ការពារជំនឿឯកទេវនិយម(តាវហេទ)
សៀវភៅនេះបញ្ជាក់យ៉ាងច្បាស់ពីសារសំខាន់នៃគោលជំនឿដ៏ត្រឹមត្រូវ និងបង្ហាញពីគោលការណ៍នៃជំនឿឯកទេវនិយម(តាវហេទ) ដែលជនមូស្លីមត្រូវជឿជាក់ ដូចជាជំនឿចំពោះអល់ឡោះ ជំនឿចំពោះបណ្តាម៉ាឡាអ៊ីកាត់ ជំនឿចំពោះបណ្តាគម្ពីរ ជំនឿចំពោះបណ្តាអ្នកនាំសារ ជំនឿចំពោះថ្ងៃបរលោក និងជំនឿចំពោះការកំណត់វាសនាល្អនិងអាក្រក់ ដោយផ្អែកលើភស្តុតាងដ៏ត្រឹមត្រូវ ដើម្បីការពារគោលជំនឿពីភាពខុសឆ្គងនានា ព្រមទាំងជំរុញជនមូស្លីមទាំងឡាយឲ្យប្រកាន់ខ្ជាប់នូវជំនឿឯកទេវនិយម(តាវហេទ) និងជៀសវាងពីគោលជំនឿពហុទេវនិយម(ស្ហ៊ីរិក)។
This PDF is generated automatically from the book's text; its layout may differ from the printed edition.
គោលជំនឿដ៏ត្រឹមត្រូវ និងអ្វីដែលផ្ទុយនឹងគោលជំនឿនេះ
អាប់ទុលអាហ្ស៊ីស ពិន ហ្ពាហ្ស
សៀវភៅនេះបានធ្វើការសង្កត់ធ្ងន់ថា គោលជំនឿដ៏ត្រឹមត្រូវ គឺជាមូលដ្ឋានគ្រឹះនៃសាសនាអ៊ីស្លាម ដោយផ្អែកលើគោលគ្រឹះទាំងប្រាំមួយគឺ ជំនឿចំពោះអល់ឡោះ ជំនឿចំពោះបណ្តាម៉ាឡាអ៊ីកាត់របស់ទ្រង់ ជំនឿចំពោះបណ្តាគម្ពីររបស់ទ្រង់ ជំនឿចំពោះបណ្តាអ្នកនាំសាររបស់ទ្រង់ ជំនឿចំពោះថ្ងៃបរលោក និងជំនឿចំពោះការកំណត់ព្រេងវាសនា ព្រមទាំងព្រមានពីអំពើពហុទេវនិយម(ស្ហ៊ីរិក) ការបង្កើតថ្មីក្នុងសាសនា(ពិទអះ) និងការងាកចេញពីគន្លងច្បាប់ឥស្លាម ដោយសង្កត់ធ្ងន់ពីភាពចាំបាច់នៃការប្រកាន់ខ្ជាប់នូវគម្ពីរគួរអាននិងស៊ុណ្ណះ ហើយនិងការប្រតិបត្តិតាមមាគ៌ារបស់បណ្តាអ្នកជំនាន់មុនដ៏ល្អប្រពៃ(السلف الصالح)។
សារទីមួយ
គោលជំនឿដ៏ត្រឹមត្រូវ និងអ្វីដែលផ្ទុយនឹងគោលជំនឿនេះ
និពន្ធដោយ សាសនវិទូអ៊ីស្លាម
អាប់ទុលអាហ្ស៊ីស ពិន អាប់ទុលឡោះ ពិន ហ្ពាហ្ស
រាល់ការសរសើរទាំងឡាយ គឺសម្រាប់អល់ឡោះជាម្ចាស់តែមួយគត់។ សូមសន្តិភាព និងពរជ័យកើតមានដល់អ្នកដែលគ្មានណាពីណាបន្ទាប់ពីលោកទៀតឡើយ ព្រមទាំងក្រុមគ្រួសារ និងបណ្ដាសហាហ្ពាត់របស់លោក។
ជាបន្តមកទៀត៖ ដោយសារតែគោលជំនឿដែលត្រឹមត្រូវ គឺជាមូលដ្ឋានគ្រឹះនៃសាសនាអ៊ីស្លាម ទើបខ្ញុំយល់ឃើញថា វាមានសារៈសំខាន់ក្នុងការនិយាយអំពីប្រធានបទនេះ ក៏ដូចជាក្នុងការនិពន្ធ និងចងក្រងដើម្បីបកស្រាយ និងពន្យល់អំពីវា។
ដូចដែលយើងបានជ្រាបស្រាប់ហើយតាមរយៈភស្តុតាងពីគម្ពីរគួរអាន និងស៊ុណ្ណះថា ពិតប្រាកដណាស់ ទង្វើ(អាម៉ាល់) និងពាក្យសម្ដីទាំងឡាយអាចត្រូវបានគេចាត់ទុកថាត្រឹមត្រូវ និងត្រូវបានគេទទួលយក លុះត្រាតែទង្វើនោះចេញមកពីគោលជំនឿ(អាគីហ្ទះ)ដែលត្រឹមត្រូវ។ តែប្រសិនបើគោលជំនឿនោះមិនមែនជាគោលជំនឿដែលត្រឹមត្រូវទេ រាល់ទង្វើ និងពាក្យសម្ដីទាំងឡាយដែលកើតចេញពីវានឹងត្រូវចាត់ទុកជាមោឃៈ ដូចដែលអល់ឡោះជាម្ចាស់ទ្រង់បានមានបន្ទូលថា៖ “ហើយជនណាដែលប្រឆាំងនឹងសេចក្តីជំនឿនោះ ពិតប្រាកដណាស់ ទង្វើរបស់គេនឹងត្រូវក្លាយជាអសារបង់ ហើយនៅថ្ងៃបរលោក រូបគេនឹងស្ថិតក្នុងចំណោមពួកដែលខាតបង់ជាមិនខាន”។ [គម្ពីរគួរអាន ៥:៥]
ទ្រង់បានមានបន្ទូលទៀតថា៖ “ហើយជាការពិតណាស់ គេបានផ្តល់វ៉ាហ៊ីទៅកាន់អ្នក(ឱអ្នកនាំសារមូហាំម៉ាត់) និងទៅកាន់អ្នក(នាំសារ)ជំនាន់មុនអ្នកថា៖ ប្រសិនបើអ្នកធ្វើស្ហ៊ីរិក(មកចំពោះយើង) នោះទង្វើ(កុសល)របស់អ្នកពិតជានឹងក្លាយជាអសារបង់ ហើយរូបអ្នកប្រាកដជានឹងស្ថិតក្នុងចំណោមពួកដែលខាតបង់ជាមិនខាន”។ [គម្ពីរគួរអាន ៣៩:៦៥]
អាយ៉ាត់ដែលមានអត្ថន័យដូចគ្នានេះ មានច្រើនណាស់។ ពិតប្រាកដណាស់ គម្ពីររបស់អល់ឡោះដ៏ច្បាស់លាស់ និងស៊ុណ្ណះរបស់អ្នកនាំសារដ៏ស្មោះត្រង់របស់ទ្រង់ ﷺ បានចង្អុលបង្ហាញថា គោលជំនឿដែលត្រឹមត្រូវ គឺត្រូវបានសង្ខេបឡើងក្នុងចំណុចសំខាន់ៗចំនួនប្រាំមួយប្រការរួមមាន៖ ជំនឿចំពោះអល់ឡោះ បណ្តាម៉ាឡាអ៊ីកាត់របស់ទ្រង់ បណ្តាគម្ពីររបស់ទ្រង់ បណ្តាអ្នកនាំសាររបស់ទ្រង់ ជំនឿចំពោះថ្ងៃបរលោក និងមានជំនឿចំពោះព្រេងវាសនាល្អនិងអាក្រក់ដែលទ្រង់បានកំណត់។ ដូច្នេះ ប្រការទាំងប្រាំមួយនេះ គឺជាមូលដ្ឋានគ្រឹះនៃគោលជំនឿដ៏ត្រឹមត្រូវដែលគម្ពីរដ៏ឧត្តុង្គឧត្តមរបស់អល់ឡោះបាននាំចុះមក ហើយដែលអល់ឡោះបានចាត់បញ្ជូនអ្នកនាំសាររបស់ទ្រង់ មូហាំម៉ាត់ ﷺ ឱ្យនាំយកមក។
ជាការពិតណាស់ ភស្តុតាងដែលបញ្ជាក់អំពីមូលដ្ឋានគ្រឹះទាំងប្រាំមួយនេះ គឺមានច្រើន ទាំងនៅក្នុងគម្ពីរគួរអាន និងស៊ុណ្ណះដ៏ត្រឹមត្រូវ ក្នុងចំណោមនោះ មានដូចជា៖
ទីមួយ៖ ភស្តុតាងពីគម្ពីរគួរអាន ក្នុងចំណោមនោះ គឺបន្ទូលរបស់អល់ឡោះជាម្ចាស់ដែលទ្រង់បានមានបន្ទូលថា៖ “មិនទាន់ចាត់ទុកថាជាអំពើល្អឡើយ ការដែលពួកអ្នកគ្រាន់តែតម្រង់មុខរបស់ពួកអ្នកទៅកាន់ទិសខាងកើត ឬទិសខាងលិចនោះ ក៏ប៉ុន្តែ(ចាត់ទុកថាជា)អំពើល្អនោះ គឺជនណាដែលមានជំនឿលើអល់ឡោះនិងថ្ងៃបរលោក បណ្តាម៉ាឡាអ៊ីកាត់ បណ្តាគម្ពីរ និងបណ្តាណាពីទាំងឡាយ...” [គម្ពីរគួរអាន ២:១៧៧]
ទ្រង់បានមានបន្ទូលទៀតថា៖ “អ្នកនាំសារ(មូហាំម៉ាត់)មានជំនឿលើរាល់អ្វីទាំងអស់ដែលគេបានបញ្ចុះមកឱ្យគាត់ពីព្រះជាម្ចាស់របស់គាត់ ហើយបណ្ដាអ្នកមានជំនឿទាំងអស់ក៏មានជំនឿដូចគ្នាដែរ។ ពួកគេទាំងអស់មានជំនឿលើអល់ឡោះ បណ្ដាម៉ាឡាអ៊ីកាត់របស់ទ្រង់ បណ្ដាគម្ពីររបស់ទ្រង់ និងបណ្តាអ្នកនាំសារទាំងឡាយរបស់ទ្រង់។ (ពួកគេនិយាយថា៖) ពួកយើងមិនបែងចែកនរណាម្នាក់ក្នុងចំណោមអ្នកនាំសាររបស់ទ្រង់...”។ [គម្ពីរគួរអាន ២:២៨៥]
ទ្រង់បានមានបន្ទូលទៀតថា៖ “ឱបណ្ដាអ្នកដែលមានជំនឿទាំងឡាយ! ចូរពួកអ្នកមានជំនឿលើអល់ឡោះ និងអ្នកនាំសាររបស់ទ្រង់ ហើយនិងគម្ពីរ(គួរអាន)ដែលទ្រង់បានបញ្ចុះទៅលើអ្នកនាំសាររបស់ទ្រង់ ព្រមទាំងគម្ពីរដែលទ្រង់បានបញ្ចុះកាលពីមុន។ ហើយជនណាដែលគ្មានជំនឿលើអល់ឡោះ បណ្ដាម៉ាឡាអ៊ីកាត់របស់ទ្រង់ បណ្ដាគម្ពីររបស់ទ្រង់ បណ្ដាអ្នកនាំសាររបស់ទ្រង់ ហើយនិងថ្ងៃបរលោកនោះ ជាការពិតណាស់ រូបគេពិតជាវង្វេងយ៉ាងឆ្ងាយបំផុត(ពីមាគ៌ាដែលត្រឹមត្រូវ)”។ [គម្ពីរគួរអាន ៤:១៣៦]
ទ្រង់បានមានបន្ទូលផងដែរថា៖ “តើអ្នក(ឱអ្នកនាំសារមូហាំម៉ាត់)មិនបានដឹងទេឬថា ពិតប្រាកដណាស់ អល់ឡោះទ្រង់ដឹងបំផុតនូវអ្វីដែលមាននៅលើមេឃ និងផែនដីនោះ? ពិតប្រាកដណាស់ ទាំងអស់នោះ គឺមាននៅក្នុងគម្ពីរកំណត់ត្រា(ឡាវហ៊ុលម៉ះហ៊្វូស)។ ពិតប្រាកដណាស់ រឿងទាំងអស់នោះ គឺជារឿងងាយស្រួលបំផុតសម្រាប់អល់ឡោះ”។ [គម្ពីរគួរអាន ២២:៧០]
ទីពីរ៖ ភស្តុតាងពីស៊ុណ្ណះ ក្នុងចំណោមនោះ គឺហាទីស្ហសហេស(ត្រឹមត្រូវ)ដ៏ល្បីល្បាញមួយដែលរាយការណ៍ដោយអ៊ីម៉ាំមូស្លីមនៅក្នុងសៀវភៅសហេសរបស់គាត់ អំពីមេដឹកនាំនៃអ្នកមានជំនឿទាំងឡាយគឺ អ៊ូមើរ ពិន អាល់ខត្តប رضي الله عنه ពិតណាស់ ម៉ាឡាអ៊ីកាត់ជីព្រីល عليه السلام បានសួរណាពី ﷺ អំពីជំនឿ(អ៊ីម៉ាន)។ ពេលនោះ លោកបានឆ្លើយតបទៅកាន់គាត់ថា៖ “ជំនឿ(អ៊ីម៉ាន)នោះគឺ អ្នកត្រូវជឿចំពោះអល់ឡោះ បណ្តាម៉ាឡាអ៊ីកាត់របស់ទ្រង់ បណ្តាគម្ពីររបស់ទ្រង់ បណ្តាអ្នកនាំសាររបស់ទ្រង់ ជឿចំពោះថ្ងៃបរលោក និងជឿចំពោះវាសនាល្អអាក្រក់(ថាសុទ្ធតែត្រូវបានអល់ឡោះកំណត់រួចជាស្រេច”។ [១] រហូតដល់ចប់ហាទីស្ហ។ ហើយអ៊ីម៉ាំអាល់ពូខរី និងមូស្លីម បានរាយការណ៍ហាទីស្ហនេះ(ដោយមានភាពខុសគ្នាបន្តិចបន្តួច)ពីហាទីស្ហរបស់ អាពូហ៊ូរ៉យរ៉ោះ رضي الله عنه ។ [១] រាយការណ៍ដោយ មូស្លីម:៨
បែកចេញពីគោលគ្រឹះទាំងប្រាំមួយនេះដែរគឺ រាល់អ្វីដែលជនមូស្លីមចាំបាច់ត្រូវជឿជាក់ និងមានជំនឿចំពោះសិទ្ធិរបស់អល់ឡោះជាម្ចាស់ ក៏ដូចជាបញ្ហានៃថ្ងៃបរលោក និងរឿងរ៉ាវអាថ៌កំបាំងដទៃទៀតដែលអល់ឡោះជាម្ចាស់ និងអ្នកនាំសាររបស់ទ្រង់ ﷺ លោកបានប្រាប់។
ការបកស្រាយលម្អិតចំពោះមូលដ្ឋានគ្រឹះទាំងប្រាំមួយនេះមានដូចតទៅ៖
មូលដ្ឋានគ្រឹះទីមួយ៖ ជំនឿចំពោះអល់ឡោះជាម្ចាស់
ជំនឿនេះផ្ទុកទៅដោយប្រការជាច្រើន ក្នុងចំណោមនោះគឺ៖ មានជំនឿថា ទ្រង់គឺជាព្រះជាម្ចាស់ដ៏ពិតប្រាកដដែលសក្តិសមនឹងត្រូវគេគោរពសក្ការៈតែមួយអង្គគត់ដោយគ្មានអ្វីផ្សេងក្រៅពីទ្រង់ឡើយ ដោយសារតែទ្រង់ជាអ្នកបង្កើតពួកគេ ជាអ្នកប្រទានសេចក្តីល្អដល់ពួកគេ ជាអ្នកប្រទានលាភសក្ការៈដល់ពួកគេ ជាអ្នកដឹងនូវអ្វីដែលពួកគេលាក់បាំង និងអ្វីដែលពួកគេបើកចំហ ព្រមទាំងជាអ្នកដែលមានសមត្ថភាពក្នុងការផ្តល់ផលបុណ្យដល់អ្នកដែលគោរពប្រតិបត្តិ និងដាក់ទណ្ឌកម្មដល់អ្នកដែលបំពានក្នុងចំណោមពួកគេ។
ជាការពិតណាស់ អល់ឡោះជាម្ចាស់ទ្រង់បានបង្កើតមនុស្សលោកនិងជិនដើម្បីឲ្យពួកគេគោរពសក្ការៈចំពោះទ្រង់ ហើយទ្រង់បានបង្គាប់ពួកគេឱ្យអនុវត្តនូវការគោរពសក្ការៈនេះ ដូចដែលទ្រង់បានមានបន្ទូលថា៖ “ហើយយើងមិនបានបង្កើតជិននិងមនុស្សលោកនោះឡើយ លើកលែងដើម្បីឱ្យពួកគេគោរពសក្ការៈ(មកចំពោះយើងតែមួយគត់)ប៉ុណ្ណោះ។ យើងមិនត្រូវការលាភសក្ការៈពីពួកគេឡើយ ហើយយើងក៏មិនត្រូវការឱ្យពួកគេផ្តល់អាហារ(ដល់យើង)នោះដែរ។ ពិតប្រាកដណាស់ អល់ឡោះទ្រង់ជាអ្នកដែលប្រទានលាភសក្ការៈ ជាអ្នកដែលមានអានុភាពខ្លាំងក្លាបំផុត”។ [គម្ពីរគួរអាន ៥១:៥៦-៥៨]
ទ្រង់បានមានបន្ទូលទៀតថា៖ “ឱមនុស្សលោកទាំងឡាយ! ចូរពួកអ្នកគោរពសក្ការៈចំពោះព្រះជាម្ចាស់របស់ពួកអ្នកដែលបានបង្កើតពួកអ្នកនិងមនុស្សជំនាន់មុនពួកអ្នក។ សង្ឃឹមថា ពួកអ្នកនឹងកោតខ្លាច(ចំពោះអល់ឡោះ)។ ទ្រង់ជាអ្នកដែលធ្វើឲ្យផែនដីមានសណ្ឋានលាតសន្ធឹងសម្រាប់ពួកអ្នក និងបានបង្កើតមេឃជាសំណង់មួយ(នៅពីលើផែនដី)។ ហើយទ្រង់បានបញ្ចុះពីលើមេឃនូវទឹកភ្លៀង ដោយតាមរយៈទឹកភ្លៀងនេះ ទ្រង់បានបណ្តុះនូវផលានុផលជាច្រើនជាលាភសក្ការៈសម្រាប់ពួកអ្នក។ ហេតុនេះ ចូរពួកអ្នកកុំយកអ្នកផ្សេងមកគោរពសក្ការៈរួមជាមួយនឹងអល់ឡោះឲ្យសោះ ខណៈដែលពួកអ្នកបានដឹងហើយនោះ”។ [គម្ពីរគួរអាន ២:២១-២២]
ពិតប្រាកដណាស់ ព្រះអល់ឡោះជាម្ចាស់ទ្រង់បានបញ្ជូនអ្នកនាំសារ(រ៉សូល)ទាំងឡាយ និងបានបញ្ចុះនូវគម្ពីរជាច្រើនដើម្បីបញ្ជាក់ពីសេចក្តីពិតនេះ និងអំពាវនាវទៅកាន់វា ព្រមទាំងព្រមានពីប្រការទាំងឡាយដែលផ្ទុយនឹងវា ដូចដែលអល់ឡោះជាម្ចាស់ទ្រង់បានមានបន្ទូលថា៖ “ហើយជាការពិតណាស់ យើងបានតែងតាំងទៅកាន់រាល់ប្រជាជាតិនីមួយៗនូវអ្នកនាំសារម្នាក់ ដោយប្រើឲ្យពួកគេគោរពសក្ការៈចំពោះអល់ឡោះ(តែមួយគត់) និងចៀសឆ្ងាយពីតហ្គូត...”។ [គម្ពីរគួរអាន១៦:៣៦]
ទ្រង់បានមានបន្ទូលទៀតថា៖ “ហើយយើងមិនបានបញ្ជូនអ្នកនាំសារណាម្នាក់មុនអ្នក(ឱអ្នកនាំសារមូហាំម៉ាត់)នោះឡើយ លើកលែងតែយើងបានផ្តល់វ៉ាហ៊ីទៅកាន់គេថា៖ ពិតប្រាកដណាស់ គ្មានព្រះជាម្ចាស់ឯណាដែលត្រូវគោរពសក្ការៈដ៏ពិតប្រាកដក្រៅពីយើងឡើយ។ ហេតុនេះ ចូរពួកអ្នកគោរពសក្ការៈចំពោះយើង(តែមួយគត់)”។ [គម្ពីរគួរអាន ២១:២៥]
ទ្រង់បានមានបន្ទូលផងដែរថា៖ “អាលីហ្វ ឡាម រ៉។ (នេះគឺជា)គម្ពីរមួយដែលបណ្តាវាក្យខណ្ឌទាំងឡាយរបស់វាមានភាពសុក្រឹតឥតខ្ចោះ។ បន្ទាប់មក គេបានបកស្រាយបញ្ជាក់(នូវបញ្ហាផ្សេងៗនៅក្នុងវា)ដែលមកពីព្រះជាម្ចាស់ដ៏មហាគតិបណ្ឌិត មហាដឹងបំផុត ដើម្បីកុំឲ្យពួកអ្នកគោរពសក្ការៈ(ចំពោះអ្នកផ្សេង)ក្រៅពីអល់ឡោះជាម្ចាស់ឡើយ។ ពិតប្រាកដណាស់ ខ្ញុំជាអ្នកដាស់តឿនព្រមាន និងជាអ្នកផ្ដល់ដំណឹងរីករាយមកពីទ្រង់ដល់ពួកអ្នក”។ [គម្ពីរគួរអាន ១១:១-២]
ធាតុពិតនៃការគោរពសក្ការៈនេះ គឺជាការថ្វាយនូវរាល់ការគោរពសក្ការៈទាំងអស់ដែលខ្ញុំបម្រើបានប្រតិបត្តិចំពោះព្រះអល់ឡោះជាម្ចាស់តែមួយអង្គគត់ មិនថាការបួងសួង ការកោតខ្លាច ការសង្ឃឹម ការសឡាត(ថ្វាយបង្គំ) ការកាន់អំណត់បួស ការសំឡេះសត្វ ការសច្ចាបន់ ក៏ដូចជាប្រភេទនៃការគោរពសក្ការៈផ្សេងៗទៀត ដោយការឱនលំទោនចំពោះទ្រង់ ប្រាថ្នាចង់បាននូវផលបុណ្យរបស់ទ្រង់ និងខ្លាចនូវទណ្ឌកម្មរបស់ទ្រង់ ព្រមជាមួយនឹងក្តីស្រឡាញ់ដ៏ពេញបរិបូរណ៍ចំពោះទ្រង់ និងបន្ទាបខ្លួនចំពោះភាពមហិមារបស់ទ្រង់។
ជនណាដែលពិនិត្យពិចារណាចំពោះគម្ពីរគួរអាន នោះគេនឹងឃើញថា ភាគច្រើននៃគម្ពីរនេះ គឺលើកឡើងពីមូលដ្ឋានគ្រឹះដ៏ធំធេងមួយនេះ ដូចជាបន្ទូលរបស់អល់ឡោះជាម្ចាស់ដែលទ្រង់បានមានបន្ទូលថា៖ “ពិតប្រាកដណាស់ យើងបានបញ្ចុះទៅកាន់អ្នក(ឱអ្នកនាំសារមូហាំម៉ាត់)នូវគម្ពីរ(គួរអាន)យ៉ាងពិតប្រាកដ។ ហេតុនេះ ចូរអ្នកគោរពសក្ការៈចំពោះអល់ឡោះប្រកបដោយភាពស្មោះសចំពោះទ្រង់ក្នុងសាសនា។ តើពុំមែនទេឬ សាសនាដែលបរិសុទ្ធ(សាសនាអ៊ីស្លាម) គឺជាកម្មសិទ្ធិរបស់អល់ឡោះនោះ? ហើយពួកដែលយកអ្នកផ្សេងក្រៅពីអល់ឡោះធ្វើជាអ្នកគាំពារ(ពួកគេនិយាយថា៖) ពួកយើងមិនបានគោរពសក្ការៈចំពោះពួកវានោះឡើយ លើកលែងតែដើម្បីឱ្យពួកវាបញ្ជិតខ្លួនពួកយើងឱ្យមានឋានៈនៅជិតអល់ឡោះប៉ុណ្ណោះ។ ពិតប្រាកដណាស់ អល់ឡោះជាម្ចាស់នឹងកាត់សេចក្តីរវាងពួកគេចំពោះអ្វីដែលពួកគេមានការខ្វែងគំនិតគ្នា។ ពិតប្រាកដណាស់ អល់ឡោះទ្រង់មិនចង្អុលបង្ហាញចំពោះជនដែលកុហកបោកប្រាស់ និងប្រឆាំងឡើយ”។ [គម្ពីរគួរអាន ៣៩:២-៣]
ទ្រង់បានមានបន្ទូលទៀតថា៖ “ហើយព្រះជាម្ចាស់របស់អ្នកបានដាក់បទបញ្ជាមិនឲ្យពួកអ្នកគោរពសក្ការៈឡើយ លើកលែងតែចំពោះទ្រង់(តែមួយគត់)...”។ [គម្ពីរគួរអាន ១៧:២៣]
ទ្រង់បានមានបន្ទូលផងដែរថា៖ “ដូច្នេះ ចូរពួកអ្នកគោរពសក្ការៈចំពោះអល់ឡោះដោយចិត្តស្មោះសចំពោះទ្រង់ក្នុងសាសនា បើទោះជាពួកគ្មានជំនឿមិនពេញចិត្តក៏ដោយ”។ [គម្ពីរគួរអាន ៤០:១៤]
ក៏ដូចគ្នាដែរ ចំពោះអ្នកដែលពិនិត្យពិចារណាទៅលើស៊ុណ្ណះណាពី ﷺ នោះគេនឹងឃើញពីការយកចិត្តទុកដាក់ចំពោះមូលដ្ឋានគ្រឹះដ៏ធំនេះផងដែរ។ ក្នុងចំណោមនោះ គឺអ្វីដែលបានរាយការណ៍នៅក្នុងសៀវភៅសហេសទាំងពីរ អំពី មូអាស رضي الله عنه ពិតណាស់ ណាពី ﷺ លោកបានមានប្រសាសន៍ថា៖ “សិទ្ធិរបស់អល់ឡោះទៅលើខ្ញុំបម្រើទាំងឡាយ គឺពួកគេត្រូវគោរពសក្ការៈចំពោះទ្រង់ ហើយមិនត្រូវធ្វើស្ហ៊ីរិកចំពោះទ្រង់នឹងអ្វីមួយឡើយ”។ [២] [២] រាយការណ៍ដោយ អាល់ពូខរី:២៨៥៦, មូស្លីម:៣០
រួមបញ្ចូលទៅក្នុងជំនឿចំពោះអល់ឡោះផងដែរ គឺការមានជំនឿលើរាល់អ្វីទាំងអស់ដែលទ្រង់បានដាក់ជាកាតព្វកិច្ចចំពោះខ្ញុំបម្រើរបស់ទ្រង់ និងបានតម្រូវទៅលើពួកគេក្នុងចំណោមគោលគ្រឹះទាំងប្រាំនៃសាសនាអ៊ីស្លាម
នោះគឺ៖ ការធ្វើសាក្សីថា គ្មានព្រះជាម្ចាស់ឯណាដែលត្រូវគេគោរពសក្ការៈដ៏ពិតប្រាកដក្រៅពីអល់ឡោះឡើយ ហើយមូហាំម៉ាត់ គឺជាអ្នកនាំសាររបស់អល់ឡោះ ប្រតិបត្ដិសឡាត បរិច្ចាគហ្សាកាត់ បួសខែរ៉ម៉ាហ្ទន និងធ្វើធម្មយាត្រាហាជ្ជីនៅពៃតុលឡោះ អាល់ហារ៉ម(ក្រុងម៉ាក្កះ)សម្រាប់អ្នកដែលមានលទ្ធភាព ព្រមទាំងកាតព្វកិច្ចផ្សេងៗទៀតដែលច្បាប់បញ្ញត្តិអ៊ីស្លាមដ៏បរិសុទ្ធបាននាំមក។
គោលគ្រឹះដ៏សំខាន់ជាងគេបំផុត និងមានភាពធំធេងជាងគេបំផុតក្នុងចំណោមគោលគ្រឹះទាំងនេះ គឺការធ្វើសក្ខីកម្មទទួលស្គាល់ថា គ្មានទេព្រះជាម្ចាស់ដែលត្រូវគេគោរពសក្ការៈដ៏ពិតប្រាកដ លើកលែងតែអល់ឡោះ ហើយមូហាំម៉ាត់ គឺជាអ្នកនាំសាររបស់អល់ឡោះ។ ពាក្យសក្ខីកម្មនេះទាមទារនូវការថ្វាយការគោរពសក្ការៈដោយភាពជ្រះថ្លា ស្មោះសចំពោះអល់ឡោះតែមួយអង្គគត់ ហើយបដិសេធចោលនូវការគោរពសក្ការៈចំពោះអ្វីផ្សេងក្រៅពីទ្រង់។ នេះហើយជាអត្ថន័យនៃពាក្យ៖ “لا إله إلا الله” ។ ដូច្នេះ អត្ថន័យរបស់ពាក្យនេះ(ដូចដែលសាសនវិទូអ៊ីស្លាមជាច្រើនបានលើកឡើង) គឺមានន័យថា៖ គ្មានទេព្រះជាម្ចាស់ដែលត្រូវគេគោរពសក្ការៈដ៏ពិតប្រាកដ លើកលែងតែអល់ឡោះ។ ផ្អែកលើចំណុចនេះ គ្រប់អ្វីៗទាំងអស់ដែលគេគោរពសក្ការៈក្រៅពីអល់ឡោះ (មិនថាជាមនុស្ស ម៉ាឡាអ៊ីកាត់ ជិន ឬអ្វីផ្សេងពីនេះក្តី) សុទ្ធសឹងជាព្រះក្លែងក្លាយ ហើយព្រះជាម្ចាស់ដែលគេត្រូវគោរពសក្ការៈដ៏ពិតប្រាកដ គឺព្រះអល់ឡោះជាម្ចាស់តែមួយអង្គគត់ គ្មានដៃគូសម្រាប់ទ្រង់ឡើយ ដូចដែលទ្រង់បានមានបន្ទូលថា៖ “នោះក៏ព្រោះតែអល់ឡោះ ទ្រង់គឺជាព្រះជាម្ចាស់ដ៏ពិតប្រាកដ ហើយអ្វីដែលពួកគេគោរពសក្ការៈក្រៅពីទ្រង់នោះ គឺជាប្រការមិនត្រឹមត្រូវ...”។ [គម្ពីរគួរអាន ២២:៦២]
ដូចដែលបានបញ្ជាក់រួចមកហើយថា ពិតប្រាកដណាស់ អល់ឡោះជាម្ចាស់ទ្រង់បានបង្កើតមនុស្សលោកនិងជិនមក គឺសម្រាប់មូលដ្ឋានគ្រឹះដ៏សំខាន់មួយនេះឯង។ ទ្រង់បានបញ្ជាពួកគេឲ្យប្រតិបត្តិតាមមូលដ្ឋានគ្រឹះនេះ បានបញ្ជូនអ្នកនាំសារ(រ៉សូល)ទាំងឡាយដោយសារតែមូលដ្ឋានគ្រឹះនេះ និងបានបញ្ចុះគម្ពីរទាំងឡាយក៏ព្រោះតែមូលដ្ឋានគ្រឹះនេះផងដែរ។ ដូច្នេះ ជាកាតព្វកិច្ចលើខ្ញុំបម្រើរបស់អល់ឡោះត្រូវតែត្រិះរិះពិចារណាពីរឿងនេះឲ្យបានល្អិតល្អន់ និងសញ្ជឹងគិតពីវាឲ្យបានច្រើន ដើម្បីឲ្យប្រការនេះបានច្បាស់លាស់ដល់គេនូវអ្វីដែលមូស្លីមភាគច្រើនបានធ្លាក់ចូលទៅក្នុងភាពល្ងង់ខ្លៅយ៉ាងធំធេងចំពោះមូលដ្ឋានគ្រឹះមួយនេះ រហូតដល់ពួកគេបានគោរពសក្ការៈទៅចំពោះអ្នកផ្សេងរួមជាមួយនឹងអល់ឡោះ និងបានបង្វែរសិទ្ធិដ៏បរិសុទ្ធរបស់ទ្រង់ទៅឲ្យអ្នកផ្សេងក្រៅពីទ្រង់។ សូមអល់ឡោះជាម្ចាស់ទ្រង់សង្គ្រោះផងចុះ។
ក្នុងចំណោមការមានជំនឿចំពោះព្រះអល់ឡោះជាម្ចាស់ផងដែរនោះ គឺការមានជំនឿថា ទ្រង់ជាអ្នកបង្កើតសាកលលោក ជាអ្នកចាត់ចែងរាល់កិច្ចការទាំងអស់របស់ពួកគេ និងជាអ្នកគ្រប់គ្រងលើពួកគេដោយចំណេះដឹង និងអំណាចរបស់ទ្រង់ទៅតាមអ្វីដែលទ្រង់សព្វព្រះទ័យ ហើយមានជំនឿថា ទ្រង់ជាស្តេចនៃលោកិយនិងបរលោក និងជាព្រះជាម្ចាស់នៃសាកលលោកទាំងមូលដែលគ្មានអ្នកបង្កើតណាផ្សេងក្រៅពីទ្រង់ឡើយ ហើយក៏គ្មានព្រះជាម្ចាស់ឯណាផ្សេងក្រៅពីទ្រង់នោះដែរ។ មានជំនឿថា ទ្រង់បានបញ្ជូននូវអ្នកនាំសារ និងបញ្ចុះនូវព្រះគម្ពីរជាច្រើនដើម្បីកែលម្អខ្ញុំបម្រើរបស់ទ្រង់ និងអំពាវនាវពួកគេទៅកាន់អ្វីដែលនាំមកនូវភាពជោគជ័យ និងសេចក្តីសុខចម្រើនដល់ពួកគេទាំងនៅក្នុងលោកិយ និងបរលោក។ មានជំនឿថា ព្រះអល់ឡោះជាម្ចាស់ទ្រង់ពុំមានដៃគូរួមជាមួយទ្រង់នៅក្នុងកិច្ចការទាំងអស់នោះឡើយ។ ទ្រង់បានមានបន្ទូលថា៖ “អល់ឡោះជាអ្នកដែលបង្កើតរាល់អ្វីៗទាំងអស់។ ហើយទ្រង់ជាអ្នកថែរក្សានូវរាល់អ្វីៗទាំងអស់”។ [គម្ពីរគួរអាន ៣៩:៦២]
ជាផ្នែកមួយនៃជំនឿចំពោះអល់ឡោះជាម្ចាស់ផងដែរនោះ គឺការមានជំនឿចំពោះបណ្តានាមដ៏ល្អប្រពៃ និងលក្ខណៈសម្បត្តិ(ស៊ីហ្វាត)ដ៏ខ្ពង់ខ្ពស់ទាំងឡាយរបស់អល់ឡោះដែលមានបញ្ជាក់នៅក្នុងគម្ពីរដ៏ឧត្តុង្គឧត្តមរបស់ទ្រង់ ព្រមទាំងមានភស្តុតាងបញ្ជាក់ពីអ្នកនាំសារដ៏ស្មោះត្រង់របស់ទ្រង់ ដោយគ្មានការកែប្រែ បដិសេធ កំណត់លក្ខណៈ ឬក៏ប្រៀបធៀបឡើយ។ “គ្មានអ្វីមួយអាចប្រដូចនឹងទ្រង់បានឡើយ។ ហើយទ្រង់មហាឮ មហាឃើញបំផុត”។ [គម្ពីរគួរអាន ៤២:១១]
ហេតុនេះ ចាំបាច់ត្រូវទទួលស្គាល់លក្ខណៈសម្បត្តិទាំងនោះដូចដែលបាននាំមកដោយមិនត្រូវសួរថា “តើយ៉ាងដូចម្តេច” នោះឡើយ ព្រមជាមួយនឹងការមានជំនឿជឿជាក់លើអត្ថន័យដ៏ខ្ពង់ខ្ពស់ដែលវាបានចង្អុលបង្ហាញ ដែលអត្ថន័យទាំងនោះ គឺជាលក្ខណៈសម្បត្តិ(ស៊ីហ្វាត)របស់អល់ឡោះជាម្ចាស់ដ៏មហាខ្ពង់ខ្ពស់ ហើយចាំបាច់ត្រូវពណ៌នាពីលក្ខណៈរបស់ទ្រង់ដោយលក្ខណៈសម្បត្តិទាំងនោះក្នុងលក្ខណៈដែលសក្តិសមនឹងទ្រង់ ដោយគ្មានការប្រៀបប្រដូចទ្រង់ទៅនឹងអ្វីដែលទ្រង់បានបង្កើតនៅក្នុងចំណុចណាមួយនៃលក្ខណៈសម្បត្តិរបស់ទ្រង់ឡើយ ដូចដែលអល់ឡោះជាម្ចាស់បានមានបន្ទូលថា៖ ទ្រង់បានមានបន្ទូលថា៖ “ហេតុនេះ ចូរពួកអ្នកកុំយកអល់ឡោះជាម្ចាស់ទៅប្រៀប។ ពិតប្រាកដណាស់ អល់ឡោះទ្រង់ដឹងបំផុត តែពួកអ្នកវិញមិនដឹងអ្វីឡើយ”។ [គម្ពីរគួរអាន ១៦:៧៤]
នេះហើយជាគោលជំនឿអះលុស្ស៊ុណ្ណះ វ៉ាល់ជើម៉ាអះ ពីបណ្តាសហាហ្ពាត់រ៉ស៊ូលុលឡោះ ﷺ និងអ្នកដែលដើរតាមពួកគេយ៉ាងប្រពៃចំពោះបញ្ហាទាក់ទងនឹងបណ្តានាមនិងលក្ខណៈសម្បត្តិរបស់អល់ឡោះ។ វាគឺជាជំនឿដែលត្រូវបានពាំនាំមកដោយអ៊ីម៉ាំអាពូហាសាន់ អាល់អាស្ហអារី رحمه الله នៅក្នុងសៀវភៅ អាល់ម៉ាក៏ឡាត ពីបណ្តាអ្នកប្រាជ្ញផ្នែកហាទីស្ហ និងអះលុស្ស៊ុណ្ណះ ហើយវាក៏ត្រូវបានពាំនាំមកដោយអ្នកចេះដឹង និងអ្នកមានជំនឿដទៃទៀតផងដែរ។
អ៊ីម៉ាំ អាល់អាវហ្សាអ៊ី رحمه الله បាននិយាយថា៖ គេបានសួរ អាសហ្ស៊ុះរី និង ម៉ឹកហ៊ូល ទាក់ទងនឹងបណ្តាអាយ៉ាត់ស្ដីពីលក្ខណៈសម្បត្តិ(របស់អល់ឡោះ)។ គាត់ទាំងពីរបានឆ្លើយថា៖ “ចូរពួកអ្នកទុកវា(ទទួលយក)ដូចដែលវាបានមកដល់ចុះ”។ [៣] [៣] រាយការណ៍ អាល់ឡាឡាកាអ៊ី ក្នុងសៀវភៅ ស្ហើរហ៍ អ៊ូស៊ូល អាល់អៀកទីកត:៧៣៥, និងអ៊ិពនូអាប់ទុលពើរ ក្នុងសៀវភៅ ជើមៀក អាល់អ៊ិលមី វ៉ាហ្វត់លីហ៊ី:១៨០១, ប៉ុន្តែប្រើពាក្យថា “បណ្តាហាទីស្ហ” ជំនួសឱ្យ “បណ្តាអាយ៉ាត់ស្តីពីលក្ខណៈសម្បត្តិ” ដែលមានខ្លឹមសារថា៖ «ចូរពួកអ្នករាយការណ៍បណ្តាហាទីស្ហទាំងនេះដូចដែលវាបានមកដល់ ហើយចូរពួកអ្នកកុំជជែកដេញដោលចំពោះវា»។
អ៊ីម៉ាំ អាល់អាវហ្សាអ៊ី رحمه الله បាននិយាយទៀតថា៖ “ពួកយើង និងតាពីអ៊ីនយ៉ាងច្រើនបាននិយាយថា៖ ជាការពិតណាស់ អល់ឡោះជាម្ចាស់ទ្រង់ស្ថិតនៅលើអារ៉ស្ហ(បល្ល័ង្ក)របស់ទ្រង់ ហើយពួកយើងមានជំនឿចំពោះអ្វីដែលមានភស្តុតាងបញ្ជាក់នៅក្នុងស៊ុណ្ណះនៃលក្ខណៈសម្បត្តិទាំងឡាយ(របស់អល់ឡោះ)”។ [៤] [៤] រាយការណ៍ដោយ អាល់ពៃហាគី ក្នុងសៀវភៅ អាល់អាសម៉ាក វ៉ាស់ស៊ីហ្វាត:៨៦៥ ហើយ អ៊ិពនូតៃមីយ៉ះ បានបញ្ជាក់ពីភាពត្រឹមត្រូវនៃខ្សែបណ្តាញអ្នករាយការណ៍(សាណាត់)របស់វាថាត្រឹមត្រូវ(សហេស) ក្នុងសៀវភៅ អាល់ហាម៉ាវីយ៉ះ(ទំព័រ:២៦៩) ហើយអ៊ីម៉ាំ អាសហ្សាហាពី បានលើកឡើងក្នុងសៀវភៅ អាល់អើរដ៍ (២/២២៣) ថា៖ អ្នករាយការណ៍សម្តីខាងលើ គឺជាអ៊ីម៉ាំៗដែលគួរឱ្យទុកចិត្ត។
អាល់វ៉ាលីត ពិន មូស្លីម رحمه الله បាននិយាយថា៖ មានគេសួរ អ៊ីម៉ាំម៉ាលិក អាល់អាវហ្សាអ៊ី អាល់ឡៃស៍ ពិន សាអាត់ និង ស៊ុហ្វយ៉ាន អាស្សាវរី رحمهم الله អំពីសេចក្តីរាយការណ៍ទាំងឡាយដែលទាក់ទងនឹងលក្ខណៈសម្បត្តិ(របស់អល់ឡោះ)។ ពេលនោះ ពួកគាត់ទាំងអស់គ្នាបានឆ្លើយថា៖ ចូរពួកអ្នកទុកវា(ទទួលយក)ដូចដែលវាបានមកដល់ចុះ ដោយមិនត្រូវសួរថា “តើយ៉ាងដូចម្តេច” នោះឡើយ។ [៥] [៥] រាយការណ៍ដោយ អាល់ឡាឡាកាអ៊ី ក្នុងសៀវភៅ ស្ហើរហ៍ អ៊ូស៊ូល អាល់អៀកទីកត:៩៣០ និង អាល់ពៃហាគី ក្នុងសៀវភៅ អាល់អាសម៉ាក វ៉ាស់ស៊ីហ្វាត:៩៥៥។
នៅពេលដែលគេសួរ រ៉ពីអះ ពិន អាពូអាប់ទុលរ៉ោះម៉ាន (ជាគ្រូរបស់អ៊ីម៉ាំម៉ាលិក رحمهما الله) អំពីពាក្យ “الاستواء” (ការគង់លើអារ៉ស្ហរបស់អល់ឡោះ) គាត់បានឆ្លើយថា៖ “الاستواء” (ការគង់លើអារ៉ស្ហរបស់អល់ឡោះ) មិនមែនជារឿងដែលគេមិនដឹងនោះឡើយ តែរបៀបយ៉ាងដូចម្តេចនោះ គឺមិនអាចគិតដល់ដោយបញ្ញា(របស់យើង)ឡើយ។ សារគឺមកពីអល់ឡោះជាម្ចាស់ ហើយអ្នកនាំសារ(រ៉សូល)មានកាតព្វកិច្ចផ្សព្វផ្សាយយ៉ាងច្បាស់លាស់។ ចំណែកឯយើងវិញ មានកាតព្វកិច្ចត្រូវជឿជាក់។ [៦] ហើយនៅពេលដែលមានគេសួរអ៊ីម៉ាំម៉ាលិក رحمه الله អំពីរឿងនេះ គាត់បានឆ្លើយថា៖ “الاستواء” (ការគង់លើអារ៉ស្ហរបស់អល់ឡោះ) គឺជារឿងដែលគេដឹងទូទៅឡើយ តែរបៀបយ៉ាងដូចម្តេចនោះ គឺគេមិនដឹងឡើយ។ ការមានជំនឿចំពោះរឿងនេះ គឺជាកាតព្វកិច្ច។ រីឯការសួរអំពីរឿងនេះ គឺជាទង្វើពិទអះ(ការបង្កើតថ្មីក្នុងសាសនា)”។ បន្ទាប់មក គាត់បាននិយាយទៅកាន់បុរសដែលសួរនោះថា៖ ខ្ញុំមើលទៅអ្នកមិនមែនជាមនុស្សល្អនោះឡើយ។ បន្ទាប់មក គាត់ក៏ប្រើគេឲ្យបណ្តេញបុរសនោះចេញ។ [៧] ជាការពិតណាស់ អត្ថន័យបែបនេះក៏ត្រូវបានរាយការណ៍ផងដែរអំពីមាតានៃអ្នកមានជំនឿទាំងឡាយ អ៊ុមមូសាឡាម៉ះ رضي الله عنها។ [៨] [៦] រាយការណ៍ដោយ អាល់ឡាឡាកាអ៊ី ក្នុងសៀវភៅ ស្ហើរហ៍ អ៊ូស៊ូល អាល់អៀកទីកត:៦៦៥ និង អាល់ពៃហាគី ក្នុងសៀវភៅ អាល់អាសម៉ាក វ៉ាស់ស៊ីហ្វាត:៨៦៨។ [៧] រាយការណ៍ដោយ អាល់ឡាឡាកាអ៊ី ក្នុងសៀវភៅ ស្ហើរហ៍ អ៊ូស៊ូល អាល់អៀកទីកត:៦៦៤, អាពូនូអែម ក្នុងសៀវភៅ ហ៊ិលយ៉ាតុលអាវលីយ៉ាក:៦/៣២៥ និង អាល់ពៃហាគី ក្នុងសៀវភៅ អាល់អាសម៉ាក វ៉ាស់ស៊ីហ្វាត:៨៦៧។ [៨] រាយការណ៍ដោយ អាល់មូហ្សឹគី ក្នុងសៀវភៅ អាល់មូហ្សឹកគីយ៉ាត:២៩, អ៊ិពនូហ្ពាត់តោះ ក្នុងសៀវភៅ អាល់អ៊ីហ្ពាណះ:១២០ និងអាល់ឡាឡាកាអ៊ី ក្នុងសៀវភៅ ស្ហើរហ៍ អ៊ូស៊ូល អាល់អៀកទីកត:៦៦៣។
អ៊ីម៉ាំ អាពូអាប់ទុលរ៉ោះម៉ាន ពិន អាល់មូហ្ពារ៉ឹក رحمه الله បាននិយាយថា៖ “យើងស្គាល់ព្រះជាម្ចាស់របស់យើងដ៏មហាស្អាតស្អំថា ទ្រង់ស្ថិតនៅខ្ពស់លើមេឃា នៅលើអារ៉ស្ហរបស់ទ្រង់ ដាច់ដោយឡែកពីភាវៈ(ម៉ាខ្លូក)របស់ទ្រង់”។ [៩] [៩] រាយការណ៍ដោយ អាត់ទើរីមី ក្នុងសៀវភៅ អើររ៉ត់ទូ អាឡាល់ហ្ជះមីយ៉ះ:៦៧ និងអាល់ហ្ពៃហាគី ក្នុងសៀវភៅ អាល់អាសម៉ាក វ៉ាសស៊ីហ្វាត:៩០៣។
ការលើកឡើងរបស់បណ្តាអ៊ីម៉ាំ ឬអ្នកប្រាជ្ញអ៊ីស្លាមទាក់ទងនឹងបញ្ហានេះ គឺមានច្រើនលើសលប់ដែលមិនអាចដកស្រង់មកបង្ហាញទាំងអស់នៅក្នុងអត្ថបទនេះបាននោះទេ។ ដូចនេះ សម្រាប់អ្នកដែលចង់ស្វែងយល់បន្ថែមឲ្យកាន់តែស៊ីជម្រៅអំពីបញ្ហានេះ សូមត្រឡប់ទៅអាននូវអ្វីដែលបណ្តាអ្នកប្រាជ្ញអះលុស្ស៊ុណ្ណះបានចងក្រងទុកពាក់ព័ន្ធនឹងបញ្ហានេះ ដូចជាសៀវភៅ “អាស្ស៊ុណ្ណះ” របស់ អាប់ទុលឡោះ កូនប្រុសរបស់ អ៊ីម៉ាំអះម៉ាត់, សៀវភៅ “អាត់តាវហេទ” របស់អ៊ីម៉ាំ មូហាំម៉ាត់ ពិន ឃូហ្សៃម៉ះ, សៀវភៅ “អាស្ស៊ុណ្ណះ” របស់ អាពុលកសឹម អាល់ឡាឡាកាអ៊ី អាត់ត៏ហ្ពារី, សៀវភៅ “អាស្ស៊ុណ្ណះ” របស់ អាពូហ្ពាកើរ ពិន អាពូអាស៊ិម និងចម្លើយរបស់ស្ហៃឃុលអ៊ីស្លាម អ៊ិពនូតៃមីយ៉ះ តបទៅកាន់អ្នកស្រុកហាម៉ាត ដែលវាជាចម្លើយឆ្លើយតបដ៏អស្ចារ្យ និងមានអត្ថប្រយោជន៍យ៉ាងច្រើន ដោយនៅក្នុងនោះ គាត់បានពន្យល់បកស្រាយយ៉ាងច្បាស់អំពីគោលជំនឿអះលុស្ស៊ុណ្ណះ ព្រមទាំងបានដកស្រង់នូវសម្តីរបស់អ្នកប្រាជ្ញអះលុស្ស៊ុណ្ណះជាច្រើន រួមនឹងភស្តុតាងជាច្រើនទាំងខាងសាសនា និងខាងបញ្ញា(តក្កវិជ្ជា) ដើម្បីបញ្ជាក់ពីភាពត្រឹមត្រូវនៃអ្វីដែលអះលុស្ស៊ុណ្ណះបានលើកឡើង និងភាពមិនត្រឹមត្រូវនៃទស្សនៈរបស់គូភាគីដែលជំទាស់។
ក៏ដូចគ្នាដែរ សារលិខិតរបស់គាត់ដែលមានចំណងជើងថា “អាត់តាត់មូរីយ៉ះ” ដែលនៅក្នុងនោះ គាត់បានបកស្រាយយ៉ាងក្បោះក្បាយ និងបានបញ្ជាក់យ៉ាងច្បាស់អំពីគោលជំនឿរបស់អះលុស្ស៊ុណ្ណះ ភ្ជាប់ដោយភស្តុតាងជាច្រើនទាំងខាងសាសនា(النقلية) និងខាងបញ្ញា(العقلية) ព្រមទាំងឆ្លើយតបចំពោះអ្នកដែលយល់ខុស តាមរយៈការបង្ហាញនូវសេចក្តីពិត និងលុបបំបាត់នូវភាពខុសឆ្គង ចំពោះរាល់អ្នកចេះដឹងទាំងឡាយណាដែលបានពិនិត្យមើលសៀវភៅនោះដោយមានបំណងល្អ និងមានបំណងប្រាថ្នាចង់ស្វែងរកនូវការពិតពិតប្រាកដ។ សរុបមក គោលជំនឿអះលុស្ស៊ុណ្ណះ វ៉ាល់ជើម៉ាអះ នៅក្នុងជំពូកទាក់ទងនឹងបណ្តានាមនិងលក្ខណៈសម្បត្តិ(របស់អល់ឡោះ) គឺពួកគេទទួលស្គាល់សម្រាប់អល់ឡោះជាម្ចាស់នូវអ្វីដែលទ្រង់បានទទួលស្គាល់សម្រាប់អង្គទ្រង់ផ្ទាល់នៅក្នុងគម្ពីររបស់ទ្រង់ ឬអ្វីដែលអ្នកនាំសាររបស់ទ្រង់ មូហាំម៉ាត់ ﷺ បានទទួលស្គាល់សម្រាប់ទ្រង់នៅក្នុងស៊ុណ្ណះរបស់លោក ជាការទទួលស្គាល់ដោយគ្មានការប្រៀបប្រដូច ហើយបានលើកតម្កើងទ្រង់ឲ្យខ្ពង់ខ្ពស់ផុតពីការដូចទៅនឹងអ្វីដែលទ្រង់បានបង្កើត ជាការលើកតម្កើងដ៏បរិសុទ្ធផុតពីការបដិសេធ(នូវលក្ខណៈរបស់ទ្រង់)។ តាមរយៈមាគ៌ានេះ ពួកគេក៏ទទួលបាននូវភាពសុខសាន្ត រួចផុតពីភាពផ្ទុយគ្នា(ក្នុងបញ្ហាគោលជំនឿ)។ មិនតែប៉ុណ្ណោះ ពួកគេអនុវត្តតាមភស្តុតាងទាំងអស់ដែលមាន(ដោយការចង្អុលបង្ហាញពីអល់ឡោះជាម្ចាស់) ព្រោះថា មាគ៌ារបស់អល់ឡោះជាម្ចាស់ចំពោះជនណាដែលប្រកាន់ខ្ជាប់នូវសេចក្តីពិតដែលទ្រង់បានចាត់ឲ្យបណ្តាអ្នកនាំសាររបស់ទ្រង់នាំមក ហើយគេបានខិតខំប្រឹងប្រែងអស់ពីសមត្ថភាពរបស់ខ្លួននៅក្នុងរឿងនោះ ព្រមទាំងមានចិត្តស្មោះសរចំពោះអល់ឡោះក្នុងការស្វែងរកវា នោះទ្រង់នឹងចង្អុលបង្ហាញជនទៅកាន់សេចក្តីពិត ហើយទ្រង់នឹងបង្ហាញនូវភស្តុតាងរបស់គេ ដូចដែលទ្រង់បានមានបន្ទូលថា៖ “ផ្ទុយទៅវិញ យើងនឹងបំភ្លឺភាពពិតទៅលើភាពខុសឆ្គង វាក៏រលាយសាបសូន្យ។ ពេលនោះ ភាពខុសឆ្គងក៏ត្រូវបាត់បង់...”។ [គម្ពីរគួរអាន ២១:១៨]
ទ្រង់បានមានបន្ទូលទៀតថា៖ “ហើយពួកគេ(ពួកមុស្ហរីគីន)មិនបាននាំមកឲ្យអ្នកនូវឧទាហរណ៍ណាមួយនោះឡើយ លើកលែងតែយើងបាននាំមកឲ្យអ្នកនូវចម្លើយដែលពិតត្រឹមត្រូវ ហើយនិងការបកស្រាយដ៏ប្រសើរបំផុត”។ [គម្ពីរគួរអាន ២៥:៣៣]
ចំណែកឯអ្នកដែលដើរផ្ទុយពីមាគ៌ាអះលុស្ស៊ុណ្ណះចំពោះអ្វីដែលពួកគេមានជំនឿទាក់ទងនឹងនាម និងលក្ខណៈសម្បត្តិ(របស់អល់ឡោះ) ប្រាកដណាស់ បុគ្គលនោះនឹងធ្លាក់ចូលទៅក្នុងការប្រឆាំងនឹងភស្តុតាងខាងសាសនា និងខាងបញ្ញា(តក្កៈ) ព្រមទាំងមានភាពផ្ទុយគ្នាយ៉ាងច្បាស់នៅក្នុងរាល់អ្វីដែលរូបគេបានទទួលស្គាល់ ហើយនិងអ្វីដែលរូបគេបានបដិសេធដោយចៀសមិនផុតឡើយ។ ពិតប្រាកដណាស់ សាសនវិទូអ៊ីស្លាម អាល់ហាហ្វីស អ៊ិពនូកាសៀរ رحمه الله បានលើកឡើងនៅក្នុងសៀវភៅតាហ្វសៀរដ៏ល្បីល្បាញរបស់គាត់នូវពាក្យពេចន៍ដ៏ល្អប្រពៃមួយទាក់ទងនឹងប្រធានបទនេះ នៅពេលដែលគាត់ធ្វើការបកស្រាយបន្ទូលរបស់អល់ឡោះជាម្ចាស់ដែលទ្រង់បានមានបន្ទូលថា៖ “ពិតប្រាកដណាស់ ព្រះជាម្ចាស់របស់ពួកអ្នក គឺអល់ឡោះដែលបានបង្កើតមេឃជាច្រើនជាន់និងផែនដីរយៈពេលប្រាំមួយថ្ងៃ។ បន្ទាប់មក ទ្រង់នៅលើអារ៉ស្ហ...”។ [គម្ពីរគួរអាន ៧:៥៤]
វាជាការប្រសើរក្នុងការដកស្រង់សម្តីរបស់គាត់មកដាក់បង្ហាញនៅទីនេះ ដោយសារតែផលប្រយោជន៍ដ៏មហាសាលរបស់វា។ គាត់បានលើកឡើងថា៖
“នៅត្រង់ចំណុចនេះ មនុស្សមានការជជែកវែកញែកគ្នាយ៉ាងច្រើន ដែលទីនេះមិនមែនជាកន្លែងដែលត្រូវវែកញែកឲ្យវែងឆ្ងាយនោះទេ។ តាមពិត នៅក្នុងបញ្ហានេះ ពួកយើងប្រកាន់យកនូវទស្សនៈរបស់អ្នកជំនាន់មុនដ៏ល្អប្រពៃ(السلف الصالح)រួមមាន អ៊ីម៉ាំម៉ាលិក អាល់អាហ្សាអ៊ី អាស្សាវរី អាល់ឡៃស៍ ពិន សាអាត់ ស្ហាហ្វីអ៊ី អះម៉ាត់ ពិន ហាំហ្ពាល់ អ៊ីសហាក ពិន រ៉ាហាវ៉ៃហ៍ និងបណ្ដាអ៊ីម៉ាំនៃអ្នកមូស្លីមដទៃទៀត ទាំងក្នុងសម័យដើម និងសម័យបច្ចុប្បន្ន ដែលទស្សនៈនោះគឺ រក្សាទុកវា(ទទួលយក)ដូចដែលវាបានមកដល់ ដោយគ្មានការកំណត់អំពីលក្ខណៈឬរបៀប គ្មានការប្រៀបធៀប និងគ្មានការបដិសេធឡើយ។ រាល់អត្ថន័យខាងក្រៅដែលផុសឡើងក្នុងគំនិតរបស់អ្នកដែលប្រៀបធៀប គឺត្រូវបានបដិសេធចេញពីអល់ឡោះ ព្រោះថា ពិតប្រាកដណាស់ អល់ឡោះមិនស្រដៀងទៅនឹងអ្វីមួយក្នុងចំណោមការបង្កើតរបស់ទ្រង់ឡើយ ហើយ “គ្មានអ្វីមួយអាចប្រដូចនឹងទ្រង់បានឡើយ។ ហើយទ្រង់មហាឮ មហាឃើញបំផុត”។ [គម្ពីរគួរអាន ៤២:១១] ផ្ទុយទៅវិញ ការពិតគឺដូចអ្វីដែលអ៊ីម៉ាំទាំងឡាយបាននិយាយ ក្នុងចំណោមនោះមាន នូអែម ពិន ហាំម៉ាត អាល់ឃូហ្សាអ៊ី ជាគ្រូរបស់អ៊ីម៉ាំអាល់ពូខរី គាត់បាននិយាយថា៖ “បុគ្គលណាដែលប្រដូចអល់ឡោះទៅនឹងភាវៈរបស់ទ្រង់(ដែលទ្រង់បានបង្កើត) បុគ្គលនោះពិតជាបានក្លាយជាអ្នកគ្មានជំនឿ(កាហ្វៀរ)។ ហើយបុគ្គលណាដែលបដិសេធនូវអ្វីដែលអល់ឡោះបានពណ៌នាអំពីអង្គទ្រង់ផ្ទាល់នោះ បុគ្គលនោះក៏ពិតជាបានក្លាយជាអ្នកគ្មានជំនឿ(កាហ្វៀរ)ដែរ”។ [១០] អ្វីដែលអល់ឡោះជាម្ចាស់បានពិពណ៌នាអំពីអង្គទ្រង់ដោយអង្គឯងផ្ទាល់ ឬអ្វីដែលអ្នកនាំសាររបស់ទ្រង់បានពិពណ៌នាអំពីទ្រង់នោះ ពុំមែនជាការប្រៀបប្រដូចនោះឡើយ។ ដូចនេះ ជនណាដែលទទួលស្គាល់សម្រាប់អល់ឡោះជាម្ចាស់នូវអ្វីដែលមានភស្តុតាងបញ្ជាក់នៅក្នុងបណ្តាអាយ៉ាត់ដ៏ច្បាស់លាស់ និងបណ្តាហាទីស្ហដ៏ត្រឹមត្រូវក្នុងលក្ខណៈដែលសក្តិសមនឹងភាពខ្ពង់ខ្ពស់របស់អល់ឡោះជាម្ចាស់ ហើយបដិសេធពីអល់ឡោះជាម្ចាស់នូវភាពខ្វះខាតទាំងឡាយនោះ ជាការពិតណាស់ រូបគេពិតបានដើរតាមមាគ៌ានៃការចង្អុលបង្ហាញហើយ”។ [១១]។ ចប់សម្តីរបស់អ៊ិពនូកាសៀរ رحمه الله ។ [១០] រាយការណ៍ដោយ អាសហ្សាហាពី ក្នុងសៀវភៅ អាល់អ៊ូលូវ:៤៦៤, ហើយអ៊ីម៉ាំអាល់ហ្ពានី បានលើកឡើងក្នុងសៀវភៅ មុខតាស័រ អាល់អ៊ូលូវ(ទំព័រ:១៨៤)ថា៖ បណ្តាញអ្នករាយការណ៍(សាណាត់)សម្តីនេះ គឺសហេស(ត្រឹមត្រូវ)។ អ្នករាយការណ៍របស់វាសុទ្ធតែគួរឱ្យទុកចិត្ត និងត្រូវបានគេស្គាល់។ [១១] តាហ្វសៀរ អ៊ិពនូកាសៀរ (៣/៤២៦,៤២៧)
រួមបញ្ចូលក្នុងជំនឿចំពោះអល់ឡោះជាម្ចាស់ផងដែរនោះ គឺការជឿជាក់ថា សេចក្តីជំនឿ(អ៊ីម៉ាន) គឺមានទាំងពាក្យសម្តី និងការប្រព្រឹត្ត។ វាកើនឡើងដោយការគោរពប្រតិបត្តិ ហើយថយចុះដោយការប្រព្រឹត្តល្មើស។ ហើយគេមិនអនុញ្ញាតឱ្យចាត់ទុកជនមូស្លីមណាម្នាក់ថាជាអ្នកគ្មានជំនឿ(កាហ្វៀរ) ព្រោះតែការប្រព្រឹត្តអំពើល្មើសណាមួយក្រៅអំពើស្ហ៊ីរិក និងទង្វើគ្មានជំនឿនោះឡើយ ដូចជាការផិតក្បត់(ហ្ស៊ីណា) ការលួច ការស៊ីការប្រាក់ ការផឹកគ្រឿងស្រវឹង ការរមិលគុណចំពោះមាតាបិតា និងអំពើបាបធំៗផ្សេងទៀត ដរាបណាបុគ្គលនោះមិនចាត់ទុកទង្វើទាំងនោះថាត្រូវបានអនុញ្ញាត(ហាឡាល់) ដោយយោងតាមបន្ទូលរបស់អល់ឡោះជាម្ចាស់ដែលទ្រង់បានមានបន្ទូលថា៖ “ពិតប្រាកដណាស់ អល់ឡោះជាម្ចាស់ទ្រង់មិនអភ័យទោសឱ្យអ្នកដែលធ្វើស្ហ៊ីរិកចំពោះទ្រង់ឡើយ តែទ្រង់នឹងអភ័យទោសឱ្យចំពោះបាបកម្មផ្សេងពីនេះ ចំពោះជនណាដែលទ្រង់មានចេតនា...”។ [គម្ពីរគួរអាន ៤:៤៨] និងយោងទៅតាមសេចក្តីរាយការណ៍ត្រឹមត្រូវជាច្រើនពីរ៉ស៊ូលុលឡោះ ﷺ ដែលក្នុងចំណោមនោះ គឺប្រសាសន៍របស់រ៉ស៊ូលុលឡោះ ﷺ ដែលលោកបានមានប្រសាសន៍ថា៖ «ពិតប្រាកដណាស់ អល់ឡោះជាម្ចាស់នឹងបញ្ចេញពីឋាននរកនូវអ្នកដែលនៅក្នុងចិត្ដរបស់គេមានសេចក្តីជំនឿ(អ៊ីម៉ាន)ទម្ងន់ប៉ុនគ្រាប់ស្ពៃ»។ [១២] [១២] រាយការណ៍ដោយ អាល់ពូខរី:២២ ពីហាទីស្ហរបស់ អាពូសាអ៊ីត អាល់ឃុទរី رضي الله عنه ។
មូលដ្ឋានគ្រឹះទីពីរ៖ ជំនឿចំពោះម៉ាឡាអ៊ីកាត់(ទេវតា)ទាំងឡាយ
ជំនឿនេះរួមបញ្ចូលនូវប្រការពីរគឺ៖ ប្រការទីមួយ៖ មានជំនឿចំពោះម៉ាឡាអ៊ីកាត់ទាំងឡាយជាលក្ខណៈរួម ពោលគឺយើងត្រូវជឿថា អល់ឡោះជាម្ចាស់មានម៉ាឡាអ៊ីកាត់ជាច្រើនដែលទ្រង់បានបង្កើតពួកគេមកដើម្បីគោរពប្រតិបត្តិចំពោះទ្រង់ ហើយទ្រង់បានពណ៌នាពីលក្ខណៈរបស់ពួកគេថា៖ “ហើយពួកគេ(ពួកពហុទេវនិយម)និយាយថា៖ ព្រះជាម្ចាស់ដ៏មហាសប្បុរសទ្រង់មានបុត្រ។ ទ្រង់មហាស្អាតស្អំ។ ផ្ទុយទៅវិញ ពួកគេ(ម៉ាឡាអ៊ីកាត់) គឺជាខ្ញុំបម្រើ(របស់អល់ឡោះ)ដែលត្រូវបានគេលើកតម្កើងប៉ុណ្ណោះ។ ពួកគេមិនហ៊ានផ្តើមសម្តី(របស់ពួកគេ)មុនទ្រង់នោះឡើយ។ ហើយពួកគេប្រតិបត្តិតាមបទបញ្ជារបស់ទ្រង់។ ទ្រង់ដឹងនូវអ្វីដែលនៅខាងមុខពួកគេ(ទង្វើកាលពីមុន) និងអ្វីដែលនៅខាងក្រោយពួកគេ(ទង្វើដែលពួកគេនឹងសាង)។ ហើយពួកគេមិនធ្វើអន្តរាគមន៍ដល់នរណានោះឡើយ លើកលែងតែជនណាដែលទ្រង់ពេញចិត្តប៉ុណ្ណោះ។ ហើយដោយការខ្លាចចំពោះទ្រង់ ពួកគេប្រុងប្រយ័ត្ន(ជានិច្ច)”។ [គម្ពីរគួរអាន ២១:២៦-២៨]
ម៉ាឡាអ៊ីកាត់មានច្រើនក្រុម។ ក្នុងចំណោមពួកគេ មានអ្នកខ្លះជាអ្នកទទួលបន្ទុកទ្រអារ៉ស្ហ(បល្ល័ង្ក)របស់អល់ឡោះ មានអ្នកខ្លះជាឆ្មាំឋានសួគ៌ និងឋាននរក ហើយមានអ្នកខ្លះទៀតជាអ្នកទទួលបន្ទុកកត់ត្រានូវទង្វើរបស់ខ្ញុំបម្រើអល់ឡោះ(ទាំងល្អ ទាំងអាក្រក់)។ ប្រការទីពីរ៖ មានជំនឿចំពោះម៉ាឡាអ៊ីកាត់ជាលក្ខណៈលម្អិត ពោលគឺយើងមានជំនឿចំពោះអ្នកដែលអល់ឡោះ និងអ្នកនាំសាររបស់ទ្រង់បានបញ្ជាក់ពីឈ្មោះរបស់ពួកគេ ដូចជា ម៉ាឡាអ៊ីកាត់ជីព្រីល ដែលទទួលបន្ទុកនាំយកវិវរណៈ(វ៉ាហ៊ី) មីកាអេល ដែលទទួលបន្ទុកលើការបញ្ចុះទឹកភ្លៀង ម៉ាលិក ដែលជាឆ្មាំឋាននរក និងអ៊ិសរ៉ហ្វេល ដែលទទួលបន្ទុកលើការផ្លុំត្រែ(នាថ្ងៃបរលោក)។ ម្យ៉ាងទៀត ម៉ាឡាអ៊ីកាត់ទាំងនោះត្រូវបានលើកឡើងក្នុងហាទីស្ហសហេសជាច្រើន ក្នុងចំណោមនោះ គឺអ្វីដែលបានរាយការណ៍ក្នុងហាទីស្ហសហេស អំពី អាអ៊ីស្ហះ رضي الله عنها ពិតណាស់ ណាពី ﷺ លោកបានមានប្រសាសន៍ថា៖ «ម៉ាឡាអ៊ីកាត់ត្រូវបានគេបង្កើតពីពន្លឺ ជិនត្រូវបានគេបង្កើតពីអណ្តាតភ្លើង ហើយអាហ្ទាំត្រូវបានគេបង្កើតពីអ្វីដែលគេបានរៀបរាប់ប្រាប់ពួកអ្នក»។ [១៣] រាយការណ៍ដោយ មូស្លីម នៅក្នុងសៀវភៅសហេសរបស់គាត់។ [១៣] រាយការណ៍ដោយ មូស្លីម:២៩៩៦ ពីហាទីស្ហ អាអ៊ីស្ហះ رضي الله عنها ។
មូលដ្ឋានគ្រឹះទីបី៖ ជំនឿចំពោះបណ្តាព្រះគម្ពីរទាំងឡាយ។ ជំនឿនេះក៏រួមបញ្ចូលនូវប្រការពីរផងដែរ៖
ប្រការទីមួយ៖ មានជំនឿចំពោះគម្ពីរទាំងឡាយជាលក្ខណៈរួម ពោលគឺត្រូវជឿថា អល់ឡោះជាម្ចាស់ទ្រង់បានបញ្ចុះគម្ពីរទាំងឡាយទៅកាន់បណ្តាណាពី និងអ្នកនាំសាររបស់ទ្រង់ដើម្បីបកស្រាយបញ្ជាក់ពីសេចក្តីពិតរបស់ទ្រង់ និងធ្វើការអំពាវនាវទៅកាន់ទ្រង់ ដូចដែលអល់ឡោះជាម្ចាស់ទ្រង់បានមានបន្ទូលថា៖ “ពិតប្រាកដណាស់ យើងបានបញ្ជូនអ្នកនាំសារទាំងឡាយរបស់យើងដោយនាំមកនូវសញ្ញាភស្តុតាងយ៉ាងច្បាស់លាស់។ ហើយយើងបានបញ្ចុះមកជាមួយពួកគេនូវគម្ពីរ និងជញ្ជីងយុត្តិធម៌ដើម្បីឱ្យមនុស្សលោកមានទំនាក់ទំនងគ្នាដោយយុត្តិធម៌...”។ [គម្ពីរគួរអាន ៥៨:២៥] ទ្រង់បានមានបន្ទូលទៀតថា៖ “ដើមឡើយ មនុស្សលោកជាប្រជាជាតិតែមួយ(ស្ថិតនៅលើសាសនាអ៊ីស្លាម)។ (លុះដល់ពេលស្ហៃតនធ្វើឱ្យពួកគេវង្វេង) ពេលនោះ អល់ឡោះក៏បានចាត់បញ្ជូននូវណាពីជាច្រើន ដើម្បីធ្វើជាអ្នកផ្តល់ដំណឹងរីករាយ(ដល់បណ្តាអ្នកមានជំនឿ) និងជាអ្នកដាស់តឿនព្រមាន(ដល់ពួកគ្មានជំនឿ) ហើយទ្រង់បានបញ្ចុះមកជាមួយពួកគេនូវគម្ពីរដ៏ពិតប្រាកដ ដើម្បីឱ្យគេវិនិច្ឆ័យរវាងមនុស្សលោកចំពោះអ្វីដែលពួកគេបានខ្វែងគំនិតគ្នានៅក្នុងវា...”។ [គម្ពីរគួរអាន ២:២១៣]
ប្រការទីពីរ៖ មានជំនឿលើគម្ពីរទាំងឡាយជាលក្ខណៈលម្អិត ពោលគឺត្រូវមានជំនឿលើឈ្មោះនៃគម្ពីរដែលអល់ឡោះឲ្យឈ្មោះវា ដូចជា គម្ពីរតាវរ៉ត គម្ពីរអ៊ិញ្ជីល គម្ពីរហ្សាពួរ និងគម្ពីរគួរអាន។ ហើយត្រូវមានជំនឿថា គម្ពីរគួរអាន គឺជាគម្ពីរដ៏ឧត្តុង្គឧត្តមបំផុត និងជាគម្ពីរចុងក្រោយបង្អស់ដែលគ្របដណ្ដប់លើគម្ពីរទាំងនោះ និងបញ្ជាក់ពីភាពត្រឹមត្រូវនៃគម្ពីរមុនៗ។ វាជាគម្ពីរដែលប្រជាជាតិទាំងអស់មានកាតព្វកិច្ចត្រូវអនុវត្តតាម និងកាត់សេចក្តីតាម រួមជាមួយនឹងស៊ុណ្ណះដ៏ត្រឹមត្រូវពីអ្នកនាំសាររបស់អល់ឡោះ ﷺ ពីព្រោះអល់ឡោះជាម្ចាស់ទ្រង់បានចាត់តាំងអ្នកនាំសាររបស់ទ្រង់ មូហាំម៉ាត់ ﷺ ជាអ្នកនាំសារទៅកាន់មនុស្សលោក និងជិនទាំងអស់ ហើយទ្រង់បានបញ្ចុះគម្ពីរគួរអាននេះទៅកាន់លោកដើម្បីធ្វើការកាត់សេចក្តីរវាងពួកគេ និងបានចាត់ទុកគម្ពីរនេះជាឱសថព្យាបាលសម្រាប់អ្វីដែលមាននៅក្នុងទ្រូង(ដួងចិត្ត) ជាការបកស្រាយបញ្ជាក់សម្រាប់រាល់កិច្ចការទាំងអស់ ព្រមទាំងជាការណែនាំ និងជាក្តីមេត្តាករុណាសម្រាប់អ្នកដែលមានជំនឿ ដូចដែលអល់ឡោះជាម្ចាស់ទ្រង់បានមានបន្ទូលថា៖ “ហើយនេះគឺជាគម្ពីរ(គួរអាន)ដែលយើងបានបញ្ចុះវាប្រកបដោយពរជ័យ។ ហេតុនេះ ចូរពួកអ្នកដើរតាមវា និងកោតខ្លាច(ប្រុងប្រយ័ត្នពីការធ្វើផ្ទុយនឹងវា)។ សង្ឃឹមថាពួកអ្នកនឹងត្រូវបានគេអាណិតស្រលាញ់”។ [គម្ពីរគួរអាន ៦:១៥៥] ទ្រង់បានមានបន្ទូលទៀតថា៖ “ហើយយើងបានបញ្ចុះនូវគម្ពីរ(គួរអាន)ទៅកាន់អ្នកដើម្បីបញ្ជាក់រាល់អ្វីៗទាំងអស់ ជាការចង្អុលបង្ហាញ ជាក្តីមេត្តាករុណា និងជាដំណឹងរីករាយសម្រាប់ជនមូស្លីមទាំងឡាយ”។ [គម្ពីរគួរអាន ១៦:៨៩] ទ្រង់បានមានបន្ទូលផងដែរថា៖ “ចូរអ្នក(ឱអ្នកនាំសារមូហាំម៉ាត់)ពោលចុះថា៖ ឱមនុស្សលោកទាំងឡាយ! ជាការពិតណាស់ រូបខ្ញុំគឺជាអ្នកនាំសាររបស់អល់ឡោះមកកាន់ពួកអ្នកទាំងអស់គ្នា ដែលអំណាចគ្រប់គ្រងមេឃជាច្រើនជាន់និងផែនដី គឺជាកម្មសិទ្ធិរបស់ទ្រង់(តែមួយគត់)។ គ្មានព្រះជាម្ចាស់ឯណាដែលត្រូវគោរពសក្ការៈដ៏ពិតប្រាកដក្រៅពីទ្រង់ជាអ្នកដែលផ្តល់ជីវិត និងជាអ្នកដែលធ្វើឲ្យស្លាប់នោះឡើយ។ ដូច្នេះ ចូរពួកអ្នកមានជំនឿចំពោះអល់ឡោះ និងមានជំនឿចំពោះអ្នកនាំសាររបស់ទ្រង់(ណាពីមូហាំម៉ាត់)ជាណាពីម្នាក់ដែលជាអនក្ខរជនដែលគាត់មានជំនឿលើអល់ឡោះ និងចំពោះបន្ទូលរបស់ទ្រង់។ ហើយចូរពួកអ្នកប្រតិបត្តិតាមគាត់ចុះ សង្ឃឹមថា ពួកអ្នកនឹងទទួលបានការចង្អុលបង្ហាញ”។ [គម្ពីរគួរអាន ៧:១៥៨]។ អាយ៉ាត់ដែលមានអត្ថន័យបែបនេះ មានច្រើនលើសលប់។
មូលដ្ឋានគ្រឹះទីបួន៖ ជំនឿចំពោះបណ្តាអ្នកនាំសារ(រ៉សូល)
