អ្នកនាំសារអ៊ីស្លាម មូហាំម៉ាត់ (សូមសន្តិភាព និងពរជ័យពីអល់ឡោះកើតមានដល់លោក)
សៀវភៅ “អ្នកនាំសារអ៊ីស្លាម មូហាំម៉ាត់ (សូមសន្តិភាពនិងពរជ័យពីអល់ឡោះកើតមានដល់លោក)” បានបង្ហាញពីជីវិតរបស់ព្យាការីមូហាំម៉ាត់ (សូមសន្តិភាពនិងពរជ័យពីអល់ឡោះកើតមានដល់លោក) ចាប់តាំងពីពូជពង្ស និងការធំដឹងក្តីរបស់លោក រហូតដល់អាពាហ៍ពិពាហ៍ដ៏ប្រកបដោយសិរីមង្គល ការចាប់ផ្តើមទទួលសារ(វ៉ាហ៊ី) និងការចាប់ផ្តើមនៃសារចុងក្រោយរបស់លោក។ សៀវភៅនេះក៏បានបញ្ជាក់ពីបណ្តាភស្តុតាងនៃភាពព្យាការីរបស់លោក និងសញ្ញាណនៃភាពស្មោះត្រង់របស់លោក ព្រមទាំងពន្យល់អំពីច្បាប់បញ្ញត្តិដែលលោកបាននាំមក និងតួនាទីរបស់ច្បាប់នេះក្នុងការថែរក្សាសិទ្ធិ និងសេចក្តីថ្លៃថ្នូររបស់មនុស្ស។ ទន្ទឹមនឹងនេះ វាក៏បានបង្ហាញអំពីគោលជំហររបស់អ្នកប្រឆាំងនឹងលោក…
This PDF is generated automatically from the book's text; its layout may differ from the printed edition.
អ្នកនាំសារអ៊ីស្លាម មូហាំម៉ាត់ (សូមសន្តិភាព និងពរជ័យពីអល់ឡោះកើតមានដល់លោក)
គណៈកម្មការវិទ្យាសាស្ត្រទទួលបន្ទុកកិច្ចការសាសនាប្រចាំម៉ាស្ជិតអាល់ហារ៉ម និងម៉ាស្ជិតអាន់ណាហ្ពាវី
ក្នុងព្រះនាមអល់ឡោះមហាសប្បុរស មហាអាណិតស្រឡាញ់ នេះជាសេចក្តីណែនាំដោយសង្ខេបអំពីអ្នកនាំសារនៃសាសនាអ៊ីស្លាម មូហាំម៉ាត់ (សូមសន្តិភាពនិងពរជ័យពីអល់ឡោះកើតមានដល់លោក) ដោយនៅក្នុងអត្ថបទនេះ យើងនឹងធ្វើការពន្យល់អំពីឈ្មោះ ពូជពង្ស កន្លែងកំណើត អាពាហ៍ពិពាហ៍ ក៏ដូចជាសាររបស់លោក ព្រមទាំងអ្វីដែលលោកបានអំពាវនាវទៅកាន់ បណ្តាភស្តុតាងនៃភាពព្យាការីរបស់លោក ច្បាប់បញ្ញត្តិរបស់លោក និងគោលជំហររបស់អ្នកប្រឆាំងនឹងលោកចំពោះរូបលោក។
១. ឈ្មោះ ពូជពង្ស កន្លែងកំណើត និងកន្លែងដែលលោកធំធាត់
អ្នកនាំសារនៃសាសនាអ៊ីស្លាមគឺលោក មូហាំម៉ាត់ ជាកូនរបស់លោកអាប់ទុលឡោះ ត្រូវជាចៅរបស់លោកអាប់ទុលមូតល់ឡឹប និងត្រូវជាចៅទួតរបស់លោកហាស្ហ៊ិម ជាខ្សែស្រឡាយពូជពង្សរបស់ព្យាការីអ៊ីស្មាអែល កូនប្រុសរបស់ព្យាការីអ៊ីព្រហ៊ីម(សូមសន្តិភាពកើតមានដល់ពួកលោក)។
ព្យាការីអ៊ីព្រហ៊ីមបានធ្វើដំណើរចេញពីប្រទេសស៊ីរីឆ្ពោះទៅកាន់ក្រុងម៉ាក្កះជាមួយភរិយារបស់លោក គឺលោកស្រី ហាជើរ និងកូនប្រុសរបស់លោក អ៊ីស្មាអែល ដែលនៅជាទារកក្នុងអង្រឹងនៅឡើយ ហើយលោកបានតាំងទីលំនៅឲ្យពួកគាត់ទាំងពីរ(ម្តាយនិងកូន)នៅក្រុងម៉ាក្កះទៅតាមបទបញ្ជារបស់អល់ឡោះជាម្ចាស់។ នៅពេលដែលកុមារអ៊ីស្មាអែលធំពេញវ័យ ព្យាការីអ៊ីព្រហ៊ីមបានមកកាន់ក្រុងម៉ាក្កះ ហើយលោកនិងកូនប្រុសរបស់លោក ព្យាការីអ៊ីស្មាអេល ក៏បានសាងសង់កាក់ហ្ពះ ពៃតុលឡោះ អាល់ហារ៉ម។ មនុស្សម្នាក៏មានចំនួនកាន់តែច្រើនឡើងនៅជុំវិញពៃតុលឡោះ ហើយទីក្រុងម៉ាក្កះក៏បានក្លាយជាគោលដៅរបស់អ្នកគោរពសក្ការៈអល់ឡោះជាម្ចាស់នៃសាកលលោកដែលមានបំណងមកបំពេញធម្មយាត្រាហាជ្ជី។ មនុស្សម្នាបានបន្តគោរពសក្ការៈចំពោះអល់ឡោះជាម្ចាស់ និងគោរពបូជាចំពោះទ្រង់តែមួយគត់ស្របតាមសាសនាព្យាការីអ៊ីព្រហ៊ីមអស់រយៈពេលជាច្រើនសតវត្ស។
បន្ទាប់មក ភាពវង្វេងក៏បានកើតមានឡើង។ ឧបទ្វីបអារ៉ាប់ទាំងមូលក៏មានស្ថានភាពមិនខុសពីតំបន់ផ្សេងៗទៀតនៃពិភពលោកនោះដែរ ដោយមានលេចឡើងនូវការគោរពបូជាបដិមា កប់កូនស្រីទាំងរស់ គាបសង្កត់លើស្ត្រី និយាយកុហកភូតភរ ផឹកស្រា ប្រព្រឹត្តអំពើអបាយមុខ ស៊ីទ្រព្យសម្បត្តិក្មេងកំព្រា និងស៊ីការប្រាក់ជាដើម។
នៅទីកន្លែងនេះ និងនៅក្នុងបរិស្ថានបែបនេះហើយដែលអ្នកនាំសារនៃសាសនាអ៊ីស្លាមគឺ ព្យាការីមូហាំម៉ាត់ កូនប្រុសរបស់លោក អាប់ទុលឡោះ ជាខ្សែស្រឡាយពូជពង្សព្យាការីអ៊ីស្មាអែល កូនប្រុសរបស់ព្យាការីអ៊ីព្រហ៊ីម(សូមសន្តិភាពកើតមានដល់ពួកលោក)បានប្រសូត្រមក។ ព្យាការីមូហាំម៉ាត់បានប្រសូត្រក្នុងឆ្នាំ៥៧១នៃគ.ស។ ឪពុករបស់លោកបានទទួលមរណភាពមុនពេលដែលលោកបានប្រសូត្រទៅទៀត ហើយម្តាយរបស់លោកក៏បានទទួលមរណភាពថែមទៀតនៅពេលដែលលោកមានអាយុ៦ឆ្នាំ។ លោកត្រូវបានចិញ្ចឹមបីបាច់ដោយពូរបស់លោក គឺលោក អាពូត៏ឡឹប។ លោករស់នៅក្នុងនាមជាក្មេងកំព្រា និងមានជីវភាពក្រីក្រ ហើយរកស៊ីចិញ្ចឹមជីវិតដោយកម្លាំងញើសឈាមលោកផ្ទាល់។
២. អាពាហ៍ពិពាហ៍ប្រកដោយពរជ័យជាមួយនឹងលោកស្រីខទីហ្ជះ
នៅពេលដែលអ្នកនាំសារមូហាំម៉ាត់មានអាយុ២៥ឆ្នាំ លោកបានរៀបអាពាហ៍ពិពាហ៍ជាមួយស្ត្រីម្នាក់នៅក្រុងម៉ាក្កះ គឺលោកស្រី ខទីហ្ជះ កូនស្រីរបស់លោក ឃូវ៉ៃឡិត។ លោកមានកូនស្រីបួននាក់ និងកូនប្រុសពីរនាក់ជាមួយលោកស្រី ប៉ុន្តែកូនប្រុសទាំងពីររបស់លោកបានទទួលមរណភាពតាំងពីនៅតូច។ ការប្រព្រឹត្តរបស់លោកចំពោះភរិយា និងក្រុមគ្រួសារ គឺពោរពេញទៅដោយក្តីស្រលាញ់ និងភាពទន់ភ្លន់។ ហេតុនេះហើយបានជាភរិយារបស់លោក គឺលោកស្រីខទីហ្ជះ មានក្តីស្រលាញ់យ៉ាងធំធេងចំពោះលោក ហើយលោកក៏បានតបស្នងសេចក្តីស្រលាញ់នោះចំពោះលោកស្រីវិញដូចគ្នាដែរ។ លោកមិនដែលភ្លេចលោកស្រីឡើយ សូម្បីតែបន្ទាប់ពីលោកស្រីបានទទួលមរណៈភាពជាច្រើនឆ្នាំហើយក៏ដោយ។ លោកតែងតែសំឡេះចៀម ហើយចែកជូនដល់មិត្តភក្តិរបស់លោកស្រីខទីហ្ជះដើម្បីជាការផ្តល់កិត្តិយសដល់ពួកគេ បង្ហាញពីភក្តីភាពរបស់លោកចំពោះលោកស្រី ក៏ដូចជារក្សានូវក្តីស្រឡាញ់ចំពោះលោកស្រី។
៣. ការចាប់ផ្តើមបញ្ចុះសារ(វាហ៊ី)
