مخالفات الحج والعمرة والزيارة
ការប្រពឹត្តខុសកុ្នងពេលធ្វើហាជ្ជី អ៊ុំរ៉ោះ និង ការទស្សនកិច្ច
ការប្រពឹត្តខុសកុ្នងពេលធ្វើហាជ្ជី អ៊ុំរ៉ោះ និង ការទស្សនកិច្ច
គណៈកម្មការនៃអង្គការបម្រើការមាតិកាសាសនាអ៊ីស្លាមជាភាសានានា
ការប្រព្រឹត្តខុស និងកំហុសទាក់ទងនឹងការធ្វើអ៊ុំរ៉ោះ
ទីមួយ៖ ការប្រពិត្តខុស និងកំហុសរបស់មនុស្សក្នុងពេលអៀហរ៉ម
ការបោះបង់អាល់អៀហឡាល (ការបន្លឺសំឡេងនៀត) ដោយមិនបន្លឺសំឡេងរបស់គាត់បញ្ជាក់ពីការតព្វកិច្ចដែលគាត់មានបំណងធ្វើវា នៅពេលចាប់ផ្តើមនៀតអៀហរ៉ម។
ហើយសុណ្ណះ៖ គឺត្រូវបន្លឺសំឡេងនៀតចំពោះវា
មនុស្សមួយចំនួនគិតស្មានថាអៀហរ៉មគឺជាការស្លៀកសម្លៀកបំពាក់អៀហរ៉ម (ពាក់អ៊ីហ្សារនិងរីហ្ទាក់)
តាមពិតអៀហរ៉មគឺ៖ ការនៀតចូលធ្វើការតព្វកិច្ច(ហាជ្ជីឬអ៊ុំរ៉ោះ) ហើយសញ្ញាសម្គាល់របស់វាគឺអាល់អៀហឡាល(ការបន្លឺសំឡេងនៀត) ជាមួយការតាល់ពីយ៉ះ។ អ្នកណាដែលបានអាល់អៀហឡាល ជាមួយការតាល់ពីយ៉ះព្រមទាំងនៀតធ្វើហាជ្ជី ឬអ៊ុំរ៉ោះ នោះគាត់ស្ថិតក្នុងអៀហរ៉មហើយ។
មនុស្សមួយចំនួនគិតស្មានថាការងូតទឹកសម្រាប់អៀហរ៉មគឺជាប្រការវ៉ាជិប(ចាំបាច់)។
តាមពិតវាជាសុណ្ណះ(គប្បី) ហើយគ្មានបញ្ហាអ្វីឡើយលើអ្នកដែលបោះបង់ចោលវា។
មនុស្សមួយចំនួនគិតស្មានថាការសឡាត(ថ្វាយបង្គំ)ពីររ៉ក្អាត់បន្ទាប់ពីអៀហរ៉មគឺជាប្រការវ៉ាជិប(ចាំបាច់) ឬថាវាជាសុណ្ណះពិសេសដែលមិនអាចខ្វះបានហើយពួកគេសឡាតពីររ៉ក្អាត់នេះគ្រប់ពេល។
អ្វីដែលត្រឹមត្រូវគឺច្បាប់បានចែងឱ្យសឡាតមុនពេលអៀហរ៉ម ប៉ុន្តែវាមិនមែនជាការសឡាតពិសេសសម្រាប់វាទេ។ ប្រសិនបើអ្នកបានសឡាតហ្វារីហ្ទោះ(ហ្វារហ្ទូ) ឬការសឡាតផ្សេងទៀតដែលច្បាប់បានចែង អ្នកអាចអៀហរ៉មភ្លាមៗបន្ទាប់ពីនោះ។
មនុស្សមួយចំនួនគិតស្មានថាការឈប់នៅមីកត(ព្រំដែនកំណត់) និងចុះទៅកាន់ម៉ាស្ជិតគឺជាប្រការវ៉ាជិប(ចាំបាច់)។
ការពិតវាមិនមែនជាប្រការវ៉ាជិប(ចាំបាច់)នោះទេ។ អ្នកដែលបានស្លៀកសម្លៀកបំពាក់អៀហរ៉មរួចរាល់ និងបានឆ្លងកាត់មីកត ហើយបានបន្លឺសំឡេងតាល់ពីយ៉ះនៅទីនោះ ឬនៅចំពីមុខវាខណៈពេលរូបគាត់នៅក្នុងរថយន្ត នោះគ្រប់គ្រាន់សម្រាប់គាត់ហើយ។ វាដូចគ្នាទៅនឹងអ្នកនៅលើយន្តហោះដែលបន្លឺសំឡេងតាល់ពីយ៉ះនៅពេលឆ្លងកាត់ ឬមុនពេលឆ្លងកាត់បន្តិចដើម្បីកុំឲ្យឆ្លងហួសមីកត។
ការប្រើគ្រឿងក្រអូបលើសម្លៀកបំពាក់អៀហរ៉ម។
អ្វីដែលត្រឹមត្រូវ គឺត្រូវប្រើគ្រឿងក្រអូបនៅលើតែរាងកាយប៉ុណ្ណោះ។
មនុស្សមួយចំនួនគិតស្មានថាការកោររោមប្រដាប់ភេទ ការកាត់ក្រចក និងការកោររោមក្លៀកគឺជាប្រការវ៉ាជិប(ចាំបាច់)នៅពេលអៀហរ៉ម ឬយល់ថាវាជាប្រការសុណ្ណះសម្រាប់អៀហរ៉ម។
តាមពិតវាគ្រាន់តែជាសុណ្ណះទូទៅនៅពេលមានតម្រូវការប៉ុណ្ណោះ។
ការអៀហរ៉មមុនពេលដល់មីកត។
នេះផ្ទុយពីសុណ្ណះ ក៏ប៉ុន្តែអ្នកដែលនៅក្នុងយន្តហោះអាចធ្វើការអៀហរ៉មមុនពេលបន្តិចដើម្បីកុំឲ្យខកខានកន្លែងឆ្លងកាត់ដោយសារល្បឿនយន្តហោះលឿនពេក។ ដូចគ្នានេះដែរ ប្រសិនបើគាត់ខ្លាចដេកលក់ហើយខកខានការឆ្លងកាត់ គាត់អាចធ្វើអៀហរ៉មមុនពេលតាមតម្រូវការរបស់គាត់។
ការឆ្លងផុតកន្លែងនៀត មីកត(ព្រំដែនកំណត់) ដោយមិនបាននៀតអៀហរ៉ម ដោយសារតែមិនដឹង ឬការធ្វេសប្រហែស ឬដោយសារស្ថិតលើយន្តហោះ។
វ៉ាជិប(ចាំបាច់)លើគាត់ដែលឆ្លងផុតមីកត ដោយមានបំណងធ្វើអ៊ុំរ៉ោះ ឬហាជ្ជី តែមិនបានចូលនៀតអៀហរ៉មនៅទីនោះគឺ៖ ត្រូវត្រឡប់ទៅ មីកតនិងចូលនៀតអៀហរ៉មនៅទីនោះវិញ។ ដូចគ្នានេះដែរសម្រាប់អ្នកដែលចុះនៅព្រលានយន្តហោះ ជុតទះ ហើយមិនបាននៀតអៀហរ៉មលើយន្តហោះដោយមូលហេតុណាមួយ៖ ចាំបាច់លើរូបគេត្រូវចេញទៅ មីកតណាមួយដើម្បីនៀតអៀហរ៉មពីទីនោះ។ ករណីលើកលែង៖ អ្នកដែលមិនឆ្លងកាត់ឬដែលមិនប្រទះនឹង មីកតណាមួយ គេអាចនៀតអៀហរ៉មនៅជុតទះបាន ដូចជាប្រជាជនស៊ូដង់ដែលមកដល់តាមយន្តហោះឬនាវា លើកលែងតែពួកគេដឹងថាពួកគេឆ្លងកាត់ មីកត យ៉ាឡាំឡាំ ឬ មីកត អាល់ជួសហ្វះ តាមផ្លូវដែលពួកគេមក។
