Skip to content
839 ហាទីស

សព្វវចនាធិប្បាយហាទីសរបស់ព្យាការី

ត្រងលទ្ធផល

67 នៃ 839 កាត

លុបតម្រង
“ពិតប្រាកដណាស់អល់ឡោះជាម្ចាស់ នៅពេលដែលទ្រង់ស្រលាញ់ខ្ញុំបម្រើ(របស់ទ្រង់)ណាម្នាក់ ទ្រង់បានហៅជីព្រីល ហើយមានបន្ទូលថា៖ ពិតប្រាកដណាស់ យើងពិតជាស្រលាញ់ម្នាក់នេះ។ ហេតុនេះ ចូរអ្នកស្រលាញ់គេ។ លោកបានមានប្រសាសន៍ថា៖ ពេលនោះ ជីព្រីលក៏ស្រលាញ់ជននោះ។ បន្ទាប់មក ជីព្រីលបានប្រកាសប្រាប់អ្នកនៅលើមេឃថា៖ ពិតប្រាកដណាស់ អល់ឡោះជាម្ចាស់ទ្រង់ស្រលាញ់ម្នាក់នេះ។ ហេតុនេះ ចូរពួកអ្នកស្រលាញ់គេ។ ពេលនោះ អ្នកដែលនៅលើមេឃក៏ស្រលាញ់ជននោះ។ លោកបានមានប្រសាសន៍បន្តថា៖ ក្រោយមក គេបានធ្វើឲ្យមនុស្សនៅលើផែនដីនេះស្រលាញ់ជននោះដែរ។ ហើយនៅពេលដែលទ្រង់ស្អប់ខ្ញុំបម្រើណាម្នាក់ ទ្រង់ហៅជីព្រីល ហើយមានបន្ទូលថា៖ ពិតប្រាកដណាស់ យើងពិតជាស្អប់ម្នាក់នេះ។ ហេតុនេះ ចូរអ្នកស្អប់គេ។ លោកបានមានប្រសាសន៍ថា៖ ពេលនោះ ជីព្រីលក៏ស្អប់ជននោះ។ បន្ទាប់មក ជីព្រីលបានប្រកាសប្រាប់អ្នកនៅលើមេឃថា៖ ពិតប្រាកដណាស់ អល់ឡោះជាម្ចាស់ទ្រង់ស្អប់ម្នាក់នេះ។ ហេតុនេះ ចូរពួកអ្នកស្អប់គេ។ លោកបានមានប្រសាសន៍បន្តថា៖ ពេលនោះ អ្នកដែលនៅលើមេឃក៏ស្អប់ជននោះ។ ក្រោយមក គេក៏បានធ្វើឲ្យមនុស្សនៅលើផែនដីនេះស្អប់ជននោះដែរ”។
ហាទីស្ហសហេស សហេស មូស្លីម
“ជាការពិតណាស់ អល់ឡោះជាម្ចាស់ពិតជាពន្យារពេលដល់អ្នកដែលបំពាន។ លុះដល់ពេលដែលទ្រង់ដាក់ទណ្ឌកម្មដល់គេ គឺគេនឹងមិនអាចគេចផុតបានឡើយ”។ គាត់បន្តថា៖ បន្ទាប់មក លោកបានសូត្រ៖ ﴿وَكَذَٰلِكَ أَخْذُ رَبِّكَ إِذَا أَخَذَ الْقُرَىٰ وَهِيَ ظَالِمَةٌ إِنَّ أَخْذَهُ أَلِيمٌ شَدِيدٌ﴾ [سورة هود(102)] (នោះហើយជាទណ្ឌកម្មនៃម្ចាស់របស់អ្នក។ នៅពេលណាដែលទ្រង់បានដាក់ទៅលើភូមិស្រុកណាមួយ គឺដោយសារតែភូមិស្រុកនោះបានធ្វើខុស។ ពិតប្រាកដណាស់ ទណ្ឌកម្មរបស់ទ្រង់ គឺឈឺចាប់បំផុត”)។
ហាទីស្ហសហេស រាយការណ៍ដោយ អាល់ពូខរី និងមូស្លីម
អំពីណាពី ﷺ លោកបានមានប្រសាសន៍ថា៖ “អល់ឡោះជាម្ចាស់ទ្រង់បានមានបន្ទូលថា៖ កូនចៅអាហ្ទាំបានបដិសេធមកចំពោះយើង ខណៈដែលគេគ្មានសិទ្ធិធ្វើបែបនេះឡើយ ហើយគេបានប្រមាថមកចំពោះយើង ខណៈដែលគេក៏គ្មានសិទ្ធិធ្វើបែបនេះដែរ។ ចំពោះការបដិសេធរបស់គេមកចំពោះយើងនោះ គឺការដែលគេនិយាយថា៖ អល់ឡោះមិនអាចត្រឡប់ខ្ញុំ(ឲ្យមានជីវិតឡើងវិញ) ដូចដែលដែលទ្រង់បានបង្កើតខ្ញុំលើកដំបូងនោះឡើយ។ តាមពិត ការបង្កើតគេឡើងវិញ គឺងាយស្រួលសម្រាប់យើងជាងការបង្កើតគេលើកដំបូងទៅទៀត។ ចំណែកឯការប្រមាថរបស់គេមកចំពោះយើង គឺការដែលគេនិយាយថា៖ អល់ឡោះជាម្ចាស់ទ្រង់មានបុត្រ ខណៈដែលយើងគឺជាម្ចាស់តែមួយគត់ ជាអ្នកដែលត្រូវគេពឹងពាក់។ យើងមិនប្រសូត្របុត្រ ហើយក៏មិនត្រូវគេប្រសូត្រនោះដែរ។ ហើយគ្មាននរណាម្នាក់អាចប្រៀបប្រដូចនឹងយើងឡើយ”។
ហាទីស្ហសហេស រាយការណ៍ដោយ អាល់ពូខរី
“អ្នកដែលលាក់បាំងប្រការមិនល្អរបស់ខ្ញុំបម្រើអល់ឡោះនៅក្នុងលោកិយ អល់ឡោះជាម្ចាស់នឹងលាក់បាំងប្រការមិនល្អរបស់ជននោះវិញនៅថ្ងៃបរលោក”។
ហាទីស្ហសហេស រាយការណ៍ដោយ មូស្លីម
“គ្មានជំងឺណាឆ្លងដោយខ្លួនឯងឡើយ ហើយក៏គ្មានប្រផ្នូលពីសត្វស្លាបអ្វីដែរ។ ហើយខ្ញុំចូលចិត្ដសុទិដ្ឋិនិយម”។ គាត់បាននិយាយថា៖ មានគេសួរថា៖ តើអ្វីជាសុទិដ្ឋិនិយម? លោកបានឆ្លើយថា៖ “គឺពាក្យសម្ដីល្អ”។
ហាទីស្ហសហេស រាយការណ៍ដោយ អាល់ពូខរី និងមូស្លីម
រ៉ស៊ូលុលឡោះ ﷺ លោកបានមានប្រសាសន៍ថា៖ “អល់ឡោះជាម្ចាស់ទ្រង់បានមានបន្ទូលថា៖ យើងតបស្នងអាស្រ័យទៅតាមការគិតរបស់ខ្ញុំបម្រើរបស់យើងមកចំពោះយើង ហើយយើងនៅជាមួយគេនៅពេលគេរំលឹកមកចំពោះយើង។ ប្រសិនបើគេរំឭកមកចំពោះយើងក្នុងចិត្តរបស់គេ យើងនឹងរំឭកដល់គេវិញក្នុងចិត្តរបស់យើង។ ប្រសិនបើគេរំឭកមកចំពោះយើងក្នុងក្រុមមួយ យើងនឹងរំឭកដល់គេវិញក្នុងក្រុមមួយដែលប្រសើរជាងក្រុមនោះទៅទៀត។ ប្រសិនបើគេខិតមកជិតយើងមួយចំអាម យើងនឹងខិតទៅជិតគេមួយហត្ថ។ ប្រសិនបើគេខិតមកជិតយើងមួយហត្ថ យើងនឹងខិតទៅជិតគេមួយព្យាម។ ហើយប្រសិនបើគេមករកយើងដោយដើរ យើងនឹងទៅរកគេវិញដោយការរត់ត្រឹកៗ”។
ហាទីស្ហសហេស រាយការណ៍ដោយ អាល់ពូខរី និងមូស្លីម
“នែកេ្មងប្រុស! ពិតណាស់ យើងនឹងបង្រៀនអ្នកនូវពាក្យពេចន៍ខ្លះៗ៖ ចូរអ្នកថែរក្សា(ក្បួនច្បាប់)អល់ឡោះ ទ្រង់នឹងថែរក្សាអ្នកវិញ។ ចូរអ្នកថែរក្សា(ក្បួនច្បាប់)អល់ឡោះ នោះអ្នកនឹងទទួលបានការចង្អុលបង្ហាញពីទ្រង់នៅពីមុខអ្នកជានិច្ច។ កាលណាអ្នកចង់សុំអ្វីមួយ ចូរអ្នកសុំពីអល់ឡោះ។ ហើយកាលណាអ្នកចង់សុំជំនួយ ចូរអ្នកសុំជំនួយពីអល់ឡោះ។ ចូរអ្នកដឹងថា មនុស្សលោកទាំងអស់ ប្រសិនបើពួកគេរួបរួមគ្នាដើម្បីផ្តល់ផលប្រយោជន៍អ្វីមួយដល់អ្នក ពួកគេនឹងមិនអាចផ្តល់ផលប្រយោជន៍នោះដល់អ្នកបានឡើយ លើកលែងតែអ្វីដែលអល់ឡោះបានកត់ត្រាសម្រាប់អ្នករួចប៉ុណ្ណោះ។ ហើយប្រសិនបើពួកគេរួបរួមគ្នាបង្កគ្រោះថ្នាក់(ធ្វើបាប)អ្នកលើបញ្ហាអ្វីមួយ ពួកគេក៏មិនអាចបង្កគ្រោះថ្នាក់ដល់អ្នកបាននោះដែរ លើកលែងតែអ្វីដែលអល់ឡោះបានកត់ត្រាចំពោះអ្នករួចប៉ុណ្ណោះ។ គេបានលើកស្លាបប៉ាកកា ហើយក្រដាសទាំងឡាយក៏បានស្ងួតអស់ដែរ(ការកត់ត្រារួចរាល់ហើយ)”។
