ឧត្តមភាព និងសុជីវធម៌ចំពោះម៉ាស្ជិតអាន់ណាហ្ពាវី ព្រមទាំងក្បួនច្បាប់នៃការទស្សនកិច្ចផ្នូរណាពី ﷺ និងផ្នូរសហាហ្ពាត់ទាំងពីររបស់លោក k
សៀវភៅនេះបកស្រាយបញ្ជាក់ពីឧត្តមភាព ឬភាពវិសេសវិសាលនៃម៉ាស្ជិតអាន់ណាហ្ពាវី ព្រមទាំងសុជីវធម៌នៅក្នុងការទស្សនកិច្ចម៉ាស្ជិតនេះ ក៏ដូចជាបង្ហាញអំពីសុជីវធម៌នៃការទស្សនកិច្ចផ្នូររបស់ណាពី ﷺ និងផ្នូរសហការីទាំងពីររបស់លោក رضي الله عنهماដោយសង្កត់ធ្ងន់លើសារសំខាន់នៃភាពថ្លៃថ្នូរ និងភាពបរិសុទ្ធ ព្រមទាំងការជៀសវាងពីទង្វើនៃការបង្កើតថ្មី(ពិតអះ)ក្នុងអំឡុងពេលទស្សនកិច្ច។
This PDF is generated automatically from the book's text; its layout may differ from the printed edition.
ឧត្តមភាព និងសុជីវធម៌ចំពោះម៉ាស្ជិតអាន់ណាហ្ពាវី ព្រមទាំងក្បួនច្បាប់នៃការទស្សនកិច្ចផ្នូរណាពី ﷺ និងផ្នូរសហាហ្ពាត់ទាំងពីររបស់លោក k
រៀបចំដោយ
គណៈកម្មការវិទ្យាសាស្ត្រទទួលបន្ទុកកិច្ចការសាសនាប្រចាំម៉ាស្ជិតអាល់ហារ៉ម និងម៉ាស្ជិតអាន់ណាហ្ពាវី
ឆ្នាំ១៤៤៧ មូហាំម៉ាត់សករាជ
អារម្ភកថា
រាល់ការសរសើរទាំងឡាយ គឺសម្រាប់អល់ឡោះជាព្រះជាម្ចាស់នៃពិភពទាំងអស់។ សូមពរជ័យ និងសន្តិភាពកើតមានដល់អ្នកដែលត្រូវបានចាត់បញ្ជូនមកជាក្តីមេត្តាករុណាសម្រាប់ពិភពទាំងឡាយ ព្រមទាំងក្រុមគ្រួសារ និងបណ្តាសហាហ្ពាត់របស់លោក ហើយនិងអ្នកទាំងឡាយដែលប្រតិបត្តិតាមមាគ៌ារបស់លោក និងដើរតាមការចង្អុលបង្ហាញរបស់លោក រហូតដល់ថ្ងៃបរលោក។ ជាបន្តមកទៀត៖
នេះគឺជាសារលិខិតដ៏សង្ខេបដែលផ្ទុកទៅដោយប្រការសំខាន់ៗទាក់ទងនឹងឧត្តមភាពនៃម៉ាស្ជិតអាន់ណាហ្ពាវី និងសុជីវធម៌នៃការទស្សនកិច្ចម៉ាស្ជិតនេះ ព្រមទាំងសុជីវធម៌នៃការទស្សនកិច្ចផ្នូររបស់ណាពី ﷺ និងផ្នូររបស់សហាហ្ពាត់ទាំងពីររបស់លោក k ។ យើងបានចងក្រងសារនេះសម្រាប់អ្នកទាំងឡាយដែលបានមកទស្សនកិច្ចម៉ាស្ជិតអាន់ណាហ្ពាវី ដើម្បីឱ្យពួកគេទទួលបានចំណេះដឹង និងការយល់ដឹងច្បាស់លាស់ទាក់ទងនឹងឧត្តមភាពនៃម៉ាស្ជិតរបស់ណាពីនៃប្រជាជាតិនេះ ﷺ ក៏ដូចជាសុជីវធម៌នៃការទស្សនកិច្ចម៉ាស្ជិតនេះ និងការសឡាតនៅក្នុងនោះ។ យើងខ្ញុំសូមបួងសួងដល់ព្រះជាម្ចាស់ដ៏មហាឧត្តុង្គឧត្តម សូមឱ្យសារលិខិតនេះផ្ដល់នូវអត្ថប្រយោជន៍ និងសូមឲ្យកិច្ចការនេះក្លាយជាទង្វើកុសលដែលធ្វើឡើងប្រកបដោយសទ្ធាជ្រះថ្លាចំពោះទ្រង់តែមួយអង្គគត់។ ពិតប្រាកដណាស់ ទ្រង់គឺជាម្ចាស់ដ៏ប្រសើរបំផុតដែលគេទូលសូម និងជាម្ចាស់ដ៏ប្រសើរបំផុតដែលគេសង្ឃឹមលើ។
គណៈកម្មការវិទ្យាសាស្ត្រ
ទីមួយ៖ ឧត្តមភាពនៃម៉ាស្ជិតអាន់ណាហ្ពាវី
អល់ឡោះជាម្ចាស់ទ្រង់បានមានបន្ទូលថា៖ “ហើយព្រះជាម្ចាស់របស់អ្នកទ្រង់បង្កើត និងជ្រើសរើសនូវអ្វីដែលទ្រង់មានចេតនា។ សម្រាប់ពួកគេ គឺគ្មានជម្រើសនោះឡើយ។ អល់ឡោះទ្រង់មហាស្អាតស្អំ និងខ្ពង់ខ្ពស់បំផុតពីអ្វីដែលពួកគេបានធ្វើស្ហ៊ីរិក”។ [គម្ពីរគួរអាន ២៨:៦៨] ជាការពិតណាស់ អល់ឡោះជាម្ចាស់ទ្រង់បានជ្រើសរើសទីតាំងនេះដើម្បីធ្វើជាម៉ាស្ជិតសម្រាប់ណាពីរបស់ទ្រង់ ﷺ ហើយទ្រង់បានផ្តល់លក្ខណៈពិសេសដល់ម៉ាស្ជិតនេះនូវឧត្តមភាពជាច្រើន ក្នុងចំណោមនោះមានដូចជា៖
វាគឺជាម៉ាស្ជិតមួយក្នុងចំណោមម៉ាស្ជិតទាំងបីដែលគេជំរុញឲ្យព្យាយាមធ្វើដំណើរទៅកាន់៖
អំពី អាពូហ៊ូរ៉យរ៉ោះ رضي الله عنه គាត់បានលើកឡើងនូវប្រសាសន៍របស់ណាពី ﷺ ដែលថា៖ “ចូរពួកអ្នកកុំព្យាយាមធ្វើដំណើរ លើកលែងតែទៅកាន់ម៉ាស្ជិតបីប៉ុណ្ណោះ គឺម៉ាស្ជិតរបស់ខ្ញុំនេះ(ម៉ាស្ជិតអាន់ណាហ្ពាវី) ម៉ាស្ជិតអាល់ហារ៉ម និងម៉ាស្ជិតអាល់អឹកស”។[1] [1] រាយការណ៍ដោយ អាល់ពូខរី៖១១៨៩, មូស្លីម៖១៣៩៧ ហើយពាក្យពេចន៍នេះជាសេចក្តីរាយការណ៍របស់គាត់
សឡាតក្នុងម៉ាស្ជិតនេះមួយដង គឺល្អជាងសឡាតនៅម៉ាស្ជិតផ្សេងទៀតចំនួនមួយពាន់ដង លើកលែងតែម៉ាស្ជិតអាល់ហារ៉មប៉ុណ្ណោះ៖
អំពី អាពូហ៊ូរ៉យរ៉ោះ رضي الله عنه ពិតណាស់ ណាពី ﷺ លោកបានមានប្រសាសន៍ថា៖ “សឡាតនៅក្នុងម៉ាស្ជិតរបស់ខ្ញុំនេះ(ម៉ាស្ជិតអាន់ណាហ្ពាវី)មួយដង គឺល្អជាងសឡាតនៅម៉ាស្ជិតដទៃចំនួនមួយពាន់ដង លើកលែងតែម៉ាស្ជិតអាល់ហារ៉មប៉ុណ្ណោះ”។ [2] [2] រាយការណ៍ដោយ អាល់ពូខរី៖១១៩០, មូស្លីម៖១៣៩៥ ហើយពាក្យពេចន៍នេះជាសេចក្តីរាយការណ៍របស់អាល់ពូខរី
វាជាម៉ាស្ជិតដែលត្រូវបានសាងសង់ឡើងនៅលើការកោតខ្លាច(អល់ឡោះ)តាំងពីថ្ងៃដំបូង៖
អំពី អាពូសាអ៊ីទ អាល់ឃុទរី رضي الله عنه បាននិយាយថា៖ ខ្ញុំបានចូលទៅជួបរ៉ស៊ូលុលឡោះ ﷺ នៅក្នុងផ្ទះភរិយាមួយចំនួនរបស់លោក។ ពេលនោះ ខ្ញុំបាននិយាយថា៖ ឱរ៉ស៊ូលុលឡោះ តើម៉ាស្ជិតមួយណាក្នុងចំណោមម៉ាស្ជិតទាំងពីរដែលត្រូវបានសាងសង់ឡើងនៅលើការកោតខ្លាច? គាត់បានបន្តថា៖ ពេលនោះ លោកបានចាប់យកក្រួសមួយក្ដាប់ រួចយកវាវាយទៅលើដី។ បន្ទាប់មក លោកបានមានប្រសាសន៍ថា៖ “គឺម៉ាស្ជិតរបស់ពួកអ្នកនេះឯង” ពោលគឺសំដៅលើម៉ាស្ជិតម៉ាទីណះ។ [3] [3] រាយការណ៍ដោយ មូស្លីម:១៣៩៨