ការយល់ខុសអំពីសម្លៀកបំពាក់ម៉ាខីត ដែលថាគឺរាល់អ្វីទាំងអស់ដែលមានថ្នេដេ ដូច្នេះពួកគេជៀសវាងការពាក់ខ្សែក្រវាត់ឬស្បែកជើងដែលមានថ្នេដេ។
បែបនេះមិនត្រឹមត្រូវទេ។ សម្លៀកបំពាក់ម៉ាខីត គឺសំដៅលើអ្វីដែលត្រូវបានដេរ ឬកាត់តាមទំហំរាងកាយ ដូចជាអាវ និងខោ នៅពេលពាក់តាមរបៀបធម្មតា។
ស្ត្រីពាក់ស្រោមដៃ មុខបាំង (ពួរ៉កក់) ឬ នីកប ឬរបាំងមុខពេញ។
វ៉ាជិប(ចាំបាច់)លើនាង (នៅពេលនៅចំពោះមុខបុរសដែលមិនមែនជាអ្នកមូហរ៉ម) គឺត្រូវបាំងមុខនិងដៃរបស់នាង ប៉ុន្តែមិនមែនដោយប្រើនីកប ឬស្រោមដៃនោះទេ។ ដោយសារព្យាការី ﷺ បានហាមពីការពាក់វាទាំងពីរ ចំពោះស្ត្រីដែលស្ថិតក្នុងសភាពអៀហរ៉ម។
មនុស្សមួយចំនួនគិតស្មានថាស្ត្រីមានសម្លៀកបំពាក់ពិសេសក្នុងពេលអៀហរ៉ម គឺពណ៌ខ្មៅ ឬបៃតង ឬស។
នេះមិនត្រឹមត្រូវទេ។ សម្រាប់ស្ត្រីអាចស្លៀកសម្លៀកបំពាក់អ្វីក៏បានតាមតែនាងពេញចិត្តក្នុងពេលអៀហរ៉ម ដោយគ្រាន់តែមិនបង្ហាញការតុបតែងខ្លួនបុណ្ណោះ។
មនុស្សមួយចំនួនគិតស្មានថាមិនអនុញ្ញាតឲ្យផ្លាស់ប្តូរ ឬដោះសម្លៀកបំពាក់អៀហរ៉មឡើយ។
អ្វីដែលត្រឹមត្រូវគឺអ្នកដែលកំពុងនៅក្នុងសភាពអៀហរ៉មអាចផ្លាស់ប្តូរ ឬបោកសម្អាតរួចពាក់វាឡើងវិញបាន។
អាល់អ៊ីតឌីហ្ពាក់(ការបើកស្មាខាងស្តាំ) គឺចាប់ផ្តើមពីដំបូងរហូតដល់ចប់នៃអៀហរ៉ម។
ដែលត្រឹមត្រូវអាល់អ៊ីតឌីហ្ពាក់(ការបើកស្មាខាងស្តាំ) ត្រូវបានអនុញ្ញាតតែក្នុងពេលតវាហ្វអ៊ុំរ៉ោះឬ តវាហ្វ គូទូម (ការមកដល់) ប៉ុណ្ណោះ។
ការបោះបង់ចោលអៀហរ៉មនិងចេញពីសភាពអៀហរ៉មដោយគ្មានហេតុផលច្បាប់ត្រឹមត្រូវលើរឿងនោះ។
វ៉ាជីប(ចាំបាច់)លើបុគ្គលដែលស្ថិតក្នុងស្ថានភាពអៀហរ៉ម(អ្នកបំពេញការធ្វើហាជ្ជីឬអ៊ុំរ៉ោះ) ត្រូវស្ថិតនៅក្នុងសភាពអៀហរ៉មរហូតដល់បញ្ចប់កាត្វកិច្ចហាជ្ជី ឬ អ៊ុំរ៉ោះរបស់ខ្លួន លើកលែងតែមានមូលហេតុស្របច្បាប់សម្រាប់ការចេញពីអៀហរ៉ម គឺការរារាំង(ដោយសារជំងឺ ឬសត្រូវ) ក្នុងករណីនេះ គាត់អាចចេញពីអៀហរ៉មបាន។ ប្រសិនបើគាត់បានដាក់លក្ខខណ្ឌនៅពេលចូលអៀហរ៉ម គាត់មិនត្រូវបង់ផាកអ្វីទេ។ ប៉ុន្តែប្រសិនបើគាត់មិនបានដាក់លក្ខខណ្ឌទេ ចាំបាច់លើគាត់ត្រូវសំឡេះសត្វជាការពិន័យ ហើយត្រូវកោរសក់ ឬកាត់សក់ បន្ទាប់មកចេញពីអៀហរ៉ម។
***
ទី២. ការប្រព្រឹត្តខុសនិងកំហុសឆ្គងរបស់មនុស្សក្នុងពេលតវាហ្វ (ការដើរជុំវិញកាក់ហ្ពះ):
ការសូត្រទូអា(ការបួងសួង)ដែលមិនមានក្នុងសុណ្ណះអំឡុងពេលចូលម៉ាស្ជិតហារ៉ម ឬពេលឃើញកាក់ហ្ពះ
ស៊ុណ្ណះគឺត្រូវកំណត់យកទៅតាមអ្វីដែលបានរាយការណ៍ពីព្យាការីមូហាំម៉ាត់ ﷺ។
ការនៀតដោយបញ្ជេញសំលេងមុនពេលចាប់ផ្តើមតវ៉ាហ្វ
ការនៀតគឺនៅក្នុងចិត្ត ច្បាប់មិនអនុញ្ញាតបញ្ចេញសំលេងឡើយ។
ការប៉ងចាប់ផ្តើមតវ៉៉ាហ្វមុនពេលដល់ហាជើរ៉ុលអាស្វាត(ដុំថ្មខ្មៅ) គ្រាន់តែដើម្បីសុវត្ថិភាព។
នេះគឺជាការប្រុងប្រយ័ត្នជ្រុលពេកហើយ។
ការចាប់ផ្តើមតវ៉ាហ្វបន្ទាប់ពីឆ្លងផុតហាជើរ៉ុលអាស្វាត ដោយចាត់ទុកថានោះគឺបានមួយជុំ។
បែបនេះមិនត្រឹមត្រូវទេ ប្រសិនបើធ្វើដូច្នោះគេមិនអាចចាត់ទុកវាថាមួយជុំនោះទេ។
ការលើកដៃទាំងពីរនៅពេលទៅដល់ហាជើរ៉ុលអាស្វាត ដូចក្នុងពេលសឡាត ឬការលើកដៃទាំងពីរបីដង ។
ស៊ុណ្ណះគឺត្រូវលើកដៃស្តាំតម្រង់ទៅកាន់វាតែមួយដងប៉ុណ្ណោះ។
ការឈប់យូរនៅកន្លែងហាជើរ៉ុលអាស្វាត
