عربي - Arabic English Qafár af - Afar Afrikaans - Afrikanns Akan Shqip - Albanian አማርኛ - Amharic Հայերեն - Armenian অসমীয়া - Assamese Azərbaycanca - Azerbaijani Bamanankan - Bambara Bassa Bemba বাংলা - Bengali Bosanski - Bosnian Български - Bulgarian မြန်မာဘာသာ - Burmese Bisaya - Cebuano Cham Нохчий - Chechen chiCheŵa - Chewa 中文 - Chinese Адыгэбзэ - Circassian Hrvatski - Croatian Česky - Czech Dagbani Dansk - Danish فارسی دری - Dari Dendi ދިވެހި ބަސް - Dhivehi Nederlands - Dutch إستوني - Estonian Suomi - Finnish Français - French Fulfulde - Fula ქართული - Georgian Deutsch - German Ελληνικά - Greek ગુજરાતી - Gujrati Kreyòl ayisyen - Haitian Creole Hausa हिन्दी - Hindi Magyar - Hungarian Igbo Indonesia - Indonesian Italiano - Italian 日本語 - Japanese Jóola - Jola ಕನ್ನಡ - Kannada Қазақша - Kazakh ភាសាខ្មែរ - Khmer Kikuyu Ikinyarwanda - Kinyarwanda Ikirundi - Kirundi 한국어 - Korean كوردی سۆرانی - kurdish كوردي kurmancî - Kurmanji Kyrgyz ລາວ - Lao latviešu - Latvian Lingala lietuvių - Lithuanian Luganda Македонски - Macedonian Maguindanaon Malagasy - Malagasy Bahasa Melayu - Malay മലയാളം - Malayalam Mandinka मराठी - Marathi Mõõré - Moore नेपाली - Nepali أنكو - NKo Norwegian ଓଡ଼ିଆ - Odia oromoo - Oromo پښتو - Pashto فارسی - Persian Polski - Polish Portuguese ਪੰਜਾਬੀ - Punjabi Română - Romanian Русский - Russian Српски - Serbian Shona සිංහල - Sinhala Slovenščina - Slovenian Soomaaliga - Somali Soninke Sesotho - Sotho Español - Spanish Kiswahili - Swahili Svenska - Swedish Tagalog Тоҷикӣ - Tajik தமிழ் - Tamil తెలుగు - Telugu ไทย - Thai ትግረኛ - Tigrinya Türkçe - Turkish Ukrainian اردو - Urdu ئۇيغۇرچە - Uyghur Ўзбек - Uzbek Việt Nam - Vietnamese Wolof Yao Yorùbá - Yoruba Zarma زولو - Zulu
