Skip to content
839 ហាទីស

សព្វវចនាធិប្បាយហាទីសរបស់ព្យាការី

ត្រងលទ្ធផល

21 នៃ 839 កាត

លុបតម្រង
រ៉ស៊ូលុលឡោះ ﷺ លោកបានមានប្រសាសន៍ទៅកាន់អាល់អាសាច់ អាសាច់ អាប់ទុលក័យស៍ ថា៖ “ពិតប្រាកដណាស់ នៅក្នុងខ្លួនរបស់អ្នកមានលក្ខណៈពីរយ៉ាងដែលអល់ឡោះស្រលាញ់ គឺការចេះត្រិះរិះ និងភាពខ្ជាប់ខ្ជួន”។
ហាទីស្ហសហេស រាយការណ៍ដោយ មូស្លីម
“ពិតប្រាកដណាស់ អល់ឡោះមិនផ្ទំឡើយ ហើយក៏គ្មានការចាំបាច់ដែលទ្រង់ត្រូវផ្ទំនោះដែរ។ ទ្រង់ទម្លាក់ជញ្ជីងចុះ និងលើកវាឡើង។ គេ(ម៉ាឡាអ៊ីកាត់)លើកយកទង្វើ(របស់ខ្ញុំបម្រើទ្រង់)ដែលបានសាងនៅពេលយប់ទៅកាន់ទ្រង់ មុននឹងទង្វើដែលបានសាងនៅពេលថ្ងៃ។ ហើយគេលើកយកទង្វើ(របស់ពួកគេ)ដែលបានសាងនៅពេលថ្ងៃទៅកាន់ទ្រង់ មុននឹងទង្វើដែលបានសាងនៅពេលយប់។ របាំងរបស់ទ្រង់ គឺពន្លឺ។ (នៅក្នុងសេចក្តីរាយការណ៍ផ្សេងទៀត៖ គឺភ្លើង)។ ប្រសិនបើទ្រង់បើកវាចេញនោះ រស្មីដ៏ឧត្ដុង្គឧត្ដមនៃព្រះភ័ក្ត្ររបស់ទ្រង់នឹងដុតបំផ្លាញអ្វីៗទាំងអស់ដែលព្រះនេត្ររបស់ទ្រង់អាចមើលឃើញនៃភាវៈទាំងឡាយរបស់ទ្រង់”។
ហាទីស្ហសហេស រាយការណ៍ដោយ មូស្លីម
អំពីណាពី ﷺ តាមអ្វីដែលលោកបានរាយការណ៍ពីម្ចាស់របស់លោកថា៖ “ពិតប្រាកដណាស់ អល់ឡោះជាម្ចាស់ទ្រង់បានកត់ត្រាទង្វើល្អនិងទង្វើអាក្រក់។ ក្រោយមក ទ្រង់បញ្ជាក់ថា៖ បុគ្គលណាប៉ងប្រាថ្នាធ្វើទង្វើល្អមួយ តែគេមិនបានធ្វើវាទេនោះ អល់ឡោះជាម្ចាស់នឹងកត់ត្រាទុកនៅនឹងទ្រង់ឲ្យជននោះនូវទង្វើល្អមួយយ៉ាងពេញលេញ។ ប្រសិនបើគេប៉ងប្រាថ្នាធ្វើទង្វើល្អ រួចគេបានធ្វើវាមែន អល់ឡោះជាម្ចាស់នឹងកត់ត្រាទុកនៅនឹងទ្រង់ឲ្យជននោះនូវទង្វើល្អដប់ រហូតដល់ប្រាំពីររយ ឬលើសពីនេះទៀត។ ហើយជនណាដែលប៉ងប្រាថ្នាធ្វើទង្វើអាក្រក់មួយ តែគេមិនបានធ្វើវាទេនោះ អល់ឡោះជាម្ចាស់នឹងកត់ត្រាទុកនៅនឹងទ្រង់ឲ្យជននោះនូវទង្វើល្អមួយយ៉ាងពេញលេញ។ តែប្រសិនបើគេប៉ងប្រាថ្នាធ្វើទង្វើអាក្រក់មួយ រួចគេបានធ្វើវាមែន អល់ឡោះជាម្ចាស់នឹងកត់ត្រាឲ្យជននោះនូវទង្វើអាក្រក់តែមួយប៉ុណ្ណោះ”។
ហាទីស្ហសហេស រាយការណ៍ដោយ អាល់ពូខរី និងមូស្លីម