ជំនឿនេះក៏រួមបញ្ចូលនូវប្រការពីរផងដែរ៖ ប្រការទីមួយ៖ មានជំនឿចំពោះអ្នកនាំសារទាំងឡាយជាលក្ខណៈរួម ពោលគឺ យើងត្រូវមានជំនឿថា ពិតប្រាកដណាស់ អល់ឡោះជាម្ចាស់ទ្រង់បានបញ្ជូនអ្នកនាំសារជាច្រើនទៅកាន់ខ្ញុំបម្រើរបស់ទ្រង់ចេញពីក្នុងចំណោមពួកគេដើម្បីធ្វើជាអ្នកផ្តល់ដំណឹងរីករាយ ជាអ្នកដាស់តឿនព្រមាន និងជាអ្នកអំពាវនាវទៅកាន់សេចក្តីពិត។ ដូច្នេះ ជនណាដែលឆ្លើយតបនឹងអ្នកនាំសារទាំងនោះ ជននោះនឹងទទួលបាននូវសុភមង្គល។ រីឯជនណាដែលល្មើសប្រឆាំងនឹងពួកលោក ជននោះនឹងជួបប្រទះនូវភាពបរាជ័យ និងវិប្បដិសារីជាមិនខាន។ អ្នកនាំសារចុងក្រោយ និងជាអ្នកដែលប្រសើរជាងគេបំផុតក្នុងចំណោមអ្នកនាំសារទាំងឡាយ គឺណាពីយើងមូហាំម៉ាត់ ﷺ ជាកូនរបស់លោក អាប់ទុលឡោះ ដូចដែលអល់ឡោះជាម្ចាស់ទ្រង់បានមានបន្ទូលថា៖ “ហើយជាការពិតណាស់ យើងបានតែងតាំងទៅកាន់រាល់ប្រជាជាតិនីមួយៗនូវអ្នកនាំសារម្នាក់ ដោយប្រើឲ្យពួកគេគោរពសក្ការៈចំពោះអល់ឡោះ(តែមួយគត់) និងចៀសឆ្ងាយពីតហ្គូត...”។ [គម្ពីរគួរអាន ១៦:៣៦] ទ្រង់បានមានបន្ទូលទៀតថា ៖ “(យើងបានបញ្ជូន)អ្នកនាំសារជាច្រើនដើម្បីធ្វើជាអ្នកផ្តល់ដំណឹងរីករាយ និងជាអ្នកព្រមានបន្លាច ដើម្បីកុំឱ្យមនុស្សលោកមានលេសតវ៉ាចំពោះអល់ឡោះបន្ទាប់ពី(ទ្រង់បានបញ្ជូន)បណ្តាអ្នកនាំសារហើយនោះ...”។ [គម្ពីរគួរអាន ៤:១៦៥] ទ្រង់បានមានបន្ទូលទៀតថា ៖ “ណាពីមូហាំម៉ាត់ពុំមែនជាឪពុករបស់នរណាម្នាក់ក្នុងចំណោមបុរសរបស់ពួកអ្នកឡើយ។ ក៏ប៉ុន្តែ គាត់គឺជាអ្នកនាំសាររបស់អល់ឡោះ និងជាណាពីចុងក្រោយបង្អស់...”។ [គម្ពីរគួរអាន ៣៣:៤០]
ប្រការទីពីរ៖ មានជំនឿចំពោះអ្នកនាំសារទាំងឡាយជាលក្ខណៈពិស្តា ដោយយើងត្រូវមានជំនឿជាលក្ខណៈលម្អិត និងជាក់លាក់ចំពោះអ្នកនាំសារទាំងឡាយណាដែលអល់ឡោះជាម្ចាស់បានបញ្ជាក់ពីឈ្មោះពួកលោក ឬមានភស្តុតាងបញ្ជាក់ពីឈ្មោះរបស់ពួកលោកពីសំណាក់រ៉ស៊ូលុលឡោះ ﷺ ដូចជា ណាពីនួហ ណាពីហ៊ូទ ណាពីសឡេះ ណាពីអ៊ីព្រហ៊ីម និងក៏ដូចជាអ្នកនាំសារដទៃទៀត(សូមពរជ័យ និងសុខសន្តិភាពពីអល់ឡោះកើតមានដល់ពួកលោក ព្រមទាំងក្រុមគ្រួសារ និងអ្នកដែលដើរតាមពួកលោកទាំងអស់)។
មូលដ្ឋានគ្រឹះទីប្រាំ៖ ជំនឿចំពោះថ្ងៃបរលោក(ថ្ងៃគីយ៉ាម៉ាត់)
ជំនឿនេះរួមបញ្ចូលនូវ៖
មានជំនឿចំពោះរាល់ដំណឹងទាំងឡាយដែលអល់ឡោះជាម្ចាស់ និងអ្នកនាំសាររបស់ទ្រង់ ﷺ បានប្រាប់អំពីអ្វីដែលនឹងកើតឡើងបន្ទាប់ពីស្លាប់ ដូចជា ភាពវឹកវរ ទណ្ឌកម្ម និងបរមសុខនៅក្នុងផ្នូរ ព្រមទាំងអ្វីដែលនឹងកើតឡើងនៅថ្ងៃបរលោក ដូចជាភាពរន្ធត់ សេចក្ដីលំបាកវេទនានានា ស្ពានស៊ីរ៉ត ជញ្ជីងថ្លឹងទង្វើ ការជំនុំជម្រះ ការតបស្នង និងការលាតត្រដាងនូវបញ្ជីកំណត់ត្រារវាងមនុស្សលោកទាំងឡាយ ដោយអ្នកខ្លះនឹងទទួលបានបញ្ជីកំណត់ត្រាទង្វើរបស់ខ្លួនដោយដៃស្ដាំ ហើយអ្នកខ្លះទៀតនឹងទទួលបានបញ្ជីកំណត់ត្រាទង្វើរបស់ខ្លួនដោយដៃឆ្វេង ឬពីក្រោយខ្នង។
រួមបញ្ចូលទៅក្នុងជំនឿនេះផងដែរ គឺការជំនឿចំពោះស្រះទឹក(حوض)របស់ណាពីរបស់យើង មូហាំម៉ាត់ ﷺ មានជំនឿចំពោះឋានសួគ៌និងឋាននរក ការបានឃើញព្រះជាម្ចាស់ដ៏មហាខ្ពង់ខ្ពស់របស់អ្នកមានជំនឿទាំងឡាយ ហើយនិងការដែលទ្រង់មានបន្ទូលទៅកាន់ពួកគេ ក៏ដូចជាប្រការផ្សេងៗទៀតដែលបាននាំមកនៅក្នុងគម្ពីរគួរអាន និងស៊ុណ្ណះដ៏ត្រឹមត្រូវពីអ្នកនាំសាររបស់អល់ឡោះ ﷺ ។ ហេតុនេះ ចាំបាច់លើខ្ញុំបម្រើអល់ឡោះត្រូវមានជំនឿចំពោះប្រការទាំងអស់នោះ ហើយត្រូវជឿជាក់ស្របតាមលក្ខណៈដែលអល់ឡោះជាម្ចាស់ និងអ្នកនាំសាររបស់ទ្រង់ ﷺ បានបញ្ជាក់ប្រាប់។
មូលដ្ឋានគ្រឹះទីប្រាំមួយ៖ ជំនឿចំពោះការកំណត់ព្រេងវាសនា(កទ៏ កទើរ)
ជំនឿនេះរួមបញ្ចូលនូវបួនប្រការ៖
ប្រការទីមួយ៖ មានជំនឿថា អល់ឡោះជាម្ចាស់ទ្រង់បានដឹងនូវអ្វីដែលបានកើតឡើង និងអ្វីដែលនឹងកើតឡើង ព្រមទាំងដឹងពីស្ថានភាពខ្ញុំបម្រើទាំងឡាយរបស់ទ្រង់ លាភសក្ការៈរបស់ពួកគេ អាយុសង្ខាររបស់ពួកគេ សកម្មភាពរបស់ពួកគេ និងកិច្ចការផ្សេងៗទៀតរបស់ពួកគេ។ ដូចនេះ គ្មានអ្វីមួយអំពីរឿងនោះអាចលាក់បាំងពីទ្រង់បានឡើយ ដូចដែលទ្រង់បានមានបន្ទូលថា៖ “ហើយត្រូវដឹងថា ពិតប្រាកដណាស់ អល់ឡោះជាម្ចាស់មហាដឹងបំផុតនូវរាល់អ្វីៗទាំងអស់”។ [គម្ពីរគួរអាន ២:២៣១] ទ្រង់បានមានបន្ទូលទៀតថា៖ “...ដើម្បីឱ្យពួកអ្នកដឹងថា ពិតប្រាកដណាស់ អល់ឡោះជាម្ចាស់ទ្រង់មានអានុភាពលើអ្វីៗទាំងអស់។ ហើយអល់ឡោះមហាដឹងជ្រួតជ្រាបលើរាល់អ្វីៗទាំងអស់”។ [គម្ពីរគួរអាន ៦៥:១២]
ប្រការទីពីរ៖ មានជំនឿថា ពិតណាស់ អល់ឡោះជាម្ចាស់ទ្រង់បានកត់ត្រារាល់អ្វីៗទាំងអស់ដែលទ្រង់បានកំណត់រួច ដូចដែលទ្រង់បានមានបន្ទូលថា៖ “ពិតប្រាកដណាស់ យើងដឹងបំផុតនូវអ្វីដែលដីបានស៊ីអំពី(រាងកាយ)ពួកគេ។ ហើយនៅជាមួយយើង គឺមានសៀវភៅកំណត់ត្រាដែលត្រូវបានរក្សាទុក”។ [គម្ពីរគួរអាន ៥០:៤] ទ្រង់បានមានបន្ទូលទៀតថា៖ “ហើយពិតប្រាកដណាស់ រាល់អ្វីៗទាំងអស់ គឺយើងបានកត់ត្រាទុកនៅក្នុងគម្ពីរមួយ(ឡាវហ៊ុលម៉ះហ្វ៊ូស)យ៉ាងច្បាស់លាស់”។ [គម្ពីរគួរអាន ៣៦:១២] ទ្រង់បានមានបន្ទូលផងដែរថា៖ “តើអ្នក(ឱអ្នកនាំសារមូហាំម៉ាត់)មិនបានដឹងទេឬថា ពិតប្រាកដណាស់ អល់ឡោះទ្រង់ដឹងបំផុតនូវអ្វីដែលមាននៅលើមេឃ និងផែនដីនោះ? ពិតប្រាកដណាស់ ទាំងអស់នោះ គឺមាននៅក្នុងគម្ពីរកំណត់ត្រា(ឡាវហ៊ុលម៉ះហ៊្វូស)។ ពិតប្រាកដណាស់ រឿងទាំងអស់នោះ គឺជារឿងងាយស្រួលបំផុតសម្រាប់អល់ឡោះ”។ [គម្ពីរគួរអាន ២២:៧០]
ប្រការទីបី៖ មានជំនឿចំពោះចេតនារបស់អល់ឡោះជាម្ចាស់ដែលនឹងកើតឡើងដោយចៀសមិនផុត ពោលគឺអ្វីដែលទ្រង់មានចេតនាចង់ឲ្យវាកើតឡើង វានឹងកើតឡើង ហើយអ្វីដែលទ្រង់មិនមានចេតនាចង់ឲ្យវាកើតឡើងទេនោះ វានឹងមិនអាចកើតឡើងបានជាដាច់ខាត ដូចដែលអល់ឡោះជាម្ចាស់ទ្រង់បានមានបន្ទូលថា៖ “ពិតប្រាកដណាស់ អល់ឡោះទ្រង់ធ្វើនូវអ្វីដែលទ្រង់មានចេតនា”។ [គម្ពីរគួរអាន ២២:១៨] ទ្រង់បានមានបន្ទូលទៀតថា៖ “តាមពិត កិច្ចការរបស់ទ្រង់ នៅពេលណាដែលទ្រង់មានចេតនាចង់ឱ្យអ្វីមួយកើតឡើងនោះ ទ្រង់គ្រាន់តែមានបន្ទូលទៅកាន់វាថា៖ “ចូរកើតចុះ” វានឹងកើតឡើងភ្លាម”។ [គម្ពីរគួរអាន ៣៦:៨២] ទ្រង់បានមានបន្ទូលផងដែរថា៖ “ហើយពួកអ្នកមិនអាចមានចេតនានោះឡើយ លើកលែងតែអល់ឡោះជាព្រះជាម្ចាស់នៃពិភពទាំងឡាយទ្រង់មានចេតនាប៉ុណ្ណោះ”។ [គម្ពីរគួរអាន ៨១:២៩]
ប្រការទីបួន៖ មានជំនឿថា អល់ឡោះជាម្ចាស់បានបង្កើតរាល់ភាវៈទាំងអស់។ ដូចនេះ គ្មានអ្នកបង្កើតណាផ្សេងក្រៅពីទ្រង់ឡើយ ហើយក៏គ្មានព្រះជាម្ចាស់ណាផ្សេងក្រៅពីទ្រង់នោះដែរ ដូចដែលទ្រង់បានមានបន្ទូលថា៖ “អល់ឡោះជាម្ចាស់ជាអ្នកដែលបង្កើតរាល់អ្វីៗទាំងអស់។ ហើយទ្រង់ជាអ្នកថែរក្សានូវរាល់អ្វីៗទាំងអស់”។ [គម្ពីរគួរអាន ៣៩:៦២] ទ្រង់បានមានបន្ទូលទៀតថា៖ “ឱមនុស្សលោកទាំងឡាយ! ចូរពួកអ្នករំឭកនូវឧបការគុណរបស់អល់ឡោះមកលើពួកអ្នក។ តើមានអ្នកបង្កើតណាផ្សេងក្រៅពីអល់ឡោះជាម្ចាស់ដែលផ្តល់លាភសក្ការៈដល់ពួកអ្នកពីលើមេឃនិងផែនដីដែរឬទេ? គ្មានព្រះជាម្ចាស់ឯណាដែលត្រូវគេគោរពសក្ការៈដ៏ពិតប្រាកដក្រៅពីទ្រង់ឡើយ។ ដូច្នេះ តើពួកអ្នកត្រូវបានគេបង្វែរ(ចេញពីការពិត)យ៉ាងដូចម្តេច”? [គម្ពីរគួរអាន ៣៥:៣]
ដូចនេះ ជំនឿលើការកំណត់ព្រេងវាសនា(កទ៏ កទើរ) គឺរួមបញ្ចូលនូវជំនឿលើប្រការទាំងបួននេះទាំងអស់។ ម្យ៉ាងទៀត នេះជាគោលជំនឿរបស់អះលុស្សុណ្ណះ វ៉ាល់ជើម៉ាអះ ផ្ទុយពីក្រុមពិទអះ(ក្រុមអ្នកដែលបង្កើតថ្មីក្នុងសាសនា)ដែលបដិសេធប្រការមួយចំនួនក្នុងចំណោមប្រការខាងលើនេះ។
ក្នុងចំណោមចំណុចសំខាន់ៗនៅក្នុងគោលជំនឿដ៏ត្រឹមត្រូវដែលប្រកាន់ខ្ជាប់ដោយអះលុស្ស៊ុណ្ណះផងដែរ គឺបញ្ហាពាក់ព័ន្ធនឹងការស្រឡាញ់គ្នាក្នុងនាមអល់ឡោះ ស្អប់គ្នាក្នុងនាមអល់ឡោះ ការចងសម្ព័ន្ធមិត្តក្នុងនាមអល់ឡោះ និងការតាំងខ្លួនជាសត្រូវក្នុងនាមអល់ឡោះ។ នេះគឺជាគោលជំនឿទាក់ទងនឹងការស្រឡាញ់ និងការស្អប់ក្នុងនាមអល់ឡោះ(الولاء والبراء) ដែលវាស្ថិតក្នុងចំណោមជំនឿចំពោះអល់ឡោះជាម្ចាស់ដ៏មហាខ្ពង់ខ្ពស់។
ដូច្នេះ អ្នកមានជំនឿ គឺស្រឡាញ់ និងរាប់អានបណ្តាអ្នកមានជំនឿដូចគ្នា ហើយស្អប់ និងចាត់ទុកពួកដែលគ្មានជំនឿ(កាហ្វៀរ)ជាសត្រូវ។ នៅលំដាប់កំពូលនៃបណ្តាអ្នកមានជំនឿនៃប្រជាជាតិនេះ គឺបណ្តាសហាហ្ពាត់របស់រ៉ស៊ូលុលឡោះ ﷺ (ដូចដែលបានទទួលស្គាល់ដោយអះលុស្ស៊ុណ្ណះ វ៉ាល់ជើម៉ាអះ) ពោលគឺ ពួកគេស្រឡាញ់ និងរាប់អានពួកគាត់ ហើយមានជំនឿថា ពួកគាត់ គឺជាមនុស្សដែលល្អប្រសើរជាងគេបំផុតក្នុងលោក បន្ទាប់ពីបណ្តាណាពីទាំងឡាយ យោងតាមប្រសាសន៍របស់ណាពី ﷺ ដែលលោកបានមានប្រសាសន៍ថា៖ “សតវត្សដែលល្អជាងគេ គឺសតវត្សរបស់ខ្ញុំ។ បន្ទាប់មក គឺអ្នកដែលមកបន្ទាប់ពីពួកគេ។ បន្ទាប់មកទៀត គឺអ្នកដែលមកបន្ទាប់ពីពួកគេ”។ [១៤] រាយការណ៍ដោយ អាល់ពូខរី និងមូស្លីម។ [១៤] រាយការណ៍ដោយ អាល់ពូខរី:៣៦៥១, មូស្លីម:២៥៣៣ ពីហាទីស្ហរបស់ អាប់ទុលឡោះ ពិនម៉ាស្អ៊ូទ رضي الله عنه ។
ពួកគេមានជំនឿថា អ្នកដែលប្រសើរជាងគេបំផុតក្នុងចំណោមសហាហ្ពាត់ទាំងអស់ គឺ អាពូហ្ពាកើរ អាស្ស៊ិទ្ទីក។ បន្ទាប់មក គឺ អ៊ូមើរ អាល់ហ្វារូក។ បន្ទាប់មក គឺ អ៊ូស្មាន ហ្ស៊ុននូរ៉ែន និងបន្ទាប់មកទៀត គឺ អាលី អាល់មួរតាហ្ទ៏ رضي الله عنهم ។ បន្ទាប់ពីពួកគាត់ គឺអ្នកដែលនៅសេសសល់ក្នុងចំណោមអ្នកទាំងដប់(ដែលត្រូវបានផ្តល់ដំណឹងរីករាយដល់ពួកគាត់នូវឋានសួគ៌)។ បន្ទាប់មកទៀត គឺបណ្តាសហាហ្ពាត់ដទៃទៀតទាំងអស់ដែលនៅសេសសល់ رضي الله عنهم ។ ម្យ៉ាងទៀត ពួកគេនៅស្ងៀម(មិនជជែកវែកញែក)ចំពោះជម្លោះដែលបានកើតឡើងរវាងពួកគាត់(ពោលគឺ បណ្តាសហាហ្ពាត់) ហើយពួកគេជឿជាក់ថា នៅក្នុងរឿងនោះ ពួកគាត់បានខិតខំប្រឹងប្រែងក្នុងការស្វែងរកភាពត្រឹមត្រូវ(مجتهد)។ អ្នកដែលធ្វើត្រូវ នឹងទទួលបានផលបុណ្យពីរ។ ចំណែកឯអ្នកដែលធ្វើខុស នឹងទទួលបានផលបុណ្យមួយ។
ហើយពួកគេស្រឡាញ់ក្រុមគ្រួសាររ៉ស៊ូលុលឡោះ ﷺ (آل البيت) ដែលមានជំនឿលើលោក ព្រមទាំងមានភក្តីភាពចំពោះពួកគាត់។ ហើយពួកគេមានភក្តីភាពចំពោះភរិយាទាំងឡាយរបស់អ្នកនាំសាររបស់អល់ឡោះ ﷺ ដែលជាមាតានៃអ្នកមានជំនឿទាំងឡាយ ព្រមទាំងសុំឲ្យអល់ឡោះសព្វព្រះទ័យចំពោះពួកគាត់ទាំងអស់គ្នា។ ពួកគេប្រកាសផ្តាច់ខ្លួនចេញពីផ្លូវរបស់ក្រុមរ៉ហ្វីហ្ទោះដែលស្អប់បណ្តាសហាហ្ពាត់រ៉ស៊ូលុលឡោះ ﷺ ជេរប្រទេច និងប្រមាថចំពោះពួកគាត់ ហើយជ្រុលនិយមចំពោះក្រុមគ្រួសាររបស់រ៉ស៊ូលុលឡោះ និងលើកតម្កើងពួកគាត់ហួសពីឋានៈដែលអល់ឡោះបានកំណត់ឱ្យពួកគាត់។ ម្យ៉ាងទៀត ពួកគេប្រកាសផ្តាច់ខ្លួនចេញពីផ្លូវរបស់ក្រុមណាវ៉ាស៊ីប ដែលធ្វើទុក្ខបុកម្នេញក្រុមគ្រួសារអ្នកនាំសាររបស់អល់ឡោះដោយពាក្យសម្តី ឬទង្វើ។
អ្វីដែលយើងបានលើកឡើងមកនេះ សុទ្ធសឹងតែស្ថិតនៅក្នុងគោលជំនឿដ៏ត្រឹមត្រូវ ដែលអល់ឡោះជាម្ចាស់ទ្រង់បានចាត់បញ្ជូនអ្នកនាំសាររបស់ទ្រង់ មូហាំម៉ាត់ ﷺ ឲ្យពាំនាំមក ហើយវាគឺជាគោលជំនឿដែលចាំបាច់ត្រូវមានជំនឿលើគោលជំនឿនេះ ប្រកាន់ខ្ជាប់នូវគោលជំនឿនេះ អនុវត្តឱ្យបានខ្ជាប់ខ្ជួនចំពោះគោលជំនឿនេះ ហើយត្រូវប្រុងប្រយ័ត្នចំពោះអ្វីដែលផ្ទុយនឹងគោលជំនឿនេះ។ វាគឺជាគោលជំនឿរបស់ក្រុមដែលទទួលបានការសង្គ្រោះ គឺក្រុមអះលុស្ស៊ុណ្ណះ វ៉ាល់ជើម៉ាអះ ដែលណាពីមូហាំម៉ាត់ ﷺ លោកបានមានប្រសាសន៍អំពីក្រុមនេះថា៖ “នឹងមានក្រុមមួយក្នុងចំណោមប្រជាជាតិរបស់ខ្ញុំដែលនៅតែបន្តលេចត្រដែតឡើងលើសេចក្តីពិតជានិច្ច។ អ្នកដែលបោះបង់ពួកគេមិនអាចបង្កគ្រោះថ្នាក់អ្វីដល់ពួកគេបានឡើយ រហូតទាល់តែបទបញ្ជារបស់អល់ឡោះបានមកដល់ ខណៈដែលពួកគេនៅតែស្ថិតក្នុងស្ថានភាពដូច្នោះ”។ [១៥] នៅក្នុងសេចក្តីរាយការណ៍ផ្សេងទៀត៖ “នឹងមានក្រុមមួយក្នុងចំណោមប្រជាជាតិរបស់ខ្ញុំដែលនៅតែស្ថិតនៅលើសេចក្តីពិតជានិច្ច ដោយត្រូវបានគេជួយ”។ [១៦] រ៉ស៊ូលុលឡោះ ﷺ លោកបានមានប្រសាសន៍ថា៖ “ពួកយូដាបានបែកចេញជាចិតសិបមួយក្រុម ហើយពួកគ្រឹស្ទានបានបែកចេញជាចិតសិបពីរក្រុម។ ចំណែកឯប្រជាជាតិនេះនឹងបែកចេញជាចិតសិបបីក្រុម ដែលក្រុមទាំងអស់នោះនឹងស្ថិតនៅក្នុងឋាននរកទាំងអស់ លើកលែងតែមួយក្រុមប៉ុណ្ណោះ”។ ពេលនោះ បណ្តាសហាហ្ពាត់បានសួរថា៖ ឱរ៉ស៊ូលុលឡោះ! តើមួយក្រុមនោះជាក្រុមណា? លោកបានតបថា៖ “គឺអ្នកដែលប្រកាន់ខ្ជាប់នូវអ្វីដែលខ្ញុំ និងសហាហ្ពាត់របស់ខ្ញុំកំពុងប្រកាន់ខ្ជាប់”។ [១៧] [១៥] រាយការណ៍ដោយ មូស្លីម:១៩២០ ពីហាទីស្ហរបស់សាវហ្ពាន رضي الله عنه ។ [១៦] រាយការណ៍ដោយ អ៊ិពនូម៉ាហ្ជះ:៣៩៥២, ពីហាទីស្ហរបស់សាវហ្ពាន رضي الله عنه និងបញ្ជាក់ពីភាពត្រឹមត្រូវរបស់វាដោយ អ៊ិពនូហ៊ិពហ្ពាន:៦៧១៤, និងអាល់ហាគិម:៨៦៥៣។ [១៧] រាយការណ៍ដោយ អាត់តៀរមីហ្ស៊ី:២៦៤១ ពីហាទីស្ហអាប់ទុលឡោះ ពិន អាំរ៍ رضي الله عنهما ។ ហើយអាល់មូណាវី បានលើកឡើងនៅក្នុងសៀវភៅ ហ្វៃទុលក៏ទៀរ(៥/៣៤៧)ថា៖ «នៅក្នុងនោះមាន អាប់ទុលរ៉ោះម៉ាន ពិន ហ្ស៊ីយ៉ាត អាល់អាហ្វ្រីគី ដែលអ៊ីម៉ាំ អាសហ្សាហាពី បាននិយាយថា៖ ពួកគេបានចាត់ទុកគាត់ស្ថិតក្នុងកម្រិតខ្សោយ(ទអ៊ីហ្វ)»។ ចំណែកឯ អាល់ហ្ពានី បានបញ្ជាក់ពីភាពត្រឹមត្រូវរបស់វានៅក្នុងសៀវភៅ សហេស អាល់ជើមៀក:៥៣៤៣។
គោលជំនឿផ្សេងៗដែលផ្ទុយនឹងគោលជំនឿដែលត្រឹមត្រូវ
អ្នកដែលងាករេចេញពីគោលជំនឿនេះ និងអ្នកដែលដើរតាមមាគ៌ាផ្ទុយពីគោលជំនឿនេះ គឺមានច្រើនប្រភេទ។ ក្នុងចំណោមពួកគេ មានអ្នកគោរពសក្ការៈចំពោះរូបបដិមា រូបសំណាក ទេវតា(ម៉ាឡាអ៊ីកាត់) កុសលបុគ្គល ពពួកជិន ដើមឈើ និងថ្មជាដើម។ អ្នកទាំងនោះ ពួកគេមិនបានឆ្លើយតបនឹងការអំពាវនាវរបស់អ្នកនាំសារ(រ៉សូល)ទាំងឡាយឡើយ។ ផ្ទុយទៅវិញ ពួកគេបានប្រឆាំងចំពោះអ្នកនាំសារទាំងឡាយ និងរឹងរូសចំពោះពួកគាត់ ដូចដែលពួកគូរ៉ស្ហ និងក្រុមអារ៉ាប់ជាច្រើនទៀតបានធ្វើចំពោះណាពីយើង មូហាំម៉ាត់ ﷺ ដោយពួកគេបានបួងសួងសុំពីអ្វីដែលពួកគេគោរពសក្ការៈឲ្យជួយបំពេញតម្រូវការ សុំការជាសះស្បើយ និងសុំឲ្យមានជ័យជម្នះលើសត្រូវ ព្រមទាំងសំឡេះសត្វសែនដល់ពួកវា និងធ្វើសច្ចាបន់ចំពោះពួកវា។ ដូច្នេះ នៅពេលដែលរ៉ស៊ូលុលឡោះ ﷺ បានហាមឃាត់ពួកគេពីទង្វើទាំងនោះ ហើយបញ្ជាពួកគេឲ្យធ្វើការគោរពសក្ការៈដោយស្មោះស ជ្រះថ្លាចំពោះអល់ឡោះតែមួយគត់នោះ ពួកគេចាត់ទុកថាជារឿងចម្លែក ហើយបានបដិសេធ ព្រមទាំងបាននិយាយថា៖ “តើរូបគេចាត់ទុកព្រះដ៏ច្រើនថាជាព្រះតែមួយឬ? ពិតប្រាកដណាស់ នេះពិតជារឿងមួយដ៏ចម្លែក”។ [គម្ពីរគួរអាន ៣៨:៥]
ណាពី ﷺ នៅតែបន្តអំពាវនាវពួកគេទៅកាន់អល់ឡោះជាម្ចាស់ និងព្រមានពួកគេពីអំពើស្ហ៊ីរិក(ពហុទេវនិយម) ព្រមទាំងពន្យល់បកស្រាយដល់ពួកគេពីសេចក្តីពិតនៃអ្វីដែលគេអំពាវនាវពួកគេទៅកាន់ រហូតដល់អល់ឡោះជាម្ចាស់បានផ្តល់ការចង្អុលបង្ហាញដល់អ្នកដែលទ្រង់សព្វព្រះទ័យក្នុងចំណោមពួកគេ។ បន្ទាប់មក ពួកគេក៏បានចូលសាសនារបស់អល់ឡោះជាក្រុមៗ។ ជាលទ្ធផល សាសនារបស់អល់ឡោះក៏បានលេចធ្លោឡើងលើសាសនាដទៃទៀតទាំងអស់ បន្ទាប់ពីការអំពាវនាវជាបន្តបន្ទាប់ និងការតស៊ូដ៏យូរអង្វែងពីសំណាក់រ៉ស៊ូលុលឡោះ ﷺ និងបណ្តាសហាហ្ពាត់របស់លោក رضي الله عنهم ព្រមទាំងអ្នកដែលដើរតាមពួកគាត់ដោយសេចក្តីល្អ។ បន្ទាប់មក ស្ថានភាពបានផ្លាស់ប្តូរ ហើយភាពល្ងង់ខ្លៅបានគ្របដណ្ដប់លើមនុស្សភាគច្រើន។ ហេតុនេះ មនុស្សភាគច្រើនបានវិលត្រឡប់ទៅរកសាសនានៃសម័យកាលអវិជ្ជា(ជើហ៊ីលីយ៉ះ)វិញ ដោយការមានភាពជ្រុលនិយមទៅលើបណ្តាណាពី និងកុសលបុគ្គលទាំងឡាយ ព្រមទាំងបួងសួងសុំពីពួកគាត់ និងសុំការសង្គ្រោះពីពួកគាត់ ក៏ដូចជាប្រភេទនៃទង្វើស្ហ៊ីរិកផ្សេងៗទៀត។ ពួកគេមិនយល់ពីអត្ថន័យនៃពាក្យ៖ "لا إله إلا الله" (គ្មានទេព្រះជាម្ចាស់ដែលត្រូវគោរពសក្ការៈដ៏ពិតប្រាកដ លើកលែងតែអល់ឡោះ) ដូចដែលពួកគ្មានជំនឿនៃជនជាតិអារ៉ាប់បានយល់នោះឡើយ។ សូមអល់ឡោះជាម្ចាស់ជួយសង្គ្រោះផងចុះ។
អំពើពហុទេវនិយម ឬស្ហ៊ីរិកនេះនៅតែបន្តរីករាលដាលក្នុងចំណោមមនុស្សលោក រហូតមកដល់សម័យកាលយើងនេះ ដោយសារតែភាពល្ងង់ខ្លៅបានគ្របដណ្ដប់ និងការឃ្លាតកាន់តែឆ្ងាយពីសម័យកាលណាពី។
ការភាន់ច្រឡំរបស់អ្នកជំនាន់ក្រោយទាំងនោះ គឺដូចគ្នាទៅនឹងការភាន់ច្រឡំរបស់អ្នកជំនាន់មុនដែរ ដោយពួកគេយល់ថា៖ “...ពួកវាទាំងនោះ(អ្វីដែលពួកគេគោរពបូជា) គឺជាអ្នកជួយអន្តរាគមន៍ដល់ពួកយើងនៅចំពោះមុខអល់ឡោះ”។ [គម្ពីរគួរអាន ១០:១៨] ពួកគេយល់ទៀតថា៖ “ពួកយើងមិនបានគោរពសក្ការៈចំពោះពួកវានោះឡើយ លើកលែងតែដើម្បីឱ្យពួកវាបញ្ជិតខ្លួនពួកយើងឱ្យមានឋានៈនៅជិតអល់ឡោះប៉ុណ្ណោះ”។ [គម្ពីរគួរអាន ៣៩:៣] ជាការពិតណាស់ អល់ឡោះជាម្ចាស់ទ្រង់បានបដិសេធនូវការភាន់ច្រឡំនេះ ហើយទ្រង់បានបញ្ជាក់យ៉ាងច្បាស់ថា ជនណាដែលគោរពសក្ការៈចំពោះអ្នកផ្សេងក្រៅពីទ្រង់ ទោះបីជាអ្នកណាក៏ដោយ ពិតប្រាកដណាស់ ជននោះពិតជាបានធ្វើស្ហ៊ីរិកចំពោះទ្រង់ និងបានក្លាយជាអ្នកដែលគ្មានជំនឿ(កាហ្វៀរ) ដូចដែលទ្រង់បានមានបន្ទូលថា៖ “ហើយពួកគេ(ពួកមុស្ហរីគីន)បានគោរពសក្ការៈចំពោះអ្នកផ្សេងក្រៅពីអល់ឡោះដែលពួកវាមិនអាចបង្កគ្រោះថ្នាក់ និងមិនអាចផ្ដល់ផលប្រយោជន៍ដល់ពួកគេផងនោះ។ ហើយពួកគេបាននិយាយថា៖ ពួកវាទាំងនោះ គឺជាអ្នកជួយអន្តរាគមន៍ដល់ពួកយើងនៅចំពោះមុខអល់ឡោះ...”។ [គម្ពីរគួរអាន ១០:១៨] អល់ឡោះជាម្ចាស់ទ្រង់បានមានបន្ទូលតបទៅកាន់ពួកគេវិញថា៖ “ចូរអ្នក(ឱអ្នកនាំសារមូហាំម៉ាត់)ពោលថា៖ តើពួកអ្នកកំពុងតែបា្រប់អល់ឡោះជាម្ចាស់នូវអ្វីដែលទ្រង់មិនដឹងសោះទាំងនៅលើមេឃជាច្រើនជាន់និងនៅលើផែនដីនោះឬ? ទ្រង់មហាបរិសុទ្ធ និងខ្ពង់ខ្ពស់បំផុតពីអ្វីដែលពួកគេកំពុងតែធ្វើស្ហ៊ីរិក”។ [គម្ពីរគួរអាន ១០:១៨]
នៅក្នុងអាយ៉ាត់នេះ អល់ឡោះជាម្ចាស់ទ្រង់បានបញ្ជាក់យ៉ាងច្បាស់ថា ជាការពិតណាស់ ការគោរពសក្ការៈចំពោះអ្នកផ្សេងក្រៅពីទ្រង់ មិនថាជាណាពី កុសលបុគ្គល(វ៉ើលី) ឬអ្នកដទៃទៀតនោះឡើយ គឺជាស្ហ៊ីរិកធំ បើទោះបីជាអ្នកដែលប្រព្រឹត្តវា បានដាក់ឈ្មោះឱ្យទង្វើនោះដោយឈ្មោះផ្សេងក៏ដោយ។ អល់ឡោះជាម្ចាស់ទ្រង់បានមានបន្ទូលថា៖ “ហើយពួកដែលយកអ្នកផ្សេងក្រៅពីអល់ឡោះធ្វើជាអ្នកគាំពារ(ពួកគេនិយាយថា៖) ពួកយើងមិនបានគោរពសក្ការៈចំពោះពួកវានោះឡើយ លើកលែងតែដើម្បីឱ្យពួកវាបញ្ជិតខ្លួនពួកយើងឱ្យមានឋានៈនៅជិតអល់ឡោះប៉ុណ្ណោះ”។ [គម្ពីរគួរអាន ៣៩:៣] បន្ទាប់មក អល់ឡោះជាម្ចាស់ទ្រង់បានមានបន្ទូលតបទៅពួកគេវិញថា៖ “ពិតប្រាកដណាស់ អល់ឡោះជាម្ចាស់នឹងកាត់សេចក្តីរវាងពួកគេចំពោះអ្វីដែលពួកគេមានការខ្វែងគំនិតគ្នា។ ពិតប្រាកដណាស់ អល់ឡោះទ្រង់មិនចង្អុលបង្ហាញចំពោះជនដែលកុហកបោកប្រាស់ និងប្រឆាំងឡើយ”។ [គម្ពីរគួរអាន ៣៩:៣]
តាមរយៈនេះ អល់ឡោះជាម្ចាស់ទ្រង់បានបញ្ជាក់យ៉ាងច្បាស់ថា ការគោរពសក្ការៈរបស់ពួកគេចំពោះអ្នកផ្សេងក្រៅពីទ្រង់តាមរយៈការបួងសួង ការកោតខ្លាច ការសង្ឃឹម ក៏ដូចជាអ្វីផ្សេងទៀតដែលស្រដៀងគ្នានេះ គឺជាការប្រឆាំងនឹងអល់ឡោះជាម្ចាស់ ហើយទ្រង់បានចាត់ទុកពួកគេថាជាពួកដែលភូតកុហកចំពោះការអះអាងរបស់ខ្លួនដែលថា ពិតប្រាកដណាស់ ព្រះនានារបស់ពួកគេអាចបញ្ជិតខ្លួនពួកគេទៅកាន់ទ្រង់បានកាន់តែជិតស្និទ្ធ។
ក្នុងចំណោមគោលជំនឿខុសឆ្គងដែលផ្ទុយពីគោលជំនឿដ៏ត្រឹមត្រូវ និងផ្ទុយពីអ្វីដែលអ្នកនាំសារ(រ៉សូល)ទាំងឡាយបាននាំមកដែរនោះ គឺអ្វីដែលអ្នកមិនជឿលើសាសនានៅក្នុងយុគសម័យនេះមានជំនឿតាម ដូចជាអ្នកដែលដើរតាមលទ្ធិម៉ាក្ស និងលេនីន ព្រមទាំងអ្នកដទៃទៀតក្នុងចំណោមអ្នកដែលអំពាវនាវទៅកាន់ការមិនជឿលើសាសនា និងភាពគ្មានជំនឿ។ មិនថាពួកគេដាក់ឈ្មោះវាជាលទ្ធិសង្គមនិយម លទ្ធិកុម្មុយនីស្ត លទ្ធិបាអាត ឬឈ្មោះអ្វីផ្សេងទៀតនោះឡើយ ក៏គោលការណ៍គ្រឹះរបស់អ្នកមិនជឿលើសាសនាទាំងនេះគឺ គ្មានព្រះជាម្ចាស់ឡើយ ហើយជីវិតគឺជារូបធាតុ។
ក្នុងចំណោមគោលការណ៍គ្រឹះរបស់ពួកទាំងនោះ គឺការបដិសេធចំពោះការប្រោសឲ្យរស់ឡើងវិញ បដិសេធចំពោះឋានសួគ៌ និងឋាននរក និងប្រឆាំងចំពោះគ្រប់សាសនាទាំងអស់។ ជនណាដែលបានពិនិត្យមើលសៀវភៅនានារបស់ពួកគេ និងសិក្សាពីអ្វីដែលពួកគេកំពុងប្រកាន់ខ្ជាប់នោះ គេនឹងដឹងច្បាស់ពីរឿងនេះជាមិនខាន។ ហើយគ្មានភាពមន្ទិលសង្ស័យឡើយថា ជំនឿនេះ គឺប្រឆាំងនឹងសាសនាទាំងអស់ដែលបានបញ្ចុះមកពីមេឃ ហើយវានឹងនាំអ្នកដែលប្រកាន់ខ្ជាប់នឹងជំនឿនោះទៅរកផលវិបាកដ៏អាក្រក់បំផុត នៅក្នុងលោកិយនេះ និងបរលោក។
ក្នុងចំណោមគោលជំនឿដែលផ្ទុយពីសេចក្តីពិតផងដែរ គឺអ្វីដែលអ្នកស៊ូហ្វីមួយចំនួនមានជំនឿថា អ្នកខ្លះក្នុងចំណោមអ្នកដែលពួកគេហៅថាជា “វ៉ើលី” បានរួមចំណែកជាមួយអល់ឡោះក្នុងការគ្រប់គ្រង និងចាត់ចែងកិច្ចការនានារបស់ពិភពលោក។ ពួកគេហៅអ្នកទាំងនោះថា អឹក្កតប អាវតាត អើហ្គវ៉ាស ក៏ដូចជាឈ្មោះផ្សេងៗទៀតដែលពួកគេបានប្រឌិតឡើងសម្រាប់ព្រះរបស់ពួកគេ។ នេះជាអំពើស្ហ៊ីរិកក្នុងភាពជាព្រះជាម្ចាស់ដែលជាអ្នកគ្រប់គ្រង(រូពូពីយ៉ះ) ហើយវាគឺជាប្រភេទដែលអាក្រក់ជាងគេបំផុតក្នុងចំណោមប្រភេទនានាការធ្វើស្ហ៊ីរិកចំពោះអល់ឡោះជាម្ចាស់។
ចំពោះអ្នកដែលពិនិត្យមើលលើទង្វើស្ហ៊ីរិករបស់អ្នកជំនាន់មុនរបស់មនុស្សនៃពួកអវិជ្ជា(ជើហ៊ីលីយ៉ះ) ហើយប្រៀបធៀបនឹងទង្វើស្ហ៊ីរិកដែលកំពុងរីកសុសសាយក្នុងចំណោមពួកជំនាន់ក្រោយ នោះគេនឹងឃើញថា ទង្វើស្ហ៊ីរិករបស់អ្នកជំនាន់ក្រោយ គឺមានសភាពធ្ងន់ធ្ងរ និងអាក្រក់ជាងឆ្ងាយណាស់។ ការបកស្រាយអំពីបញ្ហានេះ គឺមានដូចតទៅ៖ ជាការពិតណាស់ ពួកអារ៉ាប់ដែលគ្មានជំនឿនាសម័យកាលអវិជ្ជា(ជើហ៊ីលីយ៉ះ) ពួកគេមានលក្ខណៈពិសេសពីរយ៉ាង៖ ទីមួយ៖ ពួកគេមិនបានធ្វើស្ហ៊ីរិកក្នុងភាពជាព្រះជាម្ចាស់នៃការបង្កើត(រូពូពីយ៉ះ)ឡើយ។ តាមពិត ការធ្វើស្ហ៊ីរិករបស់ពួកគេ គឺចំពោះតែការគោរពសក្ការៈ(អ៊ូលូហ៊ីយ៉ះ)ប៉ុណ្ណោះ ពីព្រោះពួកគេបានទទួលស្គាល់នូវភាពជាព្រះជាម្ចាស់តែមួយគត់របស់អល់ឡោះ ដូចដែលអល់ឡោះជាម្ចាស់បានមានបន្ទូលថា៖ “ហើយប្រសិនបើអ្នកសួរពួកគេថា៖ តើនរណាជាអ្នកដែលបានបង្កើតពួកគេ ប្រាកដជាពួកគេឆ្លើយថា៖ គឺអល់ឡោះ...”។ [គម្ពីរគួរអាន ៤៣:៨៧] ទ្រង់បានមានបន្ទូលទៀតថា៖ “ចូរអ្នក(ឱអ្នកនាំសារមូហាំម៉ាត់)ពោលថា៖ តើនរណាជាអ្នកប្រទានលាភសក្ការៈឱ្យពួកអ្នកពីលើមេឃ និងផែនដី? តើអ្នកណាជាអ្នកគ្រប់គ្រងការឭ និងការឃើញ? ហើយតើនរណាជាអ្នកដែលបញ្ចេញរបស់មានជីវិតពីរបស់ស្លាប់ និងបញ្ចេញរបស់ស្លាប់ពីរបស់មានជីវិត? ហើយតើនរណាជាអ្នកចាត់ចែងកិច្ចការទាំងឡាយ? ពួកគេនឹងឆ្លើយថា៖ គឺអល់ឡោះជាម្ចាស់(តែមួយគត់)។ ចូរអ្នកពោលថា៖ ដូច្នេះ តើពួកអ្នកមិនកោតខ្លាច(អល់ឡោះ)ទេឬ”? [គម្ពីរគួរអាន ១០:៣១] អាយ៉ាត់ដែលមានអត្ថន័យបែបនេះ មានច្រើនលើសលប់។
ទីពីរ៖ ការធ្វើស្ហ៊ីរិករបស់ពួកគេក្នុងការគោរពសក្ការៈ គឺមិនមែនកើតមានជាប់ជានិច្ច(គ្រប់ពេល)នោះឡើយ។ តាមពិត វាកើតមានតែនៅពេលដែលពួកគេសុខសាន្តប៉ុណ្ណោះ។ តែនៅពេលដែលពួកគេជួបទុក្ខលំបាកវិញ គឺពួកគេធ្វើការគោរពសក្ការៈដោយស្មោះសចំពោះអល់ឡោះជាម្ចាស់តែមួយគត់ ដូចដែលអល់ឡោះជាម្ចាស់ទ្រង់បានមានបន្ទូលថា៖ “ហើយនៅពេលដែលពួកគេ(ពួកគ្មានជំនឿ)បានជិះលើសំពៅ ពួកគេបានបួងសួងសុំពីអល់ឡោះដោយភាពស្មោះសចំពោះទ្រង់។ តែនៅពេលដែលទ្រង់បានសង្គ្រោះពួកគេដល់ត្រើយ ពួកគេបែរជាធ្វើស្ហ៊ីរិក(ចំពោះទ្រង់)ទៅវិញ”។ [គម្ពីរគួរអាន ២៩:៦៥]
ចំណែកឯពួកដែលធ្វើស្ហ៊ីរិកនាជំនាន់ក្រោយនេះវិញ គឺពួកគេប្រព្រឹត្តលើសពីមនុស្សសម័យមុនលើពីរចំណុចគឺ៖ ចំណុចទីមួយ៖ ការធ្វើស្ហ៊ីរិករបស់ពួកគេមួយចំនួន គឺក្នុងភាពជាព្រះជាម្ចាស់នៃការបង្កើត(រូពូពីយ៉ះ)។ ចំណុចទីពីរ៖ ការធ្វើស្ហ៊ីរិករបស់ពួកគេ គឺកើតមានទាំងក្នុងពេលសុខសាន្ត ទាំងក្នុងពេលជួបទុក្ខលំបាក។ នេះគឺជាអ្វីដែលគេអាចដឹងបានតាមរយៈការរស់នៅជិតស្និទ្ធ និងការពិនិត្យអង្កេតយ៉ាងហ្មត់ចត់លើសកម្មភាពរបស់ពួកគេ ដោយបានឃើញនូវអ្វីដែលពួកគេបានធ្វើនៅឯផ្នូររបស់ហូសេន និង អាល់បាដាវី ព្រមទាំងផ្នូរអ្នកផ្សេងទៀតនៅក្នុងប្រទេសអេហ្ស៊ីប, នៅឯផ្នូររបស់លោក អាល់អីដារូស ក្នុងទីក្រុងអេដេន ផ្នូររបស់ អាល់ហាតឌី ក្នុងប្រទេសយេម៉ែន, ផ្នូររបស់ អ៊ិពនូអារ៉ពី ក្នុងតំបន់ហ្សាម, ផ្នូររបស់សៀខ អាប់ទុលក៏ទៀរ អាល់ជីឡានី ក្នុងប្រទេសអ៊ីរ៉ាក់ ព្រមទាំងផ្នូរល្បីៗដទៃទៀតដែលប្រជាជនទូទៅបានជ្រុលនិយមយ៉ាងខ្លាំង។ អ្នកទាំងនោះបានបង្វែរនូវសិទ្ធិជាច្រើនរបស់អល់ឡោះជាម្ចាស់ទៅកាន់ផ្នូរទាំងនោះ ហើយមានមនុស្សតិចតួចណាស់ដែលបានហាមឃាត់ពួកគេពីទង្វើនេះ និងបញ្ជាក់ប្រាប់ពួកគេឱ្យយល់ពីការពិតនៃតាវហេទ ឬភាពជាព្រះជាម្ចាស់តែមួយរបស់អល់ឡោះ ដែលអល់ឡោះទ្រង់បានបញ្ជូនណាពីរបស់ទ្រង់ មូហាំម៉ាត់ ﷺ ក៏ដូចជាអ្នកនាំសារមុនៗ عليهم السلام ឱ្យនាំមក។ إنا لله وإنا إليه راجعون (ពិតប្រាកដណាស់ ពួកយើងជាកម្មសិទ្ធរបស់អល់ឡោះ ហើយពួកយើងនឹងត្រឡប់ទៅកាន់ទ្រង់វិញ)។
ចំណែកឯក្នុងចំណោមគោលជំនឿនានាដែលផ្ទុយទៅនឹងគោលជំនឿដែលត្រឹមត្រូវក្នុងជំពូកទាក់ទងនឹងបណ្តានាម និងលក្ខណៈសម្បត្តិ(របស់អល់ឡោះ)វិញ គឺជំនឿរបស់ពួកពិទអះនៃក្រុមហ្ជះមីយ៉ះ និងក្រុមមួកតាហ្ស៊ីឡះ ព្រមទាំងអ្នកដែលបានដើរតាមមាគ៌ារបស់ពួកគេនៅក្នុងការបដិសេធនូវលក្ខណៈសម្បត្តិទាំងឡាយរបស់អល់ឡោះជាម្ចាស់ និងបំបាត់ចោលនូវរាល់លក្ខណៈសម្បត្តិដ៏ល្អឥតខ្ចោះដែលត្រូវបានលើកឡើងសម្រាប់អល់ឡោះជាម្ចាស់ ព្រមទាំងពណ៌នាអល់ឡោះជាម្ចាស់ឲ្យមានលក្ខណៈដូចទៅនឹងអ្វីដែលគ្មានពិត អ្វីដែលគ្មានជីវិត និងអ្វីដែលមិនអាចទៅរួច។ អល់ឡោះជាម្ចាស់ទ្រង់មហាខ្ពង់ខ្ពស់បំផុតពីអ្វីដែលពួកគេបានអះអាង។
ចូលនៅក្នុងចំណុចនេះដែរ ចំពោះអ្នកដែលបដិសេធនូវលក្ខណៈសម្បត្តិមួយចំនួន ហើយទទួលស្គាល់នូវលក្ខណៈសម្បត្តិមួយចំនួនទៀត ដូចជាជំនឿរបស់ក្រុមអាស្ហាអ៊ីរ៉ោះជាដើម។ ហើយចំពោះជនទាំងនោះ ត្រូវតែប្រកាន់ខ្ជាប់នឹងលក្ខណៈសម្បត្តិ (របស់ព្រះជាម្ចាស់) ដែលពួកគេបានទទួលស្គាល់ ដូចគ្នានឹងអ្វីដែលពួកគេបានគេចវេះចំពោះលក្ខណៈសម្បត្តិដែលពួកគេបានបដិសេធ និងបានបង្វែរអត្ថន័យដើមនៃភស្តុតាងទាំងនោះ។ ដោយហេតុនេះ ពួកគេបានធ្វើផ្ទុយនឹងភស្តុតាងផ្នែកសាសនា (គួរអាន និងហាឌីស) ព្រមទាំងភស្តុតាងផ្នែកប្រាជ្ញាញាណ ហើយពួកគេបានធ្វើផ្ទុយនឹងខ្លួនឯងនៅក្នុងរឿងនោះយ៉ាងច្បាស់លាស់។
ចូលនៅក្នុងចំណុចនេះដែរ ចំពោះអ្នកដែលបដិសេធនូវលក្ខណៈសម្បត្តិមួយចំនួន ហើយទទួលស្គាល់នូវលក្ខណៈសម្បត្តិមួយចំនួនទៀត ដូចជាជំនឿរបស់ក្រុមអាស្ហាអ៊ីរ៉ោះជាដើម។ ហើយចំពោះជនទាំងនោះ ត្រូវតែប្រកាន់ខ្ជាប់នឹងលក្ខណៈសម្បត្តិ (របស់ព្រះជាម្ចាស់) ដែលពួកគេបានទទួលស្គាល់ ដូចគ្នានឹងអ្វីដែលពួកគេបានគេចវេះចំពោះលក្ខណៈសម្បត្តិដែលពួកគេបានបដិសេធ និងបានបង្វែរអត្ថន័យដើមនៃភស្តុតាងទាំងនោះ។ ដោយហេតុនេះ ពួកគេបានធ្វើផ្ទុយនឹងភស្តុតាងផ្នែកសាសនា (គួរអាន និងហាឌីស) ព្រមទាំងភស្តុតាងផ្នែកប្រាជ្ញាញាណ ហើយពួកគេបានធ្វើផ្ទុយនឹងខ្លួនឯងនៅក្នុងរឿងនោះយ៉ាងច្បាស់លាស់។
នេះហើយជាមាគ៌ាដែលនាំមកនូវសុវត្ថិភាព និងសុភមង្គលទាំងនៅក្នុងលោកិយនេះ និងនៅថ្ងៃបរលោក។ វាជាមាគ៌ាដ៏ត្រឹមត្រូវដែលអ្នកជំនាន់មុន(សាឡាហ្វ)នៃប្រជាជាតិនេះ និងបណ្ដាអ៊ីម៉ាំរបស់ពួកគេបានដើរតាម។ អ្នកជំនាន់ចុងក្រោយរបស់ពួកគេក៏នឹងមិនមានភាពត្រឹមត្រូវនោះដែរ លុះត្រាតែប្រកាន់យកនូវអ្វីដែលបានដើរដោយអ្នកជំនាន់មុន នោះគឺការដើរតាមគម្ពីរគួរអាន និងស៊ុណ្ណះ ហើយបោះបង់ចោលនូវអ្វីដែលផ្ទុយនឹងប្រការទាំងពីរនេះ។ យើងខ្ញុំសូមបួងសួងដល់អល់ឡោះជាម្ចាស់សូមទ្រង់បង្វែរប្រជាជាតិ(អ៊ីស្លាម)ឲ្យត្រឡប់មករកភាពត្រឹមត្រូវរបស់ខ្លួនវិញ និងសូមទ្រង់បង្កើនចំនួនអ្នកដែលអំពាវនាវទៅកាន់ការចង្អុលបង្ហាញដ៏ត្រឹមត្រូវឲ្យមានកាន់តែច្រើនឡើងនៅក្នុងប្រជាជាតិនេះ។ សូមទ្រង់ផ្តល់នូវភាពជោគជ័យដល់បណ្តាថ្នាក់ដឹកនាំ និងអ្នកប្រាជ្ញទាំងឡាយក្នុងការប្រយុទ្ធប្រឆាំងនឹងអំពើស្ហ៊ីរិក ការលុបបំបាត់អំពើនេះឱ្យអស់ ព្រមទាំងការដាស់តឿនឱ្យប្រុងប្រយ័ត្នចំពោះរាល់មធ្យោបាយទាំងឡាយដែលនាំទៅរកអំពើនេះ។ ពិតប្រាកដណាស់ ទ្រង់ជាម្ចាស់ដ៏មហាឮ និងនៅជិតបំផុត។ ហើយអល់ឡោះជាម្ចាស់ គឺជាអ្នកដែលផ្តល់នូវភាពជោគជ័យ។ ទ្រង់តែមួយគត់ គឺគ្រប់គ្រាន់សម្រាប់ពួកយើង ហើយទ្រង់ជាអ្នកគាំពារដ៏ល្អប្រសើរបំផុត។ គ្មានអំណាច និងគ្មានអានុភាពណាមួយឡើយ វៀរលែងតែដោយសារទ្រង់។ សូមពរជ័យ សិរីសួស្តីពីអល់ឡោះជាម្ចាស់កើតមានដល់ខ្ញុំបម្រើ និងជាអ្នកនាំសាររបស់ទ្រង់ ណាពីយើង មូហាំម៉ាត់ ព្រមទាំងក្រុមគ្រួសារ និងបណ្តាសហាហ្ពាត់របស់លោក។
ការលើកយកនូវបណ្តាភស្តុតាងនានាមកបញ្ជាក់អំពីច្បាប់បញ្ញត្តិទាក់ទងនឹងអ្នកដែលសុំជំនួយពីអ្វីផ្សេងក្រៅពីអល់ឡោះ
អាប់ទុលអាហ្ស៊ីស ពិន អាប់ទុលឡោះ ពិន ហ្ពាហ្ស
សៀវភៅនេះបកស្រាយអំពីច្បាប់បញ្ញត្តិនៃការសុំការសង្គ្រោះពីអ្នកផ្សេងក្រៅពីអល់ឡោះ ហើយបញ្ជាក់ថា ការបួងសួង និងការសុំការសង្គ្រោះ គឺសម្រាប់តែអល់ឡោះជាម្ចាស់តែមួយគត់ ដោយចង្អុលបង្ហាញថា ការបង្វែរការគោរពសក្ការៈ(អ៊ីហ្ពាហ្ពាត់) ឬការបួងសួងទៅកាន់អ្នកផ្សេងក្រៅពីអល់ឡោះ ត្រូវបានចាត់ទុកថាជាអំពើស្ហ៊ីរិក។ សៀវភៅនេះក៏បានបកស្រាយបំភ្លឺពីករណីមួយចំនួនដែលមនុស្សមួយចំនួនអាចនឹងគិតថា ពួកគេគ្រាន់តែសុំការសង្គ្រោះពីបណ្តាវ៉ើលីរបស់អល់ឡោះ ឬពីណាពី ﷺ ប៉ុណ្ណោះ ប៉ុន្តែទង្វើនេះ គឺផ្ទុយនឹងជំនឿឯកទេវនិយម(តាវហេទ) ដែលជាមូលដ្ឋានគ្រឹះនៃសាសនាឥស្លាម។
សារទីពីរ៖ ច្បាប់បញ្ញត្តិទាក់ទងនឹងការសុំជំនួយពីណាពី ﷺ
រាល់ការសរសើរទាំងឡាយ គឺសម្រាប់អល់ឡោះ។ សូមពរជ័យ និងសន្តិភាពកើតមានដល់អ្នកនាំសាររបស់អល់ឡោះ ព្រមទាំងក្រុមគ្រួសារ បណ្ដាសហាហ្ពាត់ និងអ្នកដែលដើរតាមការចង្អុលបង្ហាញរបស់លោក។
ជាបន្តមកទៀត៖ ជាការពិតណាស់ កាសែត “អាល់មុចតាម៉ាក់” របស់ប្រទេសគូវ៉ែត បានបោះពុម្ពផ្សាយនៅក្នុងលេខទី១៥ របស់ខ្លួន ដែលចេញផ្សាយនៅថ្ងៃទី១៩ ខែ៤ ឆ្នាំ១៣៩០ មូហាំម៉ាត់សករាជ នូវកំណាព្យមួយចំនួនក្រោមចំណងជើងថា៖ “រំលឹកដល់ការប្រសូតនៃណាពីដ៏ឧត្តុង្គឧត្តម”។ កំណាព្យទាំងនេះមានផ្ទុកនូវខ្លឹមសារសុំជំនួយពីណាពី ﷺ និងសុំជ័យជម្នះពីលោក ដើម្បីស្រោចស្រង់ និងផ្តល់ជ័យជម្នះដល់ប្រជាជាតិ ព្រមទាំងរំដោះពួកគេចេញពីអ្វីដែលពួកគេបានធ្លាក់ចូល ដូចជាការបែកបាក់ និងការខ្វែងគំនិតគ្នា។ កំណាព្យនេះត្រូវបានចុះហត្ថលេខាដោយបុគ្គលម្នាក់ដែលបានដាក់ឈ្មោះខ្លួនឯងថា អាមីណះ ផងដែរ។ ហើយនេះគឺជាអត្ថបទនៃកំណាព្យដែលបានលើកឡើងនោះ៖
ឱរ៉ស៊ូលុលឡោះ! សូមជួយស្រោចស្រង់ពិភពលោកមួយ... ដែលកំពុងបញ្ឆេះសង្គ្រាម ហើយរងការឆាបឆេះដោយអណ្ដាតភ្លើងនៃសង្គ្រាមផង
ឱរ៉ស៊ូលុលឡោះ! សូមជួយស្រោចស្រង់ប្រជាជាតិមួយ... ដែលកំពុងស្ថិតក្នុងភាពងងឹតនៃភាពមន្ទិលសង្ស័យ និងបានធ្វើដំណើរក្នុងនោះយ៉ាងយូរអង្វែងមកហើយ។
ឱរ៉ស៊ូលុលឡោះ! សូមជួយស្រោចស្រង់ប្រជាជាតិមួយ... ដែលបានបាត់បង់ចក្ខុវិស័យរបស់ខ្លួននៅក្នុងភាពវង្វេងនៃសេចក្ដីទុក្ខសោក
រហូតដល់សម្តីរបស់អ្នកស្រី៖
សូមលោកផ្តល់នូវជ័យជម្នះយ៉ាងឆាប់រហ័ស ដូចដែលលោកធ្លាប់បានធ្វើ... នាថ្ងៃសមរភូមិហ្ពាទើរ នៅពេលដែលលោកបួងសួងទៅកាន់ព្រះជាម្ចាស់។
ហើយភាពអាម៉ាស់ក៏បានប្រែទៅជាជ័យជម្នះដ៏អស្ចារ្យ... ព្រោះពិតប្រាកដណាស់ អល់ឡោះមានកងទ័ពជាច្រើនដែលអ្នកមើលមិនឃើញ។
យ៉ាងដូច្នេះឯងដែលអ្នកនិពន្ធស្ត្រីរូបនេះបានធ្វើការអំពាវនាវ និងសុំជំនួយទៅកាន់អ្នកនាំសាររបស់អល់ឡោះ ﷺ ដោយសុំពីរូបលោកឲ្យជួយស្រោចស្រង់ប្រជាជាតិតាមរយៈការផ្តល់នូវជ័យជម្នះឲ្យបានឆាប់រហ័ស ដោយនាងភ្លេចខ្លួន (ឬដោយភាពល្ងង់ខ្លៅ)ថា ជាការពិតណាស់ ជ័យជម្នះ គឺស្ថិតនៅក្នុងកណ្តាប់ដៃរបស់អល់ឡោះជាម្ចាស់តែមួយគត់ មិនមែនស្ថិតនៅក្នុងកណ្តាប់ដៃរបស់ណាពី ﷺ ឬក្នុងដៃភាវៈ(ម៉ាខ្លូក)ណាមួយនោះឡើយ ដូចដែលអល់ឡោះជាម្ចាស់បានមានបន្ទូលនៅក្នុងគម្ពីររបស់ទ្រង់ដ៏ច្បាស់លាស់ថា៖ “ហើយគ្មានទេជ័យជម្នះដ៏ពិតប្រាកដនោះ លើកលែងតែមកពីអល់ឡោះជាម្ចាស់ដ៏មហាខ្លាំងពូកែ មហាគតិបណ្ឌិតប៉ុណ្ណោះ”។ [គម្ពីរគួរអាន ៣:១២៦] ទ្រង់បានមានបន្ទូលទៀតថា៖ “ប្រសិនបើអល់ឡោះជួយពួកអ្នក នោះគ្មាននរណាម្នាក់អាចយកឈ្នះពួកអ្នកបានឡើយ។ តែប្រសិនបើទ្រង់បោះបង់ពួកអ្នកវិញ តើមាននរណាដែលអាចជួយពួកអ្នកក្រោយពីទ្រង់នោះ...”។ [គម្ពីរគួរអាន ៣:១៦០]
ហើយទង្វើនៃការបួងសួង និងការសុំការជួយសង្គ្រោះបែបនេះ គឺជាការបង្វែរប្រភេទណាមួយក្នុងចំណោមប្រភេទនានានៃការគោរពសក្ការៈទៅកាន់អ្នកផ្សេងក្រៅពីអល់ឡោះជាម្ចាស់។ ពិតប្រាកដណាស់ ដូចដែលបានដឹងហើយតាមរយៈភស្តុតាង និងការមូលមតិគ្នាថា ជាការពិតណាស់ ទង្វើបែបនោះ គឺមិនត្រូវបានអនុញ្ញាតឡើយ ហើយថា ពិតណាស់ អល់ឡោះជាម្ចាស់ទ្រង់បានបង្កើតសត្វលោកទាំងឡាយមកដើម្បីឱ្យពួកគេគោរពសក្ការៈចំពោះទ្រង់ ហើយទ្រង់បានបញ្ជូនអ្នកនាំសារ និងបានបញ្ចុះគម្ពីរទាំងឡាយមក គឺដើម្បីបញ្ជាក់អំពីការគោរពសក្ការៈនោះ និងអំពាវនាវទៅកាន់ការគោរពសក្ការៈនោះ ដូចដែលអល់ឡោះជាម្ចាស់ទ្រង់បានមានបន្ទូលថា៖ “ហើយយើងមិនបានបង្កើតជិននិងមនុស្សលោកនោះឡើយ លើកលែងដើម្បីឱ្យពួកគេគោរពសក្ការៈ(មកចំពោះយើងតែមួយគត់)ប៉ុណ្ណោះ”។ [គម្ពីរគួរអាន ៥១:៥៦] ទ្រង់បានមានបន្ទូលទៀតថា៖ “ហើយជាការពិតណាស់ យើងបានតែងតាំងទៅកាន់រាល់ប្រជាជាតិនីមួយៗនូវអ្នកនាំសារម្នាក់ ដោយប្រើឲ្យពួកគេឲ្យគោរពសក្ការៈចំពោះអល់ឡោះ(តែមួយគត់) និងចៀសឆ្ងាយពីតហ្គូត(ការគោរពសក្ការៈអ្នកផ្សេងក្រៅពីអល់ឡោះ)...” [គម្ពីរគួរអាន ១៦:៣៦] ទ្រង់បានមានបន្ទូលទៀតថា៖ “ហើយយើងមិនបានបញ្ជូនអ្នកនាំសារណាម្នាក់មុនអ្នក(ឱអ្នកនាំសារមូហាំម៉ាត់)នោះឡើយ លើកលែងតែយើងបានផ្តល់វ៉ាហ៊ីទៅកាន់គេថា៖ ពិតប្រាកដណាស់ គ្មានព្រះជាម្ចាស់ឯណាដែលត្រូវគោរពសក្ការៈដ៏ពិតប្រាកដក្រៅពីយើងឡើយ។ ហេតុនេះ ចូរពួកអ្នកគោរពសក្ការៈចំពោះយើង(តែមួយគត់)”។ [គម្ពីរគួរអាន ២១:២៥] ទ្រង់បានមានបន្ទូលផងដែរថា៖ “អាលីហ្វ ឡាម រ៉ ។ (នេះគឺជា)គម្ពីរមួយដែលអាយ៉ាត់ទាំងឡាយរបស់វាមានភាពសុក្រឹតឥតខ្ចោះ។ បន្ទាប់មក គេបានបកស្រាយបញ្ជាក់(នូវបញ្ហាផ្សេងៗនៅក្នុងវា)ដែលមកពីព្រះជាម្ចាស់ដ៏មហាគតិបណ្ឌិត មហាដឹងបំផុត។ ដើម្បីកុំឲ្យពួកអ្នកគោរពសក្ការៈ(ចំពោះអ្នកផ្សេង)ក្រៅពីអល់ឡោះជាម្ចាស់ឡើយ។ ពិតប្រាកដណាស់ ខ្ញុំជាអ្នកដាស់តឿនព្រមាន និងជាអ្នកផ្ដល់ដំណឹងរីករាយមកពីទ្រង់ដល់ពួកអ្នក”។ [គម្ពីរគួរអាន ១១:១-២]
ដូច្នេះ អល់ឡោះជាម្ចាស់ទ្រង់បានបញ្ជាក់នៅក្នុងបណ្តាអាយ៉ាត់ដ៏ច្បាស់លាស់ទាំងនេះថា ពិតប្រាកដណាស់ ទ្រង់មិនបានបង្កើតជិន និងមនុស្សលោកមកឡើយ លើកលែងតែដើម្បីឲ្យពួកគេគោរពសក្ការៈចំពោះទ្រង់តែមួយគត់ប៉ុណ្ណោះដោយគ្មានដៃគូរួមជាមួយទ្រង់ឡើយ។ ទ្រង់បានបញ្ជាក់ទៀតថា ទ្រង់បានបញ្ជូនអ្នកនាំសារ(រ៉សូល)ទាំងឡាយ عليهم السلام ដើម្បីបង្គាប់ប្រើឱ្យគោរពសក្ការៈនេះ និងហាមឃាត់នូវអ្វីដែលផ្ទុយពីវា។ ហើយអល់ឡោះជាម្ចាស់ក៏បានប្រាប់ឲ្យដឹងដែរថា ជាការពិតណាស់ ទ្រង់បានធ្វើឲ្យអាយ៉ាត់ទាំងឡាយនៃគម្ពីររបស់ទ្រង់មានភាពល្អឥតខ្ចោះ និងបានបកស្រាយវាយ៉ាងលម្អិត ដើម្បីកុំឲ្យមានការគោរពសក្ការៈចំពោះអ្នកផ្សេងក្រៅពីទ្រង់ឡើយ។
យើងបានដឹងស្រាប់ហើយថា ការគោរពសក្ការៈ គឺចង់សំដៅលើការគោរពបូជាចំពោះអល់ឡោះជាម្ចាស់តែមួយគត់ និងគោរពប្រតិបត្តិចំពោះទ្រង់ ដោយការអនុវត្តតាមការបង្គាប់ប្រើរបស់ទ្រង់ និងចៀសវាងនូវបម្រាមទាំងឡាយរបស់ទ្រង់។ ជាការពិតណាស់ អល់ឡោះជាម្ចាស់ទ្រង់បានបង្គាប់ប្រើ និងបានបញ្ជាក់បែបនេះនៅក្នុងអាយ៉ាត់ជាច្រើន ក្នុងចំណោមនោះ បន្ទូលរបស់អល់ឡោះជាម្ចាស់ដែលទ្រង់បានមានបន្ទូលថា៖ “ហើយគេមិនបានប្រើពួកគេនោះឡើយ ក្រៅតែពីឲ្យពួកគេគោរពសក្ការៈចំពោះអល់ឡោះដោយស្មោះសចំពោះសាសនា(របស់ទ្រង់) និងចៀសវាងពីប្រការស្ហ៊ីរិក...”។ [គម្ពីរគួរអាន ៩៨:៥] ទ្រង់បានមានបន្ទូលទៀតថា៖ “ហើយព្រះជាម្ចាស់របស់អ្នកបានដាក់បទបញ្ជាមិនឲ្យពួកអ្នកគោរពសក្ការៈឡើយ លើកលែងតែចំពោះទ្រង់(តែមួយគត់)...”។ [គម្ពីរគួរអាន ១៧:២៣] ទ្រង់បានមានបន្ទូលទៀតថា៖ “ពិតប្រាកដណាស់ យើងបានបញ្ចុះទៅកាន់អ្នក(ឱអ្នកនាំសារមូហាំម៉ាត់)នូវគម្ពីរ(គួរអាន)យ៉ាងពិតប្រាកដ។ ហេតុនេះ ចូរអ្នកគោរពសក្ការៈចំពោះអល់ឡោះប្រកបដោយភាពស្មោះសចំពោះទ្រង់ក្នុងសាសនា។ តើពុំមែនទេឬ សាសនាដែលបរិសុទ្ធ(សាសនាអ៊ីស្លាម) គឺជាកម្មសិទ្ធិរបស់អល់ឡោះនោះ? ហើយពួកដែលយកអ្នកផ្សេងក្រៅពីអល់ឡោះធ្វើជាអ្នកគាំពារ(ពួកគេនិយាយថា៖) ពួកយើងមិនបានគោរពសក្ការៈចំពោះពួកវានោះឡើយ លើកលែងតែដើម្បីឱ្យពួកវាបញ្ជិតខ្លួនពួកយើងឱ្យមានឋានៈនៅជិតអល់ឡោះប៉ុណ្ណោះ។ ពិតប្រាកដណាស់ អល់ឡោះជាម្ចាស់នឹងកាត់សេចក្តីរវាងពួកគេចំពោះអ្វីដែលពួកគេមានការខ្វែងគំនិតគ្នា។ ពិតប្រាកដណាស់ អល់ឡោះទ្រង់មិនចង្អុលបង្ហាញចំពោះជនដែលកុហកបោកប្រាស់ និងប្រឆាំងឡើយ”។ [គម្ពីរគួរអាន ៣៩:២-៣]
អាយ៉ាត់ដែលមានអត្ថន័យបែបនេះ មានច្រើនលើសលប់ ហើយអាយ៉ាត់ទាំងអស់នោះសុទ្ធសឹងតែបានបង្ហាញពីភាពចាំបាច់នៃការគោរពសក្ការៈដោយស្មោះស្ម័គ្រចំពោះអល់ឡោះជាម្ចាស់តែមួយអង្គគត់ ហើយបោះបង់ចោលការគោរពសក្ការៈចំពោះអ្វីផ្សេងក្រៅពីទ្រង់ មិនថាជាបណ្តាណាពី និងអ្នកផ្សេងទៀតនោះឡើយ។
គ្មានការសង្ស័យឡើយថា ការបួងសួង(ទូអា) គឺជាប្រភេទនៃការគោរពសក្ការៈ(អ៊ីហ្ពាហ្ទាត់)ដ៏សំខាន់ និងពេញលេញបំផុត។ ដូចនេះ ចាំបាច់ត្រូវបួងសួងដោយចិត្តជ្រះថ្លា(អៀខ្លើស)ចំពោះអល់ឡោះជាម្ចាស់តែមួយគត់ ដូចដែលអល់ឡោះជាម្ចាស់ទ្រង់បានមានបន្ទូលថា៖ “ដូច្នេះ ចូរពួកអ្នកគោរពសក្ការៈចំពោះអល់ឡោះដោយចិត្តស្មោះសចំពោះទ្រង់ក្នុងសាសនា បើទោះជាពួកគ្មានជំនឿមិនពេញចិត្តក៏ដោយ”។ [គម្ពីរគួរអាន ៤០:១៤] ទ្រង់បានមានបន្ទូលទៀតថា៖ “ហើយពិតប្រាកដណាស់ ម៉ាស្ជិទទាំងឡាយ គឺជាកម្មសិទ្ធិរបស់អល់ឡោះ(តែមួយគត់)។ ហេតុនេះ ពួកអ្នកមិនត្រូវបួងសួងសុំពីអ្នកណាម្នាក់រួមជាមួយនឹងអល់ឡោះឡើយ”។ [គម្ពីរគួរអាន ៧២:១៨] ការណែនាំឲ្យធ្វើការបួងសួងទៅចំពោះអល់ឡោះជាម្ចាស់តែមួយគត់នេះ គឺជាការណែនាំទៅកាន់គ្រប់ភាវៈ(ម៉ាខ្លូក)ទាំងអស់ ទាំងបណ្តាណាពី និងអ្នកផ្សេងទៀត។ ទ្រង់បានមានបន្ទូលថា៖ “ហើយអ្នក(ឱអ្នកនាំសារមូហាំម៉ាត់)មិនត្រូវបួងសួងសុំពីអ្នកផ្សេងក្រៅពីអល់ឡោះដែលពួកវាមិនអាចផ្ដល់ផលប្រយោជន៍ ហើយក៏មិនអាចបង្កគ្រោះថ្នាក់ដល់អ្នកនោះឡើយ។ តែប្រសិនបើអ្នកធ្វើដូច្នោះ ពិតប្រាកដណាស់ អ្នកពិតជាស្ថិតក្នុងចំណោមពួកដែលបំពានជាមិនខាន”។ [គម្ពីរគួរអាន ១០:១០៦] នេះគឺជាបន្ទូលដែលសំដៅលើណាពី ﷺ ។ តែដូចដែលយើងបានដឹងស្រាប់ហើយថា ជាការពិតណាស់ អល់ឡោះជាម្ចាស់ទ្រង់បានការពារអ្នកនាំសាររបស់ទ្រង់ឱ្យរួចផុតពីប្រការស្ហ៊ីរិកហើយ។ តាមពិត បំណងពិតប្រាកដ គឺដើម្បីជាការព្រមានដល់អ្នកផ្សេងទៅវិញទេ។ បន្ទាប់មក អល់ឡោះជាម្ចាស់បានមានបន្ទូលថា៖ “ហើយអ្នក(ឱអ្នកនាំសារមូហាំម៉ាត់)មិនត្រូវបួងសួងសុំពីអ្នកផ្សេងក្រៅពីអល់ឡោះដែលពួកវាមិនអាចផ្ដល់ផលប្រយោជន៍ ហើយក៏មិនអាចបង្កគ្រោះថ្នាក់ដល់អ្នកនោះឡើយ។ តែប្រសិនបើអ្នកធ្វើដូច្នោះ ពិតប្រាកដណាស់ អ្នកពិតជាស្ថិតក្នុងចំណោមពួកដែលបំពានជាមិនខាន”។ [គម្ពីរគួរអាន ១០:១០៦] នេះគឺជាបន្ទូលដែលសំដៅលើណាពី ﷺ តែបំណងពិតប្រាកដ គឺដើម្បីជាការព្រមានដល់អ្នកផ្សេងទៅវិញទេ ពីព្រោះគេបានដឹងស្រាប់ហើយថា ជាការពិតណាស់ អល់ឡោះជាម្ចាស់ទ្រង់បានការពារអ្នកនាំសាររបស់ទ្រង់ឱ្យរួចផុតពីប្រការស្ហ៊ីរិកទៅហើយ។។ បន្ទាប់មក អល់ឡោះជាម្ចាស់បានប្រើពាក្យធ្ងន់ៗក្នុងការហាមឃាត់ និងការព្រមាន ដោយទ្រង់បានមានបន្ទូលថា៖ “...តែប្រសិនបើអ្នកធ្វើដូច្នោះវិញនោះ ពិតប្រាកដណាស់ អ្នកពិតជាស្ថិតក្នុងចំណោមពួកដែលបំពានជាមិនខាន”។ ការបំពាន(الظلم) នៅពេលដែលវាត្រូវបានប្រើប្រាស់ជាទូទៅ គឺសំដៅលើស្ហ៊ីរិកធំ(ពហុទេវនិយមកម្រិតធ្ងន់) ដូចដែលអល់ឡោះជាម្ចាស់ទ្រង់បានមានបន្ទូលថា៖ “...ហើយពួកគ្មានជំនឿ ពួកគេគឺជាពួកដែលបំពាន”។ [គម្ពីរគួរអាន ២:២៥៤] ទ្រង់បានមានបន្ទូលទៀតថា៖ “...ពិតប្រាកដណាស់ អំពើស្ហ៊ីរិក គឺជាការបំពានដ៏ធំធេងបំផុត”។ [គម្ពីរគួរអាន ៣១:១៣] ប្រសិនបើចៅហ្វាយនៃកូនចៅអាហ្ទាំ(ណាពីមូហាំម៉ាត់ ﷺ)បួងសួងសុំពីអ្នកផ្សេងក្រៅពីអល់ឡោះ នោះលោកប្រាកដជានឹងក្លាយជាអ្នកដែលស្ថិតក្នុងចំណោមពួកដែលបំពានទៅហើយ ចុះទម្រាំអ្នកផ្សេងពីលោកនោះ តើនឹងទៅជាយ៉ាងណាទៅ?!
