Skip to content
839 ហាទីស

សព្វវចនាធិប្បាយហាទីសរបស់ព្យាការី

ត្រងលទ្ធផល

28 នៃ 839 កាត

លុបតម្រង
“អ្នកមានជំនឿដែលមានជំនឿពេញលេញជាងគេ គឺអ្នកដែលមានសីលធម៌ល្អជាងគេ។ ហើយអ្នកដែលល្អជាងគេបំផុតក្នុងចំណោមពួកអ្នក គឺអ្នកដែលធ្វើល្អជាងគេបំផុតទៅចំពោះនារីរបស់ខ្លួន”។
ហាទីស្ហហាសាន់ រាយការណ៍ដោយ អាពូហ្ទាវូទ អាត់តៀរមីហ្ស៊ី និងអះម៉ាត់
ខ្ញុំធ្លាប់ជាបេសកជនរបស់អម្បូរ អាល់មុនតាហ្វិក (ឬរួមដំណើរជាមួយបេសកជនរបស់អម្បូរ អាល់មុនតាហ្វិក)ទៅកាន់រ៉ស៊ូលុលឡោះ ﷺ ។ គាត់បានបន្តថា៖ នៅពេលពួកយើងទៅដល់ផ្ទះរ៉ស៊ូលុលឡោះ ﷺ ពួកយើងមិនបានជួបលោកនៅឯផ្ទះរបស់លោកឡើយដោយពួកយើងបានជួបតែ អាអ៊ីស្ហះ អ៊ុមមុលមុមីនីន ប៉ុណ្ណោះ។ គាត់បាននិយាយទៀតថា៖ បន្ទាប់មក អាអ៊ីស្ហះបានបញ្ជាឱ្យគេធ្វើបបរស្រូវសាលីសម្រាប់ពួកយើង ហើយគេក៏បានធ្វើវាសម្រាប់ពួកយើង។ គាត់បន្តថា៖ ហើយគេបាននាំគីណាក(ជាថាសដែលពោរពេញទៅដោយផ្លែល្មើ)មកឲ្យពួកយើង។ បន្ទាប់មក រ៉ស៊ូលុលឡោះ ﷺ ក៏បានមកដល់ ហើយសួរថា៖ “តើពួកអ្នកបានបរិភោគអ្វីហើយឬនៅ? ឬ តើគេបានរៀបអ្វីឱ្យពួកអ្នកបរិភោគហើយឬនៅ”? គាត់បាននិយាយថា៖ ពួកយើងបានឆ្លើយថា៖ បាទ(ហើយៗ) ឱរ៉ស៊ូលុលឡោះ។ គាត់បានបន្តថា៖ ខណៈពេលដែលពួកយើងកំពុងអង្គុយជាមួយនឹងរ៉ស៊ូលុលឡោះ ﷺ ស្រាប់តែអ្នកគង្វាលបានកៀងពពែរបស់លោកចូលក្នុងក្រោល រួមនឹងកូនពពែមួយក្បាលដែលកំពុងស្រែកមកជាមួយផងដែរ។ លោកបានសួរថា៖ “នែលោក! តើពពែនេះកើតកូនអ្វី”? បុរសនោះឆ្លើយថា៖ គឺពពែញី។ លោកមានប្រសាសន៍ថា៖ “ចូរអ្នកសំឡេះពពែមួយក្បាលសម្រាប់យើងជំនួសកន្លែងវាវិញ”។ បន្ទាប់មក លោកមានប្រសាសន៍ថា៖ “ចូរអ្នកកុំគិតថា (ដោយលោកមិនបានមានប្រសាសន៍ថា៖ “ចូរអ្នកកុំរាប់ថា” ) យើងសំឡេះពពែនេះដោយសារតែអ្នកនោះឡើយ។ យើងមានពពែមួយរយក្បាល ហើយយើងមិនចង់ឲ្យកើនឡើងនោះឡើយ។ ប្រសិនបើពពែមួយកើតមក យើងសំឡះពពែមួយក្បាលជំនួសកន្លែងនោះវិញ”។ គាត់បាននិយាយថា៖ ខ្ញុំបានសួរថា៖ ឱរ៉ស៊ូលុលឡោះ! ខ្ញុំមានប្រពន្ធម្នាក់ដែលអណ្តាតរបស់នាងមានបញ្ហាអ្វីមួយ(ពោលគឺ និយាយអាក្រក់)។ លោកក៏បានមានប្រសាសន៍ថា៖ “បើអញ្ចឹង លែងនាងទៅ”។ គាត់បាននិយាយថា៖ ឱរ៉ស៊ូលុលឡោះ! នាងបានក្លាយជាដៃគូជីវិតរបស់ខ្ញុំទៅហើយ ហើយខ្ញុំក៏មានកូនមួយជាមួយនាងដែរ។ លោកបានមានប្រសាសន៍ថា៖ “ដូចនេះ ចូរអ្នកបង្គាប់ប្រើនាង” ហើយបានមានប្រសាសន៍ទៀតថា៖ “ចូរអ្នកណែនាំនាង”។ ប្រសិនបើនាងមានភាពល្អនៅក្នុងខ្លួន នាងនឹងធ្វើតាមជាមិនខាន។ ហើយចូរអ្នកកុំវាយប្រពន្ធរបស់អ្នកដូចជាអ្នកវាយខ្ញុំបម្រើរបស់អ្នកឲ្យសោះ”។ ខ្ញុំបាននិយាយទៀតថា៖ ឱរ៉ស៊ូលុលឡោះ! សូមលោកប្រាប់ខ្ញុំអំពីវូហ្ទុផង។ លោកបានមានប្រសាសន៍ថា៖ “ចូរយកវូហ្ទុឱ្យបានល្អ និងឈ្លីចន្លោះរវាងម្រាមដៃ ហើយចូរអ្នកបឺតទឹកចូលទៅក្នុងច្រមុះឱ្យបានជ្រៅ លើកលែងតែអ្នកបួស”។
ហាទីស្ហសហេស រាយការណ៍ដោយ អាពូហ្ទាវូទ អាត់តៀរមីហ្ស៊ី អាន់ណាសាអ៊ី និងអ៊ិពនូម៉ាហ្ជះ
“នៅពេលដែលអល់ឡោះកំណត់ឲ្យខ្ញុំបម្រើ(របស់ទ្រង់)ស្លាប់នៅកន្លែងណាមួយ គឺទ្រង់នឹងឲ្យជននោះមានតម្រូវការទៅកាន់កន្លែងនោះ”។
ហាទីស្ហសហេស រាយការណ៍ដោយ អាត់តៀរមីហ្ស៊ី
ពិតណាស់ណាពី ﷺ នៅពេលដែលលោកបញ្ជូនគាត់ទៅកាន់ប្រទេសយេមែន លោកបានប្រើគាត់ឲ្យដកហ្សាកាត់នៅរៀងរាល់គោសាមសិបក្បាល គឺត្រូវដកហ្សាកាត់គោឈ្មោលមួយក្បាល ឬគោញីមួយក្បាលដែលមានអាយុមួយឆ្នាំ និងរៀងរាល់សែសិបក្បាល គឺត្រូវដកហ្សាកាត់គោញីមួយក្បាលដែលមានអាយុពីរឆ្នាំ។ ហើយត្រូវយកពន្ធ(ជីហ្សយ៉ះ)មួយទីណើរពីរាល់អ្នកដែលគ្រប់អាយុ ឬយកជាអាវម៉ាអាហ្វីរីដែលមានតម្លៃស្មើនឹងមួយទីណើរ ដែលជាសម្លៀកបំពាក់អ្នកស្រុកយេមែន។
ហាទីស្ហសហេសដោយផ្អែកលើសេចក្តីរាយការណ៍ផ្សេងបញ្ជាក់ រាយការណ៍ដោយ អាពូហ្ទាវូទ អាត់តៀរមីហ្ស៊ី អាន់ណាសាអ៊ី អ៊ិពនូម៉ាហ្ជះ និងអះម៉ាត់
“ជនណាដែលមានភរិយាពីរ ហើយលម្អៀងទៅរកនរណាម្នាក់ក្នុងចំណោមភរិយាទាំងពីរនោះ នៅថ្ងៃបរលោក គេនឹងមកដល់ដោយចំហៀងខ្លួនម្ខាងរបស់គេផ្អៀង។
ហាទីស្ហសហេស រាយការណ៍ដោយ អាពូហ្ទាវូទ អាត់តៀរមីហ្ស៊ី អាន់ណាសាអ៊ី អ៊ិពនូម៉ាហ្ជះ និងអះម៉ាត់
