الإسلام - نبذة موجزة عن الإسلام (مشتملة على الأدلة)
សាសនាអ៊ីស្លាម សេចក្តីបកស្រាយសង្ខេបអំពីសាសនាអ៊ីស្លាមដូចដែលមានចែងនៅក្នុងព្រះគម្ពីរគួរអាននិងស៊ុណ្ណះ ជាសៀវភៅសំខាន់មួយដែលផ្ដល់ជូននូវសេចក្តីពន្យល់ណែនាំដោយសង្ខេបអំពីសាសនាអ៊ីស្លាមដោយបង្ហាញពីគោលការណ៍សំខាន់ៗ ការប្រៀនប្រដៅ និងលក្ខណៈពិសេសនៃសាសនានេះពីប្រភពដើមរបស់វា គឺព្រះគម្ពីរគួរអាន និងស៊ុណ្ណះ(លំអាន)របស់ព្យាការីមូហាំម៉ាត់។ សៀវភៅនេះត្រូវបានរៀបចំឡើងសម្រាប់មនុស្សទូទៅ ទាំងមូស្លីម និងមិនមែនមូស្លីមទៅតាមភាសារបស់ពួកគេនៅគ្រប់ទីកន្លែង និងគ្រប់សម័យកាល ទោះជាស្ថានភាពខុសគ្នាក៏ដោយ។ (អត្ថបទភ្ជាប់ទៅដោយភស្តុតាងពីគម្ពីរគួរអាន និងស៊ុណ្ណះ ឬលំអានព្យាការី) ១. សាសនាអ៊ីស្លាម គឺជាសាររបស់ព្រះអល់ឡោះទៅកាន់មនុស្សលោកទាំងអស់។…
These files are generated automatically from the book's text; their layout may differ from the printed edition.
សាសនាអ៊ីស្លាម
សេចក្តីបកស្រាយសង្ខេបអំពីសាសនាអ៊ីស្លាមដូចដែលមានចែងនៅក្នុងព្រះគម្ពីរគួរអាននិងស៊ុណ្ណះ
ជាសៀវភៅសំខាន់មួយដែលផ្ដល់ជូននូវសេចក្តីពន្យល់ណែនាំដោយសង្ខេបអំពីសាសនាអ៊ីស្លាមដោយបង្ហាញពីគោលការណ៍សំខាន់ៗ ការប្រៀនប្រដៅ និងលក្ខណៈពិសេសនៃសាសនានេះពីប្រភពដើមរបស់វា គឺព្រះគម្ពីរគួរអាន និងស៊ុណ្ណះ(លំអាន)របស់ព្យាការីមូហាំម៉ាត់។ សៀវភៅនេះត្រូវបានរៀបចំឡើងសម្រាប់មនុស្សទូទៅ ទាំងមូស្លីម និងមិនមែនមូស្លីមទៅតាមភាសារបស់ពួកគេនៅគ្រប់ទីកន្លែង និងគ្រប់សម័យកាល ទោះជាស្ថានភាពខុសគ្នាក៏ដោយ។
(អត្ថបទភ្ជាប់ទៅដោយភស្តុតាងពីគម្ពីរគួរអាន និងស៊ុណ្ណះ ឬលំអានព្យាការី)
១. សាសនាអ៊ីស្លាម គឺជាសាររបស់ព្រះអល់ឡោះទៅកាន់មនុស្សលោកទាំងអស់។ វាគឺជាសារដ៏អមតៈរបស់ព្រះជាម្ចាស់ដែលបញ្ចប់នូវសារទាំងឡាយរបស់ព្រះ។
សាសនាអ៊ីស្លាម គឺជាសាររបស់ព្រះអល់ឡោះទៅកាន់មនុស្សលោកទាំងអស់។ ព្រះអល់ឡោះជាម្ចាស់ទ្រង់បានមានបន្ទូលថា៖ “ហើយយើងមិនបានបញ្ជូនអ្នក(ព្យាការីមូហាំម៉ាត់)មកឡើយ លើកលែងតែទៅកាន់មនុស្សលោកទូទៅ ដើម្បីផ្ដល់ដំណឹងរីករាយ និងដាស់តឿនព្រមានតែប៉ុណ្ណោះ។ ក៏ប៉ុន្ដែមនុស្សលោកភាគច្រើនមិនដឹងឡើយ”។ [គម្ពីរគួរអាន ៣៤:២៨] ទ្រង់បានមានបន្ទូលទៀតថា៖ “ចូរអ្នក(ព្យាការីមូហាំម៉ាត់)ពោលថា៖ ឱមនុស្សលោកទាំងឡាយ! ពិតប្រាដកណាស់ ខ្ញុំគឺជាអ្នកនាំសាររបស់ព្រះអល់ឡោះជាម្ចាស់មកកាន់ពួកអ្នកទាំងអស់គ្នា"។ [គម្ពីរគួរអាន ៧:១៥៨] ទ្រង់បានមានបន្ទូលផងដែរថា៖ “ឱមនុស្សលោកទាំងឡាយ! ជាការពិតណាស់ អ្នកនាំសារម្នាក់ដែលនាំមកនូវការពិតពីព្រះជាម្ចាស់របស់ពួកអ្នកនោះ បានមកដល់ពួកអ្នកហើយ។ ដូចនេះ ចូរពួកអ្នកមានជំនឿចុះ វាជាការប្រសើរសម្រាប់ពួកអ្នក។ តែប្រសិនបើពួកអ្នកប្រឆាំងវិញនោះ ពិតប្រាកដណាស់ អ្វីៗដែលនៅលើមេឃជាច្រើនជាន់និងផែនដី គឺជាកម្មសិទ្ធិរបស់ព្រះអល់ឡោះ។ ហើយព្រះអល់ឡោះមហាដឹង មហាគតិបណ្ឌិត”។ [គម្ពីរគួរអាន ៤:១៧០]
សាសនាអ៊ីស្លាម គឺជាសារដ៏អមតៈរបស់ព្រះជាម្ចាស់ ហើយវាគឺជាការបញ្ចប់នូវសារទាំងឡាយរបស់ព្រះជាម្ចាស់។ ព្រះអល់ឡោះជាម្ចាស់ទ្រង់បានមានបន្ទូលថា៖ “ព្យាការីមូហាំម៉ាត់ពុំមែនជាឪពុករបស់អ្នកណាម្នាក់ក្នុងចំណោមបុរសៗរបស់ពួកអ្នកនោះឡើយ។ ក៏ប៉ុន្ដែ គេជាអ្នកនាំសាររបស់ព្រះអល់ឡោះ និងជាព្យាការីចុងក្រោយបង្អស់។ ហើយព្រះអល់ឡោះដឹងបំផុតនូវរាល់អ្វីៗទាំងអស់”។ [គម្ពីរគួរអាន ៣៣:៤០]
២. អ៊ីស្លាម ពុំមែនជាសាសនាសម្រាប់តែជាតិសាសន៍ណាមួយ ឬក្រុមណាមួយនោះទេ។ ផ្ទុយទៅវិញ វាគឺជាសាសនារបស់ព្រះអល់ឡោះជាម្ចាស់សម្រាប់មនុស្សគ្រប់រូប។
អ៊ីស្លាម ពុំមែនជាសាសនាសម្រាប់តែជាតិសាសន៍ណាមួយ ឬក្រុមណាមួយនោះទេ។ ផ្ទុយទៅវិញ វាគឺជាសាសនារបស់ព្រះអល់ឡោះជាម្ចាស់សម្រាប់មនុស្សលោកទាំងអស់ ហើយបទបញ្ជាដំបូងគេបង្អស់នៅក្នុងព្រះគម្ពីរគួរអាននោះ គឺបន្ទូលរបស់ព្រះអល់ឡោះជាម្ចាស់ដែលទ្រង់បានមានបន្ទូលថា៖ “ឱមនុស្សលោកទាំងឡាយ! ចូរពួកអ្នកគោរពសក្ការៈចំពោះព្រះជាម្ចាស់របស់ពួកអ្នកដែលបានបង្កើតពួកអ្នកនិងមនុស្សជំនាន់មុនពួកអ្នក ដើម្បីឱ្យពួកអ្នកកោតខ្លាចព្រះអល់ឡោះ”។ [គម្ពីរគួរអាន ២:២១] ទ្រង់បានមានបន្ទូលទៀតថា៖ “ឱមនុស្សលោកទាំងឡាយ! ចូរពួកអ្នកកោតខ្លាចព្រះជាម្ចាស់របស់ពួកអ្នកដែលបានបង្កើតពួកអ្នកចេញពីមនុស្សតែម្នាក់គត់(ព្យាការីអាដាំ) ហើយទ្រង់បានបង្កើតចេញពីគាត់នូវភរិយារបស់គាត់(ហាវ៉ា) ហើយទ្រង់បានបង្កើតចេញពីអ្នកទាំងពីរនូវបុរសនិងស្ដ្រីជាច្រើន"។ [គម្ពីរគួរអាន ៤:១] អំពី អ៊ិពនូអ៊ូមើរ (សូមអល់ឡោះសព្វព្រះទ័យចំពោះគាត់ទាំងពីរ) ពិតប្រាកដណាស់ អ្នកនាំសារលោកបានថ្លែងសុន្ទរកថាទៅកាន់មនុស្សម្នានៅថ្ងៃរំដោះក្រុងម៉ាក្កះថា៖ “ឱមនុស្សលោកទាំងឡាយ! ពិតប្រាកដណាស់ ព្រះអល់ឡោះជាម្ចាស់ទ្រង់បានលុបបំបាត់ភាពល្ងង់ខ្លៅនៃសម័យកាលអវិជ្ជា និងភាពក្រអឺតក្រទមរបស់ពួកគេទៅនឹងបព្វបុរសរបស់ខ្លួន។ ជាការពិតណាស់ មនុស្សលោកមានពីរប្រភេទ គឺមនុស្សល្អដែលមានការកោតខ្លាច និងមានកិត្តិយសនៅចំពោះព្រះអល់ឡោះជាម្ចាស់ ហើយនិងមនុស្សអាក្រក់ដែលអពមង្គល និងអាប់ឱនបំផុតនៅចំពោះព្រះអល់ឡោះជាម្ចាស់។ មនុស្សលោកទាំងអស់ គឺជាកូនចៅរបស់ព្យាការីអាដាំ ហើយព្រះអល់ឡោះជាម្ចាស់ទ្រង់បានបង្កើតព្យាការីអាដាំអំពីដី។ ព្រះអល់ឡោះជាម្ចាស់ទ្រង់បានមានបន្ទូលថា៖ “ឱមនុស្សលោកទាំងឡាយ! ពិតប្រាកដណាស់ យើងបានបង្កើតពួកអ្នកពីបុរសនិងស្ដ្រី(អាដាំ និងហាវ៉ា) ហើយយើងធ្វើឱ្យពួកអ្នកមានជនជាតិ និងកុលសម្ព័ន្ធជាច្រើន ដើម្បីឱ្យពួកអ្នកស្គាល់គ្នាទៅវិញទៅមក។ ពិតប្រាកដណាស់ អ្នកដែលថ្កុំថ្កើងជាងគេចំពោះព្រះអល់ឡោះក្នុងចំណោមពួកអ្នក គឺអ្នកដែលកោតខ្លាចព្រះអល់ឡោះជាងគេក្នុងចំណោមពួកអ្នក។ ពិតប្រាកដណាស់ ព្រះអល់ឡោះមហាដឹង មហាជ្រួតជ្រាប”។ [គម្ពីរគួរអាន ៤៩:១៣] [អាត់តៀរមីហ្ស៊ី:៣២៧០] គេពុំឃើញមាននោះឡើយនូវបទបញ្ជាទាំងឡាយដែលមាននៅក្នុងព្រះគម្ពីរគួរអាន ឬបទបញ្ជាទាំងឡាយរបស់អ្នកនាំសារមូហាំម៉ាត់(សូមសន្តិភាពកើតមានដល់លោក)ដែលដាក់បទបញ្ញត្តិ ឬដាក់បទបញ្ជាសម្រាប់តែក្រុមណាមួយដោយផ្អែកលើពណ៌សម្បុរ ជនជាតិ ឬជាតិសាសន៍ណាមួយដាច់ដោយឡែកនោះ។
៣. សាសនាអ៊ីស្លាម គឺជាសាររបស់ព្រះជាម្ចាស់ដែលនាំមកដើម្បីបំពេញនូវសាររបស់បណ្តាព្យាការី និងអ្នកនាំសារជំនាន់មុនៗទាំងឡាយដែលពួកគាត់បានពាំនាំទៅកាន់ក្រុមរបស់ខ្លួន។
សាសនាអ៊ីស្លាម គឺជាសាររបស់ព្រះជាម្ចាស់ដែលបាននាំមកដើម្បីបំពេញនូវសាររបស់បណ្តាព្យាការី និងអ្នកនាំសារជំនាន់មុនៗទាំងឡាយដែលពួកគាត់បានពាំនាំទៅកាន់ក្រុមរបស់ខ្លួន។ ព្រះអល់ឡោះជាម្ចាស់ទ្រង់បានមានបន្ទូលថា៖ “ពិតប្រាកដណាស់ យើងបានផ្ដល់សារ(វ៉ាហ៊ី)ទៅកាន់អ្នក(ព្យាការីមូហាំម៉ាត់) ដូចដែលយើងបានផ្ដល់សារទៅកាន់ព្យាការីនួហ និងបណ្ដាព្យាការីទាំងឡាយបន្ទាប់ពីគាត់ ហើយយើងបានផ្ដល់សារទៅកាន់អ៊ីព្រហ៊ីម អ៊ីស្មាអែល អ៊ីសហាក យ៉ាក់កូប និងបណ្ដាកូនចៅរបស់គាត់ និងអ៊ីសា អៃយ៉ូប យូនុស ហារូន ហើយនិងស៊ូឡៃម៉ាន។ ហើយយើងក៏បានផ្ដល់គម្ពីរហ្សាពួរឱ្យដាវូដផងដែរ”។ [គម្ពីរគួរអាន ៤:១៦៣] សាសនាដែលព្រះអល់ឡោះជាម្ចាស់ទ្រង់បានផ្តល់សារទៅកាន់អ្នកនាំសារមូហាំម៉ាត់(សូមសន្តិភាពកើតមានដល់លោក)នេះ គឺជាសាសនាដែលព្រះអល់ឡោះបានបង្គាប់ប្រើចំពោះបណ្តាព្យាការីជំនាន់មុនទាំងអស់ឲ្យកាន់តាម និងបានផ្តាំផ្ញើពួកគេឲ្យប្រកាន់ខ្ជាប់នឹងវាផងដែរ។ ទ្រង់បានមានបន្ទូលថា៖ “ទ្រង់បានដាក់ចេញនូវច្បាប់សាសនាអ៊ីស្លាមសម្រាប់ពួកអ្នក(មនុស្សលោក) ដូចអ្វីដែលទ្រង់បានដាក់បង្គាប់វាទៅលើនួហ និងអ្វីដែលយើងបានបញ្ចុះឱ្យអ្នក(មូហាំម៉ាត់) ហើយនិងអ្វីដែលយើងបានបង្គាប់ទៅកាន់អ៊ីព្រហ៊ីម មូសា និងអ៊ីសានឹងវាដែរ ដោយឱ្យពួកអ្នកពង្រឹងសាសនា និងកុំឱ្យពួកអ្នកមានការបែកបាក់គ្នាក្នុងកិច្ចការសាសនាឱ្យសោះ។ វាធ្ងន់ធ្ងរបំផុតសម្រាប់ពួកពហុទេពនិយមនូវអ្វី(សាសនា)ដែលអ្នកអំពាវនាវពួកគេទៅកាន់វានោះ។ ព្រះអល់ឡោះទ្រង់ជ្រើសរើសជនណាដែលទ្រង់មានចេតនាឱ្យទៅកាន់សាសនារបស់ទ្រង់ ហើយទ្រង់ចង្អុលបង្ហាញដល់ជនណាដែលវិលត្រឡប់ទៅកាន់ទ្រង់(ដោយសុំអភ័យទោស និងគោរពតាមបទបញ្ជារបស់ទ្រង់)”។ [គម្ពីរគួរអាន ៤២:១៣] ហើយព្រះគម្ពីរគួរអានដែលព្រះអល់ឡោះជាម្ចាស់ទ្រង់បានផ្តល់សារទៅកាន់អ្នកនាំសារមូហាំម៉ាត់នោះ គឺជាការបញ្ជាក់ទៅលើបណ្តាព្រះគម្ពីរដែលបានបញ្ចុះពីលើមេឃពីមុនមកទាំងអស់ ដូចជាព្រះគម្ពីរតូរ៉ា(គម្ពីរតាវរ៉ត) និងព្រះគម្ពីដំណឹងល្អ(គម្ពីរអ៊ិញ្ជីល) មុននឹងព្រះគម្ពីរទាំងពីរនេះត្រូវបានគេកែប្រែ។ ព្រះអល់ឡោះជាម្ចាស់ទ្រង់បានមានបន្ទូលថា៖ ហើយអ្វីដែលយើងបានផ្ដល់សារឱ្យអ្នកអំពីព្រះគម្ពីរ(គួរអាន)នោះ វាគឺជាការពិត ដើម្បីបញ្ជាក់នូវអ្វី(ព្រះគម្ពីរ)ដែលមានពីមុនវា។ ពិតប្រាកដណាស់ ព្រះអល់ឡោះមហាដឹងជ្រួតជ្រាប ឃើញបំផុតចំពោះ(ទង្វើ)ខ្ញុំរបស់ទ្រង់”។ [គម្ពីរគួរអាន ៣៥:៣១]
៤. បណ្តាព្យាការីទាំងអស់ សាសនារបស់ពួកគេ គឺតែមួយ គ្រាន់តែច្បាប់បញ្ញត្តិនៅក្នុងសាសនាមានលក្ខណៈផ្សេងៗពីគ្នា។
សាសនារបស់បណ្តាព្យាការីទាំងអស់ គឺតែមួយ ប៉ុន្តែច្បាប់បញ្ញត្តិនៅក្នុងសាសនារបស់ពួកគាត់មានលក្ខណៈខុសៗគ្នា។ ព្រះអល់ឡោះជាម្ចាស់ទ្រង់បានមានបន្ទូលថា៖ “ហើយយើងបានបញ្ចុះព្រះគម្ពីរគួរអានឱ្យអ្នកយ៉ាងពិតប្រាកដដើម្បីបញ្ជាក់នូវអ្វីដែលមាននៅក្នុងព្រះគម្ពីរពីមុនមក និងបញ្ជាក់ពីភាពត្រឹមត្រូវនៃព្រះគម្ពីរទាំងនោះ។ ដូចេ្នះ ចូរអ្នកកាត់សេចក្ដីរវាងពួកគេទៅតាមអ្វីដែលព្រះអល់ឡោះបានបញ្ចុះមក(នៅក្នុងព្រះគម្ពីរគួរអាន)ចុះ ហើយចូរអ្នកកុំធ្វើតាមចំណង់របស់ពួកគេអំពីអ្វីដែលបានមកដល់អ្នកនូវការពិតនោះឱ្យសោះ។ រាល់ប្រជាជាតិនីមួយៗក្នុងចំណោមពួកអ្នក យើងបានបង្កើតច្បាប់ និងមាគ៌ាយ៉ាងច្បាស់លាស់។ ប្រសិនបើព្រះអល់ឡោះមានចេតនា ទ្រង់ប្រាកដជាបង្កើតពួកអ្នកស្ថិតក្នុងសាសនាតែមួយ ប៉ុន្ដែទ្រង់ចង់សាកល្បងពួកអ្នកនូវអ្វីដែលទ្រង់បានប្រទានដល់ពួកអ្នក។ ដូចេ្នះ ចូរពួកអ្នកប្រណាំងប្រជែងគ្នាសាងអំពើល្អចុះ។ កន្លែងវិលត្រឡប់របស់ពួកអ្នកទាំងអស់គ្នា គឺទៅកាន់ព្រះអល់ឡោះជាម្ចាស់តែមួយគត់។ ពេលនោះ ទ្រង់នឹងបញ្ជាក់ប្រាប់ពួកអ្នកនូវអ្វីដែលពួកអ្នកធ្លាប់ខ្វែងយោបល់គ្នានៅក្នុងបញ្ហានោះ”។ [គម្ពីរគួរអាន ៥:៤៨] ហើយអ្នកនាំសារមូហាំម៉ាត់(សូមសន្តិភាពកើតមានដល់លោក)បានមានប្រសាសន៍ថា៖ “ខ្ញុំគឺជាមនុស្សដែលជិតជាងគេបំផុតចំពោះអ៊ីសា កូនប្រុសរបស់ ម៉ារយ៉ាំ(យេស៊ូ បុត្រនាងម៉ារី) ទាំងក្នុងលោកិយ និងនៅថ្ងៃបរលោក។ បណ្តាព្យាការីទាំងអស់ គឺជាបងប្អូនរួមឪពុកនឹងគ្នា គ្រាន់តែមានម្តាយទីទៃពីគ្នា ហើយសាសនារបស់ពួកគេ គឺតែមួយ”។ [អាល់ពូខរី:៣៤៤៣]
៥. សាសនាអ៊ីស្លាមអំពាវនាវទៅកាន់ការមានជំនឿថា ព្រះជាម្ចាស់នោះ គឺព្រះអល់ឡោះដែលជាអ្នកបង្កើត ជាអ្នកប្រទានលាភសក្ការៈ ជាអ្នកប្រទានជីវិត ជាអ្នកដកហូតជីវិត ជាអ្នកមានអំណាចគ្រប់គ្រង ជាអ្នកចាត់ចែងកិច្ចការទាំងឡាយ ហើយទ្រង់ជាព្រះដ៏មហាសប្បុរស មហាអាណិតស្រឡាញ់(ដូចដែលបណ្តាព្យាការីទាំងអស់ គឺព្យាការីអ៊ីព្រហ៊ីម ព្យាការីមូសា ព្យាការីស៊ូឡៃម៉ាន ព្យាការីដាវូទ និងព្យាការីអ៊ីសា បានអំពាវនាវនោះដែរ)។
សាសនាអ៊ីស្លាមអំពាវនាវទៅកាន់ការមានជំនឿថា ព្រះជាម្ចាស់នោះ គឺព្រះអល់ឡោះដែលជាអ្នកបង្កើត ជាអ្នកប្រទានលាភសក្ការៈ ជាអ្នកប្រទានជីវិត ជាអ្នកដកហូតជីវិត ជាអ្នកមានអំណាចគ្រប់គ្រង ជាអ្នកចាត់ចែងកិច្ចការទាំងឡាយ ហើយទ្រង់ជាព្រះដ៏មហាសប្បុរស មហាអាណិតស្រឡាញ់(ដូចដែលបណ្តាព្យាការីទាំងអស់ គឺព្យាការីអ៊ីព្រហ៊ីម ព្យាការីមូសា ព្យាការីស៊ូឡៃម៉ាន ព្យាការីដាវូទ និងព្យាការីអ៊ីសា បានអំពាវនាវនោះដែរ)។ ព្រះអល់ឡោះជាម្ចាស់ទ្រង់បានមានបន្ទូលថា៖ “ឱមនុស្សលោកទាំងឡាយ! ចូរពួកអ្នករំលឹកនូវឧបការគុណរបស់ព្រះអល់ឡោះជាម្ចាស់ដែលទ្រង់បានប្រទានឱ្យពួកអ្នកចុះ។ តើមានអ្នកបង្កើតណាផេ្សងពីព្រះអល់ឡោះដែលវាអាចប្រទានលាភសក្ការៈឱ្យពួកអ្នកពីលើមេឃនិងផែនដីដែរឬទេ? គ្មានព្រះជាម្ចាស់ណាផេ្សងត្រូវគេគោរពសក្ការៈពិតប្រាកដក្រៅពីទ្រង់ឡើយ។ ដូចេ្នះ តើពួកអ្នកត្រូវគេបោកបញ្ឆោតបានយ៉ាងដូចម្តេច”? [គម្ពីរគួរអាន ៣៥:៣] ទ្រង់បានមានបន្ទូលទៀតថា៖ “ចូរអ្នក(មូហាំម៉ាត់)ពោលថា៖ តើអ្នកណាជាអ្នកប្រទានលាភសក្ការៈឱ្យពួកអ្នកពីលើមេឃនិងផែនដី? ឬអ្នកណាជាអ្នកគ្រប់គ្រងការឮ និងការឃើញ? ហើយតើនរណាជាអ្នកបញ្ចេញ របស់រស់ពីរបស់ស្លាប់ និងបញ្ចេញរបស់ស្លាប់ពីរបស់រស់? ហើយតើអ្នកណាជាអ្នកចាត់ចែងកិច្ចការទាំងឡាយនោះ? ពួកគេនឹងឆ្លើយថា៖ គឺព្រះអល់ឡោះ។ ដូចេ្នះ ចូរអ្នកពោលថា៖ តើពួកអ្នកមិនកោតខ្លាច(ទ្រង់)ទេឬ”? [គម្ពីរគួរអាន ១០:៣១] ទ្រង់បានមានបន្ទូលផងដែរថា៖ “ឬអ្នកដែលផ្ដល់កំណើតដល់សត្វលោក បន្ទាប់មក ទ្រង់នឹងបង្កើតវាសាជាថ្មីម្ដងទៀត(នៅថ្ងៃបរលោក)ប្រសើរជាង? ហើយអ្នកណាដែលប្រទានឱ្យពួកអ្នកនូវលាភសក្ការៈពីលើមេឃនិងផែនដីនោះ? តើមានព្រះផេ្សងដែលត្រូវគោរពសក្ការៈរួមជាមួយព្រះអល់ឡោះឬ? ចូរអ្នក(មូហាំម៉ាត់)ពោលថា៖ ចូរពួកអ្នកបង្ហាញភស្ដុតាងរបស់ពួកអ្នកមក ប្រសិនបើពួកអ្នកជាអ្នកដែលត្រឹមត្រូវមែននោះ”។ [គម្ពីរគួរអាន ២៧:៦៤]
ហើយរាល់បណ្តាព្យាការី និងអ្នកនាំសារទាំងអស់ គឺត្រូវបានគេតែងតាំងពួកគាត់ឲ្យធ្វើការអំពាវនាវមនុស្សទៅកាន់ការគោរពសក្ការៈចំពោះព្រះអល់ឡោះតែមួយគត់។ ព្រះអល់ឡោះជាម្ចាស់ទ្រង់បានមានបន្ទូលថា៖ “ហើយជាការពិតណាស់ រាល់ប្រជាជាតិនីមួយៗយើងបានតែងតាំងអ្នកនាំសារម្នាក់ ដោយគេបង្គាប់ពួកគេឱ្យគោរពសក្ការៈចំពោះព្រះអល់ឡោះ និងចៀសវាងពីតហ្គ៊ូត(អ្វីទាំងឡាយដែលគេគោរពសក្ការៈក្រៅពីព្រះអល់ឡោះ)។ ហើយក្នុងចំណោមពួកគេ មានអ្នកដែលព្រះអល់ឡោះបានចង្អុលបង្ហាញ ហើយក្នុងចំណោមពួកគេ ក៏មានអ្នកដែលត្រូវទទួលនូវភាពវងេ្វងដែរ។ ហេតុនេះ ចូរពួកអ្នកធ្វើដំណើរនៅលើផែនដីនេះ ហើយចូរពួកអ្នកមើលចុះ ថាតើលទ្ធផលចុងក្រោយរបស់ពួកដែលបដិសេធនោះយ៉ាងដូចម្តេច”? [គម្ពីរគួរអាន ១៦:៣៦] ទ្រង់បានមានបន្ទូលទៀតថា៖ “ហើយយើងមិនបានបញ្ជូនអ្នកនាំសារណាម្នាក់មុនអ្នកក្រៅពីយើងផ្ដល់សារទៅកាន់គេថា៖ ពិតប្រាកដណាស់ គ្មានព្រះជាម្ចាស់ណាផេ្សងដែលត្រូវគោរពសក្ការៈដ៏ពិតប្រាកដក្រៅពីយើងនោះឡើយ។ ដូចេ្នះ ចូរពួកអ្នកគោរពសក្ការៈមកចំពោះយើងចុះ”។ [គម្ពីរគួរអាន ២១:២៥] ហើយព្រះអល់ឡោះជាម្ចាស់ទ្រង់បានមានបន្ទូលប្រាប់អំពីព្យាការីនួហ(ណូអេ)ដែលគាត់បាននិយាយថា៖ “ឱក្រុមរបស់ខ្ញុំ! ចូរពួកអ្នកគោរពសក្ការៈចំពោះព្រះអល់ឡោះចុះ។ ពួកអ្នកគ្មានព្រះជាម្ចាស់ណាផេ្សងពីទ្រង់ឡើយ។ ពិតប្រាកដណាស់ ខ្ញុំព្រួយបារម្ភខ្លាចពួកអ្នកទទួលទណ្ឌកម្មនាថ្ងៃដ៏មហិមា(ថ្ងៃបរលោក)”។ [គម្ពីរគួរអាន ៧:៥៧] ហើយព្យាការីអ៊ីព្រហ៊ីម(អប្រាហាំ)ក៏បាននិយាយ ដូចដែលព្រះអល់ឡោះជាម្ចាស់បានមានបន្ទូលប្រាប់ថា៖ “ហើយ(ចូរចងចាំ)រឿងអ៊ីព្រហ៊ីម នៅពេលដែលគេបានពោលទៅកាន់ក្រុមរបស់គេថា៖ ចូរពួកអ្នកគោរពសក្ការៈទៅចំពោះព្រះអល់ឡោះ និងកោតខ្លាចចំពោះទ្រង់។ ទាំងនោះគឺប្រសើរសម្រាប់ពួកអ្នក ប្រសិនបើពួកអ្នកបានដឹង”។ [គម្ពីរគួរអាន ២៩:១៦] ហើយព្យាការីសឡេះក៏បាននិយាយ ដូចដែលព្រះអល់ឡោះជាម្ចាស់បានមានបន្ទូលប្រាប់ថា៖ “ឱក្រុមរបស់ខ្ញុំ! ចូរពួកអ្នកគោរពសក្ការៈចំពោះព្រះអល់ឡោះចុះ។ ពួកអ្នកគ្មានព្រះជាម្ចាស់ណាផេ្សងក្រៅពីទ្រង់ឡើយ។ អច្ឆរិយភាពពីព្រះជាម្ចាស់របស់ពួកអ្នកពិតជាបានមកដល់ពួកអ្នក។ នេះគឺជាសត្វអូដ្ឋញីរបស់ព្រះអល់ឡោះដែលជាភស្តុតាងមួយសម្រាប់ពួកអ្នក។ ដូចេ្នះ ចូរពួកអ្នកទុកឱ្យវាដើរស៊ីនៅលើផែនដីរបស់ព្រះអល់ឡោះចុះ ហើយពួកអ្នកកុំប៉ះពាល់វាដោយប្រការអាក្រក់ណាមួយឱ្យសោះ។ បើមិនដូច្នោះទេ ទណ្ឌកម្មដ៏ឈឺចាប់នឹងធ្លាក់មកលើពួកអ្នកជាមិនខាន”។ [គម្ពីរគួរអាន ៧:៧៣] ហើយព្យាការីស្ហ៊ូអែបក៏បាននិយាយ ដូចដែលព្រះអល់ឡោះជាម្ចាស់បានមានបន្ទូលប្រាប់ថា៖ “ឱក្រុមរបស់ខ្ញុំ! ចូរពួកអ្នកគោរពសក្ការៈចំពោះព្រះអល់ឡោះចុះ។ ពួកអ្នកគ្មានព្រះជាម្ចាស់ណាផេ្សងពីទ្រង់ឡើយ។ ភស្ដុតាងដ៏ច្បាស់លាស់ពីម្ចាស់របស់ពួកអ្នកពិតជាបានមកដល់ពួកអ្នក។ ដូចេ្នះ ចូរពួកអ្នកបំពេញការវាល់ និងការថ្លឹង(ឲ្យគ្រប់ចំណុះ)ចុះ ហើយចូរពួកអ្នកកុំធ្វើឱ្យខ្វះរបស់របរអ្នកដទៃ(ថ្លឹងមិនគ្រប់ គៃបន្លំ)ឱ្យសោះ។ ហើយចូរពួកអ្នកកុំប្រព្រឹត្តបទល្មើសនៅលើផែនដីក្រោយពេលដែលវាមានសេ្ថរភាពហើយឱ្យសោះ។ នោះគឺជាការប្រសើរសម្រាប់ពួកអ្នក ប្រសិនបើពួកអ្នកជាអ្នកមានជំនឿនោះ”។ [គម្ពីរគួរអាន ៧:៨៥]
បន្ទូលដំបូងគេដែលព្រះអល់ឡោះជាម្ចាស់ទ្រង់បានមានបន្ទូលទៅកាន់ព្យាការីមូសា(ម៉ូសេ)នោះ គឺទ្រង់បានមានបន្ទូលទៅកាន់គាត់ថា៖ “ហើយយើងបានជ្រើសរើសអ្នក(ដើម្បីទៅអំពាវនាវហ្វៀរអោន)។ ដូចេ្នះ ចូរអ្នកស្ដាប់នូវអ្វីដែលគេនឹងផ្ដល់សារ(ឲ្យអ្នក)ចុះ។ ពិតប្រាកដណាស់ យើងគឺជាព្រះអល់ឡោះដែលគ្មានព្រះជាម្ចាស់ណាផេ្សងត្រូវគេគោរពសក្ការៈដ៏ពិតប្រាកដក្រៅពីយើងឡើយ។ ដូចេ្នះ ចូរអ្នកគោរពសក្ការៈមកចំពោះយើង និងត្រូវប្រតិបត្ដិសឡាតដើម្បីជាការរំលឹកដល់យើង”។ [គម្ពីរគួរអាន ២០:១៣-១៤] ហើយព្រះអល់ឡោះជាម្ចាស់បានមានបន្ទូលប្រាប់ពីព្យាការីមូសាថា ពិតណាស់ គាត់បានសុំការបញ្ចៀសពីព្រះអល់ឡោះថា៖ “ពិតប្រាកដណាស់ ខ្ញុំសុំពីព្រះជាម្ចាស់របស់ខ្ញុំនិងព្រះជាម្ចាស់របស់ពួកអ្នកឱ្យបញ្ចៀសរូបខ្ញុំពីរាល់ៗអ្នកក្រអឺតក្រទមដែលមិនជឿនឹងថ្ងៃជំនុំជម្រះ”។ [គម្ពីរគួរអាន ៤០:២៧] ហើយព្រះអល់ឡោះជាម្ចាស់បានមានបន្ទូលប្រាប់ពីព្យាការីអ៊ីសា(យេស៊ូ)ថា៖ “ពិតប្រាកដណាស់ ព្រះអល់ឡោះគឺជាព្រះជាម្ចាស់របស់ខ្ញុំ និងជាព្រះជាម្ចាស់របស់ពួកអ្នក។ ដូចេ្នះ ចូរពួកអ្នកគោរពសក្ការៈទៅចំពោះទ្រង់។ នេះហើយជាមាគ៌ាដ៏ត្រឹមត្រូវ”។ [គម្ពីរគួរអាន ៣:៥១] ហើយព្រះអល់ឡោះជាម្ចាស់បានមានបន្ទូលប្រាប់ពីព្យាការីអ៊ីសាទៀតថា៖ “ឱអម្បូរអ៊ីស្រាអែល! ចូរពួកអ្នកគោរពសក្ការៈចំពោះព្រះអល់ឡោះដែលជាព្រះជាម្ចាស់របស់ខ្ញុំ និងជាព្រះជាម្ចាស់របស់ពួកអ្នក។ ពិតប្រាកដណាស់ ជនណាហើយដែលធ្វើពហុទេពនិយម(ស្ហ៊ីរិក)នឹងព្រះអល់ឡោះនោះ ព្រះអល់ឡោះជាម្ចាស់ពិតជាបានហាមឃាត់ជននោះពីឋានសួគ៌ ហើយកន្លែងស្នាក់នៅរបស់គេ គឺឋាននរក។ ហើយចំពោះពួកដែលបំពាន គឺពុំមានអ្នកជួយឡើយ”។ [គម្ពីរគួរអាន ៥:៧២]
មិនតែប៉ុណ្ណោះ សូម្បីតែព្រះគម្ពីរតូរ៉ា(គម្ពីរតាវរ៉រត) និងព្រះគម្ពីរដំណឹងល្អ(គម្ពីរអ៊ិញ្ជីល)ក៏នៅក្នុងគម្ពីរទាំងពីរនោះមានបញ្ជាក់ពីការគោរពសក្ការៈចំពោះព្រះអល់ឡោះជាម្ចាស់តែមួយគត់ដែរ។ មានអំណះអំណាងនៅក្នុងគម្ពីរចោទិយកថាដែលបានលើកឡើងពីពាក្យសម្តីរបស់លោកម៉ូសេ(ព្យាការីមូសា)ថា៖ “ចូរពួកអ្នកស្តាប់ ឱកូនចៅអ៊ីស្រាអែល! ព្រះជាម្ចាស់របស់ពួកយើង គឺជាព្រះតែមួយគត់”។ ហើយក៏មានបញ្ជាក់ពីការគោរពសក្ការៈចំពោះព្រះអល់ឡោះតែមួយគត់នេះដូចគ្នាដែរនៅក្នុងព្រះគម្ពីរដំណឹងល្អ(សម្ព័ន្ធមេត្រីថ្មី) កណ្ឌគម្ពីរម៉ាកុស នៅពេលដែលលោកយេស៊ូ(ព្យាការីអ៊ីសា)បាននិយាយថា៖ “ជាការពិតណាស់ បណ្តាំផ្ញើដំបូងគេនោះ គឺចូរពួកអ្នកស្តាប់ ឱកូនចៅអ៊ីស្រាអែល! ព្រះជាម្ចាស់របស់ពួកយើង គឺជាព្រះតែមួយគត់”។
ហើយព្រះអល់ឡោះជាម្ចាស់បានបញ្ជាក់ថា ពិតណាស់ រាល់ព្យាការីទាំងអស់ គឺត្រូវបានគេតែងតាំងមកដោយមានតួនាទីដ៏ធំធេងនេះ នោះគឺការអំពាវនាវមនុស្សលោកទៅកាន់ការគោរពសក្ការៈចំពោះព្រះអល់ឡោះជាម្ចាស់តែមួយគត់។ ទ្រង់បានមានបន្ទូលថា៖ “ហើយជាការពិតណាស់ រាល់ប្រជាជាតិនីមួយៗ យើងបានតែងតាំងអ្នកនាំសារម្នាក់ ដោយគេបង្គាប់ពួកគេឱ្យគោរពសក្ការៈចំពោះព្រះអល់ឡោះ និងចៀសវាងពីតហ្គ៊ូត(អ្វីដែលគេគោរពសក្ការៈក្រៅពីព្រះអល់ឡោះ)។ ហើយក្នុងចំណោមពួកគេ មានអ្នកដែលព្រះអល់ឡោះបានចង្អុលបង្ហាញ ហើយក្នុងចំណោមពួកគេ ក៏មានអ្នកដែលត្រូវទទួលនូវភាពវងេ្វងដែរ”។ [គម្ពីរគួរអាន ១៦:៣៦] ទ្រង់បានមានបន្ទូលទៀតថា៖ “ចូរអ្នក(មូហាំម៉ាត់)ពោលថា៖ តើពួកអ្នកយល់ឃើញយ៉ាងដូចមេ្ដចចំពោះអ្វីដែលពួកអ្នកបានបួងសួងសុំផេ្សងពីព្រះអល់ឡោះនោះ? ចូរពួកអ្នកបង្ហាញឱ្យខ្ញុំឃើញមើល តើផ្នែកណាមួយនៃផែនដីដែលពួកគេបានបង្កើត ឬមួយពួកគេមានការរួមចំណែក(ជាមួយព្រះអល់ឡោះ)ក្នុងការបង្កើតមេឃជាច្រើនជាន់? ចូរពួកអ្នកនាំមកឱ្យខ្ញុំនូវព្រះគម្ពីរមួយមុនព្រះគម្ពីរ(គួរអាន)នេះ ឬក៏ចំណេះដឹងដែលសេសសល់(ពីអ្នកជំនាន់មុន)មក ប្រសិនបើពួកអ្នកជាអ្នកនិយាយពិតនោះ”។ [គម្ពីរគួរអាន ៤៦:៤] សាសនវិទូអ៊ីស្លាម លោក អាស្សាក់ទី(សូមព្រះអល់ឡោះប្រទាននូវក្តីមេត្តាដល់គាត់)បាននិយាយថា៖ គេដឹងច្បាស់ថា ការជជែកវែកញែករបស់ពួកពួកពហុទេពនិយម(មុស្ហរីគីន)ទាក់ទងនឹងទង្វើពហុទេពនិយមរបស់ពួកគេ គឺមិនផ្អែកលើភស្តុតាង ឬអំណះអំណាងនោះទេ។ ប៉ុន្តែពួកគេពឹងផ្អែកលើការសន្មត់ដែលមិនត្រឹមត្រូវ ទស្សនៈខុសឆ្គង និងគំនិតមិនសមហេតុផល។ នេះបង្ហាញពីភាពខុសឆ្គង និងភាពមិនច្បាស់លាស់ក្នុងការពិនិត្យមើលទៅលើស្ថានភាព និងចំណេះដឹង និងយកមកពិចារណានោះឡើយ ថាតើអ្នកដែលពួកគេបានចំណាយជីវិតរបស់ពួកគេគោរពសក្ការៈ(អ្នកផ្សេងក្រៅពីព្រះអល់ឡោះ)នោះ បានផ្តល់ប្រយោជន៍ដល់ពួកគេនៅក្នុងលោកិយនេះ ឬបរលោកដែរទេ? [តៃសៀរ អាល់ការីមុលម៉ាន់ណាន:៧៧៩]
៦. ព្រះអល់ឡោះជាម្ចាស់ទ្រង់ជាអ្នកបង្កើត ទ្រង់ជាអ្នកដែលសក្តិសមត្រូវគេគោរពសក្ការៈតែមួយអង្គគត់ ហើយគេមិនត្រូវគោរពសក្ការៈអ្វីផ្សេងក្រៅពីទ្រង់រួមជាមួយទ្រង់ឡើយ។
ព្រះអល់ឡោះជាម្ចាស់ទ្រង់ជាអ្នកបង្កើត ទ្រង់ជាអ្នកដែលសក្តិសមត្រូវគេគោរពសក្ការៈតែមួយអង្គគត់ ហើយគេមិនត្រូវគោរពសក្ការៈអ្វីផ្សេងក្រៅពីទ្រង់រួមជាមួយនឹងទ្រង់នោះឡើយ។ ព្រះអល់ឡោះជាម្ចាស់ទ្រង់បានមានបន្ទូលថា៖ “ឱមនុស្សលោកទាំងឡាយ! ចូរពួកអ្នកគោរពសក្ការៈចំពោះព្រះជាម្ចាស់របស់ពួកអ្នកដែលបានបង្កើតពួកអ្នក និងមនុស្សជំនាន់មុនពួកអ្នក ដើម្បីឱ្យពួកអ្នកកោតខ្លាចព្រះអល់ឡោះ។ ទ្រង់ជាអ្នកដែលបានបង្កើតផែនដីមានសណ្ឋានលាតសន្ធឹង និងមេឃធ្វើជាដំបូលសម្រាប់ពួកអ្នក ហើយទ្រង់បានបញ្ចុះទឹកភ្លៀងពីលើមេឃ។ ហើយតាមរយៈទឹកភ្លៀងនេះ ទ្រង់បានបពោ្ចញមកវិញនូវផលានុផលជាច្រើនជាចំណីអាហារសម្រាប់ពួកអ្នក។ ហេតុនេះ ចូរពួកអ្នកកុំធ្វើពហុទេពនិយមចំពោះព្រះអល់ឡោះក្នុងពេលដែលពួកអ្នកដឹងច្បាស់ហើយនោះឡើយ”។ [គម្ពីរគួរអាន ២:២១-២២] ពិតប្រាកដណាស់ អ្នកដែលបង្កើតពួកយើង និងអ្នកជំនាន់មុនជាច្រើនមុនពួកយើង ហើយទ្រង់បានបង្កើតផែនដីឲ្យមានសណ្ឋានរាបស្មើសម្រាប់ពួកយើង បានបញ្ចុះទឹកភ្លៀងពីលើមេឃ ហើយតាមរយៈទឹកភ្លៀងនេះ ទ្រង់បានបណ្តុះចេញនូវផលានុផលជាច្រើនជាលាភសក្ការៈសម្រាប់ពួកយើងនោះ ទ្រង់គឺជាអ្នកដែលសក្តិសមត្រូវគេគោរពសក្ការៈតែមួយអង្គគត់។ ទ្រង់បានមានបន្ទូលថា៖ “ឱមនុស្សលោកទាំងឡាយ! ចូរពួកអ្នករំលឹកពីឧបការគុណរបស់ព្រះអល់ឡោះដែលបានប្រទានឱ្យពួកអ្នកចុះ។ តើមានអ្នកបង្កើតផេ្សងពីព្រះអល់ឡោះដែលអាចប្រទានលាភសក្ការៈឱ្យពួកអ្នកពីលើមេឃនិងផែនដីដែរឬទេ? គ្មានព្រះជាម្ចាស់ណាផេ្សងត្រូវគេគោរពសក្ការៈពិតប្រាកដក្រៅពីទ្រង់ឡើយ។ ដូចេ្នះ តើពួកអ្នកត្រូវគេបោកបញ្ឆោតបានយ៉ាងដូចម្តេច”? [គម្ពីរគួរអាន ៣៥:៣] ពិតណាស់ អ្នកដែលបានបង្កើត និងប្រទាននូវលាភសក្ការៈនោះ ទ្រង់គឺជាអ្នកដែលសក្តិសមត្រូវគេគោរពសក្ការៈតែមួយអង្គគត់។ ទ្រង់បានមានបន្ទូលថា៖ “(លក្ខណៈ)ទាំងនោះហើយ គឺព្រះអល់ឡោះដែលជាព្រះជាម្ចាស់របស់ពួកអ្នក។ គ្មានទេព្រះជាម្ចាស់ដែលត្រូវគេគោរពសក្ការៈយ៉ាងពិតប្រាកដក្រៅពីទ្រង់។ ទ្រង់ជាអ្នកបង្កើតអ្វីៗទាំងអស់។ ដូចេ្នះ ចូរពួកអ្នកគោរពសក្ការៈទៅចំពោះទ្រង់ចុះ។ ហើយទ្រង់ជាអ្នកគ្រប់គ្រងលើអ្វីៗទាំងអស់”។ [គម្ពីរគួរអាន ៦:១០២]
ហើយរាល់ៗអ្វីដែលគេគោរពសក្ការៈក្រៅពីព្រះអល់ឡោះនោះ ជាការពិតណាស់ ពួកវាមិនសក្តិសមនឹងឲ្យគេគោរពសក្ការៈនោះឡើយ ពីព្រោះពួកវាគ្មានកម្មសិទ្ធិគ្រប់គ្រងអ្វីឡើយ សូម្បីតែវត្ថុដែលមានទំហំដ៏តូចបំផុតដែលមាននៅលើមេឃជាច្រើនជាន់និងផែនដី។ ពួកវាមិនមែនជាដៃគូរបស់ព្រះអល់ឡោះចំពោះអ្វីមួយនោះឡើយ ហើយពួកវាក៏មិនមែនជាអ្នកការពារ ឬជាអ្នកគាំទ្រទ្រង់នោះដែរ។ ដូចនេះ តើគេគោរពសក្ការៈចំពោះពួកវារួមនឹងព្រះអល់ឡោះ ឬចាត់ទុកពួកវាជាដៃគូរបស់ទ្រង់យ៉ាងដូចម្តេច? ទ្រង់គឺជាអ្នកដែលសក្តិសមត្រូវគេគោរពសក្ការៈតែមួយគត់។ ព្រះអល់ឡោះជាម្ចាស់ទ្រង់បានមានបន្ទូលថា៖ “ចូរអ្នក(មូហាំម៉ាត់)ពោលថា៖ ចូរពួកអ្នកអំពាវនាវពួក(ព្រះនានា)ដែលពួកអ្នកបានគិតថាជាព្រះក្រៅពីព្រះអល់ឡោះដែលពួកវាគ្មានកម្មសិទ្ធិគ្រប់គ្រងសូម្បីតែវត្ថុដែលមានទម្ងន់តូចបំផុតនៅលើមេឃជាច្រើនជាន់និងនៅលើផែនដីក៏គ្មានដែរ។ ពួកវាគ្មានសិទ្ធិចូលរួម(ក្នុងការបង្កើតនិងគ្រប់គ្រង)ចំពោះវាទាំងពីរឡើយ។ ហើយទ្រង់មិនត្រូវការអ្នកជួយពីពួកគេនោះទេ”។ [គម្ពីរគួរអាន ៣៤:២២]
ហើយព្រះអល់ឡោះជាម្ចាស់ដែលជាអ្នកដែលបានបង្កើតភាវៈនេះ និងបានធ្វើឲ្យវាមានវត្តមានឡើងពីភាពទទេនោះ គឺជាភស្តុតាងដែលបញ្ជាក់ពីវត្តមានរបស់ទ្រង់ ភាពជាព្រះជាម្ចាស់តែមួយគត់របស់ទ្រង់ និងភាពជាព្រះជាម្ចាស់ដែលគេត្រូវគោរពសក្ការៈតែមួយគត់។ ទ្រង់បានមានបន្ទូលថា៖ “ហើយក្នុងចំណោមសញ្ញាភស្ដុតាងរបស់ទ្រង់ គឺទ្រង់បានបង្កើតពួកអ្នកអំពីដី(ព្យាការីអាដាំ)។ បន្ទាប់ពីពេលនោះមក ពួកអ្នកក៏ក្លាយជាមនុស្សដែលពង្រាយគ្នា(ពាសពេញផែនដី)។ ហើយក្នុងចំណោមសញ្ញាភស្ដុតាងរបស់ទ្រង់ គឺទ្រង់បានបង្កើតឱ្យពួកអ្នកនូវភរិយាចេញពីខ្លួនពួកអ្នក ដើម្បីឱ្យពួកអ្នកមានភាពកក់ក្ដៅជាមួយនាង។ ហើយទ្រង់បានបង្កើតឱ្យមានការស្រឡាញ់ និងអាណិតអាសូររវាងពួកអ្នក។ ពិតប្រាកដណាស់នៅក្នុងរឿងនោះ គឺជាភស្ដុតាងៗសម្រាប់ក្រុមដែលចេះគិតពិចារណា។ ហើយក្នុងចំណោមសញ្ញាភស្ដុតាងរបស់ទ្រង់ គឺការបង្កើតមេឃជាច្រើនជាន់និងផែនដី ព្រមទាំងភាពខុសគ្នានៃភាសា ហើយនិងពណ៌សម្បុររបស់ពួកអ្នក។ ពិតប្រាកដណាស់នៅក្នុងរឿងនោះ គឺជាភស្ដុតាងៗសម្រាប់បណ្ដាអ្នកដែលមានចំណេះដឹង។ ហើយក្នុងចំណោមភស្ដុតាងរបស់ទ្រង់ គឺការសម្រាន្ដរបស់ពួកអ្នកនាពេលយប់និងពេលថ្ងៃ និងការស្វែងរករបស់ពួកអ្នកនូវការប្រោសប្រទានរបស់ទ្រង់។ ពិតប្រាកដណាស់នៅក្នុងរឿងនោះ គឺជាភស្ដុតាងៗសម្រាប់ក្រុមដែលស្ដាប់ឮ។ ហើយក្នុងចំណោមភស្ដុតាងរបស់ទ្រង់់ គឺទ្រង់បង្ហាញពួកអ្នកឲ្យឃើញនូវផេ្លកបន្ទោរជាការបន្លាច និងជាក្ដីសង្ឃឹម(ថានឹងមានទឹកភ្លៀង)។ ហើយទ្រង់បញ្ចុះទឹកភ្លៀងមកពីលើមេឃ ហើយតាមរយៈវា ទ្រង់បានធ្វើឱ្យដីរស់ឡើងវិញ(មានជីជាតិ) បន្ទាប់ពីវាបានស្លាប់(គ្មានជីជាតិ)។ ពិតប្រាកដណាស់នៅក្នុងរឿងនោះ គឺជាភស្ដុតាងៗសម្រាប់ក្រុមដែលចេះគិតពិចារណា។ ហើយក្នុងចំណោមភស្ដុតាងរបស់ទ្រង់ គឺមេឃនិងផែនដីក្រោកឈរឡើងតាមបទបញ្ជារបស់ទ្រង់។ ក្រោយមក នៅពេលដែលទ្រង់បានហៅពួកអ្នកឱ្យចេញពីផែនដីតែមួយដងប៉ុណ្ណោះ ពេលនោះ ពួកអ្នកក៏ចេញមក(ពីផ្នូរ)។ ហើយអ្វីៗដែលមាននៅលើមេឃជាច្រើនជាន់និងផែនដីគឺ ជាកម្មសិទ្ធិរបស់ទ្រង់។ ទាំងអស់នោះ គឺសុទ្ធតែគោរពឱនលំទោនចំពោះទ្រង់តែមួយគត់។ ហើយទ្រង់ជាអ្នកចាប់ផ្ដើមបង្កើតសត្វលោក។ បន្ទាប់មក ទ្រង់នឹងបង្កើតវាសាជាថ្មីម្ដងទៀត(នៅថ្ងៃបរលោក) ហើយវាជារឿងងាយស្រួលបំផុតសម្រាប់ទ្រង់។ [គម្ពីរគួរអាន ៣០:២០-២៧]
ស្តេចណាំរូតបានបដិសេធពីវត្តមាននៃព្រះជាម្ចាស់ ហើយគេបាននិយាយទៅកាន់ព្យាការីអ៊ីព្រហ៊ីម ដូចដែលព្រះអល់ឡោះជាម្ចាស់ទ្រង់បានមានបន្ទូលប្រាប់អំពីរឿងនេះថា៖ “តើអ្នក(មូហាំម៉ាត់)មិនបានដឹងទេឬអំពី(ណាំរូត)អ្នកដែលបានដេញដោលសួរអ៊ីព្រហ៊ីមក្នុងរឿងព្រះជាម្ចាស់របស់គេ ដែលព្រះអល់ឡោះបានប្រទានអំណាចជាសេ្ដចដល់រូបគេនោះ? នៅពេលដែលអ៊ីព្រហ៊ីមបាននិយាយថា៖ ព្រះជាម្ចាស់របស់ខ្ញុំ ជាអ្នកដែលប្រទានជីវិត និងដកហូតជីវិត។ គេ(ណាំរូត)បានតបថា៖ យើងក៏ជាអ្នកប្រទានជីវិត និងដកហូតយកជីវិតដែរ។ អ៊ីព្រហ៊ីមបានតបវិញថា៖ ពិតប្រាកដណាស់ ព្រះអល់ឡោះ គឺជាអ្នកឱ្យព្រះអាទិត្យរះចេញពីទិសខាងកើត។ ដូចេ្នះ ចូរអ្នកឱ្យព្រះអាទិត្យនេះរះចេញពីទិសខាងលិចមកវិញមើល៍! ពេលនោះ អ្នកដែលប្រឆាំង(ណាំរូត)ក៏ទាល់តម្រិះ។ ហើយព្រះអល់ឡោះមិនចង្អុលបង្ហាញចំពោះក្រុមដែលបំពានឡើយ”។ [គម្ពីរគួរអាន ២:២៥៨] ម្យ៉ាងទៀត ព្យាការីអ៊ីព្រហ៊ីម(អប្រាហាំ)បានលើកយកភស្តុតាងតបចំពោះក្រុមរបស់គាត់ដោយបាននិយាយថា ពិតណាស់ ព្រះអល់ឡោះគឺជាអ្នកដែលចង្អុលបង្ហាញរូបគាត់ ជាអ្នកដែលផ្តល់ចំណីអាហារដល់គាត់ ជាអ្នកដែលផ្តល់ទឹកផឹកដល់គាត់ និងជាអ្នកដែលធ្វើឲ្យគាត់ជាសះស្បើយនៅពេលដែលគាត់មានជំងឺ ហើយទ្រង់ជាអ្នកដែលឲ្យគាត់ស្លាប់ និងធ្វើឲ្យគាត់មានជីវិត។ ព្រះអល់ឡោះជាម្ចាស់បានមានបន្ទូលប្រាប់អំពីគាត់ថា៖ “(ទ្រង់)ជាអ្នកដែលបានបង្កើតខ្ញុំ និងជាអ្នកចង្អុលបង្ហាញដល់ខ្ញុំ(នូវមាគ៌ាដ៏ត្រឹមត្រូវ)។ ហើយទ្រង់គឺជាអ្នកដែលផ្ដល់ចំណីអាហារដល់ខ្ញុំ និងផ្ដល់ទឹកដល់ខ្ញុំ។ ហើយនៅពេលខ្ញុំមានជំងឺ គឺទ្រង់ជាអ្នកដែលធ្វើឱ្យខ្ញុំជាសះស្បើយ។ ហើយទ្រង់ជាអ្នកដែលធ្វើឱ្យខ្ញុំស្លាប់ បន្ទាប់មក ទ្រង់ធ្វើឱ្យខ្ញុំរស់ឡើងវិញ”។ [គម្ពីរគួរអាន ២៦:៧៨-៨១] ហើយព្រះអល់ឡោះជាម្ចាស់បានមានបន្ទូលប្រាប់អំពីព្យាការីមូសា(ម៉ូសេ)ថា ពិតណាស់ គាត់បានជជែកដេញដោលជាមួយនឹងហ្វៀរអោន(ស្តេចផារ៉ាអុង)ដោយគាត់បាននិយាយទៅកាន់ហ្វៀរអោនថា ពិតណាស់ ព្រះជាម្ចាស់របស់គាត់គឺ៖ “ជាអ្នកដែលបានប្រទាននូវអ្វីៗគ្រប់បែបយ៉ាងដល់សត្វលោករបស់ទ្រង់(សមទៅតាមរូបរាងរបស់វា)។ បន្ទាប់មក ទ្រង់បានចង្អុលបង្ហាញ(ពីការរស់នៅ)”។ [គម្ពីរគួរអាន ២០:៥០]
ព្រះអល់ឡោះទ្រង់បានបង្កើតអ្វីៗទាំងអស់នៅលើមេឃ និងនៅលើផែនដីនេះសម្រាប់មនុស្សលោក ហើយទ្រង់បានប្រទាននូវឧបការគុណជាច្រើនដល់ពួកគេដើម្បីឲ្យពួកគេគោរពសក្ការៈចំពោះទ្រង់ និងមិនប្រឆាំងនឹងទ្រង់។ ព្រះអល់ឡោះជាម្ចាស់ទ្រង់បានមានបន្ទូលថា៖ “តើពួកអ្នកមិនឃើញទេឬ ពិតប្រាកដណាស់ ព្រះអល់ឡោះទ្រង់បានបង្កើតអ្វីៗដែលមាននៅលើមេឃជាច្រើនជាន់ និងអ្វីៗដែលមាននៅលើផែនដីជាប្រយោជន៍សម្រាប់ពួកអ្នក ហើយទ្រង់បានបំពេញឧបការគុណរបស់ទ្រង់ដល់ពួកអ្នកទាំងផ្នែកខាងក្រៅ(ខ្លួនប្រាណ) និងផ្នែកខាងក្នុង(ចិត្ដគំនិត)នោះ? ហើយក្នុងចំណោមមនុស្សលោក មានអ្នកខ្លះឈ្លោះប្រកែកគ្នាក្នុងរឿងព្រះអល់ឡោះដោយគ្មានចំណេះដឹង និងគ្មានការចង្អុលបង្ហាញ ហើយនិងគ្មានព្រះគម្ពីរបំភ្លឺការពិតសោះ”។ [គម្ពីរគួរអាន ៣១:២០] ម្យ៉ាងទៀត ទ្រង់បានបង្កើតអ្វីៗទាំងអស់ដែលមាននៅលើមេឃ និងនៅលើផែនដីសម្រាប់មនុស្សលោក ហើយទ្រង់បានបង្កើតវា និងបានរៀបចំវានូវរាល់អ្វីដែលមនុស្សលោកត្រូវការ ដូចជាការស្តាប់ឮ ការមើលឃើញ និងដួងចិត្ត ដើម្បីឲ្យពួកគេអាចសិក្សាពីចំណេះដឹងដែលមានប្រយោជន៍ដល់រូបគេ និងបង្ហាញដល់រូបគេពី(វត្តមាន)អ្នកដែលគ្រប់គ្រងរូបគេ និងអ្នកដែលបង្កើតរូបគេ។ ព្រះអល់ឡោះជាម្ចាស់ទ្រង់បានមានបន្ទូលថា៖ “ហើយព្រះអល់ឡោះបានបពោ្ចញពួកអ្នកពីផ្ទៃម្តាយរបស់ពួកអ្នក ខណៈដែលពួកអ្នកមិនដឹងអ្វីទាល់តែសោះ។ ហើយទ្រង់បានធ្វើឱ្យពួកអ្នកចេះស្ដាប់ និងចេះមើល ហើយនិងមានបេះដូង(ចេះគិតពិតចារណា) សង្ឃឹមថាពួកអ្នកនឹងដឹងគុណ(ចំពោះព្រះអល់ឡោះ)”។ [គម្ពីរគួរអាន ១៦:៧៨]
ជាការពិតណាស់ ព្រះអល់ឡោះជាម្ចាស់ទ្រង់បានបង្កើតសាកលលោកទាំងមូល ហើយទ្រង់បានបង្កើតមនុស្សលោក និងបានរៀបចំវានូវរាល់អ្វីដែលមនុស្សលោកត្រូវការ ដូចជាអវយវៈ និងកម្លាំងថាមពល បន្ទាប់មក ទ្រង់បានផ្តល់ឱ្យគេនូវអ្វីគ្រប់យ៉ាងដែលជាជំនួយដល់ការគោរពសក្ការៈទៅចំពោះទ្រង់ និងការដឹកនាំនៅលើផែនដី។ បន្ទាប់មកទៀត ទ្រង់ក៏បានសម្រួលដល់រូបគេរាល់អ្វីដែលនៅលើមេឃជាច្រើនជាន់និងផែនដី។
ហើយតាមរយៈភាវៈជាច្រើនដ៏ធំធេងទាំងនេះ ទ្រង់បានយកវាធ្វើជាអំណះអំណាងបញ្ជាក់ពីភាពជាព្រះជាម្ចាស់តែមួយគត់របស់ទ្រង់ ហើយដែលចាំបាច់ត្រូវគោរពសក្ការៈចំពោះទ្រង់តែមួយអង្គគត់។ ទ្រង់បានមានបន្ទូលថា៖ “ចូរអ្នក(មូហាំម៉ាត់)ពោលថា៖ តើអ្នកណាជាអ្នកប្រទានលាភសក្ការៈឱ្យពួកអ្នកពីលើមេឃនិងផែនដី? ឬអ្នកណាជាអ្នកគ្រប់គ្រងការឮ និងការឃើញ? ហើយតើនរណាជាអ្នកបញ្ចេញរបស់រស់ពីរបស់ស្លាប់ និងបពោ្ចញរបស់ស្លាប់ពីរបស់រស់? ហើយតើអ្នកណាជាអ្នកចាត់ចែងកិច្ចការទាំងឡាយនោះ? ពួកគេនឹងឆ្លើយថា៖ គឺព្រះអល់ឡោះ។ ដូចេ្នះ ចូរអ្នកពោលថា៖ តើពួកអ្នកមិនកោតខ្លាចទេឬ”? [គម្ពីរគួរអាន ១០:៣១] ទ្រង់បានមានបន្ទូលទៀតថា៖ “ចូរអ្នក(មូហាំម៉ាត់)ពោលថា៖ តើពួកអ្នកយល់ឃើញយ៉ាងដូចមេ្ដចចំពោះអ្វីដែលពួកអ្នកបានបួងសួងសុំផេ្សងពីព្រះអល់ឡោះនោះ? ចូរពួកអ្នកបង្ហាញឱ្យខ្ញុំឃើញមើល៍ តើផ្នែកណាមួយនៃផែនដីដែលពួកគេបានបង្កើត ឬមួយពួកគេមានការរួមចំណែក(ជាមួយព្រះអល់ឡោះ)ក្នុងការបង្កើតមេឃជាច្រើនជាន់? ចូរពួកអ្នកនាំមកឱ្យខ្ញុំនូវព្រះគម្ពីរមួយមុនព្រះគម្ពីរ(គួរអាន)នេះ ឬក៏ចំណេះដឹងដែលសេសសល់(ពីអ្នកជំនាន់មុន)មក ប្រសិនបើពួកអ្នកជាអ្នកនិយាយពិតនោះ”។ [គម្ពីរគួរអាន ៤៦:៤] ទ្រង់បានមានបន្ទូលទៀតថា៖ “ទ្រង់បានបង្កើតមេឃជាច្រើនជាន់ដោយគ្មានសសរដែលពួកអ្នកមើលឃើញវា។ ហើយទ្រង់បានបោះភ្នំជាច្រើនជាប់នៅលើផែនដី ដើម្បីកុំឱ្យវារញ្ជួយដល់ពួកអ្នក។ ហើយទ្រង់បានពង្រាយសត្វគ្រប់ប្រភេទនៅលើវា។ ហើយយើងបានបញ្ចុះទឹកភ្លៀងពីលើមេឃ រួចយើងបានបណ្ដុះរុក្ខជាតិគ្រប់ប្រភេទដ៏ស្រស់បំព្រងនៅលើវា។ នេះគឺជាការបង្កើតរបស់ព្រះអល់ឡោះ។ ដូចេ្នះ ចូរពួកអ្នក បង្ហាញយើងមក តើអ្វីដែលអ្នកផេ្សងពីទ្រង់បានបង្កើតនោះ? ផ្ទុយទៅវិញពួកដែលបំពាន គឺស្ថិតក្នុងភាពវងេ្វងដ៏ច្បាល់លាស់”។ [គម្ពីរគួរអាន ៣១:១០-១១] ទ្រង់ក៏បានមានបន្ទូលផងដែរថា៖ “តើពួកគេត្រូវបានបង្កើតដោយគ្មានអ្នកបង្កើតឬ? ឬមួយពួកគេជាអ្នកដែលបង្កើតខ្លួនឯង? តើពួកគេបានបង្កើតមេឃជាច្រើនជាន់និងផែនដីនេះឬ? ផ្ទុយទៅវិញ ពួកគេគ្មានជំនឿពិតប្រាកដឡើយ។ ឬមួយពួកគេមានឃ្លាំងលាភសក្ការៈនៃព្រះជាម្ចាស់របស់អ្នក? ឬមួយពួកគេជាអ្នកគ្រប់គ្រង(អ្វីៗទាំងអស់ដែលមាននៅក្នុងលោកិយនេះ)”។ [គម្ពីរគួរអាន ៥២:៣៥-៣៧] សាសនវិទូអ៊ីស្លាម លោក អាស្សាក់ទី បាននិយាយថា៖ នេះគឺជាភស្តុតាងប្រឆាំងនឹងពួកគេជាមួយនឹងបញ្ហាដែលពួកគេមិនអាចធ្វើអ្វីបានក្រៅពីការព្រមទទួលការពិត ឬក៏ងាកចេញពីទស្សនៈដែលសមហេតុផល និងសាសនាប៉ុណ្ណោះ។ [តាហ្វសៀរអ៊ិពនូសាក់ទី:៨១៦]
៧. ព្រះអល់ឡោះទ្រង់ជាអ្នកដែលបង្កើតអ្វីៗទាំងអស់ដែលមាននៅក្នុងចក្រវាល ទាំងអ្វីដែលយើងមើលឃើញ និងអ្វីដែលយើងមើលមិនឃើញ ហើយរាល់អ្វីៗទាំងអស់ក្រៅពីទ្រង់ គឺជាភាវៈ(ម៉ាខ្លូក)មួយក្នុងចំណោមភាវៈទាំងឡាយរបស់ទ្រង់ដែលទ្រង់បានបង្កើត ហើយព្រះអល់ឡោះជាម្ចាស់ទ្រង់បានបង្កើតមេឃជាច្រើនជាន់និងផែនដីក្នុងរយៈពេលប្រាំមួយថ្ងៃ។
ព្រះអល់ឡោះទ្រង់ជាអ្នកដែលបង្កើតអ្វីៗទាំងអស់ដែលមាននៅក្នុងចក្រវាល ទាំងអ្វីដែលយើងមើលឃើញ និងអ្វីដែលយើងមើលមិនឃើញ ហើយរាល់អ្វីៗទាំងអស់ក្រៅពីទ្រង់ គឺជាភាវៈមួយក្នុងចំណោមភាវៈទាំងឡាយរបស់ទ្រង់ដែលទ្រង់បានបង្កើត។ ព្រះអល់ឡោះជាម្ចាស់ទ្រង់បានមានបន្ទូលថា៖ “ចូរអ្នក(មូហាំម៉ាត់)ពោលថា៖ តើអ្នកណាជាព្រះជាម្ចាស់នៃមេឃច្រើនជាន់និងផែនដីនោះ? ចូរអ្នកពោលថា៖ គឺព្រះអល់ឡោះ។ ចូរអ្នកពោលថា៖ តើពួកអ្នកបានយកព្រះផ្សេងក្រៅពីទ្រង់ធ្វើជាអ្នកគាំពារដែលព្រះទាំងនោះគ្មានលទ្ធភាពចំពោះខ្លួនឯងក្នុងការផ្ដល់ផលប្រយោជន៍ ឬផ្ដល់គ្រោះថ្នាក់ផងនោះឬ? ចូរអ្នកពោលថា៖ តើអ្នកដែលងងឹតភ្នែកនិងអ្នកដែលមើលឃើញស្មើគ្នាដែរឬទេ? ឬមួយភាពងងឹតនិងភាពមានពន្លឺស្មើគ្នាឬទេ? ឬមួយក៏ពួកគេបានយកព្រះនានាមកធ្វើជាដៃគូជាមួយព្រះអល់ឡោះដែលថា ព្រះទាំងនោះបានបង្កើតអ្វីៗដូចនឹងការបងើ្កតរបស់ទ្រង់ដែរ រហូតដល់ការបង្កើត(របស់ទាំងពីរ)បានធ្វើឱ្យភ័ន្ដច្រឡំចំពោះពួកគេឬ? ចូរអ្នកពោលថា៖ ព្រះអល់ឡោះ គឺជាអ្នកបង្កើតនូវអ្វីៗទាំងអស់ ហើយទ្រង់ជាព្រះជាម្ចាស់តែមួយគត់ដ៏មហាខ្លាំងពូកែ”។ [គម្ពីរគួរអាន ១៣:១៦]។ ទ្រង់បានមានបន្ទូលទៀតថា៖ “ហើយទ្រង់បានបង្កើតអ្វីៗផេ្សងទៀតដែលពួកអ្នកមិនដឹង”។ [គម្ពីរគួរអាន ១៦:៨]
ព្រះអល់ឡោះជាម្ចាស់ទ្រង់បានបង្កើតមេឃជាច្រើនជាន់និងផែនដីក្នុងរយៈពេលប្រាំមួយថ្ងៃ។ ទ្រង់បានមានបន្ទូលថា៖ “ទ្រង់ជាអ្នកដែលបានបង្កើតមេឃជាច្រើនជាន់និងផែនដីក្នុងរយៈពេលប្រាំមួយថ្ងៃ។ បន្ទាប់មក ទ្រង់គង់នៅលើបល្ល័ង្គ(អារ៉ស្ហ)។ ទ្រង់ដឹងនូវអ្វីដែលចូលទៅក្នុងដី និងអ្វីដែលចេញពីវា ហើយនិងអ្វីដែលចុះពីលើមេឃ ព្រមទាំងអ្វីដែលឡើងទៅលើវា។ ហើយទ្រង់នៅជាមួយពួកអ្នក ទោះបីជាពួកអ្នកនៅទីណាក៏ដោយ។ ហើយព្រះអល់ឡោះមហាឃើញបំផុតនូវអ្វីដែលពួកអ្នកប្រព្រឹត្ដ”។ [គម្ពីរគួរអាន ៥៨:៤] ទ្រង់បានមានបន្ទូលទៀតថា៖ “ហើយជាការពិតណាស់ យើងបានបង្កើតមេឃជាច្រើនជាន់ និងផែនដី ហើយនិងអ្វីៗដែលនៅចន្លោះវាទាំងពីរក្នុងរយៈពេលប្រាំមួយថ្ងៃ ហើយយើងពុំមានការនឿយហត់ឡើយ”។ [គម្ពីរគួរអាន ៥០:៣៨]
៨. ព្រះអល់ឡោះជាម្ចាស់ទ្រង់គ្មានដៃគូរួមជាមួយនឹងទ្រង់ឡើយ មិនថានៅក្នុងការគ្រប់គ្រង ការបង្កើត ការចាត់ចែង និងការគោរពសក្ការៈ។
