Skip to content
839 ហាទីស

សព្វវចនាធិប្បាយហាទីសរបស់ព្យាការី

ត្រងលទ្ធផល

16 នៃ 839 កាត

លុបតម្រង
“នៅពេលដែលនរណាម្នាក់ក្នុងចំណោមពួកអ្នកបានទៅដល់កន្លែងជួបជុំណាមួយនោះ ចូរឲ្យគេឲ្យសាឡាម។ ហើយនៅពេលគេចង់ក្រោកចេញ ចូរឲ្យគេឲ្យសាឡាម។ ហើយការឲ្យសាឡាមលើកទីមួយ មិនមែនល្អជាងពេលចុងក្រោយឡើយ”។
ហាទីស្ហហាសាន់ រាយការណ៍ដោយ អាពូហ្ទាវូទ អាត់តៀរមីហ្ស៊ី និងអាន់ណាសាអ៊ីនៅក្នុងសៀវភៅ"អាល់គុបរ៉" ហើយនិងអះម៉ាត់
“នៅយប់ដែលគេនាំខ្ញុំអ៊ិសរ៉ក ខ្ញុំបានជួបនឹងណាពីអ៊ីព្រហ៊ីម ហើយលោកបានមានប្រសាសន៍ថា៖ ឱមូហាំម៉ាត់! ចូរអ្នកនាំសាឡាម(គារវកិច្ច)អំពីខ្ញុំដល់ប្រជាជាតិរបស់អ្នក និងចូរអ្នកប្រាប់ពួកគេថា ឋានសួគ៌ គឺជាដីល្អ ទឹកសាប ជាកន្លែងដ៏ធំទូលាយ ហើយការដាំដុះនៅលើវា គឺការសូត្រថា៖ سُبْحَانَ اللهِ ، والحَمْدُ للهِ ، وَلا إلهَ إِلا اللهُ ، واللهُ أكْبَرُ (អល់ឡោះជាម្ចាស់មហាបរិសុទ្ធ រាល់ការសរសើរទាំងឡាយ គឺសម្រាប់ទ្រង់ គ្មានទេម្ចាស់ដែលត្រូវគេគោរពសក្ការៈដ៏ពិតប្រាកដក្រៅពីអល់ឡោះ ហើយអល់ឡោះជាម្ចាស់មហាធំធេង)”។
ហាទីស្ហហាសាន់ដោយផ្អែកលើសេចក្តីរាយការណ៍ផ្សេងបញ្ជាក់ រាយការណ៍ដោយ អាត់តៀរមីហ្ស៊ី
“ចូរពួកអ្នកកុំលោភលន់នឹងដីស្រែចម្ការ ព្រោះវាធ្វើឲ្យពួកអ្នកងប់ងុលនឹងលោកិយ”។
ហាទីស្ហហាសាន់ដោយផ្អែកលើហាទីស្ហផ្សេងទៀត រាយការណ៍ដោយ អាត់តៀរមីហ្ស៊ី និងអះម៉ាត់
ពិតណាស់ ពួកគេបាននិយាយថា៖ ឱរ៉ស៊ូលុលឡោះ! ពួកយើងទទួលទាន តែមិនចេះឆ្អែតសោះ។ លោកបានមានប្រសាសន៍ថា៖ “ប្រហែលជាពួកអ្នកទទួលទានរៀងៗខ្លួនហើយមែនទេ?” ពួកគេបានឆ្លើយថា៖ បាទ ពិតមែនហើយ។ លោកបានមានប្រសាសន៍ថា៖ “ចូរពួកអ្នកទទួលទានអាហាររបស់ពួកអ្នករួមគ្នា ហើយរំលឹកនាមរបស់អល់ឡោះ នោះគេនឹងផ្ដល់ពរជ័យដល់ពួកអ្នកចំពោះអាហារនោះ”។
ហាទីស្ហហាសាន់ រាយការណ៍ដោយ អាពូហ្ទាវូទ អ៊ិពនូម៉ាហ្ជះ និងអះម៉ាត់
“ក្នុងចំណោមប្រការដែលបញ្ជាក់ថា ភាពជាអ៊ីស្លាមរបស់បុគ្គលម្នាក់បានល្អប្រសើរនោះ គឺគេបោះបង់ចោលនូវអ្វីដែលគ្មានប្រយោជន៍”។
អាន់ណាវ៉ាវី បាននិយាយថា៖ ហាទីស្ហហាសាន់ រាយការណ៍ដោយ អាត់តៀរមីហ្ស៊ី និងអ្នកផ្សេងទៀត
