من خلقني؟ ولماذا؟
المطوية تتناول مفهوم الخلق والغرض من الحياة، متسائلة عن منشأ الكون والإنسان والقوانين التي تحكمهما. تشرح وجود خالق واحد مستحق للعبادة، وتبرز الدلائل على عظمة الخالق من خلال الطبيعة وأحكام الكون. كما تستعرض المطوية صفات الله وأهمية الوحي في توجيه البشر لعبادة الله وحده واتباع شرعه. وتؤكد على أن الإسلام هو الدين الحق، وتحث على الدخول فيه واعتناقه للحصول على السعادة الحقيقية في الدنيا والآخرة.
រាល់អ្វីៗទាំងអស់ចង្អុលបង្ហាញថា មានអ្នកដែលបង្កើត
តើនរណាជាអ្នកដែលបង្កើតខ្ញុំ? ហេតុអ្វី?
តើនរណាជាអ្នកដែលបានបង្កើតមេឃនិងផែនដី ព្រមទាំងភាវៈដ៏អស្ចារ្យទាំងឡាយដែលមាននៅក្នុងនោះដែលមនុស្សមិនអាចយល់អស់?
តើនរណាជាអ្នកដែលបានបង្កើតប្រព័ន្ធដ៏ល្អឥតខ្ចោះ និងសុក្រឹតបំផុតនេះនៅលើមេឃ និងផែនដី?
តើនរណាជាអ្នកដែលបានបង្កើតមនុស្ស ហើយផ្តល់ឲ្យពួកគេនូវការស្តាប់ឮ ការមើលឃើញ និងបញ្ញាញាណ ព្រមទាំងធ្វើឲ្យពួកគេមានសមត្ថភាពក្នុងការទទួលយកចំណេះដឹង និងយល់ដឹងពីការពិត?
តើអ្នកពន្យល់យ៉ាងណាចំពោះសុក្រឹតភាពនៃការបង្កើតនៅក្នុងសរីរាង្គកាយរបស់អ្នក និងរាងកាយរបស់សត្វមានជីវិតដទៃទៀត? ហើយតើនរណាជាអ្នកបង្កើតឲ្យមានវាឡើង?
តើសាកលលោកដ៏អស្ចារ្យនេះដំណើរការ និងមានស្ថេរភាពដោយច្បាប់ដែលគ្រប់គ្រងវាយ៉ាងជាក់លាក់អស់រាប់ពាន់លានឆ្នាំបានយ៉ាងដូចម្តេច?
តើនរណាជាអ្នកដែលបានបង្កើតប្រព័ន្ធដែលគ្រប់គ្រងពិភពលោកនេះ(ជីវិតនិងសេចក្តីស្លាប់ ការបន្តពូជរបស់ភាវៈមានជីវិត ពេលយប់ ពេលថ្ងៃ ការផ្លាស់ប្តូររដូវជាដើម)?
តើចក្រវាលនេះកើតឡើងដោយខ្លួនឯងឬ? ឬក៏កើតឡើងពីភាពទទេ? ឬក៏វាកើតឡើងដោយភាពចៃដន្យ?
ហេតុអ្វីបានជាមនុស្សជឿលើអត្ថិភាពនៃរបស់ដែលខ្លួនមើលមិនឃើញ(ដូចជាការយល់ដឹង បញ្ញា វិញ្ញាណ អារម្មណ៍ និងសេចក្តីស្រឡាញ់)? តើមិនមែនដោយសារតែគេឃើញពីឥទ្ធិពលរបស់វាទេឬ? ដូច្នេះ តើមនុស្សអាចបដិសេធអត្ថិភាពនៃអ្នកបង្កើតសាកលលោកដ៏អស្ចារ្យនេះយ៉ាងដូចម្តេច ខណៈដែលគេឃើញឥទ្ធិពលនៃស្នាដៃ និងក្តីមេត្តារបស់ទ្រង់ហើយនោះ?
គ្មាននរណាម្នាក់ទទួលយកការនិយាយថា ផ្ទះនេះកើតឡើងដោយគ្មានអ្នកសាងសង់នោះទេ! ឬនិយាយថា ភាពទទេ គឺជាអ្នកបង្កើតផ្ទះនេះ! ដូច្នេះ ហេតុដូចម្តេចបានជាមនុស្សមួយចំនួនជឿលើអ្នកដែលនិយាយថា សាកលលោកដ៏អស្ចារ្យនេះកើតឡើងដោយគ្មានអ្នកបង្កើត? តើអ្នកដែលមានសតិបញ្ញាអាចទទួលយកការនិយាយថា ភាពជាក់លាក់នៃការគ្រប់គ្រងសាកលលោកនេះកើតឡើងដោយចៃដន្យបានយ៉ាងដូចម្តេច?
ព្រះអល់ឡោះជាម្ចាស់ទ្រង់បានមានបន្ទូលថា៖ “តើពួកគេត្រូវបានគេបង្កើតដោយគ្មានអ្នកបង្កើតឬ? ឬមួយពួកគេជាអ្នកដែលបង្កើតខ្លួនឯង? តើពួកគេបានបង្កើតមេឃជាច្រើនជាន់និងផែនដីនេះឬ? ផ្ទុយទៅវិញ ពួកគេមិនជឿឡើយ”។ (គម្ពីរគួរអាន ៥២ : ៣៥-៣៦)
ព្រះអល់ឡោះជាម្ចាស់ដ៏មហាបរិសុទ្ធ និងមហាខ្ពង់ខ្ពស់
មានព្រះជាម្ចាស់ និងជាអ្នកបង្កើតតែមួយអង្គគត់។ ទ្រង់មានព្រះនាម និងលក្ខណៈសម្បត្តិដ៏អស្ចារ្យជាច្រើនដែលបង្ហាញពីភាពពេញលេញ ល្អឥតខ្ចោះរបស់ទ្រង់។ ក្នុងចំណោមព្រះនាមទាំងនោះមានដូចជា អាល់ខលិក(ព្រះដែលបង្កើត) អាល់រ៉ហ៊ីម(ព្រះដ៏មេត្តាករុណា) អាល់រ៉ហ្សាក(ព្រះដែលប្រទានលាភសក្ការៈ) អាល់ការីម(ព្រះដ៏សប្បុរស) និង “អល់ឡោះ” ដែលជាព្រះនាមដ៏ល្បីល្បាញជាងគេបំផុតក្នុងចំណោមព្រះនាមរបស់ព្រះជាម្ចាស់ដ៏មហាខ្ពង់ខ្ពស់ ហើយដែលមានអត្ថន័យថា ជាព្រះជាម្ចាស់ដែលសមនឹងទទួលការគោរពសក្ការៈតែមួយអង្គគត់ដោយគ្មានដៃគូរួមជាមួយទ្រង់ឡើយ។
ព្រះអល់ឡោះជាម្ចាស់ទ្រង់បានមានបន្ទូលក្នុងគម្ពីរគួរអានថា៖ “ចូរអ្នក(មូហាំម៉ាត់)ពោលថា៖ អល់ឡោះគឺជាព្រះជាម្ចាស់តែមួយគត់។ អល់ឡោះ គឺជាអ្នកដែលត្រូវគេពឹងពាក់។ ទ្រង់មិនប្រសូតបុត្រឡើយ ហើយទ្រង់ក៏មិនត្រូវបានគេប្រសូតដែរ។ ហើយគ្មាននរណាម្នាក់ប្រៀបប្រដូចនឹងទ្រង់ឡើយ”។ [គម្ពីរគួរអាន ១១២ : ១-៤]
ទ្រង់បានមានបន្ទូលទៀតថា៖ “អល់ឡោះជាម្ចាស់តែមួយគត់ គ្មានព្រះជាម្ចាស់ឯណាដែលត្រូវគេគោរពសក្ការៈដ៏ពិតប្រាកដក្រៅពីទ្រង់ដែលរស់ជាអមតៈ ដែលជាអ្នកគ្រប់គ្រងឡើយ។ ទ្រង់មិនព្រះថីនៈ(ងងុយគេង) ហើយក៏មិនផ្ទំដែរ។ អ្វីៗដែលមាននៅលើមេឃជាច្រើនជាន់និងផែនដី គឺជាកម្មសិទ្ធិរបស់ទ្រង់។ គ្មានបុគ្គលណាម្នាក់ហ៊ានធ្វើអន្ដរាគមន៍នៅចំពោះព្រះភក្ត្រទ្រង់ឡើយ លើកលែងតែមានការអនុញ្ញាតពីទ្រង់ប៉ុណ្ណោះ។ ទ្រង់ដឹងនូវអ្វីដែលមាននៅពីមុខ និងនៅពីក្រោយពួកគេ តែពួកគេមិនដឹងពីចំណេះដឹងរបស់ទ្រង់ឡើយ លើកលែងតែអ្វីដែលទ្រង់មានចេតនាប៉ុណ្ណោះ។ ហើយគួរស៊ីយ៍របស់ទ្រង់ទូលំទូលាយនៅលើមេឃជាច្រើនជាន់ និងផែនដី។ ការថែរក្សាវាទាំងពីរនេះមិនធ្វើឱ្យទ្រង់លំបាកឡើយ។ ហើយទ្រង់មហាខ្ពង់ខ្ពស់ មហាឧត្ដុង្គឧត្ដម”។ [គម្ពីរគួរអាន ២ : ២៥៥]
លក្ខណៈសម្បត្តិនៃព្រះជាម្ចាស់ដ៏មហាបរិសុទ្ធ និងមហាខ្ពង់ខ្ពស់
ព្រះជាម្ចាស់ ទ្រង់គឺជាអ្នកដែលបានបង្កើតផែនដី និងធ្វើឲ្យវាសមស្របសម្រាប់ភាវៈទាំងឡាយរបស់ទ្រង់។ ទ្រង់ជាអ្នកដែលបានបង្កើតមេឃ និងភាវៈដ៏អស្ចារ្យទាំងឡាយដែលមាននៅលើមេឃ។ ទ្រង់បានបង្កើតសម្រាប់ព្រះអាទិត្យ ព្រះចន្ទ ពេលយប់ និងពេលថ្ងៃឲ្យមានប្រព័ន្ធដ៏ជាក់លាក់មួយដែលបង្ហាញពីភាពអស្ចារ្យរបស់ទ្រង់។
ព្រះជាម្ចាស់ គឺជាអ្នកដែលបានប្រទានខ្យល់ដង្ហើមដល់យើងដែលយើងមិនអាចជីវិតបានដោយគ្មានវានោះឡើយ។ ទ្រង់ជាអ្នកដែលបានបញ្ចុះទឹកភ្លៀងមកកាន់យើង និងបានបង្កើតសមុទ្រ និងទន្លេសម្រាប់យើង។ ទ្រង់ជាអ្នកដែលចិញ្ចឹមយើងនៅពេលដែលយើងនៅជាគភ៌នៅក្នុងផ្ទៃម្តាយដោយយើងគ្មានកម្លាំងពលំអ្វីសោះ។ ទ្រង់ជាអ្នកធ្វើឲ្យឈាមហូរក្នុងសរសៃឈាមរបស់យើង និងធ្វើឲ្យបេះដូងរបស់យើងលោតជាប់ជានិច្ចចាប់ពីថ្ងៃចាប់កំណើត រហូតដល់ថ្ងៃដែលយើងស្លាប់។
ព្រះអល់ឡោះជាម្ចាស់ទ្រង់បានមានបន្ទូលថា៖ “ហើយអល់ឡោះបានបញ្ចេញពួកអ្នកពីផ្ទៃម្ដាយរបស់ពួកអ្នក ខណៈដែលពួកអ្នកមិនដឹងអ្វីទាល់តែសោះ។ ហើយទ្រង់បានបង្កើតសម្រាប់ពួកអ្នកនូវការស្ដាប់ឮ ការមើលឃើញ ហើយនិងបេះដូង(ចេះគិតពិចារណា) សង្ឃឹមថាពួកអ្នកនឹងដឹងគុណ”។ [គម្ពីរគួរអាន ១៦ : ៧៨]
ព្រះជាម្ចាស់ដែលត្រូវគេគោរពសក្ការៈចាំបាច់ត្រូវមានលក្ខណៈសម្បត្តិពេញបរិបូរណ៍
ព្រះជាម្ចាស់ដែលជាអ្នកបង្កើតយើងទ្រង់បានប្រទានសតិបញ្ញាដល់យើងដើម្បីឲ្យយើងអាចយល់ដឹងពីភាពអស្ចារ្យរបស់ទ្រង់ ហើយបានបណ្តុះនៅក្នុងខ្លួនយើងនូវសភាវគតិ(ហ្វិតរ៉ោះ)ដែលបង្ហាញពីភាពពេញបរិបូរណ៍ ល្អឥតខ្ចោះរបស់ទ្រង់ និងថា ទ្រង់មិនអាចមានលក្ខណៈខ្វះខាត មិនបរិបូរណ៍បានឡើយ។
ការគោរពសក្ការៈចាំបាច់ត្រូវតែធ្វើឡើងចំពោះអល់ឡោះជាម្ចាស់តែមួយអង្គគត់ ព្រោះទ្រង់ជាព្រះជាម្ចាស់ដែលមានលក្ខណៈពេញបរិបូរណ៍ ល្អឥតខ្ចោះ សក្តិសមនឹងទទួលការគោរពសក្ការៈ។ អ្វីៗទាំងឡាយដែលត្រូវបានគេគោរពសក្ការៈក្រៅពីទ្រង់ គឺជាអ្នកដែលមានលក្ខណៈមិនត្រឹមត្រូវ ជាអ្នកដែលមានលក្ខណៈខ្វះខាត មិនបរិបូរណ៍ និងជាអ្នកដែលត្រូវប្រឈមមុខនឹងសេចក្តីស្លាប់ និងការវិនាសសាបសូន្យ។
អ្នកដែលត្រូវគេគោរពសក្ការៈមិនអាចជាមនុស្ស ឬរូបបដិមា ឬដើមឈើ ឬសត្វបានឡើយ!
មនុស្សដែលមានបញ្ញាមិនសក្តិសមនឹងគោរពសក្ការៈអ្វីមួយនោះឡើយ លើកលែងតែរបស់នោះមានលក្ខណៈពេញបរិបូរណ៍ ល្អឥតខ្ចោះប៉ុណ្ណោះ។ ដូច្នេះ តើគេអាចគោរពសក្ការៈចំពោះភាវៈមួយដែលមានលក្ខណៈអន់ជាងខ្លួនយ៉ាងដូចម្តេច?
ព្រះជាម្ចាស់មិនអាចជាគភ៌នៅក្នុងផ្ទៃស្ត្រី ហើយប្រសូតមកដូចទារកនោះឡើយ!
ព្រះជាម្ចាស់ គឺជាអ្នកដែលបង្កើតសព្វភាវៈទាំងអស់ ហើយភាវៈទាំងអស់ស្ថិតនៅក្រោមអំណាច និងការគ្រប់គ្រងរបស់ទ្រង់។ ដូច្នេះ មនុស្សមិនអាចបង្កគ្រោះថ្នាក់ដល់ព្រះនោះឡើយ ហើយក៏គ្មាននរណាម្នាក់អាចចងឆ្កាង ធ្វើទារុណកម្ម និងធ្វើឲ្យព្រះអាម៉ាស់នោះដែរ!
ព្រះជាម្ចាស់មិនអាចសុគតនោះឡើយ!
ព្រះជាម្ចាស់ គឺជាអ្នកដែលមិនចេះសម្មោសា(ភ្លេច) មិនផ្ទំ(គេង) និងមិនសោយក្រយា(ទទួលទានអាហារ)ឡើយ។ ទ្រង់ជាព្រះដ៏មហិមាដែលមិនអាចមានមហេសី ឬបុត្របានឡើយ។ ជាការពិតណាស់ ព្រះជាម្ចាស់ដែលជាអ្នកបង្កើត ទ្រង់មានលក្ខណៈសម្បត្តិដ៏អស្ចារ្យ ហើយដាច់ខាតទ្រង់មិនអាចមានតម្រូវការ ឬភាពខ្វះខាតឡើយ។ រាល់ភស្តុតាងទាំងឡាយដែលផ្ទុយនឹងភាពអស្ចារ្យរបស់ព្រះដែលជាអ្នកបង្កើតដែលត្រូវបានគេភ្ជាប់វាទៅកាន់ព្យាការីទាំងឡាយ គឺជាភស្តុតាងដែលត្រូវបានគេកែប្រែ ហើយវាមិនមែនជាសារ(វ៉ាហ៊ី)ត្រឹមត្រូវដែលនាំមកដោយព្យាការីម៉ូសេ ព្យាការីយេស៊ូ និងព្យាការីដទៃទៀតនោះឡើយ។ សូមសន្តិភាព និងពរជ័យកើតមានដល់ពួកលោក។
ព្រះអល់ឡោះជាម្ចាស់ទ្រង់បានមានបន្ទូលថា៖ “ឱមនុស្សលោកទាំងឡាយ! គេបានលើកជាឧទាហរណ៍មួយ។ ដូចេ្នះ ចូរពួកអ្នកស្ដាប់ទៅចំពោះវា។ ពិតប្រាកដណាស់ ពួក(ព្រះនានា)ដែលពួកអ្នកកំពុងបួងសួងផេ្សងពីអល់ឡោះនោះ គឺពួកវាគ្មានសមត្ថភាពបង្កើតអ្វីឡើយ សូម្បីតែសត្វរុយមួយក្បាល បើទោះបីជាពួកគេសហការគ្នាបង្កើតវាក៏ដោយ។ ហើយប្រសិនបើមានសត្វរុយមកទំស៊ីសំណែនរបស់ពួកវានោះ ពួកវាក៏គ្មានសមត្ថភាពនឹងដេញ ឬបក់រុយនោះចេញដែរ។ ទាំងអ្នកដែលបួងសួងសុំ និងអ្នកដែលត្រូវគេបួងសួងសុំ(ព្រះនានា) គឺទន់ខ្សោយបំផុត។ ពួកគេមិនបានលើកតម្កើងអល់ឡោះឲ្យសក្តិសមនឹងឋានៈរបស់ទ្រង់ឡើយ។ ពិតប្រាកដណាស់ អល់ឡោះមហាខ្លាំងពូកែ មានអានុភាពបំផុត”។ [គម្ពីរគួរអាន ២២ : ៧៣-៧៤]
តើសមហេតុផលដែរឬទេដែលព្រះជាម្ចាស់ដែលជាអ្នកបង្កើតទ្រង់ទុកពួកយើងចោលដោយគ្មានសារ(វ៉ាហ៊ី)?
តើសមហេតុផលដែរឬទេដែលថា ព្រះអល់ឡោះជាម្ចាស់ទ្រង់បង្កើតភាវៈទាំងអស់នេះដោយគ្មានគោលបំណងអ្វីសោះ? តើទ្រង់បង្កើតវាមកដោយទទេៗ ឥតប្រយោជន៍ឬ ខណៈដែលទ្រង់ជាព្រះដ៏មហាគតិបណ្ឌិត ជាព្រះដ៏ជ្រាបដឹងបំផុតនោះ?
តើសមហេតុផលដែរឬទេដែលថា អ្នកដែលបង្កើតយើងដោយភាពជាក់លាក់ និងភាពល្អឥតខ្ចោះ ហើយបានផ្តល់អ្វីៗនៅលើមេឃ និងផែនដីសម្រាប់យើង ប៉ុន្តែបែរជាបង្កើតយើងដោយគ្មានគោលបំណងអ្វី ឬទុកឲ្យយើងគ្មានចម្លើយចំពោះសំណួរសំខាន់ៗដែលធ្វើឲ្យយើងច្របូកច្របល់ដូចជា ហេតុអ្វីបានជាយើងនៅទីនេះ? តើមានអ្វីកើតឡើងបន្ទាប់ពីការស្លាប់? តើគោលបំណងនៃការបង្កើតយើង គឺជាអ្វី?
ពុំដូច្នោះឡើយ។ ផ្ទុយទៅវិញ ព្រះអល់ឡោះជាម្ចាស់ទ្រង់បានបញ្ជូនអ្នកនាំសារជាច្រើនមកដើម្បីឲ្យយើងបានដឹងពីគោលបំណងនៃវត្តមានរបស់យើង និងអ្វីដែលទ្រង់ចង់បានពីពួកយើង។
ដូចនេះ ព្រះអល់ឡោះជាម្ចាស់ទ្រង់បានបញ្ជូនអ្នកនាំសារជាច្រើនមកដើម្បីប្រាប់យើងថា ទ្រង់តែមួយអង្គគត់ជាអ្នកដែលសក្តិសមនឹងទទួលការគោរពសក្ការៈ និងដើម្បីឲ្យយើងដឹងពីរបៀបគោរពសក្ការៈចំពោះទ្រង់ ហើយក៏ដើម្បីផ្សព្វផ្សាយដល់យើងនូវបទបញ្ជា និងបម្រាមទាំងឡាយរបស់ទ្រង់ ព្រមទាំងបង្រៀនយើងនូវគុណតម្លៃដ៏ប្រពៃថ្លៃថ្លា ដែលបើកាលណាយើងប្រតិបត្តិតាម នោះជីវិតរបស់យើងនឹងប្រកបដោយសេចក្តីល្អ និងមានពរជ័យ។
ជាការពិតណាស់ ព្រះអល់ឡោះជាម្ចាស់ទ្រង់បានបញ្ជូនអ្នកនាំសារជាច្រើនដូចជា ព្យាការីណូអេ ព្យាការីអាប្រាហាំ ព្យាការីម៉ូសេ និងព្យាការីយេស៊ូ ហើយអល់ឡោះជាម្ចាស់ទ្រង់បានប្រទានដល់អ្នកនាំសារទាំងនេះនូវសញ្ញាភស្តុតាង និងអច្ឆរិយភាពជាច្រើនដែលបង្ហាញពីភាពទៀងត្រង់របស់ពួកលោក និងថា ជាការពិតណាស់ ពួកលោកត្រូវបានបញ្ជូនមកពីព្រះជាម្ចាស់ដែលជាអ្នកបង្កើត។
អ្នកនាំសារចុងក្រោយបង្អស់ គឺព្យាការីមូហាំម៉ាត់ (សូមសន្តិភាព និងពរជ័យកើតមានដល់លោក) ហើយអល់ឡោះជាម្ចាស់ក៏បានបញ្ចុះគម្ពីរគួរអានដ៏ឧត្តុង្គឧត្តមមកកាន់លោកផងដែរ។
បណ្តាអ្នកនាំសារទាំងអស់បានប្រាប់យើងយ៉ាងច្បាស់លាស់ថា ឆាកជីវិតនេះ គឺជាការសាកល្បង ហើយជីវិតពិតនឹងមកដល់បន្ទាប់ពីសេចក្តីស្លាប់។
ពួកលោកក៏បានប្រាប់យើងផងដែរថា មានឋានសួគ៌សម្រាប់អ្នកមានជំនឿដែលបានគោរពសក្ការៈចំពោះព្រះអល់ឡោះជាម្ចាស់តែមួយគត់ដោយគ្មានដៃគូរួមជាមួយទ្រង់ និងមានជំនឿចំពោះបណ្តាអ្នកនាំសារទាំងអស់ ហើយក៏មានឋាននរកផងដែរដែលអល់ឡោះជាម្ចាស់ទ្រង់បានត្រៀមទុកសម្រាប់ពួកប្រឆាំង ដែលបានគោរពសក្ការៈព្រះផ្សេងរួមជាមួយអល់ឡោះ ឬបដិសេធអ្នកនាំសារណាម្នាក់ក្នុងចំណោមបណ្តាអ្នកនាំសាររបស់អល់ឡោះ។
ព្រះអល់ឡោះជាម្ចាស់ទ្រង់បានមានបន្ទូលថា៖
“ឱកូនចៅអាដាំ! ប្រសិនបើបណ្ដាអ្នកនាំសារក្នុងចំណោមពួកអ្នកពិតជាមកដល់ពួកអ្នកដោយពួកគេនិទានឱ្យពួកអ្នកស្ដាប់នូវបណ្ដាភស្ដុតាងរបស់យើង ដូចេ្នះ បើជនណាកោតខ្លាចអល់ឡោះ និងបានកែខ្លួននោះ ពួកគេគ្មានការភ័យខ្លាចឡើយ ហើយពួកគេក៏មិនព្រួយបារម្ភដែរ។ រីឯពួកដែលបានបដិសេធនឹងបណ្ដាភស្ដុតាងរបស់យើង និងក្រអឺតក្រទមចំពោះវា ពួកទាំងនោះ គឺជាពួកនរកដោយពួកគេស្ថិតនៅក្នុងនោះជាអមតៈ”។ [គម្ពីរគួរអាន ៧ : ៣៥-៣៦]