អ្នកនាំសារមូហាំម៉ាត់(សូមសន្តិភាពនិងពរជ័យពីអល់ឡោះកើតមានដល់លោក)មានចរិតលក្ខណៈល្អប្រពៃតាំងពីអល់ឡោះជាម្ចាស់បានបង្កើតលោកមកម្ល៉េះ ហើយក្រុមរបស់លោកតែងហៅលោកថា អ្នកសច្ចៈ ទៀងត្រង់(អាសស៏ទិក អាល់អាមីន)។ លោកតែងចូលរួមជាមួយពួកគេក្នុងកិច្ចការងារណាដែលល្អប្រពៃ ប៉ុន្តែលោកស្អប់ខ្ពើមអ្វីដែលពួកគេធ្វើទាក់ទងនឹងគោរពបូជាបដិមា ហើយលោកមិនដែលចូលរួមជាមួយពួកគេក្នុងរឿងនេះឡើយ។
នៅពេលដែលលោកមានអាយុ៤០ឆ្នាំ ខណៈដែលលោកស្ថិតនៅក្នុងក្រុងម៉ាក្កះ អល់ឡោះជាម្ចាស់បានជ្រើសរើសលោកឱ្យក្លាយជាអ្នកនាំសាររបស់ទ្រង់។ ទេវតាជីព្រីលបានមកជួបលោកជាមួយនឹងជំពូកដំបូងគេបង្អស់នៃគម្ពីរគួរអានដែលបានបញ្ចុះមក គឺបន្ទូលរបស់អល់ឡោះជាម្ចាស់ដែលទ្រង់បានមានបន្ទូលថា៖
ទ្រង់បានបង្កើតមនុស្សលោកពីតំណក់ឈាមមួយដុំ។
ទ្រង់បង្រៀនមនុស្សនូវអ្វីដែលគេមិនធ្លាប់បានដឹង។ (5)
[គម្ពីរគួរអាន ៩៦៖១-៥]
ពេលនោះ ព្យាការីមូហាំម៉ាត់ក៏បានទៅជួបភរិយារបស់លោក គឺលោកស្រីខទីហ្ជះ(សូមអល់ឡោះសព្វព្រះទ័យចំពោះលោកស្រី)ដោយដួងចិត្តភ័យញាប់ញ័រ ហើយលោកបានប្រាប់រឿងនេះដល់លោកស្រី។ លោកស្រីបានលួងលោមលោកឲ្យស្ងប់ចិត្ត ហើយបាននាំលោកទៅជួបជីដូនមួយរបស់លោកស្រីឈ្មោះ វ៉ារ៉កោះ កូនប្រុសរបស់លោក ណាវហ្វាល់ (គាត់ជាគ្រឹស្តសាសនិក និងបានសិក្សាគម្ពីរតាវរ៉ត និងគម្ពីរអ៊ិញ្ជីល)។ លោកស្រីខទីហ្ជះបាននិយាយទៅកាន់វ៉ារ៉កោះថា៖ ឱជីដូនមួយ! សូមស្តាប់ក្មួយប្រុសរបស់អ្នកនិយាយ។ វ៉ារ៉កោះ បានសួរថា៖ ឱក្មួយប្រុស! តើក្មួយបានឃើញអ្វីខ្លះ? អ្នកនាំសាររបស់អល់ឡោះ(សូមសន្តិភាពនិងពរជ័យពីអល់ឡោះកើតមានដល់លោក)ក៏បានរ៉ាយរ៉ាប់ប្រាប់គាត់ពីអ្វីដែលលោកបានឃើញ។ ពេលនោះ វ៉ារ៉កោះ បានតបទៅកាន់លោកថា៖
“នេះជាទេវតាជីព្រីលដែលអល់ឡោះធ្លាប់បានឱ្យគេចុះមកជួបនឹងព្យាការីមូសាដែរ។ ឱអនិច្ចាខ្លួនខ្ញុំ! ខ្ញុំប្រាថ្នាថាខ្ញុំនៅក្មេង ហើយអាចរស់បានរហូតដល់ពេលដែលក្រុមរបស់អ្នកនឹងបណ្តេញអ្នកចេញ”។ អ្នកនាំសាររបស់អល់ឡោះ(សូមសន្តិភាពកើតមានដល់លោក)បានសួរថា៖ “តើពួកគេបណ្តេញខ្ញុំចេញឬ”? វ៉ារ៉កោះបានឆ្លើយថា៖ បាទ (ពិតមែនហើយ)។ គ្មានបុរសណាម្នាក់ដែលបានពាំនាំរឿងរ៉ាវដូចដែលអ្នកបាននាំមកនេះឡើយ លើកលែងតែជននោះត្រូវបានគេប្រឆាំង។ ប្រសិនបើខ្ញុំ(នៅមានជីវិត)ទាន់ថ្ងៃរបស់អ្នក ខ្ញុំប្រាកដជានឹងជួយដល់អ្នកយ៉ាងពេញទំហឹងជាមិនខាន”។
នៅទីក្រុងម៉ាក្កះ គម្ពីរគួរអានត្រូវបានបញ្ចុះមកកាន់លោកជាបន្តបន្ទាប់។ ទេវតាជីព្រីលបានពាំនាំគម្ពីរគួរអានចុះមកពីព្រះជាម្ចាស់នៃពិភពលោក ដូចដែលគាត់នាំមកនូវសារលម្អិតផ្សេងៗទៀតដែរ។
អ្នកនាំសារមូហាំម៉ាត់បានអំពាវនាវក្រុមរបស់លោកទៅកាន់សាសនាអ៊ីស្លាម តែក្រុមរបស់លោកបានប្រឆាំងនឹងលោក និងបង្កជម្លោះជាមួយលោក ហើយពួកគេបានស្នើផ្តល់ឱ្យលោកនូវទ្រព្យសម្បត្តិ និងអំណាចគ្រប់គ្រងជាថ្នូរនឹងការឲ្យលោកបោះបង់ការអំពាវនាវ ប៉ុន្តែលោកបានបដិសេធរបស់ទាំងអស់នោះ។ ពួកគេបាននិយាយទៅកាន់លោកដូចអ្វីដែលមេដឹកនាំទាំងឡាយធ្លាប់បាននិយាយទៅកាន់អ្នកនាំសារមុនៗដូចគ្នាដែរ ដោយពួកគេចោទប្រកាន់ មួលបង្កាច់លោកថា ជាគ្រូមន្តអាគម ជាមនុស្សភូតកុហក ជាអ្នកបង្កើតរឿងក្លែងក្លាយ ហើយពួកគេបានដាក់សម្ពាធលើលោក វាយប្រហារលើរាងកាយដ៏ឧត្តុង្គឧត្តមរបស់លោក និងធ្វើទុក្ខបុកម្នេញលើអ្នកទាំងឡាយដែលដើរតាមលោក។
អ្នកនាំសាររបស់អល់ឡោះ(សូមសន្តិភាពកើតមានដល់លោក)បានបន្តស្នាក់នៅក្រុងម៉ាក្កះដោយអំពាវនាវមនុស្សទៅកាន់អល់ឡោះជាម្ចាស់។ លោកចូលរួមនារដូវកាលបុណ្យហាជ្ជ និងនៅតាមផ្សារនារដូវកាលបុណ្យទាននានារបស់ពួកអារ៉ាប់ដើម្បីជួបជាមួយមនុស្សម្នា និងបង្ហាញពួកគេអំពីសាសនាអ៊ីស្លាម។ លោកមិនបានទាក់ទាញពួកគេដោយលោកិយ(សម្ភារៈនិយម) ឬអំណាចឡើយ ហើយក៏មិនបានគំរាមគំហែងពួកគេដោយដាវ(កម្លាំងបាយ)នោះដែរ ព្រោះលោកមិនមានអំណាចអ្វីឡើយ ហើយក៏មិនមែនជាស្តេចនោះដែរ។ លោកបានប្រកាសរកការប្រកួតប្រជែងនៅក្នុងពេលដំបូងនៃការអំពាវនាវរបស់លោកដោយឱ្យពួកគេនាំយកនូវអ្វីដែលដូចនឹងគម្ពីរគួរអានដ៏អស្ចារ្យ ហើយលោកបានបន្តប្រើប្រាស់ចំណុចនេះដើម្បីប្រឈមជាមួយក្រុមអ្នកប្រឆាំង។ ជាលទ្ធផល ក៏មានអ្នកដែលមានជំនឿយ៉ាងមុតមាំលើលោក ដែលពួកគេទាំងនោះ គឺជាបណ្តាសហការីដ៏ឧត្តុង្គឧត្តម(សូមអល់ឡោះសព្វព្រះទ័យចំពោះពួកគាត់ទាំងអស់គ្នា)។
នៅទីក្រុងម៉ាក្កះ អល់ឡោះជាម្ចាស់ទ្រង់បានផ្តល់កិត្តិយសដល់ព្យាការីមូហាំម៉ាត់នូវអព្ភូតហេតុដ៏អស្ចារ្យបំផុតមួយ គឺការធ្វើដំណើរនាពេលរាត្រី(អ៊ីសរ៉ក)ពីទីក្រុងម៉ាក្កះឆ្ពោះទៅកាន់ពៃតុលមឹក្កទីស(ក្រុងយេរូសាឡឹម) បន្ទាប់មក នាំលោកឡើងទៅលើមេឃ។ តាមអ្វីដែលគេដឹងជាទូទៅ អល់ឡោះជាម្ចាស់ក៏បានលើកព្យាការីអ៊ិលយ៉េស និងព្យាការីអ៊ីសាឡើងទៅលើមេឃផងដែរ ដូចដែលមានចែងនៅក្នុងជំនឿរបស់អ្នកមូស្លីម និងគ្រឹស្ទាន។
ព្យាការីមូហាំម៉ាត់(សូមសន្តិភាពកើតមានដល់លោក)បានទទួលបទបញ្ជាពីអល់ឡោះជាម្ចាស់បង្គាប់ប្រើឲ្យថ្វាយបង្គំ(សឡាត)នៅឯលើមេឃ ដែលវាគឺជាការថ្វាយបង្គំដែលជនមូស្លីមអនុវត្តជារៀងរាល់ថ្ងៃចំនួន ៥ ពេលនេះឯង។ នៅក្នុងក្រុងម៉ាក្កះដ៏ពិសិដ្ឋនេះដែរ ក៏បានកើតមាននូវអព្ភូតហេតុដ៏មហិមាមួយទៀត នោះគឺការបែកព្រះចន្ទជាពីរ ដែលសូម្បីតែពួកគ្មានជំនឿក៏បានឃើញផងដែរ។
