Skip to content
839 ហាទីស

សព្វវចនាធិប្បាយហាទីសរបស់ព្យាការី

ត្រងលទ្ធផល

25 នៃ 839 កាត

លុបតម្រង
“ពិតប្រាកដណាស់ អល់ឡោះទ្រង់ប្រចណ្ឌ(ខឹងសម្បា) ហើយពិតណាស់ អ្នកមានជំនឿក៏ចេះប្រចណ្ឌដែរ។ តែការប្រចណ្ឌរបស់អល់ឡោះនោះ គឺការដែលអ្នកមានជំនឿប្រព្រឹត្តនូវអ្វីដែលទ្រង់បានហាមឃាត់លើរូបគេ”។
ហាទីស្ហសហេស រាយការណ៍ដោយ អាល់ពូខរី និងមូស្លីម
អាណាស ពិន ម៉ាលិក رضي الله عنه បាននិយាយប្រាប់ពួកយើងថា៖ ពិតណាស់ មានបុរសម្នាក់បានសួរថា៖ ឱណាពីរបស់អល់ឡោះ! តើគេប្រមូលផ្តុំអ្នកគ្មានជំនឿ(នៅថ្ងៃបរលោក)ឲ្យដើរនឹងមុខយ៉ាងដូចម្តេចទៅ? លោកបានមានប្រសាសន៍ថា៖ “តើពុំមែនទេឬ អ្នកដែលឲ្យរូបគេដើរនឹងជើងទាំងពីរនៅក្នុងលោកិយ ក៏ជាអ្នកដែលមានសមត្ថភាពអាចឲ្យរូបគេដើរនឹងមុខរបស់ខ្លួននៅថ្ងៃបរលោកនោះ”? កតាហ្ទះបាននិយាយថា៖ ពិតមែនហើយ ដោយសារមហាខ្លាំងពូកែនៃព្រះអម្ចាស់របស់យើង។
ហាទីស្ហសហេស រាយការណ៍ដោយ អាល់ពូខរី និងមូស្លីម
“ពិតប្រាកដណាស់ អល់ឡោះជាម្ចាស់មិនបំពានលើអំពើល្អរបស់អ្នកមានជំនឿឡើយ។ ទ្រង់នឹងផ្ដល់លាភសក្ការៈដល់គេនៅក្នុងលោកិយ ព្រមទាំងតបស្នងនូវផលបុណ្យនៅថ្ងៃបរលោកថែមទៀត។ ចំណែកអ្នកគ្មានជំនឿវិញ គេនឹងផ្ដល់លាភសក្ការៈចំពោះអំពើល្អដែលរូបគេធ្វើវាក្នុងនាមអល់ឡោះនៅក្នុងលោកិយទាំងអស់ រហូតទៅដល់ថ្ងៃបរលោក គ្មានផលបុណ្យសម្រាប់តបស្នងដល់រូបគេទៀតឡើយ”។
ហាទីស្ហសហេស រាយការណ៍ដោយ មូស្លីម
រ៉ស៊ូលុលឡោះ ﷺ លោកបានមានប្រសាសន៍ថា៖ “ពិតប្រាកដណាស់ អល់ឡោះជាម្ចាស់ទ្រង់បានមានបន្ទូលថា៖ បុគ្គលណាយកអ្នកមានជំនឿ និងកោតខ្លាចយើង(វ៉ើលីអល់ឡោះ)ធ្វើជាសត្រូវ យើងនឹងប្រកាសសង្គ្រាមជាមួយជននោះ។ ខ្ញុំបម្រើរបស់យើងមិនបានធ្វើអ្វីមួយដើម្បីឲ្យខ្លួនគេកាន់តែខិតជិតមកចំពោះយើង និងធ្វើឲ្យយើងពេញចិត្ត ជាង(ការអនុវត្ត)អ្វីដែលយើងបានដាក់ជាកាតព្វកិច្ចទៅចំពោះគេឡើយ។ ហើយខ្ញុំបម្រើរបស់យើងនៅតែធ្វើទង្វើល្អដោយស្ម័គ្រចិត្ត(ប្រការស៊ូណិត)មកចំពោះយើងជានិច្ច រហូតដល់យើងពេញចិត្តចំពោះគេ។ កាលណាយើងពេញចិត្តចំពោះគេហើយ យើងនឹងថែរក្សាគេមិនឲ្យស្តាប់ឮ មិនឲ្យមើលឃើញ មិនឲ្យប៉ះពាល់អ្វីដែលច្បាប់មិនអនុញ្ញាត