តើអ្នកធ្លាប់សួរខ្លួនឯងទេ? តើនរណាជាអ្នកដែលបានបង្កើតអ្នក? ព្រោះមូលហេតុអ្វី? ហើយតើមានអ្វីបន្ទាប់ពីសេចក្តីស្លាប់?
សៀវភៅនេះលើកឡើងអំពីសំណួរនៃអត្ថិភាព និងការបង្កើត ហើយបញ្ជាក់យ៉ាងសមហេតុផលពីវត្តមានរបស់អ្នកបង្កើតដែលពោរពេញដោយគតិបណ្ឌិតនិងភាពល្អឥតខ្ចោះ ដោយបញ្ជាក់យ៉ាងច្បាស់ថា គោលបំណងនៃជីវិត គឺដើម្បីគោរពសក្ការៈចំពោះព្រះអល់ឡោះជាម្ចាស់តែមួយគត់ ហើយថាសាសនាឥស្លាម គឺជាសាសនាដ៏ត្រឹមត្រូវដែលត្រូវបានថែរក្សាការពារ ព្រមទាំងអំពាវនាវឲ្យមានជំនឿចំពោះអ្នកនាំសាររបស់អល់ឡោះ មូហាំម៉ាត់ និងប្រតិបត្តិតាមការបង្រៀនរបស់លោក ព្រមទាំងព្រមានពីអំពើពហុទេវនិយម(ស្ហ៊ីរិក) និងសង្កត់ធ្ងន់ពីការគិតគូរទង្វើ និងការតបស្នងនៅថ្ងៃបរលោក។
These files are generated automatically from the book's text; their layout may differ from the printed edition.
តើអ្នកធ្លាប់សួរខ្លួនឯងទេ? តើអ្នកណាជាអ្នកដែលបង្កើតអ្នក? ហេតុអ្វី? ហើយតើមានអ្វីបន្ទាប់ពីសេចក្តីស្លាប់?
គណៈកម្មការវិទ្យាសាស្ត្រនៃសមាគមបម្រើមាតិកាអ៊ីស្លាមជាពហុភាសា
តើអ្នកណាជាអ្នកដែលបង្កើតអ្នក ឱមនុស្សលោកអើយ? ប្រសិនបើអ្នកពិនិត្យមើលរូបកាយរបស់អ្នកក្រោមមីក្រូទស្សន៍ អ្នកនឹងបានឃើញពិភពមួយនៃសុក្រឹតភាព និងភាពអស្ចារ្យ ដ្បិតរាល់កោសិកានៅក្នុងរូបកាយរបស់អ្នក មានផ្ទុកនូវព័ត៌មានតំណពូជដែលមានកូដយ៉ាងស្មុគស្មាញ។ តើអ្នកធ្លាប់សួរខ្លួនឯងដែរឬទេថា តើអ្នកណាជាអ្នកដែលសរសេរកូដទាំងនេះ? ហើយតើអ្នកណាជាអ្នកដែលដាក់វានៅចំកន្លែងដ៏ត្រឹមត្រូវរបស់វា?
រាល់អគារដ៏ខ្ពស់ស្កឹមស្កៃ និងរាល់ផ្ទះដ៏សាមញ្ញ តែងតែរៀបរាប់ពីដំណើររឿងរបស់អ្នកសាងសង់វា។ តើសមទំណងទេដែលសាកលលោកដ៏ធំទូលាយនេះ ជាមួយនឹងភាពស្រស់ស្អាត ភាពជាក់លាក់ និងការគ្រប់គ្រងចំណុចល្អិតល្អន់របស់វា កើតឡើងដោយគ្មានអ្នកបង្កើតនោះ?!
ឱមនុស្សលោកអើយ ដូចដែលសតិបញ្ញារបស់អ្នកមិនអាចទទួលយកការនិយាយថា ទូរស័ព្ទវៃឆ្លាតដែលត្រូវបានផលិតយ៉ាងល្អឥតខ្ចោះបានលេចឡើងភ្លាមៗដោយគ្មានអ្នករចនា និងគ្មានអ្នកផលិត ឬក៏និយាយថា បណ្តាញឧបករណ៍ដ៏សែនស្មុគស្មាញដំណើរការដោយភាពស៊ីសង្វាក់គ្នា និងជាក់លាក់ដោយគ្មានអ្នកសរសេរកម្មវិធី ឬអ្នកត្រួតពិនិត្យនោះទេ ដូច្នេះ សតិបញ្ញាក៏មិនអាចទទួលយកការនិយាយថា សាកលលោកដ៏អស្ចារ្យនេះ ដែលមានសណ្តាប់ធ្នាប់ ភាពច្នៃប្រឌិត ប្រព័ន្ធច្បាប់ដ៏ជាក់លាក់ និងប្រព័ន្ធដ៏ល្អឥតខ្ចោះ កើតឡើងដោយគ្មានអ្នកបង្កើតនោះឡើយ?
ពិតប្រាកដណាស់ គ្រប់ផ្នែកទាំងអស់នៅក្នុងសកលលោកនេះ ចាប់ពីអាតូមដ៏តូចបំផុតរហូតដល់កាឡាក់ស៊ីដ៏ធំបំផុត សុទ្ធតែបង្ហាញពីភាពមហិមានៃអ្នកបង្កើតរបស់វា។ វាមិនអាចទៅរួចទេតាមផ្លូវបញ្ញាដែលថាប្រព័ន្ធដ៏ជាក់លាក់នេះបានកើតឡើងពីភាពវឹកវរ ពិតណាស់បញ្ញាបដិសេធថាសកលលោកនេះកើតចេញពីភាពទទេ ឬថាប្រព័ន្ធដ៏អស្ចារ្យនិងស្មុគស្មាញនេះគឺជាលទ្ធផលនៃការកើតឡើងដោយចៃដន្យដ៏ងងឹតងងុលនោះឡើយ!
ហើយដូចដែលសតិបញ្ញាដ៏ត្រឹមត្រូវ និងសភាវគតិ(ហ្វិតរ៉ោះ)ដ៏ល្អបរិសុទ្ធ បានដឹកនាំមនុស្សទៅរកការមានជំនឿចំពោះអត្ថិភាពរបស់អ្នកបង្កើតចក្រវាលនោះ ពួកវាក៏បានជំរុញយើងផងដែរឱ្យពិចារណាទៅលើលក្ខណៈទាំងឡាយរបស់អ្នកបង្កើតមួយរូបនេះ និងសិទ្ធិរបស់ទ្រង់មកលើយើង។
ពិតប្រាកដណាស់ ការសញ្ជឹងគិតអំពីលក្ខណៈសម្បត្តិរបស់ព្រះជាម្ចាស់ដែលជាអ្នកបង្កើតនេះ បើកទ្វារនៃការយល់ដឹងដ៏ជ្រាលជ្រៅដល់យើង អំពីភាពចាំបាច់ដែលទ្រង់មានលក្ខណៈពេញបរិបូរណ៍ ល្អឥតខ្ចោះជាដាច់ខាត និងការដែលទ្រង់រួចផុតពីរាល់លក្ខណៈមិនពេញលេញ ឬខ្វះខាត។
ហើយនេះមានន័យថា ទ្រង់ជាម្ចាស់អ្នកបង្កើតមានគ្រប់លក្ខណៈនៃភាពស្រស់ស្អាត និងភាពធំធេងបំផុត ហេតុនេះ ទ្រង់មហាស្អាតស្អំ ទ្រង់មានអំណាចលើអ្វីៗទាំងអស់ ទ្រង់មហាដឹងនូវអ្វីៗទាំងអស់ ទ្រង់មហាគតិបណ្ឌិតចំពោះរាល់អ្វីដែលទ្រង់បានបង្កើត និងបានកំណត់ទុក។ ហើយលក្ខណៈពេញលេញនេះ វាមិនមែនគ្រាន់តែជាលទ្ធភាពអាចទៅរួចនោះទេ ប៉ុន្តែវាគឺជាភាពចាំបាច់ខាងបញ្ញា ពីព្រោះរាល់ភាពខ្វះខាតណាមួយនៅក្នុងលក្ខណៈរបស់ទ្រង់ វានឹងនាំឱ្យមានភាពរអាក់រអួលនៅក្នុងការបង្កើត និងការចាត់ចែង ដែលវាផ្ទុយទៅនឹងអ្វីដែលយើងបានឃើញពីភាពល្អឥតខ្ចោះនៅក្នុងចក្រវាឡនេះ។
ដូចគ្នានេះដែរ ការជម្រះព្រះអង្គឱ្យផុតពីលក្ខណៈខ្វះខាត គឺតម្រូវឱ្យព្រះជាម្ចាស់ដែលជាអ្នកបង្កើត មិនមានតម្រូវការអ្វីពីភាវៈដែលទ្រង់បានបង្កើតឡើយ។ ដូចនេះ ទ្រង់មិនត្រូវការនរណាម្នាក់ឡើយ ផ្ទុយទៅវិញ ភាវៈទាំងអស់សុទ្ធតែមានតម្រូវការពីទ្រង់ សម្រាប់ការកកើត និងការបន្តរស់រានរបស់ពួកគេ។ ហើយទ្រង់ដ៏មហាបរិសុទ្ធ គឺត្រូវបានជម្រះឱ្យផុតពីការមានដៃគូ និងបុត្រ ពីព្រោះចំណុចទាំងពីរនេះគឺជាការស្តែងចេញនូវលក្ខណៈខ្វះខាត និងភាពទន់ខ្សោយ ហើយព្រះអល់ឡោះជាម្ចាស់ដ៏មហាឧត្តុង្គឧត្តម គឺត្រូវបានជម្រះឱ្យផុតពីចំណុចទាំងនោះទាំងអស់។
ដូច្នេះ ប្រសិនបើព្រះអល់ឡោះគឺជាអ្នកបង្កើតដ៏ឧត្តុង្គឧត្តម ដែលប្រកបដោយលក្ខណៈសម្បត្តិដ៏ល្អឥតខ្ចោះ និងមហាសាល ហើយទ្រង់គឺជាអ្នកដែលបានបង្កើតយើង និងបង្កើតសាកលលោកនេះចេញពីភាពទទេស្អាត ហើយទ្រង់គឺជាម្ចាស់នៃអ្វីៗទាំងអស់ដែលនៅក្នុងនោះ ហើយទ្រង់គឺជាអ្នកដែលប្រទានលាភសក្ការៈដល់យើង និងគ្របដណ្តប់យើងដោយក្តីមេត្តាករុណារបស់ទ្រង់ ព្រមទាំងជាអ្នកគ្រប់គ្រង និងចាត់ចែងរាល់កិច្ចការទាំងអស់នោះ តើយើងមិនមានកាតព្វកិច្ចត្រូវអរព្រះគុណទ្រង់ ស្វែងយល់ថាតើត្រូវធ្វើដូចម្តេចដើម្បីទទួលបានការសព្វព្រះទ័យអំពីទ្រង់ ថាតើយើងត្រូវបំពេញសិទ្ធិរបស់ទ្រង់ដែលជាកាតព្វកិច្ចមកលើយើងយ៉ាងដូចម្តេច និងត្រូវប្រតិបត្តិដើម្បីសម្រេចឱ្យបាននូវគោលបំណងនៃការដែលទ្រង់បង្កើតយើងមកទេឬ?!
តើសមហេតុផលដែរឬទេដែលថា ព្រះអល់ឡោះជាម្ចាស់ទ្រង់បង្កើតយើងមក រួចបែរជាមិនបញ្ជាក់ប្រាប់យើងថា តើទ្រង់ចង់បានអ្វីពីយើង? ហេតុអ្វីបានជាយើងនៅទីនេះ? តើអ្វីទៅជាគោលបំណង និងគោលដៅនៃវត្តមានរបស់យើងនៅក្នុងជីវិតនេះ? តើនឹងមានអ្វីកើតឡើងចំពោះយើងបន្ទាប់ពីការស្លាប់?
ចូរពិចារណាជាមួយខ្ញុំថា៖ ប្រសិនបើមានមនុស្សម្នាក់បានសាងសង់វិមានដ៏ស្កឹមស្កៃមួយ ព្រមទាំងបានបំពាក់វាដោយមធ្យោបាយបច្ចេកវិទ្យាដ៏ទំនើបបំផុត លុះដល់ពេលដែលគាត់បានបញ្ចប់ការសាងសង់វារួចរាល់ ស្រាប់តែគាត់បានវាយកម្ទេចវាចោលទាំងស្រុងដោយគ្មានហេតុផលអ្វីសោះ តើយើងអាចចាត់ទុកមនុស្សម្នាក់នេះថាជាអ្នកមានគតិបណ្ឌិតដែរឬទេ? តើវាមិនមែនជារឿងជាក់ស្តែងទេឬដែលថា ទង្វើបែបនេះត្រូវបានចាត់ទុកថាជាទង្វើទទេៗ ឥតប្រយោជន៍ ដែលមិនស័ក្តិសមនឹងមនុស្សដែលមានសតិបញ្ញានោះ?
ដូច្នេះ ប្រសិនបើទង្វើនេះមិនអាចទទួលយកបានឡើយចំពោះមនុស្ស តើយើងអាចស្រមៃបានយ៉ាងដូចម្តេចថា ព្រះអល់ឡោះជាម្ចាស់ ដែលទ្រង់ជាព្រះដ៏មហាគតិបណ្ឌិត ជាព្រះដ៏ជ្រាបដឹងបំផុត បានបង្កើតចក្រវាលដ៏អស្ចារ្យនេះដោយភាពច្នៃប្រឌិត និងភាពល្អឥតខ្ចោះ រួចទ្រង់បំផ្លាញវាទៅវិញដោយគ្មានគោលបំណង ឬគតិបណ្ឌិតអ្វីសោះនោះ?!