ស៊ុណ្ណះគឺមិនត្រូវឈប់យូរពេកទេ។
ការប្រជ្រាតគ្នាខ្លាំងដើម្បីទៅដល់ហាជើរ៉ុលអាស្វាត ដើម្បីថើបវា
ស៊ុណ្ណះគឺមិនត្រូវប្រជ្រាតគ្នាឡើយ ប្រសិនបើអាចទៅដល់វាដោយគ្មានការប្រជ្រាតគ្នាចូរធ្វើចុះ បើមិនអាចទេ គ្រាន់តែលើកដៃគឺគ្រប់គ្រាន់ហើយ។
ការត្រឡប់ក្រោយពេលឆ្លងផុតហាជើរ៉ុលអាស្វាត ដោយមិនបានតឹកពៀរ ដើម្បីលើកដៃនិងតឹកពៀរ ឬការតឹកពៀរបន្ទាប់ពីឆ្លងផុតវា
ទាំងអស់នេះគឺមិនត្រឹមត្រូវឡើយ។ វាគ្រាន់តែជាសុណ្ណះបើឆ្លងផុតកន្លែងវាមិនចាំបាច់ត្រូវត្រឡប់ក្រោយដើម្បីធ្វើវាទេ ហើយមិនមានបញ្ហាអ្វីឡើយសម្រាប់អ្នកដែលភ្លេចតឹកពៀរឬបោះបង់វាដោយចេតនានោះ។
ការកំណត់ទូអា(ការបួងសួង)ជាក់លាក់សម្រាប់ជុំនីមួយៗ។
ហើយគ្មានភស្តុតាងណាមួយចំពោះរឿងនេះទេ។ តាមសុណ្ណះ អ្នកតវ៉ាហ្វទាំងឡាយ អាចទូអា(បួងសួង)សុំប្រការល្អផ្សេងៗទាំងក្នុងលោកិយនិងបរលោកតាមអ្វីដែលគេពេញចិត្ត[១] និងរំឭកដល់អល់ឡោះ នូវការរំឭកដែលច្បាប់បានចែង ដូចជា តាស់ពេស(ស៊ុបហាណុលឡោះ) ឬតះម៉ីត(អាល់ហាំទូលិលឡោះ) ឬតះលេល(ឡើអ៊ីឡើហើរអ៊ីលលុលឡោះ) ឬតឹកពៀរ (អល់ឡហ៊ូអឹកហ្ពារ) ឬការសូត្រគួរអាន។
ការរត់តិចៗគ្រប់ជុំនៃតវ៉ាហ្វ។
តាមសុណ្ណះគឺត្រូវធ្វើវានៅក្នុងបីជុំដំបូងប៉ុណ្ណោះ។
ការមិនដាក់កាក់ហ្ពះនៅខាងឆ្វេងដៃគេក្នុងពេលតវ៉ាហ្វដោយគ្មានហេតុផលត្រឹមត្រូវ។
តាមសុណ្ណះ កាក់ហ្ពះត្រូវនៅខាងឆ្វេងដៃគេ ដូច្នេះមិនគាប់បីឡើយលើគេធ្វេសប្រហែសធ្វើផ្ទុយពីនោះ។ តែប្រសិនបើគេមានហេតុផលសមស្របដូចជាមានមនុស្សច្រើនកកកុញ ឬផ្សេងពីទៀត នោះអ្នកមិនមានបញ្ហានោះទេ។
ការថើបជ្រុងយ៉ាម៉ានី ឬការលើកដៃតម្រង់ទៅវានៅពេលមិនអាចថើបវា។
តាមសុណ្ណះគឺគ្រាន់តែប៉ះវាដោយដៃប៉ុណ្ណោះដោយមិនថើបវានោះទេ។ ប្រសិនបើមិនអាចប៉ះវា គេមិនត្រូវលើកដៃតម្រង់ទៅកាន់វាទេ។
ការប៉ះនិងថើបគ្រប់ជ្រុងនៃកាក់ហ្ពះ ឬជញ្ជាំងរបស់វា ហើយនិងការប៉ះពាល់វា។
នេះគឺផ្ទុយពីសុណ្ណះ ព្រោះច្បាប់មិនបានចែងឡើយ លើកលែងតែការថើបហាជើរ៉ុលអាស្វាត(ថ្មខ្មៅ) និងប៉ះជ្រុងយ៉ាម៉ានីប៉ុណ្ណោះ។
ការគិតស្មានថាការប៉ះជ្រុងយ៉ាម៉ានី និងហាជើរ៉ុលអាស្វាត គឺដើម្បីទទួលបានពរជ័យ មិនមែនជាការប្រណិប័តន៍ទេ។
ទាំងអស់នេះគឺជាភាពល្ងង់ខ្លៅ និងភាពវង្វេង ព្រោះផលប្រយោជន៍ និងគ្រោះថ្នាក់គឺស្ថិតនៅក្នុងព្រះហស្ដរបស់អល់ឡោះតែមួយគត់។ ដូចដែលអ៊ូម៉ើរ (សូមអល់ឡោះពេញចិត្តដល់គាត់) បានមកកាន់ហាជើរ៉ុលអាស្វាត(ថ្មខ្មៅ) ហើយថើបវា រួចនិយាយថា៖ "ខ្ញុំដឹងថាអ្នកគ្រាន់តែជាដុំថ្ម មិនអាចបង្កគ្រោះថ្នាក់ ឬផ្តល់ផលប្រយោជន៍បានទេ ហើយប្រសិនបើខ្ញុំមិនបានឃើញព្យាការី ﷺ ថើបអ្នក ខ្ញុំក៏នឹងមិនថើបអ្នកដែរ" (អាល់ពូខរី៖១៥៩៧)
ការបន្លឺសម្លេងខ្លាំងក្នុងពេលទូអា(បួងសួង) ដែលនាំឱ្យរំខានដល់អ្នកតវ៉ាហ្វដទៃទៀត។
តាមសុណ្ណះគួររំឭកទៅចំពោះឡោះជាម្ចាស់ និងទូអា(បួងសួង)ដោយសំលេងតិចៗលឺត្រឹមខ្លួនឯងបានហើយ ដើម្បីកុំឱ្យរំខានអ្នកដទៃ។
ការរវល់ក្នុងការថតរូប ឬការសន្ទនាផ្សេងៗក្នុងពេលធ្វើតវ៉ាហ្វ។
ច្បាប់បានចែងសម្រាប់អ្នកតវ៉ាហ្វគឺត្រូវស្ថិតក្នុងការរំឭកចំពោះអល់ឡោះជាម្ចាស់ដោយការកោតខ្លាច ឱនលំទោន និងដាក់ចិត្ត ផ្ចង់អារម្មណ៍។
ការបញ្ចប់តវ៉ាហ្វមុនពេលប្រាកដថាបានមកដល់ហាជើរ៉ុលអាស្វាត(ថ្មខ្មៅ)។
វ៉ាជិប(ចាំបាច់)ត្រូវបំពេញជុំទី៧ រហូតដល់អ្នកប្រាកដ ឬជឿជាក់ថាអ្នកបានមកដល់កន្លែងហាជើរ៉ុលអាស្វាត(ថ្មខ្មៅ) ។
ការគិតថាសឡាត(ការថ្វាយបង្គំ)ពីររ៉ក្អាត់បន្ទាប់ពីតវ៉ាហ្វនោះចាំបាច់ត្រូវតែអនុវត្តនៅពីក្រោយម៉ាកមអ៊ីព្រហ៊ីមដោយផ្ទាល់ ឬនៅជិតនោះ ធ្វើឱ្យមានការណ៍ប្រមូលផ្តុំគ្នាដែលបង្កការរំខានដល់អ្នកតវ៉ាហ្វផ្សេងទៀតក្នុងរដូវហាជ្ជី និងរារាំងដំណើរតវ៉ាហ្វរបស់ពួកគេ។