ព្រះអល់ឡោះជាម្ចាស់ទ្រង់គ្មានដៃគូរួមជាមួយនឹងទ្រង់ឡើយ មិនថានៅក្នុងការគ្រប់គ្រង ការបង្កើត ការចាត់ចែង និងការគោរពសក្ការៈនោះឡើយ។ ព្រះអល់ឡោះជាម្ចាស់ទ្រង់បានមានបន្ទូលថា៖ “ចូរអ្នក(មូហាំម៉ាត់)ពោលថា៖ តើពួកអ្នកយល់ឃើញយ៉ាងដូចមេ្ដចចំពោះអ្វីដែលពួកអ្នកបានបួងសួងសុំផេ្សងពីព្រះអល់ឡោះនោះ? ចូរពួកអ្នកបង្ហាញឱ្យខ្ញុំឃើញមើល៍ តើផ្នែកណាមួយនៃផែនដីដែលពួកគេបានបង្កើត ឬមួយពួកគេមានការរួមចំណែក(ជាមួយព្រះអល់ឡោះ)ក្នុងការបង្កើតមេឃជាច្រើនជាន់? ចូរពួកអ្នកនាំមកឱ្យខ្ញុំនូវព្រះគម្ពីរមួយមុនព្រះគម្ពីរ(គួរអាន)នេះ ឬក៏ចំណេះដឹងដែលសេសសល់(ពីអ្នកជំនាន់មុន)មក ប្រសិនបើពួកអ្នកជាអ្នកនិយាយពិតនោះ”។ [គម្ពីរគួរអាន ៤៦:៤] សាសនវិទូអ៊ីស្លាម លោក អាស្សាក់ទី(សូមព្រះអល់ឡោះប្រទាននូវក្តីមេត្តាដល់គាត់)បានធ្វើអត្ថាធិប្បាយវាក្យខណ្ឌខាងលើនេះថា៖ “ចូរអ្នក(ព្យាការីមូហាំម៉ាត់)ពោល”ទៅកាន់ពួកដែលធ្វើពហុទេពនិយមនឹងព្រះអល់ឡោះដែលគោរពសក្ការៈចំពោះបដិមា និងព្រះនានា(ក្រៅពីព្រះអល់ឡោះ)ទាំងនោះដែលពួកវាមិនអាចបង្កគ្រោះថ្នាក់ មិនអាចផ្តល់ផលប្រយោជន៍ មិនអាចធ្វើឲ្យស្លាប់ មិនអាចធ្វើឲ្យរស់ ហើយក៏មិនអាចធ្វើឲ្យ(នរណាម្នាក់)រស់ឡើងវិញ(នៅថ្ងៃបរលោក)ផងនោះ ចូរអ្នកពោលទៅកាន់ពួកគេ(ដើម្បីបញ្ជាក់ពីការអសមត្ថភាពរបស់ព្រះនានារបស់ពួកគេ ហើយនិងភាពមិនសក្តិសមនឹងឲ្យគេគោរពសក្ការៈចំពោះពួកវាបន្តិចសោះនោះដែរ)ថា៖ “ចូរពួកអ្នកបង្ហាញឱ្យខ្ញុំឃើញមើល៍ តើផ្នែកណាមួយនៃផែនដីដែលពួកគេបានបង្កើត ឬមួយពួកគេមានការរួមចំណែក(ជាមួយព្រះអល់ឡោះ)ក្នុងការបង្កើតមេឃជាច្រើនជាន់”? តើពួកវាបានបង្កើតមួយផ្នែកណានៃមេឃជាច្រើនជាន់ ឬមួយផ្នែកណានៃផែនដីបន្តិចដែរឬទេ? តើពួកវាបានបង្កើតភ្នំដែរឬទេ? តើពួកវាបានបង្កើតឲ្យមានទន្លេដែរឬទេ? តើពួកវាបានពង្រាយសត្វពាហនៈទាំងឡាយនៅលើផែនដីឬទេ? តើពួកវាបានធ្វើឲ្យដើមឈើដុះឡើងដែរទេ? ហើយតើពួកវាបានជួយបង្កើតអ្វីបន្តិចដែរឬទេពីប្រការទាំងអស់នេះ? គឺគ្មានអ្វីដែលពួកវា ក៏ដូចជាអ្នកផ្សេងទៀតទទួលស្គាល់នោះទេ។ នេះជាភស្ដុតាងដ៏សមហេតុផលបំផុតដែលបញ្ជាក់ថា ការគោរពសក្ការៈអ្នកផ្សេងទៀតក្រៅពីព្រះអល់ឡោះ គឺមិនត្រឹមត្រូវនោះឡើយ។
ក្រោយមក ទ្រង់បានលើកឡើងពីការគ្មានភស្តុតាងបញ្ជាក់នៅក្នុងព្រះគម្ពីរ។ ទ្រង់បានមានបន្ទូលថា៖ “ចូរពួកអ្នកនាំមកឱ្យខ្ញុំនូវគម្ពីរមួយមុនព្រះគម្ពីរ(គួរអាន)នេះ” គឺគម្ពីរមួយដែលអំពាវនាវទៅកាន់ការធ្វើពហុទេពនិយម(ចំពោះព្រះអល់ឡោះ) “ឬក៏ចំណេះដឹងដែលសេសសល់(ពីអ្នកជំនាន់មុន)មក” ពោលគឺចំណេះដឹងដែលបានបន្សល់ទុកពីបណ្តាអ្នកនាំសារទាំងឡាយដែលបញ្ជាពួកគេឲ្យធ្វើដូច្នោះ។ អ្វីដែលគេដឹងជាទូទៅ គឺពិតណាស់ ពួកគេពុំមានសមត្ថភាពក្នុងការនាំមក(នូវគម្ពីរណាមួយ)ពីនរណាម្នាក់ក្នុងចំណោមបណ្តាអ្នកនាំសារទាំងឡាយដែលចង្អុលបង្ហាញយ៉ាងដូច្នោះនោះឡើយ។ ផ្ទុយទៅវិញ យើងជឿជាក់យ៉ាងពិតប្រាកដថា ជាការពិតណាស់ បណ្តាអ្នកនាំសារទាំងអស់ គឺពួកគេអំពាវនាវទៅកាន់ការគោរពសក្ការៈចំពោះព្រះជាម្ចាស់របស់ពួកគេតែមួយគត់ និងបានហាមឃាត់ពីការធ្វើពហុទេពនិយម(គោរពសក្ការៈអ្នកផ្សេង)រួមជាមួយនឹងទ្រង់។ ហើយវាគឺជារឿងដែលប្រសើរបំផុតចំពោះពួកគេ ដែលត្រូវបាននាំមកអំពីចំណេះដឹង។ [តាហ្វសៀរអ៊ិពនូសាក់ទី:៧៧៩]
ហើយព្រះអល់ឡោះជាម្ចាស់ទ្រង់ជាអ្នកដែលគ្រប់គ្រងអំណាចទាំងអស់ដោយទ្រង់គ្មានដៃគូណាម្នាក់រួមចំណែកក្នុងការគ្រប់គ្រងរបស់ទ្រង់នោះឡើយ។ ទ្រង់បានមានបន្ទូលថា៖ “ចូរអ្នក(មូហាំម៉ាត់)ពោលថា៖ បពិត្រព្រះអល់ឡោះជាអ្នកដែលគ្រប់គ្រងអំណាចទាំងអស់! ទ្រង់ប្រទានអំណាចចំពោះជនណាដែលទ្រង់មានចេតនា និងដកហូតអំណាចវិញអំពីជនណាដែលទ្រង់មានចេតនា។ ហើយទ្រង់ប្រទានកិត្ដិយសចំពោះជនណាដែលទ្រង់មានចេតនា និងធ្វើឱ្យអាប់ឱនកិត្ដិយសចំពោះជនណាដែលទ្រង់មានចេតនា។ ប្រការល្អទាំងឡាយស្ថិតនៅក្នុងព្រះហស្តរបស់ទ្រង់។ ពិតប្រាកដណាស់ ទ្រង់មានអានុភាពលើអ្វីៗទាំងអស់”។ [គម្ពីរគួរអាន ៣:២៦] ហើយទ្រង់បានមានបន្ទូលបញ្ជាក់ទៀតថា ជាការពិតណាស់ អំណាចគ្រប់គ្រងដ៏ពេញលេញ គឺសម្រាប់ទ្រង់តែមួយអង្គគត់នៅថ្ងៃបរលោក ដោយទ្រង់បានមានបន្ទូលថា៖ “គឺថ្ងៃមួយដែលពួកគេបង្ហាញខ្លួន(ចេញពីផ្នូរ)ដោយគ្មានអ្វីមួយក្នុងចំណោមពួកគេអាចលាក់បាំងពីព្រះអល់ឡោះបានឡើយ។ (ព្រះអល់ឡោះទ្រង់សួរថា៖) តើការគ្រប់គ្រងនៅថ្ងៃនេះ ជាកម្មសិទ្ធិរបស់អ្នកណា? (ហើយទ្រង់បានតបដោយអង្គឯងថា៖) គឺជាកម្មសិទ្ធិរបស់ព្រះអល់ឡោះជាម្ចាស់ដ៏មហាខ្លាំងក្លាតែមួយគត់”។ [គម្ពីរគួរអាន ៤០:១៦]
ហើយព្រះអល់ឡោះជាម្ចាស់ពុំមានដៃគូរួមជាមួយទ្រង់នៅក្នុងការគ្រប់គ្រង ឬការបង្កើត ឬការចាត់ចែង ឬក្នុងការគោរពសក្ការៈនោះឡើយ។ ទ្រង់បានមានបន្ទូលថា៖ “ហើយចូរអ្នក(មូហាំម៉ាត់)ពោលថា៖ រាល់ការសរសើរទាំងឡាយ គឺជាកម្មសិទ្ធិរបស់ព្រះអល់ឡោះដែលជាអ្នកគ្មានបុត្រ និងគ្មានដៃគូក្នុងការគ្រប់គ្រង ហើយទ្រង់ក៏មិនទន់ខ្សោយដែលត្រូវការអ្នកគាំពារដែរ។ ហើយចូរអ្នកលើកតម្កើងទ្រង់ឱ្យបានថ្កុំថ្កើងបំផុត”។ [គម្ពីរគួរអាន ១៧:១១១] ទ្រង់បានមានបន្ទូលទៀតថា៖ “(ទ្រង់)គឺជាអ្នកដែលមានអំណាចគ្រប់គ្រងមេឃជាច្រើនជាន់ និងផែនដី ហើយទ្រង់គ្មានបុត្រ និងគ្មានអ្នកណាចូលរួមជាមួយទ្រង់ក្នុងការគ្រប់គ្រងឡើយ។ ហើយទ្រង់បានបង្កើតនូវរាល់អ្វីៗទាំងអស់។ បន្ទាប់មក ទ្រង់បានកំណត់វាយ៉ាងច្បាស់លាស់”។ [គម្ពីរគួរអាន ២៥:២] ទ្រង់គឺជាស្តេចគ្រប់គ្រង។ ចំណែកឯអ្វីផ្សេងក្រៅពីទ្រង់ គឺជាកម្មសិទ្ធិរបស់ទ្រង់ដែលនៅក្រោមការគ្រប់គ្រងរបស់ទ្រង់ទាំងអស់។ ទ្រង់ជាអ្នកបង្កើត ហើយអ្វីផ្សេងក្រៅពីទ្រង់ គឺសុទ្ធតែជារបស់ដែលទ្រង់បង្កើតទាំងអស់ ហើយទ្រង់ជាអ្នកចាត់ចែងកិច្ចការទាំងអស់។ ដូចនេះ អ្នកដែលមានលក្ខណៈសម្បត្តិបែបនេះ គឺចាំបាច់ត្រូវតែគោរពសក្ការៈចំពោះទ្រង់ ហើយការគោរពសក្ការៈចំពោះអ្វីផ្សេងក្រៅពីទ្រង់ គឺបង្ហាញថាអ្នកនោះ មានសតិមិនគ្រប់ ជាអ្នកដែលធ្វើពហុទេពនិយម ជាអ្នកដែលបង្កវិនាសកម្មទាំងនៅក្នុងលោកិយ និងនៅថ្ងៃបរលោក។ ព្រះអល់ឡោះជាម្ចាស់ទ្រង់បានមានបន្ទូលថា៖ “ហើយពួកគេ(ពួកជ្វីស និងពួកគ្រឹស្ទាន)បាននិយាយថា៖ ចូរពួកអ្នកកាន់តាមសាសនាយូដា ឬសាសនាគ្រឹស្ទានចុះ នោះពួកអ្នកនឹងទទួលបាននូវការចង្អុលបង្ហាញជាមិនខាន។ ចូរអ្នក(មូហាំម៉ាត់)ប្រាប់ពួកគេថា៖ ផ្ទុយទៅវិញ មានតែសាសនារបស់អ៊ីព្រហ៊ីម(សានាអ៊ីស្លាម)ទេដែលជាសាសនាដ៏ត្រឹមត្រូវ ហើយគាត់ពុំស្ថិតនៅក្នុងចំណោមពួកពហុទេពនិយមឡើយ”។ [គម្ពីរគួរអាន ២:១៣៥] ទ្រង់បានមានបន្ទូលទៀតថា៖ “តើអ្នកណាដែលល្អក្នុងសាសនាជាងអ្នកដែលបានប្រគល់ខ្លួនរបស់គេទៅចំពោះព្រះអល់ឡោះ ហើយគេគឺជាអ្នកធ្វើល្អ និងប្រតិបត្ដិតាមសាសនារបស់អ៊ីព្រហ៊ីមដ៏ត្រឹមត្រូវនោះ? ហើយព្រះអល់ឡោះបានចាត់ទុកអ៊ីព្រហ៊ីមជាអ្នកជំនិត(របស់ទ្រង់)”។ [គម្ពីរគួរអាន ៤:១២៥] ព្រះអល់ឡោះជាម្ចាស់ទ្រង់បានបញ្ជាក់ថា ជនណាហើយដែលដើរតាមសាសនាផ្សេងក្រៅពីសាសនារបស់ព្យាការីអ៊ីព្រហ៊ីមនោះ ពិតណាស់រូបគេ គឺជាមនុស្សដែលល្ងង់ខ្លៅចំពោះខ្លួនឯង។ ទ្រង់បានមានបន្ទូលថា៖ “គ្មានជនណាស្អប់ខ្ពើមសាសនារបស់អ៊ីព្រហ៊ីម(សាសនាអ៊ីស្លាម)ឡើយ លើកលែងតែអ្នកដែលល្ងង់ខ្លៅខ្លួនឯងប៉ុណ្ណោះ។ ហើយជាការពិតណាស់ យើងបានជ្រើសរើសអ៊ីព្រហ៊ីមនៅក្នុងលោកិយនេះ(ជាអ្នកនាំសារ) ហើយពិតប្រាកដណាស់ នៅថ្ងៃបរលោក រូបគេនឹងស្ថិតក្នុងចំណោមអ្នកដែលត្រឹមត្រូវទាំងឡាយ”។ [គម្ពីរគួរអាន ២:១៣០]
៩. ហើយព្រះអល់ឡោះជាម្ចាស់ទ្រង់មិនប្រសូតបុត្រឡើយ ហើយទ្រង់ក៏មិនត្រូវបានគេប្រសូតនោះដែរ ហើយគ្មាននរណាម្នាក់អាចប្រៀបប្រដូចនឹងទ្រង់ឡើយ។
ព្រះអល់ឡោះជាម្ចាស់ទ្រង់មិនបានប្រសូតបុត្រឡើយ(ទ្រង់គ្មានបុត្រ) ហើយទ្រង់ក៏មិនត្រូវគេប្រសូតដែរ(គ្មានអ្នកបង្កើតទ្រង់) ហើយក៏គ្មាននរណាម្នាក់ប្រៀបប្រដូចនឹងទ្រង់ឡើយ។ ទ្រង់បានមានបន្ទូលថា៖ “ព្រះអល់ឡោះ គឺជាព្រះជាម្ចាស់តែមួយគត់។ ព្រះអល់ឡោះ គឺជាអ្នកដែលត្រូវគេពឹងពាក់។ ទ្រង់មិនបានប្រសូតបុត្រឡើយ ហើយទ្រង់ក៏មិនត្រូវគេប្រសូតដែរ។ ហើយគ្មាននរណាម្នាក់ប្រៀបប្រដូចនឹងទ្រង់ឡើយ”។ [គម្ពីរគួរអាន ១១២:១-៤] ទ្រង់បានមានបន្ទូលទៀតថា៖ “ទ្រង់ជាព្រះជាម្ចាស់នៃមេឃជាច្រើនជាន់និងផែនដី ព្រមទាំងអ្វីៗដែលនៅចន្លោះវាទាំងពីរ។ ដូចេ្នះ ចូរអ្នក(មូហាំម៉ាត់)គោរពសក្ការៈចំពោះទ្រង់ និងទ្រាំអត់ធ្មត់ក្នុងការគោរពសក្ការៈចំពោះទ្រង់ចុះ។ តើអ្នកដឹងទេថា តើមានអ្នកណាដែលមាននាមដូចទ្រង់នោះ”? [គម្ពីរគួរអាន ១៩:៦៥] ទ្រង់បានមានបន្ទូលផងដែរថា៖ “ទ្រង់គឺជាអ្នកដែលបង្កើតមេឃជាច្រើនជាន់និងផែនដី។ ទ្រង់បានបង្កើតពួកអ្នកឱ្យមានគូចេញអំពីពួកអ្នកផ្ទាល់ ហើយសត្វពាហនៈទាំងឡាយក៏មានគូដែរ។ តាមរយៈការឱ្យមានគូនេះ ទ្រង់បង្កើតពួកអ្នកទាំងអស់គ្នា។ គ្មានអ្វីមកប្រដូចនឹងទ្រង់បានឡើយ។ ហើយទ្រង់មហាឮ មហាឃើញ”។ [គម្ពីរគួរអាន ៤២:១១]
១០. ព្រះអល់ឡោះជាម្ចាស់ទ្រង់មិនស្ថិតនៅក្នុងអ្វីមួយនោះឡើយ ហើយក៏មិនដំណែងខ្លួនជាអ្វីមួយក្នុងចំណោមភាវៈទាំងឡាយរបស់ទ្រង់នោះដែរ។
ព្រះអល់ឡោះជាម្ចាស់ទ្រង់មិនស្ថិតនៅក្នុងអ្វីមួយ(ចូលសណ្ឋិតក្នុងអ្វីមួយ)នោះឡើយ។ ទ្រង់មិនដំណែងខ្លួនជាអ្វីមួយក្នុងចំណោមភាវៈទាំងឡាយរបស់ទ្រង់ឡើយ ហើយក៏មិនអាចនៅលាយឡំជាមួយនឹងអ្វីមួយនោះដែរ។ នោះគឺដោយសារតែទ្រង់ គឺជាអ្នកបង្កើត ហើយអ្វីៗទាំងអស់ក្រៅពីទ្រង់ គឺសុទ្ធតែជារបស់ដែលទ្រង់បង្កើត ហើយទ្រង់ជាអ្នកដែលនៅមានវត្តមានជារៀងរហូត។ ចំណែកអ្វីៗទាំងអស់ក្រៅពីទ្រង់ គឺសុទ្ធតែវិវត្តន៍ឈានទៅរកភាពវិនាសអន្តរាយ។ រាល់អ្វីៗទាំងអស់ គឺជាកម្មសិទ្ធិរបស់ទ្រង់ ហើយទ្រង់គឺជាអ្នកគ្រប់គ្រងពួកគេ។ ដូចនេះ ទ្រង់មិនអាចឋិតនៅក្នុងអ្វីមួយក្នុងចំណោមរបស់ដែលទ្រង់បានបង្កើតនោះទេ ហើយអ្វីដែលទ្រង់បង្កើត ក៏មិនអាចស្ថិតនៅក្នុងខ្លួនរបស់ព្រះអល់ឡោះជាម្ចាស់នោះដែរ។ ទ្រង់មហាធំធេងបំផុតលើសអ្វីៗទាំងអស់។ ព្រះអល់ឡោះជាម្ចាស់ទ្រង់បានមានបន្ទូលបដិសេធចំពោះអ្នកដែលបានចោទប្រកាន់ថា ទ្រង់ចូលសណ្ឋិតក្នុងខ្លួនលោកយេស៊ូ(ព្យាការីអ៊ីសា) ដោយទ្រង់បានមានបន្ទូលថា៖ “ជាការពិតណាស់ ពួកដែលបាននិយាយថា៖ ពិតប្រាកដណាស់ ព្រះអល់ឡោះគឺម៉ាសៀហ(អ៊ីសា)កូនរបស់ម៉ារយ៉ាំនោះ គឺជាពួកដែលគ្មានជំនឿ។ ចូរអ្នក(មូហាំម៉ាត់)ពោលថា៖ តើមាននរណាម្នាក់អាចហាមឃាត់អ្វីមួយចំពោះព្រះអល់ឡោះក្នុងការដែលទ្រង់មានចេតនាបំផ្លាញម៉ាសៀហកូនរបស់ម៉ារយ៉ាំ(យេស៊ូ កូនរបស់នាងម៉ារី) និងម្ដាយរបស់គេ ព្រមទាំងអ្នកដែលនៅលើផែនដីទាំងអស់នោះ? ការគ្រប់គ្រងមេឃជាច្រើនជាន់និងផែនដី និងអ្វីៗដែលមានចន្លោះវាទាំងពីរ គឺជាកម្មសិទ្ធិរបស់ព្រះអល់ឡោះ។ ទ្រង់បង្កើតអ្វីដែលទ្រង់មានចេតនា។ ហើយព្រះអល់ឡោះមានអានុភាពលើអ្វីៗទាំងអស់”។ [គម្ពីរគួរអាន ៥:១៧] ទ្រង់បានមានបន្ទូលទៀតថា៖ “ហើយទិសខាងកើត និងទិសខាងលិច គឺជាកម្មសិទិ្ធរបស់ព្រះអល់ឡោះ។ ទោះបីពួកអ្នកបែរតម្រង់មុខទៅរកទិសណាក៏ដោយ ទិសនោះ គឺជាទិសរបស់ព្រះអល់ឡោះ។ ពិតប្រាកដណាស់ ព្រះអល់ឡោះមានភាពទូលំទូលាយ មហាដឹងបំផុត។ ហើយពួកគេ(ពួកជ្វីស ពួកគ្រឹស្ទាន និងពួកពហុទេពនិយម)បាននិយាយថា៖ ព្រះអល់ឡោះជាម្ចាស់ទ្រង់មានបុត្រ។ ទ្រង់មហាស្អាតស្អំ! ផ្ទុយទៅវិញ អ្វីៗដែលមាននៅលើមេឃជាច្រើនជាន់និងផែនដី គឺជាកម្មសិទ្ធិរបស់ទ្រង់។ អី្វៗទាំងអស់នេះ គឺគោរពប្រតិបត្ដិចំពោះទ្រង់។ ព្រះអល់ឡោះជាអ្នកបង្កើតមេឃជាច្រើនជាន់ និងផែនដី។ ហើយនៅពេលដែលទ្រង់សមេ្រច(បង្កើត)អ្វីមួយ ទ្រង់គ្រាន់តែបន្ទូលទៅកាន់វាថា៖ ចូរកើតចុះ! វាក៏កើតឡើងភ្លាម”។ [គម្ពីរគួរអាន ២:១១៥-១១៧] ទ្រង់បានមានបន្ទូលទៀតថា៖ “ហើយពួកគេបាននិយាយថា៖ ព្រះជាម្ចាស់ដ៏មហាសប្បុរសទ្រង់មានបុត្រ។ ជាការពិតណាស់ ពួកអ្នកបាននាំមកនូវប្រការមួយអាក្រក់បំផុត។ ដោយសារតែពាក្យសម្ដីនេះធ្វើឱ្យមេឃជាច្រើនជាន់ស្ទើរតែបេ្រះបែក និងផែនដីស្ទើរតែបែកខេ្ទចខ្ទី ហើយភ្នំទាំងឡាយស្ទើរតែរលំរលាយ ដោយពួកគេបានចោទប្រកាន់ថា៖ ព្រះជាម្ចាស់ដ៏មហាសប្បុរសទ្រង់មានបុត្រ។ មិនសក្ដិសមឡើយដែលថា ព្រះជាម្ចាស់ដ៏មហាសប្បុរសទ្រង់មានបុត្រនោះ។ រាល់អ្នកដែលនៅលើមេឃជាច្រើនជាន់និងផែនដី គឺត្រូវតែត្រឡប់ទៅកាន់ព្រះជាម្ចាស់ដ៏មហាសប្បុរសក្នុងលក្ខណៈជាខ្ញុំបម្រើរបស់ទ្រង់។ ជាការពិតណាស់ ទ្រង់បានដឹងពីចំនួនពួកគេ និងបានរាប់ចំនួនពួកគេយ៉ាងច្បាស់លាស់។ ហើយពួកគេទាំងអស់នឹងត្រឡប់ទៅកាន់ទ្រង់វិញនៅថ្ងៃបរលោករៀងៗខ្លួន”។ [គម្ពីរគួរអាន ១៩:៨៨-៩៥] ទ្រង់ក៏បានមានបន្ទូលផងដែរថា៖ “ព្រះអល់ឡោះតែមួយគត់ គ្មានព្រះជាម្ចាស់ឯណាដែលត្រូវគេគោរពសក្ការៈដ៏ពិតប្រាកដផេ្សងពីទ្រង់ដែលរស់ជាអមតៈ ដែលជាអ្នកគ្រប់គ្រងឡើយ។ ទ្រង់ព្រះនមិទ្ធៈ(មិនងងុយ) ហើយក៏មិនផ្ទំ(គេង)ដែរ។ អ្វីៗដែលមាននៅលើមេឃជាច្រើនជាន់និងផែនដី ជាកម្មសិទ្ធិរបស់ទ្រង់។ គ្មានបុគ្គលណាម្នាក់ហ៊ានធ្វើអន្ដរាគមន៍នៅចំពោះព្រះអល់ឡោះឡើយ លើកលែងតែមានការអនុញ្ញាតពីទ្រង់ប៉ុណ្ណោះ។ ទ្រង់ដឹងនូវអ្វីដែលមាននៅពីមុខ និងនៅពីក្រោយពួកគេ តែពួកគេមិនដឹងអំពីចំណេះដឹងរបស់ទ្រង់ឡើយ លើកលែងតែអ្វីដែលទ្រង់មានចេតនាប៉ុណ្ណោះ។ ហើយគួរស៊ីយ៍របស់ទ្រង់ទូលំទូលាយនៅលើមេឃជាច្រើនជាន់ និងផែនដី។ ហើយការថែរក្សាវាទាំងពីរនោះមិនធ្វើឱ្យទ្រង់លំបាកឡើយ។ ហើយទ្រង់មហាខ្ពង់ខ្ពស់ មហាឧត្ដុង្គឧត្ដម”។ [គម្ពីរគួរអាន ២:២៥៥] ដូច្នេះ តើអ្នកដែលមានលក្ខណៈសម្បត្តិបែបនេះ ហើយភាវៈដែលទ្រង់បង្កើតមានលក្ខណៈបែបនោះ តើទ្រង់អាចនៅក្នុងពួកគេ(ចូលសណ្ឋិតពួកគេ) យកពួកគេធ្វើជាបុត្រ ឬក៏គេយកភាវៈដែលទ្រង់បានបង្កើតនោះធ្វើជាព្រះគោរពសក្ការៈរួមជាមួយនឹងទ្រង់យ៉ាងដូចម្តេចទៅ?
១១. ព្រះអល់ឡោះជាម្ចាស់មហាមេត្តាករុណា មហាអាណិតស្រឡាញ់បំផុតចំពោះខ្ញុំបម្រើរបស់ទ្រង់។ ហេតុនេះហើយទ្រង់បានបញ្ជូននូវបណ្តាអ្នកនាំសារ និងបញ្ចុះនូវព្រះគម្ពីរជាច្រើន។
ព្រះអល់ឡោះជាម្ចាស់មហាមេត្តាករុណា មហាអាណិតស្រឡាញ់បំផុតចំពោះខ្ញុំបម្រើរបស់ទ្រង់ ហើយក្នុងចំណោមក្តីមេត្តាករុណារបស់ទ្រង់ចំពោះខ្ញុំបម្រើរបស់ទ្រង់នោះ គឺទ្រង់បានបញ្ជូនអ្នកនាំសារជាច្រើន និងបញ្ចុះនូវព្រះគម្ពីរជាច្រើនទៅកាន់ពួកគេ ដើម្បីបញ្ចេញពួកគេពីភាពងងឹតសូន្យសុងនៃភាពគ្មានជំនឿ និងពហុទេពនិយម ទៅកាន់ពន្លឺនៃសេចក្តីជំនឿចំពោះព្រះជាម្ចាស់តែមួយ និងការចង្អុលបង្ហាញ។ ព្រះអល់ឡោះជាម្ចាស់ទ្រង់បានមានបន្ទូលថា៖ “ទ្រង់ជាអ្នកដែលបញ្ចុះវាក្យខណ្ឌ(នៃព្រះគម្ពីរគួរអាន)យ៉ាងច្បាស់លាស់ទៅកាន់ខ្ញុំបម្រើរបស់ទ្រង់(ព្យាការីមូហាំម៉ាត់)ដើម្បីទ្រង់បពោ្ចញពួកអ្នកពីភាពងងឹត(គ្មានជំនឿ)ទៅកាន់ភាពភ្លឺស្វាង(មានជំនឿ)។ ហើយពិតប្រាកដណាស់ ព្រះអល់ឡោះមហាមេត្ដាករុណា មហាអាណិតស្រឡាញ់ចំពោះពួកអ្នក”។ [គម្ពីរគួរអាន ៥៨:៩]
ទ្រង់បានមានបន្ទូលទៀតថា៖ “ហើយយើងមិនបានបញ្ជូនអ្នក(ព្យាការីមូហាំម៉ាត់)ឡើយ លើកលែងតែដើម្បី ផ្ដល់ក្ដីមេត្ដាករុណាទៅចំពោះពិភពលោកប៉ុណ្ណោះ”។ [គម្ពីរគួរអាន ២១:១០៧] ហើយទ្រង់បានបង្គាប់ប្រើព្យាការីរបស់ទ្រង់ឲ្យប្រាប់ខ្ញុំបម្រើរបស់ទ្រង់ថា ពិតណាស់ ទ្រង់គឺជាព្រះជាម្ចាស់ដ៏មហាអភ័យទោស មហាអាណិតស្រឡាញ់បំផុត ដោយទ្រង់បានមានបន្ទូលថា៖ “ចូរអ្នកប្រាប់បណ្ដាខ្ញុំបម្រើរបស់យើងថា៖ ពិតប្រាកដណាស់ យើងជាព្រះជាម្ចាស់ដ៏មហាអភ័យទោស មហាអាណិតស្រឡាញ់បំផុត”។ [គម្ពីរគួរអាន ១៥:៤៩] ក្នុងចំណោមការអាណិតស្រឡាញ់ និងក្តីមេត្តាករុណារបស់ទ្រង់នោះ គឺទ្រង់ការពារខ្ញុំបម្រើរបស់ទ្រង់ពីគ្រោះថ្នាក់ ហើយប្រទាននូវប្រការល្អជាច្រើនដល់ពួកគេ។ ទ្រង់បានមានបន្ទូលថា៖ “ហើយប្រសិនបើព្រះអល់ឡោះឱ្យអ្នកទទួលរងគ្រោះថ្នាក់នោះ គ្មានអ្នកណាអាចបំបាត់វាបានក្រៅពីទ្រង់ឡើយ។ តែប្រសិនបើទ្រង់មានចេតនាផ្ដល់ឱ្យអ្នកនូវសេចក្ដីសុខសាន្ដវិញ ក៏គ្មានអ្នកណាអាចរារាំងចំពោះការប្រោសប្រទានរបស់ទ្រង់បានដែរ។ ទ្រង់នឹងផ្ដល់វាឱ្យជនណាដែលទ្រង់មានចេតនាក្នុងចំណោមខ្ញុំបម្រើរបស់ទ្រង់។ ហើយទ្រង់មហាអភ័យទោស មហាអាណិតស្រឡាញ់”។ [គម្ពីរគួរអាន ១០:១០៧]
១២. ព្រះអល់ឡោះ ទ្រង់គឺជាព្រះជាម្ចាស់ដ៏មហាអាណិតស្រឡាញ់បំផុត។ ទ្រង់តែមួយគត់ដែលជាអ្នកជំនុំជម្រះ កាត់សេចក្តីខ្ញុំបម្រើរបស់ទ្រង់ទាំងអស់នៅថ្ងៃបរលោកនៅពេលដែលទ្រង់ប្រោសពួកគេឲ្យរស់រានមានជីវិតក្រោកចេញពីផ្នូរឡើងវិញ ដោយទ្រង់នឹងតបស្នងដល់បុគ្គលគ្រប់រូបទៅលើទង្វើដែលពួកគេធ្លាប់បានសាង ទាំងទង្វើល្អ និងទង្វើអាក្រក់។ ដូច្នេះ ជនណាហើយដែលបានសាងអំពើល្អ ហើយគេជាអ្នកមានជំនឿទៀតនោះ គេនឹងទទួលបាននូវបរមសុខជារៀងរហូត។ តែជនណាហើយគ្មានជំនឿ និងបានសាងអំពើអាក្រក់ទៀតនោះ ជននោះនឹងទទួលនូវទណ្ឌកម្មដ៏ធ្ងន់ធ្ងរបំផុតនៅថ្ងៃបរលោក។
ព្រះអល់ឡោះ ទ្រង់គឺជាព្រះជាម្ចាស់ដ៏មហាអាណិតស្រឡាញ់បំផុត។ ទ្រង់តែមួយគត់ដែលជាអ្នកជំនុំជម្រះ កាត់សេចក្តីខ្ញុំបម្រើរបស់ទ្រង់ទាំងអស់នៅថ្ងៃបរលោកនៅពេលដែលទ្រង់ប្រោសពួកគេឲ្យរស់រានមានជីវិតក្រោកចេញពីផ្នូរឡើងវិញ ដោយទ្រង់នឹងតបស្នងដល់បុគ្គលគ្រប់រូបទៅលើទង្វើដែលពួកគេធ្លាប់បានសាង ទាំងទង្វើល្អ និងទង្វើអាក្រក់។ ដូច្នេះ ជនណាហើយដែលបានសាងអំពើល្អ ហើយគេជាអ្នកមានជំនឿទៀតនោះ គេនឹងទទួលបាននូវបរមសុខជារៀងរហូត។ តែជនណាហើយគ្មានជំនឿ និងបានសាងអំពើអាក្រក់ទៀតនោះ ជននោះនឹងទទួលនូវទណ្ឌកម្មដ៏ធ្ងន់ធ្ងរបំផុតនៅថ្ងៃបរលោក។ ពិតណាស់ ក្នុងចំណោមភាពយុត្តិធម៌ដ៏ពេញលេញរបស់ព្រះអល់ឡោះជាម្ចាស់ គតិបណ្ឌិត និងក្តីមេត្តាករុណារបស់ទ្រង់ចំពោះសត្វលោករបស់ទ្រង់នោះ គឺទ្រង់បានបង្កើតលោកិយនេះ ជាកន្លែងសម្រាប់សាងទង្វើកុសល ហើយទ្រង់បានបង្កើតឋានទីពីរ(ឋានបរលោក) ជាកន្លែងប្រទាននូវការតបស្នង ជំនុំជម្រះ និងផលបុណ្យ ដើម្បីឲ្យមនុស្សល្អបានទទួលផលបុណ្យចំពោះទង្វើកុសលរបស់គេដែលគេបានសាង ហើយមនុស្សអាក្រក់ អ្នកដែលបំពាន និងប្រព្រឹត្តល្មើស ទទួលទណ្ឌកម្មចំពោះការប្រព្រឹត្តល្មើស និងការបំពានរបស់គេដែលគេបានសាង។ ហើយដោយសារតែមានមនុស្សមួយចំនួនគិតថា រឿងនេះមិនអាចកើតឡើងនោះ ព្រះអល់ឡោះជាម្ចាស់ទ្រង់បានផ្តល់នូវភស្តុតាងជាច្រើនដែលបញ្ជាក់ថា ពិតណាស់ ការប្រោសឲ្យរស់ឡើងវិញ(នៅថ្ងៃបរលោកដើម្បីទទួលការតបស្នង)នោះ គឺជាការពិត ហើយវានឹងកើតឡើងយ៉ាងពិតប្រាកដ ដោយគ្មានការសង្ស័យចំពោះវាឡើយ។ ទ្រង់បានមានបន្ទូលថា៖ “ហើយក្នុងចំណោមភស្ដុតាងរបស់ទ្រង់ជាច្រើនទៀតនោះ គឺពិតប្រាកដណាស់ អ្នកឃើញផែនដីរាំងស្ងួតគ្មានជីជាតិ។ តែនៅពេលដែលយើងបានបញ្ចុះទឹកភ្លៀងមកលើផែនដីនោះ វាក៏រស់រានមានជីវិត និងធ្វើឱ្យរុក្ខជាតិដុះលូតលាស់ឡើងវិញ។ ពិតប្រាកដណាស់ អ្នកដែលធ្វើឱ្យផែនដីរស់ឡើងវិញ(មានជីជាតិ)នោះ ក៏ជាអ្នកដែលធ្វើឱ្យអ្នកដែលស្លាប់រស់ឡើងវិញដែរ។ ពិតប្រាកដណាស់ ទ្រង់មានអានុភាពលើអ្វីៗទាំងអស់”។ [គម្ពីរគួរអាន ៤១:៣៩] ទ្រង់បានមានបន្ទូលទៀតថា៖ “ឱមនុស្សលោកទាំងឡាយ! ប្រសិនបើពួកអ្នកមានការមន្ទិលសង្ស័យចំពោះការបង្កើតឲ្យរស់ឡើងវិញនោះ (ចូរអ្នកពិចារណាចុះថា) ពិតប្រាកដណាស់ យើងបានបង្កើតពួកអ្នកពីដី បន្ទាប់មកពីទឹកកាម បន្ទាប់មកក្លាយជាដុំឈាម បន្ទាប់មកទៀតក្លាយជាដុំសាច់ដែលមានរូបរាងពេញលក្ខណៈ និងខ្លះមិនពេញលក្ខណៈ(រលូត)។ ទាំងនេះ គឺដើម្បីយើងបញ្ជាក់ដល់ពួកអ្នក(ពីសមត្ថភាពរបស់យើង និងការកកើតរបស់ពួកអ្នក)។ ហើយយើងតម្កល់វានៅក្នុងស្បូននូវអ្វីដែលយើងមានចេតនារហូតដល់ពេលកំណត់។ បន្ទាប់មក យើងបពោ្ចញពួកអ្នកមកជាទារក។ បន្ទាប់មកទៀត ធ្វើឱ្យពួកអ្នកលូតលាស់ធំពេញវ័យ។ ហើយក្នុងចំណោមពួកអ្នក មានអ្នកត្រូវគេកំណត់ឱ្យស្លាប់ទៅវិញ(អាយុខ្លី)។ ហើយក្នុងចំណោមពួកអ្នក ក៏មានអ្នកដែលត្រូវគេទុកឱ្យមានអាយុច្រើន ចាស់ជរា រហូតដល់គេមិនដឹងអ្វីសោះ ក្រោយពីគេបានដឹងរួចដែរ។ ហើយអ្នកនឹងបានឃើញដីហួតហែង(គ្មានអ្វីដុះសោះ)។ តែនៅពេលដែលយើងបានបញ្ចុះទឹកភ្លៀងទៅលើវា វាក៏បានកម្រើក(មានជីវិត) និងរីកឡើងវិញ ហើយវាក៏បានធ្វើឱ្យដុះចេញនូវរុក្ខជាតិគ្រប់បែបយ៉ាងដ៏ស្រស់បំព្រង”។ [គម្ពីរគួរអាន ២២:៥] ពិតណាស់ នៅក្នុងវាក្យខណ្ឌទាំងបីខាងលើនេះ ព្រះអល់ឡោះជាម្ចាស់ទ្រង់បានលើកឡើងនូវភស្តុតាងចំនួនបីដែលយើងអាចគិតពិចារណា ដែលជាភស្តុតាងបញ្ជាក់ពីការប្រោសឲ្យរស់ឡើងវិញ នោះគឺ ៖
១. ពិតប្រាកដណាស់ ព្រះអល់ឡោះជាម្ចាស់ទ្រង់បានបង្កើតពួកគេពីដំបូងអំពីដី។ ដូចនេះ អ្នកដែលមានសមត្ថភាពអាចបង្កើតគេអំពីដីនោះ ទ្រង់ពិតជាមានសមត្ថភាពក្នុងការត្រឡប់ពួកគេឲ្យរស់រានមានជីវិតឡើងវិញ ក្រោយពីគេបានក្លាយទៅជាដីវិញនោះ។
២. ពិតណាស់ អ្នកដែលបានបង្កើតមនុស្សចេញអំពីទឹកកាម ទ្រង់ក៏ជាអ្នកដែលមានសមត្ថភាពក្នុងការត្រឡប់ពួកគេឲ្យមានជីវិតឡើងវិញបន្ទាប់ពីពួកគេស្លាប់ហើយនោះដែរ។
៣. ជាការពិតណាស់ អ្នកដែលអាចធ្វើឲ្យដីមានជីវិតឡើងវិញតាមរយៈទឹកភ្លៀងក្រោយពីវាបានស្លាប់ហើយនោះ ទ្រង់ក៏ជាអ្នកដែលមានសមត្ថភាពក្នុងការប្រោសមនុស្សឲ្យមានជីវិតឡើងវិញបន្ទាប់ពីពួកគេស្លាប់ហើយនោះដែរ។ ហើយក្នុងវាក្យខណ្ឌទាំងនេះ គឺជាភស្តុតាងដ៏ធំធេងដែលបញ្ជាក់ពីភាពអស្ចារ្យនៃព្រះគម្ពីរគួរអាន ដោយវាក្យខណ្ឌទាំងនេះ(មិនមែនជាវាក្យខណ្ឌដែលវែងនោះទេ) តែវាផ្ទុកទៅដោយភស្តុតាងដែលគេអាចគិតពិចារណាបានចំនួនបីដែលបញ្ជាក់ទៅលើបញ្ហាដ៏ធំធេងមួយ។
ព្រះអល់ឡោះជាម្ចាស់ទ្រង់បានមានបន្ទូលថា៖ “នៅថ្ងៃដែលយើងនឹងមូរមេឃដូចជាអ្នកដែលមូរក្រដាសទុកសម្រាប់សរសេរ។ យើងនឹងបង្កើត(មនុស្សលោក)ជាថ្មីម្ដងទៀត(នៅថ្ងៃបរលោក) ដូចដែលយើងបានចាប់ផ្ដើមបង្កើតមុនដំបូងដូច្នោះដែរ។ ហើយយើងបានសន្យានូវកិច្ចសន្យាមួយចំពោះខ្លួនរបស់យើង។ ពិតប្រាកដណាស់ យើងជាអ្នកធ្វើ(នូវអ្វីដែលយើងបានសន្យា)”។ [គម្ពីរគួរអាន ២១:១០៤] ទ្រង់បានមានបន្ទូលទៀតថា៖ “ហើយគេហ៊ានលើកឧទាហរណ៍សម្រាប់យើង តែបានភេ្លចកំណើតខ្លួនឯង ដោយគេបានសួរថា៖ តើអ្នកណាអាចធ្វើឱ្យឆ្អឹងរស់ឡើងវិញបាន ខណៈដែលវាបានពុកផុយហើយនោះ? ចូរអ្នក(មូហាំម៉ាត់)ពោលថា៖ អ្នកដែលធ្វើឱ្យវារស់ឡើងវិញនោះ គឺអ្នកដែលបានបង្កើតវាពីដំបូងនោះឯង។ ហើយទ្រង់ដឹងបំផុតនូវអ្វីដែលទ្រង់បានបង្កើត”។ [គម្ពីរគួរអាន ៣៦:៧៨-៧៩] ទ្រង់បានមានបន្ទូលផងដែរថា៖ ”តើការបង្កើតពួកអ្នក(ឱ្យរស់ឡើងវិញសាជាថ្មី)លំបាក ឬក៏មេឃដែលយើងបានបង្កើតវារួចលំបាកជាង? ទ្រង់បានលើកទ្រង់ទ្រាយរបស់វាឱ្យខ្ពស់ និងបានធ្វើឱ្យវារាបស្មើ។ ហើយទ្រង់បានធ្វើឱ្យរាត្រីកាលរបស់វាងងឹត ហើយទ្រង់ក៏បានបពោ្ចញពន្លឺរបស់វាមកវិញនៅពេលថ្ងៃ។ ក្រោយពីនោះមក ទ្រង់បានធ្វើឱ្យផែនដីរាបស្មើ។ ទ្រង់បានបពោ្ចញពីដីនូវទឹករបស់វា និងរុក្ខជាតិរបស់វា។ ហើយទ្រង់បានបង្កើតភ្នំជាស្នឹងដ៏រឹងមាំ”។ [គម្ពីរគួរអាន ៥១:២៧-៣២] ជាការពិតណាស់ ព្រះអល់ឡោះជាម្ចាស់ទ្រង់បានបញ្ជាក់ថា ពិតណាស់ ការបង្កើតមនុស្សលោកនោះ វាមិនធ្ងន់ធ្ងរជាងការបង្កើតមេឃជាច្រើនជាន់និងផែនដី និងអ្វីដែលនៅក្នុងវាទាំងពីរនោះទេ។ ដូចនេះ អ្នកដែលមានសមត្ថភាពក្នុងការបង្កើតមេឃជាច្រើនជាន់និងផែនដីបាននោះ ពុំមានអ្វីដែលថាទ្រង់អសមត្ថភាពក្នុងការត្រឡប់មនុស្សឲ្យមានជីវិតរស់ឡើងវិញជាលើកទីពីរនោះឡើយ។
១៣. ព្រះអល់ឡោះជាម្ចាស់ទ្រង់បានបង្កើតព្យាការីអាដាំពីដី ហើយទ្រង់បានធ្វើឲ្យពូជពង្សរបស់គាត់កាន់តែមានចំនួនកើនឡើងបន្ទាប់ពីគាត់។ ដូចនេះ មនុស្សលោកទាំងអស់ ធាតុដើមរបស់ពួកគេ គឺមានភាពស្មើគ្នា ដោយគ្មានជនជាតិណាល្អជាងជនជាតិណានោះទេ ហើយក៏គ្មានក្រុមណាមួយដែលល្អជាងក្រុមណាផ្សេងនោះដែរ លើកលែងតែការកោតខ្លាចព្រះប៉ុណ្ណោះ។
ព្រះអល់ឡោះជាម្ចាស់ទ្រង់បានបង្កើតព្យាការីអាដាំពីដី ហើយទ្រង់បានធ្វើឲ្យពូជពង្សរបស់គាត់កាន់តែមានចំនួនកើនឡើងបន្ទាប់ពីគាត់។ ដូចនេះ មនុស្សលោកទាំងអស់ ធាតុដើមរបស់ពួកគេ គឺមានភាពស្មើគ្នា ដោយគ្មានជនជាតិណាល្អជាងជនជាតិណានោះទេ ហើយក៏គ្មានក្រុមណាមួយដែលល្អជាងក្រុមណាផ្សេងនោះដែរ លើកលែងតែតាមរយៈការកោតខ្លាចព្រះអល់ឡោះជាម្ចាស់ប៉ុណ្ណោះដែលអាចធ្វើឲ្យពួកគេមានភាពខ្ពង់ខ្ពស់ ល្អប្រសើរជាងគ្នា។ ព្រះអល់ឡោះជាម្ចាស់ទ្រង់បានមានបន្ទូលថា៖ “ឱមនុស្សលោកទាំងឡាយ! ពិតប្រាកដណាស់ យើងបានបង្កើតពួកអ្នកពីបុរសនិងស្ដ្រី(អាដាំ និងហាវ៉ា) ហើយយើងធ្វើឱ្យពួកអ្នកមានជនជាតិ និងកុលសម្ព័ន្ធជាច្រើនដើម្បីឱ្យពួកអ្នកស្គាល់គ្នាទៅវិញទៅមក។ ពិតប្រាកដណាស់ អ្នកដែលថ្កុំថ្កើងជាងគេចំពោះព្រះអល់ឡោះនៃពួកអ្នក គឺអ្នកដែលកោតខ្លាចព្រះអល់ឡោះជាងគេក្នុងចំណោមពួកអ្នក។ ពិតប្រាកដណាស់ ព្រះអល់ឡោះមហាដឹង មហាជ្រួតជ្រាប”។ [គម្ពីរគួរអាន ៤៩:១៣] ទ្រង់បានមានបន្ទូលទៀតថា៖ “ហើយព្រះអល់ឡោះបានបង្កើតពួកអ្នកអំពីដី(គឺព្យាការីអាដាំ)។ បន្ទាប់មក ពីទឹកកាម(មនុស្សគ្រប់រូប)។ ក្រោយមក ទ្រង់បានបង្កើតពួកអ្នកជាគូៗ។ ហើយគ្មានស្ដ្រីណាដែលពពោះ និងគ្មានស្ដ្រីណាដែលប្រសូត្របុត្រនោះឡើយ លើកលែងតែស្ថិតក្រោមការដឹងរបស់ទ្រង់។ ហើយអ្នកដែលមានអាយុវែងនោះ គ្មានអ្នកណាពន្យារនិងកាត់បន្ថយអាយុរបស់គេបានឡើយ លើកលែងតែមាននៅក្នុងក្រាំងកំណត់ត្រា(ឡាវហ៊ុលម៉ះហ៊្វូស)ប៉ុណ្ណោះ។ ពិតប្រាកដណាស់ រឿងនោះគឺងាយស្រួលបំផុតសម្រាប់ព្រះអល់ឡោះ”។ [គម្ពីរគួរអាន ៣៥:១១] ទ្រង់ក៏បានមានបន្ទូលផងដែរថា៖ “ទ្រង់គឺជាអ្នកដែលបានបង្កើតពួកអ្នកពីដី។ បន្ទាប់មក ពីទឹកកាម។ បន្ទាប់មកក្លាយជាដុំឈាម។ បន្ទាប់មក ទ្រង់បពោ្ចញពួកអ្នកមកជាទារក។ រួចមក ពួកអ្នកបានលូតលាស់ធំពេញវ័យ។ បន្ទាប់មកទៀត ពួកអ្នកនឹងក្លាយទៅជាចាស់ជរា។ ហើយក្នុងចំណោមពួកអ្នក មានអ្នកខ្លះត្រូវស្លាប់មុននោះ។ ហើយ(យើងធ្វើដូចេ្នះ)ដើម្បីឱ្យពួកអ្នករស់រហូតដល់ពេលមួយដែលត្រូវគេកំណត់។ ហើយសង្ឃឹមថាពួកអ្នកចេះគិតពិចារណា”។ [គម្ពីរគួរអាន ៤០:៦៧] ហើយព្រះអល់ឡោះជាម្ចាស់ទ្រង់បានមានបន្ទូលបញ្ជាក់ថា ជាការពិតណាស់ ទ្រង់បានបង្កើតលោកយេស៊ូ(ព្យាការីអ៊ីសា)ដោយការបញ្ជាឱ្យកើតមាន ដូចដែលទ្រង់បង្កើតអាដាំពីដីដោយការបញ្ជាឱ្យកើតមាននោះដែរ។ ទ្រង់បានមានបន្ទូលថា៖ “ពិតប្រាកដណាស់ ការប្រៀបធៀប(ការបងើ្កត)យេស៊ូសម្រាប់ព្រះអល់ឡោះនោះ ដូចជា(ការបង្កើត)អាដាំដែរ គឺទ្រង់បានបង្កើតគាត់ពីដី បន្ទាប់មក ទ្រង់បានមានបន្ទូលទៅកាន់គាត់ថា៖ ចូរកើតចុះ វាក៏កើតឡើងភ្លាម”។ [គម្ពីរគួរអាន ៣:៥៩] យើងបានលើកឡើងរួចមកហើយនៅក្នុងកថាខណ្ឌលេខ២។ ពិតណាស់ ព្យាការីមូហាំម៉ាត់(សូមសន្តិភាពកើតមានដល់លោក)បានបញ្ជាក់ថា ជាការពិតណាស់ មនុស្សលោកទាំងអស់មានភាពស្មើគ្នា ដោយគ្មាននរណាម្នាក់ល្អជាងនរណានោះឡើយ លើកលែងតែតាមរយៈការកោតខ្លាចព្រះអល់ឡោះប៉ុណ្ណោះ។
១៤. រាល់ទារកទាំងអស់ គឺប្រសូត្រមកនៅលើបព្វជំនឿដ៏ស្អាតស្អំ(សាសនាអ៊ីស្លាម)។
រាល់ទារកដែលប្រសូត្រមកទាំងអស់ គឺស្ថិតនៅលើបព្វជំនឿដ៏ស្អាតស្អំ(សាសនាអ៊ីស្លាម)។ ព្រះអល់ឡោះជាម្ចាស់ទ្រង់បានមានបន្ទូលថា៖ “ដូចេ្នះ ចូរអ្នក(មូហាំម៉ាត់)តម្រង់មុខរបស់អ្នកទៅចំពោះសាសនាដែលត្រឹមត្រូវ(សាសនាអ៊ីស្លាម)។ វាជាសាសនារបស់ព្រះអល់ឡោះដែលទ្រង់បានបង្កើតមនុស្សលោកនៅក្នុងវា។ គ្មានការផ្លាស់ប្ដូរចំពោះការបង្កើតរបស់ព្រះអល់ឡោះឡើយ។ នោះហើយជាសាសនាដ៏ត្រឹមត្រូវ។ ក៏ប៉ុន្ដែមនុស្សលោកភាគច្រើនមិនដឹងឡើយ”។ [គម្ពីរគួរអាន ៣០:៣០]។ ហើយសាសនាដែលស្អាតស្អំនោះ គឺជាសាសនារបស់ព្យាការីអ៊ីព្រហ៊ីម(អប្រាហាំ)។ ព្រះអល់ឡោះជាម្ចាស់ទ្រង់បានមានបន្ទូលថា៖ “ក្រោយមក យើងបានផ្ដល់សារទៅកាន់អ្នក(មូហាំម៉ាត់)ថា៖ ចូរអ្នកដើរតាមសាសនារបស់អ៊ីព្រហ៊ីមឱ្យបានត្រឹមត្រូវចុះ ហើយគេមិនស្ថិតក្នុងចំណោមពួកពហុទេពនិយមឡើយ”។ [គម្ពីរគួរអាន ១៦:១២៣] ព្យាការីមូហាំម៉ាត់(សូមសន្តិភាពកើតមានដល់លោក)បានមានប្រសាសន៍ថា៖ “រាល់ទារកទាំងអស់ដែលប្រសូត្រមក គឺស្ថិតនៅលើបព្វជំនឿដ៏ស្អាតស្អំ(សាសនាអ៊ីស្លាម)។ ប៉ុន្តែឪពុកម្តាយរបស់គេទេដែលធ្វើឲ្យគេក្លាយជាជ្វីស ឬជាគ្រឹស្ទាន ឬជាអ្នកគោរពអគ្គី(ម៉ាជូស៊ី) ប្រៀបដូចជាសត្វពាហនៈទាំងឡាយកើតកូនមកមានលក្ខណៈពេញលេញ(ដូចមេបារបស់វា)ដូច្នោះដែរ។ តើពួកអ្នកឃើញផ្នែកណាមួយនៃរាងកាយរបស់វា(សត្វពាហនៈដែលកើតមក)នោះ មិនមានលក្ខណៈពេញលេញដែរទេ”? បន្ទាប់មក អាពូហ៊ូរ៉យរ៉ោះ(សូមអល់ឡោះសព្វព្រះទ័យចំពោះគាត់)បានសូត្រវាក្យខណ្ឌខាងលើថា៖ “វាជាសាសនារបស់ព្រះអល់ឡោះដែលទ្រង់បានបង្កើតមនុស្សលោកនៅក្នុងវា។ គ្មានការផ្លាស់ប្ដូរចំពោះការបង្កើតរបស់ព្រះអល់ឡោះឡើយ។ នោះហើយជាសាសនាដ៏ត្រឹមត្រូវ ក៏ប៉ុន្ដែមនុស្សលោកភាគច្រើនមិនដឹងឡើយ”។ [គម្ពីរគួរអាន ៣០:៣០] [អាល់ពូខរី:៤៧៧៥] ហើយព្យាការីមូហាំម៉ាត់(សូមសន្តិភាពកើតមានដល់លោក)បានមានប្រសាសន៍ផងដែរថា៖ “តើពុំមែនទេឬ ជាការពិតណាស់ ព្រះជាម្ចាស់របស់ខ្ញុំទ្រង់បានបញ្ជាខ្ញុំឲ្យបង្រៀនដល់ពួកអ្នកនូវអ្វីដែលពួកអ្នកមិនបានដឹង។ ក្នុងចំណោមអ្វីដែលទ្រង់បានបង្រៀនខ្ញុំក្នុងថ្ងៃនេះ គឺរាល់ទ្រព្យសម្បត្តិទាំងអស់ដែលយើងបានប្រទានវាឲ្យខ្ញុំបម្រើ(របស់យើង) គឺសុទ្ធតែស្របច្បាប់(ត្រូវបានអនុញ្ញាតចំពោះពួកគេ)។ ហើយជាការពិតណាស់ យើងបានបង្កើតខ្ញុំបម្រើរបស់យើងទាំងអស់គ្នាដោយមានភាពស្អាតស្អំ(ស្ថិតនៅលើសាសនអ៊ីស្លាម) មានទំនោរទៅលើការគោរពសក្ការៈចំពោះព្រះអល់ឡោះ។ ក៏ប៉ុន្តែស្ហៃតនបានមកបង្វែរពួកគេចេញពីសាសនារបស់ពួកគេ និងបានដាក់បម្រាមលើពួកគេនូវអ្វីដែលយើងបានអនុញ្ញាត ហើយបានប្រើពួកគេឲ្យធ្វើពហុទេពនិយមមកចំពោះយើងនូវអ្វីដែលយើងមិនបានបញ្ចុះនូវភស្តុតាង(មកបញ្ជាក់)អំពីរឿងនោះផងនោះ”។ [មូស្លីម:២៨៦៥]
១៥. គ្មានបុគ្គលណាម្នាក់ប្រសូត្រមកដោយមានបាបកម្មជាប់ខ្លួន ឬទទួលបាបកម្មពីអ្នកដទៃដោយសារតែទង្វើអាក្រក់ដែលពួកគេបានសាងនោះឡើយ។
គ្មានបុគ្គលណាម្នាក់ប្រសូត្រមកដោយមានបាបកម្មជាប់ខ្លួន ឬទទួលបាបកម្មពីអ្នកដទៃដោយសារតែទង្វើអាក្រក់ដែលពួកគេបានសាងនោះឡើយ។ ព្រះអល់ឡោះជាម្ចាស់ទ្រង់បានមានបន្ទូលប្រាប់ពួកយើងថា ជាការពិតណាស់ ព្យាការីអាដាំ នៅពេលដែលគាត់បានធ្វើផ្ទុយពីបទបញ្ជារបស់ព្រះអល់ឡោះជាម្ចាស់ ដោយរូបគាត់និងប្រពន្ធរបស់គាត់”ហាវ៉ា ឬនាងអេវា” បានទទួលទានផ្លែឈើពីដើមឈើដែលទ្រង់ហាមឃាត់មិនឲ្យទទួលទាននោះ គាត់ក៏មានការស្តាយក្រោយ ហើយបានសារភាពកំហុស និងបានសុំការអភ័យទោសពីព្រះអល់ឡោះជាម្ចាស់។ ពេលនោះ ទ្រង់បានទុកពេលឲ្យគាត់ ដោយឲ្យគាត់និយាយពាក្យសម្តីដែលល្អៗ ហើយគាត់ក៏បាននិយាយវា។ ដូច្នេះ ព្រះអល់ឡោះជាម្ចាស់ក៏បានទទួលយកនូវការសារភាពកំហុសរបស់គាត់ទាំងពីរ។ ព្រះអល់ឡោះជាម្ចាស់ទ្រង់បានមានបន្ទូលថា៖ “ហើយយើងបានមានបន្ទូលថា៖ ឱអាដាំ! ចូរអ្នក និងភរិយារបស់អ្នកស្នាក់នៅក្នុងឋានសួគ៌នេះ ហើយចូរអ្នកទាំងពីរបរិភោគអំពីវា(ផលានុផល)ដោយរីករាយតាមសេចក្ដីត្រូវការចុះ តែអ្នកទាំងពីរមិនត្រូវទៅជិតដើមឈើមួយនេះឡើយ។ បើមិនដូច្នោះទេ អ្នកទាំងពីរនឹងស្ថិតក្នុងចំណោមពួកដែលបំពានជាមិនខាន។ ហើយស្ហៃតនបានធ្វើឱ្យគេទាំងពីរឃ្លាតចេញពីឋានសួគ៌ និងធ្វើឱ្យឃ្លាតឆ្ងាយពីអ្វីៗដែលគេទាំងពីរធ្លាប់មាននៅទីនោះ។ ហើយយើងបានមានបន្ទូលថា៖ ចូរពួកអ្នក(អាដាំ ហាវ៉ា និងអ៊ីព្លីសសាតាំង)ចុះទៅរស់នៅ(លើផែនដី)ក្នុងភាពជាសត្រូវនឹងគ្នាចុះ។ ហើយផែនដី គឺជាកន្លែងរស់នៅរបស់ពួកអ្នក និងមានភាពសប្បាយរីករាយរហូតដល់អវសាននៃជីវិត។ បន្ទាប់មក អាដាំបានទទួលនូវការណែនាំពីព្រះជាម្ចាស់របស់គេនូវពាក្យសារភាពកំហុស ហើយទ្រង់ក៏បានអភ័យទោសឱ្យគេ។ ពិតប្រាកដណាស់ ទ្រង់ជាអ្នកទទួលយកការសារភាពកំហុស ជាអ្នកអាណិតស្រឡាញ់បំផុត។ យើងបានមានបន្ទូលថា៖ ចូរពួកអ្នកទាំងអស់គ្នា(អាដាំ ហាវ៉ា និងអ៊ីព្លីសសាតាំង)ចុះចេញពីឋានសួគ៌នេះ។ ហើយប្រសិនបើមានការណែនាំរបស់យើងមកដល់ពួកអ្នក ជនណាហើយដែលបានដើរតាមការណែនាំរបស់យើង ចំពោះពួកគេ គឺពួកគេគ្មានការភ័យខ្លាច និងព្រួយបារម្ភអ្វីឡើយ”។ [គម្ពីរគួរអាន ២:៣៥-៣៨] ដោយហេតុថា ព្រះអល់ឡោះជាម្ចាស់ទ្រង់បានទទួលយកការសារភាពកំហុសរបស់ព្យាការីអាដាំហើយនោះ នោះបាបកម្មរបស់លោកក៏ត្រូវបានទ្រង់លុបលាងដែរ។ បន្ទាប់មក កូនចៅរបស់លោកក៏មិនត្រូវទទួលបន្ទុកនូវបាបកម្មដែលទ្រង់បានលុបលាងដោយការសារភាពកំហុសរបស់លោកនោះឡើយ។ ធាតុដើមវា បុគ្គលម្នាក់មិនទទួលបាបកម្មដែលអ្នកផ្សេងបានសាងនោះទេ។ ព្រះអល់ឡោះជាម្ចាស់ទ្រង់បានមានបន្ទូលថា៖ “ហើយបុគ្គលគ្រប់រូបមិនសាងអំពើអាក្រក់ក្រៅពី(ផលអាក្រក់នោះ)ធ្លាក់ទៅលើខ្លួនគេនោះឡើយ។ ហើយអ្នកដែលប្រព្រឹត្ដអំពើអាក្រក់មិនអាចទទួលបន្ទុកអំពើបាបរបស់អ្នកដទៃបានឡើយ។ បន្ទាប់មក ចំពោះព្រះជាម្ចាស់របស់ពួកអ្នក គឺជាកន្លែងវិលត្រឡប់របស់ពួកអ្នក ហើយទ្រង់នឹងប្រាប់ពួកអ្នកនូវអ្វីដែលពួកអ្នកធ្លាប់ខ្វែងគំនិតគ្នា”។ [គម្ពីរគួរអាន ៦:១៦៤]
ទ្រង់បានមានបន្ទូលទៀតថា៖ “ជនណាដែលបានទទួលការចង្អុលបង្ហាញ ពិតប្រាកដណាស់ អ្នកនោះនឹងទទួលបានការចង្អុលបង្ហាញសម្រាប់ខ្លួនឯង។ ហើយជនណាដែលវងេ្វង ពិតប្រាកដណាស់ អ្នកនោះនឹងវងេ្វងដោយខ្លួនឯង។ ហើយអ្នកដែលធើ្វអាក្រក់មិនអាចទទួលបន្ទុកចំពោះបាបកម្មរបស់អ្នកដទៃបានឡើយ។ យើងមិនដាក់ទណ្ឌកម្មនរណាម្នាក់ឡើយ លុះត្រាតែយើងតែងតាំងអ្នកនាំសារណាម្នាក់(ដើម្បីអំពាវនាវពួកគេ)ជាមុនសិន”។ [គម្ពីរគួរអាន ១៧:១៥] ទ្រង់បានមានបន្ទូលផងដែរថា៖ “ហើយអ្នកដែលសាងបាបកម្មមិនអាចទទួលបន្ទុកចំពោះបាបកម្មរបស់អ្នកដទៃបានឡើយ។ ហើយប្រសិនបើអ្នកដែលមានបាបកម្មធ្ងន់ធ្ងរអំពាវនាវឱ្យគេជួយរែកពន់បាបកម្មរបស់គេ គឺគ្មានអ្នកណាអាចជួយរែកពន់អ្វីមួយពីគេបានឡើយ ទោះបីគេជាសាច់ញាតិនឹងគ្នាក៏ដោយ។ តាមពិតអ្នក(មូហាំម៉ាត់)គ្រាន់តែជាអ្នកដាស់តឿនព្រមានចំពោះបណ្ដាអ្នកដែលកោតខ្លាចព្រះជាម្ចាស់របស់ពួកគេទាំងអាថ៌កំបាំង និងបានប្រតិបត្ដិសឡាតប៉ុណ្ណោះ។ ហើយជនណាដែលបានសម្អាតខ្លួន(ពីអំពើពហុទេពនិយម និងអំពើអាក្រក់) ពិតប្រាកដណាស់ គេបានសម្អាតសម្រាប់ខ្លួនគេផ្ទាល់ប៉ុណ្ណោះ។ ហើយទៅចំពោះព្រះអល់ឡោះ គឺជាកន្លែងវិលត្រឡប់ចុងក្រោយ”។ [គម្ពីរគួរអាន ៣៥:១៨]
១៦. គោលបំណងនៃការបង្កើតមនុស្សលោកនោះ គឺការគោរពសក្ការៈចំពោះព្រះអល់ឡោះជាម្ចាស់តែមួយអង្គគត់។
គោលបំណងនៃការបង្កើតមនុស្សលោក គឺការគោរពសក្ការៈចំពោះព្រះអល់ឡោះជាម្ចាស់តែមួយគត់។ ព្រះអល់ឡោះជាម្ចាស់ទ្រង់បានមានបន្ទូលថា៖ “ហើយយើងមិនបានបង្កើតជិន(អមនុស្ស)និងមនុស្សលោក ក្រៅពីឱ្យពួកគេគោរពសក្ការៈមកចំពោះយើងឡើយ”។ [គម្ពីរគួរអាន ៥១:៥៦]
១៧. សាសនាអ៊ីស្លាមបានលើកតម្កើងមនុស្សលោក(មិនថាបុរស ឬស្ត្រី) ហើយផ្តល់ឲ្យគេយ៉ាងពេញលេញនូវសិទ្ធិទាំងឡាយរបស់គេ ហើយទ្រង់បានឲ្យគេទទួលខុសត្រូវទាំងអស់ចំពោះការជ្រើសរើស ទង្វើ និងការចំណាយរបស់គេ ហើយត្រូវទទួលខុសត្រូវចំពោះទង្វើទាំងឡាយដែលបង្កគ្រោះថ្នាក់ចំពោះខ្លួនឯង ឬអ្នកដទៃ។
សាសនាអ៊ីស្លាមបានលើកតម្កើងមនុស្សលោក(មិនថាបុរស ឬស្ត្រី)នោះឡើយ។ ពិតប្រាកដណាស់ ព្រះអល់ឡោះជាម្ចាស់ទ្រង់បានបង្កើតមនុស្សលោកមកដើម្បីឲ្យពួកគេធ្វើជាអ្នកគ្រប់គ្រងនៅលើផែនដីនេះ។ ទ្រង់បានមានបន្ទូលថា៖ “ហើយ(ចូរចងចាំ)នៅពេលដែលព្រះជាម្ចាស់របស់អ្នកបានមានបន្ទូលទៅកាន់ទេវតា(ម៉ាឡាអ៊ីកាត់)ថា៖ ពិតប្រាកដណាស់ យើងនឹងបង្កើតអ្នកគ្រប់គ្រង(មនុស្សលោកពីមួយជំនាន់ទៅមួយជំនាន់)នៅលើផែនដីនេះ”។ [គម្ពីរគួរអាន ២:៣០]
ហើយការលើកតម្កើងនេះ គឺមានចំពោះកូនចៅអាដាំ(មនុស្សលោក)ទាំងអស់។ ព្រះអល់ឡោះជាម្ចាស់ទ្រង់បានមានបន្ទូលថា៖ “ហើយជាការពិតណាស់ យើងបានលើកតម្កើងកូនចៅអាដាំ ហើយយើងបានផ្ដល់ឱ្យពួកគេមានមធ្យោបាយធ្វើដំណើរនៅលើដីគោកនិងសមុទ្រ និងបានផ្ដល់ឱ្យពួកគេនូវលាភសក្ការៈល្អៗ ហើយនិងបានលើកតម្កើងពួកគេប្រសើរជាងអ្វីៗដែលយើងបានបង្កើតមក”។ [គម្ពីរគួរអាន ១៧:៧០] ទ្រង់បានមានបន្ទូលទៀតថា៖ “ជាការពិតណាស់ យើងបានបង្កើតមនុស្សលោកស្ថិតក្នុងទ្រង់ទ្រាយមួយដ៏ល្អប្រសើរបំផុត”។ [គម្ពីរគួរអាន ៩៥:៤]
ហើយព្រះអល់ឡោះបានហាមឃាត់មនុស្សមិនឱ្យតាំងខ្លួនជាអ្នកកាន់តាម អ្នកដែលគោរពសក្ការៈ ប្រណិប័តន៍តាម ឬស្តាប់បង្គាប់អ្នកផ្សេងក្រៅពីអល់ឡោះឡើយ។ ទ្រង់បានមានបន្ទូលថា៖ “ហើយមានមនុស្សមួយចំនួនបានយកព្រះនានាធ្វើជាព្រះជាម្ចាស់ក្រៅពីព្រះអល់ឡោះដែលពួកគេស្រឡាញ់ពេញចិត្ដពួកព្រះទាំងនោះ ដូចជាការស្រឡាញ់ព្រះអល់ឡោះដែរ។ រីឯបណ្ដាអ្នកដែលមានជំនឿវិញ គឺពួកគេស្រឡាញ់ព្រះអល់ឡោះលើសពីអ្វីៗទាំងអស់។ ហើយប្រសិនបើពួកដែលបំពានបានដឹងនៅពេលដែលពួកគេឃើញទណ្ឌកម្ម(នៅថ្ងៃបរលោក ពួកគេនឹងនិយាយថា៖) ពិតប្រាកដណាស់ អំណាចទាំងអស់ជាកម្មសិទ្ធិរបស់ព្រះអល់ឡោះតែមួយគត់។ ហើយពិតប្រាកដណាស់ ព្រះអល់ឡោះជាអ្នកដាក់ទណ្ឌកម្មដ៏ធ្ងន់ធ្ងរបំផុត។ នៅពេលនោះ ពួក(មេដឹកនាំ)ដែលគេបានដើរតាម បានយករួចខ្លួនពីពួកដែលបានដើរតាមពួកគេ នៅពេលដែលពួកគេបានឃើញទណ្ឌកម្ម(នៅថ្ងៃបរលោក) ហើយទំនាក់ទំនងទាំងអស់ត្រូវបានកាត់ផ្ដាច់ពីពួកគេ”។ [គម្ពីរគួរអាន ២:១៦៥-១៦៦] ទ្រង់បានមានបន្ទូលបញ្ជាក់ពីស្ថានភាពអ្នកដែលដើរតាមគេ និងអ្នកដែលត្រូវគេដើរតាមដោយខុសឆ្គងនៅថ្ងៃបរលោកថា៖ “ពួកដែលក្រអឺតក្រទមបាននិយាយទៅកាន់ពួកដែលត្រូវគេជិះជាន់វិញថា៖ តើពួកយើងបានហាមឃាត់ពួកអ្នកពីការចង្អុលបង្ហាញក្រោយពេលដែលវាបានមកដល់ពួកអ្នកឬ? ផ្ទុយទៅវិញ ពួកអ្នកទេដែលជាពួកសាងបាបកម្មនោះ។ ពួកដែលត្រូវគេជិះជាន់បាននិយាយទៅកាន់ពួកក្រអឺតក្រទមវិញថា៖ ផ្ទុយទៅវិញ នោះជាឧបាយកលទាំងយប់ទាំងថ្ងៃ នៅពេលពួកអ្នកបញ្ជាពួកយើងឱ្យប្រឆាំងនឹងព្រះអល់ឡោះ និងឱ្យពួកយើងធ្វើពហុទេពនិយមចំពោះទ្រង់។ ពួកគេទាំងពីរក្រុមមានការសោកស្ដាយយ៉ាងខ្លាំងនៅពេលដែលពួកគេបានឃើញទណ្ឌកម្ម។ ហើយយើងបានដាក់ច្រវាក់កពួកដែលបានប្រឆាំង។ ពួកគេមិនត្រូវគេតបស្នងឡើយ លើកលែងតែអ្វីដែលពួកគេបានប្រព្រឹត្ដប៉ុណ្ណោះ”។ [គម្ពីរគួរអាន ៣៤:៣២-៣៣]
ហើយក្នុងចំណោមភាពយុត្តិធម៌ដ៏ពេញលេញរបស់ព្រះអល់ឡោះជាម្ចាស់នៅថ្ងៃបរលោកនោះ គឺទ្រង់នឹងឲ្យអ្នកដែលអំពាវនាវគេ និងពួកមេដឹកនាំដែលនាំឲ្យគេវង្វេងទាំងអស់ទទួលខុសត្រូវចំពោះបានកម្មរបស់ខ្លួន និងបាបកម្មរបស់អ្នកដែលពួកគេធ្វើឲ្យវង្វេងដោយគ្មានចំណេះដឹងនេះ។ ព្រះអល់ឡោះជាម្ចាស់ទ្រង់បានមានបន្ទូលថា៖ “ពួកគេនឹងរែកបន្ដនូវបាបកម្មរបស់ពួកគេយ៉ាងពេញបន្ទុកនៅថ្ងៃបរលោក និងរែកបាបកម្មមួយចំនួនរបស់ពួកដែលពួកគេដឹកនាំទៅរកផ្លូវខុសដោយអវិជ្ជាផងដែរ។ ចូរដឹងថា អ្វីដែលពួកគេរែកនោះ វាជាប្រការអាក្រក់បំផុត”។ [គម្ពីរគួរអាន ១៦:២៥]
