Skip to content
839 ហាទីស

សព្វវចនាធិប្បាយហាទីសរបស់ព្យាការី

ត្រងលទ្ធផល

6 នៃ 839 កាត

លុបតម្រង
“បុគ្គលណាជួយដោះទុក្ខអ្នកមានជំនឿមួយក្នុងចំណោមទុក្ខនានាក្នុងលោកិយ អល់ឡោះជាម្ចាស់នឹងជួយដោះទុក្ខជននោះវិញក្នុងចំណោមទុក្ខនានានៅថ្ងៃបរលោក។ បុគ្គលណាជួយសម្រួលដល់អ្នកមានការលំបាក នោះអល់ឡោះជាម្ចាស់នឹងជួយសម្រួលដល់ជននោះវិញទាំងក្នុងលោកិយ និងថ្ងៃបរលាក។ បុគ្គលណាជួយលាក់បាំង(ប្រការមិនល្អ)របស់អ្នកមូស្លីម អល់ឡោះជាម្ចាស់នឹងជួយលាក់បាំងជននោះវិញទាំងក្នុងលោកិយ និងថ្ងៃបរលោក។ អល់ឡោះទ្រង់ជួយដល់ខ្ញុំបម្រើរបស់ទ្រង់ ដរាបណាខ្ញុំបម្រើនោះចេះជួយដល់បងប្អូនរបស់ខ្លួន។ បុគ្គលណាធ្វើដំណើរតាមផ្លូវមួយដើម្បីសេ្វងរកចំណេះវិជ្ជា អល់ឡោះជាម្ចាស់នឹងជួយសម្រួលផ្លូវមួយឲ្យជននោះទៅកាន់ឋានសួគ៌។ រាល់ក្រុមទាំងឡាយដែលប្រមូលផ្ដុំគ្នានៅក្នុងគេហដ្ឋានមួយក្នុងចំណោមគេហដ្ឋានទាំងឡាយរបស់អល់ឡោះ(ម៉ាស្ជិត)ដើម្បីសូត្រគម្ពីររបស់អល់ឡោះ(គម្ពីរគួរអាន) និងបង្រៀនវាដល់គ្នាទៅវិញទៅមក នោះភាពនឹងនរប្រាកដជានឹងកើតមានចំពោះពួកគេ ក្ដីមេត្តាករុណានឹងគ្របដណ្ដប់លើពួកគេ ម៉ាឡាអ៊ីកាត់នឹងនៅជុំវិញពួកគេ ហើយអល់ឡោះជាម្ចាស់នឹងរំលឹកពីពួកគេនៅក្នុងចំណោមក្រុមអ្នកដែលនៅក្បែរទ្រង់។ ជនណាហើយដែលមិនបានសាងទង្វើល្អទេនោះ ពូជអម្បូររបស់គេមិនអាចផ្ដល់ផលប្រយោជន៍អ្វីដល់គេឡើយ”។
ហាទីស្ហសហេស រាយការណ៍ដោយ មូស្លីម
“បុគ្គលណាដែលអល់ឡោះប្រាថ្នាចង់ឲ្យរូបគេបានល្អ ទ្រង់នឹងឲ្យជននោះយល់ដឹងអំពីសាសនា(អ៊ីស្លាម)។ តាមពិត ខ្ញុំគ្រាន់តែជាអ្នកបែងចែកប៉ុណ្ណោះ ហើយអល់ឡោះជាអ្នកផ្តល់ឲ្យ។ ប្រជាជាតិនេះនៅតែឈរនៅលើបទបញ្ជារបស់អល់ឡោះជាម្ចាស់ជានិច្ច។ អ្នកដែលប្រឆាំងនឹងពួកគេមិនអាចបង្កគ្រោះថ្នាក់អ្វីដល់ពួកគេបានឡើយ រហូតទាល់តែបទបញ្ជារបស់អល់ឡោះបានមកដល់”។
ហាទីស្ហសហេស រាយការណ៍ដោយ អាល់ពូខរី និងមូស្លីម
“ពិតប្រាកដណាស់ ក្នុងចំណោមសញ្ញានៃថ្ងៃបរលោក គឺ ចំណេះដឹងត្រូវបានគេដកយក ភាពល្ងង់ខ្លៅ អំពើហ្ស៊ីណា និងការផឹកស្រាមានកាន់តែច្រើន។ ចំណែកឯបុរសមានកាន់តែតិច ខណៈដែលស្រ្តីមានកាន់តែច្រើន រហូតដល់ស្ត្រីហាសិបនាក់ គឺស្ថិតនៅក្រោមការមើលថែរបស់បុរសតែម្នាក់ប៉ុណ្ណោះ”។
ហាទីស្ហសហេស រាយការណ៍ដោយ អាល់ពូខរី និងមូស្លីម
