ គឺចាត់ទុកថាបានខកខានសឡាតជុមអាត់ហើយ ហើយត្រូវបំពេញវាជាសឡាតហ្ស៊ូហូរចំនួនបួនរ៉ក្អាត់។ ដូចគ្នានេះដែរ ចំពោះអ្នកដែលខកខានសឡាតជុមអាត់ដោយសារដេកលក់ ឬមូលហេតុផ្សេងទៀតនោះ គឺត្រូវសឡាតហ្ស៊ូហូរជំនួសវិញ។
ទីដប់ប្រាំ. ការសឡាតរបស់អ្នកដែលមានឧបសគ្គ
ទីមួយ៖ ការសឡាតរបស់អ្នកជំងឺ
ក. ចាំបាច់លើអ្នកជំងឺត្រូវប្រតិបត្តិសឡាតតាមលទ្ធភាពរបស់ខ្លួន ហើយគេមិនអនុញ្ញាតឲ្យពន្យារពេលសឡាត រហូតដល់ហួសពេលវេលារបស់វានោះឡើយ ដរាបណាជននោះនៅមានប្រាជ្ញាស្មារតី។
ខ. តើអ្នកជំងឺត្រូវប្រតិបត្តិសឡាតយ៉ាងដូចម្តេច?
១. អ្នកជំងឺចាំបាច់ត្រូវសឡាតដោយឈរ ប្រសិនបើគេអាចឈរបានដោយគ្មានការលំបាក ឬផលប៉ះពាល់ ហើយត្រូវរូកុ និងស៊ូជោតដូចធម្មតា។
២. ប្រសិនបើអ្នកជំងឺមានការលំបាកនៅពេលរូកុ ឬស៊ូជោត ប៉ុន្តែគេអាចឈរបាន នោះគេត្រូវឱនក្បាលរូកុក្នុងពេលកំពុងឈរ ហើយឱនក្បាលស៊ូជោតក្នុងពេលកំពុងអង្គុយ។
៣. ប្រសិនបើអ្នកជំងឺមិនអាចសឡាតដោយឈរបាន គឺគេអាចសឡាតដោយអង្គុយ។ តាមស៊ុណ្ណះ គឺត្រូវអង្គុយពែនភ្នែននៅត្រង់កន្លែងដែលត្រូវឈរ និងត្រូវឱនក្បាលបន្តិចសម្រាប់រូកុ ហើយត្រូវស៊ូជោតនៅលើដីប្រសិនបើអាច។ តែប្រសិនបើមិនអាចទេ គឺត្រូវឱនក្បាលសម្រាប់ស៊ូជោតដូចគ្នាដែរ តែត្រូវធ្វើឲ្យទាបជាងពេលរូកុ។
៤. ប្រសិនបើអ្នកជំងឺមិនអាចសឡាតដោយអង្គុយបាន គឺគេត្រូវសឡាតដោយដេកផ្អៀង ហើយតម្រង់មុខទៅរកទិសគិបឡាត់។ ជាការប្រសើរ ត្រូវផ្អៀងទៅខាងស្តាំ ប្រសិនបើអាច ហើយត្រូវឱនក្បាលសម្រាប់ពេលរូកុ និងស៊ូជោត។
៥. ប្រសិនបើអ្នកជំងឺមិនអាចសឡាតដោយដេកផ្អៀងទៀតនោះ គឺត្រូវសឡាតដោយដេកផ្ងារ សណ្តូកជើងទាំងពីររបស់គេឆ្ពោះទៅកាន់ទិសគិបឡាត់ ហើយត្រូវបង្អោនកាយសម្រាប់រូកុ និងស៊ូជោត។
៦. ប្រសិនបើអ្នកជំងឺមិនអាចបង្អោនកាយដោយដងខ្លួននៅពេលរូកុ និងស៊ូជោតបានទេ គឺត្រូវបង្អោនក្បាល។ ប្រសិនបើនៅតែពិបាកសម្រាប់គេទៀត គឺមិនចាំបាច់ធ្វើកាយវិការអ្វីទាំងអស់ ហើយត្រូវបំពេញកិច្ចការសឡាតនៅក្នុងចិត្តរបស់គេវិញ ពោលគឺ គេត្រូវនៀតនូវរាល់កាយវិការសឡាត ដូចជា រូកុ ស៊ូជោត និងការអង្គុយ នៅក្នុងសភាពរបស់គេដដែល ហើយសូត្រនូវពាក្យហ្ស៊ីកៀរនានាតាមកន្លែងរបស់វា។
៧. អ្នកជំងឺត្រូវបំពេញនូវលក្ខខណ្ឌនៃការសឡាតតាមលទ្ធភាពដែលខ្លួនអាចធ្វើបាន ដូចជាការបែរមុខទៅរកទិសគិបឡាត់ ការយកវូហ្ទុដោយប្រើទឹក ឬធ្វើតាយ៉ាំមុមនៅពេលគ្មានលទ្ធភាព និងការសម្អាតខ្លួនពីភាពកខ្វក់។ ប្រសិនបើអ្នកជំងឺគ្មានលទ្ធភាពលើប្រការណាមួយក្នុងចំណោមនោះ គឺត្រូវបានលើកលែងឲ្យ ហើយអ្នកជំងឺត្រូវសឡាតទៅតាមស្ថានភាពរបស់ខ្លួនដោយមិនត្រូវពន្យារពេលសឡាតឲ្យហួសពីពេលវេលាកំណត់របស់វាឡើយ។
៨. តាមស៊ុណ្ណះ អ្នកជំងឺត្រូវអង្គុយពែនភ្នែននៅត្រង់កន្លែងឈរនិងរូកុ ហើយត្រូវអង្គុយលើបាតជើងឆ្វេងចំពោះកាយវិការផ្សេងទៀត។
ទីពីរ៖ ការសឡាតរបស់អ្នកដំណើរ
១. ក្នុងចំណោមអ្នកដែលមានហេតុផលអនុគ្រោះ គឺអ្នកដំណើរ ដោយអ៊ីស្លាមបានដាក់ច្បាប់បញ្ញត្តិឱ្យបង្រួមសឡាតដែលមានបួនរ៉ក្អាត់ មកត្រឹមពីររ៉ក្អាត់ យោងតាមបន្ទូលរបស់អល់ឡោះជាម្ចាស់ដែលទ្រង់បានមានបន្ទូលថា៖ “ហើយនៅពេលដែលពួកអ្នកធ្វើដំណើរនៅលើផែនដី គឺគ្មានទោសពៃរ៍អ្វីឡើយចំពោះពួកអ្នកក្នុងការបង្រួមសឡាត...”។ [គម្ពីរគួរអាន ៤:១០១]
អំពី អាណាស កូន ម៉ាលិក (សូមអល់ឡោះសព្វព្រះទ័យចំពោះគាត់) បាននិយាយថា៖ «ពួកយើងបានចេញដំណើរជាមួយព្យាការី (សូមសន្តិភាពកើតមានដល់លោក) ពីក្រុងម៉ាទីណះទៅកាន់ក្រុងម៉ាក្កះ។ លោកបានសឡាតពីរៗរ៉ក្អាត់ រហូតដល់ពួកយើងបានត្រឡប់មកកាន់ក្រុងម៉ាទីណះវិញ»។ [៣៨] [៣៨] រាយការណ៍ដោយ អាល់ពូខរី:១០៨១, មូស្លីម:៦៩៣
ការបង្រួមសឡាត ឬសឡាតកសើរចាប់ផ្តើមនៅពេលអ្នកធ្វើដំណើរបានចេញផុតពីកន្លែងរស់នៅរបស់ខ្លួន ព្រោះអល់ឡោះជាម្ចាស់ទ្រង់បានអនុញ្ញាតឱ្យបង្រួមសឡាតសម្រាប់អ្នកដែលធ្វើដំណើរនៅលើផែនដី។ មុនពេលដែលគេចាកចេញពីស្រុកកំណើតរបស់ខ្លួន គឺគេមិនមែនជាអ្នកធ្វើដំណើរនៅឡើយទេ និងដោយសារតែព្យាការី (សូមសន្តិភាពកើតមានដល់លោក) លោកមិនបង្រួមសឡាតឡើយ លុះត្រាតែលោកបានចេញដំណើរ។
២. ចម្ងាយដែលគេអនុញ្ញាតឲ្យអ្នកដំណើរអាចបង្រួមសឡាតបាន គឺប្រមាណ ៨០ គីឡូម៉ែត្រ។
៣. សម្រាប់អ្នកដំណើរ ក៏អាចបង្រួមសឡាតក្នុងពេលវិលត្រឡប់មកវិញផងដែរ រហូតដល់គេបានចូលដល់ស្រុកកំណើតរបស់ខ្លួន។
៤. នៅពេលដែលអ្នកដំណើរទៅដល់ប្រទេសណាមួយ ហើយមានបំណងស្នាក់នៅទីនោះ សម្រាប់រូបគេ គឺមានបីករណី៖
ក) គេមានចេតនា(នៀត)ស្នាក់នៅទីនោះច្រើនជាងបួនថ្ងៃ៖ ក្នុងករណីនេះ តម្រូវឲ្យអ្នកដំណើរនោះត្រូវប្រតិបត្តិសឡាតពេញលេញចាប់តាំងពីថ្ងៃដំបូងដែលរូបគេបានស្នាក់នៅទីនោះ ហើយមិនអនុញ្ញាតឲ្យទទួលយកការអនុគ្រោះផ្សេងៗពីច្បាប់អ៊ីស្លាមសម្រាប់អ្នកដំណើរនោះឡើយ។
ខ) គេមានចេតនាស្នាក់នៅរយៈពេលបួនថ្ងៃ ឬតិចជាងនេះ៖ ក្នុងករណីនេះ ច្បាប់អនុញ្ញាតឲ្យរូបគេអាចបង្រួមសឡាត និងទទួលយកការអនុគ្រោះផ្សេងៗសម្រាប់អ្នកដំណើរបាន។
គ) គេមិនមានចេតនាស្នាក់នៅក្នុងរយៈពេលជាក់លាក់ណាមួយឡើយ ពោលគឺគេអាចស្នាក់នៅមួយថ្ងៃ ឬដប់ថ្ងៃ អាស្រ័យទៅលើភាពសមស្របនៃទីកន្លែងនោះសម្រាប់គេ ឬគេមានធុរៈនៅទីនោះ ដូចជាការព្យាបាលជំងឺ ឬការរង់ចាំដោះស្រាយការងារ ដែលកាលណាធុរៈរបស់គេបានបញ្ចប់ គេនឹងត្រឡប់ទៅស្រុកកំណើតរបស់គាត់វិញភ្លាម។ ក្នុងករណីនេះ គេអនុញ្ញាតឲ្យអ្នកដំណើរនោះអាចបង្រួមសឡាត និងទទួលយកការអនុគ្រោះផ្សេងៗសម្រាប់អ្នកដំណើរបាន រហូតដល់គេវិលត្រឡប់មកស្រុកភូមិវិញ ទោះបីជារយៈពេលស្នាក់នៅរបស់គេលើសពីបួនថ្ងៃក៏ដោយ។
៥. ប្រសិនបើអ្នកដំណើរសឡាតពីក្រោយអ៊ីម៉ាំដែលជាអ្នកមិនធ្វើដំណើរ ចាំបាច់លើអ្នកដំណើរនោះត្រូសឡាតពេញលេញធម្មតា ទោះបីជាគេបានទាន់ត្រឹមតះយិតចុងក្រោយជាមួយអ៊ីម៉ាំក៏ដោយ។
៦. ប្រសិនបើអ្នកមិនធ្វើដំណើរសឡាតពីក្រោយអ៊ីម៉ាំជាអ្នកដំណើរដែលបង្រួមសឡាត ចាំបាច់លើអ្នកមិនធ្វើដំណើរនោះត្រូវបំពេញសឡាតរបស់ខ្លួនឲ្យបានពេញលេញ បន្ទាប់ពីអ៊ីម៉ាំឲ្យសាឡាម។
ទីដប់ប្រាំមួយ៖ សឡាតរ៉យ៉ាទាំងពីរ
ថ្ងៃបុណ្យ(រ៉យ៉ា)របស់ជនមូស្លីម គឺជាថ្ងៃបុណ្យដែលប្រទានដោយព្រះជាម្ចាស់ដែលព្រះអល់ឡោះទ្រង់ជាអ្នកបញ្ញត្តិវាសម្រាប់ជនមូស្លីម ដោយពួកគេមិនមែនជាអ្នកដែលបង្កើតថ្ងៃបុណ្យទាំងនោះឡើងដោយខ្លួនឯងឡើយ។ សម្រាប់អ្នកមូស្លីម មានថ្ងៃបុណ្យ ឬថ្ងៃរ៉យ៉ាតែពីរប៉ុណ្ណោះ គឺថ្ងៃបុណ្យចេញបួស(រ៉យ៉ាហ្វិតរ៉ោះ) និងថ្ងៃបុណ្យអ័ដហា(រ៉យ៉ាអ័ដហា ឬរ៉យ៉ាហាជ្ជី)។ វាខុសពីថ្ងៃបុណ្យរបស់ពួកគ្មានជំនឿ ឬថ្ងៃបុណ្យដែលបង្កើតថ្មី(ពិទអះ)ដែលអល់ឡោះមិនបានបញ្ញត្តិ ឬមិនបានបញ្ជាឱ្យធ្វើ ប៉ុន្តែពួកគេគឺជាអ្នកដែលបង្កើតថ្ងៃបុណ្យទាំងនោះឡើងដោយខ្លួនឯង។
ច្បាប់នៃការសឡាតរ៉យ៉ាទាំងពីរ
វាជាកាតព្វកិច្ចសមូហភាព(ហ្វើរទូគីហ្វាយ៉ះ) ដែលព្យាការី (សូមសន្តិភាពកើតមានដល់លោក) លោកតែងប្រកាន់ខ្ជាប់ជានិច្ច ហើយមេដឹកនាំកំពូលអ៊ីស្លាមទាំងបួនបន្ទាប់ពីលោក(ឃូឡាហ្វាកអើររ៉ស្ហ៊ីទូន) ក៏បានបន្តប្រកាន់ខ្ជាប់ផងដែរ។ ហើយវាគឺជានិមិត្តរូប និងជាអត្តសញ្ញាណដ៏លេចធ្លោមួយរបស់សាសនាអ៊ីស្លាម។
ពេលវេលាសឡាតរ៉យ៉ាទាំងពីរ៖ ពេលវេលាសឡាតរ៉យ៉ាចាប់ផ្តើមនៅពេលដែលព្រះអាទិត្យរះឡើងខ្ពស់បានកម្ពស់មួយថ្នោល ពោលគឺប្រមាណជា១៥នាទីក្រោយថ្ងៃរះ ហើយពេលវេលារបស់វាបញ្ចប់នៅពេលថ្ងៃជ្រេ។
របៀបសឡាតរ៉យ៉ាទាំងពីរ
១. នៅក្នុងរ៉ក្អាត់ទីមួយ ត្រូវតឹកពៀររ៉តុលអៀហរ៉ម បន្ទាប់មកសូត្រទូអា អ៊ិសទីហ្វតះ រួចតឹកពៀរចំនួនប្រាំមួយដង ដោយលើកដៃទាំងពីរនៅរាល់ពេលតឹកពៀរ ដោយនៅចន្លោះតឹកពៀរនីមួយៗ ត្រូវថ្លែងសរសើរដល់អល់ឡោះជាម្ចាស់ និងសឡាវ៉ាតទៅលើណាពី (សូមសន្តិភាពកើតមានដល់លោក) ។ បន្ទាប់មកទៀត ត្រូវសូត្រ “أعوذ بالله من الشيطان الرجيم” និង “بسم الله الرحمن الرحيم” រួចសូត្រជំពូកអាល់ហ្វាទីហះ។
២. នៅរ៉ក្អាត់ទីពីរ ត្រូវតឹកពៀរប្រាំដងបន្ទាប់ពីតឹកពៀរពេលក្រោកឈរ។ បន្ទាប់មក សូត្រ “أعوذ بالله من الشيطان الرجيم” និង “بسم الله الرحمن الرحيم” រួចសូត្រជំពូកអាល់ហ្វាទីហះ។ ជាការប្រសើរ ត្រូវសូត្រជំពូកអាល់អាក់ឡា ក្នុងរ៉ក្អាត់ទីមួយ និងជំពូក អាល់ហ្គស្ហ៊ីយ៉ះ ក្នុងរ៉ក្អាត់ទីពីរ បន្ទាប់ពីជំពូកអាល់ហ្វាទីហះរួច។
៣. បន្ទាប់ពីឲ្យសាឡាមរួច អ៊ីម៉ាំត្រូវឡើងលើវេទិកា(មិមពើរ) ហើយសូត្រឃុតហ្ពះ(ធម្មទេសនា)ចំនួនពីរ។ នៅចន្លោះឃុតហ្ពះទាំងពីរនោះ អ៊ីម៉ាំត្រូវអង្គុយមួយភ្លែត ដូចដែលគេធ្វើនៅក្នុងឃុតហ្ពះថ្ងៃជុមអាត់ដែរ។
ប្រការដែលគប្បីធ្វើនៅថ្ងៃរ៉យ៉ា
ក. ងូតទឹក
ខ. សម្អាតខ្លួន និងប្រើប្រាស់គ្រឿងក្រអូប
គ. ទទួលទានអាហារមុនពេលចេញទៅសឡាតនៅថ្ងៃរ៉យ៉ាហ្វិតរ៉ោះ និងទទួលទានពីសាច់គួរហ្ពានរបស់ខ្លួនបន្ទាប់ពីសឡាតនៅថ្ងៃរ៉យ៉ាអ័ដហា ប្រសិនបើគេបានធ្វើគួរហ្ពាន។
ឃ. ធ្វើដំណើរទៅសឡាតដោយដើរថ្មើជើង
ង. ទៅសឡាតតាមផ្លូវមួយ ហើយត្រឡប់មកវិញតាមផ្លូវមួយផ្សេងទៀត(ប្រសិនបើផ្លូវមានច្រើន)។
ច. រួសរាន់ទៅកាន់កន្លែងសឡាត លើកលែងតែអ៊ីម៉ាំ។
តឹកពៀរ
ស៊ូណិត គប្បីសូត្រតឹកពៀរនៅរាត្រីនៃថ្ងៃរ៉យ៉ាទាំងពីរ នៅដប់ថ្ងៃដំបូងនៃខែហ្ស៊ុលហ៊ិជ្ជះ និងបណ្តាថ្ងៃតាស្ហរិក។ ចំពោះការតឹកពៀរមានពីរប្រភេទ៖
ប្រភេទទីមួយ៖ តឹកពៀរទូទៅ គឺជាការតឹកពៀរដែលមិនត្រូវបានកំណត់ពេលវេលាជាក់លាក់។
១. នៅថ្ងៃរ៉យ៉ាហ្វិតរ៉ោះ៖ ចាប់ពីពេលថ្ងៃលិចនៃយប់រ៉យ៉ា រហូតដល់ពេលចាប់ផ្តើមសឡាតរ៉យ៉ា។
២. នៅថ្ងៃរ៉យ៉ាអ័ដហា៖ ចាប់ពីពេលថ្ងៃលិចនាយប់ថ្ងៃទីមួយនៃខែហ្ស៊ុលហ៊ិជ្ជះ រហូតដល់ពេលថ្ងៃលិចនាថ្ងៃចុងក្រោយនៃថ្ងៃតាស្ហរិក។
ប្រភេទទីពីរ៖ តឹកពៀរមានកំណត់ពេល៖ គឺជាការតឹកពៀរដែលត្រូវបានកំណត់ឱ្យសូត្របន្ទាប់ពីសឡាតដែលជាកាតព្វកិច្ច។
១. ចំពោះអ្នកដែលមិនស្ថិតក្នុងតំណមអៀហរ៉ម(ហាជ្ជី)៖ ចាប់ពីពេលស៊ូពុសនៃថ្ងៃអារ៉ហ្វះ រហូតដល់ពេលអាសើរនាថ្ងៃតាស្ហរិកចុងក្រោយ។
២. ចំពោះអ្នកដែលស្ថិតក្នុងតំណមអៀហរ៉ម(ហាជ្ជី)៖ ចាប់ពីសឡាតហ្ស៊ូហូរនៃថ្ងៃរ៉យ៉ាអ័ដហា រហូតដល់ពេលអាសើរនៃថ្ងៃតាស្ហរិកចុងក្រោយ។
ទីដប់ប្រាំពីរ៖ សឡាតសូរ្យគ្រាស ចន្ទ្រគ្រាស
អត្ថន័យនៃពាក្យចន្ទ្រគ្រាស និងសូរ្យគ្រាស៖
ចន្ទ្រគ្រាស៖ គឺជាការបាត់បង់ពន្លឺនៃព្រះចន្ទទាំងស្រុង ឬបាត់បង់មួយផ្នែកនៅក្នុងពេលយប់។
សូរ្យគ្រាស គឺជាការបាត់បង់ពន្លឺនៃព្រះអាទិត្យទាំងស្រុង ឬបាត់បង់មួយផ្នែកនៅពេលថ្ងៃ។
ច្បាប់នៃការសឡាតសូរ្យគ្រាស ចន្ទ្រគ្រាស
ជាប្រការស៊ូណិតដែលគេទាមទារខ្លាំងបំផុត(ស៊ូណិតមូអឹកកាត់) ហើយទង្វើរបស់អ្នកនាំសាររបស់អល់ឡោះ (សូមសន្តិភាពកើតមានដល់លោក) គឺជាភស្តុតាងបញ្ជាក់បែបនេះ ខណៈដែលលោកបានសឡាតសូរ្យគ្រាសនៅពេលដែលសូរ្យគ្រាសបានកើតឡើងក្នុងសម័យកាលរបស់លោក។ ហើយបទបញ្ជារបស់លោកដែលបង្គាប់ប្រើឲ្យសឡាតសូរ្យគ្រាសនោះ ក៏ជាភស្តុតាងបញ្ជាក់បែបនេះដែរ។ ចំណែកឯសាសនវិទូអ៊ីស្លាមបានមូលមតិគ្នាលើការបញ្ញត្តិឲ្យសឡាតសូរ្យគ្រាស ចន្ទ្រគ្រាសនេះ។
ពេលវេលារបស់វា
ចាប់ផ្តើមពីពេលដែលសូរ្យគ្រាស ឬចន្ទ្រគ្រាសបានចាប់ផ្តើមកើតឡើង រហូតដល់ពេលដែលវាបាត់ទៅវិញ។
របៀបសឡាត
សឡាតសូរ្យគ្រាស និងចន្ទ្រគ្រាស គឺមានចំនួនពីររ៉ក្អាត់ និងត្រូវសូត្រឮៗ ហើយរបៀបសឡាតរបស់វាមានដូចខាងក្រោម៖
ក. ត្រូវតឹកពៀរ៉តុលអៀហរ៉ម សូត្រទូអាអ៊ិសទីហ្វតះ សូត្រ “أعوذ بالله من الشيطان الرجيم” សូត្រ "بسم الله الرحمن الرحيم" ហើយសូត្រជំពូក អាល់ហ្វាទីហះ។ ក្រោយមក សូត្រឲ្យបានយូរ។
ខ. បន្ទាប់មក ត្រូវឱនរូកុឲ្យបានយូរ។