សាសនាអ៊ីស្លាមបានធានានូវសិទ្ធិដ៏ពេញលេញចំពោះមនុស្សលោក ទាំងនៅក្នុងលោកិយ និងនៅថ្ងៃបរលោក ហើយសិទ្ធិដែលធំធេងជាងគេដែលសាសនាអ៊ីស្លាមធានា និងបញ្ជាក់ដល់មនុស្សនោះ គឺសិទ្ធិរបស់ព្រះអល់ឡោះមកលើមនុស្សលោក និងសិទ្ធិរបស់មនុស្សលោកចំពោះព្រះអល់ឡោះ។ អំពី មូអាស(សូមអល់ឡោះសព្វព្រះទ័យចំពោះគាត់)បាននិយាយថា៖ ខ្ញុំបាននៅជិះ(លើជំនិះ)ពីក្រោយព្យាការី(សូមសន្តិភាពកើតមានដល់លោក)។ ពេលនោះ លោកបានមានប្រសាសន៍ថា៖ “ឱមូអាស!”។ ខ្ញុំបានឆ្លើយថា៖ “បាទទាន”។ បន្ទាប់មក លោកបានពោលដូចនេះដដែលៗចំនួនបីដង ហើយលោកបានបន្តថា៖ “តើអ្នកដឹងទេ អ្វីទៅជាសិទ្ធិរបស់អល់ឡោះមកលើខ្ញុំបម្រើរបស់ទ្រង់នោះ”? ខ្ញុំបានឆ្លើយថា៖ “ខ្ញុំមិនដឹងទេ”។ លោកបានតបថា៖ “សិទ្ធិរបស់អល់ឡោះមកលើខ្ញុំបម្រើរបស់ទ្រង់នោះ គឺពួកគេត្រូវគោរពសក្ការៈចំពោះទ្រង់តែមួយគត់ ហើយមិនត្រូវធ្វើពហុទេពនិយមចំពោះទ្រង់នូវអ្វីមួយនោះឡើយ”។ បន្ទាបមក លោកបាននៅស្ងៀមមួយស្របក់ រួចលោកបានមានប្រសាសន៍បន្តថា៖ “ឱមូអាស!”។ ខ្ញុំបានឆ្លើយថា៖ “បាទទាន”។ លោកក៏បានមានប្រសាសន៍ថា៖ “តើអ្នកដឹងទេ អ្វីទៅជាសិទ្ធិរបស់មនុស្សចំពោះអល់ឡោះនៅពេលដែលពួកគេធ្វើដូច្នោះ(មិនធ្វើពហុទេពនិយមចំពោះទ្រង់)នោះ? គឺទ្រង់នឹងមិនដាក់ទណ្ឌកម្មពួកគេនោះឡើយ”។ [អាល់ពូខរី:៦៨៤០]
សាសនាអ៊ីស្លាមបានធានាដល់មនុស្សលោកនូវសាសនាដ៏ត្រឹមត្រូវ ក៏ដូចជាពូជពង្ស ទ្រព្យសម្បត្តិ និងកិត្តិយសរបស់គេ។ អ្នកនាំសារមូហាំម៉ាត់(សូមសន្តិភាពកើតមានដល់លោក)បានមានប្រសាសន៍ថា៖ “ពិតប្រាកដណាស់ ឈាម(អាយុជីវិត)របស់ពួកអ្នក ទ្រព្យសម្បត្តិរបស់ពួកអ្នក និងកិត្តិយសរបស់ពួកអ្នកត្រូវបានព្រះអល់ឡោះជាម្ចាស់ទ្រង់បានដាក់បម្រាមលើពួកអ្នក(មិនឲ្យបំពានលើគ្នាឡើយ) ដូចជាការហាមឃាត់ក្នុងថ្ងៃរបស់ពួកអ្នកនេះ នៅក្នុងខែរបស់ពួកអ្នកនេះ និងនៅក្នុងទឹកដីរបស់ពួកអ្នកនេះ(ទីក្រុងម៉ាក្កះ)”។ [អាល់ពូខរី:៦៥០១] ពិតប្រាកដណាស់ ព្យាការីមូហាំម៉ាត់(សូមសន្តិភាពកើតមានដល់លោក)បានប្រកាសពីបទបញ្ញត្តិដ៏ធំធេងនេះនៅក្នុងការធ្វើធម្មយាត្រាហាជ្ជី”លាដំណើរ”របស់លោកដែលមានសាវ័ក(សហាហ្ពាត់)ចូលរួមច្រើនជាងដប់ម៉ឺននាក់ ហើយលោកបានពោលនូវពាក្យនេះជាច្រើនដង និងបានសង្កត់ធ្ងន់ចំពោះវានៅក្នុងថ្ងៃរ៉យ៉ាហាជ្ជីនៅក្នុងពេលធ្វើធម្មយាត្រាហាជ្ជី”លាដំណើរ”។
សាសនាអ៊ីស្លាមបានដាក់បន្ទុកលើមនុស្សលោកឲ្យទទួលខុសត្រូវទាំងអស់ចំពោះការជ្រើសរើស ទង្វើ និងការចាត់ចែងរបស់ខ្លួន។ ព្រះអល់ឡោះជាម្ចាស់ទ្រង់បានមានបន្ទូលថា៖ “ហើយមនុស្សលោកគ្រប់រូប គឺយើងបានចងភ្ជាប់ទង្វើរបស់ពួកគេទៅនឹងកញ្ចឹងករបស់គេ ហើយយើងនឹងបង្ហាញដល់គេវិញនៅថ្ងៃបរលោកនូវសៀវភៅកំណត់ហេតុដែលគេនឹងឃើញវាដោយចំហ។ (មានគេនិយាយទៅកាន់អ្នកនោះថា) ចូរអ្នកអាន សៀវភៅកំណត់ហេតុរបស់អ្នកចុះ គ្រប់គ្រាន់ហើយនៅថ្ងៃនេះ អ្នកត្រូវគិតគូរដោយខ្លួនឯង”។ [គម្ពីរគួរអាន ១៧:១៣-១៤] ពោលគឺ រាល់ទង្វើល្អ និងទង្វើអាក្រក់ដែលគេបានសាង គឺនៅជាប់ជាមួយរូបគេដោយវាមិនទៅណាឆ្ងាយពីគេឡើយ។ ដូចនេះ គេមិនកាត់សេចក្តីចំពោះរូបគេនូវអ្វីដែលអ្នកផ្សេងធ្វើនោះឡើយ ហើយគេក៏មិនកាត់សេចក្តីចំពោះអ្នកផ្សេងចំពោះអ្វីដែលរូបគេបានធ្វើនោះដែរ។ ព្រះអល់ឡោះជាម្ចាស់ទ្រង់បានមានបន្ទូលថា៖ “ឱមនុស្សលោកទាំងឡាយ! ពិតប្រាកដណាស់ អ្នកគឺជាអ្នកដែលខំប្រឹងប្រែងសាងចំពោះព្រះជាម្ចាស់របស់អ្នក(ទោះជាអំពើល្អ ឬអាក្រក់)។ អ្នកនឹងជួបទ្រង់ជាមិនខាន(នៅថ្ងៃបរលោក)”។ [គម្ពីរគួរអាន ៨៤:៦] ទ្រង់បានមានបន្ទូលទៀតថា៖ “ជនណាហើយដែលបានសាងអំពើល្អ វាគឺសម្រាប់ខ្លួនឯង។ ហើយជនណាដែលបានប្រព្រឹត្ដអំពើអាក្រក់វិញ ក៏វានឹងធ្លាក់ទៅលើខ្លួនឯងដែរ។ ហើយព្រះជាម្ចាស់របស់អ្នកមិនមែនជាអ្នកបំពានលើខ្ញុំបម្រើ(របស់ទ្រង់)ណាម្នាក់ឡើយ”។ [គម្ពីរគួរអាន ៤១:៤៦]
ហើយសាសនាអ៊ីស្លាមបានដាក់បន្ទុកលើមនុស្សលោកឲ្យទទួលខុសត្រូវចំពោះទង្វើទាំងឡាយដែលបង្កគ្រោះថ្នាក់ចំពោះខ្លួនឯង ឬអ្នកដទៃ។ ទ្រង់បានមានបន្ទូលថា៖ “ហើយជនណាដែលសាងបាបកម្ម អ្នកនោះពិតជាសាងបាបកម្មមកលើខ្លួនឯង។ ហើយព្រះអល់ឡោះមហាដឹង មហាគតិបណ្ឌិត”។ [គម្ពីរគួរអាន ៤:១១១] ទ្រង់បានមានបន្ទូលទៀតថា៖ “ដោយមូលហេតុនេះហើយ ទើបយើងបានដាក់បញ្ញត្ដិទៅលើអម្បូរអ៊ីស្រាអែលថា ជាការពិតណាស់ ជនណាហើយបានសម្លាប់បុគ្គលណាម្នាក់ដោយគ្មានមូលហេតុស្របច្បាប់ ឬបង្កវិនាសកម្មនៅលើផែនដី គឺហាក់បីដូចជាគេបានសម្លាប់មនុស្សលោកទាំងអស់។ ហើយជនណាបានសង្គ្រោះជីវិតបុគ្គលណាម្នាក់ គឺហាក់បីដូចជាគេបានជួយសង្គ្រោះជីវិតមនុស្សលោកទាំងអស់”។ [គម្ពីរគួរអាន ៥:៣២] ព្យាការីមូហាំម៉ាត់(សូមសន្តិភាពកើតមានដល់លោក)បានមានប្រសាសន៍ថា៖ “បុគ្គលគ្រប់រូបដែលត្រូវគេសម្លាប់ដោយអយុត្តិធម៌នោះ កូនទីមួយរបស់ព្យាការីអាដាំ(កពេល)មានចំណែកទទួលខុសត្រូវលើឈាមរបស់ជននោះ ព្រោះគេជាអ្នកសម្លាប់មនុស្សមុនគេ(អ្នកផេ្សងចេះសម្លាប់គ្នាដោយសារគាត់)”។ [មូស្លីម:៥១៥០]
១៨. សាសនាអ៊ីស្លាមបានផ្តល់តម្លៃស្មើគ្នាដល់បុរសនិងស្រ្តី មិនថាចំពោះទង្វើ ការទទួលខុសត្រូវ ការតបស្នង និងការផ្តល់ផលបុណ្យនោះឡើយ។
សាសនាអ៊ីស្លាមបានផ្តល់តម្លៃស្មើគ្នាដល់បុរសនិងស្រ្តី មិនថាចំពោះទង្វើ ការទទួលខុសត្រូវ ការតបស្នង និងការផ្តល់ផលបុណ្យនោះឡើយ។ ព្រះអល់ឡោះជាម្ចាស់ទ្រង់បានមានបន្ទូលថា៖ “ហើយជនណាដែលបានសាងអំពើល្អមិនថាបុរស ឬស្រី្ដ ដោយគេជាអ្នកមានជំនឿផងនោះ អ្នកទាំងនោះនឹងបានចូលឋានសួគ៌ ហើយពួកគេមិនត្រូវគេបំពានសូម្បីតែបន្ដិចណាឡើយ”។ [គម្ពីរគួរអាន ៤:១២៤] ទ្រង់បានមានបន្ទូលទៀតថា៖ “ជនណាហើយដែលបានសាងអំពើល្អក្នុងចំណោមបុរស ឬស្ដ្រី ហើយគេជាអ្នកមានជំនឿទៀតនោះ គឺយើងពិតជានឹងធ្វើឱ្យគេមានជីវិតរស់នៅដ៏ល្អប្រសើរ ហើយនិងតបស្នងឱ្យពួកគេនូវផលបុណ្យរបស់ពួកគេដោយសារតែអំពើល្អដែលពួកគេធ្លាប់បានសាង”។ [គម្ពីរគួរអាន ១៦:៩៧] ទ្រង់បានមានបន្ទូលទៀតថា៖ “ជនណាហើយបានប្រព្រឹត្ដអំពើអាក្រក់ គឺមិនត្រូវបានគេតបស្នងឡើយ លើកលែងតែដូចអ្វីដែលគេបានប្រព្រឹត្ដប៉ុណ្ណោះ។ រីឯជនណាហើយដែលបានសាងអំពើល្អត្រឹមត្រូវ មិនថាបុរសឬស្ដ្រី ហើយគេជាអ្នកមានជំនឿទៀតនោះ អ្នកទាំងនោះនឹងបានចូលឋានសួគ៌ដោយពួកគេនឹងត្រូវគេប្រទានលាភសក្ការៈនៅក្នុងនោះដោយឥតគណនាឡើយ”។ [គម្ពីរគួរអាន ៤០:៤០] ទ្រង់ក៏បានមានបន្ទូលផងដែរថា៖ “ពិតប្រាកដណាស់ បណ្ដាអ្នកមូស្លីមប្រុសស្រី បណ្ដាអ្នកមានជំនឿប្រុសស្រី បណ្ដាអ្នកគោរពប្រតិបត្ដិប្រុសស្រី បណ្ដាអ្នកសច្ចៈប្រុសស្រី បណ្ដាអ្នកដែលអត់ធ្មត់ប្រុសស្រី បណ្ដាអ្នកឱនលំទោនប្រុសស្រី បណ្ដាអ្នកបរិច្ចាគទានប្រុសស្រី បណ្ដាអ្នកបួសប្រុសស្រី បណ្ដាអ្នកដែលរក្សាកេរខ្មាសរបស់ខ្លួនទាំងប្រុសទាំងស្រី ហើយនិងបណ្ដាអ្នកដែលរលឹកចំពោះព្រះអល់ឡោះយ៉ាងច្រើនទាំងប្រុសទាំងស្រីនោះ ព្រះអល់ឡោះជាម្ចាស់ទ្រង់បានរៀបចំសម្រាប់ពួកគេនូវការអភ័យទោស និងផលបុណ្យដ៏ធំធេង(ឋានសួគ៌)”។ [គម្ពីរគួរអាន ៣៣:៣៥]
១៩. សាសនាអ៊ីស្លាមបានលើកតម្កើងស្ត្រី និងបានចាត់ទុកស្ត្រី គឺជាបងប្អូនបង្កើតនឹងបុរស ហើយបានដាក់កាតព្វកិច្ចលើបុរសត្រូវផ្គត់ផ្គង់ជីវភាពដល់ស្ត្រី ប្រសិនបើគេមានលទ្ធភាព។ ដូចនេះ ការផ្គត់ផ្គង់ដល់កូនស្រី គឺជាកាតព្វកិច្ចលើឪពុករបស់នាង ការផ្គត់ផ្គង់ដល់ម្តាយ គឺជាកាតព្វកិច្ចលើកូនប្រុសរបស់នាងប្រសិនបើគេធំដឹងក្តីនិងមានលទ្ធភាព ហើយការផ្គត់ផ្គង់ដល់ភរិយា គឺជាកាតព្វកិច្ចលើស្វាមីរបស់នាង។
សាសនាអ៊ីស្លាមបានចាត់ទុកស្ត្រី គឺជាបងប្អូនបង្កើតនឹងបុរស។ ព្យាការីមូហាំម៉ាត់(សូមសន្តិភាពកើតមានដល់លោក)បានមានប្រសាសន៍ថា៖ “ពិតប្រាកដណាស់ ស្ត្រីគឺជាបងប្អូនបង្កើតនឹងបុរស”។ [អាត់តៀរមីហ្ស៊ី:១១៣]
ក្នុងចំណោមការលើកតម្កើងរបស់សាសនាអ៊ីស្លាមចំពោះស្ត្រី គឺសាសនាអ៊ីស្លាមបានដាក់កាតព្វកិច្ចលើកូនប្រុស ត្រូវផ្គត់ផ្គង់ជីវភាពដល់ម្តាយ ប្រសិនបើខ្លួនមានលទ្ធភាព។ ព្យាការីមូហាំម៉ាត់(សូមសន្តិភាពកើតមានដល់លោក)បានមានប្រសាសន៍ថា៖ “ដៃដ៏ខ្ពង់ខ្ពស់ដែលជាដៃនៃអ្នកផ្តល់ឲ្យ និងជាអ្នកដែលគេត្រូវពឹងផ្អែកមុនគេគឺ ម្តាយរបស់អ្នក ឪពុករបស់អ្នក បងប្អូនស្រីរបស់អ្នក បងប្អូនប្រុសរបស់អ្នក បន្ទាប់មក គឺសាច់ញាតិជាបន្តបន្ទាប់”។ [អ៊ីម៉ាំអះម៉ាត់] យើងនឹងបញ្ជាក់ពីឋានៈរបស់ឪពុកម្តាយនៅក្នុងកថាខណ្ឌលេខ២៩។
ក្នុងចំណោមការលើកតម្កើងរបស់សាសនាអ៊ីស្លាមចំពោះស្ត្រីដែរនោះ គឺកាតព្វកិច្ចលើស្វាមីត្រូវផ្គត់ផ្គង់ជីវភាពដល់ភរិយារបស់ខ្លួន ប្រសិនបើខ្លួនមានលទ្ធភាព។ ព្រះអល់ឡោះជាម្ចាស់ទ្រង់បានមានបន្ទូលថា៖ “អ្នកដែលមានទ្រព្យសម្បត្ដិច្រើន ចូរឱ្យគេបរិច្ចាគឱ្យបានសមរម្យអំពីទ្រព្យសម្បត្ដិរបស់ខ្លួន។ រីឯជនណាដែលទ្រព្យសម្បត្ដិរបស់គេមានកំណត់ ចូរឱ្យគេបរិច្ចាគទៅតាមអ្វីដែលព្រះអល់ឡោះបានផ្ដល់ឱ្យគេ។ ព្រះអល់ឡោះពុំដាក់បន្ទុកលើបុគ្គលណាម្នាក់ក្រៅពីអ្វីដែលទ្រង់បានផ្ដល់ឱ្យគេឡើយ។ ព្រះអល់ឡោះនឹងផ្ដល់ឱ្យមានភាពងាយស្រួលវិញបន្ទាប់ពីមានការលំបាក”។ [គម្ពីរគួរអាន ៦៥:៧] មានគេសួរព្យាការីថា៖ តើសិទ្ធិរបស់ភរិយាចំពោះស្វាមីរបស់ខ្លួនមានអ្វីខ្លះ? លោកបានឆ្លើយថា៖ “គឺអ្នកត្រូវផ្ដល់អាហារដល់នាងនៅពេលអ្នកទទួលទាន ត្រូវផ្ដល់សម្លៀកបំពាក់ដល់នាងពេលអ្នកស្លៀកពាក់ ហើយមិនត្រូវវាយមុខ និងមិនត្រូវជេរប្រមាថនាងនោះឡើយ”។ [អ៊ីម៉ាំអះម៉ាត់] ហើយព្យាការីមូហាំម៉ាត់(សូមសន្តិភាពកើតមានដល់លោក)បានមានប្រសាសន៍បញ្ជាក់ពីសិទ្ធិមួយចំនួនរបស់ស្ត្រីថា៖ “ហើយសិទ្ធិរបស់ពួកនាង(ភរិយា)មកលើពួកអ្នក(ជាស្វាមី)នោះ គឺកាតព្វកិច្ចលើពួកអ្នកត្រូវផ្តល់ចំណីអាហារ និងសម្លៀកបំពាក់ដល់ពួកនាងឲ្យបានសមរម្យ”។ [សហេសមូស្លីម] ហើយព្យាការីបានមានប្រសាសន៍ផងដែរថា៖ “គ្របគ្រាន់ហើយបាបកម្មរបស់បុគ្គលម្នាក់ នៅពេលដែលគេបោះបង់ចោលអ្នកដែលខ្លួនមានភារកិច្ចត្រូវផ្គត់ផ្គង់នោះ”។ [អ៊ីម៉ាំអះម៉ាត់] សាសនវិទូអ៊ីស្លាម លោក អាល់ខត់តពី បានបកស្រាយថា៖ “អ្នកដែលខ្លួនមានភារកិច្ចត្រូវផ្គត់ផ្គង់” សំដៅលើអ្នកដែលចាំបាច់លើគេត្រូវផ្គត់ផ្គង់ជីវភាព។ អត្ថន័យរបស់វា គឺហាក់ដូចជាលោកមានប្រសាសន៍ទៅកាន់អ្នកដែលធ្វើការបរិច្ចាគទានថា៖ កុំបរិច្ចាគទានទៅកាន់អ្នកដទៃដើម្បីចង់ទទួលបានផលបុណ្យ ប្រសិនបើគ្រួសារដែលស្ថិតក្រោមការផ្គត់ផ្គង់របស់ខ្លួននៅមានការខ្វះខាត ព្រោះវានឹងក្លាយទៅជាអំពើបាប ប្រសិនបើអ្នកមានការធ្វេសប្រហែសចំពោះពួកគេ។
ក្នុងចំណោមការលើកតម្កើងរបស់សាសនាអ៊ីស្លាមចំពោះស្ត្រីដែរនោះ គឺអ៊ីស្លាមបានដាក់កាតព្វកិច្ចលើឪពុកត្រូវផ្គត់ផ្គង់ជីវភាពដល់កូនស្រីរបស់ខ្លួន។ ព្រះអល់ឡោះជាម្ចាស់ទ្រង់បានមានបន្ទូលថា៖ “ហើយម្ដាយទាំងឡាយគប្បីបំបៅកូនរបស់ខ្លួនក្នុងរយៈពេលពីរឆ្នាំពេញសម្រាប់អ្នកដែលចង់បំពេញការបំបៅនេះ។ ហើយឪពុករបស់ទារកនោះតម្រូវឱ្យផ្ដល់ម្ហូបអាហារ និងសម្លៀកបំពាក់ដល់ម្ដាយទារកតាមលទ្ធភាព”។ [គម្ពីរគួរអាន ២:២៣៣] ពិតណាស់ ព្រះអល់ឡោះជាម្ចាស់ទ្រង់បានបញ្ជាក់ថា កាតព្វកិច្ចលើឪពុកត្រូវផ្គត់ផ្គង់ម្ហូបអាហារ និងសម្លៀកបំពាក់ដល់ម្ដាយទារកតាមលទ្ធភាព។ ទ្រង់បានមានបន្ទូលទៀតថា៖ “ប្រសិនបើពួកនាងបំបៅកូនឱ្យពួកអ្នក ចូរពួកអ្នកផ្ដល់ឱ្យពួកនាងនូវថ្លៃឈ្នួលរបស់ពួកនាង”។ [គម្ពីរគួរអាន ៦៥:៦] ជាការពិតណាស់ ព្រះអល់ឡោះជាម្ចាស់ទ្រង់បានដាក់កាតព្វកិច្ចលើឪពុកត្រូវផ្តល់ថ្លៃឈ្នូលនៃការបំបៅដោះកូន ដែលនេះជាភស្តុតាងបញ្ជាក់ថា កាតព្វកិច្ចលើឪពុកត្រូវផ្គត់ផ្គង់ដល់កូនៗរបស់ខ្លួន មិនថាជាកូនប្រុស ឬកូនស្រីនោះឡើយ។ រីឯសេចក្តីរាយការណ៍ខាងក្រោមនេះ គឺជាភស្តុតាងបញ្ជាក់ពីកាតព្វកិច្ចលើឪពុកត្រូវផ្តល់ការផ្គត់ផ្គង់ដល់ភរិយា និងកូនៗរបស់នាង។ អំពីលោកស្រី អាអ៊ីស្ហះ(សូមអល់ឡោះសព្វព្រះទ័យចំពោះគាត់) ពិតណាស់ នាងហ៊ិនទុន បាននិយាយទៅកាន់ព្យាការី(សូមសន្តិភាពកើតមានដល់លោក)ថា៖ អាពូសុហ្វយ៉ាន(ស្វាមីរបស់នាង) គឺជាមនុស្សកំណាញ់។ គាត់មិនឲ្យខ្ញុំនូវអ្វីដែលអាចផ្គត់ផ្គង់ជីវភាពខ្ញុំ និងកូនខ្ញុំឡើយ លើកលែងតែអ្វីដែលខ្ញុំយកដោយខ្លួនឯងដោយគាត់មិនដឹងប៉ុណ្ណោះ។ ពេលនោះ លោកបានមានប្រសាសន៍ថា៖ “ចូរអ្នកយកនូវចំនួនដែលអាចគ្រប់គ្រាន់សម្រាប់ខ្លួនអ្នកនិងកូនរបស់អ្នកដោយល្អប្រសីរ”។ [អាល់ពូខរី] ហើយព្យាការីមូហាំម៉ាត់(សូមសន្តិភាពកើតមានដល់លោក)បានបញ្ជាក់ពីឧត្តមភាពនៃការផ្គត់ផ្គង់ដល់កូនស្រី និងបងប្អូនស្រី ដោយលោកបានមានប្រសាសន៍ថា៖ “បុគ្គលណាចិញ្ចឹមបីបាច់ថែរក្សាកូនស្រីពីរនាក់ឬបីនាក់ ឬបងប្អូនស្រីពីរនាក់ឬបីនាក់ រហូតដល់ពួកនាងបានរៀបការ ឬរហូតដល់គេស្លាប់ចោលពួកនាង (នៅថ្ងៃបរលោក)ខ្ញុំនិងជននោះ គឺដូចជាម្រាមពីរនេះ។ ហើយលោកបានចង្អុលម្រាមកណ្តាល និងម្រាមចង្អុលរបស់លោក”។ [អាសស៊ិលស៊ីឡះ អាសស៏ហ៊ីហះ:296]
២០. សេចក្តីស្លាប់ ពុំមែនជាទីបញ្ចប់នៃអ្វីគ្រប់យ៉ាងនោះទេ។ ផ្ទុយទៅវិញ វាគ្រាន់តែជាការផ្លាស់ប្តូរពីឋាននៃការសាងទង្វើ ទៅកាន់ឋាននៃការតបស្នងប៉ុណ្ណោះ ហើយទាំងរូបរាងកាយ និងទាំងវិញ្ញាណ គឺត្រូវទទួលនូវសេចក្តីស្លាប់នោះដូចគ្នា។ ការស្លាប់របស់វិញ្ញាណ គឺការដែលវាឃ្លាតឆ្លាយពីរូបកាយ។ បន្ទាប់មក វានឹងវិលត្រឡប់ទៅរករូបកាយនោះវិញបន្ទាប់ពីគេប្រោសឲ្យរស់ឡើងវិញនៅថ្ងៃបរលោក ដោយបន្ទាប់ពីស្លាប់ វិញ្ញាណនោះមិនផ្លាស់ទីទៅកាន់រូបកាយមួយផ្សេងទៀតនោះទេ ហើយក៏មិនមានការចាប់ជាតិឡើងវិញនោះដែរ។
សេចក្តីស្លាប់ ពុំមែនជាទីបញ្ចប់នៃអ្វីគ្រប់យ៉ាងនោះទេ។ ព្រះអល់ឡោះជាម្ចាស់ទ្រង់បានមានបន្ទូលថា៖ “ចូរអ្នក(មូហាំម៉ាត់)ពោលថា៖ ទេវតាដែលយកជីវិត(ម៉ាលីគុលម៉ោត)ដែលត្រូវគេបញ្ជូនទៅកាន់ពួកអ្នក នឹងយកជីវិតពួកអ្នក។ បន្ទាប់មក ពួកអ្នកនឹងត្រូវវិលត្រឡប់ទៅកាន់ព្រះជាម្ចាស់របស់ពួកអ្នកវិញ”។ [គម្ពីរគួរអាន ៣២:១១] ទាំងរូបរាងកាយ និងទាំងវិញ្ញាណ គឺត្រូវទទួលនូវសេចក្តីស្លាប់នោះដូចគ្នា។ ការស្លាប់របស់វិញ្ញាណ គឺការដែលវាឃ្លាតឆ្លាយពីរូបកាយ។ បន្ទាប់មក វានឹងវិលត្រឡប់ទៅរករូបកាយនោះវិញបន្ទាប់ពីគេប្រោសឲ្យរស់ឡើងវិញនៅថ្ងៃបរលោក។ ព្រះអល់ឡោះជាម្ចាស់ទ្រង់បានមានបន្ទូលថា៖ “ព្រះអល់ឡោះគឺជាអ្នកដកយកព្រលឹងរាល់ៗរូបនៅពេលដែលវាស្លាប់ និងរូបដែលមិនទាន់ស្លាប់នៅពេលដែលវាដេកលក់។ ហើយទ្រង់រក្សាទុកព្រលឹងរបស់បុគ្គលណាដែលទ្រង់បានកំណត់ឱ្យវាស្លាប់ រួចទ្រង់បញ្ជូនព្រលឹងផេ្សងទៀត(ដែលដេកលក់)ឱ្យត្រឡប់មក(រករូបកាយ)វិញ រហូតដល់ពេលកំណត់(ស្លាប់)។ ពិតប្រាកដណាស់នៅក្នុងរឿងនោះ គឺជាភស្ដុតាងៗសម្រាប់ក្រុមដែលចេះគិតពិចារណា”។ [គម្ពីរគួរអាន ៣៩:៤២] ព្យាការីមូហាំម៉ាត់(សូមសន្តិភាពកើតមានដល់លោក)បានមានប្រសាសន៍ថា៖ “ពិតប្រាកដណាស់ នៅពេលដែលគេដកហូតយកជីវិតទៅ ភ្នែកនោះនៅតាមសម្លឹងមើលព្រលឹងរបស់ខ្លួន”។ [មូស្លីម:៩២០] ក្រោយពេលស្លាប់ មនុស្សលោកនឹងត្រូវផ្លាស់ទីពីឋាននៃការសាងទង្វើ ទៅកាន់ឋាននៃការតបស្នង។ ព្រះអល់ឡោះជាម្ចាស់ទ្រង់បានមានបន្ទូលថា៖ “ចំពោះទ្រង់តែមួយគត់ដែលជាកន្លែងវិលត្រឡប់របស់ពួកអ្នកទាំងអស់គ្នា។ ការសន្យារបស់ព្រះអល់ឡោះ គឺជាការពិត។ ពិតប្រាកដណាស់ ទ្រង់ជាអ្នកផ្តើមបង្កើតអ្វីៗទាំងអស់។ ក្រោយមក ទ្រង់នឹងប្រោសឱ្យរស់ឡើងវិញ(បន្ទាប់ពីស្លាប់)ដើម្បីទ្រង់នឹងតបស្នងដល់បណ្ដាអ្នកដែលមានជំនឿ និងបណ្ដាអ្នកដែលបានធ្វើល្អដោយយុត្តិធម៌។ ចំណែកពួកដែលគ្មានជំនឿវិញ ពួកគេនឹងផឹកទឹកដែលកំពុងពុះ និងទទួលទណ្ឌកម្មយ៉ាងឈឺចាប់ដោយសារតែអ្វីដែលពួកគេធ្លាប់បានប្រឆាំង”។ [គម្ពីរគួរអាន ១០:៤]
ក្រោយពេលស្លាប់ វិញ្ញាណនោះមិនត្រូវបានផ្លាស់ទៅកាន់រូបកាយមួយផ្សេងទៀតនោះឡើយ ហើយក៏មិនទៅចាប់ជាតិថ្មីនោះដែរ។ ពិតប្រាកដណាស់ ការអះអាងថាមានការចាប់ជាតិឡើងវិញនោះ គឺពិតជាគ្មានហេតុផលសមទំនង ក៏មិនបានបង្ហាញតាមរយៈញាណ ហើយបណ្តាព្យាការីទាំងឡាយក៏ពុំបាននាំមកនូវគោលជំនឿដែលមិនត្រឹមត្រូវនេះនោះដែរ។
២១. សាសនាអ៊ីស្លាមអំពាវនាវទៅកាន់ការមានជំនឿនឹងគោលគ្រឹះនៃសេចក្តីជំនឿដ៏ធំ នោះគឺការមានជំនឿចំពោះព្រះអល់ឡោះ បណ្តាទេវៈ(ម៉ាឡាអ៊ីកាត់)របស់ទ្រង់ មានជំនឿនឹងបណ្តាព្រះគម្ពីរទាំងឡាយដូចជា ព្រះគម្ពីរតូរ៉ា(តាវរ៉ត) ព្រះគម្ពីរដំណឹងល្អ(គម្ពីរអ៊ិញ្ជីល) និងគម្ពីរហ្សាពួរ(មុននឹងព្រះគម្ពីរទាំងនេះត្រូវបានគេកែប្រែ) ហើយនិងព្រះគម្ពីរគួរអាន ព្រមទាំងមានជំនឿចំពោះបណ្តាព្យាការី និងអ្នកនាំសារទាំងឡាយ មានជំនឿនឹងថ្ងៃបរលោក ហើយយើងដឹងទៀតថា ជាការពិតណាស់ ឆាកជីវិតលោកិយ ប្រសិនបើវាគឺជាទីបញ្ចប់(ពុំមានជីវិតបរលោក) នោះឆាកជីវិតលោកិយនេះ និងការមានវត្តមាន(នៅលើលោកិយនេះ) គឺជារឿងឥតប្រយោជន៍ និងគ្មានន័យនោះឡើយ ហើយត្រូវមានជំនឿចំពោះព្រេងវាសនាដែលព្រះអល់ឡោះជាម្ចាស់ទ្រង់បានកំណត់។
សាសនាអ៊ីស្លាមអំពាវនាវទៅកាន់ការមានជំនឿនឹងគោលគ្រឹះនៃសេចក្ដីជំនឿដ៏ធំធេងដែលបណ្តាព្យាការី និងអ្នកនាំសារទាំងឡាយអំពាវនាវទៅកាន់វា នោះគឺ ៖
ទីមួយ៖ មានជំនឿចំពោះព្រះអល់ឡោះដែលថា ទ្រង់ជាព្រះជាម្ចាស់ ជាអ្នកបង្កើត ជាអ្នកប្រទានលាភសក្ការៈ និងជាអ្នកដែលចាត់ចែងចក្រវាលនេះ ហើយទ្រង់តែមួយគត់ដែលសក្តិសមនឹងត្រូវគេគោរពសក្ការៈ។ ការគោរពសក្ការៈទៅចំពោះអ្វីផ្សេងក្រៅពីទ្រង់នោះ គឺជាប្រការខុសឆ្គង ហើយរាល់អ្វីដែលត្រូវបានគេគោរពសក្ការៈចំពោះវាក្រៅពីព្រះអល់ឡោះនោះ គឺជាព្រះក្លែងក្លាយ។ ដូចនេះ ពួកវាមិនសក្តិសមនឹងឲ្យគេគោរពសក្ការៈនោះឡើយ លើកលែងតែព្រះអល់ឡោះជាម្ចាស់តែមួយគត់(ដែលសក្តិសមត្រូវគោរពសក្ការៈ) ហើយការគោរពសក្ការៈនោះ ក៏មិនមានភាពត្រឹមត្រូវនោះដែរ លើកលែងតែគេគោរពសក្ការៈចំពោះទ្រង់ប៉ុណ្ណោះ។ ពិតណាស់ យើងបានបញ្ជាក់រួចមកហើយនូវបណ្តាភស្តុតាងដែលពាក់ព័ន្ធនឹងបញ្ហានេះនៅក្នុងកថាខណ្ឌលេខ៨។
ព្រះអល់ឡោះជាម្ចាស់បានលើកឡើងពីគោលគ្រឹះដ៏ធំធេងនេះនៅក្នុងវាក្យខណ្ឌជាច្រើនខុសៗគ្នាក្នុងព្រះគម្ពីរគួរអាន ក្នុងនោះបន្ទូលរបស់ទ្រង់៖ “អ្នកនាំសារ(មូហាំម៉ាត់)មានជំនឿលើអ្វីៗដែលព្រះជាម្ចាស់របស់គេបានបញ្ចុះមកឱ្យគេ ហើយបណ្ដាអ្នកមានជំនឿក៏ដូចគ្នាដែរ។ ពួកគេទាំងអស់មានជំនឿលើព្រះអល់ឡោះ បណ្ដាទេវតា(ម៉ាឡាអ៊ីកាត់)របស់ទ្រង់ បណ្ដាព្រះគម្ពីររបស់ទ្រង់ ហើយនិងបណ្ដាអ្នកនាំសាររបស់ទ្រង់។ (ពួកគេនិយាយថា៖) ពួកយើងមិនបែងចែកអ្នកនាំសារណាម្នាក់ក្នុងចំណោមអ្នកនាំសារទាំងឡាយរបស់ព្រះអល់ឡោះនោះឡើយ។ ហើយពួកគេបានអះអាងថា៖ ពួកយើងឮហើយ និងបានអនុវត្ដតាមហើយ(រាល់បទបញ្ជារបស់ទ្រង់)។ បពិត្រព្រះជាម្ចាស់នៃយើងខ្ញុំ! សូមទ្រង់មេត្ដាអភ័យទោសឱ្យយើងខ្ញុំផង។ ហើយចំពោះទ្រង់តែមួយគត់ ជាកន្លែងវិលត្រឡប់”។ [គម្ពីរគួរអាន ២:២៨៥] ទ្រង់បានមានបន្ទូលទៀតថា៖ “ការតម្រង់មុខរបស់ពួកអ្នកឆ្ពោះទៅទិសខាងកើត ឬទិសខាងលិច(ក្នុងពេលថ្វាយបង្គំ)នោះ មិនចាត់ទុកជាអំពើល្អឡើយ។ ប៉ុន្ដែអំពើល្អនោះ គឺអ្នកណាដែលមានជំនឿលើព្រះអល់ឡោះ ថ្ងៃបរលោក បណ្តាទេវតា(ម៉ាឡាអ៊ីកាត់) បណ្តាព្រះគម្ពីរ និងបណ្ដាព្យាការីទាំងឡាយ ហើយបានបរិច្ចាគទ្រព្យសម្បត្ដិដែលជាទីស្រឡាញ់របស់ខ្លួនទៅឱ្យញាតិសន្ដាន កេ្មងកំព្រា អ្នកក្រីក្រ អ្នកដំណើរ អ្នកសុំទាន និងដោះលែងទាសករ ហើយបានប្រតិបត្ដិថ្វាយបង្គំ(សឡាត) និងបរិច្ចាគហ្សាកាត់ រួមនិងបណ្ដាអ្នកដែលគោរពតាមកិច្ចសន្យារបស់ពួកគេនៅពេលដែលពួកគេបានសន្យា និងបណ្ដាអ្នកដែលអត់ធ្មត់ក្នុងពេលក្រខ្សត់ ពេលមានគ្រោះថ្នាក់ និងពេលមានសង្គ្រាម។ អ្នកទាំងនោះហើយ គឺជាអ្នកដែលមានជំនឿពិតប្រាកដ ហើយអ្នកទាំងនោះហើយ គឺជាបណ្ដាអ្នកដែលកោតខ្លាចព្រះអល់ឡោះជាម្ចាស់”។ [គម្ពីរគួរអាន ២:១៧៧] ព្រះអល់ឡោះជាម្ចាស់ទ្រង់បានអំពាវនាវទៅកាន់ការមានជំនឿនឹងគោលគ្រឹះទាំងនេះ ហើយទ្រង់បានបញ្ជាក់ថា ពិតប្រាកដណាស់ ជនណាហើយដែលប្រឆាំង គ្មានជំនឿនឹងគោលគ្រឹះទាំងនេះទេនោះ ពិតណាស់ រូបគេពិតជាបានវង្វេងយ៉ាងសែនឆ្ងាយ។ ទ្រង់បានមានបន្ទូលថា៖ “ឱបណ្ដាអ្នកដែលមានជំនឿ! ចូរពួកអ្នកមានជំនឿលើព្រះអល់ឡោះ និងអ្នកនាំសាររបស់ទ្រង់ និងព្រះគម្ពីរដែលទ្រង់បានបញ្ចូលទៅកាន់អ្នកនាំសាររបស់ទ្រង់ ហើយនិងព្រះគម្ពីរដែលទ្រង់បានបញ្ចុះពីមុនមក។ ជនណាហើយដែលប្រឆាំងនឹងព្រះអល់ឡោះ បណ្ដាទេវតារបស់ទ្រង់ បណ្ដាគម្ពីរបស់ទ្រង់ និងបណ្ដាអ្នកនាំសាររបស់ទ្រង់ ហើយនិងថ្ងៃបរលោកនោះ អ្នកនោះពិតជាបានវងេ្វងដ៏សែនឆ្ងាយ(ពីមាគ៌ាដែលត្រឹមត្រូវ)”។ [គម្ពីរគួរអាន ៤:១៣៦] រីឯនៅក្នុងសេចក្តីរាយការណ៍ពីព្យាការីវិញ អ៊ូមើរ កូន អាល់ខត្តប (សូមអល់ឡោះសព្វព្រះទ័យចំពោះគាត់) បានរាយការណ៍ថា៖ ថ្ងៃមួយ ក្នុងពេលដែលពួកយើងកំពុងអង្គុយជាមួយអ្នកនាំសារ(សូមសន្តិភាពកើតមានដល់លោក) ស្រាប់តែមានបុរសម្នាក់បានមកដល់ដោយស្លៀកសម្លៀកបំពាក់ពណ៌សស្គុស សក់ខ្មៅរលោង។ មិនឃើញមានស្លាកស្នាមអ្វីមួយនៅលើខ្លួនគាត់ដែលបញ្ជាក់ថា ជាអ្នកដំណើរមកពីឆ្ងាយនោះទេ ហើយក៏គ្មានអ្នកណាម្នាក់ក្នុងចំណោមពួកយើងស្គាល់គាត់នោះដែរ។ ក្រោយមក បុរសនោះក៏អង្គុយទល់មុខព្យាការី ដោយយកជង្គង់របស់គាត់ទាំងពីរដាក់ទល់នឹងជង្គង់ព្យាការី ហើយបាតដៃទាំងពីររបស់គាត់ដាក់លើភ្លៅខ្លួនឯង រួចសួរថា៖ “ឱមូហាំម៉ាត់! ចូរប្រាប់ខ្ញុំអំពីអ៊ីស្លាម”។ ព្យាការីបានឆ្លើយថា៖ “អ៊ីស្លាម គឺអ្នកត្រូវធ្វើសាក្សីថា គ្មានទេព្រះជាម្ចាស់ដែលត្រូវគេគោរពសក្ការៈដ៏ត្រឹមត្រូវ មានតែអល់ឡាះមួយគត់ ហើយមូហាំម៉ាត់ គឺជាអ្នកនាំសាររបស់ព្រះអល់ឡោះ។ បន្ទាប់មក ត្រូវប្រតិបត្តិថ្វាយបង្គំ(សឡាត) ត្រូវបរិច្ចាគហ្សាកាត់ ត្រូវបួសខែរ៉ម៉ាឌន និងធ្វើធម្មយាត្រាហាជ្ជីនៅពៃតុលឡោះ(ក្រុងម៉ាក្កះ) ប្រសិនបើអ្នកមានលទ្ធភាពទៅដល់”។ បុរសដែលសួរនោះបាននិយាយថា៖ “ត្រឹមត្រូវ”។ ពួកយើងមានការងឿងឆ្ងល់ជាខ្លាំង ព្រោះគាត់ជាអ្នកសួរព្យាការី តែគាត់បែរជានិយាយថា៖ ត្រឹមត្រូវហើយទៅវិញ។ បន្ទាប់មក បុរសនោះក៏សួរបន្តទៀតថា៖ “ចូរអ្នកប្រាប់ខ្ញុំអំពីជំនឿ(អ៊ីម៉ាន)”។ ព្យាការីបានឆ្លើយថា៖ “ជំនឿ(អ៊ីម៉ាន់)នោះគឺ អ្នកត្រូវជឿចំពោះព្រះអល់ឡោះ ជឿចំពោះបណ្តាទេវតា(ម៉ាឡាអ៊ីកាត់)របស់ទ្រង់ បណ្តាព្រះគម្ពីររបស់ទ្រង់ បណ្តាអ្នកនាំសាររបស់ទ្រង់ ជឿចំពោះថ្ងៃបរលោក និងជឿថា វាសនាល្អអាក្រក់ គឺមកពីព្រះអល់ឡោះ”។ បុរសនោះនិយាយថា៖ “ត្រឹមត្រូវ”។ គាត់ក៏សួរបន្តទៀតថា៖ “ចូរអ្នកប្រាប់ខ្ញុំអំពីកុសលល្អ(អៀហសាន)”។ ព្យាការីបានឆ្លើយថា៖ “កុសលល្អ(អៀហសាន)នោះគឺ អ្នកត្រូវគោរពសក្ការៈចំពោះព្រះអល់ឡោះ ហាក់ដូចជាអ្នកមើលឃើញទ្រង់ បើទោះជាជាក់ស្តែងអ្នកមិនបានមើលឃើញទ្រង់ តែអ្នកត្រូវជឿជាក់ថា ទ្រង់កំពុងមើលឃើញអ្នក”។ [មូស្លីម:៨] ជាការពិតណាស់នៅក្នុងសេចក្តីរាយការណ៍នេះ ទេវតាជីព្រីលបានមកជួបនឹងព្យាការីមូហាំម៉ាត់(សូមសន្តិភាពកើតមានដល់លោក) ហើយបានសួរលោកអំពីលំដាប់នៃសាសនាអ៊ីស្លាម នោះគឺ អ៊ីស្លាម អ៊ីម៉ាន់(ជំនឿ) និងអៀហសាន(កុសលល្អ)។ ពេលនោះ ព្យាការីមូហាំម៉ាត់(សូមសន្តិភាពកើតមានដល់លោក)ក៏បានឆ្លើយប្រាប់ទេវជីព្រីល។ បន្ទាប់មក ព្យាការីក៏បានប្រាប់សាវ័ក(សហាហ្ពាត់)របស់លោកឲ្យបានដឹងថា ពិតណាស់ នេះគឺទេវជីព្រីលដែលបានមកដល់ពួកគេដើម្បីបង្រៀនពួកគេអំពីសាសនារបស់ពួកគេ។ ពិតប្រាកដណាស់ នេះគឺសាសនាអ៊ីស្លាម ជាសាររបស់ព្រះជាម្ចាស់ដែលទេវជីព្រីលបានពាំនាំមក ហើយត្រូវបានផ្សព្វផ្សាយទៅកាន់មនុស្សលោកដោយអ្នកនាំសារមូហាំម៉ាត់(សូមសន្តិភាពកើតមានដល់លោក) និងត្រូវបានទន្ទេញចាំដោយបណ្តាសាវ័ករបស់លោក ហើយពួកគេក៏បានផ្សព្វផ្សាយវាដល់មនុស្សលោកបន្ទាប់ពីលោកទៀត។
ទីពីរ៖ មានជំនឿចំពោះបណ្តាទេវតា(ម៉ាឡាអ៊ីកាត់)ទាំងឡាយ។ ពួកគេគឺជាពិភពអាថ៌កំបាំងមួយដែលព្រះអល់ឡោះជាម្ចាស់បានបង្កើតពួកគេមក និងបានផ្តល់ឲ្យពួកគេនូវរូបរាងជាក់លាក់ ហើយទ្រង់បានដាក់បន្ទុក និងផ្តល់តួនាទីដល់ពួកគេនូវកិច្ចការដ៏ធំធេងជាច្រើន ហើយក្នុងចំណោមកិច្ចការដ៏សំខាន់ជាងគេបំផុតរបស់ពួកគេនោះ គឺការផ្សព្វផ្សាយព្រះរាជសាររបស់ព្រះជាម្ចាស់ទៅកាន់បណ្តាអ្នកនាំសារ និងបណ្តាព្យាការីទាំងឡាយ។ ហើយទេវតា(ម៉ាឡាអ៊ីកាត់)ដែលល្អប្រសើរ និងខ្ពង់ខ្ពស់ជាងគេ គឺទេវជីព្រីល។ ក្នុងចំណោមភស្តុតាងដែលបញ្ជាក់ពីការចុះរបស់ទេវជីព្រីលដោយនាំមកនូវសារ(វ៉ាហ៊ី)ពីព្រះអល់ឡោះទៅកាន់បណ្តាអ្នកនាំសារទាំងឡាយនោះ គឺបន្ទូលរបស់ព្រះអល់ឡោះជាម្ចាស់ដែលទ្រង់បានមានបន្ទូលថា៖ “ទ្រង់បញ្ចុះម៉ាឡាអ៊ីកាត់ដោយនាំរាជសារតាមបទបញ្ជារបស់ទ្រង់ទៅចំពោះជនណាដែលទ្រង់មានចេតនាក្នុងចំណោមខ្ញុំបម្រើរបស់ទ្រង់(ដោយបន្ទូលថា៖) ចូរពួកអ្នកដាស់តឿនព្រមាន(មនុស្សលោក)ថា៖ ពិតប្រាកដណាស់ គ្មានព្រះជាម្ចាស់ណាផេ្សងដែលត្រូវគោរពសក្ការៈដ៏ពិតប្រាកដក្រៅពីយើងឡើយ។ ហេតុនេះ ចូរពួកអ្នកកោតខ្លាចមកចំពោះយើង”។ [គម្ពីរគួរអាន ១៦:២] ទ្រង់បានមានបន្ទូលទៀតថា៖ “ហើយពិតប្រាកដណាស់ព្រះគម្ពីរគួរអាន គឺជាការបញ្ចុះរបស់ព្រះជាម្ចាស់នៃពិភពទាំងអស់ ដែលរូហ៊ុលអាមីន(ទេវជីព្រីល)បាននាំវាមក (ដោយបានសូត្រវា)ទៅលើដួងចិត្ដរបស់អ្នក(មូហាំម៉ាត់)ដើម្បីឱ្យអ្នកក្លាយជាអ្នកដែលស្ថិតក្នុងចំណោមអ្នកដាស់តឿនព្រមាន ទៅតាមភាសាអារ៉ាប់យ៉ាងជាក់ច្បាស់។ ហើយពិតប្រាកដណាស់ ព្រះគម្ពីរគួរអានគឺមាន(បញ្ជាក់ប្រាប់)នៅក្នុងបណ្ដាព្រះគម្ពីរមុនៗ”។ [គម្ពីរគួរអាន ២៦:១៩២-១៩៦]
ទីបី៖ មានជំនឿនឹងបណ្តាព្រះគម្ពីរទាំងឡាយដូចជា ព្រះគម្ពីរតូរ៉ា(គម្ពីរតាវរ៉ត) ព្រះគម្ពីរដំណឹងល្អ(គម្ពីរអ៊ិញ្ជីល) និងគម្ពីរហ្សាពួរ(មុនពេលដែលគម្ពីរទាំងនេះត្រូវបានគេកែប្រែ) ហើយនិងព្រះគម្ពីរគួរអាន។ ព្រះអល់ឡោះជាម្ចាស់ទ្រង់បានមានបន្ទូលថា៖ “ឱបណ្ដាអ្នកដែលមានជំនឿ! ចូរពួកអ្នកមានជំនឿចំពោះព្រះអល់ឡោះ និងអ្នកនាំសាររបស់ទ្រង់ និងព្រះគម្ពីរដែលទ្រង់បានបញ្ចុះទៅលើអ្នកនាំសាររបស់ទ្រង់ ហើយនិងព្រះគម្ពីរដែលទ្រង់បានបញ្ចុះពីមុនមក។ ជនណាហើយដែលប្រឆាំងនឹងព្រះអល់ឡោះ បណ្ដាទេវតារបស់ទ្រង់ បណ្ដាព្រះគម្ពីរបស់ទ្រង់ បណ្ដាអ្នកនាំសាររបស់ទ្រង់ និងថ្ងៃបរលោក អ្នកនោះពិតជាបានវងេ្វងដ៏សែនឆ្ងាយ(ពីមាគ៌ាដែលត្រឹមត្រូវ)”។ [គម្ពីរគួរអាន ៤:១៣៦] ទ្រង់បានមានបន្ទូលទៀតថា៖ ”ទ្រង់បានបញ្ចុះព្រះគម្ពីរ(គួរអាន)ឱ្យអ្នក(មូហាំម៉ាត់)ដោយពិតប្រាកដដើម្បីបញ្ជាក់នូវអ្វីដែលមានពីមុនវា និងបានបញ្ចុះព្រះគម្ពីរតូរ៉ា(គម្ពីរតាវរ៉ត) និងព្រះគម្ពីរដំណឹងល្អ(គម្ពីរអ៊ីញ្ជីល) កាលពីមុន(ព្រះគម្ពីរគួរអាន)ដើម្បីជាការចង្អុលបង្ហាញដល់មនុស្សលោក ហើយទ្រង់ក៏បានបញ្ចុះការវិនិច្ឆ័យ(រវាងខុសនិងត្រូវ)ដែរ។ ពិតប្រាកដណាស់ ពួកដែលប្រឆាំងនឹងវាក្យខណ្ឌទាំងឡាយរបស់ព្រះអល់ឡោះ ពួកគេនឹងទទួលទណ្ឌកម្មដ៏ធ្ងន់ធ្ងរជាទីបំផុត។ ហើយព្រះអល់ឡោះមហាខ្លាំងពូកែ មានអំណាចផ្ដន្ទាទោស”។ [គម្ពីរគួរអាន ៣:៣-៤] ទ្រង់បានមានបន្ទូលទៀតថា៖ “អ្នកនាំសារ(មូហាំម៉ាត់)មានជំនឿលើអ្វីៗដែលព្រះជាម្ចាស់របស់គេបានបញ្ចុះមកឱ្យគេ ហើយបណ្ដាអ្នកមានជំនឿក៏ដូចគ្នាដែរ។ ពួកគេទាំងអស់មានជំនឿលើព្រះអល់ឡោះ បណ្ដាទេវតា(ម៉ាឡាអ៊ីកាត់)របស់ទ្រង់ បណ្ដាព្រះគម្ពីររបស់ទ្រង់ ហើយនិងបណ្ដាអ្នកនាំសាររបស់ទ្រង់។ (ពួកគេបាននិយាយថា)៖ ពួកយើងមិនបែងចែកអ្នកនាំសារណាម្នាក់ក្នុងចំណោមអ្នកនាំសារទាំងឡាយរបស់ព្រះអល់ឡោះនោះឡើយ។ ហើយពួកគេបានអះអាងថា៖ ពួកយើងបានឮហើយ និងបានអនុវត្ដតាមហើយ(រាល់បទបញ្ជារបស់ទ្រង់)។ បពិត្រព្រះជាម្ចាស់នៃយើងខ្ញុំ! សូមទ្រង់មេត្ដាអភ័យទោសដល់យើងខ្ញុំផង។ ហើយចំពោះទ្រង់តែមួយគត់ជាកន្លែងវិលត្រឡប់”។ [គម្ពីរគួរអាន ២:២៨៥] ទ្រង់បានមានបន្ទូលផងដែរថា៖ “ចូរអ្នក(មូហាំម៉ាត់)ពោលថា៖ ពួកយើងមានជំនឿលើព្រះអល់ឡោះ និងអ្វីដែលគេបានបញ្ចុះមកលើពួកយើង និងអ្វីដែលគេបានបញ្ចុះទៅលើអ៊ីព្រហ៊ីម អ៊ីស្មាអែល អ៊ីស្ហាក យ៉ាក់កូប និងបណ្តាកូនចៅរបស់គាត់ ហើយនិងអ្វីដែលគេបានផ្តល់ឱ្យមូសា អ៊ីសា និងបណ្ដាព្យាការី(ដែលបានចាត់តាំង)ពីព្រះជាម្ចាស់របស់ពួកគេ។ ពួកយើងមិនបែងចែកនរណាម្នាក់ក្នុងចំណោមពួកគេឡើយ ហើយពួកយើង គឺជាអ្នកប្រគល់ខ្លួនចំពោះទ្រង់”។ [គម្ពីរគួរអាន ៣:៨៤]
ទីបួន៖ មានជំនឿចំពោះបណ្តាព្យាការី និងអ្នកនាំសារទាំងអស់។ ដូចនេះ ចាំបាច់ត្រូវមានជំនឿចំពោះបណ្តាព្យាការី និងអ្នកនាំសារទាំងអស់ ហើយត្រូវមានជំនឿថា ពិតណាស់ ពួកគាត់ទាំងអស់គ្នា គឺជាអ្នកនាំសារមកពីព្រះអល់ឡោះ ដោយពួកគាត់បានផ្សព្វផ្សាយទៅកាន់ប្រជាជាតិរបស់ពួកគាត់នូវសាររបស់ព្រះអល់ឡោះ សាសនារបស់ទ្រង់ និងច្បាប់បញ្ញត្តិរបស់ទ្រង់។ ព្រះអល់ឡោះជាម្ចាស់បានមានបន្ទូលថា៖ “ចូរពួកអ្នកពោលថា៖ ពួកយើងមានជំនឿនឹងព្រះអល់ឡោះ និងអ្វីៗដែលគេបានបញ្ចុះមកឱ្យពួកយើង ហើយនិងអ្វីៗដែលគេបានបញ្ចុះមកឱ្យអ៊ីព្រហ៊ីម អ៊ីស្មាអែល អ៊ីសហាក និងយ៉ាក់កូប ព្រមទាំងកូនចៅយ៉ាក់កូប និងអ្វីៗដែលគេបានប្រទានឱ្យមូសា និងអ៊ីសា និងអ្វីៗដែលគេបានប្រទានដល់បណ្ដាព្យាការីផេ្សងៗទៀតពីព្រះជាម្ចាស់របស់ពួកគេ។ ពួកយើងពុំបែងចែកព្យាការីណាម្នាក់ក្នុងចំណោមព្យាការីទាំងអស់នោះឡើយ ហើយចំពោះទ្រង់តែមួយគត់ដែលពួកយើងប្រគល់ខ្លួន(កាន់សាសនាអ៊ីស្លាម)”។ [គម្ពីរគួរអាន ២:១៣៦] ទ្រង់បានមានបន្ទូលទៀតថា៖ “អ្នកនាំសារ(មូហាំម៉ាត់)មានជំនឿលើអ្វីៗដែលព្រះជាម្ចាស់របស់គេបានបញ្ចុះមកឱ្យគេ ហើយបណ្ដាអ្នកមានជំនឿក៏ដូចគ្នាដែរ។ ពួកគេទាំងអស់មានជំនឿលើព្រះអល់ឡោះ បណ្ដាទេវតា(ម៉ាឡាអ៊ីកាត់)របស់ទ្រង់ បណ្ដាព្រះគម្ពីររបស់ទ្រង់ ហើយនិងបណ្ដាអ្នកនាំសាររបស់ទ្រង់។ (ពួកគេបាននិយាយថា)៖ ពួកយើងមិនបែងចែកអ្នកនាំសារណាម្នាក់ក្នុងចំណោមអ្នកនាំសារទាំងឡាយរបស់ព្រះអល់ឡោះនោះឡើយ។ ហើយពួកគេបានអះអាងថា៖ ពួកយើងបានឮហើយ និងបានអនុវត្ដតាមហើយ(រាល់បទបញ្ជារបស់ទ្រង់)។ បពិត្រព្រះជាម្ចាស់នៃយើងខ្ញុំ! សូមទ្រង់មេត្ដាអភ័យទោសដល់យើងខ្ញុំផង។ ហើយចំពោះទ្រង់តែមួយគត់ជាកន្លែងវិលត្រឡប់”។ [គម្ពីរគួរអាន ២:២៨៥] ទ្រង់បានមានបន្ទូលផងដែរថា៖ “ចូរអ្នក(មូហាំម៉ាត់)ពោលថា៖ ពួកយើងមានជំនឿលើព្រះអល់ឡោះ និងអ្វីដែលគេបានបញ្ចុះមកលើពួកយើង និងអ្វីដែលគេបានបញ្ចុះទៅលើអ៊ីព្រហ៊ីម អ៊ីស្មាអែល អ៊ីស្ហាក យ៉ាក់កូប និងបណ្តាកូនចៅរបស់គាត់ ហើយនិងអ្វីដែលគេបានផ្តល់ឱ្យមូសា អ៊ីសា និងបណ្ដាព្យាការី(ដែលបានចាត់តាំង)ពីព្រះជាម្ចាស់របស់ពួកគេ។ ពួកយើងមិនបែងចែកនរណាម្នាក់ក្នុងចំណោមពួកគេឡើយ ហើយពួកយើងគឺជាអ្នកប្រគល់ខ្លួនចំពោះទ្រង់”។ [គម្ពីរគួរអាន ២:៨៤]
ហើយគេត្រូវមានជំនឿទៀតថា ពិតណាស់ ព្យាការី និងជាអ្នកនាំសារចុងក្រោយបង្អស់នោះ គឺព្យាការីមូហាំម៉ាត់(សូមសន្តិភាពកើតមានដល់លោក) ។ ព្រះអល់ឡោះជាម្ចាស់បានមានបន្ទូលថា៖ “ហើយ(ចូរចងចាំ)នៅពេលដែលព្រះអល់ឡោះបានយកកិច្ចសន្យាពីព្យាការីទាំងឡាយថា៖ ពិតប្រាកដណាស់ អ្វីដែលយើងបានផ្តល់ឱ្យពួកអ្នកនូវព្រះគម្ពីរនិងភាពឈ្លាសវៃ បន្ទាប់មកអ្នកនាំសារបានមកដល់ពួកអ្នកដើម្បីបញ្ជាក់អំពីអ្វីដែលមាននៅជាមួយពួកអ្នក គឺពួកអ្នកត្រូវតែជឿជាក់នឹងគេ និងជួយគាំទ្រគេ។ ព្រះអល់ឡោះបានមានបន្ទូលថា៖ តើពួកអ្នកព្រមទទួលយកកិច្ចសន្យារបស់យើងទៅលើរឿងនោះដែរឬទេ? ពួកគេបានឆ្លើយថា៖ ពួកយើងព្រមទទួលហើយ។ ទ្រង់បានមានបន្ទូលថា៖ ចូរពួកអ្នកធ្វើសាក្សី(លើរឿងនេះ)ចុះ ហើយយើងក៏ធ្វើសាក្សីជាមួយពួកអ្នកដែរ”។ [គម្ពីរគួរអាន ៣:៨១]
ដូចនេះ សាសនាអ៊ីស្លាមបានដាក់កាតព្វកិច្ចលើបុគ្គលគ្រប់រូបត្រូវមានជំនឿនឹងបណ្តាព្យាការី និងអ្នកនាំសារទាំងអស់ជាលក្ខណៈរួម ហើយត្រូវមានជំនឿទៀតថា ពិតប្រាកដណាស់ អ្នកនាំសារចុងក្រោយបង្អស់នោះ គឺអ្នកនាំសារមូហាំម៉ាត់(សូមសន្តិភាពកើតមានដល់លោក)។ ព្រះអល់ឡោះជាម្ចាស់ទ្រង់បានមានបន្ទូលថា៖ ”ចូរអ្នក(មូហាំម៉ាត់)ពោលថា៖ ឱពួកគម្ពីរជន(យូដា និងគ្រឹស្ទាន)! ពួកអ្នកមិនស្ថិតនៅលើ(សាសនា)អ្វីឡើយ លុះត្រាតែពួកអ្នកប្រតិបត្ដិតាមព្រះគម្ពីរតូរ៉ា(គម្ពីរតាវរ៉ត) និងព្រះគម្ពីរដំណឹងល្អ(គម្ពីរអ៊ីញ្ជីល) ហើយនិងអ្វីដែលត្រូវបានគេបញ្ចុះមកឱ្យពួកអ្នកពីព្រះជាម្ចាស់របស់ពួកអ្នក”។ [គម្ពីរគួរអាន ៥:៦៨] ទ្រង់បានមានបន្ទូលទៀតថា៖ “ចូរអ្នក(មូហាំម៉ាត់)ពោលថា៖ ឱពួកគម្ពីរជន! ចូរពួកអ្នកត្រឡប់មករកពាក្យសម្ដីមួយដែលសើ្មភាពគ្នារវាងពួកយើងនិងពួកអ្នក គឺពួកយើងទាំងអស់គ្នាមិនត្រូវគោរពសក្ការៈព្រះណាផេ្សងពីព្រះអល់ឡោះ និងមិនត្រូវធ្វើពហុទេពនិយមនឹងទ្រង់នូវប្រការណាមួយឡើយ ហើយពួកយើងក៏មិនត្រូវយកគ្នាឯងធ្វើជាព្រះផេ្សងពីព្រះអល់ឡោះដែរ។ តែប្រសិនបើពួកគេនៅតែបែរចេញ(ពីការអំពាវនាវដ៏ល្អនេះ)ទៀត ចូរពួកអ្នក(អ្នកមានជំនឿ)និយាយទៅកាន់ពួកគេថា៖ ចូរដឹងឮផងថា៖ ពិតប្រាកដណាស់ ពួកយើងគឺជាជនមូស្លីម”។ [គម្ពីរគួរអាន ៣:៦៤]
ជនណាហើយដែលបដិសេធ មិនជឿលើព្យាការី ឬអ្នកនាំសារណាម្នាក់ក្នុងចំណោមពួកគេនោះ ពិតណាស់រូបគេពិតជាបានបដិសេធមិនជឿលើព្យាការី និងអ្នកនាំសារទាំងអស់។ ហេតុនេះហើយទើបព្រះអល់ឡោះជាម្ចាស់ទ្រង់បានមានបន្ទូលប្រាប់ពីការវិនិច្ឆ័យរបស់ទ្រង់ទៅលើក្រុមរបស់ព្យាការីនួហ ដោយបន្ទូលរបស់ទ្រង់ថា៖ “ក្រុមរបស់នួហបានបដិសេធនឹងបណ្ដាអ្នកនាំសារទាំងឡាយ”។ [គម្ពីរគួរអាន ២៦:១០៥] តាមអ្វីដែលគេដឹងជាទូទៅនោះ ពិតណាស់ គ្មានអ្នកនាំសារណាម្នាក់មុននឹងព្យាការីនួហនោះទេ តែព្រមជាមួយគ្នានេះ នៅពេលដែលក្រុមរបស់គាត់បានបដិសេធមិនជឿលើគាត់ ការបដិសេធរបស់ពួកគេចំពោះគាត់នោះ គឺត្រូវបានចាត់ទុកថា ពួកគេបានបដិសេធនឹងបណ្តាព្យាការី និងអ្នកនាំសារទាំងអស់ ពីព្រោះការអំពាវនាវរបស់ពួកគេ(បណ្តាព្យាការីនិងអ្នកនាំសារទាំងឡាយ) គឺតែមួយ ហើយគោលបំណងរបស់ពួកគេ គឺតែមួយដូចគ្នា។
ទីប្រាំ៖ មានជំនឿចំពោះថ្ងៃបរលោក។ នៅចុងបញ្ចប់នៃឆាកជីវិតលោកិយនេះ ព្រះអល់ឡោះជាម្ចាស់ទ្រង់នឹងបង្គាប់ប្រើទេវអ៊ីសរ៉ហ្វេលឲ្យផ្លុំត្រែ(លើកទីមួយ)ដែលជាការផ្លុំត្រែសម្លាប់។ ពេលនោះ រាល់អ្នកដែលព្រះអល់ឡោះជាម្ចាស់ទ្រង់មានចេតនាឲ្យស្លាប់នឹងត្រូវស្លាប់ទាំងអស់។ ព្រះអល់ឡោះជាម្ចាស់ទ្រង់បានមានបន្ទូលថា៖ “ហើយគេបានផ្លុំត្រែ ពេលនោះអ្នកដែលនៅលើមេឃជាច្រើនជាន់ និងអ្នកដែលនៅលើផែនដីបានស្លាប់ទាំងអស់ លើកលែងតែអ្នកណាដែលព្រះអល់ឡោះមានចេតនាប៉ុណ្ណោះ។ បន្ទាប់មក គេបានផ្លុំវាម្ដងទៀត។ ពេលនោះ ពួកគេស្រាប់តែក្រោកឈររង់ចាំមើល(ការកាត់សេចក្ដី)”។ [គម្ពីរគួរអាន ៣៩:៦៨] នៅពេលដែលអ្នកនៅលើផែនដី និងអ្នកដែលនៅលើមេឃទាំងអស់ លើកលែងតែអ្នកដែលព្រះអល់ឡោះមានចេតនា បានវិនាសអន្តរាយអស់ហើយនោះ ពេលនោះ ព្រះអល់ឡោះជាម្ចាស់នឹងមូរមេឃហើយនិងផែនដី ដូចដែលមានបញ្ជាក់នៅក្នុងបន្ទូលរបស់ទ្រង់ថា៖ “នៅថ្ងៃដែលយើងនឹងមូរមេឃ ដូចជាអ្នកដែលមូរក្រដាសទុកសម្រាប់សរសេរ។ យើងនឹងបង្កើត(មនុស្សលោក)ជាថ្មីម្ដងទៀត(នៅថ្ងៃបរលោក) ដូចដែលយើងបានចាប់ផ្ដើមបង្កើតមុនដំបូងដូច្នោះដែរ។ ហើយយើងបានសន្យានូវកិច្ចសន្យាមួយចំពោះខ្លួនរបស់យើង។ ពិតប្រាកដណាស់ យើងជាអ្នកធ្វើ(នូវអ្វីដែលយើងបានសន្យា)”។ [គម្ពីរគួរអាន ២១:១០៤] ទ្រង់បានមានបន្ទូលទៀតថា៖ “ហើយពួកគេ(ពួកពហុទេពនិយម)មិនបានលើកតម្កើងព្រះអល់ឡោះជាម្ចាស់ឱ្យសមនឹងឋានៈពិតប្រាកដរបស់ទ្រង់ឡើយ ខណៈដែលផែនដីទាំងមូលស្ថិតក្នុងព្រះហស្តដៃរបស់ទ្រង់នៅថ្ងៃបរលោក ហើយមេឃជាច្រើនជាន់ គឺត្រូវបានមូរដោយព្រះហស្តស្តាំរបស់ទ្រង់។ ទ្រង់មហាស្អាតស្អំ និងខ្ពង់ខ្ពស់អំពីអ្វីដែលពួកគេកំពុងធ្វើពហុទេព”។ [គម្ពីរគួរអាន ៣៩:៦៧] ព្យាការីមូហាំម៉ាត់(សូមសន្តិភាពកើតមានដល់លោក)បានមានប្រសាសន៍ថា៖ “នៅថ្ងៃបរលោក ព្រះអល់ឡោះជាម្ចាស់នឹងមូរមេឃ។ បន្ទាប់មក ទ្រង់ចាប់វាដោយព្រះហស្តស្តាំរបស់ទ្រង់ រួចទ្រង់មានបន្ទូលថា៖ “យើងគឺជាស្តេច។ តើឯណាទៅពួកដែលក្រអឺតក្រទមនោះ? តើឯណាទៅពួកដែលក្អេងក្អាងនោះ”? បន្ទាប់មកទៀត ទ្រង់នឹងចាប់វាដោយព្រះហស្តឆ្វេងរបស់ទ្រង់ រួចទ្រង់មានបន្ទូលថា៖ “យើងគឺជាស្តេច។ តើឯណាទៅពួកដែលក្រអឺតក្រទមនោះ? តើឯណាទៅពួកដែលក្អេងក្អាងនោះ”? [មូស្លីម]
បន្ទាប់មកទៀត ព្រះអល់ឡោះជាម្ចាស់ក៏បានប្រើទេវអ៊ីសរ៉ហ្វេលឲ្យផ្លុំត្រែម្តងទៀត(ជាលើកទីពីរ)។ ខណៈនោះ ពួកគេក៏បានក្រោកឈរសម្លឹងមើល។ ព្រះអល់ឡោះជាម្ចាស់ទ្រង់បានមានបន្ទូលថា៖ “បន្ទាប់មក គេបានផ្លុំវាម្ដងទៀត។ ពេលនោះ ពួកគេស្រាប់តែក្រោកឈររង់ចាំមើល(ការកាត់សេចក្ដី)”។ [គម្ពីរគួរអាន ៣៩:៦៨] នៅពេលដែលព្រះអល់ឡោះជាម្ចាស់ទ្រង់ប្រោសភាវៈទាំងឡាយពីសេចក្ដីស្លាប់រួចមក ទ្រង់ក៏ប្រមូលផ្ដុំពួកគេដើម្បីធ្វើការជំនុំជម្រះ។ ទ្រង់បានមានបន្ទូលថា៖ “នៅថ្ងៃដែលដីបែកចេញពីពួកគេ(ពួកគេចេញពីផ្នូរ)យ៉ាងលឿនបំផុត។ ការប្រមូលផ្ដុំគ្នា(នៅកន្លែងជំនុំជម្រះ)នោះ គឺងាយស្រួលបំផុតសម្រាប់យើង”។ [គម្ពីរគួរអាន ៥០:៤៤] ទ្រង់បានមានបន្ទូលទៀតថា៖ “គឺជាថ្ងៃមួយដែលពួកគេបង្ហាញខ្លួន(ចេញពីផ្នូរ)ដោយគ្មានអ្វីមួយក្នុងចំណោមពួកគេអាចលាក់បាំងពីព្រះអល់ឡោះបានឡើយ។ (ទ្រង់សួរថា៖) តើការគ្រប់គ្រងនៅថ្ងៃនេះ ជាកម្មសិទ្ធិរបស់អ្នកណា? (ទ្រង់បានតបដោយអង្គឯងថា៖) គឺជាកម្មសិទ្ធិរបស់ព្រះអល់ឡោះជាម្ចាស់តែមួយគត់ដ៏មហាខ្លាំងក្លា”។ [គម្ពីរគួរអាន ៤០:១៦] នៅក្នុងថ្ងៃនោះ ព្រះអល់ឡោះជាម្ចាស់នឹងកាត់សេចក្តីមនុស្សលោកទាំងអស់ ហើយទ្រង់នឹងដាក់ទោសពួកដែលបំពាន និងតបស្នងរាល់បុគ្គលគ្រប់រូបចំពោះទង្វើដែលពួកគេបានសាង។ ទ្រង់បានមានបន្ទូលថា៖ “នៅថ្ងៃនេះ បុគ្គលគ្រប់រូបនឹងត្រូវគេតបស្នងនូវអ្វីដែលខ្លួនបានប្រព្រឹត្ដ។ គ្មានការបំពានឡើយនៅថ្ងៃនេះ។ ពិតប្រាកដណាស់ ព្រះអល់ឡោះជាអ្នកជំនុំជម្រះយ៉ាងរហ័សបំផុត”។ [គម្ពីរគួរអាន ៤០:១៧] ទ្រង់បានមានបន្ទូលទៀតថា៖ “ពិតប្រាកដណាស់ ព្រះអល់ឡោះមិនបំពានអ្នកណាម្នាក់ឡើយ សូម្បីតែតូចប៉ុនល្អងធូលីក៏ដោយ។ ហើយប្រសិនបើទង្វើដ៏តូចនោះ ជាអំពើល្អ ទ្រង់នឹងបង្កើនវា និងប្រទានផលបុណ្យដ៏ធំធេងពីទ្រង់”។ [គម្ពីរគួរអាន ៤:៤០] “ដូចេ្នះ បុគ្គលណាដែលបានសាងអំពើល្អសូម្បីមានទម្ងន់ប៉ុនល្អងធូលីក៏ដោយ ក៏គេនឹងឃើញវាដែរ។ ចំណែកឯបុគ្គលណាដែលសាងអំពើអាក្រក់ សូម្បីមានទម្ងន់ប៉ុនល្អងធូលីក៏ដោយ ក៏គេនឹងឃើញវាដែរ”។ [គម្ពីរគួរអាន ៩៩:៧-៨] ទ្រង់ក៏បានមានបន្ទូលផងដែរថា៖ “ហើយយើងនឹងដាក់ជញ្ជីងយុត្ដិធម៌នៅថ្ងៃបរលោក។ ដូចេ្នះ បុគ្គលគ្រប់រូបនឹងមិនត្រូវគេបំបាត់អ្វី(ទង្វើ)បន្ដិចឡើយ។ ហើយសូម្បីវាមានទម្ងន់ដូចគ្រាប់ស្ពៃ ក៏យើងនាំវា(អំពើល្អ និងអំពើអាក្រក់)មកដែរ។ គ្រប់គ្រាន់ហើយយើងជាអ្នកជំនុំជម្រះ”។ [គម្ពីរគួរអាន ២១:៤៧]
