عربي - Arabic English Qafár af - Afar Afrikaans - Afrikanns Akan Shqip - Albanian አማርኛ - Amharic Հայերեն - Armenian অসমীয়া - Assamese Azərbaycanca - Azerbaijani Bamanankan - Bambara Bassa Bemba বাংলা - Bengali Bosanski - Bosnian Български - Bulgarian မြန်မာဘာသာ - Burmese Bisaya - Cebuano Cham Нохчий - Chechen chiCheŵa - Chewa 中文 - Chinese Адыгэбзэ - Circassian Hrvatski - Croatian Česky - Czech Dagbani Dansk - Danish فارسی دری - Dari Dendi ދިވެހި ބަސް - Dhivehi Nederlands - Dutch إستوني - Estonian Suomi - Finnish Français - French Fulfulde - Fula ქართული - Georgian Deutsch - German Ελληνικά - Greek ગુજરાતી - Gujrati Kreyòl ayisyen - Haitian Creole Hausa हिन्दी - Hindi Magyar - Hungarian Igbo Indonesia - Indonesian Italiano - Italian 日本語 - Japanese Jóola - Jola ಕನ್ನಡ - Kannada Қазақша - Kazakh ភាសាខ្មែរ - Khmer Kikuyu Ikinyarwanda - Kinyarwanda Ikirundi - Kirundi 한국어 - Korean كوردی سۆرانی - kurdish كوردي kurmancî - Kurmanji Kyrgyz ລາວ - Lao latviešu - Latvian Lingala lietuvių - Lithuanian Luganda Македонски - Macedonian Maguindanaon Malagasy - Malagasy Bahasa Melayu - Malay മലയാളം - Malayalam Mandinka मराठी - Marathi Mõõré - Moore नेपाली - Nepali أنكو - NKo Norwegian ଓଡ଼ିଆ - Odia oromoo - Oromo پښتو - Pashto فارسی - Persian Polski - Polish Portuguese ਪੰਜਾਬੀ - Punjabi Română - Romanian Русский - Russian Српски - Serbian Shona සිංහල - Sinhala Slovenščina - Slovenian Soomaaliga - Somali Soninke Sesotho - Sotho Español - Spanish Kiswahili - Swahili Svenska - Swedish Tagalog Тоҷикӣ - Tajik தமிழ் - Tamil తెలుగు - Telugu ไทย - Thai ትግረኛ - Tigrinya Türkçe - Turkish Ukrainian اردو - Urdu ئۇيغۇرچە - Uyghur Ўзбек - Uzbek Việt Nam - Vietnamese Wolof Yao Yorùbá - Yoruba Zarma زولو - Zulu
