Skip to content
839 ហាទីស

សព្វវចនាធិប្បាយហាទីសរបស់ព្យាការី

ត្រងលទ្ធផល

6 នៃ 839 កាត

លុបតម្រង
ពិតណាស់គាត់តឹកពៀរនៅក្នុងគ្រប់សឡាតទាំងអស់ ទាំងសឡាតដែលជាកាតព្វកិច្ច(សឡាតហ្វើរទូ) ទាំងសឡាតដែលមិនមែនជាកាតព្វកិច្ច(សឡាតស៊ូណិត) ទាំងក្នុងខែរ៉ម៉ាហ្ទន ទាំងក្រៅពីខែរ៉ម៉ាហ្ទន ដោយគាត់តឹកពៀរនៅពេលឈរ(ចាប់ផ្តើមសឡាត) ក្រោយមក គាត់តឹកពៀរនៅពេលឱនរូកុ។ បន្ទាប់មក គាត់សូត្រថា៖ “سَمِعَ اللهُ لِمَنْ حَمِدَهُ” រួចសូត្រថា៖ “رَبَّنَا وَلَكَ الْحَمْدُ” មុននឹងគាត់ស៊ូជោត។ បន្ទាប់មកទៀត គាត់សូត្រថា៖ “اللهُ أَكْبَرُ”នៅពេលដែលគាត់ចុះទៅស៊ូជោត។ ក្រោយមក គាត់តឹកពៀរនៅពេលដែលគាត់ងើបក្បាលពីស៊ូជោតវិញ។ ក្រោយមកទៀត គាត់តឹកពៀរ(ម្តងទៀត)នៅពេលដែលគាត់ស៊ូជោត(ជាលើកទីពីរ)។ បន្ទាប់មក គាត់តឹកពៀរនៅពេលដែលគាត់ងើបក្បាលពីស៊ូជោតវិញ។ បន្ទាប់មកទៀត គាត់តឹកពៀរនៅពេលដែលគាត់ក្រោកឈរឡើងពីការអង្គុយ(តះយិត)ក្នុងរ៉ក្អាត់ទីពីរ។ ហើយគាត់ធ្វើបែបនេះនៅរាល់រ៉ក្អាត់ទាំងអស់ រហូតដល់គាត់សឡាតរួចរាល់។ បន្ទាប់មក គាត់បាននិយាយនៅពេលដែលគាត់សឡាតរួចរាល់ថា៖ សូមស្បថនឹងអ្នកដែលជីវិតខ្ញុំស្ថិតក្នុងកណ្តាប់ដៃទ្រង់! ជាការពិតណាស់ ខ្ញុំពិតជាអ្នកដែលសឡាតស្រដៀងនឹងសឡាតរបស់រ៉ស៊ូលុលឡោះ ﷺ ជាងគេក្នុងចំណោមពួកអ្នក។ ពិតណាស់ នេះគឺជាការសឡាតរបស់លោក រហូតដល់លោកលាចាកលោកិយ។
ហាទីស្ហសហេស រាយការណ៍ដោយ អាល់ពូខរី និងមូស្លីម
ពិតណាស់ រ៉ស៊ូលុលឡោះ ﷺ លោកតែងលើកដៃទាំងពីររបស់លោកស្មើនឹងស្មានៅពេលចាប់ផ្តើមសឡាត និងនៅពេលតឹកពៀរដើម្បីរូកុ។ ហើយនៅពេលងើបក្បាលពីរូកុវិញ លោកក៏លើកដៃទាំងពីរដូចគ្នានេះដែរ ហើយសូត្រថា៖ “سَمِعَ اللَّهُ لِمَنْ حَمِدَهُ، رَبَّنَا وَلَكَ الحَمْدُ” (អល់ឡោះជាម្ចាស់ទ្រង់ឮហើយអ្នកដែលសរសើរទ្រង់។ ឱម្ចាស់របស់យើង ហើយការសរសើរទាំងឡាយ គឺសម្រាប់ទ្រង់)។ ហើយលោកមិនធ្វើដូចនេះទេនៅពេលស៊ូជោត។
ហាទីស្ហសហេស រាយការណ៍ដោយ អាល់ពូខរី និងមូស្លីម