បន្ទាប់ពីការប្រោសឲ្យរស់ឡើងវិញ និងទទួលនូវការកាត់សេចក្តីរួចមក គឺឈានដល់ការតបស្នងចំពោះទង្វើទាំងឡាយ។ ដូចនេះ ជនណាដែលបានសាងអំពើល្អ សម្រាប់រូបគេនឹងទទួលបាននូវបរមសុខជារៀងរហូតដែលគ្មានទីបញ្ចប់ឡើយ។ រីឯជនណាដែលបានសាងអំពើអាក្រក់និងភាពគ្មានជំនឿវិញ សម្រាប់រូបគេនឹងទទួលនូវទណ្ឌកម្ម។ ព្រះអល់ឡោះជាម្ចាស់ទ្រង់បានមានបន្ទូលថា៖ “សិទ្ធិអំណាចនៅថ្ងៃនោះជាកម្មសិទ្ធិរបស់ព្រះអល់ឡោះតែមួយគត់ដែលទ្រង់នឹងកាត់សេចក្ដីរវាងពួកគេ(អ្នកមានជំនឿនិងគ្មានជំនឿ)។ ហើយបណ្ដាអ្នកដែលមានជំនឿនិងបានសាងអំពើល្អ គឺស្ថិតក្នុងឋានសួគ៌ណាអ៊ីម។ រីឯពួកដែលគ្មានជំនឿនិងបានបដិសេធនឹងវាក្យខណ្ឌទាំងឡាយរបស់យើងវិញ ពួកទាំងនោះនឹងទទួលទណ្ឌកម្មយ៉ាងអាម៉ាស់បំផុត”។ [គម្ពីរគួរអាន ២២:៥៦-៥៧] យើងដឹងថា ជាការពិតណាស់ ឆាកជីវិតលោកិយ ប្រសិនបើវាគឺជាទីបញ្ចប់(ពុំមានជីវិតបរលោក) នោះឆាកជីវិតលោកិយនេះ និងការមានវត្តមាន(នៅលើលោកិយនេះ) គឺជារឿងឥតប្រយោជន៍ និងគ្មានន័យនោះឡើយ។ ព្រះអល់ឡោះជាម្ចាស់ទ្រង់បានមានបន្ទូលថា៖ “តើពួកអ្នកគិតថា៖ យើងបានបង្កើតពួកអ្នកគ្រាន់តែជាការលេងសើច ហើយពួកអ្នកពិតជាមិនត្រូវគេឱ្យវិលត្រឡប់មកជួបយើងវិញ(ដើម្បីជំនុំជំរះ)ទេឬ”? [គម្ពីរគួរអាន ២៣:១១៥]
ទីប្រាំមួយ៖ មានជំនឿចំពោះព្រេងវាសនាដែលព្រះអល់ឡោះបានកំណត់ ពោលគឺចាំបាច់ត្រូវមានជំនឿថា ពិតណាស់ ព្រះអល់ឡោះជាម្ចាស់ទ្រង់ដឹងបំផុតចំពោះអ្វីដែលបានកើតឡើង កំពុងកើតឡើង និងអ្វីដែលនឹងកើតឡើងនៅក្នុងចក្រវាលនេះ ហើយពិតណាស់ ព្រះអល់ឡោះជាម្ចាស់ទ្រង់បានកត់ត្រារាល់ប្រការទាំងអស់នោះមុននឹងទ្រង់បង្កើតមេឃជាច្រើនជាន់និងផែនដីទៅទៀត។ ទ្រង់បានមានបន្ទូលថា៖ “ហើយកូនសោទាំងឡាយនៃប្រការអាថ៌កំបាំង គឺស្ថិតនៅនឹងទ្រង់ដែលគ្មាននរណាម្នាក់ដឹងពីវាក្រៅពីទ្រង់ឡើយ។ ទ្រង់ដឹងនូវអ្វីដែលមាននៅលើគោកនិងមាននៅក្នុងសមុទ្រ។ រាល់ស្លឹកឈើមួយសន្លឹកដែលជ្រុះនោះ សុទ្ធតែទ្រង់ដឹងទាំងអស់ ហើយគ្រាប់ដែលនៅក្នុងភាពងងឹតនៃដី និងអ្វីដែលសើម ហើយនិងអ្វីដែលស្ងួតនោះ គឺសុទ្ធតែត្រូវបានកត់ត្រាយ៉ាងច្បាស់លាស់”។ [គម្ពីរគួរអាន ៦:៥៩] ពិតប្រាកដណាស់ ការជ្រាបដឹងរបស់ព្រះអល់ឡោះជាម្ចាស់នោះ គ្របដណ្តប់លើអ្វីៗទាំងអស់។ ទ្រង់បានមានបន្ទូលថា៖ “ព្រះអល់ឡោះជាអ្នកដែលបានបង្កើតមេឃទាំងប្រាំពីរជាន់ និងផែនដីក៏ដូចគ្នាដែរ។ បទបញ្ជា(របស់ព្រះអល់ឡោះ)ត្រូវគេបញ្ចុះមករវាងវាទាំងពីរ(មេឃនិងផែនដី)ដើម្បីឱ្យពួកអ្នកដឹងថា ពិតប្រាកដណាស់ ព្រះអល់ឡោះមានអានុភាពលើអ្វីៗទាំងអស់ ហើយពិតប្រាកដណាស់ ព្រះអល់ឡោះដឹងជ្រួតជ្រាបលើអ្វីៗទាំងអស់”។ [គម្ពីរគួរអាន ៦៥:១២] គ្មានកិច្ចការណាមួយនៅក្នុងចក្រវាលនេះអាចកើតឡើងបានឡើយ លុះត្រាតែទ្រង់មានចេតនាចង់ឲ្យវាកើតឡើង ហើយទ្រង់បានបង្កើតវា ព្រមទាំងសម្រួលនូវមូលហេតុនានារបស់វា។ ទ្រង់បានមានបន្ទូលថា៖ “(ទ្រង់)គឺជាអ្នកដែលមានអំណាចគ្រប់គ្រងមេឃជាច្រើនជាន់និងផែនដី ហើយទ្រង់គ្មានបុត្រ និងគ្មានអ្នកណារួមចំណែកជាមួយទ្រង់ក្នុងការគ្រប់គ្រងឡើយ។ ហើយទ្រង់បានបង្កើតនូវរាល់អ្វីៗទាំងអស់។ បន្ទាប់មក បានកំណត់វាយ៉ាងច្បាស់លាស់”។ [គម្ពីរគួរអាន ២៥:២] រាល់ប្រការទាំងនោះ សម្រាប់ទ្រង់គឺមានបព្វហេតុជាក់លាក់ដែលមនុស្សធម្មតាមិនអាចដឹងបានឡើយ។ ព្រះអល់ឡោះជាម្ចាស់ទ្រង់បានមានបន្ទូលថា៖ “ព្រះគម្ពីរគួរអានគឺជាគតិបណ្ឌិតដ៏ពេញលេញ(ក្នុងការដាស់តឿនព្រមាន) តែការដាស់តឿនព្រមានទាំងនោះមិនផ្ដល់ផលប្រយោជន៍អ្វី(ដល់ពួកគេ)ឡើយ”។ [គម្ពីរគួរអាន ៥៤:៥] ទ្រង់បានមានបន្ទូលទៀតថា៖ “ហើយទ្រង់ជាអ្នកចាប់ផ្ដើមបង្កើតមនុស្សលោក។ បន្ទាប់មក ទ្រង់នឹងបង្កើតវាសាជាថ្មីម្ដងទៀត(នៅថ្ងៃបរលោក) ហើយវាជារឿងងាយស្រួលបំផុតសម្រាប់ទ្រង់។ ហើយចំពោះទ្រង់គឺជាគំរូដ៏ឧត្ដុង្គឧត្ដម ទាំងនៅលើមេឃជាច្រើនជាន់និងផែនដី។ ហើយទ្រង់មហាខ្លាំងពូកែ មហាគតិបណ្ឌិត”។ [គម្ពីរគួរអាន ៣០:២៧] ព្រះអល់ឡោះជាម្ចាស់ទ្រង់បានពណ៌នាពីលក្ខណៈសម្បត្តិផ្ទាល់របស់ទ្រង់ថា មានគតិបណ្ឌិត និងបានប្រសិទ្ធិនាមទ្រង់ផ្ទាល់ថា “អាល់ហាគីម” ដែលមានន័យថា “ព្រះដ៏មហាគតិបណ្ឌិត”។ ទ្រង់បានមានបន្ទូលថា៖ “ព្រះអល់ឡោះបានបញ្ជាក់ថា៖ ពិតប្រាកដណាស់ គ្មានព្រះជាម្ចាស់ណាដែលត្រូវគេគោរពសក្ការៈដ៏ពិតប្រាកដក្រៅពីទ្រង់ដែលឈរលើភាពយុត្ដិធម៌នោះឡើយ។ ហើយបណ្ដាទេវតា(ម៉ាឡាអ៊ីកាត់) និងបណ្ដាអ្នកមានចំណេះដឹងក៏ដូច្នោះដែរ។ គ្មានព្រះជាម្ចាស់ណាដែលត្រូវគេគោរពសក្ការៈដ៏ពិតប្រាកដក្រៅពីទ្រង់ដែលមហាខ្លាំងពូកែ មហាគតិបណ្ឌិតឡើយ”។ [គម្ពីរគួរអាន ៣:១៨] ព្រះអល់ឡោះជាម្ចាស់ទ្រង់បានមានបន្ទូលប្រាប់ពួកយើងអំពីរឿងរ៉ាវរបស់លោកយេស៊ូ(ព្យាការីអ៊ីសា)ដែលថា នៅថ្ងៃបរលោក រូបគាត់នឹងនិយាយឆ្លើយឆ្លងនឹងព្រះអល់ឡោះថា៖ “ប្រសិនបើទ្រង់ដាក់ទណ្ឌកម្មពួកគេ ពិតប្រាកដណាស់ ពួកគេជាខ្ញុំបម្រើរបស់ទ្រង់។ តែប្រសិនបើទ្រង់អភ័យទោសឱ្យពួកគេវិញ ពិតប្រាកដណាស់ ទ្រង់មហាខ្លាំងពូកែ មហាគតិបណ្ឌិត”។ [គម្ពីរគួរអាន ៥:១១៨] ហើយព្រះអល់ឡោះក៏បានមានបន្ទូលទៅកាន់លោកម៉ូសេ(ព្យាការីមូសា)ផងដែរនៅពេលដែលទ្រង់បានស្រែកហៅគាត់ ខណៈដែលគាត់នៅក្បែរភ្នំតួរ(ភ្នំស៊ីណៃ)ថា៖ “ឱមូសា! ពិតប្រាកដណាស់ យើងនេះហើយជាព្រះអល់ឡោះជាម្ចាស់ដ៏មហាខ្លាំងពូកែ មហាគតិបណ្ឌិត”។ [គម្ពីរគួរអាន ២៧:៩]
ហើយទ្រង់បានពិពណ៌នាពីព្រះគម្ពីរគួរអានថា ជាព្រះគម្ពីរដែលប្រកបដោយគតិបណ្ឌិត។ ទ្រង់បានមានបន្ទូលថា៖ “អាលីហ្វ ឡាម រ៉។ (នេះជា)ព្រះគម្ពីរមួយដែលវាក្យខណ្ឌទាំងឡាយរបស់វាមានភាពសុក្រិតដ៏ល្អឥតខ្ចោះ ហើយបន្ទាប់មកត្រូវបានគេបញ្ជាក់(អំពីប្រការដែលបង្គាប់ប្រើឬហាមឃាត់)យ៉ាងជាក់ច្បាស់មកពីទ្រង់តែមួយគត់ដែលមហាគតិបណ្ឌិត មហាដឹងបំផុត”។ [គម្ពីរគួរអាន ១១:១] ទ្រង់បានមានបន្ទូលទៀតថា៖ “នេះគឺជាអ្វីដែលព្រះជាម្ចាស់របស់អ្នកបានផ្ដល់សារឱ្យអ្នកអំពីភាពឈ្លាសវៃ។ ហើយចូរអ្នកកុំបង្កើតព្រះផេ្សងមកគោរពសក្ការៈរួមជាមួយព្រះអល់ឡោះឱ្យសោះ ដែលជាហេតុនាំឱ្យអ្នកត្រូវគេបោះចូលទៅក្នុងនរកជើហាន់ណាំដោយការស្ដីបន្ទោស និងឃ្លាតឆ្ងាយពីការសន្ដោសប្រណីរបស់ព្រះអល់ឡោះ”។ [គម្ពីរគួរអាន ១៧:៣៩]
២២. បណ្តាព្យាការីទាំងឡាយ គឺត្រូវបានគេការពារចំពោះអ្វីដែលពួកគាត់បានផ្សព្វផ្សាយវាអំពីព្រះអល់ឡោះ ហើយក៏ត្រូវបានការពារផងអំពីរាល់ប្រការទាំងឡាយណាដែលផ្ទុយពីវិចារណញាណរបស់មនុស្ស ឬប្រឆាំងនឹងចរិតលក្ខណៈដ៏ល្អប្រពៃ ហើយបណ្តាព្យាការីទាំងឡាយ ពួកគាត់គឺជាអ្នកដែលមានភារកិច្ចក្នុងការផ្សព្វផ្សាយនូវបទបញ្ជាទាំងឡាយរបស់ព្រះអល់ឡោះចំពោះខ្ញុំបម្រើរបស់ទ្រង់។ ពួកគាត់ពុំមានលក្ខណៈពិសេសណាមួយជាព្រះជាម្ចាស់ដែលជាអ្នកបង្កើត ឬជាព្រះដែលត្រូវគេគោរពសក្ការៈនោះទេ។ ផ្ទុយទៅវិញ ពួកគាត់គឺជាមនុស្សលោកធម្មតាដូចមនុស្សលោកទូទៅដែរ គ្រាន់តែព្រះអល់ឡោះជាម្ចាស់បានផ្តល់ទៅកាន់ពួកគាត់នូវសាររបស់ទ្រង់ប៉ុណ្ណោះ។
បណ្តាព្យាការីទាំងឡាយ គឺត្រូវបានគេការពារចំពោះអ្វីដែលពួកគាត់បានផ្សព្វផ្សាយវាអំពីព្រះអល់ឡោះជាម្ចាស់ ពីព្រោះទ្រង់ជ្រើសរើសអ្នកដែលល្អជាងគេបំផុតនៃភាវៈដែលទ្រង់បានបង្កើតដើម្បីឲ្យពួកគេផ្សព្វផ្សាយសាររបស់ទ្រង់។ ព្រះអល់ឡោះជាម្ចាស់ទ្រង់បានមានបន្ទូលថា៖ “ព្រះអល់ឡោះជ្រើសរើសអ្នកនាំសារអំពីទេវតា(ម៉ាឡាអ៊ីកាត់) និងមនុស្សលោក។ ពិតប្រាកដណាស់ ព្រះអល់ឡោះមហាឮ មហាឃើញ”។ [គម្ពីរគួរអាន ២២:៧៥] ទ្រង់បានមានបន្ទូលទៀតថា៖ “ពិតប្រាកដណាស់ ព្រះអល់ឡោះបានជ្រើសរើសអាដាំ នួហ និងគ្រួសារអ៊ីព្រហ៊ីម ព្រមទាំងគ្រួសារអ៊ិមរ៉នជាមនុស្សដ៏ប្រសើរបំផុតនៅក្នុងសម័យកាលរបស់ពួកគេ”។ [គម្ពីរគួរអាន ៣:៣៣] ទ្រង់បានមានបន្ទូលផងដែរថា៖ “ព្រះអល់ឡោះបានមានបន្ទូលថា៖ ឱមូសា! ពិតប្រាកដណាស់ យើងបានជ្រើសរើសអ្នកទៅកាន់មនុស្សលោកដោយនាំសារ និងបន្ទូលផ្ទាល់របស់យើង។ ហេតុនេះ ចូរអ្នកទទួលយកនូវអ្វីដែលយើងបានផ្ដល់ឱ្យអ្នក ហើយអ្នកត្រូវស្ថិតនៅក្នុងចំណោមអ្នកដែលដឹងគុណ”។ [គម្ពីរគួរអាន ៧:១៤៤] បណ្តាអ្នកនាំសារទាំងអស់ ពួកគាត់បានដឹងថា ជាការពិតណាស់ អ្វីដែលគេបានបញ្ចុះទៅកាន់ពួកគាត់នោះ គឺជារាជសារ(វ៉ាហ៊ី)របស់ព្រះជាម្ចាស់ ហើយពួកគាត់ក៏បានឃើញទេវតាដែលនាំយកសារនោះមកផងដែរ។ ព្រះអល់ឡោះជាម្ចាស់ទ្រង់បានមានបន្ទូលថា៖ “ទ្រង់ជាព្រះជាម្ចាស់ដែលដឹងនូវប្រការអាថ៌កំបាំង ហើយទ្រង់មិនលាតត្រដាងអាថ៌កំបាំងរបស់ទ្រង់ឱ្យនរណាម្នាក់ឃើញឡើយ លើកលែងតែជនណាដែលទ្រង់ជ្រើសរើសគេធ្វើជាអ្នកនាំសារប៉ុណ្ណោះ។ ពិតប្រាកដណាស់ ទ្រង់បានចាត់តាំងអ្នកយាម(ទេវតា)នៅខាងមុខ និងនៅខាងក្រោយគេ(អ្នកនាំសារ) ដើម្បីទ្រង់ដឹងថា ពួកគេពិតជាបានផ្ដល់សារនៃព្រះជាម្ចាស់របស់ពួកគេ ហើយទ្រង់ដឹងជ្រួតជ្រាបនូវអ្វីដែលពួកគេមាន ហើយទ្រង់ដឹងនូវចំនួនគ្រប់អ្វីៗទាំងអស់”។ [គម្ពីរគួរអាន ៧២:២៦-២៨] ព្រះអល់ឡោះជាម្ចាស់បានប្រើពួកគាត់ឲ្យផ្សព្វផ្សាយសាររបស់ទ្រង់។ ទ្រង់បានមានបន្ទូលថា៖ “ឱអ្នកនាំសារ(មូហាំម៉ាត់)! ចូរអ្នកផ្សព្វផ្សាយចុះនូវអ្វីដែលគេបានបញ្ចុះឱ្យអ្នកពីព្រះជាម្ចាស់របស់អ្នក។ តែប្រសិនបើអ្នកមិនធ្វើទេនោះ គឺអ្នកមិនបានផ្ដល់សាររបស់ទ្រង់ឡើយ។ ព្រះអល់ឡោះនឹងរក្សាអ្នកពី(ទង្វើអាក្រក់)មនុស្សលោក។ ពិតប្រាកដណាស់ ព្រះអល់ឡោះមិនចង្អុលបង្ហាញចំពោះក្រុមដែលប្រឆាំងឡើយ”។ [គម្ពីរគួរអាន ៥:៦៧] ទ្រង់បានមានបន្ទូលទៀតថា៖ “គឺបណ្ដាអ្នកនាំសារដែលជាអ្នកផ្សព្វផ្សាយដំណឹងរីករាយ និងជាអ្នកដាស់តឿនព្រមាន ដើម្បីកុំឱ្យមនុស្សមានហេតុផលតវ៉ាណាមួយចំពោះព្រះអល់ឡោះបន្ទាប់ពី(ការតែងតាំង)អ្នកនាំសារទាំងនោះ។ ព្រះអល់ឡោះមហាខ្លាំងពូកែ មហាគតិបណ្ឌិត”។ [គម្ពីរគួរអាន ៤:១៦៥]
បណ្តាអ្នកនាំសារទាំងអស់ ពួកគេខ្លាចព្រះអល់ឡោះជាម្ចាស់ខ្លាំងបំផុត។ ដូចនេះ ពួកគេមិនបន្ថែមអ្វីមួយទៅក្នុងសាររបស់ព្រះ ឬកាត់បន្ថយអ្វីមួយដែលមាននៅក្នុងសាររបស់ព្រះជាម្ចាស់នោះឡើយ។ ព្រះអល់ឡោះទ្រង់បានមានបន្ទូលថា៖ “ហើយប្រសិនបើគេ(ព្យាការីមូហាំម៉ាត់)បន្ថែមបន្ថយពាក្យសម្ដីខ្លះលើពាក្យបន្ទូលរបស់យើងនោះ យើងនឹងផ្ដន្ទាទោសគេដោយដៃស្ដាំ។ បន្ទាប់មក យើងពិតជានឹងកាត់សរសៃឈាមបេះដូងរបស់គេជាមិនខាន ហើយគ្មានអ្នកណាម្នាក់ក្នុងចំណោមពួកអ្នកអាចរារាំងវាបានឡើយ”។ [គម្ពីរគួរអាន ៦៩:៤៤] សាសនវិទូអ៊ីស្លាម លោក អ៊ិពនូកាសៀរ(សូមព្រះអល់ឡោះប្រទាននូវក្តីមេត្តាដល់គាត់)បាននិយាយថា៖ “ព្រះអល់ឡោះបានមានបន្ទូលថា៖ “ប្រសិនបើគេបន្ថែមបន្ថយពាក្យសម្តីខ្លះលើពាក្យបន្ទូលរបស់យើង” ពោលគឺ ប្រសិនបើព្យាការីមូហាំម៉ាត់(សូមសន្តិភាពកើតមានដល់លោក)អះអាងដោយចោទប្រកាន់មកលើយើង ដោយបន្ថែមអ្វីមួយទៅក្នុងសាររបស់យើង ឬកាត់បន្ថយអ្វីមួយអំពីសាររបស់យើង ឬក៏គេនិយាយពាក្យសម្តីណាមួយចេញពីមាត់របស់គេផ្ទាល់ រួចគេនិយាយថា វាមកអំពីយើងនោះ យើងប្រាកដជានឹងដាក់ទណ្ឌកម្មទៅលើគេជាមិនខាន(ប៉ុន្តែជាក់ស្តែង មិនមានរឿងដូចនេះកើតឡើងនោះឡើយ)។ ដូចនេះហើយទើបព្រះអល់ឡោះបានមានបន្ទូលបន្តថា៖ “យើងប្រាកដជានឹងផ្តន្ទាទោសគេដោយដៃស្តាំ”។ មានគេបកស្រាយថា៖ អត្ថន័យរបស់វា គឺយើងប្រាកដជានឹងផ្តន្ទាទោសគេដោយដៃស្តាំរបស់យើង ពីព្រោះវាគឺជាការដាក់ទណ្ឌកម្មដែលធ្ងន់ធ្ងរបំផុត។ ហើយក៏មានគេបកស្រាយដែរថា៖ យើងប្រាកដជានឹងផ្តន្ទាទោសគេដោយដៃស្តាំរបស់យើង។ ទ្រង់បានមានបន្ទូលទៀតថា៖ “ហើយ(ចូរចងចាំ)នៅពេលដែលព្រះអល់ឡោះបានសួរថា៖ ឱអ៊ីសាកូនម៉ារយ៉ាំ(យេស៊ូ បុត្រនាង ម៉ារី)! តើអ្នកឬដែលបាននិយាយទៅកាន់មនុស្សលោកថា៖ ចូរពួកអ្នកយកខ្ញុំ និងម្ដាយរបស់ខ្ញុំធ្វើជាម្ចាស់ពីរ ក្រៅពីព្រះអល់ឡោះនោះ? គាត់បានឆ្លើយថា៖ ទ្រង់មហាស្អាតស្អំ! មិនសក្ដិសមឡើយសម្រាប់ខ្ញុំក្នុងការនិយាយនូវអ្វីដែលពុំមែនជាការពិតសម្រាប់ខ្ញុំនោះ។ ប្រសិនបើខ្ញុំបាននិយាយបែបនេះមែន ទ្រង់ប្រាកដជាបានជ្រាបវាជាមិនខាន។ ទ្រង់ជ្រាបនូវអ្វីដែលមាននៅក្នុងខ្លួនខ្ញុំ តែខ្ញុំមិនអាចដឹងនូវអ្វីដែលមាននៅក្នុងខ្លួនទ្រង់ឡើយ។ ពិតប្រាកដណាស់ ទ្រង់តែមួយគត់មហាដឹងនូវប្រការអាថ៌កំបាំងទាំងឡាយ។ ខ្ញុំមិនបាននិយាយទៅកាន់ពួកគេក្រៅពីអ្វីដែលទ្រង់បានប្រើខ្ញុំឱ្យនិយាយនោះឡើយ គឺចូរពួកអ្នកគោរពសក្ការៈចំពោះព្រះអល់ឡោះជាព្រះជាម្ចាស់របស់ខ្ញុំនិងជាព្រះជាម្ចាស់របស់ពួកអ្នក។ ហើយខ្ញុំជាសាក្សីលើពួកគេដរាបណាខ្ញុំនៅក្នុងចំណោមពួកគេ។ តែនៅពេលដែលទ្រង់បានបពា្ចប់ជីវិតរបស់ខ្ញុំ ទ្រង់ជាអ្នកឃ្លាំមើលទៅលើពួកគេ។ ហើយទ្រង់ជាសាក្សីលើអ្វីៗទាំងអស់”។ [គម្ពីរគួរអាន ៥:១១៦-១១៧]
ក្នុងចំណោមភាពសប្បុរសរបស់ព្រះអល់ឡោះជាម្ចាស់ចំពោះបណ្តាព្យាការី និងអ្នកនាំសារទាំងឡាយរបស់ទ្រង់នោះ គឺទ្រង់ប្រទានផលបុណ្យដល់ពួកគេចំពោះការដែលពួកគេផ្សព្វផ្សាយសាររបស់ទ្រង់។ ព្រះអល់ឡោះជាម្ចាស់ទ្រង់បានមានបន្ទូលថា៖ “ពិតប្រាកដណាស់ ខ្ញុំសុំពីព្រះអល់ឡោះឱ្យជួយធ្វើសាក្សីដល់ខ្ញុំ ហើយពួកអ្នកក៏ត្រូវធ្វើសាក្សីដែរថា ខ្ញុំពិតជាមិនពាក់ព័ន្ធនឹងអ្វីដែលពួកអ្នកយកមកធ្វើជាព្រះផេ្សងពីទ្រង់ឡើយ។ ដូចេ្នះ ចូរពួកអ្នកទាំងអស់រៀបចំផែនការប្រឆាំងនឹងខ្ញុំចុះ ហើយពួកអ្នកកុំពន្យារពេលដល់ខ្ញុំឲ្យសោះ។ ពិតប្រាកដណាស់ ខ្ញុំប្រគល់ការទុកចិត្ដលើព្រះអល់ឡោះដែលជាព្រះជាម្ចាស់របស់ខ្ញុំ និងជាព្រះជាម្ចាស់របស់ពួកអ្នក។ គ្មានសត្វលោកណាមានចលនាឡើយ លើកលែងតែទ្រង់ជាអ្នកគ្រប់គ្រងវាប៉ុណ្ណោះ។ ពិតប្រាកដណាស់ ព្រះជាម្ចាស់របស់ខ្ញុំ គឺស្ថិតលើមាគ៌ាដែលត្រឹមត្រូវ”។ [គម្ពីរគួរអាន ១១:៥៤-៥៦] ទ្រង់បានមានបន្ទូលទៀតថា៖ “ហើយពិតប្រាកដណាស់ ពួកគេ(ពួកពហុទេពនិយម)ស្ទើរតែធើ្វឱ្យអ្នក(ព្យាការីមូហាំម៉ាត់)ឃ្លាតឆ្ងាយពីអ្វីដែលយើងបានបញ្ចុះឱ្យអ្នក(ព្រះគម្ពីរគួរអាន)ដើម្បីឱ្យអ្នកប្រឌិតអ្វីផេ្សងមកកុហកលើយើងទៅហើយ។ តែបើដូច្នោះមែន ពួកគេពិតជាយកអ្នកធ្វើជាមិត្ដសម្លាញ់ជាមិនខាន។ “ហើយពិតប្រាកដណាស់ ពួកគេ(ពួកពហុទេពនិយម)ស្ទើរតែធើ្វឱ្យអ្នក(ព្យាការីមូហាំម៉ាត់)ឃ្លាតឆ្ងាយពីអ្វីដែលយើងបានបញ្ចុះឱ្យអ្នក(ព្រះគម្ពីរគួរអាន)ដើម្បីឱ្យអ្នកប្រឌិតអ្វីផេ្សងមកកុហកលើយើងទៅហើយ។ តែបើដូច្នោះមែន ពួកគេពិតជាយកអ្នកធ្វើជាមិត្ដសម្លាញ់ជាមិនខាន។ ប្រសិនបើអ្នកទោរទន់តាមពួកគេមែននោះ យើងនឹងឱ្យអ្នកភ្លក្ស(ទណ្ឌកម្ម)ទេ្វដងនៃការរស់នៅ(ក្នុងលោកិយ) និងទេ្វដងក្រោយពីស្លាប់។ បន្ទាប់មក អ្នកគ្មានអ្នកណាជួយអ្នកប្រឆាំងនឹងយើងឡើយ”។ [គម្ពីរគួរអាន ១៧:៧៣] បណ្តាវាក្យខណ្ឌទាំងនេះ និងវាក្យខណ្ឌដែលមានពីមុនមក គឺជាភស្តុតាងដ៏ច្បាស់លាស់ដែលបង្ហាញថា ជាការពិតណាស់ ព្រះគម្ពីរគួរអាន គឺពិតជាត្រូវបានបញ្ចុះមកពីព្រះជាម្ចាស់ដែលគ្រប់គ្រងពិភពទាំងអស់ ពីព្រោះប្រសិនបើព្រះគម្ពីរគួរអាននេះ មកពីព្យាការីមូហាំម៉ាត់(ព្យាការីមូហាំម៉ាត់ជាអ្នកនិពន្ធព្រះគម្ពីរគួរអានដោយខ្លួនឯង)មែននោះ ប្រាកដជាពុំមានវាក្យខណ្ឌដែលព្រមានចំពោះគាត់ខ្លួនឯងបែបនេះនោះឡើយ។
ហើយព្រះអល់ឡោះជាម្ចាស់ទ្រង់ការពារបណ្តាអ្នកនាំសារទាំងឡាយរបស់ទ្រង់ពីមនុស្សលោក។ ទ្រង់បានមានបន្ទូលថា៖ “ឱអ្នកនាំសារ(មូហាំម៉ាត់)! ចូរអ្នកផ្ដល់នូវអ្វីដែលគេបានបញ្ចុះឱ្យអ្នកពីព្រះជាម្ចាស់របស់អ្នក។ តែប្រសិនបើអ្នកមិនធ្វើទេនោះ គឺអ្នកមិនបានផ្ដល់សាររបស់ទ្រង់ឡើយ។ ហើយព្រះអល់ឡោះនឹងរក្សាអ្នកពី(ទង្វើអាក្រក់របស់)មនុស្សលោក។ ពិតប្រាកដណាស់ ព្រះអល់ឡោះមិនចង្អុលបង្ហាញចំពោះក្រុមដែលប្រឆាំងឡើយ”។ [គម្ពីរគួរអាន ៥:៦៧] ទ្រង់បានមានបន្ទូលទៀតថា៖ “ចូរអ្នក(មូហាំម៉ាត់)និទានប្រាប់ពួកគេអំពីប្រវត្ដិរបស់នួហ នៅពេលដែលគាត់បានពោលទៅកាន់ក្រុមរបស់គាត់ថា៖ ឱក្រុមរបស់ខ្ញុំ! ប្រសិនបើការរស់នៅរបស់ខ្ញុំ និងការក្រើនរំលឹករបស់ខ្ញុំតាមរយៈភស្ដុតាងនានារបស់ព្រះអល់ឡោះមានភាពធ្ងន់ធ្ងរសម្រាប់ពួកអ្នកនោះ ដូចេ្នះ ចំពោះព្រះអល់ឡោះតែមួយគត់ដែលខ្ញុំប្រគល់ការទុកចិត្ដ។ ហេតុនេះ ចូរពួកអ្នកប្រមូលល្បិចកលរបស់ពួកអ្នកនិងព្រះរបស់ពួកអ្នកមក។ បន្ទាប់មក កុំឱ្យល្បិចកលរបស់ពួកអ្នកក្លាយជារឿងអាថ៌កំបាំងចំពោះពួកអ្នកឱ្យសោះ(ធ្វើដោយចំហ)។ ក្រោយមក ចូរពួកអ្នកដាក់ទោសខ្ញុំ ហើយពួកអ្នកកុំពន្យារពេលឱ្យខ្ញុំឱ្យសោះ”។ [គម្ពីរគួរអាន ១០:៧១] ហើយព្រះអល់ឡោះជាម្ចាស់ទ្រង់បានមានបន្ទូលប្រាប់ពីសម្តីរបស់ព្យាការីមូសាថា៖ “គេទាំងពីរបានពោលទៅកាន់ទ្រង់ថា៖ បពិត្រព្រះជាម្ចាស់នៃយើងខ្ញុំ! ពិតប្រាកដណាស់ យើងខ្ញុំខ្លាចគេ(ហ្វៀរអោន)ដាក់ទណ្ឌកម្ម ឬបំពានមកលើយើងខ្ញុំភ្លាមៗ។ ទ្រង់បានមានបន្ទូលថា៖ ចូរអ្នកទាំងពីរកុំភ័យខ្លាចឱ្យសោះ។ ពិតប្រាកដណាស់ យើងសិ្ថតនៅជាមួយអ្នកទាំងពីរ ដោយយើងឮ និងឃើញ(រាល់សកម្មភាពរបស់អ្នកទាំងពីរ)”។ [គម្ពីរគួរអាន ២០:៤៥-៤៦] ជាការពិតណាស់ ព្រះអល់ឡោះជាម្ចាស់ទ្រង់បានបញ្ជាក់ថា ពិតប្រាកដណាស់ ទ្រង់គឺជាអ្នកការពារបណ្តាអ្នកនាំសារទាំងឡាយរបស់ទ្រង់ពីសត្រូវរបស់ពួកគេ។ ដូច្នេះ គ្មានប្រការអាក្រក់ណាមួយអាចកើតមានឡើងចំពោះពួកគាត់នោះឡើយ ហើយទ្រង់បានប្រាប់ទៀតថា ពិតប្រាកដណាស់ ទ្រង់ការពារសាររបស់ទ្រង់ ដោយគេមិនអាចបន្ថែមអ្វីមួយទៅក្នុងវា ឬកាត់បន្ថយអ្វីមួយដែលមាននៅក្នុងវាបានឡើយ។ ព្រះអល់ឡោះជាម្ចាស់ទ្រង់បានមានបន្ទូលថា៖ “ពិតប្រាកដណាស់ យើងបានបញ្ចុះព្រះគម្ពីរគួរអាន ហើយពិតប្រាកដណាស់ យើងជាអ្នកថែរក្សាវា”។ [គម្ពីរគួរអាន ១៥:៩]
បណ្តាព្យាការីទាំងឡាយ គឺត្រូវបានគេការពារអំពីរាល់ប្រការទាំងឡាយណាដែលផ្ទុយពីវិចារណញាណរបស់មនុស្ស ឬផ្ទុយនឹងចរិតលក្ខណៈដ៏ល្អប្រពៃ។ ព្រះអល់ឡោះជាម្ចាស់ទ្រង់បានមានបន្ទូលបញ្ជាក់ពីភាពស្អាតស្អំរបស់ព្យាការីរបស់ទ្រង់ មូហាំម៉ាត់(សូមសន្តិភាពកើតមានដល់លោក)ថា៖ “ហើយពិតប្រាកដណាស់ អ្នក(ព្យាការីមូហាំម៉ាត់)មានអត្ដចរិតដ៏ប្រពៃបំផុត”។ [គម្ពីរគួរអាន ៦៨:៤] ទ្រង់បានមានបន្ទូលអំពីលោកទៀតថា៖ “ហើយមិត្ដរបស់ពួកអ្នកមិនមែនជាមនុស្សវិកលចរិតឡើយ”។ [គម្ពីរគួរអាន ៨១:២២] នោះគឺដើម្បីឲ្យពួកគាត់អាចបំពេញភារកិច្ចនៃការផ្តល់សាររបស់ព្រះអល់ឡោះទៅកាន់មនុស្សលោកបានយ៉ាងល្អ។ ហើយបណ្តាព្យាការីទាំងឡាយ ពួកគាត់គឺជាអ្នកដែលមានភារកិច្ចផ្សព្វផ្សាយនូវបទបញ្ជាទាំងឡាយរបស់ព្រះអល់ឡោះទៅកាន់ខ្ញុំបម្រើរបស់ទ្រង់ ដោយពួកគាត់ពុំមានលក្ខណៈពិសេសណាមួយជាព្រះជាម្ចាស់ដែលជាអ្នកបង្កើត ឬជាព្រះដែលត្រូវគេគោរពសក្ការៈនោះទេ។ ផ្ទុយទៅវិញ ពួកគាត់គឺជាមនុស្សលោកធម្មតាដូចមនុស្សលោកទូទៅដែរ គ្រាន់តែព្រះអល់ឡោះជាម្ចាស់បានផ្តល់ទៅកាន់ពួកគាត់នូវសាររបស់ទ្រង់ប៉ុណ្ណោះ។ ព្រះអល់ឡោះជាម្ចាស់ទ្រង់បានមានបន្ទូលថា៖ “បណ្ដាអ្នកនាំសាររបស់ពួកគេបានតបនឹងពួកគេវិញថា៖ ពួកយើងគ្រាន់តែជាមនុស្សលោកធម្មតាដូចពួកអ្នកដែរ ប៉ុន្ដែព្រះអល់ឡោះទ្រង់លើកតម្កើងចំពោះជនណាដែលទ្រង់មានចេតនាក្នុងចំណោមបណ្ដាខ្ញុំរបស់ទ្រង់។ ហើយសម្រាប់ពួកយើងមិនអាចផ្ដល់ឱ្យពួកអ្នកនូវភស្ដុតាងណាមួយបានឡើយ លុះត្រាតែមានការអនុញ្ញាតពីព្រះអល់ឡោះ។ ហើយបណ្ដាអ្នកដែលមានជំនឿត្រូវប្រគល់ការទុកចិត្ដចំពោះព្រះអល់ឡោះតែមួយគត់”។ [គម្ពីរគួរអាន ១៤:១១] ហើយទ្រង់បានមានបន្ទូលទៅកាន់អ្នកនាំសាររបស់ទ្រង់ ព្យាការីមូហាំម៉ាត់ ឲ្យពោលទៅកាន់ក្រុមរបស់លោកថា៖ “ចូរអ្នកពោលថា៖ តាមពិត ខ្ញុំជាមនុស្សលោកដូចពួកអ្នកដែរ គ្រាន់តែគេបានផ្ដល់សារមកកាន់ខ្ញុំថា៖ ពិតប្រាកដណាស់ ព្រះជាម្ចាស់របស់ពួកអ្នក គឺជាព្រះជាម្ចាស់តែមួយគត់។ ដូចេ្នះ ជនណាហើយដែលសង្ឃឹមថា នឹងបានជួបព្រះជាម្ចាស់របស់ខ្លួន ចូរឱ្យគេសាងអំពើណាដែលល្អ ហើយកុំឱ្យគេយកអ្នកណាម្នាក់ធ្វើជាដៃគូក្នុងការគោរពសក្ការៈចំពោះព្រះជាម្ចាស់របស់ខ្លួនឱ្យសោះ”។ [គម្ពីរគួរអាន ១៨:១១០]
២៣. សាសនាអ៊ីស្លាមអំពាវនាវទៅកាន់ការគោរពសក្ការៈចំពោះព្រះអល់ឡោះជាម្ចាស់តែមួយគត់តាមរយៈគោលគ្រឹះនៃការគោរពសក្ការៈដ៏ចម្បងជាងគេ ដែលរួមមាន៖ ការប្រតិបត្តិសឡាត(ថ្វាយបង្គំ) ដែលវា គឺជាការឈរ ឱនរូកុ ក្រាបស៊ូជោត រំលឹកចំពោះព្រះអល់ឡោះ ថ្លែងសរសើរចំពោះទ្រង់ និងបួងសួងសុំពីទ្រង់ ដែលអ្នកអ៊ីស្លាមប្រតិបត្តិវាចំនួនប្រាំដងក្នុងមួយថ្ងៃមួយយប់។ ការសឡាត ឬការថ្វាយបង្គំ គឺបំបាត់នូវភាពខុសគ្នារវាងអ្នកមាននិងអ្នកក្រ និងរវាងមេដឹកនាំនិងកូនចៅ ដោយនៅក្នុងពេលសឡាត គេឈរក្នុងជួរតែមួយដូចគ្នា។ ការបរិច្ចាគហ្សាកាត់ វាគឺជាបរិមាណកំណត់ជាក់លាក់មួយនៃទ្រព្យសម្បត្តិ(ស្របទៅតាមលក្ខខណ្ឌ និងបរិមាណជាក់លាក់ដែលព្រះអល់ឡោះបានកំណត់)ដែលចាំបាច់ចំពោះទ្រព្យសម្បត្តិរបស់អ្នកមានត្រូវបរិច្ចាគទៅឲ្យអ្នកក្រីក្រ និងអ្នកផ្សេងទៀតក្រៅពីពួកគេ ដោយត្រូវបរិច្ចាគតែមួយដងប៉ុណ្ណោះក្នុងមួយឆ្នាំ។ ការបួស ដែលវាគឺជាការតម ឬអត់ទ្រាំពីប្រការទាំងឡាយដែលនាំឲ្យខូចបួសនៅក្នុងពេលថ្ងៃនៃខែរ៉ម៉ាឌន ដែលវាបង្រៀនខ្លួនរបស់គេឲ្យចេះគ្រប់គ្រង និងចេះអត់ធ្មត់។ ការធ្វើធម្មយាត្រាហាជ្ជី ដែលវាគឺជាគោលបំណងឆ្ពោះទៅកាន់ពៃតុលឡោះនៅទីក្រុងម៉ាក្កះ(ប្រទេសអារ៉ាប៊ីសាអ៊ូឌីត)យ៉ាងហោចណាស់មួយដងក្នុងជីវិតចំពោះអ្នកដែលមានលទ្ធភាព។
សាសនាអ៊ីស្លាម អំពាវនាវទៅកាន់ការគោរពសក្ការៈចំពោះព្រះអល់ឡោះជាម្ចាស់តែមួយគត់តាមរយៈគោលគ្រឹះនៃការគោរពសក្ការៈដ៏ចម្បងជាងគេ ក៏ដូចជាការគោរពសក្ការៈផ្សេងៗទៀត ហើយការគោរពសក្ការៈដ៏ធំធេងទាំងនេះ គឺព្រះអល់ឡោះជាម្ចាស់ទ្រង់បានដាក់កាតព្វកិច្ចលើរាល់ៗបណ្តាព្យាការី និងបណ្តាអ្នកនាំសារទាំងអស់ ហើយដែលការគោរពសក្ការៈដ៏ចម្បងជាងគេនោះគឺ ៖
ទីមួយ៖ ការប្រតិបត្តិសឡាត(ថ្វាយបង្គំ)ដែលព្រះអល់ឡោះបានដាក់កាតព្វកិច្ចមកលើជនមូស្លីមទាំងអស់ ដូចដែលទ្រង់បានដាក់កាតព្វកិច្ចទៅលើបណ្តាព្យាការី និងបណ្តាអ្នកនាំសារទាំងអស់ដែរ។ ព្រះអល់ឡោះទ្រង់បានបង្គាប់ប្រើព្យាការីរបស់ទ្រង់ គឺព្យាការីអ៊ីព្រហ៊ីម ឲ្យសម្អាតគេហដ្ឋានរបស់ទ្រង់(ពៃតុលឡោះ)សម្រាប់អ្នកដែលតវ៉ាហ្វ(ប្រទក្សិណ) និងអ្នកដែលមកប្រតិបត្តិសឡាតដែលពួកគេឱនរូកុ និងក្រាបស៊ូជោត។ ទ្រង់បានមានបន្ទូលថា៖ “ហើយ(ចូរចងចាំ)នៅពេលដែលយើងបានបង្កើតកាក់ហ្ពះជាទីកន្លែងជួបជុំសម្រាប់មនុស្សលោក និងជាកន្លែងមានសុវត្ថិភាព។ ហើយចូរពួកអ្នកយកម៉ាកមអ៊ីព្រហ៊ីមជាកន្លែងសឡាត ហើយយើងបានបញ្ជាចំពោះអ៊ីព្រហ៊ីមនិងអ៊ីស្មាអែលថា៖ ចូរអ្នកទាំងពីរសម្អាតកាក់ហ្ពះរបស់យើងសម្រាប់បណ្ដាអ្នកតវ៉ាហ្វ(ប្រទក្សិណ) បណ្ដាអ្នកអៀកទីកាហ្វ និងបណ្ដាអ្នកដែលឱនរូកុ ក្រាបស៊ូជោតទាំងឡាយ”។ [គម្ពីរគួរអាន ២:១២៥] ព្រះអល់ឡោះជាម្ចាស់ទ្រង់បានដាក់កាតព្វកិច្ចសឡាត ឬការថ្វាយបង្គំនេះទៅលើព្យាការីមូសា(ម៉ូសេ)នៅក្នុងពេលដែលទ្រង់បានហៅព្យាការីមូសាជាលើកដំបូង ដោយទ្រង់បានមានបន្ទូលថា៖ “ពិតប្រាកដណាស់ យើងគឺជាព្រះជាម្ចាស់របស់អ្នក! ដូចេ្នះ ចូរអ្នកដោះស្បែកជើងទាំងពីររបស់អ្នកចេញ។ ពិតប្រាកដណាស់ អ្នកស្ថិតក្នុងជ្រលងទូវ៉ាដ៏ពិសិដ្ឋ។ ហើយយើងបានជ្រើសរើសអ្នក(ដើម្បីទៅអំពាវនាវហ្វៀរអោន)។ ដូចេ្នះ ចូរអ្នកស្ដាប់នូវអ្វីដែលគេនឹងផ្ដល់សារចុះ។ ចុះ។ ពិតប្រាកដណាស់ យើងគឺជាព្រះអល់ឡោះដែលគ្មានព្រះណាផេ្សងត្រូវគេគោរពសក្ការៈពិតប្រាកដក្រៅពីយើងឡើយ។ ដូចេ្នះ ចូរអ្នកគោរពសក្ការៈមកចំពោះយើង និងត្រូវប្រតិបត្ដិសឡាតដើម្បីជាការរំលឹកដល់យើង”។ [គម្ពីរគួរអាន ២០:១២-១៤] ហើយព្យាការីអ៊ីសា(យេស៊ូ)គាត់ក៏បានប្រាប់ផងដែរថា ពិតណាស់ ព្រះអល់ឡោះជាម្ចាស់ទ្រង់បានប្រើគាត់ឲ្យប្រតិបត្តិសឡាត(ថ្វាយបង្គំ) និងបរិច្ចាគហ្សាកាត់ ដោយគាត់បាននិយាយដូចដែលព្រះអល់ឡោះទ្រង់បានមានបន្ទូលថា៖ “ហើយទ្រង់បានប្រទានពរជ័យដល់ខ្ញុំគ្រប់ទីកន្លែងដែលខ្ញុំមានវត្ដមាន ហើយទ្រង់បានផ្ដែផ្ដាំខ្ញុំឱ្យប្រតិបត្ដិសឡាត និងបរិច្ចាគហ្សាកាត់ ដរាបណាខ្ញុំនៅមានជីវិត”។ [គម្ពីរគួរអាន ១៩:៣១] ការប្រតិបត្តិសឡាត ឬការថ្វាយបង្គំនៅក្នុងសាសនាអ៊ីស្លាម វាគឺជាការឈរ ឱនរូកុ ក្រាបស៊ូជោត រំលឹកចំពោះព្រះអល់ឡោះ ថ្លែងសរសើរចំពោះទ្រង់ និងបួងសួងសុំពីទ្រង់ ដែលអ្នកអ៊ីស្លាមប្រតិបត្តិវាចំនួនប្រាំដងក្នុងមួយថ្ងៃមួយយប់។ ព្រះអល់ឡោះជាម្ចាស់ទ្រង់បានមានបន្ទូលថា៖ “ចូរពួកអ្នកថែរក្សាសឡាតទាំងប្រាំពេល ជាពិសេសសឡាតអាសើរ(ថ្វាយបង្គំពេលរសៀល)។ ហើយចូរពួកអ្នកប្រតិបតិ្ដសឡាតដោយការឱនលំទោនចំពោះព្រះអល់ឡោះ”។ [គម្ពីរគួរអាន ២:២៣៨] ទ្រង់បានមានបន្ទូលទៀតថា៖ “ចូរអ្នកប្រតិបត្ដិសឡាតចាប់ពីថ្ងៃជេ្រ រហូតដល់យប់(ហ៊្សូហូរ អាសើរ ម៉ាហ្គ្រិប និងអ៊ីស្ហា) និងសឡាតស៊ូពុស ។ ពិតប្រាកដណាស់ ការសឡាតស៊ូពុសគឺត្រូវបានគេ(ទេវតាទាំងឡាយ)ធ្វើជាសាក្សី”។ [គម្ពីរគួរអាន ១៧:៧៨] ព្យាការីមូហាំម៉ាត់(សូមសន្តិភាពកើតមានដល់លោក)បានមានប្រសាសន៍ថា៖ “រីឯនៅក្នុងពេលឱនរូកុ ចូរពួកអ្នកលើកតម្កើងទៅចំពោះព្រះអល់ឡោះ។ ចំណែកឯនៅក្នុងពេលក្រាបស៊ូជោត ចូរពួកអ្នកប្រឹងប្រែងបួងសួងសុំ ព្រោះវាងាយនឹងគេទទួលយក”។ [មូស្លីម]
ទីពីរ៖ ការបរិច្ចាគហ្សាកាត់ដែលព្រះអល់ឡោះបានដាក់កាតព្វកិច្ចលើជនមូស្លីមគ្រប់រូប ដូចដែលទ្រង់បានដាក់កាតព្វកិច្ចទៅលើបណ្តាព្យាការី និងបណ្តាអ្នកនាំសារជំនាន់មុនៗដែរ ដែលវាគឺជាបរិមាណកំណត់ជាក់លាក់មួយនៃទ្រព្យសម្បត្តិ(ស្របទៅតាមលក្ខខណ្ឌ និងបរិមាណជាក់លាក់ដែលព្រះអល់ឡោះបានកំណត់)ជាកាតព្វកិច្ចចាំបាច់នៅក្នុងទ្រព្យសម្បត្តិរបស់អ្នកមាន ដោយគេត្រូវបរិច្ចាគទៅឲ្យអ្នកក្រីក្រ និងអ្នកផ្សេងទៀតក្រៅពីពួកគេ ដែលកាតព្វកិច្ចត្រូវបរិច្ចាគតែមួយដងប៉ុណ្ណោះក្នុងមួយឆ្នាំ។ ព្រះអល់ឡោះជាម្ចាស់ទ្រង់បានមានបន្ទូលថា៖ “ចូរអ្នក(មូហាំម៉ាត់)យកការបរិច្ចាគពីទ្រព្យសម្បត្ដិរបស់ពួកគេមួយចំនួនដើម្បីជម្រះនិងសម្អាត(បាបកម្ម)ពួកគេដោយការបរិច្ចាគនេះចុះ ហើយអ្នកត្រូវបួងសួងសុំឱ្យពួកគេផង។ ពិតប្រាកដណាស់ ការបួងសួងសុំរបស់អ្នកជាការស្ងប់ចិត្ដសម្រាប់ពួកគេ។ ហើយព្រះអល់ឡោះមហាឮ មហាដឹង”។ [គម្ពីរគួរអាន ៩:១០៣] នៅពេលដែលព្យាការី(សូមសន្តិភាពកើតមានដល់លោក)បញ្ជូនលោកមូអាសទៅកាន់ប្រទេសយេមែន(ដើម្បីអំពាវនាវពួកគេ) ខណៈនោះលោកបានមានប្រសាសន៍ថា៖ “ពិតណាស់ អ្នកនឹងទៅដល់ពួកគម្ពីរជនមួយក្រុម ។ ហេតុនេះ ចូរអ្នកអំពាវនាវពួកគេឲ្យធ្វើសាក្សីទទួលស្គាល់ថា គ្មានទេព្រះជាម្ចាស់ដែលត្រូវគោរពសក្ការៈដ៏ត្រឹមត្រូវ មានតែព្រះអល់ឡោះ ហើយខ្ញុំគឺជាអ្នកនាំសាររបស់ព្រះអល់ឡោះ។ ប្រសិនបើពួកគេប្រតិបត្តិដូច្នោះតាមអ្នកហើយ អ្នកត្រូវប្រាប់ពួកគេថា ព្រះអល់ឡោះទ្រង់បានដាក់កាតព្វកិច្ចលើពួកគេឲ្យប្រតិបត្តិសឡាត(ថ្វាយបង្គំ)ប្រាំពេលក្នុងមួយថ្ងៃមួយយប់។ ប្រសិនបើពួកគេប្រតិបត្តិដូច្នោះតាមអ្នកហើយ អ្នកត្រូវប្រាប់ពួកគេថា ព្រះអល់ឡោះបានដាក់កាតព្វកិច្ចលើពួកគេឲ្យបរិច្ចាគហ្សាកាត់ដោយយក(ទ្រព្យ)ពីអ្នកមាននិងត្រឡប់ទៅឲ្យអ្នកក្រីក្រនៃពួកគេវិញ។ ប្រសិនបើពួកគេប្រតិបត្តិដូច្នោះតាមអ្នកហើយ អ្នកត្រូវប្រុងប្រយ័ត្នកុំយកទ្រព្យសម្បត្តិពួកគេដែលល្អជាងគេ(ពេលដកហូតហ្សាកាត់) ហើយអ្នកត្រូវប្រុងប្រយ័ត្នចំពោះការបួងសួងរបស់អ្នកដែលត្រូវគេបំពានលើ ព្រោះគ្មានអ្វីរារាំងវាពីព្រះអល់ឡោះឡើយ(ស័ក្តិសិទ្ធិបំផុត)”។ [អាត់តៀរមីហ្ស៊ី:៦២៥]
ទីបី៖ ការបួសដែលព្រះអល់ឡោះជាម្ចស់ទ្រង់បានដាក់កាតព្វកិច្ចមកលើជនមូស្លីម ដូចដែលទ្រង់បានដាក់កាតព្វកិច្ចទៅលើបណ្តាព្យាការីនិងបណ្តាអ្នកនាំសារជំនាន់មុនៗដែរ។ ទ្រង់បានមានបន្ទូលថា៖ “ឱបណ្ដាអ្នកដែលមានជំនឿ! ព្រះអល់ឡោះបានដាក់កាតព្វកិច្ចបួសមកលើពួកអ្នកដូចដែលទ្រង់បានដាក់កាតព្វកិច្ចទៅលើបណ្តាអ្នកជំនាន់មុនៗដែរ ដើម្បីឱ្យពួកអ្នកកោតខ្លាចព្រះអល់ឡោះ”។ [គម្ពីរគួរអាន ២:១៨៣] ការបួសនោះ គឺជាការតមឬអត់ទ្រាំពីប្រការទាំងឡាយដែលនាំឲ្យខូចបួសនៅក្នុងពេលថ្ងៃនៃខែរ៉ម៉ាឌន ដែលវាបង្រៀនខ្លួនរបស់គេឲ្យចេះគ្រប់គ្រង និងចេះអត់ធ្មត់។ ព្យាការីមូហាំម៉ាត់(សូមសន្តិភាពកើតមានដល់លោក)បានមានប្រសាសន៍ថា៖ “ព្រះអល់ឡោះជាម្ចាស់ទ្រង់បានមានបន្ទូលថា៖ ការបួស វាគឺសម្រាប់យើង ហើយយើងគឺជាអ្នកតបស្នងផលបុណ្យដោយផ្ទាល់។ គេបានបោះបង់ចំណង់តណ្ហា ការទទួលទាន និងការផឹករបស់គេដើម្បីយើង។ ហើយការបួស គឺជារនាំង(ការពារពីភ្លើងនរក)។ សម្រាប់អ្នកបួសនឹងទទួលបានភាពរីករាយពីរដង គឺភាពរីករាយម្ដងនៅពេលស្រាយបួស និងភាពរីករាយម្ដងទៀតនៅពេលជួបនឹងព្រះជាម្ចាស់របស់គេ”។ [អាល់ពូខរី:៧៤៩២]
ទីបួន៖ ការធ្វើធម្មយាត្រាហាជ្ជីដែលព្រះអល់ឡោះបានដាក់កាតព្វកិច្ចមកលើជនមូស្លីមទូទៅ ដូចដែលទ្រង់បានដាក់កាតព្វកិច្ចទៅលើបណ្តាព្យាការី និងបណ្តាអ្នកនាំសារជំនាន់មុនៗដែរ។ ព្រះអល់ឡោះជាម្ចាស់បានមានបន្ទូលបង្គាប់ប្រើឲ្យព្យាការីរបស់ទ្រង់ អ៊ីព្រហ៊ីម ប្រកាសដល់មនុស្សលោកពីការធ្វើធម្មយាត្រាហាជ្ជីថា៖ “ហើយចូរអ្នកប្រកាសអំពាវនាវដល់មនុស្សលោកអំពីការធ្វើហាជ្ជី។ ពួកគេនឹងមកកាន់អ្នក(តាមការអំពាវនាវ)ដោយថ្មើរជើង និងដោយជិះសត្វអូដ្ឋ ដែលពួកគេនឹងមកពីគ្រប់ច្រកល្ហកដ៏សែនឆ្ងាយ”។ [គម្ពីរគួរអាន ២២:២៧] ហើយទ្រង់បានបង្គាប់ប្រើព្យាការីអ៊ីព្រហ៊ីមឲ្យសម្អាតពៃតុលឡោះសម្រាប់អ្នកដែលមកធ្វើធម្មយាត្រាហាជ្ជី។ ទ្រង់បានមានបន្ទូលថា៖ “ហើយ(ចូរចងចាំ)នៅពេលដែលយើងបានបង្ហាញកន្លែងសាងសង់គេហដ្ឋាន(កាក់ហ្ពះ)ដល់អ៊ីព្រហ៊ីម។ (យើងបានមានបន្ទូលថា៖)ចូរអ្នកកុំប្រព្រឹត្ដអំពើពហុទេពនិយមមកចំពោះយើងឱ្យសោះ ហើយអ្នកត្រូវសម្អាតគេហដ្ឋានរបស់យើងទុកសម្រាប់បណ្ដាអ្នកដែលតវ៉ាហ្វ(ប្រទក្សិណ) បណ្ដាអ្នកដែលឈរ(ថ្វាយបង្គំ) ហើយនិងបណ្ដាអ្នកដែលឱនរូកុ ក្រាបស៊ូជោតទាំងឡាយ”។ [គម្ពីរគួរអាន ២២:២៦]
ការធ្វើហាជ្ជី គឺជាគោលបំណងឆ្ពោះទៅកាន់ពៃតុលឡោះនៅទីក្រុងម៉ាក្កះ(ប្រទេសអារ៉ាប៊ីសាអ៊ូឌីត)ដើម្បីប្រតិបត្តិនូវកិច្ចធម្មយាត្រាដែលគេដឹងជ្រួតជ្រាបចំនួនមួយដងក្នុងជីវិតចំពោះអ្នកដែលមានលទ្ធភាព។ ព្រះអល់ឡោះជាម្ចាស់ទ្រង់បានមានបន្ទូលថា៖ “ហើយព្រះអល់ឡោះបានដាក់កាតព្វកិច្ចលើមនុស្សលោកឱ្យធ្វើធម្មយាត្រាហាជ្ជីនៅឯគេហដ្ឋានរបស់ព្រះអល់ឡោះ(កាក់ហ្ពះ)ចំពោះអ្នកដែលមានលទ្ធភាពទៅដល់។ ហើយជនណាបានបដិសេធ ពិតប្រាកដណាស់ ព្រះអល់ឡោះមិនត្រូវការអ្វីមួយពីពិភពទាំងអស់ឡើយ”។ [គម្ពីរគួរអាន ៣:៩៧] នៅក្នុងពេលធ្វើហាជ្ជី គឺបានប្រមូលផ្តុំអ្នកមូស្លីមដែលជាអ្នកធ្វើហាជ្ជីពីគ្រប់ទីកន្លែងទាំងអស់នៅកន្លែងតែមួយដោយចិត្តជ្រះថ្លាក្នុងការគោរពសក្ការៈចំពោះព្រះអល់ឡោះដែលជាអ្នកបង្កើតពួកគេ ហើយអ្នកដែលធ្វើហាជ្ជីទាំងអស់ ពួកគេប្រតិបត្តិធម្មយាត្រាហាជ្ជីតាមរបៀបតែមួយដែលលុបបំបាត់ចោលនូវភាពខុសគ្នានៃបរិស្ថានសង្គម វប្បធម៌ និងឋានៈនៃការរស់នៅរវាងមនុស្សលោកទាំងអស់។
២៤. ក្នុងចំណោមលក្ខណៈពិសេសដ៏ធំបំផុតមួយនៃការគោរពសក្ការៈនៅក្នុងសាសនាអ៊ីស្លាមនោះគឺ ព្រះអល់ឡោះជាម្ចាស់បានកំណត់យ៉ាងច្បាស់ពីរបៀបរបប ពេលវេលា និងលក្ខខណ្ឌរបស់វា ហើយអ្នកនាំសាររបស់ទ្រង់(សូមសន្តិភាពកើតមានដល់លោក)ជាអ្នកផ្សព្វផ្សាយវា(ទៅកាន់មនុស្សលោក)។ ដូច្នេះ មនុស្សមិនអាចចូលរួមចំណែកបន្ថែមឬបន្ថយអ្វីមួយអំពីវានោះទេ រហូតដល់បច្ចុប្បន្ននេះ។ ហើយបណ្តាព្យាការីទាំងអស់គឺបានអំពាវនាវទៅកាន់ការគោរពសក្ការៈដ៏ធំធេងទាំងនេះ។
ក្នុងចំណោមប្រការដ៏ចម្បងដែលបែងចែកការគោរពសក្ការៈនៅក្នុងសាសនាអ៊ីស្លាមនោះគឺ ពិតប្រាកដណាស់ របៀបរបបរបស់វា ពេលវេលារបស់វា និងលក្ខខណ្ឌរបស់វា គឺព្រះអល់ឡោះជាម្ចាស់ជាអ្នកបញ្ញត្តិច្បាប់មក ហើយអ្នកនាំសាររបស់ទ្រង់(សូមសន្តិភាពកើតមានដល់លោក)ជាអ្នកផ្សព្វផ្សាយវាទៅកាន់មនុស្សលោក ហើយមនុស្សលោកមិនបានចូលរួមចំណែកបន្ថែមឬបន្ថយអ្វីមួយអំពីវានោះទេ រហូតដល់បច្ចុប្បន្ន ហើយការគោរពសក្ការៈដ៏ធំធេងទាំងហើយជាអ្វីដែលបណ្តាព្យាការីទាំងអស់បានអំពាវនាវទៅកាន់។ ព្រះអល់ឡោះជាម្ចាស់ទ្រង់បានមានបន្ទូលថា៖ “ថ្ងៃនេះ យើងបានបំពេញសាសនារបស់ពួកអ្នកឱ្យពួកអ្នក និងបានបង្គ្រប់ឧបការគុណរបស់យើងឱ្យពួកអ្នក ហើយយើងបានជ្រើសរើសសាសនាអ៊ីស្លាមជាសាសនារបស់ពួកអ្នក”។ [គម្ពីរគួរអាន ៥:៣] ទ្រង់បានមានបន្ទូលទៀតថា៖ “ដូចេ្នះ ចូរអ្នកកាន់ឱ្យបានខ្ជាប់ខ្ជួននូវអ្វី(ព្រះគម្ពីរគួរអាន)ដែលគេបានបញ្ចុះមកឱ្យអ្នក។ ពិតប្រាកដណាស់ អ្នកកំពុងស្ថិតនៅលើមាគ៌ាដ៏ត្រឹមត្រូវ”។ [គម្ពីរគួរអាន ៤៣:៤៣] ទ្រង់បានមានបន្ទូលអំពីការសឡាត ឬការថ្វាយបង្គំថា៖ “ហើយនៅពេលដែលពួកអ្នកបំពេញកាតព្វកិច្ចសឡាតរួច ចូរពួកអ្នករំលឹកទៅចំពោះព្រះអល់ឡោះទាំងពេលឈរ ពេលអង្គុយ និងពេលដេករបស់ពួកអ្នក។ ហើយនៅពេលណាដែលពួកអ្នកមានសន្ដិភាពវិញ ចូរពួកអ្នកប្រតិបត្ដិសឡាត(គ្រប់ចំនួនដូចធម្មតា)។ ពិតប្រាកដណាស់ សឡាតជាកាតព្វកិច្ចមួយទៅលើបណ្ដាអ្នកមានជំនឿដែលមានពេលវេលាកំណត់យ៉ាងច្បាស់លាស់”។ [គម្ពីរគួរអាន ៤:១០៣] ទ្រង់បានមានបន្ទូលអំពីការបែងចែកទ្រព្យហ្សាកាត់ថា៖ “តាមពិតការបរិច្ចាគហ្សាកាត់នោះ គឺសម្រាប់តែបណ្ដាអ្នកក្រខ្សត់ បណ្ដាអ្នកក្រ បណ្ដាអ្នកប្រមូលហ្សាកាត់ បណ្ដាអ្នកដែលទើបតែចូលសាសនាអ៊ីស្លាម បណ្ដាអ្នកចង់រំដោះខ្លួនពីទាសករគេ បណ្ដាអ្នកជំពាក់បំណុលគេ និងបណ្ដាអ្នកដែលតស៊ូក្នុងមាគ៌ាព្រះអល់ឡោះ ហើយនិងបណ្ដាអ្នកដែលធ្វើដំណើរដាច់ស្បៀងប៉ុណ្ណោះ។ (ទាំងនេះគឺជា)កាតព្វកិច្ចពីព្រះអល់ឡោះ។ ហើយព្រះអល់ឡោះមហាដឹង មហាគតិបណ្ឌិត”។ [គម្ពីរគួរអាន ៩:៦០] ទ្រង់បានមានបន្ទូលអំពីការបួសថា៖ “ខែរ៉ម៉ាឌន ជាខែដែលព្រះអល់ឡោះបានបញ្ចុះព្រះគម្ពីរគួរអានដើម្បីណែនាំដល់មនុស្សលោក និងបង្ហាញពីមាគ៌ាដែលត្រឹមត្រូវ ព្រមទាំងវិនិច្ឆ័យរវាងខុសនិងត្រូវ។ ហេតុនេះ ជនណាហើយក្នុងចំណោមពួកអ្នកមានវត្ដមាននៅក្នុងខែនេះ ចូរឱ្យគេបួស។ ហើយជនណាដែលមានជំងឺឬធ្វើដំណើរ(អាចផ្អាកបួសបាន) តែត្រូវបួសសងវិញនៅថ្ងៃផេ្សង(តាមចំនួនថ្ងៃដែលបានផ្អាកនោះ)។ ព្រះអល់ឡោះចង់ឱ្យពួកអ្នកងាយស្រួល ហើយទ្រង់មិនចង់ឱ្យពួកអ្នកលំបាកនោះទេ។ ហើយចូរពួកអ្នកបួសបង្គ្រប់ចំនួន(ថ្ងៃនៃខែរ៉ម៉ាឌន)។ ហើយចូរពួកអ្នកលើកតម្កើងព្រះអល់ឡោះ(តឹកពៀរនៅថ្ងៃរ៉យ៉ាហ្វិតរ៉ោះ)ចំពោះអ្វីដែលទ្រង់បានចង្អុលបង្ហាញ ហើយសង្ឃឹមថា ពួកអ្នកថ្លែងអំណរគុណ”។ [គម្ពីរគួរអាន ២:១៨៥] ទ្រង់បានមានបន្ទូលអំពីការធ្វើធម្មយាត្រាហាជ្ជីថា៖ “ពេលវេលាធ្វើហាជ្ជី គឺក្នុងអំឡុងខែដែលត្រូវបានគេដឹងយ៉ាងច្បាស់។ ហើយជនណាដែលបានបំពេញកាតព្វកិច្ចហាជ្ជីក្នុងអំឡុងខែទាំងនេះ គេមិនត្រូវរួមមេត្រី និងមិនត្រូវល្មើសនឹងបទបញ្ជាផេ្សងៗរបស់ព្រះអល់ឡោះ ហើយមិនត្រូវឈ្លោះប្រកែកគ្នាក្នុងពេលកំពុងធ្វើហាជ្ជីឡើយ។ ហើយអំពើល្អណាមួយដែលពួកអ្នកសាង គឺព្រះអល់ឡោះដឹងទាំងអស់។ ហើយចូរពួកអ្នកនាំស្បៀងអាហារទៅជាមួយផង។ ជាការពិតណាស់ ស្បៀងដ៏ល្អបំផុតនោះ គឺការកោតខ្លាចព្រះអល់ឡោះ។ ហើយចូរពួកអ្នកកោតខ្លាចយើង ឱបញ្ញាជនទាំងឡាយ”។ [គម្ពីរគួរអាន ២:១៩៧] ហើយបណ្តាព្យាការីទាំងអស់សុទ្ធតែបានអំពាវនាវទៅកាន់ការគោរពសក្ការៈដ៏ធំធេងទាំងនេះ។
២៥. អ្នកនាំសាររបស់សាសនាអ៊ីស្លាម គឺព្យាការីមូហាំម៉ាត់ កូនរបស់ អាប់ទុលឡោះ មកពីពូជពង្សរបស់ព្យាការីអ៊ីស្មាអែល កូនប្រុសរបស់ព្យាការីអ៊ីព្រហ៊ីម។ លោកបានប្រសូត្រនៅក្នុងក្រុងម៉ាក្កះ នាឆ្នាំ៥៧១គ.ស ហើយលោកក៏ត្រូវបានគេតែងតាំងជាអ្នកនាំសារនៅទីនេះផងដែរ។ ក្រោយមក លោកបានភៀសខ្លួនទៅកាន់ក្រុងម៉ាទីណះ។ លោកមិនដែលចូលរួមជាមួយក្រុមរបស់លោកក្នុងរឿងដែលពាក់ព័ន្ធនឹងបដិមានិយមនោះទេ ក៏ប៉ុន្តែលោកចូលរួមជាមួយពួកគេចំពោះកិច្ចការណាដែលឧត្តុង្គឧត្តម ល្អប្រពៃ។ សីលធម៌របស់លោក គឺខ្ពង់ខ្ពស់បំផុតតាំងពីមុនពេលដែលគេតាំងតាំងលោកជាអ្នកនាំសារមកម្ល៉េះ រហូតដល់ក្រុមរបស់លោកបានដាក់ងារឲ្យលោកថា “អាល់អាមីន” ដែលមានន័យថា “អ្នកស្មោះត្រង់” ហើយព្រះអល់ឡោះជាម្ចាស់បានតែងតាំងលោកជាអ្នកនាំសារនៅពេលដែលលោកមានអាយុ៤០ឆ្នាំ។ ព្រះអល់ឡោះជាម្ចាស់បានពង្រឹងដល់លោកតាមរយៈសញ្ញាភស្តុតាង និងអច្ឆរិយភាពដ៏ធំធេងជាច្រើន ហើយអច្ឆរិយភាពដែលធំធេងជាងគេបំផុតនោះ គឺព្រះគម្ពីរគួរអាន ដែលវាគឺជាសញ្ញាភស្តុតាងដ៏ធំធេងជាងគេបំផុតនៃបណ្តាព្យាការីទាំងឡាយ ហើយវាគឺជាសញ្ញាភស្តុតាងមួយក្នុងចំណោមសញ្ញាភស្តុតាងទាំងឡាយរបស់ព្យាការីដែលនៅគង់វង្សរហូតដល់សព្វថ្ងៃ។ នៅពេលដែលព្រះអល់ឡោះជាម្ចាស់បានបំពេញឲ្យលោកនូវសាសនារបស់ទ្រង់ ហើយព្យាការី(សូមសន្តិភាពកើតមានដល់លោក)លោកបានផ្សព្វផ្សាយវាយ៉ាងពេញលេញហើយនោះ លោកក៏បានទទួលមរណភាពក្នុងជន្មាយុ៦៣ឆ្នាំ ហើយសពរបស់លោកត្រូវបានគេបញ្ចុះនៅក្នុងក្រុងម៉ាទីណះ។ អ្នកនាំសារមូហាំម៉ាត់ គឺជាព្យាការី និងជាអ្នកនាំសារចុងក្រោយបង្អស់ដែលព្រះអល់ឡោះជាម្ចាស់ទ្រង់បានតែងតាំងលោកដោយនាំមកនូវការចង្អុលបង្ហាញ និងសាសនាដ៏ពិត ដើម្បីបញ្ចេញមនុស្សលោកពីភាពងងឹតសូន្យសុងនៃបដិមានិយម អជំនឿ និងភាពល្ងង់ខ្លៅ ទៅកាន់ពន្លឺរស្មីនៃគោលជំនឿឯកទេពនិយម និងសេចក្ដីជំនឿ ហើយព្រះអល់ឡោះជាម្ចាស់បានធ្វើសាក្សីជូនលោកថា ពិតណាស់ ទ្រង់បានតែងតាំងព្យាការីមូហាំម៉ាត់មក ដើម្បីធ្វើជាអ្នកអំពាវនាវទៅកាន់ទ្រង់ទៅតាមការអនុញ្ញាតរបស់ទ្រង់។
