Skip to content
839 ហាទីស

សព្វវចនាធិប្បាយហាទីសរបស់ព្យាការី

ត្រងលទ្ធផល

7 នៃ 839 កាត

លុបតម្រង
“បុគ្គលណាជួយដោះទុក្ខអ្នកមានជំនឿមួយក្នុងចំណោមទុក្ខនានាក្នុងលោកិយ អល់ឡោះជាម្ចាស់នឹងជួយដោះទុក្ខជននោះវិញក្នុងចំណោមទុក្ខនានានៅថ្ងៃបរលោក។ បុគ្គលណាជួយសម្រួលដល់អ្នកមានការលំបាក នោះអល់ឡោះជាម្ចាស់នឹងជួយសម្រួលដល់ជននោះវិញទាំងក្នុងលោកិយ និងថ្ងៃបរលាក។ បុគ្គលណាជួយលាក់បាំង(ប្រការមិនល្អ)របស់អ្នកមូស្លីម អល់ឡោះជាម្ចាស់នឹងជួយលាក់បាំងជននោះវិញទាំងក្នុងលោកិយ និងថ្ងៃបរលោក។ អល់ឡោះទ្រង់ជួយដល់ខ្ញុំបម្រើរបស់ទ្រង់ ដរាបណាខ្ញុំបម្រើនោះចេះជួយដល់បងប្អូនរបស់ខ្លួន។ បុគ្គលណាធ្វើដំណើរតាមផ្លូវមួយដើម្បីសេ្វងរកចំណេះវិជ្ជា អល់ឡោះជាម្ចាស់នឹងជួយសម្រួលផ្លូវមួយឲ្យជននោះទៅកាន់ឋានសួគ៌។ រាល់ក្រុមទាំងឡាយដែលប្រមូលផ្ដុំគ្នានៅក្នុងគេហដ្ឋានមួយក្នុងចំណោមគេហដ្ឋានទាំងឡាយរបស់អល់ឡោះ(ម៉ាស្ជិត)ដើម្បីសូត្រគម្ពីររបស់អល់ឡោះ(គម្ពីរគួរអាន) និងបង្រៀនវាដល់គ្នាទៅវិញទៅមក នោះភាពនឹងនរប្រាកដជានឹងកើតមានចំពោះពួកគេ ក្ដីមេត្តាករុណានឹងគ្របដណ្ដប់លើពួកគេ ម៉ាឡាអ៊ីកាត់នឹងនៅជុំវិញពួកគេ ហើយអល់ឡោះជាម្ចាស់នឹងរំលឹកពីពួកគេនៅក្នុងចំណោមក្រុមអ្នកដែលនៅក្បែរទ្រង់។ ជនណាហើយដែលមិនបានសាងទង្វើល្អទេនោះ ពូជអម្បូររបស់គេមិនអាចផ្ដល់ផលប្រយោជន៍អ្វីដល់គេឡើយ”។
ហាទីស្ហសហេស រាយការណ៍ដោយ មូស្លីម
“ចូរពួកអ្នកកុំឈ្នានីសគ្នា កុំដេញថ្លៃទំនិញចោល កុំស្អប់ខ្ពើមគ្នា កុំបែរខ្នងដាក់គ្នា កុំលក់លើការលក់របស់អ្នកដទៃ(ដណ្ដើមភ្ញៀវពីគ្នា) ហើយត្រូវធ្វើជាខ្ញុំបម្រើអល់ឡោះក្នុងនាមជាបងប្អូននឹងគ្នា។ អ្នកមូស្លីមគឺជាបងប្អូននឹងអ្នកមូស្លីម មិនប្រព្រឹត្ដអយុត្ដិធម៌ចំពោះគ្នា មិនបោះបង់ចោលការជួយគ្នា និងមិនមើលងាយគ្នាឡើយ។ ការកោតខ្លាចអល់ឡោះ គឺស្ថិតនៅត្រង់នេះ(លោកចង្អុលទៅទ្រូងរបស់លោកបីដង)។ គ្រប់គ្រាន់ហើយប្រការអាក្រក់របស់អ្នកមូស្លីម ប្រសិនបើគេមើលស្រាលបងប្អូនរបស់ខ្លួនជាអ្នកមូស្លីម។ រវាងអ្នកមូស្លីមទាំងអស់នឹងអ្នកមូស្លីមត្រូវបានហាមឃាត់ចំពោះឈាមរបស់គេ ទ្រព្យសម្បត្ដិរបស់គេ និងកិត្ដិយសរបស់គេ”។
ហាទីស្ហសហេស រាយការណ៍ដោយ មូស្លីម
“ពិតប្រាកដណាស់ អល់ឡោះជាម្ចាស់ទ្រង់បានមានបន្ទូលថា៖ បុគ្គលណាយកអ្នកមានជំនឿ និងកោតខ្លាចយើង(វ៉ើលីអល់ឡោះ)ធ្វើជាសត្រូវ យើងនឹងប្រកាសសង្គ្រាមជាមួយជននោះ។ ខ្ញុំបម្រើរបស់យើងមិនបានធ្វើអ្វីមួយដើម្បីឲ្យខ្លួនគេកាន់តែខិតជិតមកចំពោះយើង និងធ្វើឲ្យយើងពេញចិត្ត ជាង(ការអនុវត្ត)អ្វីដែលយើងបានដាក់ជាកាតព្វកិច្ចទៅចំពោះគេឡើយ។ ហើយខ្ញុំបម្រើរបស់យើងនៅតែធ្វើទង្វើល្អដោយស្ម័គ្រចិត្ត(ប្រការស៊ូណិត)មកចំពោះយើងជានិច្ច រហូតដល់យើងពេញចិត្តចំពោះគេ។ កាលណាយើងពេញចិត្តចំពោះគេហើយ យើងនឹងថែរក្សាគេមិនឲ្យស្តាប់ឮ មិនឲ្យមើលឃើញ មិនឲ្យប៉ះពាល់អ្វីដែលច្បាប់មិនអនុញ្ញាត និងមិនឲ្យគេដើរទៅកន្លែងណាដែលច្បាប់មិនអនុញ្ញាត‏នោះឡើយ។ ប្រសិនបើគេសុំអ្វីមួយពីយើង យើងប្រាកដជានឹងផ្តល់ឲ្យគេ។ ហើយប្រសិនបើគេសុំឲ្យយើងបញ្ចៀសអ្វីមួយពីគេ យើងប្រាកដជានឹងបញ្ចៀសប្រការនោះពីគេជាមិនខាន”។
ហាទីស្ហសហេស រាយការណ៍ដោយ អាល់ពូខរី
“ជនណាដែលមានជំនឿចំពោះអល់ឡោះនិងថ្ងៃបរលោក ចូរឲ្យគេនិយាយអ្វីដែលល្អ ឬនៅស្ងៀម។ ជនណាដែលមានជំនឿចំពោះអល់ឡោះនិងថ្ងៃបរលោក ចូរឲ្យគេផ្តល់តម្លៃដល់អ្នកជិតខាងរបស់ខ្លួន។ ហើយជនណាដែលមានជំនឿចំពោះអល់ឡោះនិងថ្ងៃបរលោក ចូរឲ្យគេផ្ដល់តម្លៃដល់ភ្ញៀវរបស់ខ្លួន”។
ហាទីស្ហសហេស រាយការណ៍ដោយ អាល់ពូខរី និងមូស្លីម
ពិតណាស់ មានបុរសម្នាក់បាននិយាយទៅកាន់ណាពី ﷺ ថា៖ សូមលោកផ្តាំផ្ញើខ្ញុំមក។ លោកបានមានប្រសាសន៍ថា៖ “ចូរអ្នកកុំខឹងសម្បា”។ បុរសនោះនិយាយដដែលៗថា៖ សូមលោកផ្តាំផ្ញើខ្ញុំមក។ លោកបានផ្តាំដដែលថា៖ “ចូរអ្នកកុំខឹងសម្បា”។