រ៉ស៊ូលុលឡោះ ﷺ លោកបានបង្រៀនខ្ញុំនូវតាស្ហះហ៊ុទ(តះយិត) ខណៈដែលដៃរបស់ខ្ញុំនៅចន្លោះដៃទាំងពីររបស់លោក ដូចជាការដែលលោកបង្រៀនខ្ញុំនូវស៊ូរ៉ោះមួយពីគម្ពីរគួរអានថា៖ »التَّحِيَّاتُ لِلَّهِ، وَالصَّلَوَاتُ وَالطَّيِّبَاتُ، السَّلاَمُ عَلَيْكَ أَيُّهَا النَّبِيُّ وَرَحْمَةُ اللَّهِ وَبَرَكَاتُهُ، السَّلاَمُ عَلَيْنَا وَعَلَى عِبَادِ اللَّهِ الصَّالِحِينَ، أَشْهَدُ أَنْ لاَ إِلَهَ إِلَّا اللَّهُ، وَأَشْهَدُ أَنَّ مُحَمَّدًا عَبْدُهُ وَرَسُولُهُ« ចំណែកឯនៅក្នុងពាក្យពេចន៍ដែលរាយការណ៍ដោយគាត់ទាំងពីរ(ពូខរី និងមូស្លីម)វិញ៖ “ពិតប្រាកដណាស់ អល់ឡោះជាម្ចាស់ គឺជា អាស្សាឡាម(អ្នកដែលផ្តល់សន្តិភាព)។ ហេតុនេះ នៅពេលនរណាម្នាក់ក្នុងចំណោមពួកអ្នកអង្គុយ(តះយិត)ក្នុងសឡាត ចូរឲ្យគេសូត្រថា៖ التَّحِيَّاتُ لِلَّهِ وَالصَّلَوَاتُ وَالطَّيِّبَاتُ السَّلَامُ عَلَيْكَ أَيُّهَا النَّبِيُّ وَرَحْمَةُ اللهِ وَبَرَكَاتُهُ، السَّلَامُ عَلَيْنَا وَعَلَى عِبَادِ اللهِ الصَّالِحِينَ នៅពេលដែលគេពោលពាក្យនេះ ពាក្យនេះនឹងបានដល់ខ្ញុំបម្រើរបស់អល់ឡោះដែលជាអ្នកសាងទង្វើកុសលគ្រប់រូបនៅលើមេឃ និងផែនដី។ أَشْهَدُ أَنْ لَا إِلَهَ إِلَّا اللهُ، وَأَشْهَدُ أَنَّ مُحَمَّدًا عَبْدُهُ وَرَسُولُهُ បន្ទាប់មក ចូរជ្រើសរើសនូវអ្វីដែលគេចង់បួងសួងសុំតាមក្តីប្រាថ្នា”។
ហាទីស្ហសហេស រាយការណ៍ដោយ អាល់ពូខរី និងមូស្លីម
ពិតណាស់ រ៉ស៊ូលុលឡោះ ﷺ បានចូលក្នុងម៉ាស្ជិត ហើយមានបុរសម្នាក់បានចូលមក រួចសឡាត។ បន្ទាប់មក បុរសនោះបានឲ្យសាឡាមទៅកាន់ណាពី ﷺ ។ លោកក៏បានតបសាឡាម ហើយបានមានប្រសាសន៍ថា៖ “ចូរអ្នកត្រឡប់ទៅសឡាតម្តងទៀត។ ពិតណាស់ អ្នកមិនទាន់បានសឡាតឡើយ”។ បុរសនោះក៏ត្រឡប់ទៅសឡាតម្តងទៀតដូចដែលគាត់បានសឡាត។ បន្ទាប់មក គាត់បានត្រឡប់មកវិញ រួចឲ្យសាឡាមទៅកាន់ណាពី ﷺ ។ ពេលនោះ លោកបានមានប្រសាសន៍ថា៖ “ចូរអ្នកត្រឡប់ទៅសឡាតម្តងទៀត។ ពិតណាស់ អ្នកមិនទាន់បានសឡាតឡើយ”។ ករណីនេះបានកើតឡើងចំនួនបីដង។ ហេតុដូច្នេះ បុរសនោះក៏បាននិយាយថា៖ សូមស្បថនឹងអ្នកដែលបានតែងតាំងលោកមកដោយការពិត! ខ្ញុំមិនអាចធ្វើបានល្អជាងនេះទេ។ ហេតុនេះ សូមលោកបង្រៀនខ្ញុំផង។ ណាពី ﷺ បានមានប្រសាសន៍ថា៖ “នៅពេលអ្នកឈរដើម្បីសឡាត ចូរអ្នកតឹកពៀរ។ បន្ទាប់មក ចូរអ្នកសូត្រអ្វីដែលងាយស្រួលសម្រាប់អ្នកពីគម្ពីរគួរអាន។ បន្ទាប់មក ចូរអ្នករូកុ រហូតដល់អ្នកមានភាពនឹងនរក្នុងពេលរូកុនោះ។ បន្ទាប់មក ចូរអ្នកងើបឡើង រហូតដល់អ្នកឈរត្រង់ខ្លួន។ បន្ទាប់មក ចូរអ្នកស៊ូជោត រហូតដល់អ្នកមានភាពនឹងនរក្នុងពេលស៊ូជោតនោះ។ បន្ទាប់មកទៀត ចូរអ្នកងើបឡើង រហូតដល់អ្នកមានភាពនឹងនរក្នុងពេលអង្គុយ។ ហើយចូរអ្នកធ្វើបែបនេះក្នុងការសឡាតទាំងមូលរបស់អ្នក”។