ពួកគ្មានជំនឿនៃកុលសម្ព័ន្ធគូរ៉ស្ហបានប្រើគ្រប់មធ្យោបាយដើម្បីរារាំងលោក ដោយបង្កើនការធ្វើទុក្ខបុកម្នេញ និងធ្វើឱ្យមនុស្សម្នារត់ចេញពីលោក។ ពួកគេបានទាមទារឲ្យលោកបង្ហាញនូវសញ្ញាភស្តុតាងផ្សេងៗ ហើយថែមទាំងបានស្វែងរកជំនួយពីពួកយូដាថែមទៀត ដើម្បីឲ្យអ្នកទាំងនោះផ្ដល់នូវអំណះអំណាងផ្សេងៗដែលជួយពួកគេក្នុងការជជែកដេញដោល និងរារាំងមនុស្សពីមាគ៌ារបស់លោក។
នៅពេលដែលការធ្វើទុក្ខបុកម្នេញរបស់ពួកគ្មានជំនឿនៃកុលសម្ព័ន្ធគូរ៉ស្ហទៅលើបណ្តាអ្នកមានជំនឿនៅតែបន្តកើតមានឡើង ព្យាការីមូហាំម៉ាត់(សូមសន្តិភាពនិងពរជ័យពីអល់ឡោះកើតមានដល់លោក)បានអនុញ្ញាតឱ្យអ្នកមានជំនឿទាំងឡាយធ្វើចំណាកស្រុកទៅកាន់ប្រទេសអេត្យូពី(ហាហ្ពាស្ហះ)។ លោកបានមានប្រសាសន៍ទៅកាន់ពួកគេថា នៅទីនោះមានស្តេចមួយអង្គដែលប្រកាន់នូវភាពយុត្តិធម៌។ គ្មាននរណាម្នាក់ត្រូវបានគេរំលោភបំពាននៅចំពោះព្រះភក្រ្តព្រះអង្គឡើយ។ ស្តេចនោះទ្រង់កាន់សាសនាគ្រឹស្ត។ ពេលនោះ អ្នកមានជំនឿទាំងឡាយក៏បានធ្វើចំណាកស្រុកជាពីរក្រុមទៅប្រទេសអេត្យូពី។ នៅពេលអ្នកចំណាកស្រុកទាំងនោះបានទៅដល់ប្រទេសអេត្យូពី ពួកគេបានបង្ហាញដល់ស្តេចណាហ្ជាស៊ីនូវសាសនាដែលព្យាការីមូហាំម៉ាត់(សូមសន្តិភាពនិងពរជ័យពីអល់ឡោះកើតមានដល់លោក)បាននាំមក។ ស្តេចនោះក៏បានទទួលយក និងបានមានបន្ទូលថា៖ សូមស្បថនឹងអល់ឡោះ! នេះគឺជាអ្វីដែលព្យាការីមូសាបាននាំមក។ វាពិតជាចេញមកពីប្រភពតែមួយមែន។ តែទោះជាយ៉ាងណា ការធ្វើទុក្ខបុកម្នេញរបស់ក្រុមរបស់លោកប្រឆាំងនឹងរូបលោក និងសហការីរបស់លោកនៅតែបន្តកើតឡើង។
ក្នុងចំណោមអ្នកដែលមានជំនឿលើព្យាការីមូហាំម៉ាត់ក្នុងអំឡុងរដូវកាលនោះ(រដូវកាលបុណ្យហាជ្ជ) គឺមនុស្សមួយក្រុមដែលអញ្ជើញមកពីទីក្រុងម៉ាទីណះ ដោយពួកគេបានសច្ចាប្រណិធាននឹងលោកដោយទទួលយកអ៊ីស្លាម និងផ្ដល់ការគាំទ្រដល់លោក ប្រសិនបើលោកផ្លាស់ទីលំនៅទៅកាន់ទីក្រុងរបស់ពួកគេ ដែលកាលនោះមានឈ្មោះថា យ៉ាស្រិប។ បន្ទាប់មក លោកក៏បានអនុញ្ញាតឱ្យអ្នកដែលនៅសេសសល់ក្នុងទីក្រុងម៉ាក្កះធ្វើចំណាកស្រុកទៅកាន់ទីក្រុងម៉ាទីណះវិញ។ ពួកគេបានធ្វើចំណាកស្រុកទៅទីនោះ ហើយសាសនាអ៊ីស្លាមក៏បានរីកសុះសាយយ៉ាងខ្លាំងនៅក្នុងទីក្រុងម៉ាទីណះ រហូតដល់គ្មានផ្ទះណាមួយដែលគ្មានវត្តមាននៃសាសនាអ៊ីស្លាមឡើយ។
បន្ទាប់ពីព្យាការីមូហាំម៉ាត់(សូមសន្តិភាពនិងពរជ័យពីអល់ឡោះកើតមានដល់លោក)បានចំណាយពេល១៣ឆ្នាំនៅក្នុងទីក្រុងម៉ាក្កះអំពាវនាវទៅកាន់អល់ឡោះជាម្ចាស់ ទ្រង់ក៏បានអនុញ្ញាតឱ្យលោកធ្វើចំណាកស្រុកទៅកាន់ទីក្រុងម៉ាទីណះ។ លោកបានធ្វើចំណាកស្រុក និងបានបន្តអំពាវនាវទៅកាន់អល់ឡោះជាម្ចាស់ ហើយច្បាប់បញ្ញត្តិនានារបស់សាសនាអ៊ីស្លាមក៏បានចាប់ផ្តើមបញ្ចុះមកបន្តិចម្តងៗជាបន្តបន្ទាប់។ លោកបានចាប់ផ្តើមបញ្ជូនអ្នកនាំសាររបស់លោកឲ្យនាំសារទៅកាន់មេកុលសម្ព័ន្ធ និងស្តេចនានា ដោយអំពាវនាវអ្នកទាំងនោះឱ្យទទួលយកសាសនាអ៊ីស្លាម។ ក្នុងចំណោមអ្នកដែលលោកបានផ្ញើសារទៅកាន់រួមមាន ស្តេចនៃអាណាចក្ររ៉ូម ស្តេចនៃអាណាចក្រពែក្ស(ហ្វារីស៊ី) និងស្តេចនៃប្រទេសអេហ្ស៊ីប។
នៅទីក្រុងម៉ាទីណះ មានព្រឹត្តិការណ៍សូរ្យគ្រាសមួយបានកើតឡើងដែលធ្វើឲ្យមនុស្សមានការភិតភ័យ ហើយព្រឹត្តិការណ៍នោះបានកើតឡើងចំថ្ងៃដែលអ៊ីព្រហ៊ីម កូនប្រុសរបស់ព្យាការីមូហាំម៉ាត់(សូមសន្តិភាពនិងពរជ័យពីអល់ឡោះកើតមានដល់លោក)ទទួលមរណភាព។ ពេលនោះ មនុស្សម្នានាំគ្នានិយាយថា សូរ្យគ្រាសនេះកើតឡើងដោយសារតែការស្លាប់របស់អ៊ីព្រហ៊ីមនេះឯង។ ប៉ុន្តែព្យាការីមូហាំម៉ាត់លោកបានមានប្រសាសន៍ថា៖
“ពិតប្រាកដណាស់ ព្រះអាទិត្យ(សូរ្យគ្រាស) និងព្រះចន្ទ(ចន្ទគ្រាស)មិនមែនកើតឡើងដោយសារការស្លាប់ ឬការចាប់កំណើតរបស់នរណាម្នាក់នោះឡើយ។ ប៉ុន្តែវាគឺជាសញ្ញាភស្តុតាងមួយក្នុងចំណោមសញ្ញាភស្តុតាងនានារបស់អល់ឡោះជាម្ចាស់ ដែលអល់ឡោះឲ្យវាកើតឡើងដើម្បីបន្លាចខ្ញុំបម្រើទាំងឡាយរបស់ទ្រង់”។ (១)
ប្រសិនបើព្យាការីមូហាំម៉ាត់(សូមសន្តិភាពកើតមានដល់លោក)ជាមនុស្សកុហក និងជាមនុស្សបោកប្រាស់ពិតមែន នោះលោកប្រាកដជារួសរាន់ប្រើឱកាសនេះបំភ័យមនុស្សលោកអំពីការបដិសេធចំពោះលោកជាមិនខាន ហើយនិយាយថា សូរ្យគ្រាសកើតឡើងដោយសារការស្លាប់របស់កូនប្រុសខ្ញុំ។ ដូចនេះ ចុះយ៉ាងណាទៅវិញចំពោះអ្នកដែលបដិសេធខ្ញុំនោះ?
សហេសមូស្លីម [៩០១]
អល់ឡោះជាម្ចាស់បានប្រទានដល់ព្យាការីមូហាំម៉ាត់(សូមសន្តិភាពនិងពរជ័យពីអល់ឡោះកើតមានដល់លោក)នូវចរិតលក្ខណៈដ៏ល្អឥតខ្ចោះ ហើយទ្រង់បានពណ៌នាពីលក្ខណៈសម្បត្តិរបស់លោកដោយបន្ទូលរបស់ទ្រង់ថា៖
[គម្ពីរគួរអាន ៦៨៖៤]
ព្យាការីមូហាំម៉ាត់ គឺជាបុគ្គលដែលប្រកបដោយចរិតលក្ខណៈ និងសីលធម៌ដ៏ល្អឥតខ្ចោះគ្រប់បែបយ៉ាង ដូចជាភាពស្មោះត្រង់ ចិត្តបរិសុទ្ធ ភាពក្លាហាន យុត្តិធម៌ និងរក្សាសម្តី ទោះបីជាមួយសត្រូវក៏ដោយ។ លោកជាមនុស្សដែលមានចិត្តសប្បុរសបំផុតដោយចូលចិត្តធ្វើទានដល់ជនក្រីក្រ ស្ត្រីមេម៉ាយ និងអ្នកដែលខ្វះខាត។ លោកមានបំណងប្រាថ្នាយ៉ាងមុតមាំក្នុងការណែនាំពួកគេទៅកាន់ផ្លូវត្រឹមត្រូវ មានក្ដីមេត្តាករុណា និងដាក់ខ្លួនបំផុតចំពោះពួកគេ។ នៅពេលដែលមានបុរសប្លែកមុខម្នាក់មកស្វែងរកលោក ហើយសួរទៅកាន់បណ្តាសហការីក្នុងពេលដែលលោកកំពុងអង្គុយនៅកណ្ដាលចំណោមពួកគេ បុរសនោះមិនអាចចំណាំលោកបានឡើយ រហូតដល់ថ្នាក់ត្រូវសួរថា៖ “តើម្នាក់ណាជាមូហាំម៉ាត់?”
