Skip to content
839 ហាទីស

សព្វវចនាធិប្បាយហាទីសរបស់ព្យាការី

ត្រងលទ្ធផល

48 នៃ 839 កាត

លុបតម្រង

អ្នករាយការណ៍

បង្ហាញអ្នករាយការណ៍ទាំងអស់ (34)
ថ្ងៃមួយ ពេលដែលពួកយើងកំពុងនៅជាមួយរ៉ស៊ូលុលឡោះ ﷺ ស្រាប់តែមានបុរសម្នាក់បានលេចមុខមកដោយស្លៀកសម្លៀកបំពាក់ពណ៌សស្គុស សក់ខ្មៅរលោង។ មិនឃើញមានស្លាកស្នាមអ្វីមួយនៅលើខ្លួនគាត់ដែលបញ្ជាក់ថា ជាអ្នកដំណើរមកពីឆ្ងាយនោះឡើយ ហើយក៏គ្មានអ្នកណាម្នាក់ក្នុងចំណោមពួកយើងស្គាល់គាត់នោះដែរ។ ក្រោយមក បុរសនោះក៏អង្គុយទល់មុខណាពី ﷺ ដោយយកជង្គង់របស់គាត់ទាំងពីរដាក់ទល់នឹងជង្គង់ណាពី ហើយបាតដៃទាំងពីររបស់គាត់ដាក់លើភ្លៅខ្លួនឯង រួចគាត់និយាយថា៖ ឱមូហាំម៉ាត់! ចូរអ្នកប្រាប់ខ្ញុំអំពីអ៊ីស្លាម។ រ៉ស៊ូលុលឡោះបានឆ្លើយថា៖ “អ៊ីស្លាមគឺ អ្នកត្រូវធ្វើសាក្សីថា គ្មានទេម្ចាស់ដែលត្រូវគេគោរពសក្ការៈដ៏ពិតប្រាកដ មានតែអល់ឡាះមួយគត់ ហើយមូហាំម៉ាត់ គឺជាអ្នកនាំសាររបស់អល់ឡោះ។ ហើយត្រូវប្រតិបត្តិសឡាត បរិច្ចាគហ្សាកាត់ បួសខែរ៉ម៉ាហ្ទន និងធ្វើធម្មយាត្រាហាជ្ជីនៅពៃតុលឡោះ ប្រសិនបើអ្នកមានលទ្ធភាពទៅដល់”។ បុរសនោះក៏និយាយថា៖ ត្រឹមត្រូវ។ គាត់(អ៊ូមើរ)បាននិយាយថា៖ ពួកយើងមានការងឿងឆ្ងល់ជាខ្លាំង ព្រោះគាត់សួរណាពី ហើយគាត់និយាយថា ត្រឹមត្រូវ។ បន្ទាប់មក បុរសនោះក៏សួរបន្តទៀតថា៖ ចូរអ្នកប្រាប់ខ្ញុំអំពីអ៊ីម៉ាន់(ជំនឿ)។ ណាពីបានឆ្លើយថា៖ អ៊ីម៉ាន់(ជំនឿ)នោះគឺ អ្នកត្រូវជឿចំពោះអល់ឡោះ ជឿចំពោះម៉ាឡាអ៊ីកាត់របស់ទ្រង់ បណ្តាគម្ពីររបស់ទ្រង់បណ្តាអ្នកនាំសាររបស់ទ្រង់ ជឿចំពោះថ្ងៃបរលោក ហើយត្រូវជឿចំពោះវាសនាល្អនិងវាសនាអាក្រក់(ថាត្រូវបានអល់ឡោះកំណត់រួចជាស្រេច)”។ បុរសនោះក៏និយាយថា៖ ត្រឹមត្រូវ។ គាត់ក៏សួរបន្តទៀតថា៖ ចូរអ្នកប្រាប់ខ្ញុំអំពីអៀហសាន‏(ទង្វើល្អ)? រ៉ស៊ូលុលឡោះបានឆ្លើយថា៖ “អៀហសាន‏(ទង្វើល្អ)នោះគឺ អ្នកត្រូវគោរពសក្ការៈចំពោះអល់ឡោះហាក់ដូចជាអ្នកមើលឃើញទ្រង់ បើទោះជា(ជាក់ស្តែង)អ្នកមិនបានឃើញទ្រង់ តែ(អ្នកត្រូវជឿជាក់ថា)ទ្រង់កំពុងមើលឃើញអ្នក”។ បុរសនោះសួរបន្តទៀតថា៖ ចូរប្រាប់ខ្ញុំអំពីថ្ងៃបរលោក(តើវាកើតឡើងនៅពេលណា)? ណាពីបានឆ្លើយថា៖ “មិនមែនអ្នកដែលត្រូវគេសួរសុទ្ធតែចេះជាងអ្នកសួរនោះទេ”។ បុរសនោះក៏សួរបន្តទៀតថា៖ ចូរអ្នកប្រាប់ខ្ញុំអំពីសញ្ញាសម្គាល់របស់វា(ថ្ងៃបរលោក)។ ណាពីបានឆ្លើយថា៖ “នៅពេលដែលទាសីប្រសូត្របានកូនជាចៅហ្វាយនាយរបស់ខ្លួន នៅពេលដែលអ្នកក្រខ្សត់គ្មានស្បែកជើងនិងសម្លៀកបំពាក់ អ្នកគង្វាលចៀមប្រកួតប្រជែងគ្នាខាងការសាងសង់”។ បន្ទាប់មក បុរសនោះក៏ចាកចេញទៅ។ មួយសន្ទុះក្រោយមក ណាពីក៏បានសួរមកកាន់ខ្ញុំ(អ៊ូមើរ)ថា៖ “ឱអ៊ូមើរ! តើអ្នកដឹងទេថា តើនរណាជាអ្នកដែលសួរ(អម្បាញ់មិញ)”? ខ្ញុំបានឆ្លើយថា៖ មានតែអល់ឡោះ និងអ្នកនាំសាររបស់ទ្រង់ទេដែលដឹងជាងគេ។ លោកបានប្រាប់ថា៖ “ពិតប្រាកដណាស់ នោះគឺម៉ាឡាអ៊ីកាត់ជីព្រីល។ គាត់មកជួបពួកអ្នកដើម្បីបង្រៀនកិច្ចការសាសនារបស់ពួកអ្នកដល់ពួកអ្នក”។
ហាទីស្ហសហេស រាយការណ៍ដោយ មូស្លីម
ពិតណាស់ មានមនុស្សមួយក្រុមក្នុងចំណោមសហាហ្ពាត់ណាពី ﷺ បាននិយាយទៅកាន់ណាពី ﷺ ថា៖ ឱរ៉ស៊ូលុលឡោះ! អ្នកមានទាំងឡាយគេយកផលបុណ្យអស់ហើយ។ ពួកគេសឡាតដូចពួកខ្ញុំសឡាតដែរ ពួកគេបួសដូចពួកខ្ញុំបួសដែរ ហើយពួកគេមានទ្រព្យសម្បត្ដិសេសសល់ដើម្បីបរិច្ចាគទានថែមទៀត។ លោកក៏បានមានប្រសាសន៍ថា៖ “តើអល់ឡោះមិនបានផ្តល់អ្វីឲ្យពួកអ្នកដើម្បីបរិច្ចាគទេឬ? ពិតប្រាកដណាស់ រាល់ការតាសពេស្ហ គឺជាការបរិច្ចាគទានមួយ។ រាល់ការតឹកពៀរ គឺជាការបរិច្ចាគទានមួយ។ រាល់ការតះមីទ គឺជាការបរិច្ចាគទានមួយ។ រាល់ការតះលីល គឺជាការបរិច្ចាគទានមួយ។ ការប្រើគ្នាឲ្យធ្វើអំពើល្អ គឺជាការបរិច្ចាគទានមួយ។ ការហាមឃាត់គ្នាពីអំពើអាក្រក់ គឺជាការបរិច្ចាគទានមួយ។ ហើយការដែលនរណាម្នាក់ក្នុងចំណោមពួកអ្នករួមមេត្រីជាមួយភរិយា ក៏ជាការបរិច្ចាគទានមួយដែរ"។ ពួកគេបានសួរថា៖ ឱរ៉ស៊ូលុលឡោះ! តើការដែលបុគ្គលណាម្នាក់ក្នុងចំណោមពួកយើងបំពេញចំណង់តណ្ហារបស់ខ្លួនសោះនោះ តើបានផលបុណ្យដែរឬ? លោកបានឆ្លើយថា៖ តើពួកអ្នកយល់យ៉ាងណា ប្រសិនបើរូបគេបំពេញចំណង់តណ្ហាក្នុងផ្លូវដែលគេហាមឃាត់ តើរូបគេនឹងមានបាបកម្មមែនទេ? ដូច្នោះដែរ ប្រសិនបើគេបំពេញវាតាមផ្លូវដែលស្របច្បាប់ នោះគេនឹងទទួលបានផលបុណ្យ”។
