“កូនសោនៃប្រការអាថ៌កំបាំងមានប្រាំ៖
អំពី អ៊ិពនូអ៊ូមើរ رضي الله عنهما ពិតណាស់ រ៉ស៊ូលុលឡោះ ﷺ លោកបានមានប្រសាសន៍ថា៖
“កូនសោនៃប្រការអាថ៌កំបាំងមានប្រាំ៖ “ពិតប្រាកដណាស់ ចំណេះដឹងអំពីថ្ងៃបរលោក គឺស្ថិតនៅឯអល់ឡោះជាម្ចាស់(តែមួយគត់)។ ទ្រង់បញ្ចុះទឹកភ្លៀង ហើយទ្រង់ដឹងនូវអ្វីដែលមាននៅក្នុងស្បូនស្ត្រី។ ហើយបុគ្គលម្នាក់ៗមិនបានដឹងទេថា តើខ្លួននឹងទទួលបានអ្វីនៅថ្ងៃស្អែក ហើយក៏គ្មាននរណាម្នាក់អាចដឹងថា តើរូបគេនឹងត្រូវស្លាប់នៅទីណានោះដែរ។ ពិតប្រាកដណាស់ អល់ឡោះជាម្ចាស់មហាដឹង មហាជ្រួតជ្រាបបំផុត”។
«مَفَاتِحُ الغَيْبِ خَمْسٌ، {إِنَّ اللَّهَ عِنْدَهُ عِلْمُ السَّاعَةِ وَيُنْزِلُ الغَيْثَ وَيَعْلَمُ مَا فِي الأَرْحَامِ وَمَا تَدْرِي نَفْسٌ مَاذَا تَكْسِبُ غَدًا وَمَا تَدْرِي نَفْسٌ بِأَيِّ أَرْضٍ تَمُوتُ إِنَّ اللَّهَ عَلِيمٌ خَبِيرٌ}».
ប្រការអាថ៌កំបាំង គឺស្ថិតនៅឯអល់ឡោះជាម្ចាស់ដែលគ្មាននរណាដឹងអំពីវាក្រៅពីទ្រង់ឡើយ ហើយណាពី ﷺ លោកបានប្រាប់ថា ជាការពិតណាស់ កូនសោ និងឃ្លាំងនៃប្រការអាថ៌កំបាំងមានប្រាំគឺ៖ ទីមួយ៖ គ្មាននរណាម្នាក់ដឹងថា ថ្ងៃបរលោកកើតឡើងនៅពេលណាឡើយ លើកលែងតែអល់ឡោះ។ នេះគឺបង្ហាញពីចំណេះដឹងទាក់ទងនឹងថ្ងៃបរលោក ពីព្រោះថ្ងៃបរលោក គឺជាការចាប់ផ្តើម។ ប្រសិនបើចំណេះដឹងអំពីអ្វីដែលកើតឡើងដែលនៅជិតត្រូវបានបដិសេធ នោះចំណេះដឹងអំពីរឿងរ៉ាវនៅពេលក្រោយកក៏នឹងគ្មានឡើយ។ ទីពីរ៖ គ្មាននរណាម្នាក់ដឹងថា ភ្លៀងនឹងធ្លាក់នៅពេលណាឡើយ លើកលែងតែអល់ឡោះ បង្ហាញពីចំណេះដឹងទាក់ទងនឹងពិភពខាងលើ។ ការលើកឡើងពីភ្លៀងជាពិសេស បើទោះបីជាមានមូលហេតុជាច្រើនដែលបណ្តាលឲ្យមានភ្លៀងតាមរយៈដំណើរធម្មតា(តាមធម្មជាតិ)ក៏ពិតមែន ប៉ុន្តែវាមិនជាក់លាក់ និងប្រាកដប្រជាឡើយ។ ទីបី៖ គ្មាននរណាម្នាក់ដឹងនូវអ្វីដែលកើតឡើងក្នុងស្បូនស្ត្រី ដូចជាកូនប្រុស ឬកូនស្រី ស ឬខ្មៅ ពេញលក្ខណៈ ឬមិនពេញលក្ខណៈ អពមង្គល ឬសុភមង្គលជាដើមនោះឡើយ។ ការលើកឡើងពីស្បូនស្រ្តីជាពិសេស ព្រោះវាជាអ្វីដែលគេដឹងជាទូទៅ។ ហេតុនេះ ការបដិសេធថាគ្មាននរណាម្នាក់អាចដឹងពីធាតុពិតរបស់ស្បូន គឺបានបង្ហាញថា អ្វីដែលផ្សេងពីវា គឺកាន់តែមិនអាចដឹងថែមទៀត។ ទីបួន៖ គ្មាននរណាម្នាក់ដឹងពីអ្វីដែលនឹងកើតឡើងនៅថ្ងៃស្អែកឡើយ លើកលែងតែអល់ឡោះជាម្ចាស់។ នេះគឺបង្ហាញពីប្រភេទផ្សេងៗនៃពេលវេលា ហើយនិងហេតុការណ៍ទាំងឡាយដែលកើតឡើងក្នុងអំឡុងពេលនោះ។ ការប្រើប្រាស់ពាក្យ“ថ្ងៃស្អែក” ព្រោះវាជាអនាគតដែលនៅជិតបំផុត។ ដូច្នេះ ប្រសិនបើពេលវេលាដែលនៅជិតបំផុត(ថ្ងៃស្អែក) ក៏មិនអាចដឹងធាតុពិតនៃអ្វីដែលនឹងកើតឡើងក្នុងនោះដែរ ទោះបីជាវាអាចកំណត់បានតាមរយៈការចង្អុលបង្ហាញ ឬសញ្ញាក៏ដោយ នោះពេលវេលាដែលនៅឆ្ងាយជាងនេះ គឺរឹតតែមិនអាចដឹងទៅទៀត។ ទីប្រាំ៖ គ្មាននរណាម្នាក់ដឹងថា ខ្លួននឹងស្លាប់នៅទីណាឡើយ លើកលែងតែអល់ឡោះ បង្ហាញពីចំណេះដឹងទាក់ទងនឹងពិភពខាងក្រោម។ បើទោះបីជាទូទៅ មនុស្សភាគច្រើន គឺពួកគេស្លាប់នៅក្នុងទឹកដីរបស់ខ្លួន ក៏ប៉ុន្តែនេះមិនមែនជាការពិតទាំងស្រុងឡើយ។ ផ្ទុយទៅវិញ បើទោះជាគេស្លាប់នៅក្នុងទឹកដីរបស់ខ្លួនក៏ដោយ ក៏គេមិនដឹងដែរថា រូបគេនឹងត្រូវគេបញ្ចុះនៅកន្លែងណានោះដែរ ទោះបីជាមានទីបញ្ចុះសពសម្រាប់អ្នកមុនៗគេក៏ដោយ។ “ពិតប្រាកដណាស់ អល់ឡោះជាម្ចាស់មហាដឹង មហាជ្រួតជ្រាបបំផុត” ទាំងអ្វីដែលបើកចំហ និងអ្វីដែលលាក់កំបាំង។ ដូចនេះ អាយ៉ាត់នេះ គឺប្រមូលផ្តុំទៅដោយប្រភេទនៃប្រការអាថ៌កំបាំងទាំងឡាយ និងលុបបំបាត់ចោលនូវការអះអាងដែលមិនត្រឹមត្រូវទាំងអស់។
បញ្ជាក់ពីឃ្លាំងនៃប្រការអាថ៌កំបាំងទាំងប្រាំដែលគ្មាននរណាម្នាក់ដឹងអំពីវាក្រៅពីអល់ឡោះ។
ចំពោះប្រសាសន៍របស់លោក៖ “កូនសោនៃប្រការអាថ៌កំបាំងមានប្រាំ” អាស្ស៊ិនទី បាននិយាយថា៖ គេឲ្យឈ្មោះប្រការទាំងប្រាំនេះថា ជាកូនសោនៃប្រការអាថ៌កំបាំង ពីព្រោះអ្នកដែលមានប្រការទាំងប្រាំនេះ គឺគេមានប្រការអាថ៌កំបាំងទាំងអស់។ ដូចនេះ ធ្វើឲ្យវាហាក់បីដូចជាកូនសោសម្រាប់ចាក់បើកឃ្លាំងនៃប្រការអាថ៌កំបាំងទាំងឡាយដូច្នោះដែរ។
អ៊ិពនូហាជើរ បាននិយាយថា៖ អ៊ិពនូអាពីហ្ជាំរ៉ោះ បាននិយាយថា៖ គេប្រើពាក្យ“កូនសោ”ដើម្បីឲ្យអ្នកស្ដាប់ងាយយល់ ពីព្រោះរាល់អ្វីៗទាំងអស់ដែលត្រូវបានបាំងបិទដោយរបាំងពីអ្នក នោះវាជារឿងដែលអាថ៌កំបាំងពីអ្នក ហើយការស្វែងយល់អំពីវា ជាធម្មតា គឺត្រូវឆ្លងកាត់ទ្វារ។ ប្រសិនបើទ្វារនោះត្រូវបានបិទ នោះគេត្រូវការកូនសោ។ ប្រសិនបើអ្វីមួយមិនអាចមើលឃើញបីអាថ៌កំបាំងរបស់វា លើកលែងតែតាមរយៈអ្វីដែលមានទំនាក់ទនងចំពោះវា ដែលមិនដឹងថាវានៅកន្លែងណានោះ ចុះទម្រាំរបស់ដែលអាថ៌កំបាំងនេះ តើអាចត្រូវបានដឹងដោយរបៀបណា?!
អ៊ិពនូអាពីហ្ជាំរ៉ោះ បាននិយាយថា៖ បុព្វហេតុនៃការកំណត់ប្រការអាថ៌កំបាំងប្រាំនេះ គឺដើម្បីបង្ហាញពីដែនកំណត់នៃដឹងចំពោះប្រការអាថ៌កំបាំងទាំងប្រាំនោះ។
អល់ឡោះជាម្ចាស់ទ្រង់អាចបង្ហាញនូវប្រការអាថ៌កំបាំងមួយចំនួនទៅកាន់អ្នកនាំសារទាំងឡាយដោយគតិបណ្ឌិតរបស់ទ្រង់។
ច្រានចោល និងចាត់ទុកជាមោឃៈចំពោះការអះអាងរបស់គ្រូទាយទាំងឡាយដែលថា ខ្លួនដឹងពីប្រការអាថ៌កំបាំង។ ជាការពិតណាស់ ជនណាដែលអះអាងថា ខ្លួនដឹងនូវប្រការអាថ៌កំបាំងណាមួយក្នុងចំណោមប្រការអាថ៌កំបាំងទាំងឡាយដែលមានតែអល់ឡោះជាម្ចាស់តែមួយគត់ដែលដឹងនោះ គឺគេប្រាកដជាបានបដិសេធចំពោះអល់ឡោះជាម្ចាស់ និងអ្នកនាំសាររបស់ទ្រង់ ﷺ ហើយនិងគម្ពីរគួរអានដ៏ឧត្តុង្គឧត្តមហើយ។
សហេស អាល់ពូខរី (6/ 56) (4627).
បន្ថែមទៀត (1)
إرشاد الساري لشرح صحيح البخاري (7/ 118).