ខ្សែជីវិតរបស់លោក គឺជាភស្តុតាងដ៏អស្ចារ្យនៃភាពល្អឥតខ្ចោះ និងភាពថ្លៃថ្នូរបំផុតតាមរយៈការប្រព្រឹត្តរបស់លោកចំពោះមនុស្សគ្រប់ស្រទាប់វណ្ណៈ មិនថាចំពោះសត្រូវ ឬមិត្តភក្តិ អ្នកជិត ឬអ្នកឆ្ងាយ ចាស់ ឬក្មេង បុរស ឬស្ត្រី ហើយសូម្បីតែចំពោះសត្វធាតុ និងបក្សាបក្សីក៏ដោយ។
នៅពេលដែលអល់ឡោះជាម្ចាស់បានបំពេញសាសនាអ៊ីស្លាមដល់លោក ហើយលោកបានផ្សព្វផ្សាយសារនោះបានយ៉ាងពេញលេញរួចមក ព្យាការីមូហាំម៉ាត់(សូមសន្តិភាពនិងពរជ័យពីអល់ឡោះកើតមានដល់លោក)ក៏បានទទួលមរណភាពក្នុងជន្មា៦៣ឆ្នាំ ដោយក្នុងនោះ ៤០ឆ្នាំមុនពេលលោកក្លាយជាព្យាការី និង ២៣ឆ្នាំក្នុងតំណែងជាព្យាការី និងអ្នកនាំសារ។
សពរបស់លោកត្រូវបានបញ្ចុះនៅទីក្រុងម៉ាទីណះ(សូមសន្តិភាពនិងពរជ័យពីអល់ឡោះកើតមានដល់លោក)។ លោកមិនបានបន្សល់ទុកទ្រព្យសម្បត្តិ ឬមរតកអ្វីឡើយ ក្រៅតែពីសេះទេសពណ៌សរបស់លោកដែលលោកធ្លាប់ជិះ និងដីមួយកន្លែងដែលលោកបានធ្វើជាទានសប្បុរសសម្រាប់អ្នកដំណើរប៉ុណ្ណោះ។[2]
[2] សហេសអាល់ពូខរី[4461] 6/15
អ្នកដែលបានចូលអ៊ីស្លាម និងមានជំនឿលើលោក ហើយដើរតាមលោកមានចំនួនយ៉ាងច្រើន។ ចំនួនអ្នកដែលបានធ្វើធម្មយាត្រាហាជ្ជីជាមួយលោកក្នុងពេលធម្មយាត្រាហាជ្ជីលាគ្នា គឺច្រើនជាង១០ម៉ឺននាក់។ ធម្មយាត្រាហាជ្ជីនេះកើតឡើងប្រមាណបីខែមុនពេលលោកទទួលមរណភាព ហើយនេះប្រហែលជាអាថ៌កំបាំងមួយនៃការថែរក្សា និងការរីកសុះសាយនៃសាសនារបស់លោក។ ពិតប្រាកដណាស់ បណ្ដាសហការីដែលលោកបានអប់រំ និងបណ្ដុះបណ្ដាលលើគុណតម្លៃ និងគោលការណ៍នៃសាសនាអ៊ីស្លាម គឺជាសហការីដ៏ល្អបំផុតប្រកបដោយយុត្តិធម៌ ការដាក់ខ្លួន ការកោតខ្លាចចំពោះព្រះ ភាពស្មោះត្រង់ និងការលះបង់គ្រប់បែបយ៉ាងដើម្បីសាសនាដ៏ខ្ពង់ខ្ពស់ដែលពួកគេមានជំនឿនេះ។
ក្នុងចំណោមសហការី(សហាហ្ពាត់)ដ៏អស្ចារ្យបំផុតរបស់ព្យាការីមូហាំម៉ាត់ដែលមានជំនឿ មានចំណេះដឹង អំពើល្អ ភាពជ្រះថ្លា ការជឿជាក់ ការលះបង់ ភាពក្លាហាន និងមានក្តីសប្បុរសបំផុតនោះគឺ អាពូហ្ពាកើរ អាស្ស៊ិទ្ទីក, អ៊ូមើរ កូន អាល់ខត្តប, អ៊ូស្មាន កូន អាហ្វហ្វាន និង អាលី កូន អាពូត៏ឡឹប(សូមអល់ឡោះជាម្ចាស់សព្វព្រះទ័យចំពោះពួកគាត់)។ អ្នកទាំងនេះស្ថិតក្នុងចំណោមអ្នកដំបូងដែលមានជំនឿលើព្យាការីមូហាំម៉ាត់ និងជឿជាក់លើលោក ហើយពួកគាត់ គឺជាមេដឹកនាំកំពូល(ខលីហ្វះ)បន្ទាប់ពីលោកទទួលមរណភាព ដែលបានកាន់ទង់ជ័យសាសនាបន្ទាប់ពីលោក។ ប៉ុន្តែអ្នកទាំងនេះមិនមានលក្ខណៈពិសេសណាមួយនៃភាពជាព្យាការីឡើយ ហើយលោកក៏មិនបានផ្តល់អ្វីពិសេសដល់អ្នកទាំងនេះខុសពីសហការីផ្សេងទៀតនោះដែរ។
អល់ឡោះជាម្ចាស់ទ្រង់បានថែរក្សាគម្ពីររបស់ទ្រង់ដែលអ្នកនាំសាររបស់ទ្រង់បាននាំមក។ ហើយទ្រង់បានថែរក្សាមាគ៌ា(ស៊ុណ្ណះ)របស់លោក ជីវប្រវត្តិរបស់លោក ប្រសាសន៍របស់លោក ព្រមទាំងទង្វើរបស់លោកទៅតាមភាសាដែលលោកនិយាយ។ មិនមានប្រវត្តិបុគ្គលណាម្នាក់ក្នុងប្រវត្តិសាស្រ្តដែលត្រូវបានថែរក្សាទុកដូចជាប្រវត្តិរបស់ព្យាការីមូហាំម៉ាត់(សូមសន្តិភាពនិងពរជ័យពីអល់ឡោះកើតមានដល់លោក)នោះឡើយ សូម្បីតែរបៀបដែលលោកសម្រាន្ត ពិសារអាហារ ផឹកទឹក សើច
និងប្រាស្រ័យទាក់ទងជាមួយក្រុមគ្រួសាររបស់លោកនៅក្នុងផ្ទះយ៉ាងដូចម្តេច
ក៏ដូចជាគ្រប់ស្ថានភាពទាំងអស់របស់លោកបែបណានោះ ក៏ត្រូវបានរក្សាទុក និងចងក្រងទុកយ៉ាងលម្អិតក្នុងជីវប្រវត្តិរបស់លោក។ លោកគឺជាមនុស្សលោក និងជាអ្នកនាំសារដែលមិនមានលក្ខណៈជាព្រះជាម្ចាស់អ្វីបន្តិចនោះឡើយ ហើយលោកក៏មិនអាចផ្តល់ផលប្រយោជន៍ ឬការពារគ្រោះថ្នាក់ដល់ខ្លួនឯងនោះដែរ។
៤. សាររបស់លោក
អល់ឡោះជាម្ចាស់ទ្រង់បានបញ្ជូនព្យាការីមូហាំម៉ាត់(សូមសន្តិភាពនិងពរជ័យពីអល់ឡោះកើតមានដល់លោក) បន្ទាប់ពីការគោរពបូជាបដិមា ភាពគ្មានជំនឿ និងភាពល្ងង់ខ្លៅបានរាលដាលទូទាំងផែនដី។ គ្មាននរណាម្នាក់នៅលើផែនដីដែលគោរពសក្ការៈចំពោះអល់ឡោះជាម្ចាស់តែមួយគត់ដោយមិនមានការគោរពសក្ការៈអ្វីផ្សេងរួមជាមួយទ្រង់នោះឡើយ លើកលែងតែអ្នកដែលនៅសេសសល់មួយចំនួនតូចនៃពួកគម្ពីរជន(ពួកអះលីគីតាប)ប៉ុណ្ណោះ។ ពេលនោះ អល់ឡោះជាម្ចាស់ក៏បានបញ្ជូនអ្នកនាំសាររបស់ទ្រង់ មូហាំម៉ាត់(សូមសន្តិភាពនិងពរជ័យពីអល់ឡោះកើតមានដល់លោក) ក្នុងនាមជាព្យាការី និងជាអ្នកនាំសារចុងក្រោយបង្អស់។ ទ្រង់បានបញ្ជូនលោកដោយនាំមកនូវការចង្អុលបង្ហាញ និងសាសនាត្រឹមត្រូវសម្រាប់មនុស្សជាតិទាំងអស់ ដើម្បីតម្កើងសាសនានេះឲ្យលេចធ្លោឡើងលើសសាសនាផ្សេងៗទាំងអស់ និងដើម្បីនាំមនុស្សចេញពីភាពងងឹតនៃបដិមានិយម ភាពគ្មានជំនឿ និងភាពល្ងង់ខ្លៅ ទៅកាន់ពន្លឺនៃឯកទេវនិយម(គោរពសក្ការៈអល់ឡោះតែមួយ) និងសេចក្តីជំនឿ។ សាររបស់លោក គឺជាការបំពេញឲ្យពេញលេញទៅលើសាររបស់បណ្តាព្យាការីមុនៗទាំងអស់(សូមសន្តិភាពកើតមានដល់ពួកលោក)។
លោកបានអំពាវនាវដូចដែលបណ្តាព្យាការីនិងអ្នកនាំសារមុនៗ ដូចជាព្យាការីនួហ អ៊ីព្រហ៊ីម មូសា ស៊ូឡៃម៉ាន ហ្ទាវូទ និងព្យាការីអ៊ីសា(សូមសន្តិភាពកើតមានដល់ពួកលោក)បានអំពាវនាវដែរ ដោយបានអំពាវនាវទៅកាន់ជំនឿថា ជាការពិតណាស់ ព្រះជាម្ចាស់នោះ គឺព្រះអល់ឡោះដែលជាបង្កើត ជាអ្នកប្រទានលាភសក្ការៈ ជាអ្នកផ្តល់ជីវិត និងដកយកជីវិត ជាម្ចាស់គ្រប់គ្រងទាំងអស់។ ហើយទ្រង់ជាអ្នកដែលចាត់ចែងកិច្ចការទាំងឡាយ និងជាអ្នកដែលពោរពេញដោយក្តីមេត្តាករុណា។ អល់ឡោះជាម្ចាស់ ទ្រង់គឺជាអ្នកដែលបង្កើតអ្វីៗទាំងអស់នៅក្នុងលោក ទាំងអ្វីដែលយើងមើលឃើញ និងអ្វីដែលយើងមើលមិនឃើញ។ អ្វីៗទាំងអស់ក្រៅពីអល់ឡោះ គឺជាសត្វលោក(ម៉ាខ្លូក)មួយក្នុងចំណោសត្វលោករបស់ទ្រង់។
