Skip to content
839 ហាទីស

សព្វវចនាធិប្បាយហាទីសរបស់ព្យាការី

ត្រងលទ្ធផល

8 នៃ 839 កាត

លុបតម្រង
“គ្មានអ្វីមួយដែលកើតឡើងចំពោះអ្នកមូស្លីម ដូចជាការនឿយហត់ ជំងឺ ការព្រួយបារម្ភ ទុក្ខព្រួយ ការឈឺចាប់ ឬទុក្ខវេទនា សូម្បីតែបន្លាមួយដែលមុតគេ លើកលែងតែអល់ឡោះជាម្ចាស់នឹងលុបលាងអំពើបាបរបស់ជននោះតាមរយៈប្រការទាំងនោះ”។
ហាទីស្ហសហេស រាយការណ៍ដោយ អាល់ពូខរី និងមូស្លីម
មានបុរសម្នាក់បានមកជួបណាពី ﷺ ហើយសួរថា៖ ឱរ៉ស៊ូលុលឡោះ! តើអ្វីទៅជាកត្តាចាំបាច់ទាំងពីរ? ពេលនោះ លោកបានឆ្លើយថា៖ “ជនណាដែលស្លាប់ដោយមិនបានធ្វើស្ហ៊ីរិកចំពោះអល់ឡោះនឹងអ្វីមួយ នឹងបានចូលឋានសួគ៌។ ហើយជនណាដែលស្លាប់ដោយបានធ្វើស្ហ៊ីរិកចំពោះអល់ឡោះនឹងអ្វីមួយ នឹងបានចូលឋាននរក”។
ហាទីស្ហសហេស រាយការណ៍ដោយ មូស្លីម
“ជនណាទៅជួបនឹងអល់ឡោះជាម្ចាស់ដោយមិនបានធ្វើស្ហ៊ីរិកចំពោះទ្រង់នឹងអ្វីមួយទេនោះ កំហុសឆ្គង(បាបកម្ម)ដែលរូបគេមានមិនអាចបង្កគ្រោះថ្នាក់អ្វីដល់រូបគេឡើយ។ ហើយជនណាបានស្លាប់ ខណៈដែលរូបគេបានធ្វើស្ហ៊ីរិកចំពោះទ្រង់នោះ ប្រការល្អ(ទង្វើកុសល)ដែលរូបគេមានមិនអាចផ្តល់ផលប្រយោជន៍អ្វីដល់រូបគេឡើយ”។
ហាទីស្ហសហេស រាយការណ៍ដោយ អះម៉ាត់
ពិតណាស់ ណាពី ﷺ បានជិះសត្វជាជំនិះ ហើយមូអាស្សនៅពីក្រោយលោក។ លោកបានហៅថា៖ “ឱមូអាស្ស ពិន ជើហ្ពាល់”! គាត់បានឆ្លើយថា៖ បាទទាន។ លោកបានហៅទៀតថា៖ “ឱមូអាស្ស”! គាត់បានឆ្លើយថា៖ បាទទាន។ ចំនួនបីដង។ លោកមានប្រសាសន៍ថា៖ “បុគ្គលគ្រប់រូបដែលធ្វើសាក្សីថា គ្មានទេម្ចាស់ដែលត្រូវគេគោរពសក្ការៈដ៏ពិតប្រាកដ លើកលែងតែអល់ឡោះ ហើយពិតណាស់ មូហាំម៉ាត់ គឺជាអ្នកនាំសាររបស់អល់ឡោះ ដោយស្មោះសចេញពីចិត្ដរបស់ខ្លួននោះ អល់ឡោះជាម្ចាស់នឹងហាមឃាត់រូបគេអំពីឋាននរក”។ មូអាស្សបានសួរថា៖ ឱរ៉ស៊ូលុលឡោះ! តើខ្ញុំគួរប្រាប់ដំណឹងនេះដល់មនុស្សដើម្បីឲ្យពួកគេរីករាយឬទេ? លោកបានឆ្លើយថា៖ “បើដូច្នោះ ពួកគេនឹងផេ្ដកផ្ដួលជាមិនខាន”។ ហើយមូអាស្សបានប្រាប់ហាទីស្ហនេះនៅពេលគាត់ជិតស្លាប់ ដោយសារខ្លាចមានបាបកម្ម(ចំពោះការលាក់បាំងចំណេះដឹង)។
ហាទីស្ហសហេស រាយការណ៍ដោយ អាល់ពូខរី និងមូស្លីម