ដូច្នេះ តាមរយៈអាយ៉ាត់ទាំងនេះ ក៏ដូចជាអាយ៉ាត់ផ្សេងៗទៀត គេអាចដឹងបានថា ការបួងសួងសុំទៅកាន់អ្នកផ្សេងក្រៅពីអល់ឡោះ មិនថាជាអ្នកស្លាប់ ដើមឈើ រូបបដិមា និងអ្វីៗផ្សេងទៀតនោះ គឺជាអំពើស្ហ៊ីរិកចំពោះអល់ឡោះជាម្ចាស់ដ៏មហាឧត្តុង្គឧត្តម ហើយវាផ្ទុយទៅនឹងជំនឿលើអល់ឡោះតែមួយ(តាវហេទ)នៅក្នុងកិច្ចគោរពសក្ការៈ ដែលជាគោលបំណងនៃការដែលអល់ឡោះបង្កើតមនុស្សលោកនិងជិន ការបញ្ជូនបណ្តាអ្នកនាំសារ និងការបញ្ចុះគម្ពីរនានា។ ហើយវាក៏ប្រឆាំងទៅនឹងអត្ថន័យនៃពាក្យ “لا إله إلا الله” (គ្មានទេព្រះជាម្ចាស់ដែលត្រូវគេគោរពសក្ការៈដ៏ពិតប្រាកដ លើកលែងតែអល់ឡោះ)ដែលបដិសេធរាល់កិច្ចគោរពសក្ការៈចំពោះអ្នកផ្សេងក្រៅពីអល់ឡោះ ហើយទទួលស្គាល់ការគោរពសក្ការៈនានាសម្រាប់តែអល់ឡោះជាម្ចាស់តែមួយគត់ ដូចដែលអល់ឡោះជាម្ចាស់ទ្រង់បានមានបន្ទូលថា៖ “នោះក៏ព្រោះតែអល់ឡោះ ទ្រង់គឺជាព្រះជាម្ចាស់ដ៏ពិតប្រាកដ ហើយអ្វីដែលពួកគេគោរពសក្ការៈក្រៅពីទ្រង់នោះ គឺជាប្រការមិនត្រឹមត្រូវ។ ហើយពិតប្រាកដណាស់ អល់ឡោះជាម្ចាស់មហាខ្ពង់ខ្ពស់ មហាធំធេង”។ [គម្ពីរគួរអាន ២២:៦២]
នេះហើយជាស្នូល និងជាមូលដ្ឋានគ្រឹះនៃសាសនាអ៊ីស្លាម។ ការគោរពសក្ការៈទាំងឡាយនឹងមិនត្រឹមត្រូវនោះទេ លើកលែងតែបន្ទាប់ពីមូលដ្ឋានគ្រឹះមួយនេះមានភាពត្រឹមត្រូវ ដូចដែលអល់ឡោះជាម្ចាស់ទ្រង់បានមានបន្ទូលថា៖ “ហើយជាការពិតណាស់ គេបានផ្តល់វ៉ាហ៊ីទៅកាន់អ្នក(ឱអ្នកនាំសារមូហាំម៉ាត់) និងទៅកាន់អ្នក(នាំសារ)ជំនាន់មុនអ្នកថា៖ ប្រសិនបើអ្នកធ្វើស្ហ៊ីរិក(មកចំពោះយើង) នោះទង្វើ(កុសល)របស់អ្នកពិតជានឹងរលាយសាបសូន្យ ហើយអ្នកប្រាកដជានឹងស្ថិតក្នុងចំណោមពួកដែលខាតបង់ជាមិនខាន”។ [គម្ពីរគួរអាន ៣៩:៦៥] ទ្រង់បានមានបន្ទូលទៀតថា៖ “តែប្រសិនបើពួកគេបានធ្វើស្ហ៊ីរិកវិញនោះ ទង្វើ(កុសល)ទាំងឡាយដែលពួកគេធ្លាប់បានសាងនឹងត្រូវចាត់ទុកជាអសារបង់ជាមិនខាន”។ [គម្ពីរគួរអាន ៦:៨៨]
យោងតាមអ្វីដែលបានលើកឡើងខាងលើបញ្ជាក់ឱ្យឃើញថា ជាការពិតណាស់ សាសនាអ៊ីស្លាម និងការធ្វើសាក្សីថា គ្មានទេព្រះជាម្ចាស់ដែលត្រូវគេគោរពសក្ការៈដ៏ពិតប្រាកដ លើកលែងអល់ឡោះ ឈរលើមូលដ្ឋានគ្រឹះដ៏សំខាន់ចំនួនពីរ៖
ទីមួយ៖ មិនត្រូវគោរពសក្ការៈចំពោះអ្វីផ្សេងឡើយ លើកលែងតែចំពោះអល់ឡោះជាម្ចាស់តែមួយគត់ ពុំគ្មានដៃគូសម្រាប់ទ្រង់ឡើយ។ ដូចនេះ ជនណាដែលបានបួងសួងសុំពីអ្នកដែលបានស្លាប់ក្នុងចំណោមបណ្តាណាពី ឬអ្នកដទៃទៀត ឬបួងសួងសុំពីបដិមា ឬដើមឈើ ឬដុំថ្ម ឬអ្វីៗផ្សេងទៀតដែលជាភាវៈ(ម៉ាខ្លូក)ដែលអល់ឡោះបានបង្កើត ឬសុំការជួយពីពួកវា ឬបញ្ជិតខ្លួនទៅកាន់ពួកវាតាមរយៈការសំឡេះសត្វបូជា និងការសច្ចាបន់(ណាហ្សើរ) ឬថ្វាយបង្គំចំពោះពួកវា ឬក្រាបថ្វាយបង្គំចំពោះពួកវា ជាការពិតណាស់ រូបគេពិតជាបានចាត់ទុករបស់ទាំងនោះជាព្រះជាម្ចាស់ក្រៅពីអល់ឡោះ និងបានចាត់ទុកពួកវាជាដៃគូរបស់អល់ឡោះជាម្ចាស់ ព្រមទាំងបានធ្វើផ្ទុយ និងបដិសេធនូវអត្ថន័យនៃពាក្យ “لا إله إلا الله” (គ្មានទេព្រះជាម្ចាស់ដែលត្រូវគេគោរពសក្ការៈដ៏ពិតប្រាកដ លើកលែងតែអល់ឡោះ)ហើយ។
ទីពីរ៖ ត្រូវគោរពសក្ការៈចំពោះអល់ឡោះជាម្ចាស់ស្របទៅតាមច្បាប់បញ្ញត្តិរបស់ណាពី និងអ្នកនាំសាររបស់ទ្រង់ ﷺ ។ ដូច្នេះ ជនណាដែលឆ្នៃប្រឌិតបង្កើតអ្វីថ្មីក្នុងសាសនានូវអ្វីដែលអល់ឡោះជាម្ចាស់មិនបានអនុញ្ញាត ជននោះមិនបានបំពេញនូវអត្ថន័យនៃការសាក្សីថា មូហាំម៉ាត់ជាអ្នកនាំសាររបស់អល់ឡោះនោះឡើយ។ ទង្វើនោះនឹងមិនផ្តល់ផលប្រយោជន៍ដល់គេឡើយ ហើយក៏មិនត្រូវបានគេទទួលយកនោះដែរ។ អល់ឡោះជាម្ចាស់ទ្រង់បានមានបន្ទូលថា៖ “ហើយយើងបានត្រឡប់ទៅរកអ្វីដែលពួកគេបានប្រព្រឹត្តនៃអំពើ(ល្អ) រួចយើងក៏បានធ្វើឱ្យវា(ក្លាយទៅជាអសារបង់)ប្រៀបដូចធូលីដែលរសាត់តាមខ្យល់។ [គម្ពីរគួរអាន ២៥:២៣] អត្ថន័យនៃពាក្យ “អំពើ(ល្អ)” ដែលបានលើកឡើងក្នុងអាយ៉ាត់ខាងលើ គឺសំដៅលើទង្វើរបស់ជនដែលបានស្លាប់ដោយនាំទៅជាមួយនូវអំពើស្ហ៊ីរិក(ពហុទេវនិយម)ចំពោះអល់ឡោះជាម្ចាស់ដ៏មហាខ្ពង់ខ្ពស់។
ចូលទៅក្នុងនេះផងដែរ គឺអំពើទាំងឡាយដែលជាការឆ្នៃប្រឌិតបង្កើតថ្មីដែលអល់ឡោះជាម្ចាស់មិនបានអនុញ្ញាត(អំពើពិទអះ) ដោយនៅថ្ងៃបរលោក អំពើទាំងនោះនឹងប្រៀបបានដូចជាធូលីដែលរសាត់តាមខ្យល់(ក្លាយជាអសារបង់) ព្រោះតែអំពើនោះមិនស្របតាមច្បាប់បញ្ញត្តិដ៏បរិសុទ្ធរបស់ទ្រង់ ដូចដែលណាពី ﷺ លោកបានមានប្រសាសន៍ថា៖ “បុគ្គលណាបង្កើតអ្វីមួយថ្មីនៅក្នុងកិច្ចការសាសនារបស់យើងនូវអ្វីដែលពុំមែនជាកិច្ចការសាសនាពីយើងទេនោះ វានឹងត្រូវគេបដិសេធចោល”។ រាយការណ៍ដោយ អាល់ពូខរី និងមូស្លីម។
សរុបសេចក្ដីមក ពិតណាស់ អ្នកនិពន្ធរូបនេះបានបង្វែរការសុំជំនួយ និងការបួងសួងរបស់នាងទៅកាន់រ៉ស៊ូលុលឡោះ ﷺ ហើយងាកចេញពីព្រះជាម្ចាស់នៃពិភពលោកទាំងមូល ដែលជំនួយ ការផ្តល់នូវគ្រោះថ្នាក់ និងការផ្តល់ផលប្រយោជន៍ គឺស្ថិតក្នុងកណ្តាប់ដៃទ្រង់(តែមួយគត់)។ គ្មានប្រការណាមួយក្នុងចំណោមប្រការទាំងនោះស្ថិតនៅក្នុងដៃអ្នកផ្សេងក្រៅពីទ្រង់ឡើយ។
គ្មានការសង្ស័យឡើយថា នេះពិតជាការបំពានដ៏ធំធេង និងធ្ងន់ធ្ងរបំផុត។ ជាការពិតណាស់ អល់ឡោះជាម្ចាស់ទ្រង់បានបញ្ជាឲ្យបួងសួងទៅកាន់ទ្រង់ ហើយបានសន្យាថានឹងទទួលយកការបួងសួងសុំរបស់អ្នកដែលបួងសួងទៅកាន់ទ្រង់ ព្រមទាំងបានព្រមានចំពោះអ្នកដែលក្រអឺតក្រទមមិនព្រមបួងសួងទៅកាន់ទ្រង់ថា ពួកគេនឹងចូលទៅក្នុងនរកជើហាន់ណាំ ដូចដែលទ្រង់បានមានបន្ទូលថា៖ “ហើយព្រះជាម្ចាស់របស់ពួកអ្នកបានមានបន្ទូលថា៖ ចូរពួកអ្នកបួងសួងមកកាន់យើងចុះ នោះយើងនឹងឆ្លើយតបចំពោះពួកអ្នក។ ពិតប្រាកដណាស់ ពួកដែលក្រអឺតក្រទមមិនព្រមគោរពសក្ការៈមកចំពោះយើង ពួកគេនឹងត្រូវចូលក្នុងនរកជើហាន់ណាំដោយភាពទាបថោកបំផុត”។ [គម្ពីរគួរអាន ៤០:៦០] ពោលគឺតូចទាប និងទាបថោកបំផុត។ អាយ៉ាត់ដ៏ឧត្តុង្គឧត្តមនេះក៏បានបញ្ជាក់ដែរថា ជាការពិតណាស់ ការបួងសួង(ទូអា) គឺជាការគោរពសក្ការៈ(អ៊ីហ្ពាហ្ទាត់) ហើយថា ជនណាដែលក្រអឺតក្រទមមិនព្រមធ្វើការបួងសួង(ទៅកាន់អល់ឡោះ) ទីជម្រករបស់ជននោះ គឺនរកជើហាន់ណាំ។ ដូច្នេះ ប្រសិនបើនេះជាស្ថានភាពរបស់ជនដែលក្រអឺតក្រទមមិនបួងសួងទៅកាន់អល់ឡោះ ចុះយ៉ាងណាទៅវិញចំពោះជនដែលបួងសួងទៅកាន់អ្នកផ្សេងក្រៅពីទ្រង់ ហើយងាកចេញពីទ្រង់ទៀតនោះ ខណៈដែលទ្រង់គឺជាព្រះជាម្ចាស់ដែលនៅជិតបំផុត ជាព្រះជាម្ចាស់ដែលគ្រប់គ្រងលើអ្វីៗទាំងអស់ និងមានសមត្ថភាពលើអ្វីៗទាំងអស់ ដូចដែលទ្រង់បានមានបន្ទូលថា៖ “ហើយនៅពេលដែលបណ្តាខ្ញុំបម្រើរបស់យើងបានសួរអ្នក(ឱណាពីមូហាំម៉ាត់)អំពីយើង ពិតប្រាកដណាស់ យើងស្ថិតនៅជិត(ពួកគេ)បង្កើយ។ យើងឆ្លើយតបចំពោះអ្នកដែលធ្វើការបួងសួងនៅពេលណាដែលគេបួងសួងមកកាន់យើង។ ហេតុនេះ ចូរឱ្យពួកគេស្តាប់បង្គាប់យើង និងមានជំនឿចំពោះយើង សង្ឃឹមថាពួកគេនឹងទទួលបានការចង្អុលបង្ហាញ”។ [គម្ពីរគួរអាន ២:១៨៦] រ៉ស៊ូលុលឡោះ ﷺ លោកបានប្រាប់នៅក្នុងហាទីស្ហដ៏ត្រឹមត្រូវមួយថា ជាការពិតណាស់ ការបួងសួង(ទូអា) គឺជាការគោរពសក្ការៈ(អ៊ីហ្ពាហ្ទាត់) ហើយលោកបានមានប្រសាសន៍ទៅកាន់បងប្អូនជីដូនមួយរបស់លោក គឺអាប់ទុលឡោះ ពិន អាប់ហ្ពាស رضي الله عنهما ថា៖ “ចូរអ្នកថែរក្សា(ក្បួនច្បាប់)អល់ឡោះ ទ្រង់នឹងថែរក្សាអ្នកវិញ។ ចូរអ្នកថែរក្សា(ក្បួនច្បាប់)អល់ឡោះ នោះអ្នកនឹងទទួលបានការចង្អុលបង្ហាញពីទ្រង់នៅពីមុខអ្នកជានិច្ច។ កាលណាអ្នកចង់សុំអ្វីមួយ ចូរអ្នកសុំពីអល់ឡោះ។ ហើយកាលណាអ្នកចង់សុំជំនួយ ចូរអ្នកសុំជំនួយពីអល់ឡោះ។” រាយការណ៍ដោយ អាត់តៀរមីហ្ស៊ី និងអ្នកផ្សេងទៀត។
ណាពី ﷺ លោកបានមានប្រសាសន៍ថា៖ “ជនណាដែលបានស្លាប់ ខណៈដែលរូបគេបួងសួងទៅកាន់អ្នកផ្សេងក្រៅពីអល់ឡោះ នឹងចូលឋាននរក”។ រាយការណ៍ដោយ អាល់ពូខរី។ នៅក្នុងសៀវភៅសហេសទាំងពីរ អំពីណាពី ﷺ ពិតណាស់ មានគេសួរលោកថា៖ តើអំពើបាបណាមួយដែលធំធេងជាងគេបំផុត? លោកបានឆ្លើយថា៖ «គឺការដែលអ្នកបង្កើតដៃគូសម្រាប់អល់ឡោះ ខណៈដែលទ្រង់បានបង្កើតរូបអ្នក។» “الند” មានន័យថា ដៃគូ និងអ្នកដែលមានលក្ខណៈដូចគ្នា ស្មើគ្នា។ ដូចនេះ រាល់អ្នកទាំងឡាយដែលបួងសួងសុំពីអ្នកផ្សេងក្រៅពីអល់ឡោះ ឬសុំជំនួយពីវា ឬសច្ចាបន់ចំពោះវា ឬសំឡេះសត្វសែនដល់វា ឬបង្វែរទម្រង់ណាមួយនៃការគោរពសក្ការៈក្រៅពីអ្វីដែលបានរៀបរាប់ខាងលើចំពោះវា ជាការពិតណាស់ ជននោះបានចាត់ទុករបស់ទាំងនោះជាដៃគូ(របស់អល់ឡោះ)ហើយ ទោះបីជាអ្នកនោះជាណាពី ឬជាកុលសបុគ្គល(វ៉ើលី) ឬទេវតា(ម៉ាឡាអ៊ីកាត់) ឬជាជិន ឬជារូបបដិមា ឬជាភាវៈណាមួយផ្សេងទៀតក៏ដោយ។
ត្រង់ចំណុចនេះអាចមានអ្នកចោទសួរថា តើច្បាប់ចែងយ៉ាងដូចម្តេចចំពោះការសុំជំនួយពីអ្នកដែលនៅរស់ និងមានវត្តមានចំពោះមុខនូវអ្វីដែលគេមានលទ្ធភាព និងការសុំជំនួយពីគេក្នុងកិច្ចការដែលជាក់ស្តែង(បច្ចេកទេស/រូបវន្ត)ដែលគេមានលទ្ធភាពអាចជួយបាននោះ? ចម្លើយ៖ នេះមិនមែនជាអំពើស្ហ៊ីរិកឡើយ។ ផ្ទុយទៅវិញ វាគឺជារឿងធម្មតាដែលត្រូវបានអនុញ្ញាតឲ្យធ្វើក្នុងចំណោមអ្នកមូស្លីម ដូចដែលអល់ឡោះជាម្ចាស់ទ្រង់បានមានបន្ទូលនៅក្នុងរឿងរ៉ាវរបស់ណាពីមូសាថា៖ “...បុរសម្នាក់ដែលមកពីក្រុមរបស់គាត់ក៏បានសុំឱ្យគាត់ជួយតទល់នឹងសត្រូវរបស់ខ្លួន...”។ [គម្ពីរគួរអាន ២៨:១៥] ហើយដូចដែលអល់ឡោះជាម្ចាស់ទ្រង់បានមានបន្ទូលនៅក្នុងរឿងរបស់ណាពីមូសាទៀតថា៖ “ពេលនោះ គាត់ក៏បានចាកចេញពីទីនោះទាំងភ័យខ្លាច និងចាំឃ្លាំមើល...”។ [គម្ពីរគួរអាន ២៨:២១] វាប្រៀបដូចជាការដែលមនុស្សម្នាក់សុំជំនួយពីមិត្តភក្តិរបស់ខ្លួននៅក្នុងសមរភូមិសង្គ្រាម ឬក្នុងកិច្ចការដទៃទៀតដែលកើតឡើងចំពោះមនុស្សជាតិ ដែលពួកគេចាំបាច់ត្រូវពឹងពាក់គ្នាទៅវិញទៅមកដូច្នោះឯង។
ជាការពិតណាស់ អល់ឡោះជាម្ចាស់ទ្រង់បានបង្គាប់ប្រើណាពីរបស់ទ្រង់ ﷺ ឲ្យប្រាប់ទៅកាន់ប្រជាជាតិរបស់លោកថា ពិតណាស់ លោកមិនអាចផ្តល់ផលប្រយោជន៍ ឬក៏បង្កគ្រោះថ្នាក់អ្វីដល់អ្នកណាម្នាក់បានឡើយ ដោយទ្រង់បានមានបន្ទូលថា៖ “ចូរអ្នក(ឱអ្នកនាំសារមូហាំម៉ាត់)ពោលថា៖ តាមពិតខ្ញុំបួងសួងសុំពីព្រះជាម្ចាស់របស់ខ្ញុំ(តែមួយគត់) ហើយខ្ញុំមិនយកអ្នកណាម្នាក់មកធ្វើស្ហ៊ីរិកជាមួយនឹងទ្រង់ជាដាច់ខាត។ ចូរអ្នក(ឱអ្នកនាំសារមូហាំម៉ាត់)ពោលថា៖ ខ្ញុំគ្មានលទ្ធភាពការពារពួកអ្នកពីគ្រោះថ្នាក់នោះឡើយ ហើយខ្ញុំក៏គ្មានលទ្ធភាពផ្ដល់ការចង្អុលបង្ហាញ(ដល់ពួកអ្នក)នោះដែរ”។ [គម្ពីរគួរអាន ៧២:២១-២២] ទ្រង់បានមានបន្ទូលទៀតថា ៖ “ចូរអ្នក(ឱអ្នកនាំសារមូហាំម៉ាត់)ពោលចុះថា៖ ខ្ញុំគ្មានសមត្ថភាពអ្វីអាចផ្តល់ផលប្រយោជន៍ដល់ខ្លួនឯង ហើយក៏មិនអាចការពារគ្រោះថ្នាក់(ចេញពីខ្លួនខ្ញុំ)នោះដែរ លើកលែងតែអ្វីដែលអល់ឡោះទ្រង់មានចេតនាប៉ុណ្ណោះ។ ប្រសិនបើខ្ញុំអាចដឹងពីប្រការអាថ៌កំបាំងមែននោះ ខ្ញុំប្រាកដជានឹងទទួលបានប្រការល្អជាច្រើនជាមិនខាន ហើយប្រការអាក្រក់ក៏មិនអាចមកប៉ះពាល់រូបខ្ញុំនោះដែរ។ តាមពិតរូបខ្ញុំគ្មានអ្វីក្រៅពីជាអ្នកព្រមានបន្លាច និងផ្តល់ដំណឹងរីករាយដល់ក្រុមដែលមានជំនឿប៉ុណ្ណោះ”។ [គម្ពីរគួរអាន ៧:១៨៨]
អាយ៉ាត់ដែលមានអត្ថន័យបែបនេះ មានច្រើនណាស់។
ដូចដែលយើងបានជ្រាបស្រាប់ហើយថា ជាការពិតណាស់ ណាពី ﷺ មិនបួងសួងសុំពីនរណាក្រៅពីព្រះជាម្ចាស់របស់លោកឡើយ ដូចដែលមានភស្តុតាងបញ្ជាក់ថា នៅថ្ងៃសង្គ្រាមហ្ពាទើរ លោកបានបួងសួងសុំជំនួយពីអល់ឡោះ និងសុំពីទ្រង់ឲ្យទទួលបានជ័យជម្នះលើសត្រូវរបស់លោក។ លោកបានបួងសួងសុំយ៉ាងទទូចដោយលោកពោលថា៖ «បពិត្រព្រះជាម្ចាស់! សូមព្រះអង្គបំពេញឱ្យខ្ញុំនូវអ្វីដែលទ្រង់បានសន្យានឹងខ្ញុំផង»។ រហូតដល់ អាពូហ្ពាកើរ អាស្ស៊ីទ្ទីក رضي الله عنه និយាយថា៖ ល្មមគ្រប់គ្រាន់ហើយ ឱរ៉ស៊ូលុលឡោះ! ពិតប្រាកដណាស់ អល់ឡោះជាម្ចាស់ប្រាកដជានឹងបំពេញឱ្យលោកនូវអ្វីដែលទ្រង់បានសន្យានឹងលោកជាមិនខាន។ អល់ឡោះជាម្ចាស់បានបញ្ចុះនូវបន្ទូលរបស់ទ្រង់ពាក់ព័ន្ធនឹងរឿងនោះថា៖ “(ចូរពួកអ្នកនឹកឃើញ)ខណៈដែលពួកអ្នកសុំជំនួយពីព្រះជាម្ចាស់របស់ពួកអ្នក។ ពេលនោះ ទ្រង់បានឆ្លើយតបចំពោះពួកអ្នក(ដោយបន្ទូលរបស់ទ្រង់ថា៖) យើងជាអ្នកពង្រឹងដល់ពួកអ្នក ដោយទ្រង់បានបញ្ជូនម៉ាឡាអ៊ីកាត់ចំនួនមួយពាន់នាក់មកជាបន្តបន្ទាប់គ្នា”។ [គម្ពីរគួរអាន ៨:៩] អល់ឡោះជាម្ចាស់ទ្រង់បានរំលឹកពួកគេនៅក្នុងអាយ៉ាត់ទាំងនេះអំពីការសុំជំនួយរបស់ពួកគេ ហើយទ្រង់បានប្រាប់ថា ជាការពិតណាស់ ទ្រង់បានទទួលយកការបួងសួងរបស់ពួកគេ ដោយទ្រង់បានបញ្ជូនម៉ាឡាអ៊ីកាត់មកជួយពួកគេ ដើម្បីជាការផ្តល់ដំណឹងរីករាយអំពីជ័យជម្នះ និងដើម្បីឲ្យដួងចិត្តរបស់ពួកគេមានភាពនឹងនរ។ ហើយទ្រង់បានបញ្ជាក់យ៉ាងច្បាស់ថា ការទទួលបានជ័យជម្នះនោះ គឺមិនមែនមកពីម៉ាឡាអ៊ីកាត់នោះឡើយ។ តែតាមពិត ជ័យជម្នះនោះ គឺមកពីទ្រង់តែមួយគត់។ ហេតុនេះ ទ្រង់បានមានបន្ទូលថា៖ “ហើយគ្មានជ័យជម្នះនោះឡើយ លើកលែងតែមកពីអល់ឡោះ...”។ [គម្ពីរគួរអាន ៣:១២៦] ទ្រង់បានមានបន្ទូលទៀតថា៖ “ហើយពិតប្រាកដណាស់ អល់ឡោះជាម្ចាស់ទ្រង់បានជួយពួកអ្នកនៅក្នុងសមរភូមិហ្ពាទើរ ខណៈដែលពួកអ្នកមានភាពទន់ខ្សោយ។ ដូចនេះ ចូរពួកអ្នកកោតខ្លាចអល់ឡោះចុះ សង្ឃឹមថាពួកអ្នកនឹងដឹងគុណ”។ [គម្ពីរគួរអាន ៣:១២៣] ដូច្នេះ អល់ឡោះជាម្ចាស់បានបញ្ជាក់នៅក្នុងអាយ៉ាត់នេះថា ទ្រង់គឺជាអ្នកដែលជួយពួកគេឲ្យទទួលបានជ័យជម្នះនៅថ្ងៃសមរភូមិហ្ពាទើរ។ តាមរយៈនេះ គេអាចដឹងយ៉ាងច្បាស់ថា ពិតប្រាកដណាស់ អ្វីដែលទ្រង់បានផ្តល់ឱ្យពួកគេដូចជា អាវុធ និងកម្លាំង ព្រមទាំងការផ្តល់ទ័ពជំនួយតាមរយៈម៉ាឡាអ៊ីកាត់ទាំងឡាយនោះ ទាំងអស់នេះគឺស្ថិតក្នុងចំណោមកត្តាដែលអាចនាំមកនូវជ័យជម្នះ ភាពរីករាយ និងភាពនឹងនរតែប៉ុណ្ណោះ។ ប៉ុន្តែជ័យជម្នះ គឺមិនមែនមកពីប្រការទាំងនេះនោះទេ។ ផ្ទុយទៅវិញ ការទទួលបានជ័យជម្នះនោះ គឺមកពីអល់ឡោះជាម្ចាស់តែមួយគត់។ ចុះហេតុដូចម្តេចបានជាអ្នកនិពន្ធស្ត្រីរូបនេះ ឬអ្នកដទៃទៀតហ៊ានបួងសួងសុំជំនួយ និងសុំឲ្យទទួលបានជ័យជម្នះពីណាពី ﷺ ហើយបែរជាងាកចេញពីព្រះជាម្ចាស់នៃសកលលោកទាំងមូល ដែលជាម្ចាស់កម្មសិទ្ធិលើអ្វីៗទាំងអស់ និងមានអានុភាពលើអ្វីៗទាំងអស់បែបនេះទៅវិញ?!
គ្មានអ្វីដែលគួរឱ្យសង្ស័យឡើយថា នេះគឺជាភាពល្ងង់ខ្លៅដ៏អាក្រក់បំផុតមួយ និងថែមទាំងជាអំពើស្ហ៊ីរិកដ៏ធំធេងបំផុតទៀតផង។ ហេតុនេះ គឺចាំបាច់លើអ្នកនិពន្ធ(កំណាព្យខាងលើ)ត្រូវរួសរាន់សារភាពកំហុស(តាវហ្ពាត់)ទៅកាន់អល់ឡោះជាម្ចាស់ឲ្យបានត្រឹមត្រូវ ហើយការសារភាពកំហុសដែលត្រឹមត្រូវ គឺត្រូវមាននូវប្រការមួយចំនួនដូចជា៖ ទីមួយ៖ សោកស្តាយចំពោះអ្វីដែលខ្លួនបានប្រព្រឹត្ត ទីពីរ៖ បញ្ឈប់នូវអ្វីដែលខ្លួនបានជ្រុលជ្រួសប្រព្រឹត្ត។ ទីបី. ប្តេជ្ញាចិត្តថា នឹងមិនវិលត្រឡប់ទៅប្រព្រឹត្តអំពើបាបនោះម្តងទៀតឡើយ ដើម្បីជាការលើកតម្កើងដល់អល់ឡោះជាម្ចាស់ បង្ហាញពីភាពស្មោះសចំពោះទ្រង់ និងអនុវត្តតាមបទបញ្ជារបស់ទ្រង់ ព្រមទាំងប្រុងប្រយ័ត្នចំពោះអ្វីដែលទ្រង់បានហាមឃាត់។ នេះហើយជាការសារភាពកំហុសដ៏ពិតប្រាកដ។ នៅមានចំណុចទីបួនមួយទៀត ដែលជាករណីពិសេសពាក់ព័ន្ធនឹងការរំលោភបំពាន ឬការធ្វើឱ្យប៉ះពាល់ដល់សិទ្ធិរបស់សត្វលោក(មនុស្សជាតិ)ដូចគ្នា ដែលចំណុចនោះគឺ ទីបួន៖ ត្រូវប្រគល់សិទ្ធិ(ឬទ្រព្យសម្បត្តិ)ត្រឡប់ទៅម្ចាស់ដើមវិញ ឬសុំការអភ័យទោស(ដើម្បីឱ្យម្ចាស់សិទ្ធិលើកលែងទោសឱ្យ)។
អល់ឡោះជាម្ចាស់ទ្រង់បានបង្គាប់ប្រើដល់ខ្ញុំបម្រើទាំងឡាយរបស់ទ្រង់ឲ្យធ្វើការសារភាពកំហុស ហើយទ្រង់បានសន្យានឹងពួកគេថានឹងទទួលយកការសារភាពកំហុសនោះ ដូចដែលទ្រង់បានមានបន្ទូលថា៖ “ហើយចូរពួកអ្នកសារភាពកំហុសចំពោះអល់ឡោះទាំងអស់គ្នាចុះ ឱបណ្តាអ្នកដែលមានជំនឿទាំងឡាយ សង្ឃឹមថាពួកអ្នកនឹងទទួលបានជោគជ័យ”។ [គម្ពីរគួរអាន ២៤:៣១] ទ្រង់បានមានបន្ទូលអំពីពួកគ្រឹស្ទានថា៖ “តើពួកគេមិនព្រមសារភាពកំហុសចំពោះអល់ឡោះ និងសុំការអភ័យទោសពីទ្រង់ទៀតឬ? ហើយអល់ឡោះមហាអភ័យទោស មហាអាណិតស្រលាញ់”។ [គម្ពីរគួរអាន ៥:៧៤] ទ្រង់បានមានបន្ទូលទៀតថា៖ “និងបណ្តាអ្នកដែលមិនបួងសួងសុំពីអ្នកផ្សេងរួមជាមួយនឹងអល់ឡោះ ហើយពួកគេមិនសម្លាប់ជីវិតដែលអល់ឡោះទ្រង់ដាក់បម្រាមឡើយ លើកលែងតែដោយមូលហេតុត្រឹមត្រូវ ហើយពួកគេក៏មិនប្រព្រឹត្តអំពើហ្ស៊ីណានោះដែរ។ ក៏ប៉ុន្តែជនណាហើយដែលប្រព្រឹត្តនូវអំពើទាំងនោះ ពួកគេនឹងទទួលនូវបាបកម្ម។ រូបគេនឹងត្រូវគេបន្ថែមទណ្ឌកម្មទ្វេដងនៅថ្ងៃបរលោក។ ហើយគេនឹងស្ថិតក្នុងទណ្ឌកម្មដ៏អាម៉ាស់នេះជាអមតៈ។ លើកលែងតែជនណាដែលបានសារភាពកំហុស និងមានជំនឿ ហើយបានសាងទង្វើកុសលវិញប៉ុណ្ណោះ។ អ្នកទាំងនោះ គឺអល់ឡោះជាម្ចាស់នឹងផ្លាស់ប្តូរអំពើអាក្រក់របស់ពួកគេទៅជាអំពើល្អវិញ។ ហើយអល់ឡោះជាម្ចាស់មហាអភ័យទោស មហាអាណិតស្រលាញ់បំផុត”។ [គម្ពីរគួរអាន ២៥:៦៨-៧០] ទ្រង់បានមានបន្ទូលផងដែរថា៖ “ហើយទ្រង់ជាអ្នកទទួលយកនូវការសារភាពកំហុសពីខ្ញុំបម្រើទាំងឡាយរបស់ទ្រង់ និងអធ្យាស្រ័យ(លើកលែងទោស)ចំពោះអំពើអាក្រក់ទាំងឡាយ(របស់ពួកគេ)។ ហើយទ្រង់ដឹងបំផុតនូវអ្វីដែលពួកអ្នកប្រព្រឹត្ត”។ [គម្ពីរគួរអាន ៤២:២៥]
មានសេចក្តីរាយការណ៍ត្រឹមត្រូវមួយពីរ៉ស៊ូលុលឡោះ ﷺ ថា លោកបានមានប្រសាសន៍ថា៖ «ការចូលសាសនាអ៊ីស្លាម គឺលុបបំបាត់នូវបាបកម្មដែលមានពីមុនមក ហើយការសារភាពកំហុស គឺលុបលាងនូវបាបកម្មដែលមានពីមុនមក»។
ពិតណាស់ ពាក្យពេចន៍ដ៏សង្ខេបទាំងនេះត្រូវបានរៀបរៀងឡើងដោយសារតែភាពធ្ងន់ធ្ងរនៃគ្រោះថ្នាក់នៃអំពើស្ហ៊ីរិក និងដោយសារវាជាបាបកម្មដែលធំធេងជាងគេបំផុត ហើយនិងដោយសារក្ដីព្រួយបារម្ភពីការភាន់ច្រឡំ ឬចាញ់បោកចំពោះអ្វីដែលបានផ្សព្វផ្សាយដោយអ្នកនិពន្ធរូបនេះ ព្រមទាំងដើម្បីបំពេញកាតព្វកិច្ចក្នុងការដាស់តឿនទូន្មានសម្រាប់អល់ឡោះជាម្ចាស់ និងសម្រាប់ខ្ញុំបម្រើទាំងឡាយររបស់ទ្រង់។ យើងខ្ញុំសូមបួងសួងដល់អល់ឡោះជាម្ចាស់ សូមទ្រង់មេត្តាផ្តល់នូវផលប្រយោជន៍តាមរយៈកិច្ចការនេះ ហើយសូមទ្រង់កែប្រែស្ថានភាពរបស់ពួកយើង និងស្ថានភាពរបស់បងប្អូនមូស្លីមទាំងអស់គ្នាឱ្យបានល្អប្រសើរ។ សូមទ្រង់មេត្តាប្រទានដល់យើងទាំងអស់គ្នានូវការយល់ដឹងអំពីសាសនា និងជំហររឹងមាំលើសាសនានេះ ព្រមទាំងសូមទ្រង់មេត្តាការពារពួកយើង និងបងប្អូនមូស្លីមទាំងឡាយពីគ្រោះថ្នាក់នៃតណ្ហារបស់ខ្លួនឯង និងពីផលអាក្រក់នៃទង្វើខុសឆ្គងរបស់ពួកយើងផង។ ពិតប្រាកដណាស់ ទ្រង់គឺជាអ្នកចាត់ចែងលើកិច្ចការនេះ ហើយទ្រង់មានសមត្ថភាពលើវា។
សូមពរជ័យ សិរីសួស្តី និងសន្តិភាពពីអល់ឡោះជាម្ចាស់កើតមានដល់ខ្ញុំបម្រើ និងជាអ្នកនាំសាររបស់ទ្រង់ ណាពីយើងមូហាំម៉ាត់ ព្រមទាំងក្រុមគ្រួសារ និងបណ្តាសហាហ្ពាត់របស់លោក។
សារទីបី
ច្បាប់បញ្ញត្តិទាក់ទងនឹងការសុំជំនួយពីពួកជិន និងស្ហៃតន ព្រមទាំងការសច្ចាបន់ចំពោះពួកវា
ពី អាប់ទុលអាហ្ស៊ីស ពិន អាប់ទុលឡោះ ពិន ហ្ពាហ្ស ទៅកាន់ជនមូស្លីមគ្រប់រូបដែលបានឃើញសារនេះ។ សូមអល់ឡោះជាម្ចាស់មេត្តាចង្អុលបង្ហាញដល់រូបខ្ញុំ និងជនមូស្លីមទាំងឡាយឲ្យប្រកាន់ខ្ជាប់នូវសាសនារបស់ទ្រង់ និងស្ថិតស្ថេរលើសាសនានេះជានិរន្តន៍។ អាមីន...
السلام عليكم ورحمة الله وبركاته
ជាបន្តមកទៀត៖ មានបងប្អូនមួយចំនួនបានសួរខ្ញុំអំពីទង្វើដែលមនុស្សល្ងង់ខ្លៅមួយចំនួនបានប្រព្រឹត្ត ដោយការបួងសួងសុំពីអ្នកផ្សេងក្រៅពីអល់ឡោះ និងការសុំជំនួយពីអ្នកទាំងនោះនៅក្នុងកិច្ចការសំខាន់ៗដូចជា បួងសួងសុំពីពួកជិន និងសុំជំនួយសង្គ្រោះពីពួកវា ការសច្ចាបង់(ណាហ្សើរ)ចំពោះពួកវា ហើយនិងការសំឡេះសត្វថ្វាយដល់ពួកវា។ ក្នុងចំណោមនោះផងដែរ មានអ្នកខ្លះពោលថា៖ “នែអ្នកទាំងប្រាំពីរ (ពោលគឺគេចង់សំដៅលើពួកមេជិនទាំងប្រាំពីររូប)! ចូរពួកឯងចាប់ជននេះ កាច់បំបាក់ឆ្អឹងរបស់វា ផឹកឈាមរបស់វា និងធ្វើទារុណកម្មចំពោះវាទៅ។ នែអ្នកទាំងប្រាំពីរ! ចូរធ្វើដាក់គេយ៉ាងនេះយ៉ាងនោះទៅ។ ឬមានអ្នកខ្លះទៀតពោលថា៖ “ចូរពួកឯងយកវាទៅ នែជិនពេលថ្ងៃត្រង់ នែជិនពេលរសៀល”។ ប្រការនេះមានកើតឡើងយ៉ាងច្រើននៅតំបន់ភាគខាងត្បូងមួយចំនួន។ ហើយប្រការដែលត្រូវបានចាត់បញ្ចូលក្នុងបញ្ហានេះផងដែរនោះគឺ ការបួងសួងសុំពីអ្នកស្លាប់ក្នុងចំណោមបណ្តាណាពី កុសលបុគ្គល ក៏ដូចជាអ្នកផ្សេងទៀតក្រៅពីពួកគេ និងការបួងសួងសុំពីម៉ាឡាអ៊ីកាត់(ទេវតា) ព្រមទាំងសុំការជួយពីពួកគេ។ ជាការពិតណាស់ ប្រការទាំងអស់នេះ ក៏ដូចជាប្រការដែលស្រដៀងគ្នានេះ គឺកំពុងតែកើតមានឡើងយ៉ាងពិតប្រាកដចេញពីសំណាក់មនុស្សជាច្រើនដែលប្រកាសខ្លួនថាជាមូស្លីម។ នេះគឺដោយសារតែភាពល្ងង់ខ្លៅអំពីប្រការនោះ និងការធ្វើតាមទាំងងងឹតងងុលទៅតាមអ្នកជំនាន់មុនរបស់ពួកគេ។ ជួនកាល អ្នកខ្លះក្នុងចំណោមពួកគេថែមទាំងបានចាត់ទុករឿងទាំងនេះថាជារឿងសាមញ្ញ ដោយយកលេសថា នេះគ្រាន់តែជាទម្លាប់ដែលគេនិយាយស៊ាំនឹងមាត់ប៉ុណ្ណោះ ដោយយើងមិនមានបំណងអ្វី ហើយក៏មិនមានជំនឿលើវាអ្វីនោះដែរ។
គេក៏បានសួរខ្ញុំផងដែរទាក់ទងនឹងច្បាប់នៃការរៀបអាពាហ៍ពិពាហ៍ជាមួយជនដែលត្រូវបានគេស្គាល់ថាប្រព្រឹត្តអំពើទាំងនេះ ការទទួលទានសត្វដែលពួកគេបានសំឡេះ ការសឡាតឲ្យសពរបស់ពួកគេ ការសឡាតពីក្រោយអ្នកទាំងនោះ ព្រមទាំងច្បាប់នៃការជឿលើគ្រូមន្តអាគម និងគ្រូទាយ ដូចជាអ្នកដែលអះអាងថា ខ្លួនដឹងពីជំងឺ និងមូលហេតុនៃជំងឺនោះ ដោយគ្រាន់តែពិនិត្យមើលលើវត្ថុប្រើប្រាស់ដែលប៉ះពាល់នឹងរាងកាយអ្នកជំងឺ ដូចជា ឈ្នួតក្បាល(សាល់) ខោ កន្សែងទទូរក្បាល(ហ៊ីហ្ជាប) និងរបស់ផ្សេងៗទៀតដែលស្រដៀងគ្នានេះ។
ចម្លើយ៖ ការសរសើរទាំងឡាយ គឺសម្រាប់អល់ឡោះជាម្ចាស់តែមួយគត់។ សូមសន្តិភាព និងពរជ័យកើតមានដល់អ្នកដែលគ្មានណាពីណាបន្ទាប់ពីលោកទៀត ព្រមទាំងក្រុមគ្រួសារ បណ្ដាសហាហ្ពាត់ ហើយនិងអ្នកដែលបានដើរតាមការចង្អុលបង្ហាញរបស់ពួកគាត់ រហូតដល់ថ្ងៃបរលោក។
ជាបន្តមកទៀត៖ ជាការពិតណាស់ អល់ឡោះជាម្ចាស់ដ៏មហាឧត្តុង្គឧត្តមទ្រង់បានបង្កើតជិននិងមនុស្សលោកមកដើម្បីឲ្យគោរពសក្ការៈចំពោះទ្រង់តែមួយគត់ ដោយមិនគោរពសក្ការៈទៅចំពោះអ្វីផ្សេងក្រៅពីទ្រង់ឡើយ ព្រមទាំងដើម្បីឲ្យពួកគេថ្វាយនូវការបួងសួង សុំជំនួយ សំឡេះសត្វ សច្ចាបន់ និងរាល់ការគោរពសក្ការៈផ្សេងទៀតទាំងអស់ទៅចំពោះទ្រង់តែមួយគត់។ ពិតប្រាកដណាស់ ទ្រង់បានបញ្ជូនអ្នកនាំសារជាច្រើនក្នុងបុព្វហេតុនេះ និងបានបង្គាប់ប្រើពួកគេឲ្យអនុវត្តវា។ ទ្រង់បានបញ្ចុះនូវគម្ពីរជាច្រើនពីលើមេឃ ហើយដែលគម្ពីរដ៏ឧត្តុង្គឧត្តមជាងគេបំផុត គឺគម្ពីរគួរអាន ដើម្បីបញ្ជាក់ពីបញ្ហានេះ និងអំពាវនាវទៅកាន់វា ហើយនិងព្រមានមនុស្សលោកអំពីការធ្វើស្ហ៊ីរិក(ពហុទេវនិយម)ចំពោះអល់ឡោះ និងគោរពសក្ការៈចំពោះអ្វីផ្សេងក្រៅពីទ្រង់។ នេះគឺជាមូលដ្ឋានគ្រឹះនៃគោលការណ៍ទាំងឡាយ និងជាមូលដ្ឋានគ្រឹះនៃសាសនា ហើយវាគឺជាអត្ថន័យពិតប្រាកដនៃការធ្វើសាក្សីថា៖ “لا إله إلا الله” (គ្មានទេព្រះជាម្ចាស់ដែលត្រូវគេគោរពសក្ការៈដ៏ពិតប្រាកដ លើកលែងតែអល់ឡោះ) ពោលគឺបដិសេធនូវភាពជាព្រះជាម្ចាស់ និងការគោរពសក្ការៈចំពោះអ្វីផ្សេងក្រៅពីអល់ឡោះ ហើយទទួលស្គាល់ការគោរពសក្ការៈនោះចំពោះអល់ឡោះជាម្ចាស់តែមួយអង្គគត់ ដោយគ្មានដៃគូរួមជាមួយទ្រង់ឡើយ។ ភស្តុតាងដែលបញ្ជាក់បែបនេះពីគម្ពីររបស់អល់ឡោះ និងស៊ុណ្ណះអ្នកនាំសាររបស់ទ្រង់ ﷺ គឺមានច្រើនលើសលប់ ក្នុងចំណោមនោះ គឺបន្ទូលរបស់អល់ឡោះជាម្ចាស់ដែលទ្រង់បានមានបន្ទូលថា៖ “ហើយយើងមិនបានបង្កើតជិននិងមនុស្សលោកនោះឡើយ លើកលែងដើម្បីឱ្យពួកគេគោរពសក្ការៈ(មកចំពោះយើងតែមួយគត់)ប៉ុណ្ណោះ”។ [គម្ពីរគួរអាន ៥១:៥៦] ទ្រង់បានមានបន្ទូលទៀតថា៖ “ហើយព្រះជាម្ចាស់របស់អ្នកបានដាក់បទបញ្ជាមិនឲ្យពួកអ្នកគោរពសក្ការៈឡើយ លើកលែងតែចំពោះទ្រង់(តែមួយគត់)...”។ [គម្ពីរគួរអាន ១៧:២៣] ទ្រង់បានមានបន្ទូលទៀតថា៖ “ហើយគេមិនបានប្រើពួកគេនោះឡើយ ក្រៅតែពីឲ្យពួកគេគោរពសក្ការៈចំពោះអល់ឡោះដោយស្មោះសចំពោះសាសនា(របស់ទ្រង់) និងចៀសវាងពីប្រការស្ហ៊ីរិក...”។ [គម្ពីរគួរអាន ៩៨:៥] ទ្រង់បានមានបន្ទូលទៀតថា៖ “ហើយព្រះជាម្ចាស់របស់ពួកអ្នកបានមានបន្ទូលថា៖ ចូរពួកអ្នកបួងសួងមកកាន់យើងចុះ នោះយើងនឹងឆ្លើយតបចំពោះពួកអ្នក។ ពិតប្រាកដណាស់ ពួកដែលក្រអឺតក្រទមមិនព្រមគោរពសក្ការៈមកចំពោះយើង ពួកគេនឹងត្រូវចូលក្នុងនរកជើហាន់ណាំដោយភាពទាបថោកបំផុត។” [គម្ពីរគួរអាន ៤០:៦០] ទ្រង់បានមានបន្ទូលផងដែរថា៖ “ហើយនៅពេលដែលខ្ញុំបម្រើទាំងឡាយរបស់យើងបានសួរអ្នក(ឱណាពីមូហាំម៉ាត់)អំពីយើង ពិតប្រាកដណាស់ យើងស្ថិតនៅជិតបង្កើយ(នឹងពួកគេ)។ យើងឆ្លើយតបចំពោះអ្នកដែលធ្វើការបួងសួងនៅពេលណាដែលគេបួងសួងមកកាន់យើង...”។ [គម្ពីរគួរអាន ២:១៨៦]
ដូច្នេះ អល់ឡោះជាម្ចាស់ទ្រង់បានបញ្ជាក់នៅក្នុងបណ្តាអាយ៉ាត់ទាំងនេះថា ទ្រង់បានបង្កើតជិននិងមនុស្សលោកដើម្បីឲ្យគោរពសក្ការៈចំពោះទ្រង់ ហើយថា ទ្រង់បានដាក់បទបញ្ជា និងបានផ្តាំផ្ញើដល់ខ្ញុំបម្រើទាំងឡាយរបស់ទ្រង់នៅក្នុងគម្ពីរគួរអានដ៏ច្បាស់លាស់ និងតាមរយៈប្រសាសន៍របស់អ្នកនាំសាររបស់ទ្រង់ ﷺ ថា ពួកគេមិនត្រូវគោរពសក្ការៈចំពោះអ្នកផ្សេងក្រៅពីព្រះជាម្ចាស់របស់ពួកគេ(អល់ឡោះ)នោះឡើយ។
ហើយអល់ឡោះជាម្ចាស់ទ្រង់បានបញ្ជាក់យ៉ាងច្បាស់ថា ជាការពិតណាស់ ការបួងសួង គឺជាការគោរពសក្ការៈដ៏ធំធេងបំផុតមួយ។ ជនណាដែលក្រអឺតក្រទមចំពោះការគោរពសក្ការៈនេះ ជននោះនឹងចូលឋាននរក។ ហើយទ្រង់បានបញ្ជាឱ្យខ្ញុំបម្រើរបស់ទ្រង់ធ្វើការបួងសួងទៅចំពោះទ្រង់តែមួយគត់ និងបានប្រាប់ថា ទ្រង់ជាព្រះជាម្ចាស់ដែលនៅជិតបំផុតដែលនឹងទទួលយកការបួងសួងសុំរបស់ពួកគេ។ ដូចនេះ ចាំបាច់លើខ្ញុំបម្រើរបស់ទ្រង់ទាំងអស់ត្រូវធ្វើការបួងសួងសុំទៅចំពោះតែព្រះជាម្ចាស់របស់ខ្លួនប៉ុណ្ណោះ ពីព្រោះការបួងសួងនេះ គឺជាប្រភេទមួយនៃការគោរពសក្ការៈដែលពួកគេត្រូវបានបង្កើតមកដើម្បីវា និងត្រូវបានបញ្ជាឱ្យប្រតិបត្តិវា។ ទ្រង់បានមានបន្ទូលថា៖ “ចូរអ្នក(ឱអ្នកនាំសារមូហាំម៉ាត់)ពោលចុះថា៖ ជាការពិតណាស់ ការសឡាតរបស់ខ្ញុំ ការសំឡេះសត្វរបស់ខ្ញុំ ការរស់នៅរបស់ខ្ញុំ និងការស្លាប់របស់ខ្ញុំ គឺសម្រាប់អល់ឡោះជាព្រះជាម្ចាស់នៃពិភពទាំងអស់ គ្មានដៃគូរួមជាមួយនឹងទ្រង់ឡើយ។ ប្រការទាំងនេះហើយគេ(អល់ឡោះ)ដាក់បទបញ្ជាលើខ្ញុំ។ ហើយខ្ញុំគឺជាអ្នកដែលប្រគល់ខ្លួន(ជាជនមូស្លីម)ដំបូងគេបង្អស់”។ [គម្ពីរគួរអាន ៦:១៦២-១៦៣]
ជាការពិតណាស់ អល់ឡោះជាម្ចាស់ទ្រង់បានបង្គាប់ប្រើដល់ណាពីរបស់ទ្រង់ ﷺ ឲ្យបញ្ជាក់ប្រាប់ដល់មនុស្សលោកថា ពិតប្រាកដណាស់ ការសឡាតរបស់លោក និងការសំឡេះសត្វរបស់លោក ព្រមទាំងការរស់នៅរបស់លោក និងការស្លាប់របស់លោក គឺសម្រាប់អល់ឡោះជាម្ចាស់ដែលគ្រប់គ្រងពិភពលោកទាំងឡាយដោយទ្រង់គ្មានដៃគូសម្រាប់ទ្រង់ឡើយ។ អាស្រ័យហេតុនេះ ជនណាដែលសំឡេះសត្វបូជាចំពោះអ្នកផ្សេងក្រៅពីអល់ឡោះ គឺគេពិតជាបានធ្វើស្ហ៊ីរិកចំពោះអល់ឡោះ។ ក៏ដូចគ្នាដែរ ប្រសិនបើគេសឡាតទៅចំពោះអ្នកផ្សេងក្រៅពីអល់ឡោះ ពីព្រោះអល់ឡោះជាម្ចាស់ទ្រង់បានដាក់សឡាត និងការសំឡេះសត្វនៅទន្ទឹមគ្នា ហើយទ្រង់បានបញ្ជាក់ថា ប្រការទាំងពីរនេះ គឺសម្រាប់អល់ឡោះជាម្ចាស់តែមួយគត់ ពុំមានដៃគូសម្រាប់ទ្រង់ឡើយ។ ដូចនេះ ជនណាដែលសំឡេះសត្វបូជាចំពោះអ្នកផ្សេងក្រៅពីអល់ឡោះជាម្ចាស់ដូចជា ជិន ម៉ាឡាអ៊ីកាត់ អ្នកស្លាប់ និងអ្នកដទៃទៀតក្នុងបំណងបញ្ជិតខ្លួនទៅកាន់ពួកគេតាមរយៈទង្វើនោះ បុគ្គលនោះគឺប្រៀបដូចជាជនដែលសឡាតចំពោះអ្នកផ្សេងក្រៅពីអល់ឡោះជាម្ចាស់ដែរ។ នៅក្នុងហាទីស្ហត្រឹមត្រូវមួយ ណាពី ﷺ លោកបានមានប្រសាសន៍ថា៖ “អល់ឡោះជាម្ចាស់ទ្រង់ដាក់បណ្ដាសាចំពោះជនដែលសំឡេះសត្វបូជាចំពោះអ្វីផ្សេងក្រៅពីអល់ឡោះ”។ អ៊ីម៉ាំអះម៉ាត់ បានធ្វើសេចក្តីរាយការណ៍អំពី តរីក ពិន ស្ហ៊ីហាប رضي الله عنه ដោយមានបណ្តាញអ្នករាយការណ៍ល្អ(សាណាត់ហាសាន់) អំពីណាពី ﷺ ពិតណាស់ លោកបានមានប្រសាសន៍ថា៖ “មានបុរសពីរនាក់បានដើរកាត់មនុស្សមួយក្រុមដែលមានរូបសំណាកមួយដែលគ្មាននរណាម្នាក់អាចដើរកាត់រូបសំណាកនោះបានឡើយ លុះត្រាតែគេថ្វាយអ្វីមួយដល់វាសិន។ ពេលនោះ ពួកគេបាននិយាយទៅកាន់បុរសម្នាក់ក្នុងចំណោមពួកគេទាំងពីរថា៖ ចូរអ្នកថ្វាយ(តង្វាយ)មក។ បុរសនោះបានឆ្លើយថា៖ ខ្ញុំគ្មានអ្វីសម្រាប់ថ្វាយវានោះទេ។ ពួកគេនិយាយថា៖ ចូរអ្នកថ្វាយ(តង្វាយ)ដល់វាមក ទោះជាត្រឹមសត្វរុយមួយក្បាលក៏ដោយ។ ដូចនេះ បុរសនោះក៏បានថ្វាយសត្វរុយមួយក្បាល(ចំពោះរូបសំណាកនោះ)។ ពួកគេក៏បានបើកផ្លូវឱ្យបុរសនោះ។ ក្រោយមក បុរសនោះក៏បានចូលឋាននរក។ ហើយពួកគេបាននិយាយទៅកាន់បុរសម្នាក់ទៀតថា៖ ចូរអ្នកថ្វាយ(តង្វាយ)មក។ បុរសនោះឆ្លើយថា៖ ខ្ញុំមិនថ្វាយ(តង្វាយ)អ្វីមួយដល់អ្នកផ្សេងក្រៅពីអល់ឡោះជាម្ចាស់ឡើយ។ ពេលនោះ ពួកគេក៏បានវាយកញ្ចឹងក(សម្លាប់)បុរសនោះ ហើយបុរសនោះក៏បានចូលឋានសួគ៌”។
ដូច្នេះ ប្រសិនបើបុគ្គលដែលថ្វាយ(តង្វាយ)ចំពោះរូបសំណាក និងអ្វីដែលស្រដៀងនឹងវាដោយសត្វរុយមួយក្បាល ឬអ្វីដែលស្រដៀងនឹងវា ក្លាយជាជនដែលធ្វើស្ហ៊ីរិក(ពហុទេវនិយម)ដែលសក្ដិសមនឹងចូលឋាននរកទៅហើយនោះ ចុះទម្រាំបុគ្គលដែលបួងសួងសុំពីពួកជិន ម៉ាឡាអ៊ីកាត់ និងកុសលបុគ្គលទាំងឡាយ ហើយចុះទម្រាំបុគ្គលដែលសុំជំនួយពីពួកវា សច្ចាបន់ចំពោះពួកវា និងថ្វាយសំណែនសត្វនានាទៅកាន់ពួកវា ដោយសង្ឃឹមថាតាមរយៈទង្វើនេះ វាអាចការពារទ្រព្យសម្បត្តិរបស់គេ ឬព្យាបាលអ្នកជំងឺរបស់គេឱ្យជាសះស្បើយ ឬផ្តល់សុវត្ថិភាពដល់សត្វពាហនៈ និងដំណាំរបស់គេទៀតនោះ? ហើយចុះទម្រាំតែអ្នកដែលប្រព្រឹត្តទង្វើនោះដោយសារតែការភ័យខ្លាចគ្រោះថ្នាក់ពីពួកជិន ឬអ្វីផ្សេងទៀតនោះ?! គ្មានអ្វីគួរឱ្យសង្ស័យឡើយថា ជនដែលប្រព្រឹត្តទង្វើនេះ ក៏ដូចជាទង្វើដែលស្រដៀងគ្នានេះ គឺរឹតតែសក្ដិសមបំផុតក្នុងការក្លាយជាជនដែលធ្វើស្ហ៊ីរិក(ពហុទេវនិយមចំពោះអល់ឡោះ) និងសក្ដិសមនឹងចូលឋាននរក ជាងបុរសដែលបានថ្វាយសត្វរុយមួយក្បាលចំពោះរូបបដិមានោះទៅទៀត។
ក្នុងចំណោមភស្តុតាងដែលទាក់ទងនឹងបញ្ហានេះផងដែរ គឺបន្ទូលរបស់អល់ឡោះជាម្ចាស់ដែលទ្រង់បានមានបន្ទូលថា៖ “ពិតប្រាកដណាស់ យើងបានបញ្ចុះទៅកាន់អ្នក(ឱអ្នកនាំសារមូហាំម៉ាត់)នូវគម្ពីរ(គួរអាន)យ៉ាងពិតប្រាកដ។ ហេតុនេះ ចូរអ្នកគោរពសក្ការៈចំពោះអល់ឡោះប្រកបដោយភាពស្មោះសចំពោះទ្រង់ក្នុងសាសនា។ តើពុំមែនទេឬ សាសនាដែលបរិសុទ្ធ(សាសនាអ៊ីស្លាម) គឺជាកម្មសិទ្ធិរបស់អល់ឡោះនោះ? ហើយពួកដែលយកអ្នកផ្សេងក្រៅពីអល់ឡោះធ្វើជាអ្នកគាំពារ(ពួកគេនិយាយថា៖) ពួកយើងមិនបានគោរពសក្ការៈចំពោះពួកវានោះឡើយ លើកលែងតែដើម្បីឱ្យពួកវាបញ្ជិតខ្លួនពួកយើងឱ្យមានឋានៈនៅជិតអល់ឡោះប៉ុណ្ណោះ។ ពិតប្រាកដណាស់ អល់ឡោះជាម្ចាស់នឹងកាត់សេចក្តីរវាងពួកគេចំពោះអ្វីដែលពួកគេមានការខ្វែងគំនិតគ្នា។ ពិតប្រាកដណាស់ អល់ឡោះទ្រង់មិនចង្អុលបង្ហាញចំពោះជនដែលកុហកបោកប្រាស់ និងប្រឆាំងឡើយ”។ [គម្ពីរគួរអាន ៣៩:១-៣] ទ្រង់បានមានបន្ទូលទៀតថា៖ “ហើយពួកគេបានគោរពសក្ការៈចំពោះអ្នកផ្សេងក្រៅពីអល់ឡោះដែលពួកវាមិនអាចបង្កគ្រោះថ្នាក់ និងមិនអាចផ្ដល់ផលប្រយោជន៍ដល់ពួកគេផងនោះ។ ហើយពួកគេនិយាយថា៖ ពួកវាទាំងនោះ គឺជាអ្នកជួយអន្តរាគមន៍ដល់ពួកយើងនៅចំពោះមុខអល់ឡោះ។ ចូរអ្នក(ឱអ្នកនាំសារមូហាំម៉ាត់)ពោលថា៖ តើពួកអ្នកកំពុងតែបា្រប់អល់ឡោះជាម្ចាស់នូវអ្វីដែលទ្រង់មិនដឹងសោះទាំងនៅលើមេឃជាច្រើនជាន់និងនៅលើផែនដីនោះឬ? ទ្រង់មហាបរិសុទ្ធ និងខ្ពង់ខ្ពស់បំផុតពីអ្វីដែលពួកគេកំពុងតែធ្វើស្ហ៊ីរិក”។ [គម្ពីរគួរអាន ១០:១៨]
ជាការពិតណាស់ អល់ឡោះជាម្ចាស់ទ្រង់បានប្រាប់នៅក្នុងអាយ៉ាត់ទាំងពីរខាងលើនេះថា ពួកពហុទេវនិយមបានយកភាវៈ(ម៉ាខ្លូក)ទាំងឡាយធ្វើជាអ្នកគាំពារក្រៅពីទ្រង់ ដោយពួកគេគោរពសក្ការៈចំពោះពួកវារួមជាមួយនឹងទ្រង់តាមរយៈការកោតខ្លាច ការសង្ឃឹម ការសំឡេះសត្វ ការសច្ចាបន់ និងការបួងសួងជាដើម ដោយពួកគេអះអាងថា ពិតប្រាកដណាស់ អ្នកគាំពារទាំងនោះអាចនាំអ្នកដែលគោរពសក្ការៈចំពោះពួកវាឲ្យខិតទៅជិតអល់ឡោះជាម្ចាស់ និងអាចជួយអន្តរាគមន៍ដល់ពួកគេនៅចំពោះទ្រង់បាន។ បន្ទាប់មក អល់ឡោះជាម្ចាស់បានចាត់ទុកសម្តីរបស់ពួកគេជាការភូតកុហក និងបានបញ្ជាក់យ៉ាងច្បាស់នូវភាពខុសឆ្គងរបស់ពួកគេ។ ទ្រង់បានហៅពួកគេថាជាពួកភូតភរ កុហកបោកប្រាស់ ជាពួកប្រឆាំង និងជាពួកពហុទេវនិយម ហើយទ្រង់បានបញ្ជាក់ពីភាពស្អាតស្អំរបស់ទ្រង់ខ្ពង់ខ្ពស់ចាកផុតពីការធ្វើស្ហ៊ីរិករបស់ពួកគេ ដោយទ្រង់បានមានបន្ទូលថា៖ “ទ្រង់មហាស្អាតស្អំ មហាខ្ពង់ខ្ពស់បំផុតពីអ្វីដែលពួកគេបានធ្វើស្ហ៊ីរិក”។ [គម្ពីរគួរអាន ១៦:១] ដូច្នេះតាមរយៈនេះ គេអាចដឹងបានថា ជនណាដែលយកម៉ាឡាអ៊ីកាត់ ឬណាពី ឬជិន ឬដើមឈើ ឬដុំថ្មមកគោរពសក្ការៈរួមជាមួយអល់ឡោះជាម្ចាស់ដោយការបួងសួង ឬសុំជំនួយពីអ្នកទាំងនោះ និងបញ្ជិតខ្លួនទៅកាន់អ្នកទាំងនោះតាមរយៈការសច្ចាបន់ និងការសំឡេះសត្វដោយសង្ឃឹមទទួលបានការអន្តរាគមន៍ពីគេនៅចំពោះអល់ឡោះ ឬសង្ឃឹមឱ្យពួកគេជួយនាំខ្លួនឱ្យខិតជិតទ្រង់ ឬក៏សង្ឃឹមចង់បានការជាសះស្បើយពីជំងឺ ថែរក្សាការពារទ្រព្យសម្បត្តិ សុវត្ថិភាពនៃអ្នកដែលនៅឆ្ងាយ ឬបញ្ហាស្រដៀងគ្នានេះ ពិតប្រាកដណាស់ ជននោះពិតជាបានធ្លាក់ចូលទៅក្នុងទង្វើស្ហ៊ីរិកដ៏ធំ និងគ្រោះមហន្តរាយដ៏ធ្ងន់ធ្ងរបំផុតដែលអល់ឡោះជាម្ចាស់ទ្រង់បានមានបន្ទូលអំពីវាថា៖ “ពិតប្រាកដណាស់ អល់ឡោះជាម្ចាស់ទ្រង់មិនអភ័យទោសឱ្យអ្នកដែលធ្វើស្ហ៊ីរិកចំពោះទ្រង់ឡើយ តែទ្រង់នឹងអភ័យទោសឱ្យចំពោះបាបកម្មផ្សេងពីនេះ ចំពោះជនណាដែលទ្រង់មានចេតនា។ ហើយជនណាដែលធ្វើស្ហ៊ីរិកនឹងអល់ឡោះជាម្ចាស់នោះ ពិតប្រាកដណាស់ រូបគេពិតជាបានប្រព្រឹត្តបាបកម្មមួយដ៏ធ្ងន់ធ្ងរបំផុត”។ [គម្ពីរគួរអាន ៤:៤៨] ទ្រង់បានមានបន្ទូលទៀតថា៖ “ជាការពិត ជនណាហើយដែលបានធ្វើស្ហ៊ីរិក(ពហុទេវនិយម)នឹងអល់ឡោះនោះ អល់ឡោះជាម្ចាស់ពិតជាបានដាក់បម្រាមលើរូបគេមិនឱ្យចូលឋានសួគ៌ ហើយកន្លែងស្នាក់អាស្រ័យរបស់គេ គឺនរកជើហាន់ណាំ។ ហើយសម្រាប់ពួកដែលបំពាន គឺគ្មានអ្នកជួយឡើយ”។ [គម្ពីរគួរអាន ៥:៧២]
ការជួយអន្តរាគមន៍(ស្ហាហា្វអាត់)នៅថ្ងៃបរលោក តាមពិតគឺទទួលបានសម្រាប់តែអ្នកដែលមានតាវហេទ(ជំនឿឯកទេវនិយម) និងមានភាពស្មោះស(ចំពោះអល់ឡោះ)ប៉ុណ្ណោះ ពុំមែនសម្រាប់អ្នកដែលធ្វើស្ហ៊ីរិកឡើយ ដូចដែលណាពី ﷺ លោកបានមានប្រសាសន៍ នៅពេលដែលមានគេសួរលោកថា៖ ឱ រ៉ស៊ូលុលឡោះ! តើអ្នកណាដែលមានរីករាយចំពោះការជួយអន្តរាគមន៍(ស្ហាហា្វអាត់)របស់លោកជាងគេ? លោកបានឆ្លើយថា៖ “គឺជនណាដែលពោលថា៖ “لَا إِلَهَ إِلَّا اللهُ” (គ្មានទេព្រះជាម្ចាស់ដែលត្រូវគោរពសក្ការៈដ៏ពិតប្រាកដ លើកលែងតែអល់ឡោះ) ដោយភាពស្មោះសចេញពីដួងចិត្តរបស់ខ្លួន”។ រ៉ស៊ូលុលឡោះ ﷺ លោកបានមានប្រសាសន៍ថា៖ “ណាពីគ្រប់រូបសុទ្ធតែមានការបួងសួងមួយដែលត្រូវបានគេទទួលយក។ ហេតុនេះ គ្រប់ណាពីបានប្រញាប់ប្រើប្រាស់ការបួងសួងរបស់ខ្លួន(ក្នុងលោកិយ)។ ចំណែកខ្ញុំវិញ ខ្ញុំបានរក្សាទុកការបួងសួងរបស់ខ្ញុំដើម្បីធ្វើជាការអន្ដរាគមន៍(ស្ហាហ្វាអាត់)សម្រាប់ប្រជាជាតិរបស់ខ្ញុំនៅថ្ងៃបរលោក។ ជាការពិតណាស់ ការអន្ដរាគមន៍នោះនឹងកើតមាន ប្រសិនបើអល់ឡោះមានចេតនា ដល់ជនណាក្នុងចំណោមប្រជាជាតិរបស់ខ្ញុំដែលបានស្លាប់ដោយមិនបានធ្វើស្ហ៊ីរិកចំពោះអល់ឡោះនឹងអ្វីមួយ”។
ជាការពិតណាស់ ពួកពហុទេវនិយមជំនាន់មុន ពួកគេមានជំនឿថា អល់ឡោះ គឺជាព្រះជាម្ចាស់របស់ពួកគេ ជាអ្នកបង្កើតពួកគេ និងជាអ្នកផ្តល់លាភសក្ការៈដល់ពួកគេ។ ប៉ុន្តែពួកគេពឹងផ្អែកទៅលើបណ្តាណាពី កុសលបុគ្គល ម៉ាឡាអ៊ីកាត់ ដើមឈើ ដុំថ្ម និងអ្វីផ្សេងទៀត ដោយពួកគេសង្ឃឹមថា អ្នកទាំងនោះនឹងជួយអន្តរាគមន៍ដល់ពួកគេនៅចំពោះអល់ឡោះជាម្ចាស់ និងជួយនាំពួកគេឱ្យបានខិតជិតទ្រង់ ដូចដែលបានលើកឡើងកន្លងមកនៅក្នុងអាយ៉ាត់ជាច្រើន។ ក៏ប៉ុន្តែអល់ឡោះជាម្ចាស់មិនបានទទួលយកលេសដោះសារបស់ពួកគេដូចនេះឡើយ។ ផ្ទុយទៅវិញ អល់ឡោះជាម្ចាស់បានថ្កោលទោសពួកគេនៅក្នុងគម្ពីរដ៏ឧត្តុង្គឧត្តមរបស់ទ្រង់ ហើយបានហៅពួកគេថាជាពួកប្រឆាំង គ្មានជំនឿ និងជាពួកពហុទេវនិយម(មុស្ហរីគីន) ព្រមទាំងបានចាត់ទុកពួកគេថាជាអ្នកកុហកបោកប្រាស់ចំពោះការអះអាងរបស់ខ្លួនដែលថា ព្រះទាំងនោះអាចជួយអន្តរាគមន៍ដល់ពួកគេ និងបញ្ជិតខ្លួនពួកគេឲ្យមានឋានៈនៅជិតអល់ឡោះ។ ចំណែកឯរ៉ស៊ូលុលឡោះ ﷺ វិញ ក៏លោកមិនទទួលយកនូវលេសដោះសាររបស់ពួកគេនេះដែរ។ ផ្ទុយទៅវិញ លោកបានប្រយុទ្ធនឹងពួកគេចំពោះអំពើស្ហ៊ីរិកនេះ រហូតទាល់តែពួកគេព្រមធ្វើការគោរពសក្ការៈដោយភាពស្មោះសចំពោះអល់ឡោះជាម្ចាស់តែមួយអង្គគត់ អនុវត្តតាមបន្ទូលរបស់អល់ឡោះជាម្ចាស់ដែលទ្រង់បានមានបន្ទូលថា៖ “ហើយចូរពួកអ្នកប្រយុទ្ធនឹងពួកគេរហូតដល់គ្មានភាពវឹកវរ(អំពើស្ហ៊ីរិក និងភាពគ្មានជំនឿ)តទៅទៀត ហើយសាសនារបស់អល់ឡោះក្លាយជាសាសនាដ៏លេចធ្លោឡើង”។ [គម្ពីរគួរអាន ២:១៩៣] រ៉ស៊ូលុលឡោះ ﷺ លោកបានមានប្រសាសន៍ថា៖ “គេបានដាក់បទបញ្ជាចំពោះខ្ញុំឱ្យប្រយុទ្ធប្រឆាំងនឹងមនុស្សលោក រហូតដល់ពួកគេធ្វើសាក្សីថា គ្មានទេព្រះជាម្ចាស់ដែលត្រូវគេគោរពសក្ការៈដ៏ពិតប្រាកដ លើកលែងតែអល់ឡោះ ហើយមូហាំម៉ាត់ គឺជាអ្នកនាំសាររបស់អល់ឡោះ ព្រមទាំងប្រតិបត្តិសឡាត និងបរិច្ចាគហ្សាកាត់។ ប្រសិនបើពួកគេធ្វើដូច្នោះ ពួកគេត្រូវបានគេការពារអំពីខ្ញុំនូវអាយុជីវិត និងទ្រព្យសម្បត្តិរបស់ពួកគេ លើកលែងតែអ្វីដែលជាសិទ្ធិរបស់អ៊ីស្លាម ហើយការជំនុំជម្រះពួកគេ គឺស្ថិតលើអល់ឡោះជាម្ចាស់”។ ចំពោះអត្ថន័យនៃប្រសាសន៍របស់លោក៖ “រហូតដល់ពួកគេធ្វើសាក្សីថា គ្មានទេព្រះជាម្ចាស់ដែលត្រូវគេគោរពសក្ការៈដ៏ពិតប្រាកដ លើកលែងតែអល់ឡោះ” គឺមានន័យថា រហូតទាល់តែពួកគេថ្វាយនូវការគោរពសក្ការៈចំពោះតែអល់ឡោះជាម្ចាស់មួយគត់ ពុំមែនសម្រាប់អ្នកផ្សេងក្រៅពីទ្រង់ឡើយ។
ពិតប្រាកដណាស់ ពួកពហុទេវនិយមមានការភ័យខ្លាចចំពោះពួកជិន ហើយបានសុំពួកវាឱ្យជួយការពារពួកគេ។ ដូចនេះ អល់ឡោះជាម្ចាស់ក៏បានបញ្ចុះនូវបន្ទូលរបស់ទ្រង់នៅក្នុងរឿងនេះថា៖ “ហើយពិតប្រាកដណាស់ មានបុរសជាច្រើនក្នុងចំណោមមនុស្សលោកធ្លាប់បានសុំពីបុរសនៃពួកជិន(ឱ្យការពារពួកគេ)។ តែពួកជិនទាំងនោះរឹតតែបន្ថែមនូវការភ័យខ្លាចដល់ពួកគេថែមទៀត”។ [គម្ពីរគួរអាន ៧២:៦] សាសនវិទូអ៊ីស្លាមជំនាញខាងអត្ថាធិប្បាយគម្ពីរគួរអាន(តាហ្វសៀរ)បានពន្យល់ពីអាយ៉ាត់ដ៏ឧត្ដុង្គឧត្ដមនេះថា៖ អត្ថន័យនៃបន្ទូលរបស់អល់ឡោះជាម្ចាស់៖ “រឹតតែបន្ថែមនូវការភ័យខ្លាចដល់ពួកគេថែមទៀត” គឺមានន័យថា បន្ថែមនូវភាពភ័យរន្ធត់ និងភាពភ័យខ្លាច ពីព្រោះពួកជិនបានតម្កើងខ្លួន និងមានអំនួតក្អេងក្អាងកាន់តែខ្លាំងឡើងនៅពេលដែលពួកវាឃើញមនុស្សលោកសុំពីពួកខ្លួនឱ្យការពារពួកគេ។ នៅពេលនោះហើយដែលពួកជិនទាំងនោះរឹតតែបន្ថែមនូវការភ័យខ្លាច និងភាពភ័យរន្ធត់ដល់មនុស្សលោកថែមទៀតដើម្បីឲ្យពួកគេបង្កើននូវការគោរពសក្ការៈ និងការពឹងពាក់សុំការការពារពីពួកវាកាន់តែច្រើន។
ជាការពិតណាស់ អល់ឡោះជាម្ចាស់បានជំនួសរឿងនោះដល់ជនមូស្លីមទាំងឡាយដោយឲ្យពួកគេសុំការការពារពីអល់ឡោះជាម្ចាស់ និងតាមរយៈបន្ទូលដ៏ពេញលេញរបស់ទ្រង់វិញ ហើយទ្រង់បានបញ្ចុះទាក់ទងនឹងរឿងនេះនូវបន្ទូលរបស់ទ្រង់ថា៖ “ហើយប្រសិនបើស្ហៃតនមកញុះញង់អ្នកនូវប្រការណាមួយ ចូរអ្នកសុំការបញ្ចៀសពីអល់ឡោះ។ ពិតប្រាកដណាស់ ទ្រង់មហាឮ មហាដឹងបំផុត”។ [គម្ពីរគួរអាន ៧:២០០] ទ្រង់បានមានបន្ទូលផងដែរថា៖ “ចូរអ្នក(ឱអ្នកនាំសារមូហាំម៉ាត់)ពោលចុះថា៖ ខ្ញុំសុំពីព្រះជាម្ចាស់នៃពេលទៀបភ្លឺឱ្យបញ្ចៀស(រូបខ្ញុំ)” មានសេចក្តីរាយការណ៍ត្រឹមត្រូវពីណាពី ﷺ ថា ពិតណាស់ លោកបានមានប្រសាសន៍ថា៖ “បុគ្គលណាចុះសម្រាកនៅកន្លែងណាមួយ រួចសូត្រថា៖ “أَعُوذُ بِكَلِمَاتِ اللهِ التَّامَّاتِ مِنْ شَرِّ مَا خَلَقَ” (ខ្ញុំសុំតាមរយៈពាក្យពេចន៍ដ៏ពេញលេញរបស់អល់ឡោះឲ្យទ្រង់បញ្ជៀសរូបខ្ញុំពីប្រការអាក្រក់ដែលទ្រង់បានបង្កើត) នោះគ្មានអ្វីអាចបង្កគ្រោះថ្នាក់ដល់រូបគេបានឡើយ រហូតដល់គេចេញដំណើរពីកន្លែងនោះ”។
យោងតាមអាយ៉ាត់ និងហាទីស្ហទាំងឡាយដែលបានលើកឡើងកន្លងមក ចំពោះអ្នកដែលស្វែងរកសេចក្ដីសង្គ្រោះ និងអ្នកដែលមានបំណងចង់ថែរក្សាការពារសាសនារបស់ខ្លួន ព្រមទាំងចង់មានសុវត្ថិភាពពីអំពើស្ហ៊ីរិក ទាំងតូចនិងធំ បានដឹងយ៉ាងច្បាស់ថា ជាការពិតណាស់ ការពឹងផ្អែកលើអ្នកស្លាប់ ម៉ាឡាអ៊ីកាត់ ជិន និងភាវៈដទៃទៀត ព្រមទាំងការបួងសួងសុំពីពួកគេ ការសុំការការពារពីពួកគេ ក៏ដូចជាប្រការផ្សេងទៀតដែលស្រដៀងគ្នានេះ គឺជាទង្វើរបស់ពួកពហុទេវនិយមក្នុងសម័យកាលអវិជ្ជា(ជើហ៊ីលីយ៉ះ) ហើយវាជាប្រភេទនៃអំពើស្ហ៊ីរិកដ៏អាក្រក់បំផុតចំពោះអល់ឡោះជាម្ចាស់។ ដូច្នេះ ចាំបាច់ត្រូវបោះបង់ទង្វើទាំងនេះ និងប្រុងប្រយ័ត្នចំពោះទង្វើទាំងនេះ ព្រមទាំងត្រូវដាស់តឿនគ្នាឱ្យបោះបង់វាចោល ហើយត្រូវហាមឃាត់អ្នកដែលប្រព្រឹត្តទង្វើទាំងនេះ។
ចំណែកឯបុគ្គលដែលត្រូវបានគេស្គាល់ថាជាអ្នកប្រព្រឹត្តទង្វើស្ហ៊ីរិកទាំងនេះ គឺគេមិនអនុញ្ញាតឱ្យរៀបអាពាហ៍ពិពាហ៍ជាមួយជននោះ មិនអនុញ្ញាតឱ្យបរិភោគសត្វដែលជននោះសំឡះ មិនត្រូវសឡាតឱ្យសពជននោះ និងមិនត្រូវសឡាតពីក្រោយជននោះឡើយ លុះត្រាតែជននោះប្រកាសសារភាពកំហុស(តាវហ្ពាត់)ទៅកាន់អល់ឡោះជាម្ចាស់ពីទង្វើទាំងនោះជាសាធារណៈ ហើយធ្វើការបួងសួង និងគោរពសក្ការៈដោយស្មោះសទៅចំពោះអល់ឡោះតែមួយវិញ។ ហើយការបួងសួង គឺជាការគោរពសក្ការៈ(អ៊ីហ្ពាហ្ទាត់)។ មិនត្រឹមតែប៉ុណ្ណោះ ថែមទាំងជាស្នូលនៃការគោរពសក្ការៈទៀតផង ដូចដែលណាពី ﷺ បានមានប្រសាសន៍ថា៖ “ការបួងសួង គឺជាការគោរពសក្ការៈ”។ នៅក្នុងពាក្យពេចន៍ផ្សេងទៀត លោកបានមានប្រសាសន៍ថា៖ “ការបួងសួង គឺជាខួរក្បាលនៃការគោរពសក្ការៈ”។ ចំណែកការរៀបអាពាហ៍ពិពាហ៍ជាមួយអ្នកដែលធ្វើអំពើស្ហ៊ីរិកវិញ អល់ឡោះជាម្ចាស់ទ្រង់បានមានបន្ទូលថា៖ “ហើយចូរពួកអ្នក(ឱបណ្តាអ្នកមានជំនឿដែលជាបុរស)កុំរៀបអាពាហ៍ពិពាហ៍ជាមួយនឹងស្ត្រីដែលធ្វើស្ហ៊ីរិកឱ្យសោះ លុះត្រាតែពួកនាងមានជំនឿ(ចំពោះអល់ឡោះតែមួយគត់)។ ហើយពិតប្រាកដណាស់ ទាសីដែលមានជំនឿនោះ គឺប្រសើរជាងស្ត្រីដែលធ្វើស្ហ៊ីរិកទៅទៀត បើទោះបីជានាងធ្វើឱ្យពួកអ្នកចាប់អារម្មណ៍ក៏ដោយ។ ហើយចូរពួកអ្នកកុំរៀបអាពាហ៍ពិពាហ៍ស្ត្រីមូស្លីមឱ្យទៅបុរសដែលធ្វើស្ហ៊ីរិកឱ្យសោះ។ ហើយទាសាដែលមានជំនឿ គឺប្រសើរជាងបុរសដែលធ្វើស្ហ៊ីរិកទៅទៀត ទោះបីជាគេធ្វើឱ្យពួកអ្នកចាប់អារម្មណ៍ក៏ដោយ។ ពួកទាំងនោះ គឺអំពាវនាវ(ពួកអ្នក)ទៅកាន់ឋាននរក។ តែអល់ឡោះជាម្ចាស់ទ្រង់អំពាវនាវទៅកាន់ឋានសួគ៌ និងការអភ័យទោសដោយការអនុញ្ញាតពីទ្រង់។ ហើយទ្រង់បានបកស្រាយបញ្ជាក់នូវអាយ៉ាត់ទាំងឡាយរបស់ទ្រង់ដល់មនុស្សលោក សង្ឃឹមថាពួកគេនឹងយកវាជាមេរៀន”។ [គម្ពីរគួរអាន ២:២២១] ដូចនេះ អល់ឡោះជាម្ចាស់ទ្រង់បានហាមឃាត់ជនមូស្លីមទាំងឡាយពីការរៀបអាពាហ៍ពិពាហ៍ជាមួយនឹងស្ត្រីដែលធ្វើស្ហ៊ីរិក(ពហុទេវនិយម)ដែលជាអ្នកគោរពសក្ការៈរូបបដិមា ជិន ម៉ាឡាអ៊ីកាត់ និងផ្សេងៗទៀត លុះត្រាតែពួកនាងមានជំនឿដោយស្មោះសក្នុងការគោរពសក្ការៈចំពោះអល់ឡោះជាម្ចាស់តែមួយគត់ ព្រមទាំងជឿជាក់លើរ៉ស៊ូលុលឡោះ ﷺ នូវអ្វីដែលលោកបាននាំមក និងដើរតាមមាគ៌ារបស់លោក។ ហើយទ្រង់ក៏ហាមឃាត់មិនឲ្យរៀបអាពាហ៍ពិពាហ៍ស្ត្រីមូស្លីមឱ្យទៅបុរសដែលធ្វើស្ហ៊ីរិកផងដែរ លុះត្រាតែពួកគេមានជំនឿដោយស្មោះសក្នុងការគោរពសក្ការៈចំពោះអល់ឡោះតែមួយគត់ ព្រមទាំងជឿជាក់លើរ៉ស៊ូលុលឡោះ ﷺ និងដើរតាមលោក។
ម្យ៉ាងទៀត អល់ឡោះជាម្ចាស់បានបញ្ជាក់ប្រាប់ថា ជាការពិតណាស់ ទាសីដែលជាអ្នកមានជំនឿ គឺល្អប្រសើរជាងស្ត្រីមានសេរីភាពដែលធ្វើស្ហ៊ីរិកទៅទៀត ទោះបីជាស្ត្រីទាំងនោះធ្វើឱ្យអ្នកដែលសម្លឹងមើលនាង និងអ្នកដែលស្តាប់សម្តីនាង មានការកោតសរសើរចំពោះសម្រស់ និងសម្តីដ៏ពិរោះរបស់នាងក៏ដោយ។ ចំណែកឯទាសាដែលជាអ្នកមានជំនឿ គឺល្អប្រសើរជាងបុរសមានសេរីភាពដែលធ្វើស្ហ៊ីរិក ទោះបីជាបុរសនោះធ្វើឱ្យអ្នកដែលស្តាប់ និងអ្នកដែលសម្លឹងមើលគេ មានការកោតសរសើរចំពោះសម្រស់ វោហារស័ព្ទ ភាពក្លាហានរបស់គេ ក៏ដូចជាប្រការផ្សេងៗទៀតក៏ដោយ។ បន្ទាប់មក ទ្រង់បានបញ្ជាក់ពីមូលហេតុនៃភាពប្រសើរជាងគ្នានេះដោយបន្ទូលរបស់ទ្រង់ថា៖ “ពួកទាំងនោះ គឺអំពាវនាវ(ពួកអ្នក)ទៅកាន់ឋាននរក”។ [គម្ពីរគួរអាន ២:២២១] ពោលគឺសំដៅលើអ្នកដែលធ្វើស្ហ៊ីរិកប្រុសស្រី ពីព្រោះពួកគេស្ថិតក្នុងចំណោមអ្នកដែលអំពាវនាវទៅកាន់ឋាននរក តាមរយៈពាក្យសម្ដី សកម្មភាព ការរស់នៅ និងអត្តចរិតរបស់ពួកគេ។ ចំណែកឯបណ្តាអ្នកមានជំនឿប្រុសស្រីវិញ គឺពួកគេស្ថិតក្នុងចំណោមអ្នកដែលអំពាវនាវទៅកាន់ឋានសួគ៌ តាមរយៈអត្តចរិត សកម្មភាព និងការរស់នៅរបស់ពួកគេ។ ដូច្នេះ តើអ្នកទាំងនេះ និងអ្នកទាំងនោះ អាចស្មើគ្នាបានយ៉ាងដូចម្តេចទៅ?