នេះជាការយល់ខុស សឡាត(ការថ្វាយបង្គំ)ពីររ៉ក្អាត់បន្ទាប់ពីតវ៉ាហ្វអាចអនុវត្តនៅគ្រប់កន្លែងក្នុងម៉ាស្ជិត ហើយអ្នកសឡាតអាចដាក់ម៉ាកមអ៊ីព្រហ៊ីមនៅចន្លោះគាត់និងកាក់ហ្ពះ (ទោះបីជានៅឆ្ងាយពីម៉ាកមក៏ដោយ) ហើយគាត់អាចធ្វើសឡាតនៅក្នុងបរិវេណឬរបងម៉ាស្ជិតរួចផុតពីការរំខាន និងទទួលបានផលបុណ្យនៃការសឡាតដោយក្តីកោតខ្លាចនិងភាពស្ងប់ស្ងាត់។
ការសឡាតពីររ៉ក្អាត់បន្ទាប់ពីតវ៉ាហ្វ និងការទូអាក្រោយពីនោះយូរពេក។
តាមសុណ្ណះគឺត្រូវធ្វើវាឱ្យលឿន និងមិនត្រូវទូអាអ្វីបន្ទាប់ពីររ៉ក្អាត់ទាំងពីរនោះទេ ព្រោះមិនមានការរាយការណ៍ពីព្យាការីﷺ ។
ការសឡាតពីររ៉ក្អាត់បន្ទាប់ពីតវ៉ាហ្វបើកស្មា។
តាមសុណ្ណះគឺត្រូវគ្របដណ្តប់ស្មាវិញភ្លាមៗបន្ទាប់ពីបញ្ចប់តវ៉ាហ្វរួច។
***
ទី៣. ការប្រព្រឹត្តខុសនិងកំហុសឆ្គងរបស់មនុស្សក្នុងការពេលសាអ៊ី
ការបើកស្មាខាងស្តាំអំឡុងពេលសាអ៊ី។
បានលើកឡើងរួចហើយថា ការបើកស្មាខាងស្តាំត្រូវធ្វើតែក្នុងពេលធ្វើតវ៉ាហ្វប៉ុណ្ណោះ។
ការបញ្ចេញសំលេងនៀតមុនចាប់ផ្តើមសាអ៊ី។
បានលើកឡើងរួចហើយថា នៀតគឺនៅក្នុងចិត្ត ហើយការបញ្ចេញសំលេងនៀតខុសពីអ្វីដែលច្បាប់បានចែង។
ការចាប់ផ្តើមពីភ្នំម៉ារវ៉ះក្នុងពេលធ្វើសាអ៊ី។
នេះមិនត្រឹមត្រូវទេ ហើយជនណាដែលធ្វើបែបនោះគេមិនចាត់ទុកវាមួយជុំឡើយ។
មនុស្សមួយចំនួនគិតស្មានថាមួយជុំគឺគិតទាំងទៅនិងត្រឡប់មកវិញ ដូច្នេះពួកគេធ្វើសាអ៊ី១៤ជុំ។
នេះមិនត្រឹមត្រូវទេ ពីព្រោះការដើរពីភ្នំសហ្វាទៅភ្នំមរវ៉ាគឺមួយជុំ ហើយពីភ្នំម៉ារវ៉ាះទៅភ្នំសហ្វាគឺ១ជុំ ការចាប់ផ្តើមត្រូវតែពីភ្នំសហ្វា ហើយបញ្ចប់នៅភ្នំម៉ារវ៉ះ។
ការឡើងទៅកំពូលភ្នំសហ្វាដោយគិតថាវាចាំបាច់។
គ្មានភស្តុតាងបញ្ជាក់ថាវាជាលក្ខខណ្ឌចាំបាច់នោះទេ។
ការលើកដៃទាំងពីរ និងការចង្អុលដូចដែលធ្វើក្នុងតឹកពៀរពេលសឡាត។
អ្វីដែលត្រឹមត្រូវគឺគ្រាន់តែងាកទៅរកគីបឡាត់ និងទូអាតាមអ្វីដែលមានក្នុងស៊ុណ្ណះ។
ការធ្វើសាអ៊ីយ៉ាងលឿនរបស់ស្ត្រីរវាងសញ្ញាសម្គាល់ទាំងពីរដូចបុរស។
អ្វីដែលត្រឹមត្រូវសម្រាប់នាងគឺគ្រាន់តែដើរធម្មតា ដែលជាការឯកភាពរបស់អ៊ូឡាម៉ាក់ទាំងអស់ ដើម្បីការពារនាងពីការបង្ហាញខ្លួន។
ការកំណត់ទូអាជាក់លាក់សម្រាប់ជុំនីមួយៗនៃការធ្វើសាអ៊ី។
រឿងនេះគ្មានភស្តុតាងណាមួយបញ្ជាក់ទេ ប៉ុន្តែត្រូវសូត្រទូអាណាដែលខ្លួនពេញចិត្តដោយមិនកំណត់។
ការបន្លឺសំលេងខ្លាំងនៅក្នុងពេលសាអ៊ីដែលបណ្តាលឱ្យមានការរំខានដល់អ្នកដទៃ។
តាមសុណ្ណះគឺត្រូវរំឭកដល់អល់ឡោះជាម្ចាស់របស់គេនិងទូអារលឺត្រឹមខ្លួនឯង ដើម្បីកុំឱ្យរំខានដល់អ្នកដទៃ។
ការប្រញាប់ប្រញាល់ក្នុងការធ្វើសាអីរវាងភ្នំសហ្វា និងម៉ារវ៉ះគ្រប់ជុំ។
តាមសុណ្ណះគឺត្រូវប្រញាប់ប្រញាល់ខ្លាំងតែនៅចន្លោះសញ្ញាសម្គាល់បៃតងទាំងពីរប៉ុណ្ណោះ។
ការសឡាតពីររ៉ក្អាត់បន្ទាប់ពីបញ្ចប់ការធ្វើសាអ៊ី។
រឿងនេះគ្មានភស្តុតាងណាមួយបញ្ជាក់ទេ ដូច្នេះវាមិនត្រូវបានអនុញ្ញាតឱ្យធ្វើនោះទេ។
ការធ្វើសាអីស្ម័គ្រចិត្តក្រៅពីហាជ្ជី។
ការធ្វើសាអីមិនត្រូវបានអនុញ្ញាតឱ្យធ្វើស្ម័គ្រចិត្តឡើយ។
***
ទី៤៖ ការប្រព្រឹត្តខុសនិងកំហុសរបស់មនុស្សក្នុងការកោរសក់ ឬកាត់សក់
ការមិនយកចិត្តទុកដាក់នៅពេលកោរសក់ ឬកាត់សក់ពេញក្បាល។
តាមសុណ្ណះគឺត្រូវកោរសក់ ឬកាត់សក់ពេញក្បាល។
ការកោរសក់ ឬកាត់សក់នៅក្នុងម៉ាស្ជិតហារ៉ម(វិហារដ៏ពិសិដ្ឋ) ហើយបោះសក់ចោលនៅទីនោះ។
វ៉ាជិប(ចាំបាច់)គឺត្រូវលើកតម្កើងម៉ាស្ជិតហារ៉ម និងថែរក្សាភាពស្អាតរបស់វា។