ជាការពិតណាស់ ព្រះជាម្ចាស់ អល់ឡោះ បានបង្កើតមនុស្សជាតិមកសម្រាប់គោលបំណងដ៏ឧត្តុង្គឧត្តម នោះគឺដើម្បីគោរពសក្ការៈចំពោះទ្រង់តែមួយគត់ ដោយគ្មានដៃគូឡើយសម្រាប់ទ្រង់ ហើយទ្រង់បានបង្កើតពួកគេមក ដើម្បីសាកល្បងពួកគេនៅក្នុងលោកិយនេះ ព្រមទាំងបានកំណត់ពេលវេលាមួយសម្រាប់ពួកគេ ដែលពួកគេនឹងត្រូវបានប្រោសឱ្យរស់ឡើងវិញនៅថ្ងៃបរលោក ដើម្បីទទួលការកាត់ក្ដីចំពោះរាល់ទង្វើរបស់ពួកគេ។ ដូច្នេះ អ្នកណាដែលជឿជាក់លើព្រះអល់ឡោះ ហើយបានឆ្លើយតបទៅនឹងការអំពាវនាវរបស់ទ្រង់ គេនឹងទទួលបាននូវសេចក្តីសុខសាន្តនៃឋានសួគ៌ ដោយស្នាក់នៅទីនោះជាអមតៈ ចំណែកឯអ្នកដែលបានងាករេចេញពីសេចក្តីពិត គេនឹងក្លាយជាពួកអ្នកឋាននរក។
ដូច្នេះ ការគោរពសក្ការៈ គឺជាកាតព្វកិច្ចដ៏ចាំបាច់មកលើពួកយើង ពីព្រោះវាជាគោលដៅនៃអត្ថិភាពរបស់ពួកយើង ហើយវាគឺជាភស្តុតាងនៃការដឹងគុណ និងការទទួលស្គាល់របស់ពួកយើង ចំពោះភាពជាម្ចាស់របស់អល់ឡោះ និងភាពជាព្រះជាម្ចាស់របស់ទ្រង់។
ដូច្នេះសូមពិចារណាថា អល់ឡោះជាម្ចាស់ គឺជាអ្នកដែលបានបង្កើតអ្នក និងបានផ្តល់កិត្តិយសដល់អ្នកដោយផ្តល់ឱ្យអ្នកនូវត្រចៀកសម្រាប់ស្តាប់ និងភ្នែកសម្រាប់មើល ហើយបានផ្តល់នូវអំណោយទានរាប់មិនអស់ដល់អ្នក។ ទ្រង់គឺជាអ្នកដែលធ្វើឱ្យឈាមរត់ក្នុងសរសៃឈាមរបស់អ្នក និងជាអ្នកផ្តល់លាភសក្ការៈដល់អ្នកនូវទឹក និងខ្យល់អាកាស ហើយអ្នកតែងតែត្រូវការទ្រង់នៅរាល់គ្រប់វិនាទី។ ប្រសិនបើគ្មានក្តីមេត្តាករុណា និងការថែរក្សារបស់ទ្រង់ទេនោះ អ្នកច្បាស់ជាវិនាស ហើយកម្លាំងរបស់អ្នកនឹងរលាយបាត់ជាមិនខាន។ លើសពីនេះទៅទៀត ទ្រង់បានធានាផ្តល់លាភសក្ការៈដល់អ្នក តាំងពីអ្នកនៅជាទារកក្នុងផ្ទៃម្តាយរបស់អ្នកម្ល៉េះ ក្នុងស្ថានភាពដែលអ្នកទន់ខ្សោយ និងមិនអាចចាត់ចែងកិច្ចការអ្វីបានទាល់តែសោះ។
តើអ្នកបង្កើតដ៏ឧត្តុង្គឧត្តមនេះ មិនសក្តិសមនឹងឱ្យអ្នកគោរពសក្ការៈចំពោះទ្រង់ ដូចអ្វីដែលទ្រង់ចង់បាន មិនមែនដូចអ្វីដែលអ្នកចង់បាននោះទេឬ?! ចូរពិចារណាមើលថា ប្រសិនបើអ្នកចង់ជូនអំណោយដល់ម្តាយរបស់អ្នក តើអ្នកនឹងជ្រើសរើសអ្វីដែលតម្រូវចំណង់របស់អ្នក ឬមួយអ្នកនឹងខិតខំស្វែងយល់ពីអ្វីដែលគាត់ចូលចិត្ត ដើម្បីធ្វើឱ្យគាត់សប្បាយចិត្តជាមួយនឹងអ្វីដែលស័ក្តិសមសម្រាប់គាត់? ដូចគ្នានេះដែរ ការគោរពសក្ការៈចំពោះអល់ឡោះដ៏ខ្ពង់ខ្ពស់បំផុត មិនគួរធ្វើឡើងទៅតាមចំណង់ ឬទំនៀមទម្លាប់ដែលបន្សល់ទុកមករបស់យើងឡើយ ផ្ទុយទៅវិញ គឺត្រូវតែដូចអ្វីដែលទ្រង់ចង់បាន និងតាមរបៀបដែលទ្រង់បានបញ្ជាដល់យើង។
ការគោរពសក្ការៈចាំបាច់ត្រូវតែធ្វើឡើងដោយភាពស្មោះសរចំពោះអល់ឡោះជាម្ចាស់តែមួយអង្គគត់ ពុំមានដៃគូសម្រាប់ទ្រង់ឡើយ ហេតុនេះ វាមិនត្រូវបានអនុញ្ញាតឱ្យមនុស្សបង្វែរការគោរពសក្ការៈទៅកាន់អ្នកដទៃក្រៅពីព្រះជាម្ចាស់ដែលបានបង្កើតខ្លួននោះឡើយ។ ហើយបាបកម្មដ៏ធំបំផុតដែលបណ្តាលឱ្យស្ថិតនៅក្នុងភ្លើងនរកជាអមតៈ គឺជាទង្វើស៊ីរីកចំពោះអល់ឡោះ ដែលនោះគឺតាមរយៈការដែលមនុស្សម្នាក់គោរពសក្ការៈចំពោះអ្វីផ្សេងក្រៅពីអល់ឡោះ ក្នុងចំណោមភាវៈ(ម៉ាខ្លូក)ដែលអល់ឡោះបានបង្កើត ដូចជាការគោរពសក្ការៈចំពោះបដិមា ឬព្រះអាទិត្យ ឬព្រះច័ន្ទ ឬការគោរពសក្ការៈចំពោះមនុស្ស ឬសត្វ ឬជនសប្បុរស។ ដូចនេះ ទាំងនេះគឺជាប្រភេទនៃទង្វើស៊ីរីក និងកូហ្វរ ហើយជនណាដែលបានស្លាប់ក្នុងស្ថានភាពបែបនេះ ផលតបស្នងរបស់គេគឺការស្ថិតនៅជាអមតៈជារៀងរហូតនៅក្នុងភ្លើងនរកជើហាន់ណាំ។