ពិតប្រាកដណាស់ ផលបុណ្យរបស់អ្នកដែលស្វែងរកចំណេះវិជ្ជានៅក្នុងម៉ាស្ជិតនេះ គឺប្រៀបបាននឹងផលបុណ្យរបស់អ្នកដែលតស៊ូក្នុងមាគ៌ាអល់ឡោះ៖
អំពី អាពូហ៊ូរ៉យរ៉ោះ رضي الله عنه បាននិយាយថា៖ ខ្ញុំបានឮរ៉ស៊ូលុលឡោះ ﷺ លោកបានមានប្រសាសន៍ថា៖ “បុគ្គលណាដែលមកកាន់ម៉ាស្ជិតរបស់ខ្ញុំនេះដោយគ្មានបំណងអ្វីក្រៅពីសេចក្តីល្អ គឺដើម្បីមករៀនសូត្រ ឬមកបង្រៀនគេ ពិតណាស់បុគ្គលនោះមានឋានៈដូចនឹងអ្នកដែលតស៊ូក្នុងមាគ៌ារបស់អល់ឡោះ។ រីឯបុគ្គលណាដែលមកក្នុងគោលបំណងផ្សេងពីនេះ បុគ្គលនោះប្រៀបបាននឹងបុរសម្នាក់ដែលសម្លឹងមើលទ្រព្យសម្បត្តិអ្នកដទៃ”។[4] [4] រាយការណ៍ដោយ អ៊ិពនូម៉ាហ្ជះ:២២៧ ដោយបណ្តាញអ្នករាយការណ៍ដែលត្រឹមត្រូវ(សាណាត់សហេស)។
នៅក្នុងនោះ មានសួនឧទ្យាន(រ៉ាវហ្ទស់)ដ៏ឧត្តុង្គឧត្តម៖
អំពី អាពូហ៊ូរ៉យរ៉ោះ رضي الله عنه អំពីណាពី ﷺ លោកបានមានប្រសាសន៍ថា៖ “ចន្លោះរវាងផ្ទះរបស់ខ្ញុំ និងមិមពើរ(វេទិកា)របស់ខ្ញុំ គឺជាសួនឧទ្យានមួយក្នុងចំណោមសួនឧទ្យាននៃឋានសួគ៌។ ហើយមិមពើរររបស់ខ្ញុំ គឺនៅពីលើស្រះទឹករបស់ខ្ញុំ”។ [5] [5] រាយការណ៍ដោយ អាល់ពូខរី៖១១៩៥ និងមូស្លីម៖១៣៩០
ទីពីរ៖ ជំរុញឲ្យទៅទស្សនកិច្ចម៉ាស្ជិតអាន់ណាហ្ពាវី
ដោយសារតែឧត្តមភាព និងលក្ខណៈពិសេសទាំងនេះ ក៏ដូចជាលក្ខណៈពិសេសផ្សេងៗទៀតនេះហើយ ទើបគេជំរុញ(ស៊ូណិត)ឲ្យធ្វើទស្សនកិច្ចម៉ាស្ជិតអាន់ណាហ្ពាវី ដើម្បីប្រតិបត្តិសឡាត ក៏ដូចជាគោរពសក្ការៈ(អ៊ីហ្ពាហ្ទាត់)នៅទីនោះ។
- ចំពោះអ្នកធ្វើហាជ្ជី ក៏ដូចជាអ្នកដទៃទៀត ស៊ូណិតទៅទស្សនកិច្ចម៉ាស្ជិតអាន់ណាហ្ពាវីនៅមុន ឬក្រោយពេលធ្វើហាជ្ជីរួច។ ប៉ុន្តែការធ្វើទស្សនកិច្ចនេះមិនមែនជាលក្ខខណ្ឌមួយនៃការធ្វើហាជ្ជី ឬជាគោលគ្រឹះ(រូកុន) ឬជាប្រការចាំបាច់(វ៉ាជិប)នៃហាជ្ជីឡើយ ហើយក៏មិនពាក់ព័ន្ធអ្វីទៅនឹងការធ្វើហាជ្ជីនោះដែរ។
- ការទៅទស្សនកិច្ចម៉ាស្ជិតណាពី ﷺ គឺមិនមានលក្ខខណ្ឌកំណត់ចំនួនដងនៃសឡាតជាក់លាក់ណាមួយ ឬតម្រូវឱ្យស្នាក់នៅក្រុងម៉ាទីណះក្នុងរយៈពេលប៉ុណ្ណេះថ្ងៃ ប៉ុណ្ណោះថ្ងៃជាក់លាក់នោះទេ។ ផ្ទុយទៅវិញ ចាត់ទុកថាបានធ្វើទស្សនកិច្ចទៅទីនោះដោយគ្រាន់តែធ្វើការសឡាតសូម្បីតែបានមួយពេលក៏ដោយ មិនថាជាការសឡាតដែលជាកាតព្វកិច្ច(ហ្វើរទូ) ឬសឡាតស្ម័គ្រចិត្ត(ស៊ូណិត)។ ក៏ប៉ុន្តែ កាលណាគេសឡាតនៅទីនោះបានកាន់តែច្រើន ផលបុណ្យក៏កាន់តែច្រើនតាមនោះដូចគ្នា។
- ចំពោះអ្នកដែលទៅទស្សនកិច្ចម៉ាស្ជិតអាន់ណាហ្ពាវី ស៊ូណិតឲ្យប្រតិបត្តិសឡាតដែលជាកាតព្វកិច្ច(ហ្វើរទូ)ទាំងអស់នៅទីនោះ ក៏ដូចជាសឡាតស្ម័គ្រចិត្ត(ស៊ូណិត)ផងដែរ ដោយហេតុថា ដូចដែលបានបញ្ជាក់ខាងលើ សឡាតនៅម៉ាស្ជិតអាន់ណាហ្ពាវីមួយដង គឺល្អជាងសឡាតនៅម៉ាស្ជិតដទៃចំនួនមួយពាន់ដង លើកលែងតែម៉ាស្ជិតអាល់ហារ៉មប៉ុណ្ណោះ។
ទីបី៖ សុជីវធម៌នៃការទស្សនកិច្ចម៉ាស្ជិតអាន់ណាហ្ពាវី
នៅពេលដែលជនមូស្លីមបានទៅដល់ម៉ាស្ជិតអាន់ណាហ្ពាវី ស៊ូណិតឲ្យគេប្រកាន់ខ្ជាប់នូវសុជីវធម៌ឥស្លាមដែលពាក់ព័ន្ធនឹងម៉ាស្ជិតជាទូទៅ និងម៉ាស្ជិតអាន់ណាហ្ពាវីជាពិសេស ដែលមានដូចជា៖
គប្បីទៅម៉ាស្ជិតដោយភាពស្ងប់ស្ងាត់ និងមានសេចក្តីថ្លៃថ្នូរ មានវូហ្ទុជាប់ខ្លួន ស្លៀកពាក់សមសួន និងមានក្លិនក្រអូបប្រហើរ។ អំពី អាពូហ៊ូរ៉យរ៉ោះ رضي الله عنه ពិតណាស់ រ៉ស៊ូលុលឡោះ ﷺ លោកបានមានប្រសាសន៍ថា៖ «នៅពេលដែលគេប្រកាសហៅ(អ៊ីក៏ម៉ាត់)ដើម្បីសឡាត ចូរពួកអ្នកកុំមកកាន់សឡាតដោយប្រញាប់ប្រញាល់ឡើយ តែចូរមកកាន់សឡាតដោយភាពស្ងប់ស្ងាត់។ អ្វីដែលពួកអ្នកបានទាន់ ចូរពួកអ្នកសឡាតចុះ ហើយអ្វីដែលពួកអ្នកបានខកខាន ចូរពួកអ្នកបំពេញវាឲ្យបានគ្រប់ ព្រោះពិតណាស់ នៅពេលដែលនរណាម្នាក់ក្នុងចំណោមពួកអ្នកធ្វើដំណើរទៅសឡាត គឺរូបគេស្ថិតក្នុងសឡាតហើយ»។ [6] អំពី អាពូសាអ៊ីទ អាល់ឃុទរី رضي الله عنه ពិតណាស់ ណាពី ﷺ លោកបានមានប្រសាសន៍ថា៖ “ការងូតទឹកថ្ងៃជុមអាត់ គឺជាកាតព្វកិច្ចលើគ្រប់បុគ្គលដែលពេញវ័យ ហើយត្រូវដុសសម្អាតធ្មេញ និងប្រើគ្រឿងក្រអូប ប្រសិនបើមាន”។ [7] ចំណែកឯស្ត្រីវិញ នៅពេលដែលនាងមកកាន់ម៉ាស្ជិត គឺចាំបាច់លើនាងត្រូវបិទបាំងខ្លួនប្រាណដោយហ៊ីហ្ជាបរបស់ខ្លួន ហើយមិនអនុញ្ញាតឱ្យប្រើគ្រឿងក្រអូប ឬទឹកអប់ឡើយ យោងតាមប្រសាសន៍របស់ណាពី ﷺ ដែលលោកបានមានប្រសាសន៍ថា៖ «ប្រសិនបើនរណាម្នាក់ក្នុងចំណោមពួកនាងមកកាន់ម៉ាស្ជិត ចូរកុំប្រើគ្រឿងក្រអូប»។ [8] [6] រាយការណ៍ដោយ អាល់ពូខរី:៦៣៦, មូស្លីម:៦០២ [7] រាយការណ៍ដោយ អាល់ពូខរី៖៨៤៦, មូស្លីម៖៨៥៨ [8] រាយការណ៍ដោយ មូស្លីម:៤៤៣