គ. បន្ទាប់ទៀត ត្រូវងើបពីរូកុវិញ ហើយសូត្រថា៖ “سَمِعَ اللَّهُ لِمَنْ حَمِدَهُ”។ បន្ទាប់មកទៀត ត្រូវសូត្រជំពូកអាល់ហ្វាទីហះ រួចត្រូវសូត្រឲ្យបានយូរ តែខ្លីជាងការសូត្រលើកទីមួយ។
ឃ. ក្រោយមក ត្រូវឱនរូកុឲ្យបានយូរ តែខ្លីជាងរូកុលើកទីមួយ។
ង. ក្រោយមកទៀត ងើបពីរូកុវិញ ហើយសូត្រថា៖ «سَمِعَ اللَّهُ لِمَنْ حَمِدَهُ»។
ច. បន្ទាប់មក ត្រូវស៊ូជោតពីរដងឲ្យបានយូរ។
ឆ. បន្ទាប់មកទៀត ត្រូវក្រោកឈរសម្រាប់រ៉ក្អាត់ទីពីរ ដែលត្រូវធ្វើដូចរ៉ក្អាត់ទីមួយដែរ តែខ្លីជាង។
ប្រការស៊ូណិតនៃសឡាតសូរ្យគ្រាស ចន្ទ្រគ្រាស
ក) ប្រកាសហៅមកកាន់សឡាតដោយពោលថា៖ “الصلاة جامعة”
ខ) ត្រូវប្រតិបត្តិជាក្រុម(ជើម៉ាអះ)
គ) ត្រូវសឡាតឲ្យបានយូរ តាមរយៈការឈរឲ្យបានយូរ រូកុឲ្យបានយូរ និងស៊ូជោតឲ្យបានយូរ។
ឃ) រ៉ក្អាត់ទីពីរត្រូវខ្លីជាងរ៉ក្អាត់ទីមួយ
ង) ធ្វើការដាស់រំលឹកគ្នាបន្ទាប់ពីសឡាតរួច និងជំរុញគ្នាឱ្យប្រតិបត្តិនូវអំពើល្អ ហើយបោះបង់នូវអំពើអាក្រក់។
ច) បង្កើននូវការបួងសួង ទទូចអង្វរករទៅកាន់អល់ឡោះ សុំការអភ័យទោស និងបរិច្ចាគទាន។
ទីដប់ប្រាំបី៖ សឡាតសុំទឹកភ្លៀង
១) ការសុំទឹកភ្លៀង គឺជាការបួងសួងទៅកាន់អល់ឡោះជាម្ចាស់សូមឲ្យទ្រង់បញ្ចុះទឹកភ្លៀងនៅពេលមានគ្រោះរាំងស្ងួត។
ពេលវេលាដែលគេបញ្ញត្តិឲ្យប្រតិបត្តិសឡាតសុំទឹកភ្លៀង
សឡាតសុំទឹកភ្លៀងត្រូវបានបញ្ញត្តិឲ្យធ្វើនៅពេលដែលជួបប្រទះនូវគ្រោះរាំងស្ងួត គ្មានភ្លៀងធ្លាក់ ហើយមានការខូចខាតកើតឡើងដោយសារតែគ្មានភ្លៀងធ្លាក់នេះ។ ក្នុងស្ថានភាពបែបនេះ មនុស្សលោកគ្មានផ្លូវជ្រើសរើសអ្វីផ្សេងឡើយ ក្រៅពីការបន្ទាបខ្លួនយ៉ាងស្មោះស្ម័គ្រចំពោះព្រះជាម្ចាស់របស់ខ្លួនដើម្បីសុំទឹកភ្លៀងពីទ្រង់ និងសុំការសង្គ្រោះពីទ្រង់ តាមរយៈការទទូចអង្វរករទៅកាន់ទ្រង់ក្នុងរូបភាពផ្សេងៗ។
ក. ជួនកាលដោយការប្រតិបត្តិសឡាតជាក្រុម ឬម្នាក់ឯង
ខ. ជួនកាលដោយការបួងសួងនៅក្នុងឃុតហ្ពះជុមអាត់ ដោយខទីបជាអ្នកបួងសួងសុំ ហើយអ្នកមូស្លីមទាំងឡាយពោលពាក្យ អាមីន។
គ. ហើយជួនកាលទៀតដោយការបួងសួងនៅពេលណាក៏បាន ដោយគ្មានការសឡាត និងការសូត្រឃុតហ្ពះឡើយ។
ច្បាប់នៃការសឡាតសុំទឹកភ្លៀង
ជាប្រការស៊ូណិតដែលគេទាមទារខ្លាំងបំផុត(ស៊ូណិតមូអឹកកាត់)នៅពេលដែលមានមូលហេតុរបស់វា ដោយយោងតាមទង្វើរបស់ព្យាការី (សូមសន្តិភាពកើតមានដល់លោក) ដូចដែលមាននៅក្នុងហាទីស្ហ អាប់ទុលឡោះ កូន ហ្សេទ (សូមអល់ឡោះសព្វព្រះទ័យចំពោះគាត់) បាននិយាយថា៖ «ព្យាការី (សូមសន្តិភាពកើតមានដល់លោក) លោកបានចេញទៅកាន់កន្លែងសឡាត រួចបួងសួងសុំទឹកភ្លៀង។ លោកបានបែរទៅកាន់គិបឡាត់ ត្រឡប់អាវក្រៅរបស់លោក និងបានសឡាតចំនួនពីររ៉ក្អាត់»។ [៣៩] [៣៩] រាយការណ៍ដោយ អាល់ពូខរី:១០១២, មូស្លីម:៨៩៤
របៀបសឡាតសុំទឹកភ្លៀង
របៀបសឡាតសុំទឹកភ្លៀង គឺដូចសឡាតរ៉យ៉ាដែរ។ ដូចនេះ ស៊ូណិតឲ្យប្រតិបត្តិសឡាតនេះនៅកន្លែងសឡាត(មិនមែនក្នុងម៉ាស្ជិត)ដូចសឡាតរ៉យ៉ា ហើយក្បួនច្បាប់នៃការសឡាតសុំទឹកភ្លៀង គឺដូចទៅនឹងសឡាតរ៉យ៉ាដែរ ទាំងចំនួនរ៉ក្អាត់ ការសូត្រឮៗ ការប្រតិបត្តិសឡាតមុនសូត្រឃុតហ្ពះ និងការតឹកពៀរបន្ថែមនៅក្នុងរ៉ក្អាត់ទីមួយនិងទីពីរ មុននឹងការសូត្រ។ ដូចដែលបានបញ្ជាក់រួចមកហើយនៅក្នុងសឡាតរ៉យ៉ាទាំងពីរ។ តែត្រូវសូត្រឃុតហ្ពះតែមួយដងគត់។
ទីដប់ប្រាំបួន៖ ក្បួនច្បាប់ទាក់ទងនឹងសព
ទីមួយ៖ ចំពោះអ្នកដែលនៅក្បែរអ្នកជិតស្លាប់
១. ចំពោះអ្នកដែលនៅក្បែរអ្នកហៀបនឹងស្លាប់ គប្បីបង្រៀនអ្នកនោះឱ្យពោលពាក្យ «لا إلهَ إِلا اللهُ»។
២. គប្បីតម្រង់អ្នកជិតស្លាប់នោះទៅកាន់ទិសគិបឡាត់។
៣. គប្បីបំបិទភ្នែកសព
៤. គប្បីដណ្ដប់រាងកាយសពដោយក្រណាត់ បន្ទាប់ពីបានស្លាប់
៥. គប្បីរួសរាន់រៀបចំសព
៦. ចាំបាច់ត្រូវរួសរាន់សងបំណុលដែលសពជំពាក់
៧. ត្រូវងូតទឹកឲ្យសព និងរុំសព ហើយប្រការទាំងពីរនេះ គឺជាកាតព្វកិច្ចសមូហភាព(ហ្វើរទូគីហ្វាយ៉ះ)។
ទីពីរ៖ ក្បួនច្បាប់នៃការសឡាតឲ្យសព
ច្បាប់របស់វា៖ ជាកាតព្វកិច្ចសមូហភាព(ហ្វើរទូគីហ្វាយ៉ះ)
លក្ខខណ្ឌរបស់វា៖
១. តម្រង់ទៅកាន់គិបឡាត់
២. បិតបាំងរាងកាយ(អាវរ៉ាត់)
៣. ជៀសវាងពីប្រការកខ្វក់(ណាជីស)
៤. អ្នកសឡាត និងសពដែលគេត្រូវសឡាតឲ្យត្រូវមានភាពជ្រះស្អាត
៥. អ្នកសឡាត និងសពដែលគេត្រូវសឡាតឲ្យត្រូវតែជាអ្នកមូស្លីម
៦. ត្រូវមានវត្តមានសពនៅចំពោះមុខ ប្រសិនបើសពស្ថិតនៅក្នុងភូមិស្រុក
៧. ជាអ្នកដែលធំដឹងក្តី និងមានសតិបញ្ញា
គោលគ្រឹះ(រូកុន)របស់វា៖
១. ឈរសឡាត
២. តឹកពៀរបួនដង
៣. សូត្រជំពូក អាល់ហ្វាទីហះ
៤. សឡាវ៉ាតលើណាពី (សូមសន្តិភាពកើតមានដល់លោក)
៥. បួងសួងដល់អ្នកស្លាប់
៦. លំដាប់លំដោយ
៧. ឲ្យសាឡាម
ប្រការគប្បីធ្វើ(ស៊ូណិត)របស់វា៖
១) លើកដៃទាំងពីររាល់ពេលតឹកពៀរ
២) សូត្រ “أعوذ بالله من الشيطان الرجيم”
៣) បួងសួងដល់ខ្លួនឯង និងអ្នកមូស្លីមទាំងឡាយ
៤) សូត្រតិចៗ
៥) ឈរស្ងៀមបន្តិចបន្ទាប់ពីតឹកពៀរទីបួន មុននឹងឲ្យសាឡាម
៦) ដាក់ដៃស្តាំលើដៃឆ្វេងលើដើមទ្រូង
៧. ងាកមុខទៅខាងស្តាំនៅពេលឲ្យសាឡាម។
របៀបសឡាត
អ៊ីម៉ាំ ឬអ្នកសឡាតម្នាក់ឯងត្រូវឈរនៅត្រង់ទ្រូងសព ប្រសិនបើសពនោះជាបុរស និងឈរត្រង់កណ្តាលខ្លួនសព ប្រសិនបើសពជាស្ត្រី រួចតឹកពៀរ៉តុលអៀហរ៉ម, សូត្រ “أعوذ بالله من الشيطان الرجيم” តែមិនសូត្រទូអាអ៊ិសទីហ្វតះទេ ហើយសូត្រ "بسم الله الرحمن الرحيم" រួចសូត្រជំពូក អាល់ហ្វាទីហះ។
បន្ទាប់មក ត្រូវតឹកពៀរ រួចសឡាវ៉ាតលើណាពី (សូមសន្តិភាពកើតមានដល់លោក)។ បន្ទាប់មកទៀត ត្រូវសូត្រតឹកពៀរ ហើយបួងសួងដល់សពតាមអ្វីដែលមានភស្តុតាងបញ្ជាក់ពីស៊ុណ្ណះ។ ដូចជាប្រសាសន៍របស់ព្យាការី (សូមសន្តិភាពកើតមានដល់លោក) ដែលលោកបានបួងសួងថា៖ »اللَّهُمَّ اغْفِرْ لِحَيِّنَا وَمَيِّتِنَا، وَصَغِيرِنَا وَكَبِيرِنَا، وَذَكَرِنَا وَأُنثَانَا، وَشَاهِدِنَا وَغَائِبِنَا، اللَّهُمَّ مَنْ أَحْيَيْتَهُ مِنَّا فَأَحْيِهِ عَلَى الإِيمَانِ، وَمَنْ تَوَفَّيْتَهُ مِنَّا فَتَوَفَّهُ عَلَى الإِسْلَامِ، اللَّهُمَّ لَا تَحْرِمْنَا أَجْرَهُ، وَلَا تُضِلَّنَا بَعْدَهُ« (ឱអល់ឡោះជាម្ចាស់! សូមទ្រង់មេត្តាអភ័យទោសដល់អ្នកដែលនៅរស់ និងអ្នកដែលបានស្លាប់នៃពួកយើងផង ទាំងក្មេង ទាំងចាស់ ទាំងប្រុស ទាំងស្រី ទាំងអ្នកមានវត្តមាន និងទាំងអ្នកអវត្តមាន។ ឱអល់ឡោះជាម្ចាស់! ជនណាដែលទ្រង់ឲ្យគេមានជីវិតរស់នៅក្នុងចំណោមពួកយើង សូមទ្រង់ឱ្យគេរស់នៅលើសេចក្តីជំនឿ(អ៊ីម៉ាន)ផង។ ហើយជនណាដែលទ្រង់ឱ្យគេស្លាប់ទៅក្នុងចំណោមពួកយើង សូមទ្រង់ឱ្យគេស្លាប់នៅលើសាសនាអ៊ីស្លាមផង។ ឱអល់ឡោះជាម្ចាស់! សូមទ្រង់កុំរារាំងពួកយើងពីផលបុណ្យរបស់គេ ហើយសូមទ្រង់កុំធ្វើឱ្យពួកយើងវង្វេងផ្លូវបន្ទាប់ពី(ការបាត់បង់)គេ។) [៤០] [៤០] រាយការណ៍ដោយអាពូហ្ទាវូទ:៣២០១, អាត់តៀរមីហ្ស៊ី:១០២៤ ហើយគាត់បាននិយាយថា៖ ជាហាទីស្ហ ហាសាន់ សហេស។
ឬបួងសួងថា៖ »اللَّهُمَّ اغْفِرْ لَهُ وَارْحَمْهُ، وَعَافِهِ وَاعْفُ عَنْهُ، وَأَكْرِمْ نُزُلَهُ، وَوَسِّعْ مَدْخَلَهُ، وَاغْسِلْهُ بِالْمَاءِ وَالثلْجِ وَالْبَرَدِ، وَنَقِّهِ مِنَ الْخَطَايَا كَمَا نَقَّيْتَ الثَّوْبَ الْأَبْيَضَ مِنَ الدَّنَسِ، وَأَبْدِلْهُ دَارًا خَيْرًا مِنْ دَارِهِ، وَأَهْلًا خَيْرًا مِنْ أَهْلِهِ، وَزَوْجًا خَيْرًا مِنْ زَوْجِهِ، وَأَدْخِلْهُ الْجَنَّةَ، وَأَعِذْهُ مِنْ عَذَابِ الْقَبْرِ، وَمِنْ عَذَابِ النَّارِ« (ឱអល់ឡោះជាម្ចាស់! សូមទ្រង់មេត្តាអភ័យទោសឲ្យគាត់ មេត្តាករុណាដល់គាត់ ផ្តល់ភាពសុខសាន្តដល់គាត់ និងលើកលែងទោសឲ្យគាត់ផង។ សូមទ្រង់ផ្ដល់កិត្តិយសដល់កន្លែងស្នាក់នៅរបស់គាត់ និងពង្រីកច្រកចូលរបស់គាត់ឱ្យបានធំទូលាយផង។ សូមទ្រង់មេត្តាលាងសម្អាតគាត់ដោយទឹក ទឹកកក និងព្រិល ហើយសូមជម្រះគាត់ពីកំហុសឆ្គង(បាបកម្ម)ទាំងឡាយ ដូចដែលទ្រង់ជម្រះសម្លៀកបំពាក់ពណ៌សពីភាពកខ្វក់ដូច្នោះដែរ។ សូមទ្រង់ប្តូរឲ្យគាត់នូវផ្ទះមួយដែលប្រសើរជាងផ្ទះ(ចាស់)របស់គាត់, ក្រុមគ្រួសារដែលប្រសើរជាងក្រុមគ្រួសាររបស់គាត់ និងភរិយាដែលប្រសើរជាងភរិយារបស់គាត់។ ហើយសូមទ្រង់បញ្ចូលគាត់ទៅក្នុងឋានសួគ៌ ព្រមទាំងការពារគាត់ពីទណ្ឌកម្មក្នុងផ្នូរ និងទណ្ឌកម្មនៃភ្លើងនរកផង)។ [៤១] បន្ទាប់មក ត្រូវតឹកពៀរ(ជាលើកទីបួន) ហើយឈរមួយភ្លែត រួចឲ្យសាឡាមទៅខាងស្តាំតែមួយដងប៉ុណ្ណោះ។ [៤១] រាយការណ៍ដោយ មូស្លីម:៩៦២
ជំពូកទីបី ហ្សាកាត់
១. និយមន័យ និងភាពធំធេងនៃហ្សាកាត់
ហ្សាកាត់ តាមន័យភាសាគឺ៖ ការលូតលាស់ និងការកើនឡើង។
ហ្សាកាត់តាមន័យបញ្ញត្តិអ៊ីស្លាមគឺ៖ កាតព្វកិច្ចចាំបាច់ដែលកំណត់ដោយច្បាប់អ៊ីស្លាមចំពោះទ្រព្យសម្បត្តិជាក់លាក់សម្រាប់ក្រុមមនុស្សជាក់លាក់។
វាជាគោលគ្រឹះ(រូកុន)ទីបីក្នុងចំណោមគោលគ្រឹះនៃសាសនាអ៊ីស្លាម ហើយវាត្រូវបានលើកឡើងភ្ជាប់គ្នាជាមួយនឹងការសឡាតនៅក្នុងគម្ពីរគួរអានរហូតដល់៨២កន្លែង ដែលនេះសបញ្ជាក់ពីឋានៈដ៏ធំធេងរបស់វា។
អល់ឡោះជាម្ចាស់ទ្រង់បានមានបន្ទូលថា៖ “ហើយចូរពួកអ្នកប្រតិបត្តិសឡាត និងបរិច្ចាគហ្សាកាត់...”។ [គម្ពីរគួរអាន ២:៤៣]
ព្យាការី (សូមសន្តិភាពកើតមានដល់លោក) លោកបានមានប្រសាសន៍ថា៖ “គេស្ថាបនាអ៊ីស្លាមលើមូលដ្ឋានគ្រឹះប្រាំគឺ ធ្វើសាក្សីថា គ្មានព្រះជាម្ចាស់ឯណាដែលត្រូវគេគោរពសក្ការៈដ៏ពិតប្រាកដ ក្រៅពីអល់ឡោះឡើយ ហើយមូហាំម៉ាត់ គឺជាអ្នកនាំសាររបស់អល់ឡោះ ប្រតិបត្ដិសឡាត បរិច្ចាគហ្សាកាត់ ធ្វើធម្មយាត្រាហាជ្ជី និងបួសខែរ៉ម៉ាហ្ទន”។ [៤២] [៤២] រាយការណ៍ដោយ អាល់ពូខរី:៨, មូស្លីម:១១១
អ្នកមូស្លីមទាំងអស់បានឯកភាពគ្នាលើភាពជាកាតព្វកិច្ចនៃហ្សាកាត់ ព្រមទាំងប្រឆាំងចំពោះអ្នកដែលបដិសេធនូវភាពជាកាតព្វកិច្ចរបស់វា ហើយប្រយុទ្ធប្រឆាំងនឹងអ្នកដែលរារាំងចំពោះការបញ្ចេញហ្សាកាត់នេះ។
២. លក្ខខណ្ឌនៃកាតព្វកិច្ចហ្សាកាត់
ក) សេរីភាព៖ ដូចនេះ ហ្សាកាត់មិនតម្រូវចំពោះទាសករឡើយ ពីព្រោះទាសករទាំងនោះគ្មានទ្រព្យសម្បត្តិផ្ទាល់ខ្លួននោះទេ។ អ្វីដែលស្ថិតនៅក្នុងដៃរបស់គេ គឺជាកម្មសិទ្ធិរបស់ចៅហ្វាយគេប៉ុណ្ណោះ។ ដូច្នេះ ហ្សាកាត់របស់ទាសករ គឺតម្រូវលើចៅហ្វាយរបស់ទាសករនោះ។
ខ) អ៊ីស្លាម៖ ដូចនេះ ហ្សាកាត់មិនតម្រូវលើអ្នកគ្មានជំនឿ(កាហ្វៀរ)ឡើយ ព្រោះវាជាទង្វើនៃការបញ្ជិតខ្លួនទៅកាន់អល់ឡោះ និងជាការគោរពប្រតិបត្តិ ហើយអ្នកគ្មានជំនឿមិនមែនស្ថិតក្នុងចំណោមអ្នកប្រព្រឹត្តទង្វើនៃការបញ្ជិតខ្លួនទៅកាន់អល់ឡោះ និងគោរពប្រតិបត្តិទ្រង់ឡើយ។
គ) ដល់កម្រិតកំណត់(នីសប)៖ ដូចនេះ មិនតម្រូវឲ្យបរិច្ចាគហ្សាកាត់ចំពោះទ្រព្យសម្បត្តិដែលមិនដល់កម្រិត(នីសប)ដែលបានកំណត់ឡើយ។
ឃ) ជាម្ចាស់កម្មសិទ្ធិពេញលេញ៖ ទ្រព្យសម្បត្តិនោះត្រូវតែជាកម្មសិទ្ធិដែលស្ថិតក្រោមការគ្រប់គ្រងពេញលេញរបស់បុគ្គលនោះ។ ដូចនេះ មិនតម្រូវឲ្យបរិច្ចាគហ្សាកាត់នោះឡើយចំពោះទ្រព្យសម្បត្តិដែលមិនស្ថិតជាកម្មសិទ្ធិរបស់បុគ្គលនោះពេញលេញ ដូចជាបំណុលលោះខ្លួនរបស់ទាសករជាដើម។
ង) គម្រប់ខួបមួយឆ្នាំ យោងតាមហាទីស្ហ អាអ៊ីស្ហះ (សូមអល់ឡោះសព្វព្រះទ័យចំពោះគាត់) ដែលព្យាការីលោកបានលើកឡើងថា៖ «គ្មានការបរិច្ចាគហ្សាកាត់លើទ្រព្យសម្បត្តិឡើយ លុះត្រាតែវាគម្រប់ខួបមួយឆ្នាំ»។ [៤៣] [៤៣] រាយការណ៍ដោយ អ៊ិពនូម៉ាហ្ជះ:១៧៩២, អាត់តៀរមីហ្ស៊ី:៦៣ និង ៦៣១
៣. ទ្រព្យសម្បត្តិដែលចាំបាច់ត្រូវបរិច្ចាគហ្សាកាត់
ទីមួយ៖ សត្វពាហនៈ សត្វពាហនៈ គឺសំដៅលើសត្វអូដ្ឋ គោ និងចៀម។ ចាំបាច់ត្រូវដកហ្សាកាត់ចំពោះសត្វទាំងនេះដោយមានលក្ខខណ្ឌពីរ៖