និងមិនឲ្យគេដើរទៅកន្លែងណាដែលច្បាប់មិនអនុញ្ញាត‏នោះឡើយ។ ប្រសិនបើគេសុំអ្វីមួយពីយើង យើងប្រាកដជានឹងផ្តល់ឲ្យគេ។ ហើយប្រសិនបើគេសុំឲ្យយើងបញ្ចៀសអ្វីមួយពីគេ យើងប្រាកដជានឹងបញ្ចៀសប្រការនោះពីគេ។ គ្មានអ្វីមួយដែលយើងស្ទាក់ស្ទើរក្នុងការធ្វើវា ដូចជាការស្ទាក់ស្ទើររបស់យើងក្នុងការដកយកជីវិតរបស់អ្នកមានជំនឿនោះឡើយ។ គេស្អប់សេចក្តីស្លាប់ ហើយយើងស្អប់ការធ្វើឱ្យគេឈឺចាប់”។
ហាទីស្ហសហេស រាយការណ៍ដោយ អាល់ពូខរី
“កន្លែងដែលអល់ឡោះស្រឡាញ់ជាងគេ គឺម៉ាស្ជិត ហើយកន្លែងដែលអល់ឡោះស្អប់ជាងគេ គឺផ្សារ”។
ហាទីស្ហសហេស រាយការណ៍ដោយ មូស្លីម
“ជាការពិតណាស់ អល់ឡោះជាម្ចាស់ទ្រង់មានបន្ទូលទៅកាន់អ្នកឋានសួគ៌ថា៖ ឱអ្នកឋានសួគ៌! ពួកគេបានឆ្លើយថា៖ ក្រាបទូល។ ទ្រង់បានសួរថា៖ តើពួកអ្នកពេញចិត្ដឬទេ? ពួកគេបានឆ្លើយថា៖ តើមានអ្វីដែលពួកយើងមិនពេញចិត្ដទៅ ខណៈដែលទ្រង់បានប្រទានដល់ពួកយើងនូវអ្វីដែលទ្រង់មិនបានប្រទានដល់នរណាម្នាក់នៃភាវៈរបស់ទ្រង់ផងនោះ? ពេលនោះ ទ្រង់បានមានបន្ទូលថា៖ យើងនឹងប្រទានឲ្យពួកអ្នកនូវអ្វីដែលល្អជាងនេះទៅទៀត។ ពួកគេបានតបថា៖ បរពិត្រព្រះជាម្ចាស់! តើមានអ្វីដែលល្អជាងនេះទៅទៀតនោះ? ទ្រង់មានបន្ទូលថា៖ យើងប្រទានការពេញចិត្ដរបស់យើងដល់ពួកអ្នក។ ដូចនេះ យើងនឹងមិនក្រោធខឹងនឹងពួកអ្នកជារៀងរហូតបន្ទាប់ពីនេះ”។
ហាទីស្ហសហេស រាយការណ៍ដោយ អាល់ពូខរី និងមូស្លីម
“ចូរពួកអ្នកព្យាយាមធ្វើឲ្យបានត្រឹមត្រូវ និងចូរធ្វើឲ្យបានត្រឹមត្រូវ។ ត្រូវដឹងថា ជាការពិតណាស់ គ្មានអ្នកណាម្នាក់ក្នុងចំណោមពួកអ្នកអាចរួចផុតពីឋាននរកដោយសារតែទង្វើរបស់ខ្លួននោះឡើយ”។ ពួកគេបានសួរថា៖ ឱរ៉ស៊ូលុលឡោះ! សូម្បីតែលោកឬ? លោកបានឆ្លើយថា៖ “សូម្បីតែខ្ញុំក៏ដោយ គ្រាន់តែអល់ឡោះបានគ្របដណ្តប់រូបខ្ញុំដោយក្តីមេត្តាករុណា និងក្តីសប្បុរសរបស់ទ្រង់ប៉ុណ្ណោះ”។
ហាទីស្ហសហេស រាយការណ៍ដោយ អាល់ពូខរី និងមូស្លីម
“ពិតប្រាកដណាស់ អល់ឡោះជាម្ចាស់ទ្រង់មិនមើលទៅលើរូបរាងរបស់ពួកអ្នក និងទ្រព្យសម្បត្តិរបស់ពួកអ្នកឡើយ។ ប៉ុន្តែទ្រង់មើលទៅលើចិត្តរបស់ពួកអ្នក និងទង្វើរបស់ពួកអ្នកប៉ុណ្ណោះ”។
ហាទីស្ហសហេស រាយការណ៍ដោយ មូស្លីម