រ៉ស៊ូលុលឡោះ ﷺ លោកបានបង្រៀនពួកយើងនូវឃុតហ្ពះហាជ្ជះថា៖ إِنَّ الحَمْدَ للهِ، نَسْتَعِيْنُهُ وَنَسْتَغْفِرُهُ، وَنَعُوْذُ بِهِ مِنْ شُرُوْرِ أَنْفُسِنَا، مَنْ يَهْدِ اللهُ فَلَا مُضِلَّ لَهُ، وَمَنْ يُضْلِلْ فَلَا هَادِيَ لَهُ، وَأَشْهَدُ أَنْ لَا إِلَهَ إِلَّا الله، وَأَشْهَدُ أَنَّ مُحَمَّدًا عَبْدُهُ وَرَسُوْلُهُ، {يَا أَيُّهَا النَّاسُ اتَّقُوا رَبَّكُمُ الَّذِي خَلَقَكُمْ مِنْ نَفْسٍ وَاحِدَةٍ وَخَلَقَ مِنْهَا زَوْجَهَا وَبَثَّ مِنْهُمَا رِجَالًا كَثِيرًا وَنِسَاءً وَاتَّقُوا اللَّهَ الَّذِي تَسَاءَلُونَ بِهِ والأرحام إن الله كان عليكم رقيبا} [النساء: 1]، {يَا أَيُّهَا الَّذِينَ آمَنُوا اتَّقُوا اللَّهَ حَقَّ تُقَاتِهِ وَلَا تَمُوتُنَّ إِلَّا وَأَنْتُمْ مُسْلِمُونَ} [آل عمران: 102]، {يَا أَيُّهَا الَّذِينَ آمَنُوا اتَّقُوا اللَّهَ وَقُولُوا قَوْلًا سَدِيدًا (70) يُصْلِحْ لَكُمْ أَعْمَالَكُمْ وَيَغْفِرْ لَكُمْ ذُنُوبَكُمْ وَمَنْ يُطِعِ اللَّهَ وَرَسُولَهُ فَقَدْ فَازَ فَوْزًا عَظِيمًا} [الأحزاب:70 - 71]. មានន័យថា៖ ពិតប្រាកដណាស់ ការសរសើរទាំងឡាយ គឺសម្រាប់អល់ឡោះ។ ពួកយើងសុំជំនួយពីទ្រង់ សុំការអភ័យទោសអំពីទ្រង់ និងសុំការបញ្ចៀសពីប្រការអាក្រក់ដែលកើតមានពីខ្លួនរបស់ពួកយើងអំពីទ្រង់។ ជនណាហើយដែលទ្រង់ចង្អុលបង្ហាញ គឺគ្មានអ្នកដែលធ្វើឲ្យរូបគេវង្វេងឡើយ ហើយជនណាដែលទ្រង់ធ្វើឲ្យវង្វេង ក៏គ្មានអ្នកដែលចង្អុលបង្ហាញរូបគេដែរ។ ខ្ញុំសូមធ្វើសាក្សីថា គ្មានទេម្ចាស់ដែលត្រូវគេគោរពសក្ការៈដ៏ពិតប្រាកដ លើកលែងតែអល់ឡោះ។ ហើយខ្ញុំសូមធ្វើសាក្សីដែរថា ពិតណាស់ មូហាំម៉ាត់ គឺជាខ្ញុំបម្រើ និងជាអ្នកនាំសាររបស់ទ្រង់។ “ឱមនុស្សលោកទាំងឡាយ! ចូរពួកអ្នកកោតខ្លាចម្ចាស់របស់ពួកអ្នកដែលបានបង្កើតពួកអ្នកចេញពីមនុស្សតែម្នាក់គត់(គឺណាពីអាហ្ទាំ) ហើយទ្រង់បានបង្កើតចេញពីមនុស្សម្នាក់នោះនូវភរិយារបស់គេ(គឺហាវ៉ា) ហើយទ្រង់បានបង្កើតចេញពីអ្នកទាំងពីរនូវបុរសនិងស្ដ្រីជាច្រើន។ ហើយចូរពួកអ្នកកោតខ្លាចអល់ឡោះដែលពួកអ្នកទាមទារសិទ្ធិទៅវិញទៅមកក្នុងនាមអល់ឡោះ ហើយត្រូវផ្សារភ្ជាប់ញាតិសន្ដាន។ ពិតប្រាកដណាស់ អល់ឡោះគឺជាអ្នកឃ្លាំមើលពួកអ្នក”។ “ឱបណ្ដាអ្នកដែលមានជំនឿទាំងឡាយ! ចូរពួកអ្នកកោតខ្លាចអល់ឡោះនូវការកោតខ្លាចចំពោះទ្រង់ដ៏ពិតប្រាកដ។ ហើយចូរពួកអ្នកកុំស្លាប់ លើកលែងតែពួកអ្នកជាអ្នកមូស្លីម”។ “ឱបណ្ដាអ្នកមានជំនឿទាំងឡាយ! ចូរពួកអ្នកកោតខ្លាចអល់ឡោះ និងត្រូវនិយាយពាក្យសម្ដីណាដែលល្អត្រឹមត្រូវ។ ទ្រង់នឹងកែលម្អពួកអ្នកចំពោះទង្វើទាំងឡាយរបស់ពួកអ្នក ហើយទ្រង់នឹងអភ័យទោសឱ្យពួកអ្នកនូវបាបកម្មទាំងឡាយរបស់ពួកអ្នក។ ហើយជនណាដែលគោរពតាមអល់ឡោះ និងអ្នកនាំសាររបស់ទ្រង់ អ្នកនោះពិតជាទទួលបានជោគជ័យដ៏ធំធេង”។
ហាទីស្ហសហេស រាយការណ៍ដោយ អាពូហ្ទាវូទ អាត់តៀរមីហ្ស៊ី អាន់ណាសាអ៊ី អ៊ិពនូម៉ាហ្ជះ និងអះម៉ាត់
“ជនណាទៅសួរសុខទុក្ខអ្នកជំងឺដែលអាយុកាលកំណត់របស់ខ្លួនមិនទាន់មកដល់ ហើយគេបានសូត្រនៅក្បែរអ្នកជំងឺនោះចំនួនប្រាំពីរដងថា៖ “أَسْأَلُ اللَّهَ الْعَظِيمَ رَبَّ الْعَرْشِ الْعَظِيمِ أَنْ يَشْفِيَكَ” (ខ្ញុំសុំពីអល់ឡោះដ៏មហិមា ជាព្រះជាម្ចាស់នៃអារ៉ស្ហដ៏មហិមា សូមទ្រង់ឲ្យអ្នកជាសះស្បើយ) នោះអល់ឡោះជាម្ចាស់នឹងឲ្យរូបគេជាសះស្បើយពីជំងឺនោះ”។
ហាទីស្ហសហេស រាយការណ៍ដោយ អាពូហ្ទាវូទ អាត់តៀរមីហ្ស៊ី និងអះម៉ាត់
ខ្ញុំបានទៅជួបនឹងណាពី ﷺ ជាមួយនឹងស្ត្រីមួយក្រុមក្នុងចំណោមពួកអាន់សរដើម្បីធ្វើសច្ចាប្រណិធាននឹងលោក។ ពួកយើងបាននិយាយថា៖ ឱរ៉ស៊ូលុលឡោះ! ពួកយើងធ្វើសច្ចាប្រណិធាននឹងលោកថា ពួកយើងនឹងមិនធ្វើស្ហ៊ីរិកចំពោះអល់ឡោះជាម្ចាស់នឹងអ្វីមួយឡើយ ហើយពួកយើងមិនលួច មិនប្រព្រឹត្តអំពើហ្ស៊ីណា មិនប្រឌិតរឿងដើម្បីបង្ខូចកេរ្ដិ៍ឈ្មោះ ព្រមទាំងមិនជំទាស់នឹងលោកចំពោះប្រការល្អឡើយ។ រ៉ស៊ូលុលឡោះបានមានប្រសាសន៍ថា៖ “ចំពោះអ្វីដែលពួកនាងមានសមត្ថភាព និងលទ្ធភាព”។ គាត់បាននិយាយថា៖ ពួកយើងបាននិយាយថា៖ អល់ឡោះជាម្ចាស់ និងអ្នកនាំសាររបស់ទ្រង់មានក្តីមេត្តាករុណាបំផុតចំពោះពួកយើង។ សូមលោកមកនេះ ពួកយើងនឹងធ្វើសច្ចាប្រណិធាននឹងលោក ឱរ៉ស៊ូលុលឡោះ! ពេលនោះ រ៉ស៊ូលុលឡោះ ﷺ លោកបានមានប្រសាសន៍ថា៖ “ពិតណាស់ ខ្ញុំមិនចាប់ដៃស្រ្តីឡើយ។ តាមពិត សម្តីរបស់ខ្ញុំទៅកាន់ស្ត្រីមួយរយនាក់ ដូចជាសម្តីរបស់ខ្ញុំទៅកាន់ស្ត្រីតែម្នាក់ ឬប្រៀបដូចសម្តីរបស់ខ្ញុំទៅកាន់ស្ត្រីតែម្នាក់ដូចគ្នាដែរ”។
ហាទីស្ហសហេស រាយការណ៍ដោយ អាត់តៀរមីហ្ស៊ី អាន់ណាសាអ៊ី និងអ៊ិពនូម៉ាហ្ជះ