ពិតណាស់ អល់ឡោះជាម្ចាស់ទ្រង់បានបញ្ជូនបណ្តាព្យាការី និងអ្នកនាំសារជាច្រើនមក ដើម្បីប្រាប់យើងអំពីគោលបំណងនៃវត្តមានរបស់យើងនៅក្នុងលោកិយនេះ និងអំពីគោលដៅនៃជីវិត។ អ្នកនាំសារទាំងអស់ គឺមានសារតែមួយគត់ ដែលនោះគឺជាសារនៃសាសនាឥស្លាម និងការអំពាវនាវទៅកាន់ការគោរពសក្ការៈចំពោះព្រះជាអ្នកបង្កើតតែមួយគត់ ដោយមិនមានការគោរពសក្ការៈអ្វីផ្សេងរួមជាមួយទ្រង់នោះឡើយ។ ប៉ុន្តែមានអ្នកដែលបានបំភ្លៃ និងផ្លាស់ប្តូរនូវអ្វីដែលអ្នកនាំសារមុនៗបាននាំមក ហេតុនេះ អល់ឡោះជាម្ចាស់ទ្រង់បានបញ្ជូនអ្នកនាំសារចុងក្រោយបង្អស់ គឺអ្នកនាំសារមូហាំម៉ាត់ ហើយទ្រង់បានបញ្ចុះមកឲ្យលោកនូវសារចុងក្រោយបង្អស់សម្រាប់មនុស្សជាតិ ដែលនោះគឺ ព្រះគម្ពីរគួរអានដ៏ឧត្តុង្គឧត្តម។ មានភស្តុតាងផ្នែកបញ្ញា និងវិទ្យាសាស្ត្រជាច្រើនដែលបញ្ជាក់ថា ព្រះគម្ពីរគួរអាន គឺជាព្រះបន្ទូលរបស់អល់ឡោះ ហើយថាវាគឺជាគម្ពីរតែមួយគត់ដែលមិនរងនូវការបំភ្លៃ និងការផ្លាស់ប្តូរឡើយ។ អល់ឡោះជាម្ចាស់ទ្រង់បានប្រាប់យើងនៅក្នុងព្រះគម្ពីរគួរអានថា ទ្រង់នឹងមិនទទួលយកពីមនុស្សលោកឡើយនូវសាសនាផ្សេងក្រៅពីសាសនាឥស្លាម ហើយថាអ្នកនាំសារទាំងអស់គឺមានសារតែមួយគត់ គឺ៖ ការអំពាវនាវទៅកាន់ឯកទេវនិយមចំពោះព្រះជាអ្នកបង្កើត និងការគោរពសក្ការៈចំពោះទ្រង់តែមួយគត់ ដោយមិនមានការគោរពសក្ការៈអ្វីផ្សេងរួមជាមួយទ្រង់នោះឡើយ។ ព្រមទាំង អល់ឡោះជាម្ចាស់ទ្រង់បានប្រាប់យើងនៅក្នុងព្រះគម្ពីរគួរអានថា មានឋានសួគ៌ និងសេចក្តីសុខដ៏អស់កល្បជានិច្ច សម្រាប់អ្នកដែលមានជំនឿ ហើយក៏មានភ្លើងនរក និងទារុណកម្មដ៏ឈឺចាប់ផងដែរ សម្រាប់អ្នកដែលគោរពសក្ការៈចំពោះអ្វីផ្សេងក្រៅពីអល់ឡោះ ឬបដិសេធមិនព្រមចូលក្នុងសាសនាឥស្លាម។
អ្វីដែលធ្វើឱ្យសាសនាអ៊ីស្លាមមានភាពខុសប្លែកពីសាសនាដទៃទៀត គឺត្រង់ថា បណ្ដាជនមូស្លីមជាអ្នកតែមួយគត់ដែលមានសមត្ថភាពក្នុងការបង្ហាញនូវភស្តុតាងតាមបែបហេតុផល និងការពិតតាមបែបវិទ្យាសាស្ត្រ ដោយផ្អែកលើប្រភពចំណេះដឹងដែលអាចទុកចិត្តបាន ដើម្បីបញ្ជាក់ថាព្រះគម្ពីរគួរអានដែលស្ថិតក្នុងដៃរបស់ពួកគេសព្វថ្ងៃនេះ គឺជាបន្ទូលរបស់ព្រះអល់ឡោះជាម្ចាស់ដែលជាអ្នកបង្កើត ដែលត្រូវបានថែរក្សាមិនឱ្យមានការផ្លាស់ប្ដូរ ឬកែប្រែឡើយ។
គម្ពីរគួរអាន គឺជាគម្ពីរដែលអល់ឡោះជាម្ចាស់បានបញ្ចុះទៅកាន់ព្យាការីរបស់ទ្រង់ គឺមូហាំម៉ាត់(សូមសន្តិភាព និងពរជ័យកើតមានដល់លោក)។ ហើយទ្រង់បានឲ្យមនុស្សជាតិធ្វើការប្រកួតប្រជែងនឹងគម្ពីរនេះតាំងពីជាងដប់បួនសតវត្សរ៍មកម្ល៉េះ ដោយនាំមកនូវគម្ពីរមួយដែលដូចនឹងវា ឬសូម្បីតែមួយជំពូកដែលដូចវា ក៏ប៉ុន្តែពួកគេអសមត្ថភាពក្នុងការធ្វើដូច្នោះ។ ហើយការប្រកួតប្រជែងនេះនៅតែបន្តរហូតមកដល់សព្វថ្ងៃ ដោយគ្មាននរណាម្នាក់អាចមានសមត្ថភាពក្នុងការនាំមកនូវអ្វីមួយដែលដូចនឹងវានៅក្នុងផ្នែកវោហារស័ព្ទ ការពន្យល់បកស្រាយ អច្ឆរិយភាព និងច្បាប់បញ្ញត្តិនោះឡើយ។ ទោះជាយ៉ាងនេះក្តី ក៏គ្មាននរណាម្នាក់នៅគ្រប់យុគសម័យទាំងអស់មានសមត្ថភាពនាំមកនូវអ្វីមួយដែលដូចនឹងវា ឬសូម្បីតែប្រហាក់ប្រហែលនឹងវាឡើយ។ ហើយអច្ឆរិយភាពនៅក្នុងគម្ពីរគួរអាន មិនមែនមានត្រឹមតែនៅលើភាសារបស់វាដែលបានឈានដល់កំពូលនៃវោហារស័ព្ទ និងការពន្យល់បកស្រាយប៉ុណ្ណោះទេ ផ្ទុយទៅវិញ វាថែមទាំងគ្របដណ្តប់ទៅលើភស្តុតាងបែបសមហេតុផល(តក្កៈ) និងភស្តុតាងបែបវិទ្យាសាស្រ្តដែលបញ្ជាក់ថាវាជាព្រះបន្ទូលរបស់អល់ឡោះជាម្ចាស់។ ប្រសិនបើគម្ពីរគួរអានមានផ្ទុកទៅដោយភស្តុតាងដ៏ច្បាស់លាស់ដែលបញ្ជាក់ថាវាជាព្រះបន្ទូលរបស់អល់ឡោះជាម្ចាស់ នោះទង្វើដែលសមហេតុផល និងត្រឹមត្រូវតាមតក្កវិជ្ជាបំផុត គឺការមានជំនឿជឿជាក់លើគម្ពីរនេះ និងការអនុវត្តតាមអ្វីដែលមានចែងនៅក្នុងនោះ ជាជាងការពឹងផ្អែកទៅលើគម្ពីរផ្សេងៗទៀតដែលរងឥទ្ធិពលពីការលូកដៃរបស់មនុស្សលោកនៅក្នុងការចងក្រងពួកវាឡើង។
ដ៏ត្រឹមត្រូវដឹកនាំយើងឱ្យដឹងថា បន្ទូលរបស់ព្រះជាម្ចាស់ដែលជាអ្នកបង្កើត ដែលបានបង្កើតចក្រវាល និងរៀបចំប្រព័ន្ធរបស់វាបានយ៉ាងល្អឥតខ្ចោះ គឺជាប្រភពដ៏ពិតប្រាកដបំផុតសម្រាប់ការស្វែងយល់ពីការពិត។ ហើយនៅពេលដែលយើងរកឃើញនៅក្នុងព្រះគម្ពីរគួរអាននូវភាពអស្ចារ្យផ្នែកភាសា ការពិតផ្នែកវិទ្យាសាស្ត្រ និងច្បាប់បញ្ញត្តិដ៏ពេញលេញ បន្ថែមពីលើការថែរក្សាវាពីការកែបន្លំឆ្លងកាត់តាមយុគសម័យផ្សេងៗ នោះយើងគ្មានជម្រើសអ្វីក្រៅពីការចុះចូលទទួលស្គាល់ថា វាគឺជាបន្ទូលរបស់ព្រះជាម្ចាស់ឡើយ។
ហេតុដូច្នេះហើយ ការជឿជាក់ទៅលើអ្វីដែលមានចែងនៅក្នុងគម្ពីរអាល់គួរអាន មិនមែនគ្រាន់តែជាជម្រើសនៃជំនឿប៉ុណ្ណោះទេ ផ្ទុយទៅវិញ វាគឺជាការសម្រេចចិត្តដ៏សមហេតុផល ដែលស្របទៅនឹងតក្កវិជ្ជានៃការស្វែងរកការពិត។
ហើយជាការពិតណាស់ អល់ឡោះជាម្ចាស់ដ៏វិសុទ្ធ និងខ្ពង់ខ្ពស់បំផុត បានបញ្ជាក់យ៉ាងច្បាស់នៅក្នុងគម្ពីរអាល់គួរអានដ៏ឧត្តុង្គឧត្តមថា ទ្រង់មិនបានបង្កើតយើងមកដោយឥតប្រយោជន៍ឡើយ ផ្ទុយទៅវិញ ទ្រង់បានបង្កើតយើងមក គឺដើម្បីគោរពសក្ការៈចំពោះទ្រង់។
ព្រះអល់ឡោះជាម្ចាស់ទ្រង់បានប្រាប់យើងនៅក្នុងគម្ពីរអាល់គួរអានថា ឆាកជីវិតលោកិយដែលយើងកំពុងរស់នៅនេះ គ្រាន់តែជាដំណាក់កាលបណ្តោះអាសន្នដែលនឹងត្រូវបញ្ចប់ក្នុងពេលឆាប់ៗនេះប៉ុណ្ណោះ ប៉ុន្តែជីវិតពិតប្រាកដដ៏អស់កល្បជានិច្ច នឹងកើតឡើងនៅក្នុងលោកខាងមុខ នៅពេលដែលបណ្តាអ្នកមានជំនឿចូលឋានសួគ៌ ហើយបណ្តាអ្នកគ្មានជំនឿចូលឋាននរក។
ដូច្នេះ ព្រះជាម្ចាស់ដែលបានបង្កើតយើងពីភាពទទេស្អាត ពិតជាមានមហិទ្ធិឫទ្ធិយ៉ាងប្រាកដក្នុងការប្រោសយើងឱ្យរស់មានជីវិតឡើងវិញបន្ទាប់ពីសេចក្តីស្លាប់។ ហើយនៅជុំវិញយើង តាមរយៈភស្ដុតាងនានារបស់អល់ឡោះនៅក្នុងសកលលោក យើងបានឃើញនូវសក្ខីភាពជាក់ស្ដែងអំពីអំណាចដ៏ឥតព្រំដែនរបស់អល់ឡោះ ក្នុងការប្រោសអ្វីដែលបានស្លាប់ឱ្យរស់ឡើងវិញ។ ដូចដែលអល់ឡោះបានបង្កើតភ្លើងចេញពីដើមឈើស្រស់ បណ្ដុះរុក្ខជាតិ និងផ្លែឈើចេញពីដីដ៏ក្រៀមក្រោះ ព្រមទាំងបង្កើតទារកក្នុងផ្ទៃម្ដាយពីដំណក់ទឹកកាមយ៉ាងណាមិញ ពិតប្រាកដណាស់ ទ្រង់មហាស្អាតស្អំ មានមហិទ្ធិឫទ្ធិអាចប្រោសអ្នកស្លាប់ឱ្យរស់ឡើងវិញ និងបញ្ជូនពួកគេចេញពីផ្នូរ ដើម្បីទទួលការតបស្នងនៅថ្ងៃកិយាម៉ាស់។ ពិតណាស់ អល់ឡោះមហាមានអំណាចលើគ្រប់សព្វសារពើ ហើយវាគឺជាភាពលម្អៀង និងអយុត្តិធម៌ ប្រសិនបើជីវិតរបស់អ្នកបំពាន និងអ្នកដែលត្រូវបានគេបំពាន ត្រូវបញ្ចប់ទៅដោយគ្មានការគិតបញ្ជី ឬការតបស្នងណាមួយឡើយ។
មនុស្សអាចនឹងមានចម្ងល់ថា ហេតុអ្វីបានជាសាសនាអ៊ីស្លាម ហើយមិនមែនជាសាសនាដទៃ?!