ឈានជើងស្តាំចូលមុននៅពេលចូលម៉ាស្ជិតអាន់ណាហ្ពាវី និងសូត្រទូអាពេលចូលម៉ាស្ជិត។ ដូចនេះ ស៊ូណាត់ឲ្យគេឈានជើងស្តាំចូលមុននៅពេលចូលម៉ាស្ជិតអាន់ណាហ្ពាវី ដូចជាពេលចូលក្នុងម៉ាស្ជិតផ្សេងទៀតដែរ ហើយសូត្រថា៖ بِسْمِ اللَّهِ، وَالسَّلَامُ عَلَى رَسُولِ اللَّهِ، اللَّهُمَّ اغْفِرْ لِي ذُنُوبِي وَافْتَحْ لِي أَبْوَابَ رَحْمَتِكَ« ក្នុងព្រះនាមអល់ឡោះ និងសូមសន្តិភាពកើតមានដល់អ្នកនាំសាររបស់អល់ឡោះ។ ឱអល់ឡោះជាម្ចាស់! សូមទ្រង់មេត្តាអភ័យទោសចំពោះបាបកម្មរបស់ខ្ញុំ និងសូមបើកទ្វារនៃក្តីមេត្តាករុណារបស់ទ្រង់សម្រាប់ខ្ញុំផង)។ [9] ក៏ដូចគ្នាដែរ គេអាចសូត្រថា៖ أَعُوذُ بِاللَّهِ العَظِيمِ، وَبِوَجْهِهِ الكَرِيمِ، وَسُلْطَانِهِ القَدِيمِ، مِنَ الشَّيْطَانِ الرَّجِيمِ« (ខ្ញុំសូមការបញ្ចៀសពីអល់ឡោះដ៏មហិមា ភក្ត្រាដ៏ឧត្តុង្គឧត្តមរបស់ទ្រង់ និងអំណាចដ៏យូរអង្វែងរបស់ទ្រង់អំពីស្ហៃតនដែលត្រូវគេដាក់បណ្តាសា)។ [10] [9] រាយការណ៍ដោយ អ៊ិពនូម៉ាហ្ជះ:៧៧១ ដោយបណ្តាញអ្នករាយការណ៍ត្រឹមត្រូវ(អ៊ិសណាទ សហេស)។ [10]. រាយការណ៍ដោយ អាពូហ្ទាវូទ:៤៦៦ ដោយបណ្តាញអ្នករាយការណ៍ត្រឹមត្រូវ(អ៊ិសណាទ សហេស)
សឡាតតះយ៉ាតុលម៉ាស្ជិត៖ ចំពោះអ្នកដែលចូលម៉ាស្ជិតអាន់ណាហ្ពាវីដើម្បីសឡាតនៅទីនោះ ស៊ូណិតប្រតិបត្តិសឡាតតះយ៉ាតុលម៉ាស្ជិតចំនួនពីររ៉ក្អាត់ជាមុនសិនមុននឹងអង្គុយចុះ។ អំពី អាពូក៏តាហ្ទះ អាល់ហារិស ពិន រិពអ៊ី អាល់អាន់ស៏រី رضي الله عنه បាននិយាយថា៖ ណាពី ﷺ លោកបានមានប្រសាសន៍ថា៖ “នៅពេលដែលនរណាម្នាក់ក្នុងចំណោមពួកអ្នកចូលម៉ាស្ជិត ចូរគេកុំអង្គុយចុះ លុះត្រាតែបានសឡាតពីររ៉ក្អាត់សិន”។ [11] [11] រាយការណ៍ដោយ អាល់ពូខរី៖១១៧១, មូស្លីម៖៧១៤
យកចិត្តទុកដាក់ក្នុងការសឡាតនៅជួរទីមួយ ត្បិតការធ្វើដូច្នោះ គឺមានគុណតម្លៃដ៏អស្ចារ្យ ហើយប្រការនេះមិនអាចសម្រេចទៅបានឡើយ លើកលែងតែគេរួសរាន់ទៅសឡាត ដោយយោងលើហាទីស្ហអាពូហ៊ូរ៉យរ៉ោះ رضي الله عنه ពិតណាស់ រ៉ស៊ូលុលឡោះ ﷺ លោកបានមានប្រសាសន៍ថា៖ “ប្រសិនបើមនុស្សបានដឹងនូវអ្វីដែលមាននៅក្នុងការអាហ្សាននិងការសឡាតនៅជួរទីមួយ ក្រោយមក ពួកគេគ្មានមធ្យោបាយអ្វីដើម្បីធ្វើដូច្នោះក្រៅតែពីការចាប់ឆ្នោត នោះពួកគេច្បាស់ជានឹងធ្វើការចាប់ឆ្នោតជាមិនខាន”។ [12] និងយោងតាមប្រសាសន៍របស់ណាពី ﷺ ទៅកាន់សហាហ្ពាត់ទាំងឡាយរបស់លោក رضي الله عنهم ថា៖ “ចូរពួកអ្នកមកខាងមុខ ហើយសឡាតតាមខ្ញុំ(យកខ្ញុំជាអ៊ីម៉ាំ)។ ហើយចូរឱ្យអ្នកដែលនៅពីក្រោយពួកអ្នក សឡាតតាមពួកអ្នក(មើលតាមជួរមុខ)។ ក្រុមមនុស្សនៅតែយឺតយ៉ាវ រហូតទាល់តែអល់ឡោះធ្វើឱ្យពួកគេយឺតយ៉ាវ(ក្នុងរឿងល្អៗ ឬយឺតយ៉ាវក្នុងការចូលឋានសួគ៌)ដែរ”។ [13] [12] រាយការណ៍ដោយ អាល់ពូខរី:៦១៥, មូស្លីម:៤៣៧ [13] រាយការណ៍ដោយ មូស្លីម:៤៣៨
រីឯស្ត្រីវិញ ជាការប្រសើរបំផុតសម្រាប់ពួកនាង គឺត្រូវសឡាតនៅក្នុងជួរខាងក្រោយ និងនៅឆ្ងាយពីបុរស ដោយយោងតាមហាទីស្ហអាពូហ៊ូរ៉យរ៉ោះ رضي الله عنه បាននិយាយថា៖ រ៉ស៊ូលុលឡោះ ﷺ លោកបានមានប្រសាសន៍ថា៖ “ជួរដែលល្អជាងគេសម្រាប់បុរស គឺជួរទីមួយ ហើយជួរដែលអាក្រក់ជាងគេ គឺជួរចុងក្រោយ។ ចំណែកឯជួរដែលល្អជាងគេសម្រាប់ស្ដ្រី គឺជួរចុងក្រោយ ហើយជួរដែលអាក្រក់ជាងគេ គឺជួរទីមួយ”។ [14] ក៏ប៉ុន្តែប្រសិនបើស្ត្រីសឡាតដាច់ដោយឡែក ឬមានរបាំងខណ្ឌចែករវាងស្ត្រី និងបុរស ដូចករណីនៅក្នុងម៉ាស្ជិតអាន់ណាហ្ពាវី នោះជួរសឡាតដែលល្អជាងគេសម្រាប់ស្ត្រី គឺជួរទីមួយ ដោយសារតែមិនមានមូលហេតុដូចនោះទៀតឡើយ។ [14] រាយការណ៍ដោយ មូស្លីម:៤៤០
ត្រូវសឡាតនៅពីក្រោយអ៊ីម៉ាំ ហើយត្រូវប្រយ័ត្នពីការនាំមុខអ៊ីម៉ាំ ដោយយោងតាមហាទីស្ហអាពូហ៊ូរ៉យរ៉ោះ رضي الله عنه ពិតណាស់ ណាពី ﷺ លោកបានមានប្រសាសន៍ថា៖ “តាមពិត គេចាត់តាំងអ៊ីម៉ាំមក គឺដើម្បីឱ្យគេធ្វើតាមគាត់”។ [15] [១៥] រាយការណ៍ដោយ អាល់ពូខរី:៧២២, មូស្លីម:៤១៧
ហើយមិនអនុញ្ញាតឲ្យអ្នកសឡាតឈរនៅពីមុខអ៊ីម៉ាំឡើយ លើកលែងតែក្នុងករណីចាំបាច់ ក៏ដូចជាក្នុងករណីដែលក្នុងម៉ាស្ជិតមានមនុស្សពេញ រហូតដល់មិនអាចរកកន្លែងសឡាតបាន ក្រៅតែពីនៅខាងមុខអ៊ីម៉ាំ។
យកចិត្តទុកដាក់បំពេញចន្លោះប្រហោងនៅក្នុងជួរ និងតម្រង់ជួរឱ្យស្មើ ប៉ុន្តែត្រូវប្រុងប្រយ័ត្នចំពោះការប្រជ្រៀតគេឯង ធ្វើឲ្យរំខានដល់គេឯង រំលងគេឯង និងដើរកាត់ពីមុខអ្នកដែលកំពុងសឡាត ពីព្រោះទង្វើនេះនឹងធ្វើឲ្យគេធ្លាក់ក្នុងបាបកម្ម។