ខ្ញុំធ្លាប់បានជិះសត្វលានៅពីក្រោយណាពី ﷺ ។ ពេលនោះ លោកបានសួរថា៖ “ឱមូអាស! តើអ្នកដឹងដែរឬទេ អ្វីទៅជាសិទ្ធិរបស់អល់ឡោះទៅលើខ្ញុំបម្រើរបស់ទ្រង់ ហើយអ្វីទៅជាសិទ្ធិរបស់ខ្ញុំបម្រើអល់ឡោះចំពោះអល់ឡោះនោះ”? ខ្ញុំបានឆ្លើយថា៖ អល់ឡោះ និងអ្នកនាំសាររបស់ទ្រង់ដឹងបំផុត។ លោកបានមានប្រសាសន៍ថា៖ “ពិតប្រាកដណាស់ សិទ្ធិរបស់អល់ឡោះទៅលើខ្ញុំបម្រើទាំងឡាយ គឺពួកគេត្រូវគោរពសក្ការៈចំពោះទ្រង់តែមួយគត់ និងមិនត្រូវធ្វើស្ហ៊ីរិកចំពោះទ្រង់នឹងអ្វីមួយឡើយ។ ចំណែកឯសិទ្ធិរបស់ខ្ញុំបម្រើទាំងឡាយចំពោះអល់ឡោះវិញ គឺទ្រង់មិនដាក់ទណ្ឌកម្មចំពោះអ្នកដែលមិនធ្វើស្ហ៊ីរិកចំពោះទ្រង់នឹងអ្វីមួយឡើយ”។ ពេលនោះ ខ្ញុំបានសួរថា៖ ឱរ៉សូលុលឡោះ! តើឲ្យខ្ញុំផ្ដល់ដំណឹងរីករាយនេះដល់មនុស្សលោកដែរឬទេ? លោកបានឆ្លើយថា៖ “ចូរអ្នកកុំប្រាប់ពួកគេ ព្រោះធ្វើឲ្យពួកគេផេ្ដកផ្ដួល”។
ហាទីស្ហសហេស រាយការណ៍ដោយ អាល់ពូខរី និងមូស្លីម
“ជាការពិតណាស់ អល់ឡោះជាម្ចាស់នឹងជ្រើសរើសបុរសម្នាក់ពីក្នុងចំណោមប្រជាជាតិរបស់ខ្ញុំមុនគេបង្អស់នៅថ្ងៃបរលោក។ ពេលនោះ គេបានចែកបញ្ជីកំណត់ត្រាអំពើអាក្រក់ចំនួន៩៩ដល់បុរសនោះ។ រាល់កំណត់ត្រានីមួយៗ គឺ(មានទំហំធំ)ដាច់កន្ទុយភ្នែក។ ក្រោយមក ទ្រង់បានមានបន្ទូលថា៖ តើអ្នកបដិសេធអ្វីមួយពីកំណត់ត្រានេះដែរឬទេ? តើម៉ាឡាអ៊ីកាត់របស់យើងដែលកត់ត្រាទង្វើនោះមានបានបំពានលើអ្នកដែរឬទេ? បុរសនោះឆ្លើយថា៖ គ្មានទេ បរពិតព្រះជាម្ចាស់! ទ្រង់បានមានបន្ទូលថា៖ តើអ្នកមានលេសអ្វីដោះសាដែរឬទេ? បុរសនោះឆ្លើយថា៖ គ្មានទេ បរពិតព្រះជាម្ចាស់។ ពេលនោះទ្រង់បានមានបន្ទូលថា៖ ពិតមែនហើយ ជាការពិតណាស់ អ្នកមានប្រការល្អមួយនៅជាមួយយើង។ ពិតណាស់ វាគ្មានភាពអយុត្តិធ៌មណាមួយមកលើពួកអ្នកទេនៅថ្ងៃនេះ។ ពេលនោះ គេបានបញ្ចេញនូវប័ណ្ណមួយដែលមានសរសេរថា៖ “أَشْهَدُ أَنْ لَا إِلَهَ إِلَّا اللهُ وَأَشْهَدُ أَنَّ مُحَمَّدًا عَبْدُهُ وَرَسُولُهُ” (ខ្ញុំសូមធ្វើសាក្សីថា គ្មានទេម្ចាស់ដែលត្រូវគោរពសក្ការៈដ៏ពិតប្រាកដ មានតែអល់ឡោះ ហើយខ្ញុំសូមធ្វើសាក្សីថា មូហាំម៉ាត់ គឺជាខ្ញុំបម្រើ និងជាអ្នកនាំសាររបស់ទ្រង់)។ ទ្រង់បានមានបន្ទូលថា៖ ចូរអ្នកនាំជញ្ជីង(ថ្លឹងទង្វើ)របស់អ្នកមក។ បុរសនោះឆ្លើយថា៖ បរពិត្រព្រះជាម្ចាស់! តើប័ណ្ណមួយនេះអាចប្រៀបអ្វីបានទៅជាមួយនឹងបញ្ជីកំណត់ត្រាទាំងនេះឬ? ទ្រង់តបថា៖ ជាការពិតណាស់ អ្នកមិនត្រូវបានគេបំពានឡើយ។ ណាពីបានបន្តថា៖ “ពេលនោះ គេបានដាក់បញ្ជីកំណត់ត្រាអំពើអាក្រក់ទាំងនោះក្នុងសង្រែកម្ខាង ហើយប័ណ្ណនោះក្នុងសង្រែកម្ខាង។ ពេលនោះបញ្ជីកំណត់ត្រាក៏ហើបឡើង ហើយប័ណ្ណក៏មានទម្ងន់ធ្ងន់ជាង។ ហើយគ្មានអ្វីដែលធ្ងន់ជាងព្រះនាមរបស់អល់ឡោះនោះឡើយ"។
ហាទីស្ហសហេស រាយការណ៍ដោយ អាត់តៀរមីហ្ស៊ី និងអ៊ិពនូម៉ាហ្ជះ
មានបុរសម្នាក់បានទៅជួបណាពី ﷺ ហើយបាននិយាយថា៖ ឱរ៉ស៊ូលុលឡោះ! គ្មានបាបកម្មធំតូចណាមួយនោះឡើយ លើកលែងតែខ្ញុំបានប្រព្រឹត្តវា។ ណាពី ﷺ បានសួរថា៖ “តើអ្នកមិនបានធ្វើសាក្សីថា គ្មានទេម្ចាស់ដែលត្រូវគោរពសក្ការៈដ៏ពិតប្រាកដ មានតែអល់ឡោះ ហើយពិតណាស់មូហាំម៉ាត់ គឺជាអ្នកនាំសាររបស់អល់ឡោះទេឬ”? លោកសួរដូចនេះចំនួនបីដង។ បុរសនោះបានឆ្លើយថា៖ ពិតមែនហើយ។ លោកបានមានប្រសាសន៍ថា៖ “ពិតហើយ ការធ្វើសាក្សីដូចនោះនឹងលុបវា(បាបកម្ម)ចោល”។
ហាទីស្ហសហេស រាយការណ៍ដោយ អាពូយ៉ាក់ឡា អាត់តប់រ៉នី និងអាត់ទីយ៉៉ាក អាល់ម៉ឹក្កទីស៊ី
រ៉ស៊ូលុលឡោះ ﷺ បានមានប្រសាសន៍ទៅកាន់ឪពុកមារបស់លោក(អាពូត៏ឡឹប)ថា៖ “សូមមាពោលថា៖ “لَا إِلَهَ إِلَّا اللهُ” (គ្មានទេម្ចាស់ដែលត្រូវគេគោរពសក្ការៈដ៏ពិតប្រាកដក្រៅពីអល់ឡោះ)។ តាមរយៈពាក្យនេះ ខ្ញុំនឹងធ្វើជាសាក្សីក្នុងការការពារឲ្យមានៅថ្ងៃបរលោក”។ គាត់បានតបថា៖ ប្រសិនបើខ្ញុំមិនខ្លាចពួកគូរ៉ស្ហស្តីបន្ទោសខ្ញុំដោយនិយាយថា៖ “ហេតុផលដែលគាត់ធ្វើនោះគឺគ្មានអ្វីក្រៅពីការភ័យខ្លាចឡើយ” នោះខ្ញុំប្រាកដជានឹងខ្ញុំនឹងធ្វើឱ្យអ្នកសប្បាយចិត្តដោយការនិយាយវាជាមិនខាន។ ពេលនោះ អល់ឡោះជាម្ចាស់ក៏បានបញ្ចុះអាយ៉ាត់៖ ﴿إِنَّكَ لَا تَهْدِي مَنْ أَحْبَبْتَ وَلَٰكِنَّ اللَّهَ يَهْدِي مَنْ يَشَاءُ﴾ [سورة القصص(56)] (មានន័យថា៖ ពិតប្រាកដណាស់ អ្នក(មូហាំម៉ាត់)មិនអាចចង្អុលបង្ហាញចំពោះអ្នកណាដែលអ្នកស្រឡាញ់បានឡើយ។ ក៏ប៉ុន្ដែអល់ឡោះទ្រង់ចង្អុលបង្ហាញចំពោះជនណាដែលទ្រង់មានចេតនា។)
ហាទីស្ហសហេស រាយការណ៍ដោយ មូស្លីម