ជាការពិតណាស់ លក្ខណៈពិសេសដ៏ធំបំផុតដែលបែងចែកមនុស្សពីបណ្ដាសត្វលោកដទៃទៀត គឺសតិបញ្ញា ហើយតួនាទីរបស់វា គឺការគិតពិចារណា និងការស្វែងរកសេចក្ដីពិត។
សាសនាឥស្លាម គឺជាសាសនាដែលសមស្របនឹងសតិបញ្ញាដ៏ត្រឹមត្រូវ និងសភាវគតិពីកំណើតដ៏ស្អាតស្អំ ព្រោះវាបានផ្តល់នូវចម្លើយដ៏សមហេតុផលចំពោះសំណួរដ៏សំខាន់ៗអំពីអត្ថិភាព៖ ហេតុអ្វីបានជាយើងនៅទីនេះ? តើអ្វីជាគោលបំណងនៃជីវិតរបស់យើង? ហើយតើអ្វីជាវាសនាចុងក្រោយបន្ទាប់ពីសេចក្តីស្លាប់?
សាសនាឥស្លាមមានមូលដ្ឋានលើការថ្វាយការគោរពសក្ការៈចំពោះអ្នកបង្កើតតែមួយអង្គគត់ និងការធ្វើសក្ខីកម្មទទួលស្គាល់ថា គ្មានទេព្រះជាម្ចាស់ដែលត្រូវគេគោរពសក្ការៈដ៏ពិតប្រាកដ លើកលែងតែអល់ឡោះ។ នេះគឺជាសក្ខីកម្មទីមួយ ហើយវាគឺជាមូលដ្ឋានគ្រឹះនៃជំនឿក្នុងសាសនាឥស្លាម ដែលមានន័យថា៖ គ្មានទេព្រះជាម្ចាស់ដែលត្រូវគេគោរពសក្ការៈដ៏ពិតប្រាកដ លើកលែងតែអល់ឡោះជាម្ចាស់តែមួយអង្គគត់។
សក្ខីភាពនេះរួមបញ្ចូលនូវ៖
តាវហេទ (ឯកទេវនិយម)៖ គឺត្រូវមានជំនឿលើព្រះជាម្ចាស់ដែលត្រូវគេគោរពសក្ការៈដ៏ពិតប្រាកដតែមួយគត់ ដោយគ្មានដៃគូរួមជាមួយទ្រង់ឡើយ ទ្រង់គ្មានបុត្រឡើយ ហើយក៏គ្មានអ្វីមួយអាចប្រៀបផ្ទឹមនឹងទ្រង់បានឡើយ។
ការដកខ្លួនចេញពីពហុទេវនិយម៖ ពោលគឺការបដិសេធនូវរាល់បដិមា និងព្រះក្លែងក្លាយដែលត្រូវបានបង្កើតឡើងដោយមនុស្ស។
ហើយសាសនាអ៊ីស្លាមតម្រូវឱ្យមានជំនឿចំពោះអ្នកនាំសារទាំងអស់ ហេតុនេះអ្នកម៉ូស្លីមគ្រប់រូបជឿ ដូចដែលអល់ឡោះបានប្រាប់នៅក្នុងគម្ពីរគួរអានថា យេស៊ូ(អ៊ីសា)គឺជាខ្ញុំបម្រើ និងជាអ្នកនាំសាររបស់អល់ឡោះ ហើយគាត់ក៏មិនមែនជាកូនប្រុសរបស់អល់ឡោះដែរ។ ព្រោះអល់ឡោះ ទ្រង់មហិមា ហើយវាមិនអាចទៅរួចឡើយដែលទ្រង់មានប្រពន្ធ ឬកូនប្រុស ដោយទ្រង់មិនត្រូវការពួកគេ និងមិនត្រូវការអ្វីៗទាំងអស់ឡើយ។ ហើយអល់ឡោះបានប្រាប់យើងនៅក្នុងគម្ពីរគួរអានថា៖ យេស៊ូគឺជាព្យាការីដែលទ្រង់បានប្រទានអច្ឆរិយភាពជាច្រើនដល់គាត់ ហើយអល់ឡោះបានបញ្ជូនគាត់មកឱ្យអំពាវនាវក្រុមរបស់គាត់ឱ្យពួកគេគោរពសក្ការៈចំពោះទ្រង់តែមួយគត់ ដោយគ្មានដៃគូសម្រាប់ទ្រង់ឡើយ។ ហើយទ្រង់បានប្រាប់ថា យេស៊ូមិនបានសុំអំពាវនាវឱ្យមនុស្សឱ្យគោរពសក្ការៈគាត់ឡើយ ប៉ុន្តែគាត់ផ្ទាល់បានគោរពសក្ការៈចំពោះអ្នកបង្កើតរបស់គាត់។ ដូច្នេះ ប្រសិនបើអ្នកចង់ក្លាយជាអ្នកដែលមានជំនឿចំពោះយេស៊ូយ៉ាងពិតប្រាកដដែលអល់ឡោះស្រឡាញ់ពេញចិត្ត នោះអ្នកត្រូវតែចូលកាន់សាសនាអ៊ីស្លាម។
ហើយអល់ឡោះជាម្ចាស់ទ្រង់បានប្រាប់យើងនៅក្នុងគម្ពីរគួរអានថា ព្យាការីយេស៊ូបានបង្គាប់ប្រើក្រុមរបស់លោកឲ្យគោរពសក្ការៈចំពោះអល់ឡោះជាម្ចាស់តែមួយគត់ និងបានព្រមានពួកគេពីការគោរពបូជាអ្នកផ្សេងរួមនឹងទ្រង់។
តើសមហេតុផលដែរឬទេ ដែលមនុស្សដែលមានបញ្ញាគោរពសក្ការៈចំពោះភាវៈដែលមានលក្ខណៈដូចខ្លួន ដែលចេះឃ្លាន ចេះស្រេកទឹក ហើយមិនអាចសូម្បីតែការពារខ្លួនឯងពីសេចក្តីស្លាប់ ឬគ្រោះថ្នាក់បាននោះ?! ឱ មនុស្សលោកអើយ! តើអ្នកអាចគោរពបូជា អ៊ីសា កូនប្រុសរបស់ម៉ារយ៉ាម យ៉ាងដូចម្តេចទៅ ខណៈដែលគាត់គ្រាន់តែជាមនុស្សម្នាក់ដែលត្រូវការចំណីអាហារ និងភេសជ្ជៈ ហើយបានបែរមុខប្រតិបត្តិសឡាតថ្វាយបង្គំចំពោះព្រះជាម្ចាស់ដែលជាអ្នកបង្កើតគាត់នោះ?! តើសតិបញ្ញាអាចស្រមៃគិតបានឬទេថា ព្រះជាម្ចាស់ថ្វាយបង្គំខ្លួនឯងនោះ?! តើអល់ឡោះមិនមែនជាម្ចាស់ដែលមានលក្ខណៈមហិមា មានលក្ខណៈឯកតានៅក្នុងភាពពេញបរិបូរណ៍ ល្អឥតខ្ចោះរបស់ទ្រង់ ស្អាតស្អំផុតពីការប្រៀបផ្ទឹមនិងគ្មានអ្វីស្រដៀងទ្រង់ ហើយរាល់អ្វីៗទាំងអស់នៅក្នុងសកលលោកសុទ្ធតែស្ថិតនៅក្រោមអំណាច និងការគ្រប់គ្រងរបស់ទ្រង់ទេឬ?! តើសមហេតុផលយ៉ាងដូចម្តេច ដែលព្រះជាម្ចាស់ជាអ្នកបង្កើតមេឃនិងផែនដី បានបន្ទាបខ្លួនទ្រង់ដើម្បីចាប់កំណើតជាទារក បន្ទាប់មកក៏ប្រគល់ខ្លួនទ្រង់ទៅឲ្យភាវៈដែលទ្រង់បានបង្កើតយកទៅឆ្កាងនោះ?! ជាការពិតណាស់ អ្នកដែលត្រូវគេឆ្កាង និងសម្លាប់ គឺជាមនុស្សលោកដែលត្រូវវិនាសសាបសូន្យតែប៉ុណ្ណោះ។ ចំណែកឯព្រះជាម្ចាស់ជាអ្នកបង្កើតវិញ ទ្រង់គឺជាអ្នកដែលមានជីវិតរស់រានជានិច្ចនិរន្តរ៍មិនចេះស្លាប់ឡើយ ជាអ្នកគ្រប់គ្រងនិងថែរក្សាជានិច្ច ដែលការងោកងុយ និងការដេកលក់មិនអាចយាយីទ្រង់បានឡើយ។ តើវាមិនមែនជាភាពពេញបរិបូរណ៍ ល្អឥតខ្ចោះនៃភាពមហិមា និងភាពឧត្តុង្គឧត្តមរបស់ទ្រង់ទេឬ ដែលទ្រង់ស្អាតស្អំផុតពីសភាពបែបនេះនោះ?!
