Skip to content
839 ហាទីស

សព្វវចនាធិប្បាយហាទីសរបស់ព្យាការី

ត្រងលទ្ធផល

37 នៃ 839 កាត

លុបតម្រង
“នៅពេលពួកអ្នកឮអ្នកអាហ្សាន(បានអាហ្សាន) ចូរពួកអ្នកសូត្រដូចអ្វីដែលអ្នកអាហ្សានបានសូត្រ។ បន្ទាប់មក ចូរពួកអ្នកសឡាវ៉ាតមកចំពោះខ្ញុំ ព្រោះជនណាដែលសឡាវ៉ាតមកចំពោះខ្ញុំមួយដង អល់ឡោះជាម្ចាស់នឹងសឡាវ៉ាតទៅលើគេវិញដប់ដង។ ក្រោយមក ចូរពួកអ្នកសុំពីអល់ឡោះឲ្យខ្ញុំនូវអាល់វ៉ាស៊ីឡះ(មធ្យោបាយ)។ ពិតណាស់ វាជាឋានៈមួយនៅក្នុងឋានសួគ៌ដែលគេមិនអនុញ្ញាតឲ្យអ្នកណាក្រៅពីខ្ញុំបម្រើរបស់អល់ឡោះតែម្នាក់ប៉ុណ្ណោះ ហើយខ្ញុំសង្ឃឹមថា ខ្ញុំគឺជាម្នាក់នោះ។ ហេតុនេះ បុគ្គលណាសុំពីអល់ឡោះឲ្យខ្ញុំនូវអាល់វ៉ាស៊ីឡះ(មធ្យោបាយ) រូបគេនឹងទទួលបាននូវការជួយអន្ដរាគមន៍(ពីខ្ញុំ)”។
ហាទីស្ហសហេស រាយការណ៍ដោយ មូស្លីម
“មនុស្សលោកនឹងត្រូវគេប្រមូលផ្ដុំនៅថ្ងៃបរលោកដោយគ្មានស្បែកជើងពាក់ គ្មានសម្លៀកបំពាក់ និងមិនទាន់ខតាន់”។ ខ្ញុំបានសួរថា៖ ឱរ៉ស៊ូលុលឡោះ! តើបុរស និងស្ដ្រីមិនមើលគ្នាទៅវិញទៅមកហើយ? លោកបានឆ្លើយថា៖ “ឱអាអ៊ីស្ហះ! កិច្ចការនៅថ្ងៃនោះធ្ងន់ធ្ងរជាងការមើលគ្នាទៅវិញទៅមកទៅទៀត”។
ហាទីស្ហសហេស រាយការណ៍ដោយ អាល់ពូខរី និងមូស្លីម
“តើពួកអ្នកដឹងដែរឬទេថា អ្វីទៅដែលហៅថា អ្នកក្ស័យធននោះ”? ពួកគេបានឆ្លើយថា៖ អ្នកក្ស័យធនក្នុងចំណោមពួកយើង គឺអ្នកដែលគ្មានលុយកាក់ និងទ្រព្យសម្បត្ដិអ្វីឡើយ។ ពេលនោះ លោកបានមានប្រសាសន៍ថា៖ “ជាការពិតណាស់ អ្នកក្ស័យធននៃប្រជាជាតិរបស់ខ្ញុំ គឺអ្នកដែលនៅថ្ងៃបរលោក រូបគេបាននាំមកនូវសឡាត បួស និងហ្សាកាត់ ប៉ុន្ដែរូបគេបានជេរប្រមាថអ្នកនេះ មួលបង្កាច់អ្នកនោះ លេបយបទ្រព្យសម្បត្ដិអ្នកនេះ បង្ហូរឈាមអ្នកនេះ វាយដំអ្នកនោះ។ ហេតុនេះ គេក៏យកទង្វើល្អរបស់ជននោះផ្ដល់ទៅឲ្យអ្នកនេះ អ្នកនោះ។ ហើយប្រសិនបើទង្វើល្អរបស់ជននោះអស់មុនពេលទូទាត់សងគេរួច គេនឹងយកទង្វើអាក្រក់របស់អ្នកទាំងនោះមកដាក់លើរូបគេថែមទៀត។ បន្ទាប់មក គេក៏គ្រវែងជននោះទៅក្នុងឋាននរក”។
ហាទីស្ហសហេស រាយការណ៍ដោយ មូស្លីម
“ស្រះទឹករបស់ខ្ញុំ (មានប្រវែងស្មើ)ចម្ងាយដើរមួយខែ។ ទឹករបស់វាសជាងទឹកដោះគោ។ ក្លិនរបស់វាក្រអូបជាងក្លិនទឹកអប់។ ភាជន៍របស់វា (មានច្រើនលើសលប់)ប្រៀបដូចផ្កាយនៅលើមេឃ។ ជនណាដែលបានផឹកអំពីស្រះទឹកនោះ គឺគេនឹងបាត់ស្រេកជារៀងរហូត”។
ហាទីស្ហសហេស រាយការណ៍ដោយ អាល់ពូខរី និងមូស្លីម
“ជនណាដែលធ្វើសាក្សីថា គ្មានទេម្ចាស់ដែលត្រូវគេគោរពសក្ការៈដ៏ពិតប្រាកដក្រៅពីអល់ឡោះជាម្ចាស់តែមួយគត់ គ្មានដៃគូសម្រាប់ទ្រង់ឡើយ ហើយពិតណាស់ មូហាំម៉ាត់ជាខ្ញុំបម្រើនិងជាអ្នកនាំសាររបស់ទ្រង់ ហើយអ៊ីសាជាខ្ញុំបម្រើនិងអ្នកនាំសាររបស់អល់ឡោះ និងជាពាក្យពេចន៍របស់ទ្រង់ដែលទ្រង់បានបញ្ជូនទៅកាន់ម៉ារយ៉ាំ ព្រមទាំងជាវិញ្ញាណមួយពីទ្រង់ ហើយពិតណាស់ ឋានសួគ៌មានពិត និងឋាននរកមានពិត នោះអល់ឡោះជាម្ចាស់នឹងបញ្ចូលជននោះទៅក្នុងឋានសួគ៌ទៅតាមទង្វើដែលគេបានសាង”។
ហាទីស្ហសហេស រាយការណ៍ដោយ អាល់ពូខរី និងមូស្លីម