១. ត្រូវបានចិញ្ចឹមដើម្បីយកទឹកដោះ និងបន្តពូជ(កើតកូនចៅ) មិនមែនសម្រាប់ប្រើជាកម្លាំងអូសទាញឡើយ។
២. ជាសត្វដែលចិញ្ចឹមដោយការលែងឲ្យស៊ីស្មៅ(ឃ្វាល)។ ដូចនេះ មិនតម្រូវឲ្យបរិច្ចាគហ្សាកាត់ចំពោះសត្វពាហនៈដែលចិញ្ចឹមដោយចំណីដែលគេទិញឲ្យស៊ី ឬប្រមូលពីវាលស្មៅ ឬពីប្រភពផ្សេងទៀតនោះឡើយ។ ហើយក៏មិនតម្រូវឲ្យបរិច្ចាគហ្សាកាត់នោះដែរចំពោះសត្វដែលគេលែងឲ្យស៊ីស្មៅត្រឹមតែមួយរយៈពេលខ្លីក្នុងមួយឆ្នាំនោះដែរ ពោលគឺមិនមែនពេញមួយឆ្នាំ ឬមិនមែនរយៈពេលភាគច្រើននៃឆ្នាំ។
បរិមាណកំណត់(នីសប)នៃសត្វពាហនៈដែលត្រូវដកហ្សាកាត់
១) សត្វអូដ្ឋ
នៅពេលដែលគ្រប់លក្ខខណ្ឌ ចាំបាច់ត្រូវដកហ្សាកាត់សត្វចៀម១ក្បាលចំពោះសត្វអូដ្ឋ៥ក្បាល, ចៀម២ក្បាលចំពោះសត្វអូដ្ឋ១០ក្បាល, ចៀម៣ក្បាលចំពោះសត្វអូដ្ឋ១៥ក្បាល និងចៀម៤ក្បាលចំពោះសត្វអូដ្ឋ២០ក្បាល ដូចដែលស៊ុណ្ណះ និងការមូលមតិគ្នារបស់សាសនាវិទូអ៊ីស្លាមបានចង្អុលបង្ហាញ។ ប្រសិនបើចំនួនសត្វអូដ្ឋឡើងដល់២៥ក្បាល គឺត្រូវដកហ្សាកាត់សត្វអូដ្ឋញី១ក្បាលដែលមានអាយុមួយឆ្នាំ ឈានចូលឆ្នាំទីពីរ។ តែប្រសិនបើគ្មានទេ គេអាចជំនួសដោយសត្វអូដ្ឋឈ្មោល១ក្បាលដែលមានអាយុពីរឆ្នាំ ឈានចូលបីឆ្នាំបាន។
ប្រសិនបើចំនួនសត្វអូដ្ឋមានចំនួនឡើងដល់៣៦ក្បាល គឺត្រូវដកហ្សាកាត់សត្វអូដ្ឋញី១ក្បាលដែលមានអាយុពីរឆ្នាំ។
ប្រសិនបើចំនួនសត្វអូដ្ឋឡើងដល់៤៦ក្បាល គឺត្រូវដកហ្សាកាត់សត្វអូដ្ឋញី១ក្បាលដែលមានអាយុបីឆ្នាំ។
ប្រសិនបើចំនួនសត្វអូដ្ឋកើនឡើងដល់ចំនួន៦១ក្បាល គឺត្រូវដកហ្សាកាត់សត្វអូដ្ឋញី១ក្បាលដែលមានអាយុបួនឆ្នាំ។
ប្រសិនបើចំនួនសរុបនៃសត្វអូដ្ឋឡើងដល់៧៦ក្បាល គឺត្រូវដកហ្សាកាត់សត្វអូដ្ឋញីដែលមានអាយុពីរឆ្នាំចំនួន២ក្បាល។
ប្រសិនបើចំនួនសត្វអូដ្ឋឡើងដល់៩១ក្បាល គឺត្រូវដកហ្សាកាត់សត្វអូដ្ឋញីដែលមានអាយុបីឆ្នាំចំនួន២ក្បាល។
ប្រសិនបើចំនួនសត្វអូដ្ឋសរុបកើនឡើងលើសពី១២០ក្បាល គឺត្រូវដកហ្សាកាត់សត្វអូដ្ឋញីដែលអាយុពីរឆ្នាំចំនួន៣ក្បាល។ បន្ទាប់មក រៀងរាល់ចំនួន៤០ក្បាល គឺត្រូវដកហ្សាកាត់អូដ្ឋញីអាយុពីរឆ្នាំ១ក្បាល ហើយរៀងរាល់ហាសិបក្បាល គឺត្រូវដកហ្សាកាត់សត្វអូដ្ឋញីអាយុបីឆ្នាំ១ក្បាល។
២. សត្វគោ
នៅពេលដែលគ្រប់លក្ខខណ្ឌ ចាំបាច់ត្រូវដកហ្សាកាត់គោឈ្មោល ឬគោញី១ក្បាលដែលមានអាយុមួយឆ្នាំឈានចូលឆ្នាំទីពីរ នៅពេលដែលចំនួនគោកើនដល់៣០ក្បាល។
ប្រសិនបើចំនួនគោមិនទាន់គ្រប់៣០ក្បាលទេ គឺមិនតម្រូវឲ្យដកហ្សាកាត់ឡើយ។
នៅពេលដែលចំនួនគោកើនឡើនដល់៤០ក្បាល គឺត្រូវដកហ្សាកាត់គោញី១ក្បាលដែលមានអាយុគ្រប់ពីរឆ្នាំ។
ប្រសិនបើចំនួនគោសរុបកើនឡើងលើសពី៤០ក្បាល នោះរៀងរាល់៣០ក្បាល គឺត្រូវដកហ្សាកាត់គោឈ្មោល១ក្បាល ឬគោញី១ក្បាលដែលមានអាយុមួយឆ្នាំឈានចូលឆ្នាំទីពីរ និងរៀងរាល់៤០ក្បាល គឺត្រូវដកហ្សាកាត់គោញី១ក្បាលដែលមានអាយុពីរឆ្នាំ។
៣. សត្វចៀម(រួមទាំងពពែ)
ប្រសិនបើចំនួនសរុបនៃសត្វពពែ ឬចៀមកើនឡើងដល់៤០ក្បាល គឺត្រូវដកហ្សាកាត់ចៀម១ក្បាល ឬសត្វពពែញី១ក្បាល។
ប្រសិនបើចំនួនចៀម ឬពពែមិនទាន់គ្រប់៤០ក្បាលទេ គឺមិនតម្រូវឲ្យដកហ្សាកាត់ឡើយ។ ប្រសិនបើចំនួនចៀមសរុបឡើងដល់១២១ក្បាល គឺត្រូវដកហ្សាកាត់ពពែ២ក្បាល។ ហើយនៅពេលវាគ្រប់ចំនួន២០១ក្បាល គេត្រូវដកហ្សាកាត់ពពែ៣ក្បាល។
បន្ទាប់ពីចំនួនចៀម ឬពពែឡើងដល់កម្រិតនេះហើយ នោះកាតព្វកិច្ចហ្សាកាត់នឹងមានភាពថេរ ពោលគឺរៀងរាល់ចៀម១០០ក្បាល ត្រូវដកហ្សាកាត់ថែម១ក្បាល។ ដូចនេះ សម្រាប់ចៀម៤០០ក្បាល គឺត្រូវដកហ្សាកាត់៤ក្បាល ហើយបន្តដូច្នេះតទៅ។
ទីពីរ៖ អ្វីដែលចេញពីដី
អ្វីដែលចេញពីដី មានពីរប្រភេទ៖
១) គ្រាប់ធញ្ញជាតិ និងផ្លែឈើ
២) រ៉ែ
ប្រភេទទីមួយ៖ គ្រាប់ធញ្ញជាតិ និងផ្លែឈើ
ចាំបាច់ត្រូវដកហ្សាកាត់ពីគ្រាប់ធញ្ញជាតិ ដូចជា ស្រូវសាលី ស្រូវបាឡេ និងស្រូវ។ ហើយចំពោះផ្លែឈើវិញមានដូចជា ល្មើ និងទំពាំងបាយជូរក្រៀម។ មិនមានកាតព្វកិច្ចហ្សាកាត់ឡើយចំពោះរុក្ខជាតិដទៃទៀតក្រៅពីប្រភេទទាំងនេះ ដូចជាពពួកជី និងបន្លែបង្ការផ្សេងៗ។
លក្ខខណ្ឌនៃកាតព្វកិច្ចហ្សាកាត់ចំពោះគ្រាប់ធញ្ញជាតិ និងផ្លែឈើ
១) ជាប្រភេទដែលអាចរក្សាទុកបាន៖ ដូច្នេះ មិនតម្រូវឱ្យដកហ្សាកាត់ពីអ្វីដែលមិនអាចរក្សាទុកបាននោះទេ ដូចជាផ្លែឈើ(ដែលងាយរលួយ) និងបន្លែ។
២) ត្រូវតែជាប្រភេទដែលគេវាល់៖ ដូច្នេះ មិនតម្រូវឲ្យដកហ្សាកាត់ទេចំពោះអ្វីដែលគេលក់ដោយការរាប់ ឬថ្លឹង ដូចជាឪឡឹក ខ្ទឹមបារាំង ផ្លែទទឹម និងផ្សេងៗទៀត។
៣) ដល់បរិមាណ(នីសប)ដែលបានកំណត់៖ គឺចំនួនប្រាំវ៉ាសុក។ ដូចនេះ មិនតម្រូវឲ្យដកហ្សាកាត់ឡើយចំពោះអ្វីដែលតិចជាងនេះ។
៤) បរិមាណ(នីសប)នោះត្រូវតែស្ថិតក្នុងកម្មសិទ្ធិគ្រប់គ្រងរបស់គេនៅពេលដែលកាតព្វកិច្ចហ្សាកាត់ចូលមកដល់។
ដូចនេះ បុគ្គលណាដែលទើបតែទទួលបានកម្មសិទ្ធិលើទ្រព្យ(ភោគផល)នោះបន្ទាប់ពីពេលវេលានៃកាតព្វកិច្ចហ្សាកាត់ គឺរូបគេមិនមានកាតព្វកិច្ចត្រូវបញ្ចេញហ្សាកាត់ឡើយ។ ឧទាហរណ៍ដូចជាករណីដែលរូបគេបានទិញភោគផលនោះ ឬត្រូវបានគេផ្ដល់ឱ្យជាកាដូ បន្ទាប់ពីវាត្រូវបានច្រូតកាត់(ប្រមូលផល) រួចរាល់ហើយជាដើម។
ពេលវេលាដែលចាំបាច់ត្រូវចេញហ្សាកាត់
ចាំបាច់ត្រូវចេញហ្សាកាត់ពីគ្រាប់ធញ្ញជាតិ និងផ្លែឈើ នៅពេលដែលវាចាប់ផ្ដើមទុំល្អ។ សញ្ញានៃការលេចឡើងនូវភាពទុំល្អរបស់វា គឺមានដូចខាងក្រោម៖
ក. ចំពោះគ្រាប់ធញ្ញជាតិ៖ នៅពេលដែលសំបករបស់វាឡើងរឹងល្អ។
ខ. ចំពោះផ្លែល្មើ គឺនៅពេលដែលវាប្រែជាពណ៌ក្រហម ឬប្រែជាពណ៌លឿង។
គ. ចំពោះទំពាំងបាយជូរ គឺត្រូវទន់ ហើយផ្អែម។
បរិមាណកំណត់(នីសប)ដែលត្រូវចេញហ្សាកាត់
ចំពោះគ្រាប់ធញ្ញជាតិ និងផ្លែឈើ គឺចំនួនប្រាំវ៉ាសុក។ មួយវ៉ាសុក ស្មើនឹងហុកសិបសក។ ដូច្នេះ គឺស្មើនឹងបីរយសកណាពី ហើយបើគិតជាគីឡូក្រាមវិញ គឺស្មើនឹងប្រមាណ ៩០០គីឡូក្រាម។
ចំនួនដែលត្រូវចេញហ្សាកាត់
ចាំបាច់ត្រូវដកហ្សាកាត់មួយភាគដប់(១០%)ចំពោះភោគផលដែលមិនចំណាយលើការស្រោចស្រព និងកម្លាំងពលកម្ម ដូចជាដំណាំដែលទទួលបានការស្រោចស្រពដោយទឹកភ្លៀង និងទឹកចេញពីប្រភពធម្មជាតិ(អូរ ស្ទឹង ភ្នំ)ជាដើម។
ហើយចាំបាច់ត្រូវដកហ្សាកាត់មួយភាគម្ភៃ(៥%) ចំពោះភោគផលដែលត្រូវចំណាយលើការស្រោចស្រព និងចំណាយលើកម្លាំងពលកម្ម ដូចជាដំណាំដែលត្រូវបានស្រោចស្រពដោយទឹកដែលបានមកពីអណ្ដូងដែលត្រូវប្រើម៉ូទ័របូម ឬប្រើសត្វអូសទាញជាដើម។
ប្រភេទទីពីរ៖ រ៉ែ
ចាត់ចូលក្នុងចំណោមប្រភេទដែលចេញពីដីដែរនោះ គឺរ៉ែ។ រ៉ែ គឺសំដៅអ្វីដែលគេទាញចេញពីក្នុងដីដែលមិនមែនជាប្រភេទដី (ឬសមាសធាតុដីធម្មតា) ដូចជា មាស ប្រាក់ ដែក និងត្បូងជាដើម។
ពេលវេលាដែលចាំបាច់ត្រូវចេញហ្សាកាត់
នៅពេលដែលបុគ្គលម្នាក់បានកាន់កាប់ និងមានកម្មសិទ្ធិគ្រប់គ្រងលើរ៉ែនោះហើយ គឺគេត្រូវចេញហ្សាកាត់វាភ្លាមតែម្តង ព្រោះវាមិនតម្រូវឲ្យគ្រប់ខួបមួយឆ្នាំឡើយ។ ចំណែកឯបរិមាណកំណត់(នីសប)របស់វាវិញ គឺដូចបរិមាណកំណត់នៃមាស និងប្រាក់ដែរ ហើយត្រូវចេញហ្សាកាត់វាចំនួន ២.៥% នៃតម្លៃរបស់វា។
ទីបី៖ ហ្សាកាត់ទ្រព្យសម្បត្តិមានតម្លៃ
ទ្រព្យសម្បត្តិមានតម្លៃត្រង់នេះ គឺសំដៅលើមាស ប្រាក់ និងរូបិយប័ណ្ណ ហើយការចេញហ្សាកាត់លើទ្រព្យទាំងនេះ គឺជាកាតព្វកិច្ចចាំបាច់។ ភស្តុតាងដែលបញ្ជាក់ដូចនេះ គឺបន្ទូលរបស់អល់ឡោះជាម្ចាស់ដែលទ្រង់បានមានបន្ទូល៖ “ហើយចំណែកពួកដែលប្រមែប្រមូលមាសប្រាក់ ហើយមិនបានចេញហ្សាកាត់វាក្នុងមាគ៌ារបស់អល់ឡោះទេនោះ ដូច្នេះ ចូរអ្នក(ឱអ្នកនាំសារមូហាំម៉ាត់)ផ្តល់ដំណឹងដល់ពួកគេនូវទណ្ឌកម្មដ៏ឈឺចាប់បំផុត”។ [គម្ពីរគួរអាន ៩:៣៤]
ចំណែកឯនៅក្នុងហាទីស្ហវិញ៖ “ម្ចាស់កម្មសិទ្ធិមាស ឬប្រាក់គ្រប់រូបដែលមិនបំពេញតាមកាតព្វកិច្ចរបស់វា នៅថ្ងៃបរលោក គេនឹងក្រាលកម្រាលជាច្រើនអំពីភ្លើងសម្រាប់ជននោះ”។ [៤៤] [៤៤] រាយការណ៍ដោយ អាល់ពូខរី:១៤០២, មូស្លីម:២២៨៧
សាសនវិទូអ៊ីស្លាមបានឯកភាពគ្នាលើកាតព្វកិច្ចនៃការចេញហ្សាកាត់ចំពោះមាស និងប្រាក់ ហើយចំពោះក្រដាសប្រាក់ គឺត្រូវអនុវត្តដូចច្បាប់មាស និងប្រាក់ដែរ ពីព្រោះវាជំនួសមាសប្រាក់ក្នុងការប្រើប្រាស់ជារូបិយប័ណ្ណ។
បរិមាណកំណត់(នីសប)នៃហ្សាកាត់ទ្រព្យសម្បត្តិមានតម្លៃ និងចំនួនដែលជាកាតព្វកិច្ចត្រូវបរិច្ចាគ
គឺគេគិតតាមបរិមាណកំណត់(នីសប)មាស ឬប្រាក់ ពីព្រោះក្រដាសប្រាក់វាជំនួសតម្លៃមាស និងប្រាក់ក្នុងការប្រើប្រាស់ជារូបិយប័ណ្ណ។ ដូច្នេះ ប្រសិនបើរូបិយប័ណ្ណនោះមានចំនួនគ្រប់បរិមាណកំណត់(នីសប)ណាមួយក្នុងចំណោមរបស់ទាំងពីរនោះ(មាស ឬប្រាក់) គឺចាំបាច់ត្រូវដកហ្សាកាត់ចំពោះវា។ ហើយភាគច្រើននាពេលបច្ចុប្បន្ន បរិមាណកំណត់របស់រូបិយប័ណ្ណដែលត្រូវចេញហ្សាកាត់ គឺត្រូវបានកំណត់ដោយយោងតាមបរិមាណកំណត់របស់ប្រាក់ ពីព្រោះវាមានតម្លៃថោកជាងមាស។ ហេតុនេះ វាក៏គ្រប់បរិមាណកំណត់(នីសប)មុនមាសដែរ។ ដូចនេះ នៅពេលដែលជនមូស្លីមមានកម្មសិទ្ធិរូបិយប័ណ្ណដែលមានតម្លៃស្មើនឹង៥៩៥ក្រាមនៃប្រាក់ ហើយគម្រប់ខួបមួយឆ្នាំ នោះគេត្រូវចេញហ្សាកាត់។ តម្លៃប្រាក់មួយក្រាម គឺមានការប្រែប្រួលពីពេលមួយទៅពេលមួយ។ ដូច្នេះ ជនណាដែលមានទ្រព្យសម្បត្តិតិចតួច ហើយមិនដឹងថា តើវាគ្រប់បរិមាណកំណត់ដែលត្រូវចេញហ្សាកាត់ឬអត់នោះ គឺគេត្រូវសួរឈ្មួញលក់ប្រាក់អំពីតម្លៃប្រាក់មួយក្រាម រួចយកវាមកគុណនឹង៥៩៥ ហើយលទ្ធផលដែលទទួលបាននោះ គឺជាចំនួនបរិមាណកំណត់(នីសប)របស់វា។
ចំណុចសំខាន់៖ នៅពេលដែលគេចង់ចេញហ្សាកាត់ទ្រព្យសម្បត្តិ(ប្រាក់កាស)របស់ខ្លួន គឺគេគ្រាន់តែយកចំនួនទ្រព្យសម្បត្តិសរុប(ដែលគ្រប់លក្ខខណ្ឌ)មកចែកនឹង ៤០ នោះលទ្ធផលដែលទទួលបាន គឺជាចំនួនទឹកប្រាក់ដែលជាកាតព្វកិច្ចត្រូវចេញហ្សាកាត់។
ទីបួន៖ ហ្សាកាត់ទំនិញពាណិជ្ជកម្ម
គឺជាអ្វីៗដែលគេរៀបចំទុកសម្រាប់ការលក់ដូរដើម្បីរកប្រាក់ចំណេញ។ ទំនិញពាណិជ្ជកម្មរួមបញ្ចូលនូវទ្រព្យសម្បត្តិគ្រប់ប្រភេទក្រៅពីសាច់ប្រាក់ ដូចជារថយន្ត សម្លៀកបំពាក់ ក្រណាត់ ដែក ឈើ និងរបស់ផ្សេងៗទៀតដែលត្រូវបានរៀបចំទុកសម្រាប់ធ្វើពាណិជ្ជកម្ម ឬលក់ដូរ។
លក្ខខណ្ឌនៃកាតព្វកិច្ចហ្សាកាត់ទំនិញពាណិជ្ជកម្ម
១. បុគ្គលនោះត្រូវតែទទួលបានកម្មសិទ្ធិលើទ្រព្យសម្បត្តិនោះតាមរយៈសកម្មភាព(ការប្រឹងប្រែង)របស់ខ្លួន ដូចជាការទិញ-លក់ ការជួល និងការប្រកបរបររកស៊ីផ្សេងៗទៀត។
២. គេគ្រប់គ្រងលើទ្រព្យសម្បត្តិនោះដោយមានចេតនា(នៀត)ធ្វើពាណិជ្ជកម្ម ពោលគឺរូបគេមានគោលដៅស្វែងរកប្រាក់ចំណេញតាមរយៈទ្រព្យនោះ ពីព្រោះរាល់ទង្វើទាំងឡាយ គឺអាស្រ័យលើចេតនា (នៀត) ហើយការធ្វើពាណិជ្ជកម្ម ក៏ជាសកម្មភាពមួយដែរ។ ដូចនេះ ចាំបាច់ត្រូវមានចេតនាអមជាមួយ ដូចទៅនឹងសកម្មភាពដទៃទៀតដែរ។
៣. តម្លៃរបស់វា គឺដល់បរិមាណកំណត់(នីសប)មាស ឬប្រាក់
៤. គម្រប់ខួបមួយឆ្នាំពេញ។
របៀបចេញហ្សាកាត់ទំនិញពាណិជ្ជកម្ម
គេត្រូវធ្វើការវាយតម្លៃទំនិញពាណិជ្ជកម្មទាំងនោះជាតម្លៃ(ជាសាច់ប្រាក់) នៅពេលគ្រប់ខួបមួយឆ្នាំពេញ ដោយផ្អែកលើតម្លៃរបស់មានតម្លៃណាមួយក្នុងចំណោមពីរនេះ គឺមាស ឬប្រាក់។ ដូចនេះ នៅពេលដែលទំនិញទាំងនោះត្រូវបានវាយតម្លៃរួចរាល់ ហើយប្រសិនបើវាមានតម្លៃស្មើនឹងបរិមាណកំណត់(នីសប)នៃទ្រព្យសម្បត្តិមានតម្លៃណាមួយក្នុងចំណោមពីរនេះ(មាស ឬប្រាក់) គឺគេត្រូវចេញហ្សាកាត់ ២.៥% នៃតម្លៃរបស់វា។
ទីប្រាំ៖ ហ្សាកាត់ហ្វិតរ៉ោះ
គឺជាការបរិច្ចាគទានជាកាតព្វកិច្ចនៅចុងបញ្ចប់នៃខែរ៉ម៉ាហ្ទន។ ជាការពិតណាស់ គេបានដាក់កាតព្វកិច្ចហ្សាកាត់ហ្វិរ៉ោះនេះនៅឆ្នាំទីពីរនៃចំណាកស្រុក(ហ៊ិជ្ជរ៉ោះ)របស់ព្យាការី (សូមសន្តិភាពកើតមានដល់លោក) ។
