Skip to content
839 ហាទីស

សព្វវចនាធិប្បាយហាទីសរបស់ព្យាការី

ត្រងលទ្ធផល

123 នៃ 839 កាត

លុបតម្រង

អ្នករាយការណ៍

បង្ហាញអ្នករាយការណ៍ទាំងអស់ (54)
អំពី ណាពី ﷺ តាមអ្វីដែលលោកបានរាយការណ៍អំពីម្ចាស់របស់លោក ទ្រង់បានមានបន្ទូលថា៖ “នៅពេលដែលខ្ញុំបម្រើរបស់អល់ឡោះម្នាក់សាងបាបកម្ម បន្ទាប់មក គេពោលថា៖ “اللَّهُمَّ اغْفِرْ لِي ذَنْبِي” (ឱអល់ឡោះជាម្ចាស់! សូមទ្រង់មេត្តាអភ័យទោសដល់ខ្ញុំចំពោះបាបកម្មរបស់ខ្ញុំផង)។ ពេលនោះ អល់ឡោះជាម្ចាស់បានមានបន្ទូលថា៖ “ខ្ញុំបម្រើរបស់យើងបានសាងបាបកម្មមួយ ហើយគេដឹងថា រូបគេមានព្រះជាម្ចាស់ម្នាក់ជាអ្នកលើកលែងទោស និងដាក់ទោស”។ ក្រោយមក គេបានត្រឡប់ទៅសាងបាបកម្មទៀត រួចគេបានពោលថា៖ “أَيْ رَبِّ اغْفِرْ لِي ذَنْبِي” (ឱព្រះជាម្ចាស់! សូមទ្រង់មេត្តាអភ័យទោសដល់ខ្ញុំចំពោះបាបកម្មរបស់ខ្ញុំផង)។ ពេលនោះ អល់ឡោះជាម្ចាស់បានមានបន្ទូលថា៖ “ខ្ញុំបម្រើរបស់យើងបានសាងបាបកម្មមួយ ហើយគេដឹងថា រូបគេមានព្រះជាម្ចាស់ម្នាក់ជាអ្នកលើកលែងទោស និងដាក់ទោស”។ បន្ទាប់មក គេក៏ត្រឡប់ទៅសាងបាបកម្មម្តងទៀត រួចគេបានពោលថា៖ “أَيْ رَبِّ اغْفِرْ لِي ذَنْبِي” (ឱព្រះជាម្ចាស់! សូមទ្រង់មេត្តាអភ័យទោសដល់ខ្ញុំចំពោះបាបកម្មរបស់ខ្ញុំផង)។ ពេលនោះ អល់ឡោះជាម្ចាស់ក៏បានមានបន្ទូលថា៖ “ខ្ញុំបម្រើរបស់យើងបានសាងបាបកម្មមួយ ហើយគេដឹងថា រូបគេមានព្រះជាម្ចាស់ម្នាក់ជាអ្នកលើកលែងទោស និងដាក់ទោស។ ចូរអ្នកធ្វើអ្វីតាមដែលអ្នកចង់ចុះ។ ពិតប្រាកដណាស់ យើងពិតជាបានលើកលែងទោសឲ្យអ្នកហើយ”។
ហាទីស្ហសហេស រាយការណ៍ដោយ អាល់ពូខរី និងមូស្លីម
“ចូរពួកអ្នកជៀសវាងនូវប្រាំពីរប្រការដែលនាំឲ្យអន្ដរាយ”។ ពួកគេសួរថា៖ ឱរ៉ស៊ូលុលឡោះ! តើប្រការទាំងនោះមានអ្វីខ្លះ? លោកបានឆ្លើយថា៖ “គឺការធ្វើស្ហ៊ីរិកចំពោះអល់ឡោះ ការប្រើមន្ដអាគម ការសម្លាប់ជីវិតដែលអល់ឡោះហាមឃាត់ លើកលែងតែដោយស្របច្បាប់ ការស៊ីប្រាក់ការ ការស៊ីទ្រព្យកេ្មងកំព្រា ការរត់ចោលសមរភូមិក្នុងពេលជួបសត្រូវ និងការចោទប្រកាន់ស្ដ្រីមានជំនឿដែលស្អាតស្អំ បរិសុទ្ធ ថាប្រព្រឹត្តអំពើហ្ស៊ីណា”។
