Skip to content
839 ហាទីស

សព្វវចនាធិប្បាយហាទីសរបស់ព្យាការី

ត្រងលទ្ធផល

24 នៃ 839 កាត

លុបតម្រង
“នៅពេលដែលអល់ឡោះជាម្ចាស់បានបង្កើតឋានសួគ៌ និងឋាននរក ទ្រង់បានបញ្ជូនម៉ាឡាអ៊ីកាត់ជីព្រីល អាឡៃហ៊ិស្សាឡាម ទៅកាន់ឋានសួគ៌ ហើយទ្រង់បានមានបន្ទូលថា៖ “ចូរអ្នកមើលទៅកាន់ឋានសួគ៌ និង(មើល)ទៅកាន់អ្វីដែលយើងបានរៀបចំនៅក្នុងវាសម្រាប់អ្នកចូលឋានសួគ៌”។ ពេលនោះ ម៉ាឡាអ៊ីកាត់ជីព្រីលក៏បានមើលទៅកាន់ឋានសួគ៌ រួចក៏ត្រឡប់មកវិញ ហើយនិយាយថា៖ “សូមស្បថនឹងភាពខ្ពង់ខ្ពស់របស់ទ្រង់! គ្មាននរណាម្នាក់ដែលបានឮអំពីវា(ឋានសួគ៌)នោះឡើយ លើកលែងតែរូបគេនឹងបានចូលវា”។ ពេលនោះ ទ្រង់បានបញ្ជាឲ្យព័ទ្ធជុំវិញឋានសួគ៌នោះដោយប្រការដែលគេមិនពេញចិត្ត រួចទ្រង់បានមានបន្ទូល(ទៅកាន់ជីព្រីល)ថា៖ “ចូរអ្នកត្រឡប់ទៅមើលវា(ឋានសួគ៌)ម្តងទៀត និង(មើល)ទៅកាន់អ្វីដែលយើងបានរៀបចំនៅក្នុងវាសម្រាប់អ្នកចូលឋានសួគ៌”។ ពេលនោះ ជីព្រីលក៏មើលទៅកាន់ឋានសួគ៌ ខណៈដែលវាត្រូវបានព័ទ្ធជុំវិញដោយប្រការដែលគេមិនពេញចិត្ត។ គាត់ក៏បាននិយាយថា៖ “សូមស្បថនឹងភាពខ្ពង់ខ្ពស់របស់ទ្រង់! ខ្ញុំពិតជាបារម្ភខ្លាចក្រែងគ្មាននរណាម្នាក់បានចូលវា(ឋានសួគ៌)ឡើយ”។ ទ្រង់បានមានបន្ទូលថា៖ “ចូរអ្នកទៅមើលឋាននរក និង(មើល)ទៅកាន់អ្វីដែលយើងបានរៀបចំនៅក្នុងវាសម្រាប់អ្នកចូលឋាននរកនោះ”។ ពេលនោះ ជីព្រីលក៏មើលទៅកាន់ឋាននរកដែលវាត្រូវបានរៀបជាជង់លើគ្នា រួចក៏ត្រឡប់មកវិញ ហើយនិយាយថា៖ “សូមស្បថនឹងភាពខ្ពង់ខ្ពស់របស់ទ្រង់! គ្មាននរណាម្នាក់នឹងចូលវាឡើយ”។ ពេលនោះ អល់ឡោះជាម្ចាស់ទ្រង់បានបញ្ជាឲ្យគេព័ទ្ធជុំវិញឋាននរកដោយចំណង់តណ្ហា រួចទ្រង់បានមានបន្ទូល(ទៅកាន់ជីព្រីល)ថា៖ “ចូរអ្នកត្រឡប់ទៅមើលវា(ឋាននរក)ម្តងទៀត”។ ពេលនោះ ជីព្រីលក៏បានមើលទៅកាន់ឋាននរកនោះ ខណៈដែលវាត្រូវបានព័ទ្ធជុំវិញដោយចំណង់តណ្ហា។ ក្រោយមក គាត់ក៏ត្រឡប់មកវិញ ហើយនិយាយថា៖ “សូមស្បថនឹងភាពខ្ពង់ខ្ពស់របស់ទ្រង់! ខ្ញុំពិតជាបារម្ភខ្លាចក្រែងគ្មាននរណាម្នាក់អាចរួចផុតពីការចូលវា(ឋាននរក)ឡើយ”។
ហាទីស្ហហាសាន់ រាយការណ៍ដោយ អាពូហ្ទាវូទ អាត់តៀរមីហ្ស៊ី និងអាន់ណាសាអ៊ី