ទ្រង់បានមានបន្ទូលទៀតថា៖ “តើពួកអ្នកគិតថា យើងបានបង្កើតពួកអ្នកគ្រាន់តែជាការលេងសើច ហើយពួកអ្នកពិតជាមិនត្រូវបានគេឱ្យវិលត្រឡប់មកជួបយើងវិញ(ដើម្បីជំនុំជម្រះ)ឬ”? [គម្ពីរគួរអាន ២៣ : ១១៥]
គម្ពីរគួរអាន
គម្ពីរគួរអាន គឺជាព្រះបន្ទូលរបស់អល់ឡោះជាម្ចាស់ដែលទ្រង់បានបញ្ចុះទៅកាន់អ្នកនាំសារចុងក្រោយបង្អស់ គឺព្យាការីមូហាំម៉ាត់។ វាគឺជាអច្ឆរិយភាពដ៏អស្ចារ្យបំផុតដែលបញ្ជាក់ពីភាពត្រឹមត្រូវនៃភាពជាព្យាការីរបស់ព្យាការីមូហាំម៉ាត់(សូមសន្តិភាព និងពរជ័យកើតមានដល់លោក)។ ជាគម្ពីរដែលមានភាពពិតប្រាកដចំពោះក្បួនច្បាប់របស់វា និងជាគម្ពីរដែលមានភាពសច្ចចំពោះដំណឹងទាំងឡាយរបស់វា។ ព្រះអល់ឡោះជាម្ចាស់បានឲ្យពួកដែលបដិសេធធ្វើការប្រឡងប្រជែងដោយនាំមកនូវជំពូកមួយដែលដូចទៅនឹងគម្ពីរគួរអាននេះ ប៉ុន្តែពួកគេគ្មានសមត្ថភាពអាចធ្វើបាននោះឡើយ។ គម្ពីរនេះផ្ទុកទៅដោយភស្តុតាងបែបសមហេតុផល(តក្កៈ) និងភស្តុតាងបែបវិទ្យាសាស្រ្តពិតជាច្រើនដែលបង្ហាញថា ជាការពិតណាស់ គម្ពីរនេះមិនអាចជាស្នាដៃរបស់មនុស្សណាម្នាក់នោះឡើយ។ ផ្ទុយទៅវិញ វាជាបន្ទូលរបស់ព្រះជាម្ចាស់នៃមនុស្សលោកទាំងឡាយ។
ហេតុអ្វីបានជាមានអ្នកនាំសារជាច្រើនម្ល៉េះ?
តាំងពីសម័យដំបូងមកម្ល៉េះ អល់ឡោះជាម្ចាស់ទ្រង់បានបញ្ជូនអ្នកនាំសារជាច្រើនដើម្បីអំពាវនាវមនុស្សទៅកាន់ព្រះជាម្ចាស់របស់ពួកគេ និងផ្សព្វផ្សាយដល់ពួកគេនូវបទបញ្ជា និងបម្រាមទាំងឡាយរបស់ទ្រង់។ ការអំពាវនាវរបស់អ្នកនាំសារទាំងអស់ គឺអំពាវនាវពួកគេទៅកាន់ការគោរពសក្ការៈចំពោះព្រះអល់ឡោះជាម្ចាស់តែមួយគត់។ នៅពេលដែលប្រជាជាតិនោះចាប់ផ្ដើមបោះបង់ ឬបំភ្លៃនូវអ្វីដែលអ្នកនាំសារបាននាំមកដែលជាបទបញ្ជាប្រើឲ្យគោរពសក្ការៈចំពោះព្រះអល់ឡោះជាម្ចាស់តែមួយ អល់ឡោះជាម្ចាស់ទ្រង់បានចាត់តាំងអ្នកនាំសារម្នាក់ទៀតមកដើម្បីតំរែតម្រង់ផ្លូវ និងនាំមនុស្សត្រឡប់ទៅរកបុព្វជំនឿពីកំណើតដ៏ស្អាតស្អំ(ហ្វិតរ៉ោះ)នៃការគោរពសក្ការៈចំពោះអល់ឡោះជាម្ចាស់តែមួយវិញ រហូតដល់អល់ឡោះបានបញ្ចប់ការតែងតាំងអ្នកនាំសារទាំងឡាយត្រឹមអ្នកនាំសារមូហាំម៉ាត់ដែលលោកបាននាំមកនូវច្បាប់បញ្ញត្តិអមតៈ និងមានលក្ខណៈជាសាកលសម្រាប់មនុស្សលោកទូទៅរហូតដល់ថ្ងៃបរលោក ជាច្បាប់បញ្ញត្តិដែលបំពេញបន្ថែម និងនិរាករណ៍ចោលនូវច្បាប់បញ្ញត្តិមុនៗ។ ព្រះអល់ឡោះជាម្ចាស់ទ្រង់បានធានាថែរក្សាច្បាប់បញ្ញត្តិនេះ និងសារនេះឲ្យនៅគង់វង្សរហូតដល់ថ្ងៃបេលោក។
ហេតុនេះ យើងជាជនមូស្លីមមានជំនឿចំពោះបណ្តាអ្នកនាំសារទាំងអស់ និងបណ្តាគម្ពីរមុនៗទាំងអស់(ដូចដែលអល់ឡោះជាម្ចាស់ទ្រង់បានបង្គាប់ប្រើ)។
អល់ឡោះជាម្ចាស់ទ្រង់បានមានបន្ទូលថា៖ ”អ្នកនាំសារ(មូហាំម៉ាត់)មានជំនឿលើអ្វីដែលព្រះជាម្ចាស់របស់គេបានបញ្ចុះមកឱ្យគេ ហើយបណ្ដាអ្នកមានជំនឿទាំងឡាយក៏ដូចគ្នាដែរ។ ពួកគេទាំងអស់មានជំនឿលើអល់ឡោះ បណ្ដាទេវៈ(ម៉ាឡាអ៊ីកាត់)របស់ទ្រង់ បណ្ដាគម្ពីររបស់ទ្រង់ និងបណ្ដាអ្នកនាំសាររបស់ទ្រង់។ (ពួកគេបាននិយាយថា៖) ពួកយើងមិនបែងចែកអ្នកនាំសារណាម្នាក់ក្នុងចំណោមអ្នកនាំសារទាំងឡាយរបស់ទ្រង់នោះឡើយ។ ហើយពួកគេបានពោលថា៖ ពួកយើងបានឮហើយ និងប្រតិបត្តិតាមហើយ។ បពិត្រព្រះជាម្ចាស់នៃយើងខ្ញុំ! សូមទ្រង់មេត្ដាអភ័យទោសដល់យើងខ្ញុំផង។ ចំពោះទ្រង់តែមួយគត់ជាកន្លែងវិលត្រឡប់”។ [គម្ពីរគួរអាន ២ : ២៨៥]
បុគ្គលម្នាក់មិនអាចក្លាយជាអ្នកមានជំនឿឡើយ លុះត្រាតែគេមានជំនឿចំពោះអ្នកនាំសារទាំងអស់
អ្នកដែលបានបញ្ជូនបណ្តាអ្នកនាំសារទាំងឡាយ គឺព្រះអល់ឡោះជាម្ចាស់។ ជនណាដែលបដិសេធសាររបស់អ្នកនាំសារណាម្នាក់ គឺគេពិតជាបានបដិសេធអ្នកនាំសារទាំងអស់។ គ្មានបាបកម្មណាធំជាងការបដិសេធសាររបស់ព្រះអល់ឡោះជាម្ចាស់នោះឡើយ។ ហេតុនេះ ដើម្បីចូលឋានសួគ៌បាន ចាំបាច់ត្រូវតែមានជំនឿចំពោះអ្នកនាំសារទាំងអស់។
ដូចនេះ កាតព្វកិច្ចលើមនុស្សគ្រប់រូបនៅក្នុងសម័យកាលនេះ គឺត្រូវមានជំនឿលើអ្នកនាំសារទាំងអស់របស់អល់ឡោះជាម្ចាស់ ហើយការមានជំនឿបែបនេះមិនអាចសម្រេចបានឡើយ លុះត្រាតែគេមានជំនឿ និងប្រតិបត្តិតាមអ្នកនាំសារចុងក្រោយបង្អស់ គឺព្យាការីមូហាំម៉ាត់(សូមសន្តិភាពកើតមានដល់លោក)។
អល់ឡោះជាម្ចាស់ទ្រង់បានលើកឡើងនៅក្នុងគម្ពីរគួរអានថា ជាការពិតណាស់ ជនណាដែលបដិសេធ មិនមានជំនឿលើអ្នកនាំសាររបស់អល់ឡោះណាម្នាក់ គឺជាអ្នកដែលគ្មានជំនឿនឹងអល់ឡោះ និងបដិសេធសាររបស់ទ្រង់។
សូមអានវាក្យខណ្ឌខាងក្រោម៖ “ពិតប្រាកដណាស់ ពួកដែលប្រឆាំងនឹងអល់ឡោះ និងបណ្ដាអ្នកនាំសាររបស់ទ្រង់ ហើយពួកគេចង់បែងចែករវាងអល់ឡោះ និងបណ្ដាអ្នកនាំសាររបស់ទ្រង់ ហើយពួកគេនិយាយថា៖ ពួកយើងមានជំនឿលើអ្នកនាំសារមួយចំនួន និងបដិសេធមួយចំនួនទៀត ហើយពួកគេចង់ជ្រើសរើសយកមាគ៌ាមួយរវាងរឿងនោះ (មានជំនឿ និងគ្មានជំនឿ) ពួកទាំងនោះ គឺជាពួកដែលប្រឆាំងយ៉ាងពិតប្រាកដ។ ហើយយើងបានត្រៀមទុកសម្រាប់ពួកប្រឆាំងនូវទណ្ឌកម្មយ៉ាងអាម៉ាស់បំផុត”។ [គម្ពីរគួរអាន ៤ : ១៥០-១៥១]
តើឥស្លាមជាអ្វី?