ចំណែកឯការសឡាតឱ្យសពអ្នកដែលធ្វើស្ហ៊ីរិកវិញ ពិតណាស់អល់ឡោះជាម្ចាស់ទ្រង់បានមានបន្ទូលអំពីពួកពុតត្បុតថា៖ “ហើយអ្នក(ឱអ្នកនាំសារមូហាំម៉ាត់)មិនត្រូវសឡាតទៅលើសពនរណាម្នាក់នៃពួកគេដែលបានស្លាប់ជាដាច់ខាត ហើយក៏មិនត្រូវឈរនៅឯទីផ្នូររបស់គេ(សុំការអភ័យទោសឱ្យគេ)នោះដែរ។ ពិតប្រាកដណាស់ ពួកគេបានប្រឆាំងនឹងអល់ឡោះ និងអ្នកនាំសាររបស់ទ្រង់ ហើយពួកគេបានស្លាប់ក្នុងខណៈដែលពួកគេជាពួកដែលប្រព្រឹត្តល្មើស”។ [គម្ពីរគួរអាន ៩:៨៤] ដូច្នេះ អល់ឡោះជាម្ចាស់បានបញ្ជាក់យ៉ាងច្បាស់នៅក្នុងអាយ៉ាត់ដ៏ឧត្ដុង្គឧត្ដមនេះថា ជាការពិតណាស់ ជនពុតត្បុត និងជនគ្មានជំនឿ គឺគេមិនត្រូវសឡាតឲ្យសពពួកគេឡើយ។ នោះគឺដោយសារតែពួកគេមិនបានជឿចំពោះអល់ឡោះ និងអ្នកនាំសាររបស់ទ្រង់ឡើយ។ ក៏ដូចគ្នាដែរ គេក៏មិនត្រូវសឡាតពីក្រោយពួកគេ ហើយក៏មិនត្រូវចាត់តាំងពួកគេឱ្យធ្វើជាមេដឹកនាំអ្នកមូស្លីមទាំងឡាយនោះដែរ ដោយសារតែភាពគ្មានជំនឿរបស់ពួកគេ និងភាពគ្មានភាពស្មោះត្រង់របស់ពួកគេ ព្រមទាំងដោយសារតែភាពជាសត្រូវដ៏ធំធេងដែលមានរវាងពួកគេ និងអ្នកមូស្លីម។ មួយវិញទៀត ព្រោះតែពួកគេមិនមែនស្ថិតក្នុងចំណោមអ្នកដែលសឡាត និងគោរពសក្ការៈ(ចំពោះអល់ឡោះ)ឡើយ ព្រោះថាភាពគ្មានជំនឿ និងការធ្វើស្ហ៊ីរិក គឺគ្មានទង្វើកុសលណាមួយអាចនៅគង់វង្សជាមួយវាបានឡើយ។ សូមអល់ឡោះជាម្ចាស់ប្រទាននូវភាពសុខសាន្តដល់យើងខ្ញុំរួចផុតពីរឿងទាំងនេះផងចុះ។ ចំណែកឯការទទួលទានសត្វដែលអ្នកធ្វើស្ហ៊ីរិកបានសំឡេះវិញ អល់ឡោះជាម្ចាស់ទ្រង់បានមានបន្ទូលបញ្ជាក់អំពីការហាមឃាត់សត្វស្លាប់ និងសត្វដែលអ្នកធ្វើស្ហ៊ីរិកបានសំឡេះថា៖ “ហើយចូរពួកអ្នកកុំបរិភោគឱ្យសោះនូវអ្វី(សត្វ)ដែលគេមិនបានរំឭកព្រះនាមរបស់អល់ឡោះទៅលើវា(នៅពេលសំឡេះ)។ ជាការពិត ទង្វើនោះ គឺជាអំពើល្មើស(ចំពោះអល់ឡោះ)។ ហើយជាការពិតណាស់ ស្ហៃតន ពួកវាកំពុងតែពង្វក់អូសទាញអ្នកគាំពាររបស់ពួកវាដើម្បីឱ្យពួកគេជជែកដេញដោលជាមួយនឹងពួកអ្នក។ ហើយប្រសិនបើពួកអ្នកធ្វើតាមពួកគេ នោះពួកអ្នកនឹងក្លាយជាពួកដែលធ្វើស្ហ៊ីរិកជាមិនខាន”។ [គម្ពីរគួរអាន ៦:១២១] ដូចនេះ អល់ឡោះជាម្ចាស់ទ្រង់បានហាមឃាត់ជនមូស្លីមទាំងឡាយមិនឲ្យបរិភោគសត្វដែលស្លាប់ដោយមិនបានសំឡេះ និងសត្វដែលសំឡេះដោយអ្នកធ្វើស្ហ៊ីរិកឡើយ ពីព្រោះបុគ្គលនោះជាជនដែលមិនបរិសុទ្ធ(ណាជីស)។ ដូច្នេះ សត្វដែលជននោះសំឡេះ ច្បាប់របស់វាគឺដូចគ្នានឹងសត្វដែលស្លាប់ដោយមិនបានសំឡេះ ទោះបីជាជននោះបានរំលឹកព្រះនាមរបស់អល់ឡោះ(សូត្រ بسم الله)ទៅលើវានៅពេលសំឡេះក៏ដោយ ពីព្រោះការរំលឹកព្រះនាមអល់ឡោះរបស់ជននោះ គឺទុកជាមោឃៈដែលគ្មានជះឥទ្ធិពលអ្វីឡើយ ដោយសារតែការរំលឹកនាមអល់ឡោះ គឺជាការគោរពសក្ការៈ(អ៊ីហ្ពាហ្ទាត់) ហើយការធ្វើស្ហ៊ីរិកគឺបំផ្លាញ និងធ្វើឱ្យមោឃៈនូវការគោរពសក្ការៈ រហូតទាល់តែអ្នកដែលធ្វើស្ហ៊ីរិកនោះសារភាពកំហុស(តាវហ្ពាត់)ចំពោះអល់ឡោះជាម្ចាស់។ ទោះជាយ៉ាងណា អល់ឡោះជាម្ចាស់ទ្រង់បានអនុញ្ញាតឲ្យទទួលទានចំណីអាហាររបស់ពួកអះលីគីតាប(យូដា និងគ្រឹស្ទាន) នៅក្នុងបន្ទូលរបស់ទ្រង់ដែលទ្រង់បានមានបន្ទូលថា៖ “ចំណីអាហាររបស់ពួកដែលគេផ្តល់គម្ពីរឲ្យត្រូវបានអនុញ្ញាតឲ្យពួកអ្នក ហើយចំណីអាហារពួកអ្នក ក៏ត្រូវបានអនុញ្ញាតឱ្យពួកគេ(ដូចគ្នាដែរ)”។ [គម្ពីរគួរអាន ៥:៥] នោះគឺដោយសារតែពួកគេមានជាប់ពាក់ព័ន្ធនឹងសាសនាដែលបានបញ្ចុះពីលើមេឃ ហើយពួកគេអះអាងថា ពិតណាស់ ខ្លួនជាអ្នកដែលដើរតាមណាពីមូសា(ម៉ូសេ) និងណាពីអ៊ីសា(យេស៊ូ) ទោះជាពួកគេជាអ្នកដែលភូតកុហកនៅក្នុងការអះអាងនោះក៏ដោយ។ ជាការពិតណាស់ អល់ឡោះជាម្ចាស់ទ្រង់បាននិរាករណ៍(លុបចោល)នូវសាសនារបស់ពួកគេ និងបានចាត់ទុកសាសនាពួកគេជាមោឃៈដោយការចាត់បញ្ជូនណាពីមូហាំម៉ាត់ ﷺ មកកាន់មនុស្សជាតិទូទៅ។ ប៉ុន្តែ អល់ឡោះជាម្ចាស់ទ្រង់បានអនុញ្ញាតឲ្យពួកយើងនូវចំណីអាហាររបស់ពួកអះលីគីតាប និងអនុញ្ញាតឲ្យរៀបការជាមួយនឹងស្ត្រីរបស់ពួកគេ ដោយគតិបណ្ឌិតដ៏ខ្ពង់ខ្ពស់ និងហេតុផលជាច្រើននៅពីក្រោយខ្នងដែលសាសនវិទូអ៊ីស្លាមបានបកស្រាយយ៉ាងច្បាស់រួចមកហើយ ផ្ទុយពីអ្នកដែលធ្វើស្ហ៊ីរិក ដូចជាអ្នកដែលគោរពបូជារូបបដិមា និងអ្នកដែលស្លាប់ទៅហើយក្នុងចំណោមបណ្តាណាពី កុសលបុគ្គល និងអ្នកដទៃទៀត ពីព្រោះសាសនារបស់ពួកគេមិនមានប្រភពដើមនោះឡើយ ហើយក៏គ្មានភាពស្រពិចស្រពិលណាមួយនៅក្នុងនោះដែរ។ ផ្ទុយទៅវិញ វាជាសាសនាដែលមិនត្រឹមត្រូវតាំងពីមូលដ្ឋានគ្រឹះរបស់វាមកម៉្លេះ។ ហេតុនេះហើយ សត្វដែលពួកគេបានសំឡេះ គឺជាសាកសពសត្វងាប់ ហើយគេមិនអនុញ្ញាតឲ្យបរិភោគវាឡើយ។
រីឯការដែលបុគ្គលម្នាក់និយាយទៅកាន់អ្នកដែលខ្លួនកំពុងសន្ទនាជាមួយថា៖ “ជិនចូលឯង” “ជិនចាប់ឯង” “ស្ហៃតនហោះនាំឯងទៅ” និងពាក្យដែលស្រដៀងគ្នានេះ ទាំងអស់នេះគឺស្ថិតក្នុងចំណោមពាក្យជេរប្រមាថ និងតិះដៀល។ ពាក្យទាំងនេះមិនត្រូវបានអនុញ្ញាតឲ្យប្រើប្រាស់ក្នុងចំណោមជនមូស្លីមនោះឡើយ ដូចគ្នាទៅនឹងប្រភេទនៃការជេរប្រមាថ និងការតិះដៀលដទៃទៀតដែរ។ ក៏ប៉ុន្តែវាមិនមែនស្ថិតក្នុងចំណោមអំពើស្ហ៊ីរិក(ពហុទេវនិយម)នោះទេ លើកលែងតែអ្នកដែលនិយាយនោះមានជំនឿថា ពួកជិនអាចគ្រប់គ្រងចាត់ចែងលើមនុស្សដោយគ្មានការអនុញ្ញាត និងចេតនារបស់អល់ឡោះជាម្ចាស់។ ដូចនេះ ជនណាដែលមានជំនឿបែបនេះទៅលើពួកជិន ឬទៅលើភាវៈ(ម៉ាខ្លូក)ណាមួយក្រៅពីពួកជិន ជននោះនឹងក្លាយជាអ្នកដែលគ្មានជំនឿ(កាហ្វៀរ)ដោយសារតែការជឿបែបនេះ ពីព្រោះអល់ឡោះជាម្ចាស់ ទ្រង់គឺជាស្តេចគ្រប់គ្រងលើរាល់អ្វីៗទាំងអស់ ហើយទ្រង់មានសមត្ថភាពលើរាល់អ្វីៗទាំងអស់។ ទ្រង់ជាអ្នកផ្តល់ប្រយោជន៍ និងជាអ្នកផ្តល់គ្រោះថ្នាក់។ គ្មានអ្វីមួយអាចកើតឡើងបានឡើយ លើកលែងតែដោយការអនុញ្ញាត ចេតនា និងការកំណត់ទុកជាមុនរបស់អល់ឡោះជាម្ចាស់ប៉ុណ្ណោះ ដូចដែលទ្រង់បានមានបន្ទូលបង្គាប់ដល់ណាពីរបស់ទ្រង់ ﷺ ឱ្យប្រាប់ទៅកាន់មនុស្សលោកនូវមូលដ្ឋានគ្រឹះដ៏ធំធេងនេះថា៖ “ចូរអ្នក(ឱអ្នកនាំសារមូហាំម៉ាត់)ពោលចុះថា៖ ខ្ញុំគ្មានសមត្ថភាពអ្វីអាចផ្តល់ផលប្រយោជន៍ដល់ខ្លួនឯង ហើយក៏មិនអាចការពារគ្រោះថ្នាក់(ចេញពីខ្លួនខ្ញុំ)នោះដែរ លើកលែងតែអ្វីដែលអល់ឡោះទ្រង់មានចេតនាប៉ុណ្ណោះ។ ប្រសិនបើខ្ញុំអាចដឹងពីប្រការអាថ៌កំបាំងមែននោះ ខ្ញុំប្រាកដជានឹងទទួលបានប្រការល្អជាច្រើនជាមិនខាន ហើយប្រការអាក្រក់ក៏មិនអាចមកប៉ះពាល់រូបខ្ញុំនោះដែរ។ តាមពិតរូបខ្ញុំគ្មានអ្វីក្រៅពីជាអ្នកព្រមានបន្លាច និងផ្តល់ដំណឹងរីករាយដល់ក្រុមដែលមានជំនឿប៉ុណ្ណោះ”។ [គម្ពីរគួរអាន ៧:១៨៨] ដូចនេះ ប្រសិនបើចៅហ្វាយនៃសត្វលោកទាំងអស់ និងជាបុគ្គលដែលប្រសើរជាងគេបំផុត(ពោលគឺណាពីមូហាំម៉ាត់ ﷺ) លោកមិនអាចផ្តល់ផលប្រយោជន៍ដល់ខ្លួនឯង ឬក៏ការពារគ្រោះថ្នាក់ពីខ្លួនឯងបានផង លើកលែងតែអ្វីដែលអល់ឡោះទ្រង់មានចេតនា ចុះទម្រាំអ្នកដទៃទៀតនោះ តើយ៉ាងណាទៅវិញ? អាយ៉ាត់ដែលមានអត្ថន័យបែបនេះ មានច្រើនណាស់។
ចំណែកឯការទៅរកគ្រូទាយ គ្រូមន្តអាគម ឬគ្រូមើលផ្កាយជាដើមដែលអះអាងថាខ្លួនអាចដឹងពីប្រការអាថ៌កំបាំង វាគឺជាអំពើអាក្រក់ដែលមិនត្រូវបានអនុញ្ញាតឡើយ ហើយការជឿជាក់តាមអ្វីដែលពួកគេប្រាប់ គឺកាន់តែធ្ងន់ធ្ងរ និងអាក្រក់ជាងនេះទៅទៀត។ មិនតែប៉ុណ្ណោះ ទង្វើនោះគឺជាផ្នែកមួយនៃភាពគ្មានជំនឿ(កាហ្វៀរ) ដោយយោងតាមប្រសាសន៍របស់ណាពី ﷺ ដែលលោកបានមានប្រសាសន៍ថា៖ “បុគ្គលណាទៅរកគ្រូទាយ ហើយសួរគ្រូទាយអំពីអ្វីមួយ គេមិនទទួលយកសឡាតរបស់ជននោះចំនួនសែសិបថ្ងៃ”។ រាយការណ៍ដោយ មូស្លីម នៅក្នុងសៀវភៅសហេសរបស់គាត់។ នៅក្នុងសៀវភៅសហេសរបស់គាត់ដដែល អំពី មូអាវីយ៉ះ ពិន អាល់ហាកាំ អាស្ស៊ូឡាមី رضي الله عنه ថា៖ «ពិតណាស់ ណាពី ﷺ លោកបានហាមឃាត់ពីការទៅរកគ្រូទាយ និងការសួរពួកគេ»។
ចំណែកឯម្ចាស់ស្នាដៃសៀវភៅស៊ូណាន់(أهل السنن)បានរាយការណ៍ពីណាពី ﷺ ថា ពិតណាស់លោកបានមានប្រសាសន៍ថា៖ “ជនណាដែលទៅរកគ្រូទាយ ហើយជឿជាក់តាមអ្វីដែលគ្រូទាយនោះបាននិយាយ ជាការពិតណាស់ រូបគេពិតជាបានបដិសេធនឹងអ្វីដែលអល់ឡោះបញ្ចុះឲ្យណាពីមូហាំម៉ាត់ ﷺ ហើយ”។ ហាទីស្ហដែលមានខ្លឹមសារក្នុងន័យនេះ មានច្រើនណាស់។ ដូចនេះ ចាំបាច់លើជនមូស្លីមទាំងឡាយត្រូវប្រុងប្រយ័ត្នចំពោះការទៅរកគ្រូទាយ និងអ្នកប្រើមន្តអាគមទាំងឡាយដែលធ្វើការលើការងារទស្សន៍ទាយប្រការអាថ៌កំបាំង និងធ្វើឲ្យជនមូស្លីមមានការភាន់ច្រឡំ ទោះបីជាពួកគេប្រើឈ្មោះជាគ្រូព្យាបាល ឬអ្វីផ្សេងក៏ដោយ ដោយសារតែមានការហាមឃាត់ពីណាពី ﷺ ចំពោះប្រការនោះ និងការព្រមានរបស់លោកពីប្រការនោះ ដូចដែលបានលើកឡើងខាងលើ។ ចូលនៅក្នុងប្រការនេះដែរ គឺអ្វីដែលមនុស្សមួយចំនួនអះអាងក្រោមស្លាកឈ្មោះថាជាការព្យាបាលជំងឺ ប៉ុន្តែតាមពិត វាគឺជាការទស្សន៍ទាយ។ នៅពេលដែលគេហិតឈ្នួតក្បាល(សាល់)របស់អ្នកជំងឺ ឬកន្សែងទទូររបស់អ្នកជំងឺជាស្ត្រីជាដើម អ្នកនោះក៏និយាយថា៖ អ្នកជំងឺបុរសនេះ ឬអ្នកជំងឺស្ត្រីនេះ បានធ្វើរឿងនេះ ឬបានប្រព្រឹត្តរឿងនោះ ដែលសុទ្ធសឹងជាប្រការអាថ៌កំបាំង ទាំងដែលនៅលើកន្សែងរបស់អ្នកជំងឺ និងរបស់ផ្សេងទៀតនោះគ្មានភស្តុតាងណាមួយដែលបញ្ជាក់បែបនេះឡើយ។ ផ្ទុយទៅវិញ គោលបំណងពិតប្រាកដនៃទង្វើនេះ គឺគ្រាន់តែជាការបំភាន់ដល់មនុស្សទូទៅប៉ុណ្ណោះ ដើម្បីឲ្យពួកគេគិតថា គេពិតជាអ្នកចេះដឹងលើការព្យាបាល ប្រភេទជំងឺ និងមូលហេតុនៃជំងឺ។ ជួនកាល គេផ្តល់ឲ្យអ្នកជំងឺនូវថ្នាំសង្កូវមួយចំនួន ហើយចៃដន្យ អ្នកជំងឺនោះក៏បានជាសះស្បើយស្របទៅតាមការកំណត់របស់អល់ឡោះ ដែលជាហេតុធ្វើឲ្យពួកគេយល់ថា ការជាសះស្បើយនោះ គឺដោយសារតែថ្នាំរបស់គ្រូនោះ។ ហើយជួនកាលទៀត ជំងឺអាចកើតឡើងដោយសារតែមូលហេតុបណ្តាលមកពីពួកជិន និងស្ហៃតនមួយចំនួនដែលជាអ្នកបម្រើឲ្យអ្នកដែលតាំងខ្លួនជាគ្រូព្យាបាលនោះ។ ពួកវាបានប្រាប់គ្រូនោះពីរឿងអាថ៌កំបាំងមួយចំនួនដែលពួកវាបានដឹង ហើយគ្រូនោះក៏យកព័ត៌មានទាំងនោះមកធ្វើជាទីបង្អែក។ បន្ទាប់មក គ្រូនោះក៏ផ្គាប់ចិត្តពួកជិន និងស្ហៃតនទាំងនោះតាមរយៈការគោរពសក្ការៈដែលសមស្របទៅតាមចំណង់ចំណូលចិត្តពួកវា។ ជាលទ្ធផល ពួកវាក៏ដកខ្លួនចេញពីអ្នកជំងឺ ហើយបញ្ឈប់ការធ្វើទុក្ខបុកម្នេញដែលពួកវាបានបង្កឡើងលើអ្នកជំងឺនោះ។ ហើយរឿងរ៉ាវបែបនេះ គឺជារឿងដែលគេដឹងយ៉ាងច្បាស់អំពីជិន ស្ហៃតន និងអ្នកដែលប្រើប្រាស់ពួកវា។
ចាំបាច់លើជនមូស្លីមទាំងឡាយផងដែរត្រូវប្រុងប្រយ័ត្នពីប្រការនោះ និងដាស់តឿនក្រើនរំលឹកគ្នាឲ្យលះបង់វាចោល ហើយត្រូវពឹងផ្អែកលើអល់ឡោះជាម្ចាស់ ព្រមទាំងប្រគល់ការទុកចិត្តលើទ្រង់ក្នុងគ្រប់កិច្ចការទាំងអស់។ ហើយគ្មានបញ្ហាអ្វីឡើយក្នុងការប្រើប្រាស់ការស្តោះផ្តុំតាមបែបអ៊ីស្លាម និងប្រើប្រាស់ថ្នាំដែលគេអនុញ្ញាត ព្រមទាំងការព្យាបាលជាមួយនឹងគ្រូពេទ្យដែលធ្វើការពិនិត្យលើអ្នកជំងឺ និងបញ្ជាក់ពីជំងឺរបស់គេតាមរយៈមូលហេតុជាក់ស្តែង និងសមហេតុផល។ ពិតណាស់ មានសេចក្តីរាយការណ៍ដ៏ត្រឹមត្រូវពី ណាពី ﷺ ថា ពិតណាស់ លោកបានមានប្រសាសន៍ថា៖ “អល់ឡោះជាម្ចាស់មិនបានបញ្ចុះនូវជំងឺណាមួយឡើយ លើកលែងតែទ្រង់បានបញ្ចុះមកជាមួយនូវឱសថសម្រាប់ព្យាបាលជំងឺនោះ។ អ្នកដែលដឹង គឺគេបានដឹង។ ចំណែកឯអ្នកដែលមិនដឹង គឺគេមិនបានដឹងពីវាឡើយ”។ ណាពី ﷺ លោកបានមានប្រសាសន៍ទៀតថា៖ “រាល់ជំងឺទាំងអស់ សុទ្ធតែមានថ្នាំព្យាបាល។ ដូច្នេះ ប្រសិនបើថ្នាំនោះត្រូវនឹងជំងឺ ជននោះនឹងបានជាសះស្បើយដោយការអនុញ្ញាតពីអល់ឡោះជាម្ចាស់”។ លោកបានមានប្រសាសន៍ផងដែរថា៖ «ឱខ្ញុំបម្រើអល់ឡោះទាំងឡាយ! ចូរពួកអ្នកព្យាបាលជំងឺ តែមិនត្រូវព្យាបាលដោយរបស់ដែលច្បាប់ហាមឃាត់នោះឡើយ»។ ហាទីស្ហដែលមានខ្លឹមសារក្នុងន័យនេះ មានច្រើនលើសលប់។
យើងខ្ញុំសូមបួងសួងដល់អល់ឡោះជាម្ចាស់សូមទ្រង់មេត្តាទ្រង់កែប្រែស្ថានភាពរបស់មូស្លីមទាំងអស់ឲ្យបានប្រសើរឡើង។ សូមទ្រង់មេត្តាព្យាបាលដួងចិត្ត និងរាងកាយរបស់ពួកគេឱ្យជាសះស្បើយពីគ្រោះអាក្រក់ទាំងពួង។ សូមទ្រង់មេត្តាប្រមូលផ្តុំពួកគេឲ្យស្ថិតនៅលើការចង្អុលបង្ហាញដ៏ត្រឹមត្រូវ ព្រមទាំងការពារពួកយើង ក៏ដូចជាពួកគេពីភាពវឹកវរទាំងឡាយដែលនាំឱ្យវង្វេង និងពីការដើរតាមស្ហៃតន និងបក្សពួករបស់វា។ ពិតណាស់ ទ្រង់មានមហិទ្ធិឫទ្ធិលើអ្វីៗទាំងអស់។ គ្មានអានុភាព ឬកម្លាំងណាមួយឡើយ លើកលែងតែមកពីអល់ឡោះដ៏មហាខ្ពង់ខ្ពស់ មហាធំធេង។
សូមពរជ័យ សិរីសួស្តី និងសិរីមង្គលពីអល់ឡោះជាម្ចាស់កើតមានដល់ខ្ញុំបម្រើ និងអ្នកនាំសាររបស់ទ្រង់ ណាពីយើងមូហាំម៉ាត់ ព្រមទាំងក្រុមគ្រួសារ និងសហាហ្ពាត់របស់លោក។
សារទីបួន៖
ច្បាប់ស្ដីពីការគោរពសក្ការៈតាមរយៈក្បួនសូត្រដែលជាការបង្កើតថ្មី និងក្បួនសូត្រដែលផ្ទុកដោយប្រការស្ហ៊ីរិក
ពី អាប់ទុលអាហ្ស៊ីស ពិន អាប់ទុលឡោះ ពិន ហ្ពាហ្ស ជូនចំពោះ..............ជាទីគោរពរាប់អានដ៏ជ្រាលជ្រៅ។ សូមអល់ឡោះជាម្ចាស់មេត្តាប្រោសប្រទាននូវរាល់សេចក្តីល្អទាំងឡាយដល់គាត់។ អាមីន...
سلام عليكم ورحمة الله وبركاته
ជាបន្តមកទៀត៖ ជាការពិតណាស់ សំបុត្រដ៏ថ្លៃថ្លារបស់អ្នករាល់គ្នាបានមកដល់ខ្ញុំហើយ។ សូមអល់ឡោះជាម្ចាស់ផ្សារភ្ជាប់អ្នករាល់គ្នាជាមួយនឹងការចង្អុលបង្ហាញរបស់ទ្រង់។ ខ្លឹមសារដែលមាននៅក្នុងសំបុត្រនោះគឺថា មានមនុស្សមួយចំនួននៅក្នុងប្រទេសរបស់ពួកអ្នកកំពុងប្រកាន់ខ្ជាប់នូវក្បួនសូត្រ(أوراد)ដែលអល់ឡោះជាម្ចាស់មិនបានបញ្ចុះនូវអំណះអំណាងណាមួយអំពីវាទាល់តែសោះ។ ក្នុងចំណោមក្បួនសូត្រទាំងនោះ មានក្បួនសូត្រខ្លះជាការប្រឌិតបង្កើតថ្មី(ពិទអះ) និងមានក្បួនសូត្រខ្លះផ្ទុកទៅដោយប្រការស្ហ៊ីរិក(ពហុទេវនិយមចំពោះអល់ឡោះ) ហើយពួកគេបានភ្ជាប់ក្បួនសូត្រទាំងនោះទៅកាន់មេដឹកនាំនៃអ្នកមានជំនឿទាំងឡាយ អាលី ពិន អាពីត៏ឡិប رضي الله عنه និងអ្នកដទៃទៀត។ ពួកគេសូត្រក្បួនសូត្រទាំងនោះនៅកន្លែងជួបជុំហ្ស៊ីកៀរ ឬនៅក្នុងម៉ាស្ជិទបន្ទាប់ពីសឡាតម៉ាហ្គ្រឹបរួច ដោយអះអាងថា ទង្វើបែបនេះ គឺជាការបញ្ជិតខ្លួនទៅកាន់អល់ឡោះជាម្ចាស់។ ឧទាហរណ៍ ដូចជាពាក្យពេចន៍ដែលពួកគេបានពោលថា៖ ដោយសិទ្ធិអំណាចរបស់អល់ឡោះ ឱអ្នកបម្រើរបស់អល់ឡោះទាំងឡាយអើយ! សូមជួយពួកយើងដោយការជួយពីអល់ឡោះ និងសូមធ្វើជាបង្អែក និងជាអ្នកជួយជ្រោមជ្រែងពួកយើងក្នុងនាមអល់ឡោះផង។ ឬក៏និយាយថា៖ ឱពួក អឹក្កត៏ប អើយ! ឱលោកម្ចាស់ទាំងឡាយអើយ! សូមឆ្លើយតបមកពួកយើងផង។ ឱអ្នកដែលមានអំណាចជួយជ្រោមជ្រែងនៅក្នុងចំណោមពួកយើងអើយ! សូមជួយធ្វើអន្តរាគមន៍(ដល់ពួកយើង)នៅចំពោះមុខអល់ឡោះជាម្ចាស់ផង។ នេះជាខ្ញុំបម្រើរបស់ពួកលោកដែលកំពុងតែឈរ និងកំពុងសមាធិនៅឯទ្វាររបស់ពួកលោក ហើយមានការភ័យខ្លាចចំពោះកំហុសឆ្គងរបស់ខ្លួន។ សូមជួយពួកយើងផង ឱរ៉ស៊ូលុលឡោះ! ខ្ញុំមិនមានអ្នកណាក្រៅពីពួកលោកដើម្បីពឹងពាក់ឡើយ។ តាមរយៈពួកលោក ទើបបំណងប្រាថ្នាទាំងឡាយបានសម្រេច។ ពួកលោក គឺជាមនុស្សរបស់អល់ឡោះ។ តាមរយៈហាំហ្សះដែលជាមេដឹកនាំនៃអ្នកពលី(ស្ហាហ៊ីទ) និងអ្នកទាំងឡាយណាដែលនៅក្នុងចំណោមពួកលោកដែលជាអ្នកផ្តល់ជំនួយដល់ពួកយើង។ សូមជួយពួកយើងផង ឱរ៉ស៊ូលុលឡោះ! ក៏ដូចជាពាក្យពេចន៍ដែលពួកគេពោលថា៖ ឱអល់ឡោះជាម្ចាស់! សូមព្រះអង្គសឡាវ៉ាតទៅលើបុគ្គលដែលព្រះអង្គបានបង្កើតរូបលោកឲ្យក្លាយជាមូលហេតុនៃការលេចចេញនូវអាថ៌កំបាំងនៃអំណាចដ៏តេជានុភាពរបស់ព្រះអង្គ និងជាការបញ្ចេញនូវបណ្តាពន្លឺនៃក្ដីមេត្តាករុណារបស់ព្រះអង្គ រហូតដល់រូបលោកបានក្លាយជាអ្នកតំណាងឱ្យវត្តមានដ៏ខ្ពង់ខ្ពស់របស់ព្រះជាម្ចាស់ និងជាអ្នកស្នងនូវអាថ៌កំបាំងនៃអង្គរបស់ព្រះអង្គ។
បំណងរបស់អ្នករាល់គ្នា គឺចង់បានការបកស្រាយបញ្ជាក់អំពីថា តើអ្វីទៅជាអំពើពិទអះ(ការបង្កើតថ្មីក្នុងសាសនា)? អ្វីទៅជាអំពើស្ហ៊ីរិក(អំពើពហុទេវនិយម)? ហើយថាតើការសឡាតនៅពីក្រោយអ៊ីម៉ាំដែលធ្វើការបួងសួងបែបនេះ ត្រឹមត្រូវដែរឬទេ? តើទង្វើបែបនេះ គឺត្រូវបានគេដឹងជាទូទៅដែរឬទេ?
ចម្លើយ៖ ការសរសើរទាំងឡាយ គឺសម្រាប់អល់ឡោះជាម្ចាស់តែមួយគត់។ សូមសន្តិភាព និងពរជ័យកើតមានដល់អ្នកដែលគ្មានណាពីណាបន្ទាប់ពីលោកទៀតឡើយ ព្រមទាំងក្រុមគ្រួសារ និងបណ្ដាសហាហ្ពាត់របស់លោក ហើយនិងអ្នកដែលដើរតាមការចង្អុលបង្ហាញរបស់លោក រហូតដល់ថ្ងៃបរលោក។
ជាបន្តមកទៀត៖ ចូរចុះជ្រាបថា ជាការពិតណាស់ អល់ឡោះជាម្ចាស់ទ្រង់បានបង្កើតសត្វលោក និងបានបញ្ជូនអ្នកនាំសារ(រ៉សូល)ទាំងឡាយមក គឺដើម្បីឱ្យពួកគេគោរពសក្ការៈចំពោះទ្រង់តែមួយគត់ដោយមិនគោរពសក្ការៈចំពោះអ្វីផ្សេងក្រៅពីទ្រង់ឡើយ ដូចដែលអល់ឡោះជាម្ចាស់ទ្រង់បានមានបន្ទូលថា៖ “ហើយយើងមិនបានបង្កើតជិននិងមនុស្សលោកនោះឡើយ លើកលែងតែដើម្បីឱ្យពួកគេគោរពសក្ការៈ(មកចំពោះយើងតែមួយគត់)ប៉ុណ្ណោះ”។ [គម្ពីរគួរអាន ៥១:៥៦]
ហើយការគោរពសក្ការៈ(ដូចដែលបានបញ្ជាក់កន្លងមក) គឺជាការគោរពប្រតិបត្តិចំពោះអល់ឡោះជាម្ចាស់ និងគោរពប្រតិបត្តិចំពោះអ្នកនាំសាររបស់ទ្រង់ មូហាំម៉ាត់ ﷺ តាមរយៈការអនុវត្តនូវអ្វីដែលអល់ឡោះនិងអ្នកនាំសាររបស់ទ្រង់បានបង្គាប់ប្រើ និងជៀសវាងឲ្យឆ្ងាយនូវអ្វីដែលអល់ឡោះនិងអ្នកនាំសាររបស់ទ្រង់បានហាមឃាត់ ដោយផ្អែកលើជំនឿចំពោះអល់ឡោះ និងអ្នកនាំសាររបស់ទ្រង់ មានសេចក្តីជ្រះថ្លាចំពោះអល់ឡោះនៅក្នុងទង្វើទាំងឡាយ ព្រមទាំងមានសេចក្តីស្រឡាញ់យ៉ាងជ្រាលជ្រៅចំពោះអល់ឡោះ និងឱនលំទោនយ៉ាងពេញចំពោះទ្រង់តែមួយគត់ដោយគ្មានអ្នកផ្សេងក្រៅពីទ្រង់ឡើយ ដូចដែលទ្រង់បានមានបន្ទូលថា៖ “ហើយព្រះជាម្ចាស់របស់អ្នកបានដាក់បទបញ្ជាមិនឲ្យពួកអ្នកគោរពសក្ការៈឡើយ លើកលែងតែចំពោះទ្រង់(តែមួយគត់)...”។ [គម្ពីរគួរអាន ១៧:២៣] ពោលគឺ ទ្រង់បានបង្គាប់ប្រើ និងផ្តាំផ្ញើឲ្យគោរពសក្ការៈទៅចំពោះទ្រង់តែមួយគត់។ ទ្រង់បានមានបន្ទូលទៀតថា៖ “សេចក្តីសរសើរទាំងឡាយ គឺសម្រាប់អល់ឡោះជាព្រះជាម្ចាស់នៃពិភពទាំងអស់។ ទ្រង់(ជាម្ចាស់)មហាសប្បុរស មហាអាណិតស្រលាញ់។ ជាស្តេចគ្រប់គ្រងនាថ្ងៃបរលោក។ ចំពោះទ្រង់(តែមួយគត់)យើងខ្ញុំគោរពសក្ការៈ ហើយចំពោះទ្រង់(តែមួយគត់)យើងខ្ញុំសុំជំនួយ”។ [គម្ពីរគួរអាន ១:២-៥] ដូច្នេះ តាមរយៈអាយ៉ាត់ទាំងនេះ អល់ឡោះជាម្ចាស់ទ្រង់បានបញ្ជាក់យ៉ាងច្បាស់ថា ពិតប្រាកដណាស់ ទ្រង់តែមួយអង្គគត់ជាអ្នកដែលសក្តិសមត្រូវគេគោរពសក្ការៈ ហើយទ្រង់តែមួយអង្គគត់ដែលគេត្រូវសុំជំនួយ។ ទ្រង់បានមានបន្ទូលថា៖ “ពិតប្រាកដណាស់ យើងបានបញ្ចុះទៅកាន់អ្នក(ឱអ្នកនាំសារមូហាំម៉ាត់)នូវគម្ពីរ(គួរអាន)យ៉ាងពិតប្រាកដ។ ហេតុនេះ ចូរអ្នកគោរពសក្ការៈចំពោះអល់ឡោះប្រកបដោយភាពស្មោះសចំពោះទ្រង់ក្នុងសាសនា។ តើពុំមែនទេឬ សាសនាដែលបរិសុទ្ធ(សាសនាអ៊ីស្លាម) គឺជាកម្មសិទ្ធិរបស់អល់ឡោះនោះ”? [គម្ពីរគួរអាន ៣៩:២-៣] ទ្រង់បានមានបន្ទូលទៀតថា៖ “ដូច្នេះ ចូរពួកអ្នកគោរពសក្ការៈចំពោះអល់ឡោះដោយចិត្តស្មោះសចំពោះទ្រង់ក្នុងសាសនា បើទោះជាពួកគ្មានជំនឿមិនពេញចិត្តក៏ដោយ”។ [គម្ពីរគួរអាន ៤០:១៤] ទ្រង់បានមានបន្ទូលផងដែរថា៖ “ហើយពិតប្រាកដណាស់ ម៉ាស្ជិទទាំងឡាយ គឺជាកម្មសិទ្ធិរបស់អល់ឡោះ(តែមួយគត់)។ ហេតុនេះ ពួកអ្នកមិនត្រូវបួងសួងសុំពីអ្នកណាម្នាក់រួមជាមួយនឹងអល់ឡោះឡើយ”។ [គម្ពីរគួរអាន ៧២:១៨] អាយ៉ាត់ដែលមានអត្ថន័យបែបនេះ គឺមានច្រើនលើសលប់ ហើយអាយ៉ាត់ទាំងអស់នោះសុទ្ធតែជាភស្តុតាងបញ្ជាក់ថា ចាំបាច់ត្រូវថ្វាយនូវការគោរពសក្ការៈទៅចំពោះអល់ឡោះជាម្ចាស់តែមួយគត់។
ដូចដែលយើងបានដឹងហើយថា ការបួងសួងគ្រប់ប្រភេទទាំងអស់ គឺជាផ្នែកមួយនៃការគោរពសក្ការៈ(អ៊ីហ្ពាហ្ទាត់)។ ដូចនេះ គេមិនអនុញ្ញាតឲ្យបុគ្គលណាម្នាក់បួងសួងសុំទៅកាន់អ្នកផ្សេងក្រៅពីអល់ឡោះជាម្ចាស់នោះឡើយ ហើយក៏មិនត្រូវសុំជំនួយ និងសុំការសង្គ្រោះពីអ្នកផ្សេងក្រៅពីទ្រង់នោះដែរ ដោយអនុវត្តតាមអាយ៉ាត់ដ៏ឧត្តុង្គឧត្តមទាំងនេះ និងភស្តុតាងផ្សេងទៀតដែលចូលក្នុងអត្ថន័យនេះ។ ក៏ប៉ុន្តែការហាមឃាត់នេះ គឺត្រូវបានលើកលែងចំពោះកិច្ចការធម្មតាទូទៅ និងមូលហេតុជាលក្ខណៈរូបី(ជាក់ស្តែង)ដែលមនុស្សនៅមានជីវិត និងមានវត្តមាននៅចំពោះមុខមានសមត្ថភាពធ្វើបាន ព្រោះរឿងធម្មតាទាំងនោះមិនមែនជាផ្នែកមួយនៃការគោរពសក្ការៈ(អ៊ីហ្ពាហ្ទាត់)ឡើយ។ ផ្ទុយទៅវិញ ផ្អែកលើភស្តុតាង និងការមូលមតិគ្នា(អ៊ិច្ចម៉ាក)របស់សាសនវិទូអ៊ីស្លាម គឺគេអនុញ្ញាតឲ្យបុគ្គលម្នាក់ស្វែងរកជំនួយពីមនុស្សដែលនៅមានជីវិត ហើយមានសមត្ថភាពនៅក្នុងកិច្ចការធម្មតាដែលគេមានសមត្ថភាពអាចធ្វើបាន ដូចជាការសុំឲ្យគេជួយ ឬសុំឲ្យគេជួយសង្គ្រោះក្នុងការទប់ស្កាត់គ្រោះថ្នាក់ពីកូនរបស់ខ្លួន ឬអ្នកបម្រើរបស់ខ្លួន ឬសត្វឆ្កែរបស់ខ្លួន និងអ្វីផ្សេងទៀតដែលស្រដៀងគ្នានេះ ក៏ដូចជាការដែលបុគ្គលម្នាក់សុំជំនួយពីមនុស្សដែលនៅរស់ មានវត្តមាននៅចំពោះមុខ និងមានលទ្ធភាព ឬអ្នកដែលមិនមានវត្តមាននៅចំពោះមុខទេ ប៉ុន្តែតាមរយៈមធ្យោបាយជាក់ស្តែង ដូចជាការសរសេរសំបុត្រឆ្លើយឆ្លង និងអ្វីៗផ្សេងទៀតនៅក្នុងការជួយសាងសង់ផ្ទះ ជួយជួសជុលឡាន ឬអ្វីដែលស្រដៀងគ្នានេះ។ ក្នុងចំណោមនោះដែរ គឺការសុំជំនួយពីមិត្តភក្តិ ឬសហការីរបស់ខ្លួននៅក្នុងការប្រយុទ្ធ និងនៅក្នុងសមរភូមិសង្គ្រាម ក៏ដូចជាកិច្ចការផ្សេងៗទៀតដែលមានលក្ខណៈបែបនេះ។ ទាក់ទងនឹងចំណុចនេះដែរ អល់ឡោះជាម្ចាស់ទ្រង់បានមានបន្ទូលនៅក្នុងរឿងរ៉ាវរបស់ណាពីមូសា عليه السلام ថា៖ “...បុរសម្នាក់ដែលមកពីក្រុមរបស់គាត់ក៏បានសុំឱ្យគាត់ជួយតទល់នឹងសត្រូវរបស់ខ្លួន...”។ [គម្ពីរគួរអាន ២៨:១៥]
ចំណែកឯការសុំជំនួយពីអ្នកដែលបានស្លាប់ ជិន ម៉ាឡាអ៊ីកាត់(ទេវតា) ដើមឈើ និងដុំថ្ម(បដិមា)វិញ ទាំងនោះគឺជាអំពើស្ហ៊ីរិកធំ(ពហុទេវនិយមកម្រិតធ្ងន់) ហើយវាជាប្រភេទនៃទង្វើរបស់ពួកពហុទេវនិយម(មុស្ហរីគីន)ជំនាន់មុនចំពោះព្រះរបស់ពួកគេ ដូចជា អាល់អ៊ុហ្សា អាល់ឡាត និងព្រះផ្សេងទៀត។ ក៏ដូចគ្នាដែរ ការសុំឲ្យជួយ និងសុំជំនួយពីអ្នកនៅមានជីវិតដែលគេជឿជាក់ថាជាកុលសបុគ្គល(វ៉ើលី)នៅក្នុងកិច្ចការដែលគ្មានអ្នកណាមានសមត្ថភាពធ្វើបានក្រៅពីអល់ឡោះ ដូចជាការជួយឲ្យអ្នកជំងឺជាសះស្បើយ ការចង្អុលបង្ហាញដល់ដួងចិត្ត ការឲ្យចូលឋានសួគ៌ ការឲ្យរួចផុតពីភ្លើងនរកជាដើម។
បណ្តាអាយ៉ាត់ដែលបានលើកឡើងកន្លងមក ក៏ដូចជាអាយ៉ាត់ និងហាទីស្ហជាច្រើនទៀតដែលមានអត្ថន័យស្រដៀងគ្នានេះ គឺសុទ្ធតែបានបញ្ជាក់ពីភាពចាំបាច់នៃការតម្រង់បេះដូងទៅរកអល់ឡោះជាម្ចាស់ក្នុងគ្រប់កិច្ចការទាំងអស់ ហើយត្រូវមានភាពជ្រះថ្លា(អៀខ្លើស)ក្នុងការគោរពសក្ការៈចំពោះអល់ឡោះជាម្ចាស់តែមួយអង្គគត់ ពីព្រោះមនុស្សលោកត្រូវបានគេបង្កើតមកសម្រាប់គោលបំណងនេះ ហើយពួកគេត្រូវបានគេដាក់បទបញ្ជាឲ្យអនុវត្តវា(ដូចដែលបានបញ្ជាក់រួចមកហើយនៅក្នុងអាយ៉ាត់មុនៗជាច្រើន) ក៏ដូចដែលមាននៅក្នុងបន្ទូលរបស់អល់ឡោះជាម្ចាស់ដែលទ្រង់បានមានបន្ទូលថា៖ “ហើយចូរពួកអ្នកគោរពសក្ការៈចំពោះអល់ឡោះជាម្ចាស់(តែមួយគត់) និងមិនត្រូវធ្វើស្ហ៊ីរិកចំពោះទ្រង់នឹងអ្វីមួយឡើយ”។ [គម្ពីរគួរអាន ៤:៣៦] ទ្រង់បានមានបន្ទូលទៀតថា៖ “ហើយគេមិនបានប្រើពួកគេនោះឡើយ ក្រៅតែពីឲ្យពួកគេគោរពសក្ការៈចំពោះអល់ឡោះដោយស្មោះសចំពោះសាសនា(របស់ទ្រង់)...”។ [គម្ពីរគួរអាន ៩៨:៥] ក៏ដូចជាប្រសាសន៍របស់ណាពី ﷺ នៅក្នុងហាទីស្ហរបស់ មូអាស رضي الله عنه ដែលលោកបានមានប្រសាសន៍ថា៖ «សិទ្ធិរបស់អល់ឡោះទៅលើខ្ញុំបម្រើទាំងឡាយ គឺពួកគេត្រូវគោរពសក្ការៈចំពោះទ្រង់តែមួយគត់ និងមិនត្រូវធ្វើស្ហ៊ីរិកចំពោះទ្រង់នឹងអ្វីមួយជាដាច់ខាត»។ រាយការណ៍ដោយ អាល់ពូខរី និងមូស្លីម ហើយនិងប្រសាសន៍របស់លោកផងដែរនៅក្នុងហាទីស្ហ អ៊ិពនូម៉ាស្អ៊ូទ رضي الله عنه ដែលលោកបានមានប្រសាសន៍ថា៖ “ជនណាដែលស្លាប់ ខណៈដែលរូបគេបួងសួងទៅកាន់អ្នកផ្សេងក្រៅពីអល់ឡោះនោះ នឹងត្រូវចូលឋាននរក”។ រាយការណ៍ដោយ អាល់ពូខរី នៅក្នុងសៀវភៅសហេសទាំងពីរ ពីហាទីស្ហ អ៊ិពនូអាប់ហ្ពាស رضي الله عنهما ពិតណាស់ នៅពេលដែលណាពី ﷺ បានបញ្ជូនលោក មូអាស ទៅកាន់ប្រទេសយេមែន លោកបានមានប្រសាសន៍ទៅកាន់គាត់ថា៖ “ពិតប្រាកដណាស់ អ្នកនឹងទៅដល់ពួកគម្ពីរជនមួយក្រុម។ ហេតុនេះ ប្រការដំបូងគេដែលអ្នកត្រូវអំពាវនាវពួកគេទៅកាន់នោះ គឺការធ្វើសាក្សីទទួលស្គាល់ថា គ្មានទេព្រះជាម្ចាស់ដែលត្រូវគោរពសក្ការៈដ៏ពិតប្រាកដ លើកលែងតែព្រះអល់ឡោះ”។ នៅក្នុងពាក្យពេចន៍ផ្សេងទៀត៖ “ចូរអ្នកអំពាវនាវពួកគេទៅកាន់ការធ្វើសាក្សីថា គ្មានទេព្រះជាម្ចាស់ដែលត្រូវគេគោរពសក្ការៈដ៏ពិតប្រាកដ លើកលែងតែអល់ឡោះ ហើយពិតណាស់ រូបខ្ញុំ គឺជាអ្នកនាំសាររបស់អល់ឡោះ”។ ចំណែកឯនៅក្នុងសេចក្តីរាយការណ៍របស់ អាល់ពូខរី វិញ៖ “ប្រការដំបូងគេដែលអ្នកត្រូវអំពាវនាវពួកគេទៅកាន់នោះ គឺការមានជំនឿចំពោះអល់ឡោះជាម្ចាស់តែមួយគត់(តាវហេទ)”។ នៅក្នុងសៀវភៅសហេសមូស្លីម អំពី តរិក ពិន អាស្ហ៊ីម អាល់អាស្ហជើអ៊ី رضي الله عنه ពិតណាស់ ណាពី ﷺ លោកបានមានប្រសាសន៍ថា៖ “ជនណាដែលពោលថា៖ “لَا إِلهَ إِلَّا اللهُ” (គ្មានទេព្រះជាម្ចាស់ដែលត្រូវគោរពសក្ការៈដ៏ពិតប្រាកដ លើកលែងតែអល់ឡោះ) ហើយប្រឆាំងនឹងអ្វីដែលគេគោរពសក្ការៈក្រៅពីអល់ឡោះ គឺគេហាមឃាត់ចំពោះទ្រព្យសម្បត្តិ និងអាយុជីវិតរបស់ជននោះ ហើយការជំនុំជម្រះរបស់ជននោះ គឺស្ថិតលើអល់ឡោះជាម្ចាស់”។ ហាទីស្ហដែលមានខ្លឹមសារក្នុងន័យនេះ គឺមានច្រើនលើសលប់។
ហើយជំនឿចំពោះអល់ឡោះជាម្ចាស់តែមួយ(តាវហេទ)នេះ គឺជាមូលដ្ឋានគ្រឹះនៃសាសនាអ៊ីស្លាម ជាគ្រឹះនៃជំនឿសាសនា និងជាក្បាលម៉ាស៊ីននៃកិច្ចការទាំងឡាយ។ វាជាកាតព្វកិច្ចដែលសំខាន់ជាងគេបំផុត ជាបុព្វហេតុនៅក្នុងការបង្កើតមនុស្សនិងជិន និងក៏ជាបុព្វហេតុនៅក្នុងការបញ្ជូនអ្នកនាំសារ(រ៉សូល)ទាំងអស់ ដូចដែលមានអាយ៉ាត់ជាច្រើនបានបញ្ជាក់យ៉ាងច្បាស់អំពីបញ្ហានេះរួចមកហើយ ដែលក្នុងចំណោមនោះ គឺបន្ទូលរបស់អល់ឡោះជាម្ចាស់ដែលទ្រង់បានមានបន្ទូលថា៖ “ហើយយើងមិនបានបង្កើតជិននិងមនុស្សលោកនោះឡើយ លើកលែងដើម្បីឱ្យពួកគេគោរពសក្ការៈ(មកចំពោះយើងតែមួយគត់)ប៉ុណ្ណោះ”។ [គម្ពីរគួរអាន ៥១:៥៦] ក្នុងចំណោមភស្តុតាងដែលបញ្ជាក់បែបនេះផងដែរ គឺបន្ទូលរបស់អល់ឡោះជាម្ចាស់ដែលទ្រង់បានមានបន្ទូលថា៖ “ហើយជាការពិតណាស់ យើងបានតែងតាំងទៅកាន់រាល់ប្រជាជាតិនីមួយៗនូវអ្នកនាំសារម្នាក់ ដោយប្រើឲ្យពួកគេគោរពសក្ការៈចំពោះអល់ឡោះ(តែមួយគត់) និងចៀសឆ្ងាយពីតហ្គូត(ការគោរពសក្ការៈអ្នកផ្សេងក្រៅពីអល់ឡោះ)...”។ [គម្ពីរគួរអាន ១៦:៣៦] ទ្រង់បានមានបន្ទូលទៀតថា៖ “ហើយយើងមិនបានបញ្ជូនអ្នកនាំសារណាម្នាក់មុនអ្នក(ឱអ្នកនាំសារមូហាំម៉ាត់)នោះឡើយ លើកលែងតែយើងបានផ្តល់វ៉ាហ៊ីទៅកាន់គេថា៖ ពិតប្រាកដណាស់ គ្មានព្រះជាម្ចាស់ឯណាដែលត្រូវគោរពសក្ការៈដ៏ពិតប្រាកដក្រៅពីយើងឡើយ។ ហេតុនេះ ចូរពួកអ្នកគោរពសក្ការៈចំពោះយើង(តែមួយគត់)”។ [គម្ពីរគួរអាន ២១:២៥] ហើយអល់ឡោះជាម្ចាស់ទ្រង់បានមានបន្ទូលប្រាប់ពីរឿងរ៉ាវរបស់ណាពីនួហ ណាពីហ៊ូទ ណាពីសឡេះ និងណាពីស្ហ៊ូអែប عليهم السلام ថា ពិតប្រាកដណាស់ ពួកលោកបាននិយាយទៅកាន់ក្រុមរបស់ពួកលោកថា៖ “ចូរពួកអ្នកគោរពសក្ការៈចំពោះអល់ឡោះជាម្ចាស់(តែមួយគត់)។ សម្រាប់ពួកអ្នក គ្មានព្រះជាម្ចាស់ឯណាដែលត្រូវគោរពសក្ការៈក្រៅពីទ្រង់ឡើយ”។ [គម្ពីរគួរអាន ៧:៥៩] នេះហើយជាការអំពាវនាវរបស់បណ្តាអ្នកនាំសារ(រ៉ស៊ូល)ទាំងអស់ ដូចដែលអាយ៉ាត់ទាំងពីរខាងលើបានបញ្ជាក់។ ជាការពិតណាស់ ពួកសត្រូវរបស់អ្នកនាំសារទាំងឡាយបានទទួលស្គាល់ថា បណ្តាអ្នកនាំសារទាំងឡាយបានបង្គាប់ប្រើពួកគេឲ្យគោរពសក្ការៈចំពោះព្រះអល់ឡោះជាម្ចាស់តែមួយគត់ និងលះបង់ចោលនូវព្រះនានាដែលត្រូវបានគេគោរពសក្ការៈក្រៅពីទ្រង់ ដូចដែលអល់ឡោះជាម្ចាស់ទ្រង់បានមានបន្ទូលនៅក្នុងរឿងរ៉ាវរបស់កុលសម្ព័ន្ធអាទថា ពួកគេបាននិយាយទៅកាន់ណាពីហ៊ូទ عليه السلام ថា៖ “តើអ្នកបានមកដល់ពួកយើងដើម្បីឲ្យពួកយើងគោរពសក្ការៈចំពោះអល់ឡោះតែមួយគត់ ហើយបោះបង់ចោលនូវអ្វីដែលជីដូនជីតារបស់ពួកយើងធ្លាប់គោរពបូជា(ពីមុនមក)នោះឬ”? [គម្ពីរគួរអាន ៧:៧០] ហើយអល់ឡោះជាម្ចាស់បានមានបន្ទូលអំពីពួកគូរ៉ស្ហ នៅពេលដែលអ្នកនាំសាររបស់យើង គឺណាពីមូហាំម៉ាត់ ﷺ បានអំពាវនាវពួកគេឲ្យគោរពសក្ការៈចំពោះអល់ឡោះជាម្ចាស់តែមួយគត់ និងបោះបង់អ្វីដែលពួកគេកំពុងគោរពសក្ការៈក្រៅពីទ្រង់ ដូចជា ម៉ាឡាអ៊ីកាត់ កុសលបុគ្គល រូបបដិមានានា និងដើមឈើជាដើមថា៖ “តើរូបគេចាត់ទុកព្រះដ៏ច្រើនថាជាព្រះតែមួយឬ? ពិតប្រាកដណាស់ នេះពិតជារឿងមួយដ៏ចម្លែក”។ [គម្ពីរគួរអាន ៣៨:៥] ទ្រង់បានមានបន្ទូលអំពីពួកគេទៀតថា៖ “ពិតប្រាកដណាស់ ពួកទាំងនោះ នៅពេលដែលមានគេនិយាយទៅកាន់ពួកគេថា៖ គ្មានព្រះជាម្ចាស់ឯណាដែលត្រូវគោរពសក្ការៈដ៏ពិតប្រាកដក្រៅពីអល់ឡោះ គឺពួកគេក្រអឺតក្រទម(មិនទទួលយក)ឡើយ។ ហើយពួកគេថែមទាំងនិយាយថា៖ តើពួកយើងត្រូវបោះបង់ព្រះនានារបស់ពួកយើងដោយសារតែកវីនិពន្ធដែលវិកលចរិតម្នាក់នេះឬ”? [គម្ពីរគួរអាន ៣៧:៣៥-៣៦] អាយ៉ាត់ដែលបញ្ជាក់ពីអត្ថន័យដូចគ្នានេះ មានច្រើនណាស់។
តាមរយៈអាយ៉ាត់ និងហាទីស្ហទាំងឡាយដែលយើងបានលើកឡើងកន្លងមក វាបានបញ្ជាក់យ៉ាងច្បាស់ដល់អ្នក(សូមអល់ឡោះចង្អុលបង្ហាញដល់ខ្ញុំ និងអ្នកឲ្យមានការយល់ដឹងអំពីសាសនា និងការយល់ដឹងយ៉ាងច្បាស់អំពីសិទ្ធិរបស់ព្រះជាម្ចាស់នៃពិភពលោកទាំងមូល)ថា ជាការពិតណាស់ ពាក្យបួងសួង(ទូអា) និងប្រភេទនៃការសុំជំនួយទាំងនេះ(ដែលអ្នកបានបញ្ជាក់នៅក្នុងសំណួររបស់អ្នក) គឺសុទ្ធសឹងតែជាប្រភេទនៃស្ហ៊ីរិកធំ ពីព្រោះវាជាការគោរពសក្ការៈចំពោះអ្នកផ្សេងក្រៅពីអល់ឡោះ និងជាការសុំពីអ្នកស្លាប់ និងអ្នកដែលមិនមានវត្តមាននូវកិច្ចការទាំងឡាយដែលគ្មាននរណាម្នាក់មានសមត្ថភាពអាចធ្វើបាន ក្រៅពីអល់ឡោះជាមា្ចស់។ ទង្វើនេះ គឺអាក្រក់ជាងអំពើស្ហ៊ីរិករបស់អ្នកជំនាន់មុនទៅទៀត ពីព្រោះអ្នកជំនាន់មុន ពួកគេប្រព្រឹត្តអំពើស្ហ៊ីរិកតែនៅក្នុងពេលទទួលបានភាពសុខសាន្តប៉ុណ្ណោះ។ ចំណែកឯក្នុងពេលដែលជួបការលំបាកវិញ ពួកគេគោរពសក្ការៈចំពោះអល់ឡោះជាម្ចាស់ប្រកបដោយភាពស្មោះស ពីព្រោះពួកគេដឹងយ៉ាងច្បាស់ថា ពិតប្រាកដណាស់ អល់ឡោះជាម្ចាស់ គឺជាអ្នកដែលមានមហិទ្ធិឫទ្ធិ និងមានសមត្ថភាពក្នុងការជួយសង្គ្រោះពួកគេឱ្យរួចផុតពីការលំបាក ដោយគ្មានអ្នកណាផ្សេងឡើយ ដូចដែលជាម្ចាស់ទ្រង់បានមានបន្ទូលនៅក្នុងគម្ពីរគួរអានអំពីពួកពហុទេវនិយមទាំងនោះថា៖ “ហើយនៅពេលដែលពួកគេបានជិះលើសំពៅ ពួកគេបានបួងសួងសុំពីអល់ឡោះដោយភាពស្មោះសចំពោះទ្រង់។ តែនៅពេលដែលទ្រង់បានសង្គ្រោះពួកគេដល់ត្រើយ ពួកគេបែរជាធ្វើស្ហ៊ីរិក(ចំពោះទ្រង់)ទៅវិញ”។ [គម្ពីរគួរអាន ២៩:៦៥] ទ្រង់បានមានបន្ទូលទៅកាន់ពួកគេនៅក្នុងអាយ៉ាត់មួយផ្សេងទៀតថា៖ “ហើយនៅពេលដែលពួកអ្នកជួបគ្រោះនៅលើផ្ទៃសមុទ្រ អ្នកដែលពួកអ្នកធ្លាប់គោរពសក្ការៈបានបាត់បង់(ពីចិត្តរបស់ពួកអ្នក)អស់ លើកលែងតែទ្រង់ប៉ុណ្ណោះ(ដែលពួកអ្នកនឹកឃើញ)។ តែនៅពេលដែលយើងបានសង្គ្រោះពួកអ្នកដល់ត្រើយ ពួកអ្នកបែរជាងាកចេញទៅវិញ។ ហើយមនុស្សលោក គឺជាអ្នកដែលរមិលគុណបំផុត”។ [គម្ពីរគួរអាន ១៧:៦៧]
ដូចនេះ ប្រសិនបើមាននរណាម្នាក់ក្នុងចំណោមពួកពហុទេវនិយមជំនាន់ក្រោយទាំងនេះនិយាយថា៖ ពិតប្រាកដណាស់ ពួកយើងមិនមានបំណងថា ពួកវាទាំងនោះអាចផ្ដល់ប្រយោជន៍ដោយខ្លួនពួកវា និងព្យាបាលអ្នកជំងឺរបស់ពួកយើងដោយខ្លួនពួកវា ឬផ្ដល់ផលប្រយោជន៍ដល់ពួកយើងដោយខ្លួនពួកវា ឬក៏បង្កគ្រោះថ្នាក់ដល់ពួកយើងដោយខ្លួនពួកវាផ្ទាល់នោះឡើយ។ តាមពិត ពួកយើងគ្រាន់តែចង់បានការជួយអន្ដរាគមន៍របស់ពួកវាទៅកាន់អល់ឡោះជាម្ចាស់ចំពោះរឿងនោះប៉ុណ្ណោះ។
ចម្លើយ គឺត្រូវតបទៅកាន់អ្នកដែលនិយាយបែបនោះថា ជាការពិតណាស់ នេះហើយគឺជាបំណងរបស់ពួកគ្មានជំនឿជំនាន់មុន និងជាអ្វីដែលពួកគេចង់បាន ពោលគឺ បំណងរបស់ពួកគេមិនមែនចង់សំដៅថា ព្រះនានារបស់ពួកគេអាចបង្កើតអ្វីបាន ឬអាចផ្តល់លាភសក្ការៈ ឬអាចផ្តល់ផលប្រយោជន៍ ឬបង្កគ្រោះថ្នាក់ដោយខ្លួនពួកវាផ្ទាល់នោះឡើយ ពីព្រោះចំណុចនេះត្រូវបានបដិសេធដោយអ្វីដែលអល់ឡោះជាម្ចាស់បានរៀបរាប់អំពីពួកគេនៅក្នុងគម្ពីរគួរអាន។ តាមពិត អ្វីដែលពួកគេចង់បាន(ពីព្រះទាំងនោះ) គឺការជួយអន្តរាគមន៍ និងឋានៈរបស់ពួកវា ព្រមទាំងនាំពួកគេឱ្យខិតជិតអល់ឡោះជាម្ចាស់ប៉ុណ្ណោះ ដូចដែលអល់ឡោះជាម្ចាស់ទ្រង់បានមានបន្ទូលថា៖ “ហើយពួកគេបានគោរពសក្ការៈចំពោះអ្នកផ្សេងក្រៅពីអល់ឡោះដែលពួកវាមិនអាចបង្កគ្រោះថ្នាក់ និងមិនអាចផ្ដល់ផលប្រយោជន៍ដល់ពួកគេផងនោះ។ ហើយពួកគេបាននិយាយថា៖ ពួកវាទាំងនោះ គឺជាអ្នកជួយអន្តរាគមន៍ដល់ពួកយើងនៅចំពោះមុខអល់ឡោះ...”។ [គម្ពីរគួរអាន ១០:១៨] តែអល់ឡោះជាម្ចាស់ទ្រង់បានតបទៅពួកគេវិញ ដោយបន្ទូលរបស់ទ្រង់ថា៖ “ចូរអ្នក(ឱអ្នកនាំសារមូហាំម៉ាត់)ពោលថា៖ តើពួកអ្នកកំពុងតែបា្រប់អល់ឡោះជាម្ចាស់នូវអ្វីដែលទ្រង់មិនដឹងសោះទាំងនៅលើមេឃជាច្រើនជាន់និងនៅលើផែនដីនោះឬ? ទ្រង់មហាបរិសុទ្ធ និងខ្ពង់ខ្ពស់បំផុតពីអ្វីដែលពួកគេកំពុងតែធ្វើស្ហ៊ីរិក”។ [គម្ពីរគួរអាន ១០:១៨] ដូចនេះ អល់ឡោះជាម្ចាស់ទ្រង់បានបញ្ជាក់យ៉ាងច្បាស់ថា ទ្រង់មិនបានដឹងទេថា មានអ្នកជួយអន្តរាគមន៍ណាម្នាក់ទៅចំពោះទ្រង់នៅលើមេឃជាច្រើនជាន់និងនៅលើផែនដី តាមរបៀបដែលពួកពហុទេវនិយមបានចាត់ទុកនោះឡើយ ហើយអ្វីដែលអល់ឡោះមិនដឹងថាវាមានទេនោះ គឺមានន័យថា វាមិនមាននោះឡើយ ពីព្រោះអល់ឡោះជាម្ចាស់ គ្មានអ្វីមួយដែលអាចលាក់បាំងពីទ្រង់បានឡើយ។ ទ្រង់បានមានបន្ទូលថា៖ “ការបញ្ចុះគម្ពីរ(គួរអាន) គឺមកពីអល់ឡោះជាម្ចាស់មហាខ្លាំងពូកែ មហាគតិបណ្ឌិត។ ពិតប្រាកដណាស់ យើងបានបញ្ចុះទៅកាន់អ្នក(ឱអ្នកនាំសារមូហាំម៉ាត់)នូវគម្ពីរ(គួរអាន)យ៉ាងពិតប្រាកដ។ ហេតុនេះ ចូរអ្នកគោរពសក្ការៈចំពោះអល់ឡោះប្រកបដោយភាពស្មោះសចំពោះទ្រង់ក្នុងសាសនា។ តើពុំមែនទេឬ សាសនាដែលបរិសុទ្ធ(សាសនាអ៊ីស្លាម) គឺជាកម្មសិទ្ធិរបស់អល់ឡោះនោះ? ហើយពួកដែលយកអ្នកផ្សេងក្រៅពីអល់ឡោះធ្វើជាអ្នកគាំពារ(ពួកគេនិយាយថា៖) ពួកយើងមិនបានគោរពសក្ការៈចំពោះពួកវានោះឡើយ លើកលែងតែដើម្បីឱ្យពួកវាបញ្ជិតខ្លួនពួកយើងឱ្យមានឋានៈនៅជិតអល់ឡោះប៉ុណ្ណោះ។ ពិតប្រាកដណាស់ អល់ឡោះជាម្ចាស់នឹងកាត់សេចក្តីរវាងពួកគេចំពោះអ្វីដែលពួកគេមានការខ្វែងគំនិតគ្នា។ ពិតប្រាកដណាស់ អល់ឡោះទ្រង់មិនចង្អុលបង្ហាញចំពោះជនដែលកុហកបោកប្រាស់ និងគ្មានជំនឿឡើយ”។ [គម្ពីរគួរអាន ៣៩:១-៣]
អត្ថន័យនៃពាក្យ “សាសនា(الدين)” នៅទីនេះ គឺសំដៅលើការគោរពសក្ការៈ(អ៊ីហ្ពាហ្ទាត់) ដែលវាគឺជាការគោរពប្រតិបត្តិចំពោះអល់ឡោះជាម្ចាស់ និងគោរពប្រតិបត្តិចំពោះអ្នកនាំសាររបស់ទ្រង់ ﷺ (ដូចដែលបានលើកឡើងកន្លងមក)។ រួមបញ្ចូលទៅក្នុងការគោរពសក្ការៈ(អ៊ីហ្ពាហ្ទាត់)ផងដែរមានដូចជា ការបួងសួង និងការសុំជំនួយ ការបារម្ភខ្លាច និងការសង្ឃឹម ការសំឡេះសត្វ និងការសច្ចាបង់(ណាហ្សើរ)។ ក៏ដូចគ្នាដែរ វាក៏រួមបញ្ចូលផងដែរនូវការសឡាត ការបួស ក៏ដូចជាប្រការផ្សេងៗជាច្រើនទៀតដែលអល់ឡោះជាម្ចាស់ និងអ្នកនាំសាររបស់ទ្រង់បានបង្គាប់ប្រើ។ ជាការពិតណាស់ អល់ឡោះជាម្ចាស់ទ្រង់បានបញ្ជាក់ថា ពិតណាស់ ការគោរពសក្ការៈ គឺជាកម្មសិទ្ធិសម្រាប់តែទ្រង់មួយអង្គគត់ ហើយចាំបាច់លើខ្ញុំបម្រើទាំងឡាយត្រូវតែមានភាពជ្រះថ្លាក្នុងការគោរពសក្ការៈចំពោះទ្រង់ ព្រោះថា ការបង្គាប់ប្រើរបស់ទ្រង់ចំពោះណាពី ﷺ ឱ្យមានភាពជ្រះថ្លាក្នុងការគោរពសក្ការៈចំពោះទ្រង់ ក៏ជាការបង្គាប់ប្រើទៅចំពោះកូនចៅទាំងអស់នៃប្រជាជាតិនេះដូចគ្នា។
បន្ទាប់មកទៀត អល់ឡោះជាម្ចាស់បានបញ្ជាក់អំពីពួកគ្មានជំនឿ ដោយទ្រង់បានមានបន្ទូលថា៖ “ហើយពួកដែលយកអ្នកផ្សេងក្រៅពីអល់ឡោះធ្វើជាអ្នកគាំពារ(ពួកគេនិយាយថា៖) ពួកយើងមិនបានគោរពសក្ការៈចំពោះពួកវានោះឡើយ លើកលែងតែដើម្បីឱ្យពួកវាបញ្ជិតខ្លួនពួកយើងឱ្យមានឋានៈនៅជិតអល់ឡោះប៉ុណ្ណោះ”។ [គម្ពីរគួរអាន ៣៩:៣] ពេលនោះ អល់ឡោះជាម្ចាស់បានឆ្លើយតបទៅកាន់ពួកគេវិញ ដោយបន្ទូលរបស់ទ្រង់ថា៖ “ពិតប្រាកដណាស់ អល់ឡោះជាម្ចាស់នឹងកាត់សេចក្តីរវាងពួកគេចំពោះអ្វីដែលពួកគេមានការខ្វែងគំនិតគ្នា។ ពិតប្រាកដណាស់ អល់ឡោះទ្រង់មិនចង្អុលបង្ហាញចំពោះជនដែលកុហកបោកប្រាស់ និងគ្មានជំនឿឡើយ”។ [គម្ពីរគួរអាន ៣៩:៣] ដូច្នេះ អល់ឡោះជាម្ចាស់ទ្រង់បានបញ្ជាក់ប្រាប់នៅក្នុងអាយ៉ាត់ដ៏ឧត្តុង្គឧត្តមនេះថា ពិតប្រាកដណាស់ ការដែលពួកគ្មានជំនឿគោរពសក្ការៈចំពោះអ្នកផ្សេងពីទ្រង់ គឺដើម្បីឱ្យពួកវាជួយបញ្ជិតពួកគេឱ្យជិតបំផុទៅចំពោះអល់ឡោះជាម្ចាស់ប៉ុណ្ណោះ។ នេះហើយជាបំណងរបស់ពួកគ្មានជំនឿទាំងជំនាន់មុន និងជំនាន់ក្រោយ។ ពិតណាស់ អល់ឡោះបានច្រានចោលនូវរឿងនោះតាមរយៈបន្ទូលដ៏ខ្ពង់ខ្ពស់របស់ទ្រង់ថា៖ “ពិតប្រាកដណាស់ អល់ឡោះជាម្ចាស់នឹងកាត់សេចក្តីរវាងពួកគេចំពោះអ្វីដែលពួកគេមានការខ្វែងគំនិតគ្នា។ ពិតប្រាកដណាស់ អល់ឡោះទ្រង់មិនចង្អុលបង្ហាញចំពោះជនដែលកុហកបោកប្រាស់ និងគ្មានជំនឿឡើយ”។ [គម្ពីរគួរអាន ៣៩:៣] ដូច្នេះ អល់ឡោះជាម្ចាស់ទ្រង់បានបញ្ជាក់យ៉ាងច្បាស់អំពីការភូតកុហករបស់ពួកគេចំពោះការអះអាងរបស់ខ្លួនដែលថា ព្រះនានារបស់ពួកគេអាចនាំពួកគេឲ្យខិតជិតទៅរកអល់ឡោះជាម្ចាស់ និងបញ្ជាក់ពីភាពគ្មានជំនឿរបស់ពួកគេតាមរយៈការដែលពួកគេបង្វែរការគោរពសក្ការៈទៅចំពោះព្រះទាំងនោះ។ ផ្អែកលើចំណុចនេះ ជនណាក៏ដោយដែលមានការពិចារណា ឬការចេះបែងចែកខុសត្រូវ សូម្បីតែបន្តិចក៏ដោយ ក៏អាចដឹងបានភ្លាមដែរថា ពិតប្រាកដណាស់ ពួកគ្មានជំនឿជំនាន់មុន ភាពគ្មានជំនឿរបស់ពួកគេ គឺដោយសារតែការដែលពួកគេយកអ្នកនាំសារ កុសលបុគ្គល ដើមឈើ ដុំថ្ម ក៏ដូចជាភាវៈ(ម៉ាខ្លូក)ដទៃទៀតធ្វើជាអ្នកជួយអន្តរាគមន៍រវាងពួកគេនិងអល់ឡោះជាម្ចាស់ និងដោយសារតែជំនឿរបស់ពួកគេដែលថា ពួកវាទាំងនោះអាចជួយសម្រេចនូវតម្រូវការ និងបំណងប្រាថ្នារបស់ពួកគេបានដោយមិនបាច់មានការអនុញ្ញាត និងការយល់ព្រមពីអល់ឡោះជាម្ចាស់នោះឡើយ ដែលវាស្រដៀងទៅនឹងការដែលមន្ត្រីជួយធ្វើអន្តរាគមន៍នៅចំពោះមុខស្តេចនានានោះដែរ ដោយពួកគេយកអល់ឡោះជាម្ចាស់ដ៏មហាខ្ពង់ខ្ពស់ទៅធៀបនឹងស្តេច និងមេដឹកនាំនានា។ ពួកគេនិយាយថា៖ វាដូចជាអ្នកដែលមានតម្រូវការត្រូវការឲ្យស្តេច ឬអ្នកដឹកនាំជួយដែរ គឺគេតែងតែសុំការអន្តរាគមន៍ទៅកាន់ពួកគេតាមរយៈមនុស្សជំនិត និងមន្ត្រីនានារបស់ពួកគេនោះដែរ។ ដូច្នេះ ពួកយើងបញ្ជិតខ្លួនពួកយើងទៅកាន់អល់ឡោះ ដោយការគោរពសក្ការៈទៅចំពោះអ្នកនាំសាររបស់ទ្រង់ និងមនុស្សជំនិតរបស់ទ្រង់ដែរ។ ការនិយាយបែបនេះ គឺជាការខុសឆ្គងដ៏ធ្ងន់ធ្ងរបំផុត ពីព្រោះអល់ឡោះជាម្ចាស់ដ៏មហាបរិសុទ្ធ គឺគ្មានអ្វីអាចប្រៀបផ្ទឹមនឹងទ្រង់ឡើយ ហើយទ្រង់ក៏មិនអាចត្រូវបានគេប្រៀបធៀបទៅនឹងភាវៈ(ម៉ាខ្លូក)របស់ទ្រង់នោះដែរ។ គ្មាននរណាម្នាក់អាចជួយអន្តរាគមន៍នៅចំពោះទ្រង់បានឡើយ លើកលែងតែដោយការអនុញ្ញាតពីទ្រង់ឲ្យជួយអន្តរាគមន៍ ហើយទ្រង់ក៏មិនអនុញ្ញាតនោះដែរ លើកលែងតែចំពោះអ្នកដែលមានជំនឿទ្រង់តែមួយគត់ប៉ុណ្ណោះ។ ហើយអល់ឡោះជាម្ចាស់ទ្រង់មានអានុភាពលើរាល់អ្វីៗទាំងអស់ មហាដឹងបំផុតនូវអ្វីៗទាំងអស់ និងមហាមេត្តាករុណាជាងគេបំផុតក្នុងចំណោមអ្នកដែលមេត្តាករុណាទាំងឡាយ។ ទ្រង់មិនកោតក្រែងអ្នកណាម្នាក់ឡើយ ហើយក៏មិនខ្លាចអ្នកណានោះដែរ ពីព្រោះទ្រង់ជាព្រះជាម្ចាស់ដែលមានអំណាចក្ដោបក្ដាប់ និងគ្រប់គ្រងទៅលើខ្ញុំបម្រើទាំងឡាយរបស់ទ្រង់ និងជាអ្នកចាត់ចែងលើពួកគេតាមអ្វីដែលទ្រង់មានចេតនា ផ្ទុយពីបណ្តាស្ដេច និងអ្នកដឹកនាំទាំងឡាយ ដែលពួកគេពិតជាមិនមានសមត្ថភាពលើគ្រប់កិច្ចការទាំងអស់នោះទេ។ ហេតុនេះហើយទើបពួកគេត្រូវការអ្នកដែលជួយពួកគេលើកិច្ចការដែលពួកគេអាចនឹងអសមត្ថភាព ដូចជារដ្ឋមន្ត្រី មន្ត្រីជំនិតៗ និងកងទ័ពរបស់ពួកគេជាដើម។ ម្យ៉ាងទៀត ពួកគេក៏ត្រូវការអ្នកជួយរាយការណ៍ប្រាប់ពួកគេអំពីតម្រូវការរបស់អ្នកដែលពួកគេមិនបានដឹងពីតម្រូវការទាំងនោះ។ ដូច្នេះហើយទើបពួកគេត្រូវការអ្នកដែលជួយអង្វរករសុំក្តីមេត្តា និងការពេញចិត្តពីពួកគេក្នុងចំណោមមន្ត្រី និងអ្នកជំនិតទាំងឡាយរបស់ពួកគេ។ ចំណែកឯព្រះជាម្ចាស់ដ៏មហាថ្លៃថ្លា និងមហាខ្ពង់ខ្ពស់វិញ ទ្រង់មហាមានលើសលប់មិនត្រូវការសត្វលោករបស់ទ្រង់ឡើយ ហើយទ្រង់មានក្ដីមេត្តាករុណាចំពោះពួកគេខ្លាំងជាងម្ដាយរបស់ពួកគេទៅទៀត។ ទ្រង់ជាអ្នកកាត់ក្ដីដ៏យុត្តិធម៌បំផុត។ ទ្រង់ដាក់រាល់កិច្ចការទាំងឡាយឲ្យចំទៅតាមកន្លែង(ត្រឹមត្រូវ)របស់វា ស្របទៅតាមគតិបណ្ឌិត ចំណេះដឹង និងសមត្ថភាពរបស់ទ្រង់។ ដូច្នេះ មិនអនុញ្ញាតឲ្យប្រៀបធៀបទ្រង់ទៅនឹងសត្វលោករបស់ទ្រង់ឡើយ ទោះក្នុងរូបភាពណាមួយក៏ដោយ។ ហេតុដូច្នេះហើយទើបអល់ឡោះជាម្ចាស់ទ្រង់បានបញ្ជាក់យ៉ាងច្បាស់នៅក្នុងគម្ពីររបស់ទ្រង់ថា ពួកពហុទេវនិយមពិតជាបានទទួលស្គាល់ថា អល់ឡោះជាម្ចាស់ ទ្រង់គឺជាអ្នកបង្កើត ជាអ្នកប្រទានលាភសក្ការៈ និងជាអ្នកចាត់ចែងកិច្ចការទាំងឡាយ ហើយទ្រង់ជាអ្នកដែលឆ្លើយតបចំពោះអ្នកដែលជួបការលំបាក ជាអ្នកដកចេញនូវប្រការអាក្រក់ ជាអ្នកផ្តល់ជីវិត និងជាអ្នកដកយកជីវិត ក៏ដូចជាទង្វើផ្សេងៗជាច្រើនទៀតរបស់អល់ឡោះជាម្ចាស់។ ជាការពិតណាស់ ការប្រកែកគ្នារវាងពួកពហុទេវនិយម និងអ្នកនាំសារទាំងឡាយ គឺនៅក្នុងបញ្ហាទាក់ទងនឹងការគោរពសក្ការៈចំពោះអល់ឡោះជាម្ចាស់តែមួយគត់ប្រកបដោយចិត្តស្មោះសប៉ុណ្ណោះ ដូចដែលអល់ឡោះជាម្ចាស់ទ្រង់បានមានបន្ទូលថា៖ “ហើយប្រសិនបើអ្នកសួរពួកគេថា៖ តើនរណាជាអ្នកដែលបានបង្កើតពួកគេ ប្រាកដជាពួកគេឆ្លើយថា៖ គឺអល់ឡោះ...”។ [គម្ពីរគួរអាន ៤៣:៨៧] ទ្រង់បានមានបន្ទូលទៀតថា៖ “ចូរអ្នក(ឱអ្នកនាំសារមូហាំម៉ាត់)ពោលថា៖ តើនរណាជាអ្នកប្រទានលាភសក្ការៈឱ្យពួកអ្នកពីលើមេឃ និងផែនដី? តើអ្នកណាជាអ្នកគ្រប់គ្រងការឭ និងការឃើញ? ហើយតើនរណាជាអ្នកដែលបញ្ចេញរបស់មានជីវិតពីរបស់ស្លាប់ និងបញ្ចេញរបស់ស្លាប់ពីរបស់មានជីវិត? ហើយតើនរណាជាអ្នកចាត់ចែងកិច្ចការទាំងឡាយ? ពួកគេនឹងឆ្លើយថា៖ គឺអល់ឡោះជាម្ចាស់(តែមួយគត់)។ ចូរអ្នកពោលថា៖ ដូច្នេះ តើពួកអ្នកមិនកោតខ្លាច(អល់ឡោះ)ទេឬ”? [គម្ពីរគួរអាន ១០:៣១] អាយ៉ាត់ដែលមានអត្ថន័យដូចគ្នានេះ មានច្រើនណាស់។
ជាការពិតណាស់ យើងក៏បានលើកឡើងរួចមកហើយនូវអាយ៉ាត់ជាច្រើនដែលបង្ហាញថា ជម្លោះរវាងបណ្តាអ្នកនាំសារ និងប្រជាជាតិនានា តាមពិត គឺក្នុងបញ្ហាទាក់ទងនឹងការគោរពសក្ការៈចំពោះអល់ឡោះជាម្ចាស់តែមួយគត់ប្រកបដោយចិត្តស្មោះសប៉ុណ្ណោះ ដូចជាបន្ទូលរបស់អល់ឡោះជាម្ចាស់ដែលទ្រង់បានមានបន្ទូលថា៖ “ហើយជាការពិតណាស់ យើងបានតែងតាំងទៅកាន់រាល់ប្រជាជាតិនីមួយៗនូវអ្នកនាំសារម្នាក់ ដោយប្រើឲ្យពួកគេគោរពសក្ការៈចំពោះអល់ឡោះ(តែមួយគត់) និងចៀសឆ្ងាយពីតហ្គូត(ការគោរពសក្ការៈអ្នកផ្សេងក្រៅពីអល់ឡោះ)...”។ [គម្ពីរគួរអាន ១៦:៣៦] ក៏ដូចជាអាយ៉ាត់ជាច្រើនទៀតដែលមានអត្ថន័យដូចគ្នានេះ។ អល់ឡោះជាម្ចាស់ទ្រង់បានបញ្ជាក់ជាច្រើនកន្លែងនៅក្នុងគម្ពីរដ៏ឧត្តុង្គឧត្តមរបស់ទ្រង់ទាក់ទងនឹងការធ្វើអន្តរាគមន៍(ស្ហាហ្វាអាត់) ដោយទ្រង់បានមានបន្ទូលថា៖ “គ្មានបុគ្គលណាម្នាក់ហ៊ានធ្វើអន្ដរាគមន៍នៅចំពោះមុខទ្រង់ឡើយ លើកលែងតែដោយមានការអនុញ្ញាតពីទ្រង់ប៉ុណ្ណោះ”។ [គម្ពីរគួរអាន ២:២៥៥] ទ្រង់បានមានបន្ទូលទៀតថា៖ “ហើយមានម៉ាឡាអ៊ីកាត់ជាច្រើននៅលើមេឃជាច្រើនជាន់ដែលការជួយអន្តរាគមន៍របស់ពួកគេ គឺគ្មានផ្តល់ជាប្រយោជន៍អ្វីបន្តិចណាឡើយ លើកលែងតែក្រោយពីទ្រង់បានអនុញ្ញាតសម្រាប់ជនណាដែលទ្រង់មានចេតនា ហើយទ្រង់យល់ព្រមប៉ុណ្ណោះ”។ [គម្ពីរគួរអាន ៥៣:២៦]
ទ្រង់បានមានបន្ទូលពណ៌នាអំពីពួកម៉ាឡាអ៊ីកាត់ថា៖ “ហើយពួកគេមិនធ្វើអន្តរាគមន៍ដល់នរណានោះឡើយ លើកលែងតែជនណាដែលទ្រង់ពេញចិត្តប៉ុណ្ណោះ។ ហើយដោយការខ្លាចចំពោះទ្រង់ ពួកគេប្រុងប្រយ័ត្ន(ជានិច្ច)”។ [គម្ពីរគួរអាន ២១:២៨]
