Skip to content
839 ហាទីស

សព្វវចនាធិប្បាយហាទីសរបស់ព្យាការី

ត្រងលទ្ធផល

40 នៃ 839 កាត

លុបតម្រង
“ភាពជ្រះស្អាត គឺជាពាក់កណ្តាលនៃជំនឿ។ ការសូត្រថា៖ “الْحَمْدُ لِلهِ” (ការសរសើរទាំងឡាយ គឺសម្រាប់អល់ឡោះ) គឺបំពេញភ្នែកជញ្ជីង(ថ្ងៃបរលោក)។ ការសូត្រថា៖ “سُبْحَانَ اللهِ وَالْحَمْدُ لِلهِ” (អល់ឡោះមហាស្អាតស្អំ ហើយការសរសើរទាំងឡាយ គឺសម្រាប់អល់ឡោះ) ពាក្យទាំងពីរនេះ (ឬពាក្យនេះ) គឺបំពេញនូវអ្វីៗដែលនៅចន្លោះមេឃជាច្រើនជាន់ និងផែនដី។ ការសឡាត ជារស្មី។ ការបរិច្ចាគទាន ជាអំណះអំណាង។ ការអត់ធ្មត់ ជាពន្លឺ។ គម្ពីរគួរអានជាភស្តុតាងសម្រាប់អ្នក ឬជាភស្តុតាងប្រឆាំងនឹងអ្នក។ មនុស្សគ្រប់រូបចេញធ្វើអ្វីៗនៅពេលព្រឹក អ្នកខ្លះលក់ខ្លួន(ធ្វើអំពើល្អ)ដើម្បីរំដោះខ្លួន(ពីនរក) ឬធ្វើឲ្យខ្លួនឯងអន្តរាយ(ធ្លាក់ចូលក្នុងនរក)”។
ហាទីស្ហសហេស រាយការណ៍ដោយ មូស្លីម
“កូនចៅអាហ្ទាំមិនបានបំពេញចំណុះអ្វីមួយអាក្រក់ជាងការបំពេញក្រពះនោះឡើយ។ គ្រប់គ្រាន់ហើយសម្រាប់កូនចៅអាហ្ទាំនូវការបរិភោគអាហារក្នុងកម្រិតដែលអាចទ្រទ្រង់ខ្នងរបស់ខ្លួន។ ហើយប្រសិនបើចាំបាច់ដោយខានមិនបាននោះ គឺមួយភាគបីសម្រាប់អាហារ មួយភាគបីសម្រាប់ទឹក និងមួយភាគបីទៀតសម្រាប់ការដកដង្ហើម”។
ហាទីស្ហសហេស រាយការណ៍ដោយ អ៊ីម៉ាំអះម៉ាត់ អាត់តៀរមីហ្ស៊ី អាន់ណាសាអ៊ី និងអ៊ិពនូម៉ាហ្ជះ
“ចូរអ្នកបោះបង់ចោលអ្វីដែលធ្វើឲ្យអ្នកមន្ទិលសង្ស័យ រួចងាកទៅរកអ្វីដែលមិនធ្វើឲ្យអ្នកមន្ទិលសង្ស័យ”។
ហាទីស្ហសហេស រាយការណ៍ដោយ អាត់តៀរមីហ្ស៊ី និងអាន់ណាសាអ៊ី
“ពិតណាស់ ក្នុងចំណោមប្រសាសន៍របស់ណាពីមុនៗដែលមនុស្សបានដឹងតៗគ្នានោះគឺ ប្រសិនបើអ្នកមិនចេះខ្មាសអៀនទេនោះ ចូរអ្នកធ្វើអ្វីតាមតែចិត្ដអ្នកចុះ”។
ហាទីស្ហសហេស រាយការណ៍ដោយ អាល់ពូខរី
“ពិតប្រាកដណាស់ អ្នកបានសួរនូវសំណួរដ៏ធំធេងមួយ តែវាពិតងាយស្រួលចំពោះអ្នកដែលអល់ឡោះទ្រង់សម្រួលឲ្យ គឺអ្នកត្រូវគោរពសក្ការៈចំពោះអល់ឡោះ និងមិនត្រូវធ្វើស្ហ៊ីរិកទៅចំពោះទ្រង់នឹងអ្វីមួយឡើយ ហើយត្រូវប្រតិបត្ដិសឡាត បរិច្ចាគហ្សាកាត់ បួសខែរ៉ម៉ាហ្ទន និងធ្វើធម្មយាត្រាហាជ្ជីនៅពៃតុលឡោះ”។ បន្ទាប់មក លោកបានមានប្រសាសន៍ថា៖ “តើអ្នកចង់ឲ្យខ្ញុំបង្ហាញអ្នកនូវបណ្តាទ្វារនៃប្រការល្អដែរឬទេ? ការបួស