ជាការពិតណាស់ ព្រះអល់ឡោះជាម្ចាស់ទ្រង់បានប្រាប់យើងនៅក្នុងគម្ពីរអាល់គួរអានថា បណ្តាអ្នកនាំសារទាំងអស់បាននាំមកនូវសារតែមួយគត់ គឺការអំពាវនាវក្រុមរបស់ពួកលោកទៅកាន់ការគោរពសក្ការៈចំពោះព្រះអល់ឡោះជាម្ចាស់តែមួយគត់ដោយគ្មានដៃគូរួមជាមួយទ្រង់ឡើយ។ ប៉ុន្តែឆ្លងកាត់ពេលវេលាជាច្រើនមក មានអ្នកខ្លះបានបំភ្លៃសារដ៏អមតៈនេះ រហូតធ្វើឲ្យរលុបបាត់នូវពន្លឺនៃឯកទេវនិយម(គោរពសក្ការៈអល់ឡោះតែមួយ)ដែលបណ្តាព្យាការីបាននាំមក។ ពេលនោះ អល់ឡោះជាម្ចាស់ក៏បានបញ្ជូនអ្នកនាំសារចុងក្រោយបង្អស់ គឺមូហាំម៉ាត់(សូមសន្តិភាពនិងពរជ័យពីអល់ឡោះកើតមានដល់លោក) និងបានបញ្ចុះគម្ពីរអាល់គួរអានដល់លោក ដើម្បីស្តារឡើងវិញនូវសារនៃឯកទេវនិយម ដែលបណ្តាអ្នកនាំសារមុនៗទាំងអស់បាននាំមក។
ជាទីបញ្ចប់ ឱមនុស្សទាំងឡាយ! យើងសូមពោលទៅកាន់អ្នកថា៖
សាសនាឥស្លាមជាសាសនានៃប្រាជ្ញាស្មារតី និងធម្មជាតិពីកំណើតរបស់មនុស្ស ហើយវាគឺជាសាសនាតែមួយគត់ដែលព្រះជាអ្នកបង្កើតដ៏មហិមាបានដាក់វាជាបញ្ញត្តិច្បាប់សម្រាប់មនុស្សជាតិ។ ដូចនេះ ចាំបាច់លើមនុស្សគ្រប់រូបដែលមានប្រាជ្ញាស្មារតីត្រូវរួសរាន់ចូលកាន់សាសនាឥស្លាម ដោយត្រូវជឿលើអល់ឡោះថាជាម្ចាស់ ឥស្លាមជាសាសនា ហើយមូហាំម៉ាត់ជាអ្នកនាំសាររបស់គេ។ នេះគឺជាអ្វីដែលមនុស្សម្នាក់ៗត្រូវទទួលយកដោយគ្មានការជ្រើសរើស។ ព្រោះអល់ឡោះនឹងសួរគេនៅថ្ងៃបរលោកអំពីអ្វីដែលអ្នកនាំសារគេបានឆ្លើយ។ ប្រសិនបើគេជាអ្នកមានជំនឿ នោះគេនឹងទទួលជោគជ័យ និងភាពសុខសាន្ត ហើយប្រសិនបើគេជាអ្នកគ្មានជំនឿ នោះគេនឹងត្រូវខាតបង់យ៉ាងជាក់ច្បាស់ជាមិនខានឡើយ។
ប្រសិនបើអ្នកកំពុងស្វែងរកសុភមង្គលពិតប្រាកដនៅក្នុងលោកិយនេះ និងជោគជ័យនៅថ្ងៃបរលោក សូមអ្នកដឹងថា សេចក្ដីសម្រេចចិត្តដ៏អស្ចារ្យបំផុតដែលអ្នកអាចធ្វើបានក្នុងជីវិតរបស់អ្នក គឺការចូលកាន់សាសនាអ៊ីស្លាម។ ហើយពុំមានអ្វីទៅលើអ្នកក្រៅពីការពោលពាក្យទាំងនេះ ដោយចេញពីបេះដូងដ៏ស្មោះត្រង់ និងមានជំនឿថា៖ “អាស្ហហាទូ អាល់ឡា អ៊ីឡាហា អ៊ិលលល់ឡោះ វ៉ាអាស្ហហាទូ អាន់ណា មូហាំម៉ាតាន់ រ៉ស៊ូលុលឡោះ” ដែលមានន័យថា៖ “ខ្ញុំសូមធ្វើសាក្សីថា គ្មានព្រះជាម្ចាស់ឯណាដែលត្រូវគេគោរពសក្ការៈដ៏ពិតប្រាកដក្រៅពីព្រះអល់ឡោះឡើយ ហើយខ្ញុំសូមធ្វើសាក្សីទៀតថា មូហាំម៉ាត់ គឺជាអ្នកនាំសាររបស់ព្រះអល់ឡោះ”។ បន្ទាប់មក ចូរអ្នកចាប់ផ្តើមសិក្សាអំពីសាសនារបស់អ្នក និងប្រតិបត្តិនូវអ្វីដែលពាក្យសក្ខីកម្មទាំងពីរឃ្លានេះបានដាក់ជាកាតព្វកិច្ច ដូចជាការមានជំនឿលើព្រះអល់ឡោះ និងអ្នកនាំសាររបស់ទ្រង់ ព្រមទាំងការប្រកាន់ខ្ជាប់នូវគោលការណ៍ទាំងឡាយនៃសាសនាអ៊ីស្លាម។
ចូរពោលវានៅពេលនេះ ហើយកុំស្ទាក់ស្ទើរឡើយ ពីព្រោះសេចក្តីស្លាប់អាចនឹងមកដល់ដោយមិនដឹងខ្លួន ដូច្នេះសូមកុំពន្យារពេលក្នុងការធ្វើការសម្រេចចិត្តដ៏មានសារៈសំខាន់បែបនេះឡើយ។ សូមកុំទុកឱកាសឱ្យបិសាចសាតាំងរារាំងអ្នកពីសេចក្តីល្អ ចូរមានភាពក្លាហាន ហើយចាប់ផ្តើមដំណើរផ្លូវរបស់អ្នកឆ្ពោះទៅរកពន្លឺ និងការចង្អុលបង្ហាញផ្លូវត្រូវ។
សូមធ្វើការសម្រេចចិត្តរបស់អ្នកឥឡូវនេះ ហើយចាប់ផ្តើមជីវិតថ្មីដែលពោរពេញទៅដោយភាពស្ងប់សុខ និងការពេញចិត្ត។