ឥស្លាម គឺជាការប្រគល់ខ្លួនចំពោះព្រះអល់ឡោះជាម្ចាស់ដោយទទួលស្គាល់នូវភាពជាព្រះជាម្ចាស់តែមួយគត់របស់ទ្រង់ ស្តាប់បង្គាប់ទ្រង់ដោយការគោរពប្រតិបត្តិ និងអនុវត្តតាមច្បាប់បញ្ញត្តិរបស់ទ្រង់ដោយការពេញចិត្ត និងទទួលយក។
ជាការពិតណាស់ ព្រះអល់ឡោះជាម្ចាស់ទ្រង់បានបញ្ជូនអ្នកនាំសារទាំងឡាយដើម្បីពាំនាំមកនូវសារតែមួយគត់គឺ អំពាវនាវទៅកាន់ការគោរពសក្ការៈចំពោះព្រះអល់ឡោះជាម្ចាស់តែមួយគត់ដោយគ្មានដៃគូរួមជាមួយទ្រង់ឡើយ។
អ៊ីស្លាម គឺជាសាសនារបស់បណ្តាព្យាការីទាំងអស់។ ការអំពាវនាវរបស់ព្យាការីទាំងអស់ គឺតែមួយ ប៉ុន្តែច្បាប់បញ្ញត្តិរបស់ពួកលោកមានលក្ខណៈខុសៗគ្នា។ ជនមូស្លីម ឬអ្នកកាន់សាសនាឥស្លាមនាពេលបច្ចុប្បន្ននេះ គឺជាក្រុមតែមួយគត់ដែលនៅតែប្រកាន់ខ្ជាប់នឹងសាសនាត្រឹមត្រូវដែលបណ្តាព្យាការីទាំងអស់បាននាំមក។ សារអ៊ីស្លាមនៅក្នុងសម័យកាលបច្ចុប្បន្ននេះ គឺជាសេចក្ដីពិត ព្រោះព្រះជាម្ចាស់ដែលបានបញ្ជូនព្យាការីអាប្រាហាំ ព្យាការីម៉ូសេ និងព្យាការីយេស៊ូ គឺជាព្រះជាម្ចាស់ដដែលដែលបានបញ្ជូនអ្នកនាំសារចុងក្រោយ គឺព្យាការីមូហាំម៉ាត់។ ពិតប្រាកដណាស់ ច្បាប់បញ្ញត្តិអ៊ីស្លាមបាននាំមកដើម្បីនិរាករណ៍នូវច្បាប់បញ្ញត្តិមុនៗ។
សាសនាទាំងអស់ដែលមនុស្សគោរពបូជាសព្វថ្ងៃ(ក្រៅពីសាសនាអ៊ីស្លាម) គឺជាសាសនាដែលបង្កើតឡើងដោយមនុស្ស ឬជាសាសនាដែលធ្លាប់ជាសាសនារបស់ព្រះជាម្ចាស់ តែក្រោយមក ត្រូវបានមនុស្សកែប្រែដោយដៃរបស់ពួកគេ ហើយវាក៏ក្លាយជាល្បាយនៃរឿងព្រេងនិទាន និងការបកស្រាយរបស់មនុស្ស។ ចំណែកឯគោលជំនឿរបស់អ្នកមូស្លីមវិញ គឺជាគោលជំនឿតែមួយដែលមានភាពច្បាស់លាស់ និងមិនមានការកែប្រែនោះឡើយ។ សូមអ្នកក្រឡេកមើលទៅកាន់គម្ពីរគួរអាន។ វាជាគម្ពីរតែមួយគត់នៅគ្រប់ប្រទេសដែលកាន់សាសនាឥស្លាមទាំងអស់។
ព្រះអល់ឡោះជាម្ចាស់ទ្រង់បានមានបន្ទូលក្នុងគម្ពីរគួរអានថា៖
“ចូរអ្នក(មូហាំម៉ាត់)ពោលថា៖ ពួកយើងមានជំនឿលើអល់ឡោះ និងអ្វីដែលគេបានបញ្ចុះមកលើពួកយើង និងអ្វីដែលគេបានបញ្ចុះទៅលើអាប្រាហាំ អ៊ីស្មាអេល អ៊ីសាក់ យ៉ាកុប និងបណ្តាកូនចៅរបស់គាត់ ហើយនិងអ្វីដែលគេបានផ្តល់ឱ្យម៉ូសេ យេស៊ូ និងបណ្ដាព្យាការី(ដែលបានចាត់តាំង)ពីព្រះជាម្ចាស់របស់ពួកគេ។ ពួកយើងមិនបែងចែកនរណាម្នាក់ក្នុងចំណោមពួកគេឡើយ ហើយពួកយើង គឺជាអ្នកប្រគល់ខ្លួនចំពោះទ្រង់។ ហើយជនណាដែលស្វែងរកសាសនាផេ្សងក្រៅពីសាសនាឥស្លាម អល់ឡោះជាម្ចាស់នឹងមិនទទួលយក(ទង្វើល្អ)ពីគេឡើយ។ ហើយនៅថ្ងៃបរលោក រូបគេនឹងស្ថិតក្នុងចំណោមពួកដែលខាតបង់”។ [គម្ពីរគួរអាន ៣ : ៨៤-៨៥]
តើជនមូស្លីមមានជំនឿបែបណាខ្លះចំពោះព្យាការីយេស៊ូ(សូមសន្តិភាពកើតមានដល់លោក)?
តើអ្នកដឹងទេថា ជាការពិតណាស់ ចាំបាច់លើជនមូស្លីមត្រូវមានជំនឿចំពោះព្យាការីរបស់អល់ឡោះ គឺព្យាការីយេស៊ូ ឬអ៊ីសា ហើយត្រូវស្រឡាញ់ និងលើកតម្កើងចំពោះលោក ព្រមទាំងមានជំនឿលើសាររបស់លោក គឺសារដែលអំពាវនាវទៅកាន់ការគោរពសក្ការៈចំពោះព្រះអល់ឡោះជាម្ចាស់តែមួយគត់ដោយគ្មានដៃគូរួមជាមួយទ្រង់ឡើយ។ ជនមូស្លីមទាំងឡាយជឿថា យេស៊ូ និង មូហាំម៉ាត់ (សូមសន្តិភាពកើតមានដល់លោកទាំងពីរ) លោកទាំងពីរគឺជាព្យាការី ហើយលោកទាំងពីរត្រូវបានបញ្ជូនមកដើម្បីចង្អុលបង្ហាញមនុស្សទៅកាន់មាគ៌ារបស់អល់ឡោះ និងទៅរកមាគ៌ាឆ្ពោះទៅកាន់ឋានសួគ៌។
យើងជឿថា ព្យាការីយេស៊ូ(សូមសន្តិភាពកើតមានដល់លោក) គឺជាអ្នកនាំសារដ៏ឧត្តុង្គឧត្តមម្នាក់ក្នុងចំណោមអ្នកនាំសារដែលអល់ឡោះជាម្ចាស់ទ្រង់បានបញ្ជូនមក។ យើងមានជំនឿថា លោកបានប្រសូតមកដោយភាពអច្ឆរិយៈបំផុត។ អល់ឡោះជាម្ចាស់ទ្រង់បានប្រាប់យើងនៅក្នុងគម្ពីរគួរអានថា ជាការពិតណាស់ ទ្រង់បានបង្កើតព្យាការីយេស៊ូដោយគ្មានឪពុក ដូចដែលទ្រង់បានបង្កើតព្យាការីអាដាំដោយគ្មានឪពុកនិងម្តាយដែរ ព្រោះអល់ឡោះជាម្ចាស់ទ្រង់មានអានុភាពលើអ្វីៗទាំងអស់។
យើងជឿថា ព្យាការីយេស៊ូមិនមែនជាព្រះ ឬជាបុត្ររបស់ព្រះនោះឡើយ ហើយលោកក៏មិនត្រូវបានគេឆ្កាងនោះដែរ។ ផ្ទុយទៅវិញ លោកនៅមានជីវិតនៅឡើយ។ អល់ឡោះជាម្ចាស់បានលើកលោកទៅកាន់ទ្រង់ដើម្បីឲ្យលោកចុះមកកាន់ផែនដីវិញនាសម័យកាលចុងក្រោយ(មុនថ្ងៃបរលោកមកដល់)ក្នុងនាមជាអ្នកដឹកនាំដែលយុត្តិធម៌ម្នាក់ ហើយលោកនឹងរស់នៅជាមួយអ្នកមូស្លីមទាំងឡាយ ពីព្រោះអ្នកមូស្លីម ពួកគេគឺជាអ្នកដែលមានជំនឿចំពោះឯកទេពនិយមរបស់អល់ឡោះដែលព្យាការីយេស៊ូ ព្រមទាំងអ្នកនាំសារទាំងអស់បាននាំមក។
ពិតប្រាកដណាស់ អល់ឡោះជាម្ចាស់ទ្រង់បានប្រាប់យើងនៅក្នុងគម្ពីរគួរអានថា ពិតណាស់ សាររបស់ព្យាការីយេស៊ូត្រូវបានគ្រឹស្តបរិស័ទទាំងឡាយកែប្រែ។ មានពួកវង្វេងជាច្រើនបានកែប្រែគម្ពីរសម្ព័ន្ធមេត្រីថ្មី ឬគម្ពីរអ៊ិញ្ជីល ហើយពួកគេបានបន្ថែមនូវអត្ថបទជាច្រើនដែលព្យាការីយេស៊ូមិនបាននិយាយ។ ភាពត្រឹមត្រូវនៃរឿងនេះ គឺត្រូវបានបញ្ជាក់ដោយមានគម្ពីរសម្ព័ន្ធមេត្រីថ្មីជាច្រើន និងមានភាពផ្ទុយគ្នាជាច្រើននៅក្នុងនោះ។
ជាការពិតណាស់ អល់ឡោះជាម្ចាស់ទ្រង់បានប្រាប់យើងថា ព្យាការីយេស៊ូលោកគោរពសក្ការៈចំពោះអល់ឡោះដែលជាព្រះជាម្ចាស់របស់លោក ហើយលោកមិនបានសុំឱ្យនរណាម្នាក់គោរពសក្ការៈចំពោះលោកឡើយ។ ផ្ទុយទៅវិញ លោកបានបង្គាប់ប្រើក្រុមរបស់លោកឲ្យគោរពសក្ការៈចំពោះព្រះជាម្ចាស់ដែលជាអ្នកបង្កើតរូបលោក។ ក៏ប៉ុន្តែបិសាចសាតាំងបានធ្វើឱ្យគ្រឹស្តបរិស័ទទាំងឡាយគោរពសក្ការៈចំពោះព្យាការីយេស៊ូទៅវិញ។ អល់ឡោះជាម្ចាស់ក៏បានប្រាប់យើងនៅក្នុងគម្ពីរគួរអានដែរថា ទ្រង់នឹងមិនអត់ទោសឱ្យជនណាម្នាក់ដែលគោរពសក្ការៈអ្នកផ្សេងក្រៅពីអល់ឡោះនោះឡើយ។ ហើយនៅថ្ងៃបរលោក ព្យាការីយេស៊ូនឹងដោះខ្លួនចេញពីអ្នកទាំងឡាយដែលបានគោរពសក្ការៈចំពោះលោក ដោយលោកនឹងនិយាយទៅកាន់ពួកគេថា៖ ខ្ញុំបានបង្គាប់ប្រើពួកអ្នកឱ្យគោរពសក្ការៈព្រះជាម្ចាស់ដែលជាអ្នកបង្កើតប៉ុណ្ណោះ ហើយខ្ញុំមិនបានសុំឱ្យពួកអ្នកគោរពសក្ការៈខ្ញុំឡើយ។ ក្នុងចំណោមភស្តុតាងដែលបញ្ជាក់ដូចនេះ គឺបន្ទូលរបស់អល់ឡោះជាម្ចាស់ដែលទ្រង់បានមានបន្ទូលថា៖