ច្បាប់របស់វា
ហ្សាកាត់ហ្វិតរ៉ោះ គឺជាកាតព្វកិច្ចលើជនមូស្លីមគ្រប់រូបដែលមានអាហារលើសពីតម្រូវការចាំបាច់សម្រាប់ខ្លួន និងអ្នកដែលខ្លួនមានកាតព្វកិច្ចចិញ្ចឹមនៅក្នុងយប់រ៉យ៉ា និងថ្ងៃរ៉យ៉ា។ ហើយចាំបាច់លើជនមូស្លីមគ្រប់រូប ទាំងបុរស ទាំងស្ត្រី ទាំងក្មេង ទាំងចាស់ ទាំងអ្នកមានសេរីភាព ទាំងខ្ញុំបម្រើគេ(ទាសករ) ដោយយោងតាមហាទីស្ហដែលបានលើកឡើងថា៖ «អ្នកនាំសាររបស់អល់ឡោះ (សូមសន្តិភាពកើតមានដល់លោក) លោកបានដាក់កាតព្វកិច្ចហ្សាកាត់ហ្វិតរ៉ោះទៅលើខ្ញុំបម្រើគេ អ្នកដែលមានសេរីភាព ទាំងបុរស ទាំងស្ត្រី ទាំងក្មេង ទាំងចាស់ ក្នុងចំណោមអ្នកមូស្លីមទាំងឡាយ។» [៤៥] កាតព្វកិច្ច មានន័យថា កិច្ចការដែលចាំបាច់ត្រូវធ្វើដាច់ខាត។ [៤៥] រាយការណ៍ដោយ អាល់ពូខរី:១៤៣២, មូស្លីម:៩៨៤
បុព្វហេតុនៃការដាក់ច្បាប់ឲ្យបរិច្ចាគហ្សាកាត់ហ្វិតរ៉ោះ
អ៊ិពនូអាប់ហ្ពាស (សូមអល់ឡោះសព្វព្រះទ័យចំពោះគាត់) បាននិយាយថា៖ «អ្នកនាំសាររបស់អល់ឡោះ (សូមសន្តិភាពកើតមានដល់លោក) បានដាក់កាតព្វកិច្ចហ្សាកាត់ហ្វិតរ៉ោះដើម្បីជាការជម្រះសម្អាតអ្នកបួសពីពាក្យសម្ដីឥតប្រយោជន៍ និងអាសគ្រាម និងជាអាហារសម្រាប់ជនក្រីក្រ»។ [៤៦] [៤៦] រាយការណ៍ដោយ អាពូហ្ទាវូទ:១៦០៩ និងអ៊ិពនូម៉ាហ្ជះ:១៨២៧ ហើយអ៊ីម៉ាំអាល់ហ្ពានីបានបញ្ជាក់ថា ជាហាទីស្ហសហេស នៅក្នុងសៀវភៅ សហេស អាពូហ្ទាវូទ:១៦០៩។
ពេលវេលាកាតព្វកិច្ចដែលត្រូវបរិច្ចាគហ្សាកាត់ហ្វិតរ៉ោះ
កាតព្វកិច្ចត្រូវបរិច្ចាគហ្សាកាត់ហ្វិតរ៉ោះនៅពេលព្រះអាទិត្យលិចនៃយប់រ៉យ៉ាហ្វិតរ៉ោះ។ ស៊ូណិតឱ្យបរិច្ចាគនៅថ្ងៃរ៉យ៉ា មុនពេលចេញទៅសឡាតរ៉យ៉ា។ ហើយមិនអនុញ្ញាតឲ្យពន្យារពេល រហូតសឡាតរ៉យ៉ារួចនោះឡើយ។ ប្រសិនបើគេពន្យារពេលវារហូតដល់សឡាតរ៉យ៉ារួចរាល់ គឺគេត្រូវបរិច្ចាគវាសងវិញ ហើយគេនឹងមានបាបកម្មចំពោះការពន្យារពេលហួសពេលវេលាកំណត់។
ច្បប់ក៏អនុញ្ញាតឲ្យបរិច្ចាគមុនថ្ងៃរ៉យ៉ាមួយថ្ងៃ ឬពីរថ្ងៃបានផងដែរ។
បរិមាណដែលត្រូវចេញហ្សាកាត់ និងអ្វីដែលគេត្រូវបញ្ចេញ
គេត្រូវបរិច្ចាគហ្សាកាត់ហ្វិតរ៉ោះចំនួនមួយសក(មួយកន្តាំង)នៃប្រភេទអាហារដែលប្រជាជនក្នុងតំបន់នោះនិយមបរិភោគជាប្រចាំ ដូចជាអង្ករ ផ្លែល្មើ ស្រូវសាឡី ឬផ្សេងៗទៀត។ បរិមាណមួយសក ឬមួយកន្តាំង ស្មើនឹងប្រមាណបីគីឡូក្រាម។ ច្បាប់មិនអនុញ្ញាតឲ្យបរិច្ចាគជាតម្លៃ ដោយបង់ជាលុយកាក់ជំនួសវិញនោះឡើយ ព្រោះវាផ្ទុយនឹងបទបញ្ជាអ្នកនាំសាររបស់អល់ឡោះ (សូមសន្តិភាពកើតមានដល់លោក) ។
ការបរិច្ចាគហ្សាកាត់ និងអ្នកដែលមានសិទ្ធិទទួលហ្សាកាត់
ពេលវេលាដែលត្រូវដកហ្សាកាត់
ចាំបាច់ត្រូវដកហ្សាកាត់ភ្លាម នៅពេលដែលដល់ពេលវេលាដែលជាកាតព្វកិច្ច។ ច្បាប់មិនអនុញ្ញាតឲ្យពន្យារពេលក្នុងការដកហ្សាកាត់ឡើយ លើកលែងតែក្នុងករណីចាំបាច់ ដូចជាទ្រព្យសម្បត្តិស្ថិតនៅតំបន់ ឬប្រទេសឆ្ងាយ ហើយរូបគេមិនអាចរកអ្នកតំណាងដើម្បីចាត់ចែងដកហ្សាកាត់នោះជំនួសខ្លួនបាន។
ទីកន្លែងដែលត្រូវដកហ្សាកាត់
ជាការប្រសើរបំផុត គឺត្រូវបរិច្ចាគហ្សាកាត់នៅក្នុងប្រទេសដែលទ្រព្យសម្បត្តិនោះស្ថិតនៅ។ ហើយគេអនុញ្ញាតឲ្យនាំយកហ្សាកាត់ពីទីកន្លែងដែលទ្រព្យនោះស្ថិតនៅ ទៅកាន់ទីកន្លែងផ្សេងទៀតក្នុងករណីមួយចំនួន៖
ក. ប្រសិនបើនៅក្នុងស្រុកនោះគ្មានអ្នកដែលមានតម្រូវការត្រូវទទួលហ្សាកាត់។
ខ. ប្រសិនបើមានសាច់ញាតិដែលខ្វះខាតនៅតំបន់ ឬប្រទេសដទៃទៀត។
គ. ប្រសិនបើមានផលប្រយោជន៍ស្របច្បាប់ផ្នែកសាសនាដែលតម្រូវឲ្យនាំយកហ្សាកាត់ទៅកាន់ទីនោះ ដូចជា ការនាំយកហ្សាកាត់ទៅកាន់តំបន់អ្នកមូស្លីមដែលរងគ្រោះដោយគ្រោះទុរ្ភិក្ស និងគ្រោះទឹកជំនន់ជាដើម។
ការបរិច្ចាគហ្សាកាត់ ក៏ចាំបាច់ទៅលើទ្រព្យសម្បត្តិរបស់ក្មេង និងអ្នកវិកលចរិតផងដែរ(បើកាលណាគ្រប់លក្ខខណ្ឌ)ដោយយោងតាមភស្តុតាងទូទៅ ហើយអ្នកដែលជាអាណាព្យាបាលគ្រប់គ្រងលើទ្រព្យសម្បត្តិរបស់ពួកគេនោះត្រូវទទួលបន្ទុកបរិច្ចាគហ្សាកាត់ជំនួសពួកគេ។ ហើយត្រូវមានចេតនា(នៀត)ក្នុងពេលបរិច្ចាគហ្សាកាត់នោះ ដោយយោងតាមប្រសាសន៍របស់ព្យាការី (សូមសន្តិភាពកើតមានដល់លោក) ថា៖ “ពិប្រាកដណាស់ ទង្វើទាំងឡាយ គឺអាស្រ័យលើចេតនា(នៀត)”។ [៤៧] [៤៧] រាយការណ៍ដោយ អាល់ពូខរី:១, មូស្លីម:១៩០៧
អ្នកដែលមានសិទ្ធិទទួលហ្សាកាត់
អ្នកដែលគេត្រូវប្រគល់ហ្សាកាត់ទៅឲ្យមានប្រាំបីក្រុម៖
ក្រុមទីមួយ៖ អ្នកទីទាល់ក្រ
គឺសំដៅលើអ្នកដែលមិនមានលទ្ធភាពរកបាននូវតម្រូវការជាមូលដ្ឋានចាំបាច់សម្រាប់ជីវិតប្រចាំថ្ងៃ ដូចជាទីជម្រក ម្ហូបអាហារ និងសម្លៀកបំពាក់ឡើយ។ ចំពោះបរិមាណហ្សាកាត់ដែលត្រូវផ្តល់ឱ្យពួកគេ គឺក្នុងបរិមាណដែលគ្រប់គ្រាន់សម្រាប់ពួកគេ និងអ្នកដែលស្ថិតក្រោមការទំនុកបម្រុងរបស់ពួកគេសម្រាប់រយៈពេលមួយឆ្នាំ។
ក្រុមទីពីរ៖ អ្នកខ្សត់ខ្សោយ
គឺជាអ្នកដែលមានលទ្ធភាពរកបាននូវតម្រូវការលើសពីពាក់កណ្តាលនៃតម្រូវការចាំបាច់ ប៉ុន្តែមិនបានពេញលេញ(គ្រប់គ្រាន់)ឡើយ ដូចជា អ្នកដែលមានប្រាក់បៀវត្សរ៍ ប៉ុន្តែមិនគ្រប់គ្រាន់សម្រាប់រយៈពេលមួយឆ្នាំ។
បរិមាណដែលត្រូវផ្តល់ឱ្យពួកគេពីទ្រព្យហ្សាកាត់ គឺក្នុងបរិមាណដែលគ្រប់គ្រាន់សម្រាប់ពួកគេ និងអ្នកដែលស្ថិតក្រោមការទំនុកបម្រុងរបស់ពួកគេសម្រាប់រយៈពេលមួយឆ្នាំ។
ក្រុមទីបី៖ អ្នកដែលធ្វើការពាក់ព័ន្ធនឹងហ្សាកាត់
គឺអ្នកដែលថ្នាក់ដឹកនាំប្រគល់ភារកិច្ចឱ្យប្រមូលហ្សាកាត់ ឬក៏ទទួលបន្ទុករក្សាទុកហ្សាកាត់ ឬក៏បញ្ជូនវាទៅដល់អ្នកខ្វះខាត។
ចំពោះបរិមាណហ្សាកាត់ដែលត្រូវផ្តល់ឱ្យពួកគេ គឺក្នុងកម្រិតមួយដែលសមស្របនឹងតម្លៃពលកម្មនៃការងាររបស់ពួកគេ ប្រសិនបើពួកគេមិនទទួលបានប្រាក់កម្រៃ ឬប្រាក់ខែពីរដ្ឋទេនោះ។
ក្រុមទីបួន៖ អ្នកដែលគេត្រូវទាក់ទាញចិត្ត
គឺជនគ្រប់រូបដែលគេសង្ឃឹមថា តាមរយៈការផ្ដល់ហ្សាកាត់ឱ្យពួកគេ នឹងអាចនាំឱ្យពួកគេចូលសាសនាអ៊ីស្លាម ឬធ្វើឱ្យជំនឿរបស់ពួកគេកាន់តែរឹងមាំ ឬអាចទប់ស្កាត់នូវអំពើអាក្រក់របស់ពួកគេមកលើបអ្នកមូស្លីមទាំងឡាយ។
បរិមាណហ្សាកាត់ដែលត្រូវផ្តល់ឱ្យពួកគេ គឺក្នុងកម្រិតមួយដែលអាចទាក់ទាញចិត្តពួកគេបាន។
ក្រុមទីប្រាំ៖ អ្នកដែលចង់រំដោះខ្លួនពីទាសភាព
ពោលគឺ សំដៅលើការរំដោះខ្ញុំបម្រើដាច់ថ្លៃឲ្យមានសេរីភាព និងជួយដល់អ្នកដែលធ្វើកិច្ចសន្យាលោះខ្លួន។
អ្នកដែលធ្វើកិច្ចសន្យាលោះខ្លួន គឺជាទាសករដែលបានទិញខ្លួនឯងពីចៅហ្វាយរបស់ខ្លួន។ រួមបញ្ចូលក្នុងក្រុមនេះផងដែរ គឺការលោះឈ្លើយសឹកអ្នកមូស្លីមនៅក្នុងសង្គ្រាមពីដៃពួកគ្មានជំនឿ។
ក្រុមទីប្រាំមួយ៖ អ្នកដែលលិចលង់ក្នុងបំណុល ហើយពួកគេមានពីរប្រភេទគឺ៖
ទីមួយ៖ អ្នកដែលលិចលង់ក្នុងបំណុលព្រោះតែតម្រូវការផ្ទាល់ខ្លួន ហើយរកអ្វីមកសងបំណុលនោះវិញមិនបាន។ ដូចនេះ គេផ្តល់ឲ្យបុគ្គលនោះនូវអ្វីដែលសមល្មមអាចដោះបំណុលនោះបាន។
ទីពីរ៖ អ្នកដែលលិចលង់ក្នុងបំណុលព្រោះតែការផ្សះផ្សាររវាងអ្នកដទៃ។ ដូចនេះ គេផ្ដល់ឲ្យបុគ្គលនោះនូវទ្រព្យហ្សាកាត់ដែលសមល្មមនឹងដោះបំណុលនោះ ទោះបីជននោះជាអ្នកមានក៏ដោយ។
ក្រុមទីប្រាំពីរ៖ ក្នុងមាគ៌ាអល់ឡោះ
ពួកគេ គឺជាអ្នកទាំងឡាយដែលតស៊ូប្រយុទ្ធក្នុងមាគ៌ាអល់ឡោះ។
បរិមាណដែលត្រូវផ្តល់ឱ្យពួកគេពីទ្រព្យហ្សាកាត់ គឺក្នុងបរិមាណដែលគ្រប់គ្រាន់សម្រាប់ពួកគេក្នុងការតស៊ូក្នុងមាគ៌ារបស់អល់ឡោះ ដូចជាមធ្យោបាយធ្វើដំណើរ អាវុធ ស្បៀងអាហារ និងអ្វីផ្សេងទៀត។
ក្រុមទីប្រាំបី៖ អ្នកធ្វើដំណើរដាច់ស្បៀង
គឺសំដៅលើអ្នកធ្វើដំណើរដែលអស់ប្រាក់កាស ឬត្រូវចោរលួច ហើយមិនមានសល់ប្រាក់ដែលអាចនាំគេត្រឡប់ទៅស្រុកកំណើតរបស់ខ្លួនវិញបាន។
បរិមាណហ្សាកាត់ដែលត្រូវផ្តល់ឲ្យបុគ្គលនោះ គឺក្នុងបរិមាណដែលគ្រប់គ្រាន់សម្រាប់ឲ្យគេអាចធ្វើដំណើរទៅដល់ប្រទេសរបស់ខ្លួនវិញ ទោះបីជាគេជាអ្នកមាននៅទីនោះក៏ដោយ។
ជំពូកទីបួន ការបួស
ការបួស
គឺជាការគោរពសក្ការៈ(អ៊ីហ្ពាហ្ទាត់)ចំពោះអល់ឡោះជាម្ចាស់ដោយការតម(អត់ទ្រាំ)ពីរាល់ប្រការទាំងឡាយណាដែលនាំឲ្យខូចបួស ចាប់តាំងពីសេតរុណរះ(ហ្វាជើរ) រហូតដល់ថ្ងៃលិច។
វាគឺជាគោលគ្រឹះ(រូកុន)មួយក្នុងចំណោមគោលគ្រឹះនៃសាសនាអ៊ីស្លាម និងជាកាតព្វកិច្ចមួយក្នុងចំណោមកាតព្វកិច្ចនានាដែលអល់ឡោះជាម្ចាស់ទ្រង់បានបង្គាប់ប្រើ ជារឿងមួយដែលគេដឹងជាទូទៅដែលមិនអាចខ្វះបាននៅក្នុងសាសនា។ ហើយភាពជាកាតព្វកិច្ចរបស់វាត្រូវបានបញ្ជាក់ដោយគម្ពីរគួរអាន ស៊ុណ្ណះ និងការមូលមតិគ្នានៃអ្នកមូស្លីមទាំងឡាយ។
អល់ឡោះជាម្ចាស់ទ្រង់បានមានបន្ទូលថា៖ “ខែរ៉ម៉ាហ្ទន គឺជាខែដែលគេ(អល់ឡោះ)បានបញ្ចុះគម្ពីរគួរអានដើម្បីជាការចង្អុលបង្ហាញដល់មនុស្សលោក ព្រមទាំងបញ្ជាក់ច្បាស់នូវការចង្អុលបង្ហាញ និងការវែកញែក(រវាងខុសនិងត្រូវ)។ ដូច្នេះ ជនណាដែលមានវត្តមាននៅក្នុងខែនេះ ចូរឲ្យគេបួស(ជាចាំបាច់)...”។ [គម្ពីរគួរអាន ២:១៨៥]
លក្ខខណ្ឌនៃកាតព្វកិច្ចបួសខែរ៉ម៉ាហ្ទន
១. អ៊ីស្លាម៖ ដូចនេះ ការបួសរបស់អ្នកមិនមែនជាមូស្លីម គឺមិនត្រឹមត្រូវឡើយ។
២. ធំពេញវ័យ៖ ដូចនេះ មិនមែនជាកាតព្វកិច្ចលើកូនក្មេងឡើយ។ ប៉ុន្តែការបួសរបស់កុមារដែលចេះដឹងខុសត្រូវ គឺត្រឹមត្រូវ ហើយចំពោះរូបគេ វាជាការបួសស្ម័គ្រចិត្ត(ស៊ូណិត)។
៣. មានសតិបញ្ញា៖ ដូចនេះ ការបួសមិនតម្រូវលើមនុស្សវិកលចរិតឡើយ ហើយបើទោះជាគេបួសក៏មិនត្រឹមត្រូវដែរ ដោយសារតែគ្មានចេតនា(នៀត)។
៤. មានលទ្ធភាពបួស ដូចនេះ ការបួសមិនមែនកាតព្វកិច្ចលើអ្នកជំងឺដែលគ្មានលទ្ធភាពបួសនោះឡើយ។ ហើយក៏មិនតម្រូវលើអ្នកដំណើរដែរ។ ប៉ុន្តែបុគ្គលទាំងពីរប្រភេទនេះត្រូវបួសសងវិញនៅពេលដែលអស់ហេតុផលអនុគ្រោះ ពោលគឺការឈឺថ្កាត់ និងការធ្វើដំណើរ។ ចំពោះស្ត្រីវិញ គឺត្រូវជ្រះស្អាតពីឈាមរដូវ និងឈាមក្រោយសម្រាលកូន។
ការចូលខែរ៉ម៉ាហ្ទនត្រូវបញ្ជាក់ដោយប្រការមួយក្នុងចំណោមប្រការពីរគឺ៖
ក. ឃើញខ្នើតខែរ៉ម៉ាហ្ទន ដោយយោងតាមប្រសាសន៍របស់ព្យាការី (សូមសន្តិភាពកើតមានដល់លោក) ដែលលោកបានមានប្រសាសន៍ថា៖ “ចូរពួកអ្នកបួសនៅពេលឃើញវា(ខ្នើតខែរ៉ម៉ាហ្ទន) ហើយចូរពួកអ្នកបញ្ចប់ការបួសនៅពេលឃើញវា(ខ្នើតខែស្ហាវវ៉ាល)”។ [៤៨] [៤៨] រាយការណ៍ដោយ អាល់ពូខរី:១៨១០, មូស្លីម:១០៨៦
ខ. រាប់បង្គ្រប់ខែស្ហាក់ហ្ពានឲ្យគ្រប់៣០ថ្ងៃ ប្រសិនបើមើលមិនឃើញខ្នើតខែរ៉ម៉ាហ្ទន ឬមានពពក ឬធូលី ឬអ្វីផ្សេងទៀតបាំងដែលរារាំងមិនឲ្យមើលឃើញខ្នើតខែ ដូចដែលព្យាការី (សូមសន្តិភាពកើតមានដល់លោក) លោកបានមានប្រសាសន៍ថា៖ “តែប្រសិនបើវាត្រូវបានបិទបាំងពីពួកអ្នក ចូរពួកអ្នករាប់បង្គ្រប់ខែស្ហាក់ហ្ពានឲ្យគ្រប់៣០ថ្ងៃ”។ [៤៩] [៤៩] រាយការណ៍ដោយ អាល់ពូខរី:១៩០៩
ចេតនា(នៀត)ក្នុងការបួស
ការបួស ក៏ដូចជាការគោរពសក្ការៈផ្សេងទៀតដែរ គឺគេមិនចាត់ទុកថាត្រឹមត្រូវឡើយ លើកលែងតែមានចេតនា(នៀត) ពេលវេលាកំណត់សម្រាប់ការតាំងចេតនា(នៀត)ក្នុងការបួសដែលជាកាតព្វកិច្ច គឺមានភាពខុសគ្នាពីការបួសដែលមិនមែនជាកាតព្វកិច្ច ដូចមានការបកស្រាយបញ្ជាក់ជូនខាងក្រោម៖
ទីមួយ៖ ការបួសដែលជាកាតព្វកិច្ច ដូចជាការបួសខែរ៉ម៉ាហ្ទន ឬបួសសង ឬបួសលាបំណន់(ណាហ្សើរ) គឺត្រូវតាំងចេតនា(នៀត)នៅពេលយប់មុនពេលសេតរុណ(ហ្វាជើរ)រះ។ យោងតាមប្រសាសន៍របស់ព្យាការី (សូមសន្តិភាពកើតមានដល់លោក) ថា៖ “ជនណាដែលមិនបានតាំងចេតនា(នៀត)បួសនៅពេលយប់ទេនោះ គឺគ្មានការបួសឡើយសម្រាប់ជននោះ”។ [៥០] [៥០] រាយការណ៍ដោយ អះម៉ាត់:២៦៤៥៧, អាពូហ្ទាវូទ:២៤៥៤, និងអាន់ណាសាអ៊ី:២៣៣១ ហើយនេះជាពាក្យពេចន៍នៅក្នុងសេចក្តីរាយការណ៍របស់គាត់។
ទីពីរ៖ បួសស្ម័គ្រចិត្ត(បួសស៊ូណិត) គឺគេអាចតាំងចេតនា(នៀត)នៅពេលថ្ងៃបាន ដោយលក្ខខណ្ឌ គឺគេមិនទាន់បានបរិភោគអ្វីដែលធ្វើឲ្យខូចបួស បន្ទាប់ពីសេតរុណរះ។