“នៅក្នុងឋានសួគ៌ មានមួយរយឋានៈ។ ពីឋានៈមួយទៅឋានៈមួយ គឺប្រៀបដូចជារវាងមេឃនិងផែនដី។ ឋានសួគ៌ហ្វៀរទ័ស ជាឋានសួគ៌លំដាប់ខ្ពស់ជាងគេ ហើយទន្លេទាំងបួននៃឋានសួគ៌ គឺហូរចេញពីទីនោះ។ នៅខាងលើឋានសួគ៌ហ្វៀរទ័សនេះ គឺអារ៉ស្ហ។ ហេតុនេះ នៅពេលដែលពួកអ្នកសុំពីអល់ឡោះ ចូរពួកអ្នកសុំទ្រង់នូវឋានសួគ៌ហ្វៀរទ័ស”។
ហាទីស្ហសហេស រាយការណ៍ដោយ អាត់តៀរមីហ្ស៊ី
នៅថ្ងៃមួយ រ៉ស៊ូលុលឡោះ ﷺ បានក្រោកឈរនៅចំពោះមុខពួកយើង ហើយលោកបានផ្តល់ដំបូន្មានដ៏មានអត្ថន័យមួយដល់ពួកយើងដែលធ្វើឲ្យចិត្តរបស់យើងញាប់ញ័រ ហើយស្រក់ទឹកភ្នែក។ ពេលនោះ មានគេនិយាយថា៖ ឱរ៉ស៊ូលុលឡោះ! លោកផ្តល់ដំបូន្មានដល់ពួកយើងហាក់ដូចជាដំបូន្មានចុងក្រោយអញ្ចឹង។ ហេតុនេះ សូមផ្តល់ការណែនាំមកកាន់ពួកយើងមក។ លោកបានមានប្រសាសន៍ថា៖ “ខ្ញុំសូមផ្តាំផ្ញើពួកអ្នកឲ្យកោតខ្លាចអល់ឡោះ ហើយត្រូវស្តាប់បង្គាប់ និងគោរពតាមមេដឹកនាំ ទោះបីមេដឹកនាំនោះ ជាទាសករក៏ដោយ។ ហើយបន្ទាប់ពីខ្ញុំទៅ ពួកអ្នកនឹងឃើញមានការខ្វែងយោបល់គ្នាយ៉ាងខ្លាំងក្លា។ ហេតុនេះ ចូរពួកអ្នកប្រកាន់ខ្ជាប់នូវមាគ៌ា(ស៊ុណ្ណះ)របស់ខ្ញុំ និងមាគ៌ារបស់អ្នកគ្រប់គ្រងដ៏ឈ្លាសវៃដែលត្រូវបានគេចង្អុលបង្ហាញផ្លូវឲ្យ(ឃូឡាហ្វាកអើររ៉ស្ហ៊ីទីន)។ ចូរពួកអ្នកខាំវានឹងធេ្មញថ្គាម ហើយចូរប្រុងប្រយ័ត្នចំពោះប្រការទាំងឡាយដែលគេបង្កើតថ្មី(នៅក្នុងសាសនា) ព្រោះរាល់ប្រការដែលគេបង្កើតថ្មី(ប្រការពិតអះ) គឺសុទ្ធតែវងេ្វង”។
ហាទីស្ហសហេស រាយការណ៍ដោយ អាពូហ្ទាវូទ អាត់តៀរមីហ្ស៊ី អ៊ិពនូម៉ាហ្ជះ និងអះម៉ាត់
ខ្ញុំបានឮរ៉ស៊ូលុលឡោះ ﷺ លោកបានមានប្រសាសន៍ថា៖ “អល់ឡោះជាម្ចាស់ទ្រង់បានមានបន្ទូលថា៖ ឱកូនចៅអាហ្ទាំ! ជាការពិតណាស់ ដរាបណាអ្នកនៅបួងសួងមកកាន់យើង និងរំពឹងមកចំពោះយើង យើងនឹងអភ័យសឲ្យអ្នកចំពោះបាបកម្មរបស់អ្នក ហើយយើងមិនយកចិត្ដទុកដាក់ឡើយ។ កូនចៅអាហ្ទាំ! ប្រសិនបើបាបកម្មរបស់អ្នកច្រើនពេញមេឃ បន្ទាប់មក អ្នកសុំការអភ័យទោសពីយើង យើងនឹងអភ័យទោសឲ្យអ្នក ហើយយើងមិនយកចិត្ដទុកដាក់(ចំពោះវាឡើយ)។ ឱកូនចៅអាហ្ទាំ! ជាការពិតណាស់ ប្រសិនបើអ្នកមកជួបយើងដោយមានបាបកម្មស្ទើរពេញផែនដី បន្ទាប់មក អ្នកមកជួបនឹងយើងដោយមិនបានធ្វើស្ហ៊ីរិកអ្វីមួយមកចំពោះយើងទេនោះ យើងនឹងផ្ដល់ការអភ័យទោសស្ទើរពេញផែនដីឱ្យអ្នកវិញដូចគ្នា”។