“ឱពួកគម្ពីរជន! ចូរពួកអ្នកកុំពន្លើសក្នុងសាសនារបស់ពួកអ្នក ហើយចូរពួកអ្នកកុំនិយាយពីអល់ឡោះជាម្ចាស់ក្រៅពីការពិតឱ្យសោះ។ តាមពិត យេស៊ូគ្រឹស្ត កូនប្រុសរបស់ នាងម៉ារី គឺជាអ្នកនាំសាររបស់អល់ឡោះ ហើយ(ទ្រង់បានបង្កើតពី)ពាក្យបន្ទូលរបស់ទ្រង់ដែលបានបញ្ជូនវាទៅកាន់នាងម៉ារី និងជាវិញ្ញាណពីទ្រង់(តាមយៈទេវៈកាព្រីយ៉ែល)។ ដូចេ្នះ ចូរពួកអ្នកមានជំនឿលើអល់ឡោះ និងបណ្ដាអ្នកនាំសាររបស់ទ្រង់ចុះ ហើយកុំនិយាយថា បី(ព្រះត្រីឯក)។ ចូរពួកអ្នកឈប់និយាយពាក្យនេះ វាជាការប្រសើរសម្រាប់ពួកអ្នក។ ពិតប្រាកដណាស់ អល់ឡោះជាម្ចាស់តែមួយគត់។ ទ្រង់មានភាពស្អាតស្អំអំពីការមានបុត្រ។ អ្វីៗដែលមាននៅលើមេឃជាច្រើនជាន់ និងអ្វីៗដែលមាននៅលើផែនដី គឺជាកម្មសិទ្ធិរបស់ទ្រង់។ គ្រប់គ្រាន់ហើយដែលអល់ឡោះជាអ្នកគ្រប់គ្រង”។ [គម្ពីរគួរអាន ៤ : ១៧១]
ទ្រង់បានមានបន្ទូលទៀតថា៖ “ហើយចូរចងចាំ នៅពេលដែលអល់ឡោះបានសួរថា៖ ឱយេស៊ូកូនប្រុសរបស់នាងម៉ារី! តើអ្នកឬដែលបាននិយាយទៅកាន់មនុស្សលោកថា៖ ចូរពួកអ្នកយកខ្ញុំនិងម្ដាយរបស់ខ្ញុំធ្វើជាព្រះជាម្ចាស់ពីរក្រៅពីអល់ឡោះនោះ? លោកបានឆ្លើយថា៖ ទ្រង់មហាស្អាតស្អំ! មិនសក្ដិសមទេសម្រាប់ខ្ញុំក្នុងការនិយាយនូវអ្វីដែលពុំមែនជាការពិតសម្រាប់ខ្ញុំនោះ។ ប្រសិនបើខ្ញុំបាននិយាយបែបនេះមែន ទ្រង់ប្រាកដជាបានជ្រាបវាជាមិនខាន។ ទ្រង់ជ្រាបនូវអ្វីដែលមាននៅក្នុងខ្លួនខ្ញុំ តែខ្ញុំមិនអាចដឹងនូវអ្វីដែលមាននៅក្នុងខ្លួនទ្រង់ឡើយ។ ពិតប្រាកដណាស់ ទ្រង់តែមួយគត់មហាដឹងនូវប្រការអាថ៌កំបាំងទាំងឡាយ”។ [គម្ពីរគួរអាន ៥ : ១១៦]
ជនណាដែលចង់ទទួលបានសេចក្តីសង្គ្រោះនៅថ្ងៃបរលោក ចាំបាច់លើគេត្រូវចូលកាន់សាសនាអ៊ីស្លាម និងធ្វើតាមព្យាការីមូហាំម៉ាត់ (សូមសន្តិភាពនិងពរជ័យកើតមានដល់លោក)
ក្នុងចំណោមសេចក្តីពិតមួយដែលបណ្តាព្យាការីនិងអ្នកនាំសារទាំងអស់(សូមសន្តិភាពនិងពរជ័យកើតមានដល់ពួកលោក)បានឯកភាពគ្នានោះគឺថា នៅថ្ងៃបរលោក មានតែជនមូស្លីមដែលមានជំនឿចំពោះអល់ឡោះជាម្ចាស់ និងមិនគោរពសក្ការៈអ្នកផ្សេងរួមនឹងអល់ឡោះ ហើយមានជំនឿលើអ្នកនាំសារទាំងអស់ប៉ុណ្ណោះទើបអាចទទួលបានសេចក្តីសង្គ្រោះ ។ ដូចនេះ អ្នកដែលរស់នៅសម័យកាលព្យាការីម៉ូសេ ហើយមានជំនឿចំពោះលោក និងដើរតាមការបង្រៀនរបស់លោក អ្នកទាំងនោះ គឺជាអ្នកមូស្លីម និងជាអ្នកមានជំនឿដ៏សុចរិត។ ក៏ប៉ុន្តែ បន្ទាប់ពីអល់ឡោះជាម្ចាស់ទ្រង់បានចាត់តាំងព្យាការីយេស៊ូ អ្នកដែលដើរតាមព្យាការីម៉ូសេត្រូវតែមានជំនឿលើព្យាការីយេស៊ូ និងដើរតាមលោក។ ដូចនេះ ជនណាដែលមានជំនឿលើព្យាការីយេស៊ូ អ្នកទាំងនោះ គឺជាជនមូស្លីមដ៏សុចរិត។ ក៏ប៉ុន្តែជនណាដែលបដិសេធមិនមានជំនឿលើព្យាការីយេស៊ូ ហើយនិយាយថា ខ្ញុំនឹងនៅតែប្រកាន់ខ្ជាប់នឹងសាសនារបស់ព្យាការីម៉ូសេ ជននោះមិនមែនជាអ្នកមានជំនឿឡើយ ព្រោះគេបានបដិសេធនឹងព្យាការីម្នាក់ដែលអល់ឡោះជាម្ចាស់ទ្រង់បានបញ្ជូនមក។ បន្ទាប់មក ក្រោយពេលដែលអល់ឡោះជាម្ចាស់ទ្រង់បានបញ្ជូនអ្នកនាំសារចុងក្រោយ គឺព្យាការីមូហាំម៉ាត់ មនុស្សគ្រប់រូបចាំបាច់ត្រូវតែមានជំនឿលើលោក ពីព្រោះព្រះជាម្ចាស់ដែលបានបញ្ជូនព្យាការីម៉ូសេ និងព្យាការីយេស៊ូ គឺជាព្រះជាម្ចាស់ដដែលដែលបានបញ្ជូនអ្នកនាំសារចុងក្រោយ គឺព្យាការីមូហាំម៉ាត់។ ដូច្នេះ ជនណាដែលបដិសេធសាររបស់ព្យាការីមូហាំម៉ាត់(សូមសន្តិភាពនិងពរជ័យកើតមានដល់លោក) ហើយនិយាយថា៖ ខ្ញុំនឹងនៅតែដើរតាមព្យាការីម៉ូសេ ឬព្យាការីយេស៊ូដដែល ជននោះមិនមែនជាអ្នកមានជំនឿឡើយ។
ការនិយាយថា ខ្លួនគោរពអ្នកមូស្លីម គឺមិនគ្រប់គ្រាន់នោះទេ។ ហើយការធ្វើទាន និងជួយជនក្រីក្រក៏មិនគ្រប់គ្រាន់សម្រាប់ទទួលបាននូវសេចក្តីសង្គ្រោះនៅថ្ងៃបរលោកនោះដែរ។ ផ្ទុយទៅវិញ ចាំបាច់ត្រូវមានជំនឿចំពោះអល់ឡោះ បណ្តាគម្ពីររបស់ទ្រង់ បណ្តាអ្នកនាំសាររបស់ទ្រង់ និងមានជំនឿចំពោះថ្ងៃបរលោក ទើបអល់ឡោះជាម្ចាស់ទ្រង់ទទួលយកអំពីគេ។ ជាការពិតណាស់ គ្មានបាបកម្មណាដែលធំជាងការធ្វើពហុទេពនិយម គ្មានជំនឿ បដិសេធសារដែលអល់ឡោះជាម្ចាស់ទ្រង់បានបញ្ចុះមក ឬបដិសេធចំពោះភាពជាព្យាការីចុងក្រោយនៃអ្នកនាំសាររបស់ទ្រង់ គឺព្យាការីមូហាំម៉ាត់ (សន្តិភាពនិងពរជ័យកើតមានដល់លោក)នោះឡើយ។ ដូចនេះ ពួកយូដា និងគ្រឹស្តសាសនិកដែលបានឮអំពីការតែងតាំងព្យាការីមូហាំម៉ាត់ជាអ្នកនាំសាររបស់អល់ឡោះ(សូមសន្តិភាពនិងពរជ័យកើតមានដល់លោក) តែបែរជាបដិសេធមិនមានជំនឿចំពោះលោក និងបដិសេធមិនចូលកាន់សាសនាឥស្លាម នោះពួកគេនឹងត្រូវស្ថិតក្នុងឋាននរកជាអមតៈ ដូចដែលអល់ឡោះជាម្ចាស់ទ្រង់បានមានបន្ទូលថា៖
“ពិតប្រាកដណាស់ ពួកដែលគ្មានជំនឿក្នុងចំណោមពួកគម្ពីរជន(យូដា និងគ្រឹស្ទាន) និងពួកពហុទេពនិយម គឺសិ្ថតក្នុងនរកជើហាន់ណាំដោយពួកគេស្ថិតនៅក្នុងនោះជាអមតៈ។ ពួកទាំងនោះហើយ គឺជាសត្វលោកដែលអាក្រក់បំផុត”។ [គម្ពីរគួរអាន ៩៨ : ៦]
ដោយសារតែអល់ឡោះជាម្ចាស់ទ្រង់បានបញ្ចុះនូវសារចុងក្រោយមកកាន់មនុស្សជាតិ ដូចនេះចាំបាច់លើបុគ្គលគ្រប់រូបដែលបានឮអំពីសាសនាឥស្លាម និងបានឮអំពីអ្នកនាំសារចុងក្រោយ គឺព្យាការីមូហាំម៉ាត់(សូមសន្តិភាពនិងពរជ័យកើតមានដល់លោក)ត្រូវមានជំនឿលើលោក ដើរតាមច្បាប់បញ្ញត្តិរបស់លោក ហើយត្រូវគោរពតាមបទបញ្ជានិងការហាមប្រាមរបស់លោក។ អាស្រ័យហេតុនេះ ជនណាដែលបានឮអំពីសារចុងក្រោយនេះ តែបែរជាបដិសេធចំពោះវានោះ អល់ឡោះជាម្ចាស់នឹងមិនទទួលយកអ្វីមួយពីជននោះឡើយ ហើយទ្រង់ប្រាកដជានឹងដាក់ទណ្ឌកម្មរូបគេនៅថ្ងៃបរលោក។ ក្នុងចំណោមភស្តុតាងដែលបញ្ជាក់ដូចនេះ គឺបន្ទូលរបស់អល់ឡោះជាម្ចាស់ដែលទ្រង់បានមានបន្ទូលថា៖
“ហើយជនណាដែលស្វែងរកសាសនាផេ្សងក្រៅពីសាសនាអ៊ីស្លាម អល់ឡោះជាម្ចាស់នឹងមិនទទួលយក(ទង្វើល្អ)ពីគេឡើយ ហើយនៅថ្ងៃបរលោក រូបគេនឹងស្ថិតក្នុងចំណោមពួកដែលខាតបង់”។ [គម្ពីរគួរអាន ៣ : ៨៥]
ទ្រង់បានមានបន្ទូលទៀតថា៖ “ចូរអ្នក(មូហាំម៉ាត់)ពោលថា៖ ឱពួកគម្ពីរជន(យូដា និងគ្រឹស្ទាន)! ចូរពួកអ្នកត្រឡប់មករកពាក្យសំដីមួយដែលសើ្មភាពគ្នារវាងពួកយើង និងពួកអ្នក គឺពួកយើងទាំងអស់គ្នាមិនត្រូវគោរពសក្ការៈម្ចាស់ផេ្សងពីអល់ឡោះ និងមិនត្រូវធ្វើពហុទេពនិយមនឹងទ្រង់នូវប្រការណាមួយឡើយ ហើយពួកយើងក៏មិនត្រូវយកគ្នាឯងធ្វើជាម្ចាស់ផេ្សងពីអល់ឡោះដែរ។ តែប្រសិនបើពួកគេនៅតែបែរចេញ(ពីការអំពាវនាវដ៏ល្អនេះ)ទៀត ចូរពួកអ្នក(អ្នកមានជំនឿ)និយាយទៅកាន់ពួកគេថា៖ ចូរដឹងឮផងថា៖ ពិតប្រាកដណាស់ ពួកយើងគឺជាជនមូស្លីម”។ [គម្ពីរគួរអាន ៣ : ៦៤]
តើខ្ញុំត្រូវធ្វើម្ដេចដើម្បីក្លាយខ្លួនជាជនមូស្លីម?
