Skip to content
839 ហាទីស

សព្វវចនាធិប្បាយហាទីសរបស់ព្យាការី

ត្រងលទ្ធផល

30 នៃ 839 កាត

លុបតម្រង
នៅពេលដែលការស្លាប់បានមកដល់ លោកបានដាក់ក្រណាត់នៅលើមុខរបស់លោក។ នៅពេលដែលពិបាកដកដង្ហើមលោកបានបើកវា។ ហើយលោកបានមានប្រសាសន៍ក្នុងស្ថានភាពដូច្នោះថា៖ “អល់ឡោះជាម្ចាស់ទ្រង់ដាក់បណ្តាសាចំពោះពួកយូដា និងពួកគ្រឹស្ទានដែលពួកគេបានយកផ្នូរណាពីទាំងឡាយរបស់ពួកគេធ្វើជាម៉ាស្ជិត” ដោយលោកព្រមានពីអ្វីដែលពួកគេបានធ្វើ។
ហាទីស្ហសហេស រាយការណ៍ដោយ អាល់ពូខរី និងមូស្លីម
ពិតណាស់ មានបុរសម្នាក់បានមកជួបនឹងណាពី ﷺ ហើយបាននិយាយជាមួយលោកអំពីកិច្ចការមួយចំនួន។ ក្រោយមក បុរសនោះបាននិយាយថា៖ អ្វីដែលអល់ឡោះមានចេតនា និងលោកមានចេតនា(វានឹងកើតឡើង)។ ពេលនោះ ណាពី ﷺ លោកបានមានប្រសាសន៍ថា៖ “តើអ្នកចាត់ទុកខ្ញុំស្មើនឹងអល់ឡោះឬ? អ្នកត្រូវនិយាយថា៖ អ្វីដែលអល់ឡោះមានចេតនាតែមួយគត់(ទើបវាកើតឡើង)”។
បណ្តាញអ្នករាយការណ៍របស់វា ល្អ (អ៊ិសណាត ហាសាន់) رواه ابن ماجه والنسائي في الكبرى وأحمد
ខ្ញុំធ្លាប់បានជិះសត្វលានៅពីក្រោយណាពី ﷺ ។ ពេលនោះ លោកបានសួរថា៖ “ឱមូអាស! តើអ្នកដឹងដែរឬទេ អ្វីទៅជាសិទ្ធិរបស់អល់ឡោះទៅលើខ្ញុំបម្រើរបស់ទ្រង់ ហើយអ្វីទៅជាសិទ្ធិរបស់ខ្ញុំបម្រើអល់ឡោះចំពោះអល់ឡោះនោះ”? ខ្ញុំបានឆ្លើយថា៖ អល់ឡោះ និងអ្នកនាំសាររបស់ទ្រង់ដឹងបំផុត។ លោកបានមានប្រសាសន៍ថា៖ “ពិតប្រាកដណាស់ សិទ្ធិរបស់អល់ឡោះទៅលើខ្ញុំបម្រើទាំងឡាយ គឺពួកគេត្រូវគោរពសក្ការៈចំពោះទ្រង់តែមួយគត់ និងមិនត្រូវធ្វើស្ហ៊ីរិកចំពោះទ្រង់នឹងអ្វីមួយឡើយ។ ចំណែកឯសិទ្ធិរបស់ខ្ញុំបម្រើទាំងឡាយចំពោះអល់ឡោះវិញ គឺទ្រង់មិនដាក់ទណ្ឌកម្មចំពោះអ្នកដែលមិនធ្វើស្ហ៊ីរិកចំពោះទ្រង់នឹងអ្វីមួយឡើយ”។ ពេលនោះ ខ្ញុំបានសួរថា៖ ឱរ៉សូលុលឡោះ! តើឲ្យខ្ញុំផ្ដល់ដំណឹងរីករាយនេះដល់មនុស្សលោកដែរឬទេ? លោកបានឆ្លើយថា៖ “ចូរអ្នកកុំប្រាប់ពួកគេ ព្រោះធ្វើឲ្យពួកគេផេ្ដកផ្ដួល”។