839 ហាទីស
សព្វវចនាធិប្បាយហាទីសរបស់ព្យាការី
ប្រភេទ
កម្រិតហាទីស
រាយការណ៍ក្នុង
អ្នករាយការណ៍
បង្ហាញអ្នករាយការណ៍ទាំងអស់ (30)
“នៅពេលដែលអល់ឡោះជាម្ចាស់បានបង្កើតឋានសួគ៌ និងឋាននរក ទ្រង់បានបញ្ជូនម៉ាឡាអ៊ីកាត់ជីព្រីល អាឡៃហ៊ិស្សាឡាម ទៅកាន់ឋានសួគ៌ ហើយទ្រង់បានមានបន្ទូលថា៖ “ចូរអ្នកមើលទៅកាន់ឋានសួគ៌ និង(មើល)ទៅកាន់អ្វីដែលយើងបានរៀបចំនៅក្នុងវាសម្រាប់អ្នកចូលឋានសួគ៌”។ ពេលនោះ ម៉ាឡាអ៊ីកាត់ជីព្រីលក៏បានមើលទៅកាន់ឋានសួគ៌ រួចក៏ត្រឡប់មកវិញ ហើយនិយាយថា៖ “សូមស្បថនឹងភាពខ្ពង់ខ្ពស់របស់ទ្រង់! គ្មាននរណាម្នាក់ដែលបានឮអំពីវា(ឋានសួគ៌)នោះឡើយ លើកលែងតែរូបគេនឹងបានចូលវា”។ ពេលនោះ ទ្រង់បានបញ្ជាឲ្យព័ទ្ធជុំវិញឋានសួគ៌នោះដោយប្រការដែលគេមិនពេញចិត្ត រួចទ្រង់បានមានបន្ទូល(ទៅកាន់ជីព្រីល)ថា៖ “ចូរអ្នកត្រឡប់ទៅមើលវា(ឋានសួគ៌)ម្តងទៀត និង(មើល)ទៅកាន់អ្វីដែលយើងបានរៀបចំនៅក្នុងវាសម្រាប់អ្នកចូលឋានសួគ៌”។ ពេលនោះ ជីព្រីលក៏មើលទៅកាន់ឋានសួគ៌ ខណៈដែលវាត្រូវបានព័ទ្ធជុំវិញដោយប្រការដែលគេមិនពេញចិត្ត។ គាត់ក៏បាននិយាយថា៖ “សូមស្បថនឹងភាពខ្ពង់ខ្ពស់របស់ទ្រង់! ខ្ញុំពិតជាបារម្ភខ្លាចក្រែងគ្មាននរណាម្នាក់បានចូលវា(ឋានសួគ៌)ឡើយ”។ ទ្រង់បានមានបន្ទូលថា៖ “ចូរអ្នកទៅមើលឋាននរក និង(មើល)ទៅកាន់អ្វីដែលយើងបានរៀបចំនៅក្នុងវាសម្រាប់អ្នកចូលឋាននរកនោះ”។ ពេលនោះ ជីព្រីលក៏មើលទៅកាន់ឋាននរកដែលវាត្រូវបានរៀបជាជង់លើគ្នា រួចក៏ត្រឡប់មកវិញ ហើយនិយាយថា៖ “សូមស្បថនឹងភាពខ្ពង់ខ្ពស់របស់ទ្រង់! គ្មាននរណាម្នាក់នឹងចូលវាឡើយ”។ ពេលនោះ អល់ឡោះជាម្ចាស់ទ្រង់បានបញ្ជាឲ្យគេព័ទ្ធជុំវិញឋាននរកដោយចំណង់តណ្ហា