“ឱអាពូអាល់មុនហ្សៀរ! តើអ្នកដឹងដែរឬទេថា តើអាយ៉ាត់ដ៏អស្ចារ្យបំផុតណាមួយនៃគម្ពីររបស់អល់ឡោះដែលអ្នកបានទន្ទេញចាំ”? គាត់បាននិយាយថា៖ ខ្ញុំបានឆ្លើយថា៖ អល់ឡោះ និងរ៉សូលរបស់ទ្រង់ដែលដឹងបំផុត។ លោកបានសួរទៀតថា៖ “ឱអាពូអាល់មុនហ្សៀរ! តើអ្នកដឹងដែរឬទេថា តើអាយ៉ាត់ណាមួយនៃគម្ពីររបស់អល់ឡោះនៅជាមួយអ្នកដែលមានលក្ខណៈធំធេងជាងគេ”? គាត់បាននិយាយថា៖ ខ្ញុំបានឆ្លើយថា៖ គឺ៖ " اللهُ لا إلَهَ إِلا هُوَ الحَيُّ القَيُّومُ " (អាយ៉ាត់គួរស៊ីយ៍)។ គាត់បានបន្តថា៖ ពេលនោះ លោកបានអង្អែលទ្រូងខ្ញុំ ហើយមានប្រសាសន៍ថា៖ “ដោយអល់ឡោះ សូមឲ្យចំណេះដឹងមានភាពងាយស្រួលសម្រាប់អ្នកក្នុងការរៀនសូត្រផងចុះ ឱអាពូអាល់មុនហ្សៀរ”។
ហាទីស្ហសហេស រាយការណ៍ដោយ មូស្លីម
ជាការពិតណាស់ រ៉ស៊ូលុលឡោះ ﷺ លោកធ្លាប់បានចេញមកជួបនឹងសហាហ្ពាត់របស់លោកមួយក្រុមដែលកំពុងជួបជុំគ្នា ហើយលោកបានសួរថា៖ “តើអ្វីទៅដែលធ្វើឲ្យពួកអ្នកមកអង្គុយជុំគ្នា(នៅទីនេះ)”? ពួកគេបានឆ្លើយថា៖ ពួកយើងអង្គុយហ្ស៊ីកៀរ(រលឹក)ទៅចំពោះអល់ឡោះជាម្ចាស់ ហើយ ថ្លែងសរសើរទៅចំពោះទ្រង់ចំពោះការដែលទ្រង់បានចង្អុលបង្ហាញពួកយើងនូវសាសនាអ៊ីស្លាម និងប្រទានវាដល់ពួកយើង។ លោកបានសួរទៀតថា៖ “តើហ៊ានស្បថនឹងអល់ឡោះឬទេថា ពួកអ្នកអង្គុយជុំគ្នានេះ គឺគ្មានបំណងអ្វីផ្សេងក្រៅពីនេះនោះ”? ពួកគេបានឆ្លើយថា៖ សូមស្បថនឹងអល់ឡោះ! គ្មានអ្វីដែលធ្វើឲ្យពួកយើងមកអង្គុយជុំគ្នា(នៅទីនេះ)ក្រៅពីនេះនោះឡើយ។ លោកក៏បានមានប្រសាសន៍ថា៖ “ពិតប្រាកដណាស់ ខ្ញុំមិនបានសុំឲ្យពួកអ្នកស្បថដោយចោទប្រកាន់ចំពោះពួកអ្នកនោះទេ។ ក៏ប៉ុន្ដែ ម៉ាឡាអ៊ីកាត់ជីព្រីលបានមកជួបខ្ញុំ ហើយបានប្រាប់ខ្ញុំថា ជាការពិតណាស់ អល់ឡោះជាម្ចាស់ទ្រង់បានលើកសរសើរពីពួកអ្នកនៅចំពោះមុខម៉ាឡាអ៊ីកាត់ទាំងឡាយ”។
ហាទីស្ហសហេស រាយការណ៍ដោយ មូស្លីម
“ការប្រៀបធៀបការចង្អុលបង្ហាញ និងចំណេះវិជ្ជាដែលអល់ឡោះបានបញ្ជូនខ្ញុំមក គឺប្រៀបដូចជាទឹកភ្លៀងដែលធ្លាក់លើដី។ នៅក្នុងចំណោមដីទាំងនោះ មានខ្លះជាដីល្អ វាស្រូបយកទឹកភ្លៀងនោះ ហើយបណ្ដុះមកវិញនូវស្មៅ និងរុក្ខជាតិផេ្សងៗយ៉ាងច្រើន។ ហើយខ្លះទៀតជាដីរឹងប៉ុន្តែវាអាចផ្ទុកទឹកបាន ហើយអល់ឡោះផ្ដល់វាជាផលប្រយោជន៍ដល់មនុស្ស។ ពួកគេផឹកទឹកនោះ និងយកវាស្រោចស្រពដំណាំបាន។ ហើយទឹកភ្លៀងក៏បានធ្លាក់នៅលើដីខ្លះទៀតដែលជាខ្សាច់រលោង វាមិនអាចផ្ទុកទឹកបាន ហើយក៏មិនបណ្ដុះចេញនូវស្មៅដែរ។ នោះគឺប្រៀបដូចជាអ្នកដែលយល់ពីសាសនារបស់អល់ឡោះ និងទទួលផលប្រយោជន៍ពីការចង្អុលបង្ហាញដែលអល់ឡោះបានបញ្ជូនខ្ញុំមក ហើយគេយល់ដឹង និងបង្រៀនអ្នកដទៃ និងប្រៀបដូចជាអ្នកដែលព្រងើយកន្ដើយ និងមិនទទួលយកនូវការចង្អុលបង្ហាញដែលគេបញ្ជូនខ្ញុំមកនោះដែរ”។
ហាទីស្ហសហេស រាយការណ៍ដោយ អាល់ពូខរី និងមូស្លីម