Skip to content
839 ហាទីស

សព្វវចនាធិប្បាយហាទីសរបស់ព្យាការី

ត្រងលទ្ធផល

34 នៃ 839 កាត

លុបតម្រង
“នៅពេលដែលអល់ឡោះជាម្ចាស់បានបង្កើតឋានសួគ៌ និងឋាននរក ទ្រង់បានបញ្ជូនម៉ាឡាអ៊ីកាត់ជីព្រីល អាឡៃហ៊ិស្សាឡាម ទៅកាន់ឋានសួគ៌ ហើយទ្រង់បានមានបន្ទូលថា៖ “ចូរអ្នកមើលទៅកាន់ឋានសួគ៌ និង(មើល)ទៅកាន់អ្វីដែលយើងបានរៀបចំនៅក្នុងវាសម្រាប់អ្នកចូលឋានសួគ៌”។ ពេលនោះ ម៉ាឡាអ៊ីកាត់ជីព្រីលក៏បានមើលទៅកាន់ឋានសួគ៌ រួចក៏ត្រឡប់មកវិញ ហើយនិយាយថា៖ “សូមស្បថនឹងភាពខ្ពង់ខ្ពស់របស់ទ្រង់! គ្មាននរណាម្នាក់ដែលបានឮអំពីវា(ឋានសួគ៌)នោះឡើយ លើកលែងតែរូបគេនឹងបានចូលវា”។ ពេលនោះ ទ្រង់បានបញ្ជាឲ្យព័ទ្ធជុំវិញឋានសួគ៌នោះដោយប្រការដែលគេមិនពេញចិត្ត រួចទ្រង់បានមានបន្ទូល(ទៅកាន់ជីព្រីល)ថា៖ “ចូរអ្នកត្រឡប់ទៅមើលវា(ឋានសួគ៌)ម្តងទៀត និង(មើល)ទៅកាន់អ្វីដែលយើងបានរៀបចំនៅក្នុងវាសម្រាប់អ្នកចូលឋានសួគ៌”។ ពេលនោះ ជីព្រីលក៏មើលទៅកាន់ឋានសួគ៌ ខណៈដែលវាត្រូវបានព័ទ្ធជុំវិញដោយប្រការដែលគេមិនពេញចិត្ត។ គាត់ក៏បាននិយាយថា៖ “សូមស្បថនឹងភាពខ្ពង់ខ្ពស់របស់ទ្រង់! ខ្ញុំពិតជាបារម្ភខ្លាចក្រែងគ្មាននរណាម្នាក់បានចូលវា(ឋានសួគ៌)ឡើយ”។ ទ្រង់បានមានបន្ទូលថា៖ “ចូរអ្នកទៅមើលឋាននរក និង(មើល)ទៅកាន់អ្វីដែលយើងបានរៀបចំនៅក្នុងវាសម្រាប់អ្នកចូលឋាននរកនោះ”។ ពេលនោះ ជីព្រីលក៏មើលទៅកាន់ឋាននរកដែលវាត្រូវបានរៀបជាជង់លើគ្នា រួចក៏ត្រឡប់មកវិញ ហើយនិយាយថា៖ “សូមស្បថនឹងភាពខ្ពង់ខ្ពស់របស់ទ្រង់! គ្មាននរណាម្នាក់នឹងចូលវាឡើយ”។ ពេលនោះ អល់ឡោះជាម្ចាស់ទ្រង់បានបញ្ជាឲ្យគេព័ទ្ធជុំវិញឋាននរកដោយចំណង់តណ្ហា រួចទ្រង់បានមានបន្ទូល(ទៅកាន់ជីព្រីល)ថា៖ “ចូរអ្នកត្រឡប់ទៅមើលវា(ឋាននរក)ម្តងទៀត”។ ពេលនោះ ជីព្រីលក៏បានមើលទៅកាន់ឋាននរកនោះ ខណៈដែលវាត្រូវបានព័ទ្ធជុំវិញដោយចំណង់តណ្ហា។ ក្រោយមក គាត់ក៏ត្រឡប់មកវិញ ហើយនិយាយថា៖ “សូមស្បថនឹងភាពខ្ពង់ខ្ពស់របស់ទ្រង់! ខ្ញុំពិតជាបារម្ភខ្លាចក្រែងគ្មាននរណាម្នាក់អាចរួចផុតពីការចូលវា(ឋាននរក)ឡើយ”។