ប្រការដែលនាំឲ្យដាច់បួស
ទីមួយ៖ រួមមេត្រី៖ បើកាលណាអ្នកបួសបានរួមមេត្រី ការបួសរបស់គេត្រូវចាត់ទុកជាមោឃៈ ហើយចាំបាច់លើគេត្រូវបួសសងថ្ងៃដែលរូបគេបានធ្វើការរួមមេត្រីនោះវិញ។ ព្រមជាមួយគ្នានេះ ចាំបាច់លើរូបគេត្រូវទទួលនូវការពិន័យ ដោយត្រូវដោះលែងទាសករម្នាក់ឱ្យមានសេរីភាព។ ប្រសិនបើគ្មានលទ្ធភាព ត្រូវបួសពីរខែជាប់ៗគ្នា។ ហើយប្រសិនបើគ្មានលទ្ធភាពទៀតដោយសារមានហេតុផលអនុគ្រោះតាមច្បាប់សាសនា គឺគេត្រូវផ្តល់អាហារដល់ជនក្រីក្រចំនួនហុកសិបនាក់ ដោយម្នាក់ៗទទួលបានកន្លះកន្តាំងពីប្រភេទអាហារដែលប្រជាជនក្នុងតំបន់នោះនិយមបរិភោគជាទូទៅ។
ទីពីរ៖ ធ្វើឲ្យចេញទឹកកាមដោយសារតែការថើប ឬការប៉ះពាល់ ឬការសម្រេចកាមដោយខ្លួនឯង ឬការសម្លឹងមើល។ ក្នុងករណីនេះ ច្បាប់តម្រូវឲ្យគេបួសសងតែប៉ុណ្ណោះដោយមិនទទួលនូវការពិន័យឡើយ ព្រោះថាការពិន័យ(កាហ្វារ៉ោះ) គឺចំពោះតែការរួមមេត្រីប៉ុណ្ណោះ។ ចំណែកឯអ្នកដែលដេកលង់លក់ ហើយសុបិនចេញទឹកកាម(សុបិនសើម) គឺគ្មានបញ្ហាអ្វីឡើយ ព្រោះរឿងនោះកើតឡើងដោយគ្មានជម្រើស។ ហើយចាំបាច់លើបុគ្គលនោះត្រូវងូតទឹកសម្អាតខ្លួនពីជូនុប។
ទីបី៖ ហូប និងផឹកដោយចេតនា យោងតាមបន្ទូលរបស់អល់ឡោះជាម្ចាស់ដែលទ្រង់បានមានបន្ទូលថា៖ “ហើយចូរពួកអ្នកបរិភោគនិងផឹក រហូតដល់ពន្លឺពណ៌សនៃសេតារុណ(ហ្វាជើរ)ដាច់ចេញពីផ្ទៃពណ៌ខ្មៅនៃស្បៃរាត្រីបានបង្ហាញច្បាស់ចំពោះពួកអ្នក។ បន្ទាប់មក ចូរពួកអ្នកបំពេញនូវការបួស រហូតដល់យប់(ថ្ងៃលិច)...”។ [គម្ពីរគួរអាន ២:១៨៧]
ចំណែកឯអ្នកដែលបរិភោគ ឬផឹកដោយភ្លេច គឺគ្មានបញ្ហាអ្វីឡើយ យោងតាមហាទីស្ហដែលព្យាការី (សូមសន្តិភាពកើតមានដល់លោក) លោកបានមានប្រសាសន៍ថា៖ “ជនណាភ្លេចខ្លួនខណៈពេលគេកំពុងបួស ហើយបានបរិភោគអាហារ ឬផឹក ចូរឱ្យគេបន្តការបួសរបស់ខ្លួន។ តាមពិត អល់ឡោះទេជាអ្នកផ្ដល់អាហារ និងទឹកដល់រូបគេ”។ [៥១] [៥១] រាយការណ៍ដោយ អាល់ពូខរី:៦៦៦៩, មូស្លីម:២៧០៩
ទីបួន៖ ធ្វើឲ្យចេញក្អួតដោយចេតនា។ ចំណែកឯអ្នកដែលចេញក្អួតដោយអចេតនា គឺមិនខូចបួសឡើយ យោងតាមប្រសាសន៍របស់ព្យាការី (សូមសន្តិភាពកើតមានដល់លោក) ថា៖ «ជនណាដែលក្អួតដោយអចេតនា គឺមិនតម្រូវឲ្យបួសសងឡើយ។ តែជនណាដែលក្អួតដោយចេតនា ចូរឲ្យជននោះបួសសង»។ [៥២] [៥២] អាពូហ្ទាវូទ:២៣៨០, អាត់តៀរមីហ្ស៊ី:៧១៩, អ៊ិពនូម៉ាហ្ជះ:៦៧៦
ទីប្រាំ៖ បញ្ចេញឈាមចេញពីរាងកាយ(ក្នុងបរិមាណច្រើន)តាមរយៈការជប់យកឈាមខ្មៅ(ហ៊ីជើម៉ះ) ការវះសរសៃបញ្ចេញឈាម ឬការបូមឈាមក្នុងបំណងបរិច្ចាគដើម្បីជួយសង្គ្រោះអ្នកជំងឺជាដើម។ ទង្វើទាំងអស់នេះសុទ្ធសឹងធ្វើឱ្យខូចបួស។ ចំណែកឯការបញ្ចេញឈាមក្នុងបរិមាណតិចតួចដើម្បីធ្វើការវិភាគ នោះមិនប៉ះពាល់ដល់ការបួសឡើយ។ ដូចគ្នាដែរ ការហូរឈាមដោយគ្មានជម្រើស ដូចជាការហូរឈាមច្រមុះ មានរបួស ឬការដកធ្មេញ គឺមិនធ្វើខូចបួសឡើយ។
អ្នកដែលគេអនុញ្ញាតឲ្យផ្អាកបួសក្នុងខែរ៉ម៉ាហ្ទន
ប្រភេទទីមួយ៖ អ្នកដែលត្រូវបានអនុញ្ញាតឱ្យផ្អាកបួស តែចាំបាច់ត្រូវបួសសងវិញ។ អ្នកទាំងនោះមានដូចជា៖
ទីមួយ៖ អ្នកជំងឺដែលសង្ឃឹមថានឹងជាសះស្បើយ ហើយការបួសធ្វើឱ្យប៉ះពាល់ ឬបង្កការលំបាកដល់ខ្លួន។
ទីពីរ៖ អ្នកដំណើរ ទោះបីមានការលំបាកក្នុងពេលធ្វើដំណើរ ឬមិនមានការលំបាកក្តី។
ភស្តុតាងដែលបញ្ជាក់ពីបុគ្គលទាំងពីរក្រុមនេះ គឺបន្ទូលរបស់អល់ឡោះជាម្ចាស់ដែលទ្រង់បានមានបន្ទូលថា៖ “ហើយជនណាដែលមានជំងឺ ឬជាអ្នកធ្វើដំណើរ (គេអាចផ្អាកបួសបាន) តែត្រូវបួសសងវិញនៅបណ្តាថ្ងៃផ្សេង(តាមចំនួនថ្ងៃដែលបានផ្អាកបួស)”។ [គម្ពីរគួរអាន ២:១៨៥]
ទីបី៖ ស្ត្រីមានផ្ទៃពោះ ឬស្ត្រីដែលបំបៅកូន ប្រសិនបើការបួសនោះបង្កការលំបាក ឬបង្កគ្រោះថ្នាក់ដល់ពួកនាង ឬដល់កូនរបស់ពួកនាង។ ស្ត្រីទាំងពីរក្រុមនេះស្ថិតក្នុងប្រភេទដូចអ្នកជំងឺដែរ គឺត្រូវបានអនុញ្ញាតឱ្យផ្អាកបួសបាន ប៉ុន្តែ ត្រូវបួសសងវិញនៅពេលក្រោយ។
ទីបួន៖ ស្ត្រីមានរដូវ និងស្ត្រីមានឈាមឆ្លងទន្លេ។ ការផ្អាកបួសរបស់ស្រ្តីទាំងពីរក្រុមនេះ គឺជាកាតព្វកិច្ច។ បើទោះជាស្ត្រីទាំងនោះបួស ក៏ការបួសនោះមិនត្រឹមត្រូវដែរ ហើយចាំបាច់ត្រូវសងវិញនៅថ្ងៃផ្សេង។
ប្រភេទទីពីរ៖ អ្នកដែលត្រូវបានអនុញ្ញាតឱ្យផ្អាកបួស ហើយតម្រូវឱ្យបង់ពិន័យ(កាហ្វារ៉ោះ)ប៉ុណ្ណោះ ដោយមិនចាំបាច់សងបួសវិញឡើយ។ អ្នកទាំងនោះមានដូចជា៖
ទីមួយ៖ អ្នកជំងឺដែលមិនសង្ឃឹមថានឹងជាសះស្បើយ
ទីពីរ៖ ចាស់ជរាដែលមិនអាចបួសបាន
ដូចនេះ អ្នកទាំងនេះអាចផ្អាកបួស ហើយត្រូវផ្ដល់ចំណីអាហារជារៀងរាល់ថ្ងៃក្នុងខែរ៉ម៉ាហ្ទនដល់ជនក្រីក្រម្នាក់។ ចំណែកឯមនុស្សចាស់ ប្រសិនបើគាត់ឈានដល់ដំណាក់កាលវង្វេងវង្វាន់ នោះការអនុវត្តកាតព្វកិច្ចសាសនានានាត្រូវបានលើកលែង។ ដូច្នេះ គាត់អាចឈប់បួសបាន ហើយមិនមានអ្វីដែលតម្រូវលើគាត់ត្រូវធ្វើឡើយ។
ពេលវេលានៃការបួសសង និងច្បាប់បញ្ញត្តិទាក់ទងនឹងការពន្យារពេលបួសសង
កាតព្វកិច្ចបួសសងខែរ៉ម៉ាហ្ទនត្រូវតែអនុវត្តនៅក្នុងចន្លោះពេលរវាងខែរ៉ម៉ាហ្ទនដែលបានកន្លងផុត និងខែរ៉ម៉ាហ្ទនបន្ទាប់។ តែជាការប្រសើរ គឺគប្បីរួសរាន់ក្នុងការបួសសង។ ហើយច្បាប់មិនអនុញ្ញាតឲ្យពន្យារពេលបួសសង រហូតដល់ខែរ៉ម៉ាហ្ទនបន្ទាប់បានកន្លងផុតនោះឡើយ។ អំពី អាអ៊ីស្ហះ (សូមអល់ឡោះសព្វព្រះទ័យចំពោះគាត់) បាននិយាយថា៖ «ខ្ញុំធ្លាប់ជំពាក់ការបួសពីខែរ៉ម៉ាហ្ទន ហើយខ្ញុំគ្មានលទ្ធភាពបួសសងឡើយ រហូតដល់ខែស្ហាក់ហ្ពាន ព្រោះតែការយកចិត្តទុកដាក់ចំពោះអ្នកនាំសាររបស់អល់ឡោះ»។ [៥៣] [៥៣] រាយការណ៍ដោយ អាល់ពូខរី:១៨៤៩, មូស្លីម:១៨៤៦
ចំណែកឯអ្នកដែលពន្យារពេលបួសសង រហូតដល់ខែរ៉ម៉ាហ្ទនបន្ទាប់មកដល់ គឺមានពីរករណី៖
១. គេពន្យារពេលបួសសងដោយមានហេតុផលស្របច្បាប់ ដូចជាជំងឺមិនទាន់ជាសះស្បើយ រហូតដល់ខែរ៉ម៉ាហ្ទនបន្ទាប់ចូលមកដល់។ ក្នុងករណីនេះ គឺតម្រូវឲ្យបុគ្គលនោះគ្រាន់តែបួសសងប៉ុណ្ណោះ។
២. គេពន្យារពេលបួសសងដោយគ្មានមូលហេតុត្រឹមត្រូវ។ ក្នុងករណីនេះ បុគ្គលនោះនឹងទទួលបាបកម្មដោយសារការពន្យារពេល ហើយចាំបាច់លើបុគ្គលនោះត្រូវសារភាពកំហុស(តាវហ្ពាត់) បួសសង និងផ្ដល់អាហារដល់ជនក្រីក្រម្នាក់ជារៀងរាល់ថ្ងៃដែលខ្លួនបួងសង។
ការបួសស្ម័គ្រចិត្តចំពោះអ្នកដែលនៅជំពាក់បួសរ៉ម៉ាហ្ទន
ចំពោះអ្នកដែលជំពាក់បួសរ៉ម៉ាហ្ទន ជាការប្រសើរបំផុត គឺត្រូវបួសសងរ៉ម៉ាហ្ទនជាមុន មុននឹងចង់បួសស្ម័គ្រចិត្ត(បួសស៊ូណិត)។ ប៉ុន្តែប្រសិនបើការបួសស្ម័គ្រចិត្តនោះ ជាប្រភេទបួសដែលមានកំណត់ពេលវេលាច្បាស់លាស់ ហើយអាចនឹងកន្លងផុតទៅ(ប្រសិនបើមិនបួសក្នុងពេលនោះ) ដូចជាការបួសថ្ងៃអារ៉ហ្វះ និងថ្ងៃអាស្ហ៊ូរ៉ា គឺគេអាចបួសថ្ងៃទាំងនោះសិនមុននឹងបួសសង។ នេះក៏ព្រោះតែការបួសសងមានរយៈពេលវែង(រហូតដល់មួយឆ្នាំ)។ ចំណែកឯថ្ងៃអាស្ហ៊ូរ៉ា និងថ្ងៃអារ៉ហ្វះវិញ ប្រសិនបើកន្លងហួសថ្ងៃរបស់វាហើយនោះ នឹងហួសពេលតែម្ដង។ តែចំពោះការបួសប្រាំមួយថ្ងៃនៃខែស្ហាវវ៉ាលវិញ គេមិនអាចបួសបានឡើយ លុះត្រាតែបានបួសសងរ៉ម៉ាហ្ទនជាមុនសិន។
ថ្ងៃដែលគេហាមឃាត់មិនឲ្យបួស
១. បួសនៅថ្ងៃរ៉យ៉ាហ្វិតត្រោះ និងថ្ងៃរ៉យ៉ាអ័ដហា
២. បួសបណ្តាថ្ងៃតាស្ហរិកនៃខែហ្ស៊ុលហ៊ិជ្ជះ លើកលែងតែអ្នកធ្វើហាជ្ជីតាម៉ាត់តួក និងហាជ្ជីគីរ៉ន ប្រសិនបើគេគ្មានសត្វជំនូន។ បណ្តាថ្ងៃតាស្ហរិកនោះគឺ ថ្ងៃទីដប់មួយ ទីដប់ពីរ និងទីដប់បី នៃខែហ្ស៊ុលហ៊ិជ្ជះ។
៣. បួសថ្ងៃសង្ស័យ ព្រោះតែគេមានមន្ទិលសង្ស័យចំពោះថ្ងៃនោះ។ ថ្ងៃសង្ស័យ គឺថ្ងៃទី៣០ នៃខែស្ហាក់ហ្ពាន ប្រសិនបើយប់នោះមានពពក ឬធូលីបាំងដែលរារាំងមិនឲ្យឃើញខ្នើតខែ(រ៉ម៉ាហ្ទន)។
ថ្ងៃដែលមិនគួរបួស(ម៉ាក្រុះ)
ក. កំណត់យកខែរ៉ហ្ជប់ជាពិសេសសម្រាប់ការបួស ខ. បួសថ្ងៃសុក្រតែមួយថ្ងៃគត់ តែប្រសិនបើគេបួសមុនថ្ងៃសុក្រមួយថ្ងៃ ឬក្រោយថ្ងៃសុក្រមួយថ្ងៃ គឺគ្មានបញ្ហាអ្វីឡើយ។
ថ្ងៃដែលគេជំរុញឲ្យបួស(ស៊ូណិត)
ក. បួសប្រាំមួយថ្ងៃនៃខែស្ហាវវ៉ាល ខ. បួសប្រាំបួនថ្ងៃនៃខែហ្ស៊ុលហ៊ិជ្ជះ ជាពិសេស គឺថ្ងៃអារ៉ហ្វះ លើកលែងតែចំពោះអ្នកធ្វើហាជ្ជី គឺគេមិនជំរុញឲ្យបួសនោះឡើយ ហើយការបួសនៅថ្ងៃនោះ គឺជម្រុះបាបកម្មរយៈពេលពីរឆ្នាំ។ គ. បួសបីថ្ងៃរៀងរាល់ខែ ហើយជាការប្រសើរបំផុត គឺបួសនៅថ្ងៃខែភ្លឺ ពោលគឺថ្ងៃទី១៣ ទី១៤ និងទី១៥ (នៃខែចន្ទគតិអ៊ីស្លាម)។ ឃ. បួសថ្ងៃចន្ទ និងថ្ងៃព្រហស្បតិ៍នៅរៀងរាល់សប្តាហ៍ ព្រោះព្យាការីមូហាំម៉ាត់ (សូមសន្តិភាពកើតមានដល់លោក) លោកតែងបួសក្នុងថ្ងៃទាំងពីរនេះ ដោយសារតែទង្វើរបស់ខ្ញុំបម្រើអល់ឡោះត្រូវបានគេលើកយកទៅបង្ហាញ(ចំពោះអល់ឡោះ)ក្នុងថ្ងៃទាំងពីរនេះ។
ការបួសស្ម័គ្រចិត្ត(ស៊ូណិត)
ក. បួសដូចព្យាការីហ្ទាវូទ អាឡៃហ៊ិស្សាឡាម គឺលោកបួសមួយថ្ងៃ ផ្អាកមួយថ្ងៃ។
ខ. បួសក្នុងខែរបស់អល់ឡោះ គឺខែមូហារ៉ម ហើយវាជាខែដែលប្រសើរជាងគេបំផុតសម្រាប់ការបួសស្ម័គ្រចិត្ត និងជាពិសេស គឺការបួសថ្ងៃអាស្ហ៊ូរ៉ា ដែលជាថ្ងៃទីដប់នៃខែមូហារ៉ម ហើយក៏គប្បីបួសថ្ងៃទីប្រាំបួនជាមួយគ្នាផងដែរ ដោយយោងតាមប្រសាសន៍របស់ព្យាការី (សូមសន្តិភាពកើតមានដល់លោក) ដែលលោកបានមានប្រសាសន៍ថា៖ “ប្រសិនបើខ្ញុំនៅមានជីវិតដល់ឆ្នាំក្រោយ ខ្ញុំប្រាកដជានឹងបួសនៅថ្ងៃទីប្រាំបួន”។ [៥៤] ការបួសក្នុងថ្ងៃនោះនឹងជម្រុះចោលនូវបាបកម្មមួយឆ្នាំដែលបានកន្លងផុត។ [៥៤] រាយការណ៍ដោយ មូស្លីម:១១៣៤
ជំពូកទី៥ ហាជ្ជី និងអ៊ុមរ៉ោះ
ហាជ្ជី៖ តាមន័យភាសា មានន័យថា គោលបំណងឆ្ពោះទៅគោលដៅណាមួយ។ តាមន័យសាសនា៖ គឺជាគោលបំណងឆ្ពោះទៅកាន់ពៃតុលឡោះ អាល់ហារ៉ម និងបូជនីយដ្ឋាននានា ក្នុងពេលវេលាដែលគេកំណត់ជាក់លាក់ ដើម្បីធ្វើកិច្ចធម្មយាត្រាជាក់លាក់។
ចំណែកអ៊ុមរ៉ោះវិញ តាមន័យភាសា គឺជាការធ្វើទស្សនកិច្ច។
តាមន័យសាសនា៖ គឺជាការទៅទស្សនកិច្ចនៅពៃតុលឡោះ(កាក់ហ្ពះ)ក្នុងពេលវេលាណាមួយ(ដោយគ្មានកំណត់ជាក់លាក់) ដើម្បីធ្វើកិច្ចធម្មយាត្រាជាក់លាក់។
ការធ្វើធម្មយាត្រាហាជ្ជី គឺជាគោលគ្រឹះ(រូកុន)មួយនៃសាសនាអ៊ីស្លាម និងជាមូលដ្ឋានគ្រឹះដ៏ធំធេងមួយនៃសាសនាអ៊ីស្លាម។ វាត្រូវបានគេដាក់ជាកាតព្វកិច្ចនៅក្នុងឆ្នាំទីប្រាំបួននៃចំណាកស្រុក(ហ៊ិជ្ជរ៉ោះ)។ ហើយព្យាការី (សូមសន្តិភាពកើតមានដល់លោក) លោកបានធ្វើធម្មយាត្រាហាជ្ជីតែមួយដងគត់ គឺហាជ្ជីលាដំណើរ។
ការធ្វើហាជ្ជី គឺជាកាតព្វកិច្ចតែមួយដងគត់ក្នុងមួយជីវិតចំពោះអ្នកដែលមានលទ្ធភាព។ ប្រសិនបើគេធ្វើលើសនេះ គឺជាការស្ម័គ្រចិត្ត(ស៊ូណិត)។ ចំណែកឯការធ្វើអ៊ុមរ៉ោះវិញ គឺជាកាតព្វកិច្ច យោងតាមទស្សនៈរបស់សាសនវិទូអ៊ីស្លាមជាច្រើន ដោយសំអាងលើប្រសាសន៍របស់ព្យាការី (សូមសន្តិភាពកើតមានដល់លោក) នៅពេលដែលគេសួរលោកថា៖ «តើចំពោះស្ត្រីមានកាតព្វកិច្ចតស៊ូក្នុងមាគ៌ាអល់ឡោះ(ជីហាទ)ដែរឬទេ?» លោកបានឆ្លើយថា៖ «បាទ មាន។ ចំពោះពួកនាង គឺមានកាតព្វកិច្ចតស៊ូក្នុងមាគ៌ាអល់ឡោះដែលគ្មានការប្រយុទ្ធនៅក្នុងនោះ គឺការធ្វើហាជ្ជី និងអ៊ុមរ៉ោះ»។ [៥៥] [៥៥] អះម៉ាត់:២៥១៩៨, អាន់ណាសាអ៊ី:២៦២៧, អ៊ិពនូម៉ាហ្ជះ:២៩០១
លក្ខខណ្ឌនៃកាតព្វកិច្ចហាជ្ជី និងអ៊ុមរ៉ោះ
១. អ៊ីស្លាម
២. មានសតិបញ្ញា
៣. ធំពេញវ័យ
៤. មានសេរីភាព
៥. មានលទ្ធភាព
ចំពោះស្ត្រី គឺបន្ថែមនូវលក្ខខណ្ឌទីប្រាំមួយ គឺត្រូវមានម៉ះរ៉មធ្វើដំណើរទៅជាមួយដើម្បីបំពេញកាតព្វកិច្ចហាជ្ជី ឬអ៊ុមរ៉ោះ ដោយសារតែគេមិនអនុញ្ញាតឲ្យស្ត្រីធ្វើដំណើរទៅធ្វើហាជ្ជី ឬទៅកន្លែងណាផ្សេងទៀតដោយគ្មានម៉ះរ៉មឡើយ។ យោងតាមប្រសាសន៍របស់ព្យាការី (សូមសន្តិភាពកើតមានដល់លោក) ដែលលោកបានមានប្រសាសន៍ថា៖ “ស្ត្រីមិនត្រូវធ្វើដំណើរឡើយ លើកលែងតែមានម៉ះរ៉មទៅជាមួយ ហើយបុរសក៏មិនត្រូវចូលទៅរកស្ត្រីនោះដែរ លើកលែងតែមានម៉ះរ៉មនៅជាមួយ”។ [៥៦] [៥៦] រាយការណ៍ដោយ អាល់ពូខរី:១៨៦២, មូស្លីម:១៣៤១