ម្យ៉ាងទៀត លោកបានអំពាវនាវទៅកាន់ការគោរពសក្ការៈចំពោះអល់ឡោះជាម្ចាស់តែមួយគត់ និងឲ្យបោះបង់ការគោរពសក្ការៈចំពោះអ្វីផ្សេងក្រៅពីទ្រង់ ហើយលោកបានបញ្ជាក់យ៉ាងច្បាស់ថា អល់ឡោះជាម្ចាស់ទ្រង់មានតែមួយគត់។ ទ្រង់គ្មានដៃគូក្នុងការគោរពសក្ការៈ ការគ្រប់គ្រង ការបង្កើត ឬការចាត់ចែងអ្វីមួយជាមួយទ្រង់ឡើយ។ លោកបានបញ្ជាក់ទៀតថា ជាការពិតណាស់ អល់ឡោះជាម្ចាស់ទ្រង់គ្មានបុត្រ ទ្រង់មិនត្រូវបានគេប្រសូត្រមក និងគ្មាននរណាប្រៀបស្មើ ឬប្រដូចនឹងទ្រង់ឡើយ។ ទ្រង់មិនសណ្ឋិតក្នុងអ្វីមួយឡើយ ហើយក៏មិនដំណែងខ្លួនជាអ្វីមួយក្នុងចំណោមភាវៈដែលទ្រង់បានបង្កើតនោះដែរ។
លោកអំពាវនាវទៅកាន់ការមានជំនឿលើព្រះគម្ពីរនានា(ដែលទ្រង់បានបញ្ចុះមក) ដូចជាគម្ពីរស៊ូហ៊ុហ្វអ៊ីព្រហ៊ីមនិងមូសា គម្ពីរតាវរ៉ត គម្ពីរហ្សាពួរ និងគម្ពីរអ៊ិញ្ជីល ។ លោកក៏បានអំពាវនាវផងដែរឱ្យមានជំនឿលើអ្នកនាំសារទាំងអស់ ហើយចាត់ទុកថា ជនណាដែលបដិសេធព្យាការីណាម្នាក់ គឺជននោះពិតជាបានបដិសេធព្យាការីទាំងអស់។
លោកបានផ្តល់ដំណឹងរីករាយដល់មនុស្សជាតិទាំងអស់ពីក្តីមេត្តាករុណារបស់អល់ឡោះជាម្ចាស់ និងថា ទ្រង់ជាអ្នកធានាផ្តល់ការផ្គត់ផ្គង់ដល់ពួកគេឲ្យមានភាពគ្រប់គ្រាន់ក្នុងលោកិយនេះ ហើយទ្រង់គឺជាព្រះជាម្ចាស់ដ៏មេត្តាករុណា។ ទ្រង់តែមួយគត់ដែលនឹងជំនុំជម្រះសត្វលោកទាំងអស់នៅថ្ងៃបរលោក នៅពេលដែលទ្រង់ប្រោសពួកគេទាំងអស់ឲ្យរស់ឡើងវិញចេញពីផ្នូររបស់ពួកគេ។ ទ្រង់គឺជាអ្នកដែលផ្តល់ការតបស្នងដល់បណ្តាអ្នកមានជំនឿចំពោះទង្វើកុសលរបស់ពួកគេដោយផ្តល់ផលបុណ្យមួយទ្វេជាដប់ ខណៈដែលអំពើអាក្រក់វិញ គឺមួយស្មើមួយដដែល ព្រមទាំងប្រទានដល់ពួកគេនូវបរមសុខជាអមតៈនៅថ្ងៃបរលោក។ តែចំពោះជនណាដែលគ្មានជំនឿ និងសាងអំពើអាក្រក់ ជននោះនឹងទទួលបានផលតបស្នងទាំងក្នុងលោកិយ និងថ្ងៃបរលោក។
នៅក្នុងសាររបស់លោក ព្យាការីមូហាំម៉ាត់(សូមសន្តិភាពនិងពរជ័យពីអល់ឡោះកើតមានដល់លោក)មិនបានលើកតម្កើងកុលសម្ព័ន្ធរបស់លោក ឬប្រទេសរបស់លោក ឬខ្លួនលោកផ្ទាល់នោះឡើយ។ ផ្ទុយទៅវិញ នៅក្នុងគម្ពីរគួរអាន ឈ្មោះរបស់ព្យាការីនួហ ព្យាការីអ៊ីព្រហ៊ីម ព្យាការីមូសា និងព្យាការីអ៊ីសា(សូមសន្តិភាពកើតមានដល់ពួកលោក)ត្រូវបានលើកឡើងច្រើនជាងឈ្មោះរបស់លោកទៅទៀត។ ម្យ៉ាងទៀត ឈ្មោះម្តាយរបស់លោក និងឈ្មោះភរិយាទាំងឡាយរបស់លោកក៏មិនត្រូវបានលើកឡើងនៅក្នុងគម្ពីរគួរអាននោះដែរ ខណៈដែលម្តាយរបស់ព្យាការីមូសាត្រូវបានលើកឡើងច្រើនដង។ ចំណែកឯម៉ារយ៉ាំ(ម្តាយព្យាការីអ៊ីសា)វិញត្រូវបានលើកឡើងចំនួន៣៥ដង។
អ្នកនាំសារមូហាំម៉ាត់(សូមសន្តិភាព និងពរជ័យពីអល់ឡោះកើតមានដល់លោក) គឺជាបុគ្គលដែលត្រូវបានការពារពីគ្រប់អ្វីៗទាំងអស់ដែលផ្ទុយនឹងច្បាប់បញ្ញត្តិសាសនា ផ្ទុយនឹងសតិបញ្ញា និងផ្ទុយនឹងសភាវគតិកំណើត ឬអ្វីៗទាំងឡាយដែលសីលធម៌ដ៏ត្រឹមត្រូវបដិសេធមិនទទួលយក។ នោះគឺដោយសារតែព្យាការីទាំងអស់(សូមសន្តិភាព និងពរជ័យពីអល់ឡោះកើតមានដល់ពួកលោក) គឺត្រូវបានការពារពីកំហុសឆ្គងចំពោះអ្វីដែលពួកលោកផ្សព្វផ្សាយពីអល់ឡោះជាម្ចាស់ និងដោយសារតែពួកលោក គឺជាអ្នកទទួលខុសត្រូវក្នុងការផ្សព្វផ្សាយបទបញ្ជានានារបស់អល់ឡោះទៅកាន់ខ្ញុំបម្រើទាំងឡាយរបស់ទ្រង់។ ក៏ប៉ុន្តែព្យាការីទាំងឡាយមិនមានលក្ខណៈពិសេសណាមួយក្នុងចំណោមលក្ខណៈសម្បត្តិជាព្រះជាម្ចាស់នោះឡើយ។ ផ្ទុយទៅវិញ ពួកលោកជាមនុស្សធម្មតាដូចជាមនុស្សដទៃទៀតដែរ គ្រាន់តែអល់ឡោះផ្តល់សាររបស់ទ្រង់ទៅកាន់ពួកលោកប៉ុណ្ណោះ។
ក្នុងចំណោមភស្តុតាងដ៏ធំធេងបំផុតដែលបញ្ជាក់ថា សាររបស់អ្នកនាំសារមូហាំម៉ាត់(សូមសន្តិភាពនិងពរជ័យពីអល់ឡោះកើតមានដល់លោក) ជាសារពីអល់ឡោះជាម្ចាស់នោះ គឺវត្តមាននៃសាសនានេះនៅតែរក្សាភាពដើមដដែល រហូតមកដល់សព្វថ្ងៃ ដូចកាលដែលលោកនៅមានជីវិត។ សារនេះត្រូវបានគោរពតាមដោយជនមូស្លីមច្រើនជាងមួយពាន់លាននាក់ដែលពួកគេកំពុងអនុវត្តកាតព្វកិច្ចសាសនាដូចជា ការថ្វាយបង្គំ បរិច្ចាគហ្សាកាត់ កាន់អំណត់បួស ការធ្វើធម្មយាត្រាហាជ្ជី រួមទាំងកិច្ចការផ្សេងៗទៀត ដោយគ្មានការផ្លាស់ប្តូរ ឬការកែប្រែខុសពីទម្រង់ដើមឡើយ។
៥. ភស្តុតាងនៃភាពជាព្យាការីរបស់លោក
អល់ឡោះជាម្ចាស់ទ្រង់បានគាំទ្រព្យាការីទាំងឡាយដោយសញ្ញាភស្តុតាងជាច្រើនដែលបញ្ជាក់ពីភាពជាព្យាការីរបស់ពួកលោក និងបានផ្ដល់ឲ្យពួកលោកនូវភស្តុតាងនិងអំណះអំណាងជាច្រើនដែលជាសាក្សីនៃសាររបស់ពួកលោក។ ជាការពិតណាស់ អល់ឡោះជាម្ចាស់បានទ្រង់ប្រទានឲ្យព្យាការីគ្រប់រូបនូវសញ្ញាភស្តុតាងដែលគ្រប់គ្រាន់សម្រាប់ឲ្យមនុស្សជឿជាក់។ សញ្ញាភស្តុតាងដ៏អស្ចារ្យជាងគេបំផុតដែលអល់ឡោះជាម្ចាស់ទ្រង់បានប្រទានដល់ព្យាការីទាំងឡាយ គឺសញ្ញាភស្តុតាងរបស់ព្យាការីយើង មូហាំម៉ាត់ ដោយអល់ឡោះបានប្រទានដល់លោកនូវគម្ពីរគួរអាន ដែលជាសញ្ញាភស្តុតាងតែមួយគត់ដែលនៅស្ថិតស្ថេរក្នុងចំណោមសញ្ញាភស្តុតាងរបស់ព្យាការីទាំងឡាយ រហូតដល់ថ្ងៃបរលោក។ ម្យ៉ាងទៀត ទ្រង់ក៏បានគាំទ្រលោកដោយសញ្ញាភស្តុតាង និងអច្ឆរិយភាពដ៏អស្ចារ្យជាច្រើនទៀតផងដែរ។ សញ្ញាភស្តុតាង និងអច្ឆរិយភាពដែលអល់ឡោះជាម្ចាស់ទ្រង់បានប្រទានដល់ព្យាការីមូហាំម៉ាត់ គឺមានច្រើន ក្នុងចំណោមនោះមានដូចជា៖
ព្រឹត្តិការណ៍ដំណើរអ៊ីសរ៉ក និងមៀករ៉ច, ការបំបែកដួងចន្ទ, ការធ្លាក់ភ្លៀងជាច្រើនមេបន្ទាប់ពីព្យាការីបួងសួងសុំឲ្យអល់ឡោះបញ្ចុះភ្លៀងដល់មនុស្ស ក្រោយពីពួកគេជួបគ្រោះរាំងស្ងួត
ការធ្វើឱ្យចំណីអាហារ និងទឹកដែលមានតិច ឲ្យទៅជាមានច្រើន រហូតដល់មនុស្សជាច្រើនអាចបរិភោគ និងផឹកបានយ៉ាងគ្រប់គ្រាន់។
ការប្រាប់នូវរឿងរ៉ាវពីអតីកាលដែលគ្មាននរណាដឹងលម្អិត ដោយអល់ឡោះជាម្ចាស់បានប្រាប់នូវរឿងរ៉ាវទាំងនោះដល់លោក ដូចជារឿងរ៉ាវរបស់ព្យាការីនានាជាមួយនឹងជាតិសាសន៍របស់ពួកលោក និង រឿងរ៉ាវរបស់យុវជនរូងភ្នំ(ក្រុមកះហ្វី)។
ការប្រាប់ពីហេតុការណ៍នាពេលអនាគតដែលវាបានកើតឡើងប្រាកដមែននាពេលក្រោយមក ដោយអល់ឡោះជាម្ចាស់បានប្រាប់ពីហេតុការណ៍ទាំងនោះដល់លោក ដូចជារឿងរ៉ាវភ្លើងដែលឆេះចេញពីទឹកដីហ៊ីហ្ជាស(Al-Hijaz) ដែលពន្លឺរបស់វាអាចមើលឃើញដោយអ្នកដែលរស់នៅឯប្រទេស៊ីរី(ស្ហាម) និងការដែលមនុស្សម្នាប្រកួតប្រជែងគ្នាក្នុងការសាងសង់អគារខ្ពស់ៗជាដើម។
