“ការពិន័យលាបំណន់ គឺដូចការពិន័យលាសម្បថដែរ”។
អំពី អ៊ុកហ្ពះ ពិន អាមៀរ رضي الله عنه អំពីរ៉ស៊ូលុលឡោះ ﷺ លោកបានមានប្រសាសន៍ថា៖
“ការពិន័យលាបំណន់ គឺដូចការពិន័យលាសម្បថដែរ”។
«كَفَّارَةُ النَّذْرِ كَفَّارَةُ اليَمِينِ».
ណាពី ﷺ លោកបានបញ្ជាក់ថា ជាការពិតណាស់ ការពិន័យលាបំណន់ទូទៅ ពោលគឺគេមិនបានកំណត់នូវអ្វីដែលគេចង់បានអំពីវា និងមិនដាក់ឈ្មោះវាទេនោះ គឺដូចគ្នានឹងការពិន័យលាសម្បថដែរ។
បំណន់ ឬការសច្ចាបង់(ណាហ្សើរ)៖ គឺការដាក់កាតព្វកិច្ចលើខ្លួនឯងនូវកិច្ចការណាមួយដែលមិនមែនជាកាតព្វកិច្ច(វ៉ាជិប)ក្នុងនាមអល់ឡោះជាម្ចាស់។
ការពិន័យលាសម្បថ៖ ត្រូវផ្តល់អាហារដល់ជនក្រីក្រចំនួនដប់នាក់ ឬផ្តល់ជាសម្លៀកបំពាក់ដល់ពួកគេ ឬដោះលែងខ្ញុំបម្រើម្នាក់ឲ្យមានសេរីភាពពីភាពជាទាសករ។ ប្រសិនបើគេគ្មានលទ្ធភាព គឺត្រូវបួសចំនួនបីថ្ងៃ។
បុព្វហេតុនៃការដាក់ពិន័យ គឺដើម្បីឲ្យអ្នកមូស្លីមមានការគោរពចំពោះបំណន់(ណាហ្សើរ)ដោយមិនដកសម្តីខ្លួនវិញ ហើយក៏ដើម្បីកុំឲ្យគេចេះតែនិយាយៗ។
ប្រភេទនៃបំណន់(ណាហ្សើរ)៖ ១. បំណន់ទូទៅ៖ ដូចជាការនិយាយថា៖ “ខ្ញុំសូមសច្ចាបន់ចំពោះអល់ឡោះ ប្រសិនបើខ្ញុំជាសះស្បើយ” រួចក៏នៅស្ងៀម ហើយក៏មិននៀតសច្ចាបន់ជាក់លាក់នោះដែរ។ ក្នុងករណីនេះ គេត្រូវពិន័យលាសម្បថនៅពេលដែលគេជាសះស្បើយ។ ២. បំណន់ដោយកំហឹង៖ គឺការសច្ចាបន់ដោយភ្ជាប់នឹងលក្ខខណ្ឌណាមួយដោយមានគោលបំណងហាមឃាត់ខ្លួនឯងមិនឲ្យធ្វើអ្វីមួយ ឬបង្ខំខ្លួនឯងឲ្យធ្វើអ្វីមួយ ដូចជាការនិយាយថា៖ “ប្រសិនបើខ្ញុំនិយាយជាមួយអ្នក ចាំបាច់លើខ្ញុំត្រូវបួសមួយខែ”។ ក្នុងករណីនេះ គេមានជម្រើសរវាងការធ្វើតាមអ្វីដែលខ្លួនបានសច្ចាបន់ ឬធ្វើការពិន័យលាសម្បថនៅពេលដែលរូបគេនិយាយនឹងជននោះមែន។ ៣. បំណន់ដែលគេអនុញ្ញាត(មូហ្ពាស)៖ ឧទាហរណ៍ដូចជាការនិយាយថា៖ “ខ្ញុំសូមសច្ចាបន់ចំពោះអល់ឡោះ ខ្ញុំចាំបាច់ត្រូវតែពាក់អាវរបស់ខ្ញុំ”។ ក្នុងករណីនេះ គេមានជម្រើសរវាងការពាក់អាវនោះ ឬធ្វើការពិន័យលាសម្បថ។ ៤. បំណន់ដែលមិនគួរធ្វើ(ម៉ាក្រុះ)៖ ឧទាហរណ៍ដូចជាការនិយាយថា៖ “ខ្ញុំសូមសច្ចាបន់ចំពោះអល់ឡោះ ខ្ញុំចាំបាច់ត្រូវតែលែងលះភរិយារបស់ខ្ញុំ”។ ច្បាប់របស់វា៖ សូណិតលើរូបគេធ្វើការពិន័យលាសម្បថ ហើយកុំធ្វើនូវអ្វីដែលរូបគេបានសច្ចាបន់នោះ។ តែប្រសិនបើគេបានធ្វើវាពិតមែន គឺមិនតម្រូវឲ្យពិន័យលាសម្បថឡើយ។ ៥. បំណន់ដែលជាអំពើល្មើស៖ ឧទាហរណ៍ដូចជាការនិយាយថា៖ “ខ្ញុំសូមសច្ចាបន់ចំពោះអល់ឡោះ ខ្ញុំចាំបាច់ត្រូវតែលួចគេ”។ ច្បាប់របស់វា៖ ត្រូវបានហាមឃាត់មិនឲ្យអនុវត្តតាមអ្វីដែលរូបគេបានសច្ចាបន់នោះឡើយ ហើយចាំបាច់លើរូបគេត្រូវពិន័យលាសម្បថ។ តែប្រសិនបើរូបគេបានអនុវត្តតាមអ្វីដែលរូបគេបានសច្ចាបន់នោះ រូបគេនឹងទទួលបាបកម្ម តែមិនតម្រូវឲ្យធ្វើការពិន័យលាសម្បថឡើយ។ ៦. បំណន់ដែលជាអំពើល្អ៖ ឧទាហរណ៍ដូចជាការនិយាយថា៖ “ខ្ញុំសូមសច្ចាបន់ចំពោះអល់ឡោះ ខ្ញុំចាំបាច់ត្រូវតែសឡាតនេះ សឡាតនោះ”ដោយគេមានចេតនាធ្វើវាបញ្ជិតខ្លួនទៅចំពោះអល់ឡោះជាម្ចាស់។ ប្រសិនបើគេភ្ជាប់វាទៅនឹងលក្ខខណ្ឌណាមួយ ដូចជា ជាសះស្បើយពីជំងឺជាដើម គឺចាំបាច់លើជននោះត្រូវបំពេញតាមអ្វីដែលខ្លួនបានសច្ចាបន់ ប្រសិនបើលក្ខខណ្ឌនោះកើតមានឡើងពិតមែន។ តែប្រសិនបើគេមិនបានភ្ជាប់នឹងលក្ខខណ្ឌណាមួយទេនោះ ចាំបាច់លើរូបគេត្រូវតែបំពេញវាតែម្តង។
សហេស មូស្លីម (3/ 1265) (1645).
បន្ថែមទៀត (8)
فتح ذي الجلال والإكرام شرح بلوغ المرام.
لابن عثيمين (6/ 128).
توضيح الأحكام من بلوغ المرام.
لعبد الله البسام (7/ 135).
منحة العلام شرح بلوغ المرام.
لعبد الله الفوزان (5/ 98).
سبل السلام.
لمحمد الصنعاني (2/ 558).