ម៉ះរ៉មរបស់ស្ត្រី សំដៅលើស្វាមីរបស់នាង ឬបុរសទាំងឡាយដែលច្បាប់ហាមមិនឲ្យរៀបការជាមួយស្ត្រីនោះបានជាដាច់ខាត ដោយមូលហេតុជាសាច់ញាតិ ដូចជាបងប្អូនប្រុសបង្កើតរបស់នាង ឪពុកបង្កើតរបស់នាង ពូបង្កើតរបស់នាង ក្មួយប្រុសបង្កើតរបស់នាង និងមាបង្កើតរបស់នាង ឬដោយសារមូលហេតុស្របច្បាប់ផ្សេងទៀត ដូចជាបងប្អូនរួមដោះ ឬដោយសារជាប់សាច់ថ្លៃ ដូចជាប្តីរបស់ម្តាយ(ឪពុកចុង) និងកូនប្រុសរបស់ប្តី(កូនចុង)។
ចំណែកឯលទ្ធភាព គឺសំដៅទៅលើលទ្ធភាពទាំងផ្នែកហិរញ្ញវត្ថុ និងផ្នែករាងកាយ ពោលគឺរូបគេមានលទ្ធភាពក្នុងការធ្វើដំណើរ(ជិះយានជំនិះ) និងមានកម្លាំងកាយមាំមួនអាចទ្រាំទ្រនឹងការធ្វើដំណើរបាន ព្រមទាំងមានទ្រព្យសម្បត្តិគ្រប់គ្រាន់សម្រាប់ចំណាយលើតម្រូវការចាំបាច់ ទាំងពេលទៅ និងពេលត្រឡប់មកវិញ។ ហើយរូបគេក៏ត្រូវមានទ្រព្យសម្បត្តិគ្រប់គ្រាន់សម្រាប់ផ្គត់ផ្គង់ដល់កូនៗរបស់ខ្លួន និងសមាជិកគ្រួសារទាំងឡាយណាដែលស្ថិតក្រោមបន្ទុកចំណាយរបស់គេ រហូតដល់រូបគេត្រឡប់មកដល់ផ្ទះវិញផងដែរ។
ហើយផ្លូវធ្វើដំណើរទៅធ្វើហាជ្ជីវិញ ត្រូវតែមានសុវត្ថិភាព ទាំងសម្រាប់អាយុជីវិត និងសម្រាប់ទ្រព្យសម្បត្តិរបស់គេ។
ជនណាដែលមានលទ្ធភាពផ្នែកទ្រព្យសម្បត្តិ ប៉ុន្តែគ្មានលទ្ធភាពផ្នែករាងកាយ ដូចជាមានវ័យចំណាស់ ឬមានជំងឺរ៉ាំរ៉ៃដែលគ្មានសង្ឃឹមថានឹងជាសះស្បើយ គឺចាំបាច់លើជននោះត្រូវចាត់តាំងនរណាម្នាក់ឱ្យធ្វើហាជ្ជី និងអ៊ុមរ៉ោះជំនួសខ្លួន។
ចំពោះអ្នកដែលធ្វើហាជ្ជី និងអ៊ុមរ៉ោះជំនួសអ្នកដទៃ គឺត្រូវមានលក្ខខណ្ឌពីរយ៉ាង៖
១. ជាអ្នកដែលការបំពេញកាតព្វកិច្ចហាជ្ជីរបស់ជននោះចាត់ទុកថាត្រឹមត្រូវ ពោលគឺជាអ្នកអ៊ីស្លាមដែលធំដឹងក្តី និងមានសតិបញ្ញា។
២. គេបានធ្វើហាជ្ជីអ៊ីស្លាមសម្រាប់ខ្លួនឯងរួចហើយ។
មីកត(កន្លែងនៀតអៀហរ៉ម)
មីកត តាមន័យភាសា មានន័យថា ព្រំដែន ឬដែនកំណត់។ រីឯតាមន័យសាសនាវិញ មានន័យថា ទីកន្លែងសម្រាប់អនុវត្តការគោរពសក្ការៈ(អ៊ីហ្ពាហ្ទាត់) ឬពេលវេលាសម្រាប់អនុវត្តការគោរពសក្ការៈ។
សម្រាប់ហាជ្ជី គឺមានទាំងមីកតផ្អែកលើពេលវេលា និងមីតកផ្អែកលើទីកន្លែង៖
ក. មីកតផ្អែកលើពេលវេលា ៖ អល់ឡោះជាម្ចាស់ទ្រង់បានរំលឹកនៅក្នុងបន្ទូលរបស់ទ្រង់ថា៖ “(ពេលវេលានៃ)ការធ្វើធម្មយាត្រាហាជ្ជី គឺស្ថិតក្នុងបណ្តាខែដែលត្រូវបានគេដឹងយ៉ាងច្បាស់ ។ ដូចនេះ ចំពោះអ្នកដែលមានកាតព្វកិច្ចធ្វើហាជ្ជីនៅអំឡុងខែទាំងនេះ...”។ [គម្ពីរគួរអាន ២:១៩៧]
បណ្តាខែទាំងនោះ គឺមានខែស្ហាវវ៉ាល ខែហ្ស៊ុលកក់ហ្ទះ និងដប់ថ្ងៃខាងដើមនៃខែហ្ស៊ុលហិជ្ជះ។
ខ. មីកតផ្អែកលើទីកន្លែង៖ គឺជាព្រំដែនទាំងឡាយដែលគេមិនអនុញ្ញាតឲ្យអ្នកធ្វើហាជ្ជីឆ្លងកាត់ទៅកាន់ក្រុងម៉ាក្កះ ដោយមិនបានកាន់តំណមអៀហរ៉មឡើយ។ មីកតទាំងនោះមានដូចខាងក្រោម៖
១. ហ្ស៊ុលហ៊ូឡៃហ្វះ៖ ជាមីកតសម្រាប់អ្នកដែលនៅក្រុងម៉ាទីណះ។
២. ជួហហ្វះ៖ ជាមីកតសម្រាប់អ្នកស្រុកស្ហាម(ស៊ីរី) អេហ្ស៊ីប និងម៉ារ៉ុក។
៣. ក័រនុលម៉ាណាហ្ស៊ីល៖ បច្ចុប្បន្នគេស្គាល់ថា អាស់សៃល៍ ជាមីកតសម្រាប់អ្នកស្រុកណាច់ដ៍។
៤. ហ្សាត អៀរក៍៖ ជាមីកតសម្រាប់អ្នកស្រុកអ៊ីរ៉ាក់។
៥. យ៉ាឡាំឡាំ៖ ជាមីកតសម្រាប់អ្នកស្រុកយេមែន។
ចំពោះអ្នកដែលមានលំនៅឋានស្ថិតនៅខាងក្នុងរង្វង់នៃព្រំដែនមីកតទាំងនេះ(ពោលគឺនៅចន្លោះមីកត និងក្រុងម៉ាក្កះ) គេត្រូវកាន់តំណមអៀហរ៉មហាជ្ជី និងអ៊ុមរ៉ោះពីលំនៅឋានរបស់គេតែម្តង។ ហើយប្រសិនបើគេជាអ្នកស្រុកម៉ាក្កះ គឺគេត្រូវកាន់តំណមអៀហរ៉មពីក្រុងម៉ាក្កះតែម្តងដោយមិនចាំបាច់ចេញទៅកាន់មីកតដើម្បីកាន់តំណមអៀហរ៉មឡើយ។ ចំណែកឯអ៊ុមរ៉ោះវិញ គឺពួកគេត្រូវចេញទៅក្រៅទឹកដីហារ៉មដែលនៅជិតបំផុត ហើយអៀហរ៉មពីទីនោះ។ ជនណាដែលមានបំណងចង់ធ្វើហាជ្ជី ឬអ៊ុមរ៉ោះ គឺចាំបាច់ត្រូវកាន់តំណមអៀហរ៉ម(នៀត)ពីកន្លែងទាំងឡាយដែលអ្នកនាំសាររបស់អល់ឡោះ (សូមសន្តិភាពកើតមានដល់លោក) លោកបានកំណត់ ដែលជាទីតាំងមីកតដែលបានរៀបរាប់ខាងលើ។ ដូចនេះ សម្រាប់អ្នកដែលមានបំណងធ្វើហាជ្ជី ឬអ៊ុមរ៉ោះ គឺគេមិនអនុញ្ញាតឱ្យឆ្លងកាត់មីកតដោយមិនបានអៀហរ៉មឡើយ។
- រាល់បុគ្គលទាំងឡាយណាដែលធ្វើដំណើរឆ្លងកាត់មីកតទាំងឡាយដែលបានរៀបរាប់ខាងលើ ទោះបីជាពួកគេមិនមែនជាអ្នករស់នៅក្នុងតំបន់នោះក៏ដោយ ក៏ពួកគេត្រូវតែកាន់តំណមអៀហរ៉មពីមីកតនោះដែរ។
- ហើយចំពោះបុគ្គលណាដែលធ្វើដំណើរឆ្ពោះទៅកាន់ក្រុងម៉ាក្កះតាមផ្លូវដែលមិនឆ្លងកាត់មីកតណាមួយទាំងតាមផ្លូវគោក ផ្លូវទឹក ឬផ្លូវអាកាស នោះរូបគេត្រូវកាន់តំណមអៀហរ៉មនៅពេលដែលទៅដល់ត្រង់ចំណុចដែលស្របនឹងមីកតដែលនៅជិតខ្លួនគេបំផុត។ យោងតាមសម្ដីរបស់ អ៊ូមើរ កូន អាល់ខត្តប (សូមអល់ឡោះសព្វព្រះទ័យចំពោះគាត់) ថា៖ “ចូរពួកអ្នកសម្លឹងមើល(ឬស្វែងរក)ចំណុចដែលនៅស្របនឹងវា(មីកតនោះ)ពីផ្លូវធ្វើដំណើររបស់ពួកអ្នក”។ [៥៧] [៥៧] រាយការណ៍ដោយ អាល់ពូខរី:១៥៣១
- ចំពោះអ្នកដែលធ្វើដំណើរទៅបំពេញធម្មយាត្រាហាជ្ជី ឬអ៊ុមរ៉ោះតាមយន្តហោះ ចាំបាច់ត្រូវកាន់តំណមអៀហរ៉ម នៅពេលយន្តហោះនោះឆ្លងកាត់ស្របនឹងមីកតដែលស្ថិតនៅក្នុងគន្លងផ្លូវហោះហើរនោះ។ ហើយមិនអនុញ្ញាតឲ្យពន្យារពេលកាន់តំណមអៀហរ៉ម រហូតដល់យន្តហោះចុះចតនៅអាកាសយានដ្ឋានឡើយ។
អៀហរ៉ម
គឺជាការតាំងចេតនា(នៀត)ចូលកិច្ចធម្មយាត្រា។ ចំពោះហាជ្ជី គឺតាំងចេតនា(នៀត)ចូលក្នុងកិច្ចធម្មយាត្រាហាជ្ជី។ ចំពោះអ៊ុមរ៉ោះ គឺតាំងចេតនា(នៀត)ចូលក្នុងកិច្ចធម្មយាត្រាអ៊ុមរ៉ោះ។ ហើយគេមិនទាន់ក្លាយជាអ្នកដែលស្ថិតក្នុងតំណមអៀហរ៉មឡើយ ទាល់តែគេបានតាំងចេតនា(នៀត)ចូលក្នុងកិច្ចធម្មយាត្រា(ការធ្វើហាជ្ជី ឬអ៊ុមរ៉ោះ)នោះ។ ចំណែកឯការដែលគ្រាន់តែស្លៀកសម្លៀកបំពាក់អៀហរ៉មដោយគ្មានតាំងចេតនា(នៀត) គឺមិនទាន់ក្លាយជាអ្នកដែលស្ថិតក្នុងតំណមអៀហរ៉មឡើយ។
ប្រការដែលគប្បីធ្វើ(ស៊ូណិត)ចំពោះអៀហរ៉ម
១. ងូតទឹកសម្អាតកាយ មុនចូលក្នុងតំណមអៀហរ៉ម
២. ចំពោះបុរស គប្បីប្រើគ្រឿងក្រអូបនៅលើខ្លួនប្រាណ តែមិនត្រូវប្រើលើសម្លៀកបំពាក់អៀហរ៉មឡើយ។
៣. ស្លៀកពាក់អៀហរ៉មជាមួយនឹងក្រណាត់សពីរផ្ទាំង(សម្រាប់រុំផ្នែកខាងលើ និងផ្នែកខាងក្រោម) និងស្បែកជើងផ្ទាត់។
៤. ចូលកាន់តំណមអៀហរ៉មក្នុងខណៈពេលដែលរូបគេកំពុងស្ថិតនៅលើជំនិះ ដោយតម្រង់មុខទៅកាន់គិបឡាត់។
ប្រភេទកិច្ចធម្មយាត្រាហាជ្ជី
ចំពោះអ្នកធ្វើហាជ្ជីអាចជ្រើសយកប្រភេទណាមួយក្នុងចំណោមហាជ្ជីទាំងបីប្រភេទនេះគឺ៖
១. ហាជ្ជីតាម៉ាត់តួក៖ គឺគេនៀតអៀហរ៉មអ៊ុមរ៉ោះក្នុងបណ្តាខែហាជ្ជី ហើយប្រតិបត្តិអ៊ុមរ៉ោះឲ្យបានរួចរាល់។ បន្ទាប់មក គេត្រូវនៀតចូលអៀហរ៉មហាជ្ជីនៅក្នុងឆ្នាំដដែលនោះ។
២. ហាជ្ជីអ៊ិហ្វរ៉ទ៖ គឺគេនៀតអៀហរ៉មហាជ្ជីតែមួយប៉ុណ្ណោះពីមីកត ហើយត្រូវបន្តស្ថិតនៅក្នុងអៀហរ៉មរបស់ខ្លួន រហូតដល់បំពេញកិច្ចការហាជ្ជីរួចរាល់។
៣. ហាជ្ជីគីរ៉ន៖ គឺគេនៀតអៀហរ៉មហាជ្ជីនិងអ៊ុមរ៉ោះក្នុងពេលតែមួយពីមីកត ឬនៀតអៀហរ៉មអ៊ុមរ៉ោះជាមុន រួចហើយបញ្ចូលហាជ្ជីទៅក្នុងនោះ មុនពេលដែលរូបគេចាប់ផ្ដើមតវ៉ាហ្វអ៊ុមរ៉ោះ។ ក្នុងករណីនេះ គេត្រូវនៀតធ្វើទាំងអ៊ុមរ៉ោះ និងហាជ្ជីចាប់តាំងពីនៅមីកត ឬមុនពេលចាប់ផ្តើមតវ៉ាហ្វអ៊ុមរ៉ោះ ហើយគេត្រូវតវ៉ាហ្វ និងសាអ៊ីតែមួយដងសម្រាប់ទាំងពីរ(អ៊ុមរ៉ោះ និងហាជ្ជី)។
ចំពោះអ្នកធ្វើហាជ្ជីប្រភេទតាម៉ាត់តួក និងគីរ៉ន គឺត្រូវសំឡេះសត្វពិន័យ(ហ្វិតយ៉ះ) ប្រសិនបើគេមិនមែនជាអ្នករស់នៅក្នុងតំបន់ម៉ាស្ជិតអាល់ហារ៉មទេនោះ។
ប្រភេទហាជ្ជីដែលប្រសើរជាងគេបំផុតក្នុងចំណោមហាជ្ជីទាំងបីប្រភេទនេះ គឺហាជ្ជីតាម៉ាត់តួក ត្បិតព្យាការី (សូមសន្តិភាពកើតមានដល់លោក) លោកបានបង្គាប់សហការី(សហាហ្ពាត់)របស់លោកឲ្យអនុវត្តវា។ [៥៨]។ បន្ទាប់មក គឺហាជ្ជីគីរ៉ន ព្រោះវាជាការធ្វើហាជ្ជីផង និងអ៊ុមរ៉ោះផង។ បន្ទាប់មកទៀត គឺហាជ្ជីអ៊ីហ្វរ៉ទ(ធ្វើតែហាជ្ជី)។ [៥៨] រាយការណ៍ដោយ មូស្លីម:១២១១
គ) បន្ទាប់ពីបានកាន់តំណមអៀហរ៉មនូវប្រភេទណាមួយក្នុងចំណោមប្រភេទហាជ្ជីទាំងបីនេះរួចមក គេត្រូវសូត្រតាល់ពីយ៉ះភ្លាមបន្ទាប់ពីចូលកាន់តំណមអៀហរ៉មនោះ ដោយសូត្រថា៖ لَبَّيْكَ اللَّهُمَّ لَبَّيْكَ، لَبَّيْكَ لَا شَرِيكَ لَكَ لَبَّيْكَ، إِنَّ الْحَمْدَ وَالنِّعْمَةَ لَكَ وَالْمُلْكَ لَا شَرِيكَ لَكَ (ឱអល់ឡោះជាម្ចាស់ ទូលបង្គំឆ្លើយតបនឹងការត្រាស់ហៅរបស់ទ្រង់ហើយ ទូលបង្គំឆ្លើយតបហើយ។ ទូលបង្គំឆ្លើយតបនឹងការត្រាស់ហៅរបស់ទ្រង់ ជាម្ចាស់ដែលគ្មានដៃគូនោះឡើយ ទូលបង្គំឆ្លើយតបហើយ។ ពិតណាស់ ការសរសើរទាំងអស់ និងពរជ័យ ព្រមទាំងអំណាចគ្រប់គ្រងគឺជារបស់ទ្រង់ ទ្រង់គ្មានដៃគូឡើយ) [៥៩] [៥៩] រាយការណ៍ដោយ អាល់ពូខរី:១៥៤៩
វាជាប្រការដែលគប្បីធ្វើ(ស៊ូណិត) ហើយគេពេញចិត្តឲ្យពោលពាក្យនេះឲ្យបានច្រើន។ ចំពោះបុរសត្រូវសូត្រឮៗ។ ចំណែកស្ត្រីត្រូវវិញ ត្រូវសូត្រតិចៗ។
ពេលវេលាដែលត្រូវសូត្រតាល់ពីយ៉ះ៖ ចាប់ផ្តើមក្រោយពេលចូលកាន់តំណមអៀហរ៉ម។ ចំណែកឯពេលវេលាបញ្ចប់របស់វាវិញ មានដូចខាងក្រោម៖
ទីមួយ៖ ចំពោះអ្នកធ្វើអ៊ុមរ៉ោះ ត្រូវបញ្ឈប់ការសូត្រតាល់ពីយ៉ះ មុននឹងចាប់ផ្តើមតវ៉ាហ្វ។
ទីពីរ៖ ចំពោះអ្នកធ្វើហាជ្ជី ត្រូវបញ្ឈប់ការសូត្រតាល់ពីយ៉ះនៅពេលចាប់ផ្តើមគប់គោលអាក៏ហ្ពះនៅថ្ងៃរ៉យ៉ាហាជ្ជី។
បម្រាមទាំងឡាយនៃអៀហរ៉ម
បម្រាមទីមួយ៖ កោរ ឬកាត់ ឬដកសក់ ឬរោមនៃផ្នែកណាមួយនៃរាងកាយ។
បម្រាមទីពីរ៖ កាត់ក្រចកដៃ ឬក្រចកជើងដោយគ្មានមូលហេតុស្របច្បាប់។ តែប្រសិនបើក្រចកបាក់ ហើយគេកាត់វាចេញ គឺមិនតម្រូវលើជននោះត្រូវសំឡេះសត្វពិន័យ(ហ្វិតយ៉ះ)ឡើយ។
បម្រាមទីបី៖ គ្របក្បាលនឹងអ្វីដែលពាក់ជាប់នឹងក្បាល ដូចជាមួក និងឈ្នួត(ចំពោះបុរស)។
បម្រាមទីបួន៖ ស្លៀកពាក់នៅលើខ្លួនប្រាណ ឬផ្នែកណាមួយនៃខ្លួនប្រាណដោយសម្លៀកបំពាក់ដែលមានថ្នេរ ដូចជា អាវ ឬឈ្នួត ឬខោ(ចំពោះបុរស)។ សម្លៀកបំពាក់ដែលមានថ្នេរ សំដៅលើរាល់អ្វីៗ(សម្លៀកបំពាក់ ឬសម្ភារៈ)ដែលត្រូវបានកាត់ដេរ ឬច្នៃឡើងឱ្យសមទៅតាមទំហំនៃអវយវៈនីមួយៗនៃរាងកាយ ដូចជាស្បែកជើងឃ្លុប ស្រោមដៃ និងស្រោមជើង។ រីឯចំពោះស្ត្រីវិញ នាងអាចស្លៀកសម្លៀកបំពាក់អ្វីក៏បានតាមក្តីប្រាថ្នាក្នុងពេលស្ថិតក្នុងតំណមអៀហរ៉ម។ នេះក៏ព្រោះតែស្ត្រីមានតម្រូវការក្នុងការបិទបាំងរាងកាយ(អាវរ៉ាត់)។ ប៉ុន្តែនាងមិនត្រូវពាក់ស្បៃបិទមុខ(នីកប)ឡើយ។ ហើយនាងត្រូវបិទបាំងផ្ទៃមុខរបស់ខ្លួនដោយអ្វីផ្សេងក្រៅពីស្បែបិទមុខ ដូចជាស្បៃគ្របក្បាល(ហ៊ីហ្ជាប) ឬសម្លៀកបំពាក់វែង នៅពេលដែលមានបុរសដទៃ(ដែលមិនមែនជាម៉ះរ៉ម) ដើរកាត់ ហើយក៏មិនត្រូវពាក់ស្រោមដៃនោះដែរ។
បម្រាមទីប្រាំ៖ ប្រើប្រាស់គ្រឿងក្រអូប ពីព្រោះអ្នកដែលកាន់តំណមអៀហរ៉មត្រូវបានតម្រូវឱ្យនៅឆ្ងាយពីភាពស៊ីវិល័យ ការតុបតែងលម្អនៃលោកិយ និងសម្ភារៈនិយម ហើយត្រូវបង្វែរអារម្មណ៍ទៅរកបរលោក។
បម្រាមទីប្រាំមួយ៖ សម្លាប់ និងបរបាញ់សត្វលើគោក។ ចំពោះអ្នកដែលស្ថិតក្នុងតំណមអៀហរ៉ម គឺមិនត្រូវបរបាញ់សត្វលើគោក មិនត្រូវជួយគេក្នុងការបរបាញ់សត្វនោះ ហើយក៏មិនត្រូវសំឡេះសត្វនោះដែរ។
ម្យ៉ាងទៀត ហាមឃាត់ចំពោះអ្នកដែលស្ថិតក្នុងតំណមអៀហរ៉មចំពោះការបរិភោគនូវសត្វដែលខ្លួនបានបរបាញ់ដោយផ្ទាល់ដៃ ឬសត្វដែលគេបរបាញ់ក្នុងបំណងយកមកឲ្យខ្លួន ឬក៏សត្វដែលរូបគេបានជួយសហការក្នុងការបរបាញ់សត្វនោះ ត្បិតចំពោះជននោះ សត្វទាំងនោះប្រៀបដូចជាសត្វស្លាប់តៃហោង(មិនបានសម្លាប់ត្រឹមត្រូវ)ដូច្នោះដែរ។
រីឯចំពោះសត្វដែលរស់នៅក្នុងទឹក(សត្វសមុទ្រ)វិញ គឺមិនត្រូវបានហាមឃាត់ចំពោះអ្នកដែលស្ថិតក្នុងតំណមអៀហរ៉មក្នុងការនេសាទសត្វទាំងនោះឡើយ ហើយគេក៏មិនហាមឃាត់អ្នកដែលស្ថិតក្នុងតំណមអៀហរ៉មមិនឲ្យសំឡេះសត្វស្រុកនោះដែរ ដូចជាមាន់ និងសត្វពាហនៈនានាជាដើម ពីព្រោះសត្វទាំងនេះមិនមែនជាសត្វប្រមាញ់ឡើយ។
បម្រាមទីប្រាំពីរ៖ ចុះកិច្ចសន្យាអាពាហ៍ពិពាហ៍(អាកត់នីកាស) សម្រាប់ខ្លួនឯង ឬអ្នកដទៃ ឬធ្វើជាសាក្សី។
បម្រាមទីប្រាំបី៖ រួមមេត្រី។ ជនណាដែលបានរួមមេត្រីមុនពេលតាហាល់លុលលើកទីមួយ ហាជ្ជីរបស់គេនឹងត្រូវចាត់ទុកជាមោឃៈ។ ច្បាប់តម្រូវឲ្យជននោះត្រូវបន្តបំពេញកិច្ចការហាជ្ជីរបស់ខ្លួន រហូតដល់ចប់សព្វគ្រប់ ហើយត្រូវធ្វើហាជ្ជីសងនៅឆ្នាំក្រោយ ព្រមទាំងត្រូវសំឡេះសត្វអូដ្ឋមួយក្បាល។ តែប្រសិនបើវាកើតឡើងបន្ទាប់ពីតាហាល់លុលលើកទីមួយ ហាជ្ជីរបស់គេមិនខូចនោះឡើយ តែចាំបាច់លើគេត្រូវសំឡេះសត្វ។
ចំពោះស្ត្រីក៏ដូចគ្នានឹងបុរសដែរក្នុងករណីនេះ ប្រសិនបើស្ត្រីនោះបានព្រមព្រៀង(ស្ម័គ្រចិត្ត)។
បម្រាមទីប្រាំបួន៖ ប៉ះពាល់រាងកាយ(ក្រៅពីការរួមមេត្រី)។ ដូចនេះ ច្បាប់មិនអនុញ្ញាតឡើយ ចំពោះអ្នកដែលកំពុងស្ថិតក្នុងតំណមអៀហរ៉មក្នុងការប៉ះពាល់រាងកាយស្ត្រីដោយចំណង់តណ្ហា ព្រោះវាជាផ្លូវនាំទៅរកការរួមមេត្រីដែលជាបំរាមដាច់ខាត។ ការប៉ះពាល់រាងកាយត្រង់នេះ គឺសំដៅលើការប៉ះពាល់ ឬស្ទាបអង្អែលស្ត្រីដោយអារម្មណ៍តណ្ហា។
អ៊ុមរ៉ោះ
ក. គោលគ្រឹះ(រូកុន)នៃអ៊ុមរ៉ោះ
១. អៀហរ៉ម
២. តវ៉ាហ្វ(ប្រទក្សិណ)
៣. សាអ៊ី
ខ. ប្រការចាំបាច់(វ៉ាជិប)នៃអ៊ុមរ៉ោះ
១. កាន់តំណមអៀហរ៉មពីមីកតដែលបានកំណត់
២. កោរ ឬកាត់សក់
គ. របៀបធ្វើអ៊ុមរ៉ោះ
អ្វីដែលអ្នកធ្វើអ៊ុមរ៉ោះត្រូវចាប់ផ្តើមមុនគេ គឺត្រូវធ្វើការតវ៉ាហ្វជុំវិញកាក់ហ្ពះចំនួនប្រាំពីរជុំ ដោយចាប់ផ្តើមពីហាជើរ៉ុលអាសវ៉ាត់(ថ្មខ្មៅ) និងបញ្ចប់នៅទីនោះដូចគ្នា។ ក្នុងការតវ៉ាហ្វនោះ គេត្រូវមានភាពជ្រះស្អាត និងបិទបាំងរាងកាយ(អាវរ៉ាត់)ចាប់ពីផ្ចិត រហូតដល់ក្បាលជង្គង់(ចំពោះបុរស)។ ជាស៊ុណ្ណះ គប្បីបើកស្មាស្តាំនៅគ្រប់ជុំទាំងអស់នៃការតវ៉ាហ្វ ដោយត្រូវបញ្ចេញស្មាស្តាំ ដាក់ក្រណាត់អៀហរ៉មពីក្រោមក្លៀក និងដាក់ជាយទាំងពីររបស់វានៅលើស្មាឆ្វេង។ នៅពេលដែលតវ៉ាហ្វគ្រប់ប្រាំពីរជុំរួច គេគ្របដណ្តប់ស្មាដូចធម្មតាវិញ។
គេត្រូវតម្រង់ទៅកាន់ហាជើរ៉ុលអាសវ៉ាត់(ថ្មខ្មៅ) ហើយថើបវា ប្រសិនបើអាចធ្វើបាន។ តែបើមិនអាចធ្វើបានទេ គេត្រូវប៉ះវាដោយដៃស្តាំ ប្រសិនបើមានភាពងាយស្រួលក្នុងការធ្វើដូច្នោះ រួចថើបដៃខ្លួនឯង។ តែប្រសិនបើមិនមានភាពងាយស្រួលក្នុងការធ្វើដូច្នោះទៀត គឺគេត្រូវលើកដៃស្តាំតម្រង់ទៅកាន់វា ហើយសូត្រថា៖ “الله أكبر” ចំនួនមួយដង ហើយមិនត្រូវថើបដៃ និងមិនត្រូវឈប់ឡើយ។ បន្ទាប់មក គេត្រូវបន្តតវ៉ាហ្វដោយដាក់កាក់ហ្ពះស្ថិតនៅខាងឆ្វេងដៃ ហើយតាមស៊ុណ្ណះ គប្បីរត់ត្រឹកៗនៅបីជុំដំបូង។ រត់ត្រឹកៗត្រង់នេះមានន័យថា ត្រូវដើរឲ្យបានញាប់ តែបោះជំហានខ្លីៗ។
នៅពេលដើរទៅដល់ជ្រុងយ៉ាម៉ានី(ជាជ្រុងទីបួននៃកាក់ហ្ពះ) ប្រសិនបើមានភាពងាយស្រួល គេគប្បីយកដៃស្តាំស្ទាបជ្រុងនោះដោយគ្មានការតឹកពៀរ និងមិនថើបវាឡើយ។ តែប្រសិនបើមិនមានភាពងាយស្រួលក្នុងការស្ទាបវាទេ គេត្រូវបន្តដំណើរទៅមុខដោយមិនបាច់លើកដៃតម្រង់ទៅកាន់វាឡើយ ហើយក៏មិនត្រូវតឹកពៀរនោះដែរ។ នៅចន្លោះរវាងជ្រុងយ៉ាម៉ានី និងហាជើរ៉ុលអាសវ៉ាត់ គេគប្បីសូត្រថា៖ ﴿رَبَّنَآ ءَاتِنَا فِي ٱلدُّنۡيَا حَسَنَةٗ وَفِي ٱلۡأٓخِرَةِ حَسَنَةٗ وَقِنَا عَذَابَ ٱلنَّارِ...﴾ “បពិត្រព្រះជាម្ចាស់នៃយើងខ្ញុំ! សូមទ្រង់មេត្តាប្រទានដល់យើងខ្ញុំនូវប្រការល្អក្នុងលោកិយ និងប្រការល្អនៅថ្ងៃបរលោក ព្រមទាំងការពារយើងខ្ញុំពីទណ្ឌកម្មនៃភ្លើងនរកផង”។ [គម្ពីរគួរអាន ២:២០១]
នៅពេលធ្វើការតវ៉ាហ្វរួចរាល់ គេត្រូវសឡាតពីររ៉ក្អាត់នៅខាងក្រោយម៉ាកមអ៊ីព្រហ៊ីម អាឡៃហ៊ិស្សាឡាម ប្រសិនបើមានភាពងាយស្រួលក្នុងការសឡាតនៅទីនោះ ឬនៅកន្លែងណាក៏បានក្នុងម៉ាស្ជិតអាល់ហារ៉ម ប្រសិនបើមានការលំបាក។ ក្នុងរ៉ក្អាត់ទីមួយ បន្ទាប់ពីសូត្រអាល់ហ្វាទីហះរួច គប្បីសូត្រជំពូក អាល់កាហ្វីរូន។ ក្នុងរ៉ក្អាត់ទីពីរ បន្ទាប់ពីសូត្រអាល់ហ្វាទីហះរួច គប្បីសូត្រជំពូក អាល់អៀខ្លើស។ បន្ទាប់មក គេត្រូវតម្រង់ទៅកាន់កន្លែងសាអ៊ី ហើយដើរសាអ៊ីរវាងភ្នំសហ្វា និងភ្នំម៉ារវ៉ះចំនួនប្រាំពីរជុំ។ ពេលទៅរាប់ថាមួយជុំ ហើយពេលត្រឡប់មកវិញរាប់ថាមួយជុំ។
ការសាអ៊ី គឺចាប់ផ្តើមពីភ្នំសហ្វា ដោយត្រូវឡើងទៅលើភ្នំនោះ ឬឈរនៅត្រង់នោះ។ តែការឡើងលើភ្នំសហ្វា គឺប្រសើរជាង ប្រសិនបើមានភាពងាយស្រួល។ នៅទីនោះ គេសូត្រនូវបន្ទូលរបស់អល់ឡោះជាម្ចាស់ដែលទ្រង់បានមានបន្ទូលថា៖ ﴿إِنَّ ٱلصَّفَا وَٱلۡمَرۡوَةَ مِن شَعَآئِرِ ٱللَّهِ...﴾ “ជាការពិតណាស់ ភ្នំសហ្វា និងភ្នំម៉ារវ៉ះ គឺជាអត្តសញ្ញាណមួយក្នុងចំណោមអត្តសញ្ញាណនានារបស់អល់ឡោះជាម្ចាស់...”។ [គម្ពីរគួរអាន ២:១៥៨]
ហើយគប្បីតម្រង់ទៅកាន់គិបឡាត់ រួចថ្លែងសរសើរដល់អល់ឡោះជាម្ចាស់ និងលើកតម្កើងទ្រង់ ហើយសូត្រថា៖ لَا إِلٰهَ إِلَّا اللَّهُ، وَاللَّهُ أَكْبَرُ، لَا إِلٰهَ إِلَّا اللَّهُ وَحْدَهُ لَا شَرِيكَ لَهُ، لَهُ الْمُلْكُ وَلَهُ الْحَمْدُ، يُحْيِي وَيُمِيتُ، وَهُوَ عَلَى كُلِّ شَيْءٍ قَدِيرٌ، لَا إِلٰهَ إِلَّا اللَّهُ وَحْدَهُ، أَنْجَزَ وَعْدَهُ، وَنَصَرَ عَبْدَهُ، وَهَزَمَ الْأَحْزَابَ وَحْدَهُ (គ្មានព្រះជាម្ចាស់ឯណាដែលត្រូវគេគោរពសក្ការៈដ៏ពិតប្រាកដក្រៅពីអល់ឡោះឡើយ ហើយអល់ឡោះជាម្ចាស់មហាធំធេង។ គ្មានព្រះជាម្ចាស់ឯណាដែលត្រូវគេគោរពសក្ការៈដ៏ពិតប្រាកដក្រៅពីអល់ឡោះជាម្ចាស់តែមួយគត់ គ្មានដៃគូសម្រាប់ទ្រង់ឡើយ។ អំណាចគ្រប់គ្រង គឺជាកម្មសិទ្ធិរបស់ទ្រង់ ហើយការកោតសរសើរទាំងឡាយ ក៏ជាកម្មសិទ្ធិរបស់ទ្រង់ដែរ។ ទ្រង់ជាអ្នកផ្តល់ជីវិត និងជាអ្នកធ្វើឲ្យស្លាប់ ហើយទ្រង់មានអានុភាពលើអ្វីៗទាំងអស់។ គ្មានព្រះជាម្ចាស់ឯណាដែលត្រូវគេគោរពសក្ការៈដ៏ពិតប្រាកដក្រៅពីអល់ឡោះជាម្ចាស់តែមួយគត់។ ទ្រង់បានបំពេញតាមការសន្យារបស់ទ្រង់ ជួយដល់ខ្ញុំបម្រើរបស់ទ្រង់ និងធ្វើឲ្យក្រុមទាំងឡាយបរាជ័យដោយស្នាព្រះហស្តទ្រង់តែមួយអង្គគត់)។ [៦០] បន្ទាប់មក គេត្រូវបួងសួងនូវអ្វីដែលមានងាយស្រួលសម្រាប់គេដោយលើកដៃទាំងពីរ។ ត្រូវសូត្រហ្ស៊ីកៀរនេះ និងធ្វើការបួងសួងបែបនេះចំនួនបីដង។ បន្ទាប់មក ត្រូវចុះពីភ្នំសហ្វា រួចដើរតម្រង់ទៅកាន់ភ្នំម៉ារវ៉ះ។ លុះពេលទៅដល់បង្គោលទីមួយ ចំពោះបុរសគប្បីរត់តិចៗ រហូតទៅដល់បង្គោលទីពីរ។ ចំណែកឯស្ត្រីវិញ គឺគេមិនបញ្ញត្តិឲ្យស្ត្រីធ្វើការរត់នៅចន្លោះបង្គោលទាំងពីរនោះឡើយ ពីព្រោះស្ត្រី គឺជាអ្វីដែលត្រូវបិទបាំង(អាវរ៉ាត់)។ តាមពិត ច្បាប់បានបញ្ញត្តិឲ្យស្ត្រីដើររហូតពេញមួយដំណើរការនៃការធ្វើសាអ៊ី។ បន្ទាប់មក ត្រូវដើរឡើងលើភ្នំម៉ារវ៉ះ ឬឈរនៅត្រង់នោះ។ តែការឡើងលើភ្នំ គឺប្រសើរជាង ប្រសិនបើមានភាពងាយស្រួលក្នុងការឡើង។ នៅលើភ្នំម៉ារវ៉ះនោះ គេត្រូវសូត្រ និងធ្វើដូចអ្វីដែលគេបានសូត្រ និងធ្វើនៅលើភ្នំសហ្វាដែរ លើកលែងតែការសូត្រអាយ៉ាត់(វាក្យខណ្ឌ)ខាងក្រោមនេះប៉ុណ្ណោះ ពោលគឺបន្ទូលរបស់អល់ឡោះជាម្ចាស់ដែលទ្រង់បានមានបន្ទូលថា៖ ﴿إِنَّ ٱلصَّفَا وَٱلۡمَرۡوَةَ مِن شَعَآئِرِ ٱللَّهِ...﴾ “ជាការពិតណាស់ ភ្នំសហ្វា និងភ្នំម៉ារវ៉ះ គឺជាអត្តសញ្ញាណមួយក្នុងចំណោមអត្តសញ្ញាណនានារបស់អល់ឡោះជាម្ចាស់...”។ អាយ៉ាត់ខាងលើនេះត្រូវបានគេបង្គាប់ប្រើឲ្យសូត្រតែនៅពេលឡើងទៅភ្នំសហ្វានៅក្នុងជុំដំបូងប៉ុណ្ណោះ។ បន្ទាប់មក ត្រូវចុះពីភ្នំមកវិញ រួចដើរនៅកន្លែងដែលត្រូវដើរ ហើយរត់តិចៗនៅកន្លែងដែលត្រូវរត់ រហូតទៅដល់ភ្នំសហ្វា។ គេត្រូវធ្វើបែបនេះចំនួនប្រាំពីរជុំ។ ពេលទៅរាប់ថាមួយជុំ ហើយពេលត្រឡប់មកវិញ រាប់ថាមួយជុំទៀត។ ក្នុងពេលសាអ៊ី គប្បីបង្កើននូវការហ្ស៊ីកៀរ(រលឹកដល់អល់ឡោះ) និងបួងសួងទៅចំពោះអល់ឡោះជាម្ចាស់ឲ្យបានច្រើនតាមដែលអាចធ្វើទៅបាន។ ម្យ៉ាងទៀត គេត្រូវមានភាពជ្រះស្អាតពីភាពកខ្វក់អរូបីកម្រិតស្រាល(ហាហ្ទាសតូច) និងភាពកខ្វក់អរូបីកម្រិតធ្ងន់(ហាហ្ទាសធំ)ផងដែរ។ តែបើទោះបីជាគេធ្វើសាអ៊ីដោយគ្មានភាពជ្រះស្អាត ក៏ត្រឹមត្រូវដែរ។ អាស្រ័យហេតុនេះ ប្រសិនបើស្ត្រីមករដូវ ឬមានឈាមឆ្លងទន្លេពីតវ៉ាហ្វរួច បានធ្វើការសាអ៊ី ការធ្វើសាអ៊ីរបស់នាង គឺត្រឹមត្រូវ ពីព្រោះភាពជ្រះស្អាតមិនមែនជាលក្ខខណ្ឌមួយនៅក្នុងការសាអ៊ីឡើយ។ ផ្ទុយទៅវិញ វាគ្រាន់តែជាប្រការគួរធ្វើ(ស៊ូណិត)ប៉ុណ្ណោះ។ [៦០] មូស្លីម:១២១៨
នៅពេលដែលបានបញ្ចប់ការធ្វើសាអ៊ីរួច គេត្រូវកោរសក់ ឬកាត់សក់ ហើយចំពោះបុរស ការកោរសក់ គឺប្រសើរជាង។
តាមរយៈការកោរ ឬកាត់សក់នេះ ការបំពេញកិច្ចការអ៊ុមរ៉ោះរបស់គេ គឺបានចប់សព្វគ្រប់ហើយ។
ហាជ្ជី
ក. គោលគ្រឹះ(រូកុន)នៃហាជ្ជី
១. អៀហរ៉ម
២. ឈប់សំចតនៅឯអារ៉ហ្វះ
៣. តវ៉ាហ្វអ៊ីហ្វាហ្ទោះ
៤. សាអ៊ី
ខ. ប្រការចាំបាច់(វ៉ាជិប)នៃហាជ្ជី
១. អៀហរ៉មពីមីកត
២. ស្ថិតនៅឯអារ៉ហ្វះនៅថ្ងៃទី៩ នៃខែហ្ស៊ុលហ៊ិជ្ជះ រហូតដល់ថ្ងៃលិច ចំពោះអ្នកដែលស្ថិតនៅទីនោះនាពេលថ្ងៃ។
៣. ស្នាក់នៅឯមុហ្សទើលីហ្វះនៅយប់ទី១០ នៃខែហ៊្សុលហ៊ិជ្ជះ រហូតដល់ពាក់កណ្តាលអាធ្រាត្រ។
៤. ស្នាក់នៅឯមីណានាពេលរាត្រីនៃបណ្តាថ្ងៃតាស្ហរិក
៥. គប់គោល
៦. កោរសក់ ឬកាត់សក់
៧. តវ៉ាហ្វលា
គ. របៀបធ្វើហាជ្ជី
គេត្រូវពោលតាល់ពីយ៉ះដោយនៀតធ្វើហាជ្ជីអ៊ីហ្វរ៉ទនៅពេលទៅដល់មីកត ប្រសិនបើពេលវេលាមានតិច។ បន្ទាប់មក នៅពេលដែលគេទៅដល់ក្រុងម៉ាក្កះ គេត្រូវតវ៉ាហ្វ និងសាអ៊ី ហើយបន្តស្ថិតនៅក្នុងអៀហរ៉មរបស់ខ្លួន រហូតដល់ពេលចេញដំណើរទៅកាន់វាលអារ៉ហ្វះនាថ្ងៃអារ៉ហ្វះដែលជាថ្ងៃទីប្រាំបួននៃខែហ្ស៊ុលហ៊ិជ្ជះ ហើយត្រូវស្ថិតនៅទីនោះរហូតដល់ថ្ងៃលិច។
បន្ទាប់មក គេត្រូវធ្វើដំណើរទៅកាន់មុហ្សទើលីហ្វះដោយភ្ជាប់ជាមួយនឹងការពោលពាក្យតាល់ពីយ៉ះ ហើយត្រូវស្នាក់នៅទីនោះ រហូតដល់សឡាតស៊ូពុស។ ក្រោយមក ត្រូវបន្តស្ថិតនៅទីនោះដដែលដោយធ្វើការហ្ស៊ីកៀរចំពោះអល់ឡោះ ពោលពាក្យតាល់ពីយ៉ះ និងធ្វើការបួងសួង រហូតដល់មេឃភ្លឺ។
បន្ទាប់មក គេត្រូវធ្វើដំណើរទៅកាន់មុហ្សទើលីហ្វះដោយភ្ជាប់ជាមួយនឹងការពោលពាក្យតាល់ពីយ៉ះ ហើយត្រូវស្នាក់នៅទីនោះ រហូតដល់សឡាតស៊ូពុស។ ក្រោយមក ត្រូវបន្តស្ថិតនៅទីនោះដដែលដោយធ្វើការហ្ស៊ីកៀរចំពោះអល់ឡោះ ពោលពាក្យតាល់ពីយ៉ះ និងធ្វើការបួងសួង រហូតដល់មេឃភ្លឺ។
បន្ទាប់មកទៀត ត្រូវតវ៉ាហ្វអ៊ីហ្វាហ្ទោះ ហើយមិនតម្រូវឲ្យធ្វើសាអ៊ីទៀតទេ ព្រោះការធ្វើសាអ៊ីលើកទីមួយ គឺគ្រប់គ្រាន់ហើយ។ តាមរយៈសកម្មភាពនេះ ហាជ្ជីរបស់គេបានចប់សព្វគ្រប់ និងទទួលបាននូវការរួចផុតពីបំរាមទាំងឡាយទាំងស្រុង(តាហាល់លុល)។
អ្វីនៅសេសសល់សម្រាប់រូបគេ គឺកាតព្វកិច្ចគប់គោលនៅថ្ងៃទី១១ និងថ្ងៃទី១២ ចំពោះអ្នកដែលមានការប្រញាប់។ គេត្រូវគប់គោលទាំងបីដោយចាប់ផ្ដើមពីគោលទីមួយដែលនៅក្បែរម៉ាស្ជិតអាល់ខៃហ្វ៍។ បន្ទាប់មក គោលកណ្ដាល។ បន្ទាប់មកទៀត គឺគោលអាក៏ហ្ពះដែលជាគោលចុងក្រោយ។ គោលនីមួយៗត្រូវគប់ចំនួនប្រាំពីរគ្រាប់ក្រួស ហើយត្រូវតឹកពៀរ(សូត្រថា៖ الله أكبر ) រាល់ពេលគប់គ្រាប់ក្រួសនីមួយៗ។ ប្រសិនបើគេចង់ពន្យារពេលស្នាក់នៅបន្ទាប់ពីថ្ងៃទី១២ គេត្រូវគប់គោលនាថ្ងៃទី១៣ទៀត ដូចដែលគេបានគប់នាថ្ងៃទី១២ និងថ្ងៃទី១១ដែរ។
ពេលវេលានៃការគប់គោល គឺបន្ទាប់ពីថ្ងៃជ្រេក្នុងថ្ងៃទាំងបី។