ហាទីស្ហសហេស រាយការណ៍ដោយ អាល់ពូខរី និងមូស្លីម
“ជនណាដែលពោលថា៖ “لَا إِلَهَ إِلَّا اللهُ” (គ្មានទេម្ចាស់ដែលត្រូវគោរពសក្ការៈដ៏ពិតប្រាកដ លើកលែងតែអល់ឡោះ) ហើយប្រឆាំងនឹងអ្វីដែលគេគោរពសក្ការៈក្រៅពីអល់ឡោះ គឺគេហាមឃាត់ចំពោះទ្រព្យសម្បត្តិ និងអាយុជីវិតរបស់ជននោះ ហើយការជំនុំជម្រះរបស់ជននោះ ស្ថិតលើអល់ឡោះជាម្ចាស់”។
ហាទីស្ហសហេស រាយការណ៍ដោយ មូស្លីម
មានគេនិយាយថា៖ ឱរ៉ស៊ូលុលឡោះ! តើអ្នកណាដែលរីករាយចំពោះការជួយអន្តរាគមន៍(ស្ហាហា្វអាត់)របស់លោកជាងគេបំផុតនៅថ្ងៃបរលោកនោះ? រ៉ស៊ូលុលឡោះ ﷺ លោកបានឆ្លើយថា៖ “ឱអាពូហ៊ូរ៉យរ៉ោះ! ខ្ញុំពិតជាគិតថា គ្មាននរណាម្នាក់សួរខ្ញុំអំពីរឿងនេះមុនអ្នកនោះឡើយ ព្រោះខ្ញុំបានឃើញពីការយកចិត្តទុកដាក់របស់អ្នកចំពោះ(ការរៀន)ហាទីស្ហ។ មនុស្សដែលរីករាយចំពោះការជួយអន្តរាគមន៍របស់ខ្ញុំជាងគេបំផុតនៅថ្ងៃបរលោក គឺអ្នកដែលពោលថា៖ “لا إله إلا الله” (គ្មានទេម្ចាស់ដែលត្រូវគេគោរពសក្ការៈដ៏ពិតប្រាកដក្រៅពីអល់ឡោះ) ដោយស្មោះសចេញពីដួងចិត្តរបស់គេ ឬចេញពីខ្លួនរបស់គេ”។
ហាទីស្ហសហេស រាយការណ៍ដោយ អាល់ពូខរី
អាលី ពិន អាពីត៏លិប បាននិយាយមកកាន់ខ្ញុំថា៖ តើខ្ញុំមិនបានចាត់តាំងអ្នក(នូវកិច្ចការមួយ)ដូចដែលរ៉ស៊ូលុលឡោះ ﷺ បានចាត់តាំងខ្ញុំ(ឲ្យធ្វើវា)ទេឬ? គឺអ្នកមិនត្រូវបន្សល់ទុកនូវរូបចម្លាក់ណាមួយឡើយ លើកលែងតែអ្នកកម្ទេចវា ហើយក៏មិនត្រូវទុកឱ្យផ្នូរណាមួយខ្ពស់(ផុតពីដី)នោះដែរ លើកលែងតែអ្នកពង្រាបវាឱ្យស្មើ។
ហាទីស្ហសហេស រាយការណ៍ដោយ មូស្លីម
“ចូរពួកអ្នកកុំស្បថនឹងរូបបដិមានានា និងកុំស្បថនឹងជីដូនជីតារបស់ពួកអ្នក”។
ហាទីស្ហសហេស រាយការណ៍ដោយ មូស្លីម