839 ហាទីស
សព្វវចនាធិប្បាយហាទីសរបស់ព្យាការី
ប្រភេទ
កម្រិតហាទីស
រាយការណ៍ក្នុង
អ្នករាយការណ៍
បង្ហាញអ្នករាយការណ៍ទាំងអស់ (22)
រ៉ស៊ូលុលឡោះ ﷺ ដែលជាអ្នកសច្ចៈទៀងត្រង់ និងជាអ្នកត្រូវបានគេជឿជាក់បានមានប្រសាសន៍ប្រាប់ពួកយើងថា៖ “ពិតប្រាកដណាស់ ម្នាក់ៗនៃពួកអ្នកត្រូវបានគេប្រមូលផ្ដុំកំណើតនៅក្នុងផ្ទៃម្ដាយរបស់ខ្លួនរយៈពេលសែសិបថ្ងៃ(ដំបូង ជាតំណក់ទឹកកាម)។ បន្ទាប់មក ក្លាយជាដុំឈាមក្នុងរយៈពេលដូចគ្នា។ បន្ទាប់មកទៀត ក្លាយជាដុំសាច់ក្នុងរយៈពេលដូចគ្នា។ ក្រោយមក គេ(អល់ឡោះ)បានចាត់តាំងម៉ាឡាអ៊ីកាត់ម្នាក់ទៅកាន់គភ៌នោះដោយគេប្រើឲ្យកត់ត្រានូវបួនប្រការ។ ពេលនោះ ម៉ាឡាអ៊ីកាត់ក៏កត់ត្រានូវលាភសក្ការៈរបស់គេ អាយុជីវិតរបស់គេ ទង្វើរបស់គេ និងសំណាងល្អ(ចូលឋានសួគ៌) ឬសំណាងអាក្រក់(ចូលឋាននរក)។ បន្ទាប់មកទៀត ម៉ាឡាអ៊ីកាត់ក៏ផ្លុំវិញ្ញាណទៅក្នុងគភ៌នោះ។ ជាការពិតណាស់ អ្នកខ្លះខំធ្វើទង្វើល្អដែលជាទង្វើអ្នកឋានសួគ៌ រហូតដល់(ជិតបានចូលឋានសួគ៌ទៅហើយ)នៅសល់តែមួយហត្ថទៀតប៉ុណ្ណោះ។ ប៉ុន្ដែដោយសារគេបានកត់ត្រារួច គាត់ក៏ត្រឡប់ទៅធ្វើទង្វើអាក្រក់ដែលជាទង្វើអ្នកឋាននរកវិញ ហើយគាត់ក៏ចូលឋាននរកទៅ។ ចំណែកឯអ្នកខ្លះទៀតខំធ្វើទង្វើអាក្រក់ដែលជាទង្វើអ្នកឋាននរក រហូតដល់(ជិតចូលឋាននរកទៅហើយ)នៅសល់តែមួយហត្ថទៀតប៉ុណ្ណោះ។ ប៉ុន្ដែដោយសារគេបានកត់ត្រារួច គាត់ក៏ត្រឡប់ទៅធ្វើទង្វើល្អដែលជាទង្វើអ្នកឋានសួគ៌វិញ ហើយក៏បានចូលឋានសួគ៌ទៅ”។
ហាទីស្ហសហេស រាយការណ៍ដោយ អាល់ពូខរី និងមូស្លីម
“ខ្ញុំជាចៅហ្វាយនៃមនុស្សលោកទាំងឡាយនៅថ្ងៃបរលោក។ តើពួកអ្នកដឹងទេថា ហេតុអ្វីទៅ? អល់ឡោះជាម្ចាស់នឹងប្រមូលផ្តុំមនុស្សជំនាន់មុន និងមនុស្សជំនាន់ក្រោយនៅកន្លែងតែមួយ ដែលពួកគេទាំងអស់គ្នានឹងឮអ្នកដែលប្រកាសហៅពួកគេ ហើយពួកគេនឹងត្រូវបានគេមើលឃើញយ៉ាងច្បាស់។ ព្រះអាទិត្យចុះមកនៅទាប ដែលធ្វើឲ្យមនុស្សទទួលនូវទុក្ខព្រួយ និងទុក្ខលំបាកដែលពួកគេមិនអាចទ្រាំទ្របាន។ មនុស្សទាំងឡាយក៏និយាយថា៖ តើពួកអ្នកមិនឃើញទេឬនូវអ្វីដែលពួកអ្នកកំពុងជួបប្រទះនោះ? តើពួកអ្នកមិនរកមើលអ្នកដែលអាចជួយអន្តរាគមន៍ដល់ពួកអ្នកទៅកាន់ព្រះជាម្ចាស់របស់ពួកអ្នកទេឬ? ពេលនោះ មនុស្សមួយចំនួននឹងនិយាយទៅកាន់គ្នាថា៖ ចូរពួកអ្នកទៅរកណាពីអាហ្ទាំទៅ។ ពួកគេក៏ទៅរកណាពីអាហ្ទាំ អាឡៃហ៊ិស្សាឡាម ហើយនិយាយទៅកាន់គាត់ថា៖ លោកគឺជាបិតានៃមនុស្សជាតិ។ អល់ឡោះជាម្ចាស់ទ្រង់បានបង្កើតលោកដោយព្រះហត្ថរបស់ទ្រង់ផ្ទាល់ និងបានផ្លុំវិញ្ញាណរបស់ទ្រង់ចូលទៅក្នុងខ្លួនលោក ហើយបានប្រើម៉ាឡាអ៊ីកាត់ទាំងឡាយ(ឲ្យស៊ូជោតទៅចំពោះលោក) រួចពួកគេក៏បានស៊ូជោតទៅចំពោះលោក។ សូមលោកជួយអន្តរាគមន៍ដល់ពួកយើងទៅកាន់ព្រះជាម្ចាស់របស់លោកផង។ តើលោកមិនឃើញទេឬថា ពួកយើងកំពុងស្ថិតក្នុងស្ថានភាពបែបណា? តើលោកមិនឃើញនូវអ្វីដែលពួកយើងកំពុងជួបប្រទះទេឬ? ពេលនោះ ណាពីអាហ្ទាំបានតបថា៖ ពិតប្រាកដណាស់ នៅថ្ងៃនេះ ព្រះជាម្ចាស់របស់ខ្ញុំទ្រង់ពិតជាខ្ញាល់ខ្លាំងណាស់ដែលទ្រង់មិនដែលខ្ញាល់បែបនេះពីមុនមកឡើយ ហើយក៏នឹងមិនខ្ញាល់បែបនេះទៀតបន្ទាប់ពីនេះនោះដែរ។ ពិតប្រាកដណាស់ ទ្រង់បានហាមខ្ញុំមិនឱ្យបរិភោគពីដើមឈើនោះ តែខ្ញុំបានប្រព្រឹត្តល្មើសនឹងទ្រង់។ ខ្លួនខ្ញុំ! ខ្លួនខ្ញុំ! ខ្លួនខ្ញុំអើយ! សូមពួកអ្នកទៅរកអ្នកផ្សេងចុះ។ សូមពួកអ្នកទៅរកណាពីនួហចុះ។
ពេលនោះ ពួកគេក៏ទៅរកណាពីនួហ ហើយនិយាយថា៖ ឱនួហ! លោកគឺជាអ្នកនាំសារដំបូងគេបង្អស់ទៅកាន់មនុស្សលោក។ ពិតណាស់ អល់ឡោះជាម្ចាស់បានឲ្យឈ្មោះលោកថា ជាខ្ញុំបម្រើដ៏ដឹងគុណម្នាក់។ សូមលោកជួយអន្តរាគមន៍ដល់ពួកយើងទៅកាន់ព្រះជាម្ចាស់របស់លោកផង។ តើលោកមិនឃើញទេឬថា ពួកយើងកំពុងស្ថិតក្នុងស្ថានភាពបែបណា? គាត់បានតបថា៖ ពិតប្រាកដណាស់ នៅថ្ងៃនេះ ព្រះជាម្ចាស់របស់ខ្ញុំទ្រង់ពិតជាខ្ញាល់ខ្លាំងណាស់ដែលទ្រង់មិនដែលខ្ញាល់បែបនេះពីមុនមកឡើយ ហើយក៏នឹងមិនខ្ញាល់បែបនេះទៀតបន្ទាប់ពីនេះនោះដែរ។ ពិតណាស់ គេបានផ្ដល់ឲ្យខ្ញុំនូវការបួងសួងមួយដែលគេទទួលយក ហើយខ្ញុំបានបួងសួងវាឲ្យអន្ដរាយដល់ក្រុមរបស់ខ្ញុំ។ ខ្លួនខ្ញុំ! ខ្លួនខ្ញុំ! ខ្លួនខ្ញុំអើយ! សូមពួកអ្នកទៅរកអ្នកផ្សេងចុះ។ សូមពួកអ្នកទៅរកណាពីអ៊ីព្រហ៊ីមចុះ។