ហាទីស្ហសហេស រាយការណ៍ដោយ អាល់ពូខរី និងមូស្លីម
“ខ្ញុំត្រូវបានគេបញ្ជាឱ្យក្រាបស៊ូជោត(ក្រាបថ្វាយបង្គំ)លើអវយវៈទាំងប្រាំពីរគឺ ថ្ងាស ហើយលោកបានចង្អុលទៅកាន់ច្រមុះរបស់លោក ដៃទាំងពីរ ក្បាលជង្គង់ទាំងពីរ និងចុងម្រាមជើងទាំងពីរ។ ហើយយើងមិនត្រូវមូរសម្លៀកបំពាក់ ឬសក់ឡើយ”។
ហាទីស្ហសហេស រាយការណ៍ដោយ អាល់ពូខរី និងមូស្លីម
ពិតណាស់មានបុរសមួយក្រុមបានទៅជួបនឹង សះល៍ ពិន សាអាត់ អាស្សាអ៊ីទីយ៍ ខណៈដែលពួកគេបានប្រកែកគ្នាចំពោះរឿងមិមពើរ(របស់ណាពី) ថាតើវាធ្វើពីឈើអ្វី។ ពេលនោះ ពួកគេក៏សួរគាត់ពីបញ្ហានេះ។ គាត់បាននិយាយថា៖ សូមស្បថចំពោះអល់ឡោះ! ខ្ញុំពិតជាដឹងថាមិមពើរនេះធ្វើអំពីអ្វី។ ពិតណាស់ ខ្ញុំបានឃើញវានៅថ្ងៃដំបូងដែលគេបានដាក់មិមពើរនេះ និងនៅថ្ងៃដំបូងដែលរ៉ស៊ូលុលឡោះ ﷺ បានអង្គុយលើវា។ រ៉ស៊ូលុលឡោះ ﷺ លោកបានបញ្ជូនទៅកាន់មនុស្សម្នាក់(គឺស្រ្តីម្នាក់ក្នុងចំណោមពួកអាន់សរដែល សះល៍ បានដាក់ឈ្មោះឲ្យនាង)ថា៖ ចូរនាងប្រើអ្នកបម្រើរបស់នាងដែលជាជាងឈើឲ្យធ្វើមិមពើរឲ្យខ្ញុំដែលខ្ញុំអាចអង្គុយពីលើវានៅពេលដែលខ្ញុំនិយាយទៅកាន់សហាហ្ពាត់។ ដូចនេះ ស្ត្រីនោះក៏បានប្រើអ្នកបម្រើរបស់ខ្លួន ហើយគេក៏បានធ្វើវាពី ឈើនៃដើមតើរហ្វាកព្រៃដែលមាននៅក្រៅម៉ាទីណះភាគខាងលិច(ស្រដៀងដើមស្រល់) ក្រោយពីធ្វើរួចរាល់ ស្ត្រីនោះក៏បញ្ជូនវាទៅឲ្យរ៉ស៊ូលុលឡោះ ﷺ ។ ហើយលោកបានប្រាប់ឲ្យដាក់នូវនៅកន្លែងរបស់វា។ ក្រោយមក ខ្ញុំបានឃើញរ៉ស៊ូលុលឡោះ ﷺ លោកសឡាតនៅលើមិមពើរនោះ និងបានតឹកពៀរនៅលើវា។ ក្រោយមក លោករូកុនៅលើវា។ បន្ទាប់មក លោកបានចុះមក ដើរថយក្រោយបន្តិច រួចលោកក៏ស៊ូជោតនៅត្រង់គ្រឹះមិមពើរនោះ ក្រោយមក លោកក៏ត្រឡប់ទៅលើមិមពើរវិញ។ នៅពេលដែលលោកសឡាតរួចរាល់ លោកបានបែរទៅកាន់សហាហ្ពាត់ ហើយបានមានប្រសាសន៍ថា៖ “ឱមនុស្សលោកទាំងឡាយ! តាមពិតខ្ញុំធ្វើ(មិមពើរ)នេះ គឺដើម្បីឲ្យអ្នកទាំងអស់គ្នាអាចតាមដាន និងរៀនសូត្រពីការសឡាតរបស់ខ្ញុំ”។
ហាទីស្ហសហេស រាយការណ៍ដោយ អាល់ពូខរី និងមូស្លីម