Skip to content
839 ហាទីស

សព្វវចនាធិប្បាយហាទីសរបស់ព្យាការី

ត្រងលទ្ធផល

50 នៃ 839 កាត

លុបតម្រង
ខ្ញុំធ្លាប់បានធ្វើដំណើរជាមួយណាពី ﷺ នៅក្នុងការធ្វើដំណើរមួយ ហើយខ្ញុំបានឱនចុះដើម្បីដោះស្បែកជើងរបស់លោក។ ពេលនោះ លោកបានមានប្រសាសន៍ថា៖ “លែងវាចុះ ព្រោះខ្ញុំបានពាក់វានៅពេលដែលវាមានភាពជ្រះស្អាត(មានវូហ្ទុ)”។ បន្ទាប់មក លោកក៏ជូតលើស្បែកជើងទាំងពីរនោះ។
ហាទីស្ហសហេស រាយការណ៍ដោយ អាល់ពូខរី និងមូស្លីម
“តាមពិត ការប្រៀបធៀបអ្នកដែលចាំគម្ពីរគួរអាន ប្រៀបដូចជាសត្វអូដ្ឋដែលត្រូវគេចង។ ប្រសិនបើគេយកចិត្ដទុកដាក់ថែរក្សា វានឹងគង់នៅ។ តែប្រសិនបើគេមិនចងវាទេ វានឹងទៅបាត់”។
ហាទីស្ហសហេស រាយការណ៍ដោយ អាល់ពូខរី និងមូស្លីម
ណាពី ﷺ នៅពេលលោកចង់សម្រាន្ដ លោកដាក់ដៃរបស់លោកក្រោមក្បាល។ បន្ទាប់មក លោកសូត្រថា៖ " اللَّهُمَّ قِنِي عَذَابَكَ يَوْمَ تَجْمَعُ أَوْ تَبْعَثُ عِبَادَكَ" (ឱអល់ឡោះជាម្ចាស់! សូមទ្រង់មេត្តាការពារខ្ញុំពីទណ្ឌកម្មរបស់ទ្រង់នៅថ្ងៃដែលទ្រង់ប្រមូលផ្តុំ ឬបង្កើតខ្ញុំបម្រើទាំងឡាយរបស់ទ្រង់ឲ្យរស់ឡើងវិញផងចុះ)។
ហាទីស្ហសហេស រាយការណ៍ដោយ អាត់តៀរមីហ្ស៊ី
“នៅពេលដែលនរណាម្នាក់នៃពួកអ្នកទទួលទាន ចូរឲ្យគេទទួលទាននឹងដៃស្តាំរបស់ខ្លួន។ ហើយនៅពេលដែលគេផឹក ចូរឲ្យគេផឹកនឹងដៃស្តាំរបស់ខ្លួន។ ជាការពិតណាស់ ស្ហៃតនវាស៊ីអាហារនឹងដៃឆ្វេងរបស់វា ហើយផឹកនឹងដៃឆ្វេងរបស់វា”។
ហាទីស្ហសហេស រាយការណ៍ដោយ មូស្លីម
“បុគ្គលណាម្នាក់ដែលហៅបងប្អូនរបស់ខ្លួនថា៖ នែអ្នកគ្មានជំនឿ(កាហ្វៀរ)! ពាក្យនេះនឹងត្រឡប់ទៅរកម្នាក់ក្នុងចំណោមពួកគេទាំងពីរ។ ប្រសិនបើវាពិតដូចដែលគេហៅ (នោះវានឹងធ្លាក់ទៅលើអ្នកដែលរូបគេហៅ)។ តែប្រសិនបើវាមិនពិតទេនោះ វានឹងត្រឡប់ទៅរកអ្នកដែលហៅនោះវិញ”។
ហាទីស្ហសហេស រាយការណ៍ដោយ អាល់ពូខរី និងមូស្លីម
“សារុង(ឬខោ)របស់អ្នកអ៊ីស្លាម គឺត្រឹមពាក់កណ្ដាលស្មងជើង។ ហើយគ្មានបញ្ហាឡើយ(គ្មានទោសពៃរ៍ឡើយ)ចំពោះការស្លៀកត្រឹមពាក់កណ្តាលកំភួនជើងនិងភ្នែកគោល។ ចំណែកអ្វីដែលហៀរក្រោមភ្នែកគោល គឺស្ថិតក្នុងឋាននរក។ ជនណាដើរបង្អូសសារុង(ឬខោ)ដោយភាពក្រអឺតក្រទមនោះ អល់ឡោះជាម្ចាស់នឹងមិនមើលទៅកាន់គេឡើយ”។
ហាទីស្ហសហេស រាយការណ៍ដោយ អាពូហ្ទាវូទ អ៊ិពនូម៉ាហ្ជះ និងអះម៉ាត់
“ជនណាដែលសិក្សាចំណេះដឹងណាមួយក្នុងចំណោមចំណេះដឹងដែលគេសិក្សាវាដើម្បីស្វែងរកការពេញចិត្ដពីអល់ឡោះ ប៉ុន្ដែរូបគេបែរជាសិក្សាវាដោយគ្មានបំណងអ្វីក្រៅពីចង់បានទ្រព្យសម្បត្ដិលោកិយទៅវិញនោះ រូបគេនឹងមិនបានធំក្លិនឋានសួគ៌ឡើយនៅថ្ងៃបរលោក”។
ហាទីស្ហសហេស រាយការណ៍ដោយ អាពូហ្ទាវូទ អ៊ិពនូម៉ាហ្ជះ និងអះម៉ាត់
រ៉ស៊ូលុលឡោះ ﷺ លោកបានប្រើពួកយើងឲ្យធ្វើប្រាំពីរប្រការ និងបានហាមឃាត់ពួកយើងពីប្រាំពីរប្រការ៖ លោកបានប្រើពួកយើងឲ្យសួរសុខទុក្ខអ្នកជំងឺ ដង្ហែរសព ឆ្លើយតបចំពោះអ្នកកណ្ដាស ជួយបំពេញពាក្យសម្បថ ឬជួយអ្នកដែលបានស្បថដើម្បីបំពេញពាក្យសម្បថរបស់គេ ជួយអ្នកដែលត្រូវគេបំពាន ឆ្លើយតបអ្នកដែលអញ្ជើញ និងឲ្យសាឡាម(គារវកិច្ច)។ ហើយលោកបានហាមឃាត់ពួកយើងមិនឲ្យពាក់ចិញ្ចៀនមាស ផឹកទឹកក្នុងភាជន៍ដែលធ្វើពីប្រាក់ អង្គុយលើកែបសេះដែលធ្វើពីសូត្រ ស្លៀកសម្លៀកបំពាក់ដែលធ្វើពីធ្មៃលាយជាមួយនឹងសូត្រ ស្លៀកពាក់សូត្រ ស្លៀកពាក់សម្លៀកបំពាក់ធ្វើពីសូត្រគ្រើម និងសម្លៀកបំពាក់ធ្វើអំពីសូត្រទន់។
ហាទីស្ហសហេស រាយការណ៍ដោយ អាល់ពូខរី និងមូស្លីម