ពេលនោះ ពួកគេក៏ទៅរកណាពីអ៊ីព្រហ៊ីម ហើយនិយាយថា៖ ឱអ៊ីព្រហ៊ីម! លោកគឺជាណាពីរបស់អល់ឡោះ និងជាអ្នកជំនិតរបស់ទ្រង់ក្នុងចំណោមអ្នកនៅលើផែនដី។ សូមលោកជួយអន្តរាគមន៍ដល់ពួកយើងទៅកាន់ព្រះជាម្ចាស់របស់លោកផង។ តើលោកមិនឃើញទេឬថា ពួកយើងកំពុងស្ថិតក្នុងស្ថានភាពបែបណា? គាត់បានតបទៅកាន់ពួកគេថា៖ ពិតប្រាកដណាស់ នៅថ្ងៃនេះ ព្រះជាម្ចាស់របស់ខ្ញុំទ្រង់ពិតជាខ្ញាល់ខ្លាំងណាស់ដែលទ្រង់មិនដែលខ្ញាល់បែបនេះពីមុនមកឡើយ ហើយក៏នឹងមិនខ្ញាល់បែបនេះទៀតបន្ទាប់ពីនេះនោះដែរ។ ពិតណាស់ ខ្ញុំធ្លាប់និយាយកុហកបីដង។ ខ្លួនខ្ញុំ! ខ្លួនខ្ញុំ! ខ្លួនខ្ញុំអើយ! សូមពួកអ្នកទៅរកអ្នកផ្សេងចុះ។ សូមពួកអ្នកទៅរកណាពីមូសាចុះ។
ពួកគេក៏ទៅរកណាពីមូសា ហើយនិយាយថា៖ ឱមូសា! លោកគឺជាអ្នកនាំសាររបស់អល់ឡោះ។ អល់ឡោះជាម្ចាស់បានលើកតម្កើងលោកតាមរយៈសាររបស់ទ្រង់ និងការនិយាយផ្ទាល់ជាមួយទ្រង់លើសពីមនុស្សដទៃ។ សូមលោកជួយអន្តរាគមន៍ដល់ពួកយើងទៅកាន់ព្រះជាម្ចាស់របស់លោកផង។ តើលោកមិនឃើញទេឬថា ពួកយើងកំពុងស្ថិតក្នុងស្ថានភាពបែបណា? គាត់បានតបថា៖ ពិតប្រាកដណាស់ នៅថ្ងៃនេះ ព្រះជាម្ចាស់របស់ខ្ញុំទ្រង់ពិតជាខ្ញាល់ខ្លាំងណាស់ដែលទ្រង់មិនដែលខ្ញាល់បែបនេះពីមុនមកឡើយ ហើយក៏នឹងមិនខ្ញាល់បែបនេះទៀតបន្ទាប់ពីនេះនោះដែរ។ ពិតណាស់ ខ្ញុំធ្លាប់បានសម្លាប់មនុស្សម្នាក់ដែលគេមិនបានបញ្ជាខ្ញុំឱ្យសម្លាប់ឡើយ។ ខ្លួនខ្ញុំ! ខ្លួនខ្ញុំ! ខ្លួនខ្ញុំអើយ! សូមពួកអ្នកទៅរកអ្នកផ្សេងចុះ។ សូមពួកអ្នកទៅរកណាពីអ៊ីសា កូនប្រុសរបស់ ម៉ារយ៉ាំ ចុះ។
ពេលនោះ ពួកគេក៏ទៅរកណាពីអ៊ីសា ហើយនិយាយថា៖ ឱអ៊ីសា! លោកគឺជាអ្នកនាំសាររបស់អល់ឡោះ និងជាបន្ទូលរបស់ទ្រង់ដែលទ្រង់បានបញ្ជូនទៅកាន់ម៉ារយ៉ាំ និងជាវិញ្ញាណពីទ្រង់។ លោកបាននិយាយទៅកាន់មនុស្សតាំងពីពេលនៅក្នុងអង្រឹងជាទារក។ សូមលោកជួយអន្តរាគមន៍ដល់ពួកយើងទៅកាន់ព្រះជាម្ចាស់របស់លោកផង។ តើលោកមិនឃើញទេឬថា ពួកយើងកំពុងស្ថិតក្នុងស្ថានភាពបែបណា? ណាពីអ៊ីសាបានតបថា៖ ពិតប្រាកដណាស់ នៅថ្ងៃនេះ ព្រះជាម្ចាស់របស់ខ្ញុំទ្រង់ពិតជាខ្ញាល់ខ្លាំងណាស់ដែលទ្រង់មិនដែលខ្ញាល់បែបនេះពីមុនមកទាល់តែសោះ ហើយក៏នឹងមិនខ្ញាល់បែបនេះទៀតបន្ទាប់ពីនេះនោះដែរ។ គាត់មិនបានរំលឹកពីបាបកម្មណាមួយឡើយ។ ខ្លួនខ្ញុំ! ខ្លួនខ្ញុំ! ខ្លួនខ្ញុំអើយ! សូមពួកអ្នកទៅរកអ្នកផ្សេងចុះ។ សូមពួកអ្នកទៅរកណាពីមូហាំម៉ាត់ចុះ។