ហាទីស្ហហាសាន់ រាយការណ៍ដោយ អាពូហ្ទាវូទ អាត់តៀរមីហ្ស៊ី និងអាន់ណាសាអ៊ី
“តើពួកអ្នកចង់ឲ្យខ្ញុំប្រាប់ពីទង្វើដែលមានឋានៈល្អជាងការបួស ការសឡាត និងការបរិច្ចាគទានដែរឬទេ”? ពួកគេបានឆ្លើយថា៖ ពិតណាស់ ច្បាស់ជាចង់។ លោកបានមានប្រសាសន៍ថា៖ “គឺការផ្សះផ្សាររវាងគូជម្លោះ ព្រោះការបែកបាក់ទំនាក់ទំនង គឺជាការបំផ្លាញសាសនា”។
ហាទីស្ហសហេស រាយការណ៍ដោយ អាពូហ្ទាវូទ និងអាត់តៀរមីហ្ស៊ី
“ពិតប្រាកដណាស់ ព្រះជាម្ចាស់របស់ពួកអ្នកទ្រង់ខ្មាសអៀន និងសប្បុរសបំផុត។ ទ្រង់មានការខ្មាសអៀនចំពោះខ្ញុំបម្រើរបស់ទ្រង់ នៅពេលណាដែលគេលើកដៃទាំងពីរទៅកាន់ទ្រង់ ហើយទ្រង់ឆ្លើយតបមកវិញដោយទទេនោះ”។
ហាទីស្ហហាសាន់ រាយការណ៍ដោយ អាពូហ្ទាវូទ អាត់តៀរមីហ្ស៊ី និងអ៊ិពនូម៉ាហ្ជះ
“នៅក្នុងឋានសួគ៌ មានមួយរយឋានៈ។ ពីឋានៈមួយទៅឋានៈមួយ គឺប្រៀបដូចជារវាងមេឃនិងផែនដី។ ឋានសួគ៌ហ្វៀរទ័ស ជាឋានសួគ៌លំដាប់ខ្ពស់ជាងគេ ហើយទន្លេទាំងបួននៃឋានសួគ៌ គឺហូរចេញពីទីនោះ។ នៅខាងលើឋានសួគ៌ហ្វៀរទ័សនេះ គឺអារ៉ស្ហ។ ហេតុនេះ នៅពេលដែលពួកអ្នកសុំពីអល់ឡោះ ចូរពួកអ្នកសុំទ្រង់នូវឋានសួគ៌ហ្វៀរទ័ស”។
ហាទីស្ហសហេស រាយការណ៍ដោយ អាត់តៀរមីហ្ស៊ី
“ពេលដែលអល់ឡោះជាម្ចាស់នៅជិតខ្ញុំបម្រើរបស់ទ្រង់បំផុត គឺនៅពេលចុងក្រោយនៃពេលយប់។ ហេតុនេះ ប្រសិនបើអ្នកមានលទ្ធភាពអាចក្លាយជាអ្នកដែលស្ថិតក្នុងចំណោមអ្នកដែលរលឹកទៅចំពោះអល់ឡោះក្នុងម៉ោងនោះ ចូរអ្នកធ្វើចុះ”។
ហាទីស្ហសហេស រាយការណ៍ដោយ អាពូហ្ទាវូទ អាត់តៀរមីហ្ស៊ី និងអាន់ណាសាអ៊ី
