Skip to content
839 ហាទីស

សព្វវចនាធិប្បាយហាទីសរបស់ព្យាការី

ត្រងលទ្ធផល

25 នៃ 839 កាត

លុបតម្រង
“ពិតប្រាកដណាស់ នៅក្នុងឋានសួគ៌ មានផ្សារមួយដែលពួកគេទៅជារៀងរាល់ថ្ងៃសុក្រ។ នៅពេលនោះ មានខ្យល់បក់មកពីទិសខាងជើងប៉ះត្រូវមុខ និងសម្លៀកបំពាក់របស់ពួកគេធ្វើឲ្យពួកគេកាន់តែមានសម្រស់ស្រស់ស្អាតថែមទៀត។ នៅពេលពួកគេត្រឡប់ទៅកាន់ក្រុមគ្រួសាររបស់ពួកគេវិញ ក្រុមគ្រួសាររបស់ពួកគេក៏កាន់តែមានសម្រស់ស្អាតឡើងផងដែរ។ ហើយក្រុមគ្រួសាររបស់ពួកគេបាននិយាយទៅកាន់ពួកគេថា៖ សូមស្បថនឹងអល់ឡោះ! បន្ទាប់ពីពួកអ្នកចាកចេញពីពួកយើងទៅ ពួកអ្នកពិតជាកាន់តែស្រស់ស្អាតឡើងៗ។ ពួកគេក៏តបវិញថា៖ ចំណែកពួកអ្នកវិញ ស្បថនឹងអល់ឡោះ ពួកអ្នកក៏កាន់តែស្រស់ស្អាតឡើងៗផងដែរ”។
ហាទីស្ហសហេស រាយការណ៍ដោយ មូស្លីម
គេបានសួររ៉ស៊ូលុលឡោះ ﷺ អំពីប្រការដែលនាំឲ្យមនុស្សចូលឋានសួគ៌ច្រើនជាងគេ? លោកបានឆ្លើយថា៖ “គឺការកោតខ្លាចអល់ឡោះ និងសីលធម៌ល្អ”។ ហើយគេបានសួរលោកអំពីប្រការដែលនាំឲ្យមនុស្សចូលឋាននរកច្រើនជាងគេ។ លោកឆ្លើយថា៖ “គឺមាត់ និងប្រដាប់ភេទ”។
ហាទីស្ហហាសាន់ សហេស រាយការណ៍ដោយ អាត់តៀរមីហ្ស៊ី អ៊ិពនូម៉ាហ្ជះ និងអះម៉ាត់
“មនុស្សពីរប្រភេទដែលស្ថិតក្នុងចំណោមអ្នកឋាននរកដែលខ្ញុំមិនទាន់បានឃើញពួកគេនៅឡើយ គឺក្រុមមួយមានដំបងកាន់ជាមួយដូចជាកន្ទុយគោ ដែលគេយកវាវាយធ្វើបាបមនុស្ស(ដោយអយុត្ដិធម៌) ហើយនិងស្ដ្រីដែលស្លៀកសម្លៀកបំពាក់ដូចនៅអាក្រាតកាយ ធ្វើដំណើរទាក់ទាញទៅរកការប្រព្រឹត្តអំពើអាក្រក់ ហើយខ្លួនពួកនាងក៏មានទំនោរទៅរកវាផងដែរ។ ក្បាលរបស់ពួកនាងដូចជាបូកសត្វអូដ្ឋដែលរេរាំ។ ពួកនាងនឹងមិនចូលឋានសួគ៌ឡើយ ហើយក៏មិនបានធំក្លិនឋានសួគ៌ដែរ ព្រោះក្លិនរបស់វាស្ថិតនៅចម្ងាយប៉ុណេ្ណះ ប៉ុណ្ណោះ”។
ហាទីស្ហសហេស រាយការណ៍ដោយ មូស្លីម
“គេបានបង្ហាញឲ្យខ្ញុំឃើញឋានសួគ៌ និងឋាននរក។ ខ្ញុំមិនធ្លាប់ឃើញប្រការល្អ និងប្រការអាក្រក់ដូចថ្ងៃនេះឡើយ។ ប្រសិនបើពួកអ្នកដឹងនូវអ្វីដែលខ្ញុំបានដឹង ពួកអ្នកប្រាកដជាសើចតិច ហើយយំច្រើនជាមិនខាន”។ គាត់បាននិយាយថា៖ គ្មានថ្ងៃណាមួយដែលបណ្ដាសហាហ្ពាត់របស់រ៉ស៊ូលុលឡោះ ﷺ ជួបប្រទះនូវទុក្ខព្រួយជាងថ្ងៃនោះឡើយ។ គាត់បាននិយាយទៀតថា៖ ពួកគេបានគ្របមុខ យំខ្សឹកខ្សួល។ គាត់បានបន្តថា៖ ពេលនោះ អ៊ូមើរបានក្រោកឈរ ហើយនិយាយថា៖ ពួកយើងពេញចិត្ដនឹងយកអល់ឡោះធ្វើជាម្ចាស់ អ៊ីស្លាមធ្វើជាសាសនា និងមូហាំម៉ាត់ជាណាពី។ អាណាសបាននិយាយទៀតថា៖ នៅពេលនោះ បុរសម្នាក់នោះបានក្រោកឈរ ហើយសួរថា៖ តើឪពុកខ្ញុំជានរណា? រ៉ស៊ូលុលឡោះបានឆ្លើយថា៖ “ឪពុករបស់អ្នក ឈ្មោះនេះ”។ ពេលនោះ គេបានបញ្ចុះអាយ៉ាត់៖ ﴿يَا أَيُّهَا الَّذِينَ آمَنُوا لَا تَسْأَلُوا عَنْ أَشْيَاءَ إِنْ تُبْدَ لَكُمْ تَسُؤْكُمْ ﴾ [سورة المائدة(101)] (ឱបណ្ដាអ្នកមានជំនឿ! ចូរពួកអ្នកកុំសួរដេញដោលពីប្រការនោះឱ្យសោះ(អ្វីដែលគេមិនបានបង្គាប់នៅក្នុងសាសនា) ព្រោះបើសិនជាប្រការនោះត្រូវលាតត្រដាងចំពោះពួកអ្នក គឺវានឹងធ្វើឱ្យពួកអ្នកមានផលអាក្រក់ជាមិនខាន)។
ហាទីស្ហសហេស រាយការណ៍ដោយ អាល់ពូខរី និងមូស្លីម
“អល់ឡោះជាម្ចាស់ទ្រង់បានមានបន្ទូលថា៖ យើងបានរៀបចំសម្រាប់ខ្ញុំបម្រើរបស់យើងនូវអ្វីដែលភ្នែកមិនធ្លាប់បានឃើញ ត្រចៀកមិនធ្លាប់បានឮ ហើយក៏ចិត្ដមនុស្សក៏មិនធ្លាប់គិតដល់"។ អាពូហ៊ូរ៉យរ៉ោះ បាននិយាយថា៖ ប្រសិនបើអ្នកចង់ ចូរអ្នកសូត្រចុះ៖ “فَلاَ تَعْلَمُ نَفْسٌ مَا أُخْفِيَ لَهُمْ مِنْ قُرَّةِ أَعْيُنٍ” (ហើយគ្មានអ្នកណាម្នាក់ដឹងពីអី្វដែលគេលាក់ទុកសម្រាប់ពួកគេនៃភាពសប្បាយរីករាយនោះឡើយ)។ [អាស្សាជើហ្ទះ៖១៧]
ហាទីស្ហសហេស រាយការណ៍ដោយ អាល់ពូខរី និងមូស្លីម
ពួកយើងបានស្ថិតនៅជាមួយរ៉ស៊ូលុលឡោះ ﷺ ស្រាប់តែបានឮសំឡេងអ្វីមួយធ្លាក់។ ពេលនោះ ណាពី ﷺ លោកបានសួរថា៖ “តើពួកអ្នកដឹងដែរឬទេ តើនេះជាសំឡេងអ្វី”? គាត់បាននិយាយថា៖ ពួកយើងបានឆ្លើយថា៖ មានតែអល់ឡោះ និងអ្នកនាំសាររបស់ទ្រង់ទេដែលដឹងបំផុត។ លោកបានមានប្រសាសន៍ថា៖ “នេះគឺជាដុំថ្មដែលគេបានទម្លាក់ចូលក្នុងឋាននរកតាំងពីចិតសិបឆ្នាំមុន ហើយវាធ្លាក់ចូលក្នុងឋាននរក រហូតដល់ពេលនេះទើបដល់បាតរបស់វា”។
ហាទីស្ហសហេស រាយការណ៍ដោយ មូស្លីម
“ពិតប្រាកដណាស់ ដើមឈើមួយដើមនៅក្នុងឋានសួគ៌ អ្នកដំណើរជិះសេះដែលលឿនបំផុតចំណាយពេលមួយរយឆ្នាំក៏មិនទាន់ផុតដើមឈើនោះផង”។
ហាទីស្ហសហេស រាយការណ៍ដោយ អាល់ពូខរី និងមូស្លីម
“ជនណាដែលធ្វើសាក្សីថា គ្មានទេម្ចាស់ដែលត្រូវគេគោរពសក្ការៈដ៏ពិតប្រាកដក្រៅពីអល់ឡោះជាម្ចាស់តែមួយគត់ គ្មានដៃគូសម្រាប់ទ្រង់ឡើយ ហើយពិតណាស់ មូហាំម៉ាត់ជាខ្ញុំបម្រើនិងជាអ្នកនាំសាររបស់ទ្រង់ ហើយអ៊ីសាជាខ្ញុំបម្រើនិងអ្នកនាំសាររបស់អល់ឡោះ និងជាពាក្យពេចន៍របស់ទ្រង់ដែលទ្រង់បានបញ្ជូនទៅកាន់ម៉ារយ៉ាំ ព្រមទាំងជាវិញ្ញាណមួយពីទ្រង់ ហើយពិតណាស់ ឋានសួគ៌មានពិត និងឋាននរកមានពិត នោះអល់ឡោះជាម្ចាស់នឹងបញ្ចូលជននោះទៅក្នុងឋានសួគ៌ទៅតាមទង្វើដែលគេបានសាង”។
ហាទីស្ហសហេស រាយការណ៍ដោយ អាល់ពូខរី និងមូស្លីម