ហើយអល់ឡោះជាម្ចាស់ទ្រង់បានប្រាប់ថា ទ្រង់មិនពេញចិត្តចំពោះការប្រឆាំងរមិលគុណពីសំណាក់ខ្ញុំបម្រើទាំងឡាយរបស់ទ្រង់ឡើយ។ ប៉ុន្តែអ្វីដែលទ្រង់ពេញចិត្តពីពួកគេនោះ គឺការដឹងគុណ ហើយការដឹងគុណនោះ គឺការគោរពសក្ការៈចំពោះទ្រង់តែមួយគត់ និងការអនុវត្តសកម្មភាពនានាដោយការស្តាប់បង្គាប់តាមទ្រង់។ ទ្រង់បានមានបន្ទូលថា៖ “ប្រសិនបើពួកអ្នករមិលគុណនោះ ពិតប្រាកដណាស់ អល់ឡោះទ្រង់មហាមានលើសលប់មិនត្រូវការពួកអ្នកឡើយ។ តែទ្រង់ក៏មិនពេញចិត្តឱ្យខ្ញុំបម្រើរបស់ទ្រង់រមិលគុណនោះដែរ។ ហើយប្រសិនបើពួកអ្នកដឹងគុណ គឺទ្រង់ពេញចិត្តចំពោះពួកអ្នក...”។ [គម្ពីរគួរអាន ៣៩:៧]
មានសេចក្តីរាយការណ៍របស់អ៊ីម៉ាំ អាល់ពូខរី នៅក្នុងសៀវភៅសហេសរបស់គាត់ អំពី អាពូហ៊ូរ៉យរ៉ោះ رضي الله عنه បាននិយាយថា៖ ឱ រ៉ស៊ូលុលឡោះ! តើជនណាដែលរីករាយចំពោះការជួយអន្តរាគមន៍(ស្ហាហា្វអាត់)របស់លោកជាងគេ? លោកបានមានប្រសាសន៍ថា៖ “គឺជនណាដែលពោលថា៖ “لَا إِلهَ إِلَّا اللهُ” (គ្មានទេព្រះជាម្ចាស់ដែលត្រូវគោរពសក្ការៈដ៏ពិតប្រាកដ លើកលែងតែអល់ឡោះ) ដោយភាពស្មោះសចេញពីដួងចិត្ត”។ ឬលោកបានមានប្រសាសន៍ថា៖ “ចេញពីក្នុងខ្លួន”។
ហើយនៅក្នុងសៀវភៅសហេស អំពី អាណាស رضي الله عنه អំពី ណាពី ﷺ ពិតណាស់ លោកបានមានប្រសាសន៍ថា៖ “រាល់ៗណាពីគ្រប់រូបសុទ្ធតែមានការបួងសួង(ពិសេស)មួយដែលត្រូវបានឆ្លើយតប ហើយណាពីគ្រប់រូបបានប្រញាប់ប្រើប្រាស់ការបួងសួង(ពិសេស)របស់ខ្លួននោះ(ក្នុងលោកិយ)។ ប៉ុន្តែចំពោះរូបខ្ញុំវិញ ពិតណាស់ខ្ញុំបានរក្សាទុកការបួងសួងរបស់ខ្ញុំនោះជាការជួយអន្ដរាគមន៍សម្រាប់ប្រជាជាតិរបស់ខ្ញុំនៅថ្ងៃបរលោក។ ជាការពិតណាស់ វានឹងកើតមាន ប្រសិនបើអល់ឡោះមានចេតនា ចំពោះជនណាក៏ដោយក្នុងចំណោមប្រជាជាតិរបស់ខ្ញុំដែលបានស្លាប់ដោយមិនបានធ្វើស្ហ៊ីរិកចំពោះអល់ឡោះនឹងអ្វីមួយឡើយ”។ ហាទីស្ហដែលមានខ្លឹមសារក្នុងន័យនេះ មានច្រើនណាស់។
អាយ៉ាត់ និងហាទីស្ហទាំងអស់ដែលយើងបានលើកឡើងបញ្ជាក់ឲ្យឃើញយ៉ាងច្បាស់ថា ជាការពិតណាស់ ការគោរពសក្ការៈ គឺជាសិទ្ធិរបស់អល់ឡោះជាម្ចាស់តែមួយគត់ ហើយគេមិនអនុញ្ញាតឲ្យបង្វែរចំណែកណាមួយអំពីវាទៅកាន់អ្នកផ្សេងក្រៅពីអល់ឡោះឡើយ ទោះបីជាអ្នកនោះ ជាណាពីក្តី ឬមិនមែនជាណាពីក្តី ហើយការជួយអន្តរាគមន៍(ស្ហាហ្វាអាត់) គឺជាកម្មសិទ្ធិរបស់អល់ឡោះជាម្ចាស់(តែមួយគត់) ដូចដែលទ្រង់បានមានបន្ទូលថា៖ “ចូរអ្នក(ឱអ្នកនាំសារមូហាំម៉ាត់)ពោលថា៖ ការជួយអន្តរាគមន៍ទាំងអស់ គឺជាកម្មសិទ្ធិរបស់អល់ឡោះ(តែមួយគត់)...”។ [គម្ពីរគួរអាន ៣៩:៤៤] គ្មានបុគ្គលណាម្នាក់មានសិទ្ធិទទួលបានការជួយអន្តរាគមន៍ឡើយ លើកលែងតែបន្ទាប់ពីមានការអនុញ្ញាតរបស់ទ្រង់ដល់អ្នកដែលជួយអន្តរាគមន៍ និងការយល់ព្រមរបស់ទ្រង់ចំពោះអ្នកដែលត្រូវបានគេជួយអន្តរាគមន៍។ ហើយអល់ឡោះជាម្ចាស់ទ្រង់មិនយល់ព្រមឡើយ លើកលែងតែអ្នកដែលមានជំនឿលើទ្រង់តែមួយ(តាវហេទ)ប៉ុណ្ណោះ ដូចដែលបានលើកឡើងកន្លងមក។ អាស្រ័យហេតុនេះ ពួកពហុទេវនិយម គឺគ្មានសំណាងទទួលបានការជួយអន្តរាគមន៍នោះឡើយ ហើយពិតណាស់ អល់ឡោះជាម្ចាស់ទ្រង់បានបញ្ជាក់យ៉ាងច្បាស់អំពីរឿងនេះនៅក្នុងបន្ទូលរបស់ទ្រង់ថា៖ “ហើយការធ្វើអន្ដរាគមន៍ពីបណ្ដាអ្នកធ្វើអន្តរាគមន៍ទាំងឡាយ គឺគ្មានផ្តល់ជាប្រយោជន៍អ្វីដល់ពួកគេឡើយ”។ [គម្ពីរគួរអាន ៧៤:៤៨] ទ្រង់បានមានបន្ទូលទៀតថា៖ “សម្រាប់ពួកដែលបំពាន គឺគ្មានមិត្តភក្តិ ហើយក៏គ្មានអ្នកជួយអន្តរាគមន៍ណាដែលត្រូវគេទទួលយកនោះដែរ”។ [គម្ពីរគួរអាន ៤០:១៨]
ដូចដែលយើងដឹងស្រាប់ហើយថា ការបំពាន(الظلم)ប្រសិនបើលើកឡើងក្នុងន័យទូទៅ គឺសំដៅលើអំពើស្ហ៊ីរិកចំពោះអល់ឡោះជាម្ចាស់ ដូចដែលទ្រង់បានមានបន្ទូលថា៖ “ហើយពួកគ្មានជំនឿ ពួកគេគឺជាពួកដែលបំពាន”។ [គម្ពីរគួរអាន ២:២៥៤] ទ្រង់បានមានបន្ទូលទៀតថា៖ “ពិតប្រាកដណាស់ អំពើស្ហ៊ីរិក គឺជាការបំពានដ៏ធំធេងបំផុត”។ [គម្ពីរគួរអាន ៣១:១៣]
ចំពោះអ្វីដែលអ្នកបានលើកឡើងនៅក្នុងសំណួរទាក់ទងនឹងពាក្យពេចន៍របស់ពួកស៊ូហ្វីមួយចំនួនដែលពួកគេសូត្រនៅក្នុងម៉ាស្ជិទ និងកន្លែងផ្សេងៗទៀតថា៖ ឱអល់ឡោះជាម្ចាស់! សូមព្រះអង្គសឡាវ៉ាត(ប្រសិទ្ធិពរជ័យ)ទៅលើបុគ្គលដែលព្រះអង្គបានបង្កើតរូបលោកឲ្យក្លាយជាមូលហេតុនៃការលេចចេញនូវអាថ៌កំបាំងនៃអំណាចដ៏តេជានុភាពរបស់ព្រះអង្គ និងជាការបញ្ចេញនូវបណ្តាពន្លឺនៃក្ដីមេត្តាករុណារបស់ព្រះអង្គ រហូតដល់រូបលោកបានក្លាយជាអ្នកតំណាងឱ្យវត្តមានដ៏ខ្ពង់ខ្ពស់របស់ព្រះជាម្ចាស់ និងជាអ្នកស្នងនូវអាថ៌កំបាំងនៃអង្គរបស់ព្រះអង្គ...។ល។
ចម្លើយ គឺត្រូវនិយាយថា៖ ពិតប្រាកដណាស់ ពាក្យពេចន៍បែបនេះ ក៏ដូចជាពាក្យពេចន៍ដែលមានលក្ខណៈប្រហាក់ប្រហែលគ្នានេះ ស្ថិតក្នុងចំណោមការដាក់បន្ទុកលើខ្លួនឯងឲ្យពិបាក(التكلف) និងជាភាពជ្រុលនិយម ដែលណាពីយើង មូហាំម៉ាត់ ﷺ លោកបានព្រមានអំពីវា នៅក្នុងសេចក្តីរាយការណ៍មួយដែលអ៊ីម៉ាំមូស្លីមបានរាយការណ៍នៅក្នុងសៀវភៅសហេស អំពី អាប់ទុលឡោះ ពិន ម៉ាស្អូទ رضي الله عنه ថា៖ រ៉ស៊ូលុលឡោះ ﷺ លោកបានមានប្រសាសន៍ថា៖ “វិនាសអន្ដរាយហើយពួកដែលជ្រុលនិយម”។ លោកបានមានប្រសាសន៍ដូចនេះចំនួនបីដង។
អ៊ីម៉ាំ អាល់ខត់តពី رحمه الله បាននិយាយថា៖ អ្នកដែលជ្រុលនិយម(المتنطع)៖ គឺជាអ្នកដែលចូលជ្រៅលើរឿងអ្វីមួយ ដាក់បន្ទុកឲ្យពិបាកលើខ្លួនឯងក្នុងការស្រាវជ្រាវស្វែងរកវាតាមទស្សនៈរបស់ពួកទស្សនវិជ្ជា(أهل الكلام)ដែលចូលជ្រៀតជ្រែកក្នុងអ្វីដែលមិនពាក់ព័ន្ធនឹងខ្លួន និងចូលជ្រៅទៅក្នុងអ្វីដែលបញ្ញារបស់ពួកគេមិនអាចឈានទៅដល់។
អាពូ អាស្សាអាហ្ទាត អ៊ិពនូ អាល់អាសៀរ បាននិយាយថា៖ ពួកគេ គឺអ្នកដែលចូលជ្រៅ និងជាជនជ្រុលនិយមក្នុងការនិយាយស្ដី ជាអ្នកដែលព្យាយាមនិយាយស្តីចេញពីផ្នែកខាងក្នុងបំផុតនៃបំពង់ករបស់ពួកគេ ដែលពាក្យនេះ(المتنطع) គឺយកចេញពីពាក្យ “النطع” ដែលជាផ្នែកខាងលើនៃក្រអូមមាត់។ បន្ទាប់មក ពាក្យនេះត្រូវបានគេប្រើប្រាស់សម្រាប់សំដៅលើរាល់អ្នកដែលលូកដៃចូលជ្រៅហួសហេតុ ទាំងក្នុងពាក្យសម្ដី និងទង្វើ។
តាមរយៈអ្វីដែលអ៊ីម៉ាំទាំងពីររូបក្នុងចំណោមអ៊ីម៉ាំនៃអ្នកប្រាជ្ញផ្នែកភាសា(អារ៉ាប់)បានលើកឡើងមកនេះ គឺវាបានបង្ហាញយ៉ាងច្បាស់លាស់សម្រាប់អ្នក និងសម្រាប់បុគ្គលគ្រប់រូបដែលមានការចេះដឹង សូម្បីតែបន្តិចក៏ដោយថា ពិតប្រាកដណាស់ ទម្រង់នៃការសឡាវ៉ាត និងការឱ្យសាឡាមទៅលើណាពីយើង ចៅហ្វាយរបស់យើង និងជាអ្នកនាំសាររបស់អល់ឡោះ ﷺ បែបនេះ ស្ថិតក្នុងចំណោមការដាក់បន្ទុកលើខ្លួនឯងឲ្យពិបាក(التكلف) និងជាភាពជ្រុលនិយមដែលត្រូវបានហាមឃាត់។ អ្វីដែលគេបង្គាប់ប្រើសម្រាប់ជនមូស្លីមនៅក្នុងបញ្ហានេះ គឺត្រូវស្វែងយល់ឱ្យបានច្បាស់ពីរបៀប ឬទម្រង់នៃការសឡាវ៉ាត និងសាឡាមទៅលើណាពី ﷺ ដែលមានភស្តុតាងបញ្ជាក់ត្រឹមត្រូវពីរ៉ស៊ូលុលឡោះ ﷺ។ ទម្រង់នៃការសឡាវ៉ាត និងសាឡាមទៅលើណាពី ﷺ ដែលមានភស្តុតាងបញ្ជាក់ត្រឹមត្រូវទាំងនោះ គឺគ្រប់គ្រាន់ហើយ ដោយមិនចាំបាច់ត្រូវការអ្វីផ្សេងពីនេះទៀតឡើយ។
ក្នុងចំណោមនោះ គឺអ្វីដែលបានរាយការណ៍ដោយ អាល់ពូខរី និងមូស្លីម នៅក្នុងសៀវភៅសហេសទាំងពីរ អំពី កាអាប់ ពិន អ៊ុច្ចរ៉ោះ رضي الله عنه ពិតណាស់ បណ្តាសហាហ្ពាត់ رضي الله عنهم បានសួរថា៖ ឱរ៉ស៊ូលុលឡោះ! អល់ឡោះជាម្ចាស់ទ្រង់បានបង្គាប់ប្រើពួកយើងឲ្យសឡាវ៉ាតទៅចំពោះលោក។ ដូច្នេះ តើពួកយើងត្រូវសឡាវ៉ាតទៅចំពោះលោកយ៉ាងដូចម្តេច? ពេលនោះ លោកបានមានប្រសាសន៍ថា៖ “ចូរពួកអ្នកពោលថា៖ اللَّهُمَّ صَلِّ عَلَى مُحَمَّدٍ وَعَلَى آلِ مُحَمَّدٍ كَمَا صَلَّيْتَ عَلَى إِبرَاهِيمَ وَعَلَى آلِ إِبرَاهِيمَ، إِنَّكَ حَمِيدٌ مَجِيدٌ، وَبَارِكْ عَلَى مُحَمَّدٍ وَعَلَى آلِ مُحَمَّدٍ كَمَا بَارَكْتَ عَلَى إِبرَاهِيمَ وَعَلَى آلِ إِبرَاهِيمَ إِنَّكَ حَمِيدٌ مَجِيدٌ (ឱអល់ឡោះជាម្ចាស់! សូមទ្រង់មេត្តាសឡាវ៉ាតទៅចំពោះមូហាំម៉ាត់ និងក្រុមគ្រួសារមូហាំម៉ាត់ ដូចដែលទ្រង់បានសឡាវ៉ាតទៅចំពោះអ៊ីព្រហ៊ីម និងក្រុមគ្រួសាររបស់អ៊ីព្រហ៊ីមផង។ ពិតណាស់ ទ្រង់គឺជាអ្នកដែលត្រូវគេកោតសរសើរ និងលើកតម្កើង។ ហើយសូមទ្រង់មេត្តាប្រទានពរជ័យដល់មូហាំម៉ាត់ និងក្រុមគ្រួសាររបស់មូហាំម៉ាត់ ដូចដែលទ្រង់បានប្រទានពរជ័យដល់អ៊ីព្រហ៊ីម និងក្រុមគ្រួសាររបស់អ៊ីព្រហ៊ីមផង។ ពិតណាស់ ទ្រង់គឺជាអ្នកដែលត្រូវគេកោតសរសើរ និងលើកតម្កើង)។
នៅក្នុងសៀវភៅសហេសទាំងពីរដដែល អំពី អាពូហ៊ូម៉ៃទ៍ អាស្សាអ៊ីទី رضي الله عنه ពិតណាស់ ពួកគេបានសួរថា៖ ឱរ៉ស៊ូលុលឡោះ! តើពួកយើងត្រូវសឡាវ៉ាតទៅចំពោះលោកយ៉ាងដូចម្តេច? លោកបានមានប្រសាសន៍ថា៖ “ចូរពួកអ្នកពោលថា៖ اللَّهُمَّ صَلِّ عَلَى مُحَمَّدٍ وَعَلَى أَزْوَاجِهِ وَذُرِّيَّتِهِ كَمَا صَلَّيْتَ عَلَى آلِ إِبرَاهِيمَ، وَبَارِكْ عَلَى مُحَمَّدٍ وَعَلَى أَزْوَاجِهِ وَذُرِّيَّتِهِ كَمَا بَارَكْتَ عَلَى آلِ إِبرَاهِيمَ، إِنَّكَ حَمِيدٌ مَجِيدٌ (ឱអល់ឡោះជាម្ចាស់! សូមទ្រង់មេត្តាសឡាវ៉ាតទៅចំពោះមូហាំម៉ាត់ និងភរិយា ព្រមទាំងពូជពង្សរបស់លោក ដូចដែលទ្រង់បានសឡាវ៉ាតទៅចំពោះក្រុមគ្រួសាររបស់អ៊ីព្រហ៊ីមផង។ ហើយសូមទ្រង់មេត្តាប្រទានពរជ័យដល់មូហាំម៉ាត់ និងភរិយា ព្រមទាំងពូជពង្សរបស់លោក ដូចដែលទ្រង់បានប្រទានពរជ័យដល់ក្រុមគ្រួសាររបស់អ៊ីព្រហ៊ីមផង។ ពិតណាស់ ទ្រង់គឺជាអ្នកដែលត្រូវគេកោតសរសើរ និងលើកតម្កើង)។
ចំណែកឯនៅក្នុងសៀវភៅសហេសមូស្លីមវិញ អំពី អាពូម៉ាស៊្អូទ អាល់អាន់សរី رضي الله عنه បាននិយាយថា៖ ហ្ពាសៀរ ពិន សាអាត់ បាននិយាយថា៖ ឱរ៉ស៊ូលុលឡោះ! អល់ឡោះជាម្ចាស់បានបង្គាប់ប្រើពួកយើងឱ្យសឡាវ៉ាតទៅចំពោះលោក។ ដូច្នេះ តើពួកយើងត្រូវសឡាវ៉ាតទៅចំពោះលោកយ៉ាងដូចម្តេច? ពេលនោះ លោកបាននៅស្ងៀម។ បន្ទាប់មក លោកបានមានប្រសាសន៍ថា៖ “ចូរពួកអ្នកពោលថា៖ اللَّهُمَّ صَلِّ عَلَى مُحَمَّدٍ وَعَلَى آلِ مُحَمَّدٍ؛ كَمَا صَلَّيْتَ عَلَى آلِ إِبرَاهِيمَ، وَبَارِكْ عَلَى مُحَمَّدٍ وَعَلَى آلِ مُحَمَّدٍ؛ كَمَا بَارَكْتَ عَلَى آلِ إِبرَاهِيمَ فِي العَالَمِينَ، إِنَّكَ حَمِيدٌ مَجِيدٌ، وَالسَّلَامُ كَمَا عَلِمتُم (ឱអល់ឡោះជាម្ចាស់! សូមទ្រង់មេត្តាសឡាវ៉ាតទៅចំពោះមូហាំម៉ាត់ និងក្រុមគ្រួសាររបស់មូហាំម៉ាត់ ដូចដែលទ្រង់បានសឡាវ៉ាតទៅចំពោះក្រុមគ្រួសាររបស់អ៊ីព្រហ៊ីមផង។ ហើយសូមទ្រង់មេត្តាប្រទានពរជ័យដល់មូហាំម៉ាត់ និងក្រុមគ្រួសាររបស់មូហាំម៉ាត់ ដូចដែលទ្រង់បានប្រទានពរជ័យដល់ក្រុមគ្រួសាររបស់អ៊ីព្រហ៊ីមនៅក្នុងពិភពលោកទាំងមូលផង។ ពិតប្រាកដណាស់ ទ្រង់គឺជាអ្នកដែលត្រូវគេកោតសរសើរ និងលើកតម្កើង)។ ចំណែកឯការសាឡាម(មកកាន់ខ្ញុំ)វិញ គឺដូចដែលពួកអ្នកបានដឹងរួចមកហើយ”។
ដូច្នេះ ពាក្យពេចន៍ទាំងនេះ ក៏ដូចជាពាក្យពេចន៍ដែលស្រដៀងគ្នានេះ ហើយនិងពាក្យពេចន៍ផ្សេងទៀតដែលមានភស្តុតាងបញ្ជាក់ត្រឹមត្រូវពីណាពី ﷺ គឺជាអ្វីដែលជនមូស្លីមគប្បីប្រើប្រាស់នៅក្នុងការសឡាវ៉ាត និងការឱ្យសាឡាមរបស់ខ្លួនទៅចំពោះរ៉ស៊ូលុលឡោះ ﷺ ពីព្រោះរ៉ស៊ូលុលឡោះ ﷺ គឺជាអ្នកដែលដឹងច្បាស់ជាងគេនូវពាក្យពេចន៍ដែលសក្តិសមនឹងប្រើប្រាស់សម្រាប់ខ្លួនលោក។ ម្យ៉ាងទៀត លោកក៏ជាអ្នកដែលដឹងច្បាស់ជាងគេផងដែរចំពោះពាក្យពេចន៍ដែលគប្បីប្រើប្រាស់សម្រាប់ព្រះជាម្ចាស់របស់លោក។
ចំណែកឯពាក្យពេចន៍ដែលគេប្រឹងតាក់តែងឱ្យស្មុគស្មាញ និងពាក្យដែលបង្កើតឡើងថ្មី(ពិទអះ) ព្រមទាំងពាក្យពេចន៍ដែលអាចបង្កប់អត្ថន័យដែលមិនត្រឹមត្រូវ ដូចជាពាក្យពេចន៍ដែលបានលើកឡើងនៅក្នុងសំណួរ គឺមិនគប្បីយកមកប្រើប្រាស់ឡើយ ដោយសារតែវាជាការប្រើពាក្យដែលស្មុគស្មាញផ្តល់ការលំបាកដល់ខ្លួនឯង ហើយម្យ៉ាងទៀត ដោយសារវាអាចត្រូវបានគេបកស្រាយទៅជាអត្ថន័យដែលខុសឆ្គង។ ទន្ទឹមនឹងនោះ វាក៏ផ្ទុយពីពាក្យពេចន៍ដែលណាពី ﷺ លោកបានជ្រើសរើស និងបានណែនាំដល់ប្រជាជាតិរបស់លោកផងដែរ ខណៈដែលលោក គឺជាអ្នកដែលយល់ដឹងច្បាស់ជាងគេ ជាអ្នកផ្តល់ដំបូន្មានស្មោះត្រង់ជាងគេក្នុងចំណោមសត្វលោក និងជាអ្នកដែលនៅឆ្ងាយបំផុតពីការធ្វើខ្លួនឲ្យពិបាកស្មុគស្មាញ។ សូមសឡាវ៉ាត និងសាឡាមពីព្រះជាម្ចាស់របស់លោកកើតមានដល់លោក។
អាស្រ័យហេតុនេះ ខ្ញុំសង្ឃឹមថា ភស្តុតាងទាំងឡាយដែលយើងបានលើកឡើងក្នុងការបញ្ជាក់ពីធាតុពិតនៃតាវហេទ(ជំនឿចំពោះអល់ឡោះតែមួយគត់) ធាតុពិតនៃអំពើស្ហ៊ីរិក(ពហុទេវនិយម) និងភាពខុសគ្នារវាងស្ថានភាពរបស់ពួកពហុទេវនិយមជំនាន់មុន និងពួកពហុទេវនិយមជំនាន់ក្រោយនៅក្នុងបញ្ហានេះ ក៏ដូចជាការបញ្ជាក់ពីរបៀបនៃការសឡាវ៉ាតលើរ៉ស៊ូលុលឡោះ ﷺ ដែលត្រឹមត្រូវតាមច្បាប់អ៊ីស្លាម គឺពិតជាគ្រប់គ្រាន់ និងអាចទទួលយកបានសម្រាប់អ្នកដែលស្វែងរកសេចក្តីពិត។ រីឯអ្នកដែលគ្មានបំណងចង់ដឹងអំពីការពិតវិញ រូបគេគឺជាមនុស្សដែលដើរតាមទំនើងចិត្តខ្លួនឯងប៉ុណ្ណោះ។ អល់ឡោះជាម្ចាស់ទ្រង់បានមានបន្ទូលថា៖ “តែប្រសិនបើពួកគេមិនឆ្លើយតបនឹងអ្នកទេនោះ អ្នកត្រូវដឹងចុះថា តាមពិត ពួកគេដើរតាមតែទំនើងចិត្តរបស់ខ្លួនប៉ុណ្ណោះ។ ហើយគ្មាននរណាម្នាក់វង្វេងជាងអ្នកដែលដើរតាមទំនើងចិត្តខ្លួនឯងដោយមិនទទួលការចង្អុលបង្ហាញពីអល់ឡោះនោះឡើយ។ ពិតប្រាកដណាស់ អល់ឡោះទ្រង់មិនចង្អុលបង្ហាញដល់ក្រុមដែលបំពានឡើយ”។ [គម្ពីរគួរអាន ២៨:៥០]
ដូច្នេះ នៅក្នុងអាយ៉ាត់ដ៏ឧត្ដុង្គឧត្ដមនេះ អល់ឡោះជាម្ចាស់ទ្រង់បានបញ្ជាក់ថា ជាការពិតណាស់ ទាក់ទងនឹងអ្វីដែលអល់ឡោះបានចាត់ណាពីរបស់ទ្រង់ មូហាំម៉ាត់ ﷺ ឱ្យនាំមក ដែលជាការចង្អុលបង្ហាញ និងជាសាសនាដ៏ត្រឹមត្រូវនោះ មនុស្សលោកមានពីរក្រុម៖
ទីមួយ៖ អ្នកដែលឆ្លើយតបចំពោះអល់ឡោះ និងអ្នកនាំសាររបស់ទ្រង់។
ទីពីរ អ្នកដែលដើរតាមទំនើងចិត្តខ្លួនឯង។ បន្ទាប់មក អល់ឡោះជាម្ចាស់ទ្រង់បានប្រាប់ថា ជាការពិតណាស់ គ្មានអ្នកណាដែលវង្វេងជាងអ្នកដែលដើរតាមទំនើងចិត្តខ្លួនឯងដោយគ្មានការចង្អុលបង្ហាញពីអល់ឡោះជាម្ចាស់ឡើយ។
ដូច្នេះ យើងខ្ញុំសូមពីអល់ឡោះជាម្ចាស់ដ៏មហាខ្ពង់ខ្ពស់នូវភាពសុខសាន្តចាកផុតពីការដើរតាមចំណង់តណ្ហា។ ហើយសូមឱ្យទ្រង់ធ្វើឱ្យយើងខ្ញុំ និងអ្នកទាំងអស់គ្នា ព្រមទាំងបងប្អូនរបស់យើងទាំងឡាយ ក្លាយជាអ្នកដែលឆ្លើយតបចំពោះអល់ឡោះ និងអ្នកនាំសាររបស់ទ្រង់ ﷺ ជាអ្នកដែលលើកតម្កើងច្បាប់សាសនារបស់ទ្រង់ និងជាអ្នកដែលព្រមានពីប្រការទាំងឡាយដែលផ្ទុយនឹងច្បាប់សាសនារបស់ទ្រង់ ដូចជាការបង្កើតថ្មីក្នុងសាសនា(ប្រការពិទអះ) និងចំណង់តណ្ហាទាំងឡាយ។ ពិតណាស់ ទ្រង់ជាព្រះជាម្ចាស់ដ៏សប្បុរស និងឧត្តមឧត្តមបំផុត។
សូមពរជ័យពីអល់ឡោះជាម្ចាស់កើតមានដល់ខ្ញុំបម្រើ និងអ្នកនាំសាររបស់ទ្រង់ ណាពីយើង មូហាំម៉ាត់ ព្រមទាំងក្រុមគ្រួសារ បណ្តាសហាហ្ពាត់ និងអ្នកទាំងឡាយដែលដើរតាមពួកគេដោយសេចក្តីល្អ រហូតដល់ថ្ងៃបរលោក។
ព្រមានពីការបង្កើតថ្មីក្នុងសាសនា(ប្រការពិទអះ)
អាប់ទុលអាហ្ស៊ីស ពិន អាប់ទុលឡោះ ពិន ហ្ពាហ្ស
សៀវភៅនេះបានធ្វើការព្រមានពីការប្រារព្ធពិធីខួបកំណើត(ម៉ាវឡុត) និងការបង្កើតថ្មី(ប្រការពិទអះ)ដទៃទៀតដែលគ្មានភស្តុតាងបញ្ជាក់នៅក្នុងគម្ពីររបស់អល់ឡោះ និងស៊ុណ្ណះណាពី ﷺ ។ សៀវភៅនេះផ្អែកលើភស្តុតាងផ្នែកសាសនាពីគម្ពីរគួរអាន និងស៊ុណ្ណះ ព្រមទាំងបញ្ជាក់ថា រាល់ការបន្ថែមទាំងឡាយណាដែលច្បាប់អ៊ីស្លាមមិនបានបញ្ញត្តិត្រូវបានចាត់ទុកថាជាការបង្កើតថ្មី(ពិទអះ)ដែលចាំបាច់ត្រូវតែជៀសវាង។
សារទីប្រាំ
ក្បួនច្បាប់ទាក់ទងនឹងការធ្វើបុណ្យខួបកំណើតណាពីមូហាំម៉ាត់(ម៉ាវឡុតណាពី) និងការធ្វើបុណ្យខួបកំណើតផ្សេងៗទៀត
ការសរសើរទាំងឡាយ គឺសម្រាប់អល់ឡោះ។ សូមសន្តិភាព និងពរជ័យកើតមានដល់អ្នកនាំសាររបស់អល់ឡោះ ព្រមទាំងក្រុមគ្រួសារ និងបណ្ដាសហាហ្ពាត់របស់លោក ហើយនិងអ្នកដែលដើរតាមការចង្អុលបង្ហាញរបស់លោក។
ជាបន្តមកទៀត៖ មានសំណួរដដែលៗពីមនុស្សជាច្រើនទាក់ទងនឹងច្បាប់នៃការប្រារព្ធបុណ្យខួបកំណើតណាពី ﷺ ឬហៅថា ម៉ាវឡុតណាពី ការក្រោកឈរគោរពចំពោះលោកនៅក្នុងអំឡុងពេលនោះ ការឲ្យសាឡាមទៅចំពោះលោក ក៏ដូចជាទង្វើផ្សេងៗទៀតដែលត្រូវបានគេធ្វើនៅក្នុងកម្មវិធីខួបកំណើតនោះ។
ចម្លើយ គឺត្រូវនិយាយថា៖ មិនត្រូវបានអនុញ្ញាតឱ្យធ្វើបុណ្យខួបកំណើតជូនចំពោះរ៉ស៊ូលុលឡោះ ﷺ ឬអ្នកដទៃឡើយ ព្រោះនោះគឺស្ថិតក្នុងចំណោមប្រការពិទអះ ប្រការដែលគេបង្កើតឡើងថ្មីក្នុងសាសនា ដោយសារតែរ៉ស៊ូលុលឡោះ ﷺ មិនដែលប្រារព្ធធ្វើវាឡើយ ហើយខលីហ្វះដែលទទួលបានការចង្អុលបង្ហាញដ៏ត្រឹមត្រូវរបស់លោក(ឃូឡាហ្វាកអើររ៉ស្ហ៊ីទូន) រួមទាំងសហាហ្ពាត់ផ្សេងទៀត ក៏ដូចជាអ្នកដែលបានដើរតាមពួកគេយ៉ាងល្អប្រសើរនៅក្នុងជំនាន់ដ៏ឧត្តុង្គឧត្តមនោះ ក៏មិនដែលប្រារព្ធពិធីបុណ្យខួបកំណើតនេះ(ជូនលោក)នោះដែរ ខណៈដែលពួកគាត់ គឺជាមនុស្សដែលយល់ដឹងពីស៊ុណ្ណះច្បាស់ជាងគេបំផុត មានក្តីស្រឡាញ់យ៉ាងជ្រាលជ្រៅ ពេញលេញបំផុតចំពោះរ៉ស៊ូលុលឡោះ ﷺ ជាងគេបំផុត និងប្រកាន់ខ្ជាប់តាមច្បាប់របស់លោកបានល្អបំផុតជាងអ្នកជំនាន់ក្រោយៗទៅទៀត។ អល់ឡោះជាម្ចាស់ទ្រង់បានមានបន្ទូលក្នុងគម្ពីរដ៏ច្បាស់លាស់របស់ទ្រង់(គម្ពីរគួរអាន)ថា៖
“ហើយអ្វីដែលអ្នកនាំសារ(មូហាំម៉ាត់)បាននាំមក ចូរពួកអ្នកទទួលយកចុះ ហើយអ្វីដែលគាត់ហាមឃាត់ពួកអ្នកអំពីវា ចូរពួកអ្នកបញ្ឈប់”។ [គម្ពីរគួរអាន ៥៩:៧] ទ្រង់បានមានបន្ទូលទៀតថា៖ “ដូច្នេះ ចូរឱ្យពួកដែលធ្វើផ្ទុយនឹងបទបញ្ជារបស់គាត់ប្រុងប្រយ័ត្នចំពោះគ្រោះអាសន្នដែលនឹងធ្លាក់លើពួកគេ ឬក៏ទណ្ឌកម្មដ៏ឈឺចាប់ធ្លាក់លើពួកគេ”។ [គម្ពីរគួរអាន ២៤:៦៣] ទ្រង់បានមានបន្ទូលទៀតថា៖ “ពិតប្រាកដណាស់ សម្រាប់ពួកអ្នក ចំពោះអ្នកនាំសាររបស់អល់ឡោះ(ណាពីមូហាំម៉ាត់) គឺជាគំរូដ៏ល្អសម្រាប់ជនណាដែលរំពឹង(ផលបុណ្យពី)អល់ឡោះ និងថ្ងៃបរលោក ព្រមទាំងបានរំឭកទៅចំពោះអល់ឡោះយ៉ាងច្រើន”។ [គម្ពីរគួរអាន ៣៣:២១] ទ្រង់បានមានបន្ទូលទៀតថា៖ “បណ្តាអ្នកដែលរួសរាន់ទៅកាន់ការមានជំនឿដំបូងគេក្នុងចំណោមអ្នកមូហាជីរីន និងអ្នកអាន់ស័រ ហើយនិងបណ្តាអ្នកដែលដើរ(តាមមាគ៌ា)ពួកគេដោយល្អប្រពៃនោះ អល់ឡោះជាម្ចាស់ទ្រង់ពេញចិត្តចំពោះពួកគេ ហើយពួកគេក៏ពេញចិត្តចំពោះទ្រង់វិញដែរ។ ហើយទ្រង់បានត្រៀមទុកសម្រាប់ពួកគេនូវឋានសួគ៌ដែលមានទន្លេជាច្រើនហូរកាត់ពីក្រោមវា ដោយពួកគេស្ថិតនៅក្នុងនោះជាអមតៈ។ នោះហើយជាជោគជ័យដ៏ធំធេង”។ [គម្ពីរគួរអាន ៩:១០០] ទ្រង់បានមានបន្ទូលផងដែរថា៖ “នៅក្នុងថ្ងៃនេះដែរ យើងបានបំពេញសាសនារបស់ពួកអ្នកឱ្យពួកអ្នក ហើយយើងបានបង្គ្រប់ឧបការគុណរបស់យើងដល់ពួកអ្នក និងបានពេញចិត្តជ្រើសយកអ៊ីស្លាមជាសាសនាសម្រាប់ពួកអ្នក”។ [គម្ពីរគួរអាន ៥:៣] អាយ៉ាត់ដែលអត្ថន័យបែបនេះ មានច្រើនលើសលប់។ មានភស្តុតាងបញ្ជាក់ពីណាពី ﷺ ថា ពិតណាស់ លោកបានមានប្រសាសន៍ថា៖ មានភស្តុតាងបញ្ជាក់ពីណាពី ﷺ ថា ពិតណាស់ លោកបានមានប្រសាសន៍ថា៖ ពោលគឺ ត្រូវគេបដិសេធចោល។ លោកបានមានប្រសាសន៍នៅក្នុងហាទីស្ហមួយទៀតថា៖ “ចូរពួកអ្នកប្រកាន់ខ្ជាប់នូវមាគ៌ា(ស៊ុណ្ណះ)របស់ខ្ញុំ និងមាគ៌ារបស់អ្នកគ្រប់គ្រងដ៏ឈ្លាសវៃដែលត្រូវបានគេចង្អុលបង្ហាញផ្លូវឲ្យបន្ទាប់ពីខ្ញុំ(ឃូឡាហ្វាកអើររ៉ស្ហ៊ីទូន)។ ចូរពួកអ្នកប្រកាន់ខ្ជាប់នឹងវា ហើយខាំវានឹងធ្មេញថ្គាម។ ហើយចូរប្រុងប្រយ័ត្នចំពោះប្រការទាំងឡាយដែលគេបង្កើតថ្មី(នៅក្នុងសាសនា) ព្រោះរាល់ប្រការដែលគេបង្កើតថ្មី គឺជាប្រការពិទអះ ហើយរាល់ប្រការពិទអះ គឺសុទ្ធតែវងេ្វង”។ ដូច្នេះ នៅក្នុងហាទីស្ហទាំងពីរនេះ គឺជាការព្រមានយ៉ាងធ្ងន់ធ្ងរចំពោះប្រការពិទអះ(ការបង្កើតថ្មីក្នុងសាសនា) ហើយនិងការអនុវត្តប្រការនោះ។
ការថ្នៃប្រឌិតបង្កើតថ្មីនូវពិធីខួបកំណើត ឬម៉ាវឡុតបែបនេះ ធ្វើឱ្យគេយល់ថា ជាការពិតណាស់ អល់ឡោះជាម្ចាស់មិនទាន់បានបំពេញសាសនាសម្រាប់ប្រជាជាតិនេះឱ្យមានភាពពេញលេញនោះទេ ហើយថាអ្នកនាំសារមូហាំម៉ាត់ ﷺ ក៏មិនបានផ្សព្វផ្សាយ(បានពេញលេញ)នូវអ្វីដែលប្រជាជាតិនេះគប្បីត្រូវប្រតិបត្តិតាមនោះដែរ រហូតដល់អ្នកជំនាន់ក្រោយទាំងនេះបានមកដល់ ហើយពួកគេបង្កើតឡើងថ្មីនៅក្នុងច្បាប់បញ្ញត្តិរបស់អល់ឡោះនូវអ្វីដែលទ្រង់មិនបានអនុញ្ញាត ដោយពួកគេអះអាងថា ប្រការនោះ គឺជាអ្វីដែលនាំពួកគេឱ្យកាន់តែខិតជិតអល់ឡោះជាម្ចាស់។ គ្មានការសង្ស័យឡើយ ទង្វើបែបនេះ គឺជាគ្រោះថ្នាក់ដ៏ធំធេងបំផុត ហើយក៏ជាការប្រឆាំងនឹងអល់ឡោះជាម្ចាស់ និងអ្នកនាំសាររបស់ទ្រង់ ﷺ ផងដែរ។ ជាការពិតណាស់ អល់ឡោះជាម្ចាស់ទ្រង់ពិតជាបានបំពេញនូវសាសនា(អ៊ីស្លាម)សម្រាប់បណ្តាខ្ញុំបម្រើរបស់ទ្រង់ឲ្យមានភាពពេញលេញ និងបានបង្គ្រប់នូវឧបការគុណរបស់ទ្រង់ដល់ពួកគេ។ ចំណែកឯអ្នកនាំសារមូហាំម៉ាត់វិញ ក៏លោកពិតជាបានផ្សព្វផ្សាយសារយ៉ាងច្បាស់លាស់ផងដែរ។ លោកមិនបានបន្សល់ទុកនូវមាគ៌ាណាមួយដែលអាចនាំទៅកាន់ឋានសួគ៌ និងធ្វើឱ្យឃ្លាតឆ្ងាយពីឋាននរកនោះឡើយ លើកលែងតែលោកបានបញ្ជាក់វាយ៉ាងច្បាស់ដល់ប្រជាជាតិនេះ ដូចដែលមានភស្តុតាងបញ្ជាក់នៅក្នុងហាទីស្ហត្រឹមត្រូវមួយ អំពី អាប់ទុលឡោះ ពិន អាំរ៍ رضي الله عنهما គាត់បាននិយាយថា៖ រ៉ស៊ូលុលឡោះ ﷺ លោកបានមានប្រសាសន៍ថា៖ “គ្រប់ណាពីទាំងអស់ដែលអល់ឡោះជាម្ចាស់បានបញ្ជូនមក គឺសុទ្ធតែមានកាតព្វកិច្ចចង្អុលបង្ហាញដល់ប្រជាជាតិរបស់ខ្លួននូវប្រការល្អដែលខ្លួនបានដឹងសម្រាប់ពួកគេ និងដាស់តឿនព្រមានពួកគេពីប្រការអាក្រក់ដែលខ្លួនបានដឹងសម្រាប់ពួកគេផងដែរ”។ រាយការណ៍ដោយ មូស្លីម នៅក្នុងសៀវភៅសហេសរបស់គាត់
ដូចដែលបានដឹងស្រាប់ហើយថា ណាពីយើង ﷺ គឺជាណាពីដែលល្អប្រសើរជាងគេបំផុត និងជាណាពីចុងក្រោយបង្អស់ ហើយក៏ជាណាពីម្នាក់ដែលមានភាពពេញលេញជាងគេបំផុតក្នុងការផ្សព្វផ្សាយ និងទូន្មានប្រៀនប្រដៅ។ ដូច្នេះ ប្រសិនបើការប្រារព្ធពិធីបុណ្យខួបកំណើត(ម៉ាវឡុត) គឺជាផ្នែកមួយនៃសាសនាដែលអល់ឡោះជាម្ចាស់ពេញចិត្តនោះ ច្បាស់ជារ៉ស៊ូលុលឡោះ ﷺ បញ្ជាក់ប្រាប់ដល់ប្រជាជាតិរបស់លោក ឬមួយក៏លោកធ្វើវាក្នុងពេលដែលលោកនៅមានជីវិត ឬមួយក៏សហាហ្ពាត់របស់លោកប្រារព្ធធ្វើវាជាមិនខាន។ ដូច្នេះ ប្រសិនបើគ្មាននរណាម្នាក់ក្នុងចំណោមពួកគាត់បានប្រារព្ធធ្វើវាទេនោះ គឺគេអាចដឹងបានថា ប្រការនោះពុំមែនជាផ្នែកមួយនៃសាសនាអ៊ីស្លាមឡើយ។ ផ្ទុយទៅវិញ វាគឺជាការបង្កើតថ្មីក្នុងសាសនា(ប្រការពិទអះ)ដែលរ៉ស៊ូលុលឡោះ ﷺ លោកបានព្រមានប្រជាជាតិរបស់លោកអំពីវា ដូចដែលបានលើកឡើងរួចមកហើយនៅក្នុងហាទីស្ហជាច្រើន។ ចំណែកអាយ៉ាត់គួរអាន និងហាទីស្ហទាក់ទងនឹងបញ្ហានេះ គឺមានច្រើនលើសលប់។
សាសនវិទូអ៊ីស្លាមមួយក្រុមបានបញ្ជាក់យ៉ាងច្បាស់អំពីការហាមឃាត់ការប្រារព្ធពិធីខួបកំណើត និងបានព្រមានពីវា ដោយអនុវត្តតាមភស្តុតាងជាច្រើនដែលបានលើកឡើងខាងលើ រួមទាំងភស្តុតាងផ្សេងៗទៀត។ ក៏ប៉ុន្តែមានសាសនវិទូអ៊ីស្លាមជំនាន់ក្រោយមួយចំនួនបានយល់ឃើញផ្ទុយពីនេះ ដោយពួកគេបានអនុញ្ញាតឲ្យប្រារព្ធពិធីនេះបាន បើកាលណាមិនមានពាក់ព័ន្ធនឹងអំពើអាក្រក់ណាមួយ ដូចជាការលើកតម្កើងរ៉ស៊ូលុលឡោះ ﷺ ជ្រុលហួសហេតុ ការលាយឡំគ្នារវាងស្ត្រីនិងបុរស ការប្រើប្រាស់ឧបករណ៍តន្ត្រី ក៏ដូចជាប្រការផ្សេងៗទៀតដែលច្បាប់បញ្ញត្តិអ៊ីស្លាមដ៏បរិសុទ្ធបានហាមឃាត់ ហើយពួកគេយល់ថា វាជាពិទអះហាសាណះ(ការបង្កើតថ្មីដែលល្អក្នុងសាសនាឥស្លាម)។
ចំណែកឯគោលការណ៍នៃច្បាប់អ៊ីស្លាមវិញ គឺគេត្រូវត្រឡប់រាល់បញ្ហាដែលមនុស្សមានការខ្វែងគំនិតគ្នានោះ ទៅរកគម្ពីររបស់អល់ឡោះ(គម្ពីរគួរអាន) និងស៊ុណ្ណះអ្នកនាំសាររបស់ទ្រង់ មូហាំម៉ាត់ ﷺ ដូចដែលអល់ឡោះជាម្ចាស់ទ្រង់បានមានបន្ទូលថា៖ “ឱបណ្ដាអ្នកដែលមានជំនឿ! ចូរពួកអ្នកប្រតិបត្តិតាមអល់ឡោះ និងចូរពួកអ្នកប្រតិបត្តិតាមអ្នកនាំសារ ហើយនិងមេដឹកនាំរបស់ពួកអ្នក។ ប្រសិនបើពួកអ្នកខ្វែងគំនិតគ្នាពីបញ្ហាអ្វីមួយ ចូរពួកអ្នកត្រឡប់បញ្ហានោះទៅកាន់អល់ឡោះ(គម្ពីរគួរអាន) និងអ្នកនាំសារ(ស៊ុណ្ណះ) ប្រសិនបើពួកអ្នកពិតជាមានជំនឿចំពោះអល់ឡោះនិងថ្ងៃបរលោកមែននោះ។ នោះជាការប្រសើរ និងទទួលបានលទ្ធផលចុងក្រោយដ៏ល្អផងដែរ”។ [គម្ពីរគួរអាន ៤:៥៩] ទ្រង់បានមានបន្ទូលទៀតថា៖ “ហើយប្រការអ្វីមួយដែលពួកអ្នកបានខ្វែងគំនិតគ្នាចំពោះវា ពិតប្រាកដណាស់ ការកាត់សេចក្តីចំពោះវា គឺទៅកាន់អល់ឡោះ...”។ [គម្ពីរគួរអាន ៤២:១០]
ជាការពិតណាស់ យើងបានត្រឡប់បញ្ហានេះ ពោលគឺការប្រារព្ធពិធីបុណ្យខួបកំណើត(ម៉ាវឡុត) ទៅរកគម្ពីររបស់អល់ឡោះជាម្ចាស់(គម្ពីរគួរអាន) ហើយយើងបានរកឃើញថា គម្ពីរនេះបានបង្គាប់ប្រើយើងឲ្យដើរតាមអ្នកនាំសារ ﷺ នូវអ្វីដែលលោកបាននាំមក និងព្រមានយើងឲ្យចៀសវាងពីប្រការទាំងឡាយដែលលោកហាមឃាត់។ គម្ពីរនេះក៏បានប្រាប់យើងផងដែរថា អល់ឡោះជាម្ចាស់ពិតជាបានបំពេញសាសនាសម្រាប់ប្រជាជាតិនេះនូវសាសនារបស់ពួកគេបានយ៉ាងពេញលេញ។ ហើយការប្រារព្ធពិធីបុណ្យនេះ មិនស្ថិតក្នុងចំណោមអ្វីដែលអ្នកនាំសារ ﷺ បាននាំមកនោះឡើយ។ ដូចនេះ វាមិនមែនជាផ្នែកមួយនៃសាសនាដែលអល់ឡោះជាម្ចាស់បានបំពេញវាឲ្យមានភាពពេញលេញសម្រាប់យើង និងបានបង្គាប់ប្រើយើងឲ្យដើរតាមអ្នកនាំសារនៅក្នុងសាសនានោះឡើយ។
ហើយយើងក៏បានត្រឡប់បញ្ហានេះទៅកាន់ស៊ុណ្ណះរ៉ស៊ូលុលឡោះ ﷺ ផងដែរ តែយើងមិនបានរកឃើញនៅក្នុងនោះថា លោកបានប្រារព្ធធ្វើវា ហើយបង្គាប់ប្រើឱ្យធ្វើវាឡើយ។ ពិធីនេះក៏មិនត្រូវបានប្រារព្ធធ្វើដោយសហាហ្ពាត់របស់លោកនោះដែរ។ ដោយសារហេតុនេះ ទើបយើងដឹងថា ពិធីនេះមិនមែនជាផ្នែកមួយនៃសាសនាអ៊ីស្លាមឡើយ។ ផ្ទុយទៅវិញ វាជាប្រការដែលគេបង្កើតថ្មីក្នុងសាសនា(ពិទអះ) និងជាការប្រដូចខ្លួននឹងពួកអះលីគីតាបដែលជាពួកយូដា និងពួកគ្រឹស្ទាននៅក្នុងពិធីបុណ្យរបស់ពួកគេ។
តាមរយៈហេតុផលទាំងនោះ វាពិតជាបានស្តែងឡើងយ៉ាងច្បាស់សម្រាប់បុគ្គលគ្រប់រូបដែលមានការពិចារណា សូម្បីតែបន្តិចបន្តួចក្តី ក៏ដូចជាមានបំណងប្រាថ្នាចង់ទទួលបានសេចក្តីពិត និងមានភាពអព្យាក្រឹតក្នុងការស្វែងរកសេចក្តីពិតថា ជាការពិតណាស់ ការប្រារព្ធពិធីបុណ្យខួបកំណើត(ម៉ាវឡុត) គឺពុំមាននៅក្នុងសាសនាអ៊ីស្លាមឡើយ។ ផ្ទុយទៅវិញ វាស្ថិតក្នុងចំណោមប្រការពិទអះ ប្រការដែលគេបង្កើតថ្មីក្នុងសាសនាឥស្លាម ដែលអល់ឡោះជាម្ចាស់ និងអ្នកនាំសាររបស់ទ្រង់ ﷺ បានបង្គាប់ប្រើឱ្យបោះបង់ចោលជាដាច់ខាត និងប្រុងប្រយ័ត្នពីវា។ ហើយពិតប្រាកដណាស់ វាជារឿងមិនគប្បីឡើយចំពោះបុគ្គលដែលមានប្រាជ្ញាស្មារតីក្នុងការដែលខ្លួនទៅចាញ់បោកនឹងចំនួនដ៏ច្រើនលើសលប់នៃបណ្តាជនដែលបានប្រារព្ធពិធីបុណ្យនេះនៅតាមតំបន់នានា ពីព្រោះថាសេចក្តីពិត គឺមិនត្រូវបានគេស្គាល់ ឬវាស់វែងតាមរយៈចំនួនដ៏ច្រើននៃអ្នកប្រព្រឹត្តវានោះឡើយ។ ផ្ទុយទៅវិញ វាត្រូវបានគេស្គាល់ និងវាស់វែងតាមរយៈភស្តុតាងផ្នែកច្បាប់អ៊ីស្លាមប៉ុណ្ណោះ ដូចដែលអល់ឡោះជាម្ចាស់ទ្រង់បានមានបន្ទូលអំពីពួកយូដា និងពួកគ្រឹស្ទានថា៖ “ហើយពួកគេបាននិយាយថា៖ គ្មានអ្នកណាអាចចូលឋានសួគ៌ជាដាច់ខាត លើកលែងតែអ្នកដែលកាន់សាសនាយូដា ឬកាន់តាមសាសនាគ្រឹស្តប៉ុណ្ណោះ។ ទាំងនេះគ្រាន់តែជាការស្រមើស្រមៃរបស់ពួកគេប៉ុណ្ណោះ។ ចូរអ្នកពោលចុះថា៖ ចូរពួកអ្នកបង្ហាញភស្តុតាងរបស់ពួកអ្នកមក ប្រសិនបើពួកអ្នកជាអ្នកដែលត្រឹមត្រូវ(ចំពោះអ្វីដែលពួកអ្នកបានអះអាង)មែននោះ”។ [គម្ពីរគួរអាន ២:១១១] ទ្រង់បានមានបន្ទូលទៀតថា៖ “ប្រសិនបើអ្នក(ឱអ្នកនាំសារមូហាំម៉ាត់)ធ្វើតាមមនុស្សភាគច្រើននៅលើផែនដីនោះ ពួកគេនឹងធ្វើឱ្យអ្នកវង្វេងចេញពីមាគ៌ារបស់អល់ឡោះជាមិនខាន...”។ [គម្ពីរគួរអាន ៦:១១៦]
លើសពីនេះទៅទៀត ភាគច្រើននៃការប្រារព្ធពិធីបុណ្យខួបកំណើតទាំងនេះ ក្រៅពីវាជាប្រការដែលគេបង្កើតថ្មីក្នុងសាសនាឥស្លាម(ពិទអះ)ហើយនោះ គឺវាមិនចៀសផុតឡើយពីការកើតមាននូវអំពើខុសឆ្គងផ្សេងៗ ដូចជាការលាយឡំគ្នារវាងស្ត្រីនិងបុរស ការប្រើប្រាស់ចម្រៀងនិងឧបករណ៍តន្ត្រី ការពិសាគ្រឿងស្រវឹងនិងការប្រើប្រាស់គ្រឿងញៀន ក៏ដូចជាអំពើអាក្រក់ផ្សេងៗទៀត។ ជាការពិតណាស់ នៅក្នុងពិធីទាំងនោះ ជារឿយៗតែងតែមានការធ្លាក់ចូលទៅក្នុងប្រការដែលមានលក្ខណៈធំធេង និងធ្ងន់ធ្ងរជាងនោះទៅទៀត នោះគឺ ស្ហ៊ីរិកធំ ដែលទង្វើនេះ គឺកើតឡើងតាមរយៈការលើកតម្កើងជ្រុលហួសហេតុចំពោះរ៉ស៊ូលុលឡោះ ﷺ ឬអ្នកដទៃផ្សេងទៀតក្នុងចំណោមពួកកុសលបុគ្គលទាំងឡាយ ការបួងសួងសុំពីលោក សុំជំនួយពីលោក សុំការជួយជ្រោមជ្រែងពីលោក ហើយនិងការមានជំនឿថា លោកដឹងនូវប្រការអាថ៌កំបាំង ព្រមទាំងប្រការផ្សេងៗទៀតដែលមានលក្ខណៈជាទង្វើនៃភាពគ្មានជំនឿ(កាហ្វៀរ) ដែលមនុស្សជាច្រើនតែងបានប្រព្រឹត្តនៅក្នុងអំឡុងពេលដែលពួកគេប្រារព្ធពិធីបុណ្យខួបកំណើតណាពី ﷺ (ម៉ាវឡុតណាពី) និងខួបកំណើតបុគ្គលដទៃទៀតដែលពួកគេហៅអ្នកទាំងនោះថា ជាកុសលបុគ្គល(វ៉ើលី)។ ពិតណាស់ មានសេចក្តីរាយការណ៍ត្រឹមត្រូវពីរ៉ស៊ូលុលឡោះ ﷺ ថា៖ ពិតណាស់ លោកបានមានប្រសាសន៍ថា៖ “ចូរពួកអ្នកប្រុងប្រយ័ត្នចំពោះការជ្រុលនិយមក្នុងសាសនា ព្រោះតាមពិត ការជ្រុលនិយមក្នុងសាសនាបានបំផ្លាញអ្នកជំនាន់មុនពួកអ្នក”។ រ៉ស៊ូលុលឡោះ ﷺ លោកបានមានប្រសាសន៍ទៀតថា៖ “ចូរពួកអ្នកកុំលើកតម្កើងខ្ញុំហួសហេតុ ដូចដែលពួកគ្រឹស្ទានបានលើកតម្កើងណាពីអ៊ីសា កូនប្រុសរបស់ ម៉ារយ៉ាំ(លោកយេស៊ូ)។ តាមពិត រូបខ្ញុំគឺជាខ្ញុំបម្រើម្នាក់ប៉ុណ្ណោះ។ ហេតុនេះ សូមពួកអ្នកនិយាយថា៖ (ខ្ញុំជា)បម្រើរបស់អល់ឡោះ និងជាអ្នកនាំសាររបស់ទ្រង់បានហើយ”។ រាយការណ៍ដោយ អាល់ពូខរី នៅក្នុងសៀវភៅសហេសរបស់គាត់ ពីហាទីស្ហអ៊ូមើរ رضي الله عنه ។
អ្វីដែលចម្លែក និងគួរឲ្យភ្ញាក់ផ្អើលឱ្យនោះ គឺមានមនុស្សជាច្រើនមានភាពសកម្ម និងព្យាយាមប្រឹងប្រែងក្នុងការចូលរួមពិធីបុណ្យដែលបង្កើតថ្មីទាំងនេះ ថែមទាំងចេញមុខការពារវាទៀតផង ប៉ុន្តែពួកគេបែរជាខកខានពីអ្វីដែលអល់ឡោះជាម្ចាស់បានបញ្ញត្តិជាកាតព្វកិច្ចលើពួកគេ ដូចជាការចូលរួមសឡាតជុមអាត់(ថ្ងៃសុក្រ) និងការសឡាតជាលក្ខណៈរួមគ្នា(ជើម៉ាអះ)ទៅវិញ ដោយពួកគេមិនយកចិត្តទុកដាក់នឹងប្រការទាំងនោះឡើយ ហើយក៏មិនយល់ថាខ្លួនបានប្រព្រឹត្តនូវអំពើអាក្រក់ដ៏ធ្ងន់ធ្ងរនោះដែរ។ គ្មានការសង្ស័យឡើយថា នោះគឺបណ្តាលមកពីភាពទន់ខ្សោយនៃជំនឿ(អ៊ីម៉ាន) ខ្វះការយល់ដឹង និងភាពហ្មងសៅជាច្រើនដែលបានគ្របដណ្ដប់លើដួងចិត្តដោយសារតែការប្រព្រឹត្តអំពើបាបជាច្រើនប្រភេទ និងការប្រព្រឹត្តអំពើល្មើសផ្សេងៗ។ យើងខ្ញុំសុំពីអល់ឡោះជាម្ចាស់មេត្តាប្រទាននូវសេចក្ដីសុខសាន្តដល់យើងខ្ញុំ និងអ្នកមូស្លីមទាំងអស់។
ក្នុងចំណោមនោះផងដែរ គឺមានមនុស្សមួយចំនួន(ដែលចូលរួមក្នុងពិធីនេះ)យល់ថា រ៉ស៊ូលុលឡោះ ﷺ មានវត្តមានចូលរួមនៅក្នុងពិធីបុណ្យខួបកំណើត(ម៉ាវឡុត)។ ហេតុនេះហើយទើបពួកគេក្រោកឈរឡើង ដើម្បីជាការគោរពស្វាគមន៍ចំពោះលោក។ នេះគឺជាភាពខុសឆ្គងដ៏ធំបំផុត និងជាភាពល្ងង់ខ្លៅដ៏អាក្រក់បំផុត ព្រោះថា រ៉ស៊ូលុលឡោះ ﷺ មិនចេញពីផ្នូររបស់លោកមុនថ្ងៃបរលោកកើតឡើងឡើយ។ លោកមិនទាក់ទងជាមួយនរណាម្នាក់ក្នុងចំណោមមនុស្សលោកនោះទេ ហើយក៏មិនមានវត្តមាននៅក្នុងការជួបជុំរបស់ពួកគេនោះដែរ។ ផ្ទុយទៅវិញ លោកស្នាក់នៅក្នុងផ្នូររបស់លោក រហូតដល់ថ្ងៃបរលោក។ ចំណែកឯវិញ្ញាណខណ្ឌរបស់លោកវិញ គឺស្ថិតនៅឯ “អ៊ិល្លីយី្យន” ដ៏ខ្ពង់ខ្ពស់បំផុត នៅឯព្រះជាម្ចាស់របស់លោក នៅក្នុងឋានដ៏មានកិត្តិយស ដូចដែលអល់ឡោះជាម្ចាស់ទ្រង់បានមានបន្ទូលថា៖ “ក្រោយមក បន្ទាប់ពីនោះ ពួកអ្នកពិតជានឹងត្រូវស្លាប់ទៅវិញ។ បន្ទាប់មកទៀត នៅថ្ងៃបរលោក ពួកអ្នកពិតជានឹងត្រូវគេបង្កើតឲ្យរស់ឡើងវិញ”។ [គម្ពីរគួរអាន ២៣:១៥-១៦]
ហើយណាពី ﷺ លោកបានមានប្រសាសន៍ថា៖ “រូបខ្ញុំ គឺជាមនុស្សដំបូងគេបង្អស់ដែលផ្នូរនឹងរបើកចេញនៅថ្ងៃបរលោក ហើយខ្ញុំគឺជាអ្នកជួយអន្តរាគមន៍ដំបូងបង្អស់ និងជាអ្នកដែលត្រូវបានគេអនុញ្ញាតឱ្យជួយអន្តរាគមន៍ដំបូងគេបង្អស់”។ សូមពរជ័យ សិរីសួស្តីពីព្រះជាម្ចាស់របស់លោកកើតមានដល់លោក។
ដូចនេះ អាយ៉ាត់ដ៏ឧត្តុង្គឧត្តមទាំងពីរនេះ ក៏ដូចជាហាទីស្ហខាងលើនេះ ព្រមទាំងអាយ៉ាត់ និងហាទីស្ហជាច្រើនទៀតដែលមានអត្ថន័យដូចគ្នានេះ ទាំងអស់នេះសុទ្ធតែជាភស្តុតាងបញ្ជាក់ថា ណាពី ﷺ និងអ្នកដែលបានស្លាប់ទៅហើយផ្សេងទៀត គឺពួកគេនឹងចេញពីផ្នូររបស់ពួកគេនៅថ្ងៃបរលោក។ ហើយនេះគឺជាបញ្ហាមួយដែលសាសនវិទូអ៊ីស្លាមទាំងឡាយបានឯកភាពគ្នា ដោយគ្មានការខ្វែងគំនិតគ្នារវាងពួកគេឡើយ។ ដូច្នេះ គប្បីលើជនមូស្លីមគ្រប់រូបត្រូវមានការប្រុងប្រយ័ត្នចំពោះប្រការទាំងនេះ និងត្រូវចៀសវាងពីការបង្កើតថ្មីក្នុងសាសនា(ប្រការពិទអះ) និងអបិយជំនឿទាំងឡាយ ដែលពួកអវិជ្ជា និងបក្ខពួករបស់ពួកគេបានបង្កើតឡើង ដែលអល់ឡោះជាម្ចាស់មិនបានបញ្ចុះនូវភស្តុតាងណាមួយបញ្ជាក់អំពីវាឡើយ។ អល់ឡោះជាម្ចាស់ គឺជាអ្នកដែលគេសុំជំនួយ។ ទ្រង់តែមួយគត់ជាអ្នកដែលគេត្រូវពឹងផ្អែក ហើយគ្មានកម្លាំង និងអំណាចណាក្រៅពីអល់ឡោះជាម្ចាស់ឡើយ។
ចំណែកឯការសឡាវ៉ាត និងសាឡាមលើរ៉ស៊ូលុលឡោះ ﷺ វិញ គឺស្ថិតក្នុងចំណោមការបញ្ជិតខ្លួនទៅកាន់អល់ឡោះដ៏ប្រសើរបំផុត និងជាទង្វើកុសលដ៏ប្រសើរបំផុតមួយផងដែរ ដូចដែលអល់ឡោះជាម្ចាស់ទ្រង់បានមានបន្ទូលថា៖ “ពិតប្រាកដណាស់ អល់ឡោះជាម្ចាស់ និងម៉ាឡាអ៊ីកាត់ទាំងឡាយរបស់ទ្រង់កំពុងតែសឡាវ៉ាតលើណាពី(មូហាំម៉ាត់)។ ឱបណ្តាអ្នកដែលមានជំនឿ! ចូរពួកអ្នកសឡាវ៉ាត និងឲ្យសាឡាមទៅលើគាត់ចុះ”។ [គម្ពីរគួរអាន ៣៣:៥៦] ហើយណាពី ﷺ លោកបានមានប្រសាសន៍ថា៖ “ជនណាដែលសឡាវ៉ាតលើខ្ញុំមួយដង អល់ឡោះជាម្ចាស់នឹងសឡាវ៉ាតទៅលើគេវិញដប់ដង”។ ការសឡាវ៉ាតលើណាពី គឺជាទង្វើមួយដែលត្រូវបានគេបង្គាប់ប្រើគ្រប់ពេលវេលាទាំងអស់ ហើយត្រូវបានគេសង្កត់ធ្ងន់ជាពិសេសនៅចុងបញ្ចប់នៃរាល់សឡាតនីមួយ។ មិនតែប៉ុណ្ណោះ វាថែមទាំងជាកាតព្វកិច្ច(វ៉ាជិប)នៅក្នុងតះយិតចុងក្រោយនៃគ្រប់សឡាតទាំងអស់ទៀតផង យោងតាមទស្សនៈរបស់សាសនវិទូអ៊ីស្លាមមួយក្រុម។ ចំណែកឯការបង្គាប់ប្រើជាលក្ខណៈស្ម័គ្រចិត្ត(ស៊ូណិត)វិញ ក៏ត្រូវបានសង្កត់ធ្ងន់នៅតាមពេលវេលាជាច្រើនផងដែរ រួមមាន ក្រោយពេលអាហ្សានរួច នៅពេលរំលឹកដល់លោក និងនៅថ្ងៃសុក្រនិងយប់សុក្រ ដូចដែលមានភស្តុតាងពីហាទីស្ហជាច្រើនដែលបញ្ជាក់បែបនេះ។
យើងខ្ញុំសូមបួងសួងដល់អល់ឡោះជាម្ចាស់សូមទ្រង់មេត្តាចង្អុលបង្ហាញដល់យើងខ្ញុំ និងជនមូស្លីមទាំងឡាយឲ្យបានយល់ដឹងអំពីសាសនារបស់ទ្រង់ និងមានជំហររឹងមាំលើសាសនានេះ ហើយសូមទ្រង់មេត្តាប្រោសប្រទានដល់យើងខ្ញុំទាំងអស់គ្នាឱ្យប្រកាន់ខ្ជាប់នឹងស៊ុណ្ណះ និងប្រុងប្រយ័ត្នពីប្រការពិទអះ។ ពិតណាស់ ទ្រង់ជាម្ចាស់ដ៏សប្បុរស និងឧត្តមឧត្តមបំផុត។
សូមពរជ័យ សិរីសួស្តីពីអល់ឡោះជាម្ចាស់កើតមានដល់ណាពីយើងមូហាំម៉ាត់ ព្រមទាំងក្រុមគ្រួសារ និងបណ្តាសហាហ្ពាត់របស់លោក។
សារទីប្រាំមួយ៖
ច្បាប់ស្តីពីការប្រារព្ធពិធីនាយប់អ៊ិសរ៉ក និងមៀករ៉ច
ការសរសើរទាំងឡាយ គឺសម្រាប់អល់ឡោះ។ សូមសន្តិភាព និងពរជ័យកើតមានដល់អ្នកនាំសាររបស់អល់ឡោះ ព្រមទាំងក្រុមគ្រួសារ និងបណ្ដាសហាហ្ពាត់របស់លោក។
ជាបន្តមកទៀត៖ គ្មានការសង្ស័យឡើយថា ជាការពិតណាស់ ព្រឹត្តិការណ៍ “អ៊ិសរ៉ក” និង”មៀករ៉ច” ស្ថិតក្នុងចំណោមសញ្ញាភស្តុតាងដ៏ធំធេងបំផុតមួយរបស់អល់ឡោះជាម្ចាស់ដែលបញ្ជាក់ពីសច្ចភាពរបស់អ្នកនាំសាររបស់ទ្រង់ មូហាំម៉ាត់ ﷺ និងភាពឧត្តុង្គឧត្តមនៃឋានៈរបស់លោកចំពោះទ្រង់ ព្រមទាំងជាភស្តុតាងដែលបង្ហាញពីឫទ្ធានុភាពដ៏អស្ចារ្យរបស់អល់ឡោះជាម្ចាស់ និងភាពខ្ពង់ខ្ពស់របស់ទ្រង់ទៅលើរាល់អ្វីៗទាំងអស់ដែលទ្រង់បានបង្កើត។ អល់ឡោះជាម្ចាស់ទ្រង់បានមានបន្ទូលថា៖ “អល់ឡោះមហាស្អាតស្អំដែលបានឲ្យខ្ញុំបម្រើរបស់ទ្រង់(ណាពីមូហាំម៉ាត់)ធ្វើដំណើរនាពេលយប់ចេញពីម៉ាស្ជិទអាល់ហារ៉ម(ទីក្រុងម៉ាក្កះ)ទៅកាន់ម៉ាស្ជិទអាល់អឹកសរ(ក្រុងយេរូសាឡឹម) ដែលយើង(អល់ឡោះ)បានប្រទានពរជ័យនៅជុំវិញវា(ម៉ាស្ជិទអាល់អឹកសរ) ដើម្បីបង្ហាញឲ្យគេ(ណាពីមូហាំម៉ាត់)បានឃើញនូវសញ្ញាភស្តុតាងទាំងឡាយរបស់យើង។ ពិតប្រាកដណាស់ ទ្រង់មហាឮ មហាឃើញបំផុត”។ [គម្ពីរគួរអាន ១៧:១]
ភស្តុតាងជាច្រើនបានបញ្ជាក់យ៉ាងច្បាស់ពីរ៉ស៊ូលុលឡោះ ﷺ ថា ជាការពិតណាស់ រូបលោកត្រូវបានគេនាំឡើងទៅកាន់មេឃា ហើយទ្វារមេឃាទាំងនោះត្រូវបានគេបើកសម្រាប់លោក រហូតដល់លោកបានឆ្លងផុតមេឃជាន់ទីប្រាំពីរ។ បន្ទាប់មក ព្រះជាម្ចាស់របស់លោកបានមានបន្ទូលទៅកាន់លោកនូវអ្វីដែលទ្រង់មានចេតនា ហើយទ្រង់បានដាក់កាតព្វកិច្ចសឡាតទាំងប្រាំពេលលើរូបលោក។ ដំបូងឡើយ អល់ឡោះជាម្ចាស់បានដាក់កាតព្វកិច្ចសឡាតនេះចំនួនហាសិបពេល។ ក៏ប៉ុន្តែ ណាពីយើងមូហាំម៉ាត់ ﷺ នៅតែបន្តត្រឡប់ទៅជួបអល់ឡោះម្តងហើយម្តងទៀត និងសុំការបន្ធូរបន្ថយពីទ្រង់ រហូតដល់ទ្រង់បន្ធូរបន្ថយមកនៅត្រឹមប្រាំពេលវិញ។ ដូចនេះ ជាកាតព្វកិច្ច សឡាតមានចំនួនប្រាំពេល តែផលបុណ្យដែលទទួលបាន គឺស្មើនឹងហាសិបពេលដដែល ពីព្រោះអំពើល្អមួយកើនទ្វេទៅជាដប់។ រាល់ការសរសើរ និងការដឹងគុណ គឺចំពោះអល់ឡោះជាម្ចាស់ទៅលើរាល់ឧបការគុណទាំងអស់របស់ទ្រង់។
យប់ជាក់លាក់ដែលបានកើតឡើងនូវព្រឹត្តិការណ៍អ៊ីសរ៉ក និងមៀករ៉ចនេះ គឺមិនមានបញ្ជាក់នៅក្នុងហាទីស្ហត្រឹមត្រូវត្រឹមត្រូវណាមួយឡើយ មិនថានៅក្នុងខែរ៉ហ្ជប់ ឬខែផ្សេងពីនេះនោះទេ។ រាល់សេចក្តីរាយការណ៍ទាក់ទងនឹងការកំណត់យប់នេះជាក់លាក់ គឺមិនមានភាពត្រឹមត្រូវពីណាពី ﷺ ឡើយ យោងតាមទស្សនៈរបស់អ្នកប្រាជ្ញផ្នែកហាទីស្ហ។ អល់ឡោះជាម្ចាស់ទ្រង់មានគតិបណ្ឌិតដ៏ជ្រាលជ្រៅក្នុងការធ្វើឱ្យមនុស្សលោកភ្លេចអំពីយប់នេះ។ ហើយបើទោះបីជាមានភស្តុតាងបញ្ជាក់ច្បាស់ថា យប់ណាមួយជាយប់ដែលកើតមានព្រឹត្តិការណ៍អ៊ិសរ៉ក មៀករ៉ច ក៏ដោយ ក៏គេមិនអនុញ្ញាតឱ្យជនមូស្លីមកំណត់នូវគោរពសក្ការៈ(អ៊ីហ្ពាហ្ទាត់)ណាមួយជាក់លាក់សម្រាប់យប់នោះ ហើយក៏មិនអនុញ្ញាតឱ្យប្រារព្ធពិធីអបអរសាទរក្នុងយប់នោះដែរ ពីព្រោះណាពី ﷺ និងបណ្តាសហាហ្ពាត់របស់លោក رضي الله عنهم មិនបានប្រារព្ធពិធីអបអរសាទរក្នុងយប់នោះឡើយ ហើយក៏មិនបានកំណត់អ្វីមួយជាពិសេសសម្រាប់យប់នោះដែរ។ ប្រសិនបើការប្រារព្ធពិធីបុណ្យក្នុងយប់នោះជាប្រការដែលត្រូវបានច្បាប់អ៊ីស្លាមបង្គាប់ប្រើមែននោះ ច្បាស់ជារ៉ស៊ូលុលឡោះ ﷺ ប្រាកដជានឹងបញ្ជាក់ប្រាប់ដល់ប្រជាជាតិរបស់លោកជាមិនខាន មិនថាដោយពាក្យសម្តី ឬដោយទង្វើឡើយ។ ហើយប្រសិនបើលោកពិតជាបានបញ្ជាក់ប្រាប់ដល់ប្រជាជាតិរបស់លោកមែននោះ រឿងនេះប្រាកដជានឹងត្រូវបានគេដឹងឮ និងល្បីសុសសាយ ហើយបណ្តាសហាហ្ពាត់ رضي الله عنهم ប្រាកដជានឹងពាំនាំប្រាប់ដល់ពួកយើងមិនខានឡើយ ព្រោះថា បណ្តាសហាហ្ពាត់ رضي الله عنهم ពួកគាត់បានពាំនាំពីណាពី ﷺ នូវគ្រប់អ្វីៗដែលប្រជាជាតិត្រូវការ ហើយពួកគាត់មិនបានធ្វេសប្រហែសក្នុងរឿងណាមួយទាក់ទងនឹងសាសនានោះឡើយ។ ផ្ទុយទៅវិញ ពួកគាត់គឺជាអ្នកដែលឈានមុខគេគ្រប់អំពើល្អទាំងអស់។ ហេតុដូច្នេះ ប្រសិនបើការប្រារព្ធពិធីនាយប់នោះត្រូវបានច្បាប់អ៊ីស្លាមបង្គាប់ប្រើមែននោះ ច្បាស់ជាពួកគាត់ប្រារព្ធធ្វើវាមុនគេទៅទៀត។ ណាពី ﷺ លោកគឺជាអ្នកដែលផ្តល់ដំបូន្មានដ៏ស្មោះត្រង់បំផុតចំពោះមនុស្សជាតិ។ លោកពិតជាបានផ្សព្វផ្សាយសារយ៉ាងពេញលេញបំផុត និងបានបំពេញនូវទំនុកចិត្តយ៉ាងខ្ជាប់ខ្ជួនបំផុត។ ហេតុនេះ ប្រសិនបើការលើកតម្កើងយប់នេះ និងការប្រារព្ធពិធីនៅក្នុងយប់នេះ គឺជាផ្នែកមួយនៃសាសនារបស់អល់ឡោះមែននោះ ច្បាស់ជាណាពី ﷺ មិនធ្វេសប្រហែសចំពោះវា និងមិនលាក់បាំងវាឡើយ។ ដោយសារតែរឿងបែបនេះមិនអាចកើតឡើងទេនោះ គឺគេអាចដឹងយ៉ាងច្បាស់ថា ការប្រារព្ធពិធី និងការលើកតម្កើងយប់នេះ មិនមែនជាផ្នែកណាមួយនៃសាសនាអ៊ីស្លាមនោះឡើយ។ ជាការពិតណាស់ អល់ឡោះជាម្ចាស់ទ្រង់បានបំពេញនូវសាសនាអ៊ីស្លាមសម្រាប់ប្រជាជាតិនេះយ៉ាងពេញលេញ និងបានបង្គ្រប់នូវឧបការគុណរបស់ទ្រង់យ៉ាងពេញលេញចំពោះពួកគេ ហើយទ្រង់បានបដិសេធចំពោះជនណាដែលបានដាក់ច្បាប់បញ្ញត្តិណាមួយនៅក្នុងសាសនានេះនូវអ្វីដែលទ្រង់មិនបានអនុញ្ញាត។ អល់ឡោះជាម្ចាស់ទ្រង់បានមានបន្ទូលនៅក្នុងគម្ពីរដ៏ច្បាស់លាស់របស់ទ្រង់ថា៖ “នៅក្នុងថ្ងៃនេះដែរ យើងបានបំពេញសាសនារបស់ពួកអ្នកឱ្យពួកអ្នក ហើយយើងបានបង្គ្រប់ឧបការគុណរបស់យើងដល់ពួកអ្នក និងបានពេញចិត្តជ្រើសយកអ៊ីស្លាមជាសាសនាសម្រាប់ពួកអ្នក”។ [គម្ពីរគួរអាន ៥:៣] ទ្រង់បានមានបន្ទូលទៀតថា៖ “ឬមួយពួកគេមានព្រះនានាផ្សេងពីអល់ឡោះដែលបានដាក់ច្បាប់បញ្ញត្តិសាសនាសម្រាប់ពួកគេនូវអ្វីដែលអល់ឡោះមិនបានអនុញ្ញាត? ហើយប្រសិនបើគ្មានការកំណត់(ពីអល់ឡោះ)ទេនោះ ប្រាកដជាគេនឹងកាត់សេចក្តីរវាងពួកគេ(ភ្លាមៗ)ជាមិនខាន។ ហើយពិតប្រាកដណាស់ ពួកដែលបំពាន សម្រាប់ពួកគេនឹងទទួលទណ្ឌកម្មដ៏សែនឈឺចាប់បំផុត”។ [គម្ពីរគួរអាន ៤២:២១]
មានភស្តុតាងបញ្ជាក់ពីរ៉ស៊ូលុលឡោះ ﷺ នៅក្នុងហាទីស្ហត្រឹមត្រូវជាច្រើនដែលលោកបានព្រមានអំពីការបង្កើតថ្មីក្នុងសាសនា(អំពើពិទអះ) ហើយលោកបានបញ្ជាក់យ៉ាងច្បាស់ថា វាគឺជាភាពវង្វេង ដើម្បីជាការដាស់តឿនដល់ប្រជាជាតិអំពីគ្រោះថ្នាក់ដ៏ធំធេងរបស់វា និងឲ្យពួកគេចៀសឆ្ងាយអំពីវា។ ក្នុងចំណោមភស្តុតាងទាំងនោះ គឺសេចក្តីរាយការណ៍ដែលមាននៅក្នុងសៀវភៅសហេសទាំងពីរ អំពី អាអ៊ីស្ហះ رضي الله عنها អំពីណាពី ﷺ ពិតណាស់ លោកបានមានប្រសាសន៍ថា៖ “បុគ្គលណាបង្កើតអ្វីមួយថ្មីនៅក្នុងកិច្ចការសាសនារបស់យើង ហើយប្រការនោះពុំមែនជាកិច្ចការសាសនាពីយើងទេនោះ វានឹងត្រូវគេបដិសេធចោល”។ ចំណែកឯនៅក្នុងសេចក្តីរាយការណ៍របស់មូស្លីមវិញ៖ “ជនណាធ្វើទង្វើអ្វីមួយដែលមិនមែនជាកិច្ចការ(សាសនា)របស់យើងទេនោះ កិច្ចការនោះនឹងត្រូវគេបដិសេធចោល”។ នៅក្នុង សៀវភៅសហេសមូស្លីម អំពីជើពៀរ رضي الله عنه បាននិយាយថា៖ រ៉ស៊ូលុលឡោះ ﷺ លោកបានមានប្រសាសន៍នៅក្នុងឃុតហ្ពះរបស់លោកនៅថ្ងៃជុមអាត់(ថ្ងៃសុក្រ)ថា៖ “ជាបន្តមកទៀត ពិតប្រាកដណាស់ ពាក្យពេចន៍ដែលល្អបំផុត គឺគម្ពីររបស់អល់ឡោះ ហើយការចង្អុលបង្ហាញដែលល្អបំផុត គឺការចង្អុលបង្ហាញរបស់មូហាំម៉ាត់ ﷺ ។ ចំណែកឯកិច្ចការដែលអាក្រក់បំផុត គឺការបង្កើតថ្មីក្នុងសាសនា ហើយរាល់ការបង្កើតថ្មីក្នុងសាសនា(ប្រការពិទអះ) គឺសុទ្ធតែវង្វេង”។ ចំណែកឯ អាន់ណាសាអ៊ី វិញ ក្នុងសេចក្តីរាយការណ៍ដែលមានបណ្តាញអ្នករាយការណ៍ល្អ (សាណាត់ជៃយិត) បានបន្ថែមថា៖ “ហើយរាល់ភាពវង្វេង គឺស្ថិតក្នុងឋាននរក”។ នៅក្នុងសៀវភៅស៊ូណាន់ អំពី អាល់អៀរហ្ពាទ ពិន សារីយ៉ះ رضي الله عنه បាននិយាយថា៖ រ៉ស៊ូលុលឡោះ ﷺ លោកបានផ្តល់ដំបូន្មានដ៏មានអត្ថន័យមួយដល់ពួកយើងដែលធ្វើឲ្យចិត្តញាប់ញ័រ និងស្រក់ទឹកភ្នែក។ ពេលនោះ ពួកយើងបាននិយាយថា៖ ឱរ៉ស៊ូលុលឡោះ! វាហាក់ដូចជាដំបូន្មានចុងក្រោយអ៊ីចឹង។ ហេតុនេះ សូមលោកផ្តល់ដំបូន្មានដល់ពួកយើងមកចុះ។ លោកបានមានប្រសាសន៍ថា៖ “ខ្ញុំសូមផ្តាំផ្ញើពួកអ្នកឲ្យកោតខ្លាចអល់ឡោះ ហើយត្រូវស្តាប់បង្គាប់ និងគោរពតាមមេដឹកនាំ ទោះបីមេដឹកនាំនោះ ជាទាសករក៏ដោយ។ ជាការពិតណាស់ ជនណាហើយដែលនៅមានជីវិតក្នុងចំណោមពួកអ្នក នោះគេនឹងឃើញមានការខ្វែងគំនិតគ្នាជាច្រើន។ ហេតុនេះ ចូរពួកអ្នកប្រកាន់ខ្ជាប់នូវមាគ៌ា(ស៊ុណ្ណះ)របស់ខ្ញុំ និងមាគ៌ារបស់អ្នកគ្រប់គ្រងដ៏ឈ្លាសវៃដែលត្រូវបានគេចង្អុលបង្ហាញផ្លូវឲ្យបន្ទាប់ពីខ្ញុំ(ឃូឡាហ្វាកអើររ៉ស្ហ៊ីទីន)។ ចូរពួកអ្នកប្រកាន់ឲ្យបានខ្ជាប់នឹងវា ហើយខាំវានឹងធ្មេញថ្គាម។ ហើយចូរប្រុងប្រយ័ត្នចំពោះប្រការទាំងឡាយដែលគេបង្កើតថ្មី(នៅក្នុងសាសនា) ព្រោះរាល់ប្រការដែលគេបង្កើតថ្មី គឺជាប្រការពិទអះ ហើយរាល់ប្រការពិទអះ គឺសុទ្ធតែវងេ្វង”។ ហាទីស្ហដែលមានខ្លឹមសារក្នុងន័យនេះ មានច្រើនណាស់។