អ្នកនាំសាររបស់សាសនាអ៊ីស្លាម គឺព្យាការីមូហាំម៉ាត់ កូនរបស់ អាប់ទុលឡោះ មកពីពូជពង្សរបស់ព្យាការីអ៊ីស្មាអែល កូនប្រុសរបស់ព្យាការីអ៊ីព្រហ៊ីម។ លោកបានប្រសូត្រនៅក្នុងក្រុងម៉ាក្កះនាឆ្នាំ៥៧១គ.ស ហើយលោកក៏ត្រូវបានគេតែងតាំងជាអ្នកនាំសារនៅទីនេះផងដែរ។ ក្រោយមក លោកបានភៀសខ្លួនទៅកាន់ក្រុងម៉ាទីណះ។ លោកត្រូវបានក្រុមរបស់លោកដាក់ងារឲ្យលោកថា “អាល់អាមីន” ដែលមានន័យថា“អ្នកស្មោះត្រង់” ហើយលោកមិនដែលចូលរួមជាមួយក្រុមរបស់លោកក្នុងរឿងដែលពាក់ព័ន្ធនឹងបដិមានិយមនោះទេ ក៏ប៉ុន្តែលោកចូលរួមជាមួយពួកគេតែចំពោះកិច្ចការណាដែលឧត្តុង្គឧត្តម ល្អប្រពៃប៉ុណ្ណោះ។ សីលធម៌របស់លោក គឺខ្ពង់ខ្ពស់បំផុតតាំងពីមុនពេលដែលគេតាំងតាំងលោកជាអ្នកនាំសារមកម្ល៉េះ ហើយព្រះជាម្ចាស់របស់លោកបានផ្តល់លក្ខណៈដល់លោកថា ជាអ្នកដែលមានសីលធម៌ និងអត្តចរិតល្អប្រពៃ។ ព្រះអល់ឡោះជាម្ចាស់ទ្រង់បានមានបន្ទូលអំពីរូបលោកថា៖ “ហើយពិតប្រាកដណាស់ អ្នកមានអត្ដចរិតដ៏ប្រពៃបំផុត”។ [គម្ពីរគួរអាន ៦៨:៤] ព្រះអល់ឡោះជាម្ចាស់បានតែងតាំងលោកជាអ្នកនាំសារនៅពេលដែលលោកមានអាយុ៤០ឆ្នាំ។ ព្រះអល់ឡោះជាម្ចាស់បានពង្រឹងដល់លោកតាមរយៈសញ្ញាភស្តុតាង និងអច្ឆរិយភាពដ៏ធំធេងជាច្រើន ហើយអច្ឆរិយភាពដែលធំធេងជាងគេបំផុតនោះ គឺព្រះគម្ពីរគួរអាន។ ព្យាការីមូហាំម៉ាត់(សូមសន្តិភាពកើតមានដល់លោក)បានមានប្រសាសន៍ថា៖ “រាល់ៗព្យាការីទាំងអស់ត្រូវបានគេផ្តល់ឲ្យពួកគាត់នូវអ្វី(សញ្ញាភស្តុតាង ឬអច្ឆរិយភាព) ដោយសារតែមនុស្សមានជំនឿនឹងលក្ខណៈបែបនេះ។ ប៉ុន្តែអ្វីដែលគេផ្តល់ឱ្យខ្ញុំនោះ គឺសារ(វ៉ាហ៊ី)ដែលព្រះអល់ឡោះបានបើកសម្តែងដល់ខ្ញុំ។ ដូច្នេះខ្ញុំសង្ឃឹមថា អ្នកដើរតាមខ្ញុំនឹងមានចំនួនច្រើនជាងអ្នកដើរតាមព្យាការីដទៃទៀតនៅថ្ងៃបរលោក”។ [សហេសអាល់ពូខរី] ព្រះគម្ពីរគួរអាន គឺជារាជសារ(វ៉ាហ៊ី)របស់ព្រះអល់ឡោះជាម្ចាស់ទៅកាន់អ្នកនាំសាររបស់ទ្រង់។ ទ្រង់បានមានបន្ទូលអំពីព្រះគម្ពីរគួរអានថា៖ “នេះគឺជាព្រះគម្ពីរ(គួរអាន)ដែលគ្មានការសង្ស័យឡើយនៅក្នុងវា។ វាគឺជាការចង្អុលបង្ហាញចំពោះបណ្ដាអ្នកដែលកោតខ្លាចព្រះអល់ឡោះ”។ [គម្ពីរគួរអាន ២:២] ទ្រង់បានមានបន្ទូលអំពីព្រះគម្ពីរគួរអានទៀតថា៖ “តើពួកគេមិនត្រិះរិះពិចារណាអំពីព្រះគម្ពីរគួរអានទេឬ? ប្រសិនបើព្រះគម្ពីរនេះមិនមែនមកពីព្រះអល់ឡោះទេនោះ ពួកគេប្រាកដជាជួបប្រទះនូវការខ្វែងគំនិតគ្នាជាច្រើននៅក្នុងវាជាមិនខាន”។ [គម្ពីរគួរអាន ៤:៨២] ព្រះអល់ឡោះបានប្រើឲ្យមនុស្សលោកនិងជិន(អមនុស្ស)នាំមកនូវគម្ពីរមួយដែលដូចនឹងព្រះគម្ពីរគួរអាននេះ តែពួកគេគ្មានសមត្ថភាពក្នុងការនាំមកនោះឡើយ។ ទ្រង់បានមានបន្ទូលថា៖ “ចូរអ្នក(មូហាំម៉ាត់)ពោលថា៖ ប្រសិនបើមនុស្សលោកនិងជិនរួមគ្នាដើម្បីចងក្រងឱ្យដូចនឹងព្រះគម្ពីរគួរអាននេះ គឺពួកគេមិនអាចចងក្រងឱ្យដូចនឹងវាបានឡើយ ទោះបីជាពួកគេជួយគ្នាទៅវិញទៅមកក៏ដោយ”។ [គម្ពីរគួរអាន ១៧:៨៨] ក្រោយមក ទ្រង់ក៏បានប្រើឲ្យមនុស្សលោកនិងជិននាំមកនូវជំពូកចំនួនដប់ដែលដូចនឹងព្រះគម្ពីរគួរអាននេះ តែពួកគេនៅតែគ្មានសមត្ថភាព។ ទ្រង់បានមានបន្ទូលថា៖ ឬពួកគេនឹងនិយាយថា៖ គាត់(មូហាំម៉ាត់)បានប្រឌិតវា(ព្រះគម្ពីរគួរអាន)។ ចូរអ្នកពោលថា៖ ចូរពួកអ្នកនាំយកដប់ជំពូកដូចការប្រឌិតទាំងនេះមក ហើយចូរពួកអ្នកកោះហៅអ្នកណាក៏ដោយដែលពួកអ្នកអាចហៅបានក្រៅពីព្រះអល់ឡោះ(ឱ្យមកជួយមក) ប្រសិនបើពួកអ្នកជាពួកដែលស្មោះត្រង់ពិតមែននោះ”។ [គម្ពីរគួរអាន ១១:១៣] ជាចុងក្រោយ ទ្រង់ក៏បានប្រើឲ្យពួកគេនាំមកនូវជំពូកតែមួយប៉ុណ្ណោះដែលដូចនឹងព្រះគម្ពីរគួរអាននេះ តែពួកគេនៅតែអសមត្ថភាពក្នុងការនាំមកដដែល។ ទ្រង់បានមានបន្ទូលថា៖ “ប្រសិនបើពួកអ្នកមានការសង្ស័យអំពីអ្វីដែលយើងបានបញ្ចុះមកឱ្យខ្ញុំបម្រើរបស់យើង(មូហាំម៉ាត់)នោះ ចូរពួកអ្នកនាំមកនូវជំពូកណាមួយដែលដូចនឹងជំពូកនៃព្រះគម្ពីរគួរអាន ហើយចូរហៅសាក្សីរបស់ពួកអ្នកក្រៅពីព្រះអល់ឡោះមក ប្រសិនបើការអះអាងរបស់ពួកអ្នក ពិតជាត្រឹមត្រូវមែននោះ”។ [គម្ពីរគួរអាន ២:២៣]
ហើយព្រះគម្ពីរគួរអាន គឺជាសញ្ញាភស្តុតាងតែមួយគត់ក្នុងចំណោមសញ្ញាភស្តុតាងទាំងឡាយរបស់បណ្តាព្យាការីដែលនៅគង់វង្សរហូតដល់សព្វថ្ងៃ។ នៅពេលដែលព្រះអល់ឡោះជាម្ចាស់បានបំពេញឲ្យអ្នកនាំសាររបស់ទ្រង់នូវសាសនារបស់ទ្រង់ ហើយព្យាការី(សូមសន្តិភាពកើតមានដល់លោក)បានផ្សព្វផ្សាយវាយ៉ាងពេញលេញហើយនោះ លោកក៏បានទទួលមរណភាពក្នុងជន្មាយុ៦៣ឆ្នាំ ហើយសពរបស់លោកត្រូវបានគេបញ្ចុះនៅក្រុងម៉ាទីណះ។
អ្នកនាំសារមូហាំម៉ាត់ គឺជាព្យាការី និងជាអ្នកនាំសារចុងក្រោយបង្អស់។ ព្រះអល់ឡោះជាម្ចាស់ទ្រង់បានមានបន្ទូលថា៖ “មូហាំម៉ាត់មិនមែនជាឪពុករបស់អ្នកណាម្នាក់ក្នុងចំណោមបុរសរបស់ពួកអ្នកឡើយ ក៏ប៉ុន្ដែគាត់ជាអ្នកនាំសាររបស់ព្រះអល់ឡោះ និងជាព្យាការីចុងក្រោយបង្អស់។ ហើយព្រះអល់ឡោះដឹងបំផុតនូវរាល់អ្វីៗទាំងអស់”។ [គម្ពីរគួរអាន ៣៣:៤០] អំពី អាពូហ៊ូរ៉យរ៉ោះ(សូមអល់ឡោះសព្វព្រះទ័យចំពោះគាត់) ពិតណាស់ អ្នកនាំសាររបស់អល់ឡោះ(សូមសន្តិភាពកើតមានដល់លោក)បានមានប្រសាសន៍ថា៖ “ជាការពិតណាស់ ការប្រៀបធៀបរូបខ្ញុំ ជាមួយនឹងបណ្តាព្យាការី(ដទៃទៀត) គឺប្រៀបដូចជាបុរសម្នាក់ដែលបានសាងសង់ផ្ទះ ដោយគាត់បានសាងសង់វាយ៉ាងល្អ និងតុបតែងវាយ៉ាងស្រស់ស្អាត លើកលែងតែចន្លោះនៅជ្រុងមួយដែលមិនទាន់បានបំពេញឥដ្ឋ។ មនុស្សម្នាដើរក្រឡឹងមើលវា ហើយងឿងឆ្ងល់នឹងភាពស្រស់ស្អាតរបស់វា ហើយនិយាយថា៖ 'តើឥដ្ឋនេះនឹងត្រូវគេដាក់បំពេញនៅកន្លែងនោះទេ!' ដូច្នេះ ខ្ញុំជាឥដ្ឋនោះ ហើយខ្ញុំជាព្យាការីចុងក្រោយបង្អស់”។ [សហេសអាល់ពូខរី] នៅក្នុងព្រះគម្ពីរដំណឹងល្អ(គម្ពីរអ៊ិញ្ជីល) លោកយេស៊ូ ឬព្យាការីអ៊ីសាបានផ្តល់ដំណឹងរីករាយពីការមកដល់របស់ព្យាការីមូហាំម៉ាត់ថា៖ “លោកយេស៊ូទ្រង់មានប្រសាសន៍ទៅគេថា៖ តើអ្នករាល់គ្នាមិនដែលមើលក្នុងព្រះគម្ពីរទេឬអីដែលថា “ថ្មដែលពួកជាងសង់ផ្ទះបានចោលចេញនោះបានត្រឡប់ជាថ្មគ្រឹះដ៏សំខាន់បំផុត។ ការនោះគឺព្រះអម្ចាស់ទ្រង់បានធ្វើ ហើយជាការយ៉ាងអស្ចារ្យនៅភ្នែកយើងខ្ញុំ”។ ចំណែកឯនៅក្នុងគម្ពីរចោទិយកថា គឺមានលើកឡើងពីបន្ទូលរបស់ព្រះអល់ឡោះដែលទ្រង់បានមានបន្ទូលទៅកាន់លោកម៉ូសេ ឬព្យាការីមូសាថា៖ “យើងនឹងធ្វើឲ្យមានព្យាការីម្នាក់ដូចអ្នកងើបឡើងពីក្នុងចំណោមបងប្អូនរបស់ខ្លួន។ យើងនឹងដាក់ព្រះបន្ទូលរបស់យើងក្នុងមាត់របស់ព្យាការីនោះ លោកនឹងថ្លែងសេចក្ដីទាំងប៉ុន្មានដែលយើងបង្គាប់”។
ហើយអ្នកនាំសារមូហាំម៉ាត់ត្រូវបានព្រះអល់ឡោះជាម្ចាស់តែងតាំងលោកដោយនាំមកនូវការចង្អុលបង្ហាញ និងសាសនាដ៏ពិត ហើយទ្រង់បានធ្វើជាសាក្សីជូនលោកថា ពិតណាស់ លោកស្ថិតនៅលើការពិត ហើយពិតណាស់ ទ្រង់បានតែងតាំងលោកមក គឺដើម្បីធ្វើជាអ្នកអំពាវនាវទៅកាន់ទ្រង់ទៅតាមការអនុញ្ញាតរបស់ទ្រង់។ ទ្រង់បានមានបន្ទូលថា៖ “ប៉ុន្ដែព្រះអល់ឡោះនឹងធ្វើសាក្សីនូវអ្វី(ព្រះគម្ពីរគួរអាន)ដែលទ្រង់បានបញ្ចុះមកឱ្យអ្នក(មូហាំម៉ាត់) គឺទ្រង់បានបញ្ចុះវាដោយចំណេះដឹងរបស់ទ្រង់ ហើយបណ្ដាទេវតា(ម៉ាឡាអ៊ីកាត់)ទាំងឡាយក៏ធ្វើជាសាក្សីដែរ។ គ្រប់គ្រាន់ហើយដែលព្រះអល់ឡោះជាអ្នកធ្វើសាក្សី”។ [គម្ពីរគួរអាន ៤:១៦៦] ទ្រង់បានមានបន្ទូលទៀតថា៖ “ទ្រង់ជាអ្នកដែលបានបញ្ជូនអ្នកនាំសាររបស់ទ្រង់(ព្យាការីមូហាំម៉ាត់)ជាមួយនឹងការចង្អុលបង្ហាញ និងសាសនា(អ៊ីស្លាម)ដ៏ត្រឹមត្រូវ ដើម្បីបង្ហាញឥទ្ធិពលរបស់វាទៅលើសាសនាទាំងអស់។ គ្រប់គ្រាន់ហើយដែលព្រះអល់ឡោះជាសាក្សី”។ [គម្ពីរគួរអាន ៤៨:២៨] ហើយទ្រង់បានតែងតាំងលោកមកដើម្បីបញ្ចេញមនុស្សពីភាពងងឹតសូន្យសុងនៃបដិមានិយម អជំនឿ និងភាពល្ងង់ខ្លៅ ទៅកាន់ពន្លឺរស្មីនៃគោលជំនឿឯកទេពនិយម និងសេចក្ដីជំនឿ។ ទ្រង់បានមានបន្ទូលថា៖ “ព្រះអល់ឡោះនឹងចង្អុលបង្ហាញតាមរយៈព្រះគម្ពីរគួរអានចំពោះអ្នកដែលដើរតាមការយល់ព្រមរបស់ទ្រង់ឆ្ពោះទៅរកផ្លូវដែលមានសុវត្ថិភាព ហើយទ្រង់នឹងបពោ្ចញពួកគេពីភាពងងឹតទៅរកភាពភ្លឺស្វាងដោយការអនុញ្ញាតអំពីទ្រង់ ព្រមទាំងចង្អុលបង្ហាញពួកគេទៅកាន់មាគ៌ាដ៏ត្រឹមត្រូវ”។ [គម្ពីរគួរអាន ៥:១៦] ទ្រង់បានមានបន្ទូលទៀតថា៖ “អាលីហ្វ ឡាម រ៉ ។ ព្រះគម្ពីរ(គួរអាន)ដែលយើងបានបញ្ចុះឱ្យអ្នក(មូហាំម៉ាត់) ដើម្បីឱ្យអ្នកដឹកនាំមនុស្សលោកចេញពីភាពងងឹត(គ្មានជំនឿ)ទៅរកភាពមានពន្លឺ(មានជំនឿ)តាមការអនុញ្ញាតពីម្ចាស់របស់ពួកគេ ទៅរកមាគ៌ារបស់ម្ចាស់ដែលមហាខ្លាំងពូកែ ជាទីកោតសរសើរបំផុត”។ [គម្ពីរគួរអាន ១៤:១]
២៦. ច្បាប់អ៊ីស្លាមដែលព្យាការីមូហាំម៉ាត់បាននាំមក គឺជាសារចុងក្រោយបង្អស់របស់ព្រះជាម្ចាស់។ វាគឺជាច្បាប់បញ្ញត្តិដែលមានភាពពេញលេញដែលនាំមកនូវភាពល្អប្រសើរទាំងផ្នែកសាសនា និងកិច្ចការរបស់ពួកគេក្នុងលោកិយ។ វាជាច្បាប់ដែលផ្តល់អាទិភាពលើការការពារសាសនា អាយុជីវិត ទ្រព្យសម្បត្តិ សតិបញ្ញា និងពូជអម្បូររបស់មនុស្ស។ ហើយច្បាប់អ៊ីស្លាម គឺលុបបំបាត់ចោលច្បាប់មុនទាំងអស់ ដូចដែលច្បាប់ជំនាន់មុនទាំងអស់បានលុបបំបាត់គ្នាទៅវិញទៅមក។
ច្បាប់អ៊ីស្លាមដែលព្យាការីមូហាំម៉ាត់បាននាំមក គឺជាសារចុងក្រោយបង្អស់របស់ព្រះជាម្ចាស់។ ព្រះអល់ឡោះជាម្ចាស់ទ្រង់បានបំពេញសាសនាអ៊ីស្លាមតាមរយៈសារនេះ ហើយទ្រង់បានបង្គ្រប់នូវឧបការគុណរបស់ទ្រង់តាមរយៈការតែងតាំងអ្នកនាំសារមូហាំម៉ាត់(សូមសន្តិភាពកើតមានដល់លោក)។ ទ្រង់បានមានបន្ទូលថា៖ “ថ្ងៃនេះ យើងបានបំពេញសាសនារបស់ពួកអ្នកឱ្យពួកអ្នក និងបានបង្គ្រប់ឧបការគុណរបស់យើងឱ្យពួកអ្នក ហើយយើងបានជ្រើសរើសសាសនាអ៊ីស្លាមជាសាសនារបស់ពួកអ្នក”។ [គម្ពីរគួរអាន ៥:៣]
ហើយច្បាប់អ៊ីស្លាម គឺជាច្បាប់បញ្ញត្តិដែលមានលក្ខណៈពេញលេញដែលនាំមកនូវភាពល្អប្រសើរទាំងផ្នែកសាសនា និងការរស់នៅរបស់គេក្នុងលោកិយ ពីព្រោះវាប្រមូលផ្តុំ ក៏ដូចជាបំពេញ និងបញ្ចប់នូវច្បាប់សាសនាមុនៗទាំងអស់។ ព្រះអល់ឡោះជាម្ចាស់ទ្រង់បានមានបន្ទូលថា៖ “ពិតប្រាកដណាស់ ព្រះគម្ពីរគួរអាននេះចង្អុលបង្ហាញ(មនុស្សលោក)ទៅរកមាគ៌ាដែលត្រឹមត្រូវ និងផ្ដល់ដំណឹងរីករាយដល់បណ្ដាអ្នកមានជំនឿដែលសាងនូវអំពើល្អថា៖ ពិតប្រាកដណាស់ ពួកគេនឹងទទួលបានផលបុណ្យយ៉ាងធំធេងបំផុត(ឋានសួគ៌)”។ [គម្ពីរគួរអាន ១៧:៩] អ៊ីស្លាមបានបញ្ញត្តិច្បាប់ទៅលើមនុស្សជំនាន់នេះស្រដៀងគ្នានឹងមនុស្សជំនាន់មុនដែរ។ ព្រះអល់ឡោះជាម្ចាស់ទ្រង់បានមានបន្ទូលថា៖ “បណ្ដាអ្នកដែលតាមអ្នកនាំសារ(មូហាំម៉ាត់)ជាព្យាការីដែលមិនចេះអាននិងមិនចេះសរសេរ ដែលពួកគេបានដឹងពីលក្ខណៈរបស់គាត់ដែលត្រូវបានសរសេរក្នុងព្រះគម្ពីរតូរ៉ា(គម្ពីរតាវរ៉ត)និងព្រះគម្ពីរដំណឹងល្អ(អ៊ីញ្ជីល)ដែលមាននៅជាមួយពួកគេ។ គាត់បញ្ជាពួកគេឱ្យធ្វើល្អ និងហាមឃាត់ពួកគេពីប្រការអាក្រក់ ហើយអនុញ្ញាតឱ្យពួកគេនូវអ្វីដែលល្អ(ហាឡាល់) និងហាមឃាត់ពួកគេនូវអ្វីដែលអាក្រក់ ព្រមទាំងលុបបំបាត់កិច្ចការដែលលំបាក និងកិច្ចការដែលធ្ងន់ធ្ងរដែលធ្លាប់មានចំពោះពួកគេ។ ដូចេ្នះ បណ្ដាអ្នកដែលបានជឿលើគាត់ និងលើកតម្កើងគាត់ និងជួយគាត់ ហើយនិងបានអនុវត្ដតាមពន្លឺ(ព្រះគម្ពីរគួរអាន)ដែលគេបានបញ្ចុះមកឱ្យគាត់នោះ អ្នកទាំងនោះ គឺជាអ្នកដែលជោគជ័យ”។ [គម្ពីរគួរអាន ៧:១៥៧]
ច្បាប់អ៊ីស្លាម គឺនិរាករណ៍(ទុកជាមោឃៈ)នូវច្បាប់បញ្ញត្តិនៃសាសនាមុនៗទាំងអស់។ ព្រះអល់ឡោះជាម្ចាស់ទ្រង់បានមានបន្ទូលថា៖ “ហើយយើងបានបញ្ចុះព្រះគម្ពីរគួរអានឱ្យអ្នកយ៉ាងពិតប្រាកដដើម្បីបញ្ជាក់នូវអ្វីដែលមាននៅក្នុងព្រះគម្ពីរពីមុនមក និងបពា្ជក់ពីភាពត្រឹមត្រូវនៃព្រះគម្ពីរទាំងនោះ។ ដូចេ្នះ ចូរអ្នកកាត់សេចក្ដីរវាងពួកគេទៅតាមអ្វីដែលព្រះអល់ឡោះបានបញ្ចុះមក(នៅក្នុងព្រះគម្ពីរគួរអាន)។ ហើយចូរអ្នកកុំធ្វើតាមចំណង់របស់ពួកគេអំពីអ្វីដែលបានមកដល់អ្នកនូវការពិតនោះឱ្យសោះ។ រាល់ប្រជាជាតិនីមួយៗក្នុងចំណោមពួកអ្នក យើងបានបង្កើតច្បាប់និងមាគ៌ាយ៉ាងច្បាស់លាស់។ ហើយប្រសិនបើព្រះអល់ឡោះមានចេតនា ទ្រង់ប្រាកដជាបង្កើតពួកអ្នកស្ថិតក្នុងសាសនាតែមួយជាមិនខាន។ ប៉ុន្ដែទ្រង់ចង់សាកល្បងពួកអ្នកនូវអ្វីដែលទ្រង់បានប្រទានដល់ពួកអ្នក។ ដូចេ្នះ ចូរពួកអ្នកប្រណាំងប្រជែងគ្នាសាងអំពើល្អចុះ។ កន្លែងវិលត្រឡប់របស់ពួកអ្នកទាំងអស់គ្នា គឺទៅកាន់ព្រះអល់ឡោះតែមួយគត់។ ពេលនោះ ទ្រង់នឹងបញ្ជាក់ប្រាប់ពួកអ្នកនូវអ្វីដែលពួកអ្នកធ្លាប់ខ្វែងយោបល់គ្នានៅក្នុងបញ្ហានោះ”។ [គម្ពីរគួរអាន ៥:៤៨] ដូចនេះ ព្រះគម្ពីរគួរអានដែលផ្ទុកទៅដោយច្បាប់បញ្ញត្តិនៃសាសនាអ៊ីស្លាមនោះ គឺត្រូវបាននាំមកដើម្បីជាការបញ្ជាក់ វិនិច្ឆ័យ និងលុបបំបាត់នូវបណ្តាព្រះគម្ពីរមុនៗដែលព្រះអល់ឡោះទ្រង់បញ្ចុះមក។
២៧. ព្រះអល់ឡោះជាម្ចាស់ទ្រង់មិនទទួលយកសាសនាណាផ្សេងពីសាសនាអ៊ីស្លាមដែលអ្នកនាំសារមូហាំម៉ាត់លោកបាននាំមកឡើយ ហើយជនណាដែលប្រកាន់យកសាសនាដទៃក្រៅពីសាសនាអ៊ីស្លាមនោះ ទ្រង់ក៏មិនទទួលយកអំពីគេដែរ។
បន្ទាប់ពីព្រះអល់ឡោះបានតែងតាំងព្យាការីមូហាំម៉ាត់ជាអ្នកនាំសាររបស់ទ្រង់ហើយនោះ ទ្រង់មិនទទួលយកសាសនាណាផ្សេងក្រៅពីសាសនាអ៊ីស្លាមដែលអ្នកនាំសារមូហាំម៉ាត់លោកបាននាំមកឡើយ ហើយជនណាដែលប្រកាន់យកសាសនាផ្សេងក្រៅពីសាសនាអ៊ីស្លាមនោះ ទ្រង់ក៏មិនទទួលយកអំពីគេនោះដែរ។ ព្រះអល់ឡោះជាម្ចាស់ទ្រង់បានមានបន្ទូលថា៖ “ហើយជនណាដែលស្វែងរកសាសនាផេ្សងក្រៅពីសាសនាអ៊ីស្លាមនោះ ព្រះអល់ឡោះជាម្ចាស់នឹងមិនទទួលយក(ទង្វើល្អ)ពីគេឡើយ ហើយនៅថ្ងៃបរលោក រូបគេនឹងស្ថិតក្នុងចំណោមពួកដែលខាតបង់”។ [គម្ពីរគួរអាន ៣:៨៥] ទ្រង់បានមានបន្ទូលទៀតថា៖ ”ពិតប្រាកដណាស់ សាសនារបស់ព្រះអល់ឡោះនោះ គឺសាសនាអ៊ីស្លាម។ ហើយពួកដែលគេបានផ្ដល់គម្ពីរឱ្យមិនបានខ្វែងគំនិតគ្នាឡើយ លើកលែងតែបន្ទាប់ពីចំណេះដឹងបានមកដល់ពួកគេដោយមានការឈ្នានីសរវាងពួកគេប៉ុណ្ណោះ។ ហើយជនណាដែលប្រឆាំងនឹងវាក្យខណ្ឌទាំងឡាយរបស់ព្រះអល់ឡោះនោះ ពិតប្រាកដណាស់ ព្រះអល់ឡោះជាអ្នកជំនុំជម្រះយ៉ាងរហ័សបំផុត”។ [គម្ពីរគួរអាន ៣:១៩] ហើយសាសនាអ៊ីស្លាម គឺជាសាសនារបស់ព្យាការីអ៊ីព្រហ៊ីម។ ព្រះអល់ឡោះជាម្ចាស់ទ្រង់បានមានបន្ទូលថា៖ “គ្មានអ្នកណាស្អប់ខ្ពើមសាសនារបស់អ៊ីព្រហ៊ីម(សាសនាអ៊ីស្លាម)ឡើយ លើកលែងតែអ្នកដែលល្ងង់ខ្លៅខ្លួនឯងប៉ុណ្ណោះ។ ហើយជាការពិតណាស់ យើងបានជ្រើសរើសអ៊ីព្រហ៊ីមនៅក្នុងលោកិយនេះ(ជាអ្នកនាំសារ) ហើយពិតប្រាកដណាស់ នៅថ្ងៃបរលោក រូបគេនឹងស្ថិតក្នុងចំណោមបណ្ដាអ្នកដែលត្រឹមត្រូវ”។ [គម្ពីរគួរអាន ២:១៣០] ទ្រង់បានមានបន្ទូលថា៖ “តើអ្នកណាដែលល្អក្នុងសាសនាជាងអ្នកដែលបានប្រគល់ខ្លួនរបស់គេទៅចំពោះព្រះអល់ឡោះ ហើយគេគឺជាអ្នកធ្វើល្អ និងប្រតិបត្ដិតាមសាសនារបស់អ៊ីព្រហ៊ីមដ៏ត្រឹមត្រូវនោះ? ព្រះអល់ឡោះបានចាត់ទុកអ៊ីព្រហ៊ីមជាអ្នកជំនិត”។ [គម្ពីរគួរអាន ៤:១២៥] ហើយព្រះអល់ឡោះជាម្ចាស់ទ្រង់បានប្រើអ្នកនាំសារមូហាំម៉ាត់ឲ្យពោលថា៖ “ចូរអ្នកពោលថា៖ ពិតប្រាកដណាស់ ព្រះជាម្ចាស់របស់ខ្ញុំបានចង្អុលបង្ហាញខ្ញុំទៅកាន់មាគ៌ាដ៏ត្រឹមត្រូវ ជាសាសនាដ៏ពិត ដែលជាសាសនារបស់អ៊ីព្រហ៊ីមដ៏ជ្រះស្អាត។ ហើយគាត់(អ៊ីព្រហ៊ីម)ពុំមែនស្ថិតនៅក្នុងចំណោមពួកពហុទេពនិយមឡើយ”។ [គម្ពីរគួរអាន ៦:១៦១]
២៨. ព្រះគម្ពីរគួរអាន គឺជាព្រះគម្ពីរដែលព្រះអល់ឡោះជាម្ចាស់ទ្រង់បានផ្តល់សារទៅកាន់អ្នកនាំសារមូហាំម៉ាត់(សូមសន្តិភាពកើតមានដល់លោក)។ វាជាបន្ទូលរបស់ព្រះជាម្ចាស់។ ព្រះអល់ឡោះជាម្ចាស់បានឲ្យមនុស្សលោកនិងជិន(អមនុស្ស)នាំយក ឬចងក្រងនូវគម្ពីរមួយ ឬជំពូកណាមួយដែលដូចនឹងព្រះគម្ពីរគួរអាន តែពួកគេអសមត្ថភាពក្នុងការនាំយកឬចងក្រងសូម្បីតែមួយជំពូកនៃព្រះគម្ពីរគួរអាន ហើយពួកគេនៅតែមិនអាចមានសមត្ថភាពក្នុងការនាំមក រហូតដល់សព្វថ្ងៃ។ ព្រះគម្ពីរគួរអានឆ្លើយតបទៅនឹងសំណួរសំខាន់ៗជាច្រើនដែលមនុស្សរាប់លាននាក់មានការងឿងឆ្ងល់ និងស្រពេចស្រពិល ហើយព្រះគម្ពីរគួរអានត្រូវបានគេថែរក្សារហូតដល់បច្ចុប្បន្នជាភាសាអារ៉ាប់ ជាភាសាដើមដែលគេបញ្ចុះវាមក និងដោយគ្មានការបំបាត់ ឬបន្ថយមួយតួអក្សរណានោះឡើយ។ ព្រះគម្ពីរគួរអានត្រូវបានគេបោះពុម្ភ និងចែកចាយ។ វាជាគម្ពីរដ៏អស្ចារ្យ និងជាអច្ឆរិយភាពដែលសក្ដិសមនឹងការអាន ឬសិក្សាពីអត្ថន័យរបស់វា។ ម្យ៉ាងទៀតស៊ុណ្ណះ(លំអានឬមាគ៌ា)របស់អ្នកនាំសារមូហាំម៉ាត់ ការបង្រៀនរបស់លោក និងជីវប្រវត្តិរបស់លោក ក៏ត្រូវបានគេថែរក្សា និងត្រូវបានគេពាំនាំតៗគ្នាពីមួយជំនាន់ទៅមួយជំនាន់តាមរយៈខ្សែបណ្តាញនៃអ្នករាយការណ៍ដែលត្រូវបានគេទុកចិត្តបំផុត ហើយស៊ុណ្ណះនេះក៏ត្រូវបានគេបោះពុម្ភជាភាសាអារ៉ាប់ ជាភាសាដែលអ្នកនាំសារមូហាំម៉ាត់និយាយ ហើយត្រូវបានបកប្រែអត្ថន័យទៅជាភាសាជាច្រើនផងដែរ។ ទាំងព្រះគម្ពីរគួរអាន និងស៊ុណ្ណះ(លំអានឬមាគ៌ា)របស់អ្នកនាំសារមូហាំម៉ាត់នេះ វាទាំងពីរគឺជាប្រភពតែមួយគត់នៃច្បាប់បញ្ញត្តិអ៊ីស្លាម និងការដាក់បញ្ញត្តិច្បាប់នានា។ ដូចនេះ មិនត្រូវទទួលយកសាសនាអ៊ីស្លាមពីការប្រព្រឹត្តរបស់បុគ្គលដែលអះអាងថាខ្លួនជាអ្នកដើរតាមសាសនាអ៊ីស្លាមឡើយ តែត្រូវទទួលយកវាពីសាររបស់ព្រះជាម្ចាស់ប៉ុណ្ណោះ នោះគឺ ព្រះគម្ពីរគួរអាន និងស៊ុណ្ណះ(មាគ៌ា ឬលំអានរបស់ព្យាការី)។
ព្រះគម្ពីរគួរអាន គឺជាព្រះគម្ពីរមួយដែលព្រះអល់ឡោះជាម្ចាស់ទ្រង់បានផ្តល់សារទៅកាន់អ្នកនាំសារម្នាក់ដែលជាជនជាតិអារ៉ាប់ គឺព្យាការីមូហាំម៉ាត់(សូមសន្តិភាពកើតមានដល់លោក)ជាភាសាអារ៉ាប់ ហើយវា គឺជាបន្ទូលរបស់ព្រះជាម្ចាស់។ ព្រះអល់ឡោះជាម្ចាស់ទ្រង់បានមានបន្ទូលថា៖ “ហើយពិតប្រាកដណាស់ ព្រះគម្ពីរគួរអានគឺជាការបញ្ចុះរបស់ព្រះជាម្ចាស់នៃពិភពទាំងអស់ ដែលរូហ៊ុលអាមីន(ទេវជីព្រីល)បាននាំវាមក (ដោយបានសូត្រវា) ទៅលើដួងចិត្ដរបស់អ្នក(មូហាំម៉ាត់)ដើម្បីឱ្យអ្នកក្លាយជាអ្នកដែលស្ថិតក្នុងចំណោមអ្នកដាស់តឿនព្រមាន ទៅតាមភាសាអារ៉ាប់យ៉ាងជាក់ច្បាស់”។ [គម្ពីរគួរអាន ២៦:១៩២-១៩៥] ទ្រង់បានមានបន្ទូលទៀតថា៖ “ហើយពិតប្រាកដណាស់អ្នក(មូហាំម៉ាត់)ត្រូវគេផ្ដល់ឱ្យនូវព្រះគម្ពីរគួរអានពីព្រះជាម្ចាស់ដ៏មហាគតិបណ្ឌិត មហាដឹងបំផុត”។ [គម្ពីរគួរអាន ២៧:៦] ព្រះគម្ពីរគួរអានត្រូវបានបញ្ចុះមកពីព្រះអល់ឡោះជាម្ចាស់ ហើយវាជាការបញ្ជាក់ទៅលើព្រះគម្ពីរមុនៗដែលព្រះជាម្ចាស់បានបញ្ចុះមក។ ព្រះអល់ឡោះជាម្ចាស់ទ្រង់បានមានបន្ទូលថា៖ “ហើយព្រះគម្ពីរគួរអាននេះមិនអាចត្រូវគេបង្កើតផេ្សងពីព្រះអល់ឡោះបានឡើយ ប៉ុន្ដែវាបញ្ជាក់ពីអ្វីដែលមានពីមុនវា ហើយវាអធិប្បាយបញ្ជាក់ពីក្បួនច្បាប់ដោយគ្មានការមន្ទិលសង្ស័យក្នុងវាឡើយ(ដែលបញ្ចុះ)មកពីព្រះម្ចាស់នៃពិភពទាំងអស់”។ [គម្ពីរគួរអាន ១០:៣៧] ព្រះគម្ពីរគួរអានបានកាត់សេចក្តីចំពោះបញ្ហាជាច្រើនដែលពួកជ្វីស និងពួកគ្រឹស្ទានខ្វែងគំនិតគ្នានៅក្នុងសាសនារបស់ពួកគេ។ ព្រះអល់ឡោះជាម្ចាស់ទ្រង់បានមានបន្ទូលថា៖ “ពិតប្រាកដណាស់ ព្រះគមី្ពរគួរអាននេះគឺបកស្រាយប្រាប់ដល់អម្បូរអ៊ីស្រាអែលនូវរឿងរ៉ាវជាច្រើនដែលពួកគេខ្វែងគំនិតគ្នាអំពីវា”។ [គម្ពីរគួរអាន ២៧:៧៦] ហើយព្រះគម្ពីរគួរអាន គឺពោរពេញទៅដោយភស្តុតាង និងអំណះអំណាងជាច្រើនដើម្បីឲ្យមនុស្សទាំងអស់យកធ្វើជាភស្តុតាងនៅក្នុងការស្គាល់អំពីធាតុពិតដែលជាប់ទាក់ទងនឹងព្រះអល់ឡោះជាម្ចាស់ សាសនារបស់ទ្រង់ និងការតបស្នងរបស់ទ្រង់(ចំពោះទង្វើដែលគេបានសាង)។ ទ្រង់បានមានបន្ទូលថា៖ “ហើយជាការពិតណាស់ យើងបានលើកគ្រប់ឧទាហរណ៍សម្រាប់មនុស្សលោកនៅក្នុងព្រះគម្ពីរគួរអាននេះ សង្ឃឹមថាពួកគេនឹងយកធ្វើជាមេរៀន”។ [គម្ពីរគួរអាន ៣៩:២៧] ទ្រង់បានមានបន្ទូលទៀតថា៖ “ហើយ(ចូរចងចាំ)នៅថ្ងៃដែលយើងនឹងតែងតាំងគ្រប់ប្រជាជាតិនូវសាក្សីម្នាក់ទៅលើពួកគេដែលចេញពីពួកគេផ្ទាល់។ ហើយយើងក៏បាននាំអ្នក(មូហាំម៉ាត់)មកធ្វើជាសាក្សីចំពោះពួកទាំងនេះ(ប្រជាជាតិរបស់គាត់)ផងដែរ។ ហើយយើងបានបញ្ចុះព្រះគម្ពីរ(គួរអាន)ឱ្យអ្នកដើម្បីបញ្ជាក់ចំពោះអ្វីៗគ្រប់បែបយ៉ាង ជាការចង្អុលបង្ហាញ ជាក្ដីមេត្ដាករុណា និងជាការផ្ដល់ដំណឹងរីករាយចំពោះអ្នកមូស្លីមទាំងឡាយ”។ [គម្ពីរគួរអាន ១៦:៨៩]
ព្រះគម្ពីរគួរអានឆ្លើយតបទៅនឹងសំណួរសំខាន់ៗជាច្រើនដែលមនុស្សរាប់លាននាក់មានការងឿងឆ្ងល់ និងស្រពេចស្រពិល។ ពិតណាស់ ព្រះគម្ពីរគួរអានបានបញ្ជាក់ប្រាប់ពីរបៀបដែលព្រះអល់ឡោះជាម្ចាស់ទ្រង់បង្កើតមេឃជាច្រើនជាន់ និងផែនដី។ ទ្រង់បានមានបន្ទូលថា៖ “តើពួកដែលគ្មានជំនឿមិនបានដឹងទេឬថា ពិតប្រាកដណាស់ មេឃជាច្រើនជាន់និងផែនដី វាទាំងពីរបានជាប់គ្នា តែយើងបានបំបែកវាទាំងពីរឱ្យឃ្លាតពីគ្នាវិញនោះ? ហើយយើងបានបង្កើតអ្វីៗទាំងអស់ដែលមានជីវិតអំពីទឹក។ ដូចេ្នះ តើពួកគេនៅតែមិនជឿទៀតឬ”? [គម្ពីរគួរអាន ២១:៣០] ពីរបៀបដែលព្រះអល់ឡោះបង្កើតមនុស្សលោក ទ្រង់បានមានបន្ទូលថា៖ “ឱមនុស្សលោកទាំងឡាយ! ប្រសិនបើពួកអ្នកមានការមន្ទិលសង្ស័យចំពោះការបង្កើតឲ្យរស់ឡើងវិញនោះ (ចូរអ្នកពិចារណាចុះថា) ពិតប្រាកដណាស់ យើងបានបង្កើតពួកអ្នកពីដី បន្ទាប់មកពីទឹកកាម បន្ទាប់មកក្លាយជាដុំឈាម បន្ទាប់មកទៀតក្លាយជាដុំសាច់ដែលមានរូបរាងពេញលក្ខណៈ និងខ្លះមិនពេញលក្ខណៈ(រលូត)។ ទាំងនេះ គឺដើម្បីយើងបញ្ជាក់ដល់ពួកអ្នក(ពីសមត្ថភាពរបស់យើង និងការកកើតរបស់ពួកអ្នក)។ ហើយយើងតម្កល់វានៅក្នុងស្បូននូវអ្វីដែលយើងមានចេតនារហូតដល់ពេលកំណត់។ បន្ទាប់មក យើងបពោ្ចញពួកអ្នកមកជាទារក។ បន្ទាប់មកទៀត ធ្វើឱ្យពួកអ្នកលូតលាស់ធំពេញវ័យ។ ហើយក្នុងចំណោមពួកអ្នក មានអ្នកត្រូវគេកំណត់ឱ្យស្លាប់ទៅវិញ(អាយុខ្លី)។ ហើយក្នុងចំណោមពួកអ្នក ក៏មានអ្នកដែលត្រូវគេទុកឱ្យមានអាយុច្រើន ចាស់ជរា រហូតដល់គេមិនដឹងអ្វីសោះ ក្រោយពីគេបានដឹងរួចដែរ។ ហើយអ្នកនឹងបានឃើញដីហួតហែង(គ្មានអ្វីដុះសោះ)។ តែនៅពេលដែលយើងបានបញ្ចុះទឹកភ្លៀងទៅលើវា វាក៏បានកម្រើក(មានជីវិត) និងរីកឡើងវិញ ហើយវាក៏បានធ្វើឱ្យដុះចេញនូវរុក្ខជាតិគ្រប់បែបយ៉ាងដ៏ស្រស់បំព្រង”។ [គម្ពីរគួរអាន ២២:៥] ព្រះគម្ពីរគួរអានក៏បានប្រាប់ផងដែរពីកន្លែងវិលត្រឡប់ និងការតបស្នងចំពោះមនុស្សល្អ មនុស្សអាក្រក់ក្រោយពីជីវិតនេះ ហើយយើងបានលើកឡើងពីបណ្តាភស្តុតាងដែលពាក់ព័ន្ធនឹងបញ្ហានេះរួចមកហើយនៅក្នុងកថាខណ្ឌលេខ២០។ តើគេមានវត្តមាននៅក្នុងលោកនេះ គឺជាការចៃដន្យ ឬមានគោលបំណងច្បាស់លាស់? ទ្រង់បានមានបន្ទូលថា៖ “តើពួកគេមិនសម្លឹងមើលការគ្រប់គ្រងមេឃជាច្រើនជាន់និងផែនដី និងអ្វីៗគ្រប់បែបយ៉ាងទាំងអស់ដែលព្រះអល់ឡោះបានបង្កើត ហើយ(ភាពអន្ដរាយ)អាចនឹងមកដល់ចុងបញ្ចប់នៃជីវិតរបស់ពួកគេទេឬ? តើមានពាក្យសម្ដីណាបន្ទាប់ពីវា(ព្រះគម្ពីរគួរអាន)ដែលធ្វើឱ្យពួកគេមានជំនឿនោះ”? [គម្ពីរគួរអាន ៧:១៨៥] ទ្រង់បានមានបន្ទូលទៀតថា ៖ “តើពួកអ្នកគិតថា យើងបានបង្កើតពួកអ្នកគ្រាន់តែជាការលេងសើច ហើយពួកអ្នកពិតជាមិនត្រូវគេឱ្យវិលត្រឡប់មកជួបយើងវិញ(ដើម្បីជំនុំជម្រះ)ទេឬ”? [គម្ពីរគួរអាន ២៣:១១៥]
ហើយព្រះគម្ពីរគួរអានត្រូវបានគេថែរក្សារហូតដល់បច្ចុប្បន្នជាភាសាអារ៉ាប់ ជាភាសាដើមដែលគេបានបញ្ចុះវាមក។ ព្រះអល់ឡោះជាម្ចាស់បានមានបន្ទូលថា៖ “ពិតប្រាកដណាស់ យើងបានបញ្ចុះព្រះគម្ពីរគួរអាន ហើយពិតប្រាកដណាស់ យើងជាអ្នកថែរក្សាវា”។ [គម្ពីរគួរអាន ១៥:៩] គ្មានការបំបាត់ឬកាត់បន្ថយមួយតួអក្សរណាមួយអំពីព្រះគម្ពីរគួរអាននោះឡើយ ហើយក៏គ្មានកន្លែងណាមួយដែលមានភាពផ្ទុយគ្នា ឬមានភាពខ្វះខាត ឬមានការផ្លាស់ប្តូរនោះដែរ។ ព្រះអល់ឡោះជាម្ចាស់ទ្រង់បានមានបន្ទូលថា៖ “តើពួកគេមិនត្រិះរិះពិចារណាអំពីព្រះគម្ពីរគួរអានទេឬ? ប្រសិនបើគម្ពីរនេះមិនមែនមកពីព្រះអល់ឡោះទេនោះ ពួកគេប្រាកដជាជួបប្រទះនូវការខ្វែងគំនិតគ្នាជាច្រើននៅក្នុងវាជាមិនខាន”។ [គម្ពីរគួរអាន ៤:៨២] ព្រះគម្ពីរគួរអានត្រូវបានគេបោះពុម្ភ និងចែកចាយ។ វាជាគម្ពីរដ៏អស្ចារ្យ និងជាអច្ឆរិយភាពដែលសក្ដិសមនឹងការអាន ឬសិក្សាពីអត្ថន័យរបស់វា។ ម្យ៉ាងទៀតស៊ុណ្ណះ(លំអានឬមាគ៌ា)របស់អ្នកនាំសារមូហាំម៉ាត់ ការបង្រៀនរបស់លោក និងជីវប្រវត្តិរបស់លោក ក៏ត្រូវបានគេថែរក្សា និងត្រូវបានគេពាំនាំតៗគ្នាពីមួយជំនាន់ទៅមួយជំនាន់តាមរយៈខ្សែបណ្តាញនៃអ្នករាយការណ៍ដែលត្រូវបានគេទុកចិត្តបំផុត ហើយស៊ុណ្ណះនេះក៏ត្រូវបានគេបោះពុម្ភជាភាសាអារ៉ាប់ ជាភាសាដែលអ្នកនាំសារមូហាំម៉ាត់និយាយ ហើយត្រូវបានបកប្រែអត្ថន័យទៅជាភាសាជាច្រើន។ ហើយព្រះគម្ពីរគួរអាន និងស៊ុណ្ណះ(លំអាន ឬមាគ៌ា)របស់អ្នកនាំសារមូហាំម៉ាត់នេះ វាទាំងពីរគឺជាប្រភពតែមួយគត់នៃច្បាប់បញ្ញត្តិអ៊ីស្លាម និងការដាក់បញ្ញត្តិច្បាប់នានា។ ដូចនេះ មិនត្រូវទទួលយកសាសនាអ៊ីស្លាមពីការប្រព្រឹត្តរបស់បុគ្គលដែលអះអាងថាខ្លួនជាអ្នកដើរតាមសាសនាអ៊ីស្លាមឡើយ តែត្រូវទទួលយកវាពីសាររបស់ព្រះជាម្ចាស់ប៉ុណ្ណោះ នោះគឺ ព្រះគម្ពីរគួរអាន និងស៊ុណ្ណះ(មាគ៌ា ឬលំអានរបស់ព្យាការី)។ ព្រះអល់ឡោះជាម្ចាស់បានមានបន្ទូលអំពីព្រះគម្ពីរគួរអានថា៖ “ពិតប្រាកដណាស់ ពួកដែលប្រឆាំងនឹងព្រះគម្ពីរគួរអាន នៅពេលដែលវាបានមកដល់ពួកគេនោះ(ពួកគេនឹងទទួលទណ្ឌកម្ម)។ ពិតប្រាកដណាស់ ព្រះគម្ពីរគួរអានជាព្រះគម្ពីរដ៏ពិសិដ្ឋ។ ប្រការមិនពិតមិនអាចមកដល់វាទាំងនៅពីមុខ និងពីក្រោយវាបានឡើយ។ វាជាការបញ្ចុះមកពីព្រះជាម្ចាស់ដ៏មហាគតិបណ្ឌិត ជាទីកោតសរសើរបំផុត”។ [គម្ពីរគួរអាន ៤១:៤១-៤២] ទ្រង់បានមានបន្ទូលអំពីស៊ុណ្ណះ(មាគ៌ាឬលំអានរបស់ព្យាការី)ថា ជាការពិតណាស់ វាគឺជាសារ(វ៉ាហ៊ី)មកពីព្រះអល់ឡោះដោយបន្ទូលរបស់ទ្រង់ថា៖ “ហើយអ្វីដែលអ្នកនាំសារបាននាំមកឱ្យពួកអ្នក ចូរពួកអ្នកទទួលយកវាចុះ ហើយអ្វីដែលគាត់បានហាមឃាត់ពួកអ្នកអំពីវា ចូរពួកអ្នកបោះបង់ចោល។ ចូរពួកអ្នកកោតខ្លាចព្រះអល់ឡោះ។ ពិតប្រាកដណាស់ ព្រះអល់ឡោះគឺជាអ្នកដាក់ទណ្ឌកម្មដ៏ធ្ងន់ធ្ងរបំផុត”។ [គម្ពីរគួរអាន ៥៩:៧]
២៩. សាសនាអ៊ីស្លាមបានបង្គាប់ប្រើឲ្យធ្វើល្អចំពោះឪពុកម្តាយ សូម្បីតែគាត់ពុំមែនជាអ្នកអ៊ីស្លាមក៏ដោយ និងបានផ្តាំផ្ញើឪពុកម្តាយត្រូវយកចិត្តទុកដាក់ចំពោះកូនៗ។
សាសនាអ៊ីស្លាមបង្គាប់ប្រើឲ្យធ្វើល្អចំពោះឪពុកម្តាយ។ ព្រះអល់ឡោះជាម្ចាស់ទ្រង់បានមានបន្ទូលថា៖ “ហើយព្រះជាម្ចាស់របស់អ្នកបានបញ្ជាថា ពួកអ្នកមិនត្រូវគោរពសក្ការៈ(ចំពោះអ្វី)ក្រៅពីទ្រង់ឡើយ ហើយត្រូវតែធ្វើល្អទៅចំពោះឪពុកម្ដាយ។ ប្រសិនបើម្នាក់ក្នុងចំណោមគាត់ទាំងពីរ ឬគាត់ទាំងពីរមានភាពចាស់ជរារស់នៅជាមួយអ្នក ចូរអ្នកកុំនិយាយទៅកាន់គាត់ទាំងពីរនូវពាក្យសម្ដីមិនសមរម្យ ឬគំហកដាក់គាត់ទាំងពីរឱ្យសោះ។ តែអ្នកត្រូវនិយាយទៅកាន់គាត់ទាំងពីរនូវពាក្យសម្ដីណាដែលទន់ភ្លន់បំផុត”។ [គម្ពីរគួរអាន ១៧:២៣] ទ្រង់បានមានបន្ទូលទៀតថា៖ “ហើយយើងបានផ្ដែផ្ដាំដល់មនុស្សលោក(ឱ្យធ្វើល្អ)ចំពោះឪពុកម្ដាយរបស់ខ្លួន។ (ដោយសារ)ម្ដាយរបស់គេបានពពោះរូបគេដោយលំបាកថែមលើលំបាកបំផុត។ ហើយការផ្ដាច់បំបៅរូបគេ គឺក្នុងអំឡុងពេលពីរឆ្នាំ។ ដូចេ្នះ ចូរអ្នកដឹងគុណចំពោះយើង និងឪពុកម្ដាយរបស់អ្នកចុះ។ ចំពោះយើង គឺជាកន្លែងវិលត្រឡប់”។ [គម្ពីរគួរអាន ៣១:១៤] ទ្រង់បានមានបន្ទូលផងដែរថា៖ “ហើយយើងបានណែនាំមនុស្សលោកឱ្យធ្វើល្អចំពោះឪពុកម្ដាយរបស់ខ្លួន។ ម្ដាយរបស់គេបានពពោះគេដោយលំបាក និងបានប្រសូតគេដោយលំបាកបំផុត។ ហើយការពពោះគេនិងការឈប់បំបៅគេ គឺមានរយៈពេលសាមសិបខែ។ លុះនៅពេលដែលគេធំដឹងក្ដី និងនៅពេលដែលគេគ្រប់អាយុសែសិបឆ្នាំ គេបានបួងសួងសុំថា៖ បពិត្រព្រះជាម្ចាស់! សូមទ្រង់មេត្ដាធ្វើឱ្យខ្ញុំចេះដឹងគុណចំពោះឧបការគុណរបស់ទ្រង់ដែលទ្រង់បានប្រទានមកលើរូបខ្ញុំ និងទៅលើឪពុកម្ដាយរបស់ខ្ញុំ និងដើម្បីឱ្យខ្ញុំធ្វើអំពើល្អត្រឹមត្រូវដែលទ្រង់ពេញចិត្ដវា ហើយសូមទ្រង់មេត្ដាជួយកែលម្អរូបខ្ញុំនៅក្នុងវង្សត្រកូលរបស់ខ្ញុំផង។ ពិតប្រាកដណាស់ ខ្ញុំសូមសារភាពទោសកំហុសចំពោះទ្រង់(ដែលខ្ញុំបានសាងកន្លងមក) ហើយពិតប្រាកដណាស់ ខ្ញុំស្ថិតក្នុងចំណោមអ្នកដែលប្រគល់ខ្លួនចំពោះទ្រង់”។ [គម្ពីរគួរអាន ៤៦:១៥] អំពី អាពូហ៊ូរ៉យរ៉ោះ (សូមអល់ឡោះសព្វព្រះទ័យចំពោះគាត់) បាននិយាយថា៖ មានបុរសម្នាក់បានមកជួបអ្នកនាំសាររបស់អល់ឡោះ(សូមសន្តិភាពកើតមានដល់លោក) ហើយសួរថា៖ “ឱអ្នកនាំសាររបស់អល់ឡោះ! តើអ្នកណាដែលខ្ញុំត្រូវធ្វើល្អចំពោះគាត់ជាងគេ”? លោកបានឆ្លើយថា៖ “គឺម្ដាយរបស់អ្នក”។ គាត់បានសួរថា៖ “បន្ទាប់មក តើអ្នកណា”? លោកបានឆ្លើយថា៖ “គឺម្ដាយរបស់អ្នក”។ គាត់បានសួរថា៖ “បន្ទាប់មក តើអ្នកណាទៀត”? លោកបានឆ្លើយថា៖ “គឺម្ដាយរបស់អ្នក”។ គាត់បានសួរទៀតថា៖ “ចុះបន្ទាប់មក តើអ្នកណាទៀត”? លោកបានឆ្លើយថា៖ “គឺឪពុករបស់អ្នក”។ [សហេសមូស្លីម]
ទ្រង់បានផ្តាំផ្ញើឲ្យធ្វើល្អចំពោះឪពុកម្តាយ ទោះបីគាត់ទាំងពីរជាអ្នកអ៊ីស្លាមក្តី ឬមិនមែនជាអ្នកអ៊ីស្លាមក្តី។ អំពី អាស្មាក កូនស្រីរបស់ អាពូបាកើរ បាននិយាយថា៖ នៅជំនាន់ព្យាការី(សូមសន្តិភាពកើតមានដល់លោក) ម្ដាយរបស់ខ្ញុំបានមករកខ្ញុំ ក្នុងខណៈដែលគាត់មិនមែនជាអ្នកអ៊ីស្លាម។ ខ្ញុំក៏បានសួរអ្នកនាំសាររបស់អល់ឡោះ(សូមសន្តិភាពកើតមានដល់លោក)ថា៖ “ម្ដាយរបស់ខ្ញុំបានមករកខ្ញុំដើម្បីសុំអ្វីម្យ៉ាង តើខ្ញុំត្រូវភ្ជាប់ទំនាក់ទំនងជាមួយម្ដាយខ្ញុំឬទេ”? លោកបានឆ្លើយថា៖ “ពិតមែនហើយ អ្នកត្រូវភ្ជាប់ទំនាក់ទំនងជាមួយម្ដាយរបស់អ្នក”។ [សហេសអាល់ពូខរី] ក៏ប៉ុន្តែ ប្រសិនបើឪពុកម្តាយព្យាយាមបញ្ចុះបញ្ចូលកូនឲ្យចេញពីសាសនាអ៊ីស្លាមទៅកាន់ភាពគ្មានជំនឿវិញនោះ ក្នុងករណីនេះ អ៊ីស្លាមបង្គាប់ប្រើកូនៗ គឺមិនត្រូវស្តាប់តាមបង្គាប់របស់ឪពុកម្តាយជាដាច់ខាត ហើយគេត្រូវស្ថិតនៅលើសេចក្តីជំនឿចំពោះព្រះអល់ឡោះ និងត្រូវបន្តធ្វើល្អទៅកាន់គាត់ទាំងពីរដោយល្អប្រសើរ។ ព្រះអល់ឡោះជាម្ចាស់ទ្រង់បានមានបន្ទូលថា៖ “ហើយប្រសិនបើគាត់ទាំងពីរ(ឪពុកម្ដាយ)ព្យាយាមជំរុញឱ្យអ្នកធ្វើពហុទេពនិយមជាមួយយើងនូវអ្វីដែលអ្នកមិនបានដឹងវាទេនោះ ចូរអ្នកកុំស្ដាប់បង្គាប់ពួកគាត់ទាំងពីរឱ្យសោះ។ តែអ្នកត្រូវកតញ្ញូចំពោះគាត់ទាំងពីរនៅក្នុងលោកិយនេះដោយអំពើល្អ។ ហើយចូរអ្នកដើរតាមមាគ៌ាអ្នកដែលបានវិលត្រឡប់មករកយើង។ បន្ទាប់មក កន្លែងវិលត្រឡប់របស់ពួកអ្នក គឺមកកាន់យើងតែមួយគត់។ ពេលនោះ យើងនឹងប្រាប់ពួកអ្នកនូវអ្វីដែលពួកអ្នកធ្លាប់បានប្រព្រឹត្ដ”។ [គម្ពីរគួរអាន ៣១:១៥]
សាសនាអ៊ីស្លាមក៏មិនបានហាមឃាត់ជនមូស្លីមក្នុងការធ្វើល្អចំពោះសាច់ញាតិ បងប្អូន ឬអ្នកដទៃទៀតដែលមិនមែនជាមូស្លីមនោះដែរ ប្រសិនបើពួកគេមិនមែនជាអ្នកដែលបង្កភាពជាសត្រូវចំពោះគេទេនោះ។ ព្រះអល់ឡោះជាម្ចាស់ទ្រង់បានមានបន្ទូលថា៖ “ព្រះអល់ឡោះជាម្ចាស់មិនហាមឃាត់ពួកអ្នកក្នុងការធ្វើល្អ និងផ្ដល់ភាពយុត្ដិធម៌ចំពោះពួកដែលមិនបានធ្វើសង្គ្រាមប្រឆាំងនឹងពួកអ្នកនៅក្នុងសាសនា និងមិនបានបណេ្ដញពួកអ្នកចេញពីលំនៅឋានរបស់ពួកអ្នកឡើយ។ ពិតប្រាកដណាស់ ព្រះអល់ឡោះស្រឡាញ់បណ្ដាអ្នកដែលប្រកាន់ខ្ជាប់នូវភាពយុត្ដិធម៌”។ [គម្ពីរគួរអាន ៦០:៨]
ហើយសាសនាអ៊ីស្លាមក៏បានផ្តាំផ្ញើឲ្យយកចិត្តទុកដាក់ចំពោះកូនៗផងដែរ ហើយប្រការដែលធំធេងជាងគេដែលសាសនាអ៊ីស្លាមបង្គាប់ប្រើចំពោះឪពុកម្តាយនោះ គឺត្រូវបង្រៀងកូនៗរបស់ខ្លួនឲ្យស្គាល់ពីសិទ្ធិរបស់ព្រះអល់ឡោះទៅលើពួកគេ ដូចដែលព្យាការី(សូមសន្តិភាពកើតមានដល់លោក)បានមានប្រសាសន៍ទៅកាន់ ក្មួយប្រុសរបស់គាត់ឈ្មោះ អាប់ទុលឡោះ កូនប្រុសរបស់ អាប់ហ្ពាស (សូមអល់ឡោះសព្វព្រះទ័យចំពោះគាត់ទាំងពីរ)ថា៖ “នែកេ្មងប្រុស!(ឬក៏ នែក្មេងតូច)! តើខ្ញុំមិនបានបង្រៀនអ្នកនូវពាក្យពេចន៍ដែលព្រះអល់ឡោះនឹងផ្តល់ផលប្រយោជន៍ដល់អ្នកតាមរយៈវាទេឬ”? ពេលនោះ ខ្ញុំ(អាប់ទុលឡោះ)បានឆ្លើយថា៖ “ពិតមែនហើយ”។ លោកបានមានប្រសាសន៍ថា៖ “ចូរអ្នកថែរក្សា(ក្បួនច្បាប់)ព្រះអល់ឡោះ នោះទ្រង់នឹងថែរក្សាអ្នកវិញ។ ចូរអ្នកថែរក្សា(ក្បួនច្បាប់)ព្រះអល់ឡោះ នោះអ្នកនឹងទទួលបានការចង្អុលបង្ហាញពីទ្រង់នៅមុខអ្នកជានិច្ច។ ចូរអ្នកណែនាំខ្លួនឲ្យព្រះអល់ឡោះបានស្គាល់(តាមរយៈការសាងទង្វើល្អ)នៅពេលសប្បាយរីករាយ នោះទ្រង់នឹងស្គាល់អ្នកវិញក្នុងពេលមានអាសន្ន។ ហើយបើកាលណាអ្នកចង់សុំអ្វីមួយត្រូវសុំពីព្រះអល់ឡោះ ហើយនៅពេលដែលអ្នកសុំជំនួយ ចូរអ្នកសុំជំនួយពីព្រះអល់ឡោះ”។ [អះម៉ាត់:២៨៧/៤]
ព្រះអល់ឡោះជាម្ចាស់ទ្រង់បានបង្គាប់ប្រើឪពុកម្តាយត្រូវបង្រៀនដល់កូនៗនូវអ្វីដែលមានប្រយោជន៍ដល់ពួកគេ ទាំងកិច្ចការលោកិយ និងកិច្ចការសាសនា។ ព្រះអល់ឡោះជាម្ចាស់ទ្រង់បានមានបន្ទូលថា៖ “ឱបណ្ដាអ្នកដែលមានជំនឿ! ចូរពួកអ្នកការពារខ្លួនប្រាណរបស់ពួកអ្នក និងក្រុមគ្រួសាររបស់ពួកអ្នកឱ្យផុតពីភ្លើងនរក ដែលវត្ថុសម្រាប់ដុតវានោះ គឺមនុស្សនិងដុំថ្ម។ នៅពីលើវា មានទេវតា(ម៉ាឡាអ៊ីកាត់)ជាច្រើនដែលមានទឹកមុខម៉ឺងម៉ាត់។ ពួកគេមិនជំទាស់នឹងព្រះអល់ឡោះនូវអ្វីដែលទ្រង់បានបញ្ជាដល់ពួកគេឡើយ ហើយពួកគេធ្វើនូវអ្វីដែលព្រះអល់ឡោះដាក់បទបញ្ជា”។ [គម្ពីរគួរអាន ៦៦:៦] ត្រង់បន្ទូលរបស់ព្រះអល់ឡោះជាម្ចាស់៖ “ចូរពួកអ្នកការពារខ្លួនប្រាណរបស់ពួកអ្នក និងក្រុមគ្រួសាររបស់ពួកអ្នកឱ្យផុតពីភ្លើងនរក” លោក អាលី (សូមអល់ឡោះសព្វព្រះទ័យចំពោះគាត់) បានបកស្រាយថា៖ “ចូរអប់រំ និងបង្រៀនពួកគេ នូវសីលធម៌ និងចំណេះដឹង”។ ព្យាការីមូហាំម៉ាត់(សូមសន្តិភាពកើតមានដល់លោក) លោកបានបង្គាប់ប្រើឪពុកម្តាយឲ្យបង្រៀនកូនៗរបស់ខ្លួនពីរបៀបសឡាតដើម្បីជាការអប់រំដល់ពួកគេ។ ព្យាការីបានមានប្រសាសន៍ថា៖ “ចូរពួកអ្នកប្រើកូនៗរបស់ពួកអ្នកឲ្យប្រតិបត្តិសឡាតនៅពេលដែលពួកគេមានអាយុប្រាំពីរឆ្នាំ”។ [អាពូទើរូទ] លោកបានមានប្រសាសន៍ផងដែរថា៖ “ពួកអ្នកទាំងអស់គ្នា គឺជាអ្នកមើលការខុសត្រូវ ហើយពួកអ្នកទាំងអស់គ្នាត្រូវទទួលខុសត្រូវចំពោះអ្វីដែលខ្លួនមើលការខុសត្រូវនោះ។ មេដឹកនាំ គឺជាអ្នកមើលការខុសត្រូវ ហើយត្រូវទទួលខុសត្រូវចំពោះអ្នកនៅក្រោមការគ្រប់គ្រងរបស់ខ្លួន។ បុរសគឺជាអ្នកមើលការខុសត្រូវចំពោះគ្រួសាររបស់ខ្លួន ហើយគេត្រូវទទួលខុសត្រូវចំពោះអ្នកនៅក្រោមការគ្រប់គ្រងរបស់ខ្លួន។ ស្ដ្រីគឺជាអ្នកមើលការខុសត្រូវផ្ទះស្វាមីរបស់នាង ហើយនាងត្រូវទទួលខុសត្រូវចំពោះអ្នកនៅក្រោមការគ្រប់គ្រង របស់ខ្លួន។ អ្នកបម្រើគឺជាអ្នកមើលការខុសត្រូវចំពោះទ្រព្យសម្បត្ដិចៅហ្វាយរបស់ខ្លួន ហើយគេត្រូវទទួលខុសត្រូវចំពោះអ្វីដែលខ្លួនមើលការខុសត្រូវនោះ។ ហេតុនេះ ពួកអ្នកទាំងអស់គ្នា គឺជាអ្នកមើលការខុសត្រូវ ហើយពួកអ្នកទាំងអស់ត្រូវទទួលខុសត្រូវចំពោះអ្វីដែលខ្លួនមើលការខុសត្រូវនោះ”។ [សហេសអ៊ិពនូហ៊ិបហ្ពាន:៤៤៩០]
សាសនាអ៊ីស្លាមបានបង្គាប់ប្រើឪពុកត្រូវផ្គត់ផ្គង់ដល់កូនៗ និងក្រុមគ្រួសារទាំងមូលដូចដែលបានលើកឡើងរួចមកហើយនៅក្នុងកថាខណ្ឌលេខ១៨។ ព្យាការីមូហាំម៉ាត់(សូមសន្តិភាពកើតមានដល់លោក)បានបញ្ជាក់ពីឧត្តមភាពនៃការផ្គត់ផ្គង់លើកូនៗនេះថា៖ “លុយមួយទីណើរដែលល្អជាងគេបំផុតដែលបុរសចំណាយ គឺទីណើរដែលគេចំណាយទៅលើក្រុមគ្រួសាររបស់ខ្លួន និងទីណើរដែលគេចំណាយទៅលើជំនិះរបស់ខ្លួនក្នុងមាគ៌ាអល់ឡោះ ហើយនិងទីណើរដែលគេចំណាយទៅលើមិត្ដភក្ដិរបស់ខ្លួនក្នុងមាគ៌ាអល់ឡោះ”។ អាពូគីឡាបះ បាននិយាយថា៖ លោកបានចាប់ផ្តើមដោយគ្រួសារមុន។ បន្ទាប់មក អាពូគីឡាបះ បានបន្តថា៖ តើបុរសណាដែលទទួលបានផលបុណ្យធំធេងជាងបុរសដែលចំណាយទៅលើកូនតូចៗរបស់ខ្លួន ដោយអល់ឡោះនឹងធ្វើឲ្យពួកគេស្អាតស្អំមិនត្រូវការសុំអ្នកដទៃតាមរយៈរូបគេ ឬអល់ឡោះផ្តល់ប្រយោជន៍ដល់ពួកគេ និងធ្វើឱ្យពួកគេកាន់តែមានជីវភាពធូរធារនោះ? [សហេសមូស្លីម:៩៩៤]
៣០. សាសនាអ៊ីស្លាមបង្គាប់ប្រើឲ្យប្រកាន់ខ្ជាប់នូវភាពយុត្តិធម៌ទាំងក្នុងពាក្យសម្តី និងទង្វើ សូម្បីតែជាមួយនឹងសត្រូវ។
ព្រះអល់ឡោះ គឺជាព្រះជាម្ចាស់ដែលប្រកបដោយភាពយុត្តិធម៌បំផុតទាំងចំពោះទង្វើរបស់ទ្រង់ ការចាត់ចែងរបស់ទ្រង់រវាងខ្ញុំបម្រើទាំងឡាយរបស់ទ្រង់ ហើយទ្រង់ស្ថិតលើមាគ៌ាដ៏ត្រឹមត្រូវចំពោះអ្វីដែលទ្រង់បានបង្គាប់ប្រើនិងអ្វីដែលទ្រង់បានហាមឃាត់ និងចំពោះការបង្កើត ហើយនិងការកំណត់របស់ទ្រង់។ ទ្រង់បានមានបន្ទូលថា៖ “ព្រះអល់ឡោះបានបញ្ជាក់ថា ពិតប្រាកដណាស់ គ្មានព្រះឯណាដែលត្រូវគេគោរពសក្ការៈដ៏ពិតប្រាកដក្រៅពីទ្រង់ដែលឈរលើភាពយុត្ដិធម៌នោះឡើយ។ ហើយទេវតា(ម៉ាឡាអ៊ីកាត់)ទាំងឡាយ និងបណ្ដាអ្នកមានចំណេះដឹងក៏ដូច្នោះដែរ។ គ្មានព្រះឯណាដែលត្រូវគេគោរពសក្ការៈដ៏ពិតប្រាកដក្រៅពីទ្រង់ដែលមហាខ្លាំងពូកែ មហាគតិបណ្ឌិតឡើយ”។ [គម្ពីរគួរអាន ៣:១៨] ហើយព្រះអល់ឡោះជាម្ចាស់បានបង្គាប់ប្រើឲ្យប្រកាន់ខ្ជាប់នូវភាពយុត្តិធម៌។ ទ្រង់បានមានបន្ទូលថា៖ “ចូរអ្នក(មូហាំម៉ាត់)ពោលថា៖ ព្រះជាម្ចាស់របស់ខ្ញុំបានបញ្ជាឱ្យប្រកាន់ខ្ជាប់នូវភាពយុតិ្ដធម៌”។ [គម្ពីរគួរអាន ៧:២៩] ហើយបណ្តាព្យាការី និងអ្នកនាំសារទាំងឡាយ គឺពួកគេបានមកដល់ដោយនាំមកនូវភាពយុត្តិធម៌។ ទ្រង់បានមានបន្ទូលថា៖ “ជាការពិតណាស់ យើងបានបញ្ជូនបណ្ដាអ្នកនាំសាររបស់យើងជាមួយនឹងភស្ដុតាងជាច្រើនយ៉ាងច្បាស់លាស់។ ហើយយើងបានបញ្ចុះជាមួយពួកគេនូវព្រះគម្ពីរ និងជញ្ជីងដើម្បីឱ្យមនុស្សលោកទំនាក់ទំនងគ្នាដោយយុត្ដិធម៌”។ [គម្ពីរគួរអាន ៥៨:២៥] ពាក្យថាជញ្ជីង គឺសំដៅលើភាពយុត្តិធម៌ទាំងក្នុងពាក្យសម្តី និងទង្វើ។
សាសនាអ៊ីស្លាមបានបង្គាប់ប្រើឲ្យប្រកាន់ខ្ជាប់នូវភាពយុត្តិធម៌ទាំងក្នុងពាក្យសម្តី និងទង្វើ សូម្បីតែជាមួយនឹងសត្រូវ។ ព្រះអល់ឡោះជាម្ចាស់ទ្រង់បានមានបន្ទូលថា៖ “ឱបណ្ដាអ្នកដែលមានជំនឿ! ចូរពួកអ្នកប្រកាន់ឱ្យបានខ្ជាប់ខ្ជួននូវភាពយុត្ដិធម៌ ដូចជាការធ្វើសាក្សីចំពោះព្រះអល់ឡោះ សូម្បីតែ(ធ្វើសាក្សី)លើខ្លួនឯង ឬឪពុកម្ដាយ ឬញាតិសន្ដានក៏ដោយ។ ទោះបីគេជាអ្នកមាន ឬជាអ្នកក្រក៏ដោយ គឺព្រះអល់ឡោះជាអ្នកដឹងបំផុតចំពោះគេទាំងពីរនោះ។ ដូចេ្នះ ចូរពួកអ្នកកុំប្រព្រឹត្ដតាមទំនើងចិត្ដដែលនាំឱ្យឃ្លាតឆ្ងាយពីភាពយុត្ដិធម៌ឱ្យសោះ។ តែប្រសិនបើពួកអ្នកកែប្រែ(ការពិតក្នុងការធ្វើសាក្សី) ឬបដិសេធវិញនោះ ពិតប្រាកដណាស់ ព្រះអល់ឡោះដឹងបំផុតនូវអ្វីៗដែលពួកអ្នកប្រព្រឹត្ដ”។ [គម្ពីរគួរអាន ៤:១៣៥] ទ្រង់បានមានបន្ទូលទៀតថា៖ “ហើយចូរកុំបណ្ដោយឱ្យការស្អប់ខ្ពើមរបស់ក្រុមមួយដែលបានរារាំងពួកអ្នកពីម៉ាស្ជិតអាល់ហារ៉ម ធ្វើឱ្យពួកអ្នកបំពានឱ្យសោះ។ ចូរពួកអ្នកជួយគ្នាក្នុងការធ្វើអំពើល្អនិងកោតខ្លាចព្រះអល់ឡោះ។ ហើយចូរពួកអ្នកកុំជួយគ្នាក្នុងការធ្វើអំពើបាបនិងធ្វើជាសត្រូវនឹងគ្នាឱ្យសោះ។ ហើយចូរពួកអ្នកកោតខ្លាចព្រះអល់ឡោះ។ ជាការពិតណាស់ ព្រះអល់ឡោះជាអ្នកដាក់ទណ្ឌកម្មដ៏ធ្ងន់ធ្ងរបំផុត”។ [គម្ពីរគួរអាន ៥:២] ទ្រង់បានមានបន្ទូលផងដែរថា៖ “ឱបណ្ដាអ្នកដែលមានជំនឿ! ចូរពួកអ្នកតាំងខ្លួនជាអ្នកដែលប្រកាន់ខ្ជាប់នូវការពិតដើម្បីព្រះអល់ឡោះ ជាអ្នកដែលធ្វើសាក្សីដោយយុត្ដិធម៌។ ចូរពួកអ្នកប្រកាន់ខ្ជាប់នូវភាពយុត្ដិធម៌ធ្វើជាសាក្សីដើម្បីព្រះអល់ឡោះ។ ហើយចូរកុំបណ្ដោយឱ្យការស្អប់ខ្ពើមរបស់ក្រុមមួយធ្វើឱ្យពួកអ្នកប្រព្រឹត្ដអំពើអយុត្ដិធម៌ឱ្យសោះ។ ចូរពួកអ្នកប្រកាន់ខ្ជាប់នូវភាពយុត្ដិធម៌ព្រោះវាកៀកបំផុតទៅនឹងការកោតខ្លាចព្រះអល់ឡោះ”។ [គម្ពីរគួរអាន ៥:៨] តើមានច្បាប់ណាដែលមាននៅក្នុងពេលបច្ចុប្បន្ននេះ ឬនៅក្នុងសាសនាណាមួយដូចសាសនានេះដែលបង្គាប់ប្រើឲ្យធ្វើសាក្សីដោយសច្ចៈ និងនិយាយពាក្យពិត សូម្បីចំពោះខ្លួនឯង ឬចំពោះឪពុកម្តាយ ឬសាច់ញាតិ និងបង្គាប់ប្រើឲ្យប្រកាន់ខ្ជាប់នឹងភាពយុត្តិធម៌មិនថាជាមួយសត្រូវ ឬជាមួយមិត្តភក្តិនោះ?
