Skip to content
839 ហាទីស

សព្វវចនាធិប្បាយហាទីសរបស់ព្យាការី

ត្រងលទ្ធផល

25 នៃ 839 កាត

លុបតម្រង
“នៅពេលដែលអល់ឡោះជាម្ចាស់បានបង្កើតឋានសួគ៌ និងឋាននរក ទ្រង់បានបញ្ជូនម៉ាឡាអ៊ីកាត់ជីព្រីល អាឡៃហ៊ិស្សាឡាម ទៅកាន់ឋានសួគ៌ ហើយទ្រង់បានមានបន្ទូលថា៖ “ចូរអ្នកមើលទៅកាន់ឋានសួគ៌ និង(មើល)ទៅកាន់អ្វីដែលយើងបានរៀបចំនៅក្នុងវាសម្រាប់អ្នកចូលឋានសួគ៌”។ ពេលនោះ ម៉ាឡាអ៊ីកាត់ជីព្រីលក៏បានមើលទៅកាន់ឋានសួគ៌ រួចក៏ត្រឡប់មកវិញ ហើយនិយាយថា៖ “សូមស្បថនឹងភាពខ្ពង់ខ្ពស់របស់ទ្រង់! គ្មាននរណាម្នាក់ដែលបានឮអំពីវា(ឋានសួគ៌)នោះឡើយ លើកលែងតែរូបគេនឹងបានចូលវា”។ ពេលនោះ ទ្រង់បានបញ្ជាឲ្យព័ទ្ធជុំវិញឋានសួគ៌នោះដោយប្រការដែលគេមិនពេញចិត្ត រួចទ្រង់បានមានបន្ទូល(ទៅកាន់ជីព្រីល)ថា៖ “ចូរអ្នកត្រឡប់ទៅមើលវា(ឋានសួគ៌)ម្តងទៀត និង(មើល)ទៅកាន់អ្វីដែលយើងបានរៀបចំនៅក្នុងវាសម្រាប់អ្នកចូលឋានសួគ៌”។ ពេលនោះ ជីព្រីលក៏មើលទៅកាន់ឋានសួគ៌ ខណៈដែលវាត្រូវបានព័ទ្ធជុំវិញដោយប្រការដែលគេមិនពេញចិត្ត។ គាត់ក៏បាននិយាយថា៖ “សូមស្បថនឹងភាពខ្ពង់ខ្ពស់របស់ទ្រង់! ខ្ញុំពិតជាបារម្ភខ្លាចក្រែងគ្មាននរណាម្នាក់បានចូលវា(ឋានសួគ៌)ឡើយ”។ ទ្រង់បានមានបន្ទូលថា៖ “ចូរអ្នកទៅមើលឋាននរក និង(មើល)ទៅកាន់អ្វីដែលយើងបានរៀបចំនៅក្នុងវាសម្រាប់អ្នកចូលឋាននរកនោះ”។ ពេលនោះ ជីព្រីលក៏មើលទៅកាន់ឋាននរកដែលវាត្រូវបានរៀបជាជង់លើគ្នា រួចក៏ត្រឡប់មកវិញ ហើយនិយាយថា៖ “សូមស្បថនឹងភាពខ្ពង់ខ្ពស់របស់ទ្រង់! គ្មាននរណាម្នាក់នឹងចូលវាឡើយ”។ ពេលនោះ អល់ឡោះជាម្ចាស់ទ្រង់បានបញ្ជាឲ្យគេព័ទ្ធជុំវិញឋាននរកដោយចំណង់តណ្ហា រួចទ្រង់បានមានបន្ទូល(ទៅកាន់ជីព្រីល)ថា៖ “ចូរអ្នកត្រឡប់ទៅមើលវា(ឋាននរក)ម្តងទៀត”។ ពេលនោះ ជីព្រីលក៏បានមើលទៅកាន់ឋាននរកនោះ ខណៈដែលវាត្រូវបានព័ទ្ធជុំវិញដោយចំណង់តណ្ហា។ ក្រោយមក គាត់ក៏ត្រឡប់មកវិញ ហើយនិយាយថា៖ “សូមស្បថនឹងភាពខ្ពង់ខ្ពស់របស់ទ្រង់! ខ្ញុំពិតជាបារម្ភខ្លាចក្រែងគ្មាននរណាម្នាក់អាចរួចផុតពីការចូលវា(ឋាននរក)ឡើយ”។
