Skip to content
839 ហាទីស

សព្វវចនាធិប្បាយហាទីសរបស់ព្យាការី

ត្រងលទ្ធផល

16 នៃ 839 កាត

លុបតម្រង
នៅពេលដែល អាពូត៏ឡឹប ជិតទទួលមរណភាព រ៉ស៊ូលុលឡោះ ﷺ បានមកជួបគាត់ ហើយលោកបានឃើញ អាពូជើហាល់ និង អាប់ទុលឡោះ ពិន អាពីអូម៉ៃយ៉ះ ពិន អាល់មូហ្គីរ៉ោះ នៅទីនោះផងដែរ។ លោកបានមានប្រសាសន៍ថា៖ “ឱមា! សូមមាពោលថា៖ لَا إِلَهَ إِلَّا اللهُ (គ្មានទេម្ចាស់ដែលត្រូវគោរពសក្ការៈដ៏ពិតប្រាកដ លើកលែងតែអល់ឡោះ) ជាពាក្យមួយដែលខ្ញុំនឹងប្រើដើម្បីនិយាយការពារមានៅចំពោះអល់ឡោះជាម្ចាស់”។ ពេលនោះ អាពូជើហាល់ និង អាប់ទុលឡោះ ពិន អាពីអ៊ូម៉ៃយ៉ះ បាននិយាយថា៖ តើអ្នកស្អប់សាសនារបស់អាប់ទុលមូតល់ឡឹបឬ? រ៉ស៊ូលុលឡោះ ﷺ នៅតែបន្តបង្ហាញឲ្យគាត់ពោលពាក្យនោះ តែពួកគេទាំងពីរនាក់ក៏នៅតែនិយាយពាក្យនោះដដែលៗ រហូតដល់អាពូត៏ឡឹប បាននិយាយនូវពាក្យចុងក្រោយទៅកាន់ពួកគាត់ថា៖ ខ្ញុំស្ថិតនៅលើសាសនារបស់អាប់ទុលមូតល់ឡឹប ហើយគាត់បដិសេធមិនព្រមពោលពាក្យ لَا إِلَهَ إِلَّا اللهُ ឡើយ។ រ៉ស៊ូលុលឡោះ ﷺ បានមានប្រសាសន៍ថា៖ “សូមស្បថនឹងអល់ឡោះ! ខ្ញុំនឹងសុំអភ័យទោសឲ្យមា ប្រសិនបើខ្ញុំមិនត្រូវបានគេហាមឃាត់អំពីវាទេនោះ”។ ពេលនោះ អល់ឡោះជាម្ចាស់បានបញ្ចុះអាយ៉ាត់៖ ﴿مَا كَانَ لِلنَّبِيِّ وَالَّذِينَ آمَنُوا أَنْ يَسْتَغْفِرُوا لِلْمُشْرِكِينَ ﴾ [سورة التوبة(113)] (ណាពី និងបណ្ដាអ្នកមានជំនឿគ្មានសិទ្ធិសុំការអភ័យទោសឱ្យពួកដែលធ្វើស្ហ៊ីរិកឡើយ) ហើយអល់ឡោះក៏បានបញ្ចុះអាយ៉ាត់ទាក់ទងនឹងអាពូត៏ឡឹបផងដែរ ដោយទ្រង់បានមានបន្ទូលទៅកាន់រ៉ស៊ូលុលឡោះ ﷺ ថា៖ ﴿إِنَّكَ لَا تَهْدِي مَنْ أَحْبَبْتَ وَلَٰكِنَّ اللَّهَ يَهْدِي مَنْ يَشَاءُ ﴾ [سورة القصص(56)] (ពិតប្រាកដណាស់ អ្នក(មូហាំម៉ាត់)មិនអាចចង្អុលបង្ហាញចំពោះជនណាដែលអ្នកស្រឡាញ់បានឡើយ)។
ហាទីស្ហសហេស រាយការណ៍ដោយ អាល់ពូខរី និងមូស្លីម