ហាទីស្ហសហេស រាយការណ៍ដោយ មូស្លីម
“ការបោះបង់ក្តីប្រាថ្នាចំពោះលោកិយនេះ នោះអល់ឡោះជាម្ចាស់នឹងស្រលាញ់មកចំពោះអ្នក។ ហើយបោះបង់ក្តីប្រាថ្នាចំពោះរបស់ដែលមនុស្សមាន នោះមនុស្សនឹងស្រលាញ់អ្នក”។
អាន់ណាវ៉ាវី បាននិយាយថា៖ ហាទីស្ហហាសាន់ រាយការណ៍ដោយ អ៊ិពនូម៉ាហ្ជះ និងអ្នកផ្សេងទៀត តាមរយៈបណ្តាញអ្នករាយការណ៍ល្អ(សាណាត់ហាសាន់)
“ចូរពួកអ្នកប្រគល់ទ្រព្យមរតកដល់អ្នកដែលមានសិទ្ធិទទួល ហើយអ្វីដែលនៅសល់ គឺសម្រាប់បុរសជាសាច់ញាតិជិតបំផុត”។
ហាទីស្ហសហេស រាយការណ៍ដោយ អាល់ពូខរី និងមូស្លីម
“ពិតប្រាកដណាស់ អល់ឡោះជាម្ចាស់ និងអ្នកនាំសាររបស់ទ្រង់បានហាមឃាត់ការលក់ស្រា សត្វងាប់ សាច់ជ្រូក និងរូបបដិមា”។ ពេលនោះ មានគេសួរថា៖ ឱរ៉ស៊ូលុលឡោះ! តើលោកយល់យ៉ាងណាចំពោះខ្លាញ់សត្វដែលងាប់? ពីព្រោះវាត្រូវបានគេប្រើដើម្បីលាបទូក លាបស្បែក និងប្រើជាពន្លឺបំភ្លឺ។ លោកបានឆ្លើយថា៖ “ទេ វាត្រូវបានហាមឃាត់”។ បន្ទាប់មក រ៉ស៊ូលុលឡោះ ﷺ លោកបានមានប្រសាសន៍ថា៖ “អល់ឡោះជាម្ចាស់បានដាក់បណ្តាសាចំពោះពួកយូដា។ ជាការពិតណាស់ នៅពេលដែលអល់ឡោះហាមឃាត់ខ្លាញ់សត្វ ពួកគេបានយកខ្លាញ់ទៅរំលាយ រួចលក់វា ហើយទទួលទានពីតម្លៃរបស់វា”។
ហាទីស្ហសហេស រាយការណ៍ដោយ អាល់ពូខរី និងមូស្លីម
“ចូរអ្នករស់នៅក្នុងលោកិយប្រៀបដូចអ្នកជាមនុស្សចម្លែកម្នាក់ ឬជាអ្នកដំណើរ”។ ហើយអ៊ិពនូអ៊ូមើរបាននិយាយថា៖ នៅពេលដែលពេលល្ងាចមកដល់ ចូរអ្នកកុំរង់ចាំពេលព្រឹក។ ហើយនៅពេលដែលពេលព្រឹកមកដល់ ចូរអ្នកកុំរង់ចាំពេលល្ងាច។ ចូរអ្នកសាងទង្វើកុសលពេលអ្នកមានសុខភាពល្អទុកសម្រាប់ពេលអ្នកឈឺ និងពេលដែលអ្នកនៅមានជីវិតទុកសម្រាប់ពេលអ្នកស្លាប់។
ហាទីស្ហសហេស រាយការណ៍ដោយ អាល់ពូខរី