ត្រូវសឡាតនៅក្នុងរ៉ាវហ្ទស់ដ៏ពិសិដ្ឋ(الروضة الشريفة) សម្រាប់អ្នកដែលមានភាពងាយស្រួលក្នុងការសឡាតនៅទីនោះ យោងតាមហាទីស្ហអាពូហ៊ូរ៉យរ៉ោះ رضي الله عنه អំពីណាពី ﷺ លោកបានមានប្រសាសន៍ថា៖ “ចន្លោះរវាងផ្ទះរបស់ខ្ញុំ និងមិមពើរ(វេទិកា)របស់ខ្ញុំ គឺជាសួនឧទ្យាន(រ៉ាវហ្ទស់)មួយក្នុងចំណោមសួនឧទ្យាននៃឋានសួគ៌។ ហើយមិមពើរររបស់ខ្ញុំ គឺនៅពីលើស្រះទឹករបស់ខ្ញុំ”។ [16] [16] រាយការណ៍ដោយ អាល់ពូខរី:១១៩៥, មូស្លីម:១៣៩០
ពុំមានភស្តុតាងត្រឹមត្រូវពីណាពី សអវ ដែលបញ្ជាក់ពីឧត្តមភាពជាក់លាក់ណាមួយសម្រាប់ការសឡាតក្នុងរ៉ាវហ្ទស់ឡើយ ប៉ុន្តែមានភស្តុតាងបញ្ជាក់យ៉ាងច្បាស់ថា វាគឺជាសួនឧទ្យានមួយក្នុងចំណោមសួនឧទ្យានទាំងឡាយនៃឋានសួគ៌ (ដូចដែលបានបញ្ជាក់នៅក្នុងហាទីស្ហអាពូហ៊ូរ៉យរ៉ោះ رضي الله عنه)។ ហើយការគោរពសក្ការៈទាំងឡាយ គឺតែងតែមានគុណតម្លៃបន្ថែម អាស្រ័យទៅតាមភាពខ្ពង់ខ្ពស់នៃពេលវេលា និងទីកន្លែងរបស់វា។
* អ្នកទស្សនកិច្ចត្រូវជ្រើសរើសពេលវេលាសមស្របដើម្បីសឡាតនៅក្នុងរ៉ាវហ្ទស់ ហើយត្រូវព្យាយាមស្វែងរកពេលវេលាដែលមិនសូវមានការកកកុញ។ ពិតណាស់ គេមិនអនុញ្ញាតឲ្យប្រជ្រៀតបងប្អូនមូស្លីមរបស់ខ្លួន ហើយនិងមិនត្រូវរំលងគេឯង ឬដើរកាត់ពីមុខអ្នកដែលកំពុងសឡាតដើម្បីតែបានសឡាតនៅក្នុងវ៉ាវហ្ទស់ឡើយ ព្រោះការសឡាតនៅក្នុងរ៉ាវហ្ទោះ គ្រាន់តែជាប្រការដែលគេជំរុញឲ្យធ្វើ(ស៊ូណិត)ប៉ុណ្ណោះ។ ដូច្នេះ គេមិនត្រូវសម្រេចវាដោយការប្រព្រឹត្តអំពើដែលត្រូវបានហាមឃាត់(ហារ៉ាំ)ឡើយ។ ដូចគ្នានេះដែរ អ្នកទស្សនកិច្ចត្រូវយកចិត្តទុកដាក់គោរព និងប្រកាន់ខ្ជាប់នូវបទប្បញ្ញត្តិ និងការរៀបចំសណ្តាប់ធ្នាប់ជាពិសេសសម្រាប់ការចូលទៅកាន់រ៉ាវហ្ទស់ រួមទាំងការជ្រើសរើសពេលវេលាសមស្រប និងសហការជាមួយអ្នកទទួលបន្ទុករៀបចំការចូលរបស់អ្នកទស្សនកិច្ចទៅកាន់ទីនោះផងដែរ។
ឆ្លៀតឱកាសទាញយកប្រយោជន៍ពីពេលវេលាដោយបង្កើននូវការសាងទង្វើកុសលទាំងឡាយដែលនាំឱ្យខិតជិតព្រះជាម្ចាស់ដែលជាអ្នកបង្កើត ដូចជាការប្រតិបត្តិសឡាត សូត្រគម្ពីរគួរអាន ហ្ស៊ីកៀរ បួងសួង ចូលរួមកន្លែងជួបជុំហ្ស៊ីកៀរ ថ្នាក់សិក្សាចំណេះដឹងឥស្លាម ក៏ដូចជាកន្លែងបង្រៀនគម្ពីរគួរអានជាដើម។
ត្រូវលើកតម្កើងនិងឲ្យតម្លៃគម្ពីររបស់អល់ឡោះជាម្ចាស់ ព្រមទាំងថែរក្សាការពារគម្ពីរនេះឱ្យផុតពីការលេងសើច ឬបំផ្លិចបំផ្លាញសន្លឹកទំព័រនៃគម្ពីរនេះ ឬសរសេរអក្សរផ្សេងៗនៅលើគម្ពីរនេះ ឬបន្ទាបបន្ថោក និងធ្វើឲ្យវាបាត់បង់តម្លៃដោយការដាក់ស្បែកជើងនៅក្បែរគម្ពីរគួរអាន ឬដាក់គម្ពីរគួរអាននៅលើដីផ្ទាល់ ក៏ដូចជាទង្វើដទៃទៀតដែលស្រដៀងគ្នានេះ យោងតាមបន្ទូលរបស់អល់ឡោះជាម្ចាស់ដែលទ្រង់បានមានបន្ទូលថា៖ “ទាំងនោះ(ជាបទបញ្ជារបស់អល់ឡោះ)។ ហើយជនណាដែលលើកតម្កើងអត្តសញ្ញាណរបស់អល់ឡោះនោះ ជាការពិតណាស់ វាគឺបញ្ជាក់ពីចិត្តដែលកោតខ្លាច(ចំពោះអល់ឡោះ)”។ [គម្ពីរគួរអាន ២២:៣២]
ទម្លាក់ក្រសែភ្នែកចុះពីការសម្លឹងមើលប្រការដែលអល់ឡោះជាម្ចាស់ទ្រង់បានហាមឃាត់៖ ពិតប្រាកដណាស់ ចាំបាច់លើអ្នកដែលមកទស្សនកិច្ចម៉ាស្ជិទអាន់ណាហ្ពាវី ត្រូវទម្លាក់ក្រសែភ្នែករបស់ខ្លួនចុះពីការសម្លឹងមើលនូវអ្វីដែលច្បាប់មិនអនុញ្ញាតឲ្យសម្លឹងមើល ហើយត្រូវដឹងពីភាពធំធេងនៃការប្រព្រឹត្តអំពើបាបកម្មនៅលើទឹកដីនេះ ព្រមទាំងទណ្ឌកម្មទាំងឡាយដែលអាចកើតមានចំពោះអំពើនោះ ពីព្រោះថា បាបកម្មទាំងឡាយនឹងកាន់តែធ្ងន់ធ្ងរ និងមានលក្ខណៈធំធេងឡើង អាស្រ័យទៅតាមភាពខ្ពង់ខ្ពស់នៃពេលវេលា និងទីកន្លែងនោះ ហើយការគោរពប្រតិបត្តិក៏ដូចគ្នាដែរ។ ចំពោះស្ត្រីមូស្លីមវិញត្រូវយកចិត្តទុកដាក់ប្រកាន់ខ្ជាប់នូវការបិទបាំងខ្លួនប្រាណ(ហ៊ីចាប)ស្របតាមច្បាប់ឥស្លាម និងមិនត្រូវបង្ហាញសម្រស់ឡើយ ដើម្បីកុំឲ្យបង្កភាពវឹកវរដល់បុរស ព្រោះថាទង្វើនេះ បាបកម្មរបស់វា គឺធំធេងណាស់។
ត្រូវប្រុងប្រយ័ត្នចំពោះការធ្វើខ្លួនឲ្យរវល់ជាមួយនឹងការថតរូប ឬមើលរូបភាព ក៏ដូចជាវីដេអូផ្សេងៗក្នុងទូរស័ព្ទ ហើយការណ៍នេះកាន់គ្រោះថ្នាក់ថែមទៀត ប្រសិនបើរូបភាព និងវីដេអូទាំងនេះជាអ្វីដែលត្រូវបានហាមឃាត់។
ធ្វើឲ្យម៉ាស្ជិតអាន់ណាហ្ពាវីជ្រះស្អាតពីគ្រប់ប្រការទាំងឡាយដែលមិនសក្តិសមចំពោះវា ដូចជាការឈ្លោះប្រកែកគ្នា ការតម្លើងសំឡេងខ្លាំងៗ ការប្រកាសរករបស់ដែលបាត់ និងការលក់ដូរ ក៏ដូចជាប្រការផ្សេងៗទៀតក្នុងចំណោមប្រការទាំងឡាយដែលមិនគួរកើតមានក្នុងម៉ាស្ជិតនេះ ក៏ដូចជានៅតាមម៉ាស្ជិតដទៃទៀត ដោយយោងតាមហាទីស្ហអាពូហ៊ូរ៉យរ៉ោះ រទអ អំពីណាពី ﷺ ពិតណាស់ លោកបានមានប្រសាសន៍ថា៖ “ប្រសិនបើពួកអ្នកបានឃើញអ្នកណាម្នាក់លក់ ឬទិញ(ទំនិញ)ក្នុងម៉ាស្ជិទ ចូរពួកអ្នកពោលថា៖ សូមអល់ឡោះជាម្ចាស់កុំឱ្យជំនួញជួញដូររបស់អ្នកទទួលបានផលចំណេញ។ ហើយប្រសិនបើពួកអ្នកបានឃើញអ្នកណាម្នាក់ប្រកាសរករបស់ដែលបាត់នៅក្នុងម៉ាស្ជិត ចូរពួកអ្នកពោលថា៖ សូមអល់ឡោះកុំបង្វិលរបស់នោះត្រឡប់ឱ្យអ្នកវិញ”។ [17] [17] រាយការណ៍ដោយ អាត់តៀរមីហ្ស៊ី:១៣២១, អ៊ិពនូឃូហ្សៃម៉ះ:១៣០៥ ដោយបណ្តាញអ្នករាយការណ៍ដែលត្រឹមត្រូវ(សាណាត់សហេស)