ការពន្យារពេលកោរសក់ ឬកាត់សក់យូរពេក អាចនាំឲ្យភ្លេច ឬរវល់នឹងការផ្សេងៗ។
ច្បាប់តម្រូវឱ្យធ្វើភ្លាមៗបន្ទាប់ពីបញ្ចប់ការដើរជុំវិញកាក់ហ្ពះ និងការដើររវាងភ្នំសហ្វានិងម៉ារវ៉ះ។
ការធ្វើប្រការដែលគេហាមឃាត់អំឡុងពេលអៀហរ៉ម មុនពេលកោរសក់ ឬកាត់សក់។
វ៉ាជិប(ចាំបាច់)គឺមិនត្រូវធ្វើប្រការដែលគេហាមឃាត់ឡើយ លើកលែងតែបន្ទាប់ពីកោរសក់ ឬកាត់សក់រួច។
***
ការប្រព្រឹត្តខុស និងកំហុសទាក់ទងនឹងពេលធ្វើហាជ្ជី
ទីមួយ៖ ការប្រព្រឹត្តខុសនិងកំហុសរបស់មនុស្សក្នុងថ្ងៃតារ៉វីយ៉ះ
មនុស្សមួយចំនួនគិតស្មានថាការចូលក្នុងអៀហរ៉មនៅថ្ងៃតារ៉វីយ៉ះ គួរធ្វើពីម៉ាស្ជិតហារ៉ម ឬពីក្រោមទឹកបង្ហូរ (មីហ្សាប)។
តាមសុណ្ណះគឺត្រូវចូលអៀហរ៉មពីកន្លែងដែលគាត់កំពុងស្ថិតនៅ ទោះបីនៅម៉ាក្កះ ឬនៅមីណាក៏ដោយ។
ការពន្យារពេលការចូលអៀហរ៉មដល់ក្រោយពេលសឡាតហ្ស៊ូហ៊ូរ។
តាមសុណ្ណះគឺត្រូវចូលអៀហរ៉មសម្រាប់ហាជ្ជីនៅពេលព្រឹកមុនសឡាតហ្ស៊ូហ៊ូរ។
ការមិនស្នាក់នៅមីណាខណៈដែលមានលទ្ធភាពធ្វើវា។
តាមសុណ្ណះសម្រាប់អ្នកធ្វើហាជ្ជីគឺត្រូវស្នាក់នៅមីណាបើសិនជាគាត់មានលទ្ធភាព ដោយសារតែវាជាទង្វើរបស់ព្យាការីមូហាំម៉ាត់ﷺ ។
ការសឡាតហ្ជាម៉ក(សឡាតរួម) នៅមីណា។
តាមសុណ្ណះគឺត្រូវសឡាតក៏ស័រ(សឡាតខ្លី) នៅមីណាដោយមិនសឡាតហ្ជាម៉ក(សឡាតរួម)ទេ អនុវត្តតាមព្យាការីមូហាំម៉ាត់ﷺ ។
***
ទី២. ការប្រព្រឹត្តខុសនិងកំហុសរបស់មនុស្សក្នុងថ្ងៃអារ៉ហ្វះ
ការស្ថិតនៅអារ៉ហ្វះនៅក្នុងថ្ងៃទី៨ ដោយសារការប្រុងប្រយ័ត្ន
នេះគឺជាការលំបាក និងប្រព្រឹត្តជ្រុលដែលត្រូវបានហាមឃាត់។
ការចេញទៅអារ៉ហ្វះពីថ្ងៃទី៨ ឬយប់ទី៩ និងការស្នាក់នៅទីនោះ
នេះផ្ទុយពីសុណ្ណះ និងធ្វើឱ្យបាត់បង់សុណ្ណះនៃការស្នាក់នៅមីណា។
ការស្ថិតនៅក្រៅព្រំដែននៃអារ៉ហ្វះ
វ៉ាជិប(ចាំចាច់)លើអ្នកធ្វើហាជ្ជីត្រូវប្រាកដថាគាត់ស្ថិតនៅក្នុងព្រំដែននៃអារ៉ហ្វះ។
ការគិតស្មានថាចាំបាច់ត្រូវសឡាតជាមួយអ៊ីម៉ាំនៅម៉ាស្ជិតណាម៉ីរ៉ោះ និងការប្រជ្រាតគ្នារញ៉េរញ៉ៃខ្លាំងដើម្បីស្នាក់នៅនៅទីនោះ
មិនចាំបាច់ធ្វើបែបនេះទេ ហើយច្បាប់ក៏មិនបានចែងឱ្យប្រជ្រាតគ្នាដើម្បីធ្វើដូច្នោះនោះដែរ។
ការតម្រង់មុខទៅភ្នំ (អីឡាល់) នៅពេលសុំទូអា
សុណ្ណះគឺត្រូវតម្រង់ទៅកាន់គីបឡាត់។
ការជឿថាការឡើងទៅភ្នំអីឡាល់ជាកាតព្វកិច្ច ឬវាជាផ្នែកមួយនៃការធ្វើហាជ្ជី ឬវាមានគុណសម្បត្តិ ឬអត្ថប្រយោជន៍លើទីកន្លែងដទៃទៀតនៃអារ៉ហ្វះ
គ្មានភស្តុតាងបញ្ជាក់លើរឿងនេះឡើយ ពិតណាស់វាផ្ទុយពីការណែនាំរបស់ព្យាការីមូហាំម៉ាត់។
ការហៅឈ្មោះភ្នំ (អីឡាល់) ថាភ្នំរ៉ោះម៉ះ ឬ (ភ្នំនៃការសុំទូអា)
អ្វីដែលត្រឹមត្រូវគឺឈ្មោះរបស់វា (អីឡាល់) ហើយគ្មានភស្តុតាងនៃការហៅវាថាភ្នំរ៉ោះម៉ះ ឬភ្នំសុំទូអានោះទេ។
ការចូលទៅក្នុងគុបហ្ពះដែលនៅលើភ្នំអារ៉ហ្វះ និងការហៅវាថាគុបហ្ពះអាទាំ ការសឡាតនៅក្នុងវា និងការដើរជុំវិញវាដូចការដើរជុំវិញកាក់ហ្ពះ
ទាំងអស់នេះជាការបង្កើតថ្មីដែលត្រូវបានហាមឃាត់ ហើយវាអាចឈានដល់ការប្រព្រឹត្តិស៊ីរីក។
ការស្វែងរកពរជ័យពីបង្គោលដែលដាក់នៅលើភ្នំរ៉ោះម៉ះនៅអារ៉ហ្វះ និងការសរសេរឈ្មោះលើវា
ទាំងអស់នេះជាការបង្កើតថ្មីដែលត្រូវបានហាមឃាត់ ហើយអាចឈានដល់ការប្រព្រឹត្តិស៊ីរីក។
ការដាក់លុយនៅក្នុងចន្លោះនៅលើភ្នំអារ៉ហ្វះ ឬភ្នំនួរ ឬការដាក់សក់ ឬក្រចក ឬអ្វីមួយពីសម្លៀកបំពាក់ជាដើម ដោយជឿថាវានាំឱ្យម្ចាស់របស់វាត្រឡប់មកកន្លែងទាំងនេះវិញ
ទាំងអស់នេះគឺជាការបង្កើតថ្មីដែលត្រូវបានហាមឃាត់ ហើយអាចឈានដល់ការប្រព្រឹត្តិស៊ីរីក។
