Skip to content
839 ហាទីស

សព្វវចនាធិប្បាយហាទីសរបស់ព្យាការី

ត្រងលទ្ធផល

12 នៃ 839 កាត

លុបតម្រង
“នៅពេលដែលអល់ឡោះជាម្ចាស់បានបង្កើតឋានសួគ៌ និងឋាននរក ទ្រង់បានបញ្ជូនម៉ាឡាអ៊ីកាត់ជីព្រីល អាឡៃហ៊ិស្សាឡាម ទៅកាន់ឋានសួគ៌ ហើយទ្រង់បានមានបន្ទូលថា៖ “ចូរអ្នកមើលទៅកាន់ឋានសួគ៌ និង(មើល)ទៅកាន់អ្វីដែលយើងបានរៀបចំនៅក្នុងវាសម្រាប់អ្នកចូលឋានសួគ៌”។ ពេលនោះ ម៉ាឡាអ៊ីកាត់ជីព្រីលក៏បានមើលទៅកាន់ឋានសួគ៌ រួចក៏ត្រឡប់មកវិញ ហើយនិយាយថា៖ “សូមស្បថនឹងភាពខ្ពង់ខ្ពស់របស់ទ្រង់! គ្មាននរណាម្នាក់ដែលបានឮអំពីវា(ឋានសួគ៌)នោះឡើយ លើកលែងតែរូបគេនឹងបានចូលវា”។ ពេលនោះ ទ្រង់បានបញ្ជាឲ្យព័ទ្ធជុំវិញឋានសួគ៌នោះដោយប្រការដែលគេមិនពេញចិត្ត រួចទ្រង់បានមានបន្ទូល(ទៅកាន់ជីព្រីល)ថា៖ “ចូរអ្នកត្រឡប់ទៅមើលវា(ឋានសួគ៌)ម្តងទៀត និង(មើល)ទៅកាន់អ្វីដែលយើងបានរៀបចំនៅក្នុងវាសម្រាប់អ្នកចូលឋានសួគ៌”។ ពេលនោះ ជីព្រីលក៏មើលទៅកាន់ឋានសួគ៌ ខណៈដែលវាត្រូវបានព័ទ្ធជុំវិញដោយប្រការដែលគេមិនពេញចិត្ត។ គាត់ក៏បាននិយាយថា៖ “សូមស្បថនឹងភាពខ្ពង់ខ្ពស់របស់ទ្រង់! ខ្ញុំពិតជាបារម្ភខ្លាចក្រែងគ្មាននរណាម្នាក់បានចូលវា(ឋានសួគ៌)ឡើយ”។ ទ្រង់បានមានបន្ទូលថា៖ “ចូរអ្នកទៅមើលឋាននរក និង(មើល)ទៅកាន់អ្វីដែលយើងបានរៀបចំនៅក្នុងវាសម្រាប់អ្នកចូលឋាននរកនោះ”។ ពេលនោះ ជីព្រីលក៏មើលទៅកាន់ឋាននរកដែលវាត្រូវបានរៀបជាជង់លើគ្នា រួចក៏ត្រឡប់មកវិញ ហើយនិយាយថា៖ “សូមស្បថនឹងភាពខ្ពង់ខ្ពស់របស់ទ្រង់! គ្មាននរណាម្នាក់នឹងចូលវាឡើយ”។ ពេលនោះ អល់ឡោះជាម្ចាស់ទ្រង់បានបញ្ជាឲ្យគេព័ទ្ធជុំវិញឋាននរកដោយចំណង់តណ្ហា រួចទ្រង់បានមានបន្ទូល(ទៅកាន់ជីព្រីល)ថា៖ “ចូរអ្នកត្រឡប់ទៅមើលវា(ឋាននរក)ម្តងទៀត”។ ពេលនោះ ជីព្រីលក៏បានមើលទៅកាន់ឋាននរកនោះ ខណៈដែលវាត្រូវបានព័ទ្ធជុំវិញដោយចំណង់តណ្ហា។ ក្រោយមក គាត់ក៏ត្រឡប់មកវិញ ហើយនិយាយថា៖ “សូមស្បថនឹងភាពខ្ពង់ខ្ពស់របស់ទ្រង់! ខ្ញុំពិតជាបារម្ភខ្លាចក្រែងគ្មាននរណាម្នាក់អាចរួចផុតពីការចូលវា(ឋាននរក)ឡើយ”។
ហាទីស្ហហាសាន់ រាយការណ៍ដោយ អាពូហ្ទាវូទ អាត់តៀរមីហ្ស៊ី និងអាន់ណាសាអ៊ី
ខ្ញុំបានឮរ៉ស៊ូលុលឡោះ ﷺ លោកបានមានប្រសាសន៍ថា៖ “អល់ឡោះជាម្ចាស់ទ្រង់បានមានបន្ទូលថា៖ ឱកូនចៅអាហ្ទាំ! ជាការពិតណាស់ ដរាបណាអ្នកនៅបួងសួងមកកាន់យើង និងរំពឹងមកចំពោះយើង យើងនឹងអភ័យសឲ្យអ្នកចំពោះបាបកម្មរបស់អ្នក ហើយយើងមិនយកចិត្ដទុកដាក់ឡើយ។ កូនចៅអាហ្ទាំ! ប្រសិនបើបាបកម្មរបស់អ្នកច្រើនពេញមេឃ បន្ទាប់មក អ្នកសុំការអភ័យទោសពីយើង យើងនឹងអភ័យទោសឲ្យអ្នក ហើយយើងមិនយកចិត្ដទុកដាក់(ចំពោះវាឡើយ)។ ឱកូនចៅអាហ្ទាំ! ជាការពិតណាស់ ប្រសិនបើអ្នកមកជួបយើងដោយមានបាបកម្មស្ទើរពេញផែនដី បន្ទាប់មក អ្នកមកជួបនឹងយើងដោយមិនបានធ្វើស្ហ៊ីរិកអ្វីមួយមកចំពោះយើងទេនោះ យើងនឹងផ្ដល់ការអភ័យទោសស្ទើរពេញផែនដីឱ្យអ្នកវិញដូចគ្នា”។
