Skip to content
839 ហាទីស

សព្វវចនាធិប្បាយហាទីសរបស់ព្យាការី

ត្រងលទ្ធផល

16 នៃ 839 កាត

លុបតម្រង
ពួកយើងបានត្រឡប់មកពីក្រុងម៉ាក្កះទៅកាន់ក្រុងម៉ាទីណះជាមួយរ៉ស៊ូលុលឡោះ ﷺ ។ លុះនៅពេលពួកយើងមកដល់កន្លែងមួយដែលមានទឹកនៅតាមផ្លូវ មនុស្សមួយចំនួនបានប្រញាប់ប្រញាល់នៅពេលដល់ពេលសឡាតអាសើរ។ ដូចនេះ ពួកគេក៏បានយកវូហ្ទុយ៉ាងប្រញាប់ប្រញាល់។ នៅពេលពួកយើងទៅដល់ពួកគេ ពួកយើងឃើញកែងជើងរបស់ពួកគេនៅស្ងួត មិនមានត្រូវទឹកឡើយ។ ពេលនោះ រ៉ស៊ូលុលឡោះ ﷺ លោកបានមានប្រសាសន៍ថា៖ “វិនាយអន្តរាយដោយភ្លើងនរកសម្រាប់កែងជើងទាំងឡាយដែលលាងមិនបានសព្វ។ ចូរពួកអ្នកយកវូហ្ទុឲ្យបានល្អត្រឹមត្រូវ”។
ហាទីស្ហសហេស រាយការណ៍ដោយ អាល់ពូខរី និងមូស្លីម
អំពី ហ៊ុមរ៉ន ដែលជាអ្នកបម្រើរបស់អ៊ូស្មាន ពិន អាហ្វហ្វាន ពិតណាស់ គាត់បានឃើញអ៊ូស្មាន ពិន អាហ្វហ្វាន សុំទឹកសម្រាប់ទឹកវូហ្ទុ។ បន្ទាប់មក គាត់ចាក់ទឹកពីធុងដាក់ក្នុងដៃទាំងពីរ រួចលាងវាបីដង ហើយគាត់ដាក់ដៃស្តាំរបស់គាត់ចូលក្នុងទឹកវូហ្ទុ រួចគាត់ខ្ពុរមាត់ និងស្រូបទឹកចូលច្រមុះ រួចញើសចេញមកវិញ។ បន្ទាប់មក គាត់លាងមុខរបស់គាត់ចំនួនបីដង និងលាងដៃទាំងពីររបស់គាត់រហូតដល់កែងដៃចំនួនបីដង។ ក្រោយមក គាត់ជូតក្បាលរបស់គាត់។ រួចមក គាត់លាងជើងម្ខាងៗចំនួនបីដង។ បន្ទាប់មក គាត់បាននិយាយថា៖ ខ្ញុំបានឃើញណាពី ﷺ លោកយកវូហ្ទុដូចការយកវូហ្ទុរបស់ខ្ញុំនេះ ហើយលោកបានមានប្រសាសន៍ថា៖ “ជនណាហើយដែលយកវូហ្ទុដូចកវូហ្ទុរបស់ខ្ញុំនេះ បន្ទាប់មក គេសឡាតពីររ៉ក្អាត់ ដោយមិនគិតអំពីវត្ថុលោកិយនៅក្នុងចិត្តរបស់គេនៅក្នុងរ៉ក្អាត់ទាំងពីរនោះ អល់ឡោះជាម្ចាស់នឹងអភ័យទោសឲ្យជននោះនូវបាបកម្មទាំងឡាយដែលរូបគេបានសាងកន្លងមក”។
ហាទីស្ហសហេស រាយការណ៍ដោយ អាល់ពូខរី និងមូស្លីម
“នៅពេលដែលខ្ញុំបម្រើអល់ឡោះដែលជាអ្នកអ៊ីស្លាម(ឬអ្នកមានជំនឿ)យកវូហ្ទុដោយគេបានលាងមុខរបស់ខ្លួន រាល់បាបកម្មនានាដែលគេបានមើលនឹងភ្នែករបស់គេនឹងហូរចេញពីមុខរបស់គេជាមួយទឹក(ឬជាមួយនឹងតំណក់ទឹកចុងក្រោយ)។ នៅពេលដែលគេលាងដៃទាំងពីររបស់ខ្លួន រាល់បាបកម្មនានាដែលដៃទាំងពីររបស់គេបានកាន់នឹងហូរចេញពីដៃទាំងពីររបស់គេជាមួយទឹក(ឬជាមួយតំណក់ទឹកចុងក្រោយ)។ នៅពេលដែលគេលាងជើងទាំងពីររបស់ខ្លួន រាល់បាបកម្មនានាដែលជើងទាំងពីររបស់គេបានដើរទៅធ្វើនោះនឹងហូរចេញពីជើងទាំងពីររបស់គេជាមួយទឹក(ឬជាមួយតំណក់ទឹកចុងក្រោយ) រហូតដល់គេចេញពីវូហ្ទុមកដោយជ្រះស្អាតពីបាបកម្មទាំងឡាយ”។
ហាទីស្ហសហេស រាយការណ៍ដោយ មូស្លីម
ណាពី ﷺ លោកលាងឬងូតទឹកដោយប្រើទឹកពី១សក ទៅ៥មុទ ហើយលោកយកវូហ្ទុដោយប្រើទឹក១មុទ។