មនុស្សមួយចំនួនគិតស្មានថាចាំបាច់ត្រូវឈរនៅទីតាំងរបស់ព្យាការី ឬពួកគេព្យាយាមធ្វើវា។
អ្វីដែលត្រឹមត្រូវ វាមិនមែនជាវ៉ាជិប(ចាំបាច់)ទេ ហើយការព្យាយាមធ្វើវាមិនត្រូវបានណែនាំនោះទេ។
ការខ្ជះខ្ជាយពេលវេលា ការបោះបង់ការសុំទូអា និងការហ្ស៊ីកៀត ដោយរវល់ជាមួយអ្វីដែលមិនមានប្រយោជន៍។
ការពន្យារពេលចាប់ផ្តើមការសុំទូអារហូតដល់ជិតព្រះអាទិត្យលិច ឬចុងបញ្ចប់នៃថ្ងៃ។
ការដាក់បន្ទុកខ្លួនឯងឱ្យឈរសុំទូអា ដោយគិតស្មានថាវាជាស៊ុណ្ណះ ឬការគិតស្មានថាអត្ថន័យនៃការស្ថិតនៅអារ៉ហ្វះគឺការឈរដើម្បីសុំទូអា។
អ្វីដែលត្រឹមត្រូវ ការស្ថិតនៅអារ៉ហ្វះមានន័យថាត្រូវការស្ថិតនៅទីនោះក្នុងពេលនោះ ទោះបីជាឈរ ឬអង្គុយ ជិះយាន្ត ឬដើរក៏ដោយ។
ការចាកចេញពីអារ៉ហ្វះមុនពេលព្រះអាទិត្យលិច។
នេះជាប្រការហារ៉ម(ហាមឃាត់) ព្រោះវាផ្ទុយនឹងស៊ុណ្ណះរបស់ព្យាការី។
ការពន្យារពេលចាកចេញបន្ទាប់ពីព្រះអាទិត្យលិចដោយគ្មានមូលហេតុសមរម្យ។
តាមស៊ុណ្ណះគឺត្រូវប្រញាប់ចាកចេញភ្លាមៗបន្ទាប់ពីព្រះអាទិត្យលិច លើកលែងតែមានមូលហេតុសមរម្យ។
មនុស្សខ្លះយល់ថាការស្ថិតនៅអារ៉ហ្វះចំថ្ងៃសុក្រស្មើនឹងការធ្វើហាជ្ជី ៧០ ដង។
វាគ្មានភ័ស្តុតាងបញ្ជាក់លើរឿងនេះនោះទេ។
***
ទី៣. ការប្រព្រឹត្តខុសនិងកំហុសរបស់មនុស្សក្នុងការធ្វើដំណើរទៅកាន់មូហ្សទើលីហ្វះ និងការស្នាក់នៅទីនោះ
ការប្រញាប់ប្រញាលក្នុងពេលចាកចេញពីអារ៉ហ្វះ និងបង្កការរំខានដោយរថយន្ត
តាមសុណ្ណះគឺការចាកចេញដោយស្ងប់ស្ងាត់ និងដោយក្តីគោរព ព្រមទាំងមិនបង្កការឈឺចាប់ដល់អ្នកដទៃ។
មនុស្សមួយចំនួនគិតស្មានថាច្បាប់តម្រូវឱ្យងូតទឹកសម្រាប់អ្នកស្នាក់នៅមូហ្សទើលីហ្វះ
គ្មានភស្តុតាងណាដែលបញ្ជាក់ពីបទបញ្ញត្តិនេះទេ។
មនុស្សមួយចំនួនគិតស្មានថាគួរចុះពីយានជំនិះដើម្បីចូលទៅមូហ្សទើលីហ្វះដោយថ្មើរជើង
គ្មានភស្តុតាងណាដែលបញ្ជាក់ពីបទបញ្ញត្តិនេះទេ។
ការចុះនៅកន្លែងមួយដោយមិនបានប្រាកដថាវាស្ថិតនៅក្នុងព្រំដែននៃមូហ្សទើលីហ្វះ
ការមិនប្រញាប់ប្រញាល់ក្នុងការសឡាតនៅពេលដំបូងនៃការមកដល់មូហ្សទើលីហ្វះ
តាមសុណ្ណះត្រូវប្រញាប់ប្រញាល់ក្នុងការសឡាតភ្លាមៗនៅពេលមកដល់មូហ្សទើលីហ្វះ
ការរវល់ប្រមូលដុំគ្រូសភ្លាមៗនៅពេលចូលដល់មូហ្សទើលីហ្វះ និងការយកចិត្តទុកដាក់អំពីដុំគ្រួសដោយគិតស្មានថាវាជាបទបញ្ញត្តិ
គ្មានភស្តុតាងណាដែលបញ្ជាក់ពីរឿងនេះទេ។
ការពន្យារពេលសឡាតម៉ាហ្គ្រីប និងអ៊ីសារហូតដល់ផុតពេលវេលារបស់វា គឺពាក់កណ្តាលអាធ្រាត្រ
វ៉ាជីប(ចាំបាច់)គឺត្រូវសឡាតម៉ាហ្គ្រីប និងអ៊ីសាមុនពាក់កណ្តាលអាធ្រាត្រ ទោះបីជាមុនពេលមកដល់មូហ្សទើលីហ្វះក៏ដោយ។
ការរក្សាយប់នៅមូហ្សទើលីហ្វះ ដោយសឡាត ឬការគោរពសក្ការៈ ឬការកម្សាន្ត និងការលេងសើច
តាមសុណ្ណះគឺការប្រញាប់ប្រញាល់ក្នុងការគេង និងការសម្រាក តាមគំរូព្យាការីមូហាំម៉ាត់ﷺ ដើម្បីទទួលបានកម្លាំងសម្រាប់បំពេញការតាព្វកិច្ចនៅថ្ងៃបុណ្យរ៉យ៉ាហាជ្ជី។
ការចាកចេញរបស់អ្នកទន់ខ្សោយ និងអ្នកអមដំណើរមុនពាក់កណ្តាលអាធ្រាត្រ
វ៉ាជិប(ចាំបាច់)គឺពួកគេមិនត្រូវចាកចេញរហូតក្រោយពាក់កណ្តាលអាធ្រាត្រ។
ការចាកចេញរបស់អ្នកដែលមិនមែនជាអ្នកទន់ខ្សោយ និងមិនមានអ្នកទន់ខ្សោយនៅជាមួយមុនពេលថ្ងៃរះ
វ៉ាជីប(ចាំបាច់)លើពួកគេគឺត្រូវស្នាក់នៅមូហ្សទើលីហ្វះ រហូតដល់ថ្ងៃរះ។
ការយឺតយ៉ាវក្នុងការចាកចេញពីមូហ្សទើលីហ្វះ រហូតដល់ព្រះអាទិត្យរះ
តាមសុណ្ណះគឺត្រូវការចាកចេញពីទីនោះមុនពេលព្រះអាទិត្យរះ។
***
ទី៤. ការប្រព្រឹត្តខុសនិងកំហុសរបស់មនុស្សក្នុងការអនុវត្តទង្វើនៅថ្ងៃណះរ៍(ថ្ងៃសំឡេះសត្វ)