យកចិត្តទុកដាក់ចំពោះអនាម័យផ្ទាល់ខ្លួន ហើយត្រូវប្រុងប្រយ័ត្នចំពោះក្លិនមិនល្អ ដូចជាខ្ទឹមស ខ្ទឹមបារាំង ផ្សែង ញើស និងផ្សេងៗទៀតដែលបង្កការរំខានដល់បងប្អូនរបស់ខ្លួនដែលកំពុងសឡាត ដោយយោងតាមហាទីស្ហរបស់ជើពៀរ ពិន អាប់ទុលឡោះ رضي الله عنه បាននិយាយថា៖ ពិតណាស់ រ៉ស៊ូលុលឡោះ ﷺ លោកបានមានប្រសាសន៍ថា៖ “បុគ្គលណាទទួលទានខ្ទឹមស ឬខ្ទឹមបារាំង ចូរឲ្យគេទៅឲ្យឆ្ងាយពីពួកយើង” ឬលោកបានមានប្រសាសន៍ថា៖ “ចូរឲ្យគេទៅឲ្យឆ្ងាយពីម៉ាស្ជិតរបស់យើង ហើយចូរឲ្យគេស្នាក់នៅក្នុងផ្ទះរបស់ខ្លួន”។ [18] [18] រាយការណ៍ដោយ អាល់ពូខរី:៧៣៥៩, មូស្លីម:៥៦៤
ត្រូវយកចិត្តទុកដាក់ថែរក្សាភាពស្អាតបាតរបស់ម៉ាស្ជិតអាន់ណាហ្ពាវី ហើយមិនត្រូវបោះចោលសំរាមផ្តេសផ្តាសនៅក្នុងម៉ាស្ជិត និងនៅតាមទីធ្លាម៉ាស្ជិត ដូចជាសំណល់អាហារ ហើយនិងកម្រាលសម្រាប់ស្រាយបួស ជាពិសេសនៅក្នុងខែរ៉ម៉ាហ្ទន ឬស្តោះទឹកមាត់នៅតាមផ្លូវដើរ និងទីធ្លានានា ក៏ដូចជាប្រការផ្សេងៗទៀតនោះឡើយ។
ចៀសវាងសឡាតនៅកន្លែងដែលគេដើរទៅមក នៅតាមច្រកទ្វារ និងកន្លែងដែលមានមនុស្សកុះករ ព្រោះវាបណ្តាលឲ្យមានផលអាក្រក់ ស្ទះផ្លូវ និងបង្កការរំខានដល់អ្នកមូស្លីមផ្សេងទៀត។
បុរស និងស្ត្រីត្រូវសឡាតនៅតាមកន្លែងដែលបានកំណត់សម្រាប់ពួកគេរៀងៗខ្លួន នៅខាងក្នុងម៉ាស្ជិតអាន់ណាហ្ពាវី ឬនៅទីធ្លាបរិវេណរបស់វា។ បុរសមិនត្រូវសឡាតនៅក្បែរស្ត្រីឡើយ ហើយស្ត្រីក៏មិនត្រូវសឡាតនៅក្បែរបុរសដែរ ព្រមទាំងត្រូវប្រុងប្រយ័ត្ន ចៀសវាងឈរនៅខាងមុខអ៊ីម៉ាំតាមដែលអាចធ្វើទៅបាន។
នៅពេលចេញពីម៉ាស្ជិតវិញ ត្រូវឈានជើងឆ្វេងចេញមុន ហើយសូត្រថា៖ «اللهُمَّ إِنِّي أَسْأَلُكَ مِنْ فَضْلِكَ» (ឱអល់ឡោះជាម្ចាស់! ពិតប្រាកដណាស់ ខ្ញុំសូមពីទ្រង់នូវក្តីសប្បុរសរបស់ទ្រង់)។ [19] ឬក៏សឡាវ៉ាតលើណាពី ﷺ ហើយសូត្រថា៖ «رَبِّ اغْفِرْ لِي ذُنُوبِي، وَافْتَحْ لِي أَبْوَابَ فَضْلِكَ» (បពិត្រព្រះជាម្ចាស់! សូមទ្រង់មេត្តាអភ័យទោសចំពោះបាបកម្មរបស់ខ្ញុំ និងសូមទ្រង់មេត្តាបើកបណ្តាទ្វានៃក្តីសប្បុរសរបស់ទ្រង់សម្រាប់ខ្ញុំផង)។ [20] [19] រាយការណ៍ដោយ មូស្លីម:៧១៣ [20] រាយការណ៍ដោយ អាត់តៀរមីហ្ស៊ី:៣១៤ ដោយបណ្តាញអ្នករាយការណ៍ដែលត្រឹមត្រូវ(សាណាត់សហេស)។
ទីបួន៖ ក្បួនច្បាប់ និងសុជីវធម៌នៃការទស្សនកិច្ចផ្នូរណាពី ﷺ និងផ្នូរសហាហ្ពាត់ទាំងពីររបស់លោក رضي الله عنهما
* ស៊ូណិតទៅទស្សនកិច្ចផ្នូរណាពី ﷺ និងផ្នូរសហាហ្ពាត់ទាំងពីររបស់លោក គឺអាពូហ្ពាកើរ និងអ៊ូមើរ រទអ សម្រាប់អ្នកដែលរស់នៅក្រុងម៉ាទីណះ ក៏ដូចជាអ្នកទាំងឡាយដែលបានមកកាន់ទីនេះក្នុងនាមជាភ្ញៀវ និងជាអ្នកទស្សនកិច្ច ដោយសំអាងលើភស្តុតាងទូទៅដែលបញ្ជាក់ពីការបង្គាប់ប្រើឲ្យទៅមើលផ្នូរ ក្នុងចំណោមនោះ គឺប្រសាសន៍របស់ណាពី ﷺ ដែលលោកបានមានប្រសាសន៍ថា៖ “ខ្ញុំ(ធ្លាប់)បានហាមពួកអ្នកមិនឱ្យទៅមើលផ្នូរ តែ(ឥឡូវនេះ) ចូរពួកអ្នកទៅមើលផ្នូរចុះ”។ [21] [21] រាយការណ៍ដោយ មូស្លីម:៩៧៧
ពិតប្រាកដណាស់ មានភស្តុតាងបញ្ជាក់អំពីឧត្តមភាព(ហ្វាទីឡាត់)នៃការឲ្យសាឡាមលើណាពី ﷺ បន្ទាប់ពីលោកទទួលមរណភាព គឺប្រសាសន៍របស់ណាពី ﷺ ដែលលោកបានមានប្រសាសន៍ថា៖ “បុគ្គលណាម្នាក់ដែលបានឲ្យសាឡាមមកកាន់ខ្ញុំ នោះអល់ឡោះជាម្ចាស់នឹងត្រឡប់ព្រលឹងរបស់ខ្ញុំមកកាន់ខ្ញុំវិញដើម្បីឲ្យខ្ញុំតបសាឡាមទៅចំពោះគេ”។ [22] [22] រាយការណ៍ដោយអះម៉ាត់ នៅក្នុងសៀវភៅមុសណាត់:១០៨១៥ ដោយបណ្ដាញអ្នករាយការណ៍ល្អ(ហាសាន់)។
* មិនអនុញ្ញាតឱ្យស្រ្តីទៅទស្សនកិច្ចផ្នូររបស់ណាពី ﷺ ក៏ដូចជាផ្នូរអ្នកមូស្លីមដទៃទៀតឡើយ ព្រោះការទស្សនកិច្ចផ្នូរ គឺត្រូវបានបញ្ញត្តិចំពោះតែបុរសប៉ុណ្ណោះ។ ចំណែកឯស្ត្រីវិញ គឺត្រូវបានហាមឃាត់មិនឱ្យទៅទស្សនកិច្ច ឬទៅមើលផ្នូរឡើយ។ អំពី អ៊ិពនូអាប់ហ្ពាស رضي الله عنهما បាននិយាយថា៖ “រ៉ស៊ូលុលឡោះ ﷺ លោកបានដាក់បណ្ដាសាចំពោះស្ត្រីទាំងឡាយដែលទៅមើលផ្នូរ និងអ្នកទាំងឡាយដែលយកផ្នូរធ្វើជាម៉ាស្ជិត ហើយនិងការអុជចង្កៀងនៅលើផ្នូរ”។ [23] អំពី អាពូហ៊ូរ៉យរ៉ោះ رضي الله عنه ថា៖ “ពិតណាស់ រ៉ស៊ូលុលឡោះ ﷺ លោកបានដាក់បណ្តាសាចំពោះស្រ្តីទាំងឡាយដែលទៅមើលផ្នូរ”។ [24] [23]រាយការណ៍ដោយ អាពូហ្ទាវូទ:៣២៣៦, អាត់តៀរមីហ្ស៊ី:៣២០, និងអាន់ណាសាអ៊ី:២០៤៣ [24]រាយការណ៍ដោយ អាត់តៀរមីហ្ស៊ី:១០៥៦, អ៊ិពនូម៉ាហ្ជះ:១៥៧៦ ដោយបណ្តាញអ្នករាយការណ៍ល្អ(សាណាត់ហាសាន់)
