Skip to content
839 ហាទីស

សព្វវចនាធិប្បាយហាទីសរបស់ព្យាការី

ត្រងលទ្ធផល

22 នៃ 839 កាត

លុបតម្រង
ពួកយើងធ្លាប់បានអង្គុយនៅក្នុងក្រុមមួយជាមួយនឹងរ៉ស៊ូលុលឡោះ ﷺ ហើយនៅជាមួយពួកយើងក៏មានអាពូហ្ពាកើរ និងអ៊ូមើរផងដែរ។ ពេលនោះ រ៉ស៊ូលុលឡោះ ﷺ ក៏បានក្រោកដើរចេញពីពួកយើង។ លោកបានចាកចេញពីពួកយើងយ៉ាងយូរ។ ហើយពួកយើងបារម្ភខ្លាចមានអ្វីកើតឡើងចំពោះលោក។ ពួកយើងមានការភ័យខ្លាច ហើយពួកយើងក៏បានក្រោកឡើងទៅរកលោក។ រូបខ្ញុំ គឺជាអ្នកដំបូងគេដែលភ័យខ្លាច។ ភ្លាមៗនោះ ខ្ញុំក៏បានចេញទៅស្វែងរករ៉ស៊ូលុលឡោះ ﷺ រហូតដល់ខ្ញុំបានទៅដល់ចម្ការមួយរបស់ពួកអាន់សរដែលមានរបងព័ទ្ធជុំវិញដែលជាកម្មសិទ្ធិរបស់អម្បូរអាន់ណាច់ជើរ។ ខ្ញុំបានដើរជុំវិញរបង ដោយសង្ឃឹមថាខ្ញុំនឹងអាចរកឃើញទ្វារចូល ប៉ុន្តែខ្ញុំរកមិនឃើញ។ វាមានតែប្រឡាយតូចចង្អៀត(ប្រឡាយទឹកតូចមួយ)ដែលចូលទៅក្នុងចម្ការតាមអណ្តូងខាងក្រៅ។ ខ្ញុំបានចូលទៅជួបរ៉ស៊ូលុលឡោះ ﷺ ។ លោកបានសួរថា៖ “អាពូហ៊ូរ៉យរ៉ោះ”? ខ្ញុំបានឆ្លើយថា៖ បាទ រ៉ស៊ូលុលឡោះ។ លោកបានសួរថា៖ “តើអ្នកមានបញ្ហាអ្វី”? គាត់បានឆ្លើយថា៖ លោកបានអង្គុយជាមួយនឹងពួកយើង។ ក្រោយមក លោកបានក្រោកចេញ និងបានចាកចេញពីពួកយើងយ៉ាងយូរ ហើយពួកយើងបារម្ភខ្លាចមានអ្វីកើតឡើងចំពោះលោក។ ពួកយើងមានការភ័យខ្លាច ហើយពួកយើងក៏បានក្រោកឡើងទៅរកលោក។ រូបខ្ញុំ គឺជាអ្នកដំបូងគេដែលភ័យខ្លាច ហើយខ្ញុំក៏បានមកដល់របងនេះ ហើយព្យាយាមលួចចូលដូចចចក ខណៈដែលមនុស្សទាំងនោះនៅពីក្រោយខ្ញុំ។ ពេលនោះ លោកបានមានប្រសាសន័ថា៖ “ឱអាពូហ៊ូរ៉យរ៉ោះ” ហើយលោកក៏បានឲ្យស្បែកជើងទាំងពីររបស់លោកមកខ្ញុំ។ លោកបានមានប្រសាសន៍ថា៖ “ចូរអ្នកទៅដោយនាំយកស្បែកជើងទាំងពីររបស់ខ្ញុំនេះទៅជាមួយ។ ជនណាក៏ដោយនៅពីក្រោយរបងនេះដែលអ្នកបានជួបដែលបានធ្វើសាក្សីថា “لَا إِلَهَ إِلَّا اللهُ” (គ្មានទេម្ចាស់ដែលត្រូវគោរពសក្ការៈដ៏ពិតប្រាកដ លើកលែងតែអល់ឡោះ)ដោយជឿប្រាកដក្នុងចិត្ត ចូរអ្នកផ្តល់ដំណឹងរីករាយដល់គេនូវឋានសួគ៌”។ អ្នកដែលខ្ញុំបានជួបមុនគេ គឺអ៊ូមើរ។ គាត់បានសួរថា៖ តើស្បែកជើងទាំងពីរនេះជាអ្វី? ខ្ញុំបានឆ្លើយថា៖ ទាំងពីរនេះ ជាស្បែកជើងរបស់រ៉ស៊ូលុលឡោះ ﷺ។ លោកចាត់តាំងខ្ញុំឲ្យនាំយកស្បែកជើងទាំងពីរនេះប្រាប់ដល់អ្នកដែលខ្ញុំបានជួបថា