“រាល់សន្លាក់ទាំងអស់របស់មនុស្សត្រូវធ្វើការបរិច្ចាគទានជារៀងរាល់ថ្ងៃដែលព្រះអាទិត្យរះឡើង។ ការផ្សះផ្សារវាងបុគ្គលពីរនាក់ដោយយុត្ដិធម៌ ជាការបរិច្ចាគទានមួយ។ ការជួយមនុស្សម្នាក់ឲ្យឡើងជំនិះរបស់ខ្លួន ឬជួយលើកឥវ៉ាន់ដាក់លើជំនិះរបស់គាត់ ជាការបរិច្ចាគទានមួយ។ ពាក្យសម្ដីល្អ ជាការបរិច្ចាគទានមួយ។ រាល់ជំហានដែលគេដើរទៅសឡាត ជាការបរិច្ចាគទានមួយ ហើយការយកអ្វីដែលបង្កបញ្ហាដល់អ្នកដំណើរចេញពីផ្លូវ ក៏ជាការបរិច្ចាគទានមួយដែរ”។
ហាទីស្ហសហេស រាយការណ៍ដោយ អាល់ពូខរី និងមូស្លីម
ណាពី ﷺ បានបញ្ជូនកងទ័ពមួយក្រុម ហើយលោកបានតែងតាំងបុរសម្នាក់នៃពួកអាន់សរ(ធ្វើជាមេទ័ព) និងបានប្រើពួកគេឲ្យប្រតិបត្តិតាមបុរសនោះ។ ពេលមួយ បុរសនោះមានការខឹងសម្បា។ គាត់ក៏និយាយថា៖ តើណាពី ﷺ មិនបានប្រើពួកអ្នកឲ្យប្រតិបត្តិតាមខ្ញុំទេឬ? ពួកគេបានឆ្លើយថា៖ ពិតមែនហើយ។ បុរសនោះក៏បានបន្តថា៖ ដូចនេះ ចូរពួកអ្នកប្រមូលអុសឲ្យខ្ញុំ។ ពួកគេក៏នាំគ្នាប្រមូលអុស។ បុរសនោះនិយាយថា៖ ចូរពួកអ្នកបង្កាត់ភ្លើង។ ពួកគេក៏បង្កាត់ភ្លើង។ បុរសនោះក៏និយាយទៀតថា៖ ចូរពួកអ្នកចូលទៅក្នុងភ្លើងនេះ។ ពេលនោះ ពួកគេពួកគេហៀបនឹងលោតចូល ប៉ុន្តែមានអ្នកខ្លះបានរារាំងអ្នកផ្សេងទៀត ដោយនិយាយថា៖ ការដែលពួកយើងដើរតាមណាពី ﷺ គឺដើម្បីគេចអំពីភ្លើងនេះឯង។ ពួកគេនៅតែជជែកគ្នាបែបនេះ រហូតដល់ភ្លើងបានរលត់ ហើយបុរសនោះក៏បានរសាយកំហឹង។ ពេលណាពី ﷺ លោកបានទទួលព័ត៌មាននេះ លោកបានមានប្រសាសន៍ថា៖ “ប្រសិនបើពួកគេចូលទៅក្នុងភ្លើងនោះ ពួកគេនឹងមិនអាចចេញពីវាបានឡើយ រហូតដល់ថ្ងៃបរលោក។ ការគោរពប្រតិបត្តិ(ចំពោះនរណាម្នាក់) គឺចំពោះតែប្រការល្អប៉ុណ្ណោះ”។
ហាទីស្ហសហេស រាយការណ៍ដោយ អាល់ពូខរី និងមូស្លីម