ប្រសិនបើគេចាកចេញពីមីណានាថ្ងៃទី១២មុនពេលថ្ងៃលិច គឺគ្មានបញ្ហាអ្វីឡើយ។ តែប្រសិនបើគេបន្តស្នាក់នៅ រហូតដល់បានគប់គោលនាថ្ងៃទី១៣បន្ទាប់ពីថ្ងៃជ្រេទៀត នោះគឺជាការប្រសើរ យោងតាមបន្ទូលរបស់អល់ឡោះជាម្ចាស់ដែលទ្រង់បានមានបន្ទូលថា៖
“ដូច្នេះ ជនណាដែលមានការប្រញាប់(ចង់ចាកចេញពីតំបន់មីណា)ក្នុងថ្ងៃទីពីរ គឺគ្មានទោសពៃរ៍អ្វីឡើយចំពោះគេ ហើយជនណាដែលចង់ពន្យារ(ដោយបន្តស្នាក់នៅរហូតដល់ថ្ងៃទីបី) ក៏គ្មានទោសពៃរ៍អ្វីចំពោះគេដែរ សម្រាប់អ្នកដែលកោតខ្លាច(អល់ឡោះ)”។ [គម្ពីរគួរអាន ២:២០៣]
នៅពេលដែលគេមានបំណងចេញដំណើរត្រឡប់ទៅកាន់ស្រុកទេសរបស់ខ្លួនវិញ គឺត្រូវធ្វើការតវ៉ាហ្វលាចំនួនប្រាំពីរជុំ ដោយមិនចាំបាច់ធ្វើសាអ៊ីឡើយ។
ជាការប្រសើរ សម្រាប់អ្នកដែលគ្មានសត្វជំនូន គឺត្រូវអៀហរ៉មអ៊ុមរ៉ោះដើម្បីធ្វើហាជ្ជីតាម៉ាត់តួក។ បន្ទាប់មក ត្រូវអៀហរ៉មហាជ្ជីនៅថ្ងៃទីប្រាំបី ហើយត្រូវបំពេញនូវកិច្ចការហាជ្ជីដូចដែលបានរៀបរាប់ខាងលើ។ តែប្រសិនបើគេអៀហរ៉មហាជ្ជីនិងអ៊ុមរ៉ោះព្រមគ្នាតែម្តង ក៏គ្មានបញ្ហាអ្វីដែរ ហើយគេឲ្យឈ្មោះហាជ្ជីនោះថា ហាជ្ជីគីរ៉ន ពោលគឺ គេអៀហរ៉មអ៊ុមរ៉ោះនិងហាជ្ជីព្រមគ្នា ដោយធ្វើការតវ៉ាហ្វនិងសាអ៊ីតែមួយប៉ុណ្ណោះ។
ផ្នែកទីបី
ក្បួនច្បាប់ដែលទាក់ទងនឹងប្រតិបត្តិការ
បណ្តាសាសនវិទូអ៊ីស្លាម(សូមអល់ឡោះប្រទាននូវក្តីមេត្តាករុណាដល់ពួកគាត់)បានបញ្ជាក់យ៉ាងច្បាស់ពីចំណេះដឹងដែលជាកាតព្វកិច្ចលើជនមូស្លីមគ្រប់រូបត្រូវសិក្សារៀនសូត្រ។ ពួកគេបានលើកឡើងពីកម្រិតនៃចំណេះដឹងដែលជាកាតព្វកិច្ចចាំបាច់លើជនមូស្លីមគ្រប់រូបត្រូវតែសិក្សា ដែលក្នុងចំណោមនោះ គឺការរៀនសូត្រអំពីច្បាប់បញ្ញត្តិនៃការទិញ-លក់ ចំពោះបុគ្គលណាដែលប្រកបរបរជួញដូរ ដើម្បីកុំឱ្យរូបគេធ្លាក់ចូលទៅក្នុងប្រការដែលច្បាប់ហាមឃាត់ ឬអំពើទាក់ទងនឹងការប្រាក់ដោយមិនដឹងខ្លួន។ ជាការពិតណាស់ មានសេចក្តីរាយការណ៍ពីបណ្តាសាវ័ក(សហាហ្ពាត់)មួយចំនួន (សូមអល់ឡោះសព្វព្រះទ័យចំពោះពួកគាត់) ដែលជាភស្តុតាងគាំទ្រយ៉ាងរឹងមាំលើបញ្ហានេះ។
អ៊ូមើរ កូន អាល់ខត្តប (សូមអល់ឡោះសព្វព្រះទ័យចំពោះគាត់) បាននិយាយថា៖ “គ្មាននរណាអាចលក់ដូរនៅក្នុងផ្សាររបស់យើងឡើយ លើកលែងតែអ្នកដែលយល់ដឹងពីសាសនា”។ [៦១] [៦១] អាត់តៀរមីហ្ស៊ី:៤៨៧ ដោយលោកបានបញ្ជាក់ថា ជាហាទីស្ហហាសាន់ ហ្គរីប។ ហើយអ៊ីម៉ាំ អាល់ហ្ពានី បានចាត់ទុកជាហាទីស្ហហាសាន់។
អាលី កូន អាពូត៏ឡឹប (សូមអល់ឡោះសព្វព្រះទ័យចំពោះគាត់) បាននិយាយថា៖ “បុគ្គលណាដែលប្រកបរបរជួញដូរ មុនពេលដែលរូបគេបានយល់ដឹង(ពីច្បាប់សាសនា)ឱ្យបានច្បាស់លាស់ជាមុនសិននោះ រូបគេនឹងធ្លាក់ទៅក្នុងការពាក់ព័ន្ធនឹងការប្រាក់ រួចហើយនឹងកាន់តែធ្លាក់ទៅៗ ពោលគឺ៖ ធ្លាក់ចូលទៅក្នុងអំពើពាក់ព័ន្ធនឹងការប្រាក់”។ [៦២] [៦២] សូមមើលសៀវភៅ៖ ម៊ុហ្គនី អាល់មួហតាច្ច:២/២២
អ៊ិពនូអាពីទីន បាននិយាយដោយយោងតាមសម្តីរបស់ អាល់អាឡាមី ថា៖ ហើយគេបានដាក់កាតព្វកិច្ចលើជនមូស្លីមគ្រប់រូប ទាំងបុរស ទាំងស្ត្រី បន្ទាប់ពីការសិក្សាអំពីមូលដ្ឋានគ្រឹះនៃជំនឿ(អាគីហ្ទះ) និងការស្វែងរកមាគ៌ាត្រឹមត្រូវរួចហើយ គឺត្រូវសិក្សាពីរបៀបយកទឹកវូហ្ទុ ការងូតទឹកជម្រះកាយ ការប្រតិបត្តិសឡាត ការបួស សិក្សាពីចំណេះដឹងទាក់ទងនឹងហ្សាកាត់សម្រាប់អ្នកដែលមានទ្រព្យសម្បត្តិដល់ចំនួនកំណត់(នីសប) សិក្សាពីរបៀបធ្វើហាជ្ជីសម្រាប់អ្នកចាំបាច់ត្រូវទៅបំពេញកាតព្វកិច្ចហាជ្ជី និងសិក្សាពីច្បាប់នៃការទិញ-លក់ សម្រាប់ពាណិជ្ជករ(និងអ្នករកស៊ី)ទាំងឡាយ ដើម្បីឱ្យពួកគេអាចចៀសផុតពីប្រការដែលមិនមានភាពច្បាស់លាស់ និងប្រការដែលមិនសមគួរ(ម៉ាក្រុះ)នៅក្នុងរាល់ប្រតិបត្តិការជួញដូរទាំងឡាយ។ ដូចគ្នានេះដែរ ចំពោះអ្នកដែលប្រកបរបរជំនាញវិជ្ជាជីវៈ ក៏ដូចជារាល់បុគ្គលដែលប្រកបកិច្ចការងារអ្វីមួយ គឺត្រូវមានកាតព្វកិច្ចរៀនសូត្រពីចំណេះដឹង និងក្បួនច្បាប់ដែលពាក់ព័ន្ធនឹងរបរនោះ ដើម្បីឲ្យគេអាចការពារខ្លួនពីប្រការហាមឃាត់នៅក្នុងការប្រកបរបរនោះបាន។ [៦៣] [៦៣] ហាស៊ីយ៉ះ អ៊ិពនូអាពីទីន:១/៤២
អ៊ីម៉ាំ អាន់ណាវ៉ាវី (សូមអល់ឡោះផ្តល់នូវក្តីមេត្តាករុណាដល់គាត់) បាននិយាយថា៖ “រីឯការលក់ដូរ និងការរៀបអាពាហ៍ពិពាហ៍ ព្រមទាំងកិច្ចការផ្សេងៗទៀតដែលស្រដៀងគ្នានេះ ដែលជាគោលការណ៍ គឺមិនមែនជាកាតព្វកិច្ច(វ៉ាជិប)នោះ គឺត្រូវបានហាមឃាត់ចំពោះការឈានជើងចូលប្រការទាំងនេះ លើកលែងតែក្រោយពីរូបគេបានដឹងពីលក្ខខណ្ឌនៃកិច្ចការទាំងនោះឲ្យបានច្បាស់លាស់ជាមុនសិន”។ [៦៤] [៦៤] សូមមើលសៀវភៅ៖ អាល់ម៉ាច្ចមួក:១/៥០
តទៅនេះ គឺជារូបមន្ត ឬគោលការណ៍មួយចំនួនទាក់ទងនឹងប្រតិបត្តិការហិរញ្ញវត្ថុ ដែលច្បាប់អ៊ីស្លាមបាននាំមក៖
១. អនុញ្ញាតលើរាល់កិច្ចការទាំងឡាយណាដែលផ្ដល់នូវផលប្រយោជន៍សុទ្ធសាធ(ផលល្អទាំងស្រុង) ឬផលប្រយោជន៍ច្រើនលើសលប់(ផលល្អច្រើនជាងផលអាក្រក់)។ ឧទាហរណ៍ដូចជា ការលក់ និងការទិញនូវរាល់របស់ដែលច្បាប់អនុញ្ញាត ការជួល និងសិទ្ធិអាទិភាពក្នុងការទិញយកចំណែករួមជាដើម។ [៦៥] [៦៥] សិទ្ធិអាទិភាពក្នុងការទិញយកចំណែករួម(ស្ហុហ្វអះ)៖ គឺជាសិទ្ធិស្របច្បាប់របស់ដៃគូម្ចាស់កម្មសិទ្ធិរួម(ម្ចាស់ភាគហ៊ុន)ក្នុងការដកហូត ឬទិញយកចំណែករបស់ដៃគូម្ចាស់ម្នាក់ទៀតពីបុគ្គលដែលបានទិញចំណែកនោះទៅ(អ្នកក្រៅ) ក្នុងតម្លៃដដែលដែលគេបានព្រមព្រៀងលក់ដូរជាទឹកប្រាក់។
២. ច្បាប់អ៊ីស្លាមបានបញ្ញត្តិឱ្យអនុវត្តរាល់ប្រការទាំងឡាយដែលធានានូវសិទ្ធិរបស់មនុស្ស និងថែរក្សាការពារសិទ្ធិទាំងនោះឱ្យបានគង់វង្ស ដូចជា ការដាក់ទ្រព្យបញ្ចាំ និងការមានសាក្សីដឹងឮ។
៣. ច្បាប់អ៊ីស្លាមបានបញ្ញត្តិឲ្យអនុវត្តនូវរាល់ប្រការទាំងឡាយដែលផ្តល់នូវផលប្រយោជន៍ដល់គូភាគីនៃកិច្ចសន្យា ដូចជាលុបចោលកិច្ចសន្យាដោយការស្ម័គ្រចិត្ត សិទ្ធិក្នុងការសម្រេចចិត្តជ្រើសរើស និងការកំណត់លក្ខខណ្ឌបន្ថែមនៅក្នុងការទិញ-លក់។
៤. ហាមឃាត់ដាច់ខាតរាល់ទង្វើ ឬសកម្មភាពទាំងឡាយដែលបង្កប់នូវភាពអយុត្តិធម៌ ឬការបំពានលើអ្នកដទៃ និងការយកទ្រព្យសម្បត្តិអ្នកដទៃដោយអំពើមិនត្រឹមត្រូវ ដូចជាការស៊ីការប្រាក់ រំលោភយកទ្រព្យសម្បត្តិអ្នកដទៃ និងការស្តុកទុកទំនិញដើម្បីដំឡើងថ្លៃផ្ដាច់មុខ។
៥. ច្បាប់អ៊ីស្លាមបានបញ្ញត្តិឲ្យអនុវត្តនូវរាល់ប្រការទាំងឡាយណាដែលជាការជួយគ្នាទៅវិញទៅមកលើអំពើល្អ ដូចជាការឲ្យខ្ចីបុល(ដោយគ្មានការប្រាក់) ការឲ្យខ្ចីរបស់ប្រើប្រាស់ និងការទទួលបញ្ញើរបស់ទុក។
៦. ហាមឃាត់ដាច់ខាតលើរាល់កិច្ចការទាំងឡាយណាដែលបង្កប់នូវការស៊ីទ្រព្យសម្បត្តិដោយគ្មានការបញ្ចេញកម្លាំងពលកម្ម គ្មានផ្ដល់ផលប្រយោជន៍ពិតប្រាកដ និងដោយគ្មានការហត់នឿយ ដូចជាការលេងល្បែងស៊ីសង និងការស៊ីការប្រាក់។
៧. ហាមឃាត់ដាច់ខាតរាល់ប្រតិបត្តិការជួញដូរទាំងឡាយណាដែលបង្កប់ដោយភាពមិនដឹង និងភាពមិនច្បាស់លាស់(ប្រថុយប្រថាន) ដូចជាដែលបុគ្គលម្នាក់លក់នូវរបស់ដែលខ្លួនមិនមែនជាម្ចាស់កម្មសិទ្ធិ និងការលក់របស់ដែលមិនស្គាល់ច្បាស់។
៨. ហាមឃាត់ដាច់ខាតរាល់ប្រការទាំងឡាយណាដែលបង្កប់នូវល្បិចកលដើម្បីឈានទៅរកប្រការដែលច្បាប់ហាមឃាត់(ហារ៉ាំ) ដូចជាការទិញលក់បែប អាល់អ៊ីណះ។ [៦៦] [៦៦] ការទិញលក់បែបអាល់អ៊ីណះ៖ គឺសំដៅលើការដែលបុគ្គលម្នាក់លក់ទំនិញអ្វីមួយទៅឱ្យបុគ្គលម្នាក់ទៀតក្នុងតម្លៃមួយដែលត្រូវជំពាក់(បង់រំលស់/សងតាមក្រោយ) ហើយបានប្រគល់ទំនិញនោះទៅឱ្យអ្នកទិញរួចរាល់។ ប៉ុន្តែ បន្ទាប់មកភ្លាមៗ(មុនពេលអ្នកទិញបង់លុយដែលជំពាក់នោះ) អ្នកលក់ក៏ទិញទំនិញដដែលនោះត្រឡប់មកវិញក្នុងតម្លៃដែលទាបជាងតម្លៃដែលលក់ដំបូង ដោយទូទាត់ជាសាច់ប្រាក់សុទ្ធភ្លាមៗតែម្ដង។
៩. ហាមឃាត់ដាច់ខាតរាល់កិច្ចការទាំងឡាយណាដែលធ្វើឱ្យរវល់ ឬខកខានក្នុងការគោរពសក្ការៈចំពោះអល់ឡោះ ដូចជាការលក់ដូរបន្ទាប់ពីការអាហ្សានទីពីរនៃថ្ងៃសុក្រ(ថ្ងៃជុមអាត់)។
១០. ហាមឃាត់រាល់ប្រការទាំងឡាយដែលនាំមកនូវគ្រោះថ្នាក់ ឬបង្កឲ្យមាននូវភាពជាសត្រូវរវាងអ្នកមូស្លីម ដូចជាការលក់របស់ដែលច្បាប់ហាមឃាត់ និងការលក់កាត់មុខកាត់មាត់បងប្អូនមូស្លីមរបស់ខ្លួន។
នៅពេលដែលជនមូស្លីមមានភាពស្រពេចស្រពិលអំពីច្បាប់ទាក់ទងនឹងបញ្ហាអ្វីមួយ គឺគេត្រូវសួរអ្នកចេះដឹងអំពីបញ្ហានោះ ហើយមិនត្រូវធ្វើកិច្ចការនោះឡើយ លុះត្រាតែគេបានដឹងច្បាស់ពីច្បាប់ពាក់ព័ន្ធនឹងបញ្ហានោះជាមុនសិន ដូចដែលអល់ឡោះជាម្ចាស់ទ្រង់បានមានបន្ទូលថា៖ “ដូច្នេះ ចូរពួកអ្នកសួរអ្នកដែលមានចំណេះដឹងចុះ ប្រសិនបើពួកអ្នកមិនដឹងនោះ”។ [គម្ពីរគួរអាន ១៦:៤៣]
ទាំងនេះជាអ្វីដែលយើងខ្ញុំចងក្រងបាន។ យើងខ្ញុំសូមបួងសួងដល់អល់ឡោះជាម្ចាស់សូមទ្រង់ប្រទានដល់ពួកយើងនូវចំណេះដឹងដែលមានប្រយោជន៍ និងទង្វើកុសល។ ពិតណាស់ ទ្រង់ជាម្ចាស់ដ៏សប្បុរស និងឧត្តមឧត្តមបំផុត។ សូមពរជ័យ សិរីសួស្តីដ៏ច្រើនលើសលប់ពីអល់ឡោះជាម្ចាស់កើតមានដល់ព្យាការីរបស់យើងមូហាំម៉ាត់ ព្រមទាំងក្រុមគ្រួសារ និងបណ្តាសាវ័ករបស់លោក។
Related books
All books
មូលដ្ឋានគ្រឹះដែលអ្នកមូស្លីមត្រូវដឹង66 ភាសាមូលដ្ឋានគ្រឹះដែលអ្នកមូស្លីមត្រូវដឹង
ក្នុងនាមអល់ឡោះមហាសប្បុរស មហាអាណិតស្រឡាញ់។ អារម្ភកថា بِسْمِ اللهِ، وَالحَمْدُ للهِ؛ وَبَعْدُ: នេះគឺជាមូលដ្ឋានគ្រឹះដែលកុមារមូស្លីម ក៏ដូចជាជនមូស្លីមគ្រប់រូបត្រូវដឹងទាក់ទងទៅនឹងសាសនារបស់អល់ឡោះជាម្ចាស់ ហើយជាកាតព្វកិច្ចលើអាណាព្យាបាល ត្រូវបង្រៀនកូនៗរបស់ខ្លួនចាប់តាំងពីពួកគេនៅវ័យកុមារ។
ثلاثة الأصول وأدلتها73 ភាសាثلاثة الأصول وأدلتها
هذا الكتاب هو متن صغير أساسي يبين فيه التوحيد والدين والنبوة، يبين هذه المعاني الثلاثة الأساسية المهمة في فهم العقيدة، وفي دراستها دراسة سليمة وصحيحة. وهو كتاب مختصر، لكنه كتاب مبارك؛ لأنه سهل العبارة ومركز وموجه، وليس فيه أي تعقيد أو إشكالات. فالإنسان بمجرد أن يقرأ الكتاب يستطيع أن يفهمه، ويستطيع أن يعرف المعاني المتضمنة فيه. هذا الكتاب قبل أن يبدأ الشيخ في الأصول الثلاثة قدم لذلك بأربعة مسائل، ثم بعد ذلك بثلاثة مسائل أخرى، ثم شرع في الأصول الثلاثة، وهي التي يجب على كل مسلم أن يتعلمها، وهي التي يسأل عنها العبد في قبره: من ربك؟ وما دينك؟ ومن نبيك؟ ألفها رحمه الله للمبتدئين واجتهد في تسهيلها واختصارها حتى خرجت بأحسن حلة وأعظم فائدة؛ يفهم بها الصغير، ولا يستغني عنها الكبير فعم نفعها، وكثر خيرها؛ لعظم قدر موضوعاتها وشرف محتواها.
សេចក្តីបកស្រាយសង្ខេបអំពីគោលជំនឿឥស្លាម75 ភាសាសេចក្តីបកស្រាយសង្ខេបអំពីគោលជំនឿឥស្លាម
សៀវភៅនេះពន្យល់អំពីគោលការណ៍នៃជំនឿ ដែលរួមមានជំនឿចំពោះអល់ឡោះ ជំនឿចំពោះបណ្តាម៉ាឡាអ៊ីកាត់របស់ទ្រង់ ជំនឿចំពោះបណ្តាគម្ពីររបស់ទ្រង់ ជំនឿចំពោះបណ្តាអ្នកនាំសាររបស់ទ្រង់ ជំនឿចំពោះថ្ងៃបរលោក និងជំនឿចំពោះការកំណត់វាសនា ព្រមទាំងបង្ហាញពីគោលការណ៍មូលដ្ឋានដែលមូស្លីមត្រូវជឿជាក់និងប្រតិបត្តិតាម ដោយបញ្ជាក់ពីសារៈសំខាន់នៃការរឹតចំណងសម្ព័ន្ធភាពជាមួយអល់ឡោះ តាមរយៈការយល់ដឹងយ៉ាងស៊ីជម្រៅអំពីគោលជំនឿអ៊ីស្លាម។
អ៊ីស្លាម89 ភាសាអ៊ីស្លាម
ក្នុងព្រះនាមអល់ឡោះមហាសប្បុរស មហាអាណិតស្រឡាញ់ តើអ្នកធ្លាប់សួរខ្លួនឯងឬទេថា៖ តើអ្នកណាជាអ្នកដែលបង្កើតមេឃា ផែនដី និងភាវៈដ៏អស្ចារ្យជាច្រើននៅក្នុងនោះ? តើអ្នកណាជាអ្នកដែលបង្កើតប្រព័ន្ធដ៏ល្អឥតខ្ចោះ និងប្រកបដោយសុក្រឹតភាពច្បាស់លាស់នៅក្នុងនោះ?