ជនណាដែលបានធ្វើសាក្សីថា “لَا إِلَهَ إِلَّا اللهُ” (គ្មានទេម្ចាស់ដែលត្រូវគោរពសក្ការៈដ៏ពិតប្រាកដ លើកលែងតែអល់ឡោះ)ដោយជឿប្រាកដក្នុងចិត្ត គឺខ្ញុំត្រូវផ្តល់ដំណឹងរីករាយដល់គេនូវឋានសួគ៌។ វាយដើមទ្រូងរបស់ខ្ញុំទាំងពីរដោយដៃរបស់គាត់រហូតដល់ខ្ញុំដួលទៅក្រោយ ហើយគាត់ក៏បាននិយាយថា៖ ឱអាពូហ៊ូរ៉យរ៉ោះ! ចូរអ្នកត្រឡប់ទៅវិញ។ ពេលនោះ ខ្ញុំក៏បានត្រឡប់ទៅជួបរ៉ស៊ូលុលឡោះ ﷺ វិញដោយទឹកមុខត្រៀមខ្លួនជាស្រេចដើម្បីយំខណៈពេលដែលអ៊ូមើរដើរតាមខ្ញុំពីក្រោយ។ នៅពេលនោះ រ៉ស៊ូលុលឡោះ ﷺ លោកបានសួរថា៖ “ឱអាពូហ៊ូរ៉យរ៉ោះ! តើអ្នកមានរឿងអ្វី”? ខ្ញុំបានឆ្លើយថា៖ ខ្ញុំបានជួបអ៊ូមើរ ហើយខ្ញុំបានប្រាប់គាត់នូវរឿងដែលលោកចាត់តាំងខ្ញុំទៅ។ ពេលនោះ អ៊ូមើរបានវាយដើមទ្រូងរបស់ខ្ញុំទាំងពីរដោយដៃរបស់គាត់រហូតដល់ខ្ញុំដួលទៅក្រោយ ។ លោកបានមានប្រសាសន៍ថា៖ ចូរអ្នកត្រឡប់ទៅវិញ។ រ៉ស៊ូលុលឡោះ ﷺ ក៏បានមានប្រសាសន៍ថា៖ “ឱអ៊ូមើរ! តើអ្វីដែលនាំឲ្យអ្នកធ្វើបែបនេះ”? គាត់បានឆ្លើយថា៖ ឱរ៉ស៊ូលុលឡោះ សូម្បីឪពុកម្តាយរបស់ខ្ញុំត្រូវលះបង់សម្រាប់អ្នក! ។ តើលោកចាត់តាំងអាពូហ៊ូរ៉យរ៉ោះដោយនាំទៅជាមួយនូវស្បែកជើងទាំងពីររបស់លោកឲ្យប្រាប់អ្នកដែលគេបានជួបថា ជនណាដែលបានធ្វើសាក្សីថា “لَا إِلَهَ إِلَّا اللهُ” (គ្មានទេម្ចាស់ដែលត្រូវគោរពសក្ការៈដ៏ពិតប្រាកដ លើកលែងតែអល់ឡោះ)ដោយជឿប្រាកដក្នុងចិត្ត គឺគេត្រូវផ្តល់ដំណឹងរីករាយដល់ជននោះនូវឋានសួគ៌ឬ? លោកបានឆ្លើយថា៖ “បាទ(ពិតមែនហើយ)”។ អ៊ូមើរបាននិយាយថា៖ ដូច្នេះ សូមលោកកុំធ្វើ(បែបនេះ) ពីព្រោះខ្ញុំបារម្ភខ្លាចមនុស្សផ្តេកផ្តួលលើវា។ ហេតុនេះ សូមលោកបណ្តោយពួកគេឲ្យសាងកុសលចុះ។ រ៉ស៊ូលុលឡោះ ﷺ បានមានប្រសាសន៍ថា៖ “ដូច្នេះ បណ្តោយពួកគេចុះ”។
ហាទីស្ហសហេស រាយការណ៍ដោយ មូស្លីម
ពិតណាស់ គាត់ធ្លាប់នៅជាមួយរ៉ស៊ូលុលឡោះ ﷺ ក្នុងការធ្វើដំណើរមួយចំនួនរបស់លោក។ គាត់បាននិយាយថា៖ រ៉ស៊ូលុលឡោះ ﷺ លោកបានបញ្ជូនអ្នកនាំសារម្នាក់ឲ្យទៅប្រកាសប្រាប់មនុស្សលោក (ខណៈដែលពួកគេកំពុងស្ថិតនៅកន្លែងគេងរបស់ពួកគេ)ថា៖ “មិនត្រូវទុកឲ្យមាននៅនឹងកសត្វអូដ្ឋនូវខ្សែកដែលធ្វើពីខ្សែធ្នូ ឬបន្តោងខ្សែអ្វីមួយឡើយ ប្រសិនបើមានគឺត្រូវកាត់វាចោល”។
ហាទីស្ហសហេស រាយការណ៍ដោយ អាល់ពូខរី និងមូស្លីម