ពួកគេក៏ទៅរកណាពីមូហាំម៉ាត់ ហើយនិយាយថា៖ ឱមូហាំម៉ាត់! លោកគឺជាអ្នកនាំសាររបស់អល់ឡោះ និងជាណាពីចុងក្រោយបង្អស់។ អល់ឡោះពិតជាបានអភ័យទោសឱ្យលោកចំពោះបាបកម្មដែលលោកបានសាងកន្លងមក និងបាបកម្មដែលលោកមិនទាន់បានសាង។ សូមលោកជួយអន្តរាគមន៍ដល់ពួកយើងទៅកាន់ព្រះជាម្ចាស់របស់លោកផង។ តើលោកមិនឃើញទេឬថា ពួកយើងកំពុងស្ថិតក្នុងស្ថានភាពបែបណា? នៅពេលនោះ ខ្ញុំ(ណាពីមូហាំម៉ាត់)បានដើរទៅក្រោមអារ៉ស្ហ ហើយខ្ញុំបានក្រាបស៊ូជោតទៅចំពោះព្រះជាម្ចាស់របស់ខ្ញុំ។ បន្ទាប់មក អល់ឡោះទ្រង់បើកឱ្យខ្ញុំនូវការថ្លែងសរសើរទៅចំពោះទ្រង់ និងពាក្យកោតសរសើរដ៏ល្អទៅចំពោះទ្រង់ដែលទ្រង់មិនធ្លាប់បានបើកឱ្យនរណាម្នាក់មុនខ្ញុំឡើយ។ បន្ទាប់មក មានគេនិយាយថា៖ ឱមូហាំម៉ាត់! សូមអ្នកងើបក្បាលឡើង។ ចូរអ្នកសុំចុះ នោះគេនឹងផ្តល់វាដល់អ្នក។ ចូរអ្នកអន្តរាគមន៍ចុះ គេនឹងឲ្យអ្នកជួយអន្តរាគមន៍។ ពេលនោះ ខ្ញុំក៏ងើបក្បាលឡើង ហើយនិយាយថា៖ ប្រជាជាតិរបស់ខ្ញុំ! ឱព្រះជាម្ចាស់! ប្រជាជាតិរបស់ខ្ញុំ! ឱព្រះជាម្ចាស់! ប្រជាជាតិរបស់ខ្ញុំ! ឱព្រះជាម្ចាស់! នៅពេលនោះ មានគេនិយាយថា៖ ឱមូហាំម៉ាត់! ចូរអ្នកបញ្ចូលប្រជាជាតិរបស់អ្នកដែលគ្មានការជំនុំជម្រះ តាមទ្វារខាងស្តាំនៃទ្វារឋានសួគ៌ ហើយពួកគេក៏មានសិទ្ធិដូចមនុស្សឯទៀតនៅឯទ្វារស្ថានសួគ៌ផេ្សងៗទៀតដែរ។ បន្ទាប់មក លោកបានមានប្រសាសន៍ថា៖ សូមស្បថនឹងអ្នកដែលជីវិតខ្ញុំស្ថិតនៅក្នុងកណ្តាប់ដៃរបស់ទ្រង់! ចន្លោះរវាងច្រកទ្វារទាំងពីរនៃទ្វារឋានសួគ៌ គឺប្រៀបដូចជាចន្លោះរវាងក្រុងម៉ាក្កះ និងក្រុងហ៊ីមយ៉ារ ឬដូចជាចន្លោះរវាងក្រុងម៉ាក្កះ និងក្រុងពុសរ៉ ដូច្នោះឯង”។
ហាទីស្ហសហេស រាយការណ៍ដោយ អាល់ពូខរី និងមូស្លីម
“ថ្ងៃបរលោកនឹងមិនកើតឡើងឡើយ លុះត្រាតែព្រះអាទិត្យរះពីទិសខាងលិច។ នៅពេលដែលវារះ មនុស្សលោកបានឃើញវា ពេលនោះ ពួកគេក៏មានជំនឿទាំងអស់គ្នា។ នោះហើយគឺជាពេលដែល “ការមានជំនឿរបស់បុគ្គលម្នាក់ៗគ្មានប្រយោជន៍ដល់គេឡើយ ប្រសិនបើគេគ្មានជំនឿពីមុនមក ឬមិនបានសាងអំពើល្អ ក្នុងពេលដែលគេមានជំនឿទេនោះ”។ (អាល់អាន់អាម៖១៥៨)។ ពិតប្រាកដណាស់ ថ្ងៃបរលោកនឹងកើតឡើង ខណៈពេលដែលមនុស្សពីរនាក់បានលាតសម្លៀកបំពាក់របស់ពួកគេដែលនៅចន្លោះពួកគេ ហើយបន្ទាប់មកពួកគេមិនបានធ្វើការទិញលក់ ហើយមិនបានបត់វាវិញដែរ។ ពិតប្រាកដណាស់ ថ្ងៃបរលោកនឹងកើតឡើង ខណៈពេលដែលមនុស្សម្នាក់បានយកទឹកដោះអូដ្ឋរបស់គេរួច ហើយគេនឹងមិនផឹកវាឡើយ។ ពិតប្រាកដណាស់ ថ្ងៃបរលោកនឹងកើតឡើង ខណៈពេលដែលមនុស្សម្នាក់បានស្តារស្រះរបស់គេ ហើយគេមិនមានពេលវេលាដើម្បីបញ្ចូលទឹកនៅក្នុងវាឡើយ ។ ពិតប្រាកដណាស់ ថ្ងៃបរលោកនឹងកើតឡើង ខណៈពេលដែលអ្នកណាម្នាក់ដួសអាហារដល់មាត់របស់គេ តែគេមិនទាន់បានហូបវាឡើយ”។
ហាទីស្ហសហេស រាយការណ៍ដោយ អាល់ពូខរី និងមូស្លីម
“ជាការពិតណាស់ កាលណាម្នាក់ៗនៃពួកអ្នកស្លាប់ គឺគេបង្ហាញឲ្យជននោះបានឃើញកន្លែងរបស់ខ្លួនទាំងពេលព្រឹក និងពេលល្ងាច។ ប្រសិនបើជននោះស្ថិតក្នុងចំណោមអ្នកឋានសួគ៌ នោះគេនឹងស្ថិតក្នុងចំណោមអ្នកឋានសួគ៌។ ប្រសិនបើជននោះស្ថិតក្នុងចំណោមអ្នកឋាននរក នោះគេនឹងស្ថិតក្នុងចំណោមអ្នកឋាននរក។ ហើយមានគេនិយាយថា៖ នេះជាកន្លែងរបស់អ្នក រហូតដល់អ្នកត្រូវបានអល់ឡោះជាម្ចាស់បង្កើតឲ្យរស់ឡើងវិញនាថ្ងៃបរលោក”។
ហាទីស្ហសហេស រាយការណ៍ដោយ អាល់ពូខរី និងមូស្លីម
“(នៅថ្ងៃបរលោក)គេនាំយកសេចក្តីស្លាប់មកដែលវាមានរូបរាងប្រៀបដូចជាសត្វចៀមដែលមានពណ៌សលាយខ្មៅ។ នៅពេលនោះ មានគេប្រកាសថា៖ ឱអ្នកឋានសួគ៌។ ពេលនោះ អ្នកឋានសួគ៌ក៏បានងាកខ្លួនសម្លឹងមើល។ គេបានសួរថា៖ តើពួកអ្នកស្គាល់វាដែរឬទេ? ពួកគេឆ្លើយថា៖ បាទស្គាល់។ វាជាសេចក្តីស្លាប់។ ហើយពួកគេគ្រប់គ្នាសុទ្ធតែបានឃើញវា។ ក្រោយមក មានគេប្រកាសទៀតថា៖ ឱអ្នកឋាននរក។ ពេលនោះ អ្នកឋាននរកក៏បានងាកខ្លួនសម្លឹងមើល។ គេបានសួរថា៖ តើពួកអ្នកស្គាល់វាដែរឬទេ? ពួកគេឆ្លើយថា៖ បាទស្គាល់។ វាជាសេចក្តីស្លាប់។ ហើយពួកគេគ្រប់គ្នាសុទ្ធតែបានឃើញវា។ ពេលនោះ សេចក្តីស្លាប់ក៏ត្រូវបានគេសំឡេះ។ ក្រោយមក គេក៏ប្រកាសទៀតថា៖ ឱអ្នកឋានសួគ៌! (ពួកអ្នក)រស់នៅជាអមតៈចុះ គ្មានសេចក្តីស្លាប់ទៀតឡើយ។ ឱអ្នកឋាននរក! (ពួកអ្នក)រស់នៅជាអមតៈចុះ គ្មានសេចក្តីស្លាប់ទៀតឡើយ។ បន្ទាប់ រ៉ស៊ូលុលឡោះបានសូត្រថា៖ “ចូរអ្នក(មូហាំម៉ាត់)ដាស់តឿនព្រមានពួកគេនូវថ្ងៃសោកស្ដាយ(ថ្ងៃបរលោក) នៅពេលដែលការកាត់ក្ដីត្រូវបានគេសមេ្រច ខណៈដែលពួកគេស្ថិតក្នុងភាពព្រងើយកន្ដើយ”។ (ម៉ារយ៉ាំ៖៣៩)។ ពួកដែលស្ថិតក្នុងភាពព្រងើយកន្តើយទាំងនោះ គឺពួកដែលរស់នៅដើម្បីតែលោកិយ។ “ហើយពួកគេគ្មានជំនឿឡើយ”។ (ម៉ារយ៉ាំ៖៣៩)។
ហាទីស្ហសហេស រាយការណ៍ដោយ អាល់ពូខរី និងមូស្លីម
“តើពួកអ្នកចង់ឲ្យខ្ញុំប្រាប់អំពីអ្នកឋានសួគ៌ដែរឬទេ? គឺមនុស្សទន់ខ្សោយគ្រប់រូបដែលត្រូវបានគេមើលងាយ។ ប្រសិនបើគេស្បថចំពោះអល់ឡោះ នោះទ្រង់ប្រាកដជានឹងទទួលយក។ តើពួកអ្នកចង់ឲ្យខ្ញុំប្រាប់អំពីអ្នកឋាននរកដែរឬទេ? ពួកគេគឺជាមនុស្សដែលឃោរឃៅ លោភលន់ និងក្រអឺតក្រទម”។
ហាទីស្ហសហេស រាយការណ៍ដោយ អាល់ពូខរី និងមូស្លីម
ខ្ញុំបានឮរ៉ស៊ូលុលឡោះ ﷺ លោកបានមានប្រសាសន៍ថា៖ “នៅថ្ងៃបរលោក ព្រះអាទិត្យនឹងត្រូវគេបន្ទាបមកនៅជិតភាវៈ(ម៉ាខ្លូក)ទាំងឡាយ រហូតដល់ចម្ងាយប្រហែលមួយម៉ាយល៍”។ ស៊ូឡែម ពិន អាមៀរ បាននិយាយថា៖ សូមស្បថនឹងអល់ឡោះ! ខ្ញុំមិនដឹងទេថា តើពាក្យ “ម៉ាយល៍” មានន័យដូចម្តេច? តើសំដៅលើខ្នាតចម្ងាយ "ម៉ាយល៍" ឬសំដៅលើឈើម៉ាយល៍ដែលគេប្រើសម្រាប់លាបម្សៅភ្នែក។ ណាពី ﷺ បានបន្ដថា៖ “មនុស្សស្ថិតនៅក្នុងញើសអាស្រ័យទៅតាមកម្រិតនៃទង្វើរបស់ខ្លួន។ អ្នកខ្លះស្ថិតនៅក្នុងញើសត្រឹមភ្នែកគោល។ ខ្លះស្ថិតនៅក្នុងញើសត្រឹមជង្គង់។ ខ្លះស្ថិតនៅក្នុងញើសត្រឹមចងេ្កះ និងខ្លះទៀតខ្លះត្រូវលិចលង់នៅក្នុងញើស”។ គាត់បាននិយាយថា៖ ហើយរ៉ស៊ូលុលឡោះ ﷺ បានចង្អុលទៅកាន់មាត់របស់លោក។
ហាទីស្ហសហេស រាយការណ៍ដោយ មូស្លីម
“ពិតប្រាកដណាស់ អ្នកដែលមានឋានៈទាបជាងគេបំផុតនៅក្នុងឋានសួគ៌ក្នុងចំណោមពួកអ្នក គឺអ្នកដែលអល់ឡោះមានបន្ទូលទៅកាន់ជននោះថា៖ ចូរអ្នកប្រាថ្នាចុះ។ ពេលនោះ ជននោះក៏ប៉ងប្រាថ្នាហើយ ប៉ងប្រាថ្នាទៀត។ បន្ទាប់មក ទ្រង់បានសួរថា៖ តើអ្នកបានប៉ងប្រាថ្នាហើយឬនៅ? គេឆ្លើយថា៖ បាទ។ ពេលនោះ អល់ឡោះបានមានបន្ទូលទៅកាន់ជននោះថា៖ ជាការពិតណាស់ អ្នកនឹងទទួលបានអ្វីដែលអ្នកប៉ងប្រាថ្នា ហើយនិងទទួលបានដូចគ្នានេះពីលើថែមទៀត”។
ហាទីស្ហសហេស រាយការណ៍ដោយ មូស្លីម