Skip to content
839 ហាទីស

សព្វវចនាធិប្បាយហាទីសរបស់ព្យាការី

ត្រងលទ្ធផល

9 នៃ 839 កាត

លុបតម្រង
នៅថ្ងៃមួយ រ៉ស៊ូលុលឡោះ ﷺ បានក្រោកឈរនៅចំពោះមុខពួកយើង ហើយលោកបានផ្តល់ដំបូន្មានដ៏មានអត្ថន័យមួយដល់ពួកយើងដែលធ្វើឲ្យចិត្តរបស់យើងញាប់ញ័រ ហើយស្រក់ទឹកភ្នែក។ ពេលនោះ មានគេនិយាយថា៖ ឱរ៉ស៊ូលុលឡោះ! លោកផ្តល់ដំបូន្មានដល់ពួកយើងហាក់ដូចជាដំបូន្មានចុងក្រោយអញ្ចឹង។ ហេតុនេះ សូមផ្តល់ការណែនាំមកកាន់ពួកយើងមក។ លោកបានមានប្រសាសន៍ថា៖ “ខ្ញុំសូមផ្តាំផ្ញើពួកអ្នកឲ្យកោតខ្លាចអល់ឡោះ ហើយត្រូវស្តាប់បង្គាប់ និងគោរពតាមមេដឹកនាំ ទោះបីមេដឹកនាំនោះ ជាទាសករក៏ដោយ។ ហើយបន្ទាប់ពីខ្ញុំទៅ ពួកអ្នកនឹងឃើញមានការខ្វែងយោបល់គ្នាយ៉ាងខ្លាំងក្លា។ ហេតុនេះ ចូរពួកអ្នកប្រកាន់ខ្ជាប់នូវមាគ៌ា(ស៊ុណ្ណះ)របស់ខ្ញុំ និងមាគ៌ារបស់អ្នកគ្រប់គ្រងដ៏ឈ្លាសវៃដែលត្រូវបានគេចង្អុលបង្ហាញផ្លូវឲ្យ(ឃូឡាហ្វាកអើររ៉ស្ហ៊ីទីន)។ ចូរពួកអ្នកខាំវានឹងធេ្មញថ្គាម ហើយចូរប្រុងប្រយ័ត្នចំពោះប្រការទាំងឡាយដែលគេបង្កើតថ្មី(នៅក្នុងសាសនា) ព្រោះរាល់ប្រការដែលគេបង្កើតថ្មី(ប្រការពិតអះ) គឺសុទ្ធតែវងេ្វង”។
ហាទីស្ហសហេស រាយការណ៍ដោយ អាពូហ្ទាវូទ អាត់តៀរមីហ្ស៊ី អ៊ិពនូម៉ាហ្ជះ និងអះម៉ាត់
“ខ្ញុំនឹងប្រគល់ទង់ជ័យនេះឲ្យទៅបុរសម្នាក់ដែលស្រលាញ់អល់ឡោះ និងអ្នកនាំសាររបស់ទ្រង់ ហើយអល់ឡោះនឹងផ្តល់ជ័យជម្នះតាមរយៈស្នាដៃរបស់គេ"។ អ៊ូមើរ ពិន អាល់ខត្តប បាននិយាយថា៖ ខ្ញុំមិនដែលចង់ក្លាយជាអ្នកដឹកនាំទេ លើកលែងតែក្នុងថ្ងៃនោះប៉ុណ្ណោះ។ រហូតដល់ខ្ញុំបានបង្ហាញនូវទឹកមុខដោយក្តីសង្ឃឹមថា ខ្ញុំនឹងត្រូវបានហៅឲ្យទទួលទង់ជ័យនោះ។ គាត់បាននិយាយថា៖ ពេលនោះ រ៉ស៊ូលុលឡោះ ﷺ បានហៅអាលី ពិន អាពីត៏ឡិប ហើយក៏ប្រគល់ទង់ជ័យនោះឲ្យទៅគាត់ ហើយបានមានប្រសាសន៍ថា៖ “ចូរអ្នកធ្វើដំណើរទៅមុខ ហើយកុំងាកក្រោយឲ្យសោះ រហូតដល់អល់ឡោះផ្តល់ជ័យជម្នះតាមរយៈស្នាដៃរបស់អ្នក”។ គាត់បាននិយាយទៀតថា៖ ពេលនោះ អាលី ដើរបានបន្តិចក៏ឈប់ តែមិនបានងាកក្រោយឡើយ ហើយគាត់បានស្រែកសួរថា៖ ឱរ៉ស៊ូលុលឡោះ! តើខ្ញុំប្រយុទ្ធប្រឆាំងនឹងមនុស្សលោកដើម្បីអ្វី? លោកបានឆ្លើយថា៖ “អ្នកត្រូវប្រយុទ្ធប្រឆាំងនឹងពួកគេ រហូតទាល់តែពួកគេធ្វើសាក្សីថា គ្មានទេម្ចាស់ដែលត្រូវគេគោរពសក្ការៈដ៏ពិតប្រាកដ លើកលែងតែអល់ឡោះ ហើយមូហាំម៉ាត់ គឺជាអ្នកនាំសាររបស់អល់ឡោះ។ ប្រសិនបើពួកគេបានធ្វើដូចេ្នះហើយ អាយុជីវិត និងទ្រព្យសម្បត្តិរបស់ពួកគេត្រូវបានគេការពារអំពីអ្នក លើកលែងតែអ្វីដែលជាសិទ្ធិរបស់អ៊ីស្លាម ហើយការជំនុំជម្រះរបស់ពួកគេ គឺស្ថិតលើអល់ឡោះជាម្ចាស”។