នាយប់មួយដែលមានភ្លៀងធ្លាក់ និងងងឹតខ្លាំង ពួកយើងបានចេញទៅស្វែងរករ៉ស៊ូលុលឡោះ ﷺ ដើម្បីឲ្យលោក(ធ្វើជាអ៊ីម៉ាំ)ដឹកនាំពួកយើងសឡាត។ គាត់បានបន្តថា៖ ពេលនោះ ខ្ញុំក៏ទៅទាន់លោក។ លោកបានមានប្រសាសន៍ថា៖ “ចូរអ្នកសូត្រ” តែខ្ញុំមិនបានសូត្រអ្វីឡើយ។ ក្រោយមក លោកបានមានប្រសាសន៍ថា៖ “ចូរអ្នកសូត្រ” តែខ្ញុំមិនបានសូត្រអ្វីឡើយ។ លោកបានមានប្រសាសន៍ទៀតថា៖ “ចូរអ្នកសូត្រ”។ ពេលនោះ ខ្ញុំក៏សួរថា៖ តើខ្ញុំត្រូវសូត្រអ្វី? លោកបានមានប្រសាសន៍ថា៖ “قُلْ هُوَ اللهُ أَحَدٌ” និង អាល់មូអាវវីហ្សាតាន នៅពេលល្ងាច និងពេលព្រឹកចំនួនបីដង។ វានឹងការពារអ្នកពីគ្រប់អ្វីៗទាំងអស់”។
ហាទីស្ហសហេស រាយការណ៍ដោយ អាពូហ្ទាវូទ អាត់តៀរមីហ្ស៊ី និងអាន់ណាសាអ៊ី
“ពាក្យរំលឹកទៅចំពោះអល់ឡោះដែលល្អជាងគេបំផុត គឺការសូត្រថា៖ "لا إلهَ إِلا اللهُ" (គ្មានទេម្ចាស់ដែលត្រូវគេគោរពសក្ការៈដ៏ពិតប្រាកដក្រៅពីអល់ឡោះ) ហើយការបួងសួងដែលល្អបំផុត គឺការសូត្រថា៖ “الْحَمْدُ لِلَّهِ” (ការសរសើរទាំងឡាយ គឺសម្រាប់អល់ឡោះ)។
ហាទីស្ហហាសាន់ រាយការណ៍ដោយ អាត់តៀរមីហ្ស៊ី និងអាន់ណាសាអ៊ីក្នុងសៀវភៅ"អាល់គុបរ៉" ហើយនិង អ៊ិពនូម៉ាហ្ជះ
ខ្ញុំបានឮរ៉ស៊ូលុលឡោះ ﷺ លោកបានមានប្រសាសន៍ថា៖ “អល់ឡោះជាម្ចាស់ទ្រង់បានមានបន្ទូលថា៖ ឱកូនចៅអាហ្ទាំ! ជាការពិតណាស់ ដរាបណាអ្នកនៅបួងសួងមកកាន់យើង និងរំពឹងមកចំពោះយើង យើងនឹងអភ័យសឲ្យអ្នកចំពោះបាបកម្មរបស់អ្នក ហើយយើងមិនយកចិត្ដទុកដាក់ឡើយ។ កូនចៅអាហ្ទាំ! ប្រសិនបើបាបកម្មរបស់អ្នកច្រើនពេញមេឃ បន្ទាប់មក អ្នកសុំការអភ័យទោសពីយើង យើងនឹងអភ័យទោសឲ្យអ្នក ហើយយើងមិនយកចិត្ដទុកដាក់(ចំពោះវាឡើយ)។ ឱកូនចៅអាហ្ទាំ! ជាការពិតណាស់ ប្រសិនបើអ្នកមកជួបយើងដោយមានបាបកម្មស្ទើរពេញផែនដី បន្ទាប់មក អ្នកមកជួបនឹងយើងដោយមិនបានធ្វើស្ហ៊ីរិកអ្វីមួយមកចំពោះយើងទេនោះ យើងនឹងផ្ដល់ការអភ័យទោសស្ទើរពេញផែនដីឱ្យអ្នកវិញដូចគ្នា”។
ហាទីស្ហហាសាន់ រាយការណ៍ដោយ អាត់តៀរមីហ្ស៊ី