គេបាននាំឈ្លើយសឹកមកជួបនឹងណាពី ﷺ ហើយក្នុងចំណោមឈ្លើយសឹកទាំងនោះ មានស្ដ្រីម្នាក់បានដើរយ៉ាងលឿនស្វែងរកកូនដើម្បីបំបៅដោះ។ នៅពេលដែលនាងឃើញកូនរបស់នាងនៅក្នុងចំណោមឈ្លើយសឹក នាងបានស្ទុះទៅបីកូននោះដាក់ផ្អឹបដើមទ្រូង និងបំបៅកូនរបស់ខ្លួន។ ពេលនោះ ណាពី ﷺ លោកបានមានប្រសាសន៍មកកាន់ពួកយើងថា៖ “តើពួកអ្នកយល់ថា ស្ដ្រីម្នាក់នេះនឹងបោះកូនរបស់ខ្លួនទៅក្នុងភ្លើងដែរឬទេ”? ពួកយើងបានឆ្លើយថា៖ ទេ នាងមិនអាចបោះគេបានឡើយ។ លោកក៏បានមានប្រសាសន៍ថា៖ “អល់ឡោះជាម្ចាស់ពិតជាមានក្តីមេត្តាករុណាចំពោះខ្ញុំបម្រើទាំងឡាយរបស់ទ្រង់ជាងស្ដ្រីម្នាក់នេះមានក្តីមេត្តាករុណាចំពោះកូនរបស់នាងទៅទៀត”។
ហាទីស្ហសហេស រាយការណ៍ដោយ អាល់ពូខរី និងមូស្លីម
អំពីណាពី ﷺ តាមអ្វីដែលលោករាយការណ៍ពីអល់ឡោះជាម្ចាស់ ពិតប្រាកដណាស់ ទ្រង់បានមានបន្ទូលថា៖ “ឱខ្ញុំបម្រើរបស់យើងទាំងឡាយ! ពិតប្រាកដណាស់ យើងបានហាមឃាត់អំពើអយុត្តិធម៌ចំពោះខ្លួនយើង ហើយយើងក៏បានហាមឃាត់វារវាងពួកអ្នកផងដែរ។ ហេតុនេះ ចូរពួកអ្នកកុំប្រព្រឹត្តអយុត្តិធម៌ចំពោះគ្នាទៅវិញទៅមកឲ្យសោះ។ ឱខ្ញុំបម្រើរបស់យើងទាំងឡាយ! ពួកអ្នកសុទ្ធតែជាអ្នកវងេ្វង លើកលែងតែជនណាដែលយើងបានចង្អុលបង្ហាញដល់គេប៉ុណ្ណោះ។ ហេតុនេះ ចូរពួកអ្នកសុំការចង្អុលបង្ហាញពីយើង នោះយើងនឹងចង្អុលបង្ហាញដល់ពួកអ្នក។ ឱខ្ញុំបម្រើរបស់យើងទាំងឡាយ! ពួកអ្នកសុទ្ធតែជាអ្នកដែលស្រេកឃ្លាន លើកលែងតែជនដែលយើងបានផ្តល់អាហារដល់គេប៉ុណ្ណោះ។ ហេតុនេះ ចូរពួកអ្នកសុំអាហារទទួលទានពីយើង នោះយើងនឹងផ្តល់អាហារដល់ពួកអ្នក។ ឱខ្ញុំបម្រើរបស់យើងទាំងឡាយ! ពួកអ្នកសុទ្ធតែជាអ្នកដែលអាក្រាត លើកលែងតែជនណាដែលយើងបានផ្តល់សម្លៀកបំពាក់ដល់គេប៉ុណ្ណោះ។ ហេតុនេះ ចូរពួកអ្នកសុំសម្លៀកបំពាក់ពីយើង នោះយើងនឹងផ្តល់សម្លៀកបំពាក់ដល់ពួកអ្នក។ ឱខ្ញុំបម្រើរបស់យើងទាំងឡាយ! ជាការពិតណាស់ ពួកអ្នកបានប្រព្រឹត្តកំហុសឆ្គងទាំងយប់ទាំងថ្ងៃ ហើយយើងជាអ្នកអភ័យទោសចំពោះបាបកម្មទាំងអស់។ ហេតុនេះ ចូរពួកអ្នកសុំការអភ័យទោសពីយើង នោះយើងនឹងអភ័យទោសដល់ពួកអ្នក។ ឱខ្ញុំបម្រើរបស់យើងទាំងឡាយ! ពួកអ្នកពិតជាមិនអាចបង្កគ្រោះថ្នាក់អ្វីមួយដល់យើងបានឡើយ ហើយក៏មិនអាចផ្តល់ផលប្រយោជន៍អ្វីមួយដល់យើងនោះដែរ។ ឱខ្ញុំបម្រើរបស់យើងទាំងឡាយ! ប្រសិនបើទាំងអ្នកជំនាន់មុនពួកអ្នក ទាំងអ្នកជំនាន់ក្រោយពួកអ្នក ទាំងមនុស្ស ទាំងជិន(សុទ្ធតែគោរពប្រតិបត្តិមកចំពោះយើង)ប្រៀបដូចជាចិត្តមនុស្សល្អដែលបំផុតម្នាក់នៃពួកអ្នកក៏ដោយ ក៏វាមិនបានបន្ថែមអ្វីដល់អំណាចរបស់យើងបន្តិចនោះដែរ។ ឱខ្ញុំបម្រើរបស់យើងទាំងឡាយ! ប្រសិនបើទាំងអ្នកជំនាន់មុនពួកអ្នក ទាំងអ្នកជំនាន់ក្រោយពួកអ្នក ទាំងមនុស្ស ទាំងជិន(សុទ្ធតែប្រព្រឹត្តល្មើសមកចំពោះយើង)ប្រៀបដូចជាចិត្តមនុស្សដែលអាក្រក់បំផុតម្នាក់ក៏ដោយ ក៏វាមិនបានកាត់បន្ថយអំណាចរបស់យើងបន្តិចនោះដែរ។ ឱខ្ញុំបម្រើរបស់យើងទាំងឡាយ! ប្រសិនបើទាំងអ្នកជំនាន់មុនពួកអ្នក ទាំងអ្នកជំនាន់ក្រោយពួកអ្នក ទាំងមនុស្ស ទាំងជិនឈរនៅកន្លែងតែមួយ ហើយសុំអ្វីៗពីយើង(តាមបំណងរៀងៗខ្លួន) រួចយើងផ្តល់ឲ្យមនុស្សគ្រប់រូបនូវអ្វីដែលគេបានសុំក៏ដោយ ក៏វាមិនបានកាត់បន្ថយនូវអ្វីដែលយើងមានបន្តិចណានោះដែរ លើកលែងតែដូច(តំណក់ទឹកជាប់ម្ជុល)ពេលគេជ្រមុជវាទៅក្នុងទឹកសមុទ្រ(ហើយលើកវិញ)ប៉ុណ្ណោះ។ ឱខ្ញុំបម្រើរបស់យើងទាំងឡាយ! ពិតប្រាកដណាស់ គ្រប់ទង្វើរបស់ពួកអ្នក យើងនឹងកត់ត្រាទុកជូនពួកអ្នក។ បន្ទាប់មក យើងនឹងតបស្នងដល់ពួកអ្នកវិញ។ ដូចេ្នះ បុគ្គលណាទទួលបានផលល្អ ចូរឲ្យគេថ្លែងសរសើរចំពោះអល់ឡោះ។ ចំណែកឯបុគ្គលណាដែលទទួលបានផលផ្សេងពីនោះ ចូរកុំឲ្យគេបន្ទោសអ្នកណាក្រៅពីខ្លួនឯងឲ្យសោះ”។
ហាទីស្ហសហេស រាយការណ៍ដោយ មូស្លីម
“ពិតប្រាកដណាស់ អល់ឡោះជាម្ចាស់ទ្រង់ស្អាតស្អំ។ ទ្រង់មិនទទួលយកទេ លើកលែងតែអ្វីដែលស្អាតស្អំ។ ហើយពិតណាស់ អល់ឡោះជាម្ចាស់បានដាក់បទបញ្ជាលើបណ្តាអ្នកមានជំនឿដូចអ្វីដែលទ្រង់បានដាក់លើបណ្ដាអ្នកនាំសារទាំងឡាយផងដែរ ដោយទ្រង់បានមានបន្ទូលថា៖ “ឱបណ្ដាអ្នកនាំសារទាំងឡាយ! ចូរពួកអ្នកទទួលទានចំណីអាហារដែលល្អស្អាត(ហាឡាល់) ហើយចូរពួកអ្នកសាងទង្វើកុសល”។ ហើយទ្រង់បានមានបន្ទូលដែរថា៖ “ឱបណ្ដាអ្នកដែលមានជំនឿ! ចូរពួកអ្នកទទួលទានចំណីអាហារដែលល្អស្អាត(ហាឡាល់)ដែលយើងបានប្រទានជាលាភសក្ការៈដល់ពួកអ្នក”។ បន្ទាប់មក លោក បានរំលឹកពីបុរសម្នាក់ធ្វើដំណើរវែងឆ្ងាយ សក់កន្ទ្រើង ពេញដោយធូលី ហើយគាត់លើកដៃទាំងពីររបស់គាត់សំដៅទៅលើមេឃដោយបួងសួងថា៖ ឱម្ចាស់របស់ខ្ញុំ! ឱម្ចាស់របស់ខ្ញុំ! ប៉ុន្ដែអាហាររបស់គាត់ជាអ្វីដែលគេហាមឃាត់។ ទឹករបស់គាត់ជាអ្វីដែលគេហាមឃាត់។ សម្លៀកបំពាក់របស់គាត់ជាអ្វីដែលគេហាមឃាត់។ អាហារដែលគេផ្ដល់ឲ្យក៏ជាប្រការដែលគេហាមឃាត់។ ដូចនេះ តើឲ្យគេទទួលយកការបួងសួងរបស់គាត់យ៉ាងដូចមេ្ដច”?
