Skip to content
839 ហាទីស

សព្វវចនាធិប្បាយហាទីសរបស់ព្យាការី

ត្រងលទ្ធផល

49 នៃ 839 កាត

លុបតម្រង
ណាពី ﷺ លោកបានរំលឹកអំពីរឿងមួយ។ ក្រោយមក លោកបានមានប្រសាសន៍ថា៖ “នោះគឺនៅពេលដែលដល់ពេលវេលាដែលចំណេះដឹងត្រូវបាត់បង់”។ ខ្ញុំបានសួរថា៖ ឱរ៉ស៊ូលុលឡោះ! តើចំណេះដឹងត្រូវបានបាត់បង់យ៉ាងដូចម្តេច ខណៈដែលពួកយើងនៅសូត្រគម្ពីរគួរអាន ហើយពួកយើងក៏បានឲ្យកូនរបស់ពួកយើងសូត្រគម្ពីរគួរអាន ហើយកូនៗរបស់ពួកយើងក៏បានឲ្យកូនៗរបស់ពួកគេសូត្រវា រហូតដល់ថ្ងៃបរលោកទៀតនោះ។ លោកបានប្រសាសន៍ថា៖ “កំព្រាម្តាយហើយអ្នក ហ្ស៊ីយ៉ាទ! ពិតណាស់ខ្ញុំធ្លាប់យល់ឃើញថា អ្នកស្ថិតក្នុងចំណោមអ្នកដែលមានការយល់ដឹងជាងគេនៅក្រុងម៉ាទីណះ។ តើពុំមែនទេឬដែលពួកយ៉ាហ៊ូទី និងពួកណាសរ៉នីពួកគេនាំគ្នាសូត្រគម្ពីរតាវរ៉ត និងគម្ពីរអ៊ិញជីល តែពួកគេមិនបានអនុវត្តអ្វីបន្តិចនូវអ្វីដែលមាននៅក្នុងគម្ពីរទាំងពីរនេះ”?
ហាទីស្ហសហេសដោយផ្អែកលើហាទីស្ហផ្សេងទៀត រាយការណ៍ដោយ អ៊ិពនូម៉ាហ្ជះ
“នៅពេលពួកអ្នកឮអ្នកអាហ្សាន(បានអាហ្សាន) ចូរពួកអ្នកសូត្រដូចអ្វីដែលអ្នកអាហ្សានបានសូត្រ។ បន្ទាប់មក ចូរពួកអ្នកសឡាវ៉ាតមកចំពោះខ្ញុំ ព្រោះជនណាដែលសឡាវ៉ាតមកចំពោះខ្ញុំមួយដង អល់ឡោះជាម្ចាស់នឹងសឡាវ៉ាតទៅលើគេវិញដប់ដង។ ក្រោយមក ចូរពួកអ្នកសុំពីអល់ឡោះឲ្យខ្ញុំនូវអាល់វ៉ាស៊ីឡះ(មធ្យោបាយ)។ ពិតណាស់ វាជាឋានៈមួយនៅក្នុងឋានសួគ៌ដែលគេមិនអនុញ្ញាតឲ្យអ្នកណាក្រៅពីខ្ញុំបម្រើរបស់អល់ឡោះតែម្នាក់ប៉ុណ្ណោះ ហើយខ្ញុំសង្ឃឹមថា ខ្ញុំគឺជាម្នាក់នោះ។ ហេតុនេះ បុគ្គលណាសុំពីអល់ឡោះឲ្យខ្ញុំនូវអាល់វ៉ាស៊ីឡះ(មធ្យោបាយ) រូបគេនឹងទទួលបាននូវការជួយអន្ដរាគមន៍(ពីខ្ញុំ)”។
ហាទីស្ហសហេស រាយការណ៍ដោយ មូស្លីម
“មនុស្សលោកនឹងត្រូវគេប្រមូលផ្ដុំនៅថ្ងៃបរលោកដោយគ្មានស្បែកជើងពាក់ គ្មានសម្លៀកបំពាក់ និងមិនទាន់ខតាន់”។ ខ្ញុំបានសួរថា៖ ឱរ៉ស៊ូលុលឡោះ! តើបុរស និងស្ដ្រីមិនមើលគ្នាទៅវិញទៅមកហើយ? លោកបានឆ្លើយថា៖ “ឱអាអ៊ីស្ហះ! កិច្ចការនៅថ្ងៃនោះធ្ងន់ធ្ងរជាងការមើលគ្នាទៅវិញទៅមកទៅទៀត”។
ហាទីស្ហសហេស រាយការណ៍ដោយ អាល់ពូខរី និងមូស្លីម
“បុគ្គលណាសូត្រនៅពេលឮគេអាហ្សានថា៖ اللَّهُمَّ رَبَّ هَذِهِ الدَّعْوَةِ التَّامَّةِ، وَالصَّلاَةِ القَائِمَةِ، آتِ مُحَمَّدًا الوَسِيلَةَ وَالفَضِيلَةَ، وَابْعَثْهُ مَقَامًا مَحْمُودًا الَّذِي وَعَدْتَهُ (ឱអល់ឡោះដែលជាម្ចាស់នៃការអាហ្សានដ៏ពេញលេញ និងសឡាតដែលគេប្រតិបត្ដិ! សូមទ្រង់មេត្តាផ្ដល់ឲ្យមូហាំម៉ាត់នូវតំណែងដ៏ខ្ពង់ខ្ពស់ និងពិសេសបំផុត(នៅក្នុងឋានសួគ៌) ហើយសូមទ្រង់តែងតាំងលោកនៅទីកន្លែងដែលត្រូវគេកោតសរសើរដែលទ្រង់បានសន្យាចំពោះលោកផង) នោះរូបគេនឹងទទួលបានការអន្ដរាគមន៍(ស្ហាហ្វាអាត់)របស់ខ្ញុំនៅថ្ងៃបរលោក”។