"ខ្ញុំសូមធ្វើសាក្សីថា គ្មានព្រះជាម្ចាស់ឯណាដែលត្រូវគេគោរពសក្ការៈដ៏ពិតប្រាកដក្រៅពីព្រះអល់ឡោះឡើយ ហើយខ្ញុំសូមធ្វើសាក្សីទៀតថា មូហាំម៉ាត់ គឺជាអ្នកនាំសាររបស់អល់ឡោះ។"
Related books
All books
តើនរណាជាអ្នកដែលបង្កើតខ្ញុំ? ហេតុអ្វី?75 ភាសាតើនរណាជាអ្នកដែលបង្កើតខ្ញុំ? ហេតុអ្វី?
រាល់អ្វីៗទាំងអស់ចង្អុលបង្ហាញថា មានអ្នកដែលបង្កើត តើនរណាជាអ្នកដែលបានបង្កើតមេឃនិងផែនដី ព្រមទាំងភាវៈដ៏អស្ចារ្យទាំងឡាយដែលមាននៅក្នុងនោះដែលមនុស្សមិនអាចយល់អស់? តើនរណាជាអ្នកដែលបានបង្កើតប្រព័ន្ធដ៏ល្អឥតខ្ចោះ និងសុក្រឹតបំផុតនេះនៅលើមេឃ និងផែនដី? តើនរណាជាអ្នកដែលបានបង្កើតមនុស្ស ហើយផ្តល់ឲ្យពួកគេនូវការស្តាប់ឮ ការមើលឃើញ និងបញ្ញាញាណ ព្រមទាំងធ្វើឲ្យពួកគេមានសមត្ថភាពក្នុងការទទួលយកចំណេះដឹង និងយល់ដឹងពីការពិត? តើអ្នកពន្យល់យ៉ាងណាចំពោះសុក្រឹតភាពនៃការបង្កើតនៅក្នុងសរីរាង្គកាយរបស់អ្នក និងរាងកាយរបស់សត្វមានជីវិតដទៃទៀត? ហើយតើនរណាជាអ្នកបង្កើតឲ្យមានវាឡើង? តើសាកលលោកដ៏អស្ចារ្យនេះដំណើរការ…
ثلاثة الأصول وأدلتها73 ភាសាثلاثة الأصول وأدلتها
هذا الكتاب هو متن صغير أساسي يبين فيه التوحيد والدين والنبوة، يبين هذه المعاني الثلاثة الأساسية المهمة في فهم العقيدة، وفي دراستها دراسة سليمة وصحيحة. وهو كتاب مختصر، لكنه كتاب مبارك؛ لأنه سهل العبارة ومركز وموجه، وليس فيه أي تعقيد أو إشكالات. فالإنسان بمجرد أن يقرأ الكتاب يستطيع أن يفهمه، ويستطيع أن يعرف المعاني المتضمنة فيه. هذا الكتاب قبل أن يبدأ الشيخ في الأصول الثلاثة قدم لذلك بأربعة مسائل، ثم بعد ذلك بثلاثة مسائل أخرى، ثم شرع في الأصول الثلاثة، وهي التي يجب على كل مسلم أن يتعلمها، وهي التي يسأل عنها العبد في قبره: من ربك؟ وما دينك؟ ومن نبيك؟ ألفها رحمه الله للمبتدئين واجتهد في تسهيلها واختصارها حتى خرجت بأحسن حلة وأعظم فائدة؛ يفهم بها الصغير، ولا يستغني عنها الكبير فعم نفعها، وكثر خيرها؛ لعظم قدر موضوعاتها وشرف محتواها.
សារសង្ខេបជូនចំពោះអ្នកដែលបដិសេធវត្តមានរបស់អល់ឡោះព្រះជាម្ចាស់61 ភាសាសារសង្ខេបជូនចំពោះអ្នកដែលបដិសេធវត្តមានរបស់អល់ឡោះព្រះជាម្ចាស់
សារសង្ខេបជូនចំពោះអ្នកដែលគ្មានជំនឿលើអល់ឡោះព្រះជាម្ចាស់ ជាការឆ្លើយតបដោយបញ្ញា បញ្ជាក់ពីភាពជាក់លាក់និងសណ្តាប់ធ្នាប់នៃសកលលោកដែលបដិសេធនូវការកើតឡើងរបស់វាដោយចៃដន្យ និងបង្ហាញពីអ្នកបង្កើតដែលពោរពេញដោយប្រាជ្ញាញាណ។ តើសមហេតុផលទេដែលថាអ្វីទាំងអស់នេះកើតចេញពីភាពទទេ? ចូរបើកចិត្តរបស់អ្នកដើម្បីគិតពិចារណា និងស្វែងរកការពិត ព្រោះអ្នកអាចនឹងរកឃើញពន្លឺដែលនាំផ្លូវអ្នក។
អ៊ីស្លាម89 ភាសាអ៊ីស្លាម
ក្នុងព្រះនាមអល់ឡោះមហាសប្បុរស មហាអាណិតស្រឡាញ់ តើអ្នកធ្លាប់សួរខ្លួនឯងឬទេថា៖ តើអ្នកណាជាអ្នកដែលបង្កើតមេឃា ផែនដី និងភាវៈដ៏អស្ចារ្យជាច្រើននៅក្នុងនោះ? តើអ្នកណាជាអ្នកដែលបង្កើតប្រព័ន្ធដ៏ល្អឥតខ្ចោះ និងប្រកបដោយសុក្រឹតភាពច្បាស់លាស់នៅក្នុងនោះ?