Skip to content
839 ហាទីស

សព្វវចនាធិប្បាយហាទីសរបស់ព្យាការី

ត្រងលទ្ធផល

95 នៃ 839 កាត

លុបតម្រង

អ្នករាយការណ៍

បង្ហាញអ្នករាយការណ៍ទាំងអស់ (52)
“នៅពេលដែលអល់ឡោះជាម្ចាស់បានបង្កើតឋានសួគ៌ និងឋាននរក ទ្រង់បានបញ្ជូនម៉ាឡាអ៊ីកាត់ជីព្រីល អាឡៃហ៊ិស្សាឡាម ទៅកាន់ឋានសួគ៌ ហើយទ្រង់បានមានបន្ទូលថា៖ “ចូរអ្នកមើលទៅកាន់ឋានសួគ៌ និង(មើល)ទៅកាន់អ្វីដែលយើងបានរៀបចំនៅក្នុងវាសម្រាប់អ្នកចូលឋានសួគ៌”។ ពេលនោះ ម៉ាឡាអ៊ីកាត់ជីព្រីលក៏បានមើលទៅកាន់ឋានសួគ៌ រួចក៏ត្រឡប់មកវិញ ហើយនិយាយថា៖ “សូមស្បថនឹងភាពខ្ពង់ខ្ពស់របស់ទ្រង់! គ្មាននរណាម្នាក់ដែលបានឮអំពីវា(ឋានសួគ៌)នោះឡើយ លើកលែងតែរូបគេនឹងបានចូលវា”។ ពេលនោះ ទ្រង់បានបញ្ជាឲ្យព័ទ្ធជុំវិញឋានសួគ៌នោះដោយប្រការដែលគេមិនពេញចិត្ត រួចទ្រង់បានមានបន្ទូល(ទៅកាន់ជីព្រីល)ថា៖ “ចូរអ្នកត្រឡប់ទៅមើលវា(ឋានសួគ៌)ម្តងទៀត និង(មើល)ទៅកាន់អ្វីដែលយើងបានរៀបចំនៅក្នុងវាសម្រាប់អ្នកចូលឋានសួគ៌”។ ពេលនោះ ជីព្រីលក៏មើលទៅកាន់ឋានសួគ៌ ខណៈដែលវាត្រូវបានព័ទ្ធជុំវិញដោយប្រការដែលគេមិនពេញចិត្ត។ គាត់ក៏បាននិយាយថា៖ “សូមស្បថនឹងភាពខ្ពង់ខ្ពស់របស់ទ្រង់! ខ្ញុំពិតជាបារម្ភខ្លាចក្រែងគ្មាននរណាម្នាក់បានចូលវា(ឋានសួគ៌)ឡើយ”។ ទ្រង់បានមានបន្ទូលថា៖ “ចូរអ្នកទៅមើលឋាននរក និង(មើល)ទៅកាន់អ្វីដែលយើងបានរៀបចំនៅក្នុងវាសម្រាប់អ្នកចូលឋាននរកនោះ”។ ពេលនោះ ជីព្រីលក៏មើលទៅកាន់ឋាននរកដែលវាត្រូវបានរៀបជាជង់លើគ្នា រួចក៏ត្រឡប់មកវិញ ហើយនិយាយថា៖ “សូមស្បថនឹងភាពខ្ពង់ខ្ពស់របស់ទ្រង់! គ្មាននរណាម្នាក់នឹងចូលវាឡើយ”។ ពេលនោះ អល់ឡោះជាម្ចាស់ទ្រង់បានបញ្ជាឲ្យគេព័ទ្ធជុំវិញឋាននរកដោយចំណង់តណ្ហា រួចទ្រង់បានមានបន្ទូល(ទៅកាន់ជីព្រីល)ថា៖ “ចូរអ្នកត្រឡប់ទៅមើលវា(ឋាននរក)ម្តងទៀត”។ ពេលនោះ ជីព្រីលក៏បានមើលទៅកាន់ឋាននរកនោះ ខណៈដែលវាត្រូវបានព័ទ្ធជុំវិញដោយចំណង់តណ្ហា។ ក្រោយមក គាត់ក៏ត្រឡប់មកវិញ ហើយនិយាយថា៖ “សូមស្បថនឹងភាពខ្ពង់ខ្ពស់របស់ទ្រង់! ខ្ញុំពិតជាបារម្ភខ្លាចក្រែងគ្មាននរណាម្នាក់អាចរួចផុតពីការចូលវា(ឋាននរក)ឡើយ”។
ហាទីស្ហហាសាន់ រាយការណ៍ដោយ អាពូហ្ទាវូទ អាត់តៀរមីហ្ស៊ី និងអាន់ណាសាអ៊ី
“ពិតប្រាកដណាស់ ការស្លោះផ្តុំ ការពាក់ខ្សែគាថា និងការធ្វើស្នេហ៍ គឺជាអំពើស្ហ៊ីរិក”។
ហាទីស្ហសហេស រាយការណ៍ដោយ អាពូហ្ទាវូទ អ៊ិពនូម៉ាហ្ជះ និងអះម៉ាត់
“អ្នកដែលលាតត្រដាងការសូត្រគម្ពីរគួរអាន ដូចជាអ្នកដែលលាតត្រដាងការបរិច្ចាគទាន ហើយអ្នកដែលលាក់បាំងការសូត្រគម្ពីរគួរអាន ដូចជាអ្នកដែលលាក់បាំងការបរិច្ចាគទានដូច្នោះដែរ”។