ការថែរក្សារបស់អល់ឡោះចំពោះរូបលោក និងការពារលោកឲ្យរួចផុតពីគ្រោះថ្នាក់ពីមនុស្ស
ការក្លាយជាការពិតនូវពាក្យសន្យារបស់លោកចំពោះសហការីរបស់លោក ដូចជាលោកបានមានប្រសាសន៍បានប្រាប់ពួកគេថា៖
“ពិតប្រាកដណាស់ ពួកអ្នកប្រាកដជានឹងទទួលបានជ័យជម្នះលើចក្រភពពែក្ស និងចក្រភពរ៉ូម ហើយពួកអ្នកនឹងចំណាយទ្រព្យសម្បត្តិរបស់ពួកគេ(ទាំងពីរក្រុមនេះ)នៅក្នុងមាគ៌ារបស់អល់ឡោះ។
ការជួយគាំទ្ររបស់អល់ឡោះចំពោះលោកតាមរយៈទេវតា(ម៉ាឡើអ៊ីកាត់)ទាំងឡាយ។
ការផ្តល់ដំណឹងរីករាយរបស់ព្យាការីនានាទៅកាន់ប្រជាជនរបស់ខ្លួនអំពីភាពជាព្យាការីរបស់អ្នកនាំសារមូហាំម៉ាត់(សូមសន្តិភាព និងពរជ័យពីអល់ឡោះកើតមានដល់លោក)។ ក្នុងចំណោមអ្នកដែលបានផ្តល់នូវដំណឹងនេះរួមមាន ព្យាការីមូសា ព្យាការីហ្ទាវូទ ព្យាការីស៊ូឡៃម៉ាន និងព្យាការីអ៊ីសា ក៏ដូចជាព្យាការីជាច្រើនទៀតក្នុងចំណោមអម្បូរអ៊ីស្រាអែល(សូមសន្តិភាពកើតមានដល់ពួកលោក)
ព្រមទាំងអច្ឆរិយភាពផ្អែកលើភស្តុតាងសមហេតុផល(តាមផ្លូវបញ្ញា) និងការលើកជាឧទាហរណ៍ប្រៀបធៀបនានា[3]ដែលធ្វើឱ្យសតិបញ្ញាដ៏ត្រឹមត្រូវទាំងឡាយទទួលស្គាល់(ដោយឥតប្រកែកបាន)។
[៣] ដូចជាបន្ទូលរបស់អល់ឡោះដ៏ខ្ពង់ខ្ពស់ដែលថា៖ “ឱមនុស្សលោកទាំងឡាយ! គេបានលើកជាឧទាហរណ៍មួយ(សម្រាប់ពួកអ្នក)។ ហេតុនេះ ចូរពួកអ្នកត្រងត្រាប់ស្តាប់។ ជាការពិតណាស់ ពួកដែលពួកអ្នកកំពុងតែគោរពសក្ការៈផ្សេងពីអល់ឡោះនោះ ពួកវាមិនអាចបង្កើតសូម្បីតែសត្វរុយមួយក្បាលនោះឡើយ បើទោះបីជាពួកវារួមគ្នាដើម្បីបង្កើតវាក៏ដោយ។ ហើយប្រសិនបើសត្វរុយយកអ្វីមួយ(អំពីសំណែនដែលគេសែន) ក៏ពួកវាមិនអាចដេញវាចេញបាននោះដែរ។ ទាំងអ្នកដែលបួងសួងសុំ និងអ្នកដែលត្រូវគេបួងសួងសុំ(រូបបដិមា) គឺទន់ខ្សោយដូចគ្នា”។ [គម្ពីរគួរអាន ២២៖៧៣]
សញ្ញាភស្តុតាង អំណះអំណាង និងឧទាហរណ៍ផ្អែកលើហេតុផលទាំងនេះត្រូវបានរំលឹកជាច្រើនកន្លែងនៅក្នុងគម្ពីរគួរអាន និងក្នុងស៊ុណ្ណះរបស់ព្យាការី។ ភស្តុតាងទាំងនេះមានច្រើនលើសលប់មិនអាចគណនាអស់ឡើយ។ ចំពោះជនណាដែលចង់ស្វែងយល់បន្ថែម ចូរឲ្យគេត្រឡប់ទៅមើលគម្ពីរគួរអាន សៀវភៅស៊ុណ្ណះ និងសៀវភៅជីវប្រវត្តិព្យាការីមូហាំម៉ាត់ ព្រោះនៅក្នុងប្រភពទាំងនេះមាននូវព័ត៌មានដ៏ពិតប្រាកដ និងច្បាស់លាស់បំផុតអំពីសញ្ញាភស្តុតាងទាំងនេះ។
ប្រសិនបើមិនមានសញ្ញាភស្តុតាងដ៏អស្ចារ្យទាំងនេះទេ ប្រាកដជាសត្រូវរបស់លោក ដូចជាពួកគ្មានជំនឿនៃកុលសម្ព័ន្ធគូរ៉ស្ហ ហើយនិងពួកយូដា ព្រមទាំងពួកគ្រឹស្ទានដែលរស់នៅក្នុងឧបទ្វីបអារ៉ាប់យកឱកាសនោះដើម្បីបដិសេធលោក និងព្រមានមនុស្សទាំងឡាយឱ្យប្រុងប្រយ័ត្នចំពោះលោកជាមិនខាន។
គម្ពីរគួរអាន គឺជាគម្ពីរដែលអល់ឡោះជាម្ចាស់ផ្តល់សារទៅកាន់អ្នកនាំសារមូហាំម៉ាត់(សូមសន្តិភាព និងពរជ័យកើតមានដល់លោក)។ វាជាបន្ទូលរបស់ព្រះជាម្ចាស់នៃពិភពលោកទាំងមូល។ អល់ឡោះបានឲ្យមនុស្សនិងជិនប្រកួតប្រជែងនឹងគម្ពីរនេះដោយនាំមកគម្ពីរមួយដែលដូចនឹងគម្ពីរនេះ ឬសូម្បីតែមួយជំពូកដែលដូចនឹងគម្ពីរនេះ ហើយនៅតែអំពាវនាវរកការប្រកួតប្រជែងនេះ រហូតមកដល់សព្វថ្ងៃ។ គម្ពីរគួរអានផ្តល់ចម្លើយចំពោះសំណួរសំខាន់ៗជាច្រើនដែលមនុស្សរាប់លាននាក់មានការងឿងឆ្ងល់។ គម្ពីរដ៏ឧត្តុង្គឧត្តមនេះត្រូវបានថែរក្សារហូតមកដល់សព្វថ្ងៃជាភាសាអារ៉ាប់ ជាភាសាដើមដែលគម្ពីរនេះត្រូវបានបញ្ចុះមកដោយមិនបាត់បង់សូម្បីតែមួយតួអក្សរ ជាគម្ពីរដែលត្រូវបានបោះពុម្ព និងចែកចាយ ជាគម្ពីរដ៏អស្ចារ្យ និងដ៏អច្ឆរិយៈ។ វាជាគម្ពីរដ៏អស្ចារ្យជាងគេបំផុតដែលបានមកដល់មនុស្សជាតិ សក្តិសមបំផុតនៅក្នុងការសូត្រ ឬអានការបកប្រែអត្ថន័យរបស់វា។ ជនណាដែលខកខានមិនបានស្វែងយល់ និងមានជំនឿជឿជាក់លើគម្ពីរនេះ គឺគេពិតជាខកខាននូវប្រការល្អទាំងស្រុង។
ម្យ៉ាងវិញ លំអាន ឬស៊ុណ្ណះរបស់អ្នកនាំសារមូហាំម៉ាត់ សេចក្តីណែនាំរបស់លោក និងជីវប្រវត្តិរបស់លោក ត្រូវបានថែរក្សា និងពាំនាំបន្តពីមនុស្សម្នាក់ទៅមនុស្សម្នាក់ ពីមួយជំនាន់ទៅមួយជំនាន់តាមរយៈខ្សែចង្វាក់នៃអ្នករាយការណ៍ដែលគួរឱ្យទុកចិត្តបំផុត។ វាត្រូវបានបោះពុម្ពជាភាសាអារ៉ាប់ ជាភាសាដែលអ្នកនាំសារមូហាំម៉ាត់និយាយ ប្រៀបដូចជាលោកកំពុងតែរស់នៅជាមួយពួកយើង ហើយវាក៏ត្រូវបានបកប្រែជាភាសាជាច្រើនផងដែរ។ គម្ពីរគួរអានដ៏វិសុទ្ធ និងស៊ុណ្ណះរបស់អ្នកនាំសារមូហាំម៉ាត់ គឺជាប្រភពតែមួយគត់នៅក្នុងការបញ្ញត្តិក្បួនច្បាប់ទាំងឡាយនៃសាសនាអ៊ីស្លាម។
៦. ច្បាប់បញ្ញត្តិដែលអ្នកនាំសារមូហាំម៉ាត់បាននាំមក
ច្បាប់បញ្ញត្តិដែលអ្នកនាំសារមូហាំម៉ាត់បាននាំមក គឺជាច្បាប់នៃសាសនាអ៊ីស្លាម ហើយវាជាច្បាប់ចុងក្រោយបង្អស់ និងជាសារចុងក្រោយបង្អស់ពីព្រះជាម្ចាស់។ ច្បាប់នេះមានលក្ខណៈស្រដៀងគ្នាទាំងស្រុងក្នុងផ្នែកមូលដ្ឋានគ្រឹះសាសនា(ផ្នែកគោលជំនឿ)ជាមួយនឹងច្បាប់បញ្ញត្តិរបស់បណ្ដាព្យាការីមុនៗ ទោះបីជាមានភាពខុសប្លែកគ្នានូវរបៀបនៃការអនុវត្តជាក់ស្តែងមួយចំនួនក៏ដោយ។
វាគឺជាច្បាប់ដែលមានលក្ខណៈពេញលេញ សមស្របសម្រាប់គ្រប់សម័យកាល និងគ្រប់ទីកន្លែង។ ច្បាប់នេះនាំមកនូវភាពសុខសាន្តដល់មនុស្សទាំងផ្នែកសាសនា និងការរស់នៅ។ វាផ្ទុកទៅដោយគ្រប់ការគោរពសក្ការៈដែលមនុស្សត្រូវអនុវត្តចំពោះអល់ឡោះជាម្ចាស់នៃពិភពលោក ដូចជាការថ្វាយបង្គំ និងបរិច្ចាគហ្សាកាត់ជាដើម ព្រមទាំងបញ្ជាក់ពីបទបញ្ញាត្តិនានាទាក់ទងនឹងប្រតិបត្តិការហិរញ្ញវត្តុ សេដ្ឋកិច្ច សង្គម នយោបាយ យោធា បរិស្ថាន ប្រការដែលច្បាប់អនុញ្ញាត ប្រការដែលច្បាប់ហាមឃាត់ ក៏ដូចជាបញ្ហាផ្សេងៗទៀតដែលចាំបាច់សម្រាប់ជីវិតរស់នៅប្រចាំថ្ងៃ និងសម្រាប់ជីវិតបន្ទាប់ពីមរណភាពរបស់ពួកគេ។