ហើយព្យាការីមូហាំម៉ាត់(សូមសន្តិភាពកើតមានដល់លោក)ក៏បានបង្គាប់ប្រើឲ្យមានភាពយុត្តិធម៌រវាងកូនៗទាំងឡាយផងដែរ។ អំពី អាមៀរ បាននិយាយថា៖ ខ្ញុំបានឮ អាន់នួកម៉ាន កូនរបស់ បាសៀរ (សូមព្រះអល់ឡោះសព្វព្រះទ័យចំពោះគាត់ទាំងពីរ)បាននិយាយនៅពេលដែលគាត់នៅលើវេទិកាថា៖ “ឪពុករបស់ខ្ញុំបានផ្តល់អំណោយមួយដល់ខ្ញុំ។ ពេលនោះ អាំរ៉ោះ កូនស្រីរបស់ រ៉វ៉ាហះ(ម្តាយរបស់ខ្ញុំ)បាននិយាយថា៖ “ទេ ខ្ញុំមិនទាន់យល់ព្រម(ឯកភាពទេ) លុះត្រាតែអ្នកនាំសាររបស់អល់ឡោះ(សូមសន្តិភាពកើតមានដល់លោក)ធ្វើសាក្សីឲ្យអ្នកសិន”។ ពេលនោះ គាត់ក៏បានទៅជួបនឹងអ្នកនាំសាររបស់អល់ឡោះ ហើយបាននិយាយថា៖ “ឱអ្នកនាំសាររបស់អល់ឡោះ! ខ្ញុំបានឲ្យកាដូមួយដល់កូនរបស់ខ្ញុំ(ដែលជាកូន)ជាមួយ អាំរ៉ោះ កូនស្រីរបស់ រ៉វ៉ាហះ តែនាងបានសុំឲ្យខ្ញុំរកលោកធ្វើជាសាក្សីថែមទៀត(ទើបនាងព្រម)។ ពេលនោះ អ្នកនាំសាររបស់អល់ឡោះ(សូមសន្តិភាពកើតមានដល់លោក)បានមានប្រសាសន៍ថា៖ “តើអ្នកសុទ្ធតែបានផ្តល់(កាដូ)ដល់កូនៗដទៃទៀតរបស់អ្នក ដូចដែលអ្នកបានផ្តល់ដល់កូនម្នាក់នេះដែរឬទេ”? គាត់បានឆ្លើយថា “ទេ អត់ទេ”។ អ្នកនាំសាររបស់អល់ឡោះ(សូមសន្តិភាពកើតមានដល់លោក)ក៏លោកបានមានប្រសាសន៍បន្តថា៖ “ចូរអ្នកកោតខ្លាចព្រះអល់ឡោះ ហើយត្រូវមានភាពយុត្តិធម៌រវាងកូនៗរបស់អ្នក”។ គាត់(អាន់នួកម៉ាន)បាននិយាយថា៖ “ពេលនោះ ឪពុករបស់ខ្ញុំក៏បានត្រឡប់មកវិញ និងបានយកកាដូនោះវិញ”។ [សហេសអាល់ពូខរី:២៥៨៧]
ដូច្នោះឯង ពោលគឺកិច្ចការរបស់មនុស្សលោក និងកិច្ចការប្រទេសជាតិមិនអាចប្រព្រឹត្តទៅដោយរលូនដោយគ្មានភាពយុត្តិធម៌បាននោះឡើយ ហើយគេក៏មិនអាចទទួលបាននូវសុខសុវត្ថិភាពចំពោះសាសនារបស់គេ អាយុជីវិតរបស់គេ ពូជពង្សរបស់គេ ទ្រព្យសម្បត្តិរបស់គេ និងប្រទេសជាតិរបស់គេដោយគ្មានយុត្តិធម៌នោះដែរ។ ហេតុនេះហើយទើបបានជាយើងសង្កេតឃើញថា ព្យាការី(សូមសន្តិភាពកើតមានដល់លោក) នៅពេលដែលពួកគ្មានជំនឿនៃក្រុងម៉ាក្កះបានធ្វើទុក្ខបុកម្នេញលើជនមូស្លីមនៅក្នុងក្រុងម៉ាក្កះ លោកបានប្រើពួកគេឲ្យធ្វើការភៀសខ្លួនទៅកាន់ទឹកដីអេត្យូពី ដោយលោកបានលើកហេតុផលថា ជាការពិតណាស់នៅទីនោះ គឺមានព្រះរាជាមួយអង្គដែលជាស្តេចប្រកបដោយភាពយុត្តិធម៌ ដោយទ្រង់មិនប្រព្រឹត្តអយុត្តិធម៌លើនរណាម្នាក់នោះឡើយ។
៣១. សាសនាអ៊ីស្លាមប្រើឲ្យធ្វើល្អចំពោះគ្រប់ភាវៈទាំងអស់ ហើយអំពាវនាវពួកគេទៅកាន់អត្តចរិតល្អប្រពៃ និងអំពើល្អ។
សាសនាអ៊ីស្លាមប្រើឲ្យធ្វើល្អចំពោះគ្រប់ភាវៈទាំងអស់។ ព្រះអល់ឡោះជាម្ចាស់បានមានបន្ទូលថា៖ “ពិតប្រាកដណាស់ ព្រះអល់ឡោះបញ្ជាឱ្យប្រកាន់នូវភាពយុត្ដិធម៌និងគុណធម៌ និងផ្ដល់ជំនួយដល់ញាតិសន្ដាន”។ [គម្ពីរគួរអាន ១៦:៩០] ទ្រង់បានមានបន្ទូលទៀតថា៖ “គឺបណ្ដាអ្នកដែលបរិច្ចាគ(ទ្រព្យសម្បត្ដិ)ទាំងនៅពេលធូរធារ និងនៅពេលក្រខ្សត់ និងបណ្ដាអ្នកដែលចេះទប់កំហឹង ហើយនិងបណ្ដាអ្នកដែលមានការអធ្យាស្រ័យដល់មនុស្សលោក។ ហើយព្រះអល់ឡោះស្រឡាញ់បណ្ដាអ្នកដែលធ្វើល្អ”។ [គម្ពីរគួរអាន ៣:១៣៤] អ្នកនាំសារមូហាំម៉ាត់(សូមសន្តិភាពកើតមានដល់លោក)បានមានប្រសាសន៍ថា៖ “ពិតណាស់ ព្រះអល់ឡោះបានដាក់បទបញ្ជាឲ្យធ្វើល្អចំពោះអ្វីៗទាំងអស់។ ហេតុនេះ នៅពេលពួកអ្នកសម្លាប់ ចូរពួកអ្នកសម្លាប់ដោយល្អប្រសើរ។ ហើយនៅពេលពួកអ្នកសំឡេះសត្វ(ដើម្បីទទួលទាន) ចូរពួកអ្នកសំឡេះក្នុងលក្ខណៈល្អប្រសើរ។ ចូរឲ្យពួកអ្នកសំលៀងកាំបិតឲ្យមុត ហើយធ្វើយ៉ាងណាឲ្យសត្វនោះស្លាប់ដោយងាយស្រួលបំផុត”។ [សហេសមូស្លីម:១៩៥៥]
សាសនាអ៊ីស្លាមអំពាវនាវមនុស្សទៅកាន់អត្តចរិតល្អប្រពៃ និងអំពើល្អ។ ព្រះអល់ឡោះជាម្ចាស់បានមានបន្ទូលរៀបរាប់ពីលក្ខណៈសម្បត្តិរបស់អ្នកនាំសារមូហាំម៉ាត់នៅក្នុងព្រះគម្ពីរមុនៗថា៖ “បណ្ដាអ្នកដែលតាមអ្នកនាំសារ(មូហាំម៉ាត់)ជាព្យាការីដែលមិនចេះអាននិងមិនចេះសរសេរ ដែលពួកគេបានដឹងពីលក្ខណៈរបស់គាត់ដែលត្រូវបានសរសេរក្នុងព្រះគម្ពីរតូរ៉ា(គម្ពីរតាវរ៉ត)និងព្រះគម្ពីរដំណឹងល្អ(អ៊ីញ្ជីល)ដែលមាននៅជាមួយពួកគេ។ គាត់បញ្ជាពួកគេឱ្យធ្វើល្អ និងហាមឃាត់ពួកគេពីប្រការអាក្រក់ ហើយអនុញ្ញាតឱ្យពួកគេនូវអ្វីដែលល្អ(ហាឡាល់) និងហាមឃាត់ពួកគេនូវអ្វីដែលអាក្រក់ ព្រមទាំងលុបបំបាត់កិច្ចការដែលលំបាក និងកិច្ចការដែលធ្ងន់ធ្ងរដែលធ្លាប់មានចំពោះពួកគេ។ ដូចេ្នះ បណ្ដាអ្នកដែលបានជឿលើគាត់ និងលើកតម្កើងគាត់ និងជួយគាត់ ហើយនិងបានអនុវត្ដតាមពន្លឺ(ព្រះគម្ពីរគួរអាន)ដែលគេបានបញ្ចុះមកឱ្យគាត់នោះ អ្នកទាំងនោះ គឺជាអ្នកដែលជោគជ័យ”។ [គម្ពីរគួរអាន ៧:១៥៧] អ្នកនាំសារមូហាំម៉ាត់(សូមសន្តិភាពកើតមានដល់លោក)បានមានប្រសាសន៍ថា៖ “ឱអាអ៊ីស្ហះ! ពិតណាស់ ព្រះអល់ឡោះជាម្ចាស់ទ្រង់ទន់ភ្លន់។ ទ្រង់ស្រឡាញ់ភាពទន់ភ្លន់ ហើយទ្រង់ផ្ដល់ឲ្យអ្នកដែលមានភាពទន់ភ្លន់នូវអ្វីដែលទ្រង់មិនផ្ដល់ដល់អ្នកហិង្សា និងអ្នកផេ្សងទៀត”។ លោកបានមានប្រសាសន៍ទៀតថា៖ លោកបានមានប្រសាសន៍ទៀតថា៖ “ពិតប្រាកដណាស់ ព្រះអល់ឡោះបានហាមឃាត់ពួកអ្នកពីភាពអកតញ្ញូចំពោះឪពុកម្ដាយ ការកប់កូនស្រីទាំងរស់ ការហាមឃាត់នូវអ្វីដែលត្រូវផ្ដល់ឲ្យ។ ហើយទ្រង់មិនពេញចិត្ដចំពោះការនិយាយច្រើន ការសួរច្រើនឥតប្រយោជន៍ និងការបំផ្លិចបំផ្លាញទ្រព្យសម្បត្ដិ”។ [សហេសអាល់ពូខរី:២៤០៨] លោកបានមានប្រសាសន៍ផងដែរថា៖ “មិនអាចចូលឋានសួគ៌ឡើយ លុះត្រាតែពួកអ្នកមានជំនឿ ហើយពួកអ្នកគ្មានជំនឿឡើយ លុះត្រាតែពួកអ្នកចេះស្រឡាញ់គ្នាទៅវិញទៅមក។ តើពួកអ្នកចង់ឲ្យខ្ញុំបង្ហាញប្រាប់ពួកអ្នកនូវកិច្ចការមួយប្រសិនបើពួកអ្នកអនុវត្ដវា ពួកអ្នកនឹងស្រឡាញ់គ្នាឬទេ? ចូរពួកអ្នកផ្សព្វផ្សាយសាឡាមរវាងពួកអ្នក”។ [សហេសមូស្លីម:៥៤]
៣២. សាសនាអ៊ីស្លាមបង្គាប់ប្រើឲ្យប្រកាន់ខ្ជាប់នឹងអត្តចរិតដ៏ល្អប្រពៃដែលគួរឲ្យកោតសរសើរដូចជា ភាពស្មោះត្រង់ រក្សាទំនុកចិត្ត រក្សាភាពបរិសុទ្ធ ការខ្មាសអៀន ក្លាហាន លះបង់ ចិត្តសប្បុរស ជួយដល់អ្នកដែលមានតម្រូវការ ជួយសង្គ្រោះអ្នកដែលត្រូវគេគាបសង្កត់ ផ្តល់ចំណីអាហារដល់អ្នកស្រេកឃ្លាន ធ្វើល្អជាមួយអ្នកជិតខាង ភ្ជាប់សាច់សាលោហិត និងទន់ភ្លន់ចំពោះសត្វធាតុ។
សាសនាអ៊ីស្លាមបានបង្គាប់ប្រើឲ្យប្រកាន់ខ្ជាប់នឹងអត្តចរិតដ៏ល្អប្រពៃដែលគួរឲ្យកោតសរសើរ។ ព្យាការីមូហាំម៉ាត់(សូមសន្តិភាពកើតមានដល់លោក)បានមានប្រសាសន៍ថា៖ “ជាការពិតណាស់ រូបខ្ញុំត្រូវបានគេតែងតាំង(ជាអ្នកនាំសារ) គឺដើម្បីបំពេញនូវអត្តចរិតដ៏ល្អប្រពៃ”។ [សហេសអាល់អាហ្ទាប់ អាល់មុហ្វរ៉ត់:២០៧] លោកបានមានប្រសាសន៍ទៀតថា៖ “ពិតប្រាកដ អ្នកដែលខ្ញុំស្រឡាញ់ជាងគេនៃពួកអ្នក និងស្ថិតនៅជិតខ្ញុំជាងគេនៅថ្ងៃបរលោក គឺអ្នកដែលមានសីលធម៌ល្អជាងគេនៃពួកអ្នក។ ហើយអ្នកដែលខ្ញុំស្អប់ជាងគេនៃពួកអ្នក ហើយឃ្លាតឆ្ងាយអំពីខ្ញុំជាងគេនៅថ្ងៃបរលោក គឺពួកអាស្ហារស្ហារូន(ពួកអ្នកដែលនិយាយច្រើនឥតប្រយោជន៍) ពួកមូតាស្សាត់ទីគូន(ពួកអ្នកដែលនិយាយអួតកេ្អងក្អាង) និងពួកអាល់មូតាហ្វៃហ៊ីគូន”។ ពួកគេបានសួរថា៖ ឱរ៉ស៊ូលុលឡោះ! ពួកយើងដឹងហើយអំពីពួកអាស្ហារស្ហារូន និងពួកមូតាស្សាត់ទីគូន។ ចុះពួកអាល់មូតាហ្វៃហ៊ីគូន គឺអ្វីទៅ? លោកបានឆ្លើយថា៖ គឺពួកដែលក្រអឺតក្រទម”។ [អាស្ស៊ិលស៊ីឡះ អាស្ស៏ហ៊ីហះ:៧៩១] អំពី អាប់ទុលឡោះ កូន អាំរ៍ កូន អាល់អោស (សូមអល់ឡោះសព្វព្រះទ័យចំពោះគាត់ទាំងពីរ) បាននិយាយថា៖ អ្នកនាំសាររបស់អល់ឡោះ(សូមសន្តិភាពកើតមានដល់លោក)មិនមែនជាមនុស្សអសីលធម៌ ហើយក៏ធ្វើនូវទង្វើអសីលធម៌ដែរ ហើយលោកបានមានប្រសាសន៍ថា៖ “នៅក្នុងចំណោមអ្នកដែលល្អជាងគេនៃពួកអ្នក គឺអ្នកដែលមានសីលធម៌ល្អជាងគេ”។ [សហេសអាល់ពូខរី:៣៥៥៩] ហើយក៏មានវាក្យខណ្ឌគួរអាន និងសេចក្តីរាយការណ៍ជាច្រើនទៀតដែលបង្ហាញថា ពិតណាស់សាសនាអ៊ីស្លាម គឺជំរុញមនុស្សឲ្យប្រកាន់ខ្ជាប់នឹងអត្តចរិតដ៏ល្អប្រពៃ និងសាងទង្វើល្អជាទូទៅ។
ក្នុងចំណោមប្រការដែលអ៊ីស្លាមបង្គាប់ប្រើនោះ គឺភាពស្មោះត្រង់។ អ្នកនាំសាររបស់អល់ឡោះ (សូមសន្តិភាពកើតមានដល់លោក)បានមានប្រសាសន៍ថា៖ “ចូរអ្នកប្រកាន់ខ្ជាប់នូវភាពទៀងត្រង់។ ពិតណាស់ ភាពទៀងត្រង់នាំទៅរកទង្វើកុសល ហើយទង្វើកុសលនាំទៅរកឋានសួគ៌។ បុរសម្នាក់នៅតែមិនបានបោះបង់នូវភាពទៀងត្រង់ និងនៅតែព្យាយាមនិយាយទៀងត្រង់ រហូតទាល់តែគេកត់ត្រានៅនឹងព្រះអល់ឡោះថា ជាអ្នកទៀងត្រង់បំផុត”។ [សហេសមូស្លីម:២៦០៧]
ក្នុងចំណោមប្រការដែលអ៊ីស្លាមបង្គាប់ប្រើនោះ គឺការរក្សានូវទំនុកចិត្ត(ដែលគេបានទុកចិត្តមកលើ)។ ព្រះអល់ឡោះជាម្ចាស់បានមានបន្ទូលថា៖ “ពិតប្រាកដណាស់ ព្រះអល់ឡោះបញ្ជាពួកអ្នកឱ្យប្រគល់បញ្ញើទាំងឡាយទៅឱ្យម្ចាស់របស់គេវិញ”។ ។ [គម្ពីរគួរអាន ៤:៥៨]
ក្នុងចំណោមប្រការដែលអ៊ីស្លាមបង្គាប់ប្រើនោះ គឺការរក្សាភាពបរិសុទ្ធ(មិនប្រព្រឹត្តអំពើអសីលធម៌) ។ អ្នកនាំសារបានមានប្រសាសន៍ថា៖ “មនុស្សបីប្រភេទដែលចាំបាច់ព្រះអល់ឡោះត្រូវតែជួយគេជាដាច់ខាត គឺអ្នកដែលតស៊ូក្នុងមាគ៌ាព្រះអល់ឡោះ កូនបំណុលដែលមានបំណងសង និងអ្នករៀបអាពាហ៍ពិពាហ៍ដែលមានបំណងចង់រក្សាភាពបរិសុទ្ធ”។ [ស៊ូណាន់អាត់តៀរមីហ្ស៊ី:១៦៥៥] ហើយក្នុងចំណោមពាក្យបួងសួងដែលព្យាការីលោកតែងបួងសួងនោះគឺ ៖ “បពិត្រព្រះអល់ឡោះជាម្ចាស់! ប្រាកដណាស់ ខ្ញុំសុំពីទ្រង់នូវការចង្អុលបង្ហាញ ការគោរពកោតខ្លាចទ្រង់ ភាពស្អាតស្អំ និងភាពគ្រប់គ្រាន់មិនសុំពីអ្នកដទៃ”។ [សហេសមូស្លីម:២៧២១]
ក្នុងចំណោមប្រការដែលអ៊ីស្លាមបង្គាប់ប្រើនោះ គឺការមានភាពខ្មាសអៀន។ អ្នកនាំសារបានមានប្រសាសន៍ថា៖ ”ការខ្មាសអៀនសុទ្ធតែផ្ដល់នូវផលល្អ”។ [សហេសអាល់ពូខរី:៦១១៧] លោកបានមានប្រសាសន៍ទៀតថា៖ “រាល់សាសនាទាំងអស់ គឺមានសីលធម៌ ហើយសីលធម៌របស់អ៊ីស្លាមនោះ គឺភាពខ្មាសអៀន”។ [អាល់ពៃហាគី នៅក្នុងសៀវភៅ ស្ហ៊ួកពុលអ៊ីម៉ាន ៦/២៦១៩]
ក្នុងចំណោមប្រការដែលអ៊ីស្លាមបង្គាប់ប្រើនោះ គឺភាពក្លាហាន។ អំពី អាណាស (សូមអល់ឡោះសព្វព្រះទ័យចំពោះគាត់) បាននិយាយថា៖ “ព្យាការី(សូមសន្តិភាពកើតមានដល់លោក)ជាមនុស្សដែលល្អបំផុត ក្លាហានបំផុត និងសប្បុរសបំផុតក្នុងចំណោមមនុស្សទាំងអស់។ នៅពេលដែលប្រជាជនម៉ាទីណះមានការភ័យខ្លាច ព្យាការី(សូមសន្តិភាពកើតមានដល់លោក)បានជិះសេះមួយឆ្ពោះទៅមុខពួកគេ”។ [សហេសអាល់ពូខរី:២៨២០] ហើយព្យាការីលោកធ្លាប់បានបួងសួងសុំពីព្រះអល់ឡោះឲ្យបញ្ចៀសរូបលោកពីភាពកំសាក ដោយលោកបានបួងសួងថា៖ “បពិត្រព្រះអល់ឡោះជាម្ចាស់! ពិតប្រាកដណាស់ ខ្ញុំសុំពីទ្រង់មេត្ដាបញ្ជៀសរូបខ្ញុំពីភាពកំសាកផងចុះ”។ [សហេសអាល់ពូខរី:៦៣៧៤]
ក្នុងចំណោមប្រការដែលអ៊ីស្លាមបង្គាប់ប្រើនោះ គឺការលះបង់ និងចិត្តសប្បុរស។ ព្រះអល់ឡោះជាម្ចាស់ទ្រង់បានមានបន្ទូលថា៖ “ការប្រៀបធៀបបណ្ដាអ្នកដែលបរិច្ចាគទ្រព្យសម្បត្ដិរបស់ពួកគេក្នុងមាគ៌ាព្រះអល់ឡោះ ប្រៀបដូចជាធញ្ញជាតិមួយគ្រាប់ដែលបានដុះចេញជាប្រាំពីរកួរ ហើយនៅក្នុងកួរនីមួយៗ មានមួយរយគ្រាប់។ ហើយព្រះអល់ឡោះនឹងបន្ថែមឱ្យលើសពីនេះចំពោះជនណាដែលទ្រង់មានចេតនា។ ហើយព្រះអល់ឡោះមហាទូលំទូលាយ មហាដឹង”។ [គម្ពីរគួរអាន ២:២៦១] អ៊ិពនូអាប់ហ្ពាស(សូមអល់ឡោះសព្វព្រះទ័យចំពោះគាត់ទាំងពីរ) បាននិយាយថា៖ “ព្យាការី(សូមសន្តិភាពកើតមានដល់លោក) គឺជាមនុស្សដែលមានចិត្ដសប្បុរសបំផុត ហើយពេលដែលលោកមានចិត្ដសប្បុរសបំផុតនោះ គឺនៅក្នុងខែរ៉ម៉ាឌននៅពេលដែលទេវជីព្រីលមកជួបលោក។ ទេវជីព្រីលតែងមកជួបលោករាល់យប់នៅក្នុងខែរ៉ម៉ាឌន។ លោកសូត្រព្រះគម្ពីរគួរអានឱ្យជីព្រីលស្តាប់(ដើម្បីផ្ទៀងផ្ទាត់)។ ហើយពេលដែលលោកជួបនឹងទេវជីព្រីល គឺលោកមានចិត្ដសប្បុរសជាងខ្យល់ដែលបក់នាំអ្វីៗទៅទៀត”។ [សហេសអាល់ពូខរី:១៩០២]
ក្នុងចំណោមប្រការដែលអ៊ីស្លាមបង្គាប់ប្រើនោះ គឺការជួយដល់អ្នកដែលមានតម្រូវការ ជួយសង្គ្រោះអ្នកដែលត្រូវគេគាបសង្កត់ ផ្តល់ចំណីអាហារដល់អ្នកស្រេកឃ្លាន ធ្វើល្អជាមួយអ្នកជិតខាង ភ្ជាប់ចំណងសាច់សាលោហិត និងទន់ភ្លន់ចំពោះសត្វធាតុ។ អំពី អាប់ទុលឡោះ កូន អាំរ៍ (សូមអល់ឡោះសព្វព្រះទ័យចំពោះគាត់ទាំងពីរ) ពិតណាស់ មានបុរសម្នាក់បានសួរព្យាការី(សូមសន្តិភាពកើតមានដល់លោក)ថា៖ តើទង្វើក្នុងអ៊ីស្លាមមួយណាដែលល្អប្រសើរនោះ? លោកបានឆ្លើយថា៖ “គឺអ្នកត្រូវផ្ដល់អាហារដល់អ្នកក្រីក្រ និងឲ្យសាឡាម(គារវកិច្ច)ទាំងចំពោះអ្នកដែលអ្នកស្គាល់ និងអ្នកដែលអ្នកមិនស្គាល់”។ [សហេសអាល់ពូខរី:១២] លោកបានមានប្រសាសន៍ទៀតថា៖ “នៅពេលដែលបុរសម្នាក់កំពុងដើរតាមផ្លូវមួយ ស្រាប់តែគាត់សេ្រកទឹកយ៉ាងខ្លាំង។ ពេលនោះ គាត់បានឃើញអណ្តូងមួយ ហើយគាត់ក៏បានចុះផឹកទឹកអណ្តូងនោះ បន្ទាប់មក ក៏ចេញពីអណ្តូងនោះវិញ។ ខណៈនោះ គាត់បានឃើញសត្វឆ្កែមួយក្បាលកំពុងស៊ីដីសើមដោយសារវាសេ្រកទឹកខ្លាំងពេក។ បុរសនោះបានគិតថា៖ ឆ្កែនេះបានសេ្រកទឹកខ្លាំងដូចខ្ញុំដែរ។ ពេលនោះ គាត់ក៏បានចុះទៅក្នុងអណ្តូងវិញ ហើយយកស្បែកជើងរបស់គាត់ដាក់ទឹកពេញ រួចខាំនឹងមាត់(រហូតចេញផុតពីអណ្តូង) ហើយក៏យកទឹកឲ្យឆ្កែនោះផឹក។ ព្រះអល់ឡោះជាម្ចាស់បានថ្លែងអំណរគុណដល់បុរសនោះ និងបានអភ័យទោសឲ្យគាត់”។ ពួកគេបានសួរថា៖ ឱអ្នកនាំសាររបស់អល់ឡោះ! តើការធ្វើល្អចំពោះសត្វពាហនៈពួកយើងទទួលបានផលបុណ្យដែរឬ? លោកបានឆ្លើយថា៖ “បាទ ការជួយសត្វទាំងអស់ដែលមានជីវិត គឺបានទទួលផលបុណ្យ”។ [សហេសអ៊ិពនូហ៊ិបហ្ពាន:៥៤៤] អ្នកនាំសាររបស់អល់ឡោះ(សូមសន្តិភាពកើតមានដល់លោក)បានមានប្រសាសន៍ផងដែរថា៖ “អ្នកថែរក្សាស្រី្ដមេម៉ាយនិងអ្នកកីក្រ ប្រៀបដូចជាអ្នកតស៊ូក្នុងមាគ៌ាព្រះអល់ឡោះ ឬដូចជាអ្នកឈរសឡាត(ថ្វាយបង្គំ)នៅពេលយប់ បួសនៅពេលថ្ងៃអញ្ចឹង”។ [សហេសអាល់ពូខរី:៥៣៥៣]
សាសនាអ៊ីស្លាមបានសង្កត់ធ្ងន់ពីសិទ្ធិរបស់សាច់ញាតិ និងបានដាក់កាតព្វកិច្ចឲ្យផ្សារភ្ជាប់ទំនាក់ទំនងសាច់សាលោហិត។ ព្រះអល់ឡោះជាម្ចាស់ទ្រង់បានមានបន្ទូលថា៖ “ព្យាការី(មូហាំម៉ាត់) គឺជាអ្នកដែលសំខាន់បំផុតចំពោះបណ្ដាអ្នកមានជំនឿជាងខ្លួនពួកគេផ្ទាល់ទៅទៀត។ ហើយបណ្តាភរិយាទាំងឡាយរបស់លោក គឺជាមាតារបស់ពួកគេ។ ហើយអ្នកដែលជាប់សាច់សាលោហិតនឹងគ្នា ពួកគេខ្លះមានសិទិ្ធទទួលមរតកពីគ្នាទៅវិញទៅមកតាមច្បាប់របស់ព្រះអល់ឡោះជាងបណ្ដាអ្នកមានជំនឿ និងអ្នកភៀសខ្លួន(ពីម៉ាក្កះទៅម៉ាទីណះ) លើកលែងតែពួកអ្នកចង់ធ្វើល្អចំពោះមិត្ដជិតស្និទ្ធរបស់ពួកអ្នកប៉ុណ្ណោះ។ រឿងនោះត្រូវបានគេកត់ត្រាទុកនៅក្នុងក្រាំងកំណត់ត្រា(ឡាវហុលម៉ះហ្វ៊ូស)”។ [គម្ពីរគួរអាន ៣៣:៦] ហើយទ្រង់បានព្រមានចំពោះអ្នកដែលកាត់ផ្តាច់ទំនាក់ទំនងសាច់សាលោហិតថាជាអ្នកដែលបង្កវិនាសកម្មនៅលើផែនដី។ ទ្រង់បានមានបន្ទូលថា៖ “ដូចេ្នះ តើពួកអ្នកនឹងទៅជាយ៉ាងណា ប្រសិនបើពួកអ្នកបែរចេញ(ពីការប្រតិបត្ដិតាមព្រះអល់ឡោះ)ទៅបង្កវិនាសកម្មនៅលើផែនដី និងផ្ដាច់ចំណងសាច់ញាតិរបស់ពួកអ្នកវិញនោះ? ពួកទាំងនោះហើយដែលព្រះអល់ឡោះបានដាក់បណ្ដាសាពួកគេ និងបានធ្វើឱ្យពួកគេថ្លង់ ហើយនិងធ្វើឱ្យភ្នែករបស់ពួកគេងងឹត”។ [គម្ពីរគួរអាន ៤៧:២២-២៣] ហើយព្យាការីមូហាំម៉ាត់(សូមសន្តិភាពកើតមានដល់លោក)បានមានប្រសាសន៍ថា៖ “មិនបានចូលឋានសួគ៌ឡើយ អ្នកដែលកាត់ផ្ដាច់ចំណងសាច់សាលោហិតនោះ”។ [សហេសមូស្លីម:២៥៥៦] សាច់សាលោហិតដែលចាំបាច់ត្រូវភ្ជាប់នោះគឺ ឪពុកម្តាយ បងប្អូនប្រុសស្រី និងអ៊ំ ពូ មា មីង ទាំងខាងឪពុក និងខាងម្តាយ។
ហើយសាសនាអ៊ីស្លាមបានសង្កត់ធ្ងន់ពីសិទ្ធិរបស់អ្នកជិតខាង សូម្បីតែអ្នកជិតខាងនោះជាអ្នកគ្មានជំនឿក៏ដោយ។ ព្រះអល់ឡោះជាម្ចាស់ទ្រង់បានមានបន្ទូលថា៖ “ហើយចូរពួកអ្នកគោរពសក្ការៈចំពោះព្រះអល់ឡោះ និងកុំធ្វើពហុទេពនិយមនឹងទ្រង់នូវអ្វីមួយជាដាច់ខាត។ ហើយចូរធ្វើល្អចំពោះឪពុកម្ដាយ សាច់សាលោហិត កូនកំព្រា ជនក្រីក្រ អ្នកជិតខាងដែលជាសាច់ញាតិ និងអ្នកជិតខាងដែលមិនមែនជាសាច់ញាតិ និងអ្នករួមដំណើរជាមួយគ្នា ហើយនិងអ្នកដំណើរដាច់ស្បៀង ព្រមទាំងទាសាទាសីរបស់ពួកអ្នក។ ពិតប្រាកដណាស់ ព្រះអល់ឡោះមិនស្រឡាញ់អ្នកដែលអួតកេ្អងក្អាងឡើយ”។ [គម្ពីរគួរអាន ៤:៣៦] ហើយព្យាការីបានមានប្រសាសន៍ថា៖ “ទេវជីព្រីលនៅផ្ដាំផ្ញើខ្ញុំជានិច្ចអំពីអ្នកជិតខាង រហូតដល់ខ្ញុំគិតថា គាត់នឹងដាក់ថាភាពជាអ្នកជិតខាង គឺជាមូលហេតុនៃមរតក”។ [សហេសអាពូហ្ទាវូទ:៥១៥២]
៣៣. សាសនាអ៊ីស្លាមអនុញ្ញាតឲ្យទទួលទានចំណីអាហារ និងភេសជ្ជៈដែលល្អៗ និងបានបង្គាប់ប្រើឲ្យធ្វើការជម្រះសម្អាតដួងចិត្ត រាងកាយ និងផ្ទះសម្បែង។ ហេតុនេះហើយទើបសាសនាអ៊ីស្លាមអនុញ្ញាតឲ្យរៀបអាពាហ៍ពិពាហ៍ ដូចដែលបណ្តាព្យាការីទាំងឡាយបានបង្គាប់ប្រើដូចនេះផងដែរ ដោយពួកគេបង្គាប់ប្រើឲ្យធ្វើនូវប្រការល្អទាំងឡាយ។
សាសនាអ៊ីស្លាមអនុញ្ញាតឲ្យទទួលទាននិងផឹកនូវចំណីអាហារដែលល្អៗ។ ព្យាការីមូហាំម៉ាត់(សូមសន្តិភាពកើតមានដល់លោក)បានមានប្រសាសន៍ថា៖ “ឱមនុស្សលោកទាំងឡាយ! ពិតណាស់ ព្រះអល់ឡោះជាម្ចាស់ គឺស្អាតស្អំ។ ទ្រង់មិនទទួលយកឡើយ លើកលែងតែអ្វីដែលស្អាតស្អំ។ ហើយព្រះអល់ឡោះបានដាក់បទបញ្ជាលើបណ្តាអ្នកមានជំនឿ ដូចអ្វីដែលទ្រង់បានដាក់លើអ្នកនាំសារទាំងឡាយដែរ។ ទ្រង់បានមានបន្ទូលថា៖ “ឱបណ្ដាអ្នកនាំសារទាំងឡាយ! ចូរពួកអ្នកទទួលទានចំណីអាហារណាដែលល្អ(ហាឡាល់) ហើយចូរពួកអ្នកសាងអំពើល្អ។ ពិតប្រាកដណាស់ យើងដឹងបំផុតនូវអ្វីដែលពួកអ្នកប្រព្រឹត្ដ”។ ហើយទ្រង់បានមានបន្ទូលផងដែរថា៖ “ឱបណ្ដាអ្នកដែលមានជំនឿទាំងឡាយ! ចូរពួកអ្នកបរិភោគចំណីអាហារល្អៗ(ហាឡាល់)ដែលយើងបានប្រទានដល់ពួកអ្នក ហើយចូរពួកអ្នកដឹងគុណចំពោះព្រះអល់ឡោះ ប្រសិនបើពួកអ្នកជាអ្នកដែលគោរពសក្ការៈចំពោះព្រះអល់ឡោះតែមួយគត់នោះ”។ បន្ទាប់មក លោកបានរំលឹកពីបុរសម្នាក់ធ្វើដំណើរវែងឆ្ងាយ សក់កន្ទ្រើង ពេញដោយធូលី ហើយគាត់លើកដៃទាំងពីររបស់គាត់សំដៅទៅលើមេឃដោយបួងសួងថា៖ បពិត្រព្រះជាម្ចាស់! បពិត្រព្រះជាម្ចាស់! ក៏ប៉ុន្ដែអាហាររបស់គាត់ជាអ្វីដែលគេហាមឃាត់ សម្លៀកបំពាក់របស់គាត់ ជារបស់ដែលគេហាមឃាត់ គ្រឿងផឹករបស់គាត់ ក៏ជាអ្វីដែលគេហាមឃាត់ អាហារដែលគេផ្ដល់ឲ្យ ក៏ជាប្រការហាមឃាត់។ ដូចនេះ តើឲ្យគេទួលយកការបួងសួងរបស់គាត់យ៉ាងដូចមេ្ដច”? [សហេសមូស្លីម:១០១៥] ព្រះអល់ឡោះជាម្ចាស់ទ្រង់បានមានបន្ទូលថា៖ “ចូរអ្នកពោលថា៖ តើអ្នកណាដែលហាមឃាត់ពួកអ្នកនូវសម្លៀកបំពាក់ល្អស្អាត និងលាភសក្ការៈដែលល្អដែលព្រះអល់ឡោះបានផ្ដល់ឱ្យបណ្ដាខ្ញុំរបស់ទ្រង់នោះ? ចូរអ្នកពោលថា៖ វាគឺសម្រាប់បណ្ដាអ្នកដែលមានជំនឿក្នុងការរស់នៅលើលោកិយនេះ ជាពិសេស គឺ(សម្រាប់ពួកគេ)នៅថ្ងៃបរលោក។ ដូច្នោះដែរ យើងបញ្ជាក់ភស្តុតាង(ច្បាប់អ៊ីស្លាម)ជាច្រើនយ៉ាងច្បាស់សម្រាប់ក្រុមដែលចេះដឹង”។ [គម្ពីរគួរអាន ៧:៣២]
សាសនាអ៊ីស្លាមបានបង្គាប់ប្រើឲ្យធ្វើការជម្រះសម្អាតដួងចិត្ត រាងកាយ និងផ្ទះសម្បែង។ ហេតុនេះហើយទើបសាសនាអ៊ីស្លាមអនុញ្ញាតឲ្យរៀបអាពាហ៍ពិពាហ៍ ដូចដែលបណ្តាព្យាការីទាំងឡាយបានបង្គាប់ប្រើដូចនោះផងដែរ ដោយពួកគេបង្គាប់ប្រើឲ្យធ្វើនូវប្រការល្អទាំងឡាយ។ ព្រះអល់ឡោះជាម្ចាស់បានមានបន្ទូលថា៖ “ហើយព្រះអល់ឡោះបានបង្កើតភរិយាចេញពីរាងកាយរបស់ពួកអ្នកផ្ទាល់សម្រាប់ពួកអ្នក និងបានបង្កើតពីភរិយារបស់ពួកអ្នកនូវកូនចៅជាច្រើនសម្រាប់ពួកអ្នក ហើយទ្រង់បានផ្ដល់ឱ្យពួកអ្នកនូវលាភសក្ការៈដ៏ល្អប្រសើរ។ ដូចេ្នះ តើចំពោះប្រការមិនត្រឹមត្រូវ ពួកគេបែរជាមានជំនឿ ចំណែកឯឧបការគុណរបស់ព្រះអល់ឡោះ ពួកគេបែរជាប្រឆាំងទៅវិញឬ”? [គម្ពីរគួរអាន ១៦:៧២] ទ្រង់បានមានបន្ទូលទៀតថា៖ “ហើយចូរអ្នកសម្អាតសម្លៀកបំពាក់របស់អ្នក។ ហើយចូរអ្នកចៀសឱ្យឆ្ងាយពីអំពើពហុទេពនិយម”។ [គម្ពីរគួរអាន ៧៤:៤-៥] ព្យាការីមូហាំម៉ាត់(សូមសន្តិភាពកើតមានដល់លោក)បានមានប្រសាសន៍ថា៖ “មិនចូលឋានសួគ៌ឡើយអ្នកដែលនៅក្នុងចិត្ដរបស់គេមានភាពក្រអឺតក្រទមប៉ុនគ្រាប់ស្ពៃ”។ មានបុរសម្នាក់បានសួរថា៖ បុរសម្នាក់ដែលចង់ឲ្យសម្លៀកបំពាក់និងស្បែកជើងរបស់ខ្លួនល្អ តើយ៉ាងណាដែរ? លោកបានឆ្លើយថា៖ “ព្រះអល់ឡោះជាម្ចាស់ទ្រង់ស្អាតស្អំ ទ្រង់ស្រឡាញ់ភាពស្អាតស្អំ។ ប៉ុន្ដែភាពកេ្អងក្អាង គឺការបដិសេធនូវភាពត្រឹមត្រូវ និងមើលងាយមនុស្ស”។ [សហេសមូស្លីម:៩១]
៣៤. សាសនាអ៊ីស្លាមបានហាមឃាត់ពីមូលដ្ឋានគ្រឹះនៃប្រការអាក្រក់ទាំងឡាយ ដូចជាអំពើពហុទេពនិយម(ស្ហ៊ីរិក) ការគ្មានជំនឿ ការគោរពសក្ការៈរូបបដិមា ការនិយាយបំផ្លើសលើព្រះអល់ឡោះដោយគ្មានចំណេះដឹង ការសម្លាប់កូនៗ ការសម្លាប់ជីវិតមនុស្សដោយខុសច្បាប់ ការបង្កវិនាសកម្មនៅលើផែនដី ការប្រើមន្តអាគមអាបធ្មប់ អំពើអសីលធម៌នានាទាំងខាងក្រៅនិងខាងក្នុង ការរួមមេត្រីក្រៅចំណងអាពាហ៍ពិពាហ៍(ហ្ស៊ីណា) ការស្រឡាញ់ភេទដូចគ្នា ការស៊ីការប្រាក់ ការទទួលទានសត្វស្លាប់តៃហោងនិងអ្វីដែលគេសំឡេះសម្រាប់ថ្វាយដល់រូបបដិមាទាំងឡាយ ការទទួលទានសាច់ជ្រូក ការទទួលទានរបស់ដែលកង្វក់ ការស៊ីលុយក្មេងកំព្រា ការគៃបន្លំក្នុងការវាល់និងថ្លឹង ហើយនិងការកាត់ផ្តាច់ចំណងសាច់សាលោហិត។ ហើយបណ្តាព្យាការីទាំងឡាយ ពួកគាត់ទាំងអស់សុទ្ធតែបានឯកភាពគ្នាជាឯកឆន្ទក្នុងការដាក់បម្រាមចំពោះប្រការដែលបានលើកឡើងខាងលើនេះ។
សាសនាអ៊ីស្លាមបានហាមឃាត់ពីមូលដ្ឋានគ្រឹះនៃប្រការអាក្រក់ទាំងឡាយ ដូចជាអំពើពហុទេពនិយម(ស្ហ៊ីរិក) ការគ្មានជំនឿ ការគោរពសក្ការៈរូបបដិមា ការនិយាយបំផ្លើសលើព្រះអល់ឡោះដោយគ្មានចំណេះដឹង និងការសម្លាប់កូនៗ។ ព្រះអល់ឡោះជាម្ចាស់ទ្រង់បានមានបន្ទូលថា៖ “ចូរអ្នកពោលថា៖ សូមពួកអ្នកមកទីនេះ ខ្ញុំនឹងសូត្រឱ្យពួកអ្នកស្ដាប់នូវអ្វីដែលព្រះជាម្ចាស់របស់ពួកអ្នកបានហាមឃាត់ពួកអ្នក៖ ចូរពួកអ្នកកុំធ្វើស្ហ៊ីរិកចំពោះទ្រង់ឱ្យសោះ ហើយត្រូវធ្វើល្អចំពោះឪពុកម្ដាយ។ ហើយពួកអ្នកមិនត្រូវសម្លាប់កូនចៅរបស់ពួកអ្នកដោយសារភាពក្រខ្សត់នោះឡើយ។ យើងទេជាអ្នកផ្ដល់លាភសក្ការៈដល់ពួកអ្នកនិងពួកគេ។ ហើយចូរពួកអ្នកកុំបៀតបៀនអំពើអសីលធម៌(ហ្ស៊ីណា)ទោះបីដោយចំហ ឬដោយលាក់លៀមក៏ដោយ។ ហើយចូរពួកអ្នកកុំសម្លាប់មនុស្សដែលព្រះអល់ឡោះបានហាមឃាត់ឱ្យសោះ លើកលែងតែមានមូលហេតុត្រឹមត្រូវ(តាមច្បាប់អ៊ីស្លាម)។ ទាំងនោះជាអ្វីដែលទ្រង់បានផ្ដែផ្ដាំចំពោះពួកអ្នក សង្ឃឹមថាពួកអ្នកចេះគិតពិចារណា។ ហើយចូរពួកអ្នកកុំបៀតបៀនទ្រព្យសម្បត្ដិក្មេងកំព្រា លើកលែងតែតាមវិធីដែលមានប្រយោជន៍ រហូតដល់គេពេញវ័យ។ ហើយចូរពួកអ្នកបំពេញរង្វាល់ និងការថ្លឹងប្រកបដោយយុត្ដិធម៌។ យើងមិនដាក់បន្ទុកលើបុគ្គលណាម្នាក់ហួសពីសមត្ថភាពរបស់គេឡើយ។ ហើយនៅពេលដែលពួកអ្នកនិយាយស្ដី ចូរប្រកាន់ខ្ជាប់នូវភាពយុត្ដិធម៌ សូម្បីតែទាក់ទងនឹងសាច់សាលោហិតក៏ដោយ។ ហើយចូរពួកអ្នកបំពេញកិច្ចសន្យារបស់ព្រះអល់ឡោះ។ ទាំងនេះជាអ្វីដែលទ្រង់បានផ្ដែផ្ដាំចំពោះពួកអ្នក សង្ឃឹមថាពួកអ្នកនឹងចងចាំ”។ [គម្ពីរគួរអាន ៦:៥១-៥២] ទ្រង់បានមានបន្ទូលទៀតថា៖ “ចូរអ្នក(មូហាំម៉ាត់)ពោលថា៖ តាមពិត ព្រះជាម្ចាស់របស់ខ្ញុំបានហាមឃាត់ចំពោះអំពើអាក្រក់ទាំងឡាយទាំងលាតត្រដាងនិងលាក់បាំង ការប្រព្រឹត្ដបាបកម្ម ការបំពានខុសពីការពិត និងការដែលពួកអ្នកប្រព្រឹត្តអំពើពហុទេពនិយមនឹងព្រះអល់ឡោះនូវអ្វីដែលទ្រង់មិនបានបញ្ចុះភស្តុតាងណាមួយចំពោះវា ព្រមទាំងការដែលពួកអ្នកនិយាយបំផ្លើសលើព្រះអល់ឡោះនូវអ្វីដែលពួកអ្នកមិនដឹង”។ [គម្ពីរគួរអាន ៧:៣៣]
ហើយសាសនាអ៊ីស្លាមហាមឃាត់ពីការសម្លាប់ជីវិតមនុស្សដោយខុសច្បាប់។ ព្រះអល់ឡោះជាម្ចាស់ទ្រង់បានមានបន្ទូលថា៖ “ហើយចូរពួកអ្នកកុំសម្លាប់ជីវិតនរណាម្នាក់ដែលព្រះអល់ឡោះបានហាមឃាត់ឱ្យសោះ លើកលែងតែមានមូលហេតុត្រឹមត្រូវប៉ុណ្ណោះ។ ហើយជនណាត្រូវបានគេសម្លាប់ដោយអយុត្ដិធម៌ ពិតណាស់ យើងបានប្រគល់សិទ្ធិ(សងសឹក)ឱ្យអ្នកគាំពាររបស់គេ។ ហេតុនេះ ចូរកុំឱ្យគេធ្វើហួសព្រំដែនកំណត់(របស់ព្រះអល់ឡោះ)នៅក្នុងការសម្លាប់វិញឱ្យសោះ។ ពិតប្រាកដណាស់ អ្នកគាំពារនោះ គឺត្រូវបានគេជួយការពារ(ដោយច្បាប់អ៊ីស្លាម)”។ [គម្ពីរគួរអាន ១៧:៣៣] ទ្រង់បានមានបន្ទូលទៀតថា៖ “ហើយនិងបណ្ដាអ្នកដែលមិនបួងសួងពីព្រះផេ្សងរួមជាមួយនឹងព្រះអល់ឡោះ ហើយពួកគេមិនសម្លាប់ជីវិតដែលព្រះអល់ឡោះបានហាមឃាត់ឡើយ លើកលែងតែមានមូលហេតុត្រឹមត្រូវ(តាមច្បាប់សាសនាអ៊ីស្លាម)ប៉ុណ្ណោះ ហើយពួកគេក៏មិនប្រព្រឹត្តអំពើហ្ស៊ីណាដែរ។ តែបើជនណាប្រព្រឹត្ដដូច្នោះវិញ គេពិតជានឹងទទួលទណ្ឌកម្ម”។ [គម្ពីរគួរអាន ២៥:៦៨]
ហើយសាសនាអ៊ីស្លាមហាមឃាត់ពីការបង្កវិនាសកម្មលើផែនដី។ ព្រះអល់ឡោះទ្រង់បានមានបន្ទូលថា៖ “ហើយចូរពួកអ្នកកុំបង្កវិនាសកម្មនៅលើផែនដីបន្ទាប់ពីមានសេ្ថរភាពហើយនោះឱ្យសោះ”។ [គម្ពីរគួរអាន ៧:៥៦] ព្រះអល់ឡោះជាម្ចាស់បានមានបន្ទូលប្រាប់ពីរឿងរបស់ព្យាការីស្ហ៊ូអែបថា ពិតណាស់ គាត់បាននិយាយទៅកាន់ក្រុមរបស់គាត់ថា៖ “ហើយ(យើងបានបញ្ជូន)ស្ហ៊ូអែបទៅកាន់កុលសម្ព័ន្ធម៉ាទយ៉ាន់ដែលជាបងប្អូនរបស់ពួកគេ។ គេបានពោលថា៖ ឱក្រុមរបស់ខ្ញុំ! ចូរពួកអ្នកគោរពសក្ការៈចំពោះព្រះអល់ឡោះចុះ។ ពួកអ្នកគ្មានព្រះណាផេ្សងពីទ្រង់ឡើយ។ ភស្ដុតាងដ៏ច្បាស់លាស់ពីព្រះជាម្ចាស់របស់ពួកអ្នកពិតជាបានមកដល់ពួកអ្នក។ ដូចេ្នះ ចូរពួកអ្នកបំពេញការវាស់ និងការថ្លឹង(ឲ្យបានគ្រប់) ហើយចូរពួកអ្នកកុំធ្វើឱ្យខ្វះរបស់របរអ្នកដទៃឱ្យសោះ។ ហើយចូរពួកអ្នកកុំបង្កវិនាសកម្មនៅលើផែនដីក្រោយពេលដែលវាមានសេ្ថរភាពហើយឱ្យសោះ។ នោះគឺជាការប្រសើរសម្រាប់ពួកអ្នក ប្រសិនបើពួកអ្នកជាអ្នកមានជំនឿនោះ”។ [គម្ពីរគួរអាន ៧:៨៥]
ហើយសាសនាអ៊ីស្លាមហាមឃាត់ពីការប្រើមន្តអាគមអាបធ្មប់។ ព្រះអល់ឡោះជាម្ចាស់ទ្រង់បានមានបន្ទូលថា៖ “ហើយចូរអ្នក(ព្យាការីមូសា)បោះនូវអ្វីដែលមាននៅនឹងដៃស្ដាំរបស់អ្នកចុះ នោះវានឹងលេបត្របាក់នូវអ្វីដែលពួកគេបានធ្វើជាមិនខាន។ តាមពិតអ្វីដែលពួកគេបានធ្វើ គឺគ្រាន់តែជាការបោកបញ្ឆោតរបស់គ្រូមន្ដអាគមប៉ុណ្ណោះ ហើយគ្រូមន្ដអាគមមិនអាចទទួលបានជោគជ័យឡើយ ទោះបីជាគេមកពីទីណាក៏ដោយ”។ [គម្ពីរគួរអាន ២០:៦៩] ព្យាការីមូហាំម៉ាត់(សូមសន្តិភាពកើតមានដល់លោក)បានមានប្រសាសន៍ថា៖ “ចូរពួកអ្នកចៀសវាងពីប្រាំពីរប្រការដែលនាំឲ្យវិនាសអន្តរាយ”។ ពួកគេបានសួរថា៖ ឱអ្នកនាំសាររបស់អល់ឡោះ! តើមានអ្វីខ្លះទៅ? លោកបានឆ្លើយថា៖ “គឺការធ្វើពហុទេពនិយម(ស្ហ៊ីរិក)ចំពោះព្រះអល់ឡោះ ការប្រើមន្តអាគម ការសម្លាប់ជីវិតមនុស្សដែលព្រះអល់ឡោះបានហាមឃាត់ លើកលែងដោយការពិត(ស្របច្បាប់) ការស៊ីប្រាក់ការ ការស៊ីលុយក្មេងកំព្រា ការរត់ចោលសមរភូមិនៅថ្ងៃសង្គ្រាម និងការចោទប្រកាន់ស្រ្តីដែលល្អបរិសុទ្ធនិងមានជំនឿ ថាបានប្រព្រឹត្តហ្ស៊ីណា”។ [សហេសអាល់ពូខរី:៦៨៥៧]
សាសនាអ៊ីស្លាមបានហាមឃាត់ពីអំពើអសីលធម៌នានាទាំងខាងក្រៅនិងខាងក្នុង ការរួមមេត្រីក្រៅចំណងអាពាហ៍ពិពាហ៍(ហ្ស៊ីណា) និងការស្រឡាញ់ភេទដូចគ្នា។ ប្រការទាំងប៉ុន្មានខាងដើមនេះ គឺបានលើកមកបញ្ជាក់រួចមកហើយនូវបណ្តាវាក្យខណ្ឌជាច្រើនដែលជាភស្តុតាងបញ្ជាក់ពីការហាមឃាត់ពីប្រការទាំងនេះ។ ហើយសាសនាអ៊ីស្លាមក៏បានហាមឃាត់ពីការស៊ីការប្រាក់ផងដែរ។ ព្រះអល់ឡោះជាម្ចាស់បានមានបន្ទូលថា៖ “ឱបណ្ដាអ្នកដែលមានជំនឿ! ចូរពួកអ្នកកោតខ្លាចព្រះអល់ឡោះ និងបោះបង់ចោលនូវអ្វីដែលនៅសេសសល់ពីការប្រាក់(ដែលគេជំពាក់) ប្រសិនបើពួកអ្នកជាអ្នកមានជំនឿនោះ។ ហើយប្រសិនបើពួកអ្នកមិនព្រមបោះបង់ចោល(ការប្រាក់)ទេនោះ ពួកអ្នកត្រូវដឹងថា នឹងមានសង្គ្រាមមកពីព្រះអល់ឡោះ និងអ្នកនាំសាររបស់ទ្រង់។ តែប្រសិនបើពួកអ្នកបោះបង់ចោល(ការប្រាក់) សម្រាប់ពួកអ្នក គឺប្រាក់ដើមរបស់ពួកអ្នក។ (ការធ្វើដូចេ្នះ) ពួកអ្នកមិនបំពានលើគេ ហើយគេក៏មិនបំពានលើពួកអ្នកដែរ”។ [គម្ពីរគួរអាន ២:២៧៨-២៧៩] ពុំមានទង្វើបាបកម្មណាមួយដែលព្រះអល់ឡោះជាម្ចាស់ទ្រង់ព្រមានប្រកាសសង្គ្រាមជាមួយនឹងអ្នកដែលធ្វើទង្វើនោះ ក្រៅពីការស៊ីការប្រាក់នោះឡើយ ព្រោះថានៅក្នុងការប្រាក់ គឺជាការបំផ្លាញសាសនា ប្រទេសជាតិ ទ្រព្យសម្បត្តិ និងអាយុជីវិត។
ហើយសាសនាអ៊ីស្លាមបានហាមឃាត់ពីការទទួលទានសត្វស្លាប់តៃហោង និងអ្វីដែលគេសំឡេះសម្រាប់ថ្វាយដល់រូបបដិមាទាំងឡាយ និងហាមឃាត់អំពីការទទួលទានសាច់ជ្រូក។ ព្រះអល់ឡោះជាម្ចាស់ទ្រង់បានមានបន្ទូលថា៖ “គេ(ព្រះអល់ឡោះ)បានហាមឃាត់ចំពោះពួកអ្នក(មិនឲ្យបរិភោគ)នូវសត្វស្លាប់ ឈាម សាច់ជ្រូក និងអ្វីដែលគេសំឡេះដើម្បីបូជាអ្នកផេ្សងពីព្រះអល់ឡោះ ហើយនិងសត្វដែលត្រូវគេសម្លាប់ដោយរឹតក ដោយគេវាយ ដោយធ្លាក់ពីទីខ្ពស់ និងដោយគេជល់ ហើយនិងអ្វីដែលសត្វសាហាវបានខាំ លើកលែងតែពួកអ្នកបានសំឡេះវាមុននឹងស្លាប់ប៉ុណ្ណោះ ព្រមទាំងអី្វដែលគេសំឡេះថ្វាយរូបសំណាក់ និងពួកទស្សន៍ទាយដោយដកឈើព្រួញផ្សងសំណាង។ ទាំងនោះគឺជាការប្រឆាំង(នឹងព្រះអល់ឡោះ)”។ [គម្ពីរគួរអាន ៥:៣]
ហើយសាសនាអ៊ីស្លាមបានហាមឃាត់ពីការទទួលទានសុរា និងរបស់ទាំងឡាយដែលកខ្វក់។ ព្រះអល់ឡោះជាម្ចាស់ទ្រង់បានមានបន្ទូលថា៖ “ឱបណ្ដាអ្នកមានជំនឿ! ពិតប្រាកដណាស់ស្រា ល្បែងស៊ីសង ការគោរពបូជារូបបដិមា និងការជឿព្រួញទស្សន៍ទាយវាសនា គឺជាអំពើដ៏កខ្វក់នៃទង្វើរបស់បិសាចសាតាំង(ស្ហៃតន)។ ដូចេ្នះ ចូរពួកអ្នកចៀសវាងឱ្យឆ្ងាយពីវា សង្ឃឹមថា ពួកអ្នកនឹងទទួលបានជោគជ័យ។ ពិតប្រាកដណាស់ បិសាចសាតាំងចង់ធ្វើឱ្យពួកអ្នកក្លាយជាសត្រូវ និងស្អប់ខ្ពើមគ្នាតាមរយៈស្រា និងល្បែងស៊ីសង ហើយវារារាំងពួកអ្នកអំពីការរំលឹកទៅចំពោះព្រះអល់ឡោះ និងការប្រតិបត្តិសឡាត។ ដូចេ្នះ ចូរពួកអ្នកឈប់ជាបនា្ទន់”។ [គម្ពីរគួរអាន ៥:៩០-៩១] យើងក៏បានលើកឡើងរួចមកហើយផងដែរនៅក្នុងកថាខណ្ឌទី៣១ដែលបានលើកឡើងពីលក្ខណៈសម្បត្តិរបស់ព្យាការីមូហាំម៉ាត់ដែលព្រះអល់ឡោះជាម្ចាស់ទ្រង់បានប្រាប់ឲ្យដឹងនៅក្នុងព្រះគម្ពីរតូរ៉ា(គម្ពីរតាវរ៉ត)ថា ពិតណាស់ គាត់នឹងដាក់បម្រាមលើពួកគេចំពោះប្រការអាក្រក់ស្មោគគ្រោកទាំងឡាយ។ ទ្រង់បានមានបន្ទូលថា៖ “បណ្ដាអ្នកដែលតាមអ្នកនាំសារ(មូហាំម៉ាត់)ជាព្យាការីដែលមិនចេះអាននិងមិនចេះសរសេរ ដែលពួកគេបានដឹងពីលក្ខណៈរបស់គាត់ដែលត្រូវបានសរសេរក្នុងព្រះគម្ពីរតូរ៉ា(គម្ពីរតាវរ៉ត)និងព្រះគម្ពីរដំណឹងល្អ(អ៊ីញ្ជីល)ដែលមាននៅជាមួយពួកគេ។ គាត់បញ្ជាពួកគេឱ្យធ្វើល្អ និងហាមឃាត់ពួកគេពីប្រការអាក្រក់ ហើយអនុញ្ញាតឱ្យពួកគេនូវអ្វីដែលល្អ(ហាឡាល់) និងហាមឃាត់ពួកគេនូវអ្វីដែលអាក្រក់ ព្រមទាំងលុបបំបាត់កិច្ចការដែលលំបាក និងកិច្ចការដែលធ្ងន់ធ្ងរដែលធ្លាប់មានចំពោះពួកគេ។ ”។ [គម្ពីរគួរអាន ៧:១៥៧]
ហើយសាសនាអ៊ីស្លាមហាមឃាត់ពីការស៊ីទ្រព្យសម្បត្តិក្មេងកំព្រា។ ព្រះអល់ឡោះបានមានបន្ទូលថា៖ “ចូរពួកអ្នកប្រគល់ឱ្យកូនកំព្រាទាំងនោះនូវទ្រព្យសម្បត្ដិរបស់ពួកគេ ហើយកុំប្ដូររបស់ដែលអាក្រក់ដោយរបស់ដែលល្អ(របស់កូនកំព្រា)ឱ្យសោះ។ ហើយចូរពួកអ្នកកុំស៊ីទ្រព្យសម្បត្ដិ របស់ពួកគេដោយលាយឡំជាមួយទ្រព្យសម្បត្ដិរបស់ពួកអ្នក។ ពិតប្រាកដណាស់ វាជាបាបកម្មដ៏ធំធេងបំផុត”។ [គម្ពីរគួរអាន ៤:២] ទ្រង់បានមានបន្ទូលថា៖ “ពិតប្រាកដណាស់ ពួកដែលស៊ីទ្រព្យសម្បត្ដិកេ្មងកំព្រាដោយបំពាន គឺពួកគេកំពុងតែស៊ីភ្លើងចូលទៅក្នុងពោះខ្លួនឯង ហើយពួកគេនឹងចូលឋាននរកដែលឆេះសន្ធោសន្ធៅ”។ [គម្ពីរគួរអាន ៤:១០]
ហើយសាសនាអ៊ីស្លាមបានហាមឃាត់ពីការគៃបន្លំក្នុងការវាល់និងថ្លឹង។ ព្រះអល់ឡោះជាម្ចាស់ទ្រង់បានមានបន្ទូលថា៖ “ភាពវិនាសអន្ដរាយ គឺសម្រាប់ពួកដែលគៃបន្លំ ជាពួកដែលទាមទារចង់បានគ្រប់ចំនួននៅពេលដែលពួកគេថ្លឹង ឬវាល់ពីអ្នកដទៃ។ តែនៅពេលដែលពួកគេវាល់ ឬថ្លឹងឱ្យអ្នកដទៃ គឺពួកគេធ្វើឱ្យខ្វះ(ថ្លឹងមិនគ្រប់)។ តើពួកទាំងនោះមិនគិតថា ពិតប្រាកដណាស់ ពួកគេនឹងត្រូវគេធ្វើឱ្យរស់ឡើងវិញទេឬ”? [គម្ពីរគួរអាន ៨៣:១-៤]
ហើយសាសនាអ៊ីស្លាមហាមឃាត់ពីការកាត់ផ្តាច់ចំណងសាច់សាលោហិតផងដែរ ដែលយើងបានលើកឡើងរួចមកហើយនៅក្នុងកថាខណ្ឌទី៣១ដែលបានលើកឡើងនូវបណ្តាវាក្យខណ្ឌ និងប្រសាសន៍ជាច្រើនរបស់ព្យាការីមូហាំម៉ាត់ដែលបញ្ជាក់ទៅលើរឿងនេះ ហើយបណ្តាព្យាការី និងអ្នកនាំសារទាំងអស់សុទ្ធតែបានឯកភាពគ្នាជាឯកឆន្ទចំពោះការដាក់បម្រាមចំពោះប្រការដែលបានលើកឡើងទាំងអស់ខាងលើនេះ។
៣៥. សាសនាអ៊ីស្លាមបានហាមឃាត់អំពីអត្តចរិតដែលគួរឲ្យស្អប់ខ្ពើម ដូចជាការនិយាយកុហក ការបោកប្រាស់ ការក្បត់ ការច្រណែនឈ្នានីស ការប្រើល្បិចកលអាក្រក់ ការលួច ការបំពាន ការប្រព្រឹត្តអយុត្តិធម៌ និងហាមឃាត់រាល់អត្តចរិតដែលអាក្រក់ទាំងឡាយ។
សាសនាអ៊ីស្លាមបានហាមឃាត់ចំពោះអត្តចរិតដែលគួរឲ្យស្អប់ខ្ពើមទាំងឡាយជារួម។ ព្រះអល់ឡោះជាម្ចាស់ទ្រង់បានមានបន្ទូលថា៖ “ហើយចូរឯងកុំងាកមុខចេញពីមនុស្សលោក(ដោយអំនួត) និងកុំដើរនៅលើផែនដីដោយក្រអឺតក្រទមឱ្យសោះ។ ពិតប្រាកដណាស់ ព្រះអល់ឡោះជាម្ចាស់ទ្រង់មិនស្រឡាញ់អ្នកដែលក្រអឺតក្រទមនិងអំនួតនោះឡើយ”។ [គម្ពីរគួរអាន ៣១:១៨] ព្យាការីមូហាំម៉ាត់(សូមសន្តិភាពកើតមានដល់លោក)បានមានប្រសាសន៍ថា៖ “ពិតប្រាកដ អ្នកដែលខ្ញុំស្រឡាញ់ជាងគេនៃពួកអ្នក និងស្ថិតនៅជិតខ្ញុំជាងគេនៅថ្ងៃបរលោក គឺអ្នកដែលមានសីលធម៌ល្អជាងគេនៃពួកអ្នក។ ហើយអ្នកដែលខ្ញុំស្អប់ជាងគេនៃពួកអ្នក ហើយឃ្លាតឆ្ងាយអំពីខ្ញុំជាងគេនៅថ្ងៃបរលោក គឺពួកអាស្ហារស្ហារូន(ពួកអ្នកដែលនិយាយច្រើនឥតប្រយោជន៍) ពួកមូតាស្សាត់ទីគូន(ពួកអ្នកដែលនិយាយអួតកេ្អងក្អាង) និងពួកមូតាហ្វៃហ៊ីគូន”។ ពួកគេបានសួរថា៖ ឱរ៉ស៊ូលុលឡោះ! ពួកយើងដឹងហើយអំពីពួកអាស្ហារស្ហារូន និងពួកមូតាស្សាត់ទីគូន។ ចុះពួកមូតាហ្វៃហ៊ីគូន គឺអ្វីទៅ? លោកបានឆ្លើយថា៖ គឺពួកដែលក្រអឺតក្រទម”។ [អាស្ស៊ិលស៊ីឡះ អាស្ស៏ហ៊ីហះ:៧៩១]
សាសនាអ៊ីស្លាមហាមឃាត់អំពីការនិយាយកុហកភូតភរ។ ព្រះអល់ឡោះជាម្ចាស់ទ្រង់បានមានបន្ទូលថា៖ “ពិតប្រាកដណាស់ ព្រះអល់ឡោះមិនចង្អុលបង្ហាញចំពោះជនដែលបំពាននិងភូតកុហកឡើយ”។ [គម្ពីរគួរអាន ៤០:២៨] ហើយព្យាការីមូហាំម៉ាត់(សូមសន្តិភាពកើតមានដល់លោក)បានមានប្រសាសន៍ថា៖ “ចូរពួកអ្នកប្រុងប្រយ័ត្នចំពោះការនិយាយកុហក ព្រោះការនិយាយកុហក វានាំទៅកាន់អំពើអាក្រក់ ហើយអំពើអាក្រក់នោះ នឹងនាំទៅកាន់ឋាននរក។ ហើយមានអ្នកខ្លះនៅនិយាយកុហក រហូតដល់ត្រូវគេកត់ត្រានៅនឹងព្រះអល់ឡោះថា គេជាមនុស្សកុហកបំផុត”។ [សហេសមូស្លីម:២៦០៧] លោកបានមានប្រសាសន៍ទៀតថា៖ “សញ្ញាសម្គាល់ពួកពុតត្បុតមានបីគឺ នៅពេលគេនិយាយ គឺគេកុហក។ នៅពេលគេសន្យា គឺគេក្បត់សន្យា។ ហើយនៅពេលដែលគេទុកចិត្ដជននោះ ជននោះបោកប្រាស់គេ”។ [សហេសអាល់ពូខរី:៦០៩៥]
ហើយសាសនាអ៊ីស្លាមហាមឃាត់ពីការបោកប្រាស់។ ក្នុងសេចក្ដីរាយការណ៍មួយបានលើកឡើងថា៖ “ពិតណាស់ អ្នកនាំសាររបស់អល់ឡោះ(សូមសន្តិភាពកើតមានដល់លោក)បានដើរឆ្លងកាត់អាហារមួយពំនូក លោកក៏បានលូកដៃចូលក្នុងអាហារនោះ ស្រាប់តែម្រាមដៃរបស់លោកមានសំណើមទឹក។ លោកក៏សួរថា៖ “នែម្ចាស់អាហារ! តើនេះជាអ្វីទៅ”? គេបានឆ្លើយថា៖ ឱអ្នកនាំសាររបស់អល់ឡោះ! វាត្រូវទឹកភ្លៀង។ លោកក៏បានតបវិញថា៖ “ហេតុអ្វីបានជាអ្នកមិនដាក់វានៅលើអាហារដើម្បីឲ្យគេមើលឃើញវាទៅ! ជនណាដែលបោកប្រាស់គេ ជននោះមិនមែនជាក្រុមរបស់យើងឡើយ”។ [សហេសមូស្លីម:១០២]