ហាទីស្ហសហេស រាយការណ៍ដោយ អាល់ពូខរី និងមូស្លីម
“បុគ្គលណាយកវូហ្ទុដោយល្អត្រឹមត្រូវ នោះបាបកម្មរបស់គេនឹងចេញពីខ្លួនប្រាណរបស់គេ សូម្បីតែស្ថិតនៅក្រោមក្រចកក៏ដោយ”។
ហាទីស្ហសហេស រាយការណ៍ដោយ មូស្លីម
មានបុរសម្នាក់បានយកវូហ្ទុ តែបានទុកកន្លែងមួយប៉ុនក្រចកនៅត្រង់ជើងរបស់ខ្លួនមិនបានលាង។ ពេលនោះ ណាពី ﷺ លោកបានឃើញ ហើយលោកក៏បានមានប្រសាសន៍ថា៖ “ចូរអ្នកត្រឡប់ទៅយកវូហ្ទុម្តងទៀតឲ្យបានល្អ”។ បុរសនោះក៏បានត្រឡប់ទៅយកវូហ្ទុម្តងទៀត រួចក៏បានសឡាត។
ហាទីស្ហសហេសដោយផ្អែកលើសេចក្តីរាយការណ៍ផ្សេងបញ្ជាក់ រាយការណ៍ដោយ មូស្លីម
ខ្ញុំបានឃើញ អាំរ៍ ពិន អាពូហាសាន់ បានសួរទៅកាន់ អាប់ទុលឡោះ ពិន ហ្ស៊េទ អំពីរបៀបយកវូហ្ទុរបស់ណាពី ﷺ ។ ពេលនោះ អាប់ទុលឡោះបានសុំទឹកមួយផ្តិល ហើយគាត់បានយកវូហ្ទុឱ្យពួកគេមើលដូចដែលណាពី ﷺ លោកបានយកវូហ្ទុ។ គាត់បានចាក់ទឹកលើដៃរបស់គាត់ពីផ្តិលទឹកនោះ រួចលាងដៃរបស់គាត់បីដង។ បន្ទាប់មក គាត់លូកដៃរបស់គាត់ក្នុងផ្តិល ហើយខ្ពុរមាត់ ស្រូបទឹកបញ្ចូលច្រមុះ ហើយញើសចេញមកវិញចំនួនបីដង។ ក្រោយមក គាត់លូកដៃចូលទៅក្នុងផ្តិលម្តងទៀត ហើយលាងមុខចំនួនបីដង។ បន្ទាប់មក គាត់លាងដៃរបស់គាត់រហូតដល់កែងដៃចំនួនពីរដង។ បន្ទាប់មកទៀត គាត់លូកដៃរបស់គាត់ទៅក្នុងផ្តិលម្តងទៀត រួចជូតក្បាល ដោយជូតក្បាលពីមុខទៅក្រោយចំនួនមួយដង។ បន្ទាប់មក គាត់បានលាងជើងរបស់គាត់រហូតដល់ភ្នែកគោល។
ហាទីស្ហសហេស រាយការណ៍ដោយ អាល់ពូខរី និងមូស្លីម
“ជនមូស្លីមគ្រប់រូបដែលយកវូហ្ទុយ៉ាងល្អត្រឹមត្រូវ បន្ទាប់មក គេក្រោកឈរសឡាតពីររ៉ក្អាត់ ដោយផ្តោតចិត្ត និងតម្រង់កាយនោះ រូបគេនឹងត្រូវបានធានាចូលឋានសួគ៌”។ ខ្ញុំបាននិយាយថា៖ អ្វីក៏ពិសេសយ៉ាងនេះ! ពេលនោះ មានមនុស្សម្នាក់នៅពីមុខខ្ញុំបាននិយាយថា៖ អ្វីដែលនៅមុននេះ គឺពិសេសជាងទៅទៀត។ ខ្ញុំបានមើលទៅឃើញថា គឺជាអ៊ូមើរ។ គាត់បាននិយាយថា៖ ខ្ញុំបានឃើញអ្នកទើបតែមកដល់មុននេះបន្តិច។ ណាពី ﷺ លោកបានមានប្រសាសន៍ថា៖ “ម្នាក់ៗនៃពួកអ្នកដែលយកវូហ្ទុដោយល្អត្រឹមត្រូវ បន្ទាប់មក គេសូត្រថា៖ " أشهَدُ أنْ لا إلهَ إِلا اللهُ وَحْدَهُ لا شَرِيكَ لَهُ ، وَأشْهَدُ أنَّ مُحَمَّداً عَبْدُهُ وَرَسُولُهُ " (ខ្ញុំសូមធ្វើសាក្សីថា គ្មានទេម្ចាស់ដែលត្រូវគេគោរពសក្ការៈដ៏ពិតប្រាកដ លើកលែងតែអល់ឡោះជាម្ចាស់តែមួយគត់ គ្មានទេស្ហ៊ីរិកចំពោះទ្រង់ ហើយខ្ញុំធ្វើសាក្សីដែរថា មូហាំម៉ាត់ គឺជាខ្ញុំបម្រើ និងជាអ្នកនាំសាររបស់ទ្រង់) គេនឹងបើកទ្វារឋានសួគ៌ទាំង៨ឲ្យជននោះចូលតាមទ្វារណាមួយតាមក្ដីប្រាថ្នា”។
ហាទីស្ហសហេស រាយការណ៍ដោយ មូស្លីម