Skip to content

“បុគ្គលណារៀនសូត្រចំណេះដឹងមួយពីការទស្សន៍ទាយតាមរយៈផ្កាយ រូបគេប្រាកដជាទទួលបាននូវផ្នែកមួយនៃមន្ដអាគម។ រៀនកាន់តែច្រើន ទទួលបានកាន់តែច្រើន”។

អំពី អ៊ិពនូអាប់ហ្ពាស رضي الله عنهما បាននិយាយថា៖ រ៉ស៊ូលុលឡោះ ﷺ លោកបានមានប្រសាសន៍ថា៖

“បុគ្គលណារៀនសូត្រចំណេះដឹងមួយពីការទស្សន៍ទាយតាមរយៈផ្កាយ រូបគេប្រាកដជាទទួលបាននូវផ្នែកមួយនៃមន្ដអាគម។ រៀនកាន់តែច្រើន ទទួលបានកាន់តែច្រើន”។

«من اقتبَسَ علْمًا مِنَ النُّجُومِ اقْتبَسَ شُعبَة مِن السِّحرِ، زادَ ما زادَ».

រាយការណ៍ដោយ អាពូហ្ទាវូទ អ៊ិពនូម៉ាហ្ជះ និងអះម៉ាត់
ហាទីស្ហសហេស
ពន្យល់

ណាពី ﷺ លោកបានបញ្ជាក់ថា ជនណាដែលរៀនសូត្រ និងទទួលយកចំណេះដឹងទាក់ទងនឹងផ្កាយនិងដួងតារានានា ហើយយកចលនារបស់ផ្កាយ ការលេចឡើង និងលិចបាត់ទៅវិញរបស់ផ្កាយទាំងនោះមកធ្វើជាសំអាង ឬជាអំណះអំណាងនៃការកើតមាននូវហេតុការណ៍ផ្សេងៗនៅលើផែនដី ដូចជាការស្លាប់ ការចាប់កំណើត ឬការឈឺថ្កាត់របស់បុគ្គលណាម្នាក់ជាដើមនោះ ជាការពិតណាស់ រូបគេពិតជាបានរៀននូវចំណេះដឹងមួយផ្នែកនៃមន្តអាគម។ កាលណារូបគេរៀនវិជ្ជានេះកាន់តែច្រើន រូបគេក៏ទទួលបានចំណែកនៃមន្តអាគមកាន់តែច្រើនដូចគ្នា។

ពន្យល់ពាក្យ

من اقتبسَ: من تعلّم.

شعبة: طائفة وقطعة.

មេរៀនដែលទាញបានពីហាទីស្ហ

ហាមឃាត់ចំពោះការទស្សន៍ទាយដោយការមើលផ្កាយ ពោលគឺការប្រាប់ពីរឿងរ៉ាវដែលនឹងកើតឡើងនាអនាគតកាលដោយផ្អែកលើស្ថានភាពប្រែប្រួលរបស់ផ្កាយ ព្រោះនេះជាការអះអាងពីការដឹងនូវប្រការអាថ៌កំបាំង។

ជាការពិតណាស់ ការទស្សន៍ទាយដោយការមើលផ្កាយ គឺជាផ្នែកមួយនៃមន្តអាគមដែលវាផ្ទុយទៅនឹងគោលជំនឿឯកទេពនិយម(តាវហេទ)។ វាខុសពីការសម្លឹងមើលទៅកាន់ផ្កាយដើម្បីដឹងទិស ឬដឹងពីទិសគិបឡាត់ ឬដឹងពីការចូលមកដល់នៃរដូវកាល ឬខែណាមួយដោយវាត្រូវបានគេអនុញ្ញាត។

កាលណារូបគេរៀននូវវិជ្ជាទាក់ទងនឹងការទស្សន៍ទាយដោយការមើលផ្កាយកាន់តែច្រើន រូបគេក៏រៀនសូត្រចំណេះដឹងមួយផ្នែកនៃមន្តអាគមកាន់តែច្រើនដូចគ្នា។

ចំពោះផ្កាយ គឺមានផលប្រយោជន៍បីយ៉ាងដែលអល់ឡោះជាម្ចាស់ទ្រង់បានរំលឹកក្នុងគម្ពីររបស់ទ្រង់គឺ ជាការលម្អដល់មេឃ ជាទីសម្គាល់ និងសម្រាប់គប់ពពួកស្ហៃតន។

ឯកសារយោង

ស៊ូណាន់ អាពូទើវូទ (6/ 50) (3905).

ស៊ូណាន់ អ៊ិពនូម៉ាហ្ជះ (4/ 670) (3726).

មុសណាត់អះម៉ាត់ (3/ 454) (2000).

បន្ថែមទៀត (4)

الجديد في شرح كتاب التوحيد.

للقرعاوي (ص230).

الملخص في شرح كتاب التوحيد.

للفوزان (ص206).