Skip to content
839 ហាទីស

សព្វវចនាធិប្បាយហាទីសរបស់ព្យាការី

ត្រងលទ្ធផល

7 នៃ 839 កាត

លុបតម្រង
“នៅពេលដែលអល់ឡោះជាម្ចាស់បានបង្កើតឋានសួគ៌ និងឋាននរក ទ្រង់បានបញ្ជូនម៉ាឡាអ៊ីកាត់ជីព្រីល អាឡៃហ៊ិស្សាឡាម ទៅកាន់ឋានសួគ៌ ហើយទ្រង់បានមានបន្ទូលថា៖ “ចូរអ្នកមើលទៅកាន់ឋានសួគ៌ និង(មើល)ទៅកាន់អ្វីដែលយើងបានរៀបចំនៅក្នុងវាសម្រាប់អ្នកចូលឋានសួគ៌”។ ពេលនោះ ម៉ាឡាអ៊ីកាត់ជីព្រីលក៏បានមើលទៅកាន់ឋានសួគ៌ រួចក៏ត្រឡប់មកវិញ ហើយនិយាយថា៖ “សូមស្បថនឹងភាពខ្ពង់ខ្ពស់របស់ទ្រង់! គ្មាននរណាម្នាក់ដែលបានឮអំពីវា(ឋានសួគ៌)នោះឡើយ លើកលែងតែរូបគេនឹងបានចូលវា”។ ពេលនោះ ទ្រង់បានបញ្ជាឲ្យព័ទ្ធជុំវិញឋានសួគ៌នោះដោយប្រការដែលគេមិនពេញចិត្ត រួចទ្រង់បានមានបន្ទូល(ទៅកាន់ជីព្រីល)ថា៖ “ចូរអ្នកត្រឡប់ទៅមើលវា(ឋានសួគ៌)ម្តងទៀត និង(មើល)ទៅកាន់អ្វីដែលយើងបានរៀបចំនៅក្នុងវាសម្រាប់អ្នកចូលឋានសួគ៌”។ ពេលនោះ ជីព្រីលក៏មើលទៅកាន់ឋានសួគ៌ ខណៈដែលវាត្រូវបានព័ទ្ធជុំវិញដោយប្រការដែលគេមិនពេញចិត្ត។ គាត់ក៏បាននិយាយថា៖ “សូមស្បថនឹងភាពខ្ពង់ខ្ពស់របស់ទ្រង់! ខ្ញុំពិតជាបារម្ភខ្លាចក្រែងគ្មាននរណាម្នាក់បានចូលវា(ឋានសួគ៌)ឡើយ”។ ទ្រង់បានមានបន្ទូលថា៖ “ចូរអ្នកទៅមើលឋាននរក និង(មើល)ទៅកាន់អ្វីដែលយើងបានរៀបចំនៅក្នុងវាសម្រាប់អ្នកចូលឋាននរកនោះ”។ ពេលនោះ ជីព្រីលក៏មើលទៅកាន់ឋាននរកដែលវាត្រូវបានរៀបជាជង់លើគ្នា រួចក៏ត្រឡប់មកវិញ ហើយនិយាយថា៖ “សូមស្បថនឹងភាពខ្ពង់ខ្ពស់របស់ទ្រង់! គ្មាននរណាម្នាក់នឹងចូលវាឡើយ”។ ពេលនោះ អល់ឡោះជាម្ចាស់ទ្រង់បានបញ្ជាឲ្យគេព័ទ្ធជុំវិញឋាននរកដោយចំណង់តណ្ហា រួចទ្រង់បានមានបន្ទូល(ទៅកាន់ជីព្រីល)ថា៖ “ចូរអ្នកត្រឡប់ទៅមើលវា(ឋាននរក)ម្តងទៀត”។ ពេលនោះ ជីព្រីលក៏បានមើលទៅកាន់ឋាននរកនោះ ខណៈដែលវាត្រូវបានព័ទ្ធជុំវិញដោយចំណង់តណ្ហា។ ក្រោយមក គាត់ក៏ត្រឡប់មកវិញ ហើយនិយាយថា៖ “សូមស្បថនឹងភាពខ្ពង់ខ្ពស់របស់ទ្រង់! ខ្ញុំពិតជាបារម្ភខ្លាចក្រែងគ្មាននរណាម្នាក់អាចរួចផុតពីការចូលវា(ឋាននរក)ឡើយ”។
ហាទីស្ហហាសាន់ រាយការណ៍ដោយ អាពូហ្ទាវូទ អាត់តៀរមីហ្ស៊ី និងអាន់ណាសាអ៊ី