ពិតណាស់ អ៊ុមមូសាឡាម៉ះ បានរៀបរាប់ប្រាប់រ៉ស៊ូលុលឡោះ ﷺ អំពីវិហារគ្រឹស្ទានមួយដែលនាងបានឃើញនៅប្រទេសអេត្យូពីដែលគេហៅថា ម៉ារីយ៉ះ។ នាងបានរៀបរាប់ប្រាប់លោកអំពីរូបភាពដែលនាងបានឃើញនៅក្នុងវិហារនោះ។ ពេលនោះ រ៉ស៊ូលុលឡោះ ﷺ លោកបានមានប្រសាសន៍ថា៖ “ពួកគេជាក្រុមមនុស្សដែលនៅពេលណាខ្ញុំបម្រើរបស់អល់ឡោះដ៏ល្អម្នាក់ ឬបុរសដ៏ល្អម្នាក់ក្នុងចំណោមពួកគេស្លាប់ទៅ គឺពួកគេសង់វិហារនៅលើផ្នូររបស់គាត់ និងគូររូបភាពទាំងនោះនៅក្នុងវិហារ។ ពួកទាំងនោះ គឺជាមនុស្សដ៏អាក្រក់បំផុតនៅចំពោះអល់ឡោះជាម្ចាស់”។
ហាទីស្ហសហេស រាយការណ៍ដោយ អាល់ពូខរី និងមូស្លីម
ខ្ញុំបានឮណាពី ﷺ លោកបានមានប្រសាសន៍ប្រាំថ្ងៃមុនពេលលោកទទួលមរណភាពថា៖ “ពិតប្រាកដណាស់ ខ្ញុំសូមប្រកាសអំពីភក្ដីភាពរបស់ខ្ញុំចំពោះអល់ឡោះ ដោយបដិសេធមិនទទួលយកអ្នកណាម្នាក់ជាទីស្រឡាញ់(ខលីល)ឡើយ។ ជាការពិតណាស់ អល់ឡោះជាម្ចាស់ទ្រង់បានជ្រើសរើសខ្ញុំធ្វើជាមនុស្សជាទីស្រឡាញ់(ខលីល) ដូចដែលទ្រង់បានជ្រើសរើសណាពីអ៊ីព្រហ៊ីមធ្វើជាមនុស្សជាទីស្រឡាញ់(របស់ទ្រង់)ដែរ។ ហើយប្រសិនបើខ្ញុំជ្រើសរើសយកមនុស្សម្នាក់ក្នុងចំណោមប្រជាជាតិរបស់ខ្ញុំធ្វើជាមនុស្សជាទីស្រឡាញ់(របស់ខ្ញុំ)នោះ ខ្ញុំប្រាកដជានឹងជ្រើសយកអាពូហ្ពាកើរធ្វើជាមនុស្សជាទីស្រឡាញ់ជាមិនខាន។ ជាការពិតណាស់ អ្នកជំនាន់មុនពួកអ្នក ពួកគេបានយកផ្នូររបស់បណ្តាណាពី និងកុសលបុគ្គលទាំងឡាយរបស់ពួកគេធ្វើជាម៉ាស្ជិត(ទីសក្ការៈ)។ តែពួកអ្នកមិនត្រូវយកផ្នូរទាំងឡាយធ្វើជាម៉ាស្ជិតឡើយ។ ពិតប្រាកដណាស់ ខ្ញុំសូមហាមឃាត់ពួកអ្នកពីការធ្វើដូច្នោះ”។
ហាទីស្ហសហេស រាយការណ៍ដោយ មូស្លីម
“គ្មានជំងឺណាឆ្លងដោយខ្លួនឯងឡើយ ហើយក៏គ្មានប្រផ្នូលពីសត្វស្លាបអ្វីដែរ។ ហើយខ្ញុំចូលចិត្ដសុទិដ្ឋិនិយម”។ គាត់បាននិយាយថា៖ មានគេសួរថា៖ តើអ្វីជាសុទិដ្ឋិនិយម? លោកបានឆ្លើយថា៖ “គឺពាក្យសម្ដីល្អ”។
ហាទីស្ហសហេស រាយការណ៍ដោយ អាល់ពូខរី និងមូស្លីម
“ពិតណាស់ អល់ឡោះជាម្ចាស់ទ្រង់បានហាមឃាត់ពួកអ្នកមិនឱ្យស្បថនឹងដូនតារបស់ខ្លួនឡើយ”។ អ៊ូមើរ បាននិយាយថា៖ សូមស្បថនឹងអល់ឡោះ! ខ្ញុំមិនដែលស្បថនឹងដូនតាឡើយចាប់តាំងពីខ្ញុំបានឮរ៉ស៊ូលុលឡោះ ﷺ លោកបានហាមឃាត់មក មិនថាដោយចេតនា មិនថាពាំនាំសម្តីពីអ្នកដទៃមក។
ហាទីស្ហសហេស រាយការណ៍ដោយ អាល់ពូខរី និងមូស្លីម