ជាការពិតណាស់ មានភស្តុតាងបញ្ជាក់ពីបណ្តាសហាហ្ពាត់របស់រ៉ស៊ូលុលឡោះ ﷺ និងពីបណ្តាអ្នកអ៊ីស្លាមជំនាន់មុនដ៏ល្អប្រពៃក្រោយពីពួកគាត់(សាឡាហ្វ)នូវការព្រមានអំពីការបង្កើតថ្មីក្នុងសាសនាអ៊ីស្លាម(ប្រការពិទអះ) និងបំភ័យមនុស្សអំពីវា។ នោះក៏ព្រោះតែទង្វើនោះ គឺជាការបន្ថែមទៅក្នុងសាសនា និងបន្ថែមនូវច្បាប់បញ្ញត្តិថ្មីដែលអល់ឡោះជាម្ចាស់មិនបានអនុញ្ញាត ព្រមទាំងជាការយកតម្រាប់តាមសត្រូវរបស់អល់ឡោះ គឺពួកយូដា និងពួកគ្រឹស្ទាន ដែលពួកគេបានបន្ថែមទៅក្នុងសាសនារបស់ពួកគេ និងបង្កើតនូវច្បាប់ថ្មីៗនៅក្នុងសាសនានូវអ្វីដែលអល់ឡោះជាម្ចាស់មិនបានអនុញ្ញាត។ ម្យ៉ាងវិញទៀត ដោយសារតែការធ្វើដូចនោះ គឺនាំឱ្យមានការបន្ទាបបន្ថោកដល់សាសនាអ៊ីស្លាម និងការចោទប្រកាន់សាសនាថាមិនមានភាពពេញលេញ។ ដូចដែលគេបានដឹងច្បាស់ហើយថា ទង្វើបែបនេះ គឺជាភាពអន្តរាយដ៏ធំធេង ជាអំពើអាក្រក់ដ៏គួរឱ្យស្អប់ខ្ពើម ព្រមទាំងផ្ទុយទៅនឹងបន្ទូលរបស់អល់ឡោះជាម្ចាស់ដ៏មហាឧត្តុង្គឧត្តមដែលទ្រង់បានមានបន្ទូលថា៖ “នៅក្នុងថ្ងៃនេះដែរ យើងបានបំពេញសាសនារបស់ពួកអ្នកឱ្យពួកអ្នក”។ [គម្ពីរគួរអាន ៥:៣] លើសពីនេះ គឺផ្ទុយយ៉ាងច្បាស់ទៅនឹងបណ្ដាហាទីស្ហរ៉ស៊ូលុលឡោះ ﷺ ដែលបានព្រមានអំពីការបង្កើតថ្មីក្នុងសាសនាអ៊ីស្លាម(ប្រការពិទអះ) ព្រមទាំងដាស់តឿនឱ្យជៀសឆ្ងាយពីវា។
អាស្រ័យហេតុនេះ តាមរយៈភស្តុតាងទាំងឡាយដែលយើងបានលើកឡើងមកនេះ ខ្ញុំសង្ឃឹមយ៉ាងមុតមាំថា វាពិតជាគ្រប់គ្រាន់ និងច្បាស់លាស់ជាទីពេញចិត្តសម្រាប់អ្នកស្វែងរកសេចក្តីពិតក្នុងការបដិសេធនូវការបង្កើតថ្មីក្នុងសាសនាមួយនេះ ពោលគឺ ការបង្កើតថ្មីទាក់ទងនឹងការប្រារព្ធពិធីក្នុងយប់ អ៊ិសរ៉ក មៀករ៉ច ព្រមទាំងព្រមានអំពីវា និងបញ្ជាក់ថា កិច្ចការមួយនេះមិនមែនស្ថិតនៅក្នុងសាសនាអ៊ីស្លាមសូម្បីតែបន្តិចឡើយ។
ដោយសារតែអល់ឡោះជាម្ចាស់ទ្រង់បានដាក់កាតព្វកិច្ចឲ្យផ្តល់ដំបូន្មានដល់ជនមូស្លីម និងបកស្រាយបញ្ជាក់នូវអ្វីដែលអល់ឡោះបានបញ្ញត្តិសម្រាប់ពួកគេក្នុងសាសនា ព្រមទាំងហាមឃាត់ការលាក់បាំងចំណេះដឹង ខ្ញុំយល់ឃើញថា ត្រូវដាស់តឿនបងប្អូនមូស្លីមរបស់ខ្ញុំអំពីការបង្កើតថ្មីក្នុងសាសនា(អំពើពិទអះ)នេះ ដែលបានសាយភាយនៅតាមតំបន់ជាច្រើន រហូតដល់មនុស្សមួយចំនួនគិតថា វាជាផ្នែកមួយនៃសាសនាថែមទៀត។
យើងខ្ញុំសូមបួងសួងដល់អល់ឡោះជាម្ចាស់សូមទ្រង់មេត្តាធ្វើឱ្យប្រសើរឡើងនូវស្ថានភាពរបស់ជនមូស្លីមទាំងអស់ និងប្រទានដល់ពួកគេនូវការយល់ដឹងក្នុងសាសនា ព្រមទាំងចង្អុលបង្ហាញដល់យើងខ្ញុំ ក៏ដូចជាពួកគេឱ្យប្រកាន់ខ្ជាប់នូវភាពត្រឹមត្រូវ និងមានជំហររឹងមាំនៅលើវា ហើយបោះបង់ចោលនូវអ្វីដែលផ្ទុយពីវា។ ពិតប្រាកដណាស់ ទ្រង់គឺជាម្ចាស់នៃកិច្ចការនោះ និងជាអ្នកមានសមត្ថភាពលើវា។
សូមពរជ័យ សិរីសួស្តី និងសន្តិភាពពីអល់ឡោះជាម្ចាស់កើតមានដល់ខ្ញុំបម្រើ និងអ្នកនាំសាររបស់ទ្រង់ ណាពីយើងមូហាំម៉ាត់ ព្រមទាំងក្រុមគ្រួសារ និងបណ្តាសហាហ្ពាត់របស់លោក។
សារទីប្រាំពីរ
ច្បាប់ស្តីពីការប្រារព្ធពិធីនៅយប់ពាក់កណ្ដាលខែស្ហាក់ហ្ពាន
រាល់ការសរសើរទាំងឡាយ គឺសម្រាប់អល់ឡោះជាម្ចាស់ដែលទ្រង់បានបំពេញសាសនាដល់ពួកយើងយ៉ាងល្អឥតខ្ចោះ និងបានបង្គ្រប់នូវឧបការគុណរបស់ទ្រង់មកលើពួកយើងយ៉ាងពេញលេញ។ សូមពរជ័យ និងសុខសន្តិភាពកើតមានដល់ណាពី និងជាអ្នកនាំសាររបស់ទ្រង់ មូហាំម៉ាត់ ដែលជាណាពីនៃការសារភាពកំហុស និងក្ដីមេត្តាករុណា។
ជាបន្តមកទៀត៖ អល់ឡោះជាម្ចាស់ទ្រង់បានមានបន្ទូលថា៖ “នៅក្នុងថ្ងៃនេះដែរ យើងបានបំពេញសាសនារបស់ពួកអ្នកឱ្យពួកអ្នក ហើយយើងបានបង្គ្រប់ឧបការគុណរបស់យើងដល់ពួកអ្នក និងបានពេញចិត្តជ្រើសយកអ៊ីស្លាមជាសាសនាសម្រាប់ពួកអ្នក”។ [គម្ពីរគួរអាន ៥:៣] ទ្រង់បានមានបន្ទូលទៀតថា៖ “ឬមួយពួកគេមានព្រះនានាផ្សេងពីអល់ឡោះដែលបានដាក់ច្បាប់បញ្ញត្តិសាសនាសម្រាប់ពួកគេនូវអ្វីដែលអល់ឡោះមិនបានអនុញ្ញាត”? [គម្ពីរគួរអាន ៤២:២១] ហើយនៅក្នុងសៀវភៅសហេសទាំងពីរ អំពី អាអ៊ីស្ហះ رضي الله عنها អំពីណាពី ﷺ លោកបានមានប្រសាសន៍ថា៖ “បុគ្គលណាបង្កើតអ្វីមួយថ្មីនៅក្នុងកិច្ចការសាសនារបស់យើង ហើយប្រការនោះពុំមែនជាកិច្ចការសាសនាពីយើងទេនោះ វានឹងត្រូវគេបដិសេធចោល”។ ចំណែកឯនៅក្នុងសៀវភៅសហេសមូស្លីមវិញ អំពី ជើពៀរ رضي الله عنه ពិតណាស់ ណាពី ﷺ លោកតែងមានប្រសាសន៍នៅក្នុងឃុតហ្ពះជុមអាត់ថា៖ “ជាបន្តមកទៀត៖ ពិតប្រាកដណាស់ ពាក្យពេចន៍ដែលល្អបំផុត គឺគម្ពីររបស់អល់ឡោះ ហើយការចង្អុលបង្ហាញដែលល្អបំផុត គឺការចង្អុលបង្ហាញរបស់មូហាំម៉ាត់ ﷺ ។ ចំណែកឯកិច្ចការដែលអាក្រក់បំផុតនោះគឺ ការបង្កើតថ្មីក្នុងសាសនា ហើយរាល់ប្រការដែលបង្កើតថ្មី(ពិទអះ)ទាំងអស់នោះ គឺសុទ្ធតែវង្វេង”។ មានអាយ៉ាត់ និងហាទីស្ហជាច្រើនដែលមានអត្ថន័យបែបនេះ ដែលសុទ្ធសឹងបញ្ជាក់យ៉ាងច្បាស់ថា អល់ឡោះជាម្ចាស់ពិតជាបានបំពេញសាសនារបស់ប្រជាជាតិនេះឲ្យមានភាពពេញលេញ និងបានបង្គ្រប់នូវឧបការគុណរបស់ទ្រង់ដល់ប្រជាជាតិនេះ។ ហើយណាពីរបស់ទ្រង់ ﷺ លោកមិនទាន់ទទួលមរណភាពឡើយ លុះត្រាតែក្រោយពីលោកបានផ្សព្វផ្សាយយ៉ាងច្បាស់លាស់រួចរាល់ និងបានបកស្រាយប្រាប់ដល់ប្រជាជាតិនូវអ្វីគ្រប់យ៉ាងដែលអល់ឡោះជាម្ចាស់បានបញ្ញត្តិសម្រាប់ពួកគេ ទាំងពាក្យសម្តី និងទង្វើ។ ណាពី ﷺ លោកបានបញ្ជាក់ថា រាល់អ្វីដែលមនុស្សបង្កើតឡើងថ្មីបន្ទាប់ពីលោក ហើយភ្ជាប់វាទៅនឹងសាសនាអ៊ីស្លាម មិនថាជាពាក្យពេចន៍ ឬទង្វើ គឺសុទ្ធតែជាប្រការពិទអះ ដែលត្រូវគេបដិសេធចំពោះអ្នកដែលបានបង្កើតវាឡើង ទោះបីជាគេមានបំណងល្អក៏ដោយ។ ពិតណាស់ បណ្តាសហាហ្ពាត់របស់រ៉ស៊ូលុលឡោះ ﷺ បានដឹងពីរឿងនេះយ៉ាងច្បាស់ ហើយក៏ដូចគ្នាដែរ បណ្តាអ្នកប្រាជ្ញអ៊ីស្លាមក្រោយសម័យកាលរបស់ពួកគាត់ ដែលពួកគេបានបដិសេធរាល់អំពើពិទអះ និងបានព្រមានអំពីវា ដូចដែលបានលើកឡើងដោយអ្នកដែលបានចងក្រងសៀវភៅស្តីអំពីការលើកតម្កើងស៊ុណ្ណះ និងការបដិសេធអំពើពិទអះទាំងអស់ ដូចជា អ៊ិពនូវ៉ាត់ទ័ស អាត់ទូរទូស៊ី អាពូសាម៉ះ និងអ្នកផ្សេងទៀត។
ពិតប្រាកដណាស់ ក្នុងចំណោមប្រការពិទអះដែលមនុស្សមួយចំនួនបានបង្កើតឡើងគឺ ពិទអះនៃការប្រារព្ធពិធីនៅយប់ពាក់កណ្តាលខែស្ហាក់ហ្ពាន(យប់និសហ្វូស្ហាក់ហ្ពាន) និងការកំណត់យកថ្ងៃនោះដើម្បីបួស។ ទង្វើនេះ គឺពុំមានភស្តុតាងណាមួយដែលអាចពឹងផ្អែកបានឡើយ ទោះបីជាមានហាទីស្ហខ្សោយ(ទអ៊ីហ្វ)មួយចំនួនបានលើកឡើងពីឧត្តមភាពនៃយប់នោះក៏ដោយ ក៏គេមិនអនុញ្ញាតឱ្យពឹងផ្អែកលើហាទីស្ហទាំងនោះដែរ។
ចំណែកឯអ្វីដែលបានលើកឡើងពីឧត្តមភាព(ហ្វាទីឡាត់)នៃការសឡាតក្នុងយប់នោះ គឺសុទ្ធតែជាការប្រឌិតទាំងអស់ ដូចដែលសាសនវិទូអ៊ីស្លាមជាច្រើនបានក្រើនរំលឹកអំពីបញ្ហានេះដែលយើងនឹងលើកឡើងនូវពាក្យសម្ដីរបស់ពួកគាត់មួយចំនួនមកបញ្ជាក់ ប្រសិនបើអល់ឡោះមានចេតនា។
ក្នុងចំណោមនោះ ក៏មានសេចក្តីរាយការណ៍ពីអ្នកអ៊ីស្លាមជំនាន់មុន(សាឡាហ្វ)មួយចំនួនក្នុងចំណោមអ្នកស្រុកស្ហាម និងអ្នកផ្សេងទៀតផងដែរ។
អ្វីដែលសាសនវិទូអ៊ីស្លាមភាគច្រើនបានឯកភាពគ្នានោះគឺ ពិតប្រាកដណាស់ ការប្រារព្ធពិធីក្នុងយប់នោះ គឺជាប្រការដែលគេបង្កើតថ្មី(ពិទអះ)។ រាល់ហាទីស្ហទាំងឡាយដែលបានរៀបរាប់អំពីឧត្តមភាពនៃយប់នោះ គឺសុទ្ធសឹងតែជាហាទីស្ហខ្សោយ(ទអ៊ីហ្វ)ទាំងអស់ ថែមទាំងមានខ្លះជាហាទីស្ហប្រឌិត(ម៉ាវទួក)ទៀតផង។ ក្នុងចំណោមអ្នកដែលបានដាស់តឿនព្រមានបែបនេះមានដូចជា អាល់ហាហ្វីស អ៊ិពនូរ៉ហ្ជប់ នៅក្នុងសៀវភៅរបស់គាត់ដែលមានចំណងជើងថា “ឡាត៏អ៊ីហ្វុលម៉ាអារិហ្វ” និងអ្នកផ្សេងទៀត។ ដូចដែលបានដឹងស្រាប់ហើយថា ពិតប្រាកដណាស់ ហាទីស្ហខ្សោយ(ទអ៊ីហ្វ) គឺគេអាចយកមកអនុវត្តបានតែនៅក្នុងការគោរពសក្ការៈ(អ៊ីហ្ពាហ្ទាត់)ទាំងឡាយណាដែលមានឫសគល់ដើមត្រូវបានបញ្ជាក់ច្បាស់លាស់រួចមកហើយតាមរយៈភស្តុតាងដែលត្រឹមត្រូវ(សហេស)ប៉ុណ្ណោះ។ ចំពោះការប្រារព្ធពិធីនាយប់ពាក់កណ្តាលខែស្ហាក់ហ្ពានវិញ គឺគ្មានឫសគល់ត្រឹមត្រូវណាមួយ រហូតដល់គេអាចយកហាទីស្ហខ្សោយមកធ្វើជាបង្អែកនោះឡើយ។ ពិតប្រាកដណាស់ គោលការណ៍ដ៏ឧត្តុង្គឧត្តមមួយនេះ គឺត្រូវបានលើកឡើងដោយអ៊ីម៉ាំ អាពូអាល់អាប់ហ្ពាស ស្ហៃឃុលអ៊ីស្លាម អ៊ិពនូតៃមីយ៉ះ رحمه الله ។
លោកអ្នកអានជាទីគោរព! ខ្ញុំសូមលើកយកមកបង្ហាញជូនលោកអ្នកនូវអ្វីដែលសាសនវិទូអ៊ីស្លាមមួយចំនួនបានលើកឡើងទាក់ទងនឹងបញ្ហានេះ ដើម្បីឱ្យលោកអ្នកបានយល់ច្បាស់អំពីរឿងនេះ។
សាសនវិទូអ៊ីស្លាមបានឯកភាពគ្នាថា ចាំបាច់ត្រូវត្រឡប់រាល់បញ្ហាដែលមនុស្សមានការខ្វែងគំនិតគ្នាទៅកាន់គម្ពីររបស់អល់ឡោះជាម្ចាស់(គម្ពីរគួរអាន) និងទៅកាន់ស៊ុណ្ណះរ៉ស៊ូលុលឡោះ ﷺ ។ ដូច្នេះ អ្វីដែលគម្ពីរគួរអាននិងស៊ុណ្ណះ ឬមួយក្នុងចំណោមវាទាំងពីរបានកាត់សេចក្តី នោះគឺជាច្បាប់បញ្ញត្តិដែលចាំបាច់ត្រូវអនុវត្តតាម ហើយអ្វីដែលផ្ទុយនឹងគម្ពីរគួរអាននិងស៊ុណ្ណះ គឺចាំបាច់ត្រូវតែបោះបង់ចោល។ ចំណែកឯអ្វីដែលមិនមានបញ្ជាក់នៅក្នុងគម្ពីរគួរអាននិងស៊ុណ្ណះទាក់ទងនឹងការគោរពសក្ការៈ នោះគឺជាការបង្កើតថ្មីក្នុងសាសនា(ប្រការពិទអះ)ដែលមិនអនុញ្ញាតឱ្យអនុវត្តឡើយ កុំថាឡើយដល់ការអំពាវនាវទៅរកប្រការនោះ និងគាំទ្រលើកទឹកចិត្តចំពោះប្រការនោះ។ អល់ឡោះជាម្ចាស់ទ្រង់បានមានបន្ទូលថា៖ “ឱបណ្ដាអ្នកដែលមានជំនឿ! ចូរពួកអ្នកប្រតិបត្តិតាមអល់ឡោះ និងចូរពួកអ្នកប្រតិបត្តិតាមអ្នកនាំសារ ហើយនិងមេដឹកនាំរបស់ពួកអ្នក។ ហើយប្រសិនបើពួកអ្នកខ្វែងគំនិតគ្នាពីបញ្ហាអ្វីមួយ ចូរពួកអ្នកត្រឡប់បញ្ហានោះទៅកាន់អល់ឡោះ(គម្ពីរគួរអាន) និងអ្នកនាំសារ(ស៊ុណ្ណះ) ប្រសិនបើពួកអ្នកពិតជាមានជំនឿចំពោះអល់ឡោះនិងថ្ងៃបរលោកមែននោះ។ នោះជាការប្រសើរ និងទទួលបានលទ្ធផលចុងក្រោយដ៏ល្អផងដែរ”។ [គម្ពីរគួរអាន ៤:៥៩] ទ្រង់បានមានបន្ទូលទៀតថា៖ “ហើយប្រការអ្វីមួយដែលពួកអ្នកបានខ្វែងគំនិតគ្នាចំពោះវា ពិតប្រាកដណាស់ ការកាត់សេចក្តីចំពោះវា គឺទៅកាន់អល់ឡោះ...”។ [គម្ពីរគួរអាន ៤២:១០] ទ្រង់បានមានបន្ទូលទៀតថា៖ “ចូរអ្នក(ឱអ្នកនាំសារមូហាំម៉ាត់)ពោលចុះថា៖ ប្រសិនបើពួកអ្នកស្រលាញ់អល់ឡោះ(ពិតមែននោះ) ចូរពួកអ្នកប្រតិបត្ដិតាមខ្ញុំ នោះអល់ឡោះនឹងស្រឡាញ់ពួកអ្នក ហើយទ្រង់នឹងអភ័យទោសឱ្យពួកអ្នកនូវបាបកម្មទាំងឡាយរបស់ពួកអ្នក...”។ [គម្ពីរគួរអាន ៣:៣១] ទ្រង់បានមានបន្ទូលផងដែរថា៖ “មិនដូច្នោះឡើយ សូមស្បថនឹងព្រះជាម្ចាស់របស់អ្នក! ពួកគេមិនមានជំនឿ(ពិតប្រាកដ)ឡើយ លុះត្រាតែពួកគេប្រគល់ឲ្យអ្នកកាត់សេចក្ដីនូវរាល់ការខ្វែងគំនិតគ្នារវាងពួកគេ ក្រោយមក ពួកគេគ្មានការចង្អៀតចង្អល់នៅក្នុងចិត្តចំពោះអ្វីដែលអ្នកបានវិនិច្ឆ័យ ហើយពួកគេទទួលយកដោយពេញចិត្ត”។ [គម្ពីរគួរអាន ៤:៦៥] អាយ៉ាត់ដែលមានខ្លឹមសារបែបនេះ មានច្រើនណាស់ ហើយវាជាភស្តុតាងបញ្ជាក់ថា ចាំបាច់ត្រូវត្រឡប់រាល់បញ្ហាដែលមានការខ្វែងគំនិតគ្នាទៅរកគម្ពីរគួរអាននិងស៊ុណ្ណះ និងចាំបាច់ត្រូវពេញចិត្តចំពោះច្បាប់ដែលវាទាំងពីរបានកំណត់។ ជាការពិតណាស់ ការធ្វើបែបនេះ គឺជាតម្រូវការនៃសេចក្តីជំនឿ និងជាសេចក្តីល្អសម្រាប់ខ្ញុំបម្រើអល់ឡោះទាំងនៅក្នុងបច្ចុប្បន្ន និងទៅអនាគត ហើយលទ្ធផលចុងក្រោយ គឺល្អប្រសើរបំផុត។
អាល់ហាហ្វីស អ៊ិពនូរ៉ហ្ជប់ رحمه الله បានលើកឡើងនៅក្នុងសៀវភៅរបស់គាត់ (ឡាត៏អ៊ីហ្វុលម៉ាអារ៉ិហ្វ) ទាក់ទងនឹងបញ្ហានេះ(ដោយផ្អែកលើការរៀបរាប់ពីខាងដើមរួចមក)ដែលមានខ្លឹមសារថា៖
«ហើយចំពោះយប់ពាក់កណ្តាលខែស្ហាក់ហ្ពាន ពួកតាពីអ៊ីនក្នុងចំណោមអ្នកស្រុកស្ហាម ដូចជា ខលិទ ពិន មៀកហ្ទាន, មឹកហ៊ូល, លុកម៉ាន ពិន អាមៀរ និងអ្នកផ្សេងទៀត គឺពួកគេតែងតែលើកតម្កើងយប់នោះ និងខិតខំប្រឹងប្រែងក្នុងការគោរពសក្ការៈ(អ៊ីហ្ពាហ្ទាត់)នៅក្នុងយប់នោះ។ គឺផ្តើមចេញពីពួកគេទាំងនេះហើយដែលមនុស្សម្នាទទួលយកគំនិតដែលថា យប់នោះមានលក្ខណៈពិសេស(ហ្វាទីឡាត់) និងនាំគ្នាលើកតម្កើងយប់នោះ។ ហើយវាត្រូវបានគេនិយាយតៗគ្នាថា៖ ពិតប្រាកដណាស់ អ្វីដែលបានមកដល់ពួកគេ(អ្នកស្រុកស្ហាម)ជុំវិញរឿងរ៉ាវទាំងនោះ គឺគ្រាន់តែជានិទានកថារបស់ពួកអ៊ីស្រាអែល(آثار إسرائيلية)ប៉ុណ្ណោះ។ លុះនៅពេលដែលរឿងនោះបានល្បីខ្ចរខ្ចាយចេញពីពួកគេទៅតាមទីក្រុង និងតំបន់នានា មនុស្សម្នាទាំងឡាយក៏មានការខ្វែងគំនិតគ្នាចំពោះរឿងនេះ ដោយក្នុងចំណោមអ្នកទាំងនោះ មានអ្នកដែលបានទទួលយកទម្លាប់នោះពីពួកគេ និងស្របមតិគ្នាជាមួយពួកគេក្នុងការលើកតម្កើងយប់នោះ ដែលក្នុងនោះ រួមមានក្រុមដែលងប់ងុលនឹងការគោរពសក្ការៈ(ដោយគ្មានអំណះអំណាងច្បាស់លាស់)នៃអ្នកស្រុកហ្ពាសរ៉ោះ និងអ្នកផ្សេងៗទៀត។ ក៏ប៉ុន្តែសាសនវិទូអ៊ីស្លាមភាគច្រើននៃតំបន់ហ៊ីហ្ជាសបានបដិសេធចំពោះទង្វើនេះ។ ក្នុងចំណោមអ្នកទាំងនោះមានដូចជា អាត៏ក និងអ៊ិពនូ អាពូមូឡៃកះ ហើយទស្សនៈនេះ ក៏ត្រូវបានពាំនាំមកដោយ អាប់ទុលរ៉ោះម៉ាន ពិន ហ្សេទ ពិន អាសឡាំ ពីអ្នកប្រាជ្ញផ្នែកច្បាប់អ៊ីស្លាមនៃអ្នកស្រុកម៉ាទីណះផងដែរ។ ហើយនេះ គឺជាទស្សនៈរបស់សិស្សគណរបស់អ៊ីម៉ាំម៉ាលិក និងអ្នកដទៃទៀត ហើយពួកគេទាំងអស់គ្នាសុទ្ធតែយល់ឃើញថា កិច្ចការទាំងនោះ សុទ្ធសឹងជាទង្វើដែលគេបង្កើតថ្មី(ពិទអះ)ទាំងអស់។
បណ្តាអ្នកប្រាជ្ញអ៊ីស្លាមនៅតំបន់ស្ហាមមានការខ្វែងគំនិតគ្នាលើទម្រង់ ឬរបៀបនៃការធ្វើឱ្យយប់នោះរស់រវើកឡើង ដោយបែងចែកជាពីរទស្សនៈ៖
ទស្សនៈទីមួយ៖ លើកទឹកចិត្តចំពោះការធ្វើឲ្យយប់នោះរស់រវើកឡើងតាមរយៈការជួបជុំគ្នាជាក្រុម(ជើម៉ាអះ)ក្នុងម៉ាស្ជិទ។ ជាក់ស្តែង ខលិទ ពិន មៀកហ្ទាន និងលុកម៉ាន ពិន អាមៀរ ក៏ដូចជាអ្នកផ្សេងទៀត តែងស្លៀកសម្លៀកបំពាក់ដែលល្អជាងគេបំផុតដែលពួកគេមាន ដុតឈើក្រអូប និងលាបថ្នាំភ្នែក ហើយពួកគេក្រោកប្រណិបត្តិ គោរពសក្ការៈចំពោះអល់ឡោះក្នុងម៉ាស្ជិទពេញមួយយប់។ ចំណែកឯ អ៊ិសហាក ពិន រ៉ហ៊ូវ៉ៃហ៍ ក៏បានយល់ស្របជាមួយពួកគេបែបនេះដែរ។ ហើយគាត់បាននិយាយទាក់ទងនឹងការក្រោកប្រណិបត្តិ គោរពសក្ការៈចំពោះអល់ឡោះជាលក្ខណៈរួមគ្នានៅតាមម៉ាស្ជិទក្នុងយប់នោះថា វាមិនមែនជាប្រការដែលគេបង្កើតថ្មី(ពិទអះ)ឡើយ ដូចដែលលោក ហារ៉ប់ អាល់គៀរម៉ានី បានពាំនាំមកនៅក្នុងសៀវភៅ “ម៉ាសាអ៊ិល” របស់គាត់។
ទស្សនៈទីពីរ៖ គឺគេមិនពេញចិត្ត(ម៉ាក្រុះ)ចំពោះការជួបជុំគ្នានៅក្នុងយប់នោះនៅតាមម៉ាស្ជិទដើម្បីសឡាត និទានរឿងប្រវត្តិសាស្ត្រ និងបួងសួងជុំគ្នា។ ប៉ុន្តែ វាមិនមែនជាប្រការដែលគេមិនពេញចិត្តនោះឡើយ ក្នុងករណីដែលបុគ្គលម្នាក់ៗសឡាតក្នុងយប់នោះជាលក្ខណៈបុគ្គលរៀងៗខ្លួន។ នេះគឺជាទស្សនៈរបស់ អាល់អាវហ្សាអ៊ី ដែលជាអ៊ីម៉ាំនៃអ្នកស្រុកស្ហាម ហើយនេះគឺជាទស្សនៈដែលត្រឹមត្រូវជាងគេ ប្រសិនបើអល់ឡោះមានចេតនា”។ រហូតដល់ពាក្យពេចន៍របស់គាត់ថា៖ «គេមិនដឹងថា មានពាក្យពេចន៍ណាមួយរបស់អ៊ីម៉ាំអះម៉ាត់ ទាក់ទងនឹងយប់ពាក់កណ្តាលខែស្ហាក់ហ្ពានឡើយ។ ប៉ុន្តែគេបានទាញយកសេចក្តីរាយការណ៍ពីរពីអ៊ីម៉ាំអះម៉ាត់ទាក់ទងនឹងស៊ូណិតប្រតិបត្តិសឡាតនៅយប់នោះដោយផ្អែកលើសេចក្តីរាយការណ៍ចំនួនពីររបស់គាត់ទាក់ទងនឹងការសឡាតនៅយប់ថ្ងៃរ៉យ៉ាទាំងពីរ ដោយ(នៅក្នុងសេចក្តីរាយការណ៍មួយ)គាត់មិនជំរុញឲ្យសឡាតនៅយប់នោះជាលក្ខណៈរួមគ្នា(ជើម៉ាអះ)ឡើយ ពីព្រោះប្រការនោះមិនត្រូវបានគេពាំនាំមកពីណាពី ﷺ និងសហាហ្ពាត់របស់លោកនោះទេ។ ក៏ប៉ុន្តែ(ក្នុងសេចក្តីរាយការណ៍មួយទៀត) គាត់បានជំរុញ ដោយផ្អែកលើទង្វើរបស់ អាប់ទុលរ៉ោះម៉ាន ពិន យ៉ាហ្ស៊ីត ពិន អាល់អាសវ៉ាត់ ដែលបានធ្វើដូច្នោះ ដែលគាត់ គឺស្ថិតក្នុងចំណោមតាពីអ៊ីន។ ដូចគ្នានេះដែរ ការក្រោកសឡាតនៅយប់ពាក់កណ្តាលខែ(ស្ហាក់ហ្ពាន) គឺពុំមានភស្តុតាងត្រឹមត្រូវណាមួយដែលបញ្ជាក់បែបនេះពីណាពី ﷺ ក៏ដូចជាពីបណ្តាសហាហ្ពាត់របស់លោកនោះឡើយ ប៉ុន្តែមានភស្តុតាងបញ្ជាក់បែបនេះពីអ្នកតាពីអ៊ីនមួយក្រុមក្នុងចំណោមអ្នកប្រាជ្ញធំៗនៃអ្នកស្រុកស្ហាម»។
ខ្លឹមសារពាក្យពេចន៍របស់ អាល់ហាហ្វិស អ៊ិពនូរ៉ហ្ជប់ رحمه الله ចប់ត្រឹមនេះ។ នៅក្នុងពាក្យពេចន៍របស់គាត់នេះ គឺមានការបញ្ជាក់យ៉ាងច្បាស់ថា ពិតប្រាកដណាស់ គ្មានភស្តុតាងត្រឹមត្រូវណាមួយពីណាពី ﷺ ក៏ដូចជាពីសំណាក់បណ្តាសហាហ្ពាត់របស់លោក رضي الله عنهم ទាក់ទងនឹងយប់ពាក់កណ្តាលខែស្ហាក់ហ្ពានឡើយ។
ចំណែកឯទស្សនៈដែល អាល់អាវហ្សាអ៊ី رحمه الله បានជ្រើសយកដែលថា លើកទឹកចិត្តឱ្យក្រោកប្រណិបត្តិ គោរពសក្ការៈនៅក្នុងយប់នោះជាលក្ខណៈបុគ្គល ហើយនិងការដែល អាល់ហាហ្វិស អ៊ិពនូរ៉ហ្ជប់ ជ្រើសយកទស្សនៈមួយនេះ វាគឺជារឿងមួយដែលចម្លែក និងទន់ខ្សោយណាស់ ព្រោះថា រាល់អ្វីដែលមិនមានភស្តុតាងបញ្ជាក់ពីច្បាប់អ៊ីស្លាមថាប្រការនោះត្រូវបានគេបង្គាប់ប្រើទេនោះ គឺគេមិនអនុញ្ញាតឲ្យជនមូស្លីមឆ្នៃប្រឌិតបង្កើតថ្មីនូវប្រការនោះក្នុងសាសនារបស់អល់ឡោះឡើយ ទោះបីជាគេធ្វើវាជាលក្ខណៈបុគ្គលក្តី ឬជាលក្ខណៈរួមគ្នា(ជើម៉ាអះ)ក្តី ហើយទោះបីជាគេធ្វើវាដោយលាក់ក្តី ឬបើកចំហក្តី ដោយផ្អែកលើលក្ខណៈទូទៅនៃប្រសាសន៍របស់ណាពី ﷺ ដែលលោកបានមានប្រសាសន៍ថា៖ “ជនណាធ្វើទង្វើអ្វីមួយដែលមិនមែនជាកិច្ចការ(សាសនា)របស់យើងទេនោះ វានឹងត្រូវគេបដិសេធចោល”។ ក៏ដូចជាភស្តុតាង និងអំណះអំណាងជាច្រើនផ្សេងទៀតដែលបញ្ជាក់ពីការហាមឃាត់ការបង្កើតថ្មីក្នុងសាសនា(ប្រការពិទអះ) និងព្រមានអំពីវា។
អ៊ីម៉ាំ អាពូហ្ពាកើរ អាត់ត័រទូស៊ី رحمه الله បានលើកឡើងនៅក្នុងសៀវភៅរបស់គាត់ “អាល់ហាវ៉ាទិស្ស វ៉ាល់ពីហ្ទាក់” ថា៖
“អ៊ិពនូវ៉ាត់ហ្ទោស បានរាយការណ៍ពី ហ្សេទ ពិន អាសឡាំ គាត់បាននិយាយថា៖ ពួកយើងមិនបានជួបនរណាម្នាក់ក្នុងចំណោមគ្រូៗ/ចាស់ទុំ ឬអ្នកប្រាជ្ញផ្នែកច្បាប់អ៊ីស្លាមរបស់យើងដែលងាកទៅយកចិត្តទុកដាក់ចំពោះពេលពាក់កណ្ដាលខែស្ហាក់ហ្ពានឡើយ។ ពួកគាត់ក៏មិនងាកទៅយកចិត្តទុកដាក់ចំពោះហាទីស្ហរបស់មឹកហ៊ូល ហើយក៏មិនចាត់ទុកថា យប់នោះមានភាពប្រសើរថ្លៃថ្លាជាងយប់ដទៃទៀតនោះដែរ”។
មានគេនិយាយទៅកាន់ អ៊ិពនូអាពីមូឡៃកះ ថា៖ ពិតណាស់ ហ្ស៊ីយ៉ាទ អាន់នូម៉ៃរី បាននិយាយថា៖ “ពិតប្រាកដណាស់ ផលបុណ្យនៃយប់ពាក់កណ្ដាលខែស្ហាក់ហ្ពាន គឺប្រៀបដូចជាផលបុណ្យនៃយប់ឡៃឡាទុលក៏ទើរដូច្នោះឯង”។ ពេលនោះ គាត់បាននិយាយថា៖ “ប្រសិនបើខ្ញុំបានឮគាត់(ហ្ស៊ីយ៉ាទ)និយាយ ហើយនៅក្នុងដៃរបស់ខ្ញុំមានដំបង ខ្ញុំច្បាស់ជានឹងវាយគាត់ជាមិនខាន។” ហើយហ្ស៊ីយ៉ាទ គឺជាអ្នកនិទានរឿងម្នាក់។ ចប់ខ្លឹមសារដែលចង់ដកស្រង់។
សាសនវិទូអ៊ីស្លាម អាស្សាវកានី رحمه الله នៅក្នុងសៀវភៅ “អាល់ហ្វាវ៉ាអ៊ិទ អាល់ម៉ាច្ចមូអះ” គាត់បានលើកឡើងថា៖
«ចំពោះហាទីស្ហដែលថា៖ “ឱ អាលី! បុគ្គលណាសឡាតចំនួនមួយរយរ៉ក្អាត់នៅយប់ពាក់កណ្ដាលខែស្ហាក់ហ្ពាន ដោយគេសូត្រនៅក្នុងរាល់រ៉ក្អាត់នីមួយៗនូវស៊ូរ៉ោះអាល់ហ្វាទីហះ និង “قل هو الله أحد” ចំនួនដប់ដង អល់ឡោះជាម្ចាស់នឹងបំពេញនូវរាល់តម្រូវការរបស់គេ” រហូតដល់ចប់ វាគឺជាហាទីស្ហដែលគេប្រឌិតឡើងទាំងស្រុង(ម៉ាវទួក)។ នៅក្នុងពាក្យពេចន៍នៃហាទីស្ហនេះដែលបានបញ្ជាក់យ៉ាងច្បាស់អំពីផលបុណ្យដ៏មហាសាលដែលអ្នកអនុវត្តវានឹងទទួលបាននោះ គឺគ្មានមនុស្សណាម្នាក់ដែលមានការគិតពិចារណា និងចេះបែងចែកខុសត្រូវ មានការសង្ស័យចំពោះភាពក្លែងក្លាយរបស់វាឡើយ (ពោលគឺគ្រាន់តែអានក៏ដឹងភ្លាមថាជាហាទីស្ហក្លែងក្លាយដែរ)។ ម្យ៉ាងទៀត មនុស្សទាំងអស់ដែលមាននៅក្នុងសេចក្តីរាយការណ៍នៃហាទីស្ហនេះ សុទ្ធសឹងតែជាបុគ្គលដែលមិនត្រូវបានគេស្គាល់អត្តសញ្ញាណឡើយ។ ហើយទោះបីជាហាទីស្ហនេះត្រូវបានគេរាយការណ៍តាមរយៈខ្សែបណ្តាញទីពីរ និងទីបីក៏ដោយ ក៏ខ្សែបណ្តាញទាំងនោះ សុទ្ធតែជាការប្រឌិត ហើយមានអ្នករាយការណ៍ដែលគេមិនស្គាល់អត្តសញ្ញាណដូចគ្នាទាំងអស់។ ហើយនៅក្នុងសៀវភៅ “អាល់មុខតាសើរ” អ្នកនិពន្ធបានលើកឡើងថា៖ ហាទីស្ហដែលនិយាយពីការសឡាតនៅយប់ពាក់កណ្តាលខែស្ហាក់ហ្ពាន គឺជាហាទីស្ហក្លែងក្លាយ។ ចំណែកឯហាទីស្ហ អាលី ដែលរាយការណ៍ដោយ អ៊ិពនូហ៊ិបហ្ពាន ដែលថា៖ “នៅពេលដល់យប់ពាក់កណ្តាលខែស្ហាក់ហ្ពាន ចូរពួកអ្នកក្រោកសឡាតនៅយប់នោះ និងបួសនៅពេលថ្ងៃ” គឺជាហាទីស្ហខ្សោយ(ទអ៊ីហ្វ)។ ចំណែកឯនៅក្នុងសៀវភៅ “អាល់ឡាអាលិ” អ្នកនិពន្ធបានលើកឡើងថា៖ (ចំពោះហាទីស្ហ) “សឡាតចំនួនមួយរយរ៉ក្អាត់នៅយប់ពាក់កណ្ដាលខែស្ហាក់ហ្ពាន ដោយសូត្រស៊ូរ៉ោះអាល់អៀខ្លើសចំនួនដប់ដង” រួមជាមួយនឹងការរៀបរាប់យ៉ាងវែងអន្លាយពីផលបុណ្យរបស់វា ដែលរាយការណ៍ដោយ អាត់ទៃឡាមី និងអ្នកដទៃទៀត គឺជាហាទីស្ហដែលគេប្រឌិតឡើងទាំងស្រុង។ ភាគច្រើនលើសលប់នៃបណ្តាអ្នករាយការណ៍នៅក្នុងខ្សែស្រឡាយរាយការណ៍ទាំងបី(នៃហាទីស្ហនេះ) សុទ្ធសឹងតែជាបុគ្គលដែលមិនត្រូវបានគេស្គាល់អត្តសញ្ញាណ និងជាក្រុមមនុស្សទន់ខ្សោយ(ផ្នែកការចងចាំ/ភាពជឿជាក់)។ អ្នកនិពន្ធបានបន្តទៀតថា៖ (ហើយនិងហាទីស្ហ) “និងសឡាតចំនួនដប់ពីរ៉ក្អាត់ ដោយសូត្រស៊ូរ៉ោះអាល់អៀខ្លើសចំនួនសាមសិបដង” គឺជាហាទីស្ហដែលគេប្រឌិត។ ចំណែកឯហាទីស្ហ “និងសឡាតចំនួនដប់បួនរ៉ក្អាត់” ក៏ជាហាទីស្ហដែលគេប្រឌិតដែរ។
ពិតប្រាកដណាស់ មានអ្នកប្រាជ្ញផ្នែកច្បាប់អ៊ីស្លាមមួយក្រុមបានចាញ់បោក និងលង់ជឿលើហាទីស្ហនេះ។ តួយ៉ាងដូចជា ម្ចាស់ស្នាដៃសៀវភៅ “អាល់អៀហយ៉ាក” និងអ្នកផ្សេងទៀត ព្រមទាំងអ្នកធ្វើអត្ថាធិប្បាយគម្ពីរគួរអាន(តាហ្វសៀរ)មួយចំនួនផងដែរ។ ជាការពិតណាស់ (ហាទីស្ហទាក់ទងនឹង)ការសឡាតនៅក្នុងនៅយប់នេះ (ពោលគឺ យប់ពាក់កណ្តាលខែស្ហាក់ហ្ពាន) ត្រូវបានគេរាយការណ៍ក្នុងទម្រង់ខុសៗគ្នាជាច្រើន ដែលសុទ្ធសឹងជាហាទីស្ហដែលគេប្រឌិតឡើង(ម៉ាវទួក) និងក្លែងក្លាយទាំងអស់។ ហើយការណ៍នេះ គឺមិនផ្ទុយនឹងសេចក្តីរាយការណ៍របស់ អាត់តៀរមីហ្ស៊ី ពីហាទីស្ហអាអ៊ីស្ហះ رضي الله عنها ដែលលើកឡើងពីការអញ្ជើញទៅកាន់ទីបញ្ចុះសពអាល់ហ្ពាគៀករបស់ណាពី ﷺ និងការចុះមករបស់អល់ឡោះជាម្ចាស់មកកាន់មេឃលោកិយនៅយប់ពាក់កណ្ដាល(ខែស្ហាក់ហ្ពាន) ហើយថាទ្រង់នឹងលើកលែងទោស(ដល់មនុស្ស)ច្រើនជាងចំនួនរោមចៀមរបស់កុលសម្ព័ន្ធកាល់ព៍នោះឡើយ ព្រោះថាការអធិប្បាយនេះ គឺសំដៅតែទៅលើសឡាតដែលត្រូវបានគេប្រឌិតឡើងនៅក្នុងយប់នេះប៉ុណ្ណោះ។ យ៉ាងណាមិញ ហាទីស្ហរបស់អាអ៊ីស្ហះមួយនេះ គឺជាហាទីស្ហខ្សោយ(ទអ៊ីហ្វ) ហើយមានការដាច់ខ្សែចង្វាក់អ្នករាយការណ៍។ ក៏ដូចគ្នាដែរ ចំពោះហាទីស្ហរបស់អាលីដែលបានលើកឡើងកន្លងមកទាក់ទងនឹងការក្រោកសឡាតនៅយប់នោះ គឺមិនផ្ទុយគ្នានឹងការដែលថា សឡាតនេះជាសឡាតដែលត្រូវបានគេប្រឌិតឡើងនោះឡើយ បើទោះជាហាទីស្ហនោះ ជាហាទីស្ហខ្សោយ(ទអ៊ីហ្វ)ក្តី ដូចដែលយើងបានលើកឡើងរួចមកហើយក៏ដោយ”។ ចប់សេចក្តី
អាល់ហាហ្វីស អាល់អ៊ីរ៉គី បាននិយាយថា៖ “ហាទីស្ហស្តីពីសឡាតនៅយប់ពាក់កណ្តាល(ខែស្ហាក់ហ្ពាន) គឺជាការប្រឌិតទៅលើរ៉ស៊ូលុលឡោះ ﷺ និងជាការកុហកទៅលើលោក”។ អ៊ីម៉ាំ អាន់ណាវ៉ាវី នៅក្នុងសៀវភៅ “អាល់ម៉ាច្ចមួក” បានលើកឡើងថា៖ «សឡាតដែលត្រូវបានគេស្គាល់ថាជា សឡាតរ៉ហ្គ៏អ៊ិប ដែលមានដប់ពីររ៉ក្អាត់ ដែលគេធ្វើវានៅចន្លោះសឡាតម៉ាហ្គ្រឹប និងសឡាតអ៊ីស្ហា នាយប់ជុមអាត់ដំបូងនៃខែរ៉ហ្ជប់ និងសឡាតនាយប់ពាក់កណ្តាលខែស្ហាក់ហ្ពានចំនួនមួយរយរ៉ក្អាត់ សឡាតទាំងពីរនេះ គឺជាការបង្កើតថ្មីក្នុងសាសនា(ពិទអះ) ជាប្រការអាក្រក់ដ៏ខុសឆ្គងបំផុត។ ដូចនេះ គេមិនត្រូវចាញ់បោកនឹងការលើកឡើងអំពីសឡាតទាំងពីរនេះនៅក្នុងសៀវភៅ “គូតុលគូលូប” និងសៀវភៅ “អៀហយ៉ាកអ៊ូលូមុទ្ទីន” នោះឡើយ ហើយក៏មិនត្រូវចាញ់បោកនឹងហាទីស្ហដែលគេបានលើកឡើងនៅក្នុងសៀវភៅទាំងពីរនេះនោះដែរ ព្រោះអ្វីៗទាំងអស់នោះ គឺមិនត្រឹមត្រូវឡើយ។ ម្យ៉ាងទៀត ក៏មិនត្រូវចាញ់បោកនឹងអ៊ីម៉ាំមួយចំនួនដែលមានការភ័ន្តច្រឡំលើច្បាប់នៃសឡាតទាំងពីរនេះ រហូតដល់បានចងក្រងជាសៀវភៅដោយបញ្ជាក់ថា វាជាប្រការស៊ូណិតនោះដែរ ព្រោះអ៊ីម៉ាំនោះពិតជាបានយល់ខុសនៅក្នុងរឿងនេះហើយ»។
សាសនវិទូអ៊ីស្លាម អ៊ីម៉ាំ អាពូមូហាំម៉ាត់ អាប់ទុលរ៉ោះម៉ាន ពិន អ៊ីស្មាអែល អាល់ម៉ឹក្កទីស៊ី បានចងក្រងសៀវភៅដ៏វិសេសវិសាលមួយក្បាលក្នុងន័យបញ្ជាក់ពីភាពមិនត្រឹមត្រូវនៃសឡាតទាំងពីរនេះដែលគាត់បកស្រាយនៅក្នុងសៀវភៅនោះបានយ៉ាងល្អ និងក្បោះក្បាយបំផុត។ ការលើកឡើងរបស់សាសនវិទូអ៊ីស្លាមជុំវិញបញ្ហានេះ មានច្រើនណាស់។ ប្រសិនបើយើងលើកយករាល់អ្វីដែលយើងបានដឹងជុំវិញការលើកឡើងក្នុងបញ្ហានេះមកបង្ហាញទាំងអស់ នឹងធ្វើឲ្យការបកស្រាយនេះកាន់តែវែងឆ្ងាយជាមិនខាន។ សង្ឃឹមថា អ្វីដែលយើងបានលើកឡើងមកនេះ គឺគ្រប់គ្រាន់ និងសមហហេតុសមផលសម្រាប់អ្នកដែលស្វែងរកការពិត។
តាមរយៈអ្វីដែលបានលើកឡើងខាងលើនៃបណ្តាអាយ៉ាត់ ហាទីស្ហ ក៏ដូចជាទស្សនៈរបស់សាសនវិទូអ៊ីស្លាមជាច្រើនរួចមក វាពិតជាបានបង្ហាញយ៉ាងច្បាស់ដល់អ្នកដែលស្វែងរកសេចក្តីពិតថា ការប្រារព្ធពិធីនៅយប់ពាក់កណ្តាលខែស្ហាក់ហ្ពាន(យប់និសហ្វូស្ហាក់ហ្ពាន)ដោយការសឡាត ឬការគោរពសក្ការៈផ្សេងៗ និងការកំណត់យកថ្ងៃនោះដើម្បីបួស គឺជាទង្វើបង្កើតថ្មីក្នុងសាសនា(ពិទអះ)ដ៏អាក្រក់មួយ យោងតាមទស្សនៈរបស់អ្នកប្រាជ្ញអ៊ីស្លាមភាគច្រើន ហើយវាមិនមានប្រភពដើមនៅក្នុងច្បាប់បញ្ញត្តិអ៊ីស្លាមដ៏បរិសុទ្ធឡើយ។ ផ្ទុយទៅវិញ វាគឺជាអ្វីដែលបានកើតឡើងនៅក្នុងសាសនាអ៊ីស្លាមបន្ទាប់ពីសម័យកាលសហាហ្ពាត់ رضي الله عنهم ។ គ្រប់គ្រាន់ហើយសម្រាប់អ្នកស្វែងរកសេចក្តីពិតនៅក្នុងបញ្ហានេះ ហើយនិងបញ្ហាផ្សេងៗទៀតនូវបន្ទូលរបស់អល់ឡោះជាម្ចាស់ដែលទ្រង់បានមានបន្ទូលថា៖ “នៅក្នុងថ្ងៃនេះដែរ យើងបានបំពេញសាសនារបស់ពួកអ្នកឱ្យពួកអ្នក” [គម្ពីរគួរអាន ៥:៣] ក៏ដូចជាអាយ៉ាត់ជាច្រើនទៀតដែលមានអត្ថន័យដូចគ្នានេះ ហើយនិងប្រសាសន៍របស់ណាពី ﷺ ដែលលោកបានមានប្រសាសន៍ថា៖ “បុគ្គលណាបង្កើតអ្វីមួយថ្មីនៅក្នុងកិច្ចការសាសនារបស់យើង ហើយប្រការនោះពុំមែនជាកិច្ចការសាសនាពីយើងទេនោះ វានឹងត្រូវគេបដិសេធចោល” ក៏ដូចជាហាទីស្ហជាច្រើនទៀតដែលមានអត្ថន័យស្រដៀងគ្នានេះ។
នៅក្នុងសៀវភៅសហេសមូស្លីម អំពី អាពូហ៊ូរ៉យរ៉ោះ رضي الله عنه បាននិយាយថា៖ រ៉ស៊ូលុលឡោះ ﷺ លោកបានមានប្រសាសន៍ថា៖ “ចូរពួកអ្នកកុំកំណត់យកតែយប់ជុមអាត់ដើម្បីសឡាតពេលយប់ក្នុងចំណោមយប់ទាំងឡាយ ហើយចូរកុំកំណត់យកតែថ្ងៃជុមអាត់(ថ្ងៃសុក្រ)ដើម្បីបួសក្នុងចំណោមថ្ងៃទាំងឡាយ លើកលែងតែវាចំថ្ងៃដែលនរណាម្នាក់នៃពួកអ្នកមានទម្លាប់បួសជាប្រចាំ”។ ប្រសិនបើការកំណត់យកយប់ណាមួយដើម្បីធ្វើការគោរពសក្ការៈណាមួយ ជាប្រការដែលគេអនុញ្ញាតមែននោះ ពិតណាស់យប់ជុមអាត់ច្បាស់ជាសក្តិសមជាងយប់ដទៃទៀតទៅទៀត ពីព្រោះថ្ងៃជុមអាត់(ថ្ងៃសុក្រ) គឺថ្ងៃដ៏ល្អបំផុតដែលព្រះអាទិត្យរះ យោងតាមភស្តុតាងពីហាទីស្ហដ៏ត្រឹមត្រូវជាច្រើនពីរ៉ស៊ូលុលឡោះ ﷺ ។ ដូច្នេះ នៅពេលដែលណាពី ﷺ លោកព្រមានអំពីការកំណត់យកតែយប់ជុមអាត់ដើម្បីក្រោកសឡាតពេលយប់(គីយ៉ាមុលឡៃល៍)ក្នុងចំណោមយប់នានា នោះបង្ហាញថា យប់ផ្សេងក្រៅពីយប់ជុមអាត់ គឺរឹតតែមិនត្រូវបានអនុញ្ញាតទៅទៀត ពោលគឺ មិនអនុញ្ញាតឱ្យកំណត់យប់ណាមួយជាក់លាក់សម្រាប់ការគោរពសក្ការៈ(អ៊ីហ្ពាហ្ទាត់)ណាមួយឡើយ លើកលែងតែមានភស្តុតាងត្រឹមត្រូវដែលបង្ហាញអំពីការកំណត់ជាក់លាក់នោះប៉ុណ្ណោះ។
ហើយនៅពេលដែលយប់ឡៃឡាទុលក៏ទើរ និងយប់ទាំងឡាយនៃខែរ៉ម៉ាហ្ទន គឺត្រូវបានបង្គាប់ប្រើឱ្យក្រោកសឡាតពេលយប់ និងខិតខំប្រឹងប្រែងគោរពសក្ការៈចំពោះអល់ឡោះនៅក្នុងយប់ទាំងនោះ ណាពី ﷺ លោកបានក្រើនរំលឹកពីបញ្ហានេះ និងបានជំរុញឱ្យប្រជាជាតិអ៊ីស្លាមគោរពសក្ការៈនៅក្នុងយប់ទាំងនោះ ព្រមទាំងរូបលោកផ្ទាល់ក៏បានអនុវត្តវាផងដែរ ដូចដែលមានបញ្ជាក់នៅក្នុងសៀវភៅសហេសទាំងពីរ អំពីណាពី ﷺ ពិតណាស់ លោកបានមានប្រសាសន៍ថា៖ “បុគ្គលណាក្រោកសឡាត(ក៏ដូចការគោរពសក្ការៈផ្សេងៗ)ក្នុងខែរ៉ម៉ាហ្ទន ដោយមានជំនឿ និងរំពឹងផលបុណ្យពីអល់ឡោះ គេនឹងអភ័យទោសឲ្យជននោះនូវបាបកម្មទាំងឡាយដែលរូបគេបានសាងកន្លងមក។ ហើយបុគ្គលណាក្រោកសឡាត(ក៏ដូចការគោរពសក្ការៈផ្សេងៗ)ក្នុងយប់ឡៃឡាទុលក៏ទើរ ដោយមានជំនឿ និងរំពឹងផលបុណ្យពីអល់ឡោះនោះ គេនឹងអភ័យទោសឲ្យជននោះនូវបាបកម្មទាំងឡាយដែលរូបគេបានសាងកន្លងមក”។ ប្រសិនបើយប់ពាក់កណ្តាលខែស្ហាក់ហ្ពាន ឬយប់ជុមអាត់ដំបូងនៃខែរ៉ហ្ជប់ ឬយប់អ៊ិសរ៉កនិងមៀករ៉ច ត្រូវបានគេបង្គាប់ប្រើឲ្យកំណត់យកយប់ទាំងនោះសម្រាប់ប្រារព្ធពិធី ឬការគោរពសក្ការៈ(អ៊ីហ្ពាហ្ទាត់)ណាមួយនោះ ច្បាស់ជាណាពី ﷺ នឹងណែនាំដល់ប្រជាជាតិរបស់លោក ឬមួយក៏រូបលោកផ្ទាល់នឹងអនុវត្តវាជាមិនខាន។ ហើយប្រសិនបើរឿងបែបនេះពិតជាបានកើតឡើងមែននោះ ច្បាស់ជាបណ្តាសហាហ្ពាត់ رضي الله عنهم នឹងពាំនាំមកវាមកដល់ប្រជាជាតិអ៊ីស្លាមជាមិនខាន ហើយពួកគាត់នឹងមិនលាក់បាំងវាពីពួកគេឡើយ ព្រោះថា ពួកគាត់គឺជាមនុស្សដែលល្អជាងគេបំផុត និងជាអ្នកដែលមានចិត្តស្មោះត្រង់បំផុតក្នុងការផ្តល់ដំបូន្មានដល់មនុស្សលោកបន្ទាប់ពីបណ្តាណាពីទាំងឡាយ عليهم الصلاة والسلام ។ សូមអល់ឡោះមេត្តាសព្វព្រះទ័យ និងប្រោសប្រទានពរជ័យដល់សហាហ្ពាត់រ៉ស៊ូលុលឡោះ ﷺ ទាំងអស់គ្នាផងចុះ។
អ្នកបានដឹងរួចមកហើយមុននេះតាមរយៈពាក្យសម្តីរបស់សាសនវិទូអ៊ីស្លាមដែលថា ជាការពិតណាស់ មិនមានភស្តុតាងត្រឹមត្រូវណាមួយពីរ៉ស៊ូលុលឡោះ ﷺ ហើយក៏មិនមានភស្តុតាងត្រឹមត្រូវណាមួយពីបណ្តាសហាហ្ពាត់ رضي الله عنهم ទាក់ទងនឹងឧត្តមភាព(ហ្វាទីឡាត់)នៃយប់ជុមអាត់ដំបូងនៃខែរ៉ហ្ជប់ និងយប់ពាក់កណ្តាលខែស្ហាក់ហ្ពានឡើយ។ ដូច្នេះ គេអាចដឹងបានថា ការប្រារព្ធពិធីនៅយប់ទាំងពីរនេះ គឺជាប្រការដែលគេបង្កើតថ្មី(ពិទអះ)នៅក្នុងសាសនាអ៊ីស្លាម។ ដូចគ្នានេះដែរ ការកំណត់យកយប់ទាំងពីរនេះសម្រាប់ធ្វើការគោរពសក្ការៈណាមួយជាក់លាក់ គឺជាប្រការដែលគេបង្កើតថ្មីដ៏អាក្រក់បំផុតមួយ។ ដូចគ្នាផងដែរ សម្រាប់យប់ទី២៧ នៃខែរ៉ហ្ជប់ ដែលមនុស្សមួយចំនួនចាត់ទុកថា ជាយប់អ៊ិសរ៉ក និងមៀករ៉ច គឺគេមិនអនុញ្ញាតឱ្យកំណត់ការគោរពសក្ការៈណាមួយសម្រាប់យប់នោះឡើយ។ ម្យ៉ាងទៀត គេក៏មិនអនុញ្ញាតឱ្យប្រារព្ធពិធីក្នុងយប់នោះដែរ ដោយយោងតាមភស្តុតាងជាច្រើនខាងលើ។ នេះក្នុងករណីដែលគេដឹងច្បាស់ថា យប់នោះជាយប់អ៊ិសរ៉ក មៀករ៉ចពិតមែន។ ចុះទម្រាំតែយោងតាមទស្សនៈដ៏ត្រឹមត្រូវរបស់សាសនវិទូអ៊ីស្លាមជាច្រើនដែលបញ្ជាក់ថា គេមិនដឹងច្បាស់ថា យប់ណាមួយជាយប់អ៊ិសរ៉ក មៀករ៉ចទៀតនោះ!!! ចំពោះទស្សនៈដែលថា ជាការពិតណាស់ យប់អ៊ិសរ៉ក និងមៀករ៉ច គឺជាយប់ទី២៧ នៃខែរ៉ហ្ជប់ វាគឺជាទស្សនៈដែលមិនត្រឹមត្រូវ និងគ្មានមូលដ្ឋានពីក្នុងបណ្ដាហាទីស្ហដែលត្រឹមត្រូវនោះឡើយ។ ពិតជាធ្វើបានល្អណាស់ អ្នកដែលបានលើកឡើងថា៖
ហើយកិច្ចការដែលល្អប្រសើរបំផុតនោះគឺ កិច្ចការរបស់អ្នកជំនាន់មុនដែលស្ថិតនៅលើមាគ៌ាត្រឹមត្រូវ... ហើយកិច្ចការដែលអាក្រក់បំផុតនោះគឺ ប្រការដែលគេបង្កើតថ្មីក្នុងសាសនា(ប្រការពិទអះ)។
យើងខ្ញុំសូមបួងសួងដល់អល់ឡោះជាម្ចាស់ សូមទ្រង់មេត្តាចង្អុលបង្ហាញដល់យើងខ្ញុំ និងជនមូស្លីមទាំងឡាយឲ្យប្រកាន់ខ្ជាប់នឹងស៊ុណ្ណះ និងមានជំហររឹងមាំនៅលើវា ព្រមទាំងប្រុងប្រយ័ត្នចំពោះអ្វីដែលផ្ទុយនឹងវា។ ពិតណាស់ ទ្រង់ជាម្ចាស់ដ៏មហាសប្បុរស និងឧត្តមឧត្តមបំផុត។
សូមពរជ័យ និងសន្តិភាពកើតមានដល់ខ្ញុំបម្រើ និងជាអ្នកនាំសាររបស់ទ្រង់ ណាពីយើង មូហាំម៉ាត់ ព្រមទាំងក្រុមគ្រួសារ និងបណ្តាសហាហ្ពាត់របស់លោកទាំងអស់។
សារទីប្រាំបី៖
ការដាស់តឿនដ៏សំខាន់ជុំវិញភាពកុហកបោកប្រាស់នៃសំបុត្របណ្តាំដែលត្រូវបានគេទាញភ្ជាប់ទៅកាន់
សៀខ អះម៉ាត់ ដែលជាអ្នកបម្រើនៅម៉ាស្ជិទអាន់ណាហ្ពាវីដ៏ពិសិដ្ឋ
ពី អាប់ទុលអាហ្ស៊ីស ពិន អាប់ទុលឡោះ ពិន ហ្ពាហ្ស ទៅកាន់ជនមូស្លីមទាំងឡាយណាដែលបានអានសារនេះ។ សូមអល់ឡោះជាម្ចាស់ថែរក្សាពួកគេដោយសាសនាអ៊ីស្លាម ព្រមទាំងការពារពួកយើង និងពួកគេពីភាពអាក្រក់នៃរឿងរ៉ាវកុហកប្រឌិតទាំងឡាយរបស់ក្រុមជនល្ងង់ខ្លៅ និងជនអគតិទាំងឡាយផងចុះ។ អាមីន...
سلام عليكم ورحمة الله وبركاته.
ជាបន្តមកទៀត៖ ខ្ញុំបានឃើញសារមួយដែលត្រូវបានគេទាញភ្ជាប់ទៅកាន់សៀខ អះម៉ាត់ ជាអ្នកបម្រើនៅម៉ាស្ជិទអាន់ណាហ្ពាវីដ៏ពិសិដ្ឋ ដែលមានចំណងជើងថា៖ «នេះជាបណ្តាំពីទីក្រុងម៉ាទីណះ អំពីសៀខ អះម៉ាត់ ជាអ្នកបម្រើនៅម៉ាស្ជិទអាន់ណាហ្ពាវីដ៏ពិសិដ្ឋ»។ នៅក្នុងសារនោះ គាត់បានលើកឡើងថា៖
“នាយប់ជុមអាត់មួយ ខ្ញុំបាននៅដល់យប់ជ្រៅដើម្បីសូត្រគម្ពីរគួរអាន។ បន្ទាប់ពីសូត្ររួច ខ្ញុំបានសូត្រព្រះនាមដ៏ប្រពៃរបស់អល់ឡោះជាម្ចាស់។ ក្រោយពេលសូត្ររួចរាល់ ខ្ញុំក៏បានរៀបចំខ្លួនដើម្បីចូលគេង។ ភ្លាមនោះ ខ្ញុំបានឃើញមនុស្សម្នាក់ដែលមានវង់ភក្ត្រភឺ្លថ្លាចែងចាំង គឺរ៉ស៊ូលុលឡោះ ﷺ ដែលលោកបាននាំមកនូវបណ្តាអាយ៉ាត់នៃគម្ពីរគួរអាន និងច្បាប់វិន័យដ៏ឧត្តុង្គឧត្តម ដើម្បីជាក្តីមេត្តាករុណាដល់ពិភពលោកទាំងមូល ពោលគឺចៅហ្វាយរបស់យើង មូហាំម៉ាត់ ﷺ ។ ពេលនោះ លោកបានមានប្រសាសន៍ថា៖ ឱសៀខ អះម៉ាត់ អើយ! ខ្ញុំបានតបថា៖ បាទទាន ឱ រ៉ស៊ូលុលឡោះ! ឱបុគ្គលដ៏ឧត្តុង្គឧត្តមជាងគេបំផុតក្នុងចំណោមសត្វលោករបស់អល់ឡោះ។ ពេលនោះ លោកបានមានប្រសាសន៍មកកាន់ខ្ញុំថា៖ ខ្ញុំពិតជាមានការខ្មាសអៀនខ្លាំងណាស់ចំពោះទង្វើដ៏អាក្រក់របស់មនុស្សលោក ហើយខ្ញុំមិនហ៊ានទៅជួបព្រះជាម្ចាស់របស់ខ្ញុំ ឬក៏ពួកម៉ាឡាអ៊ីកាត់ឡើយ ពីព្រោះពីជុមអាត់(ថ្ងៃសុក្រ)មួយទៅជុមអាត់មួយ មានមនុស្ស១៦០,០០០នាក់បានស្លាប់ក្រៅពីសាសនាអ៊ីស្លាម។ បន្ទាប់មក លោកបានលើកឡើងនូវអំពើល្មើសមួយចំនួនដែលមនុស្សលោកបានប្រព្រឹត្ត។ បន្ទាប់មក លោកបានមានប្រសាសន៍ថា៖ បណ្តាំនេះ គឺជាក្តីមេត្តាករុណាចំពោះពួកគេពីព្រះជាម្ចាស់ដ៏មហាខ្លាំងពូកែ មហាមានអំណាចបំផុត។ បន្ទាប់មកទៀត លោកបានរៀបរាប់អំពីសញ្ញាមួយចំនួននៃថ្ងៃបរលោក រហូតដល់លោកបានមានប្រសាសន៍ថា៖ ឱសៀខ អះម៉ាត់ អើយ! ចូរអ្នកប្រាប់ពួកគេអំពីពាក្យបណ្ដាំនេះ ព្រោះថាពាក្យបណ្តាំនេះ ត្រូវបានចម្លងដោយស្លាបប៉ាកកានៃព្រេងវាសនាដោយចម្លងចេញពីក្រាំងកំណត់ត្រាដែលត្រូវបានគេថែរក្សា(ឡាវហ៊ុលម៉ះហ្វ៊ូស)។ ជនណាហើយដែលបានសរសេរពាក្យបណ្តាំនេះ ហើយផ្ញើវាពីស្រុកមួយទៅស្រុកមួយ និងពីទីកន្លែងមួយទៅទីកន្លែងមួយ នោះគេនឹងសាងសង់វិមានមួយសម្រាប់ជននោះនៅក្នុងឋានសួគ៌។ ចំណែកឯជនណាដែលមិនបានសរសេរបណ្តាំនេះ និងផ្ញើវាទេនោះ ការជួយអន្តរាគមន៍របស់ខ្ញុំនៅថ្ងៃបរលោកនឹងត្រូវបានហាមឃាត់ចំពោះរូបគេ។ ហើយជនណាដែលបានសរសេរពាក្យបណ្តាំនេះ ប្រសិនបើគេជាអ្នកក្រីក្រ នោះអល់ឡោះជាម្ចាស់នឹងឱ្យគេមានបាន ឬប្រសិនបើគេជាប់បំណុល នោះអល់ឡោះនឹងដោះបំណុលនោះឱ្យគេ ឬប្រសិនបើគេមានបាប នោះអល់ឡោះជាម្ចាស់នឹងលើកលែងទោសឱ្យគេ ព្រមទាំងមាតាបិតារបស់គេថែមទៀត តាមរយៈពរជ័យនៃបណ្ដាំនេះ។ រីឯជនណាហើយក្នុងចំណោមខ្ញុំបម្រើរបស់អល់ឡោះដែលមិនសរសេរពាក្យបណ្តាំនេះទេនោះ មុខរបស់គេនឹងប្រែជាខ្មៅទាំងនៅក្នុងលោកិយ និងនៅថ្ងៃបរលោក។ ហើយសៀខអះម៉ាត់បាននិយាយថា៖ សូមស្បថនឹងអល់ឡោះជាម្ចាស់ដ៏មហិមាចំនួនបីដងថា៖ នេះគឺជាការពិត។ ប្រសិនបើខ្ញុំភូតកុហក សូមឱ្យខ្ញុំចាកចេញពីលោកិយនេះក្នុងស្ថានភាពក្រៅពីសាសនាអ៊ីស្លាម(ស្លាប់ក្នុងភាពគ្មានជំនឿ)។ ជនណាដែលជឿជាក់លើពាក្យបណ្តាំនេះ រូបគេនឹងបានរួចផុតពីទណ្ឌកម្មនៃឋាននរក។ តែជនណាដែលបដិសេធនឹងបណ្តាំនេះ គឺគេនឹងក្លាយជាអ្នកគ្មានជំនឿ(កាហ្វៀរ)”។
នេះគឺជាសេចក្តីសង្ខេបនៃអ្វីដែលមាននៅក្នុងពាក្យបណ្តាំដែលគេបានប្រឌិតកុហកទៅលើរ៉ស៊ូលុលឡោះ ﷺ ។ ជាការពិតណាស់ ពួកយើងធ្លាប់បានឮសំបុត្របណ្តាំក្លែងក្លាយមួយនេះជាច្រើនលើកច្រើនសារមកហើយ តាំងពីច្រើនឆ្នាំមុនមកម៉្លេះ។ វាត្រូវបានគេយកមកផ្សព្វផ្សាយនៅក្នុងចំណោមមនុស្សម្នាពីពេលមួយទៅពេលមួយ និងត្រូវបានគេចែកចាយក្នុងចំណោមមហាជនទូទៅយ៉ាងទូលំទូលាយ ដោយនៅក្នុងនោះ ពាក្យពេចន៍ឃ្លោងឃ្លានៃពាក្យបណ្តាំនោះ ក៏មានភាពខុសគ្នាផងដែរ។ ជនភូតកុហកម្នាក់នេះបាននិយាយថា៖ គេបានឃើញណាពី ﷺ ក្នុងសុបិន ហើយលោកបានប្រគល់បណ្ដាំនេះដល់គេ។ តែនៅក្នុងការផ្សព្វផ្សាយចុងក្រោយនេះដែលយើងបានលើកឡើងប្រាប់ដល់លោកអ្នកអាន(ខាងលើ) ជនមួលបង្កាច់រូបនោះបានអះអាងក្នុងសំបុត្រនោះថា គេបានឃើញណាពី ﷺ នៅពេលដែលគេរៀបចំខ្លួនចូលគេង ដែលមានន័យថា គេបានឃើញលោកទាំងកំពុងដឹងខ្លួន!
ជនដែលប្រឌិតរឿងកុហកនេះបានអះអាងនៅក្នុងបណ្តាំនោះនូវរឿងរ៉ាវជាច្រើនដែលជាការកុហកយ៉ាងច្បាស់ក្រឡែត និងជារឿងមិនពិតយ៉ាងជាក់ច្បាស់បំផុត។ ខ្ញុំនឹងធ្វើការកត់សម្គាល់ចំពោះចំណុចទាំងនោះដល់លោកអ្នកនាពេលបន្តិចទៀតនៅក្នុងអត្ថបទនេះ បើសិនជាអល់ឡោះសព្វព្រះទ័យ។ ជាការពិតណាស់ ខ្ញុំធ្លាប់បានកត់សម្គាល់ចំពោះចំណុចទាំងនោះរួចមកហើយកាលពីក្នុងបណ្តាឆ្នាំកន្លងមកទៅ ថែមទាំងបានបញ្ជាក់ប្រាប់ដល់មនុស្សម្នាទាំងឡាយថា ជាការពិតណាស់ វាគឺជាការកុហកយ៉ាងច្បាស់ក្រឡែត និងជារឿងមិនពិតទាំងស្រុង។ ដូច្នេះហើយបានជានៅពេលដែលខ្ញុំបានឃើញការផ្សព្វផ្សាយចុងក្រោយនេះ ខ្ញុំមានការស្ទាក់ស្ទើរក្នុងការសរសេរអំពីរឿងនេះសាជាថ្មី ដោយសារតែភាពមិនពិតរបស់វា គឺច្បាស់ក្រឡែតពេកណាស់ទៅហើយ ហើយនិងភាពគឃ្លើនយ៉ាងខ្លាំងរបស់អ្នកដែលប្រឌិតក្នុងការបង្កើតរឿងភូតភរបែបនេះ។ ហើយខ្ញុំមិនគិតថា ភាពមិនពិតរបស់វាអាចបោកបញ្ឆោតដល់អ្នកដែលមានការពិចារណាត្រឹមត្រូវបន្តិចបន្តួច ឬបុគ្គលដែលមានសភាវគតិស្អាតស្អំបាននោះឡើយ។ ក៏ប៉ុន្តែមានបងប្អូនជាច្រើនបានប្រាប់ខ្ញុំថា រឿងនេះពិតជាបានរីកសាយភាយទៅដល់មនុស្សជាច្រើន ហើយពួកគេបានយករឿងនេះមកនិយាយតៗគ្នាក្នុងចំណោមពួកគេ ហើយថែមទាំងមានមនុស្សមួយចំនួនបានជឿលើរឿងនេះទៀតផង។ ដោយហេតុនេះហើយទើបខ្ញុំយល់ឃើញថា វាគឺជាការចាំបាច់សម្រាប់មនុស្សដូចជារូបខ្ញុំក្នុងការសរសេរអំពីរឿងនេះ ដើម្បីបញ្ជាក់ពីភាពមិនពិតរបស់វា ហើយថាវាគឺជាការមួលបង្កាច់ទៅលើរ៉ស៊ុលុលឡោះ ﷺ ដើម្បីកុំឱ្យមាននរណាម្នាក់ចាញ់បោករឿងនេះ។ បុគ្គលណាហើយដែលបានពិនិត្យពិចារណាចំពោះបណ្តាំនេះក្នុងចំណោមអ្នកដែលមានចំណេះដឹង និងមានជំនឿ ឬបុគ្គលដែលមានសភាវគតិស្អាតស្អំ និងមានសតិបញ្ញាត្រឹមត្រូវ នោះគេនឹងដឹងយ៉ាងច្បាស់ថា វាគឺជាការភូតកុហក និងជាការប្រឌិតឡើងទាំងស្រុងតាមរយៈទិដ្ឋភាពជាច្រើន។
ជាការពិតណាស់ ខ្ញុំបានសាកសួរសាច់ញាតិមួយចំនួនរបស់សៀខអះម៉ាត់ ដែលរឿងប្រឌិតនេះត្រូវបានគេភ្ជាប់ទៅនឹងគាត់ អំពីពាក្យបណ្តាំនេះ។ ពេលនោះ គេបានឆ្លើយតបមកកាន់ខ្ញុំថា វាគឺជាការភូតកុហកទៅលើសៀខអះម៉ាត់ ហើយពិតណាស់ គាត់មិនបាននិយាយរឿងនេះទាល់តែសោះ។ ហើយសៀខ អះម៉ាត់ ដែលគេបានលើកឡើងនេះ គាត់បានស្លាប់បាត់បង់ជីវិតជាយូរមកហើយ។ ហើយប្រសិនបើយើងសន្មតថា សៀខ អះម៉ាត់ ម្នាក់នោះ ឬក៏បុគ្គលណាម្នាក់ផ្សេងទៀតដែលមានឋានៈធំជាងគាត់ទៀតបានអះអាងថា ខ្លួនបានឃើញណាពី ﷺ ក្នុងដំណេក(យល់សប្តិ) ឬក្រៅដំណេក ហើយលោកបានផ្តាំផ្ញើគាត់នូវពាក្យបណ្តាំទាំងនេះមែននោះ ប្រាកដណាស់ យើងនឹងដឹងយ៉ាងច្បាស់ថា គាត់គឺជាមនុស្សកុហកភូតភរ ឬក៏មួយវិញទៀត គឺអ្វីដែលបានមកប្រាប់គាត់នៅក្នុងរូបភាពនោះ គឺជាស្ហៃតន មិនមែនជាណាពី ﷺ នោះឡើយ ដោយផ្អែកលើទិដ្ឋភាពជាច្រើន ក្នុងចំណោមនោះមានដូចជា៖
ទីមួយ៖ ពិតប្រាកដណាស់ គេមិនអាចឃើញរ៉ស៊ូលុលឡោះ ﷺ នៅក្រៅដំណេកបានឡើយ បន្ទាប់ពីលោកបានទទួលមរណភាពហើយ។ ចំណែកឯការដែលមានពួកស៊ូហ្វីដែលល្ងង់ខ្លៅមួយចំនួនអះអាងថា ខ្លួនបានឃើញណាពី ﷺ នៅក្រៅដំណេក ឬថាលោកមានវត្តមានចូលរួមនៅក្នុងពិធីខួបកំណើតណាពី(ម៉ាវឡុត) ឬក៏ស្ថានភាពដែលស្រដៀងគ្នានេះ គឺបុគ្គលនោះពិតជាបានប្រព្រឹត្តខុសឆ្គងដ៏អាក្រក់បំផុត ហើយត្រូវបាន(ស្ហៃតន)បំភ័ន្តភ្នែកបំភាន់គំនិតរហូតដល់កម្រិតកំពូល ព្រមទាំងបានធ្លាក់ចូលទៅក្នុងកំហុសឆ្គងដ៏ធំធេងក្រៃលែង។ ទង្វើនេះ គឺផ្ទុយទៅនឹងគម្ពីរគួរអាន ស៊ុណ្ណះ ព្រមទាំងការមូលមតិគ្នារបស់សាសនវិទូអ៊ីស្លាមទាំងអស់ ពីព្រោះថា អ្នកដែលបានស្លាប់ទៅហើយ គឺពួកគេនឹងចេញពីផ្នូររបស់ពួកគេនៅថ្ងៃបរលោកប៉ុណ្ណោះ មិនមែននៅក្នុងលោកិយនេះឡើយ។ ជនណាហើយដែលអះអាងផ្ទុយពីនេះ គឺគេជាអ្នកកុហកភូតភរយ៉ាងច្បាស់ក្រឡែតបំផុត ឬក៏ជាអ្នកដែលខុសឆ្គងដោយសារត្រូវបាន(ស្ហៃតន)បំភ័ន្តភ្នែក បំភាន់គំនិតយ៉ាងធ្ងន់ធ្ងរ។ បុគ្គលនោះ គឺមិនបានស្គាល់នូវសេចក្តីពិតដែលបណ្តាអ្នកជំនាន់មុនដ៏ល្អត្រឹមត្រូវ(សាឡាហ្វ)បានស្គាល់ ហើយដែលបណ្តាសហាហ្ពាត់របស់រ៉ស៊ូលុលឡោះ ﷺ និងអ្នកដើរតាមពួកលោកដោយសេចក្តីល្អបានប្រកាន់ខ្ជាប់រហូតមកនោះឡើយ។ អល់ឡោះជាម្ចាស់ទ្រង់បានមានបន្ទូលថា៖ “ក្រោយមក បន្ទាប់ពីនោះ ពួកអ្នកពិតជានឹងត្រូវស្លាប់ទៅវិញ។ បន្ទាប់មកទៀត នៅថ្ងៃបរលោក ពួកអ្នកពិតជានឹងត្រូវគេបង្កើតឲ្យរស់ឡើងវិញ”។ [គម្ពីរគួរអាន ២៣:១៥-១៦] ណាពី ﷺ លោកបានមានប្រសាសន៍ថា៖ “ខ្ញុំគឺជាអ្នកដំបូងគេបង្អស់ដែលដីនឹងប្រេះបែកចេញ(ដើម្បីឲ្យរស់ឡើងវិញ)នៅថ្ងៃបរលោក។ ហើយខ្ញុំជាអ្នកជួយអន្តរាគមន៍ដំបូងគេបង្អស់ និងជាអ្នកដែលត្រូវបានគេទទួលយកការជួយអន្តរាគមន៍ដំបូងគេបង្អស់”។ អាយ៉ាត់ និងហាទីស្ហដែលមានអត្ថន័យបែបនេះ មានច្រើនលើសលប់។
ទីពីរ៖ រ៉ស៊ូលុលឡោះ ﷺ មិនមានប្រសាសន៍នូវអ្វីដែលផ្ទុយពីការពិតនោះឡើយ មិនថាក្នុងពេលដែលលោកនៅមានជីវិតរស់នៅ ឬក្រោយពេលដែលលោកទទួលមរណភាពនោះទេ។ ចំណែកឯពាក្យបណ្ដាំនេះវិញ គឺផ្ទុយនឹងច្បាប់បញ្ញត្តិរបស់លោកយ៉ាងច្បាស់ ដោយផ្អែកលើហេតុផលជាច្រើន(ដែលនឹងលើកឡើងជាបន្តបន្ទាប់)។ ហើយរ៉ស៊ូលុលឡោះ ﷺ គឺគេអាចយល់សប្តិឃើញលោក។ ជនណាដែលបានសុបិនឃើញលោកនៅក្នុងដំណេកក្នុងរូបរាងដ៏ឧត្តុង្គឧត្តមរបស់លោក គឺគេពិតជាបានឃើញលោកពិតប្រាកដមែន ពីព្រោះស្ហៃតនមិនអាចក្លែងបន្លំជារូបរាងរបស់លោកបានឡើយ ដូចដែលមានបញ្ជាក់នៅក្នុងហាទីស្ហត្រឹមត្រូវ។ ប៉ុន្តែអ្វីដែលសំខាន់បំផុតនោះ គឺស្ថិតនៅលើសេចក្តីជំនឿរបស់អ្នកដែលបានយល់សប្តិឃើញ ភាពទៀងត្រង់ ភាពយុត្តិធម៌ ការចងចាំ ការគោរពសាសនា និងភាពគួរឱ្យទុកចិត្តរបស់គេ ព្រមទាំងថាតើគេបានឃើញណាពី ﷺ ក្នុងរូបរាងពិតរបស់លោក ឬមួយក៏ក្នុងរូបរាងផ្សេងពីនេះ។
ទោះជាមានហាទីស្ហណាមួយដែលគេអះអាងថាមកពីណាពី ﷺ នៅក្នុងពេលដែលលោកនៅមានជីវិតក៏ដោយ ប្រសិនបើហាទីស្ហនោះត្រូវបានរាយការណ៍មកតាមរយៈបណ្តាញអ្នករាយការណ៍ដែលមិនមែនជាមនុស្សគួរឱ្យទុកចិត្ត មិនមែនជាអ្នកមានភាពយុត្តិធម៌ និងមិនមែនជាអ្នកមានការចងចាំច្បាស់លាស់ទេនោះ គឺដាច់ខាតមិនត្រូវយកមកធ្វើជាបង្អែកឡើយ ហើយក៏មិនត្រូវយកមកធ្វើជាភស្តុតាងច្បាប់សាសនាដែរ។ ឬមួយវិញទៀត ទោះបីជាហាទីស្ហនោះត្រូវបានរាយការណ៍មកតាមរយៈបណ្តាញអ្នករាយការណ៍ដ៏គួរឱ្យទុកចិត្ត និងមានការចងចាំច្បាស់លាស់ក៏ដោយ ប៉ុន្តែបើខ្លឹមសាររបស់វាផ្ទុយស្រឡះពីការរាយការណ៍របស់បុគ្គលម្នាក់ទៀតដែលមានការចងចាំល្អជាង និងគួរឱ្យទុកចិត្តជាង ហើយភាពផ្ទុយគ្នានោះ មិនអាចសំយោគចូលគ្នាបាន៖ ក្នុងករណីនេះ សេចក្តីរាយការណ៍មួយក្នុងចំណោមនោះ នឹងត្រូវចាត់ទុកថាជាច្បាប់ដែលត្រូវបានលុបចោល(منسوخ) ដែលមិនត្រូវយកមកអនុវត្តឡើយ។ ចំណែកឯមួយទៀត គឺច្បាប់ដែលមកលុបគេ(ناسخ)ដែលត្រូវយកមកអនុវត្តទៅតាមលក្ខខណ្ឌច្បាប់ដែលអាចធ្វើទៅបាន។ ប៉ុន្តែ ប្រសិនបើការសំយោគចូលគ្នាក៏មិនអាចធ្វើបាន ហើយការកំណត់ច្បាប់លុបគ្នាក៏មិនអាចដឹងបានទៀតនោះ គឺដាច់ខាតត្រូវតែបោះបង់ចោលសេចក្តីរាយការណ៍របស់បុគ្គលដែលមានការចងចាំខ្សោយជាង និងមានកម្រិតយុត្តិធម៌ទាបជាង ដោយហាទីស្ហនោះត្រូវបានគេកំណត់ថា ជាហាទីស្ហដែលខុសពីគេឯង(شاذ)ដែលមិនត្រូវយកមកអនុវត្តឡើយ។
(ប្រសិនបើហាទីស្ហដែលគេអះអាងថាមកពីណាពី ﷺ នៅក្នុងពេលដែលលោកនៅមានជីវិតមានលក្ខណៈតឹងរ៉ឹងបែបនេះទៅហើយ) ចុះទម្រាំតែសំបុត្របណ្ដាំមួយច្បាប់ដែលសូម្បីតែអត្តសញ្ញាណរបស់បុគ្គល (តួអង្គសៀខអះម៉ាត់)ដែលលើកយកមកនិយាយបន្តពីណាពី ﷺ ក៏គ្មាននរណាស្គាល់ ហើយក៏គ្មាននរណាដឹងពីកម្រិតនៃភាពយុត្តិធម៌ និងភាពទៀងត្រង់របស់គាត់ផងនោះ(តើឱ្យយកមកជឿម្ដេចកើត)? ស្ថិតក្នុងស្ថានភាពបែបនេះ សំបុត្រនោះសក្តិសមបំផុតនឹងត្រូវគេគ្រវែងចោល និងមិនត្រូវងាកទៅអើពើចំពោះវាជាដាច់ខាត ទោះបីជាសន្មតថា នៅក្នុងសំបុត្រនោះគ្មានខ្លឹមសារណាមួយផ្ទុយនឹងច្បាប់សាសនាក៏ដោយ។ ចុះទម្រាំតែការពិតជាក់ស្ដែង សំបុត្របណ្ដាំមួយនេះបែរជាផ្ទុកទៅដោយរឿងរ៉ាវផ្ដេសផ្ដាសជាច្រើនដែលបញ្ជាក់ពីភាពកុហកបោកប្រាស់បំផ្លើសទៅលើរ៉ស៊ូលុល ﷺ និងបង្កប់ទៅដោយការបង្កើតច្បាប់សាសនាថ្មី ដែលអល់ឡោះមិនបានអនុញ្ញាតទាល់តែសោះទៅវិញនោះ (តើគួរត្រូវទាត់ចោលកម្រិតណា)?