មនុស្សខ្លះគិតស្មានថាច្បាប់តម្រូវឱ្យងូតទឹកមុនពេលគប់គោល។
គ្មានភស្តុតាងបញ្ជាក់លើការកំណត់បែបនេះឡើយ។
ការលាងគ្រាប់ក្រួសមុនពេលគប់។
គ្មានភស្តុតាងបញ្ជាក់លើការកំណត់បែបនេះឡើយ។
ការជឿថាការគប់គោលមិនត្រឹមត្រូវទេលុះត្រាតែគ្រាប់ក្រួសនោះប្រមូលពីមូហ្សទើលីហ្វះ។
គ្មានភស្តុតាងបញ្ជាក់លើរឿងនេះទេ គាត់អាចរើសគ្រាប់ក្រួសពីកន្លែងណាក៏បាន។
ការគប់គោលដោយមិនប្រើគ្រាប់ក្រួស ឬការប្រើក្រួសធំពេក។
បែបនេះគឺផ្ទុយពីការអនុវត្តរបស់ព្យាការី ﷺ។
ក្រោតខឹងពេលគប់គោល និងជឿថាគោលគឺជាស៊ៃតន។
ការប្រមូលផ្តុំ និងភ្ជាប់គ្នាជាក្រុមពេលទៅគប់គោល និងបង្កការរំខានដល់អ្នកដទៃ។
ការបន្ថែមពាក្យលើការស៊ីកៀតពេលគប់គោល។
ដែលល្អប្រសើរគឺសូត្រតែតឹកពៀរប៉ុណ្ណោះ។
ការគប់គ្រាប់ក្រួសទាំង៧ក្នុងពេលតែមួយ។
ក្នុងករណីនេះគេចាត់ទុកថាបានតែគ្រាប់ក្រួសមួយប៉ុណ្ណោះ ដូច្នេះវ៉ាជិប(ចាំបាច់)គឺត្រូវគប់គ្រាប់ក្រួសម្តងមួយៗ។
ការដាក់គ្រាប់ក្រួសចូលក្នុងប្រឡោះជុំវិញគោលដោយមិនគប់វា។
នេះមិនត្រឹមត្រូវទេ ច្បាប់តម្រូវឱ្យគប់វាទៅមុខ។
ការផ្តោតលើជញ្ជាំងសំណង់ពេលគប់ និងការយល់ថាគោលដៅគឺគ្រឹះនៃសំណង់។
ដែលត្រឹមត្រូវតាមច្បាប់គឺត្រូវធ្វើយ៉ាងណាឱ្យក្រួសធ្លាក់ក្នុងប្រឡោះជុំវិញគោល ទោះបីវាមិនប៉ះនឹងសំណង់ក៏ដោយ។
ការគប់ពីចម្ងាយឆ្ងាយ និងមិនប្រាកដថាក្រួសធ្លាក់ក្នុងប្រឡោះជុំវិញគោល។
ការឈរសុំទូអាបន្ទាប់ពីគប់គ្រាប់ក្រួសនៅជំរ៉តុលអាក៏ហ្ពះ។
នេះមិនត្រឹមត្រូវទេ ព្រោះគ្មានភស្តុតាងបញ្ជាក់លើការអនុវត្តបែបនេះ។
ការសំឡេះសត្វចំពោះអ្នកធ្វើហាជ្ជីតាម៉ាត់ទួក និង គីរ៉ន មុនថ្ងៃណះរ៍។
អ្នកណាដែលធ្វើបែបនេះមិនត្រឹមត្រូវទេ ហើយចាំបាច់ត្រូវធ្វើម្តងទៀតក្នុងពេលវេលាកំណត់ដោយច្បាប់ គឺថ្ងៃបុណ្យរ៉យ៉ាហាជ្ជីរហូតដល់ចុងថ្ងៃតាស្រ្ហិក។
ចង់បោះបង់ការសំឡេះដើម្បីបរិច្ចាគលុយជំនួសវិញ។
អ្នកណាធ្វើបែបនេះមិនត្រឹមត្រូវទេ ហើយចាំបាច់ត្រូវតែសំឡេះសត្វ។
ការកោរក្បាល ឬកាត់សក់តែផ្នែកខ្លះនៃក្បាល។
តាមសុណ្ណះគឺត្រូវកោរសក់ ឬកាត់សក់ពេញក្បាល។
ការគិតថាតវ៉ាហ្វគូទូម (ការដើរជុំវិញកាក់ហ្ពះក្នុងពេលមកដល់) អាចជំនួសតាវ៉ាហ្វអីហ្វាហ្ទោះ ឬធ្វើវាមុនពេលស្ថិតនៅអារ៉ហ្វះនិងមូហ្សទើលីហ្វះ។
អ្នកណាដែលធ្វើបែបនេះមិនត្រឹមត្រូវទេ ព្រោះតវ៉ាហ្វអីហ្វាហ្ទោះគឺជាសសរស្តម្ភ(គ្រឹះ)មួយនៃហាជ្ជី ហាជ្ជីមិនត្រឹមត្រូវទេបើគ្មានវា ហើយមិនអាចធ្វើវាមុនពេលស្ថិតនៅអារ៉ហ្វះ និងមូហ្សទើលីហ្វះបានទេ។
***
ទី៤. ការប្រព្រឹត្តខុសនិងកំហុសរបស់អ្នកធ្វើហាជ្ជីអំឡុងថ្ងៃមីណា(អៃយ៉ាមុល តាស្រ្ហិក)។
ការធ្វេសប្រហែសក្នុងការផ្តល់ឱ្យអ្នកតំណាង និងការផ្ទេរសិទ្ធិក្នុងការគប់គោល
ដែលត្រឹមត្រូវអ្នកធ្វើហាជ្ជីគួរតែគប់គោលដោយខ្លួនឯង លើកលែងតែមានមូលហេតុស្របច្បាប់ដែលអនុញ្ញាតឱ្យគាត់ចាត់តាំងអ្នកតំណាង។
ការចាកចេញរបស់អ្នកដែលបានចាត់តាំងអ្នកដទៃឱ្យគប់ជំនួសខ្លួន មុនពេលបញ្ចប់ការធ្វើហាជ្ជី
នេះមិនត្រឹមត្រូវទេ។ គាត់ត្រូវស្នាក់នៅមីណា ឬកន្លែងដែលគាត់កំពុងនៅ រហូតដល់ការធ្វើហាជ្ជីចប់ បន្ទាប់មកតវ៉ាហ្វវីហ្ទើក ទើបអាចចាកចេញបាន។
ការគប់គោលនៅថ្ងៃតាស្រ្ហិក មុនពេលព្រះអាទិត្យជ្រេ
តាមសុណ្ណះ ត្រូវគប់គោលបន្ទាប់ពីព្រះអាទិត្យជ្រេ។
ការមិនគប់តាមលំដាប់នៃហ្ជាម៉ារ៉ត(គោល)ទាំងបី
ការគប៊តាមលំដាប់គឺវ៉ាជិប(ចាំបាច់) ដោយគប់ហ្ជាម៉ារ៉តទីមួយជាមុន បន្ទាប់មកហ្ជាម៉ារ៉តកណ្ដាល ហើយបន្ទាប់មកហ្ជាម៉ារ៉តធំ ដែលជាហ្ជាម៉ារ៉តអាល់អាក៏ហ្ពះ។ អ្នកណាដែលធ្វើច្រាស់ ឬខុសពីលំដាប់នេះ ត្រូវធ្វើម្តងទៀតតាមលំដាប់ដោយចាប់ផ្តើមពីហ្ជាម៉ារ៉តតូចមុន ហើយបន្ទាប់មកគប់នៅហ្ជាម៉ារ៉តបន្ទាប់។