“នៅក្នុងឋានសួគ៌ មានមួយរយឋានៈ។ ពីឋានៈមួយទៅឋានៈមួយ គឺប្រៀបដូចជារវាងមេឃនិងផែនដី។ ឋានសួគ៌ហ្វៀរទ័ស ជាឋានសួគ៌លំដាប់ខ្ពស់ជាងគេ ហើយទន្លេទាំងបួននៃឋានសួគ៌ គឺហូរចេញពីទីនោះ។ នៅខាងលើឋានសួគ៌ហ្វៀរទ័សនេះ គឺអារ៉ស្ហ។ ហេតុនេះ នៅពេលដែលពួកអ្នកសុំពីអល់ឡោះ ចូរពួកអ្នកសុំទ្រង់នូវឋានសួគ៌ហ្វៀរទ័ស”។
ហាទីស្ហសហេស រាយការណ៍ដោយ អាត់តៀរមីហ្ស៊ី
“បុគ្គលណាពន្យារពេលសងបំណុលដល់អ្នកទីទ័លក្រ ឬលើកលែងបំណុលឲ្យគេ អល់ឡោះជាម្ចាស់នឹងឲ្យគាត់បាននៅក្រោមម្លប់អារ៉ស្ហរបស់ទ្រង់នៅថ្ងៃដែលគ្មានម្លប់ណាផេ្សងក្រៅពីម្លប់របស់ទ្រង់ឡើយ”។
ហាទីស្ហសហេស រាយការណ៍ដោយ អាត់តៀរមីហ្ស៊ី និងអះម៉ាត់
“ចូរជ្រាបចុះថា ពេលវេលាជិតដល់ ហាទីស្ហរបស់ខ្ញុំនឹងទៅដល់បុរសម្នាក់ ខណៈដែលរូបគេអង្គុយទម្រេតខ្លួនលើគ្រែរបស់ខ្លួន ហើយនិយាយថា៖ នៅចំពោះមុខពួកយើងនិងចំពោះមុខពួកអ្នក គឺមានគម្ពីររបស់អល់ឡោះ(គម្ពីរគួរអាន)។ ហេតុនេះ អ្វីដែលពួកយើងបានឃើញក្នុងគម្ពីរនេះអំពីប្រការដែលគេអនុញ្ញាត(ប្រការហាឡាល់) ពួកយើងចាត់ទុកវាជាប្រការដែលគេអនុញ្ញាត។ ហើយអ្វីដែលពួកយើងបានឃើញនៅក្នុងគម្ពីរនេះអំពីប្រការដែលគេហាមឃាត់(ប្រការហារ៉ាំ) នោះពួកយើងចាត់ទុកវាជាប្រការដែលគេហាមឃាត់។ ហើយជាការពិតណាស់ អ្វីដែលរ៉ស៊ូលុលឡោះ ﷺ លោកបានដាក់បម្រាម ក៏ដូចជាអ្វីដែលអល់ឡោះជាម្ចាស់ទ្រង់ដាក់បម្រាមដែរ”។
ហាទីស្ហសហេស រាយការណ៍ដោយ អាពូហ្ទាវូទ អាត់តៀរមីហ្ស៊ី និងអ៊ិពនូម៉ាហ្ជះ
“ជាការពិតណាស់ អល់ឡោះជាម្ចាស់នឹងជ្រើសរើសបុរសម្នាក់ពីក្នុងចំណោមប្រជាជាតិរបស់ខ្ញុំមុនគេបង្អស់នៅថ្ងៃបរលោក។ ពេលនោះ គេបានចែកបញ្ជីកំណត់ត្រាអំពើអាក្រក់ចំនួន៩៩ដល់បុរសនោះ។ រាល់កំណត់ត្រានីមួយៗ គឺ(មានទំហំធំ)ដាច់កន្ទុយភ្នែក។ ក្រោយមក ទ្រង់បានមានបន្ទូលថា៖ តើអ្នកបដិសេធអ្វីមួយពីកំណត់ត្រានេះដែរឬទេ? តើម៉ាឡាអ៊ីកាត់របស់យើងដែលកត់ត្រាទង្វើនោះមានបានបំពានលើអ្នកដែរឬទេ? បុរសនោះឆ្លើយថា៖ គ្មានទេ បរពិតព្រះជាម្ចាស់! ទ្រង់បានមានបន្ទូលថា៖ តើអ្នកមានលេសអ្វីដោះសាដែរឬទេ? បុរសនោះឆ្លើយថា៖ គ្មានទេ បរពិតព្រះជាម្ចាស់។ ពេលនោះទ្រង់បានមានបន្ទូលថា៖ ពិតមែនហើយ ជាការពិតណាស់ អ្នកមានប្រការល្អមួយនៅជាមួយយើង។ ពិតណាស់ វាគ្មានភាពអយុត្តិធ៌មណាមួយមកលើពួកអ្នកទេនៅថ្ងៃនេះ។ ពេលនោះ គេបានបញ្ចេញនូវប័ណ្ណមួយដែលមានសរសេរថា៖ “أَشْهَدُ أَنْ لَا إِلَهَ إِلَّا اللهُ وَأَشْهَدُ أَنَّ مُحَمَّدًا عَبْدُهُ وَرَسُولُهُ” (ខ្ញុំសូមធ្វើសាក្សីថា គ្មានទេម្ចាស់ដែលត្រូវគោរពសក្ការៈដ៏ពិតប្រាកដ មានតែអល់ឡោះ ហើយខ្ញុំសូមធ្វើសាក្សីថា មូហាំម៉ាត់ គឺជាខ្ញុំបម្រើ និងជាអ្នកនាំសាររបស់ទ្រង់)។ ទ្រង់បានមានបន្ទូលថា៖ ចូរអ្នកនាំជញ្ជីង(ថ្លឹងទង្វើ)របស់អ្នកមក។ បុរសនោះឆ្លើយថា៖ បរពិត្រព្រះជាម្ចាស់! តើប័ណ្ណមួយនេះអាចប្រៀបអ្វីបានទៅជាមួយនឹងបញ្ជីកំណត់ត្រាទាំងនេះឬ? ទ្រង់តបថា៖ ជាការពិតណាស់ អ្នកមិនត្រូវបានគេបំពានឡើយ។ ណាពីបានបន្តថា៖ “ពេលនោះ គេបានដាក់បញ្ជីកំណត់ត្រាអំពើអាក្រក់ទាំងនោះក្នុងសង្រែកម្ខាង ហើយប័ណ្ណនោះក្នុងសង្រែកម្ខាង។ ពេលនោះបញ្ជីកំណត់ត្រាក៏ហើបឡើង ហើយប័ណ្ណក៏មានទម្ងន់ធ្ងន់ជាង។ ហើយគ្មានអ្វីដែលធ្ងន់ជាងព្រះនាមរបស់អល់ឡោះនោះឡើយ"។
ហាទីស្ហសហេស រាយការណ៍ដោយ អាត់តៀរមីហ្ស៊ី និងអ៊ិពនូម៉ាហ្ជះ
“នៅថ្ងៃបរលោក ជើងទាំងពីររបស់ខ្ញុំបម្រើអល់ឡោះនឹងមិនអាចធ្វើចលនាទៅណាបានឡើយ រហូតដល់គាត់ត្រូវបានគេសួរអំពីអាយុរបស់គាត់ តើគាត់បានចំណាយវាយ៉ាងដូចម្តេច? អំពីចំណេះដឹងរបស់គាត់ តើគាត់បានប្រើប្រាស់វាយ៉ាងដូចម្តេច? អំពីទ្រព្យសម្បត្តិរបស់គាត់ តើគាត់រកវាបានដោយរបៀបណា និងចំណាយវាយ៉ាងដូចម្តេច? និងអំពីរាងកាយរបស់គាត់ តើគាត់បានប្រើប្រាស់វាយ៉ាងដូចម្តេច”?
ហាទីស្ហសហេស រាយការណ៍ដោយ អាត់តៀរមីហ្ស៊ី
នៅពេលដែលអាយ៉ាត់នេះបានបញ្ចុះមក៖ ﴿ثُمَّ لَتُسْأَلُنَّ يَوْمَئِذٍ عَنِ النَّعِيمِ﴾ [سورة التكاثر(8)] (ក្រោយមក ពួកអ្នកពិតជានឹងត្រូវគេសួរនៅថ្ងៃនោះអំពីឧបការគុណទាំងឡាយ)។ អាសហ្ស៊ូពៃរ៍ បានសួរថា៖ ឱរ៉ស៊ូលុលឡោះ! តើឧបការគុណអ្វីដែលពួកយើងនឹងត្រូវគេសួរអំពីវានោះ? នៅពេលដែលយើងមានតែរបស់ខ្មៅទាំងពីរ គឺផ្លែល្មើ និងទឹកនោះ? លោកបានឆ្លើយថា៖ “ត្រូវដឹងថា វានឹងកើតឡើង”។
ហាទីស្ហហាសាន់ រាយការណ៍ដោយ អាត់តៀរមីហ្ស៊ី និងអ៊ិពនូម៉ាហ្ជះ