ហើយសាសនាអ៊ីស្លាមហាមឃាត់ពីការក្បត់។ ព្រះអល់ឡោះជាម្ចាស់ទ្រង់បានមានបន្ទូលថា៖ “ឱបណ្ដាអ្នកដែលមានជំនឿ! ចូរពួកអ្នកកុំក្បត់ព្រះអល់ឡោះនិងអ្នកនាំសារ ហើយនិងកុំក្បត់បណ្ដាអ្នកដែលគេមានទំនុកចិត្ដលើពួកអ្នក ខណៈដែលពួកអ្នកដឹងឱ្យសោះ”។ [គម្ពីរគួរអាន ៨:២៧] ទ្រង់បានមានបន្ទូលទៀតថា៖ “គឺបណ្ដាអ្នកដែលបំពេញកិច្ចសន្យារបស់ព្រះអល់ឡោះ ហើយពួកគេមិនក្បត់នូវកិច្ចសន្យាឡើយ”។ [គម្ពីរគួរអាន ១៣:២០] អ្នកនាំសាររបស់អល់ឡោះ(សូមសន្តិភាពកើតមានដល់លោក)បានមានប្រសាសន៍ទៅកាន់កងទ័ពរបស់លោកនៅពេលដែលពួកគេចេញដំណើរថា៖ “ចូរពួកអ្នកធ្វើការប្រយុទ្ធក្នុងបុព្វហេតុរបស់ព្រះអល់ឡោះ កុំធ្វើហួសព្រំដែន កុំក្បត់ កុំកម្ទេចសាកសព និងកុំសម្លាប់កុមារ”។ [សហេសមូស្លីម:១៧៣១] លោកបានមានប្រសាសន៍ទៀតថា៖ “លក្ខណៈបួនយ៉ាង ជនណាមានលក្ខណៈទាំងបួននេះ រូបគេគឺជាអ្នកពុតត្បុតយ៉ាងពិតប្រាកដ ហើយជនណាមានលក្ខណៈណាមួយក្នុងចំណោមលក្ខណៈទាំងនោះ គឺរូបគេមានលក្ខណៈមួយនៃពួកពុតត្បុត រហូតដល់គេបោះបង់ចោលវាគឺ នៅពេលណាដែលគេទុកចិត្ដគាត់ គាត់បោកប្រាស់គេ។ នៅពេលគាត់និយាយ គាត់កុហក។ នៅពេលគាត់សន្យា គាត់ក្បត់សន្យា។ ហើយនៅពេលគាត់ឈ្លោះប្រកែកគ្នា គាត់ងាកចេញពីភាពត្រឹមត្រូវ(ដើម្បីយកឈ្នះ)”។ [សហេសអាល់ពូខរី:៣៤]
ហើយសាសនាអ៊ីស្លាមហាមឃាត់ពីការឈ្នានីស។ ព្រះអល់ឡោះជាម្ចាស់ទ្រង់បានមានបន្ទូលថា៖ “ឬមួយក៏ពួកគេច្រណែនឈ្នានីសនឹងមនុស្សដទៃចំពោះអ្វីដែលព្រះអល់ឡោះបានប្រទានឱ្យពួកគេអំពីការប្រោសប្រទានរបស់ទ្រង់? ជាការពិតណាស់ យើងបានប្រទានឱ្យពូជពង្សអ៊ីព្រហ៊ីមនូវព្រះគម្ពីរនិងភាពឈ្លាសវៃ ហើយយើងក៏បានប្រទានឱ្យពួកគេនូវអំណាចគ្រប់គ្រងដ៏ធំធេងដែរ”។ [គម្ពីរគួរអាន ៤:៥៤] ទ្រង់បានមានបន្ទូលទៀតថា៖ “ភាគច្រើននៃពួកគម្ពីរជន(យូដា និងគ្រឹស្ទាន)មានបំណងចង់ឱ្យពួកអ្នកវិលត្រឡប់ទៅរកការគ្មានជំនឿដូចដើមវិញ បន្ទាប់ពីពួកអ្នកមានជំនឿរួច ព្រោះតែភាពច្រណែនឈ្នានីសនៅក្នុងខ្លួនរបស់ពួកគេ ក្រោយពីការពិតត្រូវបានបង្ហាញយ៉ាងច្បាស់លាស់ដល់ពួកគេហើយនោះ។ ដូចនេះ ចូរពួកអ្នកអភ័យទោស និងអធ្យាស្រ័យ រហូតដល់ព្រះអល់ឡោះនាំមកនូវបទបញ្ជារបស់ទ្រង់។ ពិតប្រាកដណាស់ ព្រះអល់ឡោះមានអានុភាពលើអ្វីៗទាំងអស់”។ [គម្ពីរគួរអាន ២:១០៩] ព្យាការីមូហាំម៉ាត់(សូមសន្តិភាពកើតមានដល់លោក)បានមានប្រសាសន៍ថា៖ “ជំងឺរបស់អ្នកជំនាន់មុនបានឆ្លងមកដល់ពួកអ្នក គឺជំងឺច្រណែនឈ្នានីស និងជំងឺស្អប់ខ្ពើមគ្នា។ វាគឺជាអ្នកកោរ។ ខ្ញុំមិនមែននិយាយថា វាកោរសក់ក្បាលនោះទេ តែវាកោរ(កាត់ផ្តាច់)សាសនា។ សូមស្បថនឹងអ្នកដែលជីវិតរបស់ខ្ញុំស្ថិតក្នុងព្រះហស្តរបស់ទ្រង់! ពួកអ្នកនឹងមិនអាចចូលឋានសួគ៌ឡើយ លុះត្រាតែពួកអ្នកមានជំនឿ ហើយពួកអ្នកគ្មានជំនឿឡើយ លុះត្រាតែពួកអ្នកចេះស្រឡាញ់គ្នា។ តើពួកអ្នកចង់ឲ្យខ្ញុំបង្ហាញប្រាប់ពួកអ្នកពីអ្វីមួយដែលពួកអ្នកធ្វើវាទៅ វានឹងនាំឲ្យពួកអ្នកស្រឡាញ់គ្នាឬទេ? (នោះគឺ) ចូរពួកអ្នកឲ្យសាឡាម(គារវកិច្ច)គ្នាទៅវិញទៅមក”។ [ស៊ូណាន់អាត់តៀរមីហ្ស៊ី:២៥១០]
សាសនាអ៊ីស្លាមហាមឃាត់ពីការប្រើល្បិចកលអាក្រក់។ ព្រះអល់ឡោះជាម្ចាស់ទ្រង់បានមានបន្ទូលថា៖ “ហើយដូចេ្នះដែរ យើងបានបង្កើតមេដឹកនាំរបស់ពួកដែលប្រព្រឹត្ដអំពើអាក្រក់នៅគ្រប់តំបន់ ដើម្បីប្រើល្បិចក្នុងនោះ(រារាំងអ្នកដទៃក្នុងការចូលសាសនាអ៊ីស្លាម)។ ហើយពួកគេគ្មានប្រើល្បិចកលណាក្រៅពីការបោកប្រាស់ខ្លួនឯងប៉ុណ្ណោះ។ ប៉ុន្តែពួកគេមិនដឹងខ្លួនឡើយ”។ [គម្ពីរគួរអាន ៦:១២៣] ព្រះអល់ឡោះជាម្ចាស់ទ្រង់បានប្រាប់ថា ពិតណាស់ ពួកជ្វីសបានព្យាយាមសម្លាប់លោកយេស៊ូ ឬព្យាការីអ៊ីសា ហើយពួកគេក៏បានរៀបចំល្បិចកលផងដែរ។ ក៏ប៉ុន្តែ ព្រះអល់ឡោះជាម្ចាស់ទ្រង់បានប្រើឧបាយកលប្រឆាំងនឹងពួកគេវិញ ហើយទ្រង់បានបញ្ជាក់ថា ពិតណាស់ ឧបាយកលដែលអាក្រក់នោះ គឺមិនធ្លាក់ទៅលើអ្នកណាផ្សេងក្រៅពីអ្នកដែលប្រព្រឹត្តវាប៉ុណ្ណោះ។ ទ្រង់បានមានបន្ទូលថា៖ “ហើយនៅពេលដែលយេស៊ូ(អ៊ីសា)មានអារម្មណ៍ថា មានការប្រឆាំងពីពួកគេ គាត់ក៏បានពោលថា៖ តើអ្នកណាជាជំនួយរបស់ខ្ញុំដើម្បីព្រះអល់ឡោះនោះ? បណ្ដាសាវ័ក(របស់គាត់)បានឆ្លើយថា៖ ពួកយើង គឺជាជំនួយរបស់ព្រះអល់ឡោះ។ ពួកយើងមានជំនឿលើព្រះអល់ឡោះ។ ដូចេ្នះ សូមអ្នកធ្វើសាក្សីផងថា ពិតប្រាកដណាស់ ពួកយើងជាមូស្លីម។ បពិត្រព្រះជាម្ចាស់នៃយើងខ្ញុំ! យើងខ្ញុំមានជំនឿលើអ្វីដែលទ្រង់បានបញ្ចុះមក(ព្រះគម្ពីរដំណឹងល្អ ឬអ៊ីញ្ជីល) ហើយពួកយើងបានប្រតិបត្ដិតាមអ្នកនាំសារ(យេស៊ូ)ហើយ។ ដូចេ្នះសូមទ្រង់មេត្ដាកត់ត្រាពួកយើងឱ្យស្ថិតនៅជាមួយបណ្ដាអ្នកដែលធ្វើសាក្សីផង។ ហើយពួកគេបានប្រើឧបាយកល ហើយព្រះអល់ឡោះក៏បានប្រើឧបាយកលតបវិញដែរ។ ហើយព្រះអល់ឡោះជាអ្នកដែលប្រសើរបំផុតក្នុងការតបចំពោះអ្នកដែលប្រើឧបាយកលទាំងឡាយ។ (ចូរចងចាំ)នៅពេលដែលព្រះអល់ឡោះបានមានបន្ទូលថា៖ ឱយេស៊ូ(អ៊ីសា)! ពិតប្រាកដណាស់ យើងគឺជាអ្នកដកយកអ្នក(ពីផែនដី)និងជាអ្នកលើកអ្នកមកកាន់យើង ព្រមទាំងរំដោះអ្នកឱ្យរួចផុតពីពួកប្រឆាំង ហើយយើងនឹងធ្វើឱ្យបណ្ដាអ្នកដែលប្រតិបត្ដិតាមអ្នកខ្ពង់ខ្ពស់ជាងពួកដែលប្រឆាំងរហូតដល់ថ្ងៃបរលោក។ ក្រោយមក កន្លែងវិលត្រឡប់របស់ពួកអ្នក គឺមកកាន់យើងវិញ ហើយយើងនឹងកាត់សេចក្ដីរវាងពួកអ្នកនូវអ្វីដែលពួកអ្នកធ្លាប់ខ្វែងគំនិតគ្នាក្នុងរឿងនោះ”។ [គម្ពីរគួរអាន ៣:៥២-៥៥] ហើយព្រះអល់ឡោះជាម្ចាស់ក៏បានមានបន្ទូលប្រាប់យើងផងដែរថា ពិតណាស់ ក្រុមរបស់ព្យាការីសឡេះ ពួកគេមានបំណងចង់សម្លាប់គាត់ដោយការប្រើល្បិចកល។ ដូចនេះ ពួកគេក៏បានរៀបចំល្បិចកល តែព្រះអល់ឡោះជាម្ចាស់ក៏បានប្រើឧបាយកលប្រឆាំងនឹងពួកគេវិញ ហើយទ្រង់ក៏បានបំផ្លាញពួកគេ និងក្រុមរបស់ពួកគេទាំងអស់គ្នា។ ទ្រង់បានមានបន្ទូលថា៖ “ពួកគេបាននិយាយគ្នាថា៖ ចូរពួកអ្នកស្បថនឹងព្រះអល់ឡោះថា យើងពិតជានឹងសម្លាប់គេ(សឡេះ) និងក្រុមគ្រួសាររបស់គេ(នៅយប់នេះ)។ បន្ទាប់មក យើងនឹងប្រាប់សាច់ញាតិរបស់គេថា៖ ពួកយើងមិនបានឃើញការស្លាប់នៃក្រុមគ្រួសាររបស់គេឡើយ ហើយពិតប្រាកដណាស់ ពួកយើងជាពួកដែលនិយាយពិត។ ហើយពួកគេបានរៀបចំល្បិចកល(ដើម្បីសម្លាប់សឡេះ) តែយើង(ព្រះអល់ឡោះ)ក៏បានរៀបចំល្បិចកលទប់ទល់នឹងពួកគេវិញដែរ ដោយពួកគេមិនបានដឹងខ្លួនឡើយ។ ដូចេ្នះ ចូរអ្នកពិចារណាមើលចុះ ថាតើលទ្ធផលចុងក្រោយនៃឧបាយកលរបស់ពួកគេទៅជាយ៉ាងណា? ពិតប្រាកដណាស់ យើងបានបំផ្លាញពួកគេ និងក្រុមរបស់ពួកគេឱ្យវិនាសទាំងអស់”។ [គម្ពីរគួរអាន ២៧:៤៩-៥១]
ហើយសាសនាអ៊ីស្លាមហាមឃាត់អំពីការលួច។ ព្យាការីមូហាំម៉ាត់(សូមសន្តិភាពកើតមានដល់លោក)បានមានប្រសាសន៍ថា៖ “អ្នកដែលប្រព្រឹត្តអំពើសហាយស្មន់(ហ្ស៊ីណា) គឺមិនមែនជាអ្នកមានជំនឿទេនៅពេលដែលគេកំពុងប្រព្រឹត្តអំពើសហាយស្មន់នោះ។ អ្នកផឹកស្រា គឺមិនមែនជាអ្នកមានជំនឿទេនៅពេលដែលគេកំពុងផឹកស្រានោះ ហើយអ្នកដែលលួចគេ ក៏មិនមែនជាអ្នកមានជំនឿដែរ នៅពេលដែលគេកំពុងលួចនោះ។ ហើយ(ទ្វារនៃ)ការសារភាពកំហុសបានបើកចំហបន្ទាប់ពីនោះ”។ [សហេសអាល់ពូខរី:៦៨១០]
ហើយសាសនាអ៊ីស្លាមហាមឃាត់ពីការបំពាន។ ព្រះអល់ឡោះជាម្ចាស់ទ្រង់បានមានបន្ទូលថា៖ “ពិតប្រាកដណាស់ ព្រះអល់ឡោះបញ្ជាឱ្យប្រកាន់នូវភាពយុត្ដិធម៌ និងគុណធម៌ និងផ្ដល់ជំនួយដល់ញាតិសន្ដាន។ ហើយទ្រង់ហាមឃាត់ពីអំពើកាមគុណខុសច្បាប់ទាំងឡាយ និងប្រការដែលត្រូវបានគេហាមឃាត់ ហើយនិងអំពើបំពាននានា។ ទ្រង់ដាស់តឿនពួកអ្នក សង្ឃឹមថាពួកអ្នកនឹងចងចាំ”។ [គម្ពីរគួរអាន ១៦:៩០] ព្យាការីមូហាំម៉ាត់(សូមសន្តិភាពកើតមានដល់លោក)បានមានប្រសាសន៍ថា៖ “ពិតណាស់ ព្រះអល់ឡោះបានផ្ដល់សារមកកាន់ខ្ញុំថា ចូរពួកអ្នកឱនលំទោន ដើម្បី កុំឲ្យពួកអ្នកបំពាន និងអួតអាងលើគ្នាទៅវិញទៅមក”។ [សហេសអាពូទើវូទ:៤៨៩៥]
សាសនាអ៊ីស្លាមហាមឃាត់ពីការប្រព្រឹត្តអំពើអយុត្តិធម៌។ ព្រះអល់ឡោះជាម្ចាស់ទ្រង់បានមានបន្ទូលថា៖ “ហើយព្រះអល់ឡោះជាម្ចាស់ទ្រង់មិនស្រឡាញ់ពួកដែលប្រព្រឹត្តអំពើអយុត្តិធម៌ឡើយ”។ [គម្ពីរគួរអាន ៣:៥៧] ទ្រង់បានមានបន្ទូលបន្ដទៀតថា៖ “ពិតប្រាកដណាស់ ពួកដែលប្រព្រឹត្តអំពើអយុតិ្ដធម៌នោះនឹងមិនទទួលជោគជ័យឡើយ”។ [គម្ពីរគួរអាន ៦:២១] ព្រះអល់ឡោះជាម្ចាស់ទ្រង់បានមានបន្ទូលផងដែរថា៖ “ហើយពួកដែលប្រព្រឹត្តអយុតិ្ដធម៌ ទ្រង់បានរៀបចំសម្រាប់ពួកគេនូវទណ្ឌកម្មដ៏ឈឺចាប់បំផុត”។ [គម្ពីរគួរអាន ៧៦:៣១] ព្យាការីមូហាំម៉ាត់(សូមសន្តិភាពកើតមានដល់លោក)បានមានប្រសាសន៍ថា៖ “មនុស្សបីប្រភេទដែលគេមិនច្រានចោលការបួងសួងរបស់ជននោះឡើយ គឺមេដឹកនាំដែលយុត្តិធម៌ អ្នកដែលបួសរហូតដល់ពេលស្រាយ និងការបួងសួងរបស់អ្នកដែលត្រូវគេប្រព្រឹត្តអយុត្តិធម៌មកលើ។ ការបួងសួងនោះត្រូវបានលើកឡើងទៅលើពពក ហើយទ្វារមេឃាទាំងឡាយត្រូវបានបើកសម្រាប់វា ហើយព្រះអល់ឡោះជាម្ចាស់ទ្រង់មានបន្ទូលថា៖ ដោយភាពខ្លាំងក្លារបស់យើង យើងប្រាកដជានឹងជួយដល់អ្នក ទោះបីជាយូរប៉ុណ្ណាក៏ដោយ”។ [មូស្លីម:២៧៤៩, អាត់តៀរមីហ្ស៊ី:២៥២៦, អះម៉ាត់:៨០៤៣] នៅពេលដែលអ្នកនាំសារមូហាំម៉ាត់បានបញ្ជូនមូអាសទៅកាន់ប្រទេសយេមែន ក្នុងចំណោមប្រការដែលលោកបានផ្តាំផ្ញើចំពោះមូអាសនោះគឺ ៖ “ហើយអ្នកត្រូវប្រុងប្រយ័ត្នចំពោះការបួងសួងរបស់អ្នកដែលត្រូវគេប្រព្រឹត្តអយុត្តិធម៌មកលើ ព្រោះថាគ្មានអ្វីរារាំងវាពីព្រះអល់ឡោះឡើយ(ព្រះអល់ឡោះទទួលយក)”។ [សហេសអាល់ពូខរី:១៤៩៦] លោកបានមានប្រសាសន៍ផងដែរថា៖ “ប្រសិនបើនរណាម្នាក់បំពានចំពោះអ្នកដែលបានធ្វើកិច្ចព្រមព្រៀង ឬកាត់បន្ថយសិទ្ធិណាមួយរបស់គេ ឬដាក់បន្ទុកលើគេលើសពីពីសមត្ថភាពរបស់គេ ឬយកអ្វីពីគេដោយគ្មានការយល់ព្រម នោះខ្ញុំគឺជាសត្រូវរបស់ជននោះនៅថ្ងៃបរលោក”។ [សហេសអាល់ពូខរី:៣០៥២] ជាការពិតណាស់សាសនាអ៊ីស្លាម ដូចដែលអ្នកបានឃើញហើយ គឺហាមឃាត់រាល់អត្តចរិតទាំងឡាយដែលអាក្រក់ ឬការប្រាស្រ័យទាក់ទងដែលបំពានឬអំពើអយុត្តិធម៌។
៣៦. សាសនាអ៊ីស្លាមហាមឃាត់ចំពោះប្រតិបត្តិការហិរញ្ញវត្ថុទាំងឡាយណាដែលមានជាប់ពាក់ព័ន្ធនឹងការប្រាក់ ឬហានិភ័យ ឬគ្រោះថ្នាក់ ឬការបំពាន ឬការបោកប្រាស់ ឬនាំទៅកាន់គ្រោះថ្នាក់ ឬហានិភ័យធ្ងន់ធ្ងរទូទៅចំពោះសង្គម ប្រទេសជាតិ និងបុគ្គល។
សាសនាអ៊ីស្លាមហាមឃាត់ចំពោះប្រតិបត្តិការហិរញ្ញវត្ថុទាំងឡាយណាដែលមានជាប់ពាក់ព័ន្ធនឹងការប្រាក់ ឬហានិភ័យ ឬគ្រោះថ្នាក់ ឬការបំពាន ឬការបោកប្រាស់ ឬនាំទៅកាន់គ្រោះថ្នាក់ ឬហានិភ័យធ្ងន់ធ្ងរទូទៅចំពោះសង្គម ប្រទេសជាតិ និងបុគ្គល។ ប្រការដែលបានរំលឹកនៅខាងដើមកថាខណ្ឌនេះ គឺយើងបានលើកឡើងនូវវាក្យខណ្ឌនៃព្រះគម្ពីរគួរអាន និងប្រសាសន៍ជាច្រើនរបស់ព្យាការីមូហាំម៉ាត់រួចមកហើយដែលបានហាមឃាត់ចំពោះការប្រាក់ ឬការបំពាន ឬការបោកប្រាស់ ឬការបង្កវិនាសកម្មនៅលើផែនដី។ ព្រះអល់ឡោះជាម្ចាស់ទ្រង់បានមានបន្ទូលថា៖ “ហើយពួកដែលធ្វើបាបបណ្ដាអ្នកមានជំនឿទាំងប្រុស ទាំងស្រីចំពោះអ្វីដែលពួកគេមិនបានប្រព្រឹត្ដ ពួកគេពិតជាទទួលខុសត្រូវចំពោះការចោទប្រកាន់ និងទទួលបាបកម្មយ៉ាងច្បាស់លាស់”។ [គម្ពីរគួរអាន ៣៣:៥៨] ទ្រង់បានមានបន្ទូលទៀតថា៖ “ជនណាហើយដែលបានសាងអំពើល្អ គឺសម្រាប់ខ្លួនឯង ហើយជនណាដែលបានប្រព្រឹត្ដអំពើអាក្រក់វិញ គឺវានឹងធ្លាក់ទៅលើខ្លួនឯង(ដូចគ្នា)។ ហើយព្រះជាម្ចាស់របស់អ្នកមិនមែនជាអ្នកបំពានទៅលើខ្ញុំបម្រើ(របស់ទ្រង់)ណាម្នាក់ឡើយ”។ [គម្ពីរគួរអាន ៤១:៤៦] នៅក្នុងស៊ុណ្ណះ(លំអានរបស់ព្យាការី) ក៏បានលើកឡើងផងដែរថា៖ “ពិតណាស់ អ្នកនាំសាររបស់អល់ឡោះ(សូមសន្តិភាពកើតមានដល់លោក) លោកបានកំណត់ថា មិនត្រូវបង្កគ្រោះថ្នាក់ដល់ខ្លួនឯង ឬបង្កគ្រោះថ្នាក់ដល់អ្នកដទៃនោះឡើយ”។ [ស៊ូណាន់អាពូទើវូទ] អ្នកនាំសារមូហាំម៉ាត់លោកបានមានប្រសាសន៍ថា៖ “ជនណាមានជំនឿចំពោះព្រះអល់ឡោះនិងថ្ងៃបរលោក ចូរកុំធ្វើឲ្យប៉ះពាល់ដល់អ្នកជិតខាង។ ជនណាមានជំនឿចំពោះព្រះអល់ឡោះនិងថ្ងៃបរលោក ចូរឲ្យគេផ្ដល់កិត្ដិយសដល់ភ្ញៀវរបស់ខ្លួន។ ជនណាមានជំនឿចំពោះព្រះអល់ឡោះនិងថ្ងៃបរលោក ចូរឲ្យគេនិយាយនូវពាក្យសម្តីដែលល្អ ឬនៅស្ងៀម”។ នៅក្នុងសេចក្តីរាយការណ៍ផ្សេងទៀត៖ “ចូរឲ្យគេធ្វើល្អចំពោះអ្នកជិតខាង”។ [សហេសមូស្លីម:៤៧] លោកបានមានប្រសាសន៍ផងដែរថា៖ “ស្ដ្រីម្នាក់ត្រូវគេដាក់ទណ្ឌកម្មដោយសារតែនាងបានឃុំឃាំងឆ្មាមួយ រហូតដល់វាស្លាប់។ ហេតុនេះ នាងក៏ត្រូវចូលក្នុងនរក។ នាងមិនបានផ្ដល់អាហារ និងទឹកឲ្យវានៅក្នុងពេលដែលឃុំឃាំងវានោះឡើយ ហើយក៏មិនដោះលែងវាឲ្យស៊ីសត្វល្អិតនៅលើដីនោះដែរ”។ [សហេសអាល់ពូខរី:៣៤៨២] នេះគឺចំពោះអ្នកដែលធ្វើបាបសត្វឆ្មាមួយក្បាល។ ចុះយ៉ាងណាទៅវិញចំពោះអ្នកដែលធ្វើបាបឬធ្វើទុក្ខបុកម្នេញដល់មនុស្សលោកទៀតនោះ? អំពី អ៊ិពនូអ៊ូមើរ(សូមអល់ឡោះសព្វព្រះទ័យចំពោះគាត់ទាំងពីរ)បាននិយាយថា៖ អ្នកនាំសាររបស់អល់ឡោះ(សូមសន្តិភាពកើតមានដល់លោក)បានឡើងលើវេទិកា ហើយលោកបានស្រែកហៅដោយសំឡេងយ៉ាងខ្លាំងថា៖ “ឱអ្នកដែលទទួលយកអ៊ីស្លាមតែអណ្តាត ខណៈពេលដែលជំនឿមិនជ្រាបដល់បេះដូងរបស់ខ្លួន! ចូរពួកអ្នកកុំធ្វើបាបអ្នកមូស្លីម កុំជេរប្រមាថពួកគេ និងកុំតាមចាប់កំហុសពួកគេ។ ពិតប្រាកដណាស់ ជនណាដែលតាមចាប់កំហុសបងប្អូនមូស្លីមរបស់ខ្លួននោះ ព្រះអល់ឡោះជាម្ចាស់នឹងតាមចាប់កំហុសជននោះវិញ។ ហើយជនណាដែលព្រះអល់ឡោះតាមចាប់កំហុសគេ នោះទ្រង់នឹងបកអាក្រាតជននោះ ទោះបីរូបគេសំងំនៅក្នុងផ្ទះរបស់ខ្លួនក៏ដោយ”។ គាត់(ណាហ្វៀក) បាននិយាយថា៖ 'ថ្ងៃមួយ អ៊ិពនូអ៊ូមើរ បានសម្លឹងមើលទៅកាន់ពៃតុលឡោះ ឬទៅកាន់កាក់ហ្ពះ ហើយគាត់បានពោលថា៖ ' អ្នកពិតជាថ្កុំថ្កើង និងត្រូវបានគេផ្តល់កិត្តិយសដ៏ថ្លៃថ្លាក្រៃលែង! តែកិត្តិយសរបស់អ្នកមានជំនឿ គឺថ្លៃថ្លាចំពោះព្រះអល់ឡោះជាងអ្នកទៅទៀត”។ [អាត់តៀរមីហ្ស៊ី:២០៣២, អ៊ិពនូហ៊ិបហ្ពាន:៥៧៦៣] ព្យាការីមូហាំម៉ាត់(សូមសន្តិភាពកើតមានដល់លោក)បានមានប្រសាសន៍ថា៖ “ជនណាមានជំនឿចំពោះព្រះអល់ឡោះនិងថ្ងៃបរលោក ចូរកុំឲ្យគេប៉ះពាល់ដល់អ្នកជិតខាង។ ជនណាមានជំនឿចំពោះព្រះអល់ឡោះនិងថ្ងៃបរលោក ចូរផ្ដល់កិត្ដិយសដល់ភ្ញៀវរបស់ខ្លួន។ ជនណាមានជំនឿចំពោះព្រះអល់ឡោះនិងថ្ងៃបរលោក ចូរឲ្យគេនិយាយនូវពាក្យសម្តីដែលល្អ ឬនៅស្ងៀម”។ [សហេសអាល់ពូខរី:៦០១៨] អំពី អាពូហ៊ូរ៉យរ៉ោះ(សូមអល់ឡោះសព្វព្រះទ័យចំពោះគាត់)បានរាយការណ៍ថា ព្យាការី(សូមសន្តិភាពកើតមានដល់លោក)បានមានប្រសាសន៍ថា៖ “តើពួកអ្នកដឹងឬទេថា តើអ្នកណាជាអ្នកក្ស័យធននោះ”? ពួកគេបានឆ្លើយថា៖ ឱអ្នកនាំសាររបស់អល់ឡោះ! អ្នកក្ស័យធនក្នុងចំណោមពួកយើង គឺអ្នកដែលគ្មានលុយកាក់ និងទ្រព្យសម្បត្ដិ។ ពេលនោះ លោកបានមានប្រសាសន៍ថា៖ “អ្នកក្ស័យធននៃប្រជាជាតិរបស់ខ្ញុំ គឺអ្នកដែលនៅថ្ងៃបរលោក គាត់បាននាំមកនូវការបួស ការសឡាត និងហ្សាកាត់។ ប៉ុន្ដែជននោះបានជេរប្រមាថប៉ះពាល់កិត្តិយសអ្នកនេះ មួលបង្កាច់អ្នកនោះ និងស៊ីទ្រព្យសម្បត្ដិអ្នកនេះ(ដោយខុសច្បាប់)។ ហេតុនេះ គេក៏ឲ្យជននោះអង្គុយចុះ រួចគេក៏យកទង្វើល្អរបស់ជននោះផ្ដល់ឱ្យអ្នកនេះ អ្នកនោះ។ ហើយប្រសិនបើទង្វើល្អរបស់ជននោះអស់មុនពេលទូទាត់សងគេរួចនោះ គេនឹងយកទង្វើអាក្រក់របស់អ្នកដទៃ(អ្នកដែលជននោះបានបំពានលើ)មកដាក់លើជននោះថែមទៀត។ បន្ទាប់មក គេក៏គ្រវែងជននោះទៅក្នុងឋាននរក”។ [មូស្លីម:២៥៨១, អាត់តៀរមីហ្ស៊ី:២៤១៨, អះម៉ាត់:៨០២៩]
លោកបានមានប្រសាសន៍ទៀតថា៖ “នៅលើផ្លូវមួយ មានមែកឈើមួយដែលតែងបង្កបញ្ហាដល់មនុស្ស(អ្នកដំណើរ)។ ពេលនោះ មានបុរសម្នាក់បានរើសវាចេញ។ ដូចនេះ គេក៏បញ្ចូលជននោះទៅក្នុងឋានសួគ៌”។ [អាល់ពូខរី:៦៥២, មូស្លីម:១៩១៤, អ៊ិពនូម៉ាហ្ជះ:៣៦៨២ និងអះម៉ាត់:១០៤៣២]។ គ្រាន់តែរើសយករបស់ដែលបង្កបញ្ហាដល់អ្នកដំណើរចេញពីផ្លូវសោះ ក៏នាំឲ្យរូបគេអាចចូលឋានសួគ៌ដែរ ចុះយ៉ាងណាទៅចំពោះអ្នកដែលបង្កបញ្ហាដល់មនុស្សលោក និងបង្កវិនាសកម្មដល់ការរស់នៅរបស់ពួកគេវិញនោះ!!!
៣៧. សាសនាអ៊ីស្លាមនាំមកនូវការថែរក្សាសតិបញ្ញា ហើយហាមឃាត់រាល់ប្រការទាំងឡាយណាដែលបំផ្លាញ ឬនាំឲ្យប៉ះពាល់ដល់សតិបញ្ញា ដូចជាការផឹកស្រាជាដើម ហើយបានលើកកម្ពស់ និងផ្តល់តម្លៃដល់សតិបញ្ញាណ ព្រមទាំងទុកវាជាឆ្អឹងខ្នងនៃសមត្ថកិច្ចផ្នែកច្បាប់។ សាសនាអ៊ីស្លាមបានរំដោះសតិបញ្ញាចេញពីច្រវាក់នៃអបិយជំនឿ និងការគោរពសក្ការៈរូបបដិមា។ ហើយនៅក្នុងសាសនាអ៊ីស្លាម គឺពុំមានអាថ៌កំបាំង ឬក្បួនច្បាប់ដាច់ដោយឡែកសម្រាប់វណ្ណៈណាមួយឡើយ។ រាល់ច្បាប់បញ្ញត្តិនៅក្នុងសាសនាអ៊ីស្លាមទាំងអស់ គឺស្របទៅនឹងសតិបញ្ញាដ៏ត្រឹមត្រូវ និងប្រកាន់នូវយុត្តិធម៌ និងគំនិតប្រាជ្ញា។
សាសនាអ៊ីស្លាមនាំមកនូវការថែរក្សាសតិបញ្ញា ហើយបានលើកតម្កើង និងផ្តល់តម្លៃដល់សតិបញ្ញា។ ព្រះអល់ឡោះជាម្ចាស់ទ្រង់បានមានបន្ទូលថា៖ “ពិតប្រាកដណាស់ ត្រចៀក ភ្នែក ហើយនិងចិត្ដ ទាំងអស់នោះនឹងត្រូវបានគេសួរអំពីវា”។ [គម្ពីរគួរអាន ១៧:៣៦] ដូចនេះ ចាំបាច់លើមនុស្សត្រូវថែរក្សាសតិបញ្ញារបស់ខ្លួនឲ្យបានល្អ។ ហេតុនេះហើយទើបសាសនាអ៊ីស្លាមហាមឃាត់មិនឲ្យទទួលទានស្រា និងសេពគ្រឿងញៀន ដែលយើងបានលើកឡើងពីការហាមឃាត់ចំពោះស្រារួចមកហើយនៅក្នុងកថាខណ្ឌទី៣៤។ មានវាក្យខណ្ឌជាច្រើននៃព្រះគម្ពីរគួរអានដែលបញ្ចប់ដោយឃ្លា “សង្ឃឹមថាពួកអ្នកចេះគិតពិចារណា” [គម្ពីរគួរអាន ២:២៤២] ព្រះអល់ឡោះជាម្ចាស់ទ្រង់បានមានបន្ទូលថា៖ “ហើយការរស់នៅក្នុងលោកិយគ្មានអ្វីក្រៅពីការលេងសើចឥតប្រយោជន៍នោះឡើយ។ ហើយជាការពិតណាស់ លំនៅឋាននាថ្ងៃបរលោក គឺល្អបំផុតសម្រាប់បណ្ដាអ្នកដែលកោតខ្លាច ព្រះអល់ឡោះ។ ដូចេ្នះ តើពួកអ្នកមិនគិតពិចារណាទេឬ”? [គម្ពីរគួរអាន ៦:៣២] ទ្រង់បានមានបន្ទូលទៀតថា៖ “ពិតប្រាកដណាស់ យើងបានបញ្ចុះវា(ព្រះគម្ពីរគួរអាន)ជាភាសាអារ៉ាប់ ដើម្បីឱ្យពួកអ្នកស្វែងយល់”។ [គម្ពីរគួរអាន ១២:២] ព្រះអល់ឡោះជាម្ចាស់ទ្រង់បានបញ្ជាក់ថា ជាការពិតណាស់ ការចង្អុលបង្ហាញ និងគតិបណ្ឌិត គឺគេមិនអាចទាញយកផលអំពីវាបានឡើយ លើកលែងតែអ្នកដែលមានសតិបញ្ញាប៉ុណ្ណោះ ពោលគឺបញ្ញាជនទាំងឡាយ។ ព្រះអល់ឡោះជាម្ចាស់ទ្រង់បានមានបន្ទូលថា៖ ព្រះអល់ឡោះប្រទាននូវគតិបណ្ឌិតដល់ជនណាដែលទ្រង់មានចេតនា។ ជនណាហើយដែលត្រូវបានគេប្រទានឱ្យនូវគតិបណ្ឌិត ជននោះប្រាកដជាត្រូវបានគេប្រទានឱ្យនូវកុសលដ៏ច្រើនលើសលប់។ ហើយការក្រើនរំលឹក គឺគ្មានប្រយោជន៍ឡើយ លើកលែងតែពួកបញ្ញាជនប៉ុណ្ណោះ”។ [គម្ពីរគួរអាន ២:២៦៩]
ហេតុនេះហើយទើបសាសនាអ៊ីស្លាមបានចាត់ទុកសតិបញ្ញា គឹជាឆ្អឹងខ្នងនៃសមត្ថកិច្ចផ្នែកច្បាប់។ ព្យាការីមូហាំម៉ាត់(សូមសន្តិភាពកើតមានដល់លោក)បានមានប្រសាសន៍ថា៖ “គេលើកស្លាបប៉ាកកា(មិនយកទោសពៃរ៍)ចំពោះជនបីប្រភេទ គឺអ្នកដែលដេកលក់រហូតដល់គេភ្ញាក់ កូនក្មេងរហូតដល់គេធំពេញវ័យ និងមនុស្សវិកលចរិតរហូតដល់គេមានសតិបញ្ញាឡើងវិញ”។ រាយការណ៍ដោយ អាល់ពូខរី ជាលក្ខណៈរាយការណ៍មិនពេញលេញ(តាក់លីក)ក្នុងទម្រង់ជាក់លាក់មុននឹងហាទីស្ហលេខ៥២៦៩ស្រដៀងគ្នានេះ ហើយរាយការណ៍ដោយ អាពូហ្ទាវូទ៖៤៤០២ ជាលក្ខណៈរាយការណ៍ដោយពេញលេញ(ម៉ាវស៊ូល) ហើយពាក្យពេចន៍នេះ ជាសេចក្តីរាយការណ៍របស់គាត់ និងរាយការណ៍ដោយ អាត់តៀរមីហ្ស៊ី៖១៤២៣, អាន់ណាសាអ៊ី នៅក្នុងសៀវភៅ អាស្ស៊ូណាន់ អាល់គុបរ៉៖៧៣៤៦, អះម៉ាត់៖៩៥៦ ដោយមានភាពខុសគ្នាបន្តិចបន្តួច និងរាយការណ៍ដោយ អ៊ិពនូម៉ាហ្ជះ៖២០៤២ ជាលក្ខណៈសង្ខេប។ ហើយអ៊ីស្លាមបានរំដោះសតិបញ្ញាចេញពីច្រវាក់នៃអបិយជំនឿ និងការគោរពសក្ការៈរូបបដិមា។ ព្រះអល់ឡោះជាម្ចាស់ទ្រង់បានមានបន្ទូលប្រាប់ពីស្ថានភាពរបស់ប្រជាជាតិជាច្រើនដែលពួកគេប្រកាន់ខ្ជាប់នឹងអបិយជំនឿ ហើយសេចក្តីពិតដែលមកពីព្រះអល់ឡោះជាម្ចាស់ បានច្រានចោលនូវរឿងទាំងនេះ។ ទ្រង់បានមានបន្ទូលថា៖ “ដូច្នោះដែរ រាល់អ្នកដាស់តឿនព្រមានទាំងឡាយដែលយើងបានបញ្ជូនទៅកាន់អ្នកភូមិស្រុកណាមួយមុនអ្នក(មូហាំម៉ាត់) គឺពួកដែលមានទ្រព្យសម្បត្ដិស្ដុកស្ដម្ភនៃភូមិស្រុកនោះតែងតែងនិយាយថា៖ ពិតប្រាកដណាស់ ពួកយើងបានឃើញជីដូនជីតារបស់ពួកយើងស្ថិតនៅលើសាសនាមួយ។ ហើយពិតប្រាកដណាស់ ពួកយើងជាអ្នកដើរតាមកេរដំណែលរបស់ពួកគេ”។ [គម្ពីរគួរអាន ៤៣:២៣] ទ្រង់បានមានបន្ទូលប្រាប់ពីរឿងរបស់ព្យាការីអ៊ីព្រហ៊ីម ដែលគាត់បាននិយាយទៅកាន់ក្រុមរបស់គាត់ថា៖ “តើរូបបដិមាដែលពួកអ្នកនាំគ្នាគោរពសក្ការៈចំពោះវាទាំងនេះជាអ្វីទៅ? ពួកគេឆ្លើយថា៖ ពួកយើងបានឃើញជីដូនជីតារបស់ពួកយើងគោរពសក្ការៈចំពោះពួកវា (ហើយពួកយើងក៏ធ្វើតាមទៅ)”។ [គម្ពីរគួរអាន ២១:៥៣] ដូចនេះ នៅពេលសាសនាអ៊ីស្លាមបានមកដល់ សាសនានេះបានប្រើឲ្យបោះបង់ការគោរពសក្ការៈចំពោះរូបបដិមា និងដកខ្លួនចេញពីជំនឿអរូបីដែលបានបន្សល់ទុកពីឪពុកម្តាយ និងជីដូនជីតារបស់ពួកគេ ហើយត្រូវដើរតាមមាគ៌ារបស់អ្នកនាំសារទាំងឡាយវិញ។
ហើយនៅក្នុងសាសនាអ៊ីស្លាម គឺពុំមានទេអាថ៌កំបាំង ឬក្បួនច្បាប់ដែលមានដាច់ដោយឡែកសម្រាប់វណ្ណៈណាមួយនោះ។ មានគេសួរអាលី កូនរបស់ អាពូត៏ឡិប(សូមអល់ឡោះសព្វព្រះទ័យចំពោះគាត់) ដែលជាជីដូនមួយនឹងព្យាការីមូហាំម៉ាត់(សូមសន្តិភាពកើតមានដល់លោក)ថា៖ “តើអ្នកនាំសាររបស់អល់ឡោះ(សូមសន្តិភាពកើតមានដល់លោក)លោកបានផ្តល់នូវលក្ខណៈពិសេសអ្វីមួយដល់ពួកអ្នកដែរឬទេ”? គាត់បានឆ្លើយថា៖ “អ្នកនាំសាររបស់អល់ឡោះ(សូមសន្តិភាពកើតមានដល់លោក)មិនបានផ្តល់នូវលក្ខណៈពិសេសអ្វីមួយដល់ពួកយើងលើសពីមនុស្សទូទៅនោះឡើយ ក្រៅពីអ្វីដែលមាននៅក្នុងស្រោមដាវរបស់ខ្ញុំនេះ”។ គាត់បាននិយាយថា៖ “ពេលនោះ អាលីក៏បានដកនូវឯកសារដែលមានជាលាយលក្ខណ៍អក្សរនៅក្នុងវាថា៖ “ព្រះអល់ឡោះជាម្ចាស់បានដាក់បណ្តាចំពោះអ្នកដែលសំឡេះសត្វសម្រាប់អ្នកផ្សេងក្រៅពីទ្រង់។ ព្រះអល់ឡោះជាម្ចាស់បានដាក់បណ្តាចំពោះអ្នកដែលរំកិលព្រំដី។ ព្រះអល់ឡោះជាម្ចាស់បានដាក់បណ្តាចំពោះអ្នកដែលដាក់បណ្តាសាឪពុកម្តាយរបស់ខ្លួន។ ព្រះអល់ឡោះជាម្ចាស់បានដាក់បណ្តាចំពោះអ្នកដែលបង្កើតថ្មី(នៅក្នុងសាសនា)”។ [សហេសមូស្លីម:១៩៧៨] រាល់ច្បាប់បញ្ញត្តិទាំងអស់នៅក្នុងសាសនាអ៊ីស្លាម គឺស្របទៅនឹងសតិបញ្ញាដ៏ត្រឹមត្រូវ និងប្រកាន់នូវយុត្តិធម៌ និងគំនិតប្រាជ្ញា។
៣៨. សាសនាដែលមិនត្រឹមត្រូវជាច្រើន នៅពេលដែលសាសនិករបស់ខ្លួនមិនទទួលយកនូវប្រការទាំងឡាយដែលមាននៅក្នុងសាសនាទាំងនោះដែលវាមានភាពផ្ទុយគ្នា ឬបញ្ហាទាំងឡាយដែលផ្ទុយពីសតិបញ្ញារបស់មនុស្ស ពួកបព្វជិតសាសនាទាំងនោះបាននាំគ្នាបញ្ចុះបញ្ចូលសាសនិករបស់ខ្លួនថា ពិតណាស់ សាសនា គឺខ្ពស់ហួសពីសតិបញ្ញា ដោយថា សតិបញ្ញាគឺគ្មានតួនាទីអាចយល់ដឹងអំពីសាសនាឡើយ ផ្ទុយពីសាសនាអ៊ីស្លាមដែលបានចាត់ទុកសាសនាថាជាពន្លឺសម្រាប់បំភ្លឹផ្លូវនៃសតិបញ្ញា។ ពិតប្រាកដណាស់ ពួកបព្វជិតដែលកាន់តាមសាសនាដែលមិនត្រឹមត្រូវទាំងនោះ ពួកគេចង់ឲ្យមនុស្សលោកបោះបង់(មិនប្រើ)សតិបញ្ញា ហើយដើរតាមពួកគេតែម្តង។ ចំណែកសាសនាអ៊ីស្លាមវិញ គឺចង់ឲ្យមនុស្សលោកដាស់សតិបញ្ញារបស់ខ្លួនដើម្បីឲ្យពួកគេបានដឹងពីធាតុពិតនៃធម្មជាតិទាំងឡាយដែលនៅជុំវិញពួកគេ។
សាសនាដែលមិនត្រឹមត្រូវជាច្រើន នៅពេលដែលសាសនិករបស់ខ្លួនមិនទទួលយកនូវប្រការទាំងឡាយដែលមាននៅក្នុងសាសនាទាំងនោះដែលវាមានភាពផ្ទុយគ្នា ឬបញ្ហាទាំងឡាយដែលផ្ទុយពីសតិបញ្ញារបស់មនុស្ស ពួកបព្វជិតសាសនាទាំងនោះបាននាំគ្នាបញ្ចុះបញ្ចូលសាសនិករបស់ខ្លួនថា ពិតណាស់ សាសនា គឺខ្ពស់ហួសពីសតិបញ្ញា ដោយថា សតិបញ្ញាគឺគ្មានតួនាទីអាចយល់ដឹងអំពីសាសនាឡើយ ផ្ទុយពីសាសនាអ៊ីស្លាមដែលបានចាត់ទុកសាសនាថាជាពន្លឺសម្រាប់បំភ្លឹផ្លូវនៃសតិបញ្ញា។ ពិតប្រាកដណាស់ ពួកបព្វជិតដែលកាន់តាមសាសនាដែលមិនត្រឹមត្រូវទាំងនោះ ពួកគេចង់ឲ្យមនុស្សលោកបោះបង់(មិនប្រើ)សតិបញ្ញា ហើយដើរតាមពួកគេតែម្តង។ ចំណែកសាសនាអ៊ីស្លាមវិញ គឺចង់ឲ្យមនុស្សលោកដាស់សតិបញ្ញារបស់ខ្លួនដើម្បីឲ្យពួកគេបានដឹងពីធាតុពិតនៃធម្មជាតិទាំងឡាយដែលនៅជុំវិញពួកគេ។ ព្រះអល់ឡោះជាម្ចាស់ទ្រង់បានមានបន្ទូលថា៖ “ហើយដូច្នោះដែរ យើងបានបញ្ចុះព្រះគម្ពីរគួរអានឱ្យអ្នកតាមបទបញ្ជារបស់យើង ដោយអ្នកមិនធ្លាប់បានដឹងថា អ្វីជាព្រះគម្ពីរឡើយ ហើយអ្នកក៏មិនដឹងថា អ្វីជាជំនឿនោះដែរ។ ក៏ប៉ុន្ដែយើងបានបង្កើតវា(ព្រះគម្ពីរគួរអាន)ជាពន្លឺមួយដែលយើងនឹងចង្អុលបង្ហាញតាមរយៈវាចំពោះជនណាដែលយើងមានចេតនាក្នុងចំណោមខ្ញុំរបស់យើង។ ហើយពិតប្រាកដណាស់ អ្នកនឹងចង្អុលបង្ហាញ(មនុស្សលោក)ទៅកាន់មាគ៌ាដ៏ត្រឹមត្រូវ”។ [គម្ពីរគួរអាន ៤២:៥២] ជាការពិតណាស់ សាររបស់ព្រះជាម្ចាស់ គឺផ្ទុកទៅដោយភស្តុតាង និងអំណះអំណាងជាច្រើនដែលចង្អុលបង្ហាញដល់សតិបញ្ញាដែលស្អាតស្អំទៅកាន់ធាតុពិតដែលវាត្រូវការចង់ដឹង និងមានជំនឿចំពោះវា។ ព្រះអល់ឡោះជាម្ចាស់ទ្រង់បានមានបន្ទូលថា៖ “ឱមនុស្សលោក! ភស្ដុតាងពីព្រះជាម្ចាស់របស់ពួកអ្នក(ព្យាការីមូហាំម៉ាត់) ពិតជាបានមកដល់ពួកអ្នក។ ហើយយើងបានបញ្ចុះទៅឱ្យពួកអ្នកនូវពន្លឺយ៉ាងច្បាស់(ព្រះគម្ពីរគួរអាន)”។ [គម្ពីរគួរអាន ៤:១៧៤] ពិតប្រាកដណាស់ ព្រះអល់ឡោះជាម្ចាស់ចង់ឲ្យមនុស្សលោករស់នៅក្នុងពន្លឺនៃការចង្អុលបង្ហាញ ចំណេះដឹង និងការពិត ខណៈដែលពួកបិសាចសាតាំង(ស្ហៃតន) និងព្រះក្លែងក្លាយទាំងឡាយចង់ឲ្យមនុស្សស្ថិតនៅក្នុងភាពងងឹតសូន្យសុងនៃភាពគ្មានជំនឿ អវិជ្ជា និងភាពវង្វេង។ ទ្រង់បានមានបន្ទូលថា៖ “ព្រះអល់ឡោះជាអ្នកគាំពារបណ្ដាអ្នកដែលមានជំនឿ ដោយទ្រង់បញ្ចេញពួកគេពីភាពងងឹត(គ្មានជំនឿ)ទៅកាន់ភាពមានពន្លឺ(មានជំនឿ)។ រីឯពួកដែលគ្មានជំនឿវិញ អ្នកគាំពាររបស់ពួកគេ គឺត៏ហ្គូតដែលពួកវាបពោ្ចញពួកគេពីភាពមានពន្លឺទៅកាន់ភាពងងឹតសូន្យសុង”។ [គម្ពីរគួរអាន ២:២៥៧]
៣៩. សាសនាអ៊ីស្លាមលើកកម្ពស់ និងឲ្យតម្លៃចំណេះវិជ្ជាដែលត្រឹមត្រូវ ហើយជំរុញមនុស្សឲ្យធ្វើការស្រាវជ្រាវវិទ្យាសាស្ត្រដោយគ្មានការលម្អៀង និងបានអំពាវនាវឲ្យធ្វើការពិនិត្យមើល និងគិតពិចារណាចំពោះខ្លួនយើង និងចំពោះចក្រវាលដែលនៅជុំវិញ ហើយលទ្ធផលផ្នែកវិទ្យាសាស្ត្រដែលមានភាពត្រឹមត្រូវនោះ គឺមិនប្រឆាំងគ្នាជាមួយនឹងសាសនាអ៊ីស្លាមឡើយ។
សាសនាអ៊ីស្លាមលើកតម្កើង និងឲ្យតម្លៃចំណេះវិជ្ជាដែលត្រឹមត្រូវ។ ព្រះអល់ឡោះជាម្ចាស់ទ្រង់បានមានបន្ទូលថា៖ “ព្រះអល់ឡោះនឹងលើកឋានៈបណ្ដាអ្នកដែលមានជំនឿនៅក្នុងចំណោមពួកអ្នក និង បណ្ដាអ្នកដែលត្រូវបានគេផ្ដល់ចំណេះវិជ្ជាឱ្យ។ ហើយព្រះអល់ឡោះដឹងជ្រួតជ្រាបនូវអ្វីដែលពួកអ្នកប្រព្រឹត្ដ”។ [គម្ពីរគួរអាន ៥៨:១១] ព្រះអល់ឡោះជាម្ចាស់ទ្រង់បានភ្ជាប់ការធ្វើសាក្សីរបស់អ្នកចេះដឹងទាំងឡាយ និងការធ្វើសាក្សីរបស់បណ្តាទេវតា(ម៉ាឡាអ៊ីកាត់)របស់ទ្រង់ទៅនឹងការធ្វើសាក្សីរបស់ទ្រង់ គឺដើម្បីបញ្ជាក់ពីភាពធំធេងនៃអ្វីដែលគេបានធ្វើសាក្សីនោះ(គឺអ្នកចេះដឹង)។ ទ្រង់បានមានបន្ទូលថា៖ “ព្រះអល់ឡោះបានធ្វើសាក្សីថា ពិតប្រាកដណាស់ គ្មានព្រះជាម្ចាស់ឯណាដែលត្រូវគេគោរពសក្ការៈដ៏ពិតប្រាកដក្រៅពីទ្រង់ដែលឈរលើភាពយុត្ដិធម៌នោះឡើយ។ ហើយទេវតាទាំងឡាយ និងបណ្ដាអ្នកមានចំណេះដឹងក៏ដូច្នោះដែរ។ គ្មានព្រះជាម្ចាស់ឯណាដែលត្រូវគេគោរពសក្ការៈដ៏ពិតប្រាកដក្រៅពីទ្រង់ដែលមហាខ្លាំងពូកែ មហាគតិបណ្ឌិតឡើយ”។ [គម្ពីរគួរអាន ៣:១៨] នេះគឺបញ្ជាក់អំពីឋានៈរបស់អ្នកចេះដឹងនៅក្នុងសាសនាអ៊ីស្លាម។ ព្រះអល់ឡោះជាម្ចាស់មិនបានបង្គាប់ប្រើព្យាការីរបស់ទ្រង់ មូហាំម៉ាត់(សូមសន្តិភាពកើតមានដល់លោក)ឲ្យសុំពីទ្រង់ឲ្យបន្ថែមនូវប្រការណាមួយឡើយ លើកលែងតែចំណេះដឹងប៉ុណ្ណោះ។ ទ្រង់បានមានបន្ទូលថា៖ “ហើយចូរអ្នកពោលថា៖ បពិត្រព្រះជាម្ចាស់! សូមទ្រង់មេត្ដាបន្ថែមចំណេះដឹងដល់ខ្ញុំផង”។ [គម្ពីរគួរអាន ២០:១១៤] ព្យាការីមូហាំម៉ាត់(សូមសន្តិភាពកើតមានដល់លោក)បានមានប្រសាសន៍ថា៖ “បុគ្គលណាធ្វើដំណើរតាមផ្លូវមួយដើម្បីស្វែងរកចំណេះវិជ្ជា នោះព្រះអល់ឡោះជាម្ចាស់នឹងសម្រួលដល់គេនូវផ្លូវមួយទៅរកឋានសួគ៌។ ហើយទេវតា(ម៉ាឡាអ៊ីកាត់)ទាំងឡាយត្រដាងស្លាបរបស់គេសម្រាប់អ្នកស្វែងរកចំណេះវិជ្ជា ដោយក្តីរីករាយនឹងអ្នកដែលស្វែងរកចំណេះដឹង។ ហើយពិតណាស់ ទាំងអ្នកនៅលើមេឃនិងផែនដី រហូតសូម្បីតែត្រីនៅក្នុងទឹកក៏ដោយ ក៏ធ្វើការសុំអភ័យទោសឲ្យអ្នកមានចំណេះដឹងដែរ។ ឧត្ដមភាពរបស់អ្នកមានចំណេះវិជ្ជាលើអ្នកគោរពសក្ដារៈ គឺដូចជាឧត្ដមភាពរបស់ព្រះចន្ទលើភពទាំងឡាយ។ អ្នកមានចំណេះវិជ្ជាទាំងឡាយ គឺជាអ្នកទទួលមរតកពីបណ្ដាព្យាការី ព្រោះព្យាការីទាំងឡាយមិនបានបន្សល់ទុកនូវទ្រព្យសម្បត្ដិមួយទីណើរ ឬមួយទៀរហាំសម្រាប់ជាមរតកឡើយ គឺបន្សល់ទុកតែចំណេះវិជ្ជាប៉ុណ្ណោះ។ ហេតុនេះ បុគ្គលណាទទួលបានវា គឺដូចជាទទួលបាននូវភព្វសំណាងយ៉ាងច្រើនក្រៃលែង”។ [អាពូទើវូទ:៣៦៤១, អាត់តៀរមីហ្ស៊ី:២៦៨២, អ៊ិពនូម៉ាហ្ជះ:២២៣, អះម៉ាត់:២១៧១៥]
សាសនាអ៊ីស្លាមជំរុញមនុស្សឲ្យធ្វើការស្រាវជ្រាវវិទ្យាសាស្ត្រដោយគ្មានការលម្អៀង និងបានអំពាវនាវឲ្យធ្វើការពិនិត្យមើល និងគិតពិចារណាចំពោះខ្លួនឯង និងចំពោះចក្រវាលដែលនៅជុំវិញ។ ទ្រង់បានមានបន្ទូលថា៖ “យើងនឹងបង្ហាញឱ្យពួកគេបានឃើញនូវភស្ដុតាងទាំងឡាយរបស់យើងនៅក្នុងពិភពលោកនេះ និងក្នុងខ្លួនរបស់ពួកគេផ្ទាល់ រហូតទាល់តែវាជាក់ច្បាស់សម្រាប់ពួកគេថា៖ ពិតប្រាកដណាស់ វា(ព្រះគម្ពីរគួរអាន)គឺជាការពិត។ តើព្រះជាម្ចាស់របស់អ្នកមិនគ្រប់គ្រាន់ទេឬដែលទ្រង់ពិតជាអ្នកធ្វើសាក្សីលើអ្វីៗទាំងអស់នោះ”? [គម្ពីរគួរអាន ៤១:៥៣] ទ្រង់បានមានបន្ទូលទៀតថា៖ “តើពួកគេមិនសម្លឹងមើលការគ្រប់គ្រងមេឃជាច្រើនជាន់និងផែនដី និងអ្វីៗគ្រប់បែបយ៉ាងទាំងអស់ដែលព្រះអល់ឡោះបានបង្កើត ហើយ(ភាពអន្ដរាយ)អាចនឹងមកដល់ចុងបពា្ចប់នៃជីវិតរបស់ពួកគេទេឬ? តើមានពាក្យសម្ដីណាបន្ទាប់ពីវា(ព្រះគម្ពីរគួរអាន)ដែលធ្វើឱ្យពួកគេមានជំនឿនោះ”? [គម្ពីរគួរអាន ៧:១៨៥] ទ្រង់បានមានបន្ទូលផងដែរថា៖ “តើពួកគេ(ពួកអារ៉ាប់ម៉ាក្កះ)មិនបានធ្វើដំណើរនៅលើផែនដី និងពិនិត្យមើលទេឬ ថាតើលទ្ធផលចុងក្រោយរបស់ពួក(ក្រុមអាដ និងសាមូដ)ដែលពីមុនពួកគេនោះយ៉ាងដូចមេ្ដចដែរ? ពួកទាំងនោះគឺជាអ្នកដែលខ្លាំងជាងពួកគេ(អារ៉ាប់ម៉ាក្កះ)ទៅទៀត ដោយពួកគេបានធ្វើកសិកម្ម និងបានសាងសង់(លំនៅឋាន)នៅលើផែនដីច្រើនជាងអ្វីៗដែលពួកគេបានសាងសង់វាទៅទៀត ព្រមទាំងបណ្ដាអ្នកនាំសាររបស់ពួកគេបាននាំមកនូវភស្ដុតាងច្បាស់លាស់ឱ្យពួកគេទៀតផង។ ហើយព្រះអល់ឡោះមិនបំពានលើពួកគេឡើយ តែពួកគេទេដែលបានបំពានលើខ្លួនឯងនោះ”។ [គម្ពីរគួរអាន ៣០:៩]
ហើយលទ្ធផលផ្នែកវិទ្យាសាស្ត្រដែលមានភាពត្រឹមត្រូវនោះ គឺមិនប្រឆាំងគ្នាជាមួយនឹងសាសនាអ៊ីស្លាមឡើយ ហើយយើងនឹងលើកយកឧទាហរណ៍មួយដែលបានលើកឡើងយ៉ាងលម្ពិតនៅក្នុងព្រះគម្ពីរគួរអានតាំងពីជាង១៤០០ឆ្នាំមុន ដែលវិទ្យាសាស្ត្រទំនើបទើបតែបានដឹងនាពេលថ្មីៗនេះ។ ពិតប្រាកដណាស់ មានលទ្ធផលស្រាវជ្រាវបែបវិទ្យាសាស្ត្រជាច្រើនដែលស្របទៅនឹងអ្វីដែលមាននៅក្នុងព្រះគម្ពីរគួរអាន នោះគឺកំណកំណើតរបស់គភ៌នៅក្នុងផ្ទៃម្តាយ។ ព្រះអល់ឡោះជាម្ចាស់ទ្រង់បានមានបន្ទូលថា៖ “ហើយជាការពិតណាស់ យើងបានបង្កើតមនុស្សលោក(ព្យាការីអាដាំ)ពីដីឥដ្ឋ(ផ្សំពីទឹកនិងដី)។ ក្រោយមកយើងបានបង្កើតគេពីទឹកកាមនៅក្នុងកន្លែងដែលមានសុវត្ថិភាព(ស្បូន)។ បន្ទាប់មក យើងបានបង្កើតទឹកកាមនោះឱ្យទៅជាឈាមមួយដុំ ហើយយើងបានបង្កើតដុំឈាមនោះទៅជាសាច់មួយដុំ រួចយើងបានបង្កើតដុំសាច់នោះឱ្យមានជាឆ្អឹង ហើយយើងបានគ្របដណ្ដប់ឆ្អឹងនោះដោយសាច់។ ក្រោយមកទៀត យើងបានបង្កើតវាទៅជារូបរាងមួយផេ្សងទៀត(ដោយផ្លុំជីវិតទៅក្នុងរូបនោះ)។ ហើយព្រះអល់ឡោះមហាឧត្ដុង្គឧត្ដមដែលជាអ្នកបង្កើតដ៏ប្រសើរបំផុត”។ [គម្ពីរគួរអាន ២៣:១២-១៤]
៤០. ព្រះអល់ឡោះជាម្ចាស់ទ្រង់មិនទទួលយកទង្វើកុសលរបស់គេឡើយ ហើយក៏មិនផ្តល់ផលបុណ្យដល់គេលើទង្វើកុសលនោះដែរនៅថ្ងៃបរលោក លើកលែងតែជនណាដែលមានជំនឿចំពោះព្រះអល់ឡោះ និងគោរពប្រតិបត្តិទ្រង់ ព្រមទាំងជឿជាក់ចំពោះបណ្តាអ្នកនាំសារទាំងអស់របស់ទ្រង់ ហើយទ្រង់ក៏មិនទទួលយកការគោរពសក្ការៈទាំងឡាយនោះដែរ លើកលែងតែអ្វីដែលទ្រង់បានដាក់ច្បាប់បញ្ញត្តិប៉ុណ្ណោះ។ ដូច្នេះ តើមនុស្សលោកនៅប្រឆាំងនឹងព្រះអល់ឡោះជាម្ចាស់ ហើយរំពឹងចង់បានការតបស្នងពីទ្រង់យ៉ាងដូចម្តេចទៅ? ហើយព្រះអល់ឡោះជាម្ចាស់ក៏មិនទទួលយកសេចក្តីជំនឿពីបុគ្គលណាម្នាក់នោះដែរ លើកលែងតែរូបគេមានជំនឿនឹងបណ្តាព្យាការីទាំងអស់ ព្រមទាំងមានជំនឿនឹងសាររបស់ព្យាការីមូហាំម៉ាត់(សូមសន្តិភាពកើតមានដល់លោក)ផងដែរ។
ព្រះអល់ឡោះជាម្ចាស់មិនទទួលយកទង្វើកុសលរបស់គេឡោះយ ហើយក៏មិនផ្តល់ផលបុណ្យដល់គេលើទង្វើកុសលនោះដែរនៅថ្ងៃបរលោក លើកលែងតែជនណាដែលមានជំនឿចំពោះព្រះអល់ឡោះ និងគោរពប្រតិបត្តិទ្រង់ ព្រមទាំងជឿជាក់ចំពោះបណ្តាអ្នកនាំសារទាំងអស់របស់ទ្រង់។ ព្រះអល់ឡោះជាម្ចាស់ទ្រង់បានមានបន្ទូលថា៖ “ជនណាហើយប្រាថ្នាចង់បាន(ការសប្បាយរីករាយនៅលើលោកិយ)ភ្លាមៗ យើងនឹងផ្ដល់ឱ្យគេវិញភ្លាមៗដែរនូវអ្វីដែលយើងមានចេតនាចំពោះជនណាដែលយើងមានចេតនា។ បន្ទាប់មក យើងបានរៀបចំនរកជើហាន់ណាំឱ្យគេ ដែលគេនឹងចូលទៅក្នុងនោះដោយការស្ដីបន្ទោស ឃ្លាតឆ្ងាយពីការសន្ដោសប្រណីរបស់ព្រះអល់ឡោះ។ រីឯជនណាហើយដែលប្រាថ្នាចង់បានថ្ងៃបរលោក(ឋានសួគ៌) ហើយគេតស៊ូប្រឹងប្រែងធ្វើវាសម្រាប់វា(ថ្ងៃបរលោក)ដោយគេជាអ្នកមានជំនឿ គឺអ្នកទាំងនោះហើយដែលការខំប្រឹងប្រែងរបស់ពួកគេត្រូវទទួលបានការថ្លែងអំណរគុណ(ពីព្រះអល់ឡោះ)”។ [គម្ពីរគួរអាន ១៧:១៨-១៩] ទ្រង់បានមានបន្ទូលទៀតថា៖ “ដូចេ្នះ ជនណាហើយដែលសាងអំពើល្អ ខណៈដែលគេជាអ្នកមានជំនឿ គឺគ្មានការបដិសេធ(បាត់បង់)ចំពោះការតស៊ូប្រឹងប្រែងរបស់គេឡើយ។ ហើយពិតប្រាកដណាស់ យើងជាអ្នកកត់ត្រាទុកសម្រាប់គេ(ក្នុងសៀវភៅកំណត់ត្រា)”។ [គម្ពីរគួរអាន ២១:៩៤] ហើយទ្រង់ក៏មិនទទួលយកការគោរពសក្ការៈទាំងឡាយនោះដែរ លើកលែងតែអ្វីដែលទ្រង់បានដាក់បញ្ញត្តិច្បាប់ប៉ុណ្ណោះ។ ទ្រង់បានមានបន្ទូលថា៖ “ដូចេ្នះ ជនណាហើយដែលសង្ឃឹមថា នឹងបានជួបព្រះជាម្ចាស់របស់ខ្លួននោះ ចូរឱ្យគេសាងអំពើណាដែលល្អ ហើយកុំឱ្យគេយកអ្នកណាម្នាក់ធ្វើជាដៃគូក្នុងការគោរពសក្ការៈចំពោះព្រះជាម្ចាស់របស់ខ្លួនឱ្យសោះ”។ [គម្ពីរគួរអាន ១៨:១១០] ជាការពិតណាស់ទ្រង់បានបញ្ជាក់ថា ពិតប្រាកដណាស់ ទង្វើទាំងឡាយមិនអាចក្លាយជាទង្វើកុសលបាននោះទេ លើកលែងតែទង្វើនោះ ជាទង្វើដែលព្រះអល់ឡោះជាម្ចាស់ទ្រង់បានដាក់ច្បាប់បញ្ញត្តិដល់គេប៉ុណ្ណោះ ហើយអ្នកដែលធ្វើទង្វើនោះ គឺត្រូវមានចិត្តស្មោះស ជ្រះថ្លាចំពោះព្រះអល់ឡោះចំពោះទង្វើដែលខ្លួនបានសាងនោះ ហើយត្រូវជាអ្នកដែលមានជំនឿចំពោះព្រះអល់ឡោះ និងជឿជាក់ចំពោះបណ្តាព្យាការីទាំងឡាយអស់របស់ទ្រង់ថែមទៀត។ រីឯជនណាហើយដែលទង្វើរបស់គេផ្សេងពីនេះវិញនោះ ពិតណាស់ ព្រះអល់ឡោះជាម្ចាស់ទ្រង់បានមានបន្ទូលថា៖ “ហើយយើងបានត្រឡប់ទៅរកអ្វីដែលពួកគេបានសាងនៃប្រការល្អ រួចយើងធ្វើឱ្យវារលាយសាបសូន្យដូចធូលីដែលរសាត់តាមខ្យល់”។ [គម្ពីរគួរអាន ២៥:២៣] ទ្រង់បានមានបន្ទូលទៀតថា៖ “នៅថ្ងៃនោះ ទឹកមុខ(របស់ពួកគ្មានជំនឿ) គឺមានភាពអាម៉ាស់។ ស់។ រវល់យ៉ាងខ្លាំង និងនឿយហត់បំផុត។ ពួកគេនឹងចូលក្នុងភើ្លងនរកដ៏សែនក្ដៅ”។ [គម្ពីរគួរអាន ៨៨:២-៤] ជាការពិតណាស់ អ្នកដែលមានទឹកមុខអាម៉ាស់នោះ គឺអ្នកដែលបានសាងទង្វើកុសល ក៏ប៉ុន្តែនៅពេលដែលគេសាងទង្វើកុសលដោយគ្មានការចង្អុលបង្ហាញពីព្រះអល់ឡោះនោះ ព្រះអល់ឡោះជាម្ចាស់ក៏បានផ្តល់កន្លែងចុងក្រោយរបស់គេ គឺឋាននរក ដោយសារតែរូបគេមិនបានសាងទង្វើកុសលណាដែលព្រះអល់ឡោះជាម្ចាស់ទ្រង់បានដាក់បញ្ញត្តិច្បាប់ទៅលើគេនោះឡើយ។ ផ្ទុយទៅវិញ គេធ្វើការគោរពសក្ការៈនូវការគោរពសក្ការៈដែលខុសឆ្គង និងដើរតាមមេដឹកនាំដែលវង្វេងដែលបានបង្កើតឲ្យពួកគេនូវសាសនាថ្មីៗដែលមិនត្រឹមត្រូវ។ ពិតប្រាកដណាស់ ទង្វើកុសលដែលត្រូវបានគេទទួលយកនៅឯព្រះអល់ឡោះជាម្ចាស់នោះ គឺជាទង្វើទាំងឡាយណាដែលស្របនឹងអ្វីដែលអ្នកនាំសារមូហាំម៉ាត់បាននាំមក។ ដូច្នេះ តើមនុស្សលោកនៅប្រឆាំងនឹងព្រះអល់ឡោះជាម្ចាស់ ហើយរំពឹងចង់បានការតបស្នងពីទ្រង់យ៉ាងដូចម្តេចទៅ?