ហាទីស្ហសហេស រាយការណ៍ដោយ អាពូហ្ទាវូទ អាត់តៀរមីហ្ស៊ី និងអាន់ណាសាអ៊ី
“តើពួកអ្នកចង់ឲ្យខ្ញុំប្រាប់ពីទង្វើដែលមានឋានៈល្អជាងការបួស ការសឡាត និងការបរិច្ចាគទានដែរឬទេ”? ពួកគេបានឆ្លើយថា៖ ពិតណាស់ ច្បាស់ជាចង់។ លោកបានមានប្រសាសន៍ថា៖ “គឺការផ្សះផ្សាររវាងគូជម្លោះ ព្រោះការបែកបាក់ទំនាក់ទំនង គឺជាការបំផ្លាញសាសនា”។
ហាទីស្ហសហេស រាយការណ៍ដោយ អាពូហ្ទាវូទ និងអាត់តៀរមីហ្ស៊ី
“ពិតប្រាកដណាស់ ព្រះជាម្ចាស់របស់ពួកអ្នកទ្រង់ខ្មាសអៀន និងសប្បុរសបំផុត។ ទ្រង់មានការខ្មាសអៀនចំពោះខ្ញុំបម្រើរបស់ទ្រង់ នៅពេលណាដែលគេលើកដៃទាំងពីរទៅកាន់ទ្រង់ ហើយទ្រង់ឆ្លើយតបមកវិញដោយទទេនោះ”។
ហាទីស្ហហាសាន់ រាយការណ៍ដោយ អាពូហ្ទាវូទ អាត់តៀរមីហ្ស៊ី និងអ៊ិពនូម៉ាហ្ជះ
“បុគ្គលណាស្បថនឹងភាពទៀងត្រង់(អាម៉ាណះ) គឺមិនមែនជាក្រុមរបស់យើងឡើយ”។
ហាទីស្ហសហេស រាយការណ៍ដោយ អាពូហ្ទាវូទ និងអះម៉ាត់
“ពេលដែលអល់ឡោះជាម្ចាស់នៅជិតខ្ញុំបម្រើរបស់ទ្រង់បំផុត គឺនៅពេលចុងក្រោយនៃពេលយប់។ ហេតុនេះ ប្រសិនបើអ្នកមានលទ្ធភាពអាចក្លាយជាអ្នកដែលស្ថិតក្នុងចំណោមអ្នកដែលរលឹកទៅចំពោះអល់ឡោះក្នុងម៉ោងនោះ ចូរអ្នកធ្វើចុះ”។
ហាទីស្ហសហេស រាយការណ៍ដោយ អាពូហ្ទាវូទ អាត់តៀរមីហ្ស៊ី និងអាន់ណាសាអ៊ី
នៅថ្ងៃមួយ រ៉ស៊ូលុលឡោះ ﷺ បានក្រោកឈរនៅចំពោះមុខពួកយើង ហើយលោកបានផ្តល់ដំបូន្មានដ៏មានអត្ថន័យមួយដល់ពួកយើងដែលធ្វើឲ្យចិត្តរបស់យើងញាប់ញ័រ ហើយស្រក់ទឹកភ្នែក។ ពេលនោះ មានគេនិយាយថា៖ ឱរ៉ស៊ូលុលឡោះ! លោកផ្តល់ដំបូន្មានដល់ពួកយើងហាក់ដូចជាដំបូន្មានចុងក្រោយអញ្ចឹង។ ហេតុនេះ សូមផ្តល់ការណែនាំមកកាន់ពួកយើងមក។ លោកបានមានប្រសាសន៍ថា៖ “ខ្ញុំសូមផ្តាំផ្ញើពួកអ្នកឲ្យកោតខ្លាចអល់ឡោះ ហើយត្រូវស្តាប់បង្គាប់ និងគោរពតាមមេដឹកនាំ ទោះបីមេដឹកនាំនោះ ជាទាសករក៏ដោយ។ ហើយបន្ទាប់ពីខ្ញុំទៅ ពួកអ្នកនឹងឃើញមានការខ្វែងយោបល់គ្នាយ៉ាងខ្លាំងក្លា។ ហេតុនេះ ចូរពួកអ្នកប្រកាន់ខ្ជាប់នូវមាគ៌ា(ស៊ុណ្ណះ)របស់ខ្ញុំ និងមាគ៌ារបស់អ្នកគ្រប់គ្រងដ៏ឈ្លាសវៃដែលត្រូវបានគេចង្អុលបង្ហាញផ្លូវឲ្យ(ឃូឡាហ្វាកអើររ៉ស្ហ៊ីទីន)។ ចូរពួកអ្នកខាំវានឹងធេ្មញថ្គាម ហើយចូរប្រុងប្រយ័ត្នចំពោះប្រការទាំងឡាយដែលគេបង្កើតថ្មី(នៅក្នុងសាសនា) ព្រោះរាល់ប្រការដែលគេបង្កើតថ្មី(ប្រការពិតអះ) គឺសុទ្ធតែវងេ្វង”។
ហាទីស្ហសហេស រាយការណ៍ដោយ អាពូហ្ទាវូទ អាត់តៀរមីហ្ស៊ី អ៊ិពនូម៉ាហ្ជះ និងអះម៉ាត់