Skip to content
839 ហាទីស

សព្វវចនាធិប្បាយហាទីសរបស់ព្យាការី

ត្រងលទ្ធផល

7 នៃ 839 កាត

លុបតម្រង

អ្នករាយការណ៍

“សឡាតរបស់បុរសជាលក្ខណៈរួមគ្នា(ជើម៉ាអះ)ទទួលបានផលបុណ្យលើសពីសឡាតរបស់ជននោះនៅឯផ្ទះនិងនៅផ្សារច្រើនជាងម្ភៃកម្រិត។ នោះគឺដោយសារតែនៅពេលដែលនរណាម្នាក់នៃពួកគេយកវូហ្ទុ គឺគេយកដោយល្អប្រសើរ(ត្រឹមត្រូវ) បន្ទាប់មក គេទៅម៉ាស្ជិតដោយគ្មានមូលហេតុអ្វីឲ្យគេចេញទៅទីនោះក្រៅពីការសឡាតឡើយ ហើយគេក៏គ្មានបំណងអ្វីក្រៅពីសឡាតដែរ។ ដូចនេះ រាល់ជំហានដែលជននោះដើរ គេនឹងលើកតម្កើងឋានៈរបស់ជននោះមួយកម្រិត ហើយលុបបំបាត់ចោលកំហុសឆ្គង(បាបកម្ម)របស់គេមួយ រហូតដល់រូបគេចូលម៉ាស្ជិត។ នៅពេលដែលគេបានចូលក្នុងម៉ាស្ជិត គឺត្រូវបានគេចាត់ទុកថាដូចជាគេកំពុងតែសឡាត ខណៈពេលដែលគេកំពុងរង់ចាំសឡាតនោះ។ ហើយម៉ាឡាអ៊ីកាត់នៅសឡាវ៉ាត(បួងសួង)ឲ្យនរណាម្នាក់នៃពួកអ្នក ដរាបណាគេអង្គុយនៅកន្លែងដែលគេបានសឡាតរួចនោះ។ ពួកគេ(ម៉ាឡាអ៊ីកាត់)បួងសួងថា៖ ឱអល់ឡោះជាម្ចាស់! សូមទ្រង់មេត្តាអាណិតស្រលាញ់គាត់ផង។ ឱអល់ឡោះជាម្ចាស់! សូមទ្រង់មេត្តាអភ័យទោសឲ្យគាត់ផង។ ឱអល់ឡោះជាម្ចាស់! សូមទ្រង់មេត្តាទទួលយកការសារភាពកំហុស(តាវហ្ពាត់)ពីគាត់ផង ដរាបណាគាត់មិនបង្កបញ្ហា ដរាបណាគាត់មិនដាច់វូហ្ទុ”។
ហាទីស្ហសហេស រាយការណ៍ដោយ អាល់ពូខរី និងមូស្លីម
មានបុរសពិការភ្នែកម្នាក់បានទៅជួបណាពី ﷺ ហើយនិយាយថា៖ ឱរ៉ស៊ូលុលឡោះ! ខ្ញុំគ្មានអ្នកនាំផ្លូរទៅម៉ាស្ជិតទេ ដោយគាត់សុំរ៉ស៊ូលុលឡោះ ﷺ លើកលែងឲ្យគាត់សឡាតនៅផ្ទះ។ ពេលនោះ លោកក៏បានអនុញ្ញាតឲ្យគាត់។ នៅពេលដែលគាត់បែរត្រឡប់ទៅវិញ លោកក៏បានហៅគាត់ ហើយសួរថា៖ “តើអ្នកមានឮការអាហ្សាន(ប្រកាសហៅ)សឡាតដែរឬទេ”? គាត់បានឆ្លើយថា៖ បាទឮ។ លោកក៏បានមានប្រសាសន៍ថា៖ “បើដូច្នេះ ចូរអ្នកឆ្លើយតបចំពោះការប្រកាសហៅ”។
ហាទីស្ហសហេស រាយការណ៍ដោយ មូស្លីម
