Skip to content
839 ហាទីស

សព្វវចនាធិប្បាយហាទីសរបស់ព្យាការី

ត្រងលទ្ធផល

20 នៃ 839 កាត

លុបតម្រង
មានបុរសម្នាក់មកពីតំបន់ណាច់ទីបានមកជួបរ៉ស៊ូលុលឡោះ ﷺ ដោយសក់កន្ទ្រើង។ ពួកយើងបានឮសំឡេងដ៏ខ្លាំងរបស់គាត់ ប៉ុន្ដែពួកយើងមិនយល់ពីអ្វីដែលគាត់និយាយឡើយ រហូតទាល់តែបុរសនោះទៅជិតរ៉ស៊ូលុលឡោះ ﷺ ។ ខណៈនោះ បុរសនោះបានសួរអំពីអ៊ីស្លាម។ ពេលនោះ រ៉ស៊ូលុលឡោះ ﷺ លោកបានឆ្លើយថា៖ “គឺត្រូវសឡាតប្រាំដងក្នុងមួយថ្ងៃមួយយប់”។ បុរសនោះសួរថា៖ តើខ្ញុំមានកាតព្វកិច្ចត្រូវសឡាតអ្វីផេ្សងក្រៅពីនោះដែរឬទេ? លោកបានឆ្លើយថា៖ “ទេ លើកលែងតែអ្នកធ្វើដោយស្ម័គ្រចិត្ដ។ ហើយត្រូវបួសខែរ៉ម៉ាហ្ទន”។ បុរសនោះបានសួរថា៖ តើខ្ញុំមានកាតព្វកិច្ចត្រូវបួសអ្វីផេ្សងក្រៅពីនោះដែរឬទេ? លោកបានឆ្លើយថា៖ “ទេ លើកលែងតែអ្នកធ្វើដោយស្ម័គ្រចិត្ដ”។ ហើយរ៉ស៊ូលុលឡោះ ﷺ បានរំលឹកអំពីការបរិច្ចាគហ្សាកាត់ប្រាប់ដល់បុរសនោះ រួចបុរសនោះបានសួរថា៖ តើខ្ញុំមានកាតព្វកិច្ចត្រូវបរិច្ចាគអ្វីផេ្សងក្រៅពីនោះដែរឬទេ? លោកបានឆ្លើយថា៖ “ទេ លើកលែងតែអ្នកធ្វើដោយស្ម័គ្រចិត្ដប៉ុណ្ណោះ”។ គាត់(តល់ហះ) បាននិយាយថា៖ ពេលនោះ បុរសនោះក៏បានបែរខ្នងត្រឡប់ទៅវិញ ហើយនិយាយ៖ ថាខ្ញុំនឹងមិនបន្ថែមអ្វីលើសពីនេះឡើយ ហើយក៏មិនកាត់បន្ថយអំពីវានោះដែរ។ ខណៈនោះ រ៉ស៊ូលុលឡោះ ﷺ លោកបានមានប្រសាសន៍ថា៖ “គាត់នឹងទទួលបានជោគជ័យ ប្រសិនបើគាត់និយាយពិត”។
ហាទីស្ហសហេស រាយការណ៍ដោយ អាល់ពូខរី និងមូស្លីម
ពិតណាស់ មានមនុស្សមួយក្រុមក្នុងចំណោមពួកដែលធ្វើស្ហ៊ីរិកពួកគេធ្លាប់បានសម្លាប់មនុស្សយ៉ាងច្រើន និងធ្លាប់បានប្រព្រឹត្តអំពើហ្ស៊ីណាយ៉ាងច្រើន។ ពួកគេបានទៅជួបនឹងណាពីមូហាំម៉ាត់ ﷺ ហើយបាននិយាយថា៖ ពិតប្រាកដណាស់ អ្វីដែលអ្នកនិយាយ និងអ្វីដែលអ្នកកំពុងតែអំពាវនាវទៅកាន់វា គឺពិតជាល្អណាស់។ ប្រសិនបើអ្នកអាចប្រាប់ពួកយើងបានថា តើមានអ្វីដែលអាចលុបលាងទោសចំពោះអ្វីដែលយើងបានធ្វើដែរឬទេ។ ពេលនោះ អល់ឡោះជាម្ចាស់បានបញ្ចុះអាយ៉ាត់៖ ﴿وَالَّذِينَ لَا يَدْعُونَ مَعَ اللَّهِ إِلَٰهًا آخَرَ وَلَا يَقْتُلُونَ النَّفْسَ الَّتِي حَرَّمَ اللَّهُ إِلَّا بِالْحَقِّ وَلَا يَزْنُونَ﴾ [سورة الفرقان(68)] (ហើយនិងបណ្ដាអ្នកដែលមិនបួងសួងសុំម្ចាស់ផេ្សងរួមជាមួយនឹងអល់ឡោះ ហើយពួកគេមិនសម្លាប់ជីវិតដែលអល់ឡោះបានហាមឃាត់ឡើយ លើកលែងតែមានមូលហេតុត្រឹមត្រូវ(តាមច្បាប់ សាសនាអ៊ីស្លាម)ប៉ុណ្ណោះ។ ហើយពួកគេក៏មិនធ្វើហ្ស៊ីណាដែរ) និងបានបញ្ចុះអាយ៉ាត់៖ ﴿قُلْ يَا عِبَادِيَ الَّذِينَ أَسْرَفُوا عَلَىٰ أَنْفُسِهِمْ لَا تَقْنَطُوا مِنْ رَحْمَةِ اللَّهِ ﴾ [سورة الزمر(53)] (ចូរអ្នកពោលថា៖ ឱខ្ញុំទាំងឡាយរបស់យើងដែលបានបំពានលើខ្លួនឯង! ចូរពួកអ្នកកុំអស់សង្ឃឹមចំពោះក្ដីមេត្ដាករុណារបស់អល់ឡោះឱ្យសោះ។)
ហាទីស្ហសហេស រាយការណ៍ដោយ អាល់ពូខរី និងមូស្លីម
រ៉ស៊ូលុលឡោះ ﷺ លោកបានសឡាតស៊ូពុសធ្វើជាអ៊ីម៉ាំពួកយើងនៅឯហ៊ូទៃពីយ៉ះបន្ទាប់ពីភ្លៀងធ្លាក់នៅពេលយប់។ នៅពេលសឡាតចប់ លោកបានបែរមកកាន់មនុស្ស ហើយបានមានប្រសាសន៍ថា៖ “តើពួកអ្នកដឹងឬទេថា ម្ចាស់របស់ពួកអ្នកបានមានបន្ទូលអ្វីខ្លះ”? ពួកគេបានឆ្លើយថា៖ អល់ឡោះ និងអ្នកនាំសាររបស់ទ្រង់ដឹងបំផុត។ “គឺទ្រង់បានមានបន្ទូលថា៖ នៅពេលព្រឹកឈានមកដល់ មានខ្ញុំបម្រើរបស់យើងមួយចំនួនមានជំនឿចំពោះយើង និងមួយចំនួនទៀតគ្មានជំនឿ។ ចំពោះអ្នកដែលនិយាយថា៖ ពួកយើងត្រូវគេបញ្ចុះទឹកភ្លៀងដោយក្ដីសប្បុរសរបស់អល់ឡោះ និងក្តីមេត្ដាករុណារបស់ទ្រង់នោះ គឺជាអ្នកមានជំនឿមកចំពោះយើង ហើយគ្មានជំនឿចំពោះផ្កាយនានា។ ចំណែកឯអ្នកដែលនិយាយថា៖ ពួកយើងត្រូវគេបញ្ចុះទឹកភ្លៀងដោយសារផ្កាយនេះ ផ្កាយនោះ គឺជាអ្នកគ្មានជំនឿចំពោះយើង ហើយមានជំនឿចំពោះផ្កាយ”។
ហាទីស្ហសហេស រាយការណ៍ដោយ អាល់ពូខរី និងមូស្លីម
មានបុរសម្នាក់បានសួរថា៖ ឱរ៉ស៊ូលុលឡោះ! តើគេយកទោសពៃរ៍ពួកយើងចំពោះអ្វីដែលពួកយើងបានធ្វើក្នុងសម័យកាលអវិជ្ជា(មុនចូលឥស្លាម)ដែរឬទេ? លោកបានឆ្លើយថា៖ “ជនណាធ្វើល្អក្នុងឥស្លាម គឺគេមិនយកទោសពៃរ៍ចំពោះអ្វីដែលរូបគេបានធ្វើក្នុងសម័យកាលអវិជ្ជា(មុនចូលឥស្លាម)ឡើយ។ តែជនណាដែលធ្វើអាក្រក់ក្នុងឥស្លាម គឺគេនឹងយកទោសពៃរ៍ទាំងមុន ទាំងក្រោយ”។
ហាទីស្ហសហេស រាយការណ៍ដោយ អាល់ពូខរី និងមូស្លីម