ហាទីស្ហសហេស រាយការណ៍ដោយ អាល់ពូខរី និងមូស្លីម
“បុគ្គលម្នាក់ៗនៃពួកអ្នកមិនទាន់មានជំនឿពេញលេញឡើយ លុះត្រាតែរូបគេស្រលាញ់ចង់បានល្អសម្រាប់បងប្អូនរបស់ខ្លួនដូចអ្វីដែលគេចង់បានសម្រាប់ខ្លួនឯង”។
ហាទីស្ហសហេស រាយការណ៍ដោយ អាល់ពូខរី និងមូស្លីម
ខ្ញុំធ្លាប់បានជិះសត្វលានៅពីក្រោយណាពី ﷺ ។ ពេលនោះ លោកបានសួរថា៖ “ឱមូអាស! តើអ្នកដឹងដែរឬទេ អ្វីទៅជាសិទ្ធិរបស់អល់ឡោះទៅលើខ្ញុំបម្រើរបស់ទ្រង់ ហើយអ្វីទៅជាសិទ្ធិរបស់ខ្ញុំបម្រើអល់ឡោះចំពោះអល់ឡោះនោះ”? ខ្ញុំបានឆ្លើយថា៖ អល់ឡោះ និងអ្នកនាំសាររបស់ទ្រង់ដឹងបំផុត។ លោកបានមានប្រសាសន៍ថា៖ “ពិតប្រាកដណាស់ សិទ្ធិរបស់អល់ឡោះទៅលើខ្ញុំបម្រើទាំងឡាយ គឺពួកគេត្រូវគោរពសក្ការៈចំពោះទ្រង់តែមួយគត់ និងមិនត្រូវធ្វើស្ហ៊ីរិកចំពោះទ្រង់នឹងអ្វីមួយឡើយ។ ចំណែកឯសិទ្ធិរបស់ខ្ញុំបម្រើទាំងឡាយចំពោះអល់ឡោះវិញ គឺទ្រង់មិនដាក់ទណ្ឌកម្មចំពោះអ្នកដែលមិនធ្វើស្ហ៊ីរិកចំពោះទ្រង់នឹងអ្វីមួយឡើយ”។ ពេលនោះ ខ្ញុំបានសួរថា៖ ឱរ៉សូលុលឡោះ! តើឲ្យខ្ញុំផ្ដល់ដំណឹងរីករាយនេះដល់មនុស្សលោកដែរឬទេ? លោកបានឆ្លើយថា៖ “ចូរអ្នកកុំប្រាប់ពួកគេ ព្រោះធ្វើឲ្យពួកគេផេ្ដកផ្ដួល”។
ហាទីស្ហសហេស រាយការណ៍ដោយ អាល់ពូខរី និងមូស្លីម
ជាការពិតណាស់ រ៉ស៊ូលុលឡោះ ﷺ លោកធ្លាប់បានចេញមកជួបនឹងសហាហ្ពាត់របស់លោកមួយក្រុមដែលកំពុងជួបជុំគ្នា ហើយលោកបានសួរថា៖ “តើអ្វីទៅដែលធ្វើឲ្យពួកអ្នកមកអង្គុយជុំគ្នា(នៅទីនេះ)”? ពួកគេបានឆ្លើយថា៖ ពួកយើងអង្គុយហ្ស៊ីកៀរ(រលឹក)ទៅចំពោះអល់ឡោះជាម្ចាស់ ហើយ ថ្លែងសរសើរទៅចំពោះទ្រង់ចំពោះការដែលទ្រង់បានចង្អុលបង្ហាញពួកយើងនូវសាសនាអ៊ីស្លាម និងប្រទានវាដល់ពួកយើង។ លោកបានសួរទៀតថា៖ “តើហ៊ានស្បថនឹងអល់ឡោះឬទេថា ពួកអ្នកអង្គុយជុំគ្នានេះ គឺគ្មានបំណងអ្វីផ្សេងក្រៅពីនេះនោះ”? ពួកគេបានឆ្លើយថា៖ សូមស្បថនឹងអល់ឡោះ! គ្មានអ្វីដែលធ្វើឲ្យពួកយើងមកអង្គុយជុំគ្នា(នៅទីនេះ)ក្រៅពីនេះនោះឡើយ។ លោកក៏បានមានប្រសាសន៍ថា៖ “ពិតប្រាកដណាស់ ខ្ញុំមិនបានសុំឲ្យពួកអ្នកស្បថដោយចោទប្រកាន់ចំពោះពួកអ្នកនោះទេ។ ក៏ប៉ុន្ដែ ម៉ាឡាអ៊ីកាត់ជីព្រីលបានមកជួបខ្ញុំ ហើយបានប្រាប់ខ្ញុំថា ជាការពិតណាស់ អល់ឡោះជាម្ចាស់ទ្រង់បានលើកសរសើរពីពួកអ្នកនៅចំពោះមុខម៉ាឡាអ៊ីកាត់ទាំងឡាយ”។