“នែកេ្មងប្រុស! ពិតណាស់ យើងនឹងបង្រៀនអ្នកនូវពាក្យពេចន៍ខ្លះៗ៖ ចូរអ្នកថែរក្សា(ក្បួនច្បាប់)អល់ឡោះ ទ្រង់នឹងថែរក្សាអ្នកវិញ។ ចូរអ្នកថែរក្សា(ក្បួនច្បាប់)អល់ឡោះ នោះអ្នកនឹងទទួលបានការចង្អុលបង្ហាញពីទ្រង់នៅពីមុខអ្នកជានិច្ច។ កាលណាអ្នកចង់សុំអ្វីមួយ ចូរអ្នកសុំពីអល់ឡោះ។ ហើយកាលណាអ្នកចង់សុំជំនួយ ចូរអ្នកសុំជំនួយពីអល់ឡោះ។ ចូរអ្នកដឹងថា មនុស្សលោកទាំងអស់ ប្រសិនបើពួកគេរួបរួមគ្នាដើម្បីផ្តល់ផលប្រយោជន៍អ្វីមួយដល់អ្នក ពួកគេនឹងមិនអាចផ្តល់ផលប្រយោជន៍នោះដល់អ្នកបានឡើយ លើកលែងតែអ្វីដែលអល់ឡោះបានកត់ត្រាសម្រាប់អ្នករួចប៉ុណ្ណោះ។ ហើយប្រសិនបើពួកគេរួបរួមគ្នាបង្កគ្រោះថ្នាក់(ធ្វើបាប)អ្នកលើបញ្ហាអ្វីមួយ ពួកគេក៏មិនអាចបង្កគ្រោះថ្នាក់ដល់អ្នកបាននោះដែរ លើកលែងតែអ្វីដែលអល់ឡោះបានកត់ត្រាចំពោះអ្នករួចប៉ុណ្ណោះ។ គេបានលើកស្លាបប៉ាកកា ហើយក្រដាសទាំងឡាយក៏បានស្ងួតអស់ដែរ(ការកត់ត្រារួចរាល់ហើយ)”។
ហាទីស្ហសហេស រាយការណ៍ដោយ អាត់តៀរមីហ្ស៊ី និងអ្នកផ្សេងទៀត
“ពិតប្រាកដណាស់ ប្រការដែលគេអនុញ្ញាតឲ្យ(ប្រការហាឡាល់) គឺច្បាស់លាស់ ហើយប្រការដែលគេហាមឃាត់(ប្រការហារ៉ាំ) ក៏ច្បាស់លាស់ដែរ។ ប៉ុន្ដែនៅរវាងប្រការទាំងពីរនេះ គឺមានប្រការមិនច្បាស់លាស់ជាច្រើនដែលមនុស្សភាគច្រើនមិនដឹងឡើយ។ ហេតុនេះ បុគ្គលណាការពារខ្លួនពីប្រការមិនច្បាស់លាស់ គេប្រាកដជាមានសុវត្ថិភាពចំពោះសាសនា និងកិត្ដិយសរបស់ខ្លួន។ ហើយជនណាដែលធ្លាក់ក្នុងប្រការមិនច្បាស់លាស់ គឺគេនឹងធ្លាក់ទៅក្នុងប្រការដែលគេហាមឃាត់ ប្រៀបដូចជាអ្នកគង្វាលដែលយកសត្វទៅឃ្វាលនៅជុំវិញរបងដែលស្ទើរតែធ្វើឲ្យសត្វស៊ីដំណាំនៅក្នុងរបងនោះ។ ជាការពិតណាស់ គ្រប់មហាក្សត្រទាំងអស់សុទ្ធតែមានតំបន់ហាមឃាត់ ហើយពិតណាស់ តំបន់ហាមឃាត់របស់អល់ឡោះនោះ គឺប្រការដែលទ្រង់បានហាមឃាត់។ ពិតណាស់ នៅក្នុងខ្លួនប្រាណនីមួយៗ គឺមានសាច់មួយដុំ។ ប្រសិនបើសាច់នោះល្អ ខ្លួនប្រាណទាំងមូលក៏ល្អដែរ។ តែប្រសិនបើសាច់នោះខូចវិញ ខ្លួនប្រាណទាំងមូលក៏ខូចដែរ។ ប្រាកដណាស់ វានោះគឺចិត្ដ”។
ហាទីស្ហសហេស រាយការណ៍ដោយ អាល់ពូខរី និងមូស្លីម