រួចទ្រង់បានមានបន្ទូល(ទៅកាន់ជីព្រីល)ថា៖ “ចូរអ្នកត្រឡប់ទៅមើលវា(ឋាននរក)ម្តងទៀត”។ ពេលនោះ ជីព្រីលក៏បានមើលទៅកាន់ឋាននរកនោះ ខណៈដែលវាត្រូវបានព័ទ្ធជុំវិញដោយចំណង់តណ្ហា។ ក្រោយមក គាត់ក៏ត្រឡប់មកវិញ ហើយនិយាយថា៖ “សូមស្បថនឹងភាពខ្ពង់ខ្ពស់របស់ទ្រង់! ខ្ញុំពិតជាបារម្ភខ្លាចក្រែងគ្មាននរណាម្នាក់អាចរួចផុតពីការចូលវា(ឋាននរក)ឡើយ”។
ហាទីស្ហហាសាន់ រាយការណ៍ដោយ អាពូហ្ទាវូទ អាត់តៀរមីហ្ស៊ី និងអាន់ណាសាអ៊ី
“ឱពីឡាល! សូមអ្នកប្រាប់ខ្ញុំពីទង្វើមួយដែលអ្នកបានសាងនៅក្នុងសាសនាអ៊ីស្លាមដែលអ្នកសង្ឃឹមបំផុតចំពោះវា ព្រោះខ្ញុំបានឮសំឡេងស្បែកជើងរបស់អ្នកនៅខាងមុខខ្ញុំក្នុងឋានសួគ៌”។ គាត់បានឆ្លើយថា៖ ខ្ញុំមិនបានសាងទង្វើណាមួយដែលជាទីសង្ឃឹមបំផុតសម្រាប់ខ្ញុំ ក្រៅពីរាល់ពេលដែលខ្ញុំយកវូហ្ទុ មិនថាពេលយប់ ឬពេលថ្ងៃ ខ្ញុំតែងសឡាតនឹងវូហ្ទុនោះនូវអ្វីដែលគេបានកត់ត្រាឲ្យខ្ញុំសឡាតនោះឡើយ។
ហាទីស្ហសហេស រាយការណ៍ដោយ អាល់ពូខរី និងមូស្លីម
“ថ្ងៃបរលោកនឹងមិនកើតឡើងឡើយ លុះត្រាតែមានបុរសម្នាក់ដើរកាត់ផ្នូររបស់បុរសម្នាក់ទៀត ហើយនិយាយថា៖ ឱអនិច្ចា! ប្រសិនបើខ្ញុំស្ថិតនៅកន្លែងរបស់គេ”។
ហាទីស្ហសហេស រាយការណ៍ដោយ អាល់ពូខរី និងមូស្លីម
“បុគ្គលណាពន្យារពេលសងបំណុលដល់អ្នកទីទ័លក្រ ឬលើកលែងបំណុលឲ្យគេ អល់ឡោះជាម្ចាស់នឹងឲ្យគាត់បាននៅក្រោមម្លប់អារ៉ស្ហរបស់ទ្រង់នៅថ្ងៃដែលគ្មានម្លប់ណាផេ្សងក្រៅពីម្លប់របស់ទ្រង់ឡើយ”។
ហាទីស្ហសហេស រាយការណ៍ដោយ អាត់តៀរមីហ្ស៊ី និងអះម៉ាត់
“ភ្លើងដែលពួកអ្នកប្រើសព្វថ្ងៃនេះ ត្រឹមតែមួយភាគនៃចិតសិបភាគរបស់ភ្លើងនរកជើហាន់ណាំប៉ុណ្ណោះ”។ មានគេសួរថា៖ ឱរ៉ស៊ូលុលឡោះ! គ្រាន់តែក្តៅត្រឹមភ្លើងធម្មតានេះ គឺគ្រប់គ្រាន់ណាស់ទៅហើយ។ លោកបានតបថា៖ “គេបន្ថែមកម្តៅភ្លើងនរកឲ្យក្តៅលើសភ្លើងធម្មតាហុកសិបប្រាំបួនភាគ ហើយរាល់កំដៅមួយភាគនៃហុកសិបប្រាំបួនភាគរបស់ភ្លើងនរកនោះ ស្មើនឹងកំដៅភ្លើងនៅលោកិយយើងនេះ”។