ហាទីស្ហហាសាន់ រាយការណ៍ដោយ អាពូហ្ទាវូទ អាត់តៀរមីហ្ស៊ី និងអាន់ណាសាអ៊ី
“ឱស្ត្រីទាំងឡាយ! ចូរពួកនាងធ្វើការបរិច្ចាគទាន ព្រោះគេបានបង្ហាញខ្ញុំឃើញថា ភាគច្រើននៃអ្នកឋាននរក គឺជាពួកនាង”។ ពេលនោះ ពួកនាងក៏បានសួរថា៖ តើហេតុអ្វីទៅ ឱរ៉ស៊ូលុលឡោះ? លោកបានឆ្លើយថា៖ “ពួកនាងចូលចិត្តដាក់បណ្តាសា និងមិនដឹងគុណស្វាមី។ ខ្ញុំមិនដែលឃើញនរណាម្នាក់ដែលមានភាពខ្វះខាតខាងបញ្ញានិងសាសនាដែលអាចដឹកនាំលើភាពឆ្លាតវៃរបស់បុរសជាងពួកនាងឡើយ”។ ពួកនាងបានសួរថា៖ តើអ្វីទៅជាភាពខ្វះខាតខាងបញ្ញារបស់ពួកយើង និងខាងសាសនារបស់ពួកយើងនោះ ឱរ៉ស៊ូលុលឡោះ? លោកបានឆ្លើយថា៖ “តើពុំមែនទេឬដែលការធ្វើសាក្សីរបស់ស្ត្រីម្នាក់ ស្មើនឹងពាក់កណ្តាលនៃការធ្វើសាក្សីរបស់បុរសម្នាក់នោះ”? ពួកនាងបានឆ្លើយថា៖ ពិតមែនហើយ។ លោកបានមានប្រសាសន៍ទៀតថា៖ “នោះហើយជាភាពខ្វះខាតខាងបញ្ញារបស់នាង។ តើពុំមែនទេឬដែលពេលនាងមករដូវ គឺនាងមិនសឡាត និងមិនបួសនោះ”? ពួកនាងបានឆ្លើយថា៖ ពិតមែនហើយ។ លោកបានមានប្រសាសន៍ថា៖ “នោះហើយជាភាពខ្វះខាតខាងសាសនារបស់នាង”។
ហាទីស្ហសហេស រាយការណ៍ដោយ អាល់ពូខរី និងមូស្លីម
“ពិតប្រាកដណាស់ អ្នកឋាននរកដែលទទួលទណ្ឌកម្មស្រាលជាងគេបំផុត គឺអ្នកដែលពាក់ស្បែកជើងមួយគូ និងខ្សែស្បែកជើងមួយគូធ្វើពីភ្លើងដែលធ្វើឱ្យខួរក្បាលរបស់ជននោះពុះកញ្ជ្រោល ដូចជាទឹកក្នុងខ្ទះដែលកំពុងពុះ។ គេគិតថា គ្មាននរណាម្នាក់ដែលទទួលទណ្ឌកម្មធ្ងន់ធ្ងរជាងខ្លួនឡើយ តែតាមពិត គេគឺជាអ្នកដែលទទួលទណ្ឌកម្មស្រាលជាងគេបំផុត”។
ហាទីស្ហសហេស រាយការណ៍ដោយ អាល់ពូខរី និងមូស្លីម
“ភ្លើងដែលពួកអ្នកប្រើសព្វថ្ងៃនេះ ត្រឹមតែមួយភាគនៃចិតសិបភាគរបស់ភ្លើងនរកជើហាន់ណាំប៉ុណ្ណោះ”។ មានគេសួរថា៖ ឱរ៉ស៊ូលុលឡោះ! គ្រាន់តែក្តៅត្រឹមភ្លើងធម្មតានេះ គឺគ្រប់គ្រាន់ណាស់ទៅហើយ។ លោកបានតបថា៖ “គេបន្ថែមកម្តៅភ្លើងនរកឲ្យក្តៅលើសភ្លើងធម្មតាហុកសិបប្រាំបួនភាគ ហើយរាល់កំដៅមួយភាគនៃហុកសិបប្រាំបួនភាគរបស់ភ្លើងនរកនោះ ស្មើនឹងកំដៅភ្លើងនៅលោកិយយើងនេះ”។