ហាទីស្ហសហេស រាយការណ៍ដោយ មូស្លីម
“លុយមួយទីណើរដែលល្អជាងគេបំផុតដែលបុរសចំណាយ គឺទីណើរដែលគេចំណាយទៅលើក្រុមគ្រួសាររបស់ខ្លួន និងទីណើរដែលគេចំណាយទៅលើជំនិះរបស់ខ្លួនក្នុងមាគ៌ាអល់ឡោះ ហើយនិងទីណើរដែលគេចំណាយទៅលើមិត្ដភក្ដិរបស់ខ្លួនក្នុងមាគ៌ាអល់ឡោះ”។ អាពូគីឡាហ្ពះ បាននិយាយថា៖ លោកបានចាប់ផ្តើមដោយគ្រួសារមុន។ បន្ទាប់មក អាពូគីឡាហ្ពះ បានបន្តថា៖ តើបុរសណាដែលទទួលបានផលបុណ្យធំធេងជាងបុរសដែលចំណាយទៅលើកូនតូចៗរបស់ខ្លួន ដោយអល់ឡោះនឹងធ្វើឲ្យពួកគេស្អាតស្អំមិនត្រូវការសុំអ្នកដ៏ទៃតាមរយៈរូបគេ ឬអល់ឡោះផ្តល់ប្រយោជន៍ដល់ពួកគេ និងធ្វើឱ្យពួកគេកាន់តែមានជីវភាពធូរធារនោះ?
ហាទីស្ហសហេស រាយការណ៍ដោយ មូស្លីម
“ពិតប្រាកដណាស់ អ្នកដែលប្រកាន់ខ្ជាប់នូវភាពយុត្ដិធម៌ទាំងឡាយ នៅចំពោះមុខអល់ឡោះជាម្ចាស់ គឺស្ថិតនៅលើវេទិកាដែលធ្វើអំពីពន្លឺ ស្ថិតនៅផ្នែកខាងស្តាំនៃម្ចាស់ដ៏មហាសប្បុរស ហើយព្រះហត្ថទាំងទ្វេរបស់ទ្រង់ គឺខាងស្តាំ គឺអ្នកដែលប្រកាន់នូវភាពយុត្ដិធម៌នៅក្នុងការកាត់ក្ដីរបស់ខ្លួន នៅក្នុងក្រុមគ្រួសាររបស់ខ្លួន និងអ្វីដែលខ្លួនគ្រប់គ្រង”។
ហាទីស្ហសហេស រាយការណ៍ដោយ មូស្លីម
“ពិតប្រាកដណាស់ អល់ឡោះមិនផ្ទំឡើយ ហើយក៏គ្មានការចាំបាច់ដែលទ្រង់ត្រូវផ្ទំនោះដែរ។ ទ្រង់ទម្លាក់ជញ្ជីងចុះ និងលើកវាឡើង។ គេ(ម៉ាឡាអ៊ីកាត់)លើកយកទង្វើ(របស់ខ្ញុំបម្រើទ្រង់)ដែលបានសាងនៅពេលយប់ទៅកាន់ទ្រង់ មុននឹងទង្វើដែលបានសាងនៅពេលថ្ងៃ។ ហើយគេលើកយកទង្វើ(របស់ពួកគេ)ដែលបានសាងនៅពេលថ្ងៃទៅកាន់ទ្រង់ មុននឹងទង្វើដែលបានសាងនៅពេលយប់។ របាំងរបស់ទ្រង់ គឺពន្លឺ។ (នៅក្នុងសេចក្តីរាយការណ៍ផ្សេងទៀត៖ គឺភ្លើង)។ ប្រសិនបើទ្រង់បើកវាចេញនោះ រស្មីដ៏ឧត្ដុង្គឧត្ដមនៃព្រះភ័ក្ត្ររបស់ទ្រង់នឹងដុតបំផ្លាញអ្វីៗទាំងអស់ដែលព្រះនេត្ររបស់ទ្រង់អាចមើលឃើញនៃភាវៈទាំងឡាយរបស់ទ្រង់”។
ហាទីស្ហសហេស រាយការណ៍ដោយ មូស្លីម