* មិនអនុញ្ញាតឱ្យព្យាយាមធ្វើដំណើរគ្រាន់តែដើម្បីទៅទស្សនកិច្ចផ្នូរណាពី ﷺ ដោយការធ្វើដំណើរនោះមានគោលបំណងត្រឹមតែដើម្បីទៅទស្សនកិច្ចផ្នូរប៉ុណ្ណោះឡើយ។ តាមពិត ការធ្វើដំណើរត្រូវមានគោលបំណងដើម្បីទៅទស្សនកិច្ចម៉ាស្ជិតអាន់ណាហ្ពាវី និងប្រតិបត្តិសឡាតនៅទីនោះ។ នៅពេលដែលគេបានទៅដល់ស្នាក់នៅក្រុងម៉ាទីណះហើយ ទើបច្បាប់បង្គាប់ប្រើឲ្យទៅទស្សនកិច្ចផ្នូររបស់លោក ដូចដែលច្បាប់បង្គាប់ប្រើចំពោះអ្នកដែលរស់នៅក្នុងក្រុងម៉ាទីណះដទៃទៀតដូច្នោះដែរ ព្រោះណាពី ﷺ លោកបានមានប្រសាសន៍ថា៖ “ចូរពួកអ្នកកុំព្យាយាមធ្វើដំណើរ លើកលែងតែទៅកាន់ម៉ាស្ជិតបីប៉ុណ្ណោះ គឺម៉ាស្ជិតរបស់ខ្ញុំនេះ(ម៉ាស្ជិតអាន់ណាហ្ពាវី) ម៉ាស្ជិតអាល់ហារ៉ម និងម៉ាស្ជិតអាល់អឹកស”។ [25] [25] រាយការណ៍ដោយ អាល់ពូខរី:១១៨៩, មូស្លីម:១៣៩៧ ហើយពាក្យពេចន៍នេះ ជាសេចក្តីរាយការណ៍របស់គាត់។
សុជីវធម៌ដែលច្បាប់បង្គាប់ប្រើនៅពេលទៅទស្សនកិច្ចផ្នូរណាពី ﷺ និងផ្នូរសហាហ្ពាត់ទាំងពីររបស់លោក رضي الله عنهما
អ្នកដែលទៅទស្សនកិច្ចត្រូវឈរនៅពីមុខផ្នូរណាពី ﷺ ដោយបែរមុខឆ្ពោះទៅរកផ្នូរ រួចឱ្យសាឡាមទៅកាន់ណាពី ﷺ ប្រកបដោយសុជីវធម៌ និងមិនត្រូវតម្លើងសំឡេងខ្លាំងៗឡើយ ដោយពោលថា៖ “السلامُ عليك يا رسول الله، ورحمة الله وبركاته” (សូមសន្តិភាព និងក្តីមេត្តាករុណារបស់អល់ឡោះ ព្រមទាំងពរជ័យពីទ្រង់កើតមានដល់លោក ឱរ៉សូលុលឡោះ)។ ហើយប្រសិនបើគេបន្ថែមលើសពីនេះ ដោយពោលថា៖ “أشهد أنك قد بلغت الرسالة، وأديت الأمانة، ونصحت الأمة، وجاهدت في الله حق الجهاد” (ខ្ញុំសូមធ្វើសាក្សីថា ជាការពិតណាស់ លោកពិតជាបានផ្សព្វផ្សាយសារ(របស់អល់ឡោះ) បានបំពេញនូវទំនួលខុសត្រូវ(អាម៉ាណះ) និងបានផ្តល់ដំបូន្មានដល់ប្រជាជាតិ ព្រមទាំងបានតស៊ូក្នុងនាមអល់ឡោះជាម្ចាស់នូវការតស៊ូមួយដ៏ពិតប្រាកដ) គឺគ្មានបញ្ហាឡើយ ព្រោះថា ទាំងអស់នេះ គឺសុទ្ធតែជាការពិត។
បន្ទាប់មក ត្រូវឈានជើងស្តាំមួយជំហានដើម្បីឈរនៅមុខផ្នូររបស់អាពូហ្ពាកើរ រទអ ហើយពោលថា៖ “السلام عليك يا أبا بكر الصديق، السلام عليك يا خليفة رسول الله ﷺ رضي الله عنك وأرضاك، وجزاك عن أمة محمد ﷺ خيرًا” (សូមសន្តិភាពកើតមានដល់លោក ឱអាពូហ្ពាកើរ អាស្ស៊ិទ្ទីក។ សូមសន្តិភាពកើតមានដល់លោក ឱអ្នកស្នងតំណែង(ខលីហ្វះ)របស់រ៉ស៊ូលុលឡោះ សអវ។ សូមអល់ឡោះជាម្ចាស់ពេញចិត្តចំពោះរូបលោក និងធ្វើឲ្យលោកពេញចិត្តដូចគ្នា ហើយសូមទ្រង់តបស្នងដល់លោកនូវប្រការល្អជំនួសមុខឱ្យប្រជាជាតិរបស់ណាពីមូហាំម៉ាត់ ﷺ)។
បន្ទាប់មក ត្រូវឈានជើងស្តាំមួយជំហានទៀតដើម្បីឈរនៅមុខផ្នូររបស់អ៊ូមើរ ពិន អាល់ខត្តប រទអ ហើយពោលថា៖ “السلامُ عليك يا عمر الفاروق رضي الله عنك وأرضاك، وجزاك عن أمة محمد ﷺ خيرًا” (សូមសន្តិភាពកើតមានដល់លោក ឱអ៊ូមើរ អាល់ហ្វារូក។ សូមអល់ឡោះជាម្ចាស់ពេញចិត្តចំពោះរូបលោក និងធ្វើឲ្យលោកពេញចិត្តដូចគ្នា ហើយសូមទ្រង់តបស្នងដល់លោកនូវប្រការល្អជំនួសមុខឱ្យប្រជាជាតិរបស់ណាពីមូហាំម៉ាត់ ﷺ)។
អ៊ិពនូអ៊ូមើរ رضي الله عنهما នៅពេលដែលគាត់ត្រឡប់ពីការធ្វើដំណើរ គឺគាត់បានមកកាន់ផ្នូរណាពី ﷺ ។ ពេលនោះ គាត់ពោលថា៖ »السلام عليك يا رسول الله، السلام عليك يا أبا بكر، السلام عليك يا أبتاه« “សូមសន្តិភាពកើតមានដល់លោក ឱអ្នកនាំសាររបស់អល់ឡោះ។ សូមសន្តិភាពកើតមានដល់លោក ឱអាពូហ្ពាកើរ។ សូមសន្តិភាពកើតមានដល់លោក ឱលោកឪពុករបស់ខ្ញុំ”។ បន្ទាប់មក ទើបគាត់ចាកចេញ។ [26] [26] រាយការណ៍ដោយ អាល់ពៃហាគី ក្នុងសៀវភៅ អាស្ស៊ូណាន់ អាល់គុបរ៉:១០២៧១ ដោយបណ្តាញអ្នករាយការណ៍ត្រឹមត្រូវ(សាណាត់សហេស)
មិនត្រូវប៉ះពាល់ជញ្ជាំងផ្នូរ និងរបងជុំវិញឡើយ ហើយក៏មិនត្រូវថើបវានោះដែរ។
អ៊ីម៉ាំ ម៉ាលិក រ៉ហ៊ីម៉ាហ៊ុលឡោះ បាននិយាយថា៖ «នៅពេលដែលឲ្យសាឡាមទៅចំពោះណាពី ﷺ គឺគេត្រូវឈរដោយបែរមុខទៅកាន់ផ្នូរ មិនមែនបែរទៅកាន់ទិសគិបឡាត់ឡើយ។ ត្រូវចូលឲ្យជិត ហើយឲ្យសាឡាម និងមិនត្រូវយកដៃប៉ះផ្នូរឡើយ»។ [27]. [27] សៀវភៅ អាស្ស៊ីហ្វា និពន្ធដោយ អាល់ក៏ទី អ៊ីយ៉ាដ (២/១៩៩)។
សាសនវិទូឥស្លាមបានឯកភាពគ្នាថា គេមិនត្រូវយកដៃប៉ះផ្នូររបស់ណាពី ﷺ ឡើយ ហើយក៏មិនត្រូវថើបវានោះដែរ។
មិនត្រូវឈរក្បែរផ្នូរយូរឡើយ។ ផ្ទុយទៅវិញ ត្រូវឲ្យសាឡាម ហើយចាកចេញ។
អ៊ីម៉ាំ ម៉ាលិក រ៉ហ៊ីម៉ាហ៊ុលឡោះ បាននិយាយថា៖ «ខ្ញុំមិនយល់ថា គួរឈរបួងសួងនៅឯផ្នូរណាពី ﷺ ឡើយ។ ប៉ុន្តែគ្រាន់តែឱ្យសាឡាមទៅបានហើយ រួចដើរចេញ»។ [28]. [28] សៀវភៅ អាស្ស៊ីហ្វា និពន្ធដោយ អាល់ក៏ទី អ៊ីយ៉ាដ (២/១៩៩)។
ណាហ្វៀក រ៉ហ៊ីម៉ាហ៊ុលឡោះ បាននិយាយថា៖ “អ៊ិពនូអ៊ូមើរធ្លាប់បានឲ្យសាឡាមទៅកាន់ផ្នូរ(ណាពី)... ខ្ញុំបានឃើញគាត់មួយរយដង និងច្រើនជាងនេះដែលគាត់មកកាន់ផ្នូរ ដោយពោលថា៖ “السلام على النبي ﷺ. السلام على أبي بكر، السلام على أبي” បន្ទាប់មក គាត់ក៏ចាកចេញ”។ [29]. [29] រាយការណ៍ដោយ អាល់អាជួរី ក្នុងសៀវភៅ អាស្សារីអះ (៥/២៣៧៤):១៨៥៣