ដើម្បីចូលកាន់សាសនាឥស្លាម ចាំបាច់ត្រូវមានជំនឿលើគោលគ្រឹះនៃជំនឿទាំងប្រាំមួយនេះ៖
មានជំនឿចំពោះព្រះអល់ឡោះ៖ ជឿថាទ្រង់ជាអ្នកបង្កើត ជាអ្នកប្រទានលាភសក្ការៈ ជាអ្នកគ្រប់គ្រង និងជាអ្នកចាត់ចែង។ គ្មានអ្វីមួយអាចប្រៀបប្រដូចនឹងទ្រង់បានឡើយ។ ទ្រង់គ្មានមហេសី និងគ្មានបុត្រ ហើយទ្រង់តែមួយគត់ដែលសក្តិសមនឹងគោរពសក្ការៈ។
មានជំនឿចំពោះទេវៈ(ម៉ាឡាអ៊ីកាត់)៖ ជឿថាពួកគេជាខ្ញុំបម្រើរបស់អល់ឡោះជាម្ចាស់ដែលទ្រង់បានបង្កើតពួកគេពីពន្លឺ។ ក្នុងចំណោមការងាររបស់ពួកគេ គឺនាំសារទៅកាន់ព្យាការីទាំងឡាយរបស់អល់ឡោះ។
មានជំនឿចំពោះគម្ពីរទាំងអស់ដែលអល់ឡោះបានបញ្ចុះទៅលើព្យាការីទាំងឡាយរបស់ទ្រង់(ដូចជាគម្ពីរតូរ៉ាឬគម្ពីរសម្ព័ន្ធមេត្រីចាស់ និងអ៊ិញ្ជីលឬគម្ពីរសម្ព័ន្ធមេត្រីថ្មី) ហើយនិងគម្ពីរចុងក្រោយ គឺគម្ពីរគួរអាន។
មានជំនឿចំពោះអ្នកនាំសារទាំងអស់ ដូចជាព្យាការីណូអេ អាប្រាហាំ ម៉ូសេ យេស៊ូ ហើយនិងព្យាការីចុងក្រោយ គឺព្យាការីមូហាំម៉ាត់។ ពួកលោកគឺជាមនុស្សដែលអល់ឡោះជាម្ចាស់ទ្រង់បានគាំទ្រពួកលោកដោយសាររបស់ទ្រង់ និងបានប្រទានដល់ពួកលោកនូវសញ្ញាភស្តុតាង និងអច្ឆរិយភាពជាច្រើនដែលបញ្ជាក់ពីសច្ចៈភាពរបស់ពួកលោក។
មានជំនឿចំពោះថ្ងៃបរលោកដោយនៅថ្ងៃនោះ ព្រះអល់ឡោះជាម្ចាស់នឹងប្រោសមនុស្សទាំងអស់ឲ្យរស់ឡើងវិញ ទាំងអ្នកជំនាន់មុន ទាំងអ្នកជំនាន់ក្រោយ ហើយទ្រង់នឹងកាត់ក្ដីរវាងភាវៈរបស់ទ្រង់ទាំងឡាយ។ អ្នកមានជំនឿនឹងបានចូលឋានសួគ៌ ហើយអ្នកគ្មានជំនឿនឹងចូលឋាននរក។
មានជំនឿលើការកំណត់ព្រេងវាសនា៖ ជឿថាព្រះអល់ឡោះជាម្ចាស់ដឹងនូវអ្វីៗទាំងអស់ ទាំងអ្វីដែលកើតឡើងក្នុងអតីតកាល និងអ្វីដែលនឹងកើតឡើងនាពេលអនាគត។ ទ្រង់បានកត់ត្រាវា មានចេតនាឱ្យវាកើតឡើង ព្រមទាំងបានបង្កើតអ្វីៗទាំងអស់។
អ៊ីស្លាម គឺជាមាគ៌ានៃសុភមង្គល
អ៊ីស្លាម គឺជាសាសនារបស់ព្យាការីទាំងអស់ ពុំមែនជាសាសនាសម្រាប់តែជនជាតិអារ៉ាប់នោះទេ។
អ៊ីស្លាម គឺជាមាគ៌ានៃសុភមង្គលពិតប្រាកដនៅក្នុងលោកិយនេះ និងជាបរមសុខអមតៈនៅថ្ងៃបរលោក។
អ៊ីស្លាម គឺជាសាសនាតែមួយគត់ដែលមានសមត្ថភាពអាចបំពេញនូវតម្រូវការទាំងខាងផ្លូវចិត្ត និងផ្លូវកាយ ហើយអាចដោះស្រាយគ្រប់បញ្ហារបស់មនុស្សជាតិទាំងអស់។
អល់ឡោះជាម្ចាស់បានមានបន្ទូលថា៖
“ទ្រង់បានមានបន្ទូលថា៖ ចូរអ្នកទាំងពីរ(អាដាំ និងអេវ៉ា)ចុះចេញពីឋានសួគ៌ទាំងអស់គ្នាចុះ។ ពួកអ្នកមួយចំនួន គឺជាសត្រូវនឹងគ្នា។ ហើយប្រសិនបើការចង្អុលបង្ហាញរបស់យើងមកដល់ពួកអ្នក ជនណាហើយដែលបានដើរតាមការចង្អុលបង្ហាញរបស់យើងនោះ គឺគេមិនវងេ្វងឡើយនៅក្នុងលោកិយ ហើយក៏មិនលំបាកនោះដែរនៅថ្ងៃបរលោក។ រីឯជនណាហើយបានងាកចេញពីការដាស់តឿន(គម្ពីរគួរអាន)របស់យើង ពិតប្រាកដណាស់សម្រាប់គេ គឺការរស់នៅយ៉ាងលំបាកវេទនា ហើយយើងនឹងប្រមូលផ្ដុំគេនៅថ្ងៃបរលោកក្នុងនាមជាមនុស្សពិការភ្នែក”។ [គម្ពីរគួរអាន ២០ : ១២៣-១២៤]
តើខ្ញុំទទួលបានផលប្រយោជន៍អ្វីខ្លះពីការចូលសាសនាអ៊ីស្លាម?
ការចូលសាសនាអ៊ីស្លាម គឺផ្តល់នូវផលប្រយោជន៍ដ៏ធំធេង ក្នុងចំណោមនោះមានដូចជា៖
ទទួលបាននូវជោគជ័យ និងកិត្តិយសក្នុងលោកិយនេះដោយបានក្លាយជាខ្ញុំបម្រើរបស់អល់ឡោះជាម្ចាស់។ បើពុំនោះទេ នឹងក្លាយជាទាសករនៃតណ្ហា បិសាចសាតាំង និងកិលេស។
ទទួលបាននូវជ័យជម្នះដ៏ធំបំផុតនៅថ្ងៃបរលោកដោយរួចផុតពីទណ្ឌកម្មនៃភ្លើងនរក ហើយបានចូលឋានសួគ៌ ព្រមទាំងទទួលបានការសព្វព្រះទ័យពីព្រះអល់ឡោះជាម្ចាស់ និងជីវិតអមតៈក្នុងឋានសួគ៌។
អ្នកដែលត្រូវបានអល់ឡោះជាម្ចាស់បញ្ចូលទៅក្នុងឋានសួគ៌ ពួកគេនឹងរស់នៅក្នុងបរមសុខជានិច្ច ដោយមិនស្លាប់ គ្មានជំងឺ គ្មានការឈឺចាប់ គ្មានទុក្ខព្រួយ និងមិនចាស់នោះឡើយ ហើយពួកគេនឹងទទួលបាននូវអ្វីគ្រប់យ៉ាងដែលពួកគេចង់បាន។
នៅក្នុងឋានសួគ៌ គឺមានការប្រោសប្រទានជាច្រើនដែលភ្នែកមិនធ្លាប់បានឃើញ ត្រចៀកមិនដែលស្តាប់ឮ ហើយចិត្តមនុស្សក៏មិនធ្លាប់ស្រមៃដល់។
ក្នុងចំណោមភស្តុតាងដែលបញ្ជាក់បែបនេះ គឺបន្ទូលរបស់អល់ឡោះជាម្ចាស់ដែលទ្រង់បានមានបន្ទូលថា៖ “ជនណាហើយដែលបានសាងអំពើល្អក្នុងចំណោមបុរស ឬស្ដ្រី ហើយគេជាអ្នកមានជំនឿទៀតនោះ គឺយើងពិតជានឹងធ្វើឱ្យគេមានជីវិតរស់នៅដ៏ល្អប្រសើរ ហើយនិងតបស្នងឱ្យពួកគេនូវផលបុណ្យរបស់ពួកគេដោយសារតែអំពើល្អដែលពួកគេធ្លាប់បានសាង”។ [គម្ពីរគួរអាន ១៦ : ៩៧]
តើខ្ញុំនឹងខាតបង់អ្វីខ្លះប្រសិនបើខ្ញុំបដិសេធសាសនាអ៊ីស្លាម?
មនុស្សនឹងខាតបង់ចំណេះដឹង និងការយល់ដឹងធំបំផុត គឺការស្គាល់និងយល់ដឹងពីអល់ឡោះ។ គេនឹងខាតបង់ជំនឿលើអល់ឡោះដែលផ្តល់សន្តិសុខ ភាពស្ងប់ចិត្តក្នុងលោកនេះ និងសុភមង្គលអមតៈនៅបរលោក។
មនុស្សនឹងខាតបង់នូវការស្វែងយល់ពីគម្ពីរដ៏ឧត្តុង្គឧត្តមបំផុតមួយដែលអល់ឡោះជាម្ចាស់ទ្រង់បានបញ្ចុះមកកាន់មនុស្សលោក និងខាតបង់ជំនឿលើគម្ពីរដ៏អស្ចារ្យនេះ។
មនុស្សនឹងខាតបង់ជំនឿលើបណ្ដាព្យាការីដ៏អស្ចារ្យ ថែមទាំងបាត់បង់ឱកាសបាននៅជាមួយពួកលោកនៅក្នុងឋានសួគ៌នាថ្ងៃបរលោក ហើយគេនឹងត្រូវនៅជាមួយពួកបិសាចសាតាំង ពួកឧក្រិដ្ឋជន និងពួកព្រះនានានៅក្នុងឋាននរក ដែលជាទីជម្រកដ៏អាក្រក់ និងជាកន្លែងដ៏ថោកទាបបំផុត។
អល់ឡោះជាម្ចាស់ទ្រង់បានមានបន្ទូលថា៖
“ចូរអ្នក(មូហាំម៉ាត់)ពោលថា៖ ពួកដែលខាតបង់ គឺពួកដែលបានខាតបង់ខ្លួនឯង និងក្រុមគ្រួសាររបស់ខ្លួននៅថ្ងៃបរលោក។ តើនោះមិនមែនជាការខាតបង់ដ៏ច្បាស់លាស់បំផុតទេឬ? មានភ្លើងជាស្រទាប់ៗនៅពីលើពួកគេនិងនៅពីក្រោមពួកគេ។ (ទណ្ឌកម្ម)នោះហើយដែលអល់ឡោះគំរាមខ្ញុំទាំងឡាយរបស់ទ្រង់ឱ្យភ័យខ្លាច។ ឱខ្ញុំបម្រើទាំងឡាយរបស់យើង! ចូរពួកអ្នកកោតខ្លាចយើងចុះ”។ [គម្ពីរគួរអាន ៣៩ : ១៥-១៦]
សូមកុំពន្យារពេលក្នុងការធ្វើការសម្រេចចិត្ត!