“សឡាតរួមគ្នា(ជើម៉ាអះ) គឺល្អប្រសើរជាងការដែលម្នាក់ៗនៃពួកអ្នកសឡាតម្នាក់ឯងចំនួនម្ភៃប្រាំកម្រិត។ ហើយម៉ាឡាអ៊ីកាត់ពេលយប់ និងម៉ាឡាអ៊ីកាត់ពេលថ្ងៃជួបជុំគ្នានៅពេលសឡាតស៊ូពុស”។ ក្រោយមក អាពូហ៊ូរ៉យរ៉ោះ បាននិយាយថា៖ ចូរពួកអ្នកសូត្រចុះ ប្រសិនបើពួកអ្នកចង់៖ “إِنَّ قُرْآنَ الْفَجْرِ كَانَ مَشْهُودًا” “ពិតប្រាកដណាស់ ការសឡាតស៊ូពុស គឺត្រូវបានគេធ្វើជាសាក្សី”។
ហាទីស្ហសហេស រាយការណ៍ដោយ អាល់ពូខរី និងមូស្លីម
“បុគ្គលណាដើរទៅម៉ាស្ជិតនៅពេលព្រឹក ឬពេលល្ងាច អល់ឡោះជាម្ចាស់នឹងរៀបចំកន្លែងមួយសម្រាប់ជននោះនៅក្នុងឋានសួគ៌នៅរៀងរាល់ពេលដែលគេចេញទៅនៅពេលព្រឹក ឬនៅពេលល្ងាច”។
ហាទីស្ហសហេស រាយការណ៍ដោយ អាល់ពូខរី និងមូស្លីម
“នៅពេលដែលគេអ៊ីក៏ម៉ាត់សឡាត គឺគ្មានសឡាតផ្សេងក្រៅពីសឡាតដែលជាកាតព្វកិច្ចឡើយ”។
ហាទីស្ហសហេស រាយការណ៍ដោយ មូស្លីម
“បុគ្គលណាទទួលទានខ្ទឹមស ឬខ្ទឹមបារាំង ចូរឲ្យគេទៅឆ្ងាយពីពួកយើង ឬលោកមានប្រសាសន៍ថា៖ ចូរឲ្យគេទៅឆ្ងាយពីម៉ាស្ជិតរបស់ពួកយើង ហើយត្រូវស្នាក់នៅក្នុងផ្ទះរបស់ខ្លួន”។ នៅពេលគេនាំយកឆ្នាំងមួយដែលមានបន្លែបៃតងមកឲ្យណាពី ﷺ លោកបានធំក្លិនរបស់វា។ ពេលនោះ លោកក៏សួរ ហើយគេក៏ប្រាប់លោកពីបន្លែដែលមាននៅក្នុងឆ្នាំងនោះ។ លោកក៏បញ្ជាឲ្យគេយកវាដាក់ជិតសហាហ្ពាត់មួយចំនួនរបស់លោកដែលនៅជាមួយលោកដែរ។ នៅពេលសហាហ្ពាត់នោះឃើញលោក(មិនទទួលទាន) គាត់មិនចង់ទទួលទានវាដែរ។ ណាពី ﷺ ក៏បានមានប្រសាសន៍ថា៖ “សូមអ្នកទទួលទានចុះ ព្រោះខ្ញុំនិយាយជាមួយអ្នកដែលអ្នកមិនបាននិយាយជាមួយ(ម៉ាឡាអ៊ីកាត់)”។
ហាទីស្ហសហេស រាយការណ៍ដោយ អាល់ពូខរី និងមូស្លីម
“ជួរដែលល្អជាងគេសម្រាប់បុរស គឺជួរទីមួយ ហើយជួរដែលអាក្រក់ជាងគេ គឺជួរចុងក្រោយ។ ចំណែកឯជួរដែលល្អជាងគេសម្រាប់ស្ដ្រី គឺជួរចុងក្រោយ ហើយជួរដែលអាក្រក់ជាងគេ គឺជួរទីមួយ”។
ហាទីស្ហសហេស រាយការណ៍ដោយ មូស្លីម