Skip to content
839 ហាទីស

សព្វវចនាធិប្បាយហាទីសរបស់ព្យាការី

ត្រងលទ្ធផល

8 នៃ 839 កាត

លុបតម្រង
ពិតណាស់ណាពី ﷺ បានចាត់តាំងគាត់ទៅកាន់ប្រទេសយេមែន។ ហើយគាត់បានសួរទៅកាន់លោក ﷺ អំពីភេសជ្ជៈមួយចំនួន(ដែលមានជាតិអាល់កុល) ដែលគេបានផលិតនៅទីនោះ។ លោកបានសួរថា៖ តើវាជាអ្វី? គាត់បាននិយាយថា៖ វាគឺអាល់ពីតអ៍ និងអាល់មីសរ៍។ មានគេនិយាយទៅកាន់គាត់ថា៖ តើអ្វីទៅជាអាល់ពីតអ៍? គាត់បានតបថា៖ អាល់ពីតអ៍ គឺជាភេសជ្ជៈមានជាតិអាល់កុលដែលធ្វើពីទឹកឃ្មុំ ហើយ អាល់មីសរ៍ គឺជាភេសជ្ជៈមានជាតិអាល់កុលដែលធ្វើពីស្រូវសាលី។ ពេលនោះ លោកបានមានប្រសាសន៍ថា៖ “រាល់គ្រឿងស្រវឹង គឺត្រូវបានហាមឃាត់”។ រាយការណ៍ដោយ អាល់ពូខរី។
ហាទីស្ហសហេស រាយការណ៍ដោយ អាល់ពូខរី និងមូស្លីម
“រាល់គ្រឿងស្រវឹង គឺជាស្រា ហើយរាល់គ្រឿងស្រវឹង គឺត្រូវបានហាមឃាត់។ ជនណាដែលផឹកស្រានៅក្នុងលោកិយ ហើយស្លាប់ទៅដោយញៀនស្រា និងមិនបានសារភាពកំហុស(តាវហ្ពាត់)ទេនោះ គេនឹងមិនបានផឹកវាឡើយនៅថ្ងៃបរលោក”។
ហាទីស្ហសហេស រាយការណ៍ដោយ មូស្លីម។ ចំណែកឯ អាល់ពូខរី វិញ រាយការណ៍ត្រឹមតែឃ្លាចុងក្រោយនៃហាទីស្ហប៉ុណ្ណោះ។
ខ្ញុំធ្លាប់ជាអ្នកចាក់ស្រាឲ្យគេផឹកនៅក្នុងផ្ទះរបស់អាពូតល់ហះ ដែលនៅថ្ងៃនោះ ស្រារបស់ពួកគេគឺជា ហ្វាហ្ទៀខ។ ពេលនោះ រ៉ស៊ូលុលឡោះ ﷺ បានបញ្ជាឲ្យអ្នកប្រកាសមកប្រកាសថា៖ ចូរដឹងថា ជាការពិតណាស់ ស្រាត្រូវបានគេដាក់បម្រាមហើយ។ គាត់បាននិយាយថា៖ ពេលនោះ អាពូតល់ហះ បាននិយាយមកកាន់ខ្ញុំថា៖ ចូរចេញទៅក្រៅ ហើយចាក់ស្រាទាំងនោះចោលទៅ។ ដូចនេះ ខ្ញុំក៏ចេញទៅ ហើយចាក់ស្រាទាំងនោះចោល ហើយវាក៏ហូរតាមផ្លូវក្នុងក្រុងម៉ាទីណះ។ ពេលនោះ មានអ្នកខ្លះនិយាយថា៖ ជាការពិតណាស់ មនុស្សមួយចំនួនត្រូវបានគេសម្លាប់ ខណៈដែលស្រានៅក្នុងពោះរបស់ពួកគេនៅឡើយ។ ខណៈនោះ អល់ឡោះជាម្ចាស់បានបញ្ចុះអាយ៉ាត់៖ ﴿لَيْسَ عَلَى الَّذِينَ آمَنُوا وَعَمِلُوا الصَّالِحَاتِ جُنَاحٌ فِيمَا طَعِمُوا ﴾ [سورة المائدة(93)] “គ្មានបាបកម្មអ្វីឡើយចំពោះបណ្ដាអ្នកដែលមានជំនឿ និងបានសាងទង្វើកុសលនូវអ្វីដែលពួកគេបានទទួលទាន(ស្រាមុនពេលបម្រាម)” ។ (អាល់ម៉ាអ៊ីហ្ទះ៖ ៩៣)
ហាទីស្ហសហេស រាយការណ៍ដោយ អាល់ពូខរី និងមូស្លីម
ពួកយើងធ្លាប់នៅជាមួយណាពី ﷺ នៅឯហ្ស៊ុលហ៊ូឡៃហ្វះ។ ពេលនោះ មនុស្សម្នាមានការស្រេកឃ្លាន ហើយពួកគេបានទទួលជ័យភណ្ឌនៃអូដ្ឋ និងពពែ ខណៈដែលព្យាការី ﷺ នៅជួរខាងក្រោយពួកគេ។ ពួកគេមិនអាចរង់ចាំបានទេ ទើបពួកគេសំឡះវា ហើយរៀបចំឆ្នាំង (សម្រាប់ធ្វើម្ហូប)។ បន្ទាប់មក ព្យាការី ﷺ បានបញ្ជាឱ្យចាក់វាចេញពីឆ្នាំង។ បន្ទាប់មកទៀត គាត់បានចែកសត្វទាំងនោះ ហើយកំណត់ពពែដប់ក្បាលស្មើនឹងអូដ្ឋមួយក្បាល។ ប៉ុន្តែពេលនោះសត្វអូដ្ឋមួយក្បាលបានរបូត ហើយពួកគេព្យាយាមដេញចាប់វាតែមិនបានផលអ្វីសោះ។ នៅជាមួយពួកគេមានតែសេះពីរបីក្បាលប៉ុណ្ណោះ។ ពេលនោះមានម្នាក់ក្នុងចំណោមពួកគេបានបាញ់សំដៅទៅលើវាដោយព្រួញ រហូតដល់អល់ឡោះរារាំងសត្វអូដ្ឋនោះ។ រួចគាត់បានមានប្រសាសន៍ថា៖ “ពិតណាស់ សត្វទាំងនេះមានធម្មជាតិដូចសត្វព្រៃកាចសាហាវ បើមានសត្វណាដែលចាប់មិនបាន ចូរធ្វើចំពោះវាបែបនេះ”។ ពេលនោះ រ៉ហ្វៀក رضي الله عنه បានសួរថា៖ "ឱរ៉សូលរបស់អល់ឡោះ! យើងសង្ឃឹម - ឬគេបាននិយាយថា៖ យើងព្រួយបារម្ភ - ថាយើងនឹងជួបសត្រូវនៅថ្ងៃស្អែកខណៈពេលដែលយើងមិនមានព្រួញកាំបិត។ តើយើងអាចសំឡះវាដោយឫស្សីបានទេ? គាត់បានឆ្លើយថា៖ “អ្វីៗដែលអាចឲ្យឈាមហូរបាន ហើយព្រះនាមរបស់អល់ឡោះត្រូវបានសូត្រនៅលើវា ចូរបរិភោគវាចុះ លើកលែងតែធ្មេញ និងក្រចកប៉ុណ្ណោះ។ ខ្ញុំនឹងប្រាប់អ្នកពីមូលហេតុនេះ ដោយធ្មេញគឺជាឆ្អឹង ចំណែកក្រចកគឺជាកាំបិតរបស់ជនជាតិអេត្យូពី”។
ហាទីស្ហសហេស រាយការណ៍ដោយ អាល់ពូខរី និងមូស្លីម
ណាពី ﷺ លោកបានធ្វើគួរហ្ពានដោយចៀមឈ្មោលពីរក្បាល ដែលមានពណ៌សលាយខ្មៅ និងមានស្នែង ដោយលោកបានសំឡេះវាទាំងពីរដោយដៃរបស់លោក។ លោកបានរំលឹកនាមអល់ឡោះ និងតឹកពៀរ ហើយបានដាក់ជើងរបស់លោកនៅលើករបស់ចៀមទាំងពីរនោះ។
ហាទីស្ហសហេស រាយការណ៍ដោយ អាល់ពូខរី និងមូស្លីម
“ជនណាដែលចិញ្ចឹមឆ្កែក្រៅពីឆ្កែប្រមាញ់ ឬឆ្កែគង្វាលសត្វ នោះទង្វើកុសលរបស់ជននោះនឹងស្រកចុះចំនួនពីរគីរ៉តជារៀងរាល់ថ្ងៃ”។ សាលីម បាននិយាយថា៖ អាពូហ៊ូរ៉យរ៉ោះ បាននិយាយថា៖ ឬឆ្កែយាមចម្ការ។
ហាទីស្ហសហេស រាយការណ៍ដោយ អាល់ពូខរី និងមូស្លីម
“ពិតប្រាកដណាស់ អល់ឡោះជាម្ចាស់ និងអ្នកនាំសាររបស់ទ្រង់បានហាមឃាត់ការលក់ស្រា សត្វងាប់ សាច់ជ្រូក និងរូបបដិមា”។ ពេលនោះ មានគេសួរថា៖ ឱរ៉ស៊ូលុលឡោះ! តើលោកយល់យ៉ាងណាចំពោះខ្លាញ់សត្វដែលងាប់? ពីព្រោះវាត្រូវបានគេប្រើដើម្បីលាបទូក លាបស្បែក និងប្រើជាពន្លឺបំភ្លឺ។ លោកបានឆ្លើយថា៖ “ទេ វាត្រូវបានហាមឃាត់”។ បន្ទាប់មក រ៉ស៊ូលុលឡោះ ﷺ លោកបានមានប្រសាសន៍ថា៖ “អល់ឡោះជាម្ចាស់បានដាក់បណ្តាសាចំពោះពួកយូដា។ ជាការពិតណាស់ នៅពេលដែលអល់ឡោះហាមឃាត់ខ្លាញ់សត្វ ពួកគេបានយកខ្លាញ់ទៅរំលាយ រួចលក់វា ហើយទទួលទានពីតម្លៃរបស់វា”។
ហាទីស្ហសហេស រាយការណ៍ដោយ អាល់ពូខរី និងមូស្លីម
“ជនណាដែលប្រតិបត្តិសឡាតដូចការសឡាតរបស់ពួកយើង តម្រង់ទៅកាន់គិបឡាត់របស់ពួកយើង និងទទួលទានសត្វសំឡេះរបស់ពួកយើង ជននោះគឺជាជនមូស្លីមដែលទទួលបាននូវការធានាសុវត្ថិភាពពីអល់ឡោះ និងការធានាសុវត្ថិភាពពីអ្នកនាំសាររបស់ទ្រង់។ ហេតុនេះ ចូរពួកអ្នកកុំក្បត់អល់ឡោះចំពោះអ្នកដែលទទួលបានការធានាសុវត្ថិភាពអំពីទ្រង់។
ហាទីស្ហសហេស រាយការណ៍ដោយ អាល់ពូខរី