ហាទីស្ហសហេស រាយការណ៍ដោយ អាល់ពូខរី និងមូស្លីម
“ពិតប្រាកដណាស់ ក្រុមទីមួយដែលចូលឋានសួគ៌មុនគេ គឺមានពន្លឺដូចជាព្រះចន្ទពេញបូណ៌មី។ បន្ទាប់មក អ្នកដែលស្ថិតនៅក្នុងលំដាប់បន្ទាប់ពីពួកគេ គឺដូចជាតារាដែលមានពន្លឺភ្លឺជាងគេនៅលើមេឃ។ ពួកគេមិនបត់ជើងតូច មិនបត់ជើងធំ មិនស្ដោះទឹកមាត់ និងមិនមានសំបោរឡើយ។ ក្រាស់របស់ពួកគេធ្វើអំពីមាស។ ញើសរបស់ពួកគេមានក្លិនក្រអូបដូចទឹកអប់។ គ្រឿងក្រអូបរបស់ពួកគេ គឺជាអាឡូហ្វះ(ឈើក្រអូប)។ ភរិយារបស់ពួកគេ គឺហ៊ូរុលអ៊ីន(ទេពអប្សរដែលបរិសុទ្ធ)។ ពួកគេមានរូបរាងដូចជាបុរសម្នាក់ គឺដូចជាឪពុករបស់ពួកគេ អាហ្ទាំ ដែលមានកម្ពស់ហុកសិបហត្ថ”។
ហាទីស្ហសហេស រាយការណ៍ដោយ អាល់ពូខរី និងមូស្លីម
“ខ្ញុំជាចៅហ្វាយនៃមនុស្សលោកទាំងឡាយនៅថ្ងៃបរលោក។ តើពួកអ្នកដឹងទេថា ហេតុអ្វីទៅ? អល់ឡោះជាម្ចាស់នឹងប្រមូលផ្តុំមនុស្សជំនាន់មុន និងមនុស្សជំនាន់ក្រោយនៅកន្លែងតែមួយ ដែលពួកគេទាំងអស់គ្នានឹងឮអ្នកដែលប្រកាសហៅពួកគេ ហើយពួកគេនឹងត្រូវបានគេមើលឃើញយ៉ាងច្បាស់។ ព្រះអាទិត្យចុះមកនៅទាប ដែលធ្វើឲ្យមនុស្សទទួលនូវទុក្ខព្រួយ និងទុក្ខលំបាកដែលពួកគេមិនអាចទ្រាំទ្របាន។ មនុស្សទាំងឡាយក៏និយាយថា៖ តើពួកអ្នកមិនឃើញទេឬនូវអ្វីដែលពួកអ្នកកំពុងជួបប្រទះនោះ? តើពួកអ្នកមិនរកមើលអ្នកដែលអាចជួយអន្តរាគមន៍ដល់ពួកអ្នកទៅកាន់ព្រះជាម្ចាស់របស់ពួកអ្នកទេឬ? ពេលនោះ មនុស្សមួយចំនួននឹងនិយាយទៅកាន់គ្នាថា៖ ចូរពួកអ្នកទៅរកណាពីអាហ្ទាំទៅ។ ពួកគេក៏ទៅរកណាពីអាហ្ទាំ អាឡៃហ៊ិស្សាឡាម ហើយនិយាយទៅកាន់គាត់ថា៖ លោកគឺជាបិតានៃមនុស្សជាតិ។ អល់ឡោះជាម្ចាស់ទ្រង់បានបង្កើតលោកដោយព្រះហត្ថរបស់ទ្រង់ផ្ទាល់ និងបានផ្លុំវិញ្ញាណរបស់ទ្រង់ចូលទៅក្នុងខ្លួនលោក ហើយបានប្រើម៉ាឡាអ៊ីកាត់ទាំងឡាយ(ឲ្យស៊ូជោតទៅចំពោះលោក) រួចពួកគេក៏បានស៊ូជោតទៅចំពោះលោក។ សូមលោកជួយអន្តរាគមន៍ដល់ពួកយើងទៅកាន់ព្រះជាម្ចាស់របស់លោកផង។ តើលោកមិនឃើញទេឬថា