“ទង្វើទាំងឡាយមានប្រាំមួយប្រភេទ។ ចំណែកឯមនុស្សមានបួនប្រភេទ។ (ទង្វើទាំងប្រាំមួយប្រភេទ)គឺមាន កត្តាចាំបាច់ទាំងពីរ មួយស្មើមួយ អំពើល្អមួយស្មើដប់ និងអំពើល្អមួយស្មើប្រាំពីររយ។ ចំពោះ“កត្តាចាំបាច់ទាំងពីរ”នោះគឺ៖ ជនណាដែលស្លាប់ដោយមិនបានធ្វើស្ហ៊ីរិកចំពោះអល់ឡោះនឹងអ្វីមួយ នឹងបានចូលឋានសួគ៌។ ហើយជនណាដែលស្លាប់ដោយបានធ្វើស្ហ៊ីរិកចំពោះអល់ឡោះនឹងអ្វីមួយ នឹងបានចូលឋាននរក។ ចំណែកឯអំពើដែលត្រូវទទួលបានការតបស្នងដូចគ្នា(មួយទទួលបានមួយ)នោះគឺ៖ ជនណាដែលមានបំណងធ្វើអំពើល្អមួយ ដែលមានអារម្មណ៍នៅក្នុងចិត្ត ហើយអល់ឡោះដឹងអំពីវា គឺគេនឹងកត់ត្រាឲ្យជននោះនូវផលបុណ្យមួយ។ ហើយជនណាដែលធ្វើអំពើអាក្រក់មួយ គេនឹងកត់ត្រាឲ្យជននោះនូវបាបកម្មមួយ។ ជនណាដែលធ្វើអំពើល្អមួយ គឺទទួលបានផលបុណ្យស្មើនឹងដប់ដងនៃអំពើនោះ។ ជនណាដែលបរិច្ចាគអ្វីមួយក្នុងមាគ៌ាអល់ឡោះ គឺអំពើល្អមួយស្មើនឹងប្រាំពីររយ។ ចំណែកឯមនុស្ស(ទាំងបួនប្រភេទ)គឺ៖ អ្នកដែលគេបើកទូលាយដល់រូបគេ(មានជីវិតរស់នៅល្អប្រសើរ)ក្នុងលោកិយ តែគេត្បិតត្បៀតចំពោះរូបគេ(លំបាកវេទនា)នៅថ្ងៃបរលោក អ្នកដែលគេត្បិតត្បៀតចំពោះរូបគេក្នុងលោកិយ តែគេបើកទូលាយដល់រូបគេនៅថ្ងៃបរលោក អ្នកដែលគេត្បិតត្បៀតចំពោះរូបគេទាំងក្នុងលោកិយ និងនៅថ្ងៃបរលោក ហើយនិងអ្នកដែលគេបើកទូលាយដល់រូបគេទាំងក្នុងលោកិយ និងនៅថ្ងៃបរលោក”។
ហាទីស្ហហាសាន់ រាយការណ៍ដោយ អះម៉ាត់
“គ្មានជំនឿពេញលេញទេអ្នកដែលគ្មានភាពទៀងត្រង់ ហើយក៏មិនទាន់មានសាសនាពេញលេញនោះដែរចំពោះអ្នកដែលមិនប្រកាន់ខ្ជាប់កិច្ចសន្យា”។
ហាទីស្ហហាសាន់ដោយផ្អែកលើហាទីស្ហផ្សេងទៀត រាយការណ៍ដោយ អះម៉ាត់
មានបុរសម្នាក់បានមកជួបណាពី ﷺ ហើយបានឲ្យសាឡាមថា៖ “السَّلَامُ عَلَيْكُمْ” ។ លោកក៏បានតបសាឡាមទៅបុរសនោះ។ បន្ទាប់មក បុរសនោះបានអង្គុយចុះ។ ពេលនោះ ណាពី ﷺ លោកបានមានប្រសាសន៍ថា៖ “ដប់”។ បន្ទាប់មក មានបុរសម្នាក់ទៀតបានមកដល់ ហើយឲ្យសាឡាមថា៖ “السَّلَامُ عَلَيْكُمْ وَرَحْمَةُ اللَّهِ” ។ លោកបានតបសាឡាមទៅបុរសនោះ ហើយបុរសនោះក៏បានអង្គុយចុះ។ ពេលនោះ លោកបានមានប្រសាសន៍ថា៖ “ម្ភៃ”។ ក្រោយមក មានបុរសម្នាក់ទៀតបានមកដល់ ហើយបានឲ្យសាឡាមថា៖ “السَّلَامُ عَلَيْكُمْ وَرَحْمَةُ اللَّهِ وَبَرَكَاتُهُ” ។ លោកបានតបសាឡាមទៅបុរសនោះ ហើយបុរសនោះក៏បានអង្គុយចុះ។ ពេលនោះ លោកបានមានប្រសាសន៍ថា៖ “សាមសិប”។
ហាទីស្ហហាសាន់ រាយការណ៍ដោយ អាពូហ្ទាវូទ អាត់តៀរមីហ្ស៊ី អះម៉ាត់ និងអាត់ទើរីមី