Skip to content
839 ហាទីស

សព្វវចនាធិប្បាយហាទីសរបស់ព្យាការី

ត្រងលទ្ធផល

56 នៃ 839 កាត

លុបតម្រង
“ប្រសិនបើពួកអ្នកប្រគល់ការទុកចិត្តលើអល់ឡោះយ៉ាងពិតប្រាកដនោះ ទ្រង់ប្រាកដជានឹងប្រទានលាភសក្ការៈដល់ពួកអ្នក ដូចដែលទ្រង់ប្រទានលាភសក្ការៈដល់សត្វបក្សាបក្សីទាំងឡាយដូច្នោះដែរ។ ពួកវាចេញពីសំបុកនៅពេលព្រឹកដោយពោះទទេ ហើយវិលត្រឡប់មកវិញនៅពេលល្ងាចដោយអាហារពេញពោះ”។
ហាទីស្ហសហេស រាយការណ៍ដោយ អ៊ីម៉ាំអះម៉ាត់ អាត់តៀរមីហ្ស៊ី អាន់ណាសាអ៊ី អ៊ិពនូម៉ាហ្ជះ អ៊ិពនូហ៊ិពហ្ពាននៅក្នុងសៀវភៅសហេសរបស់គាត់ ហើយនិងអាល់ហាគិម
“នៅពេលដែលអល់ឡោះជាម្ចាស់បានបង្កើតឋានសួគ៌ និងឋាននរក ទ្រង់បានបញ្ជូនម៉ាឡាអ៊ីកាត់ជីព្រីល អាឡៃហ៊ិស្សាឡាម ទៅកាន់ឋានសួគ៌ ហើយទ្រង់បានមានបន្ទូលថា៖ “ចូរអ្នកមើលទៅកាន់ឋានសួគ៌ និង(មើល)ទៅកាន់អ្វីដែលយើងបានរៀបចំនៅក្នុងវាសម្រាប់អ្នកចូលឋានសួគ៌”។ ពេលនោះ ម៉ាឡាអ៊ីកាត់ជីព្រីលក៏បានមើលទៅកាន់ឋានសួគ៌ រួចក៏ត្រឡប់មកវិញ ហើយនិយាយថា៖ “សូមស្បថនឹងភាពខ្ពង់ខ្ពស់របស់ទ្រង់! គ្មាននរណាម្នាក់ដែលបានឮអំពីវា(ឋានសួគ៌)នោះឡើយ លើកលែងតែរូបគេនឹងបានចូលវា”។ ពេលនោះ ទ្រង់បានបញ្ជាឲ្យព័ទ្ធជុំវិញឋានសួគ៌នោះដោយប្រការដែលគេមិនពេញចិត្ត រួចទ្រង់បានមានបន្ទូល(ទៅកាន់ជីព្រីល)ថា៖ “ចូរអ្នកត្រឡប់ទៅមើលវា(ឋានសួគ៌)ម្តងទៀត និង(មើល)ទៅកាន់អ្វីដែលយើងបានរៀបចំនៅក្នុងវាសម្រាប់អ្នកចូលឋានសួគ៌”។ ពេលនោះ ជីព្រីលក៏មើលទៅកាន់ឋានសួគ៌ ខណៈដែលវាត្រូវបានព័ទ្ធជុំវិញដោយប្រការដែលគេមិនពេញចិត្ត។ គាត់ក៏បាននិយាយថា៖ “សូមស្បថនឹងភាពខ្ពង់ខ្ពស់របស់ទ្រង់! ខ្ញុំពិតជាបារម្ភខ្លាចក្រែងគ្មាននរណាម្នាក់បានចូលវា(ឋានសួគ៌)ឡើយ”។ ទ្រង់បានមានបន្ទូលថា៖ “ចូរអ្នកទៅមើលឋាននរក និង(មើល)ទៅកាន់អ្វីដែលយើងបានរៀបចំនៅក្នុងវាសម្រាប់អ្នកចូលឋាននរកនោះ”។ ពេលនោះ ជីព្រីលក៏មើលទៅកាន់ឋាននរកដែលវាត្រូវបានរៀបជាជង់លើគ្នា