ហាទីស្ហសហេស រាយការណ៍ដោយ អាត់តៀរមីហ្ស៊ី និងអ្នកផ្សេងទៀត
ក្នុងពេលដែលពួកយើងអង្គុយជាមួយណាពី ﷺ ក្នុងម៉ាស្ជិត មានបុរសម្នាក់ជិះសត្វអូដ្ឋចូលមក ហើយគេក៏បានឲ្យអូដ្ឋនោះលុតជង្គង់ចុះ រួចក៏បានចងសត្វអូដ្ឋនោះ។ បន្ទាប់មក បុរសនោះក៏សួរពួកគេថា៖ តើនរណាម្នាក់ក្នុងចំណោមពួកអ្នកជាមូហាំម៉ាត់? ខណៈនោះ ណាពី ﷺ កំពុងតែទម្រេតខ្លួននៅក្នុងចំណោមពួកគេ។ ពេលនោះ ពួកយើងបានឆ្លើយថា៖ គឺបុរសសម្បុរសដែលនៅទម្រេតខ្លួននេះ។ បុរសនោះក៏បាននិយាយទៅកាន់លោកថា៖ ឱកូនប្រុសរបស់អាប់ទុលមូតល់ឡឹប! ណាពី ﷺ បានតបទៅបុរសនោះវិញថា៖ “ខ្ញុំពិតជាឆ្លើយតបនឹងអ្នក”។ ពេលនោះ បុរសនោះក៏បាននិយាយទៅកាន់ណាពី ﷺ ថា៖ ខ្ញុំនឹងសួរអ្នកនូវសំណួរមួយដែលពិបាកសម្រាប់អ្នក ដូច្នេះកុំខឹងនឹងខ្ញុំ។ លោកបានឆ្លើយថា៖ “ចូរអ្នកសួរមកចុះនូវអ្វីដែលអ្នកចង់”។ បុរសនោះបាននិយាយថា៖ ខ្ញុំសួរអ្នកក្នុងនាមម្ចាស់របស់អ្នក និងម្ចាស់អ្នកជំនាន់មុនអ្នក។ តើអល់ឡោះជាម្ចាស់បញ្ជូនអ្នកមកកាន់មនុស្សគ្រប់គ្នាឬ? លោកបានឆ្លើយថា៖ “ឱអល់ឡោះជាម្ចាស់! ពិតមែនហើយ”។ បុរសនោះបាននិយាយថា៖ ខ្ញុំសូមសួរអ្នកក្នុងនាមអល់ឡោះ។ តើអល់ឡោះប្រើអ្នកឲ្យពួកយើងសឡាតក្នុងមួយថ្ងៃមួយយប់ប្រាំដងឬ? លោកបានឆ្លើយថា៖ “ឱអល់ឡោះជាម្ចាស់! ពិតមែនហើយ”។ បុរសនោះបាននិយាយថា៖ ខ្ញុំសួរអ្នកក្នុងនាមអល់ឡោះ។ តើអល់ឡោះប្រើអ្នកឲ្យពួកយើងបួសខែនេះ(ខែរ៉ម៉ាហ្ទន)ក្នុងមួយឆ្នាំឬ? លោកបានឆ្លើយថា៖ “ឱអល់ឡោះជាម្ចាស់! ពិតមែនហើយ”។ បុរសនោះបានបន្តថា៖ ខ្ញុំសួរអ្នកក្នុងនាមអល់ឡោះ។ តើអល់ឡោះប្រើអ្នកដកយកទាននេះ(ហ្សាកាត់)ពីអ្នកមាននៃពួកយើង រួចអ្នកបែងចែកវាទៅឲ្យអ្នកក្រនៃពួកយើងឬ? ណាពី សអវ លោកបានឆ្លើយថា៖ “ឱអល់ឡោះជាម្ចាស់! ពិតមែនហើយ”។ ពេលនោះ បុរសនោះក៏បាននិយាយថា៖ ខ្ញុំមានជំនឿចំពោះអ្វីដែលអ្នកនាំមកហើយ ហើយខ្ញុំ គឺជាអ្នកនាំសារអំពីក្រុមរបស់ខ្ញុំដែលនៅពីក្រោយខ្ញុំ។ ហើយខ្ញុំ គឺ ហ្ទាំម៉ាម ពិន សាក់ឡើហ្ពះ ជាបងប្អូនអម្បូរសាអាត់ ពិន ហ្ពាកើរ។
ហាទីស្ហសហេស រាយការណ៍ដោយ អាល់ពូខរី និងមូស្លីម