Skip to content

ណាពី ﷺ លោកចូលចិត្ដចាប់ផ្ដើមពីខាងស្ដាំ ទាំងចំពោះការពាក់ស្បែកជើង ការសិតសក់ ការជម្រះសម្អាត(យកវូហ្ទុ) និងក្នុងកិច្ចការទាំងអស់របស់លោក។

អំពី អាអ៊ីស្ហះ អ៊ុមមុលមុមីនីន رضي الله عنها បាននិយាយថា៖

ណាពី ﷺ លោកចូលចិត្ដចាប់ផ្ដើមពីខាងស្ដាំ ទាំងចំពោះការពាក់ស្បែកជើង ការសិតសក់ ការជម្រះសម្អាត(យកវូហ្ទុ) និងក្នុងកិច្ចការទាំងអស់របស់លោក។

كَانَ النَّبِيُّ صَلَّى اللهُ عَلَيْهِ وَسَلَّمَ يُعْجِبُهُ التَّيَمُّنُ، فِي تَنَعُّلِهِ، وَتَرَجُّلِهِ، وَطُهُورِهِ، وَفِي شَأْنِهِ كُلِّهِ.

រាយការណ៍ដោយ អាល់ពូខរី និងមូស្លីម
ហាទីស្ហសហេស
ពន្យល់

ណាពី ﷺ លោកពេញចិត្ត និងចូលចិត្តចាប់ផ្តើមដោយផ្នែកខាងស្តាំចំពោះកិច្ចការទាំងឡាយដែលសក្តិសមនឹងលើកតម្កើង ក្នុងចំណោមនោះ៖ លោកពាក់ស្បែកជើងដោយចាប់ផ្តើមពីជើងស្តាំ លោកសិតសក់ សិតពុកមាត់ និងលាបប្រេងដោយចាប់ផ្តើមពីផ្នែកខាងស្តាំ ហើយលោកយកវូហ្ទុដោយចាប់ផ្តើមពីដៃស្តាំនិងជើងស្តាំមុនដៃឆ្វេងនិងជើងឆ្វេង។

មេរៀនដែលទាញបានពីហាទីស្ហ

អ៊ីម៉ាំអាន់ណាវ៉ាវី បាននិយាយថា៖ នេះគឺជាគោលការណ៍នៃការអនុវត្តទូទៅនៅក្នុងច្បាប់ឥស្លាម ពោលគឺអ្វីដែលទាក់ទងនឹងភាពឧត្តុង្គឧត្តម និងភាពខ្ពង់ខ្ពស់ដូចជា ការស្លៀកពាក់ ការពាក់ស្រោមជើង ការចូលម៉ាស្ជិត ការប្រើស៊ីវ៉ាក(ដុសធ្មេញ) ការលាបថ្នាំភ្នែក ការកាត់ក្រចក ការកោរពុកមាត់ ការសិតសក់ ការដករោមក្លៀក ការកោរសក់ ការឲ្យសាឡាមក្នុងពេលសឡាត ការលាងអវយវៈដែលត្រូវយកវូហ្ទុ ការចេញពីបន្ទប់ទឹក ការទទួលទាននិងផឹក ការចាប់ដៃគ្នា និងការប៉ះថ្មខ្មៅ ក៏ដូចជាប្រការទាំងឡាយដែលចូលក្នុងអត្ថន័យនេះ គឺគេពេញចិត្តឲ្យចាប់ផ្តើមពីផ្នែកខាងស្តាំ។ ចំណែកឯអ្វីដែលផ្ទុយពីនេះដូចជា ការចូលបន្ទប់ទឹក ការចេញពីម៉ាស្ជិត ការញើសសំបោរ ការសម្អាតក្រោយបន្ទោបង់ ការដោះសម្លៀកបំពាក់ និងការដោះស្រោមជើង ក៏ដូចជាប្រការទាំងឡាយដែលចូលក្នុងអត្ថន័យនេះ គឺគេពេញចិត្តឲ្យចាប់ផ្តើមពីផ្នែកខាងឆ្វេង។ ទាំងនេះគឺដោយសារតែភាពឧត្តុង្គឧត្តម និងភាពខ្ពង់ខ្ពស់នៃផ្នែកខាងស្តាំ។

ពាក្យថា “លោកចូលចិត្ដចាប់ផ្ដើមពីខាងស្ដាំ” គឺគ្របដណ្តប់គ្រប់កាយវិការ ឬសកម្មភាពទាំងអស់ចាប់ផ្តើមដោយដៃស្តាំ ជើងស្តាំ ផ្នែកខាងស្តាំ និងការជូនអ្វីឲ្យគ្នាដោយដៃស្តាំ។

អ៊ីម៉ាំ អាន់ណាវ៉ាវី បានិយាយថា៖ ត្រូវដឹងថា ជាការពិតណាស់ មានសរីរាង្គដែលត្រូវយកវូហ្ទុមួយចំនួន គឺគេមិនជំរុញឲ្យចាប់ផ្តើមពីខាងស្តាំទេ នោះគឺត្រចៀក ប្រអប់ដៃទាំងពីរ និងថ្ពាល់ទាំងពីរ។ ផ្ទុយទៅវិញ គេត្រូវលាងព្រមគ្នាតែម្តង។ ប្រសិនបើមិនអាចធ្វើបាន ដូចក្នុងករណីអ្នកពិការដៃជាដើម គេត្រូវចាប់ផ្តើមពីខាងស្តាំមុន។

ឯកសារយោង

សហេស អាល់ពូខរី (1/ 45) (168).

សហេស មូស្លីម (1/ 226) (268).