ហាទីស្ហហាសាន់ រាយការណ៍ដោយ អាត់តៀរមីហ្ស៊ី
“ចូរពួកអ្នកកុំលោភលន់នឹងដីស្រែចម្ការ ព្រោះវាធ្វើឲ្យពួកអ្នកងប់ងុលនឹងលោកិយ”។
ហាទីស្ហហាសាន់ដោយផ្អែកលើហាទីស្ហផ្សេងទៀត រាយការណ៍ដោយ អាត់តៀរមីហ្ស៊ី និងអះម៉ាត់
ខ្ញុំបានឃើញ អាំម៉ើរ ពិន យ៉ាសៀរ ចូលម៉ាស្ជិត ហើយសឡាត។ គាត់សឡាតខ្លីៗ។ គាត់(អាប់ទុលឡោះ)បន្តថា៖ នៅពេលដែលគាត់ចាកចេញ ខ្ញុំបានក្រោកទៅកាន់គាត់ ហើយនិយាយថា៖ ឱ អាពូអាល់យ៉ឹកហ្ស៊ន! អ្នកពិតជាសឡាតខ្លី(លឿន)ណាស់។ គាត់បានតបថា៖ តើអ្នកបានឃើញខ្ញុំកាត់បន្ថយអ្វីមួយនៃកាតព្វកិច្ចរបស់វាដែរឬទេ? ខ្ញុំបានឆ្លើយថា៖ អត់ទេ។ គាត់បាននិយាយថា៖ តាមពិតទៅ ខ្ញុំព្យាយាមយកឈ្នះអំពីការជ្រៀតជ្រែករបស់ស្ហៃតន។ ខ្ញុំបានឮរ៉ស៊ូលុលឡោះ ﷺ លោកបានមានប្រសាសន៍ថា៖ “ជាការពិតណាស់ ខ្ញុំបម្រើអល់ឡោះបានធ្វើការប្រតិបត្តិសឡាតនូវសឡាតមួយ ប៉ុន្តែអ្វីដែលត្រូវបានកត់ត្រាសម្រាប់រូបគេពីការសឡាតនោះ គឺមានតែមួយភាគដប់ មួយភាគប្រាំបួន មួយភាគប្រាំបី មួយភាគប្រាំពីរ មួយភាគប្រាំមួយ មួយភាគប្រាំ មួយភាគបួន មួយភាគបី ឬពាក់កណ្តាលនៃសឡាតនោះប៉ុណ្ណោះ”។
ហាទីស្ហហាសាន់ រាយការណ៍ដោយ អះម៉ាត់
រ៉ស៊ូលុលឡោះ ﷺ លោកបានមានប្រសាសន៍ថា៖ “នៅយប់ដែលគេនាំខ្ញុំឡើងទៅលើមេឃ ខ្ញុំបានឆ្លងកាត់ក្រុមមួយដែលមានក្រចកស្ពាន់ ហើយពួកគេកំពុងខ្វាចមុខ និងទ្រូងខ្លួនឯង។ ពេលនោះ ខ្ញុំបានសួរថា៖ តើអ្នកទាំងនោះជានរណា ឱជីព្រីល? គាត់បានឆ្លើយថា៖ អ្នកទាំងនោះ គឺជាពួកដែលស៊ីសាច់មនុស្ស(និយាយដើមគេ) និងនិយាយបង្ខូចកិត្ដិយសរបស់ពួកគេ”។
ហាទីស្ហហាសាន់ រាយការណ៍ដោយ អាពូហ្ទាវូទ
“ចូរពួកអ្នករំលឹកអំពីអ្នកដែលបំផ្លាញនូវភាពសប្បាយរីករាយឲ្យបានច្រើន” ពោលគឺសេចក្ដីស្លាប់។
ហាទីស្ហហាសាន់ រាយការណ៍ដោយ អាត់តៀរមីហ្ស៊ី អាន់ណាសាអ៊ី និងអ៊ិពនូម៉ាហ្ជះ
“ពិតណាស់ លោកិយត្រូវបានគេដាក់បណ្ដាសា ហើយអ្វីៗនៅក្នុងវាក៏ត្រូវគេដាក់បណ្ដាសាដែរ លើកលែងតែការរលឹកទៅចំពោះអល់ឡោះ និងអ្វីដែលប្រហាក់ប្រហែលនឹងវា អ្នកចេះដឹង ហើយនិងអ្នករៀនសូត្រ”។
ហាទីស្ហហាសាន់ រាយការណ៍ដោយ អាត់តៀរមីហ្ស៊ី និងអ៊ិពនូម៉ាហ្ជះ
“ក្នុងចំណោមពួកអ្នក ជនណាភ្ញាក់នៅពេលព្រឹកដោយមានភាពសុខសាន្តក្នុងខ្លួន មានសុខសន្ដិភាព មានអាហារគ្រប់គ្រាន់សម្រាប់ថ្ងៃនោះ គឺហាក់ដូចជារូបគេមានអ្វីៗទាំងអស់នៅក្នុងលោកិយ”។
ហាទីស្ហហាសាន់ រាយការណ៍ដោយ អាត់តៀរមីហ្ស៊ី និងអ៊ិពនូម៉ាហ្ជះ