រួចក៏ត្រឡប់មកវិញ ហើយនិយាយថា៖ “សូមស្បថនឹងភាពខ្ពង់ខ្ពស់របស់ទ្រង់! គ្មាននរណាម្នាក់នឹងចូលវាឡើយ”។ ពេលនោះ អល់ឡោះជាម្ចាស់ទ្រង់បានបញ្ជាឲ្យគេព័ទ្ធជុំវិញឋាននរកដោយចំណង់តណ្ហា រួចទ្រង់បានមានបន្ទូល(ទៅកាន់ជីព្រីល)ថា៖ “ចូរអ្នកត្រឡប់ទៅមើលវា(ឋាននរក)ម្តងទៀត”។ ពេលនោះ ជីព្រីលក៏បានមើលទៅកាន់ឋាននរកនោះ ខណៈដែលវាត្រូវបានព័ទ្ធជុំវិញដោយចំណង់តណ្ហា។ ក្រោយមក គាត់ក៏ត្រឡប់មកវិញ ហើយនិយាយថា៖ “សូមស្បថនឹងភាពខ្ពង់ខ្ពស់របស់ទ្រង់! ខ្ញុំពិតជាបារម្ភខ្លាចក្រែងគ្មាននរណាម្នាក់អាចរួចផុតពីការចូលវា(ឋាននរក)ឡើយ”។
ហាទីស្ហហាសាន់ រាយការណ៍ដោយ អាពូហ្ទាវូទ អាត់តៀរមីហ្ស៊ី និងអាន់ណាសាអ៊ី
“អ្នកដែលលាតត្រដាងការសូត្រគម្ពីរគួរអាន ដូចជាអ្នកដែលលាតត្រដាងការបរិច្ចាគទាន ហើយអ្នកដែលលាក់បាំងការសូត្រគម្ពីរគួរអាន ដូចជាអ្នកដែលលាក់បាំងការបរិច្ចាគទានដូច្នោះដែរ”។
ហាទីស្ហសហេស រាយការណ៍ដោយ អាពូហ្ទាវូទ អាត់តៀរមីហ្ស៊ី និងអាន់ណាសាអ៊ី
“ពេលដែលអល់ឡោះជាម្ចាស់នៅជិតខ្ញុំបម្រើរបស់ទ្រង់បំផុត គឺនៅពេលចុងក្រោយនៃពេលយប់។ ហេតុនេះ ប្រសិនបើអ្នកមានលទ្ធភាពអាចក្លាយជាអ្នកដែលស្ថិតក្នុងចំណោមអ្នកដែលរលឹកទៅចំពោះអល់ឡោះក្នុងម៉ោងនោះ ចូរអ្នកធ្វើចុះ”។
ហាទីស្ហសហេស រាយការណ៍ដោយ អាពូហ្ទាវូទ អាត់តៀរមីហ្ស៊ី និងអាន់ណាសាអ៊ី
មានបុរសពីរនាក់បានប្រាប់ខ្ញុំថា ជាការពិតណាស់ ពួកគេទាំងពីរបានទៅជួបណាពី ﷺ ក្នុងពេលធ្វើហាជ្ជីលា ខណៈដែលលោកកំពុងបែងចែកទ្រព្យបរិច្ចាគ។ គេទាំងពីរនាក់បានសុំចំណែកអំពីទ្រព្យនោះពីលោក។ លោកបានមើលចុះមើលឡើងមកកាន់ពួកយើង ហើយលោកបានឃើញថា ពួកយើងទាំងពីរជាមនុស្សដែលមានកម្លាំងរឹងមាំ។ ពេលនោះ លោកបានមានប្រសាសន៍ថា៖ “ប្រសិនបើអ្នកទាំងពីរចង់បាន ខ្ញុំនឹងឲ្យអ្នកទាំងពីរ។ គ្មានសំណាងទទួលបានទ្រព្យបរិច្ចាគឡើយចំពោះអ្នកមាន ហើយក៏គ្មានសំណាងទទួលបានទ្រព្យបរិច្ចាគនោះដែរអ្នកដែលមានកម្លាំងពេញលេញអាចរកស៊ីបាន”។