ពួកយើងកំពុងស្ថិតក្នុងស្ថានភាពបែបណា? តើលោកមិនឃើញនូវអ្វីដែលពួកយើងកំពុងជួបប្រទះទេឬ? ពេលនោះ ណាពីអាហ្ទាំបានតបថា៖ ពិតប្រាកដណាស់ នៅថ្ងៃនេះ ព្រះជាម្ចាស់របស់ខ្ញុំទ្រង់ពិតជាខ្ញាល់ខ្លាំងណាស់ដែលទ្រង់មិនដែលខ្ញាល់បែបនេះពីមុនមកឡើយ ហើយក៏នឹងមិនខ្ញាល់បែបនេះទៀតបន្ទាប់ពីនេះនោះដែរ។ ពិតប្រាកដណាស់ ទ្រង់បានហាមខ្ញុំមិនឱ្យបរិភោគពីដើមឈើនោះ តែខ្ញុំបានប្រព្រឹត្តល្មើសនឹងទ្រង់។ ខ្លួនខ្ញុំ! ខ្លួនខ្ញុំ! ខ្លួនខ្ញុំអើយ! សូមពួកអ្នកទៅរកអ្នកផ្សេងចុះ។ សូមពួកអ្នកទៅរកណាពីនួហចុះ។
ពេលនោះ ពួកគេក៏ទៅរកណាពីនួហ ហើយនិយាយថា៖ ឱនួហ! លោកគឺជាអ្នកនាំសារដំបូងគេបង្អស់ទៅកាន់មនុស្សលោក។ ពិតណាស់ អល់ឡោះជាម្ចាស់បានឲ្យឈ្មោះលោកថា ជាខ្ញុំបម្រើដ៏ដឹងគុណម្នាក់។ សូមលោកជួយអន្តរាគមន៍ដល់ពួកយើងទៅកាន់ព្រះជាម្ចាស់របស់លោកផង។ តើលោកមិនឃើញទេឬថា ពួកយើងកំពុងស្ថិតក្នុងស្ថានភាពបែបណា? គាត់បានតបថា៖ ពិតប្រាកដណាស់ នៅថ្ងៃនេះ ព្រះជាម្ចាស់របស់ខ្ញុំទ្រង់ពិតជាខ្ញាល់ខ្លាំងណាស់ដែលទ្រង់មិនដែលខ្ញាល់បែបនេះពីមុនមកឡើយ ហើយក៏នឹងមិនខ្ញាល់បែបនេះទៀតបន្ទាប់ពីនេះនោះដែរ។ ពិតណាស់ គេបានផ្ដល់ឲ្យខ្ញុំនូវការបួងសួងមួយដែលគេទទួលយក ហើយខ្ញុំបានបួងសួងវាឲ្យអន្ដរាយដល់ក្រុមរបស់ខ្ញុំ។ ខ្លួនខ្ញុំ! ខ្លួនខ្ញុំ! ខ្លួនខ្ញុំអើយ! សូមពួកអ្នកទៅរកអ្នកផ្សេងចុះ។ សូមពួកអ្នកទៅរកណាពីអ៊ីព្រហ៊ីមចុះ។
ពេលនោះ ពួកគេក៏ទៅរកណាពីអ៊ីព្រហ៊ីម ហើយនិយាយថា៖ ឱអ៊ីព្រហ៊ីម! លោកគឺជាណាពីរបស់អល់ឡោះ និងជាអ្នកជំនិតរបស់ទ្រង់ក្នុងចំណោមអ្នកនៅលើផែនដី។ សូមលោកជួយអន្តរាគមន៍ដល់ពួកយើងទៅកាន់ព្រះជាម្ចាស់របស់លោកផង។ តើលោកមិនឃើញទេឬថា ពួកយើងកំពុងស្ថិតក្នុងស្ថានភាពបែបណា? គាត់បានតបទៅកាន់ពួកគេថា៖ ពិតប្រាកដណាស់ នៅថ្ងៃនេះ ព្រះជាម្ចាស់របស់ខ្ញុំទ្រង់ពិតជាខ្ញាល់ខ្លាំងណាស់ដែលទ្រង់មិនដែលខ្ញាល់បែបនេះពីមុនមកឡើយ ហើយក៏នឹងមិនខ្ញាល់បែបនេះទៀតបន្ទាប់ពីនេះនោះដែរ។ ពិតណាស់ ខ្ញុំធ្លាប់និយាយកុហកបីដង។ ខ្លួនខ្ញុំ! ខ្លួនខ្ញុំ! ខ្លួនខ្ញុំអើយ! សូមពួកអ្នកទៅរកអ្នកផ្សេងចុះ។ សូមពួកអ្នកទៅរកណាពីមូសាចុះ។