ពួកយើងធ្លាប់បានអង្គុយនៅក្នុងក្រុមមួយជាមួយនឹងរ៉ស៊ូលុលឡោះ ﷺ ហើយនៅជាមួយពួកយើងក៏មានអាពូហ្ពាកើរ និងអ៊ូមើរផងដែរ។ ពេលនោះ រ៉ស៊ូលុលឡោះ ﷺ ក៏បានក្រោកដើរចេញពីពួកយើង។ លោកបានចាកចេញពីពួកយើងយ៉ាងយូរ។ ហើយពួកយើងបារម្ភខ្លាចមានអ្វីកើតឡើងចំពោះលោក។ ពួកយើងមានការភ័យខ្លាច ហើយពួកយើងក៏បានក្រោកឡើងទៅរកលោក។ រូបខ្ញុំ គឺជាអ្នកដំបូងគេដែលភ័យខ្លាច។ ភ្លាមៗនោះ ខ្ញុំក៏បានចេញទៅស្វែងរករ៉ស៊ូលុលឡោះ ﷺ រហូតដល់ខ្ញុំបានទៅដល់ចម្ការមួយរបស់ពួកអាន់សរដែលមានរបងព័ទ្ធជុំវិញដែលជាកម្មសិទ្ធិរបស់អម្បូរអាន់ណាច់ជើរ។ ខ្ញុំបានដើរជុំវិញរបង ដោយសង្ឃឹមថាខ្ញុំនឹងអាចរកឃើញទ្វារចូល ប៉ុន្តែខ្ញុំរកមិនឃើញ។ វាមានតែប្រឡាយតូចចង្អៀត(ប្រឡាយទឹកតូចមួយ)ដែលចូលទៅក្នុងចម្ការតាមអណ្តូងខាងក្រៅ។ ខ្ញុំបានចូលទៅជួបរ៉ស៊ូលុលឡោះ ﷺ ។ លោកបានសួរថា៖ “អាពូហ៊ូរ៉យរ៉ោះ”? ខ្ញុំបានឆ្លើយថា៖ បាទ រ៉ស៊ូលុលឡោះ។ លោកបានសួរថា៖ “តើអ្នកមានបញ្ហាអ្វី”? គាត់បានឆ្លើយថា៖ លោកបានអង្គុយជាមួយនឹងពួកយើង។ ក្រោយមក លោកបានក្រោកចេញ និងបានចាកចេញពីពួកយើងយ៉ាងយូរ ហើយពួកយើងបារម្ភខ្លាចមានអ្វីកើតឡើងចំពោះលោក។ ពួកយើងមានការភ័យខ្លាច ហើយពួកយើងក៏បានក្រោកឡើងទៅរកលោក។ រូបខ្ញុំ គឺជាអ្នកដំបូងគេដែលភ័យខ្លាច ហើយខ្ញុំក៏បានមកដល់របងនេះ ហើយព្យាយាមលួចចូលដូចចចក ខណៈដែលមនុស្សទាំងនោះនៅពីក្រោយខ្ញុំ។ ពេលនោះ លោកបានមានប្រសាសន័ថា៖ “ឱអាពូហ៊ូរ៉យរ៉ោះ” ហើយលោកក៏បានឲ្យស្បែកជើងទាំងពីររបស់លោកមកខ្ញុំ។ លោកបានមានប្រសាសន៍ថា៖ “ចូរអ្នកទៅដោយនាំយកស្បែកជើងទាំងពីររបស់ខ្ញុំនេះទៅជាមួយ។ ជនណាក៏ដោយនៅពីក្រោយរបងនេះដែលអ្នកបានជួបដែលបានធ្វើសាក្សីថា “لَا إِلَهَ إِلَّا اللهُ” (គ្មានទេម្ចាស់ដែលត្រូវគោរពសក្ការៈដ៏ពិតប្រាកដ លើកលែងតែអល់ឡោះ)ដោយជឿប្រាកដក្នុងចិត្ត ចូរអ្នកផ្តល់ដំណឹងរីករាយដល់គេនូវឋានសួគ៌”។ អ្នកដែលខ្ញុំបានជួបមុនគេ គឺអ៊ូមើរ។ គាត់បានសួរថា៖ តើស្បែកជើងទាំងពីរនេះជាអ្វី? ខ្ញុំបានឆ្លើយថា៖ ទាំងពីរនេះ ជាស្បែកជើងរបស់រ៉ស៊ូលុលឡោះ ﷺ។ លោកចាត់តាំងខ្ញុំឲ្យនាំយកស្បែកជើងទាំងពីរនេះប្រាប់ដល់អ្នកដែលខ្ញុំបានជួបថា ជនណាដែលបានធ្វើសាក្សីថា “لَا إِلَهَ إِلَّا اللهُ” (គ្មានទេម្ចាស់ដែលត្រូវគោរពសក្ការៈដ៏ពិតប្រាកដ លើកលែងតែអល់ឡោះ)ដោយជឿប្រាកដក្នុងចិត្ត គឺខ្ញុំត្រូវផ្តល់ដំណឹងរីករាយដល់គេនូវឋានសួគ៌។ វាយដើមទ្រូងរបស់ខ្ញុំទាំងពីរដោយដៃរបស់គាត់រហូតដល់ខ្ញុំដួលទៅក្រោយ ហើយគាត់ក៏បាននិយាយថា៖ ឱអាពូហ៊ូរ៉យរ៉ោះ! ចូរអ្នកត្រឡប់ទៅវិញ។ ពេលនោះ ខ្ញុំក៏បានត្រឡប់ទៅជួបរ៉ស៊ូលុលឡោះ ﷺ វិញដោយទឹកមុខត្រៀមខ្លួនជាស្រេចដើម្បីយំខណៈពេលដែលអ៊ូមើរដើរតាមខ្ញុំពីក្រោយ។ នៅពេលនោះ រ៉ស៊ូលុលឡោះ ﷺ លោកបានសួរថា៖ “ឱអាពូហ៊ូរ៉យរ៉ោះ! តើអ្នកមានរឿងអ្វី”? ខ្ញុំបានឆ្លើយថា៖ ខ្ញុំបានជួបអ៊ូមើរ ហើយខ្ញុំបានប្រាប់គាត់នូវរឿងដែលលោកចាត់តាំងខ្ញុំទៅ។ ពេលនោះ អ៊ូមើរបានវាយដើមទ្រូងរបស់ខ្ញុំទាំងពីរដោយដៃរបស់គាត់រហូតដល់ខ្ញុំដួលទៅក្រោយ ។ លោកបានមានប្រសាសន៍ថា៖ ចូរអ្នកត្រឡប់ទៅវិញ។ រ៉ស៊ូលុលឡោះ ﷺ ក៏បានមានប្រសាសន៍ថា៖ “ឱអ៊ូមើរ! តើអ្វីដែលនាំឲ្យអ្នកធ្វើបែបនេះ”? គាត់បានឆ្លើយថា៖ ឱរ៉ស៊ូលុលឡោះ សូម្បីឪពុកម្តាយរបស់ខ្ញុំត្រូវលះបង់សម្រាប់អ្នក! ។ តើលោកចាត់តាំងអាពូហ៊ូរ៉យរ៉ោះដោយនាំទៅជាមួយនូវស្បែកជើងទាំងពីររបស់លោកឲ្យប្រាប់អ្នកដែលគេបានជួបថា ជនណាដែលបានធ្វើសាក្សីថា “لَا إِلَهَ إِلَّا اللهُ” (គ្មានទេម្ចាស់ដែលត្រូវគោរពសក្ការៈដ៏ពិតប្រាកដ លើកលែងតែអល់ឡោះ)ដោយជឿប្រាកដក្នុងចិត្ត គឺគេត្រូវផ្តល់ដំណឹងរីករាយដល់ជននោះនូវឋានសួគ៌ឬ? លោកបានឆ្លើយថា៖ “បាទ(ពិតមែនហើយ)”។ អ៊ូមើរបាននិយាយថា៖ ដូច្នេះ សូមលោកកុំធ្វើ(បែបនេះ) ពីព្រោះខ្ញុំបារម្ភខ្លាចមនុស្សផ្តេកផ្តួលលើវា។ ហេតុនេះ សូមលោកបណ្តោយពួកគេឲ្យសាងកុសលចុះ។ រ៉ស៊ូលុលឡោះ ﷺ បានមានប្រសាសន៍ថា៖ “ដូច្នេះ បណ្តោយពួកគេចុះ”។
ហាទីស្ហសហេស រាយការណ៍ដោយ មូស្លីម