ចំណែកឯអ្វីដែលអ្នកទស្សនកិច្ធមួយចំនួនបានធ្វើ ដូចជាការតម្លើងសំឡេងខ្លាំងៗនៅឯផ្នូរណាពី ﷺ និងការឈរយូរនៅទីនោះ វាជាទង្វើដែលផ្ទុយពីអ្វីដែលច្បាប់បង្គាប់ប្រើ។
គេមិនអនុញ្ញាតឲ្យបួងសួងសុំពីណាពី ﷺ ឬសុំពីអ្នកផ្សេងទៀតក្នុងចំណោមសត្វលោកដើម្បីទទួលបានផលប្រយោជន៍ ឬរំដោះគ្រោះថ្នាក់ ឬសុំឲ្យជួយសម្រេចបំណងប្រាថ្នា ឬបំបាត់ទុក្ខកង្វល់ ឬសុំឱ្យបានជាសះស្បើយពីជំងឺ ឬសុំការជួយអន្តរាគមន៍ ឬសុំឱ្យបានរួចផុតពីទណ្ឌកម្មជាដើមនោះឡើយ ព្រោះការបួងសួងសុំពីអ្នកផ្សេងក្រៅពីអល់ឡោះជាម្ចាស់ក្នុងកិច្ចការដែលគ្មាននរណាម្នាក់មានសមត្ថភាពធ្វើបានក្រៅពីអល់ឡោះនោះ គឺជាប្រការដែលត្រូវបានហាមឃាត់ និងជាអំពើពហុទេវនិយមកម្រិតធ្ងន់(ស្ហ៊ីរិកធំ)។ អល់ឡោះជាម្ចាស់ទ្រង់បានមានបន្ទូលថា៖ “ហើយព្រះជាម្ចាស់របស់ពួកអ្នកបានមានបន្ទូលថា៖ ចូរពួកអ្នកបួងសួងមកកាន់យើងចុះ នោះយើងនឹងឆ្លើយតបចំពោះពួកអ្នក។ ពិតប្រាកដណាស់ ពួកដែលក្រអឺតក្រទមមិនព្រមគោរពសក្ការៈមកចំពោះយើង ពួកគេនឹងត្រូវចូលក្នុងនរកជើហាន់ណាំដោយភាពទាបថោកបំផុត”។ [គម្ពីរគួរអាន ៤០:៦០] ទ្រង់បានមានបន្ទូលទៀតថា៖ “ពិតប្រាកដណាស់ អ្វីដែលពួកអ្នក(ពួកពហុទេវនិយម)កំពុងតែគោរពសក្ការៈចំពោះពួកវាក្រៅពីអល់ឡោះនោះ ពួកវាក៏ជាខ្ញុំបម្រើ(របស់អល់ឡោះ)ដូចពួកអ្នកដែរ។ ដូច្នេះ ចូរពួកអ្នកបួងសួងសុំពីពួកវាចុះ ហើយឱ្យពួកវាឆ្លើយតបចំពោះពួកអ្នកមើល៍ ប្រសិនបើពួកអ្នក គឺជាអ្នកទៀងត្រង់មែននោះ”។ [គម្ពីរគួរអាន ៧:១៩៤] អល់ឡោះជាម្ចាស់ទ្រង់បានមានបន្ទូលផងដែរថា៖ “ហើយពិតប្រាកដណាស់ ម៉ាស្ជិទទាំងឡាយ គឺជាកម្មសិទ្ធិរបស់អល់ឡោះ(តែមួយគត់)។ ហេតុនេះ ពួកអ្នកមិនត្រូវបួងសួងសុំពីអ្នកណាម្នាក់រួមជាមួយនឹងអល់ឡោះឡើយ”។ [គម្ពីរគួរអាន ៧២:១៨]
មិនត្រូវបួងសួងសុំពីអល់ឡោះនៅឯផ្នូរឡើយ។ ប្រសិនបើចង់បួងសួង ត្រូវដើរចេញពីផ្នូរ ហើយបែរមុខទៅកាន់គិបឡាត់ រួចធ្វើការបួងសួង និងមិនត្រូវបួងសួងដោយបែរមុខទៅកាន់ផ្នូរឡើយ។
អ៊ីម៉ាំ ម៉ាលិក រ៉ហ៊ីម៉ាហ៊ុលឡោះ បាននិយាយថា៖ “ខ្ញុំមិនយល់ថា គួរឈរបួងសួងនៅឯផ្នូរណាពី ﷺ ឡើយ”។
គេមិនបង្គាប់ប្រើឲ្យទៅទស្សនកិច្ចផ្នូរ(ណាពី ﷺ)ចុះឡើងនៅពេលចូលម៉ាស្ជិត ឬចេញពីម៉ាស្ជិតឡើយ មិនថាសម្រាប់អ្នកក្រុងម៉ាទីណះ ឬអ្នកមកទស្សនកិច្ចពីខាងក្រៅក្ដី ព្រោះគេបារម្ភថា ទង្វើនេះអាចនឹងក្លាយជាការចាត់ទុកផ្នូរជាកន្លែងប្រារព្ធពិធីបុណ្យ។
ជាការពិតណាស់ រ៉ស៊ូលុលឡោះ ﷺ លោកបានហាមឃាត់បែបនេះ ដោយលោកបានមានប្រសាសន៍ថា៖ “ចូរពួកអ្នកកុំយកផ្នូររបស់ខ្ញុំធ្វើជាកន្លែងធ្វើបុណ្យ ហើយកុំចាត់ទុកផ្ទះរបស់ពួកអ្នកជាផ្នូរ។ ក៏ប៉ុន្ដែទោះជាពួកអ្នកស្ថិតនៅទីណាក៏ដោយ ចូរពួកអ្នកសឡាវ៉ាតមកចំពោះខ្ញុំចុះ ព្រោះការសឡាវ៉ាតរបស់ពួកអ្នកប្រាកដជានឹងមកដល់ខ្ញុំ”។ [30] [30] រាយការណ៍ដោយអះម៉ាត់នៅក្នុងសៀវភៅមុសណាត់:៨៨០៤ ដោយមានបណ្តាញអ្នករាយការណ៍ល្អ(អ៊ិសណាតហាសាន់)។
អត្ថន័យនៃពាក្យថា៖ “ចូរពួកអ្នកកុំយកផ្នូររបស់ខ្ញុំធ្វើជាកន្លែងធ្វើបុណ្យ” គឺសំដៅលើការត្រឡប់មកទស្សនកិច្ចផ្នូរលោកដដែលៗនៅក្នុងពេលវេលា ឬស្ថានភាពជាក់លាក់ណាមួយ ដូចជាការកំណត់ជារៀងរាល់ថ្ងៃ រៀងរាល់សប្តាហ៍ ឬរៀងរាល់ខែ ឬកំណត់ស្ថានភាពណាមួយដើម្បីមកទស្សនកិច្ច។ ហើយមានការបកស្រាយផ្សេងទៀតថា៖ គឺសំដៅលើការមិនត្រូវយកផ្នូរលោកធ្វើជាកន្លែងប្រារព្ធពិធីជួបជុំប្រចាំរដូវកាលឡើយ។ [31] [31] សូមអាន៖ សៀវភៅ អាល់មុហ្វរ៉ហ្ទាត របស់ អើររ៉ហ្គិប អាល់អ័សហ្វាហានី(ទំព័រ៥៩៤), សៀវភៅ ស្ហើរហ៍ អាស់ស៊ូទូរ ពីតះរីម រ៉ហ្វអ៊ិលគូពូរ របស់ អាស្សាវកានី(ទំព័រ១៦)។
អ៊ីម៉ាំ ម៉ាលិក រ៉ហ៊ីម៉ាហ៊ុលឡោះ បាននិយាយថា៖ “អ្នករស់នៅក្រុងម៉ាទីណះដែលចូល និងចេញពីម៉ាស្ជិត គឺមិនតម្រូវឱ្យឈរនៅឯផ្នូរ(ណាពី)ឡើយ។ តាមពិត ការធ្វើបែបនេះ គឺសម្រាប់តែអ្នកមកពីឆ្ងាយ(អ្នកក្រៅស្រុក)ប៉ុណ្ណោះ”។ [32] [32] សៀវភៅ អាស្ស៊ីហ្វា និពន្ធដោយ អាល់ក៏ទី អ៊ីយ៉ាដ (២/២០៤), អាល់ម៉ាដខាល់ របស់ អ៊ិពនូអាល់ហាច(១/ ២៦២)។
ការលើកឡើងរបស់អ៊ីម៉ាំម៉ាលិកដែលថា៖ “តាមពិត ការធ្វើបែបនេះ គឺសម្រាប់តែអ្នកមកពីឆ្ងាយ(អ្នកក្រៅស្រុក)ប៉ុណ្ណោះ” គឺសំដៅលើការទៅទស្សនកិច្ចជាទូទៅ មិនមែនជាការទៅទស្សនកិច្ច ឬទៅមើលផ្នូរជារៀងរាល់ពេលដែលចូល និងចេញពីម៉ាស្ជិតនោះឡើយ។
មិនត្រូវឈរនៅពីមុខផ្នូរក្នុងលក្ខណៈដូចទៅនឹងពេលកំពុងសឡាត ដោយការដាក់ដៃម្ខាងលើដៃម្ខាងទៀតលើទ្រូង ឬក្រោមទ្រូងនោះឡើយ ព្រោះកាយវិការបែបនេះ គឺសម្រាប់តែការសឡាតប៉ុណ្ណោះ។ វាជារូបភាពនៃការឱនលំទោន និងបន្ទាបខ្លួន ដែលមិនគប្បីធ្វើឡើយ លើកលែងតែចំពោះអល់ឡោះជាម្ចាស់ប៉ុណ្ណោះ។