ការឈរសុំទូអាបន្ទាប់ពីគប់គោលចុងក្រោយ(ជាហ្ជាម៉ារ៉តអាល់អាក៏ហ្ពះ)
តាមសុណ្ណះ ត្រូវសុំទូអាបន្ទាប់ពីគប់គោលទីមួយ និងគោលកណ្ដាលប៉ុណ្ណោះ។
***
ទី៦. ការប្រព្រឹត្តខុសនិងកំហុសរបស់មនុស្សក្នុងពេលតវ៉ាហ្វវីហ្ទើក
ការតវ៉ាហ្វវីហ្ទើកមុនការគប់គោលថ្ងៃចុងក្រោយ: នេះជាកំហុស ដើម្បីចេញដំណើរភ្លាមៗបន្ទាប់ពីគប់គោលរួច។
នេះគឺមិនត្រឹមត្រូវទេ។ អ្នកដែលធ្វើដូច្នេះគឺពិតជាបានធ្វើវាខុសពេលកំណត់របស់វា ដូច្នេះវាមិនត្រឹមត្រូវទេ ហើយគាត់ត្រូវតែធ្វើឡើងវិញបន្ទាប់ពីការគប់គោល។
ការចាត់តាំងអ្នកផ្សេងឱ្យគប់គោលជំនួស ហើយតវ៉ាហ្វមុនពេលអ្នកតំណាងគប់គោល។
អ្វីដែលត្រឹមត្រូវគឺរង់ចាំរហូតដល់ការគប់គោលរួចរាល់ រួចចាំតវ៉ាហ្វវីហ្ទើក។
ការមិនបែរខ្នងទៅកាន់កាក់ហ្ពះ ដោយចាកចេញដោយថយក្រោយដើម្បីបង្ហាញការគោរពចំពោះកាក់ហ្ពះ។
គ្មានភស្តុតាងបញ្ជាក់ឱ្យធ្វើបែបនេះទេ ហើយការចង្អុលបង្ហាញដ៏ល្អបំផុតគឺការចង្អុលបង្ហាញរបស់ណាពីមូហាំម៉ាត់ ﷺ
ការឈរសុំទូអានៅពេលចាកចេញពីម៉ាស្ជិតអាល់ហារ៉ម។
គ្មានភស្តុតាងបញ្ជាក់លើការអនុវត្តបែបនេះទេ។
ការស្នាក់នៅយូរបន្ទាប់ពីតវ៉ាហ្វវីហ្ទើកនៅក្នុងម៉ាក្កះដោយគ្មានហេតុផលស្របច្បាប់។
វ៉ាជិប(ចាំបាច់)គឺត្រូវចាកចេញពីម៉ាក្កះភ្លាមៗបន្ទាប់ពីតវ៉ាហ្វវីហ្ទើក។មិនមានបញ្ហាឡើយក្នុងការរង់ចាំក្រុមដំណើរ ឬទិញសម្ភារៈធ្វើដំណើរ និងសកម្មភាពស្រដៀងគ្នានេះ។
ប្រសិនបើអ្នកស្នាក់នៅយូរដោយគ្មានហេតុផល អ្នកត្រូវតវ៉ាហ្វវីហ្ទើកម្តងទៀត។
ការប្រព្រិត្តខុស និងកំហុសទាក់ទងនឹងការទស្សនកិច្ចម៉ាស្ជិតណាហ្ពាវី
ការប៉ះជញ្ជាំង និងរបាំងដែកនៅពេលទស្សនកិច្ចផ្នូររបស់ព្យាការី ﷺ និងការចងខ្សែនៅលើបង្អួចជាការគោរពសក្ការៈដើម្បីទទួលព័រជ័យ។
ពរជ័យគឺនៅក្នុងអ្វីដែលអល់ឡោះនិងអ្នកនាំសាររបស់ទ្រង់ ﷺ បានកំណត់ មិនមែននៅក្នុងប្រការបង្កើតថ្មីៗនោះទេ។
ការទៅល្អាងនៅភ្នំអ៊ូហ៊ូត ដូចជាល្អាងហ៊ីរ៉ក់ និងល្អាងសួរនៅម៉ាក្កះ ការចងក្រណាត់នៅទីនោះ និងការទូអាដោយពាក្យទូអាដែលអល់ឡោះមិនបានអនុញ្ញាត និងការទទួលយកការលំបាកក្នុងដំណើរការនេះ។
ទាំងអស់នេះគឺជាការបង្កើតថ្មីដែលគ្មានមូលដ្ឋាននៅក្នុងច្បាប់ដែលបានបញ្ជាក់ច្បាស់ឡើយ។
ទស្សនកិច្ចកន្លែងមួយចំនួនដែលពួកគេអះអាងថាជាស្លាក់ស្នាមរបស់ព្យាការី ﷺ ដូចជាកន្លែងជង្គង់អូដ្ឋ និងអណ្តូងចិញ្ចៀន ឬអណ្តូងអ៊ូស្មាន និងការយកដីពីកន្លែងទាំងនេះសម្រាប់ពរជ័យ។
ការទូអាសុំពីអ្នកស្លាប់នៅពេលទស្សនកិច្ចផ្នូរហ្ពាគៀក និងផ្នូរអ្នកស្លាប់ក្នុងសមរភូមិអ៊ូហ៊ូត និងការគប់ប្រាក់នៅទីនោះដើម្បីខិតទៅជិតពួកគេនិងដើម្បីទទួលបានពរជ័យពីពួកគេ។
ហើយនេះគឺជាកំហុសដ៏ធ្ងន់ធ្ងរមួយ ហើយវាជាទង្វើស៊ីរីកដ៏ធំបំផុត ដូចដែលត្រូវបានលើកឡើងដោយអ្នកមានចំណេះដឹង ហើយដូចដែលមានបញ្ជាក់នៅក្នុងគម្ពីរអាល់គួរអាន និងស៊ុណ្ណះរបស់ព្យាការីរបស់អល់ឡោះជាម្ចាស់ ﷺ ពីព្រោះការធ្វើអ៊ីហ្ពាទាត់គឺសម្រាប់តែអល់ឡោះតែមួយគត់ ហើយមិនអនុញ្ញាតឱ្យបង្វែរការគោរពសក្ការៈណាមួយទៅកាន់អ្នកដទៃឡើយ ដូចជាការទូអា សំឡេះ សច្ចា និងអ្វីៗផ្សេងទៀតដែលស្រដៀងគ្នានេះ ដោយសារតែអល់ឡោះទ្រង់មានបន្ទូលថា៖ (وَمَا أُمِرُوا إِلَّا لِيَعْبُدُوا اللَّهَ مُخْلِصِينَ لَهُ الدِّينَ)(ហើយពួកគេមិនត្រូវបានបញ្ជាឱ្យធ្វើអ្វីផ្សេងក្រៅពីការគោរពសក្ការៈចំពោះអល់ឡោះដោយភាពចិត្តស្មោះសក្នុងសាសនារបស់ទ្រង់) [អាល់-ពៃយីណះ៖ ៥]
وصلى الله وسلم على نبينا محمد.