ហាទីស្ហសហេស រាយការណ៍ដោយ អាពូហ្ទាវូទ និងអាន់ណាសាអ៊ី
មានបុរសម្នាក់បានមកជួបនឹងណាពី ﷺ ហើយសួរថា៖ តើលោកយល់យ៉ាងណាចំពោះបុរសម្នាក់ដែលចេញទៅប្រយុទ្ធដើម្បីស្វែងរកផលបុណ្យ និងកេរឈ្មោះ តើគេនឹងទទួលបានអ្វី? រ៉ស៊ូលុលឡោះ ﷺ លោកបានមានប្រសាសន៍ថា៖ “គេនឹងមិនទទួលបានអ្វីទាំងអស់”។ បុរសនោះបានសួរដដែលៗចំនួនបីដង ហើយរ៉ស៊ូលុលឡោះ ﷺ បានមានប្រសាសន៍ទៅកាន់បុរសនោះថា៖ “គេនឹងមិនទទួលបានអ្វីទាំងអស់”។ បន្ទាប់មក លោកបានមានប្រសាសន៍ថា៖ “ពិតប្រាកដណាស់ អល់ឡោះជាម្ចាស់មិនទទួលយកអំពើណាមួយឡើយ លើកលែងតែអំពើណាដែលធ្វើឡើងដោយភាពជ្រះថ្លាចំពោះទ្រង់ និងស្វែងរកការពេញចិត្តពីទ្រង់ប៉ុណ្ណោះ”។
ហាទីស្ហសហេស រាយការណ៍ដោយ អាន់ណាសាអ៊ី
នាយប់មួយដែលមានភ្លៀងធ្លាក់ និងងងឹតខ្លាំង ពួកយើងបានចេញទៅស្វែងរករ៉ស៊ូលុលឡោះ ﷺ ដើម្បីឲ្យលោក(ធ្វើជាអ៊ីម៉ាំ)ដឹកនាំពួកយើងសឡាត។ គាត់បានបន្តថា៖ ពេលនោះ ខ្ញុំក៏ទៅទាន់លោក។ លោកបានមានប្រសាសន៍ថា៖ “ចូរអ្នកសូត្រ” តែខ្ញុំមិនបានសូត្រអ្វីឡើយ។ ក្រោយមក លោកបានមានប្រសាសន៍ថា៖ “ចូរអ្នកសូត្រ” តែខ្ញុំមិនបានសូត្រអ្វីឡើយ។ លោកបានមានប្រសាសន៍ទៀតថា៖ “ចូរអ្នកសូត្រ”។ ពេលនោះ ខ្ញុំក៏សួរថា៖ តើខ្ញុំត្រូវសូត្រអ្វី? លោកបានមានប្រសាសន៍ថា៖ “قُلْ هُوَ اللهُ أَحَدٌ” និង អាល់មូអាវវីហ្សាតាន នៅពេលល្ងាច និងពេលព្រឹកចំនួនបីដង។ វានឹងការពារអ្នកពីគ្រប់អ្វីៗទាំងអស់”។
ហាទីស្ហសហេស រាយការណ៍ដោយ អាពូហ្ទាវូទ អាត់តៀរមីហ្ស៊ី និងអាន់ណាសាអ៊ី
“ពាក្យរំលឹកទៅចំពោះអល់ឡោះដែលល្អជាងគេបំផុត គឺការសូត្រថា៖ "لا إلهَ إِلا اللهُ" (គ្មានទេម្ចាស់ដែលត្រូវគេគោរពសក្ការៈដ៏ពិតប្រាកដក្រៅពីអល់ឡោះ) ហើយការបួងសួងដែលល្អបំផុត គឺការសូត្រថា៖ “الْحَمْدُ لِلَّهِ” (ការសរសើរទាំងឡាយ គឺសម្រាប់អល់ឡោះ)។
ហាទីស្ហហាសាន់ រាយការណ៍ដោយ អាត់តៀរមីហ្ស៊ី និងអាន់ណាសាអ៊ីក្នុងសៀវភៅ"អាល់គុបរ៉" ហើយនិង អ៊ិពនូម៉ាហ្ជះ