Skip to content
839 ហាទីស

សព្វវចនាធិប្បាយហាទីសរបស់ព្យាការី

ត្រងលទ្ធផល

25 នៃ 839 កាត

លុបតម្រង
“(នៅថ្ងៃបរលោក)ម្នាក់ៗនៃពួកអ្នកនឹងត្រូវអល់ឡោះជាម្ចាស់ទ្រង់មានបន្ទូលផ្ទាល់ជាមួយដោយគ្មានអ្នកបកប្រែឡើយ។ ពេលនោះ គេមើលទៅខាងស្ដាំគ្មានឃើញអ្វីក្រៅពីទង្វើដែលខ្លួនបានសាងឡើយ ហើយមើលទៅខាងឆេ្វងក៏គ្មានឃើញអ្វីក្រៅពីទង្វើដែលខ្លួនបានសាងដែរ ហើយគេមើលទៅខាងមុខ គ្មានឃើញអ្វីក្រៅពីឋាននរកនៅចំពីមុខខ្លួនឡើយ។ ហេតុនេះ ចូរអ្នកការពារខ្លួនពីឋាននរក ទោះបីតាមរយៈផ្លែល្មើមួយចំណិតក៏ដោយ”។
ហាទីស្ហសហេស រាយការណ៍ដោយ អាល់ពូខរី និងមូស្លីម
“អ្នកដែលមានក្តីមេត្តាទាំងឡាយនឹងត្រូវបានម្ចាស់ដ៏មហាសប្បុរសមានក្តីមេត្តាចំពោះពួកគេ។ ចូរពួកអ្នកមានក្តីមេត្តាចំពោះអ្នកដែលនៅលើផែនដី នោះអ្នកដែលនៅលើមេឃនឹងមានក្តីមេត្តាចំពោះពួកអ្នកវិញ”។
ហាទីស្ហសហេស រាយការណ៍ដោយ អាពូហ្ទាវូទ អាត់តៀរមីហ្ស៊ី និងអះម៉ាត់
រ៉ស៊ូលុលឡោះ ﷺ លោកបានមានប្រសាសន៍ទៅកាន់អាល់អាសាច់ អាសាច់ អាប់ទុលក័យស៍ ថា៖ “ពិតប្រាកដណាស់ នៅក្នុងខ្លួនរបស់អ្នកមានលក្ខណៈពីរយ៉ាងដែលអល់ឡោះស្រលាញ់ គឺការចេះត្រិះរិះ និងភាពខ្ជាប់ខ្ជួន”។
ហាទីស្ហសហេស រាយការណ៍ដោយ មូស្លីម
“ពិតប្រាកដណាស់ អល់ឡោះជាម្ចាស់ទ្រង់បានមានបន្ទូលថា៖ បុគ្គលណាយកអ្នកមានជំនឿ និងកោតខ្លាចយើង(វ៉ើលីអល់ឡោះ)ធ្វើជាសត្រូវ យើងនឹងប្រកាសសង្គ្រាមជាមួយជននោះ។ ខ្ញុំបម្រើរបស់យើងមិនបានធ្វើអ្វីមួយដើម្បីឲ្យខ្លួនគេកាន់តែខិតជិតមកចំពោះយើង និងធ្វើឲ្យយើងពេញចិត្ត ជាង(ការអនុវត្ត)អ្វីដែលយើងបានដាក់ជាកាតព្វកិច្ចទៅចំពោះគេឡើយ។ ហើយខ្ញុំបម្រើរបស់យើងនៅតែធ្វើទង្វើល្អដោយស្ម័គ្រចិត្ត(ប្រការស៊ូណិត)មកចំពោះយើងជានិច្ច រហូតដល់យើងពេញចិត្តចំពោះគេ។ កាលណាយើងពេញចិត្តចំពោះគេហើយ យើងនឹងថែរក្សាគេមិនឲ្យស្តាប់ឮ មិនឲ្យមើលឃើញ មិនឲ្យប៉ះពាល់អ្វីដែលច្បាប់មិនអនុញ្ញាត និងមិនឲ្យគេដើរទៅកន្លែងណាដែលច្បាប់មិនអនុញ្ញាត‏នោះឡើយ។ ប្រសិនបើគេសុំអ្វីមួយពីយើង យើងប្រាកដជានឹងផ្តល់ឲ្យគេ។ ហើយប្រសិនបើគេសុំឲ្យយើងបញ្ចៀសអ្វីមួយពីគេ យើងប្រាកដជានឹងបញ្ចៀសប្រការនោះពីគេជាមិនខាន”។