លោកិយនេះពុំមែនជាកន្លែងអមតៈនោះទេ...
រាល់ភាពស្រស់ស្អាតទាំងអស់នឹងរលាយបាត់ ហើយរាល់កិលេសតណ្ហានឹងរលត់ទៅ...
ថ្ងៃមួយនឹងមានមកដល់ដែលអ្នកនឹងត្រូវគេជំនុំជម្រះលើអ្វីគ្រប់យ៉ាងដែលអ្នកបានសាង នោះគឺថ្ងៃបរលោក។ អល់ឡោះជាម្ចាស់ទ្រង់បានមានបន្ទូលថា៖ “ហើយសៀវភៅកំណត់ហេតុត្រូវបានគេដាក់(នៅដៃខាងស្ដាំសម្រាប់អ្នកដែលមានជំនឿ និងដៃខាងឆេ្វងសម្រាប់អ្នកដែលគ្មានជំនឿ)។ ពេលនោះ អ្នកនឹងឃើញពួកដែលប្រព្រឹត្ដអំពើអាក្រក់មានការភ័យខ្លាចនូវអ្វីដែលមាននៅក្នុងកំណត់ហេតុនោះ។ ហើយពួកគេនឹងនិយាយថា៖ វិនាសអន្ដរាយហើយពួកយើង! តើនេះជាសៀវភៅកំណត់ហេតុអ្វីទៅបានជាវាមិនបន្សល់ទុកសូម្បីតែអ្វីដែលតូច ឬធំ លើកលែងតែវាបានកត់ត្រាទុកទាំងអស់ដូចេ្នះ! ហើយពួកគេបានឃើញនៅចំពោះមុខនូវអ្វីដែលពួកគេបានប្រព្រឹត្ដ។ ហើយព្រះជាម្ចាស់របស់អ្នកមិនបំពានលើអ្នកណាម្នាក់ឡើយ”។ [គម្ពីរគួរអាន ១៨ : ៤៩]
អល់ឡោះជាម្ចាស់ទ្រង់បានប្រាប់ថា ជាការពិតណាស់ មនុស្សដែលមិនចូលសាសនាអ៊ីស្លាម កន្លែងវិលត្រឡប់របស់ជននោះ គឺការស្ថិតនៅជាអមតៈក្នុងឋាននរកជារៀងរហូត អស់កល្បជានិច្ច។
ដូចនេះ វាមិនមែនជាការខាតបង់សាមញ្ញនោះទេ។ ផ្ទុយទៅវិញ វាជាការខាតបង់ដ៏ធំធេងបំផុត៖ “ហើយជនណាដែលស្វែងរកសាសនាផេ្សងក្រៅពីសាសនាអ៊ីស្លាម អល់ឡោះជាម្ចាស់នឹងមិនទទួលយក(ទង្វើល្អ)ពីគេឡើយ ហើយនៅថ្ងៃបរលោក រូបគេនឹងស្ថិតក្នុងចំណោមពួកដែលខាតបង់”។ [គម្ពីរគួរអាន ៣ : ៨៥]
សាសនាអ៊ីស្លាម គឺជាសាសនាតែមួយគត់ដែលព្រះអល់ឡោះជាម្ចាស់ទ្រង់ទទួលយក ហើយទ្រង់មិនទទួលយកសាសនាដទៃឡើយ។
ជាការពិតណាស់ អល់ឡោះជាម្ចាស់ទ្រង់ជាអ្នកបង្កើតយើង។ យើងនឹងវិលត្រឡប់ទៅកាន់ទ្រង់វិញ។ ហើយលោកិយនេះ គឺជាការសាកល្បងសម្រាប់យើង។
ត្រូវដឹងឲ្យប្រាកដថា ឆាកជីវិតនេះខ្លីណាស់ ប្រៀបដូចជាសុបិន... ហើយគ្មាននរណាម្នាក់ដឹងថា ខ្លួននឹងស្លាប់នៅពេលណានោះទេ!
ដូចនេះ តើអ្នកនឹងឆ្លើយតបយ៉ាងណាចំពោះព្រះជាម្ចាស់របស់អ្នក ប្រសិនបើទ្រង់សួរអ្នកនៅថ្ងៃបរលោកថា៖ ហេតុអ្វីបានជាអ្នកមិនដើរតាមសេចក្តីពិត? ហេតុអ្វីបានជាអ្នកមិនដើរតាមព្យាការីចុងក្រោយ?
តើអ្នកនឹងឆ្លើយតបយ៉ាងណាចំពោះព្រះជាម្ចាស់របស់អ្នកនៅថ្ងៃបរលោក ខណៈដែលទ្រង់បានព្រមានអ្នកអំពីផលវិបាកនៃការបដិសេធសាសនាអ៊ីស្លាម ហើយទ្រង់បានប្រាប់អ្នកថា ជោគវាសនារបស់អ្នកដែលបដិសេធ គឺការវិនាសក្នុងភ្លើងនរកជាអមតៈនោះ?
អល់ឡោះជាម្ចាស់ទ្រង់បានមានបន្ទូលថា៖ “ចំណែកឯពួកដែលប្រឆាំង ហើយបានបដិសេធនឹងវាក្យខណ្ឌទាំងឡាយរបស់យើង ពួកទាំងនោះ គឺជាពួកនរក ដោយពួកគេស្ថិតនៅក្នុងនោះជាអមតៈ”។ [គម្ពីរគួរអាន ២: ៣៩]
គ្មានលេសដោះសាឡើយសសម្រាប់អ្នកដែលបោះបង់ភាពត្រឹមត្រូវ ហើយដើរតាមដូនតាដោយងងឹតងងុល
អល់ឡោះជាម្ចាស់ទ្រង់បានប្រាប់យើងថា ជាការពិតណាស់ មានមនុស្សជាច្រើនបានបដិសេធមិនចូលសាសនាអ៊ីស្លាមដោយសារខ្លាចបរិយាកាសជុំវិញ។
មានមនុស្សជាច្រើនបានបដិសេធសាសនាអ៊ីស្លាមព្រោះមិនចង់ផ្លាស់ប្តូរគោលជំនឿដែលខ្លួនទទួលមរតកពីជីដូនជីតា និងទម្លាប់ខ្លួននឹងគោលជំនឿទាំងនោះ។ ហើយមានមនុស្សជាច្រើនទៀតត្រូវបានរារាំងដោយភាពងប់ងុល ហើយតស៊ូការពារភាពខុសឆ្គងដែលខ្លួនទទួលបាន។
អ្នកទាំងនេះ គឺគ្មានលេសដោះសាអ្វីឡើយសម្រាប់ពួកគេចំពោះបញ្ហាទាំងនេះ ហើយពួកគេនឹងត្រូវឈរនៅចំពោះព្រះភក្រ្តព្រះអល់ឡោះជាម្ចាស់ដោយមិនមានអំណះអំណាងអ្វីឡើយ។
ការនិយាយថា៖ “ខ្ញុំនឹងនៅតែជាមនុស្សដែលមិនជឿលើព្រះ ព្រោះខ្ញុំកើតនៅក្នុងគ្រួសារអ្នកដែលមិនជឿលើព្រះ”មិនមែនជាលេសសម្រាប់អ្នកមិនជឿព្រះឡើយ។ ផ្ទុយទៅវិញ គេត្រូវប្រើប្រាជ្ញាដែលព្រះបានប្រទានឱ្យដើម្បីសង្កេតមើលភាពអស្ចារ្យនៃមេឃា និងផែនដី ហើយត្រូវប្រើគំនិតដែលព្រះបានប្រទានឱ្យ ដើម្បីយល់ថា សាកលលោកនេះ ពិតជាមានអ្នកបង្កើត។ ដូចគ្នានេះដែរ អ្នកដែលគោរពសក្ការៈដុំថ្ម ឬរូបបដិមានានា ក៏គ្មានលេសសម្រាប់ពួកគេចំពោះការធ្វើតាមជីដូនជីតារបស់ខ្លួននោះដែរ។ ផ្ទុយទៅវិញ គេត្រូវស្វែងរកសេចក្តីពិត និងត្រូវសួរខ្លួនឯងថា៖ ហេតុអ្វីខ្ញុំត្រូវគោរពបូជាវត្ថុឥតវិញ្ញាណដែលស្តាប់ខ្ញុំមិនឮ មើលខ្ញុំមិនឃើញ ហើយក៏មិនអាចផ្តល់ផលប្រយោជន៍អ្វីសោះដល់ខ្ញុំបែបនេះ?
ក៏ដូចគ្នាដែរ គ្រឹស្តសាសនិកដែលមានជំនឿលើរឿងរ៉ាវជាច្រើនដែលផ្ទុយនឹងបុព្វជំនឿពីកំណើត និងផ្ទុយពីសតិបញ្ញា គេត្រូវសួរខ្លួនឯងថា៖ ហេតុអ្វីព្រះជាម្ចាស់ត្រូវឲ្យបុត្រារបស់ទ្រង់ដែលមិនបានប្រព្រឹត្តអំពើបាបសោះសុគតដើម្បីអត់ទោសចំពោះអំពើបាបរបស់មនុស្សផ្សេងទៀត? នេះគឺជាភាពអយុត្តិធម៌បំផុត! តើមនុស្សអាចឆ្កាង និងសម្លាប់បុត្រារបស់ព្រះជាម្ចាស់បានយ៉ាងដូចម្តេច? តើព្រះជាម្ចាស់មិនមានអំណាចអត់ទោសឱ្យមនុស្សជាតិដោយមិនចាំបាច់អនុញ្ញាតឱ្យគេសម្លាប់បុត្រារបស់ទ្រង់ទេឬ? តើព្រះជាម្ចាស់មិនមានសមត្ថភាពអាចការពារបុត្រារបស់អង្គឯងទេឬ?
ដូចនេះ ចាំបាច់លើអ្នកដែលមានសតិបញ្ញាត្រូវដើរតាមសេចក្តីពិត ហើយមិនត្រូវដើរតាមបុព្វបុរស ឬជីដូនជីតាលើប្រការខុសឆ្គងទាំងងងឹតងងុលឡើយ។
ព្រះអល់ឡោះជាម្ចាស់ទ្រង់បានមានបន្ទូលថា៖ “ហើយនៅពេលដែលមានគេនិយាយទៅកាន់ពួកគេ(ពួកគ្មានជំនឿ)ថា៖ ចូរពួកអ្នកត្រឡប់មករកអ្វីដែលអល់ឡោះបានបញ្ចុះ និងមករកអ្នកនាំសារចុះ(ដើម្បីកាត់សេចក្តី) ពួកគេឆ្លើយថា៖ គ្រប់គ្រាន់ហើយសម្រាប់ពួកយើងនូវអ្វីដែលពួកយើងបានទទួលពីដូនជីតារបស់ពួកយើង។ តើ(ពួកគេនិយាយដូចេ្នះ) ទោះបីជាដូនតារបស់ពួកគេគ្មានការយល់ដឹងអ្វីសោះ និងមិនទទួលបានការចង្អុលបង្ហាញក៏ដោយឬ”? [គម្ពីរគួរអាន ៥ : ១០៤]
តើត្រូវធ្វើដូចម្ដេចចំពោះអ្នកដែលចង់ចូលសាសនាអ៊ីស្លាម ប៉ុន្តែខ្លាចទទួលនូវការធ្វើទុក្ខបុកម្នេញពីសំណាក់សាច់ញាតិរបស់ខ្លួន?