ពិតណាស់ ណាពី ﷺ លោកបានមានប្រសាសន៍ថា៖ “បុគ្គលណាដែលនិយាយបំផ្លើសមកលើខ្ញុំនូវអ្វីដែលខ្ញុំមិនបានមានប្រសាសន៍ ចូរឱ្យគេរៀបចំកន្លែងមួយសម្រាប់ជននោះក្នុងឋាននរកចុះ”។ ពិតប្រាកដណាស់ ជនដែលប្រឌិតរឿងសំបុត្របណ្ដាំមួយនេះបានបំផ្លើសទៅលើរ៉ស៊ូលុលឡោះ ﷺ នូវអ្វីដែលលោកមិនបានមានប្រសាសន៍ ហើយបាននិយាយកុហកបំផ្លើសមកលើរូបលោកយ៉ាងច្បាស់ក្រឡែត និងដ៏ធ្ងន់ធ្ងរបំផុត។ ហេតុនេះ រូបគេពិតជាសក្តិសមបំផុតហើយនឹងទទួលនូវការព្រមានដ៏ធំធេងនេះ ប្រសិនបើរូបគេមិនប្រញាប់ប្រញាល់សារភាពកំហុស(តាវហ្ពាត់) ព្រមទាំងប្រកាសប្រាប់ដល់មនុស្សម្នាពីអំពីភាពកុហកបោកប្រាស់នៃសំបុត្របណ្ដាំដែលគេទាញភ្ជាប់ទៅនឹងរ៉ស៊ូលុលឡោះ ﷺ នោះទេ។ មូលហេតុគឺដោយសារតែបុគ្គលណាដែលបានផ្សព្វផ្សាយនូវរឿងមិនពិតនៅក្នុងចំណោមមនុស្សម្នា ហើយទាញភ្ជាប់វាទៅនឹងសាសនា នោះការសុំអភ័យទោសរបស់ជននោះនឹងមិនត្រឹមត្រូវឡើយ លើកលែងតែមានការចេញមុខមកប្រកាសជាសាធារណៈ និងបង្ហាញឱ្យឃើញយ៉ាងច្បាស់(នូវកំហុសរបស់ខ្លួន) ដើម្បីឱ្យមនុស្សម្នាបានដឹងថា គេពិតជាបានដកខ្លួនថយចេញពីការកុហកនោះ និងបានមកកែប្រែកំហុសខ្លួនឯងវិញយ៉ាងពិតប្រាកដ ដោយយោងតាមបន្ទូលរបស់អល់ឡោះជាម្ចាស់ដែលទ្រង់បានមានបន្ទូលថា៖ “ជាការពិតណាស់ ពួកដែលបានលាក់បាំងនូវអ្វីដែលយើងបានបញ្ចុះមកនៃសញ្ញាភស្តុតាង និងការចង្អុលបង្ហាញ ក្រោយពីយើងបានបញ្ជាក់វាដល់មនុស្សលោកនៅក្នុងគម្ពីរ(របស់ពួកគេ)ហើយនោះ ពួកទាំងនោះហើយជាពួកដែលត្រូវបានអល់ឡោះដាក់បណ្តាសា ហើយបណ្តាអ្នកដែលដាក់បណ្តាសាទាំងឡាយ(ម៉ាឡាអ៊ីកាត់ ណាពី និងមនុស្សលោក)ក៏បានដាក់បណ្តាសាពួកគេផងដែរ។ លើកលែងតែបណ្តាអ្នកដែលបានសារភាពកំហុស ហើយបានកែលម្អ(ទង្វើរបស់ពួកគេ) ព្រមទាំងបានបញ្ជាក់(អំពីការលាក់បាំងរបស់ពួកគេ)ប៉ុណ្ណោះ។ ពិតណាស់ អ្នកទាំងនោះ គឺយើង(អល់ឡោះ)នឹងទទួលយកការសារភាពកំហុសរបស់ពួកគេ ហើយយើងគឺជាអ្នកដែលទទួលយកការសារភាពកំហុស ជាអ្នកអាណិតស្រលាញ់បំផុត”។ [គម្ពីរគួរអាន ២:១៥៩-១៦០] នៅក្នុងអាយ៉ាត់ដ៏ឧត្តុង្គឧត្តមនេះ អល់ឡោះជាម្ចាស់ទ្រង់បានបញ្ជាក់យ៉ាងច្បាស់ថា ជាការពិតណាស់ ជនណាដែលបានលាក់បាំងអ្វីមួយអំពីសេចក្តីពិត នោះការសារភាពកំហុសរបស់គេពីរឿងនោះ គឺមិនត្រឹមត្រូវឡើយ លុះត្រាតែមានការកែខ្លួន និងការបញ្ជាក់ប្រាប់ច្បាស់លាស់។ ហើយអល់ឡោះជាម្ចាស់ទ្រង់បានបំពេញសាសនាសម្រាប់ខ្ញុំបម្រើរបស់ទ្រង់ឲ្យមានភាពពេញលេញ និងបានបង្គ្រប់នូវឧបការគុណរបស់ទ្រង់ដល់ពួកគេតាមរយៈការតែងតាំងអ្នកនាំសាររបស់ទ្រង់ មូហាំម៉ាត់ ﷺ និងតាមរយៈអ្វីដែលអល់ឡោះបានបញ្ចុះមកឲ្យលោកអំពីច្បាប់បញ្ញត្តិដ៏ពេញលេញ។ ហើយទ្រង់មិនបានយកជីវិតរបស់លោកត្រឡប់ទៅវិញឡើយ លើកលែងតែក្រោយពេលដែលទ្រង់បានបំពេញសាសនានេះបានពេញលេញ និងបញ្ជាក់ប្រាប់យ៉ាងច្បាស់លាស់រួចរាល់ ដូចដែលទ្រង់បានមានបន្ទូលថា៖ “នៅក្នុងថ្ងៃនេះដែរ យើងបានបំពេញសាសនារបស់ពួកអ្នកឱ្យពួកអ្នក ហើយយើងបានបង្គ្រប់ឧបការគុណរបស់យើងដល់ពួកអ្នក និងបានពេញចិត្តជ្រើសយកអ៊ីស្លាមជាសាសនាសម្រាប់ពួកអ្នក”។ [គម្ពីរគួរអាន ៥:៣]
ជនដែលប្រឌិតរឿងសំបុត្របណ្ដាំនេះបានលេចមុខឡើងនៅក្នុងសតវត្សទី១៤(នៃមូហាំម៉ាត់សករាជ) ដោយមានបំណងចង់បំភាន់មនុស្សនូវសាសនាថ្មីមួយដែលកំណត់ថា ការចូលឋានសួគ៌ គឺសម្រាប់តែអ្នកដែលប្រកាន់យកនូវច្បាប់បញ្ញត្តិរបស់គេប៉ុណ្ណោះ។ អ្នកដែលមិនប្រកាន់យកនូវច្បាប់បញ្ញត្តិរបស់គេ នឹងបាត់បង់ឱកាសចូលឋានសួគ៌ ព្រមទាំងត្រូវធ្លាក់ទៅក្នុងឋាននរក។ ហើយគេចង់ធ្វើឱ្យពាក្យបណ្ដាំដែលខ្លួនបានប្រឌិតនេះ មានភាពធំធេង និងប្រសើរជាងគម្ពីរគួរអានទៅទៀត ដោយគេបានប្រឌិតនៅក្នុងនោះថា៖ ជនណាហើយដែលបានសរសេរពាក្យបណ្តាំនេះ ហើយផ្ញើវាពីស្រុកមួយទៅស្រុកមួយ និងពីទីកន្លែងមួយទៅទីកន្លែងមួយ នោះគេនឹងសាងសង់វិមានមួយសម្រាប់ជននោះនៅក្នុងឋានសួគ៌។ ចំណែកឯជនណាដែលមិនបានសរសេរបណ្តាំនេះ និងផ្ញើវាទេនោះ ការជួយអន្តរាគមន៍របស់ណាពី ﷺ នៅថ្ងៃបរលោកនឹងត្រូវបានហាមឃាត់ចំពោះរូបគេ។ ហើយនេះ គឺជាការភូតកុហកដ៏អាក្រក់បំផុត និងជាភស្តុតាងដ៏ច្បាស់លាស់បំផុតដែលបញ្ជាក់អំពីភាពភូតកុហកនៃបណ្តាំនេះ ភាពគ្មានការអៀនខ្មាសរបស់អ្នកដែលប្រឌិតវាឡើង ព្រមទាំងភាពគឃ្លើនយ៉ាងធំធេងរបស់គេក្នុងការភូតកុហក ព្រោះថា អ្នកដែលសរសេរគម្ពីរគួរអានដ៏ថ្លៃថ្លា ហើយបញ្ជូនវាពីប្រទេសមួយទៅប្រទេសមួយទៀត ឬពីទីកន្លែងមួយទៅទីកន្លែងមួយទៀត គឺមិនទទួលបាននូវភាពវិសេសវិសាលបែបនេះឡើយ ប្រសិនបើគេមិនប្រតិបត្តិតាមគម្ពីរគួរអានដ៏ថ្លៃថ្លានេះទេនោះ។ ដូចនេះ តើអ្នកដែលសរសេរពាក្យប្រឌិតភូតកុហកនេះ ហើយបញ្ជូនវាពីប្រទេសមួយទៅប្រទេសមួយទៀតនោះ អាចទទួលបានភាពវិសេសវិសាលខាងលើនេះយ៉ាងដូចម្ដេចទៅ? ចំណែកឯអ្នកដែលមិនបានសរសេរគម្ពីរគួរអាន និងមិនបានបញ្ជូនវាពីតំបន់មួយទៅតំបន់មួយ ក៏ជននោះមិនត្រូវបានរារាំងពីការជួយអន្តរាគមន៍របស់ណាពី ﷺ នោះដែរ ប្រសិនបើគេមានជំនឿចំពោះលោក និងគោរពតាមច្បាប់បញ្ញត្តិរបស់លោកនោះ។ គ្រាន់តែចំណុចនេះមួយនៅក្នុងសំបុត្របណ្ដាំនេះ គឺវាគ្រប់គ្រាន់បាត់ទៅហើយក្នុងការបញ្ជាក់ពីភាពមិនត្រឹមត្រូវនៃបណ្តាំនេះ ភាពកុហកបោកប្រាស់របស់អ្នកដែលផ្សព្វផ្សាយវា ព្រមទាំងភាពព្រហើន និងភាពល្ងង់ខ្លៅរបស់គេ ហើយនិងការចាកឆ្ងាយរបស់គេពីការយល់ដឹងនូវការចង្អុលបង្ហាញដ៏ត្រឹមត្រូវដែលរ៉ស៊ូលុលឡោះ ﷺ លោកបាននាំមក។
នៅក្នុងសំបុត្របណ្ដាំនេះ(ក្រៅពីអ្វីដែលបានលើកឡើងខាងលើ) មានចំណុចផ្សេងៗជាច្រើនទៀតដែលសុទ្ធសឹងបង្ហាញពីភាពមិនពិត និងការកុហកភូតភរនៃសំបុត្រនេះ។ ហើយទោះបីជាអ្នកប្រឌិតសំបុត្របណ្តាំនេះស្បថមួយពាន់ដង ឬច្រើនជាងនេះថាសំបុត្រនេះជាការពិត ឬទោះបីជាគេហ៊ានបួងសួងដាក់បណ្តាសាខ្លួនឯងឱ្យជួបនូវទណ្ឌកម្មដ៏ធំធេង និងទទួលទណ្ឌកម្មដ៏ខ្លាំងក្លាបំផុតដើម្បីបញ្ជាក់ថា ខ្លួនជាមនុស្សនិយាយពិតក៏ដោយ ក៏ដាច់ខាតគេមិនមែនជាមនុស្សដែលនិយាយពិតឡើយ ហើយសំបុត្រនោះក៏ដាច់ខាតមិនត្រឹមត្រូវដែរ។ ផ្ទុយទៅវិញ សំបុត្រនោះ (សូមស្បថនឹងអល់ឡោះ បន្ទាប់មក សូមស្បថនឹងអល់ឡោះ) ពិតជាស្ថិតក្នុងចំណោមភាពមិនពិតដ៏ធំបំផុត និងដ៏អាក្រក់បំផុត។ ហើយពួកយើងសូមយកអល់ឡោះជាម្ចាស់ដ៏មហាស្អាតស្អំ និងម៉ាឡាអ៊ីកាត់ទាំងឡាយដែលកំពុងមានវត្តមានជាមួយនឹងពួកយើង ព្រមទាំងជនមូស្លីមទាំងឡាយណាដែលបានឃើញសារនេះធ្វើជាសាក្សី(ជាសក្ខីភាពដ៏មុតមាំដែលពួកយើងនឹងយកទៅជួបនឹងអល់ឡោះជាម្ចាស់ដ៏មហិមារបស់ពួកយើង)ថា៖ ពិតប្រាកដណាស់ សំបុត្របណ្តាំនេះ គឺជាការកុហក និងជាការបង្កើតពាក្យមួលបង្កាច់ទៅលើរ៉ស៊ូលុលឡោះ ﷺ ។ សូមអល់ឡោះជាម្ចាស់ផ្តល់នូវភាពអាម៉ាស់ដល់អ្នកដែលបានប្រឌិតសំបុត្របណ្តាំនេះឡើង ហើយតបស្នងដល់គេវិញនូវអ្វីដែលគេសក្តិសមនឹងទទួលបាន។
ក្រៅពីអ្វីដែលបានលើកឡើងខាងលើ ភស្តុតាងដែលបញ្ជាក់ពីភាពកុហកភូតភរ និងភាពមិនត្រឹមត្រូវនៃពាក្យបណ្ដាំនេះ គឺមានចំណុចជាច្រើនទៀតដែលសំបុត្រនោះបានលើកឡើង ក្នុងនោះមានដូចជា៖
ចំណុចទីមួយ៖ ការលើកឡើងរបស់គេនៅក្នុងសំបុត្រនោះថា៖ “ពីព្រោះពីជុមអាត់(ថ្ងៃសុក្រ)មួយទៅជុមអាត់មួយ មានមនុស្ស១៦០,០០០នាក់បានស្លាប់ក្រៅពីសាសនាអ៊ីស្លាម” ពីព្រោះនេះគឺជារឿងអាថ៌កំបាំង ហើយចំពោះរ៉ស៊ូលុលឡោះ ﷺ គឺវ៉ាហ៊ីបានដាច់ពីលោកហើយក្រោយការទទួលមរណភាពរបស់លោក។ នៅពេលលោកនៅមានជីវិត លោកមិនទាំងដឹងពីប្រការអាថ៌កំបាំងផង ចុះទម្រាំតែក្រោយពេលដែលលោកទទួលមរណភាពទៀតនោះ ដោយយោងតាមបន្ទូលរបស់អល់ឡោះជាម្ចាស់ដែលទ្រង់បានមានបន្ទូលថា៖ “ចូរអ្នក(ឱអ្នកនាំសារមូហាំម៉ាត់)ពោលចុះថា៖ ខ្ញុំមិនដែលប្រាប់ពួកអ្នកថា ខ្ញុំមានឃ្លាំង(នៃលាភសក្ការៈ)របស់អល់ឡោះនោះឡើយ ហើយខ្ញុំក៏មិនដឹងនូវប្រការអាថ៌កំបាំង...” [គម្ពីរគួរអាន ៦:៥០] ទ្រង់បានមានបន្ទូលទៀតថា៖ “ចូរអ្នក(ឱអ្នកនាំសារមូហាំម៉ាត់)ពោលចុះថា៖ គ្មាននរណាម្នាក់ដែលនៅលើមេឃជាច្រើនជាន់ និងផែនដីអាចដឹងពីប្រការអាថ៌កំបាំងនោះឡើយ លើកលែងតែអល់ឡោះជាម្ចាស់(តែមួយគត់)...” [គម្ពីរគួរអាន ២៧:៦៥] ហើយនៅក្នុងហាទីស្ហត្រឹមត្រូវមួយ ណាពី ﷺ លោកបានមានប្រសាសន៍ថា៖ “មានមនុស្សជាច្រើនត្រូវបានគេបណ្ដេញចេញពីស្រះទឹករបស់ខ្ញុំនាថ្ងៃបរលោក។ ខ្ញុំបាននិយាយថា៖ ឱព្រះជាម្ចាស់! ពួកគេជាសាវ័ករបស់ខ្ញុំទេ។ ពួកគេជាសាវ័ករបស់ខ្ញុំទេ។ ពេលនោះ មានគេតបមកកាន់ខ្ញុំវិញថា៖ ពិតណាស់ អ្នកមិនបានដឹងទេនូវអ្វីដែលពួកគេបានបង្កើតថ្មីបន្ទាប់ពីអ្នក(ស្លាប់)នោះ។ នៅពេលនោះ ខ្ញុំនឹងនិយាយដូចអ្វីដែលខ្ញុំបម្រើដ៏ល្អម្នាក់បាននិយាយថា៖ “ហើយខ្ញុំជាសាក្សីលើពួកគេ ដរាបណាខ្ញុំនៅជាមួយពួកគេ។ តែនៅពេលដែលទ្រង់បានឲ្យខ្ញុំស្លាប់ ទ្រង់គឺជាអ្នកឃ្លាំមើលលើពួកគេវិញ។ ហើយទ្រង់គឺជាសាក្សីលើអ្វីៗទាំងអស់”។ [អាល់ម៉ាអ៊ីហ្ទះ : ១១៧]
ចំណុចទីពីរ៖ (ក្នុងចំណោមប្រការដែលបង្ហាញពីភាពមិនត្រឹមត្រូវនៃពាក្យបណ្ដាំនេះ ហើយថាវាគឺជាការកុហកភូតភរ) គឺនៅត្រង់សម្ដីរបស់គេដែលនិយាយថា៖ “ជនណាដែលបានសរសេរពាក្យបណ្តាំនេះ ប្រសិនបើគេជាអ្នកក្រីក្រ នោះអល់ឡោះជាម្ចាស់នឹងឱ្យគេមានបាន ឬប្រសិនបើគេជាប់បំណុល នោះអល់ឡោះនឹងដោះបំណុលនោះឱ្យគេ ឬប្រសិនបើគេមានបាប នោះអល់ឡោះជាម្ចាស់នឹងលើកលែងទោសឱ្យគេ ព្រមទាំងមាតាបិតារបស់គេថែមទៀត តាមរយៈពរជ័យនៃបណ្ដាំនេះ” រហូតដល់ចប់ នេះគឺស្ថិតក្នុងចំណោមការភូតកុហកដ៏ធ្ងន់ធ្ងរបំផុត និងជាភស្តុតាងដ៏ច្បាស់លាស់បំផុតដែលបញ្ជាក់ពីការភូតកុហករបស់អ្នកដែលប្រឌិតវាឡើង ហើយនិងភាពគ្មានការអៀនខ្មាសរបស់គេចំពោះអល់ឡោះជាម្ចាស់ និងចំពោះខ្ញុំបម្រើទាំងឡាយរបស់ទ្រង់ ពីព្រោះប្រការទាំងបីនេះ គឺមិនអាចទទួលបានដោយគ្រាន់តែសរសេរគម្ពីរគួរអានដ៏ឧត្ដុង្គឧត្ដមផង ដូច្នេះ តើអ្នកដែលសរសេរបណ្ដាំដ៏ខុសឆ្គងមួយនេះអាចទទួលបានប្រការទាំងនេះយ៉ាងដូចម្តេចទៅ?! តាមពិត បំណងរបស់ជនអគតិម្នាក់នេះ គឺគេចង់បំភាន់ដល់មនុស្សម្នាទាំងឡាយ និងធ្វើឲ្យពួកគេជាប់ជំពាក់ចិត្តទៅលើសំបុត្របណ្ដាំមួយនេះប៉ុណ្ណោះ ដើម្បីឲ្យពួកគេសរសេរវា និងដក់ចិត្តទៅលើផលបុណ្យដែលគេអះអាង(ទាំងបោកប្រាស់)នេះ ហើយបោះបង់ចោលនូវមូលហេតុ ឬមធ្យោបាយទាំងឡាយដែលអល់ឡោះជាម្ចាស់បានបញ្ញត្តិសម្រាប់បណ្ដាខ្ញុំបម្រើរបស់ទ្រង់ ហើយដែលទ្រង់បានកំណត់វាជាផ្លូវនាំទៅរកភាពមានបាន ការរួចផុតពីបំណុល និងការអភ័យទោសចំពោះបាបកម្មទាំងឡាយ។ យើងខ្ញុំសូមការការពារពីអល់ឡោះជាម្ចាស់ឲ្យរួចផុតពីមូលហេតុដែលនាំមកនូវភាពវង្វេង ការដើរតាមចំណង់តណ្ហា និងស្ហៃតនផង។
ចំណុចទីបី៖ (ក្នុងចំណោមប្រការដែលបង្ហាញពីភាពមិនត្រឹមត្រូវនៃសំបុត្របណ្ដាំនេះ) គឺនៅត្រង់សម្ដីរបស់គេដែលនិយាយថា៖ “រីឯជនណាហើយក្នុងចំណោមខ្ញុំបម្រើរបស់អល់ឡោះមិនបានសរសេរពាក្យបណ្តាំនេះទេនោះ មុខរបស់គេនឹងប្រែជាខ្មៅទាំងនៅក្នុងលោកិយ និងនៅថ្ងៃបរលោក”។ ចំណុចនេះផងដែរ គឺជាការភូតកុហកដ៏អាក្រក់បំផុត និងជាភស្តុតាងដ៏ច្បាស់ក្រឡែតបំផុតមួយដែលបញ្ជាក់ពីភាពមិនត្រឹមត្រូវនៃសំបុត្របណ្ដាំនេះ ហើយនិងការកុហកបោកប្រាស់របស់ជនដែលប្រឌិតវាឡើង។ តើអាចទៅរួចយ៉ាងដូចម្ដេចទៅនៅក្នុងខួរក្បាលរបស់មនុស្សដែលមានសតិបញ្ញាត្រឹមត្រូវម្នាក់ក្នុងការសរសេរតាមសំបុត្របណ្ដាំមួយដែលនាំយកមកដោយបុរសមិនស្គាល់អត្តសញ្ញាណម្នាក់នៅសតវត្សទី១៤(នៃមូហាំម៉ាត់សករាជ) ដោយបានប្រឌិតរឿងភូតកុហកទៅលើរ៉ស៊ូលុលឡោះ ﷺ ហើយហ៊ានអះអាងថា អ្នកណាហើយដែលមិនសរសេរពាក្យបណ្តាំនេះ មុខរបស់គេនឹងប្រែជាខ្មៅទាំងនៅក្នុងលោកិយ និងបរលោក ហើយអ្នកណាដែលបានសរសេរពាក្យបណ្តាំនេះ នឹងក្លាយជាអ្នកមានបន្ទាប់ពីភាពក្រីក្រ និងរួចផុតពីបំណុលបន្ទាប់ពីជំពាក់គេវ័ណ្ឌក ព្រមទាំងទទួលបាននូវការអភ័យទោសចំពោះបាបកម្មទាំងឡាយដែលគេបានសាងនោះ!!
អល់ឡោះជាម្ចាស់ដ៏មហាស្អាតស្អំ! នេះពិតជាជាការមួលបង្កាច់ដ៏ធំធេងបំផុត! ជាការពិតណាស់ ទាំងភស្តុតាង និងការពិតជាក់ស្ដែងសុទ្ធសឹងតែបានធ្វើជាសាក្សីបញ្ជាក់យ៉ាងច្បាស់ពីការកុហកបោកប្រាស់របស់ជនប្រឌិតម្នាក់នេះ ព្រមទាំងបង្ហាញពីភាពព្រហើនដ៏ធំធេងរបស់គេចំពោះអល់ឡោះជាម្ចាស់ និងភាពឥតអៀនខ្មាសទាល់តែសោះរបស់គេចំពោះអល់ឡោះ និងមនុស្សម្នាទាំងឡាយ ពីព្រោះមានប្រជាជាតិជាច្រើនលើសលប់ដែលពួកគេមិនបានសរសេរពាក្យបណ្តាំនេះឡើយ ប៉ុន្តែផ្ទៃមុខរបស់ពួកគេក៏មិនបានប្រែជាខ្មៅអ្វីនោះដែរ។ ផ្ទុយទៅវិញ ក៏មានក្រុមមនុស្សយ៉ាងច្រើនសន្ធឹកសន្ធាប់ដែលគ្មាននរណាម្នាក់អាចរាប់ចំនួនពួកគេអស់ក្រៅពីអល់ឡោះនោះឡើយ ពួកគេបានសរសេរសំបុត្របណ្តាំនេះជាច្រើនលើកច្រើនសា ប៉ុន្តែបំណុលដែលពួកគេជំពាក់គេនៅតែមិនទាន់ដោះរួច ហើយភាពក្រខ្សត់តោកយ៉ាករបស់ពួកគេក៏នៅតែមិនទាន់បាត់បង់ទៅណា។ យើងខ្ញុំសូមការការពារពីអល់ឡោះជាម្ចាស់ឲ្យរួចផុតពីភាពងាករេនៃដួងចិត្ត និងភាពហ្មងសៅនៃបាបកម្ម។ លក្ខណៈសម្បត្តិ និងការតបស្នងទាំងនេះ គឺមិនមានចែងនៅក្នុងច្បាប់អ៊ីស្លាមនោះឡើយសម្រាប់អ្នកដែលសរសេរចម្លងគម្ពីរឧត្តុង្គឧត្តម និងដ៏ប្រសើរថ្លៃថ្លាបំផុត ពោលគឺគម្ពីរគួរអាន។ ដូច្នេះ តើប្រការទាំងនេះអាចទទួលបានយ៉ាងដូចម្តេចទៅចំពោះអ្នកដែលសរសេរចម្លងសំបុត្របណ្តាំដែលកុហកភូតភរ ដែលផ្ទុកទៅដោយភាពមិនត្រឹមត្រូវជាច្រើនប្រភេទ និងបង្កប់ទៅដោយឃ្លាប្រយោគដែលបញ្ជាក់ពីភាពគ្មានជំនឿ(កាហ្វៀរ)ជាច្រើនប្រភេទទៀតនោះ? អល់ឡោះជាម្ចាស់ដ៏មហាស្អាតស្អំ!! ទ្រង់ពិតជាមានភាពខន្តីដល់អ្នកដែលហ៊ានប្រឌិតកុហកទៅលើទ្រង់ខ្ពស់បំផុតពិតមែន!!!
ចំណុចទីបួន៖ (ក្នុងចំណោមប្រការដែលបង្ហាញថា ពាក្យបណ្ដាំនេះ គឺក្លែងក្លាយយ៉ាងច្បាស់ក្រឡែត និងជាការភូតកុហកយ៉ាងច្បាស់) គឺនៅត្រង់សម្ដីរបស់គេដែលនិយាយថា៖ “ជនណាដែលជឿជាក់លើពាក្យបណ្តាំនេះ រូបគេនឹងបានរួចផុតពីទណ្ឌកម្មនៃឋាននរក។ តែជនណាដែលបដិសេធនឹងបណ្តាំនេះ គឺគេនឹងក្លាយជាអ្នកគ្មានជំនឿ(កាហ្វៀរ)”។ ចំណុចនេះផងដែរ គឺស្ថិតក្នុងចំណោមភាពព្រហើនដ៏ធំធេងបំផុតក្នុងការបង្កើតរឿងភូតភរ និងជារឿងមិនពិតដ៏អាក្រក់បំផុត ដោយជនប្រឌិតម្នាក់នេះអំពាវនាវដល់មនុស្សទាំងអស់ឲ្យជឿទៅលើរឿងប្រឌិតរបស់ខ្លួន ហើយអះអាងថា តាមរយៈនោះ ពួកគេនឹងបានរួចផុតពីទណ្ឌកម្មនៃភ្លើងនរក ហើយថា ជនណាដែលបដិសេធនឹងពាក្យបណ្តាំនេះ គឺជាអ្នកដែលគ្មានជំនឿ។ សូមស្បថនឹងអល់ឡោះជាម្ចាស់! ជនភូតភរម្នាក់នេះ ពិតជាបាននិយាយប្រឌិតយ៉ាងធំធេងទៅលើអល់ឡោះ។ ហើយសូមស្បថនឹងអល់ឡោះ! គេពិតបាននិយាយនូវអ្វីដែលមិនមែនជាការពិតទាល់តែសោះ។ តាមពិត អ្នកដែលជឿលើសំបុត្របណ្តាំនេះទៅវិញទេ ទើបជាអ្នកដែលសក្តិសមនឹងក្លាយជាអ្នកដែលគ្មានជំនឿ មិនមែនអ្នកដែលបដិសេធវានោះឡើយ ពីព្រោះវាជារឿងប្រឌិត ជារឿងក្លែងក្លាយ និងជាការភូតកុហកដែលគ្មានមូលដ្ឋាននៃការពិតទាល់តែសោះ។ ហើយពួកយើងសូមយកអល់ឡោះធ្វើជាសាក្សីថា សំបុត្របណ្តាំនេះ គឺជាការភូតកុហក ហើយអ្នកដែលប្រឌិតវាឡើង គឺជាមនុស្សភូតកុហក ដែលគេមានបំណងចង់បញ្ញត្តិច្បាប់ដល់មនុស្សលោកនូវអ្វីដែលអល់ឡោះជាម្ចាស់មិនបានអនុញ្ញាត និងបញ្ចូលវាទៅក្នុងសាសនារបស់ពួកគេនូវអ្វីដែលមិនមែនអំពីសាសនានេះ ខណៈដែលអល់ឡោះជាម្ចាស់ទ្រង់បានបំពេញសាសនានេះឲ្យមានភាពពេញលេញសម្រាប់ប្រជាជាតិនេះ តាំងពី១៤សតវត្សមុនការប្រឌិតរឿងនេះមកម៉្លេះ។ ដូច្នេះ សូមប្រិយមិត្តអ្នកអាន និងបងប្អូនទាំងឡាយប្រុងប្រយ័ត្ន៖! ត្រូវចៀសវាងចំពោះការជឿទៅលើរឿងប្រឌិតភូតភរទាំងនេះ ហើយដាច់ខាតកុំបណ្តោយឲ្យរឿងបោកប្រាស់ទាំងនេះរីករាលដាលនៅក្នុងចំណោមអ្នករាល់គ្នា ព្រោះថា ពិតប្រាកដណាស់ ការពិត គឺតែងតែមានពន្លឺចាំងចែងនៅក្នុងខ្លួនវាជានិច្ចដែលមិនអាចធ្វើឱ្យអ្នកស្វែងរកការពិតភាន់ច្រឡំបានឡើយ។ ដូច្នេះ ចូរពួកអ្នកស្វែងរកការពិតតាមរយៈភស្តុតាងរបស់វា។ ចូរសាកសួរទៅកាន់អ្នកចេះដឹងទាំងឡាយនូវចំណុចណាដែលពួកអ្នកមានការមន្ទិលសង្ស័យ ឬស្រពេចស្រពិល ហើយចូររកុំចាញ់បោកការស្បថស្បែរបស់ពួកដែលកុហកភូតភរឲ្យសោះ។ ជាការពិតណាស់ អ៊ិព្លីសដែលទទួលនូវការដាក់បណ្តាសាក៏ធ្លាប់បានស្បថចំពោះមុខឪពុកម្តាយរបស់ពួកអ្នក គឺអាហ្ទាំ និងហាវ៉ា ដែរថា ជាការពិតណាស់ វាស្ថិតក្នុងចំណោមអ្នកដែលផ្តល់ដំបូន្មានដល់គាត់ទាំងពីរ ខណៈដែលការពិត វាគឺជាជនក្បត់ដ៏មហិមាបំផុត និងជាអ្នកភូតកុហកដ៏អាក្រក់បំផុត ដូចដែលអល់ឡោះជាម្ចាស់បានរៀបរាប់អំពីរឿងនេះ ដោយទ្រង់បានមានបន្ទូលថា៖ “ហើយវាបានស្បថចំពោះមុខពួកគេទាំងពីរថា៖ ពិតប្រាកដណាស់ ខ្ញុំគឺស្ថិតក្នុងចំណោមអ្នកផ្តល់ដំបូន្មានដល់អ្នកទាំងពីរ(ឱអាហ្ទាំ និងហាវ៉ា)”។ [គម្ពីរគួរអាន ៧:២១] ដូច្នេះ ចូរពួកអ្នកប្រុងប្រយ័ត្នពីជនបោកប្រាស់ទាំងនោះ ហើយក៏ត្រូវប្រុងប្រយ័ត្នផងដែរពីអ្នកដែលដើរតាមពួកគេ ត្បិតអីទាំងពួកគេ និងបក្សពួករបស់ពួកគេបានប្រើពាក្យស្បថស្បែកុហកបោកប្រាស់រាប់មិនអស់ ថែមទាំងក្បាត់ការសន្យា និងប្រើពាក្យសម្ដីផ្អែមល្ហែមក្នុងគោលបំណងដើម្បីតែល្បួងលួងលោម និងធ្វើឲ្យមនុស្សទាំងឡាយវង្វេងតែប៉ុណ្ណោះ! ចំពោះអ្វីដែលជនប្រឌិតរឿងមិនពិតរូបនេះបានលើកឡើងទាក់ទងនឹងការកើតមាននូវអំពើអាក្រក់ផ្សេងៗ វាគឺជារឿងពិតជាក់ស្តែងដែលកំពុងកើតមានឡើងពិតប្រាកដ ហើយទាំងគម្ពីរគួរអាន និងស៊ុណ្ណះដ៏បរិសុទ្ធ សុទ្ធសឹងតែបានព្រមាននិងដាស់តឿនយ៉ាងម៉ឺងម៉ាត់បំផុតអំពីបញ្ហានេះរួចជាស្រេចទៅហើយ។ នៅក្នុងប្រភពដ៏ឧត្តុង្គឧត្តមទាំងពីរនេះ(គម្ពីរគួរអាន និងស៊ុណ្ណះ) គឺមាននូវការចង្អុលបង្ហាញ និងមានការព្រមានគ្រប់គ្រាន់ហើយ។
ចំណែកឯអ្វីដែលគេបានលើកឡើងទាក់ទងនឹងសញ្ញានៃថ្ងៃបរលោកនោះ ពិតប្រាកដណាស់ ហាទីស្ហណាពី ﷺ គឺបានបញ្ជាក់យ៉ាងច្បាស់រួចទៅហើយនូវអ្វីដែលស្ថិតក្នុងចំណោមសញ្ញានៃថ្ងៃបរលោក ហើយសូម្បីតែនៅក្នុងគម្ពីរគួរអានដ៏ឧត្តុង្គឧត្តមក៏បានចង្អុលបង្ហាញខ្លះៗពីបញ្ហានេះផងដែរ។ ដូច្នេះ ជនណាដែលចង់ដឹងពីបញ្ហានេះ គេច្បាស់ជានឹងអាចរកវាឃើញនៅកន្លែងរបស់វាផ្ទាល់ដែលមាននៅក្នុងសៀវភៅស៊ុណ្ណះនានា ក៏ដូចជានៅក្នុងស្នាដៃនិពន្ធរបស់អ្នកដែលមានចំណេះដឹង និងមានជំនឿជាច្រើន។ ហើយមនុស្សលោក គឺដាច់ខាតគ្មានតម្រូវការ ឬសេចក្តីត្រូវការនៅក្នុងការមកពឹងផ្អែកលើការបកស្រាយ ការបន្លំភ្នែក និងការយកការពិតមកលាយឡំនឹងភាពមិនពិតពីសំណាក់ជនភូតភរម្នាក់នេះទាល់តែសោះនោះឡើយ។ សូមអល់ឡោះជាម្ចាស់មេត្តាការពាររូបខ្ញុំ ក៏ដូចជាអ្នកទាំងអស់គ្នា ព្រមទាំងបងប្អូនមូស្លីមទាំងឡាយ ពីភាពអាក្រក់របស់ពួកស្ហៃតន ពីការល្បួងនៃពួកដែលធ្វើគេឱ្យវង្វេង ពីការងាករេនៃពួកដែលងាករេចេញពីសេចក្តីពិត និងពីការបំភាន់ពីសំណាក់សត្រូវរបស់អល់ឡោះដែលជាពួកបំផ្លាញសេចក្តីពិត ដែលពួកគេចង់ពន្លត់ពន្លឺរបស់អល់ឡោះដោយមាត់របស់ពួកគេ និងធ្វើឱ្យមនុស្សលោកមានការភាន់ច្រឡំអំពីសាសនារបស់ពួកគេ។ ប៉ុន្តែអល់ឡោះជាម្ចាស់នឹងបំពេញពន្លឺរបស់ទ្រង់ឱ្យមានភាពពេញលេញ និងជួយដល់សាសនារបស់ទ្រង់ ទោះបីជាបណ្ដាសត្រូវរបស់អល់ឡោះដែលជាពួកស្ហៃតនទាំងឡាយ ព្រមទាំងអ្នកដើរតាមពួកគេដែលជាពួកគ្មានជំនឿនិងពួកដែលមិនជឿព្រះ មិនពេញចិត្តយ៉ាងណាក៏ដោយ។ យើងខ្ញុំសូមបួងសួងដល់អល់ឡោះជាម្ចាស់សូមទ្រង់មេត្តាកែតម្រូវស្ថានភាពរបស់ជនមូស្លីមទាំងឡាយ ព្រមទាំងប្រទានឱ្យពួកគេបានដើរតាមសេចក្តីពិត ប្រកាន់ខ្ជាប់លើសេចក្តីពិតនោះ និងសារភាពកំហុសទៅអល់ឡោះជាម្ចាស់ពីរាល់អំពើបាបទាំងឡាយ។ ពិតណាស់ ទ្រង់ជាម្ចាស់ដែលទទួលនូវការសារភាពកំហុស មហាមេត្តាករុណា និងមានអានុភាពលើគ្រប់អ្វីៗទាំងអស់។ អល់ឡោះជាម្ចាស់តែមួយគត់ គឺគ្រប់គ្រាន់សម្រាប់ពួកយើង ហើយទ្រង់ជាអ្នកគាំពារដ៏ល្អប្រសើរបំផុត។ គ្មានទេអានុភាព និងឥទ្ធិពល គឺមានតែមកពីអល់ឡោះជាម្ចាស់ដ៏មហាខ្ពង់ខ្ពស់ មហាធំធេង។
រាល់ការសរសើរទាំងឡាយ គឺសម្រាប់អល់ឡោះជាព្រះជាម្ចាស់នៃពិភពទាំងអស់។ សូមពរជ័យ និងសន្តិភាពកើតមានដល់ខ្ញុំបម្រើ និងជាអ្នកនាំសាររបស់ទ្រង់ដ៏សច្ចៈនិងស្មោះត្រង់ ព្រមទាំងក្រុមគ្រួសារ បណ្តាសហាហ្ពាត់ និងអ្នកទាំងឡាយដែលដើរតាមលោកដោយសេចក្ដីល្អ រហូតដល់ថ្ងៃបរលោក។
ច្បាប់ស្តីពីអំពើមន្តអាគម ការទស្សន៍ទាយ និងអ្វីដែលពាក់ព័ន្ធនឹងអំពើនេះ
អាប់ទុលអាហ្ស៊ីស ពិន អាប់ទុលឡោះ ពិន ហ្ពាហ្ស
សៀវភៅនេះបញ្ជាក់អំពីការហាមឃាត់យ៉ាងដាច់ខាតចំពោះការប្រើអំពើមន្តអាគម និងការទស្សន៍ទាយផ្សេងៗនៅក្នុងសាសនាអ៊ីស្លាម ក៏ដូចជាព្រមានពីការទៅរកគ្រូមន្តអាគម និងគ្រូទាយ ព្រមទាំងការជឿជាក់លើពួកគេ ដោយគូសបញ្ជាក់ថា អំពើទាំងនេះ គឺជាអំពើដែលនាំឱ្យក្លាយជាអ្នកគ្មានជំនឿ(កាហ្វៀរ)ដែលបង្កគ្រោះថ្នាក់ដល់បុគ្គល និងសង្គម ហើយជំរុញឱ្យប្រគល់ការទុកចិត្តលើអល់ឡោះជាម្ចាស់ និងការប្រើប្រាស់វិធីសាស្ត្រព្យាបាលតាមច្បាប់សាសនា ដូចជាការស្តោះផ្លុំ និងការរំលឹក(ហ្ស៊ីកៀរ)ដល់អល់ឡោះជាម្ចាស់។
សារទីប្រាំបួន៖ ច្បាប់ស្តីពីអំពើមន្តអាគម ការទស្សន៍ទាយ និងអ្វីដែលពាក់ព័ន្ធនឹងប្រការទាំងនេះ [១]
[១] សារនេះត្រូវបានបោះពុម្ពផ្សាយនៅក្នុងកូនសៀវភៅលេខ ១៧ ចេញដោយអគ្គនាយកដ្ឋានគ្រប់គ្រងការស្រាវជ្រាវវិទ្យាសាស្ត្រ ហ្វាត់វ៉ា ឃោសនា និងបង្ហាញផ្លូវ ឆ្នាំ១៤០២ ម.ស.
រាល់ការសរសើរទាំងឡាយ គឺសម្រាប់អល់ឡោះជាម្ចាស់តែមួយគត់។ សូមសន្តិភាព និងពរជ័យកើតមានដល់អ្នកដែលគ្មានណាពីណាបន្ទាប់ពីលោកទៀតឡើយ។ ជាបន្តមកទៀត៖
ដោយសង្កេតឃើញនូវការកើនឡើងនៃពួកគ្រូមន្តអាគមបោកប្រាស់នារយៈពេលចុងក្រោយនេះដែលពួកគេខ្លះបានតាំងខ្លួនជាអ្នកចេះដឹងខាងវេជ្ជសាស្ត្រ ហើយបានធ្វើការព្យាបាលជំងឺតាមរយៈអំពើមន្តអាគម ឬទស្សន៍ទាយ ព្រមទាំងការរីករាលដាលរបស់ពួកគេឆ្លងចូលទៅក្នុងបណ្ដាប្រទេសមួយចំនួន ដោយពួកគេបានឆ្លៀតឱកាសកេងប្រវ័ញ្ចលើជនស្លូតត្រង់ដែលភាគច្រើនជាអ្នកដែលគ្មានចំណេះដឹង ដូច្នេះហើយទើបខ្ញុំយល់ឃើញថា ក្នុងស្មារតីនៃការដាស់តឿនក្រើនរំលឹកក្នុងនាមអល់ឡោះជាម្ចាស់ និងខ្ញុំបម្រើទាំងឡាយរបស់ទ្រង់ ខ្ញុំត្រូវតែបញ្ជាក់អំពីគ្រោះថ្នាក់ដ៏ធំធេងនៃបញ្ហានេះចំពោះសាសនាអ៊ីស្លាម និងជនមូស្លីមទាំងឡាយ ព្រោះថាអំពើនោះ គឺជាការពឹងផ្អែកលើអ្វីផ្សេងក្រៅពីអល់ឡោះជាម្ចាស់ និងជាការល្មើសនឹងបទបញ្ជារបស់អល់ឡោះ ក៏ដូចជាបទបញ្ជារបស់អ្នកនាំសាររបស់ទ្រង់ ﷺ ។
ដោយការសុំជំនួយពីអល់ឡោះជាម្ចាស់ ខ្ញុំសូមនិយាយថា៖ ការស្វែងរកការព្យាបាលពីជំងឺ គឺជារឿងដែលត្រូវបានអនុញ្ញាតជាឯកច្ឆន្ទ។ ហើយវាជាសិទ្ធិស្របច្បាប់សម្រាប់មូស្លីមគ្រប់រូបក្នុងការធ្វើដំណើរទៅជួបគ្រូពេទ្យឯកទេសខាងរោគសាស្ត្រទូទៅ គ្រូពេទ្យវះកាត់ គ្រូពេទ្យប្រព័ន្ធប្រសាទ ឬសេវាវេជ្ជសាស្ត្រដទៃទៀតស្រដៀងគ្នានេះ ដើម្បីឱ្យគ្រូពេទ្យជំនាញទាំងនោះធ្វើរោគវិនិច្ឆ័យ និងព្យាបាលរូបគេទៅតាមប្រភេទឱសថទាំងឡាយណាដែលត្រូវបានអនុញ្ញាតតាមច្បាប់អ៊ីស្លាមផ្អែកលើអ្វីដែលគ្រូពេទ្យបានសិក្សាជ្រៅជ្រះទាក់ទងនឹងចំណេះដឹងខាងផ្នែកវេជ្ជសាស្ត្រ ព្រោះថាសកម្មភាពនេះ គឺជាការអនុវត្តនូវមូលហេតុជាក់ស្តែង ហើយវាមិនផ្ទុយគ្នាទៅនឹងការប្រគល់ការទុកចិត្តចំពោះអល់ឡោះនោះទេ។ ជាការពិតណាស់ អល់ឡោះជាម្ចាស់បានបញ្ចុះជំងឺមក ហើយទ្រង់ក៏បានបញ្ចុះនូវថ្នាំព្យាបាលមកជាមួយវាផងដែរ ដែលអ្នកចេះដឹង ច្បាស់ជានឹងរកវាឃើញ ហើយអ្នកល្ងង់ខ្លៅច្បាស់ជាមិនដឹងឡើយ។ ក៏ប៉ុន្តែអល់ឡោះជាម្ចាស់មិនបានកំណត់ការជាសះស្បើយសម្រាប់ខ្ញុំបម្រើរបស់ទ្រង់នៅក្នុងអ្វីដែលទ្រង់បានហាមឃាត់ចំពោះពួកគេនោះឡើយ។
ដូច្នេះ គេមិនអនុញ្ញាតឱ្យអ្នកជំងឺធ្វើដំណើរទៅរកគ្រូទាយដែលអះអាងថា ពួកគេអាចដឹងពីប្រការអាថ៌កំបាំងដើម្បីចង់ដឹងពីជំងឺរបស់ខ្លួនពីពួកគេឡើយ ហើយក៏មិនអនុញ្ញាតឱ្យគេជឿជាក់នូវអ្វីដែលគ្រូទាយបានប្រាប់នោះដែរ ពីព្រោះគ្រូទាយទាំងនោះ ពួកគេគ្រាន់តែនិយាយស្មានៗទៅលើរឿងអាថ៌កំបាំង (ដែលខ្លួនមិនដឹងប្រាកដ) ឬមួយក៏ពួកគេហៅពួកជិនឱ្យមកបម្រើ និងជួយជ្រោមជ្រែងពួកគេទៅលើអ្វីដែលពួកគេចង់បានប៉ុណ្ណោះ។ ពួកទាំងនោះត្រូវបានច្បាប់កំណត់ថា ជាពួកដែលគ្មានជំនឿ(កាហ្វៀរ) និងវង្វេង ប្រសិនបើពួកគេអះអាងថា ខ្លួនដឹងពីប្រការអាថ៌កំបាំងនោះ។
ពិតប្រាកដណាស់ អ៊ីម៉ាំមូស្លីម បានរាយការណ៍នៅក្នុងសៀវភៅសហេសរបស់គាត់ថា ពិតណាស់ ណាពី ﷺ លោកបានមានប្រសាសន៍ថា៖ “បុគ្គលណាទៅរកគ្រូទាយ ហើយសួរគ្រូទាយអំពីអ្វីមួយ គេមិនទទួលយកសឡាតរបស់ជននោះចំនួនសែសិបថ្ងៃ”។
អំពី អាពូហ៊ូរ៉យរ៉ោះ رضي الله عنه អំពីណាពី ﷺ លោកបានមានប្រសាសន៍ថា៖ “ជនណាដែលទៅរកគ្រូទាយ ហើយជឿជាក់តាមអ្វីដែលគ្រូទាយបាននិយាយ ជាការពិតណាស់ រូបគេពិតជាបានបដិសេធនឹងអ្វីដែលអល់ឡោះជាម្ចាស់បញ្ចុះទៅកាន់ណាពីមូហាំម៉ាត់ ﷺ ហើយ”។ រាយការណ៍ដោយ អាពូហ្ទាវូទ និងកត់ត្រាដោយម្ចាស់ស្នាដៃសៀវភៅស៊ូណាន់ទាំងបួន និងបញ្ជាក់ពីភាពត្រឹមត្រូវ(សហេស)របស់វាដោយអាល់ហាគិម អំពីណាពី ﷺ ដោយពាក្យថា៖ “ជនណាដែលទៅរកគ្រូទាយ ឬអ្នកទស្សន៍ទាយ ហើយជឿជាក់តាមអ្វីដែលគ្រូទាយនោះបាននិយាយ ជាការពិតណាស់ រូបគេពិតជាបានបដិសេធនឹងអ្វីដែលអល់ឡោះបញ្ចុះទៅកាន់ណាពីមូហាំម៉ាត់ ﷺ ហើយ”។
អំពី អ៊ិមរ៉ន ពិន ហ៊ូសៃន៍ رضي الله عنه បាននិយាយថា៖ រ៉ស៊ូលុលឡោះ ﷺ លោកបានមានប្រសាសន៍ថា៖ “មិនស្ថិតក្នុងចំណោមពួកយើងឡើយ អ្នកដែលមើលប្រផ្នូលឬឲ្យគេមើលប្រផ្នូលឲ្យ អ្នកដែលទស្សន៍ទាយឬឲ្យគេទស្សន៍ទាយឲ្យ អ្នកដែលប្រើមន្តអាគមឬឲ្យគេប្រើមន្តអាគមឲ្យ។ ចំណែកឯជនណាដែលទៅរកគ្រូទាយ ហើយជឿជាក់តាមអ្វីដែលគ្រូទាយបាននិយាយ ជាការពិតណាស់ រូបគេពិតជាបានបដិសេធនឹងអ្វីដែលអល់ឡោះបញ្ចុះទៅកាន់ណាពីមូហាំម៉ាត់ ﷺ ហើយ”។ រាយការណ៍ដោយ អាល់ហ្ពាហ្សហ្សារ ដោយបណ្តាញអ្នករាយការណ៍ល្អ(អ៊ិសណាត ជៃយីត)។
នៅក្នុងហាទីស្ហដ៏ថ្លៃថ្លាទាំងនេះ គឺហាមឃាត់ចំពោះការទៅរក ការសួរនាំ និងការជឿជាក់លើគ្រូទាយ គ្រូមន្តអាគម និងអ្នកដែលស្រដៀងនឹងពួកគេ។ ហើយនៅក្នុងហាទីស្ហទាំងនេះក៏មានការព្រមានចំពោះទង្វើនេះផងដែរ។
ដូច្នេះ មិនអនុញ្ញាតឡើយក្នុងការទៅចាញ់បោកនឹងភាពត្រឹមត្រូវ(ការទាយត្រូវ)របស់គ្រូទាយទាំងនោះចំពោះរឿងរ៉ាវមួយចំនួន ហើយក៏មិនត្រូវចាញ់បោកនឹងចំនួនមនុស្សដ៏ច្រើនដែលទៅរកពួកគេនោះដែរ ត្បិតមនុស្សទាំងនោះ គឺជាអ្នកល្ងង់ខ្លៅដែលមិនអនុញ្ញាតឲ្យយកមកធ្វើជាខ្នាតវាស់វែងឱ្យមនុស្សដទៃទៀតចាញ់បោកពួកគេឡើយ ពីព្រោះពិតណាស់រ៉ស៊ូលុលឡោះ ﷺ លោកបានហាមឃាត់ពីការទៅរក ការសួរនាំ និងការជឿជាក់លើពួកគ្រូទាយទាំងនោះ ត្បិតទង្វើទាំងនេះ គឺនាំមកនូវអំពើអាក្រក់យ៉ាងធំធេង គ្រោះថ្នាក់យ៉ាងធ្ងន់ធ្ងរ និងផលវិបាកយ៉ាងអាក្រក់បំផុត ហើយដោយសារតែគ្រូទាយទាំងនោះ គឺជាមនុស្សភូតកុហក និងទុច្ចរិត។
ម្យ៉ាងវិញទៀត នៅក្នុងហាទីស្ហទាំងនេះ គឺជាភស្តុតាងបញ្ជាក់ពីភាពគ្មានជំនឿ(កាហ្វៀរ)របស់គ្រូទាយ និងគ្រូមន្តអាគម ពីព្រោះពួកគេទាំងពីរអះអាងថា ខ្លួនដឹងពីប្រការអាថ៌កំបាំង ដែលនេះ គឺជាភាពគ្មានជំនឿ ហើយដោយសារតែពួកគេទាំងពីរមិនអាចសម្រេចនូវគោលបំណងរបស់ខ្លួនបានឡើយ លើកលែងតែតាមរយៈការបម្រើពួកជិន និងគោរពសក្ការៈចំពោះពួកវាក្រៅពីអល់ឡោះ ដែលនេះ គឺជាការប្រឆាំងនឹងអល់ឡោះ និងជាការធ្វើស្ហ៊ីរិកចំពោះទ្រង់។ ចំណែកឯអ្នកដែលជឿលើការអះអាងរបស់គ្រូទាយដែលថា ខ្លួនដឹងពីប្រការអាថ៌កំបាំងនោះ ក៏ដូចគ្នានឹងពួកគេដែរ។ ហើយរាល់បុគ្គលទាំងឡាយណាដែលទទួលយកប្រការទាំងនេះពីអ្នកដែលប្រព្រឹត្តវា ជាការពិតណាស់ រ៉ស៊ូលុលឡោះ ﷺ ពិតជាបានផ្តាច់ខ្លួនពីបុគ្គលនោះហើយ។
ដូចគ្នានេះដែរ គេមិនអនុញ្ញាតឲ្យជនមូស្លីមទទួលយកនូវអ្វីដែលពួកគេអះអាងថាជាការព្យាបាល ដូចជាការសូត្រមន្តគាថា ឬការចាក់សំណ ក៏ដូចជាអបិយជំនឿផ្សេងៗទៀតដែលពួកគេបានប្រព្រឹត្តនោះឡើយ ព្រោះថាទង្វើទាំងនេះ គឺជាការទស្សន៍ទាយ និងជាការបំភាន់បោកប្រាស់មនុស្សម្នាប៉ុណ្ណោះ។ ជនណាហើយដែលយល់ព្រមនឹងទង្វើបែបនេះ ជាការពិតណាស់ រូបគេពិតជាបានជួយពួកគេទៅលើទង្វើមិនត្រឹមត្រូវ និងភាពគ្មានជំនឿរបស់ពួកគេហើយ។
មួយវិញទៀត គេក៏មិនអនុញ្ញាតឲ្យជនមូស្លីមណាម្នាក់ឱ្យទៅរកគ្រូទាយ និងគ្រូមន្តអាគមទាំងនោះ ដើម្បីសួរពួកគេអំពីអ្នកដែលកូនប្រុស ឬសាច់ញាតិរបស់គេនឹងរៀបការជាមួយ ឬសាកអំពីអ្វីដែលនឹងកើតឡើងឡើងរវាងប្ដីប្រពន្ធទាំងពីរនាក់ និងក្រុមគ្រួសារទាំងសងខាង ទាក់ទងនឹងក្ដីស្រឡាញ់ និងភាពស្មោះត្រង់ ឬរឿងរ៉ាវជម្លោះ ការបែកបាក់ និងផ្សេងៗទៀតនោះដែរ ពីព្រោះទាំងនេះ សុទ្ធសឹងជាប្រការអាថ៌កំបាំងដែលគ្មាននរណាម្នាក់ដឹងអំពីវា ក្រៅពីអល់ឡោះជាម្ចាស់នោះឡើយ។
ដូច្នេះ ចាំបាច់លើមេដឹកនាំ អាជ្ញាធរមានសមត្ថកិច្ច និងអ្នកដទៃទៀតដែលមានសមត្ថភាព និងអំណាច ត្រូវប្រឆាំងដាច់ខាតចំពោះការទៅរកគ្រូទាយ និងអ្នកដែលស្រដៀងគ្នានេះ ហើយត្រូវធ្វើការហាមឃាត់រាល់ជនទាំងឡាយណាដែលប្រព្រឹត្តទង្វើទាំងនេះនៅតាមទីផ្សារ ឬទីកន្លែងផ្សេងៗទៀត។ បន្ថែមពីនេះ ត្រូវប្រឆាំង និងថ្កោលទោសចំពោះពួកគេយ៉ាងម៉ឺងម៉ាត់ ព្រមទាំងត្រូវចាត់វិធានការណ៍តឹងរ៉ឹងទៅលើបុគ្គលទាំងឡាយណាដែលធ្វើដំណើរទៅរកពួកគេ(ដើម្បីទស្សន៍ទាយ)ផងដែរ។
ក៏ដូចគ្នានេះដែរ អំពើមន្តអាគមផ្សេងៗ។ ពិតប្រាកដណាស់ វាស្ថិតក្នុងចំណោមប្រការដែលច្បាប់ហាមឃាត់ និងជាទង្វើគ្មានជំនឿ ដូចដែលអល់ឡោះជាម្ចាស់ទ្រង់បានមានបន្ទូលទាក់ទងនឹងម៉ាឡាអ៊ីកាត់ទាំងពីរ(ហារូត និងម៉ារូត)ថា៖ “ហើយម៉ាឡាអីកាត់ទាំងពីរនេះមិនបានបង្រៀនមន្តអាគមដល់នរណាម្នាក់នោះទេ លុះត្រាតែគេទាំងពីរបានព្រមានថា៖ តាមពិត ពួកយើងគ្រាន់តែជាអ្នកសាកល្បងចំពោះមនុស្សលោកប៉ុណ្ណោះ។ ហេតុនេះ ចូរពួកអ្នកកុំប្រឆាំង(នឹងអល់ឡោះតាមរយៈការរៀនមន្តអាគមនេះ)ឱ្យសោះ។ ពេលនោះ ពួកគេក៏បានរៀនមន្តអាគមនោះពីអ្នកទាំងពីរនូវអ្វីដែលធ្វើឱ្យប្តីប្រពន្ធបែកបាក់គ្នា។ ប៉ុន្តែអ្នកដែលចេះមន្តអាគមទាំងនោះមិនអាចធ្វើឱ្យនរណាម្នាក់មានគ្រោះថ្នាក់បានឡើយ លើកលែងតែមានការអនុញ្ញាតពីអល់ឡោះប៉ុណ្ណោះ។ ហើយពួកគេ(មនុស្សលោក)ក៏បានរៀននូវអ្វីដែលផ្តល់នូវគ្រោះថ្នាក់ដល់ពួកគេ និងគ្មានបានផលប្រយោជន៍ដល់អ្វីពួកគេទាល់តែសោះ។ ជាការពិតណាស់ ពួកគេ(ពួកយូដាទាំងនោះ)ពិតជាបានដឹងហើយថា ជនណាហើយដែលបានប្តូរយកមន្តអាគមនឹងគម្ពីររបស់អល់ឡោះនោះ រូបគេនឹងមិនទទួលបានចំណែកអ្វីឡើយនៅថ្ងៃបរលោក។ វាជាអំពើដ៏អាក្រក់បំផុតដែលពួកគេយកខ្លួនរបស់គេប្តូរយកមន្តអាគមបែបនេះ ប្រសិនបើពួកគេបានដឹង”។ [គម្ពីរគួរអាន ២:១០២]
ជាការពិតណាស់ អាយ៉ាត់ដ៏ឧត្តុង្គឧត្តមទាំងនេះជាភស្តុតាងបញ្ជាក់ថា មន្តអាគម គឺជាភាពគ្មានជំនឿ ហើយថា គ្រូមន្តអាគម គឺបានធ្វើឲ្យប្តីប្រពន្ធបែកបាក់គ្នា។ អាយ៉ាត់នេះក៏បានបញ្ជាក់ផងដែរថា ជាការពិតណាស់ អំពើមន្តអាគមមិនអាចបង្កគ្រោះថ្នាក់ ឬនាំមកនូវផលប្រយោជន៍ដោយខ្លួនវាឡើយ។ តាមពិត គឺដោយការអនុញ្ញាត និងការកំណត់របស់អល់ឡោះជាម្ចាស់ប៉ុណ្ណោះ ពីព្រោះអល់ឡោះជាម្ចាស់ ទ្រង់គឺជាអ្នកដែលបង្កើតសេចក្តីល្អ និងសេចក្តីអាក្រក់។
ម្យ៉ាងទៀត អាយ៉ាត់ដ៏ឧត្តុង្គឧត្តមនេះក៏បានបញ្ជាក់ផងដែរថា ជាការពិតណាស់ អ្នកដែលរៀនមន្តអាគម គឺពួកគេរៀននូវអ្វីដែលផ្តល់នូវគ្រោះថ្នាក់ដល់ខ្លួនឯង ហើយគ្មានផ្តល់ផលប្រយោជន៍អ្វីដល់ខ្លួនឯងប៉ុណ្ណោះ ហើយពួកគេគ្មានទទួលបានចំណែកអ្វីនៅចំពោះមុខអល់ឡោះជាម្ចាស់នោះឡើយ ពោលគឺគ្មានសំណាង និងគ្មានចំណែកអ្វីឡើយ។ នេះគឺជាការព្រមានយ៉ាងធ្ងន់ធ្ងរបំផុតដែលបញ្ជាក់ពីការខាតបង់យ៉ាងធំធេងរបស់ពួកគេទាំងនៅលើលោកិយ និងនៅថ្ងៃបរលោក ហើយពិតណាស់ ពួកគេពិតជាបានលក់ខ្លួនឯងក្នុងតម្លៃដ៏ថោកទាបបំផុត។ ហេតុនេះហើយ ទើបអល់ឡោះជាម្ចាស់ទ្រង់ថ្កោលទោសពួកគេចំពោះបញ្ហានេះ ដោយទ្រង់បានមានបន្ទូលថា៖ “វាជាអំពើដ៏អាក្រក់បំផុតដែលពួកគេយកខ្លួនរបស់គេប្តូរយកមន្តអាគមបែបនេះ ប្រសិនបើពួកគេបានដឹង”។ [គម្ពីរគួរអាន ២:១០២] ពោលគឺប្តូរយក
ជាការពិតណាស់ គ្រោះថ្នាក់បានរីករាលដាលយ៉ាងធំធេង ហើយគ្រោះភ័យកាន់តែធ្ងន់ធ្ងរដោយសារតែអ្នកប្រឌិតកុហកទាំងនេះ ដែលពួកគេបានទទួលកេរដំណែលចំណេះដឹងទាំងនេះពីពួកពហុទេវនិយម ហើយបានយកវាទៅបំភាន់បោកប្រាស់អ្នកដែលមានបញ្ញាខ្សោយ។ ពិតប្រាកដណាស់ ពួកយើងជាកម្មសិទ្ធិរបស់អល់ឡោះ ហើយពិតប្រាកដណាស់ ពួកយើងនឹងត្រឡប់ទៅរកទ្រង់វិញ។ អល់ឡោះតែមួយគត់ គឺគ្រប់គ្រាន់សម្រាប់យើង ហើយទ្រង់គឺជាអ្នកគាំពារដ៏ប្រសើរបំផុត។
យើងខ្ញុំសូមពីអល់ឡោះជាម្ចាស់នូវភាពសុខសាន្ត និងសុខសុវត្ថិភាពពីអំពើអាក្រក់របស់ពួកគ្រូមន្តអាគម ពួកគ្រូទាយ និងគ្រូបោកប្រាស់ទាំងឡាយ។ ហើយយើងខ្ញុំសូមបួងសួងដល់ទ្រង់ សូមមេត្តាការពារជនមូស្លីមទាំងឡាយពីអំពើអាក្រក់របស់ពួកទាំងនោះ ព្រមទាំងចង្អុលបង្ហាញដល់មេដឹកនាំមូស្លីមទាំងឡាយឲ្យមានការប្រុងប្រយ័ត្នខ្ពស់ចំពោះពួកគេ និងចង្អុលបង្ហាញដល់មេដឹកនាំមូស្លីមទាំងនោះឲ្យអនុវត្តច្បាប់របស់អល់ឡោះទៅលើពួកគេ ដើម្បីឱ្យខ្ញុំបម្រើរបស់អល់ឡោះទាំងឡាយទទួលបានភាពសុខសាន្តពីគ្រោះថ្នាក់ និងអំពើដ៏ស្មោកគ្រោករបស់ពួកគេ។ ពិតប្រាកដណាស់ ទ្រង់ជាម្ចាស់ដ៏សប្បុរស មហាឧត្តុង្គឧត្តមបំផុត។
ពិតប្រាកដណាស់ អល់ឡោះជាម្ចាស់ទ្រង់បានង្គាប់ប្រើដល់ខ្ញុំបម្រើទាំងឡាយរបស់ទ្រង់នូវប្រការជាច្រើនដែលអាចជួយការពារពួកគេពីគ្រោះថ្នាក់នៃអំពើមន្តអាគមមុនពេលដែលវាកើតឡើង ហើយទ្រង់បានបញ្ជាក់យ៉ាងច្បាស់ដល់ពួកគេនូវអ្វីដែលពួកគេត្រូវធ្វើដើម្បីព្យាបាលអំពើមន្តអាគមនោះបន្ទាប់ពីវាកើតឡើងរួច ជាក្តីមេត្តាករុណាអំពីទ្រង់ចំពោះពួកគេ និងជាសេចក្តីសប្បុរសពីទ្រង់ទៅកាន់ពួកគេ ព្រមទាំងជាការបំពេញនូវឧបការគុណរបស់ទ្រង់មកលើពួកគេ។
ខាងក្រោមនេះ គឺជាការបំភ្លឺបង្ហាញនូវប្រការទាំងឡាយដែលជួយការពារពីគ្រោះថ្នាក់នៃមន្តអាគមមុនពេលដែលវាកើតឡើង និងប្រការទាំងឡាយគេអាចយកមកព្យាបាលបន្ទាប់ពីវាកើតឡើង ដែលស្ថិតក្នុងចំណោមប្រការដែលច្បាប់អ៊ីស្លាមបានអនុញ្ញាតដែលមានដូចតទៅ៖
ទីមួយ៖ ប្រការអាចជួយការពារពីគ្រោះថ្នាក់នៃអំពើមន្តអាគមមុនពេលដែលវាកើតឡើង៖ ប្រការដែលសំខាន់ និងមានអត្ថប្រយោជន៍ជាងគេបំផុត គឺការការពារខ្លួនតាមរយៈហ្ស៊ីកៀរផ្សេងៗដែលច្បាប់បានបញ្ញត្តិ ការបួងសួង(ទូអា) និងការសូត្រសុំការការពារដែលមានភស្តុតាងបញ្ជាក់ពីណាពី ﷺ ក្នុងចំណោមនោះមានដូចជា សូត្រអាយ៉ាត់គួរស៊ីយ៍ (ជាអាយ៉ាត់ដ៏ធំធេងជាងគេបំផុតនៅក្នុងគម្ពីរគួរអាន)នៅរៀងរាល់ពេលក្រោយពេលសឡាតកាតព្វកិច្ច បន្ទាប់ពីឲ្យសាឡាមរួច នោះគឺបន្ទូលរបស់អល់ឡោះជាម្ចាស់ដែលទ្រង់បានមានបន្ទូលថា៖ ﴿ٱللَّهُ لَآ إِلَٰهَ إِلَّا هُوَ ٱلۡحَيُّ ٱلۡقَيُّومُۚ لَا تَأۡخُذُهُۥ سِنَةٞ وَلَا نَوۡمٞۚ لَّهُۥ مَا فِي ٱلسَّمَٰوَٰتِ وَمَا فِي ٱلۡأَرۡضِۗ مَن ذَا ٱلَّذِي يَشۡفَعُ عِندَهُۥٓ إِلَّا بِإِذۡنِهِۦۚ يَعۡلَمُ مَا بَيۡنَ أَيۡدِيهِمۡ وَمَا خَلۡفَهُمۡۖ وَلَا يُحِيطُونَ بِشَيۡءٖ مِّنۡ عِلۡمِهِۦٓ إِلَّا بِمَا شَآءَۚ وَسِعَ كُرۡسِيُّهُ ٱلسَّمَٰوَٰتِ وَٱلۡأَرۡضَۖ وَلَا يَـُٔودُهُۥ حِفۡظُهُمَاۚ وَهُوَ ٱلۡعَلِيُّ ٱلۡعَظِيمُ﴾ “អល់ឡោះគឺជាព្រះជាម្ចាស់តែមួយគត់ ដែលគ្មានព្រះជាម្ចាស់ណាដែលត្រូវគេគោរពសក្ការៈដ៏ពិតប្រាកដក្រៅពីទ្រង់ដែលមានជីវិតអមតៈ ជាអ្នកគ្រប់គ្រងនោះឡើយ។ ទ្រង់ឥតងងុយគេង ហើយឥតសម្រាន្តឡើយ។ អ្វីៗដែលមាននៅលើមេឃជាច្រើនជាន់និងផែនដី គឺជាកម្មសិទ្ធិរបស់ទ្រង់(តែមួយគត់)។ គ្មានបុគ្គលណាម្នាក់ហ៊ានធ្វើអន្ដរាគមន៍នៅចំពោះមុខទ្រង់ឡើយ លើកលែងតែដោយមានការអនុញ្ញាតពីទ្រង់ប៉ុណ្ណោះ។ ទ្រង់ដឹងនូវអ្វីដែលបានកន្លងផុត និងអ្វីដែលនឹងកើតឡើង។ ហើយពួកគេមិនដឹងអ្វីមួយក្នុងចំណោមការដឹងរបស់ទ្រង់ឡើយ លើកលែងតែអ្វីដែលទ្រង់មានចេតនា(ឱ្យគេដឹង)ប៉ុណ្ណោះ។ ហើយគួរស៊ីយ៍(កន្លែងដាក់ព្រះបាទ)របស់ទ្រង់ទូលំទូលាយគ្រប់ដណ្តប់លើមេឃជាច្រើនជាន់ និងផែនដី។ ការថែរក្សាវាទាំងពីរ(មេឃនិងផែនដី)មិនមានភាពលំបាកចំពោះទ្រង់ឡើយ។ ហើយទ្រង់មហាខ្ពង់ខ្ពស់ មហាធំធេង”។ [គម្ពីរគួរអាន ២:២៥៥] គេក៏អាចសូត្រអាយ៉ាត់គួរស៊ីយ៍នេះផងដែរនៅពេលចូលគេង ព្រោះមានសេចក្ដីរាយការណ៍ត្រឹមត្រូវពីរ៉ស៊ូលុលឡោះ ﷺ ថា ពិតណាស់ លោកបានមានប្រសាសន៍ថា៖ “បុគ្គលណាសូត្រអាយ៉ាត់គួរស៊ីយ៍នៅពេលយប់ រូបគេនឹងស្ថិតក្រោមការការពារពីអល់ឡោះជានិច្ច ហើយស្ហៃតននឹងមិនអាចមកជិតរូបគេឡើយ រហូតដល់ពេលព្រឹក”។
ក្នុងនោះផងដែរ គេអាចសូត្រ៖ ﴿قُلۡ هُوَ ٱللَّهُ أَحَدٌ﴾ (ស៊ូរ៉ោះ អាល់អៀខ្លើស)។ [គម្ពីរគួរអាន ១១២:១] ﴿قُلۡ أَعُوذُ بِرَبِّ ٱلۡفَلَقِ﴾ (ស៊ូរ៉ោះ អាល់ហ្វាឡឹក) [គម្ពីរគួរអាន ១១៣:១] ﴿قُلۡ أَعُوذُ بِرَبِّ ٱلنَّاسِ﴾ (ស៊ូរ៉ោះ អាន់ណាស) [គម្ពីរគួរអាន ១១៤:១] រៀងរាល់ពេលក្រោយពីសឡាតដែលជាកាតព្វកិច្ច(សឡាតហ្វើរទូ)រួច និងសូត្រស៊ូរ៉ោះទាំងបីនេះចំនួនបីដងនៅពេលព្រឹកក្រោយពីសឡាតស៊ូពុស និងនៅពេលព្រលប់ក្រោយពីសឡាតម៉ាហ្គ្រិប។
ហើយក្នុងចំណោមនោះផងដែរ គឺការសូត្រពីរអាយ៉ាត់ចុងក្រោយនៃស៊ូរ៉ោះអាល់ហ្ពាក៏រ៉ោះនៅពេលព្រលប់ ពោលគឺបន្ទូលរបស់អល់ឡោះជាម្ចាស់ដែលទ្រង់បានមានបន្ទូលថា៖ ﴿ءَامَنَ ٱلرَّسُولُ بِمَآ أُنزِلَ إِلَيۡهِ مِن رَّبِّهِۦ وَٱلۡمُؤۡمِنُونَۚ كُلٌّ ءَامَنَ بِٱللَّهِ وَمَلَٰٓئِكَتِهِۦ وَكُتُبِهِۦ وَرُسُلِهِۦ لَا نُفَرِّقُ بَيۡنَ أَحَدٖ مِّن رُّسُلِهِۦۚ وَقَالُواْ سَمِعۡنَا وَأَطَعۡنَاۖ غُفۡرَانَكَ رَبَّنَا وَإِلَيۡكَ ٱلۡمَصِيرُ﴾ “អ្នកនាំសារ(មូហាំម៉ាត់)មានជំនឿលើរាល់អ្វីទាំងអស់ដែលគេបានបញ្ចុះមកឱ្យគាត់ពីព្រះជាម្ចាស់របស់គាត់ ហើយបណ្ដាអ្នកមានជំនឿទាំងអស់ក៏មានជំនឿដូចគ្នាដែរ។ ពួកគេទាំងអស់មានជំនឿលើអល់ឡោះ បណ្ដាម៉ាឡាអ៊ីកាត់របស់ទ្រង់ បណ្ដាគម្ពីររបស់ទ្រង់ និងបណ្តាអ្នកនាំសារទាំងឡាយរបស់ទ្រង់។ (ពួកគេនិយាយថា៖) ពួកយើងមិនបែងចែកនរណាម្នាក់ក្នុងចំណោមអ្នកនាំសាររបស់ទ្រង់(ដោយជឿអ្នកខ្លះ ហើយបដិសេធអ្នកខ្លះទៀត)ឡើយ។ ហើយពួកគេបាននិយាយទៀតថា៖ ពួកយើងបានឮ និងបានប្រតិបត្តិតាមហើយ។ សូមទ្រង់មេត្ដាអភ័យទោសឱ្យពួកយើងផងចុះ ឱព្រះជាម្ចាស់របស់ពួកយើង! ហើយកន្លែងវិលត្រឡប់(របស់ពួកយើង) គឺឆ្ពោះទៅកាន់ទ្រង់(តែមួយគត់)”។ រហូតដល់ចប់ស៊ូរ៉ោះនេះ។ [គម្ពីរគួរអាន ២:២៨៥]
ដោយយោងតាមសេចក្តីរាយការណ៍ដែលត្រឹមត្រូវពីណាពី ﷺ ថា ពិតណាស់ លោកបានមានប្រសាសន៍ថា៖ “បុគ្គលណាសូត្រពីរអាយ៉ាត់ចុងក្រោយនៃស៊ូរ៉ោះអាល់ហ្ពាក៏រ៉ោះនៅពេលយប់ គឺគ្រប់គ្រាន់ហើយសម្រាប់រូបគេ”។ អត្ថន័យរបស់វា(អល់ឡោះជាម្ចាស់ទ្រង់ដឹងច្បាស់បំផុត) គឺគ្រប់គ្រាន់ហើយសម្រាប់រូបគេក្នុងការការពារពីរាល់ប្រការអាក្រក់ទាំងឡាយ។ ក្នុងចំណោមនោះផងដែរ គឺបង្កើននូវការពោលពាក្យនេះឲ្យបានច្រើន ពោលគឺ “أَعُوذُ بِكَلِمَاتِ اللهِ التَّامَّاتِ مِن شَرِّ ما خَلَقَ” (ខ្ញុំសុំតាមរយៈពាក្យពេចន៍ដ៏ពេញលេញរបស់អល់ឡោះឲ្យទ្រង់បញ្ចៀសរូបខ្ញុំពីប្រការអាក្រក់ដែលទ្រង់បានបង្កើត) នៅពេលយប់និងពេលថ្ងៃ នៅពេលចុះសម្រាកនៅកន្លែងណាមួយ នៅក្នុងអគារ ឬនៅវាលខ្សាច់ ឬលើអាកាស ឬនៅលើផ្ទៃសមុទ្រ យោងតាមប្រសាសន៍របស់ណាពី ﷺ ដែលលោកបានមានប្រសាសន៍ថា៖ “បុគ្គលណាចុះសម្រាកនៅកន្លែងណាមួយ រួចសូត្រថា៖ “أَعُوذُ بِكَلِمَاتِ اللهِ التَّامَّاتِ مِن شَرِّ ما خَلَقَ” (ខ្ញុំសុំតាមរយៈពាក្យពេចន៍ដ៏ពេញលេញរបស់អល់ឡោះឲ្យទ្រង់បញ្ចៀសរូបខ្ញុំពីប្រការអាក្រក់ដែលទ្រង់បានបង្កើត) នោះគ្មានអ្វីអាចបង្កគ្រោះថ្នាក់ដល់រូបគេបានឡើយ រហូតដល់គេចេញដំណើរពីកន្លែងនោះ”។
ក្នុងចំណោមនោះផងដែរ គឺការសូត្រហ្ស៊ីកៀរខាងក្រោមនេះនៅពេលព្រឹក និងពេលល្ងាចចំនួនបីដងថា៖ «بِسْمِ اللهِ الَّذِي لَا يَضُرُّ مَعَ اسْمِهِ شَيءٌ فِي الأَرْضِ وَلَا فِي السَّمَاءِ، وَهُوَ السَّمِيعُ العَلِيمُ» “ក្នុងនាមអល់ឡោះ ដែលគ្មានអ្វីមួយនៅលើផែនដី និងនៅឯមេឃអាចផ្តល់គ្រោះថ្នាក់ជាមួយនឹងព្រះនាមរបស់ទ្រង់ឡើយ ហើយទ្រង់មហាឮ មហាដឹង”។
ដោយយោងតាមហាទីស្ហត្រឹមត្រូវពីរ៉ស៊ូលុលឡោះ ﷺ ដែលជំរុញឲ្យសូត្របែបនេះ និងបានបញ្ជាក់ថា ការសូត្រហ្ស៊ីកៀរនេះជាមូលហេតុមួយដែលនាំឲ្យទទួលបានសុវត្ថិភាពពីរាល់ប្រការអាក្រក់ទាំងឡាយ។
ទីពីរ៖ ការព្យាបាលអំពើមន្តអាគមបន្ទាប់ពីវាបានកើតឡើង៖ គេក៏អាចព្យាបាលអំពើមន្តអាគមតាមរយៈប្រការជាច្រើនផងដែរដូចជា៖
ប្រការទីមួយ៖ បង្កើននូវការទទូចអង្វរករទៅចំពោះអល់ឡោះជាម្ចាស់ឲ្យបានច្រើន និងសុំពីទ្រង់ឲ្យជួយរំដោះនូវគ្រោះអាក្រក់ទាំងឡាយ និងបំបាត់នូវទុក្ខលំបាកនានា។
ប្រការទីពីរ៖ ព្យាយាមស្វែងរកទីតាំងដែលគេដាក់មន្តអាគមនោះនៅក្នុងដី ឬនៅលើភ្នំ ឬកន្លែងផ្សេងៗទៀត។ បើកាលណាគេបានដឹងពីទីតាំងនោះ ហើយបានយកមន្តអាគមនោះចេញ និងបំផ្លាញវាចោល នោះមន្តអាគមនឹងត្រូវសាបរលាប ហើយនេះគឺជាវិធីសាស្ត្រព្យាបាលមន្តអាគមដ៏មានប្រសិទ្ធភាពបំផុតមួយ។
ទីបី៖ សូត្រស្តោះផ្លុំតាមរយៈហ្ស៊ីកៀរ និងក្បួនសូត្របែបអ៊ីស្លាម។ ហើយហ្ស៊ីកៀរ និងក្បួនសូត្រទាំងនោះមានច្រើនណាស់ ក្នុងចំណោមនោះមានដូចជា៖
អ្វីដែលមានភស្តុតាងបញ្ជាក់ពីប្រសាសន៍របស់រ៉ស៊ូលុលឡោះ ﷺ ថា៖ «اللَّهُمَّ رَبَّ النَّاسِ، أَذْهِبِ الْبَأْسَ، وَاشْفِ أَنْتَ الشَّافِي، لَا شِفَاءَ إِلَّا شِفَاؤُكَ، شِفَاءً لَا يُغَادِرُ سَقَمًا» «ឱអល់ឡោះជាព្រះម្ចាស់នៃមនុស្សលោក! សូមទ្រង់បំបាត់ជំងឺនេះ និងឲ្យគាត់បានជាសះស្បើយផង។ ទ្រង់គឺជាអ្នកឲ្យជាសះស្បើយ។ គ្មានអ្នកណាមានលទ្ធភាពក្រៅពីទ្រង់ដែលអាចធ្វើឲ្យជាទាំងស្រុងពីជំងឺទាំងពួងឡើយ»។ សូត្រដូចនេះចំនួនបីដង។
ក្នុងចំណោមនោះផងដែរ គឺការស្តោះផ្លុំដែលម៉ាឡាអ៊ីកាត់ជីព្រីលបានស្តោះឲ្យណាពី ﷺ ដោយសូត្រថា៖ «بِسْمِ اللَّهِ أَرْقِيكَ، مِنْ كُلِّ شَيْءٍ يُؤْذِيكَ، وَمِنْ شَرِّ كُلِّ نَفْسٍ أَوْ عَيْنِ حَاسِدٍ، اللَّهُ يَشْفِيكَ، بِسْمِ اللَّهِ أَرْقِيكَ» “ក្នុងនាមអល់ឡោះ ខ្ញុំស្តោះផ្លុំឲ្យអ្នកអំពីរាល់ប្រការអាក្រក់ដែលធ្វើឲ្យប៉ះពាល់ដល់អ្នក និងអំពីប្រការអាក្រក់នៃបុគ្គលទាំងឡាយ ឬប្រការអាក្រក់ដែលបង្កដោយភ្នែករបស់អ្នកឈ្នានីស។ អល់ឡោះគឺជាអ្នកឲ្យអ្នកជាសះស្បើយ។ ក្នុងនាមអល់ឡោះ ខ្ញុំស្តោះផ្លុំឲ្យអ្នក”។ សូត្រដូចនេះចំនួនបីដង។
ហើយក្នុងចំណោមនោះដែរ(ដែលនេះជាវិធីព្យាបាលដ៏មានប្រសិទ្ធភាពបំផុតសម្រាប់បុរសដែលត្រូវបានគេដាក់អំពើមិនឱ្យរួមមេត្រីជាមួយភរិយារបស់ខ្លួនបាន) គឺត្រូវយកស្លឹកពុទ្រាស្រស់ពណ៌បៃតងចំនួន៧សន្លឹក រួចបុកឲ្យម៉ដ្ឋដោយប្រើដុំថ្ម ឬអ្វីដែលស្រដៀងគ្នានេះ ហើយដាក់វានៅក្នុងសម្ភារៈដាក់ទឹក(ដូចជាធុងទឹកជាដើម)។ បន្ទាប់មក ចាក់ទឹកចូលទៅក្នុងនោះក្នុងបរិមាណដែលគ្រប់គ្រាន់សម្រាប់ងូត ហើយសូត្រទៅក្នុងទឹកនោះនូវ៖
អាយ៉ាត់គួរស៊ីយ៍ ﴿قُلۡ يَٰٓأَيُّهَا ٱلۡكَٰفِرُونَ﴾ (ស៊ូរ៉ោះ អាល់កាហ្វីរូន) [គម្ពីរគួរអាន ១០៩:១] ﴿قُلۡ هُوَ ٱللَّهُ أَحَدٌ﴾ (ស៊ូរ៉ោះ អាល់អៀខ្លើស)។ [គម្ពីរគួរអាន ១១២:១] ﴿قُلۡ أَعُوذُ بِرَبِّ ٱلۡفَلَقِ﴾ (ស៊ូរ៉ោះ អាល់ហ្វាឡឹក) [គម្ពីរគួរអាន ១១៣:១] ﴿قُلۡ أَعُوذُ بِرَبِّ ٱلنَّاسِ﴾ (ស៊ូរ៉ោះ អាន់ណាស) [គម្ពីរគួរអាន ១១៤:១]
ព្រមទាំងបណ្តាអាយ៉ាត់ទាក់ទងនឹងមន្តអាគមដែលមាននៅក្នុងស៊ូរ៉ោះ អាល់អាក់រ៉ហ្វ គឺបន្ទូលរបស់អល់ឡោះជាម្ចាស់ដែលទ្រង់បានមានបន្ទូលថា៖ ﴿وَأَوۡحَيۡنَآ إِلَىٰ مُوسَىٰٓ أَنۡ أَلۡقِ عَصَاكَۖ فَإِذَا هِيَ تَلۡقَفُ مَا يَأۡفِكُونَ “ហើយយើង(អល់ឡោះ)ក៏បានផ្តល់វ៉ាហ៊ីទៅកាន់មូសាថា៖ ចូរអ្នកបោះដំបងរបស់អ្នកចុះ។ រំពេចនោះ(ដំបងក៏បានក្លាយទៅជាសត្វពស់)វាក៏បានលេបអ្វីដែលពួកគេបានបោកប្រាស់(បំភាន់ភ្នែកមនុស្ស)។ فَوَقَعَ ٱلۡحَقُّ وَبَطَلَ مَا كَانُواْ يَعۡمَلُونَ នៅពេលនោះ ការពិតក៏បានលេចឡើង ហើយអ្វីដែលពួកគេ(គ្រូមន្តអាគម)បានធ្វើវាឡើងក៏ក្លាយជាឥតបានការ។ فَغُلِبُواْ هُنَالِكَ وَٱنقَلَبُواْ صَٰغِرِينَ﴾ ដូច្នេះ ពួកគេ(គ្រូមន្តអាគម)ក៏ត្រូវទទួលបរាជ័យនៅទីនោះ ហើយពួកគេ(ហ្វៀរអោននិងបក្សពួក)ក៏បានវិលត្រឡប់ទៅវិញដោយភាពអាម៉ាស់បំផុត”។ [គម្ពីរគួរអាន ៧:១១៧-១១៩]
បណ្តាអាយ៉ាត់នៅក្នុងស៊ូរ៉ោះ យូនុស គឺបន្ទូលរបស់អល់ឡោះជាម្ចាស់ដែលទ្រង់បានមានបន្ទូលថា៖ ﴿وَقَالَ فِرۡعَوۡنُ ٱئۡتُونِي بِكُلِّ سَٰحِرٍ عَلِيمٖ “ហើយហ្វៀរអោនបាននិយាយថា៖ ចូរពួកអ្នកនាំគ្រូមន្តអាគមដែលខ្លាំងពូកែទាំងអស់មកកាន់យើង។ فَلَمَّا جَآءَ ٱلسَّحَرَةُ قَالَ لَهُم مُّوسَىٰٓ أَلۡقُواْ مَآ أَنتُم مُّلۡقُونَ ហើយនៅពេលដែលគ្រូមន្តអាគមទាំងអស់បានមកដល់ មូសាបាននិយាយទៅកាន់ពួកគេថា៖ ចូរពួកអ្នកបោះនូវអ្វីដែលពួកអ្នកចង់បោះនោះចុះ។ فَلَمَّآ أَلۡقَوۡاْ قَالَ مُوسَىٰ مَا جِئۡتُم بِهِ ٱلسِّحۡرُۖ إِنَّ ٱللَّهَ سَيُبۡطِلُهُۥٓ إِنَّ ٱللَّهَ لَا يُصۡلِحُ عَمَلَ ٱلۡمُفۡسِدِينَ ហើយនៅពេលពួកគេបានបោះ(នូវមន្តអាគមរបស់ពួកគេ) មូសាក៏បាននិយាយថា៖ អ្វីដែលពួកអ្នកបាននាំមកនោះ វាគ្រាន់តែជាមន្តអាគមប៉ុណ្ណោះ។ ពិតប្រាកដណាស់ អល់ឡោះនឹងធ្វើឱ្យវាក្លាយជាអសារបង់(គ្មានប្រសិទ្ធភាព)ឡើយ។ ពិតប្រាកដណាស់ អល់ឡោះជាម្ចាស់មិនសម្រួលដល់កិច្ចការរបស់ពួកដែលបង្កវិនាសកម្មឡើយ។ وَيُحِقُّ ٱللَّهُ ٱلۡحَقَّ بِكَلِمَٰتِهِۦ وَلَوۡ كَرِهَ ٱلۡمُجۡرِمُونَ﴾ ហើយអល់ឡោះនឹងបញ្ជាក់ឲ្យឃើញនូវការពិតតាមរយៈពាក្យបន្ទូលរបស់ទ្រង់ បើទោះបីជាពួកដែលប្រព្រឹត្តល្មើសទាំងឡាយមិនពេញចិត្តក៏ដោយ”។ [គម្ពីរគួរអាន ១០:៧៩-៨២]