ពួកគេក៏ទៅរកណាពីមូសា ហើយនិយាយថា៖ ឱមូសា! លោកគឺជាអ្នកនាំសាររបស់អល់ឡោះ។ អល់ឡោះជាម្ចាស់បានលើកតម្កើងលោកតាមរយៈសាររបស់ទ្រង់ និងការនិយាយផ្ទាល់ជាមួយទ្រង់លើសពីមនុស្សដទៃ។ សូមលោកជួយអន្តរាគមន៍ដល់ពួកយើងទៅកាន់ព្រះជាម្ចាស់របស់លោកផង។ តើលោកមិនឃើញទេឬថា ពួកយើងកំពុងស្ថិតក្នុងស្ថានភាពបែបណា? គាត់បានតបថា៖ ពិតប្រាកដណាស់ នៅថ្ងៃនេះ ព្រះជាម្ចាស់របស់ខ្ញុំទ្រង់ពិតជាខ្ញាល់ខ្លាំងណាស់ដែលទ្រង់មិនដែលខ្ញាល់បែបនេះពីមុនមកឡើយ ហើយក៏នឹងមិនខ្ញាល់បែបនេះទៀតបន្ទាប់ពីនេះនោះដែរ។ ពិតណាស់ ខ្ញុំធ្លាប់បានសម្លាប់មនុស្សម្នាក់ដែលគេមិនបានបញ្ជាខ្ញុំឱ្យសម្លាប់ឡើយ។ ខ្លួនខ្ញុំ! ខ្លួនខ្ញុំ! ខ្លួនខ្ញុំអើយ! សូមពួកអ្នកទៅរកអ្នកផ្សេងចុះ។ សូមពួកអ្នកទៅរកណាពីអ៊ីសា កូនប្រុសរបស់ ម៉ារយ៉ាំ ចុះ។
ពេលនោះ ពួកគេក៏ទៅរកណាពីអ៊ីសា ហើយនិយាយថា៖ ឱអ៊ីសា! លោកគឺជាអ្នកនាំសាររបស់អល់ឡោះ និងជាបន្ទូលរបស់ទ្រង់ដែលទ្រង់បានបញ្ជូនទៅកាន់ម៉ារយ៉ាំ និងជាវិញ្ញាណពីទ្រង់។ លោកបាននិយាយទៅកាន់មនុស្សតាំងពីពេលនៅក្នុងអង្រឹងជាទារក។ សូមលោកជួយអន្តរាគមន៍ដល់ពួកយើងទៅកាន់ព្រះជាម្ចាស់របស់លោកផង។ តើលោកមិនឃើញទេឬថា ពួកយើងកំពុងស្ថិតក្នុងស្ថានភាពបែបណា? ណាពីអ៊ីសាបានតបថា៖ ពិតប្រាកដណាស់ នៅថ្ងៃនេះ ព្រះជាម្ចាស់របស់ខ្ញុំទ្រង់ពិតជាខ្ញាល់ខ្លាំងណាស់ដែលទ្រង់មិនដែលខ្ញាល់បែបនេះពីមុនមកទាល់តែសោះ ហើយក៏នឹងមិនខ្ញាល់បែបនេះទៀតបន្ទាប់ពីនេះនោះដែរ។ គាត់មិនបានរំលឹកពីបាបកម្មណាមួយឡើយ។ ខ្លួនខ្ញុំ! ខ្លួនខ្ញុំ! ខ្លួនខ្ញុំអើយ! សូមពួកអ្នកទៅរកអ្នកផ្សេងចុះ។ សូមពួកអ្នកទៅរកណាពីមូហាំម៉ាត់ចុះ។