ច្បាប់បញ្ញត្តិនេះការពារនូវជំនឿសាសនា អាយុជីវិត កិត្តិយស ទ្រព្យសម្បត្តិ សតិបញ្ញា និងពូជពង្សវង្សត្រកូលរបស់មនុស្សជាតិ។ វាបានរួមបញ្ចូលនូវរាល់គុណធម៌ និងអំពើល្អសព្វបែបយ៉ាង ហើយព្រមានប្រឆាំងនឹងរាល់អំពើអបាយមុខ និងអំពើអាក្រក់ទាំងពួង។ វាក៏បានអំពាវនាវឱ្យមានការផ្ដល់កិត្តិយសដល់មនុស្សជាតិ ភាពនិយមកណ្ដាល មិនជ្រុលនិយម យុត្តិធម៌ ភាពស្មោះត្រង់ អនាម័យ ភាពផ្ចិតផ្ចង់ក្នុងការងារ ក្ដីស្រឡាញ់ ប្រាថ្នាចង់ឲ្យអ្នកដទៃបានល្អ រក្សាការពារជីវិតមិនឱ្យមានការបង្ហូរឈាម សន្តិសុខជាតិ និងហាមឃាត់រាល់ការបង្កការភ័យខ្លាច ឬការគំរាមកំហែងដល់មនុស្សជាតិដោយគ្មានច្បាប់ទម្លាប់ត្រឹមត្រូវ។ ជាមួយគ្នានេះដែរ អ្នកនាំសារមូហាំម៉ាត់ គឺជាអ្នកដែលប្រឆាំងដាច់ខាតទៅនឹងអំពើផ្ដាច់ការ និងអំពើពុករលួយគ្រប់រូបភាព និងគ្រប់ទម្រង់ ព្រមទាំងប្រឆាំងនឹងអបិយជំនឿ រស់នៅដាច់ដោយឡែកពីសង្គម និងលះបង់លោកិយបែបតឹងរ៉ឹង(របៀបជាឥសី)។
អ្នកនាំសារមូហាំម៉ាត់(សូមសន្តិភាព និងពរជ័យកើតមានដល់លោក)បានបញ្ជាក់ថា ជាការពិតណាស់ អល់ឡោះជាម្ចាស់ទ្រង់បានផ្ដល់កិត្តិយសដល់មនុស្សជាតិ ទាំងបុរស ទាំងស្រ្តី ហើយទ្រង់បានធានានូវសិទ្ធិយ៉ាងពេញលេញសម្រាប់ពួកគេ។ ទ្រង់បានកំណត់ឱ្យមនុស្សម្នាក់ៗត្រូវទទួលខុសត្រូវលើរាល់ការសម្រេចចិត្ត ទង្វើ និងសកម្មភាពរបស់ខ្លួន ហើយម្នាក់ៗត្រូវរ៉ាប់រងចំពោះទង្វើណាដែលបង្កផលប៉ះពាល់ដល់ខ្លួនឯង ឬអ្នកដទៃ។ ក្នុងនោះដែរ ទ្រង់បានកំណត់ឱ្យបុរស និងស្ត្រីមានភាពស្មើគ្នា ទាំងក្នុងផ្នែកជំនឿ ការទទួលខុសត្រូវ ការផ្ដល់ផលតបស្នង និងផលបុណ្យ។ ជាពិសេស ច្បាប់បញ្ញត្តិនេះបានយកចិត្តទុកដាក់ និងផ្តល់តម្លៃយ៉ាងជ្រាលជ្រៅចំពោះស្ត្រី មិនថាក្នុងនាមជាម្ដាយ ជាភរិយា ជាកូនស្រី ឬជាបងប្អូនស្រីឡើយ។
ច្បាប់បញ្ញត្តិដែលអ្នកនាំសារមូហាំម៉ាត់បាននាំមក គឺដើម្បីការពារសតិបញ្ញារបស់មនុស្ស ហើយបានហាមឃាត់រាល់ទង្វើទាំងឡាយណាដែលនាំឱ្យខូចខាតដល់បញ្ញាស្មារតី ដូចជាការសេពគ្រឿងស្រវឹងជាដើម។ អ៊ីស្លាមចាត់ទុកសាសនា គឺជាពន្លឺដែលជួយបំភ្លឺផ្លូវដល់សតិបញ្ញា ដើម្បីឱ្យមនុស្សជាតិអាចគោរពសក្ការៈចំពោះព្រះជាម្ចាស់របស់ខ្លួនដោយផ្អែកលើការយល់ដឹង និងចំណេះដឹងពិតប្រាកដ។ ច្បាប់បញ្ញត្តិអ៊ីស្លាមបានលើកតម្កើងតម្លៃនៃសតិបញ្ញា ហើយបានកំណត់យកវាជាមូលដ្ឋានគ្រឹះនៃការទទួលខុសត្រូវ(ក្នុងកាតព្វកិច្ចសាសនា) ព្រមទាំងបានរំដោះសតិបញ្ញាឱ្យមានសេរីភាពចេញពីច្រវាក់នៃអបិយជំនឿ និងបដិមានិយម។
ច្បាប់បញ្ញត្តិអ៊ីស្លាមបានផ្ដល់តម្លៃយ៉ាងខ្ពង់ខ្ពស់ដល់ចំណេះដឹងដែលត្រឹមត្រូវ និងជំរុញឱ្យមានការស្រាវជ្រាវតាមបែបវិទ្យាសាស្ត្រដែលប្រកបដោយតម្លាភាព(ដោយគ្មានការលំអៀង ឬតាមតែអារម្មណ៍ខ្លួនឯង)។ វាក៏អំពាវនាវមនុស្សឱ្យធ្វើការសង្កេត និងត្រិះរិះពិចារណាអំពីវត្តមាននៃខ្លួនឯង និងអំពីចក្រវាលទាំងមូលផងដែរ។ លើសពីនេះ រាល់សមិទ្ធផលវិទ្យាសាស្ត្រដែលត្រឹមត្រូវពិតប្រាកដ គឺមិនដែលប៉ះទង្គិច ឬផ្ទុយគ្នាជាមួយនឹងអ្វីដែលនាំមកដោយអ្នកនាំសារមូហាំម៉ាត់ឡើយ។
នៅក្នុងច្បាប់អ៊ីស្លាមមិនមានការរើសអើងចំពោះជនជាតិណាមួយនោះឡើយ ហើយក៏មិនមានការផ្តល់តម្លៃដល់ក្រុមណាមួយលើសពីក្រុមផ្សេងទៀតនោះដែរ។ ផ្ទុយទៅវិញ មនុស្សទាំងអស់ គឺមានភាពស្មើគ្នាចំពោះមុខច្បាប់ ព្រោះមនុស្សទាំងអស់មានដើមកំណើតតែមួយដូចគ្នា។ គ្មានជនជាតិណាល្អជាងជនជាតិណាឡើយ ហើយក៏គ្មានក្រុមណា ល្អជាងក្រុមណាដែរ លើកលែងតែដោយការកោតខ្លាចចំពោះអល់ឡោះជាម្ចាស់ប៉ុណ្ណោះ។ អ្នកនាំសារមូហាំម៉ាត់បានបញ្ជាក់ថា មនុស្សគ្រប់រូបដែលកើតមក គឺកើតមកក្នុងភាពបរិសុទ្ធ(ហ្វីតរ៉ោះ) ហើយគ្មានមនុស្សណាម្នាក់កើតមកដោយស្ពាយជាប់នូវកំហុស ឬត្រូវទទួលមរតកបាបកម្មពីអ្នកដទៃឡើយ។
នៅក្នុងច្បាប់អ៊ីស្លាម អល់ឡោះជាម្ចាស់បានបញ្ញត្តិឲ្យមានការសារភាពកំហុស(តាវហ្ពាត់) គឺការដែលមនុស្សវិលត្រឡប់ទៅរកអល់ឡោះជាម្ចាស់វិញ ហើយបោះបង់អំពើបាប។ ការទទួលយកសាសនាអ៊ីស្លាមនឹងលុបបំបាត់បាបកម្មទាំងឡាយដែលបានកើតឡើងមុនការទទួលយកសាសនា ហើយការសារភាពកំហុស ក៏លុបបំបាត់បាបកម្មពីមុនៗផងដែរ។ ដូចនេះ គេមិនចាំបាច់ត្រូវសារភាព ឬទទួលស្គាល់កំហុសនៅចំពោះមុខមនុស្សលោកនោះឡើយ។ នៅក្នុងសាសនាអ៊ីស្លាម ទំនាក់ទំនងរវាងមនុស្សនិងអល់ឡោះជាម្ចាស់ គឺជាទំនាក់ទំនងដោយផ្ទាល់ ដោយមិនត្រូវការអ្នកណាម្នាក់ជាអ្នកកណ្តាល ឬអន្តរការី សម្របសម្រួលរវាងអ្នក និងអល់ឡោះនោះឡើយ។ មិនតែប៉ុណ្ណោះ សាសនាអ៊ីស្លាមហាមឃាត់ការយកមនុស្សធ្វើជាព្រះ ឬជាដៃគូរបស់អល់ឡោះក្នុងភាពជាម្ចាស់ ឬភាពជាព្រះដែលត្រូវគោរពបូជា។
ច្បាប់បញ្ញត្តិដែលអ្នកនាំសារមូហាំម៉ាត់បាននាំមក គឺជាច្បាប់ដែលមកជំនួសរាល់ច្បាប់បញ្ញត្តិមុនៗទាំងអស់។ នេះក៏ព្រោះតែច្បាប់បញ្ញត្តិអ៊ីស្លាមដែលនាំមកដោយអ្នកនាំសារមូហាំម៉ាត់ពីអល់ឡោះជាម្ចាស់ គឺជាច្បាប់ចុងក្រោយបង្អស់ រហូតដល់ថ្ងៃបរលោក ហើយវាត្រូវបានបញ្ជូនមកសម្រាប់មនុស្សជាតិទាំងមូលលើសាកលលោក។ ហេតុដូច្នេះហើយ ទើបវាត្រូវបានកំណត់ឱ្យមកជំនួសច្បាប់មុនៗ ដូចដែលបណ្ដាច្បាប់បញ្ញត្តិពីមុនៗធ្លាប់បានផ្លាស់ប្តូរ និងជំនួសគ្នាទៅវិញទៅមកដូច្នោះដែរ។ អល់ឡោះជាម្ចាស់ទ្រង់មិនទទួលយកច្បាប់ណាក្រៅពីច្បាប់អ៊ីស្លាមឡើយ ហើយទ្រង់ក៏មិនទទួលយកសាសនាណាផ្សេងក្រៅពីសាសនាអ៊ីស្លាមដែលអ្នកនាំសារមូហាំម៉ាត់បាននាំមកនោះដែរ។ ជនណាដែលជ្រើសរើសសាសនាផ្សេងក្រៅពីសាសនាអ៊ីស្លាម គឺគេនឹងមិនទទួលយកពីជននោះឡើយ។ ចំពោះជនណាដែលមានបំណងចង់ស្វែងយល់លម្អិតអំពីច្បាប់បញ្ញត្តិនៃសាសនានេះ ចូរឲ្យគេស្វែងរកនៅក្នុងសៀវភៅដែលគួរឲ្យទុកចិត្តដែលណែនាំអំពីសានាអ៊ីស្លាម។
ពិតប្រាកដណាស់ គោលបំណងនៃច្បាប់បញ្ញត្តិអ៊ីស្លាម(ក៏ដូចជាគោលបំណងនៃរាល់សារទាំងអស់របស់ព្រះជាម្ចាស់) គឺដើម្បីលើកកម្ពស់មនុស្សជាតិឱ្យមានតម្លៃខ្ពង់ខ្ពស់តាមរយៈសាសនាដ៏ត្រឹមត្រូវ ពោលគឺដើម្បីឱ្យមនុស្សក្លាយជាខ្ញុំបម្រើដ៏ស្មោះសបំផុតចំពោះអល់ឡោះជាម្ចាស់នៃពិភពទាំងមូល និងដើម្បីរំដោះមនុស្សឱ្យមានសេរីភាពចេញផុតពីការធ្វើជាទាសកររបស់មនុស្សដូចគ្នា ចេញផុតពីការឈ្លក់វង្វេងនឹងសម្ភារៈនិយម និងចេញផុតពីអបិយជំនឿដែលគ្មានហេតុផល។