ព្រមទាំងបណ្តាអាយ៉ាត់នៅក្នុងស៊ូរ៉ោះ តហា ៖ ﴿قَالُواْ يَٰمُوسَىٰٓ إِمَّآ أَن تُلۡقِيَ وَإِمَّآ أَن نَّكُونَ أَوَّلَ مَنۡ أَلۡقَىٰ “ពួកគេ(គ្រូមន្តអាគម)បាននិយាយថា៖ ឱមូសា! អ្នកអាចបោះ(មន្តអាគមរបស់អ្នក)មុន ឬក៏ពួកយើងជាអ្នកចាប់ផ្ដើមបោះមុនក៏បាន។ قَالَ بَلۡ أَلۡقُواْۖ فَإِذَا حِبَالُهُمۡ وَعِصِيُّهُمۡ يُخَيَّلُ إِلَيۡهِ مِن سِحۡرِهِمۡ أَنَّهَا تَسۡعَىٰ គាត់បានតបថា៖ ទេ! ចូរពួកអ្នកបោះមុនចុះ! (ពេលនោះ ពួកគេក៏បានបោះនូវអ្វីដែលពួកគេមាន) ហើយរំពេចនោះ ខ្សែពួរនិងដំបងរបស់ពួកគេក៏បានបំភ័ន្តភ្នែករបស់ព្យាការីមូសាឲ្យមើលឃើញថាជាសត្វពស់កំពុងតែវារលឿនដោយសារតែមន្តអាគមរបស់ពួកគេ។ فَأَوۡجَسَ فِي نَفۡسِهِۦ خِيفَةٗ مُّوسَىٰ ពេលនោះ មូសាក៏មានអារម្មណ៍ភ័យខ្លាចនៅក្នុងខ្លួនរបស់គាត់។ قُلۡنَا لَا تَخَفۡ إِنَّكَ أَنتَ ٱلۡأَعۡلَىٰ តែយើង(អល់ឡោះ)បានមានបន្ទូលថា៖ ចូរអ្នកកុំខ្លាច។ ពិតប្រាកដណាស់ រូបអ្នក គឺជាអ្នកដែលមានប្រៀប(លើពួកគេ)។ وَأَلۡقِ مَا فِي يَمِينِكَ تَلۡقَفۡ مَا صَنَعُوٓاْۖ إِنَّمَا صَنَعُواْ كَيۡدُ سَٰحِرٖۖ وَلَا يُفۡلِحُ ٱلسَّاحِرُ حَيۡثُ أَتَىٰ﴾ ហើយចូរអ្នកបោះអ្វី(ដំបង)ដែលនៅនឹងដៃស្ដាំរបស់អ្នកចុះ នោះវានឹងលេបនូវអ្វីដែលពួកគេបានធ្វើជាមិនខាន។ តាមពិត អ្វីដែលពួកគេបានធ្វើនោះ គឺគ្រាន់តែជាល្បិចកលរបស់គ្រូមន្តអាគមប៉ុណ្ណោះ។ ហើយគ្រូមន្តអាគមមិនទទួលបានជោគជ័យជាដាច់ខាត ទោះបីជាគេមកពីទីណាក៏ដោយ”។ [គម្ពីរគួរអាន ២០:៦៥-៦៩]
បន្ទាប់ពីសូត្រនូវអ្វីដែលបានរៀបរាប់ខាងលើចូលទៅក្នុងទឹករួចមក ត្រូវផឹកទឹកនោះចំនួនបីក្អឹក ហើយយកទឹកដែលនៅសល់ទៅងូត។ តាមរយៈការធ្វើបែបនេះ ជំងឺនឹងជាសះស្បើយ ប្រសិនបើអល់ឡោះមានចេតនា។ ប្រសិនបើមានភាពចាំបាច់ក្នុងធ្វើដូចនេះចំនួនពីរដង ឬច្រើនដងទៀយ គឺមិនថ្វីឡើយ រហូតទាល់តែជំងឺបានជាសះស្បើយ។
បណ្តាហ្ស៊ីកៀរ ការសូត្រសុំការការពារ ក៏ដូចជាវិធីសាស្ត្រទាំងនេះ ស្ថិតក្នុងចំណោមមូលហេតុដ៏សំខាន់បំផុតក្នុងការការពារពីប្រការអាក្រក់នៃអំពើមន្តអាគម និងប្រការអាក្រក់ផ្សេងៗទៀត ហើយវាក៏ជាអាវុធដ៏មានឥទ្ធិពលបំផុតដើម្បីកម្ចាត់ ឬដកអំពើមន្តអាគមនោះចេញបន្ទាប់ពីវាបានកើតឡើងផងដែរ សម្រាប់អ្នកដែលតែងតែអនុវត្តវាជាប់ជាប្រចាំដោយភាពស្មោះត្រង់ មានជំនឿ ជឿទុកចិត្តលើអល់ឡោះ ពឹងផ្អែកលើទ្រង់ និងមានចិត្តបើកទូលាយទទួលយកនូវអ្វីដែលហ្ស៊ីកៀរទាំងនោះបានបង្ហាញ។
ទាំងនេះជាអ្វីដែលយើងខ្ញុំចង់ពន្យល់បកស្រាយទាក់ទងនឹងប្រការនានាដើម្បីការពារ និងព្យាបាលពីពីអំពើមន្តអាគមផ្សេង។ ហើយមានតែអល់ឡោះមួយគត់ជាអ្នកប្រទាននូវភាពជោគជ័យ។
ត្រង់ចំណុចនេះមានបញ្ហាដ៏សំខាន់មួយ គឺការព្យាបាល ឬដោះអំពើមន្តអាគមតាមរយៈទង្វើរបស់គ្រូមន្តអាគមផ្ទាល់ដែលសកម្មភាពនេះត្រូវបានធ្វើឡើងតាមរយៈការបញ្ជិតខ្លួនទៅកាន់ជិនដោយការសំឡេះសត្វ(សែន) ឬទម្រង់នៃការធ្វើសក្ការៈបូជាផ្សេងៗទៀតស្រដៀងគ្នានេះ។ ប្រការនេះ គឺមិនត្រូវបានអនុញ្ញាតឡើយ ពីព្រោះវាជាអំពើរបស់ស្ហៃតន។ មិនតែប៉ុណ្ណោះ វាស្ថិតក្នុងចំណោមប្រការស្ហ៊ីរិកធំ(ពហុទេវនិយមកម្រិតធ្ងន់)។ ដូចគ្នាផងដែរ គេមិនអនុញ្ញាតឲ្យធ្វើការព្យាបាលអំពើមន្តអាគមដោយការសាកសួរគ្រូទាយ និងគ្រូមន្តអាគមនានា ហើយអនុវត្តតាមអ្វីដែលគ្រូទាយ ឬគ្រូមន្តអាគមទាំងនោះបាននិយាយឡើយ ព្រោះពួកទាំងនោះមិនមានជំនឿឡើយ និងដោយសារតែពួកគេ គឺជាជនកុហកបោកប្រាស់ដ៏អាក្រក់ដែលអះអាងថា ខ្លួនដឹងពីប្រការអាថ៌កំបាំង ព្រមទាំងបំភាន់ដល់មនុស្សម្នាទាំងឡាយ។ ជាការពិតណាស់ ណាពី ﷺ លោកបានព្រមានអំពីការទៅរក ការសួរនាំ និងការជឿជាក់តាមគ្រូទាយ ដូចដែលបានបញ្ជាក់រួចមកហើយនៅខាងដើមនៃសារនេះ។ ដូច្នេះ ចាំបាច់ត្រូវប្រុងប្រយ័ត្នពីរឿងនេះ។ ជាការពិតណាស់ មានសេចក្ដីរាយការណ៍ត្រឹមត្រូវពីរ៉ស៊ូលុលឡោះ ﷺ ថា ពិតណាស់ លោកត្រូវបានគេសួរអំពីការដោះអំពើ(នុសរ៉ោះ) ហើយលោកបានមានប្រសាសន៍ថា៖ «វាស្ថិតក្នុងចំណោមទង្វើរបស់ស្ហៃតន»។ រាយការណ៍ដោយ អ៊ីម៉ាំអះម៉ាត់ និងអាពូហ្ទាវូទ ដោយបណ្តាញអ្នករាយការណ៍ក្នុងកម្រិតល្អ(អ៊ិសណាត ជៃយិត)។
ការដោះអំពើ(النشرة) គឺជាការដោះអំពើមន្តអាគមចេញពីអ្នកដែលត្រូវបានគេធ្វើអំពើដាក់។ ហើយគោលបំណងរបស់ណាពី ﷺ នៅក្នុងប្រសាសន៍របស់លោកនេះ គឺសំដៅលើការដោះអំពើដែលពួកសម័យកាលអវិជ្ជា(ជើហ៊ីលីយ៉ះ)ធ្លាប់បានអនុវត្ត នោះគឺការពឹងពាក់គ្រូមន្តអាគមឱ្យដោះអំពើមន្តអាគមនោះ ឬក៏ដោះអំពើមន្តអាគមដោយប្រើអំពើមន្តអាគមដូចគ្នាពីសំណាក់គ្រូមន្តអាគមម្នាក់ផ្សេងទៀត។
ចំណែកឯការដោះអំពើដោយការស្តោះផ្លុំតាមបែបអ៊ីស្លាម ការបួងសួង(សុំទូអា)ផ្សេងៗ និងការប្រើឱសថដែលត្រូវបានអនុញ្ញាត គឺគ្មានបញ្ហាអ្វីឡើយ ដូចដែលបានលើកឡើងរួចមកហើយ។ ជាការពិតណាស់ សាសនវិទូអ៊ីស្លាម លោក អ៊ិពនុលក័យ្យឹម និងលោក អាប់ទុលរ៉ោះម៉ាន ពិន ហាសាន់ នៅក្នុងសៀវភៅ ហ្វាត់ហ៊ុលម៉ាជីត رحهما الله បានបញ្ជាក់យ៉ាងច្បាស់អំពីបញ្ហានេះ ហើយបញ្ហានេះក៏ត្រូវបានបញ្ជាក់យ៉ាងច្បាស់ផងដែរដោយសាសនវិទូអ៊ីស្លាមជាច្រើនផ្សេងទៀតក្រៅពីពួកគាត់ទាំងពីរ។
សូមបួងសួងដល់អល់ឡោះជាម្ចាស់ សូមទ្រង់មេត្តាចង្អុលបង្ហាញដល់ជនមូស្លីមទាំងឡាយឱ្យទទួលបាននូវសេចក្តីសុខសាន្តរួចផុតពីរាល់ប្រការអាក្រក់ទាំងឡាយ ព្រមទាំងសូមទ្រង់មេត្តាថែរក្សាសាសនារបស់ពួកគេ និងប្រទានឱ្យពួកគេយល់ដឹងកាន់តែស៊ីជម្រៅនៅក្នុងចំណេះដឹងសាសនា ហើយសូមទ្រង់មេត្តាប្រទាននូវសេចក្ដីសុខ សុវត្ថិភាព រួចផុតពីរាល់ប្រការទាំងឡាយណាដែលផ្ទុយនឹងច្បាប់បញ្ញត្តិរបស់ទ្រង់ផង។
សូមពរជ័យ សិរីសួស្តីពីអល់ឡោះជាម្ចាស់កើតមានដល់ខ្ញុំបម្រើ និងជាអ្នកនាំសាររបស់ទ្រង់ មូហាំម៉ាត់ ព្រមទាំងក្រុមគ្រួសារ និងបណ្តាសហាហ្ពាត់របស់លោក។
ការព្រមានអំពីការសាងសង់ម៉ាស្ជិទនៅលើផ្នូរ
អាប់ទុលអាហ្ស៊ីស ពិន អាប់ទុលឡោះ ពិន ហ្ពាហ្ស
សៀវភៅនេះព្រមានអំពីការសាងសង់ម៉ាស្ជិទនៅលើផ្នូររបស់បណ្តាណាពី និងកុសលបុគ្គលទាំងឡាយដោយបញ្ជាក់ថា វាជាមធ្យោបាយនាំទៅរកអំពើស្ហ៊ីរិក និងការជ្រុលនិយម។ សៀវភៅនេះផ្អែកលើភស្តុតាងច្បាប់សាសនាដែលព្រមានពីរឿងនោះ ដោយសង្កត់ធ្ងន់លើភាពចាំបាច់នៃការប្រតិបត្តិតាមច្បាប់សាសនាដ៏បរិសុទ្ធ ដើម្បីថែរក្សាជំនឿឯកទេវនិយម(តាវហេទ)។
សារទី១០៖ ការព្រមានពីការសាងសង់ម៉ាស្ជិទនៅលើផ្នូរ
ក្នុនាមអល់ឡោះជាម្ចាស់។ សូមសន្តិភាព និងពរជ័យកើតមានដល់អ្នកនាំសាររបស់អល់ឡោះ។
ជាបន្តមកទៀត៖ ពិតប្រាកដណាស់ ខ្ញុំបានឃើញនូវអ្វីដែលត្រូវបានចុះផ្សាយនៅក្នុងព្រឹត្តិបត្រលេខ ៣ នៃទស្សនាវដ្ដីសម្ព័ន្ធវិទ្យាសាស្ត្រអ៊ីស្លាម ត្រង់ផ្នែក “ព័ត៌មានមូស្លីមប្រចាំខែ” ដែលមានខ្លឹមសារថា៖ សម្ព័ន្ធវិទ្យាសាស្ត្រអ៊ីស្លាមនៃព្រះរាជាណាចក្រហ្សកដានី មានបំណងសាងសង់ម៉ាស្ជិទនៅលើរូងភ្នំមួយដែលទើបតែត្រូវបានគេរកឃើញថ្មីៗនៅក្នុងភូមិ រ៉ហ៊ីប ដែលរូងភ្នំនោះ គឺជាកន្លែងដែលគេនិយាយតៗគ្នាថា គឺជារូងភ្នំដែលក្រុមអ្នកនៅរូងភ្នំ(أصحاب الكهف) ដែលត្រូវបានលើកឡើងនៅក្នុងគម្ពីរគួរអាននោះ បានដេកលង់លក់នៅទីនោះ។ ចប់សេចក្តីដកស្រង់។
ដោយយោងទៅលើភាពចាំបាច់នៃការដាស់តឿនក្រើនរំលឹកគ្នាក្នុងនាមអល់ឡោះជាម្ចាស់ និងខ្ញុំបម្រើទាំងឡាយរបស់ទ្រង់ ខ្ញុំយល់ឃើញថា ខ្ញុំគួរតែថ្លែងសារដាស់តឿនមួយនៅក្នុងទស្សនាវដ្តីដដែលនេះជូនចំពោះសម្ព័ន្ធវិទ្យាសាស្ត្រអ៊ីស្លាមនៃព្រះរាជាណាចក្រហ្សកដានី ដែលមានខ្លឹមសារដាស់តឿនដល់សម្ព័ន្ធ(វិទ្យាសាស្ត្រអ៊ីស្លាម)ជុំវិញការអនុវត្តនូវអ្វីដែលខ្លួនមានបំណងចង់ធ្វើពាក់ព័ន្ធនឹងការសាងសង់ម៉ាស្ជិទ(វិហារអ៊ីស្លាម)នៅលើរូងភ្នំដែលបានលើកឡើង។ នោះក៏ព្រោះតែការសាងសង់ម៉ាស្ជិទនៅលើផ្នូររបស់បណ្តាណាពី និងកុសលបុគ្គលទាំងឡាយ ក៏ដូចជានៅលើទីតាំងប្រវត្តិសាស្ត្រដែលបន្សល់ទុកពីពួកគេ គឺជាទង្វើដែលច្បាប់វិន័យអ៊ីស្លាមដ៏ល្អឥតខ្ចោះបានហាមឃាត់យ៉ាងដាច់ខាត និងបានព្រមានយ៉ាងតឹងរ៉ឹង ព្រមទាំងបានដាក់បណ្តាសាដល់អ្នកដែលប្រព្រឹត្តបែបនេះទៀតផង ព្រោះថាទង្វើទាំងនេះ គឺជាមធ្យោបាយដែលនាំទៅរកអំពើស្ហ៊ីរិក និងការលើកតម្កើងហួសព្រំដែនទៅលើបណ្តាណាពី និងកុសលបុគ្គលទាំងឡាយ។ ស្ថានភាពជាក់ស្តែង គឺជាសាក្សីបញ្ជាក់យ៉ាងច្បាស់ពីភាពត្រឹមត្រូវនៃអ្វីដែលច្បាប់បញ្ញត្តិអ៊ីស្លាមបាននាំមក និងជាសញ្ញាភស្តុតាងបញ្ជាក់ថា ច្បាប់វិន័យទាំងនោះ ពិតជាមកពីអល់ឡោះជាម្ចាស់ដ៏មហាឧត្តុង្គឧត្តមប្រាកដមែន ហើយក៏ជាភស្តុតាងដ៏ច្បាស់លាស់ និងជាអំណះអំណាងដ៏មុតមាំដែលបញ្ជាក់ពីសច្ចភាពនៃអ្នកនាំសាររបស់អល់ឡោះ ﷺ ចំពោះអ្វីដែលលោកបាននាំមកពីអល់ឡោះជាម្ចាស់ ហើយបានផ្សព្វផ្សាយទៅដល់ប្រជាជាតិ។ រាល់បុគ្គលដែលបានពិចារណា និងសង្កេតមើលយ៉ាងល្អិតល្អន់អំពីស្ថានភាពជាក់ស្ដែងនៃពិភពអ៊ីស្លាម និងអ្វីដែលបានកើតឡើងនៅទីនោះនៃអំពើស្ហ៊ីរិក និងការជ្រុលនិយម ដោយសារតែការសាងសង់ម៉ាស្ជិទនៅលើទីផ្នូរ ការលើកតម្កើងចំពោះផ្នូរ ក្រាលកម្រាល និងតុបតែងលម្អផ្នូរ ព្រមទាំងការចាត់តាំងឲ្យមានអ្នកថែរក្សាទីផ្នូរ នោះគេច្បាស់ជានឹងដឹងថា ទាំងនេះ គឺជាមធ្យោបាយដែលនាំទៅរកអំពើស្ហ៊ីរិកយ៉ាងពិតប្រាកដ ហើយគេក៏នឹងដឹងយ៉ាងច្បាស់ផងដែរថា ក្នុងចំណោមភាពល្អឥតខ្ចោះនៃច្បាប់វិន័យអ៊ីស្លាម គឺការហាមឃាត់មិនឱ្យប្រព្រឹត្តទង្វើបែបនេះ និងបានព្រមានយ៉ាងដាច់ខាតចំពោះការសាងសង់សំណង់ទាំងនោះ។
ក្នុងចំណោមភស្តុតាងដែលបញ្ជាក់បែបនេះ គឺអ្វីដែលបានរាយការណ៍ដោយសាសនវិទូអ៊ីស្លាមទាំងពីរ គឺអាល់ពូខរី និងមូស្លីម رحمة الله عليهما អំពី អាអ៊ីស្ហះ رضي الله عنها បាននិយាយថា៖ រ៉ស៊ូលុលឡោះ ﷺ លោកបានមានប្រសាសន៍ថា៖ “អល់ឡោះជាម្ចាស់ទ្រង់បានដាក់បណ្ដាសាចំពោះពួកយូដា និងពួកគ្រឹស្ទានដែលពួកគេបានយកផ្នូរណាពីទាំងឡាយរបស់ពួកគេធ្វើជាម៉ាស្ជិទ”។ អាអ៊ីស្ហះបាននិយាយថា៖ លោកព្រមានពីអ្វីដែលពួកគេបានធ្វើ។ គាត់បានបន្តថា៖ ប្រសិនបើមិនដូច្នោះទេនោះ ផ្នូររបស់លោក(ណាពីមូហាំម៉ាត់)នឹងត្រូវគេបង្ហាញឲ្យឃើញជាមិនខាន ប៉ុន្តែដោយសារខ្លាចថា គេយកផ្នូររបស់លោកធ្វើជាម៉ាស្ជិទ។ នៅក្នុងសៀវភៅសហេសទាំងពីរផងដែរបានរាយការណ៍ថា អ៊ុមមូសាឡាម៉ះ និងអ៊ុមមូហាពីហ្ពះ رضي الله عنهما បានរៀបរាប់ប្រាប់រ៉ស៊ូលុលឡោះ ﷺ អំពីវិហារគ្រឹស្ទានមួយដែលគាត់ទាំងពីរបានឃើញនៅឯប្រទេសអេត្យូពី និងរូបភាពនានាដែលមាននៅក្នុងវិហារនោះ។ ពេលនោះ លោក ﷺ បានមានប្រសាសន៍ថា៖ “ពួកទាំងនោះ នៅពេលណាដែលបុរសល្អណាម្នាក់ក្នុងចំណោមពួកគេស្លាប់ទៅ គឺពួកគេសង់វិហារនៅលើផ្នូររបស់គាត់ និងគូររូបភាពទាំងនោះនៅក្នុងវិហារ។ ពួកទាំងនោះ គឺជាមនុស្សដ៏អាក្រក់បំផុតនៅចំពោះអល់ឡោះជាម្ចាស់”។
ហើយនៅក្នុងសៀវភៅសហេសមូស្លីមវិញ អំពី ជុនទុប ពិន អាប់ទុលឡោះ رضي الله عنه បាននិយាយថា៖ ខ្ញុំបានឮរ៉ស៊ូលុលឡោះ ﷺ បានមានប្រសាសន៍មុនពេលលោកទទួលមរណៈភាពប្រាំថ្ងៃថា៖ “ពិតប្រាកដណាស់ ខ្ញុំសូមប្រកាសអំពីភក្ដីភាពរបស់ខ្ញុំចំពោះអល់ឡោះ ដោយបដិសេធមិនទទួលយកអ្នកណាម្នាក់ជាទីស្រឡាញ់(ខលីល)ឡើយ។ ជាការពិតណាស់ អល់ឡោះជាម្ចាស់ទ្រង់បានជ្រើសរើសខ្ញុំធ្វើជាមនុស្សជាទីស្រឡាញ់(ខលីល) ដូចដែលទ្រង់បានជ្រើសរើសណាពីអ៊ីព្រហ៊ីមធ្វើជាមនុស្សជាទីស្រឡាញ់(របស់ទ្រង់)ដែរ។ ហើយប្រសិនបើខ្ញុំជ្រើសរើសយកមនុស្សម្នាក់ក្នុងចំណោមប្រជាជាតិរបស់ខ្ញុំធ្វើជាមនុស្សជាទីស្រឡាញ់(របស់ខ្ញុំ)នោះ ខ្ញុំប្រាកដជានឹងជ្រើសយកអាពូហ្ពាកើរធ្វើជាមនុស្សជាទីស្រឡាញ់ជាមិនខាន។ ជាការពិតណាស់ អ្នកជំនាន់មុនពួកអ្នក ពួកគេបានយកផ្នូររបស់បណ្តាណាពី និងកុសលបុគ្គលទាំងឡាយរបស់ពួកគេធ្វើជាម៉ាស្ជិទ(ទីសក្ការៈ)។ តែពួកអ្នកមិនត្រូវយកផ្នូរទាំងឡាយធ្វើជាម៉ាស្ជិទឡើយ។ ពិតប្រាកដណាស់ ខ្ញុំសូមហាមឃាត់ពួកអ្នកពីការធ្វើដូច្នោះ”។ ហាទីស្ហដែលលើកឡើងពាក់ព័ន្ធនឹងបញ្ហានេះ មានច្រើនណាស់។
ពិតប្រាកដណាស់ បណ្តាអ៊ីម៉ាំក្នុងចំណោមសាសនវិទូអ៊ីស្លាមពីគ្រប់និកាយ(ម៉ាស្ហាប់)ទាំងបួន និងអ្នកផ្សេងទៀតក្រៅពីពួកគេបានចែងជាអត្ថបទច្បាប់យ៉ាងច្បាស់លាស់អំពីការហាមឃាត់មិនឲ្យយកទីផ្នូរធ្វើជាម៉ាស្ជិទ(វិហារ) ថែមទាំងបានព្រមានយ៉ាងតឹងរ៉ឹងអំពីបញ្ហានេះទៀតផង ដែលការណ៍នេះ គឺធ្វើឡើងដើម្បីជាការអនុវត្តតាមស៊ុណ្ណះរ៉ស៊ូលុលឡោះ ﷺ និងក្នុងន័យជាការផ្តល់ដំបូន្មាន ព្រមទាំងជាការព្រមានដល់ប្រជាជាតិកុំឲ្យធ្លាក់ចូលទៅក្នុងទង្វើដែលប្រជាជាតិជំនាន់មុនៗធ្លាប់បានធ្លាក់ចូល ដូចជាពួកជ្រុលនិយមនៃពួកយូដា និងពួកគ្រឹស្ទាន ក៏ដូចជាពួកដែលដើរផ្លូវវង្វេងដែលមានលក្ខណៈស្រដៀងនឹងពួកទាំងនោះនៃប្រជាជាតិនេះ។
ដូច្នេះ ចាំបាច់លើសម្ព័ន្ធវិទ្យាសាស្ត្រអ៊ីស្លាមនៃប្រទេសហ្សកដានី ក៏ដូចជាជនមូស្លីមដទៃទៀតត្រូវតែ ប្រកាន់ខ្ជាប់តាមស៊ុណ្ណះ(មាគ៌ាណាពី ﷺ) និងដើរលើមាគ៌ារបស់បណ្ដាអ៊ីមាំ(អ្នកប្រាជ្ញអ៊ីស្លាមកំពូលៗ) ហើយត្រូវប្រុងប្រយ័ត្នពីអ្វីដែលអល់ឡោះ និងអ្នកនាំសាររបស់ទ្រង់បានព្រមាន ព្រោះថាការធ្វើបែបនេះ គឺនាំមកនូវភាពល្អប្រសើរ សុភមង្គល និងភាពជោគជ័យដល់ខ្ញុំបម្រើអល់ឡោះ ទាំងក្នុងលោកិយ និងនៅថ្ងៃបរលោក។ ទាក់ទងនឹងបញ្ហានេះ មនុស្សមួយចំនួនអាចយកបន្ទូលរបស់អល់ឡោះខាងក្រោមមកសំអាងដែលទ្រង់បានមានបន្ទូលទាក់ទងនឹងរឿងរ៉ាវរបស់ក្រុមអ្នកនៅរូងភ្នំ(أصحاب الكهف)ថា៖ “ហើយអ្នកដែលមានឥទ្ធិពលលើកិច្ចការរបស់ពួកគេបាននិយាយថា៖ ពិតប្រាកដណាស់ ពួកយើងនឹងយកកន្លែងរបស់ពួកគេធ្វើជាម៉ាស្ជិទ(ទីគោរពសក្ការៈ)”។ [គម្ពីរគួរអាន ១៨:២១]
ចម្លើយចំពោះបញ្ហានោះ គឺត្រូវតបថា៖ ពិតប្រាកដណាស់ អល់ឡោះជាម្ចាស់ទ្រង់គ្រាន់តែប្រាប់ឲ្យបានដឹងអំពីពួកមេដឹកនាំ និងពួកអ្នកមានអំណាចគ្រប់គ្រងនាសម័យកាលនោះថា ពួកគេបាននិយាយនូវពាក្យសម្តីបែបនេះ។ ប៉ុន្តែការណ៍នេះមិនមែនក្នុងន័យយល់ស្រប ពេញចិត្ត និងទទួលស្គាល់ចំពោះ(ទង្វើ)ពួកគេឡើយ។ តាមពិត គឺក្នុងន័យរិះគន់ បន្តុះបង្អាប់ និងធ្វើឲ្យមានការស្អប់ខ្ពើមចំពោះទង្វើរបស់ពួកទាំងនោះប៉ុណ្ណោះ។ ភស្តុតាងដែលបញ្ជាក់បែបនេះ គឺរ៉ស៊ូលុលឡោះ ﷺ ជាអ្នកដែលអាយ៉ាត់នេះត្រូវបានបញ្ចុះមកកាន់លោក ហើយក៏ជាអ្នកដែលយល់ដឹងពីអត្ថន័យអាយ៉ាត់នេះច្បាស់ជាងគេបំផុតនោះ លោកបានហាមឃាត់ប្រជាជាតិរបស់លោកមិនឲ្យសាងសង់ម៉ាស្ជិទនៅលើផ្នូរ និងបានព្រមានពួកគេពីរឿងនេះ ព្រមទាំងបានដាក់បណ្តាសា និងថ្កោលទោសចំពោះអ្នកដែលប្រព្រឹត្តទង្វើនេះថែមទៀតផង។
ប្រសិនបើទង្វើនេះត្រូវបានអនុញ្ញាតមែននោះ ច្បាស់ជារ៉ស៊ូលុលឡោះ ﷺ លោកមិនព្រមានខ្លាំងៗចំពោះទង្វើនេះ រហូតដល់ថ្នាក់ដាក់បណ្តាសាដល់អ្នកដែលបានប្រព្រឹត្តបែបនេះ ថែមទាំងប្រាប់ថា បុគ្គលដែលធ្វើបែបនេះ ស្ថិតក្នុងចំណោមសត្វលោកដែលអាក្រក់បំផុតនៅចំពោះអល់ឡោះជាម្ចាស់ឡើយ។ នេះគឺគ្រប់គ្រាន់ និងសមហេតុសមផលបំផុតហើយសម្រាប់អ្នកដែលស្វែងរកសេចក្តីពិត។ ហើយបើទោះជាយើងសន្មតថា ការសាងសង់ម៉ាស្ជិទនៅលើផ្នូរ គឺត្រូវបានអនុញ្ញាតសម្រាប់អ្នកជំនាន់មុនយើងក៏ដោយ ក៏មិនអនុញ្ញាតឱ្យយើងយកគំរូតាមពួកគេក្នុងរឿងនេះដែរ។ នោះក៏ព្រោះតែច្បាប់បញ្ញត្តិរបស់យើងបានមកជំនួសច្បាប់បញ្ញត្តិពីមុនៗ អ្នកនាំសារ(រ៉សូល)របស់យើង ﷺ គឺជាអ្នកនាំសារចុងក្រោយបង្អស់ ហើយច្បាប់បញ្ញត្តិរបស់លោក គឺពេញលេញបរិបូរណ៍ និងទូទៅ។ ជាការពិតណាស់ លោកបានហាមឃាត់យើងមិនឲ្យសាងសង់ម៉ាស្ជិទនៅលើផ្នូរឡើយ។ ដូចនេះ មិនអនុញ្ញាតឲ្យយើងប្រឆាំងនឹងលោកឡើយ។ ចាំបាច់លើយើងត្រូវដើរតាមលោក ប្រកាន់ខ្ជាប់នូវអ្វីដែលលោកបាននាំមក ហើយបោះបង់ចោលនូវច្បាប់បញ្ញត្តិចាស់ៗ និងទំនៀមទម្លាប់នានាដែលអ្នកអនុវត្តយល់ថាល្អ ដែលផ្ទុយនឹងអ្វីដែលលោកបាននាំមក ព្រោះថា គ្មានច្បាប់ណាដែលពេញលេញឥតខ្ចោះជាងច្បាប់បញ្ញត្តិរបស់អល់ឡោះជាម្ចាស់ឡើយ ហើយក៏គ្មានការចង្អុលបង្ហាញណាដែលល្អប្រសើរជាងការចង្អុលបង្ហាញរបស់រ៉ស៊ូលុលឡោះ ﷺ នោះដែរ។
សូមបួងសួងដល់អល់ឡោះជាម្ចាស់ សូមទ្រង់មេត្តាចង្អុលបង្ហាញដល់យើងខ្ញុំ និងជនមូស្លីមទាំងអស់ឱ្យមានជំហររឹងមាំលើសាសនារបស់ទ្រង់ ព្រមទាំងប្រកាន់ខ្ជាប់នូវច្បាប់បញ្ញត្តិអ្នកនាំសាររបស់ទ្រង់ មូហាំម៉ាត់ ﷺ ទាំងពាក្យសម្ដី និងកាយវិការ ទាំងអ្វីដែលបើកចំហ និងអ្វីដែលលាក់បាំង ក៏ដូចជានៅក្នុងគ្រប់កិច្ចការទាំងអស់ រហូតដល់យើងទៅជួបនឹងអល់ឡោះជាម្ចាស់ដ៏មហាឧត្តុង្គឧត្តម។ ពិតប្រាកដណាស់ ទ្រង់មហាឮ និងនៅជិតបំផុត។
សូមពរជ័យ សិរីសួស្តីពីអល់ឡោះជាម្ចាស់កើតមានដល់ខ្ញុំបម្រើ និងជាអ្នកនាំសាររបស់ទ្រង់ មូហាំម៉ាត់ ព្រមទាំងក្រុមគ្រួសារ និងសហាហ្ពាត់របស់លោក ហើយនិងអ្នកដែលដើរតាមការចង្អុលបង្ហាញរបស់លោក រហូតដល់ថ្ងៃបរលោក។
ការបញ្ចុះសពនៅក្នុងម៉ាស្ជិត
អាប់ទុលអាហ្ស៊ីស ពិន អាប់ទុលឡោះ ពិន ហ្ពាហ្ស
សៀវភៅនេះបញ្ជាក់អំពីការហាមឃាត់យ៉ាងដាច់ខាតចំពោះការបញ្ចុះសពនៅក្នុងម៉ាស្ជិត ព្រោះវាត្រូវបានចាត់ទុកជាមធ្យោបាយនាំទៅរកអំពើស្ហ៊ីរិក ហើយជំរុញដល់ជនមូស្លីមចាំបាច់ត្រូវបញ្ចុះសពអ្នកស្លាប់របស់ពួកគេនៅក្រៅម៉ាស្ជិត ដូចដែលណាពី ﷺ និងបណ្ដាសហាហ្ពាត់របស់លោកបានអនុវត្ត ដោយយោងតាមអ្វីដែលមានបញ្ជាក់ក្នុងគម្ពីរគួរអាន និងស៊ុណ្ណះ។
សារទីដប់មួយ៖ ការបញ្ចុះសពនៅក្នុងម៉ាស្ជិទ
ក្នុងនាមអល់ឡោះជាម្ចាស់ ហើយការសរសើរទាំងឡាយ គឺសម្រាប់អល់ឡោះ។ សូមសន្តិភាព និងពរជ័យកើតមានដល់អ្នកនាំសាររបស់អល់ឡោះ ព្រមទាំងក្រុមគ្រួសាររបស់លោក និងអ្នកដែលដើរតាមការចង្អុលបង្ហាញរបស់លោក។ ជាបន្តមកទៀត៖
ខ្ញុំបានឃើញការចុះផ្សាយនៅក្នុងកាសែត «អាល់ខារទូម» ចេញផ្សាយនៅថ្ងៃទី១៧/៤/១៤១៥ ម.ស. ដោយនៅក្នុងនោះ ខ្ញុំបានឃើញមានការចុះផ្សាយនូវសេចក្តីប្រកាសមួយទាក់ទងនឹងការបញ្ចុះសពលោក មូហាំម៉ាត់ អាល់ហាសាន់ អាល់អ៊ីទ្រីស៊ី នៅក្បែរឪពុករបស់គាត់ នៅក្នុងម៉ាស្ជិទរបស់ពួកគេ ក្នុងទីក្រុងអ៊ុមឌូរម៉ាន...។ល។
ដោយសារតែការផ្ដល់ដំបូន្មានដល់ជនមូស្លីមទាំងឡាយ និងការបំភ្លឺបង្ហាញដើម្បីប្រឆាំងនូវរាល់ទង្វើខុសឆ្គង គឺជាកិច្ចការងារមួយដែលអល់ឡោះជាម្ចាស់ទ្រង់បានដាក់ជាកាតព្វកិច្ច ទើបខ្ញុំយល់ឃើញថា ខ្ញុំត្រូវតែធ្វើការបញ្ជាក់ឲ្យបានច្បាស់ថា ជាការពិតណាស់ ការបញ្ចុះសពអ្នកស្លាប់នៅក្នុងម៉ាស្ជិទ គឺជាប្រការមួយដែលមិនត្រូវបានអនុញ្ញាតឡើយ។ ផ្ទុយទៅវិញ វាជាមធ្យោបាយនាំទៅរកអំពើស្ហ៊ីរិក និងជាទង្វើរបស់ពួកយូដា និងពួកគ្រឹស្ទានដែលអល់ឡោះជាម្ចាស់ទ្រង់បានរិះគន់ និងស្តីបន្ទោសពួកគេចំពោះទង្វើនេះ ហើយរ៉ស៊ូលុលឡោះ ﷺ ក៏បានដាក់បណ្តាសាពួកគេផងដែរ ដូចដែលមាននៅក្នុងសៀវភៅសហេសទាំងពីរ(ពូខរី និងមូស្លីម) អំពី អាអ៊ីស្ហះ رضي الله عنها អំពីណាពី ﷺ ពិតណាស់ លោកបានមានប្រសាសន៍ថា៖ “អល់ឡោះជាម្ចាស់ទ្រង់បានដាក់បណ្ដាសាចំពោះពួកយូដា និងពួកគ្រឹស្ទានដែលពួកគេបានយកផ្នូរណាពីទាំងឡាយរបស់ពួកគេធ្វើជាម៉ាស្ជិទ(កន្លែងគោរពសក្ការៈ)”។ ចំណែកឯនៅក្នុងសៀវភៅសហេសមូស្លីមវិញ អំពី ជុនទុប ពិន អាប់ទុលឡោះ អំពី ណាពី ﷺ ពិតណាស់ លោកបានមានប្រសាសន៍ថា៖ “ចូរដឹងថា ពិតប្រាកដណាស់ អ្នកជំនាន់មុនពួកអ្នកបានយកផ្នូរណាពីទាំងឡាយរបស់ពួកគេ និងកុសលបុគ្គលរបស់ពួកគេធ្វើជាម៉ាស្ជិទ។ ហេតុដូច្នេះ ចូរពួកអ្នកកុំយកផ្នូរទាំងឡាយធ្វើជាម៉ាស្ជិទឡើយ ពីព្រោះខ្ញុំបានហាមឃាត់ពួកអ្នកពីទង្វើនេះ”។ ហាទីស្ហដែលមានខ្លឹមសារក្នុងន័យនេះ មានច្រើនលើសលប់។
ដូច្នេះ ចាំបាច់លើជនមូស្លីមនៅគ្រប់ទីកន្លែង(ទាំងរដ្ឋាភិបាល និងប្រជាជន)ត្រូវកោតខ្លាចអល់ឡោះជាម្ចាស់ និងត្រូវប្រុងប្រយ័ត្នចំពោះអ្វីដែលទ្រង់បានហាមឃាត់ ហើយត្រូវបញ្ចុះសពអ្នកស្លាប់របស់ខ្លួននៅខាងក្រៅម៉ាស្ជិទ ដូចដែលណាពី ﷺ និងបណ្ដាសហាហ្ពាត់របស់លោក رضي الله عنهم ធ្លាប់បានបញ្ចុះសពអ្នកដែលបានស្លាប់នៅខាងក្រៅម៉ាស្ជិទ ក៏ដូចជាបណ្ដាអ្នកដែលបានប្រតិបត្តិតាមពួកគេប្រកបដោយសេចក្តីល្អផងដែរ។
ចំណែកឯវត្តមានរបស់ផ្នូរណាពី ﷺ និងសហាហ្ពាត់ទាំងពីរ គឺអាពូហ្ពាកើរ និងអ៊ូមើរ رضي الله عنهما នៅក្នុងម៉ាស្ជិទណាពី ﷺ មិនមែនជាអំណះអំណាងសម្រាប់ការបញ្ចុះសពអ្នកស្លាប់នៅក្នុងម៉ាស្ជិទឡើយ ព្រោះថា សពរបស់ណាពី ﷺ ត្រូវបានគេបញ្ចុះនៅក្នុងផ្ទះរបស់លោក (ពោលគឺនៅក្នុងផ្ទះរបស់អាអ៊ីស្ហះ رضي الله عنها)។ ក្រោយមក ទើបសហាហ្ពាត់ទាំងពីររបស់លោកត្រូវបានគេបញ្ចុះជាមួយលោកផងដែរ។ នៅពេលដែល អាល់វ៉ាលីត ពិន អាប់ទុលម៉ាលិក បានធ្វើការពង្រីកម៉ាស្ជិទនៅដើមសតវត្សរ៍ទីមួយនៃមូហាំម៉ាត់សករាជ(ហ៊ិជ្ជរ៉ោះ) គាត់បានបញ្ចូលបន្ទប់នោះទៅក្នុងម៉ាស្ជិទ។ ពេលនោះ ក៏មានអ្នកចេះដឹងជំទាស់នឹងគាត់លើបញ្ហានេះដែរ ប៉ុន្តែគាត់យល់ឃើញថា ការណ៍នេះមិនមែនជាឧបសគ្គរារាំងដល់ការពង្រីក(ម៉ាស្ជិទ)ឡើយ ហើយថា បញ្ហានេះច្បាស់លាស់(ថាជាការបង្ខំចិត្តពង្រីក) មិនមានអ្វីត្រូវភាន់ច្រឡំនោះទេ។
តាមរយៈនេះ វាបានបង្ហាញយ៉ាងច្បាស់ដល់ជនមូស្លីមគ្រប់រូបថា ជាការពិតណាស់ ណាពី ﷺ និងសហាហ្ពាត់ទាំងពីររបស់លោក رضي الله عنهما មិនត្រូវបានគេបញ្ចុះនៅក្នុងម៉ាស្ជិទឡើយ ហើយការបញ្ចូល(ផ្នូរ)ពួកលោកទៅក្នុងម៉ាស្ជិទដោយសារតែការពង្រីកម៉ាស្ជិទ មិនមែនជាភស្តុតាងលើការអនុញ្ញាតឱ្យបញ្ចុះសពនៅក្នុងម៉ាស្ជិទនានាឡើយ ព្រោះថា (ផ្នូរ)ពួកលោកមិនមែនស្ថិតនៅក្នុងម៉ាស្ជិទនោះទេ។ តាមពិត (ផ្នូរ)ពួកលោក គឺស្ថិតនៅក្នុងផ្ទះណាពី ﷺ ប៉ុណ្ណោះ។ ម្យ៉ាងវិញទៀត គឺដោយសារតែទង្វើរបស់លោក អាល់វ៉ាលីត មិនអាចយកជាអំណះអំណាងស្របច្បាប់សម្រាប់បុគ្គលណាម្នាក់នៅក្នុងរឿងនេះបានឡើយ។ ផ្ទុយទៅវិញ អំណះអំណាងពិតប្រាកដ គឺស្ថិតនៅក្នុងគម្ពីរគួរអាន និងស៊ុណ្ណះ ព្រមទាំងការមូលមតិគ្នារបស់អ្នកអ៊ីស្លាមជំនាន់មុន(សាឡាហ្វ)ប៉ុណ្ណោះ។ សូមអល់ឡោះពេញចិត្តចំពោះពួកគាត់ និងសូមឱ្យយើងខ្ញុំស្ថិតក្នុងចំណោមអ្នកដែលដើរតាមពួកគាត់ដោយគន្លងធម៌ល្អប្រពៃផងចុះ។
ក្នុងន័យផ្តល់ការដាស់តឿន និងការបំពេញនូវទំនួលខុសត្រូវ សារលិខិតនេះត្រូវបានសរសេរឡើងនៅថ្ងៃទី១៤/៥/១៤១៥ ម.ស
អល់ឡោះ គឺជាម្ចាស់នៃការចង្អុលបង្ហាញ។ សូមអល់ឡោះជាម្ចាស់ប្រទានពរ និងសន្តិភាពដល់ណាពីយើង មូហាំម៉ាត់ ﷺ ព្រមទាំងក្រុមគ្រួសារ បណ្ដាសហាហ្ពាត់ និងអ្នកដែលដើរតាមពួកគេដោយសេចក្ដីល្អ។
បញ្ជាក់ពីភាពគ្មានជំនឿ និងភាពវង្វេងរបស់ជនដែលអះអាងថា អនុញ្ញាតឲ្យបុគ្គលម្នាក់អាចដើរចេញពីច្បាប់បញ្ញត្តិរបស់ណាពីមូហាំម៉ាត់ ﷺ បាន
អាប់ទុលអាហ្ស៊ីស ពិន អាប់ទុលឡោះ ពិន ហ្ពាហ្ស
សៀវភៅនេះបញ្ជាក់ពីភាពគ្មានជំនឿ(កាហ្វៀរ)របស់អ្នកដែលអះអាងថា គេអនុញ្ញាតឲ្យចាកចេញពីច្បាប់បញ្ញត្តិ(ស្ហារីអាត់)របស់ណាពីមូហាំម៉ាត់ ﷺ បាន ដោយថ្កោលទោសចំពោះការអះអាងរបស់អ្នកនិពន្ធមួយចំនួនដែលថា ពួកយូដា និងពួកគ្រឹស្ទាននៅតែបន្តស្ថិតនៅលើសាសនារបស់ពួកគេ ដោយបញ្ជាក់យ៉ាងច្បាស់ថា សាររបស់ណាពី ﷺ គឺសម្រាប់មនុស្សជាតិទាំងមូល ហើយថាសាសនាឥស្លាម គឺជាសាសនាដ៏ត្រឹមត្រូវតែមួយគត់ ដូចដែលបានបញ្ជាក់នៅក្នុងគម្ពីរគួរអាន និងស៊ុណ្ណះ។
សារទីដប់ពីរ៖ បញ្ជាក់ពីភាពគ្មានជំនឿ និងភាពវង្វេងរបស់ជនដែលអះអាងថា អនុញ្ញាតឲ្យបុគ្គលម្នាក់អាចដើរចេញពីច្បាប់បញ្ញត្តិរបស់ណាពីមូហាំម៉ាត់ ﷺ បាន
រាល់ការសរសើរទាំងឡាយ គឺសម្រាប់អល់ឡោះជាព្រះជាម្ចាស់នៃពិភពទាំងអស់។ សូមពរជ័យ សិរីសួស្តីកើតមានដល់ណាពី និងជាអ្នកនាំសារចុងក្រោយបង្អស់ គឺណាពីយើង មូហាំម៉ាត់ ព្រមទាំងក្រុមគ្រួសារ និងសហាហ្ពាត់របស់លោកទាំងអស់គ្នា។
ជាបន្តមកទៀត៖ ខ្ញុំបានឃើញអត្ថបទមួយដែលត្រូវបានចុះផ្សាយក្នុងសារព័ត៌មាន “មជ្ឈឹមបូព៌ា” នៅក្នុងលេខចេញផ្សាយរបស់ខ្លួន គឺលេខ៥៨២៤ ចុះថ្ងៃទី ៥/៦/១៤១៥ ម.ស ដែលអត្ថបទនោះត្រូវបានសរសេរឡើងដោយបុគ្គលម្នាក់ដែលដាក់ឈ្មោះខ្លួនឯងថា អាប់ទុលហ្វាត់តាស អាល់ហាយេក ក្រោមចំណងជើងថា៖ “ការយល់ខុស”។
សេចក្តីសង្ខេបនៃអត្ថបទ គឺអ្នកនិពន្ធរូបនោះបានបដិសេធនូវចំនុចដែលជនមូស្លីមគ្រប់រូបចាំបាច់ត្រូវដឹងជាដាច់ខាតនៅក្នុងសាសនាអ៊ីស្លាម ដោយមានភស្តុតាងបញ្ជាក់យ៉ាងច្បាស់នៅក្នុងគម្ពីរគួរអាន ស៊ុណ្ណះ និងការមូលមតិគ្នារបស់សាសនវិទូអ៊ីស្លាមទាំងអស់ ដែលចំនុចនោះ គឺភាពទូទៅនៃសាររបស់ណាពីមូហាំម៉ាត់ ﷺ ទៅកាន់មនុស្សជាតិទាំងអស់ ហើយនិងការអះអាងរបស់អ្នកនិពន្ធរូបនោះដែលថា ជាការពិតណាស់ បុគ្គលណាដែលមិនដើរតាមណាពីមូហាំម៉ាត់ ﷺ និងមិនស្ដាប់បង្គាប់លោក ដោយគេនៅតែបន្តកាន់សាសនាយូដា ឬសាសនាគ្រឹស្តដដែលក៏ដោយ ក៏បុគ្គលនោះនៅតែស្ថិតនៅលើសាសនាត្រឹមត្រូវដដែល។ បន្ទាប់មក អ្នកនិពន្ធរូបនោះបានឈានទៅដល់ការប្រមាថមើលងាយចំពោះព្រះជាម្ចាស់នៃពិភពទាំងមូលទាក់ទងនឹងគតិបណ្ឌិតរបស់ទ្រង់ក្នុងការដាក់ទណ្ឌកម្មចំពោះពួកគ្មានជំនឿ និងពួកដែលបំពាន ដោយគេបានចាត់ទុកការដាក់ទោសនោះ ថាជារឿងឥតប្រយោជន៍។
ពិតប្រាកដណាស់ អ្នកនិពន្ធរូបនោះបានធ្វើការកែប្រែអត្ថបទច្បាប់សាសនា និងយកវាទៅប្រើខុសសាច់រឿង ខុសបរិបទរបស់វា ព្រមទាំងបានបកស្រាយអត្ថបទទាំងនោះទៅតាមទំនើងចិត្តរបស់ខ្លួន។ លើសពីនេះ គេបានបែរចេញពីភស្តុតាង និងអំណះអំណាងពីអត្ថបទច្បាប់សាសនាដ៏ច្បាស់លាស់ជាច្រើនដែលបញ្ជាក់ពីភាពទូទៅនៃសាររបស់ណាពីមូហាំម៉ាត់ ﷺ ក៏ដូចជាភស្តុតាងដែលបញ្ជាក់ពីភាពគ្មានជំនឿ(កាហ្វៀរ)របស់អ្នកដែលបានឮអំពីលោក តែមិនព្រមដើរតាមលោក ហើយបញ្ជាក់ថា អល់ឡោះជាម្ចាស់ទ្រង់មិនទទួលយកសាសនាណាផ្សេងក្រៅពីសាសនាអ៊ីស្លាមឡើយ ព្រមទាំងភស្តុតាងដ៏ច្បាស់លាស់ជាច្រើនទៀតដែលគេមើលរំលង ក្នុងគោលបំណងបោកប្រាស់ និងធ្វើឱ្យអ្នកខ្វះការយល់ដឹងវង្វេងជឿតាមពាក្យសម្តីរបស់ខ្លួន។ អ្វីដែលបុគ្គលរូបនេះបានធ្វើ គឺជាភាពគ្មានជំនឿ(កាហ្វៀរ)យ៉ាងច្បាស់លាស់ ធ្វើឲ្យរបូតចេញពីសាសនាអ៊ីស្លាម(មួរតាត់) និងជាការបដិសេធចំពោះអល់ឡោះជាម្ចាស់ និងអ្នកនាំសាររបស់ទ្រង់ផងដែរ ដែលការណ៍នេះ គឺត្រូវបានដឹងយ៉ាងច្បាស់លាស់បំផុតដោយបុគ្គលណាដែលមានចំណេះដឹង និងមានជំនឿពិតប្រាកដ នៅពេលដែលពួកគេបានអានអត្ថបទមួយនោះ។
ចាំបាច់លើថ្នាក់ដឹកនាំត្រូវបញ្ជូនបុគ្គលរូបនេះទៅកាន់តុលាការដើម្បីទាមទារឱ្យបុគ្គលរូបនេះសារភាពកំហុស(តាវហ្ពាត់) និងកាត់ទោសរូបគេស្របតាមអ្វីដែលច្បាប់អ៊ីស្លាមដ៏បរិសុទ្ធបានចែង។
ពិតប្រាកដណាស់ អល់ឡោះជាម្ចាស់ទ្រង់បានបញ្ជាក់ពីភាពទូទៅនៃសាររបស់ណាពីមូហាំម៉ាត់ ﷺ និងបានដាក់កាតព្វកិច្ចលើមនុស្ស និងជិនទាំងអស់ត្រូវតែដើរតាមលោក។ រឿងនេះ គ្មានជនមូស្លីមណាម្នាក់ សូម្បីតែគេមានចំណេះដឹងតិចតួចយ៉ាងណាក៏ដោយដែលថាមិនដឹងនោះឡើយ។
អល់ឡោះជាម្ចាស់ទ្រង់បានមានបន្ទូលថា៖ “ចូរអ្នក(ឱអ្នកនាំសារមូហាំម៉ាត់)ពោលចុះថា៖ ឱមនុស្សលោកទាំងឡាយ! ជាការពិតណាស់ រូបខ្ញុំគឺជាអ្នកនាំសាររបស់អល់ឡោះមកកាន់ពួកអ្នកទាំងអស់គ្នា ដែលអំណាចគ្រប់គ្រងមេឃជាច្រើនជាន់និងផែនដី គឺជាកម្មសិទ្ធិរបស់ទ្រង់(តែមួយគត់)។ គ្មានព្រះជាម្ចាស់ឯណាដែលត្រូវគោរពសក្ការៈដ៏ពិតប្រាកដក្រៅពីទ្រង់ជាអ្នកដែលធ្វើឱ្យរស់ និងជាអ្នកដែលធ្វើឲ្យស្លាប់នោះឡើយ។ ដូច្នេះ ចូរពួកអ្នកមានជំនឿចំពោះអល់ឡោះ និងមានជំនឿចំពោះអ្នកនាំសាររបស់ទ្រង់(ណាពីមូហាំម៉ាត់)ជាណាពីម្នាក់ដែលជាអនក្ខរជនដែលគាត់មានជំនឿលើអល់ឡោះ និងចំពោះបន្ទូលរបស់ទ្រង់។ ហើយចូរពួកអ្នកប្រតិបត្តិតាមគាត់ចុះ សង្ឃឹមថា ពួកអ្នកនឹងទទួលបានការចង្អុលបង្ហាញ”។ [គម្ពីរគួរអាន ៧:១៥៨] ទ្រង់បានមានបន្ទូលទៀតថា៖ “...ហើយគេបានវ៉ាហ៊ីដល់ខ្ញុំនូវគម្ពីរគួរអាននេះដើម្បីឱ្យខ្ញុំព្រមានបន្លាចពួកអ្នកតាមរយៈវា ហើយនិងជនណាដែលគម្ពីរនេះបានទៅដល់រូបគេ...”។ [គម្ពីរគួរអាន ៦:១៩] ទ្រង់បានមានបន្ទូលទៀតថា ៖ “ចូរអ្នក(ឱអ្នកនាំសារមូហាំម៉ាត់)ពោលចុះថា៖ ប្រសិនបើពួកអ្នកស្រលាញ់អល់ឡោះ(ពិតមែននោះ) ចូរពួកអ្នកប្រតិបត្ដិតាមខ្ញុំ នោះអល់ឡោះនឹងស្រឡាញ់ពួកអ្នក ហើយទ្រង់នឹងអភ័យទោសឱ្យពួកអ្នកនូវបាបកម្មទាំងឡាយរបស់ពួកអ្នក។ ហើយអល់ឡោះមហាអភ័យទោស មហាអាណិតស្រលាញ់បំផុត”។ [គម្ពីរគួរអាន ៣:៣១] ទ្រង់បានមានបន្ទូលទៀតថា ៖ “ហើយជនណាដែលស្វែងរកសាសនាផេ្សងក្រៅពីសាសនាអ៊ីស្លាមនោះ គេនឹងមិនទទួលយក(សាសនានោះ)អំពីជននោះឡើយ ហើយនៅថ្ងៃបរលោក រូបគេនឹងស្ថិតក្នុងចំណោមពួកដែលខាតបង់ជាមិនខាន”។ [គម្ពីរគួរអាន ៣:៨៥] ទ្រង់បានមានបន្ទូលទៀតថា ៖ “ហើយយើងមិនបានបញ្ជូនអ្នក(ឱអ្នកនាំសារមូហាំម៉ាត់)នោះឡើយ លើកលែងតែទៅកាន់មនុស្សលោកទូទៅដើម្បីផ្តល់ដំណឹងរីករាយ និងដាស់តឿនព្រមាន...”។ [គម្ពីរគួរអាន ៣៤:២៨] ទ្រង់បានមានបន្ទូលទៀតថា ៖ “ហើយយើងមិនបានបញ្ជូនអ្នក(ណាពីមូហាំម៉ាត់)មកនោះឡើយ លើកលែងតែដើម្បីជាក្តីមេត្តាករុណាចំពោះពិភពលោកប៉ុណ្ណោះ”។ [គម្ពីរគួរអាន ២១:១០៧] ទ្រង់បានមានបន្ទូលទៀតថា ៖ “ហើយចូរអ្នក(ឱអ្នកនាំសារមូហាំម៉ាត់)ពោលទៅកាន់ពួកដែលគេបានផ្ដល់គម្ពីរឱ្យ(យូដា និងគ្រឹស្ទាន) និងពួកអនក្ខរជន(ពួកមុស្ហរីគីន)ថា៖ តើពួកអ្នកព្រមប្រគល់ខ្លួន(ចូលសាសនាអ៊ីស្លាម)ដែរឬទេ? ប្រសិនបើពួកគេព្រមប្រគល់ខ្លួន នោះពួកគេពិតជាទទួលបានការចង្អុលបង្ហាញ។ តែប្រសិនបើពួកគេបែរចេញវិញនោះ គឺកាតព្វកិច្ចលើអ្នកគ្រាន់តែផ្សព្វផ្សាយប៉ុណ្ណោះ។ ហើយអល់ឡោះមហាឃើញបំផុតចំពោះខ្ញុំបម្រើរបស់ទ្រង់”។ [គម្ពីរគួរអាន ៣:២០] ទ្រង់បានមានបន្ទូលផងដែរថា៖ “មហាពរជ័យ(អល់ឡោះជាម្ចាស់)ដែលទ្រង់បានបញ្ចុះនូវគម្ពីរគួរអានទៅកាន់ខ្ញុំបម្រើរបស់ទ្រង់(ណាពីមូហាំម៉ាត់) ដើម្បីឲ្យគាត់ក្លាយជាអ្នកដាស់តឿនព្រមានសម្រាប់ពិភពលោក”។ [គម្ពីរគួរអាន ២៥:១]
ហើយ អាល់ពូខរី និងមូស្លីម បានរាយការណ៍អំពី ជើពៀរ رضي الله عنه ថា៖ ពិតណាស់ ណាពី ﷺ លោកបានមានប្រសាសន៍ថា៖ “គេបានផ្តល់ឲ្យខ្ញុំនូវប្រាំប្រការដែលគេមិនធ្លាប់បានផ្តល់វាដល់នរណាម្នាក់មុនខ្ញុំឡើយ៖ គេជួយខ្ញុំឲ្យមានជ័យជម្នះដោយការភ័យខ្លាច(របស់សត្រូវ)ក្នុងរយៈចម្ងាយដើរមួយខែ។ គេបានចាត់ទុកផែនដីសម្រាប់ខ្ញុំជាម៉ាស្ជិទ និងជាភាពជ្រះស្អាត។ ហេតុនេះ បុរសណាក៏ដោយក្នុងចំណោមប្រជាជាតិរបស់ខ្ញុំដែលដល់ពេលសឡាត ចូរឲ្យគេសឡាតចុះ(ទោះនៅកន្លែងណាក៏ដោយ)។ គេបានអនុញ្ញាតឲ្យខ្ញុំនូវទ្រព្យជ័យភណ្ឌ ខណៈដែលវាមិនត្រូវបានអនុញ្ញាតឲ្យនរណាម្នាក់មុនខ្ញុំឡើយ។ គេបានផ្តល់ឲ្យខ្ញុំនូវសិទ្ធិជួយអន្តរាគមន៍(នាថ្ងៃបរលោក)។ ហើយណាពីគ្រប់រូបត្រូវបានគេតែងតាំងទៅកាន់ក្រុមរបស់ខ្លួនប៉ុណ្ណោះ ប៉ុន្តែខ្ញុំវិញត្រូវបានគេតែងតាំងទៅកាន់មនុស្សទូទៅ”។
នេះគឺជាការបញ្ជាក់យ៉ាងច្បាស់ថា សាររបស់ណាពីយើងមូហាំម៉ាត់ ﷺ គឺទូទៅ និងគ្របដណ្តប់ទៅលើមនុស្សជាតិទាំងអស់ ហើយវាបាននិរាករណ៍នូវច្បាប់បញ្ញត្តិទាំងអស់ដែលមានពីមុន។ ជនណាហើយដែលមិនដើរតាម និងមិនប្រតិបត្តិតាមណាពីមូហាំម៉ាត់ ﷺ ទេនោះ ជននោះគឺជាអ្នកគ្មានជំនឿ(កាហ្វៀរ) និងជាអ្នកប្រព្រឹត្តល្មើសដែលសក្តិសមនឹងទទួលនូវទណ្ឌកម្មរបស់ទ្រង់។ អល់ឡោះជាម្ចាស់ទ្រង់បានមានបន្ទូលថា៖ “ហើយជនណាដែលគ្មានជំនឿនឹងវា(គម្ពីរគួរអាន)ក្នុងចំណោមក្រុមទាំងឡាយនោះ ពិតណាស់ ឋាននរកគឺជាកន្លែងសន្យាសម្រាប់គេ”។ [គម្ពីរគួរអាន ១១:១៧] ទ្រង់បានមានបន្ទូលទៀតថា៖ “ដូច្នេះ ចូរឱ្យពួកដែលធ្វើផ្ទុយនឹងបទបញ្ជារបស់គាត់(ណាពីមូហាំម៉ាត់)ប្រុងប្រយ័ត្នចំពោះគ្រោះអាសន្នដែលនឹងធ្លាក់លើពួកគេ ឬក៏ទណ្ឌកម្មដ៏ឈឺចាប់ធ្លាក់លើពួកគេ”។ [គម្ពីរគួរអាន ២៤:៦៣] ទ្រង់បានមានបន្ទូលទៀតថា ៖ “តែជនណាដែលបានប្រឆាំងនឹងអល់ឡោះនិងអ្នកនាំសាររបស់ទ្រង់ ព្រមទាំងបានបំពានព្រំដែន(ក្បួនច្បាប់)របស់ទ្រង់នោះ គេ(អល់ឡោះ)នឹងបញ្ចូលជននោះទៅក្នុងឋាននរកដោយរូបគេស្ថិតនៅក្នុងនោះជាអមតៈ ហើយរូបគេនឹងទទួលទណ្ឌកម្មដ៏អាម៉ាស់បំផុត”។ [គម្ពីរគួរអាន ៤:១៤] ទ្រង់បានមានបន្ទូលផងដែរថា៖ “ហើយជនណាដែលបានយកសេចក្តីជំនឿប្តូរយកភាពគ្មានជំនឿនោះ ពិតប្រាកដណាស់ រូបគេពិតជាបានវង្វេងចេញពីមាគ៌ាដ៏ត្រឹមត្រូវជាមិនខាន”។ [គម្ពីរគួរអាន ២:១០៨] អាយ៉ាត់ដែលមានអត្ថន័យបែបនេះ មានច្រើនលើសលប់។
ម្យ៉ាងវិញទៀត អល់ឡោះជាម្ចាស់ទ្រង់បានភ្ជាប់ការគោរពប្រតិបត្តិចំពោះរ៉ស៊ូលុលឡោះ ﷺ ទៅនឹងការគោរពប្រតិបត្តិចំពោះទ្រង់ ហើយទ្រង់បានបញ្ជាក់យ៉ាងច្បាស់ថា ជនណាដែលមានជំនឿផ្សេងក្រៅពីសាសនាអ៊ីស្លាម ជននោះនឹងទទួលនូវការខាតបង់ ដែលគ្មានការដោះដូរ ឬការលោះខ្លួនណាមួយត្រូវបានទទួលយកពីជននោះឡើយ ដោយទ្រង់បានមានបន្ទូលថា៖ “ហើយជនណាដែលស្វែងរកសាសនាផេ្សងក្រៅពីសាសនាអ៊ីស្លាមនោះ គេនឹងមិនទទួលយក(សាសនានោះ)អំពីរូបគេឡើយ ហើយនៅថ្ងៃបរលោក រូបគេនឹងស្ថិតក្នុងចំណោមពួកដែលខាតបង់”។ [គម្ពីរគួរអាន ៣:៨៥] ទ្រង់បានមានបន្ទូលទៀតថា ៖ “ជនណាដែលប្រតិបត្តិតាមអ្នកនាំសារ(មូហាំម៉ាត់) គឺរូបគេពិតជាបានគោរពប្រតិបត្តិតាមអល់ឡោះ”។ [គម្ពីរគួរអាន ៤:៨០] ទ្រង់បានមានបន្ទូលទៀតថា៖ “ចូរអ្នក(ឱអ្នកនាំសារមូហាំម៉ាត់)ពោលថា៖ ចូរពួកអ្នកប្រតិបត្តិតាមអល់ឡោះ និងប្រតិបត្តិតាមអ្នកនាំសារ(របស់ទ្រង់)។ តែប្រសិនបើពួកអ្នកបែរចេញ តាមពិត គាត់(អ្នកនាំសារ)ទទួលខុសត្រូវនូវអ្វីដែលជាបន្ទុក(តួនាទី)របស់គាត់ ហើយពួកអ្នកវិញ គឺត្រូវទទួលខុសត្រូវនូវអ្វីដែលជាបន្ទុក(តួនាទី)របស់ពួកអ្នក។ ហើយប្រសិនបើពួកអ្នកគោរពប្រតិបត្តិតាមគាត់ នោះពួកអ្នកនឹងទទួលបានការចង្អុលបង្ហាញ”។ [គម្ពីរគួរអាន ២៤:៥៤] ទ្រង់បានមានបន្ទូលទៀតថា៖ “ពួកគ្មានជំនឿនៃពួកអះលីគីតាប និងពួកមូស្ហរីគីន នឹងស្ថិតក្នុងនរកជើហាន់ណាំដោយស្ថិតនៅក្នុងនោះជាអមតៈ។ ពួកទាំងនោះហើយជាភាវៈដែលអាក្រក់បំផុត”។ [គម្ពីរគួរអាន ៩៨:៦]
ហើយ អ៊ីម៉ាំមូស្លីម បានរាយការណ៍នៅក្នុងសៀវភៅសហេសរបស់គាត់ថា ពិតណាស់ រ៉ស៊ូលុលឡោះ ﷺ លោកបានមានប្រសាសន៍ថា៖ “ខ្ញុំសូមស្បថនឹងអ្នកដែលជីវិតរបស់ខ្ញុំស្ថិតក្នុងកណ្តាប់ដៃរបស់ទ្រង់ថា គ្មាននរណាម្នាក់នៃប្រជាជាតិនេះ មិនថាយូដាក្តី មិនថាគ្រឹស្ទានក្តីដែលបានឮអំពីខ្ញុំ ហើយរូបគេស្លាប់ទៅដោយមិនមានជំនឿលើអ្វីដែលខ្ញុំត្រូវបានគេបញ្ជូនមកជាមួយទេនោះ លើកលែងតែជននោះនឹងស្ថិតក្នុងចំណោមពួកឋាននរក”។
ជាការពិតណាស់ រ៉ស៊ូលុលឡោះ ﷺ លោកបានបញ្ជាក់តាមរយៈទង្វើ និងពាក្យសម្ដីរបស់លោកពីភាពមិនត្រឹមត្រូវនៃសាសនារបស់អ្នកដែលមិនបានចូលសាសនាអ៊ីស្លាម។ ពិតណាស់ លោកបានប្រយុទ្ធប្រឆាំងនឹងពួកយូដា និងពួកគ្រឹស្ទាន ដូចដែលលោកបានប្រយុទ្ធប្រឆាំងនឹងពួកគ្មានជំនឿផ្សេងទៀតដែរ ហើយលោកបានទទួលយកពន្ធ(ជីហ្សយ៉ះ)ពីអ្នកដែលព្រមបង់ពន្ធក្នុងចំណោមពួកគេ ដើម្បីកុំឲ្យពួកគេរារាំងការអំពាវនាវមិនឲ្យទៅដល់អ្នកដែលនៅសេសសល់ក្នុងចំណោមពួកគេ និងដើម្បីឲ្យជនណាក្នុងចំណោមពួកគេដែលចង់ចូលសាសនាអ៊ីស្លាម អាចចូលបានដោយគ្មានការភ័យខ្លាចថាក្រុមរបស់ខ្លួននឹងរារាំង ឃាត់ឃាំង ឬសម្លាប់ឡើយ។
មានសេចក្ដីរាយការណ៍មួយដែលត្រូវបានកត់ត្រាដោយ អ៊ីម៉ាំអាល់ពូខរី និងមូស្លីម អំពី អាពូហ៊ូរ៉យរ៉ោះ رضي الله عنه បាននិយាយថា៖ ខណៈដែលពួកយើងកំពុងនៅក្នុងម៉ាស្ជិទ ស្រាប់តែរ៉ស៊ូលុលឡោះ ﷺ បានចេញមក ហើយលោកបានមានប្រសាសន៍ថា៖ «ចូរពួកអ្នកចេញទៅកាន់ពួកយូដា។ ពេលនោះ ពួកយើងក៏បានចេញទៅជាមួយលោក រហូតដល់ពួកយើងបានទៅដល់ពៃតុលមិទ្ទរ៉ស(កន្លែងសិក្សារបស់ពួកយូដា)។ បន្ទាប់មក ណាពី ﷺ បានក្រោកឈរឡើង ហើយបានហៅពួកគេ រួចបានមានប្រសាសន៍ថា៖ “ឱសហគមន៍យូដាទាំងឡាយ! ចូរពួកអ្នកព្រមប្រគល់ខ្លួន(ចូលសាសនាអ៊ីស្លាម) នោះពួកអ្នកនឹងទទួលបានសុវត្ថិភាព។ ពួកគេបានឆ្លើយថា៖ លោកពិតជាបានផ្សព្វផ្សាយហើយ ឱអាពូក៏សឹម! ពេលនោះ រ៉ស៊ូលុលឡោះ ﷺ ក៏បានមានប្រសាសន៍ទៅកាន់ពួកគេថា៖ នោះហើយជាអ្វីដែលខ្ញុំចង់បាន។ ចូរពួកអ្នកព្រមប្រគល់ខ្លួន(ចូលសាសនាអ៊ីស្លាម) នោះពួកអ្នកនឹងទទួលបានសុវត្ថិភាព។ ពួកគេបានឆ្លើយថា៖ លោកពិតជាបានផ្សព្វផ្សាយហើយ ឱអាពូក៏សឹម! រ៉ស៊ូលុលឡោះ ﷺ ក៏បានមានប្រសាសន៍ទៅកាន់ពួកគេថា៖ នោះហើយជាអ្វីដែលខ្ញុំចង់បាន។ បន្ទាប់មក លោកក៏បានមានប្រសាសន៍បែបនេះជាលើកទីបី...»។ រហូតដល់ចប់ហាទីស្ហ។
អត្ថន័យគឺថា ណាពី ﷺ លោកបានទៅជួបអ្នកកាន់សាសនាក្នុងចំណោមពួកយូដានៅកន្លែងរៀនសូត្ររបស់ពួកគេ រួចលោកបានអំពាវនាវពួកគេទៅកាន់សាសនាអ៊ីស្លាម ហើយលោកបានមានប្រសាសន៍ទៅកាន់ពួកគេថា៖ «ចូរពួកអ្នកប្រគល់ខ្លួន(ចូលសាសនាអ៊ីស្លាមចុះ) នោះពួកអ្នកនឹងទទួលបានសុវត្ថិភាព» ហើយលោកបានមានប្រសាសន៍បែបនេះដដែលៗទៅកាន់ពួកគេ។
ដូចគ្នាផងដែរ លោកបានបញ្ជូនសាររបស់លោកទៅកាន់ស្តេចហ៊ីរ៉ាក់ល៍ ដោយអំពាវនាវទ្រង់ទៅកាន់សាសនាអ៊ីស្លាម និងបានប្រាប់ទ្រង់ថា ប្រសិនបើទ្រង់បដិសេធ នោះទ្រង់នឹងទទួលនូវបាបកម្មរបស់អ្នកដែលបានបដិសេធមិនចូលសាសនាអ៊ីស្លាមដោយសារតែការបដិសេធរបស់ទ្រង់។ ជាការពិតណាស់ អ៊ីម៉ាំអាល់ពូខរី និងមូស្លីម បានរាយការណ៍នៅក្នុងសៀវភៅសហេសទាំងពីររបស់គាត់ថា ស្តេចហ៊ីរ៉ាក់ល៍បានឲ្យគេនាំយកសាររបស់រ៉ស៊ូលុលឡោះ ﷺ មក រួចទ្រង់ក៏បានអានវា ដែលនៅក្នុងសារនោះមានសេចក្តីថា៖ “ក្នុងព្រះនាមអល់ឡោះ មហាសប្បុរស មហាអាណិតស្រឡាញ់។ ពីមូហាំម៉ាត់ ជាអ្នកនាំសាររបស់ព្រះអល់ឡោះ ទៅកាន់ ហ៊ីរ៉ាក់ល៍ អធិរាជនៃចក្រភពរ៉ូម។ សូមសន្តិភាពកើតមានដល់អ្នកដែលដើរតាមការចង្អុលបង្ហាញ។ បន្ទាប់ពីនេះ៖ ពិតណាស់ ទូលបង្គំសូមអំពាវនាវព្រះអង្គដោយការអំពាវនាវរបស់អ៊ីស្លាម។ សូមព្រះអង្គព្រមប្រគល់ខ្លួន(ចូលសាសនាអ៊ីស្លាម) នោះព្រះអង្គនឹងទទួលបានសុវត្ថិភាព។ សូមព្រះអង្គព្រមប្រគល់ខ្លួន(ចូលសាសនាអ៊ីស្លាម) នោះព្រះអល់ឡោះជាម្ចាស់នឹងប្រទានផលបុណ្យដល់ព្រះអង្គទ្វេដង។ តែប្រសិនបើព្រះអង្គបែរចេញវិញនោះ ពិតណាស់ បាបកម្មរបស់ពួកអារីស៊ីយីន(ប្រជារាស្ត្រ)នឹងធ្លាក់មកលើព្រះអង្គជាមិនខាន។ ហើយ “ឱពួកអះលីគីតាប! សូមពួកអ្នកអញ្ជើញមករកពាក្យសម្តីមួយដែលមានសើ្មភាពគ្នារវាងពួកយើងនិងពួកអ្នក នោះគឺ ពួកយើងមិនត្រូវគោរពសក្ការៈចំពោះអ្វីផ្សេងក្រៅពីអល់ឡោះ ហើយពួកយើងមិនធ្វើស្ហ៊ីរិកចំពោះទ្រង់នូវអ្វីមួយឡើយ ហើយក៏មិនយកគ្នាឯង(មនុស្សលោកដូចគ្នា)ធ្វើជាព្រះជាម្ចាស់ក្រៅពីអល់ឡោះនោះដែរ។ តែប្រសិនបើពួកគេងាកចេញ ចូរពួកអ្នក(ឱបណ្តាអ្នកមានជំនឿ)ពោលថា៖ សូមពួកអ្នកធ្វើសាក្សីផងចុះថា ពិតប្រាកដណាស់ ពួកយើងគឺជាអ្នកដែលប្រគល់ខ្លួនចំពោះអល់ឡោះ(ជាជនមូស្លីម)”។ [គម្ពីរគួរអាន ៣:៦៤]»។
បន្ទាប់មក នៅពេលដែលពួកគេងាកចេញ ហើយបដិសេធមិនព្រមចូលសាសនាអ៊ីស្លាម ពេលនោះ ណាពី ﷺ និងបណ្ដាសហាហ្ពាត់របស់លោក رضي الله عنهم ក៏បានប្រយុទ្ធនឹងពួកគេ ហើយបានតម្រូវឲ្យពួកគេត្រូវបង់ពន្ធ(ជីហ្សយ៉ះ)។
ដើម្បីបញ្ជាក់កាន់តែច្បាស់ពីភាពវង្វេងរបស់ពួកគេ និងការដែលពួកគេកំពុងស្ថិតនៅលើសាសនាដែលខុសឆ្គងក្រោយពីវាត្រូវបាននិរាករណ៍ចោលដោយសាសនារបស់ណាពីមូហាំម៉ាត់ ﷺ អល់ឡោះជាម្ចាស់ទ្រង់បានបង្គាប់ប្រើដល់ជនមូស្លីមឲ្យបួងសួងសុំពីអល់ឡោះជារៀងរាល់ថ្ងៃក្នុងរាល់ពេលសឡាត និងក្នុងរាល់រ៉ក្អាត់ សូមឲ្យទ្រង់ចង្អុលបង្ហាញរូបគេទៅកាន់មាគ៌ាដ៏ត្រឹមត្រូវដែលត្រូវបានទទួលយក នោះគឺសាសនាអ៊ីស្លាម។ ហើយសូមឱ្យទ្រង់បញ្ចៀសខ្លួនគេពីមាគ៌ារបស់ពួកដែលទទួលរងនូវការខឹងសម្បា ដែលសំដៅលើពួកយូដា និងពួកដែលមានចរិតលក្ខណៈស្រដៀងនឹងពួកគេ ដែលពួកគេបានដឹងយ៉ាងច្បាស់ថា ខ្លួនកំពុងស្ថិតនៅលើភាពខុសឆ្គងហើយ តែនៅតែចចេសរឹងរូសនៅលើភាពខុសឆ្គងនោះដដែល ព្រមទាំងសូមឱ្យទ្រង់បញ្ចៀសខ្លួនគេពីមាគ៌ារបស់ពួកដែលវង្វេងដែលធ្វើការគោរពសក្ការៈ(ចំពោះអល់ឡោះ)ដោយគ្មានចំណេះដឹង ហើយអះអាងថា ខ្លួនស្ថិតនៅលើមាគ៌ាដ៏ត្រឹមត្រូវ ទាំងដែលពួកគេនៅលើមាគ៌ាវង្វេង។ ពួកគេនោះ គឺពួកគ្រឹស្ទាន និងពួកដែលមានចរិតលក្ខណៈស្រដៀងនឹងពួកគេក្នុងចំណោមប្រជាជាតិដទៃទៀត ដែលធ្វើការគោរពសក្ការៈដោយភាពវង្វេង និងភាពល្ងង់ខ្លៅ។ ទាំងនោះ គឺដើម្បីឲ្យជនមូស្លីមបានដឹងយ៉ាងច្បាស់ប្រាកដថា ពិតណាស់ គ្រប់សាសនាទាំងអស់ក្រៅពីសាសនាអ៊ីស្លាម គឺជាសាសនាដែលខុសឆ្គង ហើយរាល់ជនទាំងឡាយណាដែលគោរពសក្ការៈចំពោះអល់ឡោះក្រៅពីសាសនាអ៊ីស្លាម គឺជាអ្នកវង្វេង។ លើសពីនេះទៅទៀត ជនណាដែលមិនជឿបែបនេះ ជននោះក៏មិនស្ថិតក្នុងចំណោមជនមូស្លីមនោះដែរ។ ភស្តុតាងទាក់ទងនឹងបញ្ហានេះ មានច្រើនលើសលប់ទាំងនៅក្នុងគម្ពីរគួរអាន ទាំងនៅក្នុងស៊ុណ្ណះ។
ដូច្នេះ ចាំបាច់លើម្ចាស់អត្ថបទ(អាប់ទុលហ្វាត់តាស) ត្រូវរួសរាន់សារភាពកំហុស(តាវហ្ពាត់)ឲ្យបានត្រឹមត្រូវ ហើយត្រូវសរសេរអត្ថបទមួយដើម្បីប្រកាសពីការសារភាពកំហុសរបស់ខ្លួននៅក្នុងនោះថែមទៀត។ ជនណាដែលបានសារភាពកំហុសចំពោះអល់ឡោះយ៉ាងពិតប្រាកដនោះ អល់ឡោះជាម្ចាស់នឹងទទួលយកការសារភាពកំហុសរបស់គេ ព្រោះអល់ឡោះជាម្ចាស់ទ្រង់បានមានបន្ទូលថា៖ “ហើយចូរពួកអ្នកសារភាពកំហុសចំពោះអល់ឡោះទាំងអស់គ្នាចុះ ឱបណ្តាអ្នកដែលមានជំនឿទាំងឡាយ សង្ឃឹមថាពួកអ្នកនឹងទទួលបានជោគជ័យ”។ [គម្ពីរគួរអាន ២៤:៣១] ទ្រង់បានមានបន្ទូលទៀតថា៖ “និងបណ្តាអ្នកដែលមិនបួងសួងសុំពីអ្នកផ្សេងរួមជាមួយនឹងអល់ឡោះ ហើយពួកគេមិនសម្លាប់ជីវិតដែលអល់ឡោះទ្រង់ដាក់បម្រាមឡើយ លើកលែងតែដោយមូលហេតុត្រឹមត្រូវ ហើយពួកគេក៏មិនប្រព្រឹត្តអំពើហ្ស៊ីណានោះដែរ។ ក៏ប៉ុន្តែជនណាហើយដែលប្រព្រឹត្តនូវអំពើទាំងនោះ ពួកគេនឹងទទួលនូវបាបកម្ម។ រូបគេនឹងត្រូវគេបន្ថែមទណ្ឌកម្មទ្វេដងនៅថ្ងៃបរលោក។ ហើយគេនឹងស្ថិតក្នុងទណ្ឌកម្មដ៏អាម៉ាស់នេះជាអមតៈ។ លើកលែងតែជនណាដែលបានសារភាពកំហុស និងមានជំនឿ ហើយបានសាងទង្វើកុសលវិញប៉ុណ្ណោះ។ អ្នកទាំងនោះ គឺអល់ឡោះជាម្ចាស់នឹងផ្លាស់ប្តូរអំពើអាក្រក់របស់ពួកគេទៅជាអំពើល្អវិញ។ ហើយអល់ឡោះជាម្ចាស់មហាអភ័យទោស មហាអាណិតស្រលាញ់បំផុត”។ [គម្ពីរគួរអាន ២៥:៦៨-៧០] និងយោងតាមប្រសាសន៍របស់ណាពី ﷺ ដែលលោកបានមានប្រសាសន៍ថា៖ «ការចូលសាសនាអ៊ីស្លាម គឺលុបបំបាត់នូវបាបកម្មទាំងឡាយដែលមានពីមុនមក ហើយការសារភាពកំហុស គឺលុបបំបាត់នូវបាបកម្មទាំងឡាយដែលមានពីមុនមក»។ លោកបានមានប្រសាសន៍ទៀតថា៖ “បុគ្គលដែលសារភាពកំហុសពីបាបកម្ម ប្រៀបដូចជាបុគ្គលដែលគ្មានបាបកម្មនោះដែរ”។
អាយ៉ាត់ និងហាទីស្ហដែលមានអត្ថន័យបែបនេះ មានច្រើនណាស់។
ហើយខ្ញុំសូមបួងសួងដល់អល់ឡោះជាម្ចាស់ សូមទ្រង់មេត្តាបង្ហាញដល់យើងខ្ញុំបានឃើញនូវសេចក្តីពិត ថាជាសេចក្តីពិត និងសូមប្រទានឲ្យយើងខ្ញុំបានដើរតាមសេចក្តីពិតនោះផង។ ហើយសូមទ្រង់មេត្តាបង្ហាញដល់យើងខ្ញុំបានឃើញនូវភាពខុសឆ្គង ថាជាភាពខុសឆ្គង និងសូមប្រទានឲ្យយើងខ្ញុំបានចៀសវាងពីភាពខុសឆ្គងនោះផង។ សូមទ្រង់មេត្តាប្រោសប្រទានដល់យើងខ្ញុំ ដល់អ្នកនិពន្ធ អាប់ទុលហ្វាត់តាស និងដល់បងប្អូនមូស្លីមទាំងឡាយនូវការសារភាពកំហុសដ៏ស្មោះស និងសូមទ្រង់មេត្តាការពារយើងខ្ញុំទាំងអស់គ្នាពីភាពវឹកវរដែលនាំឱ្យវង្វេងផ្លូវ ការធ្វើតាមទំនើងចិត្ត និងស្ហៃតនផង។ ពិតប្រាកដណាស់ ទ្រង់គឺជាម្ចាស់ដែលគ្រប់គ្រងលើកិច្ចការនេះ ហើយទ្រង់ពិតជាមានសមត្ថភាពលើកិច្ចការនេះ។
សូមពរជ័យ សិរីសួស្តីពីអល់ឡោះជាម្ចាស់កើតមានដល់ណាពីយើងមូហាំម៉ាត់ ព្រមទាំងក្រុមគ្រួសារ និងសហាហ្ពាត់របស់លោក ហើយនិងអ្នកដែលដើរតាមពួកគេដោយសេចក្តីល្អ រហូតដល់ថ្ងៃបរលោក។
Related books
All books
សេចក្តីបកស្រាយសង្ខេបអំពីគោលជំនឿឥស្លាម47 ភាសាសេចក្តីបកស្រាយសង្ខេបអំពីគោលជំនឿឥស្លាម
សៀវភៅនេះពន្យល់អំពីគោលការណ៍នៃជំនឿ ដែលរួមមានជំនឿចំពោះអល់ឡោះ ជំនឿចំពោះបណ្តាម៉ាឡាអ៊ីកាត់របស់ទ្រង់ ជំនឿចំពោះបណ្តាគម្ពីររបស់ទ្រង់ ជំនឿចំពោះបណ្តាអ្នកនាំសាររបស់ទ្រង់ ជំនឿចំពោះថ្ងៃបរលោក និងជំនឿចំពោះការកំណត់វាសនា ព្រមទាំងបង្ហាញពីគោលការណ៍មូលដ្ឋានដែលមូស្លីមត្រូវជឿជាក់និងប្រតិបត្តិតាម ដោយបញ្ជាក់ពីសារៈសំខាន់នៃការរឹតចំណងសម្ព័ន្ធភាពជាមួយអល់ឡោះ តាមរយៈការយល់ដឹងយ៉ាងស៊ីជម្រៅអំពីគោលជំនឿអ៊ីស្លាម។
មេរៀនសំខាន់ៗសម្រាប់សាធារណជនទូទៅ40 ភាសាមេរៀនសំខាន់ៗសម្រាប់សាធារណជនទូទៅ
សៀវភៅ «មេរៀនសំខាន់ៗសម្រាប់សាធារណជនទូទៅ» របស់សាសនវិទូឥស្លាម អាប់ទុលអាហ្ស៊ីស ពិន ហ្ពាហ្ស (សូមអល់ឡោះមេត្តាប្រោសប្រណីដល់គាត់) គឺជាសារលិខិតដ៏សង្ខេបដែលប្រកបដោយអត្ថប្រយោជន៍យ៉ាងធំធេង ដែលអ៊ីម៉ាំរូបនេះបានចងក្រងឡើងដើម្បីធ្វើជាស្បៀងចំណេះដឹងសម្រាប់ប្រជាជនមូស្លីមទូទៅ។ នៅក្នុងសៀវភៅនេះ លោកបានលើកយកនូវមូលដ្ឋានគ្រឹះនៃសាសនា និងគោលគ្រឹះរបស់វា ចាប់តាំងពីតាវហេទ(ឯកទេវនិយម) អ៊ីម៉ាន(ជំនឿ) និងអ៊ីស្លាម រហូតដល់ច្បាប់វិន័យនៃការជម្រះសម្អាត ការសឡាត និងសុជីវធម៌អ៊ីស្លាម ព្រមទាំងការព្រមានពីអំពើស្ហ៊ីរិក(ពហុទេវនិយម) និងអំពើបាបនានា តាមរយៈរចនាបថតែងនិពន្ធដែលងាយយល់ និងច្បាស់ៗ ដោយផ្អែកលើប្រភពពីគម្ពីរគួរអាន និងស៊ុណ្ណះ…
ឥស្លាមគឺជាសាសនានៃបណ្តាអ្នកនាំសាររបស់អល់ឡោះ85 ភាសាឥស្លាមគឺជាសាសនានៃបណ្តាអ្នកនាំសាររបស់អល់ឡោះ
ឥស្លាមគឺជាការចុះចូលចំពោះអល់ឡោះជាម្ចាស់ ដែលជាអ្នកបង្កើត និងជាអ្នកគ្រប់គ្រងចក្រវាឡ ហើយធ្វើការគោរពប្រតិបត្តិចំពោះទ្រង់ដោយសេចក្តីស្រឡាញ់ និងការគោរព។ មូលដ្ឋានគ្រឹះនៃសាសនាឥស្លាមគឺការមានជំនឿលើអល់ឡោះថាទ្រង់គឺជាអ្នកបង្កើត ហើយអ្វីផ្សេងទៀតទាំងអស់គឺត្រូវបានបង្កើត។ ហើយទ្រង់តែមួយគត់ដែលសក្តិសមនឹងទទួលបានការគោរពសក្ការៈដ៏ត្រឹមត្រូវ ដោយគ្មានដៃគូ និងគ្មានអ្នកណាក្រៅពីទ្រង់ដែលប្រៀបបាននឹងទ្រង់ ឬស្មើនឹងទ្រង់ឡើយ។ ទ្រង់មានព្រះនាមដ៏ប្រសើរបំផុត និងគុណសម្បត្ដិខ្ពស់បំផុត ហើយទ្រង់មានលក្ខណៈល្អឥតខ្ចោះ ទ្រង់មិនបានប្រសូតអ្នកណា ក៏មិនត្រូវបានគេប្រសូតទ្រង់ដែរ ហើយគ្មានអ្នកណាអាចប្រៀបធៀប ឬតំណាងនឹងទ្រង់បានឡើយ ។ ទ្រង់មិននៅ…
الشهادتين78 ភាសាالشهادتين
ប្រសិនបើអ្នកចង់ចូលសាសនាអ៊ីស្លាម សូមអ្នកពោលដោយសំឡេងឮៗនូវពាក្យសក្ខីកម្ម(ស្ហាហាហ្ទះ)ទាំងពីរខាងក្រោមនេះ៖ ប្រសិនបើអ្នកចង់ចូលសាសនាអ៊ីស្លាម អ្នកត្រូវតែពោលដោយបន្លឺសម្លេងនូវពាក្យសាហើហ្ទះទាំង២ខាងក្រោមនេះ ព្រមទាំងយល់អត្ថន័យ និងមានជំនឿលើវា៖ ខ្ញុំសូមធ្វើសាក្សីថា គ្មានព្រះជាម្ចាស់ឯណាដែលត្រូវគេគោរពសក្ការៈដ៏ពិតប្រាកដ ក្រៅពីព្រះអល់ឡោះជាម្ចាស់ឡើយ។ ខ្ញុំសូមធ្វើសាក្សីថា គ្មានព្រះណាដែលត្រូវគោរពសក្ការៈក្រៅពីអល់ឡោះឡើយ (ពាក្យទាំងនេះមានន័យថា គ្មានព្រះណាដែលសាកសមនឹងទទួលការគោរពសក្ការៈក្រៅពីអល់ឡោះឡើយ)។ អាស្ហហាទូ អាល់ឡា អ៊ីឡាហា អ៊ិលលល់ឡោះ ហើយខ្ញុំសូមធ្វើសាក្សីទៀតថា មូហាំម៉ាត់ គឺជាអ្នកនាំសាររបស់ព្រះអល់ឡោះជាម្ចាស់…