Skip to content
839 ហាទីស

សព្វវចនាធិប្បាយហាទីសរបស់ព្យាការី

ត្រងលទ្ធផល

4 នៃ 839 កាត

លុបតម្រង
ខ្ញុំធ្លាប់ជាអ្នកចាក់ស្រាឲ្យគេផឹកនៅក្នុងផ្ទះរបស់អាពូតល់ហះ ដែលនៅថ្ងៃនោះ ស្រារបស់ពួកគេគឺជា ហ្វាហ្ទៀខ។ ពេលនោះ រ៉ស៊ូលុលឡោះ ﷺ បានបញ្ជាឲ្យអ្នកប្រកាសមកប្រកាសថា៖ ចូរដឹងថា ជាការពិតណាស់ ស្រាត្រូវបានគេដាក់បម្រាមហើយ។ គាត់បាននិយាយថា៖ ពេលនោះ អាពូតល់ហះ បាននិយាយមកកាន់ខ្ញុំថា៖ ចូរចេញទៅក្រៅ ហើយចាក់ស្រាទាំងនោះចោលទៅ។ ដូចនេះ ខ្ញុំក៏ចេញទៅ ហើយចាក់ស្រាទាំងនោះចោល ហើយវាក៏ហូរតាមផ្លូវក្នុងក្រុងម៉ាទីណះ។ ពេលនោះ មានអ្នកខ្លះនិយាយថា៖ ជាការពិតណាស់ មនុស្សមួយចំនួនត្រូវបានគេសម្លាប់ ខណៈដែលស្រានៅក្នុងពោះរបស់ពួកគេនៅឡើយ។ ខណៈនោះ អល់ឡោះជាម្ចាស់បានបញ្ចុះអាយ៉ាត់៖ ﴿لَيْسَ عَلَى الَّذِينَ آمَنُوا وَعَمِلُوا الصَّالِحَاتِ جُنَاحٌ فِيمَا طَعِمُوا ﴾ [سورة المائدة(93)] “គ្មានបាបកម្មអ្វីឡើយចំពោះបណ្ដាអ្នកដែលមានជំនឿ និងបានសាងទង្វើកុសលនូវអ្វីដែលពួកគេបានទទួលទាន(ស្រាមុនពេលបម្រាម)” ។ (អាល់ម៉ាអ៊ីហ្ទះ៖ ៩៣)
ហាទីស្ហសហេស រាយការណ៍ដោយ អាល់ពូខរី និងមូស្លីម
ដែលទាក់ទងនឹងបន្ទូលរបស់អល់ឡោះជាម្ចាស់ដែលទ្រង់បានមានបន្ទូលថា៖ “وَمَنْ يُرِدْ فِيهِ بِإِلْحَادٍ بِظُلْمٍ نُذِقْهُ مِنْ عَذَابٍ أَلِيمٍ” (ហើយអ្នកណាដែលមានបំណងប្រព្រឹត្ដអំពើអាក្រក់ទាំងបំពាននៅទីនោះ(ម៉ាក្កះ) យើងនឹងឱ្យគេភ្លក្សទណ្ឌកម្មដ៏សែនឈឺចាប់ជាមិនខាន)។ (ជំពូក អាល់ហាជ្ជ៖ ២៥)។ គាត់បាននិយាយថា៖ ប្រសិនបើនរណាម្នាក់មានបំណងប្រព្រឹត្តអំពើអាក្រក់នៅទីនោះ ទោះបីជាគាត់នៅក្នុងទីក្រុងអេដេន(ប្រទេសយេម៉ែន) ក៏ដោយ អល់ឡោះប្រាកដជានឹងដាក់ទណ្ឌកម្មដ៏ឈឺចាប់មកលើគេ។
ហាទីស្ហសហេស រាយការណ៍ដោយ អះម៉ាត់ និងអាល់ហាគិម
ខ្ញុំបាននៅកន្លែងមិមពើររ៉ស៊ូលុលឡោះ ﷺ។ ពេលនោះ មានបុរសម្នាក់និយាយថា៖ ខ្ញុំមិនខ្វល់ទេថាត្រូវសាងទង្វើអ្វីបន្ទាប់ពីចូលសាសនាឥស្លាម ក្រៅពីការផ្តល់ទឹកដល់អ្នកធ្វើធម្មយាត្រាហាជ្ជី។ បុរសម្នាក់ទៀតនិយាយថា៖ ៖ ខ្ញុំមិនខ្វល់ទេថាត្រូវសាងទង្វើអ្វីបន្ទាប់ពីចូលសាសនាឥស្លាម ក្រៅពីការថែរក្សាម៉ាស្ជិតអាល់ហារ៉ម។ ហើយមានបុរសម្នាក់ទៀតនិយាយថា៖ ការតស៊ូក្នុងមាគ៌ារបស់អល់ឡោះ គឺប្រសើរជាងអ្វីដែលពួកអ្នកនិយាយទៅទៀត។ នៅពេលនោះ អ៊ូមើរបានហាមឃាត់ពួកគេ ហើយបាននិយាយថា៖ ចូរពួកអ្នកកុំតម្លើងសំឡេងរបស់ពួកអ្នកនៅកន្លែងមិមពើររ៉ស៊ូលុលឡោះ ﷺ ខណៈដែលនោះ គឺនៅក្នុងថ្ងៃជុមអាត់។ ក៏ប៉ុន្តែ នៅពេលណាដែលខ្ញុំសឡាតជុមអាត់រួច ខ្ញុំនឹងចូលទៅ(ជួបលោក) និងសួរលោកចំពោះអ្វីដែលពួកអ្នកខ្វែងគំនិតគ្នាចំពោះវា។ ពេលនោះ អល់ឡោះជាម្ចាស់ក៏បានបញ្ចុះអាយ៉ាត់៖ “តើពួកអ្នកចាត់ទុកការផ្គត់ផ្គង់ទឹកដល់ពួកអ្នកធ្វើហាជ្ជី និងការថែទាំម៉ាស្ជិតអាល់ហារ៉មស្មើនឹងអ្នកដែលមានជំនឿលើអល់ឡោះ និងថ្ងៃបរលោក” [អាត់តាវហ្ពះ:១៩] រហូតដល់ចប់អាយ៉ាត់។
ហាទីស្ហសហេស រាយការណ៍ដោយ មូស្លីម
ពិតប្រាកដណាស់ អល់ឡោះជាម្ចាស់ទ្រង់បានបញ្ចុះអាយ៉ាត់៖ “ហើយជនណាដែលមិនកាត់សេចក្ដីតាមអ្វីដែលអល់ឡោះបានបញ្ចុះមក ពួកទាំងនោះ គឺជាពួកដែលគ្មានជំនឿ”។ [អាល់ម៉ាអ៊ីហ្ទះ:៤៤]។ “ពួកទាំងនោះ គឺជាពួកដែលបំពាន”។ [អាល់ម៉ាអ៊ីហ្ទះ:៤៥] និង “ពួកទាំងនោះ គឺជាពួកដែលល្មើសនឹងបទបញ្ជារបស់អល់ឡោះ”។ [អាល់ម៉ាអ៊ីហ្ទះ:៤៧]។ គាត់បាននិយាយថា៖ អ៊ិពនូអាប់ហ្ពាស បាននិយាយថា៖ អល់ឡោះជាម្ចាស់ទ្រង់បានបញ្ចុះអាយ៉ាត់នេះទាក់ទងនឹងពួកយូដាពីរក្រុម។ ក្នុងសម័យកាលជើហ៊ីលីយ៉ះ(មុនឥស្លាម) ក្រុមមួយក្នុងចំណោមក្រុមទាំងពីរនេះបានបង្ក្រាបទៅលើក្រុមមួយទៀត រហូតដល់ពួកគេបានព្រមព្រៀង និងសម្របសម្រួលគ្នាថា រាល់ជនរងគ្រោះពីក្រុមទន់ខ្សោយដែលត្រូវក្រុមខ្លាំងសម្លាប់ គឺត្រូវទទួលសំណងចំនួនហាសិបវ៉ាសុក។ ចំណែកឯរាល់ជនរងគ្រោះពីក្រុមខ្លាំងដែលត្រូវក្រុមទន់ខ្សោយសម្លាប់ គឺត្រូវទទួលបានសំណងចំនួនមួយរយវ៉ាសុក។ ពួកគេនៅតែប្រកាន់ខ្ជាប់បែបនេះ រហូតដល់ពេលដែលណាពី ﷺ មកដល់ក្រុងម៉ាទីណះ ហើយក្រុមទាំងពីរនាក់បានដាក់ខ្លួនចុះចូលជាមួយរ៉ស៊ូលុលឡោះ ﷺ ។ នៅពេលនោះ រ៉ស៊ូលុលឡោះ ﷺ លោកមិនទាន់មានអំណាចនៅឡើយទេ ហើយមិនទាន់បានបង្ក្រាបពួកគេទាំងពីរក្រុមនោះទេ ព្រោះលោកស្ថិតក្នុងស្ថានភាពកិច្ចព្រមព្រៀងសន្តិភាពនៅឡើយ។ ពេលមួយ ក្រុមទន់ខ្សោយបានសម្លាប់មនុស្សម្នាក់ពីក្រុមដែលខ្លាំង។ ពេលនោះ ក្រុមខ្លាំងបានបញ្ជូនសារទៅកាន់ក្រុមទន់ខ្សោយថា៖ សូមពួកអ្នកបញ្ជូនសំណងមួយរយវ៉ាសុកមកកាន់ពួកយើង។ ក្រុមទន់ខ្សោយបានតបវិញថា៖ តើធ្លាប់កើតមានឡើងទេនៅក្នុងភូមិពីរ ដែលសាសនារបស់គេទាំងពីរ គឺតែមួយ ពូជសាសន៍របស់គេទាំងពីរ គឺតែមួយ ហើយរស់នៅក្នុងប្រទេសតែមួយ ប៉ុន្តែសំណងបែរជាទទួលបានត្រឹមពាក់កណ្តាលនៃភាគីម្ខាងទៀតឬ? តាមពិត កាលពីមុន ការដែលពួកយើងផ្តល់បែបនេះទៅឲ្យពួកអ្នក គឺជាការបំពានរបស់ពួកអ្នកមកលើពួកយើង ហើយពួកយើងខ្លាចពួកអ្នកប៉ុណ្ណោះ។ ចំណែកឯនៅពេលដែលមូហាំម៉ាត់មកដល់ហើយនោះ ពួកយើងមិនព្រមផ្តល់ឲ្យពួកអ្នកនេះបែបនោះទៀតឡើយ។ នៅពេលនោះ សង្គ្រាមស្ទើរតែផ្ទុះឡើងរវាងភាគីទាំងពីរ។ ក្រោយមក ពួកគេបានឯកភាពគ្នាឲ្យរ៉ស៊ូលុលឡោះ ﷺ ធ្វើជាអ្នកកាត់សេចក្តីរវាងពួកគេ។ បន្ទាប់មក ក្រុមខ្លាំងបានលើកឡើងថា៖ សូមស្បថនឹងអល់ឡោះ! មូហាំម៉ាត់នឹងមិនឲ្យពួកគេផ្ដល់ឲ្យពួកអ្នកទ្វេដងនៃអ្វីដែលគាត់ឲ្យពួកអ្នកផ្តល់ទៅពួកគេនោះឡើយ។ ពួកគេពិតជានិយាយត្រូវ។ ការដែលពួកយើងផ្ដល់ឲ្យបែបនេះ គឺជាការជិះជាន់ពីពួកយើង និងជាការគាបសង្កត់លើពួកគេប៉ុណ្ណោះ។ ហេតុនេះ ចូរពួកអ្នកបញ្ជូនអ្នកស៊ើបការទៅកាន់មូហាំម៉ាត់ដើម្បីឲ្យគេនាំគំនិតរបស់គាត់ឲ្យពួកអ្នក។ ប្រសិនបើគាត់ផ្ដល់ឲ្យពួកអ្នកនូវអ្វីដែលពួកអ្នកចង់បាន ពួកអ្នកឲ្យគាត់កាត់សេចក្តីឲ្យចុះ។ តែប្រសិនបើគាត់មិនផ្ដល់ឲ្យពួកអ្នកទេ ពួកអ្នកត្រូវប្រុងប្រយ័ត្ន ហើយមិនត្រូវឲ្យគាត់កាត់សេចក្តីឲ្យឡើយ។ ដូច្នេះ ពួកគេក៏បានបញ្ជូនមនុស្សមួយក្រុមពីក្នុងចំណោមពួកពុតត្បុត(មូណាហ្វិក)ឲ្យទៅស៊ើបការពីរ៉ស៊ូលុលឡោះ ﷺ ដើម្បីមកប្រាប់ពួកគេពីគំនិតរបស់រ៉ស៊ូលុលឡោះ ﷺ ។ នៅពេលដែលគេបានទៅដល់រ៉ស៊ូលុលឡោះ ﷺ អល់ឡោះជាម្ចាស់ទ្រង់បានប្រាប់អ្នកនាំសាររបស់ទ្រង់ពីរឿងរបស់ពួកគេទាំងអស់ ហើយនិងអ្វីដែលពួកគេចង់បាន។ ពេលនោះ អល់ឡោះជាម្ចាស់ក៏បានបញ្ចុះអាយ៉ាត់៖ “ឱអ្នកនាំសារ! ចូរកុំព្រួយបារម្ភដោយសារតែពួកដែលប្រញាប់ប្រញាល់ទៅរកភាពគ្មានជំនឿក្នុងចំណោមពួកដែលបាននិយាយថា៖ ពួកយើងមានជំនឿហើយ” (អាល់ម៉ាអ៊ីហ្ទះ៖៤១) រហូតដល់បន្ទូលរបស់ទ្រង់៖ “ហើយជនណាដែលមិនកាត់សេចក្ដីតាមអ្វីដែលអល់ឡោះបានបញ្ចុះមកទេនោះ ពួកទាំងនោះ គឺជាពួកដែលល្មើសនឹងបទបញ្ជារបស់អល់ឡោះ”។ (អាល់ម៉ាអ៊ីហ្ទះ៖៤៧)។ បន្ទាប់មក គាត់បាននិយាយចំពោះអាយ៉ាត់ទាំងពីរនេះថា៖ សូមស្បថនឹងអល់ឡោះ! អាយ៉ាត់បានបញ្ចុះមក ហើយពួកគេទាំងពីរក្រុមនេះឯងដែលអល់ឡោះចង់សំដៅ។
ហាទីស្ហហាសាន់ រាយការណ៍ដោយ អះម៉ាត់