Skip to content

“អល់ឡោះជាម្ចាស់ទ្រង់មានបន្ទូលទៅកាន់អ្នកដែលទទួលទណ្ឌកម្មស្រាលជាងគេបំផុតក្នុងឋាននរកនាថ្ងៃបរលោកថា៖ ប្រសិនបើអ្នកមានអ្វីៗទាំងអស់នៅលើផែនដី តើអ្នកនឹងយកវាមកលោះខ្លួនរបស់អ្នកដែរឬទេ? ជននោះឆ្លើយថា៖ បាទ

អំពី អាណាស ពិន ម៉ាលិក رضي الله عنه អំពីណាពី ﷺ លោកបានមានប្រសាសន៍ថា៖

“អល់ឡោះជាម្ចាស់ទ្រង់មានបន្ទូលទៅកាន់អ្នកដែលទទួលទណ្ឌកម្មស្រាលជាងគេបំផុតក្នុងឋាននរកនាថ្ងៃបរលោកថា៖ ប្រសិនបើអ្នកមានអ្វីៗទាំងអស់នៅលើផែនដី តើអ្នកនឹងយកវាមកលោះខ្លួនរបស់អ្នកដែរឬទេ? ជននោះឆ្លើយថា៖ បាទ។ ទ្រង់បានមានបន្ទូលថា៖ យើងចង់បានពីអ្នកនូវអ្វីដែលតិចតួចជាងនេះទៅទៀតខណៈដែលអ្នកស្ថិតនៅក្នុងឆ្អឹងខ្នងរបស់ណាពីអាហ្ទាំ គឺមិនឱ្យអ្នកធ្វើស្ហ៊ីរិកមកចំពោះយើងឡើយ ប៉ុន្តែអ្នកបានបដិសេធ ហើយបានធ្វើស្ហ៊ីរិកមកចំពោះយើង”។

«يَقُولُ اللَّهُ تَعَالَى لِأَهْوَنِ أَهْلِ النَّارِ عَذَابًا يَوْمَ القِيَامَةِ: لَوْ أَنَّ لَكَ مَا فِي الأَرْضِ مِنْ شَيْءٍ أَكُنْتَ تَفْتَدِي بِهِ؟ فَيَقُولُ: نَعَمْ، فَيَقُولُ: أَرَدْتُ مِنْكَ أَهْوَنَ مِنْ هَذَا، وَأَنْتَ فِي صُلْبِ آدَمَ: أَلّاَ تُشْرِكَ بِي شَيْئًا، فَأَبَيْتَ إِلَّا أَنْ تُشْرِكَ بِي».

រាយការណ៍ដោយ អាល់ពូខរី និងមូស្លីម
ហាទីស្ហសហេស
ពន្យល់

ណាពី ﷺ លោកបានប្រាប់ថា នៅថ្ងៃបរលោក អល់ឡោះជាម្ចាស់ទ្រង់មានបន្ទូលទៅកាន់អ្នកដែលទទួលទណ្ឌកម្មស្រាលជាងគេបំផុតនៅក្នុងឋាននរកបន្ទាប់ពីរូបគេបានចូលទៅក្នុងឋាននរករួចថា៖ ប្រសិនបើលោកិយទាំងមូល និងអ្វីៗទាំងអស់ដែលមាននៅក្នុងវាជាកម្មសិទ្ធិរបស់អ្នក តើអ្នកសុខចិត្តយកវាមកលោះដើម្បីរួចខ្លួនពីទណ្ឌកម្មនេះដែរឬទេ? គេឆ្លើយថា៖ បាទ។ ពេលនោះ អល់ឡោះជាម្ចាស់ទ្រង់មានបន្ទូលថា៖ យើងបានទាមទារពីអ្នក និងបានបញ្ជាអ្នកឲ្យធ្វើរឿងដែលងាយស្រួលជាងនេះទៅទៀតនៅពេលដែលយើងទទួលយកកិច្ចសន្យាពីអ្នក ខណៈដែលអ្នកស្ថិតនៅក្នុងឆ្អឹងខ្នងរបស់ណាពីអាហ្ទាំ គឺមិនឲ្យអ្នកធ្វើស្ហ៊ីរិកមកចំពោះយើងនឹងអ្វីមួយឡើយ។ ប៉ុន្តែអ្នកបានបដិសេធនៅពេលយើងនាំអ្នកមកកាន់លោកិយ ហើយអ្នកបានធ្វើស្ហ៊ីរិក។

មេរៀនដែលទាញបានពីហាទីស្ហ

ឧត្តមភាពនៃជំនឿលើអល់ឡោះជាម្ចាស់តែមួយ(តាវហេទ) និងភាពងាយស្រួលក្នុងការអនុវត្តវា។

គ្រោះថ្នាក់នៃការស្ហ៊ីរិកចំពោះអល់ឡោះ និងលទ្ធផលចុងក្រោយរបស់វា។

អល់ឡោះជាម្ចាស់បានទទួលយកកិច្ចសន្យាពីកូនចៅអាហ្ទាំខណៈពួកគេស្ថិតនៅក្នុងខ្នងឪពុករបស់ពួកគេ ណាពីអាហ្ទាំ ដោយមិនឱ្យប្រព្រឹត្តអំពើស្ហ៊ីរិកនោះឡើយ។

ព្រមានពីអំពើស្ហ៊ីរិក ហើយពិតណាស់ លោកិយទាំងមូលមិនអាចផ្តល់ជាប្រយោជន៍អ្វីបន្តិចដល់អ្នកគ្មានជំនឿបានឡើយនៅថ្ងៃបរលោក។

ឯកសារយោង

សហេស អាល់ពូខរី (8/ 115) (6557).

សហេស មូស្លីម (4/ 2160) (2805).

បន្ថែមទៀត (6)

عمدة القاري شرح صحيح البخاري.

لبدر الدين العيني (15/ 213).

معجم اللغة العربية المعاصرة.

لأحمد مختار(2/ 1311).

معارج القبول بشرح سلم الوصول إلى علم الأصول.

لحافظ الحكمي (1/ 96).