ហាទីស្ហសហេស រាយការណ៍ដោយ មូស្លីម
“ខ្ញុំសូមផ្តាំផ្ញើពួកអ្នកឲ្យកោតខ្លាចអល់ឡោះ ហើយត្រូវស្តាប់បង្គាប់ និងគោរពតាមមេដឹកនាំ ទោះបីមេដឹកនាំនោះ ជាទាសករក៏ដោយ។ ជាការពិតណាស់ ជនណាក្នុងចំណោមពួកអ្នកដែលបានរស់នៅបន្ទាប់ពីខ្ញុំស្លាប់ទៅ នោះគេនឹងឃើញមានការខ្វែងគំនិតគ្នាជាច្រើន។ ហេតុនេះ ចូរពួកអ្នកប្រកាន់ខ្ជាប់នូវមាគ៌ា(ស៊ុណ្ណះ)របស់ខ្ញុំ និងមាគ៌ារបស់អ្នកគ្រប់គ្រងដ៏ឈ្លាសវៃដែលត្រូវបានគេចង្អុលបង្ហាញផ្លូវឲ្យ(ឃូឡាហ្វាកអើររ៉ស្ហ៊ីទីន)។ ចូរពួកអ្នកខាំវានឹងធេ្មញថ្គាម ហើយចូរប្រុងប្រយ័ត្នចំពោះប្រការទាំងឡាយដែលគេបង្កើតថ្មី(នៅក្នុងសាសនា) ព្រោះរាល់ប្រការដែលគេបង្កើតថ្មី(ប្រការពិតអះ) គឺសុទ្ធតែវងេ្វង”។
ហាទីស្ហសហេស រាយការណ៍ដោយ អាពូហ្ទាវូទ និងអាត់តៀរមីហ្ស៊ី
ពិតណាស់ គាត់បានមកកាន់ថ្មខ្មៅ(ហាជើរុលអាស់វ៉ាត់) ហើយថើបវា រួចនិយាយថា៖ ពិតណាស់ខ្ញុំដឹងថា អ្នកគ្រាន់តែជាដុំថ្មដែលមិនអាចបង្កនូវគ្រោះថ្នាក់ ឬផ្តល់ជាប្រយោជន៍អ្វីបានឡើយ។ ប្រសិនបើខ្ញុំពិតជាមិនបានឃើញណាពី ﷺ ថើបអ្នកទេនោះ ខ្ញុំក៏នឹងមិនថើបអ្នកនោះដែរ។
ហាទីស្ហសហេស រាយការណ៍ដោយ អាល់ពូខរី និងមូស្លីម
ខ្ញុំបានឮណាពី ﷺ លោកបានមានប្រសាសន៍ប្រាំថ្ងៃមុនពេលលោកទទួលមរណភាពថា៖ “ពិតប្រាកដណាស់ ខ្ញុំសូមប្រកាសអំពីភក្ដីភាពរបស់ខ្ញុំចំពោះអល់ឡោះ ដោយបដិសេធមិនទទួលយកអ្នកណាម្នាក់ជាទីស្រឡាញ់(ខលីល)ឡើយ។ ជាការពិតណាស់ អល់ឡោះជាម្ចាស់ទ្រង់បានជ្រើសរើសខ្ញុំធ្វើជាមនុស្សជាទីស្រឡាញ់(ខលីល) ដូចដែលទ្រង់បានជ្រើសរើសណាពីអ៊ីព្រហ៊ីមធ្វើជាមនុស្សជាទីស្រឡាញ់(របស់ទ្រង់)ដែរ។ ហើយប្រសិនបើខ្ញុំជ្រើសរើសយកមនុស្សម្នាក់ក្នុងចំណោមប្រជាជាតិរបស់ខ្ញុំធ្វើជាមនុស្សជាទីស្រឡាញ់(របស់ខ្ញុំ)នោះ ខ្ញុំប្រាកដជានឹងជ្រើសយកអាពូហ្ពាកើរធ្វើជាមនុស្សជាទីស្រឡាញ់ជាមិនខាន។ ជាការពិតណាស់ អ្នកជំនាន់មុនពួកអ្នក ពួកគេបានយកផ្នូររបស់បណ្តាណាពី និងកុសលបុគ្គលទាំងឡាយរបស់ពួកគេធ្វើជាម៉ាស្ជិត(ទីសក្ការៈ)។ តែពួកអ្នកមិនត្រូវយកផ្នូរទាំងឡាយធ្វើជាម៉ាស្ជិតឡើយ។ ពិតប្រាកដណាស់ ខ្ញុំសូមហាមឃាត់ពួកអ្នកពីការធ្វើដូច្នោះ”។