ហាទីស្ហសហេស រាយការណ៍ដោយ មូស្លីម
“អល់ឡោះជាម្ចាស់នឹងក្តាប់ផែនដី និងមូរមេឃាដោយព្រះហស្តស្តាំរបស់ទ្រង់។ បន្ទាប់មក ទ្រង់មានបន្ទូលថា៖ យើងជាស្តេច។ តើស្តេចផែនដីទាំងឡាយនៅឯណា”?
ហាទីស្ហសហេស រាយការណ៍ដោយ អាល់ពូខរី និងមូស្លីម
“ឱមនុស្សលោកទាំងឡាយ! ពិតប្រាកដណាស់ អល់ឡោះជាម្ចាស់ទ្រង់ស្អាតស្អំ។ ទ្រង់មិនទទួលយកទេ លើកលែងតែអ្វីដែលស្អាតស្អំ។ ហើយពិតណាស់ អល់ឡោះជាម្ចាស់បានដាក់បទបញ្ជាលើបណ្តាអ្នកមានជំនឿដូចអ្វីដែលទ្រង់បានដាក់លើបណ្ដាអ្នកនាំសារទាំងឡាយផងដែរ ដោយទ្រង់បានមានបន្ទូលថា៖ “ឱបណ្ដាអ្នកនាំសារទាំងឡាយ! ចូរពួកអ្នកទទួលទានចំណីអាហារដែលល្អស្អាត(ហាឡាល់) ហើយចូរពួកអ្នកសាងទង្វើកុសល។ ពិតប្រាកដណាស់ យើងដឹងបំផុតនូវអ្វីដែលពួកអ្នកប្រព្រឹត្ដ”។ (អាល់មុមីនូន៖៥១)។ ហើយទ្រង់បានមានបន្ទូលដែរថា៖ “ឱបណ្ដាអ្នកដែលមានជំនឿ! ចូរពួកអ្នកទទួលទានចំណីអាហារដែលល្អស្អាត(ហាឡាល់)ដែលយើងបានប្រទានជាលាភសក្ការៈដល់ពួកអ្នក”។ (អាល់ហ្ពាក៏រ៉ោះ៖១៧២)។ បន្ទាប់មកលោក បានរំលឹកពីបុរសម្នាក់ធ្វើដំណើរវែងឆ្ងាយ សក់កន្ទ្រើង ពេញដោយធូលី ហើយគាត់លើកដៃទាំងពីររបស់គាត់សំដៅទៅលើមេឃដោយបួងសួងថា៖ ឱម្ចាស់របស់ខ្ញុំ! ឱម្ចាស់របស់ខ្ញុំ! ប៉ុន្ដែអាហាររបស់គាត់ជាអ្វីដែលគេហាមឃាត់។ ទឹករបស់គាត់ជាអ្វីដែលគេហាមឃាត់។ សម្លៀកបំពាក់របស់គាត់ជាអ្វីដែលគេហាមឃាត់។ អាហារដែលគេផ្ដល់ឲ្យក៏ជាប្រការដែលគេហាមឃាត់។ ដូចនេះ តើឲ្យគេទទួលយកការបួងសួងរបស់គាត់យ៉ាងដូចមេ្ដច”?
ហាទីស្ហសហេស រាយការណ៍ដោយ មូស្លីម