ហាទីស្ហសហេស រាយការណ៍ដោយ អាល់ពូខរី
“ពិតប្រាកដណាស់ អល់ឡោះមិនផ្ទំឡើយ ហើយក៏គ្មានការចាំបាច់ដែលទ្រង់ត្រូវផ្ទំនោះដែរ។ ទ្រង់ទម្លាក់ជញ្ជីងចុះ និងលើកវាឡើង។ គេ(ម៉ាឡាអ៊ីកាត់)លើកយកទង្វើ(របស់ខ្ញុំបម្រើទ្រង់)ដែលបានសាងនៅពេលយប់ទៅកាន់ទ្រង់ មុននឹងទង្វើដែលបានសាងនៅពេលថ្ងៃ។ ហើយគេលើកយកទង្វើ(របស់ពួកគេ)ដែលបានសាងនៅពេលថ្ងៃទៅកាន់ទ្រង់ មុននឹងទង្វើដែលបានសាងនៅពេលយប់។ របាំងរបស់ទ្រង់ គឺពន្លឺ។ (នៅក្នុងសេចក្តីរាយការណ៍ផ្សេងទៀត៖ គឺភ្លើង)។ ប្រសិនបើទ្រង់បើកវាចេញនោះ រស្មីដ៏ឧត្ដុង្គឧត្ដមនៃព្រះភ័ក្ត្ររបស់ទ្រង់នឹងដុតបំផ្លាញអ្វីៗទាំងអស់ដែលព្រះនេត្ររបស់ទ្រង់អាចមើលឃើញនៃភាវៈទាំងឡាយរបស់ទ្រង់”។
ហាទីស្ហសហេស រាយការណ៍ដោយ មូស្លីម
អំពីណាពី ﷺ តាមអ្វីដែលលោកបានរាយការណ៍ពីម្ចាស់របស់លោកថា៖ “ពិតប្រាកដណាស់ អល់ឡោះជាម្ចាស់ទ្រង់បានកត់ត្រាទង្វើល្អនិងទង្វើអាក្រក់។ ក្រោយមក ទ្រង់បញ្ជាក់ថា៖ បុគ្គលណាប៉ងប្រាថ្នាធ្វើទង្វើល្អមួយ តែគេមិនបានធ្វើវាទេនោះ អល់ឡោះជាម្ចាស់នឹងកត់ត្រាទុកនៅនឹងទ្រង់ឲ្យជននោះនូវទង្វើល្អមួយយ៉ាងពេញលេញ។ ប្រសិនបើគេប៉ងប្រាថ្នាធ្វើទង្វើល្អ រួចគេបានធ្វើវាមែន អល់ឡោះជាម្ចាស់នឹងកត់ត្រាទុកនៅនឹងទ្រង់ឲ្យជននោះនូវទង្វើល្អដប់ រហូតដល់ប្រាំពីររយ ឬលើសពីនេះទៀត។ ហើយជនណាដែលប៉ងប្រាថ្នាធ្វើទង្វើអាក្រក់មួយ តែគេមិនបានធ្វើវាទេនោះ អល់ឡោះជាម្ចាស់នឹងកត់ត្រាទុកនៅនឹងទ្រង់ឲ្យជននោះនូវទង្វើល្អមួយយ៉ាងពេញលេញ។ តែប្រសិនបើគេប៉ងប្រាថ្នាធ្វើទង្វើអាក្រក់មួយ រួចគេបានធ្វើវាមែន អល់ឡោះជាម្ចាស់នឹងកត់ត្រាឲ្យជននោះនូវទង្វើអាក្រក់តែមួយប៉ុណ្ណោះ”។