មិនត្រូវបែរមុខទៅរកផ្នូរពីចម្ងាយដើម្បីឱ្យសាឡាមទៅកាន់ណាពី ﷺ ដូចដែលមនុស្សមួយចំនួនបានធ្វើនោះឡើយ ព្រោះទង្វើនេះមិនធ្លាប់ត្រូវបានធ្វើដោយបណ្តាសហាហ្ពាត់ رضي الله عنهم ឬដោយអ្នកជំនាន់មុន(សាឡាហ្វ)ក្នុងចំណោមអ៊ីម៉ាំទាំងបួន និងអ្នកដទៃទៀតឡើយ។
មិនត្រូវបែរមុខទៅកាន់ផ្នូរណាពី ﷺ ដោយធ្វើការបួងសួង ឬសូត្រគម្ពីរគួរអាន និងអ្វីដែលស្រដៀងគ្នានេះ ទោះបីជាពីទិសដៅណាមួយក៏ដោយ ហើយនេះក៏ស្ថិតក្នុងប្រភេទនៃទង្វើបង្កើតថ្មី(ពិទអះ)ដូចគ្នាដែរ។ ហើយគេមិនអនុញ្ញាតឲ្យអ្នកមូស្លីមបង្កើតថ្មីនៅក្នុងសាសនារបស់ខ្លួននូវអ្វីដែលអល់ឡោះមិនបានអនុញ្ញាតឡើយ។ ជាការពិតណាស់ អ៊ីម៉ាំម៉ាលិកបានបដិសេធចំពោះទង្វើដែលស្រដៀងនឹងទង្វើនេះ ហើយគាត់បាននិយាយថា៖ “គ្មានអ្វីដែលធ្វើឲ្យអ្នកជំនាន់ក្រោយនៃប្រជាជាតិនេះមានភាពល្អប្រសើរបានឡើយ លើកលែងតែអ្វីដែលបានធ្វើឱ្យអ្នកជំនាន់មុនបានល្អប្រសើរប៉ុណ្ណោះ”។ [33] [33] ម៉ាច្ចមួក ហ្វាតាវ៉ា អ៊ិពនូហ្ពាស (១៦/១១០)
មិនត្រូវធ្វើខ្លួនឲ្យរវល់នឹងការថតរូប និងការថតផ្សាយផ្ទាល់(live)ក្នុងពេលឲ្យសាឡាមចំពោះណាពី ﷺ ឡើយ។
សូមពរជ័យ និងសុខសុវត្ថិភាពកើតមានដល់ណាពីយើង មូហាំម៉ាត់ ព្រមទាំងក្រុមគ្រួសា និងបណ្តាសហាហ្ពាត់របស់លោក។
Related books
All books
សុជីវធម៌ និងក្បួនច្បាប់នៃការធ្វើដំណើរ52 ភាសាសុជីវធម៌ និងក្បួនច្បាប់នៃការធ្វើដំណើរ
الحمد لله رب العالمين، والصلاة والسلام على نبينا محمد، وعلى آله وصحبه أجمعين أما بعد: នេះគឺជាសារសង្ខេបខ្លីមួយទាក់ទងនឹងសុជីវធម៌និងក្បួនច្បាប់នៃការធ្វើដំណើរ។ នៅក្នុងសារនេះ យើងព្យាយាមពន្យល់បកស្រាយនូវអ្វីដែលអ្នកដំណើរត្រូវការដឹងជាចម្បង។ យើងសូមបួងសួងពីអល់ឡោះជាម្ចាស់សូមទ្រង់មេត្តាធ្វើឱ្យការងារនេះមានភាពបរិសុទ្ធជ្រះថ្លាសម្រាប់ទ្រង់ និងសូមឲ្យបានជាប្រយោជន៍ដល់ជនមូស្លីមទូទៅ។ ទីមួយ៖ សុជីវធម៌នៃការធ្វើដំណើរ
មេរៀនសំខាន់ៗសម្រាប់សាធារណជនទូទៅ40 ភាសាមេរៀនសំខាន់ៗសម្រាប់សាធារណជនទូទៅ
សៀវភៅ «មេរៀនសំខាន់ៗសម្រាប់សាធារណជនទូទៅ» របស់សាសនវិទូឥស្លាម អាប់ទុលអាហ្ស៊ីស ពិន ហ្ពាហ្ស (សូមអល់ឡោះមេត្តាប្រោសប្រណីដល់គាត់) គឺជាសារលិខិតដ៏សង្ខេបដែលប្រកបដោយអត្ថប្រយោជន៍យ៉ាងធំធេង ដែលអ៊ីម៉ាំរូបនេះបានចងក្រងឡើងដើម្បីធ្វើជាស្បៀងចំណេះដឹងសម្រាប់ប្រជាជនមូស្លីមទូទៅ។ នៅក្នុងសៀវភៅនេះ លោកបានលើកយកនូវមូលដ្ឋានគ្រឹះនៃសាសនា និងគោលគ្រឹះរបស់វា ចាប់តាំងពីតាវហេទ(ឯកទេវនិយម) អ៊ីម៉ាន(ជំនឿ) និងអ៊ីស្លាម រហូតដល់ច្បាប់វិន័យនៃការជម្រះសម្អាត ការសឡាត និងសុជីវធម៌អ៊ីស្លាម ព្រមទាំងការព្រមានពីអំពើស្ហ៊ីរិក(ពហុទេវនិយម) និងអំពើបាបនានា តាមរយៈរចនាបថតែងនិពន្ធដែលងាយយល់ និងច្បាស់ៗ ដោយផ្អែកលើប្រភពពីគម្ពីរគួរអាន និងស៊ុណ្ណះ…
ឥស្លាមគឺជាសាសនានៃបណ្តាអ្នកនាំសាររបស់អល់ឡោះ85 ភាសាឥស្លាមគឺជាសាសនានៃបណ្តាអ្នកនាំសាររបស់អល់ឡោះ
ឥស្លាមគឺជាការចុះចូលចំពោះអល់ឡោះជាម្ចាស់ ដែលជាអ្នកបង្កើត និងជាអ្នកគ្រប់គ្រងចក្រវាឡ ហើយធ្វើការគោរពប្រតិបត្តិចំពោះទ្រង់ដោយសេចក្តីស្រឡាញ់ និងការគោរព។ មូលដ្ឋានគ្រឹះនៃសាសនាឥស្លាមគឺការមានជំនឿលើអល់ឡោះថាទ្រង់គឺជាអ្នកបង្កើត ហើយអ្វីផ្សេងទៀតទាំងអស់គឺត្រូវបានបង្កើត។ ហើយទ្រង់តែមួយគត់ដែលសក្តិសមនឹងទទួលបានការគោរពសក្ការៈដ៏ត្រឹមត្រូវ ដោយគ្មានដៃគូ និងគ្មានអ្នកណាក្រៅពីទ្រង់ដែលប្រៀបបាននឹងទ្រង់ ឬស្មើនឹងទ្រង់ឡើយ។ ទ្រង់មានព្រះនាមដ៏ប្រសើរបំផុត និងគុណសម្បត្ដិខ្ពស់បំផុត ហើយទ្រង់មានលក្ខណៈល្អឥតខ្ចោះ ទ្រង់មិនបានប្រសូតអ្នកណា ក៏មិនត្រូវបានគេប្រសូតទ្រង់ដែរ ហើយគ្មានអ្នកណាអាចប្រៀបធៀប ឬតំណាងនឹងទ្រង់បានឡើយ ។ ទ្រង់មិននៅ…
الشهادتين78 ភាសាالشهادتين
ប្រសិនបើអ្នកចង់ចូលសាសនាអ៊ីស្លាម សូមអ្នកពោលដោយសំឡេងឮៗនូវពាក្យសក្ខីកម្ម(ស្ហាហាហ្ទះ)ទាំងពីរខាងក្រោមនេះ៖ ប្រសិនបើអ្នកចង់ចូលសាសនាអ៊ីស្លាម អ្នកត្រូវតែពោលដោយបន្លឺសម្លេងនូវពាក្យសាហើហ្ទះទាំង២ខាងក្រោមនេះ ព្រមទាំងយល់អត្ថន័យ និងមានជំនឿលើវា៖ ខ្ញុំសូមធ្វើសាក្សីថា គ្មានព្រះជាម្ចាស់ឯណាដែលត្រូវគេគោរពសក្ការៈដ៏ពិតប្រាកដ ក្រៅពីព្រះអល់ឡោះជាម្ចាស់ឡើយ។ ខ្ញុំសូមធ្វើសាក្សីថា គ្មានព្រះណាដែលត្រូវគោរពសក្ការៈក្រៅពីអល់ឡោះឡើយ (ពាក្យទាំងនេះមានន័យថា គ្មានព្រះណាដែលសាកសមនឹងទទួលការគោរពសក្ការៈក្រៅពីអល់ឡោះឡើយ)។ អាស្ហហាទូ អាល់ឡា អ៊ីឡាហា អ៊ិលលល់ឡោះ ហើយខ្ញុំសូមធ្វើសាក្សីទៀតថា មូហាំម៉ាត់ គឺជាអ្នកនាំសាររបស់ព្រះអល់ឡោះជាម្ចាស់…