ហាទីស្ហសហេស រាយការណ៍ដោយ អាល់ពូខរី និងមូស្លីម
“ជាការពិតណាស់ អល់ឡោះជាម្ចាស់ទ្រង់មានបន្ទូលទៅកាន់អ្នកឋានសួគ៌ថា៖ ឱអ្នកឋានសួគ៌! ពួកគេបានឆ្លើយថា៖ ក្រាបទូល។ ទ្រង់បានសួរថា៖ តើពួកអ្នកពេញចិត្ដឬទេ? ពួកគេបានឆ្លើយថា៖ តើមានអ្វីដែលពួកយើងមិនពេញចិត្ដទៅ ខណៈដែលទ្រង់បានប្រទានដល់ពួកយើងនូវអ្វីដែលទ្រង់មិនបានប្រទានដល់នរណាម្នាក់នៃភាវៈរបស់ទ្រង់ផងនោះ? ពេលនោះ ទ្រង់បានមានបន្ទូលថា៖ យើងនឹងប្រទានឲ្យពួកអ្នកនូវអ្វីដែលល្អជាងនេះទៅទៀត។ ពួកគេបានតបថា៖ បរពិត្រព្រះជាម្ចាស់! តើមានអ្វីដែលល្អជាងនេះទៅទៀតនោះ? ទ្រង់មានបន្ទូលថា៖ យើងប្រទានការពេញចិត្ដរបស់យើងដល់ពួកអ្នក។ ដូចនេះ យើងនឹងមិនក្រោធខឹងនឹងពួកអ្នកជារៀងរហូតបន្ទាប់ពីនេះ”។
ហាទីស្ហសហេស រាយការណ៍ដោយ អាល់ពូខរី និងមូស្លីម
“ពិតប្រាកដណាស់ ក្រុមទីមួយដែលចូលឋានសួគ៌មុនគេ គឺមានពន្លឺដូចជាព្រះចន្ទពេញបូណ៌មី។ បន្ទាប់មក អ្នកដែលស្ថិតនៅក្នុងលំដាប់បន្ទាប់ពីពួកគេ គឺដូចជាតារាដែលមានពន្លឺភ្លឺជាងគេនៅលើមេឃ។ ពួកគេមិនបត់ជើងតូច មិនបត់ជើងធំ មិនស្ដោះទឹកមាត់ និងមិនមានសំបោរឡើយ។ ក្រាស់របស់ពួកគេធ្វើអំពីមាស។ ញើសរបស់ពួកគេមានក្លិនក្រអូបដូចទឹកអប់។ គ្រឿងក្រអូបរបស់ពួកគេ គឺជាអាឡូហ្វះ(ឈើក្រអូប)។ ភរិយារបស់ពួកគេ គឺហ៊ូរុលអ៊ីន(ទេពអប្សរដែលបរិសុទ្ធ)។ ពួកគេមានរូបរាងដូចជាបុរសម្នាក់ គឺដូចជាឪពុករបស់ពួកគេ អាហ្ទាំ ដែលមានកម្ពស់ហុកសិបហត្ថ”។
ហាទីស្ហសហេស រាយការណ៍ដោយ អាល់ពូខរី និងមូស្លីម
“ឋាននរកត្រូវបានហ៊ុមព័ទ្ធដោយចំណង់តណ្ហា។ ចំណែកឯឋានសួគ៌វិញត្រូវបានហ៊ុមព័ទ្ធដោយប្រការដែលគេមិនចូលចិត្ត”។
ហាទីស្ហសហេស រាយការណ៍ដោយ អាល់ពូខរី
“ជាការពិតណាស់ សម្រាប់អ្នកមានជំនឿ នៅក្នុងឋានសួគ៌មានតង់មួយធ្វើពីគុជខ្យងដែលមានបណ្ដោយហុកសិបម៉ាយ។ សម្រាប់អ្នកមានជំនឿនៅក្នុងតង់នោះមានភរិយាជាច្រើន។ អ្នកមានជំនឿដើរជុំវិញពួកគេ ហើយពួកគេមើលមិនឃើញគ្នាឡើយ“។
ហាទីស្ហសហេស រាយការណ៍ដោយ អាល់ពូខរី និងមូស្លីម