ហាទីស្ហសហេស រាយការណ៍ដោយ អាល់ពូខរី និងមូស្លីម
គេបាននាំឈ្លើយសឹកមកជួបនឹងណាពី ﷺ ហើយក្នុងចំណោមឈ្លើយសឹកទាំងនោះ មានស្ដ្រីម្នាក់បានដើរយ៉ាងលឿនស្វែងរកកូនដើម្បីបំបៅដោះ។ នៅពេលដែលនាងឃើញកូនរបស់នាងនៅក្នុងចំណោមឈ្លើយសឹក នាងបានស្ទុះទៅបីកូននោះដាក់ផ្អឹបដើមទ្រូង និងបំបៅកូនរបស់ខ្លួន។ ពេលនោះ ណាពី ﷺ លោកបានមានប្រសាសន៍មកកាន់ពួកយើងថា៖ “តើពួកអ្នកយល់ថា ស្ដ្រីម្នាក់នេះនឹងបោះកូនរបស់ខ្លួនទៅក្នុងភ្លើងដែរឬទេ”? ពួកយើងបានឆ្លើយថា៖ ទេ នាងមិនអាចបោះគេបានឡើយ។ លោកក៏បានមានប្រសាសន៍ថា៖ “អល់ឡោះជាម្ចាស់ពិតជាមានក្តីមេត្តាករុណាចំពោះខ្ញុំបម្រើទាំងឡាយរបស់ទ្រង់ជាងស្ដ្រីម្នាក់នេះមានក្តីមេត្តាករុណាចំពោះកូនរបស់នាងទៅទៀត”។
ហាទីស្ហសហេស រាយការណ៍ដោយ អាល់ពូខរី និងមូស្លីម
អំពីណាពី ﷺ តាមអ្វីដែលលោករាយការណ៍ពីអល់ឡោះជាម្ចាស់ ពិតប្រាកដណាស់ ទ្រង់បានមានបន្ទូលថា៖ “ឱខ្ញុំបម្រើរបស់យើងទាំងឡាយ! ពិតប្រាកដណាស់ យើងបានហាមឃាត់អំពើអយុត្តិធម៌ចំពោះខ្លួនយើង ហើយយើងក៏បានហាមឃាត់វារវាងពួកអ្នកផងដែរ។ ហេតុនេះ ចូរពួកអ្នកកុំប្រព្រឹត្តអយុត្តិធម៌ចំពោះគ្នាទៅវិញទៅមកឲ្យសោះ។ ឱខ្ញុំបម្រើរបស់យើងទាំងឡាយ! ពួកអ្នកសុទ្ធតែជាអ្នកវងេ្វង លើកលែងតែជនណាដែលយើងបានចង្អុលបង្ហាញដល់គេប៉ុណ្ណោះ។ ហេតុនេះ ចូរពួកអ្នកសុំការចង្អុលបង្ហាញពីយើង នោះយើងនឹងចង្អុលបង្ហាញដល់ពួកអ្នក។ ឱខ្ញុំបម្រើរបស់យើងទាំងឡាយ! ពួកអ្នកសុទ្ធតែជាអ្នកដែលស្រេកឃ្លាន លើកលែងតែជនដែលយើងបានផ្តល់អាហារដល់គេប៉ុណ្ណោះ។ ហេតុនេះ ចូរពួកអ្នកសុំអាហារទទួលទានពីយើង នោះយើងនឹងផ្តល់អាហារដល់ពួកអ្នក។ ឱខ្ញុំបម្រើរបស់យើងទាំងឡាយ! ពួកអ្នកសុទ្ធតែជាអ្នកដែលអាក្រាត លើកលែងតែជនណាដែលយើងបានផ្តល់សម្លៀកបំពាក់ដល់គេប៉ុណ្ណោះ។ ហេតុនេះ ចូរពួកអ្នកសុំសម្លៀកបំពាក់ពីយើង នោះយើងនឹងផ្តល់សម្លៀកបំពាក់ដល់ពួកអ្នក។ ឱខ្ញុំបម្រើរបស់យើងទាំងឡាយ! ជាការពិតណាស់ ពួកអ្នកបានប្រព្រឹត្តកំហុសឆ្គងទាំងយប់ទាំងថ្ងៃ ហើយយើងជាអ្នកអភ័យទោសចំពោះបាបកម្មទាំងអស់។ ហេតុនេះ ចូរពួកអ្នកសុំការអភ័យទោសពីយើង នោះយើងនឹងអភ័យទោសដល់ពួកអ្នក។ ឱខ្ញុំបម្រើរបស់យើងទាំងឡាយ! ពួកអ្នកពិតជាមិនអាចបង្កគ្រោះថ្នាក់អ្វីមួយដល់យើងបានឡើយ ហើយក៏មិនអាចផ្តល់ផលប្រយោជន៍អ្វីមួយដល់យើងនោះដែរ។ ឱខ្ញុំបម្រើរបស់យើងទាំងឡាយ! ប្រសិនបើទាំងអ្នកជំនាន់មុនពួកអ្នក ទាំងអ្នកជំនាន់ក្រោយពួកអ្នក ទាំងមនុស្ស ទាំងជិន(សុទ្ធតែគោរពប្រតិបត្តិមកចំពោះយើង)ប្រៀបដូចជាចិត្តមនុស្សល្អដែលបំផុតម្នាក់នៃពួកអ្នកក៏ដោយ ក៏វាមិនបានបន្ថែមអ្វីដល់អំណាចរបស់យើងបន្តិចនោះដែរ។ ឱខ្ញុំបម្រើរបស់យើងទាំងឡាយ! ប្រសិនបើទាំងអ្នកជំនាន់មុនពួកអ្នក ទាំងអ្នកជំនាន់ក្រោយពួកអ្នក ទាំងមនុស្ស ទាំងជិន(សុទ្ធតែប្រព្រឹត្តល្មើសមកចំពោះយើង)ប្រៀបដូចជាចិត្តមនុស្សដែលអាក្រក់បំផុតម្នាក់ក៏ដោយ ក៏វាមិនបានកាត់បន្ថយអំណាចរបស់យើងបន្តិចនោះដែរ។ ឱខ្ញុំបម្រើរបស់យើងទាំងឡាយ! ប្រសិនបើទាំងអ្នកជំនាន់មុនពួកអ្នក ទាំងអ្នកជំនាន់ក្រោយពួកអ្នក ទាំងមនុស្ស ទាំងជិនឈរនៅកន្លែងតែមួយ ហើយសុំអ្វីៗពីយើង(តាមបំណងរៀងៗខ្លួន) រួចយើងផ្តល់ឲ្យមនុស្សគ្រប់រូបនូវអ្វីដែលគេបានសុំក៏ដោយ ក៏វាមិនបានកាត់បន្ថយនូវអ្វីដែលយើងមានបន្តិចណានោះដែរ លើកលែងតែដូច(តំណក់ទឹកជាប់ម្ជុល)ពេលគេជ្រមុជវាទៅក្នុងទឹកសមុទ្រ(ហើយលើកវិញ)ប៉ុណ្ណោះ។ ឱខ្ញុំបម្រើរបស់យើងទាំងឡាយ! ពិតប្រាកដណាស់ គ្រប់ទង្វើរបស់ពួកអ្នក យើងនឹងកត់ត្រាទុកជូនពួកអ្នក។ បន្ទាប់មក យើងនឹងតបស្នងដល់ពួកអ្នកវិញ។ ដូចេ្នះ បុគ្គលណាទទួលបានផលល្អ ចូរឲ្យគេថ្លែងសរសើរចំពោះអល់ឡោះ។ ចំណែកឯបុគ្គលណាដែលទទួលបានផលផ្សេងពីនោះ ចូរកុំឲ្យគេបន្ទោសអ្នកណាក្រៅពីខ្លួនឯងឲ្យសោះ”។
ហាទីស្ហសហេស រាយការណ៍ដោយ មូស្លីម