Skip to content
839 ហាទីស

សព្វវចនាធិប្បាយហាទីសរបស់ព្យាការី

ត្រងលទ្ធផល

2 នៃ 839 កាត

លុបតម្រង
“ថ្ងៃបរលោកនឹងមិនកើតឡើងឡើយ លុះត្រាតែព្រះអាទិត្យរះពីទិសខាងលិច។ នៅពេលដែលវារះ មនុស្សលោកបានឃើញវា ពេលនោះ ពួកគេក៏មានជំនឿទាំងអស់គ្នា។ នោះហើយគឺជាពេលដែល “ការមានជំនឿរបស់បុគ្គលម្នាក់ៗគ្មានប្រយោជន៍ដល់គេឡើយ ប្រសិនបើគេគ្មានជំនឿពីមុនមក ឬមិនបានសាងអំពើល្អ ក្នុងពេលដែលគេមានជំនឿទេនោះ”។ (អាល់អាន់អាម៖១៥៨)។ ពិតប្រាកដណាស់ ថ្ងៃបរលោកនឹងកើតឡើង ខណៈពេលដែលមនុស្សពីរនាក់បានលាតសម្លៀកបំពាក់របស់ពួកគេដែលនៅចន្លោះពួកគេ ហើយបន្ទាប់មកពួកគេមិនបានធ្វើការទិញលក់ ហើយមិនបានបត់វាវិញដែរ។ ពិតប្រាកដណាស់ ថ្ងៃបរលោកនឹងកើតឡើង ខណៈពេលដែលមនុស្សម្នាក់បានយកទឹកដោះអូដ្ឋរបស់គេរួច ហើយគេនឹងមិនផឹកវាឡើយ។ ពិតប្រាកដណាស់ ថ្ងៃបរលោកនឹងកើតឡើង ខណៈពេលដែលមនុស្សម្នាក់បានស្តារស្រះរបស់គេ ហើយគេមិនមានពេលវេលាដើម្បីបញ្ចូលទឹកនៅក្នុងវាឡើយ ។ ពិតប្រាកដណាស់ ថ្ងៃបរលោកនឹងកើតឡើង ខណៈពេលដែលអ្នកណាម្នាក់ដួសអាហារដល់មាត់របស់គេ តែគេមិនទាន់បានហូបវាឡើយ”។
ហាទីស្ហសហេស រាយការណ៍ដោយ អាល់ពូខរី និងមូស្លីម
នៅពេលដែលអាយ៉ាត់នេះបានបញ្ចុះទៅលើរ៉ស៊ូលុលឡោះ ﷺ ៖ “អ្វីៗដែលមាននៅលើមេឃជាច្រើនជាន់ និងផែនដី គឺជាកម្មសិទ្ធិរបស់អល់ឡោះ។ ហើយប្រសិនបើពួកអ្នកលាតត្រដាងអ្វីដែលមាននៅក្នុងខ្លួនរបស់ពួកអ្នក ឬពួកអ្នកលាក់បាំងវា គឺអល់ឡោះនឹងជំនុំជម្រះពួកអ្នកចំពោះទង្វើនោះ។ ហើយអល់ឡោះទ្រង់អភ័យទោសចំពោះជនណាដែលទ្រង់មានចេតនា និងដាក់ទណ្ឌកម្មចំពោះជនណាដែលទ្រង់មានចេតនា។ ហើយអល់ឡោះជាម្ចាស់ទ្រង់មានអានុភាពលើអ្វីៗទាំងអស់”។ (អាល់ហ្ពាក៏រ៉ោះ៖២៨៤)។ គាត់បាននិយាយថា៖ ការណ៍នេះមានភាពធ្ងន់ធ្ងរចំពោះសហាហ្ពាត់របស់រ៉ស៊ូលុលឡោះ ﷺ។ ដូចនេះ ពួកគេក៏ទៅជួបរ៉ស៊ូលុលឡោះ ﷺ ។ បន្ទាប់មក ពួកគេបានលុតជង្គង់ចុះ ហើយនិយាយថា៖ ឱរ៉ស៊ូលុលឡោះ! គេបានដាក់កាតព្វកិច្ចលើពួកយើងនូវទង្វើជាច្រើនដែលពួកយើងមានលទ្ធភាពធ្វើ ដូចជាការសឡាត ការកាន់អំណត់បួស ការប្រយុទ្ធតស៊ូ(ជីហាទ) និងការបរិច្ចាគទាន។ ប៉ុន្តែ (ឥឡូវនេះ)គេបានបញ្ចុះអាយ៉ាត់នេះមកកាន់លោក ហើយពួកយើងគ្មានលទ្ធភាពធ្វើវាឡើយ។ រ៉ស៊ូលុលឡោះ ﷺ លោកបានមានប្រសាសន៍ថា៖ “តើពួកអ្នកចង់និយាយដូចពួកអះលីគីតាបទាំងពីរមុនពួកអ្នកបាននិយាយឬ ដែលថា៖ ពួកយើងបានឮហើយ តែពួកយើងមិនប្រតិបត្តិតាមឡើយ។ ផ្ទុយទៅវិញ ចូរពួកអ្នកនិយាយថា៖ ពួកយើងបានឮហើយ ហើយពួកយើងប្រតិបត្តិតាមហើយ។ បពិត្រព្រះជាម្ចាស់របស់ពួកយើង! សូមទ្រង់មេត្ដាអភ័យទោសឱ្យពួកយើងផង។ ហើយចំពោះទ្រង់តែមួយគត់ជាកន្លែងវិលត្រឡប់”។ ពួកគេក៏និយាយថា៖ ពួកយើងបានឮហើយ ហើយពួកយើងប្រតិបត្តិតាមហើយ។ បពិត្រព្រះជាម្ចាស់របស់ពួកយើង! សូមទ្រង់មេត្ដាអភ័យទោសឱ្យពួកយើងផង។ ហើយចំពោះទ្រង់តែមួយគត់ជាកន្លែងវិលត្រឡប់។ នៅពេលដែលក្រុមនោះសូត្រវាសាចុះសាឡើងហើយ អណ្តាតពួកគេក៏បានទន់ទៅៗ។ ពេលនោះ អល់ឡោះជាម្ចាស់ក៏បានបញ្ចុះអាយ៉ាត់(ដែលមានអត្ថន័យថា)៖ “អ្នកនាំសារ(មូហាំម៉ាត់)មានជំនឿលើអ្វីៗដែលព្រះជាម្ចាស់របស់គេបានបញ្ចុះមកឱ្យគេ ហើយបណ្ដាអ្នកមានជំនឿក៏ដូចគ្នាដែរ។ ពួកគេទាំងអស់មានជំនឿលើអល់ឡោះ បណ្ដាម៉ាឡាអ៊ីកាត់របស់ទ្រង់ បណ្ដាគម្ពីររបស់ទ្រង់ និងបណ្ដាអ្នកនាំសាររបស់ទ្រង់។ (ពួកគេបាននិយាយថា៖) ពួកយើងមិនបែងចែកអ្នកនាំសារណាម្នាក់ក្នុងចំណោមអ្នកនាំសារទាំងឡាយរបស់អល់ឡោះឡើយ។ ហើយពួកគេនិយាយថា៖ ពួកយើងបានឮហើយ ហើយពួកយើងប្រតិបត្តិតាមហើយ។ បពិត្រព្រះជាម្ចាស់របស់ពួកយើង! សូមទ្រង់មេត្ដាអភ័យទោសឱ្យពួកយើងផង។ ហើយចំពោះទ្រង់តែមួយគត់ជាកន្លែងវិលត្រឡប់”។ (អាល់ហ្ពាក៏រ៉ោះ៖២៨៥)។ នៅពេលដែលពួកគេធ្វើបែបនេះ អល់ឡោះជាម្ចាស់ក៏បាននិរាករណ៍អាយ៉ាត់ខាងលើ។ ពេលនោះ អល់ឡោះជាម្ចាស់ក៏បានបញ្ចុះអាយ៉ាត់៖ “អល់ឡោះជាម្ចាស់មិនដាក់បន្ទុកលើអ្នកណាម្នាក់ហួសពីលទ្ធភាពរបស់គេឡើយ។ ជនណាបានសាងអំពើល្អ គឺទទួលបានផលល្អ ហើយជនណាបានសាងអំពើអាក្រក់ គឺទទួលបានផលអាក្រក់។ បពិត្រព្រះជាម្ចាស់របស់ពួកយើង! សូមទ្រង់មេត្ដាកុំយកទោសពៃរ៍ពួកយើងអី្វ ប្រសិនបើពួកយើងបានភេ្លចភ្លាំង ឬជ្រុលជ្រួសដោយអចេតនា”។ ទ្រង់បានមានបន្ទូលថា៖ “ពិតហើយ”។ “បពិត្រព្រះជាម្ចាស់របស់ពួកយើង! សូមទ្រង់មេត្ដាកុំដាក់ភារកិច្ចធ្ងន់ធ្ងរពេកមកលើពួកយើង ដូចដែលទ្រង់បានដាក់ទៅលើពួកអ្នកជំនាន់មុនពួកយើងអ្វី”។ ទ្រង់បានមានបន្ទូលថា៖ “ពិតហើយ”។ “បពិត្រព្រះជាម្ចាស់របស់ពួកយើង! សូមទ្រង់មេត្ដាកុំដាក់បន្ទុកលើពួកយើងនូវអ្វីដែលពួកយើងគ្មានលទ្ធភាពនឹងធ្វើវា”។ ទ្រង់បានមានបន្ទូលថា៖ “ពិតហើយ”។ “ហើយសូមទ្រង់មេត្ដាអធ្យាស្រ័យដល់ពួកយើង អភ័យទោសដល់ពួកយើង និងអាណិតស្រឡាញ់ដល់ពួកយើងផង។ ទ្រង់គឺជាអ្នកគាំពារពួកយើង។ ដូចេ្នះ សូមទ្រង់មេត្ដាជួយពួកយើងឱ្យមានជ័យជម្នះលើក្រុមដែលគ្មានជំនឿផង”។ (អាល់ហ្ពាក៏រ៉ោះ៖២៨៦)។ ទ្រង់បានមានបន្ទូលថា៖ “ពិតហើយ”។
ហាទីស្ហសហេស រាយការណ៍ដោយ មូស្លីម