ច្បាប់អ៊ីស្លាមសមស្របសម្រាប់គ្រប់សម័យកាល និងគ្រប់ទីកន្លែង ហើយនៅក្នុងច្បាប់នេះ គឺគ្មានអ្វីដែលផ្ទុយនឹងផលប្រយោជន៍ដ៏ត្រឹមត្រូវរបស់មនុស្សជាតិឡើយ។ នេះក៏ព្រោះតែវាគឺជាសារដែលប្រទានមកពីអល់ឡោះជាម្ចាស់ដែលទ្រង់ជ្រាបច្បាស់បំផុតនូវអ្វីដែលមនុស្សជាតិត្រូវការ។ មនុស្សជាតិពិតជាត្រូវការនូវច្បាប់បញ្ញត្តិមួយដែលត្រឹមត្រូវក្នុងខ្លឹមសារ មិនមានភាពផ្ទុយគ្នាពីចំណុចមួយទៅចំណុចមួយ ជាច្បាប់ដែលនាំមកនូវភាពចម្រើនដល់មនុស្សជាតិ និងជាច្បាប់ដែលមិនមែនបង្កើតឡើងដោយមនុស្សលោកឡើយ ប៉ុន្តែគឺជាច្បាប់ដែលទទួលបានពីព្រះជាម្ចាស់ ដើម្បីណែនាំមនុស្សឱ្យដើរលើផ្លូវនៃសេចក្ដីល្អ និងភាពត្រឹមត្រូវ។ ប្រសិនបើពួកគេយកច្បាប់នេះមកធ្វើជាគោលការណ៍កាត់សេចក្ដី នោះរាល់កិច្ចការងាររបស់ពួកគេនឹងមានរបៀបរៀបរយត្រឹមត្រូវ ហើយពួកគេនឹងមានសុវត្ថិភាពពីការជិះជាន់ ឬការរំលោភបំពានពីគ្នាទៅវិញទៅមក។
៧. ជំហររបស់អ្នកប្រឆាំងនឹងលោក និងសក្ខីកម្មរបស់ពួកគេចំពោះលោក
គ្មានការសង្ស័យឡើយថា ជាការពិតណាស់ ព្យាការីគ្រប់រូបសុទ្ធតែមានសត្រូវដែលប្រឆាំងជំទាស់ រារាំងផ្លូវនៃការអំពាវនាវ និងបង្អាក់មនុស្សជាតិមិនឱ្យមានជំនឿលើពួកលោក។ សម្រាប់អ្នកនាំសារមូហាំម៉ាត់(សូមសន្តិភាព និងពរជ័យកើតមានដល់លោក) ក៏មានសត្រូវជាច្រើនផងដែរ ទាំងក្នុងអំឡុងពេលលោកមានជីវិតរស់នៅ ទាំងបន្ទាប់ពីលោកទទួលមរណភាព ប៉ុន្តែអល់ឡោះជាម្ចាស់បានប្រទានជ័យជម្នះដល់លោកលើអ្នកទាំងនោះទាំងអស់។ ជាបន្តបន្ទាប់ សូម្បីតែសត្រូវរបស់លោកជាច្រើន(ទាំងក្នុងសម័យបុរាណ និងសម័យទំនើប) ក៏បានផ្ដល់សក្ខីកម្មដែរថា លោកគឺជាព្យាការីពិតប្រាកដមែន ហើយអ្វីដែលលោកបាននាំមក គឺដូចគ្នាទៅនឹងអ្វីដែលបណ្ដាព្យាការីមុនៗបាននាំមកដូច្នោះដែរ។ ពួកគេដឹងយ៉ាងច្បាស់ថា រូបលោកស្ថិតនៅលើមាគ៌ាត្រឹមត្រូវ ប៉ុន្តែមានឧបសគ្គជាច្រើនដែលរារាំងពួកគេមិនឱ្យទទួលយកជំនឿ ដូចជា ការស្រឡាញ់អំណាច ការភ័យខ្លាចចំពោះសម្ពាធសង្គម ឬការព្រួយបារម្ភពីការបាត់បង់លាភសក្ការៈ និងទ្រព្យសម្បត្តិដែលពួកគេទទួលបានពីតំណែងរបស់ខ្លួនជាដើម។
រាល់ការសរសើរទាំងឡាយ គឺសម្រាប់អល់ឡោះជាព្រះជាម្ចាស់នៃពិភពលោកទាំងមូល។
Related books
All books
ឥស្លាមគឺជាសាសនានៃបណ្តាអ្នកនាំសាររបស់អល់ឡោះ85 ភាសាឥស្លាមគឺជាសាសនានៃបណ្តាអ្នកនាំសាររបស់អល់ឡោះ
ឥស្លាមគឺជាការចុះចូលចំពោះអល់ឡោះជាម្ចាស់ ដែលជាអ្នកបង្កើត និងជាអ្នកគ្រប់គ្រងចក្រវាឡ ហើយធ្វើការគោរពប្រតិបត្តិចំពោះទ្រង់ដោយសេចក្តីស្រឡាញ់ និងការគោរព។ មូលដ្ឋានគ្រឹះនៃសាសនាឥស្លាមគឺការមានជំនឿលើអល់ឡោះថាទ្រង់គឺជាអ្នកបង្កើត ហើយអ្វីផ្សេងទៀតទាំងអស់គឺត្រូវបានបង្កើត។ ហើយទ្រង់តែមួយគត់ដែលសក្តិសមនឹងទទួលបានការគោរពសក្ការៈដ៏ត្រឹមត្រូវ ដោយគ្មានដៃគូ និងគ្មានអ្នកណាក្រៅពីទ្រង់ដែលប្រៀបបាននឹងទ្រង់ ឬស្មើនឹងទ្រង់ឡើយ។ ទ្រង់មានព្រះនាមដ៏ប្រសើរបំផុត និងគុណសម្បត្ដិខ្ពស់បំផុត ហើយទ្រង់មានលក្ខណៈល្អឥតខ្ចោះ ទ្រង់មិនបានប្រសូតអ្នកណា ក៏មិនត្រូវបានគេប្រសូតទ្រង់ដែរ ហើយគ្មានអ្នកណាអាចប្រៀបធៀប ឬតំណាងនឹងទ្រង់បានឡើយ ។ ទ្រង់មិននៅ…
សេចក្តីបកស្រាយសង្ខេបអំពីសាសនាអ៊ីស្លាមដូចដែលមានចែងនៅក្នុងព្រះគម្ពីរគួរអាននិងស៊ុណ្ណះ71 ភាសាសេចក្តីបកស្រាយសង្ខេបអំពីសាសនាអ៊ីស្លាមដូចដែលមានចែងនៅក្នុងព្រះគម្ពីរគួរអាននិងស៊ុណ្ណះ
សាសនាអ៊ីស្លាម ជាសៀវភៅសំខាន់មួយដែលផ្ដល់ជូននូវសេចក្តីពន្យល់ណែនាំដោយសង្ខេបអំពីសាសនាអ៊ីស្លាមដោយបង្ហាញពីគោលការណ៍សំខាន់ៗ ការប្រៀនប្រដៅ និងលក្ខណៈពិសេសនៃសាសនានេះពីប្រភពដើមរបស់វា គឺព្រះគម្ពីរគួរអាន និងស៊ុណ្ណះ(លំអាន)របស់ព្យាការីមូហាំម៉ាត់។ សៀវភៅនេះត្រូវបានរៀបចំឡើងសម្រាប់មនុស្សទូទៅ ទាំងមូស្លីម និងមិនមែនមូស្លីមទៅតាមភាសារបស់ពួកគេនៅគ្រប់ទីកន្លែង និងគ្រប់សម័យកាល ទោះជាស្ថានភាពខុសគ្នាក៏ដោយ។ (អត្ថបទភ្ជាប់ទៅដោយភស្តុតាងពីគម្ពីរគួរអាន និងស៊ុណ្ណះ ឬលំអានព្យាការី) ១. សាសនាអ៊ីស្លាម គឺជាសាររបស់ព្រះអល់ឡោះទៅកាន់មនុស្សលោកទាំងអស់។ វាគឺជាសារដ៏អមតៈរបស់ព្រះជាម្ចាស់ដែលបញ្ចប់នូវសារទាំងឡាយរបស់ព្រះ។ សាសនាអ៊ីស្លាម…
សារសង្ខេបជូនចំពោះអ្នកដែលបដិសេធវត្តមានរបស់អល់ឡោះព្រះជាម្ចាស់31 ភាសាសារសង្ខេបជូនចំពោះអ្នកដែលបដិសេធវត្តមានរបស់អល់ឡោះព្រះជាម្ចាស់
សារសង្ខេបជូនចំពោះអ្នកដែលគ្មានជំនឿលើអល់ឡោះព្រះជាម្ចាស់ ជាការឆ្លើយតបដោយបញ្ញា បញ្ជាក់ពីភាពជាក់លាក់និងសណ្តាប់ធ្នាប់នៃសកលលោកដែលបដិសេធនូវការកើតឡើងរបស់វាដោយចៃដន្យ និងបង្ហាញពីអ្នកបង្កើតដែលពោរពេញដោយប្រាជ្ញាញាណ។ តើសមហេតុផលទេដែលថាអ្វីទាំងអស់នេះកើតចេញពីភាពទទេ? ចូរបើកចិត្តរបស់អ្នកដើម្បីគិតពិចារណា និងស្វែងរកការពិត ព្រោះអ្នកអាចនឹងរកឃើញពន្លឺដែលនាំផ្លូវអ្នក។
តើនរណាជាអ្នកដែលបង្កើតខ្ញុំ? ហេតុអ្វី?75 ភាសាតើនរណាជាអ្នកដែលបង្កើតខ្ញុំ? ហេតុអ្វី?
រាល់អ្វីៗទាំងអស់ចង្អុលបង្ហាញថា មានអ្នកដែលបង្កើត តើនរណាជាអ្នកដែលបានបង្កើតមេឃនិងផែនដី ព្រមទាំងភាវៈដ៏អស្ចារ្យទាំងឡាយដែលមាននៅក្នុងនោះដែលមនុស្សមិនអាចយល់អស់? តើនរណាជាអ្នកដែលបានបង្កើតប្រព័ន្ធដ៏ល្អឥតខ្ចោះ និងសុក្រឹតបំផុតនេះនៅលើមេឃ និងផែនដី? តើនរណាជាអ្នកដែលបានបង្កើតមនុស្ស ហើយផ្តល់ឲ្យពួកគេនូវការស្តាប់ឮ ការមើលឃើញ និងបញ្ញាញាណ ព្រមទាំងធ្វើឲ្យពួកគេមានសមត្ថភាពក្នុងការទទួលយកចំណេះដឹង និងយល់ដឹងពីការពិត? តើអ្នកពន្យល់យ៉ាងណាចំពោះសុក្រឹតភាពនៃការបង្កើតនៅក្នុងសរីរាង្គកាយរបស់អ្នក និងរាងកាយរបស់សត្វមានជីវិតដទៃទៀត? ហើយតើនរណាជាអ្នកបង្កើតឲ្យមានវាឡើង? តើសាកលលោកដ៏អស្ចារ្យនេះដំណើរការ…