ហាទីស្ហហាសាន់ រាយការណ៍ដោយ អាត់តៀរមីហ្ស៊ី
“បុគ្គលណាពន្យារពេលសងបំណុលដល់អ្នកទីទ័លក្រ ឬលើកលែងបំណុលឲ្យគេ អល់ឡោះជាម្ចាស់នឹងឲ្យគាត់បាននៅក្រោមម្លប់អារ៉ស្ហរបស់ទ្រង់នៅថ្ងៃដែលគ្មានម្លប់ណាផេ្សងក្រៅពីម្លប់របស់ទ្រង់ឡើយ”។
ហាទីស្ហសហេស រាយការណ៍ដោយ អាត់តៀរមីហ្ស៊ី និងអះម៉ាត់
“ចូរជ្រាបចុះថា ពេលវេលាជិតដល់ ហាទីស្ហរបស់ខ្ញុំនឹងទៅដល់បុរសម្នាក់ ខណៈដែលរូបគេអង្គុយទម្រេតខ្លួនលើគ្រែរបស់ខ្លួន ហើយនិយាយថា៖ នៅចំពោះមុខពួកយើងនិងចំពោះមុខពួកអ្នក គឺមានគម្ពីររបស់អល់ឡោះ(គម្ពីរគួរអាន)។ ហេតុនេះ អ្វីដែលពួកយើងបានឃើញក្នុងគម្ពីរនេះអំពីប្រការដែលគេអនុញ្ញាត(ប្រការហាឡាល់) ពួកយើងចាត់ទុកវាជាប្រការដែលគេអនុញ្ញាត។ ហើយអ្វីដែលពួកយើងបានឃើញនៅក្នុងគម្ពីរនេះអំពីប្រការដែលគេហាមឃាត់(ប្រការហារ៉ាំ) នោះពួកយើងចាត់ទុកវាជាប្រការដែលគេហាមឃាត់។ ហើយជាការពិតណាស់ អ្វីដែលរ៉ស៊ូលុលឡោះ ﷺ លោកបានដាក់បម្រាម ក៏ដូចជាអ្វីដែលអល់ឡោះជាម្ចាស់ទ្រង់ដាក់បម្រាមដែរ”។
ហាទីស្ហសហេស រាយការណ៍ដោយ អាពូហ្ទាវូទ អាត់តៀរមីហ្ស៊ី និងអ៊ិពនូម៉ាហ្ជះ
ជាការពិតណាស់ នៅពេលដែលរ៉ស៊ូលុលឡោះ ﷺ លោកចាកចេញទៅកាន់សមរភូមិហ៊ូណែន លោកបានឆ្លងកាត់ដើមឈើមួយដើមជាកម្មសិទ្ធិរបស់ពួកមុស្ហរីគីនដែលគេហៅដើមឈើនោះថា “ហ្សាតអាន់វ៉ាត” ដែលពួកគេព្យួរអាវុធរបស់ពួកគេនៅលើដើមឈើនោះ។ ខណៈនោះ សហាហ្ពាត់បាននិយាយថា៖ ឱរ៉ស៊ូលុលឡោះ! សូមលោកបង្កើតសម្រាប់ពួកយើងនូវ“ហ្សាតអាន់វ៉ាត”ដូចពួកគេផង។ ពេលនោះ ណាពី ﷺ លោកបានមានប្រសាសន៍ថា៖ “អល់ឡោះមហាស្អាតស្អំ! នេះគឺដូចគ្នានឹងអ្វីដែលក្រុមរបស់ណាពីមូសាបាននិយាយថា៖ “សូមអ្នកធ្វើឱ្យយើងមានព្រះ(ដើម្បីគោរពសក្ការៈ)ដូចដែលពួកគេមានព្រះផង”។ [អាល់អាក់រ៉ហ្វ៖ ១៣៨]។ សូមស្បថនឹងអ្នកដែលជីវិតរបស់ខ្ញុំស្ថិតនៅក្នុងកណ្តាប់ដៃរបស់ទ្រង់! ពួកអ្នកប្រាកដជានឹងដើរតាមមាគ៌ារបស់អ្នកជំនាន់មុនពួកអ្នកជាមិនខាន”។
ហាទីស្ហសហេស រាយការណ៍ដោយ អាត់តៀរមីហ្ស៊ី និងអះម៉ាត់
“ភាពខុសគ្នារវាងពួកយើង និងពួកគេ(អ្នកគ្មានជំនឿ) គឺការសឡាត។ ហេតុនេះ ជនណាបោះបង់សឡាត គេពិតជាក្លាយជាអ្នកគ្មានជំនឿ(កាហ្វៀរ)”។
ហាទីស្ហសហេស រាយការណ៍ដោយ អាត់តៀរមីហ្ស៊ី អាន់ណាសាអ៊ី អ៊ិពនូម៉ាហ្ជះ និងអះម៉ាត់