ហាទីស្ហសហេស រាយការណ៍ដោយ អាល់ពូខរី
“រាល់សន្លាក់ទាំងអស់របស់មនុស្សត្រូវធ្វើការបរិច្ចាគទានជារៀងរាល់ថ្ងៃដែលព្រះអាទិត្យរះឡើង។ ការផ្សះផ្សារវាងបុគ្គលពីរនាក់ដោយយុត្ដិធម៌ ជាការបរិច្ចាគទានមួយ។ ការជួយមនុស្សម្នាក់ឲ្យឡើងជំនិះរបស់ខ្លួន ឬជួយលើកឥវ៉ាន់ដាក់លើជំនិះរបស់គាត់ ជាការបរិច្ចាគទានមួយ។ ពាក្យសម្ដីល្អ ជាការបរិច្ចាគទានមួយ។ រាល់ជំហានដែលគេដើរទៅសឡាត ជាការបរិច្ចាគទានមួយ ហើយការយកអ្វីដែលបង្កបញ្ហាដល់អ្នកដំណើរចេញពីផ្លូវ ក៏ជាការបរិច្ចាគទានមួយដែរ”។
ហាទីស្ហសហេស រាយការណ៍ដោយ អាល់ពូខរី និងមូស្លីម
“ពិតប្រាកដណាស់ អល់ឡោះជាម្ចាស់ទ្រង់ស្អាតស្អំ។ ទ្រង់មិនទទួលយកទេ លើកលែងតែអ្វីដែលស្អាតស្អំ។ ហើយពិតណាស់ អល់ឡោះជាម្ចាស់បានដាក់បទបញ្ជាលើបណ្តាអ្នកមានជំនឿដូចអ្វីដែលទ្រង់បានដាក់លើបណ្ដាអ្នកនាំសារទាំងឡាយផងដែរ ដោយទ្រង់បានមានបន្ទូលថា៖ “ឱបណ្ដាអ្នកនាំសារទាំងឡាយ! ចូរពួកអ្នកទទួលទានចំណីអាហារដែលល្អស្អាត(ហាឡាល់) ហើយចូរពួកអ្នកសាងទង្វើកុសល”។ ហើយទ្រង់បានមានបន្ទូលដែរថា៖ “ឱបណ្ដាអ្នកដែលមានជំនឿ! ចូរពួកអ្នកទទួលទានចំណីអាហារដែលល្អស្អាត(ហាឡាល់)ដែលយើងបានប្រទានជាលាភសក្ការៈដល់ពួកអ្នក”។ បន្ទាប់មក លោក បានរំលឹកពីបុរសម្នាក់ធ្វើដំណើរវែងឆ្ងាយ សក់កន្ទ្រើង ពេញដោយធូលី ហើយគាត់លើកដៃទាំងពីររបស់គាត់សំដៅទៅលើមេឃដោយបួងសួងថា៖ ឱម្ចាស់របស់ខ្ញុំ! ឱម្ចាស់របស់ខ្ញុំ! ប៉ុន្ដែអាហាររបស់គាត់ជាអ្វីដែលគេហាមឃាត់។ ទឹករបស់គាត់ជាអ្វីដែលគេហាមឃាត់។ សម្លៀកបំពាក់របស់គាត់ជាអ្វីដែលគេហាមឃាត់។ អាហារដែលគេផ្ដល់ឲ្យក៏ជាប្រការដែលគេហាមឃាត់។ ដូចនេះ តើឲ្យគេទទួលយកការបួងសួងរបស់គាត់យ៉ាងដូចមេ្ដច”?
ហាទីស្ហសហេស រាយការណ៍ដោយ មូស្លីម