ចំពោះអ្នកដែលចង់ចូលសាសនាអ៊ីស្លាម ប៉ុន្តែបារម្ភខ្លាចអ្នកជុំវិញខ្លួន គឺគេអាចចូលឥស្លាម ហើយរក្សាវាជាការសម្ងាត់ រហូតដល់អល់ឡោះទ្រង់សម្រួលនូវផ្លូវដែលល្អសម្រាប់រូបគេដើម្បីអាចរស់នៅដោយឯករាជ្យ និងអាចបង្ហាញឥស្លាមរបស់ខ្លួនបាន។
ដូចនេះ អ្នកចាំបាច់ត្រូវទទួលយកសាសនាអ៊ីស្លាមភ្លាមៗ ប៉ុន្តែអ្នកមិនចាំបាច់ប្រាប់អ្នកជុំវិញខ្លួនថាអ្នកបានចូលឥស្លាម ឬបង្ហាញវាជាសាធារណៈនោះទេ ប្រសិនបើការធ្វើដូចនោះអាចបង្កគ្រោះថ្នាក់ដល់អ្នក។
អ្នកត្រូវដឹងថា ប្រសិនបើអ្នកចូលកាន់សាសនាអ៊ីស្លាម អ្នកនឹងក្លាយជាបងប្អូននឹងគ្នាជាមួយនឹងអ្នកមូស្លីមរាប់ពាន់លាននាក់ផ្សេងទៀត។ អ្នកអាចទាក់ទងជាមួយវិហារឥស្លាម ឬមជ្ឈមណ្ឌលអ៊ីស្លាមនៅក្នុងប្រទេសរបស់អ្នកដើម្បីសុំការណែនាំ និងសុំជំនួយ ហើយពួកគេនឹងរីករាយក្នុងការជួយអ្នក។
អល់ឡោះជាម្ចាស់ទ្រង់បានមានបន្ទូលថា៖
“ហើយជនណាដែលកោតខ្លាចអល់ឡោះ ទ្រង់នឹងធ្វើឱ្យគេមានច្រកចេញ។ ហើយទ្រង់នឹងផ្ដល់លាភសក្ការៈដល់គេដោយគេនឹកស្មានមិនដល់”។ [គម្ពីរគួរអាន ៦៥ : ២៣]
មិត្តអ្នកអានជាទីគោរព!
តើការធ្វើឱ្យព្រះអល់ឡោះជាម្ចាស់ដែលជាអ្នកបង្កើតអ្នកសព្វព្រះទ័យ(ទាំងដែលទ្រង់ជាអ្នកដែលបានប្រទាននូវឧបការគុណទាំងឡាយដល់អ្នក បានផ្តល់នូវអាហារដល់អ្នក ខណៈដែលអ្នកនៅជាគភ៌ក្នុងផ្ទៃម្តាយ និងផ្តល់ខ្យល់ដែលអ្នកដកដង្ហើមនាពេលនេះ) មិនសំខាន់ជាងការធ្វើឲ្យអ្នកដទៃពេញចិត្តចំពោះអ្នកទេឬ?
តើការទទួលបានជោគជ័យទាំងក្នុងលោកិយ និងនៅថ្ងៃបរលោក មិនសក្តិសមនឹងការលះបង់នូវភាពសប្បាយរីករាយបណ្តោះអាសន្ននៃជីវិតនេះទេឬ? ប្រាកដណាស់ សូមស្បថនឹងអល់ឡោះ!
សូមកុំឱ្យអតីតកាលរបស់អ្នករារាំងអ្នកពីការកែតម្រូវផ្លូវខុសឆ្គងដែលអ្នកធ្លាប់ដើរ ហើយធ្វើនូវអ្វីដែលត្រឹមត្រូវ។
ចូរក្លាយជាអ្នកដែលមានជំនឿពិតប្រាកដនៅថ្ងៃនេះ ហើយកុំឱ្យបិសាចសាតាំងរារាំងអ្នកពីការដើរតាមសេចក្តីពិត និងភាពត្រឹមត្រូវ!
ព្រះអល់ឡោះជាម្ចាស់ទ្រង់បានមានបន្ទូលថា៖
”ឱមនុស្សលោកទាំងឡាយ! សញ្ញាភស្ដុតាងពីម្ចាស់របស់ពួកអ្នកពិតជាបានមកដល់ពួកអ្នកហើយ។ ហើយយើងបានបញ្ចុះទៅកាន់ពួកអ្នកនូវពន្លឺយ៉ាងច្បាស់(គម្ពីរគួរអាន)។ រីឯបណ្ដាអ្នកដែលមានជំនឿចំពោះអល់ឡោះ ហើយប្រកាន់ខ្ជាប់នឹងវា(គម្ពីរគួរអាន)នោះ ទ្រង់នឹងបញ្ចូលពួកគេទៅក្នុងឋានសួគ៌ដោយក្ដីមេត្ដាករុណា និងការប្រោសប្រទានពីទ្រង់ ព្រមទាំងចង្អុលបង្ហាញពួកគេនូវមាគ៌ាដ៏ត្រឹមត្រូវទៅកាន់ទ្រង់”។ [គម្ពីរគួរអាន ៤ : ១៧៤-១៧៥]
តើអ្នកបានត្រៀមខ្លួនហើយឬនៅដើម្បីធ្វើការសម្រេចចិត្តដ៏ធំបំផុតក្នុងជីវិតរបស់អ្នក?
ប្រសិនបើអ្វីដែលបានលើកឡើងខាងលើមានហេតុផលច្បាស់លាស់សម្រាប់អ្នក ហើយអ្នកបានទទួលស្គាល់ការពិតនៅក្នុងចិត្តរបស់អ្នករួចហើយនោះ អ្នកត្រូវតែបោះជំហានដំបូងឆ្ពោះទៅរកការក្លាយជាជនមូស្លីម។ តើអ្នកចង់ឱ្យខ្ញុំជួយអ្នកធ្វើការសម្រេចចិត្តដ៏ល្អបំផុតក្នុងជីវិតរបស់អ្នក និងណែនាំអ្នកអំពីរបៀបក្លាយជាអ្នកមូស្លីមឬទេ?
ចូរកុំឱ្យអំពើបាបរបស់អ្នករារាំងអ្នកពីការចូលកាន់សាសនាអ៊ីស្លាម ព្រោះអល់ឡោះជាម្ចាស់ទ្រង់បានប្រាប់យើងនៅក្នុងគម្ពីរគួរអានថា ជាការពិតណាស់ ទ្រង់នឹងអត់ទោសឱ្យចំពោះអំពើបាបទាំងអស់របស់មនុស្ស ប្រសិនបើគេទទួលយកសាសនាអ៊ីស្លាម និងប្រែចិត្តត្រឡប់ទៅរកព្រះជាម្ចាស់ដែលជាអ្នកបង្កើត។ សូម្បីតែបន្ទាប់ពីអ្នកទទួលយកសាសនាអ៊ីស្លាមហើយក៏ដោយ វាជារឿងធម្មតាទេដែលអ្នកនឹងនៅតែប្រព្រឹត្តអំពើបាបខ្លះ ព្រោះយើងជាមនុស្ស មិនមែនជាទេវតាដែលគ្មានកំហុសនោះទេ។ ប៉ុន្តែអ្វីដែលតម្រូវឱ្យយើងធ្វើ គឺសុំការលើកលែងទោសពីអល់ឡោះ និងប្រែចិត្តទៅរកទ្រង់។ ប្រសិនបើអល់ឡោះឃើញថាអ្នកជាមនុស្សដែលរួសរាន់ក្នុងការទទួលយកភាពត្រឹមត្រូវ ហើយបានចូលកាន់សាសនាអ៊ីស្លាម និងពោលពាក្យសក្ខីកម្ម(ស្ហាហាហ្ទះ) នោះទ្រង់នឹងជួយអ្នកឱ្យបោះបង់អំពើបាបផ្សេងៗទៀត។ អ្នកដែលងាកមករកអល់ឡោះ និងដើរតាមសេចក្តីពិត នោះអល់ឡោះជាម្ចាស់នឹងប្រទាននូវប្រការល្អដល់គេកាន់តែច្រើនបន្ថែមទៀត។ ដូច្នេះ ចូរអ្នកកុំស្ទាក់ស្ទើរក្នុងការចូលសាសនាអ៊ីស្លាមក្នុងពេលឥឡូវនេះ!
ក្នុងចំណោមភស្តុតាងដែលបញ្ជាក់បែបនេះ គឺបន្ទូលរបស់អល់ឡោះទ្រង់បានមានបន្ទូលថា៖ ចូរអ្នក(មូហាំម៉ាត់)ពោលទៅកាន់ពួកដែលគ្មានជំនឿថា ប្រសិនបើពួកគេបពា្ឈប់ការប្រឆាំងនឹងអល់ឡោះ គេនឹងអភ័យទោសឱ្យពួកគេនូវអ្វីដែលពួកគេបានប្រព្រឹត្ដកន្លងមក”។ [គម្ពីរគួរអាន ៨ : ៣៨]
ដើម្បីក្លាយខ្លួនជាអ្នកមូស្លីម តើខ្ញុំត្រូវធ្វើដូចម្តេច?
ការចូលកាន់សាសនាអ៊ីស្លាម គឺជារឿងងាយស្រួល ហើយមិនតម្រូវឱ្យមានកិច្ចពិធីតាមបែបសាសនា ឬនីតិវិធីផ្លូវការណាមួយ ឬក៏តម្រូវឱ្យមានអ្នកណាម្នាក់ចូលរួមនោះឡើយ។ អ្នកគ្រាន់តែពោលពាក្យសក្ខីកម្ម(ស្ហាហាហ្ទះ)ទាំងពីរឃ្លា ដោយយល់ច្បាស់ពីអត្ថន័យរបស់វា និងមានជំនឿលើវាប៉ុណ្ណោះ ដោយអ្នកត្រូវពោលថា៖ “អាស្ហហាទូ អាល់ឡា អ៊ីឡាហា អ៊ិលលល់ឡោះ វ៉ាអាស្ហហាទូ អាន់ណា មូហាំម៉ាតាន់ រ៉ស៊ូលុលឡោះ” ដែលមានន័យថា៖ “ខ្ញុំសូមធ្វើសាក្សីថា គ្មានព្រះជាម្ចាស់ឯណាដែលត្រូវគេគោរពសក្ការៈដ៏ពិតប្រាកដក្រៅពីអល់ឡោះឡើយ ហើយខ្ញុំសូមធ្វើសាក្សីទៀតថា មូហាំម៉ាត់ គឺជាអ្នកនាំសាររបស់អល់ឡោះ”។ ប្រសិនបើអ្នកអាចពោលវាជាភាសាអារ៉ាប់បាន នោះជាការល្អ។ តែប្រសិនបើវាពិបាកសម្រាប់អ្នក អ្នកអាចពោលវាជាភាសារបស់អ្នកបាន។ តាមរយៈការពោលពាក្យទាំងពីរឃ្លានេះ អ្នកបានក្លាយជាជនមូស្លីមហើយ។ បន្ទាប់មក ចាំបាច់លើអ្នកត្រូវសិក្សាអំពីសាសនារបស់អ្នកដែលនឹងក្លាយជាប្រភពនៃសុភមង្គលរបស់អ្នកក្នុងលោកិយនេះ និងជាការសង្គ្រោះសម្រាប់អ្នកនៅថ្ងៃបរលោក។
សម្រាប់ព័ត៌មានបន្ថែមអំពីសាសនាអ៊ីស្លាម ខ្ញុំសូមណែនាំឱ្យអ្នកចូលទៅកាន់គេហទំព័រ៖
ដើម្បីសិក្សាពីររបៀបប្រតិបត្តិសាសនាអ៊ីស្លាម យើងណែនាំឲ្យអ្នកឲ្យចូលទៅកាន់គេហទំព័រ៖