ហាទីស្ហសហេស រាយការណ៍ដោយ អាល់ពូខរី
“តើពួកអ្នកដឹងដែរឬទេថា អ្វីទៅដែលហៅថា អ្នកក្ស័យធននោះ”? ពួកគេបានឆ្លើយថា៖ អ្នកក្ស័យធនក្នុងចំណោមពួកយើង គឺអ្នកដែលគ្មានលុយកាក់ និងទ្រព្យសម្បត្ដិអ្វីឡើយ។ ពេលនោះ លោកបានមានប្រសាសន៍ថា៖ “ជាការពិតណាស់ អ្នកក្ស័យធននៃប្រជាជាតិរបស់ខ្ញុំ គឺអ្នកដែលនៅថ្ងៃបរលោក រូបគេបាននាំមកនូវសឡាត បួស និងហ្សាកាត់ ប៉ុន្ដែរូបគេបានជេរប្រមាថអ្នកនេះ មួលបង្កាច់អ្នកនោះ លេបយបទ្រព្យសម្បត្ដិអ្នកនេះ បង្ហូរឈាមអ្នកនេះ វាយដំអ្នកនោះ។ ហេតុនេះ គេក៏យកទង្វើល្អរបស់ជននោះផ្ដល់ទៅឲ្យអ្នកនេះ អ្នកនោះ។ ហើយប្រសិនបើទង្វើល្អរបស់ជននោះអស់មុនពេលទូទាត់សងគេរួច គេនឹងយកទង្វើអាក្រក់របស់អ្នកទាំងនោះមកដាក់លើរូបគេថែមទៀត។ បន្ទាប់មក គេក៏គ្រវែងជននោះទៅក្នុងឋាននរក”។
ហាទីស្ហសហេស រាយការណ៍ដោយ មូស្លីម
“ស្រះទឹករបស់ខ្ញុំ (មានប្រវែងស្មើ)ចម្ងាយដើរមួយខែ។ ទឹករបស់វាសជាងទឹកដោះគោ។ ក្លិនរបស់វាក្រអូបជាងក្លិនទឹកអប់។ ភាជន៍របស់វា (មានច្រើនលើសលប់)ប្រៀបដូចផ្កាយនៅលើមេឃ។ ជនណាដែលបានផឹកអំពីស្រះទឹកនោះ គឺគេនឹងបាត់ស្រេកជារៀងរហូត”។
ហាទីស្ហសហេស រាយការណ៍ដោយ អាល់ពូខរី និងមូស្លីម
“សាសនាឥស្លាមមួយនេះប្រាកដជានឹងទៅដល់គ្រប់ទីកន្លែងដែលពេលថ្ងៃនិងពេលយប់ទៅដល់ ហើយអល់ឡោះនឹងមិនទុកផ្ទះណាមួយនៅក្នុងទីក្រុង ឬជនបទនោះឡើយ លើកលែងតែទ្រង់នឹងបញ្ចូលសាសនានេះទៅក្នុងផ្ទះនោះ ទាំងតាមរយៈកិត្តិយសនៃអ្នកដែលខ្ពង់ខ្ពស់ ឬតាមរយៈភាពអាប់ឱននៃអ្នកដែលត្រូវគេបន្ទាបបន្ទោក។ គឺដោយភាពខ្ពង់ខ្ពស់ដែលអល់ឡោះលើកតម្កើងអ៊ីស្លាម និងភាពអាប់ឱនដែលអល់ឡោះបន្ទាបបន្ថោកភាពគ្មានជំនឿ”។ តាមីម អាត់ទើរី បាននិយាយថា៖ ខ្ញុំបានសង្កេតឃើញរឿងបែបនេះកើតឡើងក្នុងគ្រួសាររបស់ខ្ញុំ។ អ្នកដែលចូលអ៊ីស្លាមក្នុងចំណោមពួកគេ គឺទទួលបាននូវភាពល្អប្រសើរ កិត្តិយស និងភាពខ្ពង់ខ្ពស់។ រីឯអ្នកដែលគ្មានជំនឿក្នុងចំណោមពួកគេវិញ បានជួបប្រទះនូវការបន្ទាបបន្ទោក ភាពអាម៉ាស់ និងការបង់ពន្ធ(ជីសយ៉ះ)។
ហាទីស្ហសហេស រាយការណ៍ដោយ អះម៉ាត់
“នៅពេលដែលសពត្រូវបានដាក់ចុះ ហើយបុរសទាំងឡាយលើកសពនោះដាក់លើស្មារបស់ពួកគេ ប្រសិនបើសពនោះជាមនុស្សល្អ វានឹងនិយាយថា៖ នាំខ្ញុំទៅឲ្យលឿន។ តែប្រសិនបើសពនោះមិនមែនជាមនុស្សល្អវិញនោះ វានឹងនិយាយថា៖ វិនាសអន្តរាយហើយ! តើពួកគេនាំវាទៅណា? អ្វីៗទាំងអស់សុទ្ធតែឮសំឡេងរបស់វា លើកលែងតែមនុស្សប៉ុណ្ណោះ។ ហើយប្រសិនបើមនុស្សឮសំឡេងវា ពួកគេនឹងសន្លប់ជាមិនខាន”។
ហាទីស្ហសហេស រាយការណ៍ដោយ អាល់ពូខរី