ព្រះអល់ឡោះជាម្ចាស់ក៏មិនទទួលយកសេចក្តីជំនឿពីបុគ្គលណាម្នាក់នោះដែរ លើកលែងតែនៅពេលដែលគេមានជំនឿនឹងបណ្តាព្យាការីទាំងអស់ ព្រមទាំងមានជំនឿនឹងសាររបស់ព្យាការីមូហាំម៉ាត់(សូមសន្តិភាពកើតមានដល់លោក)ផងដែរ។ (យើងបានលើកឡើងរួចមកហើយនូវភស្តុតាងមួយចំនួនដែលបញ្ជាក់លើបញ្ហានេះ នៅក្នុងកថាខណ្ឌលេខ២០។ ព្រះអល់ឡោះជាម្ចាស់ទ្រង់បានមានបន្ទូលថា៖ “អ្នកនាំសារ(មូហាំម៉ាត់)មានជំនឿលើអ្វីៗដែលព្រះជាម្ចាស់របស់គេបានបញ្ចុះមកឱ្យគេ ហើយបណ្ដាអ្នកមានជំនឿក៏ដូចគ្នាដែរ។ ពួកគេទាំងអស់មានជំនឿលើព្រះអល់ឡោះ បណ្ដាទេវតា(ម៉ាឡាអ៊ីកាត់)របស់ទ្រង់ បណ្ដាព្រះគម្ពីររបស់ទ្រង់ ហើយនិងបណ្ដាអ្នកនាំសាររបស់ទ្រង់។ (ពួកគេនិយាយថា៖) ពួកយើងមិនបែងចែកអ្នកនាំសារណាម្នាក់ក្នុងចំណោមអ្នកនាំសារទាំងឡាយរបស់ព្រះអល់ឡោះនោះឡើយ។ ហើយពួកគេបានអះអាងថា៖ ពួកយើងឮហើយ និងបានអនុវត្ដតាមហើយ(រាល់បទបញ្ជារបស់ទ្រង់)។ បពិត្រព្រះជាម្ចាស់នៃយើងខ្ញុំ! សូមទ្រង់មេត្ដាអភ័យទោសឱ្យយើងខ្ញុំផង។ ហើយចំពោះទ្រង់តែមួយគត់ ជាកន្លែងវិលត្រឡប់”។ [គម្ពីរគួរអាន ២:២៨៥] ទ្រង់បានមានបន្ទូលទៀតថា៖ “ឱបណ្ដាអ្នកដែលមានជំនឿ! ចូរពួកអ្នកមានជំនឿលើព្រះអល់ឡោះ និងអ្នកនាំសាររបស់ទ្រង់ និងព្រះគម្ពីរដែលទ្រង់បានបញ្ចូលទៅលើអ្នកនាំសាររបស់ទ្រង់ ហើយនិងព្រះគម្ពីរដែលទ្រង់បានបញ្ចុះពីមុនមក។ ជនណាហើយដែលប្រឆាំងនឹងព្រះអល់ឡោះ បណ្ដាទេវតា(ម៉ាឡាអ៊ីកាត់)របស់ទ្រង់ បណ្ដាព្រះគម្ពីរបស់ទ្រង់ និងបណ្ដាអ្នកនាំសាររបស់ទ្រង់ ហើយនិងថ្ងៃបរលោកនោះ អ្នកនោះពិតជាបានវងេ្វង(ពីមាគ៌ាដែលត្រឹមត្រូវ)ដ៏សែនឆ្ងាយ”។ [គម្ពីរគួរអាន ៤:១៣៦] ទ្រង់បានមានបន្ទូលផងដែរថា៖ “ហើយ(ចូរចងចាំ)នៅពេលដែលព្រះអល់ឡោះបានយកកិច្ចសន្យាពីបណ្ដាព្យាការីទាំងឡាយថា៖ ពិតប្រាកដណាស់ អ្វីដែលយើងបានផ្តល់ឱ្យពួកអ្នកនូវព្រះគម្ពីរនិងភាពឈ្លាសវៃ បន្ទាប់មកអ្នកនាំសារបានមកដល់ពួកអ្នកដើម្បីបញ្ជាក់អំពីអ្វីដែលមាននៅជាមួយពួកអ្នកនោះ គឺពួកអ្នកត្រូវតែជឿជាក់នឹងគេ និងជួយគាំទ្រគេ។ ព្រះអល់ឡោះបានមានបន្ទូលថា៖ តើពួកអ្នកព្រមទទួល និងយកកិច្ចសន្យារបស់យើងទៅលើរឿងនោះដែរឬទេ? ពួកគេឆ្លើយថា៖ ពួកយើងព្រមទទួលហើយ។ ទ្រង់បានមានបន្ទូលថា៖ ចូរពួកអ្នកធ្វើសាក្សី(លើរឿងនេះ)ចុះ ហើយយើងក៏ធ្វើសាក្សីជាមួយពួកអ្នកដែរ”។ [គម្ពីរគួរអាន ៣:៨១]
៤១. ជាការពិតណាស់ គោលបំណងនៃសារទាំងអស់របស់ព្រះជាម្ចាស់ គឺដើម្បីលើកកម្ពស់មនុស្សជាមួយនឹងសាសនាដែលពិត ដោយឲ្យគេក្លាយជាខ្ញុំបម្រើដែលមានភាពជ្រះថ្លា ស្មោះសចំពោះព្រះអល់ឡោះដែលជាព្រះជាម្ចាស់គ្រប់គ្រងពិភពទាំងអស់ និងរំដោះរូបគេពីភាពជាខ្ញុំបម្រើរបស់មនុស្សលោក ឬវត្ថុ ឬជំនឿអរូបីនានា។ រីឯសាសនាអ៊ីស្លាមវិញ(ដូចដែលអ្នកបានឃើញ) គឺមិនលើកតម្កើងបុគ្គលណាម្នាក់ឲ្យហួសសពីឋានៈរបស់ពួកគេនោះទេ ហើយក៏មិនចាត់ទុកពួកគេថាជាព្រះនោះដែរ។
ជាការពិតណាស់ គោលបំណងនៃសារទាំងអស់របស់ព្រះជាម្ចាស់ គឺដើម្បីលើកកម្ពស់មនុស្សជាមួយនឹងសាសនាដែលពិតដោយឲ្យគេក្លាយជាខ្ញុំបម្រើម្នាក់ដែលមានភាពជ្រះថ្លា ស្មោះស ចំពោះព្រះអល់ឡោះដែលជាម្ចាស់គ្រប់គ្រងពិភពទាំងអស់ និងរំដោះរូបគេពីភាពជាខ្ញុំបម្រើរបស់មនុស្សលោក ឬវត្ថុ ឬជំនឿអរូបីនានា។ ព្យាការីមូហាំម៉ាត់(សូមសន្តិភាពកើតមានដល់លោក)បានមានប្រសាសន៍ថា៖ “អន្ដរាយហើយ(អ្នកដែលធ្វើជា)ខ្ញុំកញ្ជះរបស់លុយទីណើរ លុយទៀរហាំ សម្លៀកបំពាក់កាំម្ញី និង(អ្នកដែលធ្វើជាខ្ញុំកញ្ជះរបស់)អាវក្រៅ។ ប្រសិនបើគេផ្ដល់ឲ្យ ជននោះក៏សប្បាយចិត្ដ។ តែបើគេមិនផ្ដល់ឲ្យ គឺជននោះមិនសប្បាយចិត្ដ”។ [សហេសអាល់ពូខរី:៦៤៣៥] ជាការពិតណាស់ មនុស្សលោក គឺមានភាពស្មើគ្នា មិនគួរណាគេឱនលំទោនចំពោះនរណាម្នាក់នោះទេ លើកលែងតែចំពោះព្រះអល់ឡោះជាម្ចាស់តែមួយគត់។ ដូចនេះ គេមិនត្រូវធ្វើជាខ្ញុំកញ្ជះរបស់ទ្រព្យសម្បត្តិ ឬឋានៈ ឬមុខតំណែង ឬកុលសម្ព័ន្ធនោះទេ។ នៅត្រង់ចំណុចនេះ យើងខ្ញុំសូមរំលេចជូនអ្នកអានបន្តិចឲ្យបានដឹងពីស្ថានភាពរបស់មនុស្សលោកមុននឹងសាររបស់ព្យាការីមូហាំម៉ាត់បានមកដល់ ហើយតើពួកគេបានប្រែក្លាយទៅជាយ៉ាងណាក្រោយពីវាបានមកដល់?
នៅពេលដែលអ្នកជំនាន់ទីមួយនៃអ៊ីស្លាមបានធ្វើការភៀសខ្លួនទៅកាន់ប្រទេសអេត្យូពី ហើយមហាក្សត្រនៅប្រទេសអេត្យូពី(ដែលគេហៅថា ព្រះចៅណាជើស្ហ៊ី) ទ្រង់បានមានបន្ទូលសួរទៅកាន់អ្នកអ៊ីស្លាមថា៖ តើសាសនាអ្វីដែលបានបំបែកពួកអ្នកចេញពីក្រុមរបស់ពួកអ្នក ហើយតាមរយៈសាសនានេះ ពួកអ្នកមិនចូលកាន់សាសនារបស់យើង ហើយក៏មិនចូលកាន់សាសនាណាមួយក្នុងចំណោមសាសនាទាំងឡាយនោះ? ពេលនោះ លោក ចាក់ហ្វើរ កូន អាពូត៏ឡឹប បានឆ្លើយតបទៅកាន់ទ្រង់ថា៖ ពេលនោះ លោក ចាក់ហ្វើរ កូន អាពូត៏ឡឹប បានឆ្លើយតបទៅកាន់ទ្រង់ថា៖ “បពិត្រព្រះអង្គ! ពួកយើងធ្លាប់ជាពួកអវិជ្ជាដោយពួកយើងគោរពសក្ការៈចំពោះរូបបដិមា ទទួលទានសត្វស្លាប់ ប្រព្រឹត្តអំពើអបាយមុខគ្រប់ប្រភេទ កាត់កាលបងប្អូនញាតិមិត្ត ធ្វើអាក្រក់ចំពោះអ្នកជិតខាង ហើយអ្នកខ្លាំង(មានអំណាច)ជិះជាន់ទៅលើអ្នកទន់ខ្សោយ។ ពួកយើងស្ថិតនៅលើស្ថានភាពដូច្នេះ រហូតដល់ពេលដែលព្រះអល់ឡោះជាម្ចាស់ទ្រង់បានតែងតាំងមកកាន់ពួកយើងនូវអ្នកនាំសារម្នាក់ក្នុងចំណោមពួកយើង ដែលពួកយើងខ្ញុំបានទទួលស្គាល់ចំពោះពូជអម្បូររបស់គេ សច្ចភាព របស់គេ ភាពស្មោះត្រង់របស់គេ និងគុណធម៌របស់គេ។ គេបានអំពាវនាវពួកយើងខ្ញុំទៅកាន់ព្រះអល់ឡោះជាម្ចាស់ដើម្បីពួកយើងធ្វើការគោរពសក្ការៈចំពោះទ្រង់តែមួយ ហើយពួកយើងក៏បានដកខ្លួនចេញអំពី(ការគោរពសក្ការៈទៅចំពោះ)អ្វីផ្សេងក្រៅពីព្រះអល់ឡោះដែលពួកយើង និងជីដូនជីតារបស់ពួកយើងធ្លាប់បានគោរពសក្ការៈ ដូចជាទេវរូប និងរូបបដិមាជាដើម។ ហើយគេ(អ្នកនាំសារនោះ)បានបង្គាប់ប្រើពួកយើងខ្ញុំឱ្យប្រកាន់នូវសច្ចភាព មានភាពស្មោះត្រង់ ភ្ជាប់ទំនាក់ទំនងសាច់សាលោហិត មានទំនាក់ទំនងល្អជាមួយនឹងអ្នកជិតខាង បញ្ឈប់ការប្រព្រឹត្តនូវប្រការទាំងឡាយដែលគេហាមឃាត់និងការបង្ហូរឈាមគ្នា។ គេក៏បានហាមឃាត់ពួកយើងផងដែរពីអំពើអបាយមុខនានា ការនិយាយកុហកបោកប្រាស់ ស៊ីទ្រព្យសម្បត្តិក្មេងកំព្រា ចោទប្រកាន់ស្ត្រីបរិសុទ្ធ(ថាបានប្រព្រឹត្តអំពើអសីលធម៌) និងបានប្រើពួកយើងឱ្យគោរពសក្ការៈចំពោះព្រះអល់ឡោះជាម្ចាស់តែមួយអង្គគត់ មិនឱ្យពួកយើងប្រព្រឹត្តអំពើពហុទេពនិយមចំពោះទ្រង់នឹងអ្វីមួយឡើយ និងបានបង្គាប់ប្រើពួកយើងឱ្យប្រតិបត្តិសឡាត បរិច្ចាគហ្សាកាត់ និងកាន់អំណត់បួស”។ ហើយលោកចាក់ហ្វើរបានទូលថ្វាយទៅស្តេចនោះនូវកិច្ចការជាច្រើនទៀតរបស់សាសនាអ៊ីស្លាម។ ចាក់ហ្វើរបានបន្តថា៖ “គេបានរៀបរាប់អំពីច្បាប់នានារបស់សាសនាអ៊ីស្លាមនៅចំពោះព្រះភក្រ្តព្រះអង្គ។ ដូច្នេះ ពួកយើងក៏បានជឿជាក់ចំពោះគាត់ មានជំនឿលើគាត់ និងបានប្រតិបត្តិតាមគាត់ចំពោះអ្វីដែលគាត់បាននាំមក។ ពួកយើងក៏បានគោរពសក្ការៈចំពោះព្រះអល់ឡោះជាម្ចាស់តែមួយគត់ ដោយពួកយើងមិនប្រព្រឹត្តនូវអំពើពហុទេពនិយមចំពោះទ្រង់នឹងអ្វីមួយនោះឡើយ។ ពួកយើងបានហាមឃាត់(មិនប្រព្រឹត្ត)នូវអ្វីដែលគាត់បានហាមឃាត់មកលើពួកយើង ហើយពួកយើងអនុញ្ញាត(ប្រព្រឹត្ត)នូវអ្វីដែលគាត់បានអនុញ្ញាតដល់ពួកយើង...”។ រាយការណ៍ដោយ អះម៉ាត់៖១៧៤០ ដោយមានភាពខុសគ្នាបន្តិចបន្តួច និងអាពូនូអែមក្នុងសៀវភៅ ហ៊ិលលីតុលអាវលីយ៉ាក៖១/១១៥ ជាលក្ខណៈសង្ខេប ពិតប្រាកដណាស់ សាសនាអ៊ីស្លាម(ដូចដែលអ្នកបានឃើញ) គឺមិនលើកតម្កើងបុគ្គលណាម្នាក់ឲ្យហួសពីឋានៈរបស់ពួកគេនោះឡើយ ហើយក៏មិនចាត់ទុកពួកគេថាជាព្រះនោះដែរ។ ព្រះអល់ឡោះជាម្ចាស់ទ្រង់បានមានបន្ទូលថា៖ “ចូរអ្នក(មូហាំម៉ាត់)ពោលថា៖ ឱពួកគម្ពីរជនទាំងឡាយ(ជ្វីស និងគ្រឹស្ទាន)! ចូរពួកអ្នកត្រឡប់មករកពាក្យសម្ដីមួយដែលសើ្មភាពគ្នារវាងពួកយើងនិងពួកអ្នក គឺពួកយើងទាំងអស់គ្នាមិនត្រូវគោរពសក្ការៈម្ចាស់ផេ្សងពីព្រះអល់ឡោះ និងមិនត្រូវធ្វើស្ហ៊ីរិកនឹងទ្រង់នូវប្រការណាមួយឡើយ ហើយពួកយើងក៏មិនត្រូវយកគ្នាឯងធ្វើជាព្រះជាម្ចាស់ផេ្សងពីព្រះអល់ឡោះនោះដែរ។ តែប្រសិនបើពួកគេនៅតែបែរចេញ(ពីការអំពាវនាវដ៏ល្អនេះ)ទៀត ចូរពួកអ្នក(អ្នកមានជំនឿ)និយាយទៅកាន់ពួកគេថា៖ ចូរដឹងឮផងថា ពិតប្រាកដណាស់ ពួកយើង គឺជាមូស្លីម”។ [គម្ពីរគួរអាន ៣:៦៤] ទ្រង់បានមានបន្ទូលទៀតថា៖ “ហើយគេក៏មិនគប្បីប្រើពួកអ្នកឱ្យយកទេវតា និងព្យាការីទាំងឡាយធ្វើជាព្រះនោះដែរ។ តើសមទេគេប្រើពួកអ្នកឱ្យប្រឆាំងនឹងព្រះអល់ឡោះបន្ទាប់ពីពួកអ្នកក្លាយជាអ្នកមូស្លីមហើយនោះ”? [គម្ពីរគួរអាន ៣:៨០] ព្យាការីមូហាំម៉ាត់(សូមសន្តិភាពកើតមានដល់លោក)បានមានប្រសាសន៍ថា៖ “ចូរពួកអ្នកកុំលើកតម្កើងខ្ញុំហួសហេតុ ដូចដែលពួកគ្រឹស្ទានបានលើកតម្កើងលោកយេស៊ូ បុត្ររបស់ នាងម៉ារី (អ៊ីសា កូន ម៉ារយ៉ាំ)។ តាមពិត រូបខ្ញុំគឺជាខ្ញុំបម្រើរបស់អល់ឡោះប៉ុណ្ណោះ។ ហេតុនេះ សូមពួកអ្នកនិយាយថា៖ (ខ្ញុំជា)បម្រើរបស់អល់ឡោះ និងជាអ្នកនាំសាររបស់ទ្រង់”។ [សហេសអាល់ពូខរី:៣៤៤៥]
៤២. នៅក្នុងសាសនាអ៊ីស្លាម ព្រះអល់ឡោះជាម្ចាស់ទ្រង់បានដាក់បញ្ញត្តិច្បាប់ឲ្យធ្វើការសារភាពកំហុស(តាវហ្ពាត់) គឺការវិលត្រឡប់ទៅកាន់ព្រះជាម្ចាស់របស់ខ្លួនវិញ ព្រមទាំងបោះបង់អំពើបាបនោះចោល ហើយការចូលសាសនាអ៊ីស្លាម គឺលុបបំបាត់ចោលនូវបាបទាំងឡាយរបស់គេដែលមានពីមុនមក។ រីឯការសារភាពកំហុស(ចំពោះព្រះអល់ឡោះ)វិញនោះ គឺជម្រុះចោលនូវបាបកម្មរបស់គេដែលមានពីមុន។ ដូចនេះ មិនចាំបាច់លើគេត្រូវធ្វើការទទួលស្គាល់កំហុសរបស់ខ្លួននៅចំពោះមុខមនុស្សលោកនោះឡើយ។
នៅក្នុងសាសនាអ៊ីស្លាម ព្រះអល់ឡោះជាម្ចាស់បានដាក់បញ្ញត្តិច្បាប់ឲ្យធ្វើការសារភាពកំហុស(តាវហ្ពាត់) គឺការវិលត្រឡប់ទៅកាន់ព្រះជាម្ចាស់របស់ខ្លួនវិញ ព្រមទាំងបោះបង់អំពើបាបនោះចោល។ ព្រះអល់ឡោះជាម្ចាស់ទ្រង់បានមានបន្ទូលថា៖ “ចូរពួកអ្នកសារភាពកំហុសទៅចំពោះព្រះអល់ឡោះទាំងអស់គ្នាចុះ ឱបណ្ដាអ្នកដែលមានជំនឿទាំងឡាយ សង្ឃឹមថាពួកអ្នកនឹងទទួលបានជោគជ័យ”។ [គម្ពីរគួរអាន ២៤:៣១] ទ្រង់បានមានបន្ទូលទៀតថា៖ “ពួកគេមិនបានដឹងទេឬថា ព្រះអល់ឡោះពិតជាអ្នកទទួលយកការសារភាពកំហុស និងទទួលយកការបរិច្ចាគនានាពីខ្ញុំបម្រើទាំងឡាយរបស់ទ្រង់ ហើយព្រះអល់ឡោះពិតជាអ្នកទទួលយកការសារភាពកំហុស និងអាណិតស្រឡាញ់បំផុតនោះ”? [គម្ពីរគួរអាន ៩:១០៤] ទ្រង់បានមានបន្ទូលទៀតថា៖ “ហើយទ្រង់ជាអ្នកដែលទទួលនូវការសារភាពកំហុសពីបណ្ដាខ្ញុំបម្រើរបស់ទ្រង់ និងលើកលែងទោសនូវបាបកម្មទាំងឡាយ ហើយទ្រង់ដឹងនូវអ្វីដែលពួកអ្នកប្រព្រឹត្ដ”។ [គម្ពីរគួរអាន ៤២:២៥] ព្យាការីមូហាំម៉ាត់(សូមសន្តិភាពកើតមានដល់លោក)បានមានប្រសាសន៍ថា៖ “ព្រះអល់ឡោះជាម្ចាស់ទ្រង់រីករាយបំផុតចំពោះការសារភាពកំហុសពីសំណាក់ខ្ញុំបម្រើរបស់ទ្រង់ដែលជាអ្នកមានជំនឿ ជាងបុគ្គលម្នាក់ដែលស្ថិតនៅលើវាលរហោស្ថានមួយ។ គេមានយានជំនិះដែលនៅលើវា គឺមានម្ហូបអាហារនិងទឹក(ដែលជាស្បៀងអាហារ)របស់គេ។ ពេលនោះ គេក៏បានដេកលក់។ ពេលដែលគេក្រោកមកវិញ ស្រាប់តែបាត់វា ហើយគេក៏បានស្វែងរកវា រហូតដល់គេស្រេកទឹក។ ក្រោយមក បុរសនោះបាននិយាយថា៖ ខ្ញុំត្រឡប់ទៅកាន់កន្លែងដើមវិញ ហើយដេក(នៅទីនោះ)រហូតដល់ខ្ញុំស្លាប់(ដោយការអស់សង្ឃឹម និងហត់នឿយចំពោះការស្វែងរកវា)។ នៅពេលនោះ បុរសនោះក៏បានដាក់ក្បាលលើដៃរង់ចាំសេចក្តីស្លាប់។ ពេលដែលគេភ្ញាក់ពីគេងមកវិញ ស្រាប់តែគេបានឃើញយានជំនិះដែលនៅលើវាមានម្ហូបអាហារនិងទឹក(ដែលជាស្បៀងអាហារ)របស់គេនោះ។ ពិតប្រាកដណាស់ ព្រះអល់ឡោះជាម្ចាស់ទ្រង់រីករាយបំផុតចំពោះការសារភាពកំហុសពីសំណាក់ខ្ញុំបម្រើរបស់ទ្រង់ជាងបុរសម្នាក់នេះដែលបានរកឃើញយានជំនិះ រួមជាមួយនឹងអាហារ និងភេសជ្ជៈទៅទៀត”។ [សហេសមូស្លីម:២៧៤៤]
ហើយការចូលសាសនាអ៊ីស្លាម គឺលុបបំបាត់ចោលនូវបាបកម្មទាំងឡាយរបស់គេដែលមានពីមុនមក(ពោលគឺមុនពេលចូលអ៊ីស្លាម)។ រីឯការសារភាពកំហុសចំពោះព្រះអល់ឡោះវិញនោះ គឺជម្រុះចោលនូវបាបកម្មរបស់គេដែលមានពីមុន(ពោលគឺមុនសារភាពកំហុស)។ ព្រះអល់ឡោះជាម្ចាស់ទ្រង់បានមានបន្ទូលថា៖ “ចូរអ្នក(មូហាំម៉ាត់)ពោលទៅកាន់ពួកដែលគ្មានជំនឿថា៖ ប្រសិនបើពួកគេបពា្ឈប់(ភាពគ្មានជំនឿ) នោះគេនឹងអភ័យទោសឱ្យពួកគេនូវអ្វីដែលពួកគេបានប្រព្រឹត្ដកន្លងមក។ តែបើពួកគេវិលត្រឡប់(ទៅរកភាពគ្មានជំនឿ)ម្ដងទៀត គឺមាគ៌ារបស់ពួកជំនាន់មុនបានកើតឡើងរួចទៅហើយ”។ [គម្ពីរគួរអាន ៨:៣៨] ហើយព្រះអល់ឡោះជាម្ចាស់ទ្រង់ជំរុញឲ្យអ្នកដែលប្រព្រឹត្តល្មើស និងអ្នកដែលសាងបាបកម្មទាំងឡាយធ្វើការសារភាពកំហុសចំពោះទ្រង់ ដោយទ្រង់បានមានបន្ទូលថា៖ “តើពួកគេនៅតែមិនព្រមសារភាពកំហុសចំពោះព្រះអល់ឡោះ និងមិនសុំអភ័យទោសអំពីទ្រង់ទៀតឬ? ហើយព្រះអល់ឡោះជាម្ចាស់មហាអភ័យទោស មហាអាណិតស្រឡាញ់”។ [គម្ពីរគួរអាន ៥:៧៤] ហើយព្រះអល់ឡោះជាម្ចាស់ទ្រង់លើកទឹកចិត្តដល់អ្នកដែលធ្វើខុស និងអ្នកដែលបានសាងអំពើបាបទាំងឡាយឲ្យធ្វើការសារភាពកំហុស។ ទ្រង់បានមានបន្ទូលថា៖ “ចូរអ្នក(មូហាំម៉ាត់)ពោលថា៖ ឱខ្ញុំបម្រើទាំងឡាយរបស់យើងដែលបានបំពានលើខ្លួនឯង! ចូរពួកអ្នកកុំអស់សង្ឃឹមចំពោះក្ដីមេត្ដាករុណារបស់ព្រះអល់ឡោះឱ្យសោះ។ ពិតប្រាកដណាស់ ព្រះអល់ឡោះនឹងអភ័យទោសនូវរាល់ទោសកំហុសទាំងអស់។ ពិតប្រាកដណាស់ ទ្រង់មហាអភ័យទោស មហាអាណិតស្រឡាញ់”។ [គម្ពីរគួរអាន ៣៩:៥៣] នៅពេលដែល លោក អាំរូ កូន អាល់អោស តាំងចិត្តប្តេជ្ញាថានឹងចូលអ៊ីស្លាម គាត់មានការបារម្ភខ្លាចគេមិនអភ័យទោសចំពោះបាបកម្មរបស់គាត់ដែលបានប្រព្រឹត្តមុនចូលសាសនាអ៊ីស្លាម។ លោក អាំរូ ដែលជាអ្នករាយការណ៍ហាទីស្ហនេះ បានរៀបរាប់ពីស្ថានភាពរបស់គាត់នៅពេលនោះថា៖ “នៅពេលដែលព្រះអល់ឡោះជាម្ចាស់បានដាក់សាសនាអ៊ីស្លាមទៅក្នុងដួងចិត្តរបស់ខ្ញុំ ខ្ញុំបានទៅជួបព្យាការី(សូមសន្តិភាពកើតមានដល់លោក)ដើម្បីឲ្យលោកធ្វើសច្ចាប្រណិធាននឹងខ្ញុំ។ ពេលនោះ លោកបានលាដៃរបស់លោកមកកាន់ខ្ញុំ។ ខ្ញុំបាននិយាយថា៖ ឱអ្នកនាំសាររបស់អល់ឡោះ! ខ្ញុំនឹងមិនធ្វើសច្ចាប្រណិធាននឹងលោកឡើយ លុះត្រាតែលោកអភ័យទោសដល់ខ្ញុំចំពោះបាបកម្មដែលខ្ញុំបានសាងពីមុនមក។ ពេលនោះ អ្នកនាំសាររបស់អល់ឡោះ(សូមសន្តិភាពកើតមានដល់លោក)ក៏បានមានប្រសាសន៍មកកាន់ខ្ញុំថា៖ “ឱអាំរូ! តើអ្នកមិនដឹងទេឬថា ជាការពិតណាស់ ការធ្វើចំណាកស្រុក(ហ៊ិជ្ជរ៉ោះ)ខ្លួន គឺលុបបំបាត់ចោលនូវបាបកម្មទាំងឡាយរបស់គេដែលមានពីមុនមក។ ឱអាំរូ! តើអ្នកមិនដឹងទេឬថា ជាការពិតណាស់ ការចូលសាសនាអ៊ីស្លាម គឺលុបបំបាត់ចោលនូវបាបកម្មទាំងឡាយរបស់គេដែលមានពីមុនមក”។ រាយការណ៍ដោយ មូស្លីម៖១២១ ដែលមានភាពវែងអន្លាយស្រដៀងគ្នានេះ និងអះម៉ាត់៖១៧៨២៧ ហើយពាក្យពេចន៍នេះ ជាសេចក្តីរាយការណ៍របស់គាត់
៤៣. ជាការពិតណាស់ នៅក្នុងសាសនាអ៊ីស្លាម ទំនាក់ទំនង គឺត្រូវធ្វើឡើងរវាងរូបគេនិងព្រះជាម្ចាស់របស់គេដោយផ្ទាល់ ដោយមិនត្រូវការបុគ្គលណាម្នាក់ដើម្បីធ្វើជាអ្នកទីបីរវាងរូបគេ និងព្រះអល់ឡោះជាម្ចាស់នោះទេ។ ពិតណាស់ សាសនាអ៊ីស្លាមបានហាមឃាត់ពួកយើងមិនឲ្យយកបុគ្គលណាម្នាក់ធ្វើជាព្រះជាម្ចាស់ ឬជាដៃគូរួមជាមួយព្រះអល់ឡោះនៅក្នុងភាពជាព្រះជាម្ចាស់ដែលជាអ្នកបង្កើត ឬជាព្រះជាម្ចាស់ដែលត្រូវគោរពសក្ការៈនោះឡើយ។
នៅក្នុងសាសនាអ៊ីស្លាម គឺមិនចាំបាច់លើគេត្រូវធ្វើការទទួលស្គាល់កំហុសរបស់ខ្លួននៅចំពោះមុខមនុស្សលោកនោះទេ។ ពិតណាស់ក្នុងសាសនាអ៊ីស្លាម ទំនាក់ទំនង គឺត្រូវធ្វើឡើងរវាងរូបគេនិងព្រះជាម្ចាស់របស់គេដោយផ្ទាល់ដោយមិនត្រូវការបុគ្គលណាម្នាក់ដើម្បីធ្វើជាអ្នកទីបីរវាងរូបគេ និងព្រះអល់ឡោះជាម្ចាស់នោះទេ ដូចដែលយើងបានលើកឡើងរួចមកហើយនៅក្នុងកថាខណ្ឌទី៣៦។ ពិតណាស់ ព្រះអល់ឡោះជាម្ចាស់បានអំពាវនាវមនុស្សលោកទាំងអស់ឲ្យធ្វើការសារភាពកំហុស និងវិលត្រឡប់ទៅកាន់ទ្រង់។ ក៏ដូចគ្នាដែរ ទ្រង់បានហាមឃាត់មនុស្សលោកមិនឲ្យយកបណ្តាព្យាការី ឬក៏ទេវតាធ្វើជាអ្នកទីបី ឬជាខ្សែបណ្តាញរវាងទ្រង់ និងខ្ញុំបម្រើរបស់ទ្រង់នោះទេ។ ទ្រង់បានមានបន្ទូលថា៖ “ហើយគេក៏មិនគប្បីប្រើពួកអ្នកឱ្យយកទេវតា និងព្យាការីទាំងឡាយធ្វើជាព្រះនោះដែរ។ តើសមទេគេប្រើពួកអ្នកឱ្យប្រឆាំងនឹងព្រះអល់ឡោះបន្ទាប់ពីពួកអ្នកក្លាយជាអ្នកមូស្លីមហើយនោះ”។ [គម្ពីរគួរអាន ៣:៨០] ជាការពិតណាស់ សាសនាអ៊ីស្លាម(ដូចដែលអ្នកបានឃើញ) គឺបានហាមឃាត់ពួកយើងមិនឲ្យយកបុគ្គលណាម្នាក់ធ្វើជាព្រះជាម្ចាស់ ឬជាដៃគូរួមជាមួយព្រះអល់ឡោះនៅក្នុងភាពជាព្រះជាម្ចាស់ដែលជាអ្នកបង្កើត ឬព្រះជាម្ចាស់ដែលត្រូវគោរពសក្ការៈនោះឡើយ។ ព្រះអល់ឡោះជាម្ចាស់ទ្រង់បានមានបន្ទូលអំពីពួកគ្រឹស្ទានថា៖ “ពួកគេ(ពួកជ្វីស និងគ្រឹស្ទាន)បានយកអ្នកចេះដឹងរបស់ពួកគេ និងបព្វជិតរបស់ពួកគេ ហើយនិងម៉ាសៀហកូនរបស់ម៉ារយ៉ាំ(យេស៊ូ បុត្រនាងម៉ារី)ធ្វើជាព្រះក្រៅពីព្រះអល់ឡោះ។ ហើយពួកគេមិនត្រូវបានគេបញ្ជាឱ្យគោរពសក្ការៈអ្នកផេ្សងក្រៅពីព្រះជាម្ចាស់តែមួយនោះឡើយ។ គ្មានព្រះជាម្ចាស់ណាដែលត្រូវគោរពសក្ការៈដ៏ពិតប្រាកដក្រៅពីព្រះអល់ឡោះឡើយ។ ទ្រង់មហាស្អាតស្អំបំផុតអំពីអ្វីដែលពួកគេកំពុងធ្វើពហុទេពនិយមនោះ”។ [គម្ពីរគួរអាន ៩:៣១] ហើយព្រះអល់ឡោះជាម្ចាស់ទ្រង់បានបដិសេធចំពោះពួកគ្មានជំនឿដែលពួកគេយកបុគ្គលទីបី(ធ្វើជាខ្សែបណ្តាញ)រវាងពួកគេនិងព្រះអល់ឡោះជាម្ចាស់ដោយទ្រង់បានមានបន្ទូលថា៖ “ចូរដឹងថា សាសនាដែលបរិសុទ្ធ គឺជាកម្មសិទ្ធិរបស់ព្រះអល់ឡោះ។ ហើយពួកដែលបានយកអ្នកគាំពារផេ្សងពីទ្រង់(បាននិយាយថា៖) ពួកយើងមិនគោរពសក្ការៈចំពោះពួកវាឡើយ លើកលែងតែដើម្បីឱ្យពួកវាបញ្ជិតពួកយើងឱ្យជិតចំពោះព្រះអល់ឡោះប៉ុណ្ណោះ។ ពិតប្រាកណាស់ ព្រះអល់ឡោះនឹងកាត់សេចក្ដីរវាងពួកគេនូវអ្វីដែលពួកគេខ្វែងគំនិតគ្នាចំពោះវា(ការគោរពសក្ការៈ)។ ពិតប្រាកដណាស់ ព្រះអល់ឡោះមិនចង្អុលបង្ហាញជនណាដែលជាអ្នកភូតកុហក និងប្រឆាំងឡើយ”។ [គម្ពីរគួរអាន ៣៩:៣] ហើយព្រះអល់ឡោះបានបញ្ជាក់ថា ជាការពិតណាស់ ពួកបដិមាកនិយម(ពួកអវិជ្ជា) ពួកគេបានយកបុគ្គលទីបី(ធ្វើជាខ្សែបណ្តាញ)រវាងពួកគេនិងព្រះអល់ឡោះជាម្ចាស់ ហើយពួកគេនិយាយថា ពិតណាស់ ការដែលពួកគេធ្វើដូចនោះ គឺដើម្បីឲ្យពួកវានាំពួកគេទៅជិតនឹងព្រះអល់ឡោះជាម្ចាស់ប៉ុណ្ណោះ។
នៅពេលដែលព្រះអល់ឡោះជាម្ចាស់ទ្រង់បានហាមឃាត់មនុស្សលោកមិនឲ្យយកបណ្តាព្យាការី និងបណ្តាអ្នកនាំសារទាំងឡាយធ្វើជាអ្នកកណ្តាល ឬជាខ្សែបណ្តាញរវាងទ្រង់ និងខ្ញុំបម្រើរបស់ទ្រង់នោះ គឺមានន័យថា ការយកអ្នកផ្សេងក្រៅពីពួកគាត់ គឺរឹតតែត្រូវបានហាមឃាត់ទៅទៀត ព្រោះសូម្បីបណ្តាព្យាការី និងអ្នកនាំសារទាំងឡាយ ក៏ពួកគេរួសរាន់ក្នុងការបញ្ជិតខ្លួនទៅកាន់ទ្រង់ផងដែរ។ ទ្រង់បានមានបន្ទូលប្រាប់អំពីស្ថានភាពរបស់បណ្តាព្យាការី និងបណ្តាអ្នកនាំសារទាំងឡាយថា៖ “ពិតប្រាកដណាស់ ពួកគេរួសរាន់ក្នុងការសាងអំពើល្អ ហើយពួកគេបួងសួងមកចំពោះយើងដោយក្ដីសង្ឃឹម និងកោតខ្លាច។ ហើយពួកគេគឺជាអ្នកដែលឱនលំទោនមកចំពោះយើង”។ [គម្ពីរគួរអាន ២១:៩០] ទ្រង់បានមានបន្ទូលទៀតថា៖ “ពួក(ព្រះនានា)ដែលពួកពហុទេពនិយមនៅបួងសួងនោះ ពួកគេក៏ស្វែងរកមធ្យោបាយទៅកាន់ព្រះជាម្ចាស់របស់ពួកគេដែរ ថាតើពួកគេណាម្នាក់ដែលជិត(នឹងព្រះអល់ឡោះ)បំផុតនោះ? ហើយពួកគេនៅសង្ឃឹមនូវការប្រោសប្រណីរបស់ទ្រង់ និងខ្លាចចំពោះទណ្ឌកម្មរបស់ទ្រង់។ ពិតប្រាកដណាស់ ទណ្ឌកម្មនៃព្រះជាម្ចាស់របស់អ្នក គឺត្រូវគេ(គ្រប់ៗគ្នា)ប្រុងប្រយ័ត្ន”។ [គម្ពីរគួរអាន ១៧:៥៧] ពោលគឺមានន័យថា ពិតណាស់ បណ្តាអ្នកដែលពួកពហុទេពនិយមកំពុងតែបួងសួងសុំពីពួកគេក្រៅពីព្រះអល់ឡោះ(ដូចជាបណ្តាព្យាការី និងអ្នកដែលសាងទង្វើកុសល)នោះ ពួកគេក៏កំពុងតែបញ្ជិតខ្លួនទៅកាន់ព្រះអល់ឡោះ សង្ឃឹមចំពោះក្តីមេត្តាករុណារបស់ទ្រង់ និងខ្លាចទណ្ឌកម្មរបស់ទ្រង់ដែរ។ ដូចនេះ តើពួកគេត្រូវបានគេបួងសួងសុំ(ឲ្យជួយ)ក្រៅពីព្រះអល់ឡោះយ៉ាងដូចម្តេចទៅ?
៤៤. នៅចុងបញ្ចប់នៃសារនេះ យើងសូមរំលឹកថា ជាការពិតណាស់ មនុស្សលោកទាំងអស់ គឺ ស្ថិតក្នុងស្ថានភាពខុសៗគ្នា មិនថាពេលវេលា ជាតិសាសន៍ និងទឹកដីឬតំបន់នោះឡើយ ជាពិសេស សង្គមមនុស្សទាំងមូល គឺមានមនោគមវិជ្ជា គោលដៅ បរិស្ថាន និងសកម្មភាពខុសៗគ្នា។ ដូច្នេះហើយ ពួកគេទាំងអស់ត្រូវការជាបាំបាច់នូវអ្នកណែនាំដើម្បីដឹកនាំពួកគេ និងត្រូវការច្បាប់បញ្ញត្តិដើម្បីបង្រួបបង្រួមពួកគេ និងអ្នកគ្រប់គ្រងដើម្បីការពាររូបគេ។ ពិតណាស់ បណ្តាអ្នកនាំសារទាំងអស់ គឺជាអ្នកដែលទទួលភារកិច្ចទាំងនេះតាមរយៈសារពីព្រះអល់ឡោះជាម្ចាស់។ ពួកគាត់ត្រូវចង្អុលបង្ហាញមនុស្សលោកទៅកាន់មាគ៌ាដែលត្រឹមត្រូវ និងបង្រួបបង្រួមពួកគេនៅលើច្បាប់បញ្ញត្តិរបស់ព្រះអល់ឡោះជាម្ចាស់ និងវិនិច្ឆ័យរវាងពួកគេដោយឈរលើការពិត។ ជីវិតរស់នៅរបស់មនុស្សនឹងទទួលបាននូវភាពត្រឹមត្រូវ អាស្រ័យទៅតាមការឆ្លើយតបរបស់ពួកគេចំពោះការណែនាំរបស់អ្នកនាំសារ និងភាពជិតនៃសម័យកាលរបស់ពួកគេទៅនឹងសម័យកាលនៃអ្នកនាំសារទាំងនោះ។ ហើយព្រះអល់ឡោះបានបិទបញ្ចប់សាររបស់ទ្រង់ត្រឹមអ្នកនាំសារមូហាំម៉ាត់ ហើយទ្រង់បានកំណត់ឲ្យសារនេះនៅឋិតឋេរជានិរន្តន៍ និងបានចាត់ទុកវាជាការចង្អុលបង្ហាញដល់មនុស្សលោក ជាក្តីមេត្តាករុណា ជាពន្លឺសម្រាប់មនុស្ស និងជាការចង្អុលបង្ហាញពួកគេទៅកាន់មាគ៌ារបស់ព្រះអល់ឡោះជាម្ចាស់។
នៅចុងបញ្ចប់នៃសារនេះ យើងសូមរំលឹកថា ជាការពិតណាស់ មនុស្សលោកទាំងអស់ គឺ ស្ថិតក្នុងស្ថានភាពខុសៗគ្នា មិនថាពេលវេលា ជាតិសាសន៍ និងទឹកដីឬតំបន់នោះឡើយ ជាពិសេស សង្គមមនុស្សទាំងមូល គឺមានមនោគមវិជ្ជា គោលដៅ បរិស្ថាន និងសកម្មភាពខុសៗគ្នា។ ដូច្នេះហើយ ពួកគេទាំងអស់ត្រូវការជាបាំបាច់នូវអ្នកណែនាំដើម្បីដឹកនាំពួកគេ និងត្រូវការច្បាប់បញ្ញត្តិដើម្បីបង្រួបបង្រួមពួកគេ និងអ្នកគ្រប់គ្រងដើម្បីការពាររូបគេ។ ពិតណាស់ បណ្តាអ្នកនាំសារទាំងអស់ គឺជាអ្នកដែលទទួលភារកិច្ចទាំងនេះតាមរយៈសារពីព្រះអល់ឡោះជាម្ចាស់។ ពួកគាត់ត្រូវចង្អុលបង្ហាញមនុស្សលោកទៅកាន់មាគ៌ាដែលត្រឹមត្រូវ និងបង្រួបបង្រួមពួកគេនៅលើច្បាប់បញ្ញត្តិរបស់ព្រះអល់ឡោះជាម្ចាស់ និងវិនិច្ឆ័យរវាងពួកគេដោយឈរលើការពិត។ ជីវិតរស់នៅរបស់មនុស្សនឹងទទួលបាននូវភាពត្រឹមត្រូវ អាស្រ័យទៅតាមការឆ្លើយតបរបស់ពួកគេចំពោះការណែនាំរបស់អ្នកនាំសារ និងភាពជិតនៃសម័យកាលរស់នៅរបស់ពួកគេទៅនឹងសម័យកាលនៃអ្នកនាំសារទាំងនោះ។ នៅពេលដែលពួកគេកាន់តែវង្វេង ភាពអវិជ្ជាបានគ្របដណ្តប់លើពួកគេ ហើយពួកគេបានគោរពសក្ការៈចំពោះរូបបដិមានានា ព្រះអល់ឡោះជាម្ចាស់ក៏បានតែងតាំងព្យាការីរបស់ទ្រង់ គឺព្យាការីមូហាំម៉ាត់ ដោយនាំមកនូវការចង្អុលបង្ហាញដល់មនុស្សលោក និងនាំមកនូវសាសនាដែលពិត ដើម្បីបញ្ចេញមនុស្សលោកអំពីភាពងងឹតសូន្យសុងនៃភាពគ្មានជំនឿ អវិជ្ជា និងបដិមាករនិយម ទៅកាន់សេចក្តីជំនឿ និងការចង្អុលបង្ហាញ។
៤៥. អាស្រ័យហេតុនេះ ឱមនុស្សលោកទាំងឡាយ! ខ្ញុំសូមគោរពអញ្ជើញអ្នកទាំងអស់គ្នា សូមអ្នកក្រោកឈរដោយស្មោះចំពោះព្រះអល់ឡោះជាម្ចាស់ដោយចាកផុតពីការគោរពតាមប្រពៃណី និងទំនៀមទម្លាប់ ហើយអ្នកត្រូវដឹងថា ជាការពិតណាស់ បន្ទាប់ពីអ្នកស្លាប់ទៅ អ្នកនឹងវិលត្រឡប់ទៅកាន់ព្រះជាម្ចាស់របស់អ្នក។ សូមអ្នកពិនិត្យមើលក្នុងខ្លួនអ្នក និងសាកលលោកដែលនៅជុំវិញអ្នក ហើយសូមអ្នកចូលកាន់សាសនាអ៊ីស្លាម នោះអ្នកនឹងទទួលបាននូវសុភមង្គលទាំងក្នុងលោកិយរបស់អ្នក និងបរលោករបស់អ្នក។ ប្រសិនបើអ្នកមានបំណងចង់ចូលកាន់សាសនាអ៊ីស្លាម គឺពុំមានអ្វីទៅលើអ្នកក្រៅពីការពោលពាក្យសក្ខីកម្មថា៖ “គ្មានព្រះជាម្ចាស់ឯណាដែលត្រូវគោរពសក្ការៈដ៏ពិតប្រាកដ លើកលែងតែព្រះអល់ឡោះជាម្ចាស់(តែមួយគត់) ហើយមូហាំម៉ាត់ គឺជាអ្នកនាំសាររបស់ព្រះអល់ឡោះ” ហើយអ្នកត្រូវដកខ្លួនចេញពីអ្វីដែលគេគោរពសក្ការៈចំពោះវាក្រៅពីព្រះអល់ឡោះ និងត្រូវមានជំនឿថា ពិតប្រាកដណាស់ ព្រះអល់ឡោះជាម្ចាស់នឹងប្រោសអ្នកដែលនៅក្នុងផ្នូរទាំងអស់ឲ្យរស់ឡើងវិញ ហើយពិតណាស់ ការជំនុំជម្រះ និងការតបស្នង គឺនឹងកើតមានឡើងយ៉ាងពិតប្រាកដ។ នៅពេលដែលអ្នកបានពោលពាក្យសក្ខីកម្មនេះហើយ ពិតប្រាកដណាស់ រូបអ្នកបានក្លាយខ្លួនជាជនមូស្លីមម្នាក់ហើយ។ ដូចនេះបន្ទាប់ពីនោះទៅ ចាំបាច់លើអ្នកត្រូវគោរពសក្ការៈចំពោះព្រះអល់ឡោះតាមអ្វីដែលទ្រង់បានដាក់បញ្ញត្តិច្បាប់ ដូចជាការប្រតិបត្តិសឡាត(ថ្វាយបង្គំ) ការបរិច្ចាគហ្សកាត់ ការកាន់អំណត់បួស និងការធ្វើធម្មយាត្រាហាជ្ជី ប្រសិនបើអ្នកមានលទ្ធភាព។
អាស្រ័យហេតុនេះ ឱមនុស្សលោកទាំងឡាយ ខ្ញុំសូមគោរពអញ្ជើញអ្នកទាំងអស់គ្នា សូមអ្នកក្រោកឈរដោយស្មោះចំពោះព្រះអល់ឡោះជាម្ចាស់ដោយចាកផុតពីការគោរពតាមប្រពៃណី និងទំនៀមទម្លាប់ ដូចដែលព្រះអល់ឡោះជាម្ចាស់ទ្រង់បានអំពាវនាវអ្នកនៅក្នុងបន្ទូលរបស់ទ្រង់ថា៖ “ចូរអ្នកពោលថា៖ ពិតប្រាកដណាស់ ខ្ញុំសូមទូន្មានពួកអ្នកនូវដំបូន្មានមួយ គឺឱ្យពួកអ្នកប្រឈមមុខពីរនាក់ ឬម្នាក់ឯងដើម្បីព្រះអល់ឡោះ។ ក្រោយមក ចូរពួកអ្នកពិចារណាថា មិត្ដរបស់ពួកអ្នក(មូហាំម៉ាត់)ពុំមែនជាមនុស្សវិកលចរិតឡើយ។ គេគ្មានអ្វីក្រៅពីជាអ្នកដាស់តឿនព្រមានសម្រាប់ពួកអ្នក មុននឹងទណ្ឌកម្មដ៏ខ្លាំងក្លាមកដល់នោះឡើយ”។ [គម្ពីរគួរអាន ៣៤:៤៦] ហើយអ្នកត្រូវដឹងថា ជាការពិតណាស់ បន្ទាប់ពីអ្នកស្លាប់ទៅ អ្នកនឹងត្រូវវិលត្រឡប់ទៅកាន់ព្រះជាម្ចាស់របស់អ្នកវិញ។ ទ្រង់បានមានបន្ទូលថា៖ “ហើយសម្រាប់មនុស្សលោកមិនទទួលបានក្រៅពីអ្វីដែលខ្លួនគេបានប្រឹងប្រែងធ្វើនោះឡើយ។ ហើយពិតប្រាកដណាស់ ការប្រឹងប្រែងរបស់គេនឹងត្រូវគេបង្ហាញឱ្យឃើញ(នៅថ្ងៃបរលោក)។ បន្ទាប់មក ទ្រង់នឹងតបស្នងឱ្យគេវិញនូវការតបស្នងមួយយ៉ាងពេញលេញ។ ហើយពិតប្រាកដណាស់ ទីបញ្ចប់នៃអ្វីៗទាំងអស់ គឺវិលត្រឡប់ទៅរកព្រះជាម្ចាស់របស់អ្នកវិញ”។ [គម្ពីរគួរអាន ៥៣:៣៩-៤២] ហើយសូមអ្នកពិនិត្យមើលក្នុងខ្លួនអ្នក និងសាកលលោកដែលនៅជុំវិញ។ ព្រះអល់ឡោះជាម្ចាស់ទ្រង់បានមានបន្ទូលថា៖ “តើពួកគេមិនសម្លឹងមើលការគ្រប់គ្រងមេឃជាច្រើនជាន់និងផែនដី និងអ្វីៗគ្រប់បែបយ៉ាងទាំងអស់ដែលព្រះអល់ឡោះបានបង្កើត ហើយ(ភាពអន្ដរាយ)អាចនឹងមកដល់ចុងបពា្ចប់នៃជីវិតរបស់ពួកគេទេឬ? តើមានពាក្យសម្ដីណាបន្ទាប់ពីវា(ព្រះគម្ពីរគួរអាន)ដែលធ្វើឱ្យពួកគេមានជំនឿនោះ”? [គម្ពីរគួរអាន ៧:១៨៥]
ហើយសូមអ្នកចូលកាន់សាសនាអ៊ីស្លាម នោះអ្នកនឹងទទួលបាននូវសុភមង្គលទាំងក្នុងលោកិយរបស់អ្នក និងបរលោករបស់អ្នក។ ប្រសិនបើអ្នកមានបំណងចង់ចូលកាន់សាសនាអ៊ីស្លាម ពុំមានអ្វីទៅលើអ្នកក្រៅពីការពោលពាក្យសក្ខីកម្មថា៖ “គ្មានព្រះជាម្ចាស់ឯណាដែលត្រូវគោរពសក្ការៈដ៏ពិតប្រាកដ លើកលែងតែព្រះអល់ឡោះជាម្ចាស់(តែមួយគត់) ហើយមូហាំម៉ាត់ គឺជាអ្នកនាំសាររបស់ព្រះអល់ឡោះ” នោះទេ។ នៅពេលដែលអ្នកនាំសាររបស់អល់ឡោះ(សូមសន្តិភាពកើតមានដល់លោក)បានបញ្ជូនលោកមូអាសទៅកាន់ប្រទេសយេមែនដើម្បីអំពាវនាវមនុស្សទៅកាន់សាសនាអ៊ីស្លាម លោកបានមានប្រសាសន៍ទៅកាន់មូអាសថា៖ “ពិតណាស់ អ្នកនឹងទៅដល់ពួកគម្ពីរជនមួយក្រុម ។ ហេតុនេះ ចូរអ្នកអំពាវនាវពួកគេឲ្យធ្វើសាក្សីទទួលស្គាល់ថា គ្មានទេព្រះជាម្ចាស់ដែលត្រូវគោរពសក្ការៈដ៏ត្រឹមត្រូវ មានតែព្រះអល់ឡោះ ហើយខ្ញុំគឺជាអ្នកនាំសាររបស់ព្រះអល់ឡោះ។ ប្រសិនបើពួកគេប្រតិបត្តិដូច្នោះតាមអ្នកហើយ អ្នកត្រូវប្រាប់ពួកគេថា ព្រះអល់ឡោះទ្រង់បានដាក់កាតព្វកិច្ចលើពួកគេឲ្យប្រតិបត្តិសឡាត(ថ្វាយបង្គំ)ប្រាំពេលក្នុងមួយថ្ងៃមួយយប់។ ប្រសិនបើពួកគេប្រតិបត្តិដូច្នោះតាមអ្នកហើយ អ្នកត្រូវប្រាប់ពួកគេថា ព្រះអល់ឡោះបានដាក់កាតព្វកិច្ចលើពួកគេឲ្យបរិច្ចាគហ្សាកាត់ដោយយក(ទ្រព្យ)ពីអ្នកមាននិងត្រឡប់ទៅឲ្យអ្នកក្រីក្រនៃពួកគេវិញ។ ប្រសិនបើពួកគេប្រតិបត្តិដូច្នោះតាមអ្នកហើយ អ្នកត្រូវប្រុងប្រយ័ត្នកុំយកទ្រព្យសម្បត្តិពួកគេដែលល្អជាងគេ(ពេលដកហូតហ្សាកាត់)”។ [សហេសមូស្លីម:១៩] ហើយអ្នកត្រូវដកខ្លួនចេញពីអ្វីដែលគេគោរពសក្ការៈចំពោះវាក្រៅពីព្រះអល់ឡោះ ហើយការដកខ្លួនចេញពីអ្វីដែលគេគោរពសក្ការៈចំពោះវាក្រៅពីព្រះអល់ឡោះនោះហើយ គឺជាសាសនាដែលស្អាតស្អំ ជាសាសនារបស់ព្យាការីអ៊ីព្រហ៊ីម។ ព្រះអល់ឡោះជាម្ចាស់ទ្រង់បានមានបន្ទូលថា៖ ”ជាការពិតណាស់ ពួកអ្នកមានអ៊ីព្រហ៊ីមជាគំរូដ៏ល្អម្នាក់ និងបណ្ដាអ្នកដែលរួមជំនឿជាមួយគាត់ នៅពេលដែលពួកគាត់បានពោលទៅកាន់ក្រុមរបស់ពួកគាត់ថា៖ ពិតប្រាកដណាស់ ពួកយើងមិនពាក់ព័ន្ធជាមួយពួកអ្នក និងអ្វីដែលពួកអ្នកកំពុងគោរពសក្ការៈផេ្សងពីព្រះអល់ឡោះឡើយ។ ពួកយើងបានប្រឆាំងនឹងពួកអ្នក ហើយវាបានស្ដែងឱ្យឃើញថា រវាងពួកយើងនិងពួកអ្នកគឺជាសត្រូវ និងស្អប់ខ្ពើមគ្នាជាដរាប លុះត្រាតែពួកអ្នកមានជំនឿលើព្រះអល់ឡោះតែមួយ”។ [គម្ពីរគួរអាន ៦០:៤] ហើយត្រូវមានជំនឿថា ពិតណាស់ ព្រះជាម្ចាស់នឹងប្រោសអ្នកដែលនៅក្នុងផ្នូរទាំងអស់ឲ្យរស់ឡើងវិញ។ ព្រះអល់ឡោះជាម្ចាស់ទ្រង់បានមានបន្ទូលថា៖ “ទាំងនោះ គឺដោយសារតែព្រះអល់ឡោះជាព្រះជាម្ចាស់ដ៏ពិតប្រាកដ។ ពិតណាស់ ទ្រង់គឺជាអ្នកដែលប្រោសអ្នកស្លាប់ឲ្យរស់ឡើងវិញ(នៅថ្ងៃបរលោក)។ ហើយពិតប្រាកដណាស់ ទ្រង់ជាអ្នកមានអានុភាពលើអ្វីៗទាំងអស់។ ជាការពិតណាស់ ថ្ងៃបរលោកនឹងមកដល់ដោយគ្មានការសង្ស័យអំពីវាឡើយ ហើយពិតណាស់ ព្រះអល់ឡោះជាម្ចាស់នឹងប្រោសអ្នកដែលនៅក្នុងផ្នូរឲ្យរស់ឡើងវិញ”។ [គម្ពីរគួរអាន ២២:៦-៧] ហើយត្រូវមានជំនឿទៀតថាពិតណាស់ ការជំនុំជម្រះ និងការតបសស្នង គឺនឹងកើតឡើងយ៉ាងពិតប្រាកដ។ ព្រះអល់ឡោះជាម្ចាស់ទ្រង់បានមានបន្ទូលថា៖ “ហើយព្រះអល់ឡោះបានបង្កើតមេឃជាច្រើនជាន់និងផែនដីយ៉ាងពិតប្រាកដ ហើយដើម្បីគេនឹងតបស្នងដល់បុគ្គលគ្រប់រូបតាមអ្វីដែលគេបានសាងដោយពួកគេមិនត្រូវបានគេបំពានឡើយ”។ [គម្ពីរគួរអាន ៤៥:២២]
នៅពេលដែលអ្នកបានពោលពាក្យសក្ខីកម្មនេះហើយ ជាការពិតណាស់ រូបអ្នកបានក្លាយខ្លួនជាជនមូស្លីមម្នាក់ហើយ។ ដូចនេះបន្ទាប់ពីនោះទៅ ចាំបាច់លើអ្នកត្រូវគោរពសក្ការៈចំពោះព្រះអល់ឡោះជាម្ចាស់តាមអ្វីដែលទ្រង់បានដាក់បញ្ញត្តិច្បាប់ ដូចជាការប្រតិបត្តិសឡាត(ថ្វាយបង្គំ) ការបរិច្ចាគហ្សកាត់ ការកាន់អំណត់បួស និងការធ្វើធម្មយាត្រាហាជ្ជីប្រសិនបើអ្នកមានលទ្ធភាព។
ថ្ងៃទី១៩ ខែ១១ ឆ្នាំ១៤៤១ ម.ស
រៀបរៀងដោយ៖ សាស្ត្រាចារ្យបណ្ឌិត មូហាំម៉ាត់ ពិន អាប់ទុលឡោះ អាល់សាហ៊ីម
អតីតសាស្ត្រាចារ្យផ្នែកទេវវិទ្យាក្នុងផ្នែកសិក្សាអ៊ីស្លាម
មហាវិទ្យាល័យអប់រំ សាកលវិទ្យាល័យព្រះចៅស៊ូអ៊ូទ
រីយ៉ាដ រាជាណាចក្រអារ៉ាប៊ីសាអ៊ូឌីត
Related books
All books
សារសង្ខេបជូនចំពោះអ្នកដែលបដិសេធវត្តមានរបស់អល់ឡោះព្រះជាម្ចាស់61 ភាសាសារសង្ខេបជូនចំពោះអ្នកដែលបដិសេធវត្តមានរបស់អល់ឡោះព្រះជាម្ចាស់
សារសង្ខេបជូនចំពោះអ្នកដែលគ្មានជំនឿលើអល់ឡោះព្រះជាម្ចាស់ ជាការឆ្លើយតបដោយបញ្ញា បញ្ជាក់ពីភាពជាក់លាក់និងសណ្តាប់ធ្នាប់នៃសកលលោកដែលបដិសេធនូវការកើតឡើងរបស់វាដោយចៃដន្យ និងបង្ហាញពីអ្នកបង្កើតដែលពោរពេញដោយប្រាជ្ញាញាណ។ តើសមហេតុផលទេដែលថាអ្វីទាំងអស់នេះកើតចេញពីភាពទទេ? ចូរបើកចិត្តរបស់អ្នកដើម្បីគិតពិចារណា និងស្វែងរកការពិត ព្រោះអ្នកអាចនឹងរកឃើញពន្លឺដែលនាំផ្លូវអ្នក។
សេចក្តីបកស្រាយសង្ខេបអំពីគោលជំនឿឥស្លាម75 ភាសាសេចក្តីបកស្រាយសង្ខេបអំពីគោលជំនឿឥស្លាម
សៀវភៅនេះពន្យល់អំពីគោលការណ៍នៃជំនឿ ដែលរួមមានជំនឿចំពោះអល់ឡោះ ជំនឿចំពោះបណ្តាម៉ាឡាអ៊ីកាត់របស់ទ្រង់ ជំនឿចំពោះបណ្តាគម្ពីររបស់ទ្រង់ ជំនឿចំពោះបណ្តាអ្នកនាំសាររបស់ទ្រង់ ជំនឿចំពោះថ្ងៃបរលោក និងជំនឿចំពោះការកំណត់វាសនា ព្រមទាំងបង្ហាញពីគោលការណ៍មូលដ្ឋានដែលមូស្លីមត្រូវជឿជាក់និងប្រតិបត្តិតាម ដោយបញ្ជាក់ពីសារៈសំខាន់នៃការរឹតចំណងសម្ព័ន្ធភាពជាមួយអល់ឡោះ តាមរយៈការយល់ដឹងយ៉ាងស៊ីជម្រៅអំពីគោលជំនឿអ៊ីស្លាម។
ឥស្លាមគឺជាសាសនានៃបណ្តាអ្នកនាំសាររបស់អល់ឡោះ85 ភាសាឥស្លាមគឺជាសាសនានៃបណ្តាអ្នកនាំសាររបស់អល់ឡោះ
ឥស្លាមគឺជាការចុះចូលចំពោះអល់ឡោះជាម្ចាស់ ដែលជាអ្នកបង្កើត និងជាអ្នកគ្រប់គ្រងចក្រវាឡ ហើយធ្វើការគោរពប្រតិបត្តិចំពោះទ្រង់ដោយសេចក្តីស្រឡាញ់ និងការគោរព។ មូលដ្ឋានគ្រឹះនៃសាសនាឥស្លាមគឺការមានជំនឿលើអល់ឡោះថាទ្រង់គឺជាអ្នកបង្កើត ហើយអ្វីផ្សេងទៀតទាំងអស់គឺត្រូវបានបង្កើត។ ហើយទ្រង់តែមួយគត់ដែលសក្តិសមនឹងទទួលបានការគោរពសក្ការៈដ៏ត្រឹមត្រូវ ដោយគ្មានដៃគូ និងគ្មានអ្នកណាក្រៅពីទ្រង់ដែលប្រៀបបាននឹងទ្រង់ ឬស្មើនឹងទ្រង់ឡើយ។ ទ្រង់មានព្រះនាមដ៏ប្រសើរបំផុត និងគុណសម្បត្ដិខ្ពស់បំផុត ហើយទ្រង់មានលក្ខណៈល្អឥតខ្ចោះ ទ្រង់មិនបានប្រសូតអ្នកណា ក៏មិនត្រូវបានគេប្រសូតទ្រង់ដែរ ហើយគ្មានអ្នកណាអាចប្រៀបធៀប ឬតំណាងនឹងទ្រង់បានឡើយ ។ ទ្រង់មិននៅ…
មេរៀនសំខាន់ៗសម្រាប់សាធារណជនទូទៅ78 ភាសាមេរៀនសំខាន់ៗសម្រាប់សាធារណជនទូទៅ
សៀវភៅ «មេរៀនសំខាន់ៗសម្រាប់សាធារណជនទូទៅ» របស់សាសនវិទូឥស្លាម អាប់ទុលអាហ្ស៊ីស ពិន ហ្ពាហ្ស (សូមអល់ឡោះមេត្តាប្រោសប្រណីដល់គាត់) គឺជាសារលិខិតដ៏សង្ខេបដែលប្រកបដោយអត្ថប្រយោជន៍យ៉ាងធំធេង ដែលអ៊ីម៉ាំរូបនេះបានចងក្រងឡើងដើម្បីធ្វើជាស្បៀងចំណេះដឹងសម្រាប់ប្រជាជនមូស្លីមទូទៅ។ នៅក្នុងសៀវភៅនេះ លោកបានលើកយកនូវមូលដ្ឋានគ្រឹះនៃសាសនា និងគោលគ្រឹះរបស់វា ចាប់តាំងពីតាវហេទ(ឯកទេវនិយម) អ៊ីម៉ាន(ជំនឿ) និងអ៊ីស្លាម រហូតដល់ច្បាប់វិន័យនៃការជម្រះសម្អាត ការសឡាត និងសុជីវធម៌អ៊ីស្លាម ព្រមទាំងការព្រមានពីអំពើស្ហ៊ីរិក(ពហុទេវនិយម) និងអំពើបាបនានា តាមរយៈរចនាបថតែងនិពន្ធដែលងាយយល់ និងច្បាស់ៗ ដោយផ្អែកលើប្រភពពីគម្ពីរគួរអាន និងស៊ុណ្ណះ…