គឺជារនាំង។ ការបរិច្ចាគទាន វាបំបាត់ចោលនូវបាបកម្មដូចជាទឹកពន្លត់ភ្លើង និងការប្រតិបត្ដិសឡាតនៅពេលយប់”។ បន្ទាប់មក លោកបានសូត្រ៖ “تَتَجَافَى جُنُوبُهُمْ عَنِ المَضَاجِعِ”(ខ្លួនពួកគេបានក្រោកចេញពីកន្លែងគេង) រហូតដល់ “يَعْمَلُونَ” (ចំពោះអ្វីដែលពួកគេបានសាង)។ ក្រោយមក លោកបានសួរថា៖ “តើអ្នកចង់ឲ្យខ្ញុំប្រាប់អ្នកពីកិច្ចការដំបូងគេ សសរទ្រូងរបស់វា និងចំណុចកំពូលរបស់វា ឬទេ”? ខ្ញុំបានឆ្លើយថា៖ ពិតមែនហើយ ឱរ៉ស៊ូលុលឡោះ។ លោកបានមានប្រសាសន៍ថា៖ “កិច្ចការដំបូងគេ គឺអ៊ីស្លាម សសរទ្រូងរបស់វា គឺសឡាត ហើយចំណុចកំពូលរបស់វា គឺការតស៊ូក្នុងផ្លូវអល់ឡោះ”។ បន្ទាប់មក លោកបានមានប្រសាសន៍ថា៖ “តើអ្នកចង់ឲ្យខ្ញុំប្រាប់អ្នកពីអ្វីដែលអាចគ្រប់គ្រងប្រការទាំងអស់នោះដែរឬទេ”? ខ្ញុំបានឆ្លើយថា៖ ពិតមែនហើយ ឱរ៉ស៊ូលុលឡោះ។ ពេលនោះ លោកបានកាន់អណ្ដាតរបស់លោក ហើយបានមានប្រសាសន៍ថា៖ “ចូរអ្នកថែរក្សារបស់នេះ”។ ខ្ញុំបានសួរថា ឱណាពីរបស់អល់ឡោះ! តើពួកយើងត្រូវគេយកទោសពៃរ៍ចំពោះអ្វីដែលយើងនិយាយដែរមែនទេ? លោកបានឆ្លើយថា៖ “កំព្រាម្ដាយហើយអ្នក! តើគេទាញមនុស្សផ្កាប់មុខក្នុងឋាននរកមិនដោយសារតែពាក្យសំដីដែលចេញពីអណ្ដាតរបស់គេទេឬ”?
ហាទីស្ហសហេស រាយការណ៍ដោយ អាត់តៀរមីហ្ស៊ី
“ជនណាដែលមានជំនឿចំពោះអល់ឡោះនិងថ្ងៃបរលោក ចូរឲ្យគេនិយាយអ្វីដែលល្អ ឬនៅស្ងៀម។ ជនណាដែលមានជំនឿចំពោះអល់ឡោះនិងថ្ងៃបរលោក ចូរឲ្យគេផ្តល់តម្លៃដល់អ្នកជិតខាងរបស់ខ្លួន។ ហើយជនណាដែលមានជំនឿចំពោះអល់ឡោះនិងថ្ងៃបរលោក ចូរឲ្យគេផ្ដល់តម្លៃដល់ភ្ញៀវរបស់ខ្លួន”។
ហាទីស្ហសហេស រាយការណ៍ដោយ អាល់ពូខរី និងមូស្លីម
ពិតណាស់ មានបុរសម្នាក់បាននិយាយទៅកាន់ណាពី ﷺ ថា៖ សូមលោកផ្តាំផ្ញើខ្ញុំមក។ លោកបានមានប្រសាសន៍ថា៖ “ចូរអ្នកកុំខឹងសម្បា”។ បុរសនោះនិយាយដដែលៗថា៖ សូមលោកផ្តាំផ្ញើខ្ញុំមក។ លោកបានផ្តាំដដែលថា៖ “ចូរអ្នកកុំខឹងសម្បា”។
ហាទីស្ហសហេស រាយការណ៍ដោយ អាល់ពូខរី
“ឈាម(អាយុជីវិត)របស់អ្នកមូស្លីមមិនត្រូវបានអនុញ្ញាតឡើយ លើកលែងតែដោយ(ការប្រព្រឹត្ត)ប្រការមួយក្នុងចំណោមប្រការទាំងបី៖ អ្នកដែលរៀបការ រួចប្រព្រឹត្តអំពើហ្ស៊ីណា ជីវិតសងដោយជីវិត និងអ្នកដែលបោះបង់សាសនា បំបែកបំបាក់សាមគ្គីភាព”។
ហាទីស្ហសហេស រាយការណ៍ដោយ អាល់ពូខរី និងមូស្លីម