“ការប្រៀបធៀបអ្នកដែលរក្សានូវព្រំដែនច្បាប់របស់អល់ឡោះ និងអ្នកដែលល្មើសនឹងព្រំដែនទាំងនោះ គឺដូចជាក្រុមមួយដែលចាប់ឆ្នោតដើម្បីជិះលើសំពៅមួយ។ អ្នកខ្លះបានទទួលកន្លែងនៅជាន់លើ និងអ្នកខ្លះទៀតនៅជាន់ក្រោម។ អ្នកដែលនៅជាន់ក្រោម នៅពេលពួកគេត្រូវការដងទឹក គឺពួកគេត្រូវឆ្លងកាត់អ្នកដែលនៅខាងលើពួកគេ។ ពេលនោះ ពួកគេក៏និយាយថា៖ ប្រសិនបើយើងចោះរន្ធនៅផ្នែករបស់ពួកយើងដើម្បីកុំឲ្យរំខានដល់អ្នកនៅខាងលើពួកយើង(វាជាការប្រសើរ)។ ដូចនេះ ប្រសិនបើអ្នកនៅខាងលើបណ្តោយឱ្យពួកគេធ្វើតាមបំណង នោះពួកគេនឹងអន្តរាយទាំងអស់គ្នា។ តែប្រសិនបើពួកគេឃាត់ដៃ(រារាំង)អ្នកទាំងនោះ នោះពួកគេនឹងរួចផុត(ពីគ្រោះថ្នាក់)ទាំងអស់គ្នា”។
ហាទីស្ហសហេស រាយការណ៍ដោយ អាល់ពូខរី
“ចូរពួកអ្នកផ្សព្វផ្សាយចុះអំពីខ្ញុំ សូម្បីមួយប្រយោគក៏ដោយ។ ហើយពួកអ្នកអាចនិយាយពីរឿងរ៉ាវនៃអម្បូរអ៊ីស្រាអែលបាន គ្មានបញ្ហាអ្វីឡើយ។ ហើយជនណាដែលភូតកុហកមកលើខ្ញុំដោយចេតនា ចូរឲ្យគេរៀបចំកន្លែងរបស់គេនៅក្នុងឋាននរកចុះ”។
ហាទីស្ហសហេស រាយការណ៍ដោយ អាល់ពូខរី
“នឹងមានមេដឹកនាំដែលគិតតែផលប្រយោជន៍ផ្ទាល់ខ្លួន និងរឿងរ៉ាវជាច្រើនដែលពួកអ្នកជំទាស់(ព្រោះវាមិនត្រឹមត្រូវ)”។ ពួកគេបានសួរថា៖ ឱរ៉ស៊ូលុលឡោះ! តើលោកប្រើពួកខ្ញុំឲ្យធ្វើដូចម្តេច? លោកបានឆ្លើយថា៖ “ចូរពួកអ្នកបំពេញនូវអ្វីដែលជាកាតព្វកិច្ចលើពួកអ្នក ហើយសុំនូវអ្វីដែលជាកម្មសិទ្ធិរបស់ពួកអ្នកពីអល់ឡោះ”។
ហាទីស្ហសហេស រាយការណ៍ដោយ អាល់ពូខរី និងមូស្លីម
ក្នុងពេលដែលពួកយើងអង្គុយជាមួយណាពី ﷺ ក្នុងម៉ាស្ជិត មានបុរសម្នាក់ជិះសត្វអូដ្ឋចូលមក ហើយគេក៏បានឲ្យអូដ្ឋនោះលុតជង្គង់ចុះ រួចក៏បានចងសត្វអូដ្ឋនោះ។ បន្ទាប់មក បុរសនោះក៏សួរពួកគេថា៖ តើនរណាម្នាក់ក្នុងចំណោមពួកអ្នកជាមូហាំម៉ាត់? ខណៈនោះ ណាពី ﷺ កំពុងតែទម្រេតខ្លួននៅក្នុងចំណោមពួកគេ។ ពេលនោះ ពួកយើងបានឆ្លើយថា៖ គឺបុរសសម្បុរសដែលនៅទម្រេតខ្លួននេះ។ បុរសនោះក៏បាននិយាយទៅកាន់លោកថា៖ ឱកូនប្រុសរបស់អាប់ទុលមូតល់ឡឹប! ណាពី ﷺ បានតបទៅបុរសនោះវិញថា៖ “ខ្ញុំពិតជាឆ្លើយតបនឹងអ្នក”។ ពេលនោះ បុរសនោះក៏បាននិយាយទៅកាន់ណាពី ﷺ ថា៖ ខ្ញុំនឹងសួរអ្នកនូវសំណួរមួយដែលពិបាកសម្រាប់អ្នក ដូច្នេះកុំខឹងនឹងខ្ញុំ។ លោកបានឆ្លើយថា៖ “ចូរអ្នកសួរមកចុះនូវអ្វីដែលអ្នកចង់”។ បុរសនោះបាននិយាយថា៖ ខ្ញុំសួរអ្នកក្នុងនាមម្ចាស់របស់អ្នក និងម្ចាស់អ្នកជំនាន់មុនអ្នក។ តើអល់ឡោះជាម្ចាស់បញ្ជូនអ្នកមកកាន់មនុស្សគ្រប់គ្នាឬ? លោកបានឆ្លើយថា៖ “ឱអល់ឡោះជាម្ចាស់! ពិតមែនហើយ”។ បុរសនោះបាននិយាយថា៖ ខ្ញុំសូមសួរអ្នកក្នុងនាមអល់ឡោះ។ តើអល់ឡោះប្រើអ្នកឲ្យពួកយើងសឡាតក្នុងមួយថ្ងៃមួយយប់ប្រាំដងឬ? លោកបានឆ្លើយថា៖ “ឱអល់ឡោះជាម្ចាស់! ពិតមែនហើយ”។ បុរសនោះបាននិយាយថា៖ ខ្ញុំសួរអ្នកក្នុងនាមអល់ឡោះ។ តើអល់ឡោះប្រើអ្នកឲ្យពួកយើងបួសខែនេះ(ខែរ៉ម៉ាហ្ទន)ក្នុងមួយឆ្នាំឬ? លោកបានឆ្លើយថា៖ “ឱអល់ឡោះជាម្ចាស់! ពិតមែនហើយ”។ បុរសនោះបានបន្តថា៖ ខ្ញុំសួរអ្នកក្នុងនាមអល់ឡោះ។ តើអល់ឡោះប្រើអ្នកដកយកទាននេះ(ហ្សាកាត់)ពីអ្នកមាននៃពួកយើង រួចអ្នកបែងចែកវាទៅឲ្យអ្នកក្រនៃពួកយើងឬ? ណាពី សអវ លោកបានឆ្លើយថា៖ “ឱអល់ឡោះជាម្ចាស់! ពិតមែនហើយ”។ ពេលនោះ បុរសនោះក៏បាននិយាយថា៖ ខ្ញុំមានជំនឿចំពោះអ្វីដែលអ្នកនាំមកហើយ ហើយខ្ញុំ គឺជាអ្នកនាំសារអំពីក្រុមរបស់ខ្ញុំដែលនៅពីក្រោយខ្ញុំ។ ហើយខ្ញុំ គឺ ហ្ទាំម៉ាម ពិន សាក់ឡើហ្ពះ ជាបងប្អូនអម្បូរសាអាត់ ពិន ហ្ពាកើរ។
ហាទីស្ហសហេស រាយការណ៍ដោយ អាល់ពូខរី និងមូស្លីម
“ពិតប្រាកដណាស់ សាសនាអ៊ីស្លាម គឺងាយស្រួល។ បុគ្គលណាម្នាក់ដែលរឹតបន្តឹងចំពោះសាសនានេះខ្លាំងពេក នោះរូបគេនឹងបរាជ័យ ។ ហេតុនេះ ចូរពួកអ្នកធ្វើឲ្យបានត្រឹមត្រូវ និងព្យាយាមធ្វើឲ្យបានត្រឹមត្រូវ ហើយពួកអ្នកត្រូវរីករាយ និងត្រូវសុំជំនួយ(ពីអល់ឡោះ)ក្នុងការគោរពសក្ការៈ ដូចជាការចេញដំណើរពេលព្រឹក ពេលល្ងាច និងផ្នែកខ្លះនៃពេលយប់”។
ហាទីស្ហសហេស រាយការណ៍ដោយ អាល់ពូខរី