ហាទីស្ហសហេស រាយការណ៍ដោយ មូស្លីម
អំពីណាពី ﷺ ពិតណាស់ លោកបានមានប្រសាសន៍អំពីពួកអាន់សរថា៖ “គ្មានអ្នកណាស្រឡាញ់ពួកគេឡើយ លើកលែងតែអ្នកដែលមានជំនឿ ហើយក៏គ្មានអ្នកណាស្អប់ពួកគេដែរ លើកលែងតែជនពុតត្បុត។ ជនណាហើយស្រឡាញ់ពួកគេ នោះអល់ឡោះនឹងស្រឡាញ់ជននោះ។ ហើយជនណាដែលស្អប់ពួកគេ អល់ឡោះក៏នឹងស្អប់ជននោះដែរ”។
ហាទីស្ហសហេស រាយការណ៍ដោយ អាល់ពូខរី និងមូស្លីម
ពិតណាស់ មានពេលមួយ ណាពី ﷺ លោកសួររក សាពិត ពិន ក័ស។ ពេលនោះ មានបុរសម្នាក់បាននិយាយថា៖ ឱរ៉ស៊ូលុលឡោះ! ខ្ញុំនឹងប្រាប់ពីដំណឹងរបស់គាត់ដល់លោក។ បុរសនោះក៏បានទៅជួបសាពិត ហើយបានឃើញគាត់អង្គុយនៅក្នុងផ្ទះរបស់គាត់ដោយឈ្ងោកមុខចុះ។ បុរសនោះបានសួរថា៖ តើអ្នកមានបញ្ហាអ្វី? គាត់បានឆ្លើយថា៖ អាក្រក់ណាស់។ គាត់ធ្លាប់តម្លើងសំឡេងលើសសំឡេងរបស់ណាពី ﷺ។ ដូចនេះ ទង្វើកុសលរបស់គាត់ពិតជានឹងត្រូវក្លាយជាអសារបង់ហើយ ហើយរូបគាត់នឹងស្ថិតក្នុងចំណោមអ្នកឋាននរកជាមិនខាន។ ពេលនោះ បុរសនោះក៏បានទៅជួបនឹងណាពី ﷺ វិញ ហើយប្រាប់លោកថា ពិតណាស់ សាពិតបាននិយាយបែបនេះ បែបនោះ។ ក្រោយមក បុរសនោះក៏បានត្រឡប់ទៅវិញម្តងទៀតដោយនាំមកនូវដំណឹងរីករាយដ៏ធំ មួយ។ ដោយណាពី ﷺ បានមានប្រសាសន៍ថា៖ “ចូរអ្នកទៅរកគាត់ ហើយនិយាយទៅកាន់គាត់ថា៖ ជាការពិតណាស់ អ្នកមិនមែនស្ថិតក្នុងចំណោមអ្នកឋាននរកឡើយ។ ផ្ទុយទៅវិញ គឺស្ថិតក្នុងចំណោមអ្នកឋានសួគ៌”។
ហាទីស្ហសហេស រាយការណ៍ដោយ អាល់ពូខរី និងមូស្លីម
“អ្នកដែលល្អជាងគេក្នុងចំណោមពួកអ្នក គឺ(មនុស្សក្នុង)សតវត្សរបស់ខ្ញុំ។ បន្ទាប់មក គឺអ្នកដែលមកបន្ទាប់ពីពួកគេ។ បន្ទាប់មកទៀត គឺអ្នកដែលមកបន្ទាប់ពីពួកគេ”។ អ៊ិមរ៉ន បាននិយាយថា៖ ខ្ញុំមិនដឹងទេថា ណាពី ﷺ បានលើកឡើងពីរសតវត្ស ឬបីសតវត្សបន្ទាប់នោះ។ ណាពី ﷺ លោកបានមានប្រសាសន៍ទៀតថា៖ “បន្ទាប់ពីពួកអ្នក នឹងមានក្រុមមួយដែលពួកគេក្បត់ ហើយគ្មាននរណាទុកចិត្តពួកគេទេ។ ពួកគេធ្វើជាសាក្សី តែគ្មាននរណាស្នើឱ្យពួកគេធ្វើសាក្សីឡើយ។ ពួកគេសច្ចាបន់(ណាហ្សើរ) តែពួកគេមិនធ្វើតាមឡើយ។ ហើយភាពធាត់នឹងលេចឡើងក្នុងចំណោមពួកគេ”។
ហាទីស្ហសហេស រាយការណ៍ដោយ អាល់ពូខរី និងមូស្លីម