Skip to content
839 ហាទីស

សព្វវចនាធិប្បាយហាទីសរបស់ព្យាការី

ត្រងលទ្ធផល

43 នៃ 839 កាត

លុបតម្រង
“ជនណាដែលមានជំនឿចំពោះអល់ឡោះនិងថ្ងៃបរលោក ចូរឲ្យគេនិយាយអ្វីដែលល្អ ឬនៅស្ងៀម។ ជនណាដែលមានជំនឿចំពោះអល់ឡោះនិងថ្ងៃបរលោក ចូរឲ្យគេផ្តល់តម្លៃដល់អ្នកជិតខាងរបស់ខ្លួន។ ហើយជនណាដែលមានជំនឿចំពោះអល់ឡោះនិងថ្ងៃបរលោក ចូរឲ្យគេផ្ដល់តម្លៃដល់ភ្ញៀវរបស់ខ្លួន”។
ហាទីស្ហសហេស រាយការណ៍ដោយ អាល់ពូខរី និងមូស្លីម
លោកមិនមែនជាមនុស្សអសីលធម៌ និងមិនធ្វើទង្វើអសីលធម៌នោះឡើយ ហើយក៏មិនមែនជាមនុស្សដែលស្រែកឡូឡានៅតាមផ្សារនោះដែរ។ ហើយលោកមិនតបតអំពើអាក្រក់ដោយអំពើអាក្រក់នោះឡើយ។ ក៏ប៉ុន្តែ លោកលើកលែងទោស និងអធ្យាស្រ័យ។
ហាទីស្ហសហេស រាយការណ៍ដោយ អាត់តៀរមីហ្ស៊ី និងអះម៉ាត់
ពិតណាស់ មានបុរសម្នាក់បាននិយាយទៅកាន់ណាពី ﷺ ថា៖ សូមលោកផ្តាំផ្ញើខ្ញុំមក។ លោកបានមានប្រសាសន៍ថា៖ “ចូរអ្នកកុំខឹងសម្បា”។ បុរសនោះនិយាយដដែលៗថា៖ សូមលោកផ្តាំផ្ញើខ្ញុំមក។ លោកបានផ្តាំដដែលថា៖ “ចូរអ្នកកុំខឹងសម្បា”។
ហាទីស្ហសហេស រាយការណ៍ដោយ អាល់ពូខរី
“តើខ្ញុំមិនបានប្រាប់ពួកអ្នកពីមនុស្សដែលល្អបំផុត និងមនុស្សដែលអាក្រក់បំផុតក្នុងចំណោមអ្នកទេឬ”? គាត់បាននិយាយថា៖ ពួកគេបាននៅស្ងៀម។ លោកបានសួរបែបនេះដដែលៗចំនួនបីដង។ ពេលនោះ មានបុរសម្នាក់បាននិយាយថា៖ ពិតមែនហើយ ឱរ៉ស៊ូលុលឡោះ! សូមលោកប្រាប់ពួកយើងអំពីមនុស្សដែលល្អបំផុតនៃពួកយើង និងមនុស្សដែលអាក្រក់បំផុតនៃពួកយើងផង។ លោកបានឆ្លើយថា៖ “មនុស្សដែលល្អបំផុតក្នុងចំណោមពួកអ្នក គឺអ្នកដែលគេរំពឹងថានឹងទទួលបានសេចក្ដីល្អរបស់ជននោះ ហើយគេមានសុវត្ថិភាពពីប្រការអាក្រក់របស់ជននោះ។ រីឯមនុស្សដែលអាក្រក់បំផុតក្នុងចំណោមអ្នកវិញ គឺអ្នកដែលគេមិនរំពឹងថានឹងទទួលបានសេចក្ដីល្អរបស់ជននោះ ហើយក៏មិនមានសុវត្ថិភាពពីប្រការអាក្រក់របស់ជននោះដែរ”។
ហាទីស្ហសហេស រាយការណ៍ដោយ អាត់តៀរមីហ្ស៊ី
ខ្ញុំបានសួររ៉ស៊ូលុលឡោះ ﷺ ពីអំពើល្អ និងអំពើបាប។ ពេលនោះ លោកបានឆ្លើយថា៖ “អំពើល្អ គឺសីលធម៌ល្អ។ ចំណែកឯអំពើបាប គឺអ្វីដែលធ្វើឲ្យចិត្ដរបស់អ្នកអល់អែក ហើយមិនចង់ឲ្យអ្នកដទៃដឹង”។
ហាទីស្ហសហេស រាយការណ៍ដោយ មូស្លីម
“អ្នកមូស្លីម គឺអ្នកដែលផ្តល់សុវត្ថិភាពដល់អ្នកមូស្លីមដទៃទៀតពីអណ្តាតនិងដៃរបស់ខ្លួន។ ចំណែកអ្នកហ៊ិជ្ជរ៉ោះ(ចំណាកស្រុក) គឺអ្នកដែលចាកចោលអ្វីដែលអល់ឡោះទ្រង់បានហាមឃាត់”។
ហាទីស្ហសហេស រាយការណ៍ដោយ អាល់ពូខរី និងមូស្លីម
មានស្ដ្រីម្នាក់បានចូលមកជួបខ្ញុំដោយនាំកូនស្រីពីរនាក់មកជាមួយមកសុំទានខ្ញុំ តែខ្ញុំគ្មានអ្វីក្រៅពីផ្លែល្មើមួយផ្លែប៉ុណ្ណោះ។ ខ្ញុំក៏បានឲ្យផ្លែល្មើនោះទៅនាង ហើយនាងបានយកផ្លែល្មើនោះចែកឲ្យកូនស្រីទាំងពីររបស់នាង។ ក្រោយមក នាងបានក្រោកឈរ ដើរចេញទៅ។ ពេលនោះ ណាពី ﷺ ក៏បានចូលមក ហើយខ្ញុំក៏ជម្រាបលោកពីរឿងនោះ។ លោកបានមានប្រសាសន៍ថា៖ “បុគ្គលណាត្រូវគេសាកល្បងដោយឲ្យមានកូនស្រីច្រើននាក់ ហើយរូបគេបានធ្វើល្អចំពោះកូនៗទាំងនោះ ពួកនាងគឺជារនាំងការពារជននោះពីឋាននរក”។
ហាទីស្ហសហេស រាយការណ៍ដោយ អាល់ពូខរី និងមូស្លីម
គេបានសួររ៉ស៊ូលុលឡោះ ﷺ អំពីប្រការដែលនាំឲ្យមនុស្សចូលឋានសួគ៌ច្រើនជាងគេ? លោកបានឆ្លើយថា៖ “គឺការកោតខ្លាចអល់ឡោះ និងសីលធម៌ល្អ”។ ហើយគេបានសួរលោកអំពីប្រការដែលនាំឲ្យមនុស្សចូលឋាននរកច្រើនជាងគេ។ លោកឆ្លើយថា៖ “គឺមាត់ និងប្រដាប់ភេទ”។
ហាទីស្ហហាសាន់ សហេស រាយការណ៍ដោយ អាត់តៀរមីហ្ស៊ី អ៊ិពនូម៉ាហ្ជះ និងអះម៉ាត់