“គេស្ថាបនាអ៊ីស្លាមលើមូលដ្ឋានគ្រឹះប្រាំគឺ៖ ធ្វើសាក្សីថា គ្មានទេម្ចាស់ដែលត្រូវគេគោរពសក្ការៈដ៏ពិតប្រាកដ លើកលែងតែអល់ឡោះ ហើយមូហាំម៉ាត់ គឺជាអ្នកនាំសាររបស់អល់ឡោះ ប្រតិបត្ដិសឡាត បរិច្ចាគហ្សាកាត់ ធ្វើធម្មយាត្រាហាជ្ជី និងបួសខែរ៉ម៉ាហ្ទន”។
ហាទីស្ហសហេស រាយការណ៍ដោយ អាល់ពូខរី និងមូស្លីម
“គេបានដាក់បទបញ្ជាចំពោះខ្ញុំឱ្យប្រយុទ្ធប្រឆាំងនឹងមនុស្ស រហូតដល់ពួកគេធ្វើសាក្សីថា គ្មានទេម្ចាស់ដែលត្រូវគេគោរពសក្ការៈដ៏ពិតប្រាកដក្រៅពីអល់ឡោះ ហើយមូហាំម៉ាត់ គឺជាអ្នកនាំសាររបស់អល់ឡោះ ព្រមទាំងប្រតិបត្តិសឡាត និងបរិច្ចាគហ្សាកាត់។ ប្រសិនបើពួកគេធ្វើដូច្នោះ ពួកគេត្រូវបានការពារអំពីខ្ញុំនូវអាយុជីវិត និងទ្រព្យសម្បត្តិរបស់ពួកគេ លើកលែងតែអ្វីដែលជាសិទ្ធិរបស់អ៊ីស្លាម ហើយការជំនុំជម្រះពួកគេ គឺស្ថិតលើអល់ឡោះជាម្ចាស់”។
ហាទីស្ហសហេស រាយការណ៍ដោយ អាល់ពូខរី និងមូស្លីម
ពិតណាស់ គាត់បានសួរទៅកាន់រ៉ស៊ូលុលឡោះ ﷺ ថា៖ តើលោកយល់យ៉ាងណាដែរប្រសិនបើខ្ញុំបានជួបនឹងបុរសគ្មានជំនឿ(កាហ្វៀរ)ម្នាក់ រួចពួកយើងបានប្រយុទ្ធគ្នា។ ពេលនោះ គេបានកាប់ដាច់ដៃរបស់ខ្ញុំម្ខាងដោយផ្លែដាវ។ បន្ទាប់មក គេគេចពីខ្ញុំទៅពួននឹងដើមឈើ ហើយនិយាយថា៖ ខ្ញុំសូមប្រគល់ខ្លួនទៅចំពោះអល់ឡោះ(ជាជនមូស្លីម)ហើយ។ ឱរ៉ស៊ូលុលឡោះ! តើខ្ញុំត្រូវសម្លាប់ជននោះដែរឬទេ បន្ទាប់ពីគេបានពោលដូច្នោះហើយនោះ? លោកបានឆ្លើយថា៖ “ចូរអ្នកកុំសម្លាប់គេ”។ គាត់បានសួរទៀតថា៖ ឱរ៉ស៊ូលុលឡោះ! គេបានកាត់ដៃម្ខាងរបស់ខ្ញុំ បន្ទាប់មក ទើបគេពោលបែបនេះក្រោយពីគេបានកាត់ដៃខ្ញុំហើយនោះ? រ៉ស៊ូលុលឡោះ ﷺ បានមានប្រសាសន៍ថា៖ “ចូរអ្នកកុំសម្លាប់គេ។ ប្រសិនបើអ្នកសម្លាប់គេ គេនឹងមានឋានៈដូចអ្នកមុនពេលដែលអ្នកបានសម្លាប់គេ ហើយអ្នកនឹងមានឋានៈដូចគេមុនពេលគេពោលពាក្យនោះ”។
ហាទីស្ហសហេស រាយការណ៍ដោយ អាល់ពូខរី និងមូស្លីម
“បុគ្គលណាម្នាក់ដែលហៅបងប្អូនរបស់ខ្លួនថា៖ នែអ្នកគ្មានជំនឿ(កាហ្វៀរ)! ពាក្យនេះនឹងត្រឡប់ទៅរកម្នាក់ក្នុងចំណោមពួកគេទាំងពីរ។ ប្រសិនបើវាពិតដូចដែលគេហៅ (នោះវានឹងធ្លាក់ទៅលើអ្នកដែលរូបគេហៅ)។ តែប្រសិនបើវាមិនពិតទេនោះ វានឹងត្រឡប់ទៅរកអ្នកដែលហៅនោះវិញ”។
ហាទីស្ហសហេស រាយការណ៍ដោយ អាល់ពូខរី និងមូស្លីម