ពួកគេក៏ទៅរកណាពីមូហាំម៉ាត់ ហើយនិយាយថា៖ ឱមូហាំម៉ាត់! លោកគឺជាអ្នកនាំសាររបស់អល់ឡោះ និងជាណាពីចុងក្រោយបង្អស់។ អល់ឡោះពិតជាបានអភ័យទោសឱ្យលោកចំពោះបាបកម្មដែលលោកបានសាងកន្លងមក និងបាបកម្មដែលលោកមិនទាន់បានសាង។ សូមលោកជួយអន្តរាគមន៍ដល់ពួកយើងទៅកាន់ព្រះជាម្ចាស់របស់លោកផង។ តើលោកមិនឃើញទេឬថា ពួកយើងកំពុងស្ថិតក្នុងស្ថានភាពបែបណា? នៅពេលនោះ ខ្ញុំ(ណាពីមូហាំម៉ាត់)បានដើរទៅក្រោមអារ៉ស្ហ ហើយខ្ញុំបានក្រាបស៊ូជោតទៅចំពោះព្រះជាម្ចាស់របស់ខ្ញុំ។ បន្ទាប់មក អល់ឡោះទ្រង់បើកឱ្យខ្ញុំនូវការថ្លែងសរសើរទៅចំពោះទ្រង់ និងពាក្យកោតសរសើរដ៏ល្អទៅចំពោះទ្រង់ដែលទ្រង់មិនធ្លាប់បានបើកឱ្យនរណាម្នាក់មុនខ្ញុំឡើយ។ បន្ទាប់មក មានគេនិយាយថា៖ ឱមូហាំម៉ាត់! សូមអ្នកងើបក្បាលឡើង។ ចូរអ្នកសុំចុះ នោះគេនឹងផ្តល់វាដល់អ្នក។ ចូរអ្នកអន្តរាគមន៍ចុះ គេនឹងឲ្យអ្នកជួយអន្តរាគមន៍។ ពេលនោះ ខ្ញុំក៏ងើបក្បាលឡើង ហើយនិយាយថា៖ ប្រជាជាតិរបស់ខ្ញុំ! ឱព្រះជាម្ចាស់! ប្រជាជាតិរបស់ខ្ញុំ! ឱព្រះជាម្ចាស់! ប្រជាជាតិរបស់ខ្ញុំ! ឱព្រះជាម្ចាស់! នៅពេលនោះ មានគេនិយាយថា៖ ឱមូហាំម៉ាត់! ចូរអ្នកបញ្ចូលប្រជាជាតិរបស់អ្នកដែលគ្មានការជំនុំជម្រះ តាមទ្វារខាងស្តាំនៃទ្វារឋានសួគ៌ ហើយពួកគេក៏មានសិទ្ធិដូចមនុស្សឯទៀតនៅឯទ្វារស្ថានសួគ៌ផេ្សងៗទៀតដែរ។ បន្ទាប់មក លោកបានមានប្រសាសន៍ថា៖ សូមស្បថនឹងអ្នកដែលជីវិតខ្ញុំស្ថិតនៅក្នុងកណ្តាប់ដៃរបស់ទ្រង់! ចន្លោះរវាងច្រកទ្វារទាំងពីរនៃទ្វារឋានសួគ៌ គឺប្រៀបដូចជាចន្លោះរវាងក្រុងម៉ាក្កះ និងក្រុងហ៊ីមយ៉ារ ឬដូចជាចន្លោះរវាងក្រុងម៉ាក្កះ និងក្រុងពុសរ៉ ដូច្នោះឯង”។
ហាទីស្ហសហេស រាយការណ៍ដោយ អាល់ពូខរី និងមូស្លីម
“ជនណាបានបំពានលើបងប្អូនរបស់ខ្លួន មិនថាកិត្តិយស ឬអ្វីមួយ ចូរឲ្យជននោះសុំការអភ័យទោសពីគេវិញនៅថ្ងៃនេះ មុនពេលដែលលែងមាន(លុយកាក់ ដូចជា)ទីណារ ឬទៀរហាំ។ ប្រសិនបើជននោះមានទង្វើល្អ គេនឹងយក(ទង្វើល្អ)ពីជននោះតាមកម្រិតនៃការបំពានរបស់ជននោះ។ ហើយប្រសិនបើជននោះគ្មានទង្វើល្អទេ គេនឹងយកបាបកម្មរបស់អ្នកដែលត្រូវជននោះបំពានដាក់ឲ្យជននោះរែកពន់”។
ហាទីស្ហសហេស រាយការណ៍ដោយ អាល់ពូខរី